Category: អន្តរជាតិ

  • អ៊ុយ​ក្រែ​ន លើកឡើង​លក្ខខណ្ឌ​ដែល​លោក ពូ​ទីន អាច​ជួប​លោក ហ្សេ​ឡែ​ន​ស្គី

    អ៊ុយ​ក្រែ​ន លើកឡើង​លក្ខខណ្ឌ​ដែល​លោក ពូ​ទីន អាច​ជួប​លោក ហ្សេ​ឡែ​ន​ស្គី

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី និង ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន នឹង​ជួបគ្នា​នៅពេលដែល «សន្ធិសញ្ញា​សន្តិភាព» ត្រូវ​នាំយកទៅ​ចុះហត្ថលេខា ដែល​នេះ​អាច​កើតឡើង​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។

    «ភ្លាមៗបន្ទាប់ពី​ការងារ​ដែល​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ត្រូវបានធ្វើ​រួចរាល់ យើង​នឹង​ចាប់ផ្ដើម​បើក​ជំនួប។ វា​នឹង​កើតឡើង​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។ ប៉ុន្តែ ទីតាំង​មិន​សំខាន់​សម្រាប់​យើង អាច​នៅ​កន្លែង​ណា​ក៏បាន លើកលែងតែ​នៅ ប្រទេស​រុស្ស៊ី» លោក មី​ឃី​ល ប៉ូ​ដូលី​យ៉ាក (Mikhail Podolyak) ទីប្រឹក្សា​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ឱ្យដឹង​កាលពី​ថ្ងៃទី ១៧ មីនា។

    យ៉ាងណាក៏ដោយ បច្ចុប្បន្ន ទាំង អ៊ុយ​ក្រែ​ន ទាំង រុស្ស៊ី សុទ្ធតែ «ប្ដេជ្ញា​រក្សា​គោលជំហររៀងៗខ្លួន» លោក ប៉ូ​ដូលី​យ៉ាក ទទួលស្គាល់​ដូច្នេះ។

    «ការដែល រុស្ស៊ី ដកទ័ព​ចេញ​ជាបន្ទាន់​គឺជា​ចំណុច​មួយ​ក្នុងចំណោម​កត្តាសំខាន់ៗនៃ​កិច្ចព្រមព្រៀង​សន្តិភាព។ ប៉ុន្តែ កិច្ចចរចា​គឺជា​រឿង​ធំ ដែល​មិន​ត្រឹមតែ​ទាក់ទិន​ជាមួយ រុស្ស៊ី និង អ៊ុយ​ក្រែ​ន នោះទេ។ ប៉ូឡូញ និង​បណ្ដា​ប្រទេស​ក៏​នឹងចូលរួម។ យើង​ចង់​ធានា​សន្តិភាព​ចំពោះ អនាគត​របស់ អ៊ុយ​ក្រែ​ន» លោក ប៉ូ​ដូលី​យ៉ាក បន្ថែម និង​បញ្ជាក់ថា សូម្បីតែ​នៅពេល​មាន​កិច្ចព្រមព្រៀង វា​ក៏​មិនមែន​មានន័យថា ជម្លោះ​ប្រដាប់អាវុធ​ត្រូវបាន​បញ្ចប់។

    ក្រុម​ប្រតិភូ​របស់ អ៊ុយ​ក្រែ​ន និង រុស្ស៊ី បាន​ជួបចរចា​ជាច្រើនលើក បន្ទាប់ពី រុស្ស៊ី បាន​លើកទ័ព​ចូលលុកលុយ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ ប៉ុន្តែ មិនទាន់​ទទួលបាន​លទ្ធផល​ជាក់លាក់​ណាមួយ ក្រៅតែពី​ការយល់ព្រម​បង្កើត​ច្រក​សម្រាប់​ជម្លៀស​ប្រជាជន​ចេញពី​សមរភូមិ។

  • ឯកអគ្គរដ្ឋទូត​ចិន កោតសរសើរ​ចំពោះ «កម្លាំង​សាមគ្គី» របស់ អ៊ុយ​ក្រែ​ន

    ឯកអគ្គរដ្ឋទូត​ចិន កោតសរសើរ​ចំពោះ «កម្លាំង​សាមគ្គី» របស់ អ៊ុយ​ក្រែ​ន

    អគ្គរដ្ឋទូត Fan Xianrong បាន​កោតសរសើរ​ចំពោះ​ស្មារតី​សាមគ្គីភាព​របស់ ជនជាតិ​អ៊ុយ​ក្រែ​ន ហើយ​អះអាងថា ប្រទេស​ចិន តែងតែ​គាំទ្រ​ប្រទេស​នេះ ក្នុង​បញ្ហា​សេដ្ឋកិច្ច នយោបាយ។

    «យើង​នឹង​តែងតែ​គោរព​ចំពោះ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន អភិវឌ្ឍ​ទំនាក់ទំនង​ដោយយោង​ទៅលើ​មូលដ្ឋាន​សមភាព និង​ចែករំលែក​ផល​ប្រ​យោធ​ន៍។ យើង​ក៏​គោរព​ចំពោះ​ផ្លូវ​ដែល ជនជាតិ​អ៊ុយ​ក្រែ​ន បានជ្រើសរើស ព្រោះនេះ​គឺជា​សិទ្ធិ​លើ​អធិបតេយ្យភាព​ទឹកដី​របស់​ប្រទេសនីមួយ» ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ អ៊ុយ​ក្រែ​ន លោក Fan Xianrong ថ្លែង​ដូច្នេះ​នៅក្នុង​ជំនួប​មួយ​ជាមួយ​ក្រុមមន្ត្រី​ទីក្រុង Lviv នៅ​ភាគ​ខាងលិច​ប្រទេស​អ៊ុយ​ក្រែ​ន។

    ជំនួប​ខាងលើ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១៤ មីនា ប៉ុន្តែ ទើបត្រូវ​បានចេញ​ផ្សាយ​ដោយសារ​ព័ត៌មាន​របស់ អ៊ុយ​ក្រែ​ន Ukrinform កាលពី​ថ្ងៃទី ១៦ មីនា។

    លោក Fan បាន​សន្យាថា «ចិន នឹងមិន​វាយប្រហារ​លើ អ៊ុយ​ក្រែ​ន» ប៉ុន្តែ «នឹង​ជួយ​គាំទ្រ ពិសេស​លើ​បញ្ហា​ដែល​ទាក់ទង​នឹង​សេដ្ឋកិច្ច»។ លោក​បន្ថែមថា «ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត ខ្ញុំ​សូម​ធានាថា ប្រទេស​ចិន នឹង​នៅតែ​ធ្វើ​ល្អ​ចំពោះ អ៊ុយ​ក្រែ​ន ទាំង​សេដ្ឋកិច្ច ទាំង​នយោបាយ»។

    «ក្នុងស្ថានភាព​បច្ចុប្បន្ន យើង​នឹងធ្វើ​សកម្មភាព​ដោយ​ប្រុងប្រយ័ត្ន។ យើង​បានឃើញ​ស្មារតី​នៃ​សាមគ្គីភាព​ធំធេង​របស់ ប្រជាជន​អ៊ុយ​ក្រែ​ន ហើយ​ប្រការ​នោះ​មានន័យថា​ជា​កម្លាំង» ឯកអគ្គរដ្ឋទូត​ចិន បញ្ជាក់។

    លោក Maksym Kozytskiy ដែលជា​អភិបាលក្រុង Lviv ក៏បាន​ទទួលស្គាល់ថា ពិត​ជាមាន​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន និង​បាន​បញ្ជាក់ថា ទីក្រុង​ប៉េកាំង បានផ្ដល់​ជំនួយ​មនុស្ស​ធម៌ ២ លើក​មកហើយ ដល់ អ៊ុយ​ក្រែ​ន ហើយ​លើក​ទី ៣ នឹង​មកដល់​នៅក្នុង​សប្ដាហ៍​នេះ៕

  • នាវា​វាយ​ឡើង​ច្រាំង ៤ គ្រឿង​របស់ រុស្ស៊ី កំពុង​ឆ្ពោះទៅកាន់ អ៊ុយ​ក្រែ​ន

    នាវា​វាយ​ឡើង​ច្រាំង ៤ គ្រឿង​របស់ រុស្ស៊ី កំពុង​ឆ្ពោះទៅកាន់ អ៊ុយ​ក្រែ​ន

    ក្រសួងការពារជាតិ​ជប៉ុន នា​ថ្ងៃទី ១៧ មីនា​នេះ បានឱ្យដឹងថា បាន​រកឃើញ​នាវា​វាយ​ឡើង​ច្រាំង​ខ្នាត​ធំ​ចំនួន ៤ គ្រឿង​របស់ រុស្ស៊ី កំពុងធ្វើដំណើរ​ក្បែរ​ប្រជុំ​កោះ​របស់ ជប៉ុន ឆ្ពោះទៅកាន់​ទិស​ខាងលិច និង​យល់ថា នាវា​ទាំងនេះ​អាច​ទៅកាន់ ប្រទេស​អ៊ុយ​ក្រែ​ន។

    រូបភាព​ដែល​ប្រកាស​ដោយ ក្រសួងការពារជាតិ​ជប៉ុន បង្ហាញថា នាវា ១ គ្រឿងក្នុង​ចំណោម​នោះ មាន​ផ្ទុក​យាន​យោធា នេះ​បើតាម​សារព័ត៌មាន Reuters។

    កម្លាំង​ការពារ​សមុទ្រ​ជប៉ុន បានឃើញ​នាវា​វាយ​ឡើង​ច្រាំង ៤ គ្រឿង​របស់ រុស្ស៊ី ដែល​អាច​ដឹក​រថក្រោះ និង​យាន​យោធា​រាប់សិប​គ្រឿង រួម​នឹង​ទាហាន​រាប់រយ​នាក់ ជា​លើកដំបូង​កាលពី​ថ្ងៃទី ១៥ មីនា។ នាវា​ទាំងនេះ ក្រោយមក​ក៏​ឆ្ពោះទៅ​ទិស​ខាងលិច ពី​សមុទ្រ​ប៉ាស៊ីហ្វិក ទៅកាន់​តំបន់​សមុទ្រ​នៅ​ចន្លោះ ទឹកដី​ជប៉ុន និង ឧបទ្វីប​កូរ៉េ ដោយ​ឆ្លងកាត់ Tsuruga ដែលជា​ច្រក​សមុទ្រ​បែងចែក​កោះ Honshu និង​កោះ Hokkaido របស់ ជប៉ុន។

    ហេតុការណ៍​នេះ​កើតឡើង​ក្នុងពេល អ៊ុយ​ក្រែ​ន ចាប់ផ្ដើម​វាយបក​ទៅលើ កងទ័ព​រុស្ស៊ី ដោយសារ​មាន​ជំនួយ​ជា​សព្វាវុធ​ពី​បណ្ដា​ប្រទេស​នៅ​បស្ចិម​លោក ខណៈដែល​យុទ្ធនាការ​យោធា​ពិសេស​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន ឈាន​ចូលដល់​ថ្ងៃទី ២២។

  • រុស្ស៊ី រឹបអូស​យន្តហោះ​រាប់រយ​គ្រឿង​របស់​ក្រុមហ៊ុន​​បរទេស

    រុស្ស៊ី រឹបអូស​យន្តហោះ​រាប់រយ​គ្រឿង​របស់​ក្រុមហ៊ុន​​បរទេស

    រុស្ស៊ី កំពុង​បង្ខាំង​យន្តហោះ​ពាណិជ្ជកម្ម​ល្បឿន​លឿន​រាប់រយ​គ្រឿង​របស់​បណ្ដា​ក្រុមហ៊ុន​អាម៉េរិក និង អឺរ៉ុប ក្នុង​គ្រា​ដែល​ភាព​តានតឹង​ជាមួយ​បស្ចិម​លោក​កើនឡើង​ខ្ពស់។

    ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន កាលពីដើម​សប្ដាហ៍ បាន​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​មួយ​ដែល​ស្ថិតក្នុង​វិធានការ​ឆ្លើយតប​ទៅនឹង​ទណ្ឌកម្ម​របស់លោក​ខាងលិច អនុញ្ញាតឱ្យ​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី ឈរឈ្មោះ​ក្នុងការ​ចុះបញ្ជី​យន្តហោះ​ដែល​ជួល​ពី​បណ្ដា​ក្រុមហ៊ុន​បរទេស។ យន្តហោះ​ទាំងនេះ នឹងត្រូវ​បានផ្ដល់​វិញ្ញាបនបត្រ​បញ្ជាក់ថា មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ការហោះហើរ​ពី​សំណាក់​អាជ្ញាធរ​ក្នុងស្រុក។

    ប្រការ​ខាងលើ​មានន័យថា បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី អាច​ប្រមូលយក​យន្តហោះ​ដែល​កំពុង​ជួល​ពី​បរទេស និង​ប្រើប្រាស់​សម្រាប់​ផ្ដល់​សេវា​ដឹកជញ្ជូន​ក្នុងស្រុក។ ម្ចាស់​យន្តហោះ​បរទេស​ទាំងនេះ​ក៏​ពិបាក​ប្រមូល​យន្តហោះ​ទាំងនោះ​ត្រលប់​ទៅវិញ បើសិន​មិនមាន​ការអនុញ្ញាត​ពី រដ្ឋាភិបាល​រុស្ស៊ី។

    ទណ្ឌកម្ម​របស់ អាម៉េរិក និង អឺរ៉ុប ដែល​ដាក់​លើ រុស្ស៊ី មុន​នោះ តម្រូវឱ្យ​បណ្ដា​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវាកម្ម​ឱ្យ​ជួល​យន្តហោះ ប្រមូល​ត្រលប់​មកវិញ​នូវ​យន្តហោះ​ទាំងអស់​ដែល​បានឱ្យ​ក្រុមហ៊ុន​របស់ រុស្ស៊ី ជួល នៅ​ចុងខែ​នេះ។

    ទិន្នន័យ​ពី Cirium បង្ហាញថា ៨៥% នៃ​យន្តហោះ​ដែល​ផលិត​ដោយ​បរទេស​នៅ រុស្ស៊ី កំពុង​ស្ថិតនៅ​ជា​កម្មសិទ្ធិ​របស់​បណ្ដា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ឱ្យ​ជួល​យន្តហោះ។ តម្លៃ​សរុប​របស់​យន្តហោះ​ទាំងនេះ គឺ​ប្រមាណ ១២.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ក្រុមហ៊ុន​នានា​ដែល​ដាក់ឱ្យ​ជួល​យន្តហោះ បច្ចុប្បន្ន​មិនទាន់មាន​ការឆ្លើយតប​ណាមួយ​ចំពោះ​សកម្មភាព​របស់ រុស្ស៊ី និង​មិនទាន់​ដឹង​ច្បាស់​ថា ពួកគេ​មានបំណង​ប្រមូលយក​យន្តហោះ​មកវិញ ឬ​យ៉ាងណា​នៅឡើយ។

  • WHO ព្រមាន​អំពី​តួលេខ​នៃ​ករណី​វិជ្ជមាន​នឹង កូ​វីដ-១៩ កើនឡើង​ខ្ពស់​ទូទាំង​សកលលោក

    WHO ព្រមាន​អំពី​តួលេខ​នៃ​ករណី​វិជ្ជមាន​នឹង កូ​វីដ-១៩ កើនឡើង​ខ្ពស់​ទូទាំង​សកលលោក

    អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាសថា តួលេខ​នៃ​ករណី​វិជ្ជមាន​នឹង កូ​វីដ-១៩ កំពុង​កើនឡើង បើទោះជា​ប្រទេស​មួយចំនួន​បាន​រាយការណ៍​ថា អត្រា​វិជ្ជមាន​កំពុង​ថយចុះ។

    WHO កាលពី​ថ្ងៃទី ១៦ មីនា បានឱ្យដឹងថា ក្រោយ​រយៈពេល​ជាង ១ ខែ ដែល​បាន​ថយចុះ តួលេខ​វិជ្ជមាន​នឹង កូ​វីដ-១៩ នៅ​ទូទាំង​ពិភពលោក បានចាប់ផ្ដើម​កើនឡើង​តាំងពី​សប្ដាហ៍​កន្លង។

    តំបន់​មួយចំនួន​នៅ ទ្វីបអាស៊ី ត្រូវដាក់​បម្រាម​គោចរ ដោយសារ​ករណី​វិជ្ជមាន​នឹង កូ​វីដ-១៩ កើនឡើង​ឆាប់រហ័ស ក្នុងនោះ​មាន ហុងកុង និង​ខេត្ត​មួយចំនួនទៀត​របស់ ប្រទេស​ចិន។

    យោងតាម WHO ការកើនឡើង​នៃ​តួលេខ​អ្នក​វិជ្ជមាន​នឹង កូ​វីដ-១៩ នេះ បណ្ដាលមកពី​កត្តា​ជាច្រើន ក្នុងនោះ​មានដូចជា វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ដែលមាន​សមត្ថភាព​ឆ្លង​រាលដាល​ខ្ពស់ និង​វត្តមាន​របស់ វ៉ា​រ្យ៉​ង់​បន្ទាប់ BA.២ របស់ អូ​មី​ក្រុង ក៏ដូចជា​ការដក​វិធានការ​រក្សា​គម្លាត​សង្គម និង​សុខាភិបាល​សាធារណៈ។

  • អាម៉េរិក ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ ៨០០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    អាម៉េរិក ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ ៨០០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី ចូ បៃ​ដិ​ន ប្រកាស​អំពី​កញ្ចប់​ជំនួយ​សន្តិសុខ​បន្ថែម ៨០០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​យន្តហោះ​គ្មាន​មនុស្ស​បើក និង​ប្រព័ន្ធ​ការពារ​ដែនអាកាស។

    «កញ្ចប់​ជំនួយ​សន្តិសុខ​ថ្មី រួមមាន​ទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ចំនួន ៨០០ ឈុត ដើម្បី​ធានាថា កងទ័ព​អ៊ុយ​ក្រែ​ន អាច​បន្ត​ទប់ស្កាត់​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ដែល​កំពុង​វាយប្រហារ​ទៅលើ​ប្រជាជន​របស់​ពួកគេ» ប្រធានាធិបតី​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី ១៦ មីនា ដូច្នេះ។

    ក្រៅពី​មី​ស៊ី​ល​ការពារ​ដែនអាកាស Stinger ចំនួន ៨០០ ដើម កញ្ចប់​ជំនួយ​ខាងលើ​ក៏មាន​ទាំង​យន្តហោះ​ប្រដាប់អាវុធ​គ្មាន​មនុស្ស​បើក Switchblade ចំនួន ១០០ គ្រឿង, អាវុធ​ប្រឆាំង​រថក្រោះ ៩,០០០ ដើម, អាវុធ​សម្រាប់​ទាហាន​ថ្មើរជើង ៧,០០០ ដើម, គ្រាប់កាំភ្លើង ២០ លាន​គ្រាប់ រួម​នឹង​អាវ​ក្រោះ និង​មួក​ដែក​ចំនួន ២៥,០០០ ផងដែរ។

    ជាង​នេះ សហរដ្ឋ​អាម៉េរិក ក៏​កំពុង​ពិភាក្សា​ជាមួយ​សមាជិក​របស់ ណា​តូ ដើម្បី​ផ្ដល់ជំនួយ​ជា មី​ស៊ី​ល​ការ​ដែនអាកាស S-៣០០ ដល់ អ៊ុយ​ក្រែ​ន។

  • សហរដ្ឋអាម៉េរិក ព្រមាន​ ឥណ្ឌា ថា គួរ​ «ពិចារណាឱ្យ​បាន​ច្បាស់» រឿង​ទិញ​ប្រេង​របស់ រុស្ស៊ី

    សហរដ្ឋអាម៉េរិក ព្រមាន​ ឥណ្ឌា ថា គួរ​ «ពិចារណាឱ្យ​បាន​ច្បាស់» រឿង​ទិញ​ប្រេង​របស់ រុស្ស៊ី

    សហរដ្ឋ​អាម៉េរិក ដាស់​តឿន​ ឥណ្ឌា មិន​ឱ្យ​ទិញ​ប្រេង​ឆៅ​បញ្ចុះ​តម្លៃ​របស់ រុស្ស៊ី ហើយ​បាន​ហៅ​ទង្វើ​របស់​ ឥណ្ដា​ ថា ជួយ​ដល់​ ទីក្រុង​មូស្គូ ក្នុង​គ្រា​ប្រទេស​មួយ​នេះ​កំពុងឈ្លាន​ពាន​លើ ប្រទេសអ៊ុយក្រែន​។

    ទាក់​ទិន​នឹង​ព័ត៌មាន​ដែល​ថា ឥណ្ឌា អាច​យល់​ព្រម​ទិញ​ប្រេង​បញ្ចុះ​តម្លៃ​ពី​ រុស្ស៊ី លេខា​ផ្នែក​សារព័ត៌មាន​របស់ សេតវិមាន Jen Psaki នា​ថ្ងៃទី ១៦ មីនានេះ បាន​ឱ្យ​ដឹង​ថា​៖ «ប្រទេស​នានា​គួរ​តែ​ពិនិត្យ​មើល​នូវ​តួនាទី​របស់​ខ្លួន​ក្នុង​ប្រវត្តិ​សាស្ត្រ​ នៅ​ពេល​ជួញដូរ​ជាមួយ​ រុស្ស៊ី​ ក្នុង​ពេល​ដែល​ពួកគេ​កំពុង​ធ្វើ​យុទ្ធនាការ​យោធា​នៅ​ អ៊ុយក្រែន​»។

    លោក​ស្រី Psaki បន្ថែម​ថា ការ​គាំទ្រ​ រុស្ស៊ី នៅ​ពេល​នេះ​គឺ​ស្មើ​នឹង​ការ​គាំទ្រ​យុទ្ធនាការ​យោធា​របស់​ប្រទេស​នេះ​នៅ អ៊ុយក្រែន។ ប៉ុន្តែ ជំនួយ​ការ​ផ្នែក​សារព័ត៌មាន​រូប​នេះ អះអាង​ថា រឿង​ ឥណ្ឌា ទិញ​ប្រេង​ពី រុស្ស៊ី នឹង​មិន​រំលោភ​លើ​ទណ្ឌកម្ម​របស់​ បស្ចិម​លោក​ នោះ​ទេ​។

    ឥណ្ឌា ត្រូវ​នាំចូល​ប្រេង ៨០% ក្នុងចំណោម​ប្រេង​ដែល​ត្រូវ​ប្រើប្រាស់​ក្នុងស្រុក​សរុប ហើយ​ក្នុងចំណោម​នោះ មាន ៣% ទិញ​ពី រុស្ស៊ី។ កាលពី​ចុង​សប្ដាហ៍​មុន ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី Alexandrer Novak បានឱ្យដឹងថា ការ​នាំចូល​ប្រេង​ពី រុស្ស៊ី របស់ ឥណ្ឌា មានតម្លៃ​ប្រហែល ១ ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈ​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​ត្រឹមតែ ៩ ពាន់​លាន​ដុល្លារ មិន​ដល់ ១/១០ នៃ​ពាណិជ្ជកម្ម​រវាង រុស្ស៊ី និង ចិន។

    ឥណ្ឌា ជា​ប្រទេសមួយ​ដែល​ជិតស្និទ្ធ​នឹង រុស្ស៊ី។ ឥណ្ឌា រក្សា​ទំនាក់ទំនង​ជាមួយ អ៊ុយ​ក្រែ​ន និង​លោកខាងលិច ប៉ុន្តែ ក៏​បង្ហាញ​ការមិនយល់ស្រប​ចំពោះ​ការដាក់ទណ្ឌកម្ម​លើ រុស្ស៊ី នៅក្នុង​វេទិកា​អន្តរជាតិ។

  • វៀតណាម បើកទ្វារ​ទទួលភ្ញៀវ​បរទេស៖ លើកលែង​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ ១៣ ប្រទេស

    វៀតណាម បើកទ្វារ​ទទួលភ្ញៀវ​បរទេស៖ លើកលែង​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ ១៣ ប្រទេស

    កាលពី​ថ្ងៃទី ១៥ មីនា រដ្ឋាភិបាល​វៀតណាម បានសម្រេច​ចិត្ត​លើកលែង​ទិដ្ឋាការ​ចំពោះ​ពលរដ្ឋ​នៃ​ប្រទេស​ចំនួន ១៣ ជា​ឯកតោភាគី។

    ការលើកលែង​ទិដ្ឋាការ​ជា​ឯកតោភាគី​នេះ​ត្រូវបាន​អនុវត្ត​ចាប់ពី​ថ្ងៃទី ១៥ មីនា ២០២២ ដល់​ថ្ងៃទី ១៤ មីនា ២០២៥ ហើយនឹង​ត្រូវ​ពិនិត្យ​លើ​ការពន្យារ​ពេលនា​បន្តទៀត​នៅពេល​វា​អស់​សុពលភាព។

    បណ្ដា​ប្រទេស​ដែល​ត្រូវបាន វៀតណាម លើកលែង​ទិដ្ឋាការ​ជា​ឯកតោភាគី រួមមាន អាល្លឺម៉ង់, អ៊ីតាលី, បារាំង, អេ​ស្ប៉ា​ញ, អង់គ្លេស, រុស្ស៊ី, ជប៉ុន, កូរ៉េខាងត្បូង, ដា​ណឺ​ម៉ាក, ស៊ុយអែត, ន័​រ​វែ​ស, ហ្វាំ​ង​ឡង់ និង បេឡា​រូស។ ការ​ស្នាក់នៅ​ដែល​អនុវត្តតាម​ការលើក​លែង​ទិដ្ឋាការ​នេះ គឺមាន​រយៈពេល ១៥ ថ្ងៃ។

  • ប្រធានាធិបតី​អាម៉េរិក អនុម័ត​ថវិកា​ជំនួយ​ជាង ១ ម៉ឺន​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី​អាម៉េរិក អនុម័ត​ថវិកា​ជំនួយ​ជាង ១ ម៉ឺន​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី ចូ បៃ​ដិ​ន ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​គ្រប់គ្រង​ការចំណាយ​ប្រចាំឆ្នាំ​របស់ អាម៉េរិក ក្នុងនោះ​មាន​ខ្ទង់​ជំនួយ ១៣,៦ ពាន់​លាន​ដុល្លារ សម្រាប់ អ៊ុយ​ក្រែ​ន។

    «ខ្ញុំ​ទើបតែ​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​ផ្ដល់ជំនួយ​របស់ រដ្ឋាភិបាល ដើម្បី​រក្សា​ដំណើរការ​របស់​រដ្ឋាភិបាល និង​ផ្ដល់ជំនួយ ១៣.៦ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន» ប្រធានាធិបតី​អាម៉េរិក បង្ហោះ​សារ​នៅលើ Twitter កាលពី​ថ្ងៃទី ១៥ មីនា។

    មុន​នោះ ក្រុមតំណាងរាស្ត្រ​អាម៉េរិក បានធ្វើ​រួចរាល់​នូវ​សេចក្ដីព្រាងច្បាប់​ចំណាយ ១៣.៦ ពាន់​លាន​ដុល្លារ សម្រាប់​ផ្ដល់ជំនួយ​ផ្នែក​មនុស្សធម៌ និង​យោធា ដល់ អ៊ុយ​ក្រែ​ន ដែល​តួលេខ​នេះ​កើនឡើង​ជិត​ទ្វេដង ធៀប​នឹង ៦.៤ ពាន់​លាន​ដុល្លារ ដែល​ស្នើ​ដោយ​រដ្ឋាភិបាល។

  • នាយករដ្ឋមន្ត្រី ៣ ប្រទេស ធ្វើ​ទស្សនកិច្ច រដ្ឋធានី​កៀវ របស់​ អ៊ុយក្រែន

    នាយករដ្ឋមន្ត្រី ៣ ប្រទេស ធ្វើ​ទស្សនកិច្ច រដ្ឋធានី​កៀវ របស់​ អ៊ុយក្រែន

    នាយករដ្ឋមន្ត្រី​នៃ ប្រទេស​ប៉ូឡូញ ឆែក និង ស្លូ​វេ​នី បាន​ជួបពិភាក្សា​ជាមួយ ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​របស់ អ៊ុយ​ក្រែ​ន នៅ រដ្ឋធានី​កៀវ ក្នុង​គ្រា​ដែល កងទ័ព​រុស្ស៊ី កំពុង​ឡោមព័ទ្ធ​ទីក្រុង​នេះ។

    នាយករដ្ឋមន្ត្រី Mateusz Morawiecki រួម​នឹង​ឧបនាយករដ្ឋមន្ត្រី Jaroslaw Kaczynski របស់ ប្រទេស​ប៉ូឡូញ, នាយករដ្ឋមន្ត្រី Petr Fiala របស់ ប្រទេស​ឆែក និង​នាយករដ្ឋមន្ត្រី Janez Jansa របស់ ប្រទេស​ស្លូ​វេ​នី នា​ថ្ងៃទី ១៦ មីនា បានធ្វើ​ដំណើរ​ទៅកាន់ រដ្ឋធានី​កៀវ ដោយ​រថភ្លើង ដើម្បី​ជួបពិភាក្សា​ជាមួយ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី និង​នាយករដ្ឋមន្ត្រី Denys Shmyhal។

    «ពួកគេ​កំពុង​បាញ់​ប្លោង​គ្រាប់​គ្រប់កន្លែង មិន​ត្រឹមតែ​នៅ រដ្ឋធានី​កៀវ នោះទេ តែ​ថែមទាំង​នៅ​តំបន់​ភាគ​ខាងលិច​ផងដែរ» ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី និយាយ​អំពី​សកម្មភាព​របស់ កងទ័ព​រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន ក្នុងពេល​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី ៣ ប្រទេស​ខាងលើ ដែលជា​សមាជិក​របស់ សហភាព​អឺរ៉ុប (EU)។

    ក្នុង​ប្រកាស​ស្ដីពី​ដំណើរ​ទស្សនកិច្ច រដ្ឋធានី​កៀវ នៅលើ Facebook នាយករដ្ឋមន្ត្រី​របស់ ប៉ូឡូញ បាន​អំពាវនាវ​ឱ្យ «ទប់ស្កាត់​សោកនាដកម្ម​កំពុង​កើតឡើង​នៅ​ភាគ​ខាងកើត កាន់តែ​ឆាប់ កាន់តែ​ល្អ» និង​អះអាងថា អ៊ុយ​ក្រែ​ន «ទទួលបាន​ការគាំទ្រ​យ៉ាងច្បាស់​លាស់» ពី EU។

    នាយករដ្ឋមន្ត្រី​របស់ អ៊ុយ​ក្រែ​ន បាន​កោតសរសើរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សម​ភាគី ប៉ូឡូញ ឆែក និង ស្លូ​វេ​នី ដែល​បានបង្ហាញ​នូវ «ភាពក្លាហាន​របស់​ក្រុម​មិត្ត​ពិតប្រាកដ​របស់ អ៊ុយ​ក្រែ​ន»។ លោក​បញ្ជាក់ថា ពួកគេ​នឹង​ពិភាក្សា​អំពី​ការផ្ដល់​ជំនួយ​ដល់ អ៊ុយ​ក្រែ​ន និង​បង្កើន​ការដាក់ទណ្ឌកម្ម​លើ រុស្ស៊ី។

    ដំណើរ​ទស្សនកិច្ច​ខាងលើ​ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល កងទ័ព​រុស្ស៊ី កំពុង​វាយប្រហារ​សង្គ្រុប​លើ​ពាសពេញ​ទឹកដី​អ៊ុយ​ក្រែ​ន រួមទាំង រដ្ឋធានី​កៀវ ផងដែរ ខណៈដែល​កិច្ចចរចា​រវាង អ៊ុយ​ក្រែ​ន និង រុស្ស៊ី ត្រូវបាន​គេ​បញ្ជាក់ថា នឹង​ធ្វើឡើង​បន្តទៀត​នាពេលឆាប់ៗនេះ។