Category: អន្តរជាតិ

  • ក្បួន​ដង្ហែ​របស់​ទ័ពអាកាស​រុស្ស៊ី អវត្តមាន​ក្នុង​ព្រឹត្តិការណ៍​ព្យុហយាត្រា​អបអរ​ខួប ៧៧ ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ​​លើ ណា​ស៊ី​អាល្លឺម៉ង់ ឆ្នាំ ២០២២

    ក្បួន​ដង្ហែ​របស់​ទ័ពអាកាស​រុស្ស៊ី អវត្តមាន​ក្នុង​ព្រឹត្តិការណ៍​ព្យុហយាត្រា​អបអរ​ខួប ៧៧ ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ​​លើ ណា​ស៊ី​អាល្លឺម៉ង់ ឆ្នាំ ២០២២

    ព្រឹត្តិការណ៍​ព្យុហយាត្រា​អបអរ​ខួប ៧៧ ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ​​លើ ណា​ស៊ី​និយម បានបញ្ចប់​ដោយ​ជោគជ័យ ប៉ុន្តែ ក្បួន​ដង្ហែ​របស់ ទ័ពអាកាស​រុស្ស៊ី ត្រូវបាន​លុបចោល ដោយ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់​នៅឡើយ។

    រុស្ស៊ី បាន​ប្រមូល​យន្តហោះ​ចំនួន ៧៧ គ្រឿង សម្រាប់​ព្រឹត្តិការណ៍​ព្យុហយាត្រា​ឆ្នាំនេះ ក្នុងនោះ​មាន​វត្តមាន​របស់​យន្ត​ហោះ​ដែលជា​បញ្ជាការដ្ឋាន​លើ​អាកាស II-៨០ ដំបូង ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា «យន្តហោះ​នៃ​ថ្ងៃ​អវសាន​នៃ​ផែនដី» របស់ រុស្ស៊ី។ អង្គភាព​យន្តហោះ​ចម្បាំង MIG-២៩SMT ក៏បាន​ចូលរួម​ហ្វឹកហាត់​រៀប​ជា​អក្សរ Z សម្រាប់​​​ព្រឹត្តិការណ៍​ព្យុហយាត្រា ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​កងកម្លាំង​ដែល​កំពុង​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    ក្រុម​តន្ត្រី​យោធា​បាន​ចាក​ចេញពី​ទីលាន​ក្រហម បញ្ចប់​ព្រឹត្តិការណ៍​ព្យុហយាត្រា​ឆ្នាំ​ ២០២២ ដោយ​ជោគ​ជ័យ។

    អង្គភាព​យន្តហោះ​ចម្បាំង MIG-២៩SMT ក៏បាន​ចូលរួម​ហ្វឹកហាត់​រៀប​ជា​អក្សរ Z
  • (វីដេអូ)-រុស្ស៊ី កំពុង​ប្រារព្ធ​ព្រឹត្តិការណ៍​ព្យុហយាត្រា​ អបអរខួប​ ៧៧ ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ​លើ​សត្រូវ

    (វីដេអូ)-រុស្ស៊ី កំពុង​ប្រារព្ធ​ព្រឹត្តិការណ៍​ព្យុហយាត្រា​ អបអរខួប​ ៧៧ ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ​លើ​សត្រូវ

    រុស្ស៊ី ប្រារព្ធ​ពិធី​ព្យុហយាត្រា​អបអរ​ជ័យជម្នះ​​នៅលើ​ទីលាន​ក្រហម ក្នុង រដ្ឋធានី​មូ​ស្គូ គម្រប់​ខួប ៧៧ ឆ្នាំ នៃ​ថ្ងៃ​បញ្ចប់សង្គ្រាម​ការពារជាតិ​ដ៏​មហាអស្ចារ្យ​របស់​ប្រទេស​នេះ។

    ក្រុមនីមួយៗនៃ​ក្បួនព្យុហយាត្រា​កំពុង​ស្ថិតនៅលើ​ទីតាំង​ប្រមូល​ផ្ដុំគ្នា​ក្នុង​ទីលាន​ក្រហម ខណៈដែល​កម្លាំង​លប​បាញ់ (sniper force) ក៏ត្រូវ​បានដាក់​ពង្រាយ​នៅតាម​ទីតាំងខ្ពស់ៗដើម្បី​ការពារ​ព្រឹត្តិការណ៍។

    ព្រឹត្តិការណ៍​ព្យុហយាត្រា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ចាប់​ពី​វេលា​ម៉ោង​ ១០ ព្រឹក​ នៅ​ ទីក្រុង​មូស្គូ (ម៉ោង ១៤ នៅ​ ភ្នំពេញ) ដើម្បី​អបអរ ៧៧ ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ​​លើ​ ណាស៊ីអាល្លឺម៉ង់។

    ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ឈាន​ជើង​ឡើងលើ​វេទិកា និង​ស្វាគមន៍​ដល់​ក្រុមមន្ត្រី និង​ក្រុម​អតីត​ទាហាន​របស់ រុស្ស៊ី។ លោក​ ពូទីន អាន​សុន្ទរកថា នៅ​មុន​ពិធី​ព្យុហយាត្រា​ចាប់​ផ្ដើម​។ លោក​​លើក​សរសើរ​ចំពោះ​សង្គ្រាម​ការ​ពារ​ជាតិ​ (Great Patriotic War) និង​ការ​បូជា​សាច់​ស្រស់​ ឈាម​ស្រស់​របស់ ​ពលរដ្ឋ​សូវៀត​ ក្នុង​បុព្វហេតុ​​ប្រឆាំង​នឹង​លទ្ធិ​ហ្វាស៊ីនិយម។

    ព្រឹត្តិការណ៍​ព្យុហយាត្រា​បាន​បញ្ចប់​ដោយ​ជោគជ័យ​ ក៏ប៉ុន្តែ ក្បួន​របស់​កងទ័ព​អាកាស​របស់​ រុស្ស៊ី ត្រូវ​បាន​លុប​ចោល​ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​នៅ​ឡើយ​។

  • មន្ត្រីជាន់ខ្ពស់​របស់ រដ្ឋាភិបាល​រុស្ស៊ី ធ្វើ​ទស្សនកិច្ច Mariupol របស់ អ៊ុយ​ក្រែ​ន

    មន្ត្រីជាន់ខ្ពស់​របស់ រដ្ឋាភិបាល​រុស្ស៊ី ធ្វើ​ទស្សនកិច្ច Mariupol របស់ អ៊ុយ​ក្រែ​ន

    ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី Khusnullin ធ្វើដំណើរ​ទៅកាន់ Mariupol ដែលជា​ទីក្រុង​កំពង់ផែ​ភាគខាងត្បូង​របស់ អ៊ុយ​ក្រែ​ន ដោយ​ចាត់ទុកថា នេះ​ជា​ដែនដី​ទើប​រំដោះ​បាន​របស់ «ប្រទេស​ដែល​ស្និទ្ធ​នឹង រុស្ស៊ី»។

    «ខ្ញុំ​ធ្វើ​ទស្សនកិច្ច​បណ្ដា​តំបន់​ដែល​ត្រូវបាន​រំដោះ​របស់ «សាធារណរដ្ឋ​ប្រជាមានិត Donetsk (DNR) និង សាធារណរដ្ឋ​ប្រជាមានិត Lugansk (LNR)។ ខ្ញុំ​បានធ្វើ​ទស្សនកិច្ច Mariupol, Volnovakha, Lugansk និង​បណ្ដា​ទីក្រុង​ផ្សេងទៀត និង​បាន​ជួប​សន្ទនា​ជាមួយ​ប្រជាជន​ក្នុងស្រុក» ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី Marat Khusnullin ប្រកាស​លើ Telegram កាលពី​ថ្ងៃទី ៨ ឧសភា។

    រូបថត​នានា​ដែល​ត្រូវ​បានប្រកាស​ឱ្យដឹង បង្ហាញថា លោក Khusnullin បាន​ជួប​លោក Denis Pushilin ដែលជា​មេដឹកនាំ​របស់ DNR។

    ទីក្រុង​ Mariupol

    ទីប្រឹក្សា​របស់​អភិបាលក្រុង Mariupol លោក Petro Andrushenko និយាយថា Khusnullin បានមក​កាន់ Mariupol។ លោក​បន្ថែមថា ទស្សនកិច្ច​បែបនេះ​គឺ​ជា​ការ​ដែល​បង្ហាញ​ថា រុស្ស៊ី កាន់តែ​ឆ្ពោះទៅរក​ការ​រឹបអូស​តំបន់​ទាំងនេះ ដាក់បញ្ចូល​ទៅក្នុង ប្រទេស​រុស្ស៊ី»។

  • ជនភៀសខ្លួន​ជាង ៤០ នាក់ លង់ទឹក​ស្លាប់​នៅ​សមុទ្រ​នៃ​តំបន់​សាហា​រ៉ា​ខាងលិច

    ជនភៀសខ្លួន​ជាង ៤០ នាក់ លង់ទឹក​ស្លាប់​នៅ​សមុទ្រ​នៃ​តំបន់​សាហា​រ៉ា​ខាងលិច

    កាលពី​ថ្ងៃទី ៨ ឧសភា ស្ថាប័ន​ជួយសង្គ្រោះ​ជនភៀសខ្លួន Caminando Fronteras របស់ អេ​ស្ប៉ា​ញ បានឱ្យដឹងថា មនុស្ស​យ៉ាងតិច ៤៤ នាក់ បាន​ស្លាប់​ដោយសារ​លង់ទឹក​នៅក្នុង​ហេតុការណ៍​លិច​​ទូក​​មួយគ្រឿង​នៅលើ​សមុទ្រ​នៃ​ឆ្នេរ Cap Boujdour ជា​តំបន់​ដែល​គ្រប់គ្រង​ដោយ ម៉ា​រ៉ុ​ក ស្ថិតនៅ​ភាគ​ខាងលិច​តំបន់​សាហា​រ៉ា។

    លោកស្រី Helena Maleno ជា​បុគ្គលិក​របស់​ស្ថាប័ន​ខាងលើ បាន​ប្រាប់ថា មនុស្ស ១២ នាក់ ត្រូវបាន​ជួយសង្គ្រោះ ហើយ​សាកសព ៧ នាក់ ត្រូវបាន​ស្រង់​ឡើងគោក នៅក្នុង​ហេតុការណ៍​នេះ ខណៈដែល​បេសកកម្ម​ស្វែងរក​ជនរងគ្រោះ​កំពុង​ត្រូវបានធ្វើ​បន្ត។

    បច្ចុប្បន្ន​មិនទាន់​ដឹង​ច្បាស់​អំពី​គោលដៅ​របស់​ទូក និង​ជនភៀសខ្លួន​ទាំងនេះ​នៅឡើយ ប៉ុន្តែ កន្លងមក ក្រុម​ជន​ចំណាកស្រុក​ភាគច្រើន​ស្វែងរក​ផ្លូវ​ទៅកាន់​កោះ Canary របស់ ប្រទេស​អេ​ស្ប៉ា​ញ ដោយ​សង្ឃឹមថា នឹងមាន​ជីវភាព​ប្រសើរឡើង។

  • នាយករដ្ឋមន្ត្រី​កាណាដា ធ្វើ​ទស្សនកិច្ច ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រកាស​ផ្ដល់​អាវុធ​ថ្មី

    នាយករដ្ឋមន្ត្រី​កាណាដា ធ្វើ​ទស្សនកិច្ច ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រកាស​ផ្ដល់​អាវុធ​ថ្មី

    នាយករដ្ឋមន្ត្រី​របស់ ប្រទេស​កាណាដា Justin Trudeau កាលពី​ថ្ងៃទី ៨ ឧសភា ឱ្យដឹងថា នឹង​ផ្ដល់ជំនួយ​ជា​អាវុធ និង​យោ​ធូប​ករ​ណ៍​ថ្មី​ដល់ ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយ​ដំណើរ​ទស្សនកិច្ចភ្លាមៗរបស់លោក មកកាន់​ប្រទេស​នេះ។

    «ថ្ងៃនេះ ខ្ញុំ​ប្រកាស​ផ្ដល់ជំនួយ​យោធា​បន្ថែម កាមេរ៉ា​ហោះ​គ្មាន​មនុស្ស​បើក រូបភាព​ផ្កាយរណប អាវុធ​ខ្នាតតូច គ្រាប់​រំ​សេវា រួម​នឹង​ជំនួយ​ផ្សេងទៀត ក្នុងនោះ​មាន​ទាំង​ជំនួយ​សម្រាប់​សកម្មភាព​រុករក និង​កម្ទេច​គ្រាប់មីន» នៅ អ៊ុយ​ក្រែ​ន ផងដែរ នាយករដ្ឋមន្ត្រី Trudeau ថ្លែង​នៅក្នុង​ស​ន្និ​សិទ្ធ​សារព័ត៌មាន ក្រោយពី​បាន​ជួប​សន្ទនា​ជាមួយ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន នៅ រដ្ឋធានី​កៀវ។

    «ហើយ​យើង​កំពុង​លើកឡើង​នូវ​វិធានការ​ដាក់ទណ្ឌកម្ម​ថ្មី​ចំពោះ​បុគ្គល ៤០ រូប និង ៥ អង្គភាព​របស់ រុស្ស៊ី និង​ក្រុម​អ្នកមាន ក៏ដូចជា​សហការី​ជិតស្និទ្ធ​របស់ រដ្ឋាភិបាល​រុស្ស៊ី ក្នុង​វិស័យ​ការពារជាតិ» លោក Trudeau បន្ថែម​ដូច្នេះ។

    ក្នុង​ដំណើរ​ទស្សនកិច្ច​មិន​ឱ្យដឹង​ជាមុន ទៅកាន់ អ៊ុយ​ក្រែ​ន កាលពី​ម្សិលមិញ នាយករដ្ឋមន្ត្រី​កាណាដា បាន​ទៅដល់​ទីរួមស្រុក Irpin ដែល​នៅ​ខាងក្រៅ រដ្ឋធានី​កៀវ។ នេះ​គឺជា​ទីកន្លែង​ដែល​ធ្លាប់មាន​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា​រវាង​កងកម្លាំង​របស់ អ៊ុយ​ក្រែ​ន និង​កម្លាំង​របស់ រុស្ស៊ី មុនពេល មូ​ស្គូ សម្រេចចិត្ត​ដកថយ​ដើម្បី​ប្រមូល​កម្លាំង​នៅ​ភាគ​ខាងកើត​កាលពី​ខែមីនា។

    នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau ក៏បាន​ប្រកាស​បើក​ឡើងវិញ​ស្ថានទូត​របស់ កាណាដា នៅ អ៊ុយ​ក្រែ​ន ផងដែរ។

    ក្នុងដំណើរទស្សនកិច្ចមិនឱ្យដឹងជាមុន ទៅកាន់ អ៊ុយក្រែន កាលពីម្សិលមិញ នាយករដ្ឋមន្ត្រីកាណាដា បានទៅដល់ទីរួមស្រុក Irpin ដែលនៅខាងក្រៅ រដ្ឋធានីកៀវ។

    កាណាដា បានរួម​ចំណែក ២៥ លាន​ដុល្លារ ដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ អង្គការសហប្រជាជាតិ សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​រក្សា​សន្តិសុខ​ស្បៀង​នៅ អ៊ុយ​ក្រែ​ន។ ទន្ទឹមនឹងនេះ កាណាដា ក៏មាន​គម្រោង​លើកលែង​ពន្ធ​ពាណិជ្ជកម្ម​ចំពោះ​រាល់​ទំនិញ​ដែល កាណាដា នាំចូល​ពី អ៊ុយ​ក្រែ​ន នៅ​ឆ្នាំក្រោយ។

  • ក្រុម​ប្រទេស G៧ សន្យាថា នឹង​ហាមឃាត់​ប្រេង​របស់ រុស្ស៊ី

    ក្រុម​ប្រទេស G៧ សន្យាថា នឹង​ហាមឃាត់​ប្រេង​របស់ រុស្ស៊ី

    ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស G៧ កាលពី​ថ្ងៃទី ៩ ឧសភា បាន​សន្យាថា នឹង​ហាមឃាត់​ការ​នាំចូល​ប្រេង ឬ​លុបបំបាត់​ប្រេង​របស់ រុស្ស៊ី ដើម្បី​ដាក់​សម្ពាធ​លើ ទីក្រុង​មូ​ស្គូ ព្រោះតែ​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។

    «យើង​សន្យាថា​លុបបំបាត់​ជាបណ្ដើរៗនូវ​ស្ថានភាព​ពឹងផ្អែក​របស់​យើង​ទៅលើ​ថាមពល​របស់ រុស្ស៊ី ក្នុងនោះ​មាន​ទាំង​​ការ​លុប​ចោល ឬ​ហាមឃាត់​ការ​នាំចូល​ប្រេង​របស់ រុស្ស៊ី» ប្រកាស​របស់ G៧ មាន​ឃ្លា​សរសេរ​ដូច្នេះ។ «យើង​ធានាថា​នឹងធ្វើ​ដូច្នេះ​ឱ្យបាន​ទាន់ពេល និង​មាន​សណ្ដាប់ធ្នាប់ ទន្ទឹមនឹងនេះ ក៏​នឹង​ទុក​ពេលវេលា​គ្រប់គ្រាន់​ឱ្យ​ពិភពលោក​ស្វែងរក​ប្រភព​ផ្គត់ផ្គង់​ថ្មី​មក​ជំនួស»។

    G៧ ក៏បាន​ឱ្យដឹងថា សមាជិក​ទាំងឡាយ​នឹង​អនុវត្ត​វិធានការ​នានា​ដើម្បី​ហាមឃាត់ ឬ​ទប់ស្កាត់​ការផ្ដល់​សេវាកម្មសំខាន់ៗដែល មូ​ស្គូ ពឹងផ្អែក ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​ដាក់​សេដ្ឋកិច្ច​របស់ រុស្ស៊ី ឱ្យនៅ​ឯកោ។

    ជប៉ុន ដែលជា​​ប្រទេស​មិនសូវ​សម្បូរ​ធនធានធម្មជាតិ និង​កំពុង​នាំចូល​ប្រេង​ឆៅ​ពី រុស្ស៊ី កន្លងមកធ្លាប់​​មានការ​រារែក​ក្នុងការ​សម្រេចចិត្ត​លើ​ការហាមឃាត់​ប្រេង​របស់ រុស្ស៊ី។ ក៏​ប៉ុន្តែ ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុម​មេដឹកនាំ G៧ កាលពី​ម្សិលមិញ នាយករដ្ឋមន្ត្រី Fumio Kishida បានប្រកាសថា លោក​នឹង​អនុវត្ត​វិធានការ​ហាមឃាត់​ការ​នាំចូល​ប្រេង​របស់ រុស្ស៊ី។

    ការសន្យា​របស់​ក្រុម​ប្រទេស G៧ នឹង​ជាការ «សំពង​ធ្ងន់ធ្ងរ​ទៅលើ​សរសៃឈាម​សំខាន់» របស់ សេដ្ឋកិច្ច​រុស្ស៊ី និង​នាំឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ បាត់បង់​ប្រភព​ផ្គត់ផ្គង់​សំខាន់​សម្រាប់​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន នេះ​បើតាម​សេត​វិមាន។

    G៧ (Group of Seven) គឺជា​វេទិកា​នយោបាយ​អន្តរជាតិ​ដែលមាន​ប្រទេស​រីកចម្រើន​ជាងគេ​ចំនួន ៧ ជា​សមាជិក រួមមាន កាណាដា, បារាំង, អាល្លឺម៉ង់, ជប៉ុន, អង់គ្លេស និង សហរដ្ឋ​អាម៉េរិក។ ក្រៅពីនេះ សហភាព​អឺរ៉ុប ក៏​ជា «សមាជិក​មួយ​ដែល​មិន​ត្រូវបាន​រាប់បញ្ចូល»។

  • ក្រុម​អវកាស​ចរ ISS ត្រលប់​មក​កាន់​ផែនដី ក្រោយ​បំពេញ​បេសក​កម្ម​ ៦​ ខែ

    ក្រុម​អវកាស​ចរ ISS ត្រលប់​មក​កាន់​ផែនដី ក្រោយ​បំពេញ​បេសក​កម្ម​ ៦​ ខែ

    យាន SpaceX ដឹក​អ្នក​អវកាស​របស់ ណា​សា និង ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​ត្រលប់​មកដល់​ផែនដី​ដោយ​សុវត្ថិភាព បន្ទាប់ពី​បាន​ហោះហើរ ២៣.៥ ម៉ោង។

    នៅវេលា​ម៉ោង ០០ និង ៤៣ នាទី ព្រឹក​ថ្ងៃទី ៦ ឧសភា (ម៉ោង ១១ និង ៤៣ នាទី នៅ ភ្នំពេញ) យានអវកាស Dragon Endurance ដឹក​អ្នក​អវកាស Kayla Barron, Raja Chari, Tom Marshburn របស់ ណា​សា និង Matthias Maurer របស់ ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​ចុះចត​លើ​ផ្ទៃសមុទ្រ Tampa នៅ Florida សហរដ្ឋ​អាម៉េរិក ដោយ​ឆត្រយោង ហើយ​នេះ​គឺជា​ការបញ្ចប់​បេសកកម្ម Crew-៣ បន្ទាប់ពី​ពួកគេ​បានធ្វើការ​នៅលើ​ស្ថានីយ​អវកាស​អន្តរ​ជាំ​តិ (ISS) អស់​រយៈពេល ៦ ខែ។

    ក្នុង​បេសកកម្ម​របស់ខ្លួន អ្នក​អវកាស ៤ រូបនេះ បានធ្វើ​ការពិសោធ​ផ្នែក​វិទ្យាសាស្ត្រ​រាប់រយ​លើក រួមមាន​ទាំង​ការដាំ​ដើម​ម្ទេស ច្នៃ​បង់​រុំ​របួស​អភិវឌ្ឍ​ពី​កោសិកា​ស្បែក ការស្រាវជ្រាវ​បេតុង​បង្កក​រឹង និង​តាមដាន​ផែនដី។ល។

  • ក្រុមប្រឹក្សាសន្តិសុខ នៃ​ ​អង្គ​ការ​សហប្រជាជាតិ​ ចេញប្រកាស​ដំបូង​ស្ដីពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    ក្រុមប្រឹក្សាសន្តិសុខ នៃ​ ​អង្គ​ការ​សហប្រជាជាតិ​ ចេញប្រកាស​ដំបូង​ស្ដីពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    ក្រុមប្រឹក្សាសន្តិសុខ​នៃ អង្គការសហប្រជាជាតិ បាន​សម្ដែង​ការព្រួយបារម្ភ​យ៉ាង​ខ្លាំ​ជា​លើកដំបូង​ចំពោះ​ស្ថានការណ៍​នៅ អ៊ុយ​ក្រែ​ន ប៉ុន្តែ​បាន​ចៀសវាង​ការប្រើ​ពាក្យពេចន៍​រិះគន់​លើ រុស្ស៊ី។

    «ក្រុមប្រឹក្សាសន្តិសុខ សម្ដែង​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការរក្សា​សន្តិភាព និង​សន្តិសុខ​របស់ អ៊ុយ​ក្រែ​ន» ប្រកាស​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​ អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃទី ៦ ឧសភា មាន​ឃ្លា​លើកឡើង​ដូច្នេះ ។ «ក្រុមប្រឹក្សាសន្តិសុខ​រំលឹក​ឡើងវិញ​ថា យោងតាម​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ ប្រទេស​ជា​សមាជិក​ទាំងអស់ សុទ្ធ​តែមាន​កាតព្វកិច្ច​ដោះស្រាយ​ជម្លោះ​អន្តរជាតិ​ដោយ​សន្តិវិធី»។

    នេះ​គឺជា​លើកដំបូង​ហើយ​ដែល ក្រុមប្រឹក្សាសន្តិសុខ នៃ អង្គការសហប្រជាជាតិ​ដែលមាន​សមាជិក​ចំនួន ១៥ ក្នុងនោះ​មាន​សមាជិក​អចិន្ត្រៃយ៍​ចំនួន ៥ គឺ សហរដ្ឋ​អាម៉េរិក រុស្ស៊ី អង់គ្លេស បារាំង និង ចិន ប្រកាស​អំពី​ស្ថានការណ៍​នៅ អ៊ុយ​ក្រែ​ន រាប់​ចាប់តាំងពី មូ​ស្គូ បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​កាលពី​ចុងខែ​កុម្ភៈ។

    រុស្ស៊ី បាន​ប្រើ​សិទ្ធិ​វេតូ (veto) ដើម្បី​ទប់ស្កាត់ ក្រុមប្រឹក្សាសន្តិសុខ អនុម័ត​ប្រកាស​ស្ដីពី អ៊ុយ​ក្រែ​ន នាពេល​កន្លង។ ដើម្បី​ត្រូវបាន​អនុម័ត សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​នេះ​ត្រូវការ​សំឡេងគាំទ្រ​យ៉ាង ៩ និង​មិន​ត្រូវបាន​ប្រទេស​ណាមួយ​ក្នុងចំណោម​សមាជិក​អចិន្ត្រៃយ៍ ជំទាស់។

    Juan Ramon De La Fuente ឯកអគ្គរដ្ឋទូត​រប​ស់ ម៉ិ​ក​ស៊ិ​ក ប្រចាំ​នៅ អង្គការសហប្រជាជាតិ ដែលជា​ប្រទេសមួយ​បាន​ជួយ​ធ្វើ​សេចក្ដីព្រាង​នៃ​សេចក្ដីប្រកាស​ដែល​ត្រូវ​បានអនុម័ត​កាលពី​ថ្ងៃទី ៦ ឧសភា យល់ថា នេះ​គឺជា «ជំហាន​សាមញ្ញ​ដំបូង ប៉ុន្តែ​វា​នឹង​គូសវាស​ផ្លូវ​ដើរ​ត្រឹមត្រូវ» នៅពេល​ត្រូវបាន​សួរថា ហេតុអ្វី ក្រុមប្រឹក្សាសន្តិសុខ​ត្រូវ​ចំណាយពេល​រហូត ២ ខែ ដើម្បី​ធ្វើ​សេចក្ដីព្រាង​នៃ​ប្រកាស​មួយ​នេះ។

  • នាវា​ទេសចរណ៍​តម្លៃ​រាប់រយ​លាន​ដុល្លារ​របស់ មហាសេដ្ឋី​រុស្ស៊ី ត្រូវបាន​រឹបអូស​ដោយ​ប្រទេស​កោះ​តូច​មួយ​នៅ​កណ្ដាល​សាគរ

    នាវា​ទេសចរណ៍​តម្លៃ​រាប់រយ​លាន​ដុល្លារ​របស់ មហាសេដ្ឋី​រុស្ស៊ី ត្រូវបាន​រឹបអូស​ដោយ​ប្រទេស​កោះ​តូច​មួយ​នៅ​កណ្ដាល​សាគរ

    អាជ្ញាធរ​របស់ ប្រទេស​កោះ Fiji ជំនួសមុខ​ឱ្យ សហរដ្ឋ​អាម៉េរិក រឹបអូស​នាវា​ទេសចរណ៍​មួយគ្រឿង តម្លៃ ៣០០ លាន​ដុល្លារ របស់ មហាសេដ្ឋី​រុស្ស៊ី Kerimov នៅក្នុង​កិច្ចប្រឹងប្រែង​ដាក់ទណ្ឌកម្ម​លើ ទីក្រុង​មូ​ស្គូ។

    កាលពី​ថ្ងៃទី ៥ ខែ​ឧសភា ឆ្នាំ​ ២០២២ ក្រសួងយុត្តិធម៌​របស់ អាម៉េរិក បានប្រកាសថា អាជ្ញាធរ​នៃ​ប្រទេស Fiji បាន​រឹបអូស​នាវា​ទេសចរណ៍ Amadea ប្រវែង​ជាង ១០០ ម៉ែត្រ របស់ មហាសេដ្ឋី​រុស្ស៊ី Suleyman Kerimov ក្រោម​មូល​ហេតុថា «រំលោភច្បាប់​អាម៉េរិក»។

    «ការ​រឹបអូស​នេះ​បង្ហាញ​ប្រាប់​ក្រុម​អ្នក​មាននៅ រុស្ស៊ី ថា ពួកគេ​មិនអាច​លាក់ខ្លួន​បានឡើយ សូម្បីតែ​នៅ​ទីកន្លែង​ឆ្ងាយ​ដាច់ស្រយាល​បំផុត​របស់​ពិភពលោក» អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អាម៉េរិក Lisa Monaco ប្រកាស​ដូច្នេះ។

    មហាសេដ្ឋី Kerimov ដែលជា​អ្នកមាន​ជាងគេ​មួយរូប​នៅ ប្រទេស​រុស្ស៊ី រកស៊ី​ក្នុង​វិស័យ​រុករក​រ៉ែ​មាស។ លោក​គឺជា​តំណាងរាស្ត្រ​នៅ​សភា​ជាន់ខ្ពស់ តំណាងឱ្យ​សាធារណរដ្ឋ Dagestan នៃ សហព័ន្ធរុស្ស៊ី និង​ត្រូវបាន​គេ​ដឹងថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន។

    សារព័ត៌មាន Forbes បាន​គណនា​ឃើញថា លោក Kerimov មានទ្រព្យ ១៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។ មហាសេដ្ឋី​រូបនេះ​ត្រូវបាន សហរដ្ឋ​អាម៉េរិក, អង់គ្លេស និង សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​តាំងពី​ខែមីនា ២០២២ បន្ទាប់ពី រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។

  • ចំនួន​មនុស្ស​ស្លាប់​ក្នុងករណី​ស្រុត​រលំ​អគារ​នៅ ប្រទេស​ចិន កើន​ដល់​ជាង ៥០ នាក់

    ចំនួន​មនុស្ស​ស្លាប់​ក្នុងករណី​ស្រុត​រលំ​អគារ​នៅ ប្រទេស​ចិន កើន​ដល់​ជាង ៥០ នាក់

    ក្រុមមន្ត្រី​ចិន បានបញ្ចប់​ភារកិច្ច​ជួយសង្គ្រោះ និង​បានប្រកាសថា ករណី​ស្លាប់​នៅក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​​មួយ​នៅ​ខេត្ត Huna បាន​កើន​ដល់ ៥៣ នាក់។

    «អ្នក​ដែល​ត្រូវ​ជាប់ និង​មិនអាច​ផ្លាស់​ទី​ចេញពី​កន្លែងកើតហេតុ ត្រូវបាន​រកឃើញ​អស់ហើយ។ មនុស្ស ១០ នាក់ ត្រូវបាន​ជួយសង្គ្រោះ និង ៥៣ នាក់ បាន​ស្លាប់» ទូរទស្សន៍​រដ្ឋ​ចិន ផ្សាយ​នា​ថ្ងៃនេះ​ដូច្នេះ។ មួយថ្ងៃ​មុននេះ ចំនួន​មនុស្ស​ដែល​ត្រូវបាន​គេ​បញ្ជា​ក់ថាស្លាប់​គឺ ២៦ នាក់។

    អគារកម្ពស់​ ៦ ជាន់ ដែល​រួមមាន​រោងកុន ផ្ទះសំណាក់ ហាង​កាហ្វេ ហាង​ទំនិញ និង​ទី​ស្នាក់នៅ​មួយ​នៅ​ទីក្រុង Changsha ខេត្ត Hunan បាន​រាប​ដល់​ដី នៅក្នុង​ហេតុការណ៍​បាក់​រលំ​កាលពី​ថ្ងៃទី ២៩ មេសា។

    កងកម្លាំង​ជួយសង្គ្រោះ​បន្ទាន់​ប្រើប្រាស់​សុនក ម៉ាស៊ីន​រុករក និង​យន្តហោះ​គ្មាន​មនុស្ស​បើក បាន​ប្រឹងប្រែង​ស្វែងរក​ជនរងគ្រោះ​ដែល​នៅមាន​ជីវិត​ក្នុង​រយៈពេល ៦ ថ្ងៃ​កន្លងមកនេះ បន្ទាប់ពី​ហេតុការណ៍​កើតឡើង។

    បច្ចុប្បន្ន អាជ្ញាធរ​ក្នុង​តំបន់ កំពុង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ស៊ើបអង្កេត​ឱ្យបាន​ម៉ត់ចត់ ស្វែងរក​មូលហេតុ​ដែល​នាំឱ្យមាន​ហេតុការណ៍​នេះ​កើតឡើង។