Category: អន្តរជាតិ

  • មហាសេដ្ឋី Bill Gates ព្យាករ​អំពី​ដំណាក់កាល​បញ្ចប់​របស់​​ជំងឺ​​រាត​ត្បាត​​សកល​​កូ​វីដ-១៩

    មហាសេដ្ឋី Bill Gates ព្យាករ​អំពី​ដំណាក់កាល​បញ្ចប់​របស់​​ជំងឺ​​រាត​ត្បាត​​សកល​​កូ​វីដ-១៩

    មហាសេដ្ឋី​អាម៉េរិក លោក Bill Gates បានធ្វើការ​ព្យាករ​អំពី​ដំណាក់​កាលដែល​ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ ត្រូវបាន​បញ្ចប់ នៅក្នុង​គ្រា​ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ​ចំពោះ​វត្តមាន​របស់ កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron)។

    យោងតាម​ទូរទស្សន៍ RT (រុស្ស៊ី) នៅលើ​ទំព័រ​ប្លក់​ផ្ទាល់ខ្លួន មហាសេដ្ឋី Bill Gates ព្យាករ​ថា «ដំណាក់កាល​ស្រួចស្រាវ» របស់​ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ ២០២។

    លោក Bill Gates ទទួលស្គាល់ថា បើទោះជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ត្រូវបាន​ផ្គត់ផ្គង់​ពាសពេញ​ពិភពលោក ប៉ុន្តែ ឆ្នាំ ២០២១ នៅតែមាន​អ្នកស្លាប់​ច្រើនជាង​ឆ្នាំ ២០២។ លោក​បន្តថា ជំងឺ​រាតត្បាត​សកល​នេះ​មិនបាន​បញ្ចប់​ក្នុង​រយៈពេល​ខ្លី​ដូច​លោក​បាន​រំពឹង​កាលពី​ដំបូង ដោយសារតែ​វត្តមាន​របស់ វ៉ា​រ្យ៉​ង់​ដេ​លតា (Delta) និង​ការដែល​ប្រទេស​ជាច្រើន​បាន​បរាជ័យ​ក្នុងការ​បញ្ចុះបញ្ចូល​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង។

    មហាសេដ្ឋី​រូបនេះ​រៀបរាប់ថា៖ «ខ្ញុំ​បាន​វាយតម្លៃ​ទាប​ទៅលើ​ឧបសគ្គ​ក្នុងការ​បញ្ចុះបញ្ចូល​ឱ្យ​គ្រប់គ្នា​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង និង​បន្ត​ពាក់​ម៉ាស»។

    លោក Gates បាន​វាយតម្លៃ​ទៅលើ​វីរុស​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង ថា «គួរឱ្យ​ព្រួយបារម្ភ» ប៉ុន្តែ លោក​បានឱ្យដឹងថា ពិភពលោក «ត្រៀមខ្លួន​បានល្អ​ជាង ធៀប​នឹង​ពេល​កន្លង នៅក្នុង​ការ​ទប់​ទល់នឹង វ៉ា​រ្យ៉​ង់ ថ្មី​នានា នៅ​អនគ​ត ដែល​បង្កប់​ដោយ​ហានិភ័យ។ ជាមួយនឹង​ល្បឿន​នៃ​ការរកឃើញ វ៉ា​រ្យ៉​ង់ ថ្មី ដូច​បច្ចុប្បន្ន រួម​នឹង​ការអភិវឌ្ឍ​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល លោក Gates សង្ឃឹមថា «ជំងឺ​រាតត្បាត​សកល» កូ​វីដ-១៩ នឹង​ក្លាយជា «ជំងឺ​រាតត្បាត​តាម​តំបន់» នៅក្នុង​ឆ្នាំ ២០២។

    លោក​ក៏បាន​បន្ថែមថា ក្រុម​អ្នកវិទ្យាសាស្ត្រ ក្នុងនោះ​មាន​ទាំង​ក្រុម​ស្រាវជ្រាវ​ដែល​ទទួលបាន​ជំនួយ​របស់​មូលនិធិ Bill & Melinda Gates ក៏​កំពុង​ប្រឹងប្រែង​វិភាគ​លើ វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ហើយ​បើ​គម្រោង ពួកគេ​នឹង​រកឃើញ​ព័ត៌មាន​ជាច្រើន​បន្ថែមទៀត​ស្ដីពី​វីរុស​បំប្លែង​ខ្លួន​ថ្មី​មួយ​នេះ៕

  • ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​នៅ ប្រទេស​ប៉េ​រូ! មនុស្ស ៥ នាក់ ត្រូវ​បាត់បង់​ជីវិត

    ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​នៅ ប្រទេស​ប៉េ​រូ! មនុស្ស ៥ នាក់ ត្រូវ​បាត់បង់​ជីវិត

    កាលពី​ថ្ងៃទី ៨ ធ្នូ ក្រសួងការពារជាតិ​ប៉េ​រូ បាន​បញ្ជាក់ថា មាន​មនុស្ស​ចំនួន ៥ នាក់ បាន​ស្លាប់ បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​របស់​ទ័ពអាកាស​ប្រទេស​នេះ បាន​ធ្លាក់​នៅពេល​កំពុង​បំពេញបេសកកម្ម​មនុស្ស​ធម៌។

    យោងតាម​ប្រភពព័ត៌មាន​របស់ ANews អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​ប៉េ​រូ ឱ្យដឹងថា កម្លាំង​ជួយសង្គ្រោះ​បន្ទាន់​បាន​ទៅដល់​កន្លែងកើតហេតុ ក្រោយពី​បាន​រកឃើញ​ឧទ្ធម្ភាគចក្រ​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាត់​ខ្លួន​មុន​នោះ​មួយថ្ងៃ។ អ្នកនាំពាក្យ​រូបនេះ​បន្តថា មន្ត្រី​យោធា​ចំនួន ៥ រូប ក្នុងនោះ​មាន​ទាំង​មេបញ្ជាការ​ម្នាក់ និង​ប្រធាន​ក្រុម​ហោះហើរ ២ នាក់ នៃ​កងទ័ពអាកាស​របស់ ប្រទេស​ប៉េ​រូ បាន​បាត់​បង់ជីវិត។

    ឧទ្ធម្ភាគចក្រ MI-171SH ដែល​ផលិត​ដោយ រុស្ស៊ី ត្រូវបាន​រាយការណ៍​ថា បាន​បាត់​ខ្លួន មួយ​ម៉ោង​ក្រោយពី​ការហោះហើរ​ពី​រដ្ឋធានី លីម៉ា (Lima) ក្នុង​បេសកកម្ម​ដឹក​ជំនួយ​ផ្នែក​មនុស្សធម៌​ទៅកាន់​តំបន់​ព្រៃ​ជ្រៅ។

    ឧទ្ធម្ភាគចក្រ​នេះ ក្រោយមក​ក៏ត្រូវ​បាន​រកឃើញ​នៅក្នុង​តំបន់ ហួរ៉ូជីរី (Huarochiri) ដែលមាន​ចម្ងាយ ពី លីម៉ា​  ជិត ២០០ គីឡូម៉ែត្រ ទៅ​ទិសខាងកើត។

    គិត​ចាប់ពី​ដើមឆ្នាំ​ដល់​បច្ចុប្បន្ន ករណី​ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​នៅ ប្រទេស​ប៉េ​រូ កើតមាន​ចំនួន ៣ ករណី​មកហើយ ក្នុងនោះ​មាន ១ ករណី​នៅក្នុង​ខែមេសា ដែល​បាន​បណ្ដាលឱ្យ​ទាហាន ៧ នាក់​ស្លាប់ និង ១ ករណី​នៅក្នុង​ខែឧសភា បានសម្លាប់​មនុស្ស ៥ នាក់៕

  • (វីដេអូ)-ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ ឥណ្ឌា! អគ្គមេបញ្ជាការ​កងទ័ព និង​ភរិយា បាត់បង់​ជីវិត

    (វីដេអូ)-ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ ឥណ្ឌា! អគ្គមេបញ្ជាការ​កងទ័ព និង​ភរិយា បាត់បង់​ជីវិត

    ប្រជាជន​ជាច្រើន​នាក់​នៅក្នុង​រដ្ឋ Tamil Nadu មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅពេល​បានឃើញ​ឧទ្ធម្ភាគចក្រ​ដឹក​មន្ត្រីជាន់ខ្ពស់​យោធា​របស់ ឥណ្ឌា ហោះ​ទៅបុក​ដើមឈើ​ពេញ​មួយ​ទំហឹង បណ្ដាលឱ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ។

    «ដំបូង ខ្ញុំ​ឮ​សំឡេង​ផ្ទុះ​យ៉ាង​ធំ។ ពេលរ​ត់ទៅ​មើល ទើប​ឃើញថា ឧទ្ធម្ភាគចក្រ​មួយគ្រឿង​បាន​បុក​ដើមឈើ។ ហេតុការណ៍​នេះ​បង្កើតបានជា​ដុំ​ភ្លើង​ដ៏​ធំ ហើយ​ឧទ្ធម្ភាគចក្រ​ក៏​បន្ត​ហោះ​ទៅបុក​ដើមឈើ​មួយ​ដើម​ផ្សេងទៀត។ ខ្ញុំ​ឃើញ​មនុស្ស​ពី ២ ទៅ ៣ នាក់ ស្ទុះ​ចេញពី​ឧទ្ធម្ភាគចក្រ ខ្លួន​ពួកគេ​រលាកភ្លើង​យ៉ាងធ្ងន់ធ្ងរ ហើយក៏​ដួល​ទៅលើ​ដី» ពលរដ្ឋ​ម្នាក់​នៅក្បែរ​កន្លែងកើតហេតុ រៀបរាប់​ដូច្នេះ។

    ពលរដ្ឋ​ម្នាក់ទៀត​និយាយថា ក្នុងពេល​មាន​ហេតុការណ៍ ផ្ទៃមេឃ​ងងឹត ប្រហែលជា​ដោយសារ​ផ្សែង​បាញ់​ចេញពី​ឧទ្ធម្ភាគចក្រ​ដែល​បាន​ធ្លាក់។ គាត់​បាន​ទៅដល់​កន្លែងកើតហេតុ ហើយ​ឃើញថា ឧទ្ធម្ភាគចក្រ​ត្រូវ​ដាំ​ក្បាល​ចុះ និង​កំពុង​ឆាបឆេះ។

    អគ្គមេបញ្ជាការកងទ័ពជាតិឥណ្ឌា លោក Bipin Rawat

    «ខ្ញុំ​បាន​ជួយ​ដល់​ក្រុម​ពន្លត់​អគ្គិ​ស័​យ។ ក្រៅពី​មនុស្ស​ម្នាក់ អ្នក​ផ្សេងទៀត​ទំនងជា​ត្រូវបាន​រំដោះ​ចេញមកក្រៅ​ក្នុងស្ថានភាព​បាត់បង់​ជីវិត។ អ្នក​ដែល​នៅរស់ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់» Prakash ដែលជា​ពលរដ្ឋ​ម្នាក់​នៅក្នុង​ភូមិ Burliyar បាន​រៀបរាប់​អំពី​ស្ថានភាព​នៃ​ឧបទ្ទវហេតុ​ដែលមាន​ចម្ងាយ​ប្រហែល ២០០ ម៉ែត្រ ពី​ផ្ទះ​របស់គាត់។

    ឧទ្ធម្ភាគចក្រ​ប្រភេទ​ Mi-17V5 បាន​ជួប​គ្រោះថ្នាក់​នៅពេល​កំពុង​ហោះហើរ​ពី​មូលដ្ឋាន​ទ័ពអាកាស Sulur ស្ថិត​នៅ​ក្នុង​ស្រុក Coimbatore ឆ្ពោះទៅកាន់​ការិយាល័យ​ការពារជាតិ​នៅក្នុង​ទីរួមស្រុក Wellington របស់​ស្រុក Nilgiris។

    ឧត្តម​សេនីយ​ផ្កាយ​មាស​ ៤ របស់​ ឥណ្ឌា​ លោក​ Bipin Singh Rawat និង​ភរិយា​ លោក​ស្រី Madhulika Rawat

    គ្រោះថ្នាក់​នេះ​បាន​បណ្ដាលឱ្យ​អគ្គមេបញ្ជាការ​កងទ័ព​ជាតិ​ឥណ្ឌា លោក Bipin Rawat និង​ភរិយា​របស់លោក រួម​នឹង​មន្ត្រី​យោធា ១១ នាក់​ផ្សេងទៀត បាត់បង់​ជីវិត។

    យោងតាម​ព័ត៌មាន​បឋម​ គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​នេះ​ កើត​ឡើង​ដោយ​សារ​មេឃ​ចុះ​អ័ព្ទ​ខ្លាំង​ និង​​កំពុង​ត្រូវ​បាន​បន្ត​ស៊ើប​អង្កេត​។

  • កំពូល​ស្ត្រី​មួយចំនួន នៅក្នុង​បញ្ជី​ឈ្មោះ «ស្ត្រី​ដែលមាន​អំណាច​បំផុត​ក្នុង​ពិភពលោក នា​ឆ្នាំ ២០២១»

    កំពូល​ស្ត្រី​មួយចំនួន នៅក្នុង​បញ្ជី​ឈ្មោះ «ស្ត្រី​ដែលមាន​អំណាច​បំផុត​ក្នុង​ពិភពលោក នា​ឆ្នាំ ២០២១»

    កាលពី​ថ្ងៃទី ៧ ធ្នូ ទស្សនាវដ្ដី Forbes របស់ សហរដ្ឋ​អាម៉េរិក បានប្រកាស​បង្ហាញ​បញ្ជី​ឈ្មោះ​ប្រចាំឆ្នាំ​ស្ដីពី​ស្ត្រី ១០០ រូប ដែលមាន​អំណាច​បំផុត​លើ​ពិភពលោក។ ក្នុង​បញ្ជី​ឈ្មោះ​នោះ រួមមាន​ទាំង CEO, អ្នកជំនួញ, ថ្នាក់ដឹកនាំ​ប្រទេស, សប្បុរសជន។ល។

    មហា​សេដ្ឋិនី MacKenzie Scott បាន​ចូលមក​គ្រប់គ្រង «តំណែង» ស្ត្រី​ដែលមាន​អំណាច​ជាងគេ​ក្នុង​ពិភព​លោក ​ជំនួស​អតីត​អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel នៅក្នុង​បញ្ជី​របស់​ទស្សនាវដ្ដី Forbes។ ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​ស្ត្រី​មួយចំនួន​ដែលមាន​អំណាច​បំផុត​ក្នុង​ពិភពលោក និង​ត្រូវបាន​គេ​ស្គាល់​ច្រើន៖

    ១-លោកស្រី MacKenzie Scott

    -អតីត​ភរិយា​របស់​ស្ថាបនិក​ក្រុមហ៊ុន Amazon លោក Jeff Bezos
    -ទ្រព្យ​បច្ចុប្បន្ន៖ ៥៩.២ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ចំណាត់ថ្នាក់​ក្នុង​បញ្ជី៖ ១

    ២-លោកស្រី Melinda French Gates

    -សហប្រធាន​នៃ​មូលនិធិ Bill & Melinda Gates Foundation
    -ទ្រព្យ​បច្ចុប្បន្ន៖ ៦.១ ពាន់​លាន​ដុល្លារ
    -ចំណាត់ថ្នាក់​ក្នុង​បញ្ជី៖ ៥

    ៣-លោកស្រី Abigail Johnson

    -CEO របស់ Fidelity Investments
    -ទ្រព្យ​បច្ចុប្បន្ន៖ ២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ចំណាត់ថ្នាក់​ក្នុង​បញ្ជី៖ ៦

    ៤-លោកស្រី Safra Catz

    -CEO របស់ Oracle
    -ទ្រព្យ​បច្ចុប្បន្ន៖ ១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ចំណាត់ថ្នាក់​ក្នុង​បញ្ជី៖ ១៩

    ៥-លោកស្រី Oprah Winfrey

    -ផលិត​ការិនី​ទូរទស្សន៍
    -ទ្រព្យ​បច្ចុប្បន្ន៖ ២.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ចំណាត់ថ្នាក់​ក្នុង​បញ្ជី៖ ២៣

    ៦-លោកស្រី Laurence Powell Jobs

    -ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន Emerson Collective
    -ទ្រព្យ​បច្ចុប្បន្ន៖ ១៧.១ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ចំណាត់ថ្នាក់​ក្នុង​បញ្ជី៖ ៣២

    ៧-លោកស្រី Sheryl Sandberg

    -COO របស់ Facebook
    -ទ្រព្យ​បច្ចុប្បន្ន៖ ១.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ចំណាត់ថ្នាក់​ក្នុង​បញ្ជី៖ ៣៦

    ៨-លោកស្រី Gina Rinehart

    -ប្រធាន​ក្រុមហ៊ុន Hancock Prospecting
    -ទ្រព្យ​បច្ចុប្បន្ន៖ 2២១.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ចំណាត់ថ្នាក់​ក្នុង​បញ្ជី៖ ៤៤

    ៩-លោកស្រី Judy Faulkner

    -ស្ថាបនិក និង​ជា CEO របស់ Epic Systems
    -ទ្រព្យ​បច្ចុប្បន្ន៖ ៦.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ចំណាត់ថ្នាក់​ក្នុង​បញ្ជី៖ ៦៤

    ១០-តារាចម្រៀង Rihanna (Robyn Fenty)

    -ស្ថាបនិក​របស់ Fenty Beauty
    -ទ្រព្យ​បច្ចុប្បន្ន៖ ១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ចំណាត់ថ្នាក់​ក្នុង​បញ្ជី៖ ៦៨

  • ឆ្នាំ ២០២១ នេះ តើ​ស្ត្រី​រូប​ណា​ដែលជា​មហា​សេដ្ឋិនី​មាន​អំណាច​បំផុត​ក្នុង​ពិភពលោក?

    ឆ្នាំ ២០២១ នេះ តើ​ស្ត្រី​រូប​ណា​ដែលជា​មហា​សេដ្ឋិនី​មាន​អំណាច​បំផុត​ក្នុង​ពិភពលោក?

    ឆ្នាំនេះ មហា​សេដ្ឋិនី MacKenzie Scott បាន​ចូលមក​គ្រប់គ្រង «តំណែង» ស្ត្រី​ដែលមាន​អំណាច​ជាងគេ​ក្នុង​ពិភពលោក ជំនួស​អតីត​អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel នៅក្នុង​បញ្ជី​របស់​ទស្សនាវដ្ដី Forbes។

    កាលពី​ថ្ងៃទី ៧ ខែ​ធ្នូ ឆ្នាំ​ ២០២១ ​Forbes បានប្រកាស​បង្ហាញ​បញ្ជី​ឈ្មោះ​ប្រចាំឆ្នាំ​ស្ដីពី​ស្ត្រី ១០០ រូប ដែលមាន​អំណាច​បំផុត​លើ​ពិភពលោក។ ក្នុង​បញ្ជី​ឈ្មោះ​នោះ រួមមាន​ទាំង CEO, អ្នកជំនួញ, ថ្នាក់ដឹកនាំ​ប្រទេស, សប្បុរសជន។ល។

    លោកស្រី MacKenzie Scott ដែលជា​អតីត​ភរិយា​របស់​ស្ថាបនិក​ក្រុមហ៊ុន Amazon លោក Jeff Bezos បាន​នាំមុខគេ​នៅក្នុង​បញ្ជី​នេះ។ លោកស្រី​បាន​បរិច្ចាគ​ប្រាក់​របស់ខ្លួន​ចំនួន ៨.៦ ពាន់​លាន​ដុល្លារ ក្នុងនោះ​មាន ២.៧ ពាន់​លាន​ដុល្លារ​ត្រូវបាន​បរិច្ចាគ​ក្នុង​ឆ្នាំ ២០២១។ បច្ចុប្បន្ន លោកស្រី​មានទ្រព្យ​សរុប​ចំនួន ៥៩.២ ពាន់​លាន​ដុល្លារ​អាម៉េរិក។ នេះ​បើតាម​ស្ថិតិ​របស់​ទស្សនាវដ្ដី Forbes។

    មូលហេតុ​ដែល​បាន​នាំឱ្យ​លោកស្រី Scott ត្រូវបាន​ចាត់ទុកជា​ស្ត្រី​ដែលមាន​អំណាច​បំផុត​ក្នុង​ពិភពលោក ត្រូវបាន​និពន្ធ​នាយិកា​របស់​ក្រុម ForbesWomen ពន្យល់ថា៖ «លោកស្រី MacKenzie Scott បាន​ចំណាយ​ទ្រព្យ​ដ៏​ច្រើន​របស់​លោកស្រី ដើម្បី​ជួយ​ដល់​បណ្ដា​អង្គ​ការមិន​ស្វែងរក​ប្រាក់កម្រៃ។ ពុំមាន​នរណាម្នាក់​ក្នុង​លោក មាន​សិទ្ធិ​ម្ចាស់ការ​លើ​ខ្លួនឯង ឬ​លើ​ប្រាក់កាស​ច្រើនជាង និង​បង្កើតបានជា​ឥទ្ធិពល​យូរអង្វែង​ដល់​ថ្នាក់​នេះ។ វិធី​ដែល​លោកស្រី​ចំណាយ​ប្រាក់ ក៏​កំពុងតែ​បង្កើតឱ្យមាន​បដិវត្តន៍​នៅក្នុង​វិស័យ​មនុស្សធម៌​ផងដែរ»៕

  • WHO និយាយថា អូ​មី​ក្រុង មានការ​ពិបាក​ខ្លាំង​ក្នុងការ​គេចផុត​ទាំងស្រុង​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង

    WHO និយាយថា អូ​មី​ក្រុង មានការ​ពិបាក​ខ្លាំង​ក្នុងការ​គេចផុត​ទាំងស្រុង​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង

    អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ទំនងជា​មិន​បង្កឱ្យមាន​សភាព​ធ្ងន់ធ្ងរ​ជាង ធៀប​នឹង​បណ្ដា វ៉ា​រ្យ៉​ង់ មុនៗ ហើយ «ពិបាក​នឹងមាន​លទ្ធភាព» គេចចេញ​បាន​ទាំងស្រុង​ពី​ប្រព័ន្ធ​ការពារ​រាងកាយ​ដែល​បង្កើតឡើង​ដោយ​វ៉ាក់សាំង។

    «ទិន្នន័យបឋម​មិនបាន​បង្ហាញថា វ៉ា​រ្យ៉​ង់ នេះ នឹង​បង្ក​សភាព​ធ្ងន់ធ្ងរ​ជាង។ ជាក់ស្ដែង ទិន្នន័យ​ក៏បាន​បង្ហាញថា វា​បង្ក​សភាព​ធ្ងន់ធ្ងរ​តិចជាង» Michael Ryan ប្រធាន​ផ្នែក​ប្រតិកម្ម​បន្ទាន់​របស់ WHO ឱ្យដឹង​ដូច្នេះ​នៅក្នុង​កិច្ច​សម្ភាស​កាលពី​ថ្ងៃទី ៧ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស។

    ក៏ប៉ុន្តែ លោក​បញ្ជាក់ថា នេះ​ទើបតែ​ជា​ទិន្នន័យ​ដំបូង ហើយ «យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​នៅ​បកស្រាយ​អំពី​សញ្ញា​នោះ» និង​ត្រូវការ​ស្រាវជ្រាវ​បន្ថែមទៀត​អំពី អូ​មី​ក្រុង។

    លោក Ryan ទទួលស្គាល់ថា វ៉ាក់សាំង​មួយចំនួន អាចមាន​ប្រសិទ្ធភាព​ទាប​ចំពោះ វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ដែលមាន​បំរែបំរួល​ជាង ៣០ ចំណុច នៅលើ​ប្រូតេអ៊ីន​បន្លា​របស់​វា ប៉ុន្តែ ពុំមាន​សញ្ញា​ណាមួយ​បង្ហាញថា អូ​មី​ក្រុង អាច​គេច​បាន​ទាំងស្រុង​ពី​សមត្ថភាព​ការពារ​រាងកាយ​មនុស្ស​ដែល​បង្កើតឡើង​ដោយ​វ៉ាក់សាំង។

    មន្ត្រី​របស់​អង្គការ​សុខភាព​ពិភពលោក​រូបនេះ ក៏បាន​សង្កត់ធ្ងន់ថា ក្នុង​សង្គ្រាម​ប្រឆាំង​រាល់​វីរុស​បំប្លែង​ខ្លួន​របស់​កូ​វីដ-១៩ «អាវុធ​ដែល​ល្អ​បំផុត​របស់​យើង នោះ​គឺ​យុទ្ធនា​ការចាក់​វ៉ាក់សាំង»។

    វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ត្រូវបាន​រកឃើញ​ដំបូង​នៅក្នុង ប្រទេស​បុ​ត​ស្វា​ណា កាលពី​ថ្ងៃទី ១១ វិច្ឆិកា ២០២១ និង​ត្រូវបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង រាយការណ៍​ជូន​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី ២៤ វិច្ឆិកា ២០។ ថ្វីបើ WHO បានដាក់​បញ្ចូល វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ទៅក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុម វ៉ា​រ្យ៉​ង់ ដែល​គួរឱ្យ​ព្រួយបារម្ភ ក៏ដោយ មកដល់​បច្ចុប្បន្ន ពុំទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​ណាមួយ​និយាយ​អំពី​កម្រិត​នៃ​ការឆ្លង​រាលដាល ឬ​សភាព​ធ្ងន់ធ្ងរ​ដែល​បង្កឡើង​ដោយ វ៉ា​រ្យ៉​ង នេះ​នៅឡើយ៕

     

  • សម្លាប់​ប្រពន្ធ និងកូនៗ ព្រោះតែ​ត្រូវគេ​ដឹងថា បានធ្វើ​ប័ណ្ណ​បញ្ជាក់​ការចាក់​វ៉ាក់សាំង​ក្លែងក្លាយ

    សម្លាប់​ប្រពន្ធ និងកូនៗ ព្រោះតែ​ត្រូវគេ​ដឹងថា បានធ្វើ​ប័ណ្ណ​បញ្ជាក់​ការចាក់​វ៉ាក់សាំង​ក្លែងក្លាយ

    (អាល្លឺម៉ង់)-Devid R បានសម្លាប់​ភរិយា និង​កូនស្រី ៣ នាក់ រួច​ហើយក៏​សម្លាប់ខ្លួន បន្ទាប់ពី​ត្រូវបាន​គេ​ដឹងថា បាន​ក្លែងបន្លំ​ប័ណ្ណ​បញ្ជាក់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១។

    សាកសព​របស់ Devid R ត្រូវបាន​រកឃើញ​រួមជាមួយ​សាកសព​ភរិយា និង​កូនស្រី ៣ នាក់ ដែលមាន​អាយុ ៤ ឆ្នាំ, ៨ ឆ្នាំ និង ១១ ឆ្នាំ នៅឯ​ផ្ទះ​របស់​ពួកគេ​ក្នុង​តំបន់ Koenigs Wushterhausen ភាគខាងត្បូង​ទីក្រុង​បែរ​ឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​​ចុង​​សប្ដាហ៍​​កន្លង។

    ចៅក្រម​តុលាការ​របស់​ អាល្លឺម៉ង់ កាលពី​ថ្ងៃទី ៧ ធ្នូ បានឱ្យដឹងថា បុរស​ជា​ជនដៃដល់ មាន​អាយុ ៤០ ឆ្នាំ បាន​ទុក​សំបុត្រ​អត្តឃាត សារភាពថា បានធ្វើ​ប័ណ្ណ​ក្លែងក្លាយ​បញ្ជាក់​ការចាក់​វ៉ាក់សាំង​ឱ្យ​ភរិយា ប៉ុន្តែ ត្រូវបាន​ថ្នាក់លើ​របស់​នាង​ដឹង និង​គំរាមថា​នឹង​រាយការណ៍​ប្រាប់​សមត្ថកិច្ច។ ដោយសារតែ​ខ្លាច​ត្រូវគេ​ចាប់ខ្លួន និង​បាត់បង់​សិទ្ធិ​ចិញ្ចឹម​កូន Devid ក៏បាន​សម្រេចចិត្ត​បាញ់សម្លាប់​ប្រពន្ធ និងកូនៗ រួច​ហើយក៏​ធ្វើអត្តឃាត។

    ភរិយា​របស់ Devid ធ្វើការ​នៅឯ​សាកលវិទ្យាល័យ​បច្ចេកទេស Wildau ចំណែក Devid វិញ មិនដឹងថា​មានមុខ​របរ​អ្វី​ទេ។ អាជ្ញាធរ​​ក្នុង​តំបន់ ឱ្យដឹងថា ពួកគេ​បាន​រកឃើញ​ករណី​ឃាតកម្ម និង​អត្តឃាត​ក្នុង​គ្រួសារ Devid បន្ទាប់ពី​អ្នកជិតខាង​មើលឃើញ​សាកសព​តាម​បង្អួច។

    បុគ្គលិក​ក្រុមហ៊ុន​នៅ ប្រទេស​អាល្លឺម៉ង់ ចាប់ពី​ខែ​មុន ត្រូវបាន​ស្នើឱ្យ​បង្ហាញ​លិខិតបញ្ជាក់​អំពី​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ឬ​លិខិត​បញ្ជាក់ថា​អវិជ្ជមាន​នឹង​វីរុស ដល់​ថ្នាក់លើ​របស់​ពួកគេ។ អាជ្ញាធរ​អាល្លឺម៉ង់ កាលពី​សប្ដាហ៍​មុន​ក៏បាន​ចាប់ផ្ដើម​រឹតបន្តឹង​វិធានការ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ-១៩ ដោយបាន​ហាម​អ្នក​ដែល​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង ចូលទៅក្នុង​ក្រុមហ៊ុន ឬ​ទីតាំង​អាជីវកម្ម​ទាំងឡាយណា​ដែល​ផ្គត់ផ្គង់​ទំនិញ ឬ​សេវាកម្ម​មិនចាំបាច់។

    https://www.youtube.com/watch?v=EshaKDeWUkM

    រដ្ឋាភិបាល​អាល្លឺម៉ង់ ក៏​កំពុងតែ​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​ដោយ​បង្ខំ ចំពោះ​បុគ្គលិក​នៅក្នុង​វិស័យ​មួយចំនួន។ គិត​មកដល់​បច្ចុប្បន្ន ប្រទេស​នេះ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ សរុប​ជាង ៦.២ លាន​នាក់ ក្នុងនោះ​មាន​ជាង ១០០,០០០ នាក់​បាន​ស្លាប់។ ប្រទេស​អាល្លឺម៉ង់ បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ជាង ៧១% ហើយ បើ​ធៀប​នឹង​ប្រជាជន​សរុប៕

  • ទីប្រឹក្សា​របស់ ​សេត​វិមាន ថ្លែង​ថា អូ​មី​ក្រុង (Omicron) «ទំនងជា​​មិន​​ធ្ងន់​ធ្ងរ​​ជាង​ ដេ​លតា (Delta)»

    ទីប្រឹក្សា​របស់ ​សេត​វិមាន ថ្លែង​ថា អូ​មី​ក្រុង (Omicron) «ទំនងជា​​មិន​​ធ្ងន់​ធ្ងរ​​ជាង​ ដេ​លតា (Delta)»

    ទីប្រឹក្សា​របស់ សេត​វិមាន លោក Anthony Fauci បាន​ថ្លែងថា សញ្ញា​បឋម​បាន​បង្ហាញថា វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង អាច​ឆ្លង​រាលដាល​ខ្ពស់ជាង ធៀប​នឹង វ៉ា​រ្យ៉​ង់​ដេ​លតា ប៉ុន្តែ «ស្ទើរតែ​ប្រាកដថា» វា​មិន​បង្ក​ភាព​ធ្ងន់ធ្ងរ​ជាង ដេ​លតា។

    «មាន​សញ្ញា​មួយចំនួន​បង្ហាញថា វីរុស​បំ​ប្លែក​ខ្លួន អូ​មី​ក្រុង អាច​មិន​បង្ក​សភាព​ធ្ងន់ធ្ងរ​ជាង ដេ​លតា។ នៅពេល​មើល​ទៅលើ​ក្រុម​មួយចំនួន​ដែល​កំពុង​ត្រូវបាន​តាមដាន​នៅ អាហ្វ្រិក​ខាងត្បូង អត្រា​រវាង​ករណី​ចូល​ពេទ្យ​លើ​ករណី​ឆ្លង ហាក់​ទាប​ជាង បើ​ធៀប​នឹង វ៉ា​រ្យ៉​ង់​ដេ​លតា» លោក Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ជំងឺឆ្លង (NIAID) របស់ សហរដ្ឋ​អាម៉េរិក និង​ជាទី​ប្រឹក្សា​ផ្នែក​សុខាភិបាល​របស់ សេត​វិមាន នៃ សហរដ្ឋ​អាម៉េរិក បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ៧ ធ្នូ។

    មុន​នោះ ខេត្ត Gauteng ដែលជា​ចំណុចក្ដៅ​នៃ​បញ្ហា កូ​វីដ-១៩ នៅ អាហ្វ្រិក​ខាងត្បូង បាន​បញ្ចេញ​ទិន្នន័យ​ដែល​បង្ហាញថា មានតែ ៨% ប៉ុណ្ណោះ​ដែល​ត្រូវ​ចូល​ពេទ្យ​ដោយសារ កូ​វីដ-១៩ ហើយ​បច្ចុប្បន្ន​ត្រូវ​ព្យាបាល​ជាពិសេស តួលេខ​នេះ​ទាប​ជាង​ច្រើន ធៀប​នឹង ២៣% នៅក្នុង​រលក​នៃ​ការឆ្លង​រាលដាល​របស់ វ៉ា​រ្យ៉​ង់​ដេ​លតា។ អត្រា​នៃ​អ្នកជំងឺ​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ក៏​ទាប​ជាង ពោលគឺ អូ​មី​ក្រុង ២% ទល់នឹង ដេ​លតា ១១%។

    លោក Fauci សង្កត់ធ្ងន់ថា មិនគួរ​បំប៉ោង​ទិន្នន័យ​នេះឡើយ ព្រោះថា ក្រុម​អ្នកជំងឺ​ដែល​ត្រូវបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង តាមដាន ភាគច្រើន​គឺជា​ពលរដ្ឋ​វ័យ​នៅ​ក្មេង ដែល​តែងតែ​ប្រឈម​នឹង​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ក្នុង​កម្រិត​ទាប។ ក្រៅពីនេះ អ្នកជំងឺ​ដែល​ឆ្លង វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ក៏​អាច​ត្រូវ​ចំណាយពេល​ច្រើន​សប្ដាហ៍ ទើប​មាន​អាការ​ធ្ងន់ធ្ងរ។

    ទីប្រឹក្សា​សេត​វិមាន វាយតម្លៃថា អូ​មី​ក្រុង «ច្បាស់​ណាស់ មាន​សមត្ថភាព​បង្ក​ការឆ្លង​រាលដាល​ខ្ពស់» និង​អាច​ខ្ពស់ជាង ដេ​លតា។ ប៉ុន្តែ លោក​ឱ្យដឹងថា វ៉ា​រ្យ៉​ង់ ដែល​ងាយ​ឆ្លង​រាលដាល​ជាង និង​បង្ក​ភាព​ធ្ងន់ធ្ងរ​ទាប​ជាង នឹង​មិនអាច​បង្កើន​តួលេខ​នៃ​ករណី​ចូល​ពេទ្យ និង​ស្លាប់» ដែល​នេះ​គឺជា «ស្ថាន​ភាពល្អ​បំផុត»។

    វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ត្រូវបាន​រកឃើញ​ដំបូង​នៅក្នុង ប្រទេស​បុ​ត​ស្វា​ណា កាលពី​ថ្ងៃទី ១១ វិច្ឆិកា ២០២១ និង​ត្រូវបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង រាយការណ៍​ជូន​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី ២៤ វិច្ឆិកា ២០២។ ថ្វីបើ WHO បានដាក់​បញ្ចូល វ៉ារ្យ៉ង់​អូ​មី​ក្រុង ទៅក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុម វ៉ា​រ្យ៉​ង់ ដែល​គួរឱ្យ​ព្រួយបារម្ភ ក៏​​ដោយ​ មកដល់​បច្ចុប្បន្ន ពុំទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​ណាមួយ​និយាយ​អំពី​កម្រិត​នៃ​ការឆ្លង​រាលដាល ឬ​សភាព​ធ្ងន់ធ្ងរ​ដែល​បង្កឡើង​ដោយ វ៉ា​រ្យ៉​ង នេះ​នៅឡើយ៕

  • ក្មេង​តូច​ពីរ​នាក់ អាយុ​ទើបតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ត្រូវ​ពេទ្យ​ចាក់​ច្រឡំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩

    ក្មេង​តូច​ពីរ​នាក់ អាយុ​ទើបតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ត្រូវ​ពេទ្យ​ចាក់​ច្រឡំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩

    (ប្រេ​ស៊ី​ល)-កុមារ​ពីរ​នាក់​ដែលមាន​អាយុ​ទើបតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពី​បុគ្គលិក​ពេទ្យ​ចាក់​ច្រឡំ​ចំ​វ៉ាក់សាំង​បង្កើត​ជំងឺ​កូ​វីដ-១។

    យោងតាម​ទូរទស្សន៍ (រុស្ស៊ី) ហេតុការណ៍​ដែល​កើតឡើង​នៅ​ទីក្រុង Sorocaba ក្នុង​រដ្ឋ Sao Paulo ខាងលើនេះ ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រុមមន្ត្រី​នៃ ប្រទេស​ប្រេ​ស៊ី​ល។

    កុមារ​អាយុ ៤ ខែ​ម្នាក់ និង​កុមារី​អាយុ ២ ខែ​ម្នាក់ បាន​ទៅកាន់​មជ្ឈមណ្ឌល​សុខាភិបាល​ក្នុង​តំបន់ កាលពី​ថ្ងៃទី ១ ខែធ្នូ ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង​ចម្រុះ​បង្ការ​ជំងឺក្អកមាន់ រលាក​ថ្លើម និង ខាន់ស្លាក់។ល។

    ប៉ុន្តែ ក្រោយ​ការចាក់​វ៉ាក់សាំង កុមារ​ទាំងពីរ​ខាងលើ​មាន​អាការ​ក្ដៅខ្លួន​ខ្លាំង ក្អួតចង្អោរ និង​មិន​ព្រម​បៅ​ទឹកដោះ។ បើទោះជា​បាន​លេបថ្នាំ តែ​អាការ​នៅតែ​មិន​ធូរស្បើយ។

    អាណាព្យាបាល​របស់​កុមារ​ទាំងនេះ​ក៏បាន​ទាក់ទង​ទៅកាន់​ប្រធាន​មន្ទីរ​សុខាភិបាល នៃ​ក្រុង Sorocaba ហើយក៏​ត្រូវបាន​ជូនដំណឹង​ថា មាន​កំហុសឆ្គង​កើតឡើង ដោយ​កុមារ​ទាំងនេះ​ត្រូវបាន​ចាក់​ច្រឡំ​វ៉ាក់សាំង​បង្ការ​កូ​វីដ-១។

    ក្រោយ​ការចាក់​វ៉ាក់សាំង​បាន​មួយថ្ងៃ បុគ្គលិក​សុខាភិបាល​បាន​រកឃើញថា កុមារ​មួយចំនួន​ត្រូវបាន​ចាក់​ច្រឡំ​វ៉ាក់សាំង នៅ​ពេល​​ពួក​គេ​​ត្រួតពិនិត្យ​ឃ្លាំង​វ៉ាក់សាំង។ បុគ្គលិក​ពេទ្យ​ដែល​ទទួលខុសត្រូវ បាន​ទទួលស្គាល់ថា បាន​ចាក់​ច្រឡំ​វ៉ាក់សាំង​ពីរ​ប្រភេទ ព្រោះតែ​ពួកវា​មាន​រូបរាង​ដូចគ្នា​ពេក។ បុគ្គលិក​សុខាភិបាល​រូបនេះ បច្ចុប្បន្ន​ត្រូវបាន​ផ្អាក​ពី​ការងារ និង​កំពុង​ត្រូវបាន​ស៊ើបអង្កេត។

    កុមារ​ខាងលើ កាលពី​ថ្ងៃទី ២ ខែធ្នូ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល។ ស្ថានភាព​សុខភាព​របស់​ពួកគេ​បាន​ប្រសើរឡើង ប៉ុន្តែ ត្រូវការ​តាមដាន​ច្រើន​ថ្ងៃ​តទៅទៀត។ ភាគី​ខាង​ក្រុមហ៊ុន Pfizer បានឱ្យដឹងថា ត្រូវ​តាមដាន​ករណីនេះ​ឱ្យបាន​ពី ១០ ទៅ ១៥ ថ្ងៃ​ទៀត។

    គិត​មកដល់​បច្ចុប្បន្ន កុមារ​ទាំងពីរ​នាក់​ខាងលើ មិនមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង​ដោយសារ​ការចាក់​ច្រឡំ​វ៉ាក់សាំង​កូ​វីដ-១៩ នេះ​ទេ៕

  • បុគ្គលិក​ពេទ្យ​ផ្នែក ICU ជិត ៧០នាក់​ បាន​ឆ្លង​វីរុស​កូ​វីដ-១៩ បន្ទាប់​ពី​​ពិធី​ជប់​លៀង​​បុណ្យ​​ណូអែល

    បុគ្គលិក​ពេទ្យ​ផ្នែក ICU ជិត ៧០នាក់​ បាន​ឆ្លង​វីរុស​កូ​វីដ-១៩ បន្ទាប់​ពី​​ពិធី​ជប់​លៀង​​បុណ្យ​​ណូអែល

    (អេ​ស្ប៉ា​ញ)-បុគ្គលិក​ពេទ្យ​ផ្នែក ICU ចំនួន ៦៨ នាក់ ក្នុងនោះ​មាន​ទាំង​វេជ្ជបណ្ឌិត​ផងដែរ បាន​ឆ្លង​វីរុស​កូ​វីដ-១៩ បន្ទាប់ពី​បាន​ចូលរួម​ពិធីជប់លៀង​បុណ្យ​ណូអែល​កាលពីដើម​ខែធ្នូ។

    មន្ទីរ​សុខាភិបាល​តំបន់ អានដាលូស៊ី (Andalusia) នៅ​ភាគខាងត្បូង​នៃ ប្រទេស​អេ​ស្ប៉ា​ញ ថ្ងៃនេះ បានប្រកាស​ឱ្យដឹងថា តួលេខ​អ្នកជំងឺ​ក្នុង «សម្បុក​វីរុស​កូ​វីដ-១៩» នៅឯ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​តំបន់ ម៉ាឡាហ្គា (Malaga)​ បាន​កើន​ពី ២២ នាក់ ឡើងដល់ ៦៨ នាក់។ ភាគច្រើន​នៃ​អ្នកជំងឺ​គឺជា​បុគ្គលិក​សុខាភិបាល​នៃ​បន្ទប់​ព្យាបាល​ពិសេស (ICU)។

    អ្នកជំងឺ​ទាំងអស់​ខាងលើ សុទ្ធតែ​បាន​ចូលរួម​ពិធីជប់លៀង​បុណ្យ​ណូអែល កាលពី​ថ្ងៃទី១ ធ្នូ ជាមួយនឹង​បុគ្គលិក​ជំនាញ​ក្នុង​ផ្នែក ICU ចំនួន ១៧៣ នាក់។ ពួកគេ​ធ្លាប់​ទទួលបាន​លទ្ធផល​អវិជ្ជមាន ឬ​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ មុនពេល​ទៅ​ចូលរួម​ពិធីជប់លៀង។ អ្នកជំងឺ​ទាំងនេះ​មាន​រោគសញ្ញា​ស្រាល និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង។

    ក្រុមមន្ត្រី​សុខាភិបាល​ក្នុង​តំបន់​បាន​សង្កត់ធ្ងន់ថា ប្រភព​ចម្លង​មួយ​ផ្សេងទៀត​អាចជា​ពិធីជប់លៀង​រួម​សម្រាប់​បុគ្គលិក​សុខាភិបាល​របស់​មន្ទីរ​ពេទ្យ និង​បាន​ស្នើឱ្យ​បុគ្គលិក​នៅ​មន្ទីរពេទ្យ​នានា កុំទៅ​ចូលរួម​ពិធីជប់លៀង​បុណ្យ​ណូអែល​ណាមួយ​នាពេលខាងមុខ។

    អភិបាលក្រុង ំាឡាហ្គា លោក ហ្វ្រានស៊ីស្កូ ដេ ឡា តូររ៉េ (Francisco de la Torre) កាលពី​ថ្ងៃទី ៥ ធ្នូ បាន​ព្រមាន​ថា ករណី​ឆ្លង​វីរុស​នៅ​ទីក្រុង​នេះ កំពុង​តែមាន​កំណើន​យ៉ាង​ឆាប់រហ័ស។ អត្រា​នៃ​អ្នក​វិជ្ជមាន​ថ្មី​ក្នុងអំឡុង ១៤ ថ្ងៃ នៅ​ទីក្រុង​នេះ គិត​ត្រឹម​ថ្ងៃទី ៣ ធ្នូ មាន ១២៧ ករណី/ពលរដ្ឋ ១០០,០០០ នាក់ ដែល​នេះ​គឺ​ជិត​ស្មើនឹង​ទ្វេដង ធៀប​នឹង​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា។ «បើសិនជា​អត្រា​នៃ​ការឆ្លង​នៅតែ​បន្ត​កើនឡើង​ទៀត រហូតដល់​ចុងខែ​ធ្នូ យើង​អាចមាន​អ្នក​ឆ្លង​ជាង ៤០០ ករណី/ពលរដ្ឋ ១០០,០០០ នាក់» លោក ហ្វ្រានស៊ីស្កូ បន្ថែម​ដូច្នេះ៕