Category: អន្តរជាតិ

  • ប្រទេស​ថៃ រកឃើញ «សម្បុក វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង» ដែល​ឆ្លង​ពី​អ្នក​ទេសចរណ៍​បរទេស

    ប្រទេស​ថៃ រកឃើញ «សម្បុក វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង» ដែល​ឆ្លង​ពី​អ្នក​ទេសចរណ៍​បរទេស

    ក្រុមមន្ត្រី​ថៃ បាន​រកឃើញ​តំបន់​ឆ្លង វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង រាប់រយ​ករណី ដែលមាន​ប្រភព​ចម្លង​ពី​ទេសចរ​ជនជាតិ​បែ​ល​ហ្សិ​ក ២ នាក់ និង​បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នាពេលខាងមុខ។

    អាជ្ញាធរ​ថៃ បាន​ហៅ​សម្បុក​របស់ អូ​មី​ក្រុង ដំបូង​នៅ​ប្រទេស​នេះ​ថា​ជា «ព្រឹត្តិការណ៍​មហា​ចម្លង» ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ខេត្ត Kalasi តាំងពី​យប់​ថ្ងៃទី ២៤ ធ្នូ។

    «ព្រឹត្តិការណ៍​មហា​ចម្លង» នៅក្នុង​ខេត្ត​នៃ​តំបន់​ភាគ​ឦសាន​របស់​ប្រទេស ថៃ នេះ ត្រូវបាន​បញ្ជាក់ថា មាន​ប្រភពពី​អ្នកដំណើរ​ជនជាតិ បែ​ល​ហ្សិ​ក ២ នាក់ មាន​ផ្ទុក​វីរុស​កូ​វីដ-១៩ ដែល​បានមក​កាន់​ទីនេះ​នៅក្នុង​រដូវ​បុណ្យ​ណូអែល និង​បាន​ចូល​បៀរហ្គាឌិន សាល​ប្រគំ​តន្ត្រី និង​ផ្សារ​មួយចំនួន។

    ក្រុមមន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​របស់ ថៃ បានឱ្យដឹងថា មនុស្ស​រាប់រយ​នាក់​បាន​ឆ្លង​រោគ​ពី​សម្បុក​វីរុស​នេះ។ វីរុស​ពី​តំបន់​នេះ​ក៏បាន​ឆ្លងទៅ​ខេត្ត​ចំនួន ១១ ផ្សេងទៀត​ផងដែរ។

    ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​របស់ ថៃ លោក Opas Karnkawinpong បញ្ជាក់ថា ទេសចរ​ជនជាតិ​បែ​ល​ហ្សិ​ក ២ នាក់​ខាងលើ បាន​ចូល​ទទួល​សេវាកម្ម​នៅក្នុង​បៀរហ្គាឌិន​មួយ​ដែល​មិនមាន​ខ្យល់​ចេញចូល​ល្អ ព្រមទាំង​មាន​មនុស្ស​ច្រើន នៅក្នុង​ចំណោម​កន្លែង​ជាច្រើន​ដែល​អ្នក​ទាំង ២ បាន​ចូល។

    លោក Opas Karnkawinpong ថ្លែងថា «ក្នុង​រដូវ​បុណ្យចូលឆ្នាំថ្មី បើសិន​អ្នក​ទៅកាន់​ទីណា​ដែល​អ្នកមាន​អារម្មណ៍​ថា គ្មាន​សុវត្ថិភាព ល្អ​បំផុត​គឺ​កុំ​ចូល​ឱ្យសោះ»។

    នៅ​ប្រទេស ថៃ បច្ចុប្បន្ន មាន​អ្នក​ឆ្លង កូ​វីដ-១៩ ចំនួន​ប្រហែល ២,៥០០ នាក់ ជា​រៀងរាល់ថ្ងៃ ក្នុង​សប្ដាហ៍​កន្លង។ ក្រសួងសុខាភិបាល​ថៃ ព្រមាន​ថា តួលេខ​នេះ​នឹង​កើន​ដល់ ៣០,០០០ នាក់ និង​ស្លាប់​ជាង ១៦០ ក្នុង ១ ថ្ងៃៗ នៅក្នុង​ខែមីនា ឆ្នាំ ២០២២ បើសិន​មិនមាន​វិធានការ​បន្ទាន់​ដូចជា ការបង្កើន​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង ការធ្វើ​តេស្ត និង​ការរក្សា​គម្លាត​សង្គម​ទ្រង់ទ្រាយ​ធំ​ជាង​បច្ចុប្បន្ន៕

  • រូបភាព​មួយចំនួន​នៅ​តំបន់ផ្សេងៗរបស់​ពិភពលោក ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង​ឆ្នាំ ២០២១

    រូបភាព​មួយចំនួន​នៅ​តំបន់ផ្សេងៗរបស់​ពិភពលោក ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង​ឆ្នាំ ២០២១

    សារព័ត៌មាន​អន្តរជាតិ​នានា បានជ្រើសរើស​រូបថត​ជាច្រើន​សន្លឹក​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​បំផុត​ក្នុងឆ្នាំនេះ ដោយ​រូបភាព​ទាំងនោះ​បង្ហាញ​អំពី​អំណាច​របស់​ធម្មជាតិ ឬ​ផលវិបាក​នៃ​សង្គ្រាម និង​ជំងឺ​រាតត្បាត។

    ដូនជី Ann Roza លុតជង្គង់​នៅ​ចំពោះមុខ​កងកម្លាំង​សន្តិសុខ​នៅក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​យោធា​ក្នុង​ទីក្រុង Myitkyina រដ្ឋ Kachin ភាគ​ខាងជើង​ប្រទេស មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី ៨ មីនា ដើម្បី​សុំឱ្យ​ប៉ូលិស​ឈប់​ប្រើ​អំពី​ហិង្សា​មកលើ​ក្រុមបាតុករ។

    ប៉ូលិស ២ នាក់ ក៏បាន​លុតជង្គង់ និង​និយាយថា ពួកគេ​ត្រូវធ្វើ​ដូច្នេះ​ដើម្បី​ទប់ស្កាត់​បាតុកម្ម។ ការប៉ះទង្គិច​គ្នា​រវាង​បាតុករ និង​ប៉ុ​លិ​ស ដែល​កើតឡើង​ដោយសារ​រដ្ឋប្រហារ​យោធា​នៅ មី​យ៉ាន​ម៉ា ត្រូវបាន​គេ​ជឿថា បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ១,០០០ នាក់។

    គំនរ​ឧស​ជាច្រើន​ត្រូវបាន​គេ​រៀបចំ​សម្រាប់​បូជាសព​អ្នកជំងឺ​កូ​វីដ-១៩ នៅ​រដ្ឋធានី ញូ​វ ដែ​លី នៃ​ប្រទេស ឥណ្ឌា កាលពី​ខែមេសា នៅពេល​ប្រទេស​នេះ​រង​ការវាយលុក​ពី កូ​វីដ-១៩ ប្រភេទ ដេ​លតា។

    ពន្លឺ​ព្រះ​ចន្ទ ចាំង​មកលើ​ទូក​ឈើ​តូច​មួយគ្រឿង​ដែល​ដឹក​ជន​ចំណាកស្រុក ១៧ នាក់ ដែល​កំពុង​រង់ចាំ​ជំនួយ​នៅលើ​លម្ហ​សមុទ្រ Lampedusa នៃ​ប្រទេស អ៊ីតាលី កាលពី​ខែកក្កដា។

    ផ្ទះមួយ​ខ្នង​ត្រូវបាន​ផេះ​របស់​ភ្នំភ្លើង​គ្របដណ្ដប់​ស្ទើរ​ជិត​ពីលើ។ រូបភាព​នេះ​ត្រូវបាន​ថត​នៅលើ​កោះ La Palma ក្នុង​ប្រជុំ​កោះ Canary របស់​ប្រទេស អេ​ស្ប៉ា​ញ កាលពី​ខែតុលា។

    ប៉ូលិស​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម​នៅ​ទីក្រុង ឡុង​ដ៍ នៃ​ចក្រភព​អង់គ្លេស ក្រោយ​កើតមាន​ករណី​ជនរងគ្រោះ​ឈ្មោះ Sarah Everard ត្រូវ​មន្ត្រីប៉ូលិស​ម្នាក់​ដែល​ស្លៀកពាក់​ស៊ីវិល ចាប់ខ្លួន និង​សម្លាប់ចោល។

    អ្នកនេសាទ​ម្នាក់​កំពុង​ឱ្យ​ចំណី​ដល់​ត្រី​ឆ្លាម​បា​ឡែ​ន (Whale shark) នៅឯ​តំបន់ Tan-Awan នៃ​ប្រទេស ហ្វ៊ី​លី​ពី​ន កាលពី​ខែកញ្ញា ឆ្នាំ ២០២១។

    ភៀវ​ទេសចរណ៍​កំពុង​ទស្សនា​ក​ម្អែ​ភ្នំភ្លើង នៅ អ៊ី​ស្លាង់ កាលពី​ខែមេសា។ រូបភាព​នេះ​ត្រូវបាន​ថត​ក្នុង​គ្រា​ដែល​មាត់​ភ្នំភ្លើង​ទី ២ ចាប់ផ្ដើម​បង្ហាញ​រូបរាង។

    សមាជិក​របស់​កងជីវពល តា​លី​បង់ កំពុង​សូត្រធម៌​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី កា​ប៊ុល កាលពី​យប់​ថ្ងៃទី ២៨ សីហា ជិត​កន្លះ​ខែ​បន្ទាប់ពី​ក្រុម​នេះ​បាន​ចូលកាន់​កាប់ អា​ហ្វ​ហ្គា​នី​ស្ថាន ជាថ្មី។ នៅ​ខាងក្រៅ​ព្រលានយន្តហោះ កាលណោះ​គឺជា​ទិដ្ឋភាព​ដ៏​ច្របូកច្របល់ នៅពេល​មនុស្ស​រាប់ពាន់​នាក់​ព្យាយាម​ចូលទៅ​ខាងក្នុង​ព្រលានយន្តហោះ​ដើម្បី​មានឱកាស​ចាក​ចេញពី​ប្រទេស។

    ជន​ចំណាកស្រុក​ម្នាក់ (ស្ដាំ) កំពុង​ត្រូវបាន​បុគ្គលិក​កាកបាទក្រហម​របស់​ប្រទេស អេ​ស្ប៉ា​ញ លួងលោម លើកទឹកចិត្ត កាលពី​ខែឧសភា។ រូបថត​នេះ​ត្រូវបាន​ផ្ដិត​យក​នៅឯ​តំបន់​ក្បែរ​ព្រំដែន​ជាប់​នឹង​ប្រទេស ម៉ា​រ៉ុ​ក នៅលើ​ឆ្នេរសមុទ្រ មេ​ឌី​ទែ​រ៉ា​ណេ។ ក្នុង​រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃទី ១៧ និង ១៨ ឧសភា មនុស្ស​ជាង ៨,០០០ នាក់ បាន​ឆ្លងកាត់​តំបន់​នេះ នៅក្នុង​ដំណើរ​ភៀសខ្លួន​ទៅ អឺរ៉ុប។

    សេះ ១ ក្បាល ត្រូវបាន​កងទ័ព​រប​ស់​ប្រទេស ស្វ៊ី​ស ដឹក​តាម​យន្តហោះ​កាលពី​ខែមេសា។

  • ក្រុមប្រឹក្សា​ជាតិ​សីលធម៌​វៀតណាម ៖ វ៉ាក់សាំង​ក្នុងស្រុក Nanocovax មាន​ប្រសិទ្ធភាព​ស្របតាម​លក្ខខណ្ឌ​របស់ WHO

    ក្រុមប្រឹក្សា​ជាតិ​សីលធម៌​វៀតណាម ៖ វ៉ាក់សាំង​ក្នុងស្រុក Nanocovax មាន​ប្រសិទ្ធភាព​ស្របតាម​លក្ខខណ្ឌ​របស់ WHO

    ក្រុម​ប្រឹក្សាជាតិ​សីលធម៌​របស់ វៀតណាម បានប្រកាសថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ឈ្មោះ Nanocovax ដែល​អភិវឌ្ឍ​ក្នុងស្រុក មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ដែល​អាចបំពេញ​តាម​លក្ខខណ្ឌ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)។

    ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២៩ ធ្នូ ២០២១ បន្ទាប់ពី​កិច្ចប្រជុំ វាយតម្លៃ​លើ​ប្រសិទ្ធភាព​ផ្ទាល់​របស់​វ៉ាក់សាំង Nanocovax ដោយ​ប្រើប្រាស់​ទិន្នន័យ​ស្រាវជ្រាវ​ដែល​ត្រូវ​បានគិត​រហូតមកដល់​ថ្ងៃ ១៣ ធ្នូ ២០២១។ កាលពី​ថ្ងៃទី ១៦ ធ្នូ ២០២១ វ៉ាក់សាំង​របស់ វៀតណាម Nanocovax ក៏ត្រូវ​បាន​ក្រុម​ប្រឹក្សាជាតិ​សីលធម៌ របស់​ប្រទេស​នេះ វាយតម្លៃថា មាន​សុវត្ថិភាព​ផងដែរ។

    ទោះជា​យ៉ាងនេះ​ក៏ដោយ ក្រុម​ប្រឹក្សាជាតិ​សីលធម៌​របស់ វៀតណាម ដែលមាន​សមាជិក​ចំនួន ១៥ រូប ត្រូវតែ​បំពេញបន្ថែម​របាយការណ៍​នានា និង​ការសន្យា​ទទួលខុសត្រូវ​ចំពោះ​សុចរិត​ភាព សុក្រឹតភាព និង​ទំនុកចិត្ត​របស់​ទិន្នន័យ និង​លទ្ធផល​នៃ​ការពិសោធ ស្រាវជ្រាវ លើ​មនុស្ស​ដែល​បាន​ប្រើប្រាស់​វ៉ាក់សាំង Nanocovax។

    ក្រោយ​ការសម្រេចចិត្ត​ខាងលើ វ៉ាក់សាំង Nanocovax របស់ វៀតណាម អាចនឹងទទួល​បានកា​រ​អនុញ្ញាតឱ្យ​ធ្វើចរាច​រណ៍ និង​ប្រើប្រាស់​បន្ទាន់ នាពេលខាងមុខ។

    បច្ចុប្បន្ន វៀតណាម មាន​វ៉ាក់សាំង​ចំនួន ៦ ប្រភេទ​ដែលជា​លទ្ធផល​នៃ​ការផ្ទេរ​បច្ចេកវិទ្យា​ពី​បរទេស និង​អភិវឌ្ឍ​ក្នុងស្រុក ក្នុងនោះ​ក៏មាន​វ៉ាក់សាំង​ Nanocovax របស់​ក្រុមហ៊ុន Nanogen ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ ហូជីមិញ ផងដែរ។ បើសិន​ទទួលបាន​ការអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់ Nanocovax ក៏​អាច​នឹង​ត្រូវបាន​ប្រើប្រាស់​ជា​ដូ​ស​ទី ៣ សម្រាប់​ចាក់​ជូន​ពលរដ្ឋ​គោលដៅ​នៅ វៀតណាម៕

  • កម្ពស់​ទឹកសមុទ្រ​អាច​កើនឡើង​ថែម ៥ ម៉ែត្រ​ទៀត និង​ធ្វើឱ្យ​តំបន់​ក្បែរ​សមុទ្រ​ត្រូវ​លិចលង់​នៅ​ឆ្នាំ ៣០០០

    កម្ពស់​ទឹកសមុទ្រ​អាច​កើនឡើង​ថែម ៥ ម៉ែត្រ​ទៀត និង​ធ្វើឱ្យ​តំបន់​ក្បែរ​សមុទ្រ​ត្រូវ​លិចលង់​នៅ​ឆ្នាំ ៣០០០

    ការ​រលាយ​នៃ​ផ្ទាំង​ទឹកកក​ប៉ូល​ខាងត្បូង អាច​បណ្ដាលឱ្យ​កម្ពស់​ទឹកសមុទ្រ​ឡើង​ខ្ពស់ជាង​បច្ចុប្បន្ន ៥ ម៉ែត្រ នៅ​ឆ្នាំ ៣០០០ បើសិនជា​និន្នាការ​កើនឡើង​នៃ​កំដៅ​របស់​ផែនដី​ដូច​បច្ចុប្បន្ន នៅតែ​បន្ត​កើតឡើង។

    ព័ត៌មាន​មិនល្អ​ខាងលើនេះ​ត្រូវ​ប្រកាស​ដោយ​សាកលវិទ្យាល័យ Hokkaido កាលពី​ថ្ងៃទី ២២ ធ្នូ ២០២១ នៅលើ​ទស្សនាវដ្ដី Glaciology ដោយយោង​ទៅតាម​ការសិក្សា​ស្រាវជ្រាវ​របស់​ពួកគេ។

    ក្រុម​ស្រាវជ្រាវ​បាន​ព្យាករ​ថា បើសិន​មិន​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ បាតុភូត​រលាយ​ផ្ទាំង​ទឹកកក នឹង​រួមចំណែក​ធ្វើឱ្យ​កម្ពស់​ទឹកសមុទ្រ​កើនឡើង​ពី ៧.៨ ដល់ ៣០ សម នៅ​ឆ្នាំ ២១០។ ការ​គណនា​ថ្មី​ស្ដីអំពី​ផ្ទាំង​ទឹក​រលាយ​ជា​បន្តបន្ទាប់​បង្ហាញថា ដល់​ឆ្នាំ ៣០០០ ស្ថានភាព​អាកាសធាតុ​ចេះតែ​ក្ដៅឡើងៗ នឹង​នាំឱ្យ​កម្ពស់​ទឹកសមុទ្រ​កើនឡើង​ថែម​ពី ១.៥ ដល់ ៥.៤ ម៉ែត្រ។

    ប្រការ​ខាងលើនេះ​នឹងធ្វើ​ឱ្យ​តំបន់​ប្រជុំជន​នៅក្បែរ​សមុទ្រ ក្លាយជា​ទីតាំង​ដែល​មិនអាច​រស់នៅ​បាន។ កត្តា​សំខាន់បំផុត​ដែល​នៅ​ពីក្រោយ​បាតុភូត​អាក្រក់​បំផុត​ស្ដីពី​កម្ពស់​ទឹកសមុទ្រ​នេះ​គឺ ហានិភ័យ​នៃ​ការ​រលាយ​ផ្ទាំង​ទឹកកក​នៅ​ភាគ​និ​រតិ​នៃ​ប៉ូល​ខាងត្បូង។ ផ្ទាំង​ទឹកកក​នេះ​ស្ថិតនៅក្នុង​តំបន់​ដែល​ទំនងជា​ទាប​ជាង​កម្ពស់​នៃ​ទឹកសមុទ្រ មានន័យថា លំហូរ​ទឹកសមុទ្រ​អាច​នាំយក​ទឹក​ក្ដៅ​ចូលមក​តំបន់​របស់​ផ្ទាំង​ទឹកកក​នេះ។

    យោងតាម​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) នេះ​គឺជា​ជំហាន​ដំបូង​នៅក្នុង​ប្រតិកម្ម​ជា​បណ្ដាញ ក្នុងនោះ ទឹក​ក្ដៅ​នឹង​រំលាយ​ស្រទាប់​នៃ​ផ្ទាំង​ទឹកកក​បន្តិចម្ដងៗ ធ្វើឱ្យ​វា​ត្រូវ​រួម​តូច។ នៅពេល​ផ្ទាំង​ទឹកកក​រលាយ​បន្តិចម្ដងៗ ពួកវា​ក៏​លែងមាន​សមត្ថភាព​រក្សា​ទន្លេ​ទឹកកក។ ដូច្នេះ ទន្លេ​ទឹកកក​នឹង​អណ្ដែត​ចេញទៅ​សមុទ្រ​កាន់តែ​លឿន និង​កាន់តែ​សកម្ម។

    ដំណើរការ​ខាងលើនេះ​អាច​កើតឡើង​ខ្លាំងក្លា​ជាង​បច្ចុប្បន្ន។ ពីមួយថ្ងៃ ទៅមួយថ្ងៃ ផ្ទាំង​ទឹកកក​អណ្ដែត​ចេញទៅ​សមុទ្រ​ក៏​ចេះតែ​កើនឡើង ធ្វើឱ្យ​ទឹកសមុទ្រ​ចេះតែ​ឡើង​ខ្ពស់។

    អាជ្ញាធរ​គ្រប់គ្រង​ដែនអាកាស​និង​បរិយាកាស (NOAA) របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា កម្ពស់​ទឹកសមុទ្រ​បាន​កើនឡើង​ពី ២១ ទៅ ២៤ សម ចាប់ពី​ឆ្នាំ ១៨៨០។ ល្បឿន​នេះ​បាន​កើន​ទ្វេដង​ចាប់ពី ១.៤ សម/ឆ្នាំ ក្នុង​សតវត្សរ៍​ទី ២០ រហូតដល់ ៣.៦ ម​ម/ឆ្នាំ ចាប់ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០១៥៕

  • ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់​មិន​ធ្លាប់មាន គ្រប​ដណ្ដប់​ពាសពេញ​ផ្ទៃ​ប្រទេស​នៅ សហរដ្ឋ​អាម៉េរិក និង​ជប៉ុន

    ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់​មិន​ធ្លាប់មាន គ្រប​ដណ្ដប់​ពាសពេញ​ផ្ទៃ​ប្រទេស​នៅ សហរដ្ឋ​អាម៉េរិក និង​ជប៉ុន

    ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​កន្លង ធ្វើឱ្យ​រដ្ឋ​មួយចំនួន​របស់ សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ខេត្ត​ភាគ​ខាងលិច​របស់ ប្រទេស​ជប៉ុន ក្លាយជា​ពណ៌​សក្បុស ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ប្រជាជន។

    ក្រោយ​បាតុភូត​ក្ដៅ​ហួតហែង​អស់​រយៈពេល​ច្រើន​ខែ បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​ករណី បច្ចុប្បន្ន ដល់​វេន​ព្រឹល​វិញ​ម្ដង ដែល​ធ្លាក់​យ៉ាង​ក្រាស់​នៅលើ​តំបន់​ជួរ​ភ្នំ Sierra Nevada លាតសន្ធឹង​ពីរ​ដ្ឋ Nevada ទៅ​រដ្ឋ California របស់ សហរដ្ឋ​អាម៉េរិក។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា សកម្មភាព​ធ្វើដំណើរ​នៅក្នុង​តំបន់ Sierra Nevada អាច​ជួប​ការលំបាក​ខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ដោយសារតែ​ព្រឹល​ធ្លាក់​ក្រាស់​ខ្លាំងពេក។

    ព្រឹល​ដែល​បាន​ធ្លាក់ថ្មីៗនេះ​នៅ Sierra Nevada មាន​កម្រាស់ ៤.៩ ម៉ែត្រ ក្រាស់​ជាង​ឆ្ងាយ​ធៀប​នឹង ៤.៦ ម៉ែត្រ ក្នុង​ខែធ្នូ កាលពី​ឆ្នាំ ១៩៧០។

    បាតុភូត​ធ្លាក់​ព្រឹល​ដែល​បោកបក់​ពី​ឈូង​សមុទ្រ Alaska ចូលមក​កាន់​តំបន់​ពាយព្យ​របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២៦ ធ្នូ ២០២១ បានធ្វើឱ្យ​ស្រទាប់​ព្រឹល​ឡើងដល់​កម្រាស់ ១៥ សម នៅ​តំបន់ Seattle រដ្ឋ​វ៉ា​ស៊ី​ង​តោន បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍។

    នាយកដ្ឋាន​អាកាសធាតុ​របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា សីតុណ្ហភាព​ទាប​បំផុត​នៅ Seattle កាលពី​ថ្ងៃទី ២៦ ធ្នូ គឺ -៦.៧ អង្សា​សេ ខណៈដែល​នៅ Bellingham គឺ -១២.៨ អង្សា​សេ ត្រជាក់​ជាង ១.៧ អង្សា​សេ បើ​ធៀប​នឹង​ឆ្នាំ ១៩៧១។

    នៅក្នុង​រដ្ឋ​វ៉ា​ស៊ី​ង​តោន និង Oregon តំបន់​ជ្រក​បណ្ដោះអាសន្ន​ជាច្រើន​ត្រូវបាន​បើក បន្ទាប់ពី​នាយកដ្ឋាន​អាកាសធាតុ​ប្រកាសថា សីតុណ្ហភាព​ត្រជាក់​ខ្លាំង​អាច​អូស​បន្លាយពេល​រហូតដល់​ចុង​សប្ដាហ៍។ រដ្ឋ Oregon បានប្រកាស​អាសន្ន​ដោយសារតែ​ភាព​ត្រជាក់ និង​ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់។

    នៅ ប្រទេស​ជប៉ុន អាកាសធាតុ​ត្រជាក់​ខ្លាំង និង​ព្រឹល​ធ្លាក់​ក៏បាន​ធ្វើឱ្យមាន​បញ្ហា​ជាច្រើន ពិសេស​គឺ​ការកកស្ទះ​ចរាចរណ៍​នៅ ទីក្រុង Hikone ខេត្ត Shiga ភាគ​ខាងលិច​ប្រទេស។ អាជ្ញាធរ​ជប៉ុន បាន​ណែនាំ​ឱ្យ​ប្រជាជនមាន​ការប្រុងប្រយ័ត្ន​ខ្ពស់។

    ផ្លូវដែក​នៅ​ភាគ​កណ្ដាល​របស់ ជប៉ុន ក៏ត្រូវ​ផ្អាក​ដំណើរការ​ដោយសារតែ​ព្រឹល​ធ្លាក់​ក្រាស់។ យោងតាម Kansai Electric Power ប្រជាជន​ជប៉ុន ជាង ៣,២០០ គ្រួសារ ត្រូវ​ដាច់​ភ្លើង។

    មធ្យោបាយ​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​នៅក្នុង ទីក្រុង Hikone ខេត្ត Shiga កាលពី​ថ្ងៃទី ២៧ ធ្នូ ២០២១ ត្រូវ​ជាប់គាំង​ដោយសារតែ​ព្រឹល​កម្រាស់ ៦៨ សម ខ្ពស់ជាង​មធ្យមភាគ​ជិត ៣០ ដង។ នេះ​បើតាម​ទូរទស្សន៍ NHK។

    ព្រឹល​ដែល​ក្រាស់​បំផុត​ត្រូវបាន​កត់ត្រា​នៅក្នុង​តំបន់ Aomori ខេត្ត Aomori ភាគ​ឦសាន ប្រទេស​ជប៉ុន ដោយមាន​កម្រ​ស់ ២០០ សម។ ព្រឹល​ក៏​ធ្លាក់​យ៉ាង​ក្រាស់​នៅក្នុង​បណ្ដា​ទីក្រុង ដូចជា Kyoto, Nagota និង Hiroshima។

    ក្រុមហ៊ុន​ផ្លូវដែក​ជប៉ុន កាលពី​ថ្ងៃទី ២៧ ធ្នូ បាន​ផ្អាក​ដំណើរការ​រថភ្លើង​ល្បឿន​លឿន​ជា​បណ្ដោះអាសន្ន ក្នុងនោះ​មាន​ទាំង​ខ្សែ​រថភ្លើង​ទៅកាន់​ទីក្រុង Kyoto, Nagota និង Kanazawa ផងដែរ៕

  • មន្ត្រី​​របស់​ សហរដ្ឋ​អាម៉េរិក ថ្លែង​ថា ឧបករណ៍​ធ្វើតេស្ត​រហ័ស​លក្ខណៈ​​គ្រួសារ អាច​បង្ហាញ​លទ្ធផល «អវិជ្ជមាន​​ក្លែង​ក្លាយ»​ ចំពោះ អូ​មី​ក្រុង

    មន្ត្រី​​របស់​ សហរដ្ឋ​អាម៉េរិក ថ្លែង​ថា ឧបករណ៍​ធ្វើតេស្ត​រហ័ស​លក្ខណៈ​​គ្រួសារ អាច​បង្ហាញ​លទ្ធផល «អវិជ្ជមាន​​ក្លែង​ក្លាយ»​ ចំពោះ អូ​មី​ក្រុង

    ដោយយោង​ទៅតាម​ទិន្នន័យ​ដំបូង ក្រុមមន្ត្រី​របស់ សហរដ្ឋ​អាម៉េរិក យល់ថា ឧបករណ៍​ធ្វើតេស្ត​រហ័ស​លក្ខណៈ​គ្រួសារ មាន​ប្រសិទ្ធភាព​ទាប ហើយ​អាច​ផ្ដល់​លទ្ធផល​អវិជ្ជមាន​ក្លែងក្លាយ​ចំពោះ វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង។

    «ទិន្នន័យ​ដំបូង​បង្ហាញថា ការធ្វើ​តេស្ត​អង់​ទី​ហ្សែ​ន អាច​រកឃើញ​អ្នក​ផ្ទុក អូ​មី​ក្រុង ប៉ុន្តែ មាន​កម្រិត​ជាក់លាក់​មិនបាន​ដូច វ៉ា​រ្យ៉​ង់ ផ្សេង» អាជ្ញាធរ​គ្រប់គ្រង​អាហារ​និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក បានប្រកាស​ដូច្នេះ កាលពី​ថ្ងៃទី ២៨ ធ្នូ។

    FDA បានលើកឡើង​ដូច្នេះ បន្ទាប់ពី​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល (NIH) ដើម្បី​ស្រាវជ្រាវ​លើ​ប្រសិទ្ធភាព​របស់​ឧបករណ៍​ធ្វើតេស្ត​លក្ខណៈ​គ្រួសារ ឬ​ហៅថា ឧបករណ៍​ធ្វើតេស្ដ​អង់​ទី​ហ្សែ​ន នៅលើ​អ្នកជំងឺ​ដែល​ត្រូវបាន​បញ្ជាក់ថា វិជ្ជមាន​នឹង អូ​មី​ក្រុង។

    ប្រសិទ្ធភាព​ទាប​របស់​ឧបករណ៍​តេស្ត​រហ័ស​ចំពោះ​សំណាក​ដែល​ផ្ទុក អូ​មី​ក្រុង គឺ​មានន័យថា វិធីសាស្ត្រ​ពិសោធ​នេះ អាច​រំលង​ចោល​ករណី​វិជ្ជមាន និង​បង្ហាញ​លទ្ធផល «អវិជ្ជមាន​ក្លែងក្លាយ» នេះ​បើតាម FDA។

    ឧបករណ៍​ធ្វើតេស្ត​រហ័ស កំពុង​ត្រូវបាន​ពលរដ្ឋ​អាម៉េរិក តាមរក​ទិញ ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើតេស្តរ​កវី​រុស​កូ​វីដ-១៩ លក្ខណៈ​គ្រួសារ ក្នុង​គ្រា​ដែល​ករណី​វិជ្ជមាន​នឹង កូ​វីដ-១៩ នៅ​ប្រទេស​នេះ​កំពុង​កើនឡើង​ខ្ពស់។ ឧបករណ៍​ធ្វើតេស្ត​អង់​ទី​ហ្សែ​ន​លក្ខណៈ​គ្រួសារ អាច​រកឃើញ​អ្នក​ផ្ទុក​វីរុស ដោយ​ប្រើពេល​ខ្លី ខណៈដែល​ការពិសោធ​ដោយ​ម៉ាស៊ីន PCR នៅឯ​មន្ទីរពិសោធន៍ ស៊ីពេល​យូរ​ជាង​ឆ្ងាយ៕

  • WHO ព្រមាន​​ថា ​ហានិភ័យ​នៃ​ការ​​ឆ្លង​ កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង «នៅតែ​ខ្ពស់​ខ្លាំង» 

    WHO ព្រមាន​​ថា ​ហានិភ័យ​នៃ​ការ​​ឆ្លង​ កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង «នៅតែ​ខ្ពស់​ខ្លាំង» 

    អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា ហានិភ័យ​ទូទៅ​ដែល​បណ្ដាលមកពី វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង «នៅតែមាន​កម្រិត​ខ្ពស់​ខ្លាំង» បន្ទាប់ពី​ករណី​ឆ្លង កូ​វីដ-១៩ នៅ​ទូទាំង​សកលលោក កើន ១១% កាលពី​សប្ដាហ៍​កន្លង។

    «ភ័ស្ដុតាង​ស៊ីចង្វាក់​គ្នា​បានបង្ហាញ ថា វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង មានលទ្ធភាព​កើនឡើង​ខ្ពស់ជាង ដេ​លតា ដោយ​ការកើនឡើង​ទ្វេដង​របស់​វា ស៊ីពេល​ត្រឹមតែ​ពី ២ ទៅ ៣ ថ្ងៃ​ប៉ុណ្ណោះ។ ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ករណី​ឆ្លង ត្រូវបាន​រកឃើញ​នៅ​ប្រទេស​ជាច្រើន» WHO បានឱ្យដឹង​ដូច្នេះ នៅថ្ងៃនេះ។

    WHO វាយតម្លៃថា ល្បឿន​យ៉ាង​លឿន​នៃ​ការកើនឡើង​របស់​ករ​ណី​ឆ្លង​អាច​បណ្ដាលមកពី «ការរួម​ផ្សំ​រវាង​សមត្ថភាព​នៃ​ការ​គេច​ពី​ប្រព័ន្ធ​ការពារ​រាងកាយ និង​ភាព​ងាយ​ឆ្លង​រាលដាល​របស់ អូ​មី​ក្រុង»។

    ប៉ុន្តែ WHO ក៏បាន​សង្កត់ធ្ងន់ថា អត្រា​នៃ​ករណី​ឆ្លង​ដែល​ត្រូវបាន​តាមដាន​នៅ អាហ្វ្រិក​ខាងត្បូង ដែលជា​ប្រទេស​ដំបូង​គេ​បាន​រាយការណ៍​អំពី​វត្តមាន​របស់ អូ​មី​ក្រុង បាន​ថយចុះ ២៩%។ រីឯ​ទិន្នន័យ​ដំបូង​ដែល​បានមកពី ប្រទេស​អង់គ្លេស អាហ្វ្រិក​ខាងត្បូង និង ដា​ណឺ​ម៉ាក ក៏បាន​បង្ហាញថា ហានិភ័យ​នាំឱ្យ​ចូល​ពេទ្យ​ដោយសារ អូ​មី​ក្រុង ថយចុះ ឬ​ទាប​ជាង បើ​ធៀប​នឹង ដេ​លតា។

    ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅតែ​ត្រូវការ​ទិន្នន័យ​ច្រើន​បន្ថែមទៀត​ដើម្បី​អាច​កំណត់​បាន​នូវ​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​របស់ អូ​មី​ក្រុង ទាក់ទិន​នឹង​ការព្យាបាល​ក្នុង​មន្ទីរពេទ្យ ដោយ​ប្រើប្រាស់ អុកស៊ីសែន ម៉ាស៊ីន​ជំនួយ​ដង្ហើម និង​ការស្លាប់៕

  • អង្គ​ប​ដិ​ប្រាណ​ «ចាស់វស្សា» ដែល​អាច​កម្ចាត់​ទាំង អូ​មី​ក្រុង ទាំង​​​បណ្ដា​វ៉ា​រ្យ៉​ង់ នាពេល​អនាគត របស់ ​កូ​វីដ-១៩

    អង្គ​ប​ដិ​ប្រាណ​ «ចាស់វស្សា» ដែល​អាច​កម្ចាត់​ទាំង អូ​មី​ក្រុង ទាំង​​​បណ្ដា​វ៉ា​រ្យ៉​ង់ នាពេល​អនាគត របស់ ​កូ​វីដ-១៩

    (សហរដ្ឋ​អាម៉េរិក)-ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​អង្គ​ប​ដិ​ប្រាណ​មួយ​ប្រភេទ​ដែល​ត្រូវបាន​បង្កើតឡើង​កាលពីដើម​សម័យ​កូ​វីដ ទំនងជា​នៅតែ​រក្សាបាន​នូវ​សមត្ថភាព​កម្ចាត់​វីរុស នៅពេល​ប្រើប្រាស់​ទៅលើ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង។

    ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ​នេះ បាន​អះអាង​ដូចខាងលើ និង​បាន​បញ្ជាក់ថា អង្គ​ប​ដិ​ប្រាណ​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា sotrovimab សំដៅលើ​គោលដៅ​ត្រង់​តំបន់​បន្លា​ប្រូ​តេ​អ៊ី​ដែល​មិន​ប្ដូរផ្លាស់​របស់​វីរុស នៅពេល​វីរុស​បំប្លែង​ខ្លួន។

    ដោយ​វិធី​កំណត់​គោលដៅ​របស់​អង្គ​ប​ដិ​ប្រាណ​ទៅលើ​បន្លា​ប្រូតេអ៊ីន ក្រុម​អ្នកវិទ្យាសាស្ត្រ​អាចបង្កើត​វ៉ាក់សាំង និង​វិធី​ព្យាបាល​ដោយ​ប្រើប្រាស់​អង្គ​ប​ដិ​ប្រាណ​មួយ​ប្រភេទ​ដែល​មិន​ត្រឹម​តែមាន​ប្រសិទ្ធភាព​ចំពោះ អូ​មី​ក្រុង នោះទេ តែ​បូក​រួមទាំង វ៉ា​រ្យ៉​ង់ ដែល​អាច​នឹង​បង្ហាញ​វត្តមាន​នា​អនាគត​ទៀតផង។

    ខាងលើនេះ​គឺជា​ការអះអាង​របស់ David Veesler អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ Howard Hughes និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ជីវគីមី​សាស្ត្រ​ប្រចាំ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ង​តោន នៅ​ទីក្រុង Seattle សហរដ្ឋ​អាម៉េរិក៕

  • ហ្វ៊ី​លី​ពី​ន ឈប់​ផ្សាយ​ព័ត៌មាន​ប្រចាំថ្ងៃ​ស្ដីពី​ករណី​ឆ្លង កូ​វីដ-១៩

    ហ្វ៊ី​លី​ពី​ន ឈប់​ផ្សាយ​ព័ត៌មាន​ប្រចាំថ្ងៃ​ស្ដីពី​ករណី​ឆ្លង កូ​វីដ-១៩

    ហ្វ៊ី​លី​ពី​ន នឹង​ឈប់​ធ្វើ​បច្ចុប្បន្នភាព​ប្រចាំ​ថ្ងៃជា​សាធារណៈ ស្ដីពី​តួលេខ​នៃ​ករណី​ឆ្លង និង​ករណី​ស្លាប់​ដោយសារ​ជំងឺ កូ​វីដ-១៩ របស់​ប្រទេស​នេះ បំណង​ឆ្ពោះទៅ​គោលដៅ​ចាត់ទុក កូ​វីដ-១៩ ជា​ជំងឺ​រាតត្បាត​អសកល។

    ការផ្លាស់ប្ដូរ​ខាងលើ ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​ប្រទេស​នេះ ទើបតែ​បាន​រកឃើញ​ករណី​ឆ្លង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ទី ៤ ក៏ដូចជា​ការព្រមានរ​បស់​ក្រុម​អ្នកជំនាញ អំពី​រលក​នៃ​ការឆ្លង​រាលដាល​ថ្មី។

    យោងតាម​ប្រកាស​កាលពី​ថ្ងៃទី ២៧ ធ្នូ របស់​អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល Maria Rosario Vergeire រាល់​ព័ត៌មាន​ស្ដីពី​តួលេខ​នៃ​ករណី​ឆ្លង ករណី​ស្លាប់ និង​អត្រា​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ នៅតែ​ត្រូវបានធ្វើ​បច្ចុប្បន្ន​ប្រចាំថ្ងៃ​នៅលើ​គេហទំព័រ​របស់​ក្រសួងសុខាភិបាល​ហ្វ៊ី​លី​ពី​ន។ ប៉ុន្តែ ចាប់ពី​ថ្ងៃទី ១ មករា ២០២២ ទិន្នន័យ​ទាំងនេះ​នឹង​លែង​ត្រូវបាន​ផ្សាយ​ប្រចាំថ្ងៃ​នៅលើ​ទំព័រសារព័ត៌មាន ក៏ដូចជា​បណ្ដាញ​សង្គម។

    ហ្វ៊ី​លី​ពី​ន សិង្ហ​បុរី និង​ប្រទេស​ជាច្រើន​នៅ អឺរ៉ុប កំពុង​ផ្ដោតទៅលើ​ទិន្នន័យ​ស្ដីពី​អ្នកជំងឺ​កូ​វីដ-១៩ ត្រូវ​ចូល​ពេទ្យ ជាជាង​តួលេខ​សរុប​នៃ​ករណី​ឆ្លង នៅក្នុង​ស្ថានការណ៍​ដែល​ពួកគេ​កំពុង​ងាក​ទៅ​ចាត់ទុក កូ​វីដ-១៩ ជា​ជំងឺ​រាតត្បាត​អសកល ឬ​ជំងឺ​រាតត្បាត​តាម​តំបន់៕

  • (វីដេអូ)-បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ចាំ​ពេញ​មួយ​ទំហឹង ប៉ុន្តែ​សំណាងល្អ បាន​រួច​ពី​ការស្លាប់

    (វីដេអូ)-បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ចាំ​ពេញ​មួយ​ទំហឹង ប៉ុន្តែ​សំណាងល្អ បាន​រួច​ពី​ការស្លាប់

    (ឥណ្ឌូណេស៊ី)-ថ្មីៗនេះ អ្នកលេង​បណ្ដាញ​សង្គម បាន​ចែករំលែកតៗគ្នា​នូវ​វីដេអូ​មួយ​ដែល​ថត​បាន​សកម្មភាព​បុគ្គលិក​សន្តិសុខ​ម្នាក់ នៅ ហ្សា​ការ​តា ត្រូវ​រន្ទះបាញ់​ចាំ​ពេញ​មួយ​ទំហឹង។

    សារព័ត៌មាន RT (រុស្ស៊ី) ដកស្រង់​ប្រភពព័ត៌មាន​ពី ឥណ្ឌូណេស៊ី ឱ្យដឹងថា បុរសរងគ្រោះ​ក្នុង​ហេតុការណ៍​រន្ទះបាញ់​នេះ​គឺជា​បុគ្គលិក​សន្តិសុខ​របស់​ក្រុមហ៊ុន​លក់​ម៉ាស៊ីន​ធុន​ធ្ងន់​មួយ​នៅ​ភាគ​ខាងជើង រដ្ឋធានី​ហ្សា​ការ​តា។

    គាត់​ត្រូវ​រន្ទះបាញ់​ចាំ នៅពេល​កំពុង​បំពេញភារកិច្ច​ក្រោម​ទឹកភ្លៀង។ ភ្លាមៗក្រោយពី​ត្រូវ​រន្ទះបាញ់ គាត់​ក៏​ដួល​ដេក​ទៅលើ​ដី ហើយ​បន្ទាប់មក មនុស្ស​ជាច្រើន​នាក់​ក៏បានរ​ត់ទៅ​ជួយ។ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ តែ​ក្រោយមក​ក៏បាន​ត្រលប់​ទៅ​ព្យាបាល​នៅឯ​ផ្ទះ។

    https://www.youtube.com/watch?v=D9X4TRM_R38

    មូល​ហេតុដែល​នាំឱ្យមាន​រន្ទះបាញ់​នេះ​គឺ​ដោយសារ​ឆត្រ​ដែល​ជនរងគ្រោះ​ប្រើប្រាស់។ ឆត្រ​មាន​ធាតុដែក​ដែល​អាច​ស្រូប​ទាញ​អគ្គិសនី​ពី​ផ្លេកបន្ទោរ។

    សារព័ត៌មាន​ក្នុងស្រុក​ឱ្យដឹងថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពីដើម​សប្ដាហ៍​កន្លង។ ប៉ូលិស​ក៏បាន​បញ្ជាក់​អំពី​ហេតុការណ៍​នេះ៕