Category: អន្តរជាតិ

  • ចំណាយ​​សរុប​លើ​ខ្ទង់​ការពារជាតិ​រុស្ស៊ី កើន​ឡើងដល់​រាប់រយ​លាន​ដុល្លារ/ថ្ងៃ ក្នុងអំឡុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    ចំណាយ​​សរុប​លើ​ខ្ទង់​ការពារជាតិ​រុស្ស៊ី កើន​ឡើងដល់​រាប់រយ​លាន​ដុល្លារ/ថ្ងៃ ក្នុងអំឡុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    ការចំណាយ​របស់ រុស្ស៊ី ទៅលើ​ខ្ទង់​ការពារជាតិ បាន​ឡើងដល់ ៣០០ លាន​ដុល្លារ​អាម៉េរិក ជា​រៀងរាល់ថ្ងៃ ក្នុង​គ្រា​ប្រទេស​នេះ​ធ្វើ​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន។

    ទីភ្នាក់ងារសារព័ត៌មាន Moscow Times កាលពី​ថ្ងៃទី ១៩ ឧសភា ដកស្រង់​ឯកសារ​របស់ ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី ឱ្យដឹងថា ប្រទេស​នេះ​បាន​ចំណាយ​អស់​ជាង ៣០០ លាន​ដុល្លារ/ថ្ងៃ សម្រាប់​វិស័យ​ការពារជាតិ​នៅក្នុង​ខែមេសា ២០២២ កើនឡើង​ទ្វេដង​ធៀប​នឹង​ដំណាក់កាល​មុន​សង្គ្រាម។

    ថ្វីបើ​មានការ​ចំណាយ​ខ្ពស់ជាង​មុន​ទ្វេដង​លើ​វិស័យ​ការពារជាតិ ប៉ុន្តែ រុស្ស៊ី មិន​ដណ្ដើមបាន​ជ័យជម្នះ​ឆាប់រហ័ស​ឡើយ ហើយ​បាន​ឈានដល់​ដំណាក់កាល​ទី​ពីរ គឺ​ការ​ផ្ដោតទៅលើ​ការគ្រប់គ្រង​តំបន់​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន។

    ចំណាយ​សម្រាប់​វិស័យ​ការពារជាតិ​របស់ រុស្ស៊ី ក្នុង​ខែកុម្ភៈ គឺ​ប្រមាណ ៥.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក, ខែមីនា ប្រមាណ ៦.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ហើយ​ខែមេសា​គឺជា​ខែ​ដែល រុស្ស៊ី ចាយប្រាក់​ច្រើនជាងគេ គឺ​ប្រមាណ ៩.២ ពាន់​លាន​ដុល្លារ ដែល​តួលេខ​នេះ​ប្រហាក់ប្រហែល​នឹង ៣០៨ លាន​ដុល្លារ​អាម៉េរិក/ថ្ងៃ។

    នៅមុន​សង្គ្រាម ពោលគឺ​នៅក្នុង​ខែមករា ២០២២ រុស្ស៊ី បាន​ចំណាយ​អស់​ប្រមាណ ៣.៤ ពាន់​លាន​ដុល្លារ។ កាលពី​ខែមេសា ២០២១ ការចំណាយ​សរុប​ក្នុង​វិស័យ​ការពារជាតិ​របស់ រុស្ស៊ី គឺ​ត្រឹមតែ​ជាង ៤.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ប៉ុណ្ណោះ។

    គិត​ចាប់ពី​ខែមករា ដល់​ចុងខែ​មេសា ឆ្នាំ ២០២២ កញ្ចប់​ថវិកា​ប្រមាណ ២៤.៦ ពាន់​លាន​ដុល្លារ ត្រូវបាន​បែងចែក​ទៅលើ​ការចំណាយ​សម្រាប់​យោធា​របស់ រុស្ស៊ី។ តួលេខ​នេះ​ខ្ពស់ជាង ៣ ដង​ធៀប​នឹង​ថវិកា​សម្រាប់​វិស័យ​អប់រំ, ខ្ពស់ជាង​ទ្វេដង​ធៀប​នឹង​ថវិកា​សម្រាប់​សុខាភិបាល និង​ខ្ពស់ជាង ១០ ដង ធៀប​នឹង​ការចំណាយ​លើ​វិស័យ​បរិស្ថាន៕

  • អាម៉េរិក នឹង​​ផ្ដល់​​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​ឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​បំបែក​កម្លាំង​បិទ​ខ្ទប់​កំពង់ផែ​នៅ​សមុទ្រ​ខ្មៅ?

    អាម៉េរិក នឹង​​ផ្ដល់​​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​ឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​បំបែក​កម្លាំង​បិទ​ខ្ទប់​កំពង់ផែ​នៅ​សមុទ្រ​ខ្មៅ?

    ទីក្រុង​វ៉ា​ស៊ី​ង​តោន ត្រូវបាន​គេ​ជឿថា កំពុង​ពិនិត្យមើល​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​វិធី​ដើម្បី​ផ្គត់ផ្គង់​មី​ស៊ី​ល​ដែលមាន​កម្លាំង​ខ្លាំង​ជាង ទៅឱ្យ ទីក្រុង​កៀវ បំណង​ជួយ​បំបែក​ការបិទ​ខ្ទប់​បណ្ដា​កំពង់ផែ​នៅ​ឆ្នេរ សមុទ្រ​ខ្មៅ (Black Sea)។

    ទូរទស្សន៍ RT (រុស្ស៊ី) ដកស្រង់​ប្រភពព័ត៌មាន Reuters ឱ្យដឹងថា អាជ្ញាធរ​របស់​ប្រធានាធិបតី ចូ បៃ​ដិ​ន ត្រូវបាន​គេ​ជឿថា កំពុង​រៀបចំ​ការដឹក​ជញ្ជូន​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​នានា​ដែល​ទំនើប​ជាង​មី​ស៊ី​ល​ដែល​បាន​ប្រើប្រាស់​កន្លងមក ទៅកាន់ អ៊ុយ​ក្រែ​ន ដើម្បី​ជួយ ទីក្រុង​កៀវ បំបែក​ការបិទ​ខ្ទប់​របស់ កងទ័ព​រុស្ស៊ី ចំពោះ​បណ្ដា​កំពង់ផែ​នៅ សមុទ្រ​ខ្មៅ។

    ប្រភេទ​មី​ស៊ី​ល​ដែល​ស្ថិតក្នុង​បញ្ជី​ខាងលើ​រួមមាន Harpoon ផលិត​ដោយ Boeing និង Naval Strike ផលិត​ដោយ Kongsberg និង Raytheon Technologies នេះ​បើតាម Reuters ដកស្រង់​ប្រភពព័ត៌មាន​ពី​មន្ត្រី និង​សមាជិកសភា​អាម៉េរិក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។ ការពិភាក្សា​កំពុង​កើតឡើង​យ៉ាង​ផុសផុល​ស្ដីពី​ការប្រគល់​មី​ស៊ី​ល​ឱ្យ ទីក្រុង​កៀវ ដោយផ្ទាល់ ឬ​តាមរយៈ​សម្ព័ន្ធមិត្ត​ណាមួយ​នៅ អឺរ៉ុប។

    ការ​បំបែក​កម្លាំង​បិទ​ខ្ទប់​របស់ រុស្ស៊ី នៅ Odessa និង​បណ្ដា​កំពង់ផែ​មួយចំនួន​ផ្សេងទៀត​នៅ សមុទ្រ​ខ្មៅ អាច​អនុញ្ញាតឱ្យ អ៊ុយ​ក្រែ​ន អាច​នាំចេញ​ស្រូវ​សាលី និង​ទំនិញផ្សេងៗរបស់​ប្រទេស​នេះ ទៅកាន់​បរទេស។

    ក៏ប៉ុន្តែ ភាគី​ខាង រុស្ស៊ី ព្រមាន​ថា ការដឹកជញ្ជូន​អាវុធ​របស់លោក​ខាងលិច​ទៅឱ្យ អ៊ុយ​ក្រែ​ន គឺជា «ការចាក់​ប្រេង​លើ​ភ្លើង» ហើយ​អាច​បញ្ឆេះ​សង្គ្រោះ​ទ្រង់ទ្រាយ​ធំ​ជាង​បច្ចុប្បន្ន៕

  • តៃវ៉ាន់ សាកល្បង​យន្តហោះ​គ្មាន​មនុស្ស​បើក​បំពាក់អាវុធ​ជំនា​ក់​ថ្មី

    តៃវ៉ាន់ សាកល្បង​យន្តហោះ​គ្មាន​មនុស្ស​បើក​បំពាក់អាវុធ​ជំនា​ក់​ថ្មី

    វិទ្យាស្ថាន​ស្រាវជ្រាវ​នៃ កោះ​តៃវ៉ាន់ ដំណើរការ​សាកល្បង​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ជំនាន់​ថ្មី ដោយ​យក​លំនាំ​តាម​គំរូ​យន្តហោះ​ដែល​អាច​បំពាក់​មី​ស៊ី​លបាញ់​ពី​អាកាស​មក​ដី។

    វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា Chung-Shan (National Chung-Shan Institute of Science and Technology) ដែលជា​ស្ថាប័ន​អភិវឌ្ឍ​អាវុធ​កំពូល​របស់ កោះ​តៃវ៉ាន់ ក្នុង​រយៈពេល ២ សប្ដាហ៍​កន្លង បាន​សាកល្បង​លើ​សមត្ថភាព​ហោះហើរ​រយៈ​ចម្ងាយ​មធ្យម និង​ឆ្ងាយ​របស់​យន្តហោះ​គ្មាន​មនុស្ស​បើក Dang Van ។

    «ការសាកល្បង​នេះ​គឺ​ដើម្បី​ពិនិត្យ​មើលថា​តើ UAV ជំនា​ន់ទី ២ អាច​ហោះ​បាន​ឆ្ងាយ​កម្រិតណា និង​ដំណើរការ​បានយូរ​ប៉ុនណា» ប្រភពព័ត៌មាន​មួយ​ដែល​ស្និទ្ធ​នឹង​ក្រុមការងារ​សាកល្បង UAV ខាងលើ កាលពី​ថ្ងៃទី ១៧ ឧសភា បានឱ្យដឹង​ដូច្នេះ។

    វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា Chung-Shan គ្រោង​នឹង​ចាប់ផ្ដើម​ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង UAV Dang Van ២ នៅក្នុង​ខែមិថុនា​ខាងមុខ និង​សង្ឃឹមថា អាចបង្កើត​ក្រុម​ប្រយុទ្ធ​រួមជាមួយ​នឹង​យន្តហោះ MQ-៩B Sea Guardians ដែល​ផលិត​ដោយ សហរដ្ឋ​អាម៉េរិក។

  • រុស្ស៊ី ប្រកាសថា ទាហាន​អ៊ុយ​ក្រែ​ន ជិត ១,០០០ នាក់ បាន​ទម្លាក់អាវុធ​ចុះចាញ់

    រុស្ស៊ី ប្រកាសថា ទាហាន​អ៊ុយ​ក្រែ​ន ជិត ១,០០០ នាក់ បាន​ទម្លាក់អាវុធ​ចុះចាញ់

    ក្រសួងការពារជាតិ​រុស្ស៊ី ឱ្យដឹងថា ទាហាន​អ៊ុយ​ក្រែ​ន ៩៥៩ នាក់ នៅក្នុង​រោងចក្រ​ដែកថែប Azovstal បានដាក់​អាវុធ​ចុះចាញ់ បន្ទាប់ពី អ៊ុយ​ក្រែ​ន ប្រកាស​បញ្ចប់​ភារកិច្ច​ប្រយុទ្ធ​នៅ Mariupol។

    «ក្នុង ២៤ ម៉ោង​កន្លង ទាហាន ៦៩៤ នាក់ បាន​ចុះចាញ់ ក្នុងនោះ​មាន ២៩ នាក់​រងរបួស។ ជា​សរុប ចាប់ពី​ថ្ងៃទី ១៦ ខែ​ឧសភា មាន​ទាហាន ៩៥៩ នាក់ បាន​ទម្លាក់អាវុធ ក្នុងនោះ​មាន ៨០ នាក់​រងរបួស និង ៥១ នាក់​បាន​ចូល​ពេទ្យ» ក្រសួងការពារជាតិ​រុស្ស៊ី ថ្ងៃនេះ​បានឱ្យដឹង​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ស្ដីពី​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។

    ក្រៅពីនេះ ក្រសួង​ខាងលើ​ក៏បាន​បញ្ជាក់ថា ពួកគេ​បានសម្លាប់​ទាហាន​អ៊ុយ​ក្រែ​ន ២៧០ នាក់, កម្ទេច​ឧបករណ៍​យោធា​ចំនួន ៥៤ គ្រឿង, បាញ់​ទម្លាក់​យន្តហោះ ២ គ្រឿង និង​យន្តហោះ​គ្មាន​មនុស្ស​បើក ១៥ គ្រឿង កាលពី​យប់មិញ។

    កាល​ពី​​ថ្ងៃទី ១៧ ឧសភា កងទ័ព​អ៊ុយ​ក្រែ​ន បានចេញ​បញ្ជា​ឱ្យ​ទាហាន​ទាំងឡាយ​របស់ខ្លួន​ដែល​កំពុង​ជាប់ដៃ​ប្រយុទ្ធ​នៅឯ​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol លើក​ទង់​ស​ចុះចាញ់ ដើម្បី​ការពារ​អាយុជីវិត។

    ក្នុង​សេចក្ដីប្រកាស​មួយ កងទ័ព​អ៊ុយ​ក្រែ​ន លើកឡើងថា «កងកម្លាំង​នៅ Mariupol បានសម្រេច​ភារកិច្ច​ប្រយុទ្ធ​ដែល​ពួកគេ​បានទទួល…អគ្គ​បញ្ជា​រដ្ឋា​ន​កងទ័ព​បានចេញ​បញ្ជា​ឱ្យ​មេបញ្ជាការ​នៃ​អង្គភាព​ទាំងឡាយ​ដែល​ឈរជើង​នៅ Azovstal ត្រូវ​រក្សា​អាយុជីវិត​របស់​សមាជិក»៕

  • ខាងក្នុង «ថ្នាក់រៀន​លួចលាក់» មួយកន្លែង សម្រាប់​សិស្ស​នារី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន

    ខាងក្នុង «ថ្នាក់រៀន​លួចលាក់» មួយកន្លែង សម្រាប់​សិស្ស​នារី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន

    លាក់ខ្លួន​ក្នុង​ទីប្រជុំជន​មួយ​គឺជា​សាលារៀន​មួយ​ក្នុងចំណោម​សាលារៀន​លួចលាក់​ថ្មី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។ ការបើក​ដំណើរការ​សាលារៀន ឬ​ថ្នាក់រៀន​នេះ​គឺជា​សកម្មភាព​តូច​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​មានន័យ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់ តា​លី​បង់ ដែល​ស្ទើរតែ​មិន​ផ្ដល់​តម្លៃ​ឱ្យ​ស្ត្រី។

    BBC បានឱ្យដឹងថា នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន សាលារៀន​មធ្យមសិក្សា​បឋមភូមិ​សម្រាប់​សិស្សស្រី​ស្ទើរតែ​ទាំងអស់​ត្រូវបាន​បិទ ទៅតាម​សំណើ​របស់ តា​លី​បង់។ ក៏ប៉ុន្តែ នៅឯ​សាលារៀន​អាថ៌កំបាំង​មួយ​នេះ គ្រូបង្រៀន និង​សិស្ស​នារី​មួយចំនួន បាន​ព្យាយាម​បង្កើត​សាលា​របស់​ពួកគេ​ប្រកបដោយ​អត្ថន័យ។ នៅទីនេះ មាន​សិស្ស​ជាង ១០ នាក់ កំពុង​ចូលរួម​រៀន​មុខវិជ្ជា​គណិត។

    គ្រួ​បង្រៀន​តែ​ម្នាក់​គត់​របស់​សាលា​នេះ​រៀបរាប់​ប្រាប់ថា «យើង​ដឹង​ច្បាស់​អំពី​ហានិភ័យ និង​មានការ​ព្រួយបារម្ភ​ខ្លាំង​អំពី​បញ្ហា​នេះ ប៉ុន្តែ ការសិក្សា​របស់​សិស្សស្រី​មានតម្លៃ​ជាង​ហានិភ័យណាៗទាំងអស់។ យើង​បាន​ប្រឹងប្រែង​បង្កើត​សាលារៀន​នេះ​យ៉ាង​សម្ងាត់ ប៉ុន្តែ បើសិន​ពួកគេ​ចាប់​ខ្ញុំ វាយដំ​ខ្ញុំ ប្រការ​នោះ​ក៏មាន​តម្លៃ​ដែរ»។

    សិស្ស និង​និស្សិត​ជា​នារី​នៅ​ អាហ្វហ្គានីស្ថាន កំពុង​ខក​ចិត្ត​ជា​ខ្លាំង ចំពោះ​ការ​បិទ​សាលារៀន​

    ក្រោយពី​ដណ្ដើមបាន​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន តា​លី​បង់ បានចេញ​បញ្ជា​ឱ្យ​បិទទ្វារ​សាលារៀន ដោយសារតែ​កូ​វីដ-១៩។ ២ ខែក្រោយ​មក ពួកគេ​បាន​បើក​ដំណើរការ​សាលារៀន​ឡើងវិញ ប៉ុន្តែ អនុញ្ញាត​ឱ្យតែ​សិស្ស​ប្រុស និង​សិស្ស​ដែល​រៀន​កម្រិត​បឋមសិក្សា​ប៉ុណ្ណោះ។

    សម្រាប់​សិស្សស្រី​ទាំងឡាយ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន បច្ចុប្បន្ន ការខកចិត្ត​នៅតែមាន​ចំពោះ​ពួកគេ​គ្រប់ពេល។ នារី​ជា​សិស្ស​មួយរូប​នៅក្នុង​ថ្នាក់រៀន​ខាងលើ​និយាយថា «២ ខែ​មកហើយ សាលា​នៅតែ​មិនទាន់​បើកទ្វារ​វិញទៀត។ បញ្ហា​នេះ​ធ្វើឱ្យ​ខ្ញុំ​ខកចិត្ត​ខ្លាំងណាស់» នាង​និយាយ​បណ្ដើរ យកដៃ​បាំង​មុខ​ទប់ទឹក​ភ្នែក​បណ្ដើរ គួរឱ្យ​អាណិត។

    ក្មេងស្រី​ជា​សិស្ស​វ័យ ១៥ ឆ្នាំ ១ រូប ចង់​ផ្ដាំផ្ញើ​ទៅកាន់​សិស្សស្រី​ទាំងអស់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ថា «ចូរ​ក្លាហាន​ឡើង បើសិន​មិត្ត​ក្លាហាន នោះ​នឹង​មិនមាន​អ្នកណា​អាច​រារាំង​មិត្ត​បានឡើយ»។

    ស្ត្រី​នៅ​ អាហ្វហ្គានីស្ថាន ស្ទើរ​តែ​គ្មាន​តម្លៃ​នៅ​ចំពោះ​មុខ​ តាលីបង់

    នៅពេល​បាន​ឡើងកាន់​អំណាច​កាលពី​ខែសីហា ២០២១ ក្រុម​ប្រដាប់អាវុធ​​ប្រកាន់​តឹង​ តា​លី​បង់ បាន​សន្យាថា នឹងមាន​គោលនយោបាយ​ទន់ភ្លន់​ជាង ធៀប​នឹង​ដំណាក់​ពី​ឆ្នាំ ១៩៩៦ ដល់ ២០០១។ ក៏ប៉ុន្តែ ជាក់ស្ដែង ពេលនេះ​នៅតែមាន​បញ្ហា​ជាច្រើន​មិនទាន់បាន​ដោះស្រាយ ពិសេស​គឺ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​កុមារី និង​ស្ត្រី៕

  • អតីត​វរសេនីយ៍​ឯកនៃ​កងទ័ព​រុស្ស៊ី ព្រមាន​អំពី​ស្ថានការណ៍​អាក្រក់​ចំពោះ មូ​ស្គូ ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    អតីត​វរសេនីយ៍​ឯកនៃ​កងទ័ព​រុស្ស៊ី ព្រមាន​អំពី​ស្ថានការណ៍​អាក្រក់​ចំពោះ មូ​ស្គូ ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    អតីត​វរសេនីយ៍ឯក​ម្នាក់​នៃ កងទ័ព​រុស្ស៊ី និយាយថា ស្ថានការណ៍​ខាងមុខ​នឹង​អាក្រក់​ជាង​នេះ សម្រាប់ រុស្ស៊ី នៅពេល​ត្រូវ​បានដាក់​ឱ្យនៅ​ឯកា​ក្នុង​វិស័យ​នយោបាយ ហើយ​បស្ចិម​លោក​បន្ត​ផ្ដល់​អាវុធ​ឱ្យ អ៊ុយ​ក្រែ​ន។

    Mikhail Khodarenok អតីត​វរសេនីយ៍ឯក​ម្នាក់ ធ្លាប់​បម្រើការ​នៅក្នុង​បញ្ជាការដ្ឋាន​កងទ័ព​រុស្ស៊ី និង​បច្ចុប្បន្ន​គឺជា​អ្នកវិភាគ​ផ្នែក​យោធា ដែល​បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​នៅក្នុង​កម្មវិធី ៦០ នាទី របស់​ទូរទស្សន៍​រុស្ស៊ី RT យល់ថា ស្ថានការណ៍​ចំពោះ រុស្ស៊ី «ច្បាស់​ណាស់​ថា នឹង​ប្រែ​ទៅជា​អាក្រក់​ជាង​នេះ» ក្នុង​គ្រា​ដែល អ៊ុយ​ក្រែ​ន ទទួលបាន​ជំនួយ​យោធា​ពី​លោកខាងលិច។

    «កងទ័ព​អ៊ុយ​ក្រែ​ន អាច​បំពាក់អាវុធ​ឱ្យ​ទាហាន ១ លាន​នាក់ នេះ​គឺជា​ការ​ស្វះ​ស្វែងរក​ការការពារ​ទឹកដី​របស់​ពួកគេ​ដែល​ស្ដែងចេញ​យ៉ាងច្បាស់» លោក Khodarenok អះអាង​ដូច្នេះ និង​បន្ថែមថា «បញ្ហា​ធំ​បំផុត​សម្រាប់ រុស្ស៊ី គឺ​ការដាក់​ឱ្យនៅ​ឯកា​ផ្នែក​នយោបាយ​នាបច្ចុប្បន្ន។ ពិភពលោក​ទាំងមូល​កំ​ពុង​ប្រឆាំងនឹង​យើង ហើយ​យើ​ប​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ»។

    «ស្ថានការណ៍​មិនអាច​ចាត់ទុកថា​ធម្មតា​ឡើយ នៅពេល​​ដែល​សម្ព័ន្ធ ៤២ ប្រទេស ជំទាស់ រុស្ស៊ី ខណៈដែល​ធនធាន​យោធា នយោបាយ ក៏ដូចជា​កងទ័ព និង​បច្ចេកទេស​របស់​យើង​មាន​ដែន​កំណត់» អ្នកជំនាញ​យល់ឃើញ​ដូច្នេះ។

    ចាប់តាំងពី​ខែមេសា រុស្ស៊ី បាន​ឈាន​ចូលដល់​ដំណាក់កាល​ទី​ពីរ​នៃ​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន ដោយ​ប្រមូល​កម្លាំង​សម្រាប់​តំបន់​ភាគ​ខាងកើត​របស់​ប្រទេស​នេះ។ ក្រុម​អ្នកជំនាញ​វាយតម្លៃថា រុស្ស៊ី បាន​គ្រប់គ្រង​មួយផ្នែកធំ​នៃ​តំបន់ Donbass ប៉ុន្តែ​មិនអាច​​វាយ​សម្រុក​ទៅមុខ​ក្នុង​ល្បឿន​លឿនបាន​ ហើយ​ថែមទាំង​ធ្លាក់​ក្នុងស្ថានភាព​ទាល់ច្រក​នៅ​លើ​សមរភូមិ​មួយចំនួន​ទៀតផង។

  • អាម៉េរិក ថា យន្តហោះ​របស់​ក្រុម​ហ៊ុនចិន​ China Eastern ដែល​ធ្លា​ក់ដាំ​ក្បាល​ចុះ​លើ​ភ្នំ​កាលពី​ខែមីនា គឺ «មាន​គោលបំណង»

    អាម៉េរិក ថា យន្តហោះ​របស់​ក្រុម​ហ៊ុនចិន​ China Eastern ដែល​ធ្លា​ក់ដាំ​ក្បាល​ចុះ​លើ​ភ្នំ​កាលពី​ខែមីនា គឺ «មាន​គោលបំណង»

    ក្រុម​អ្នកស៊ើប​អង្កេត​អាម៉េរិក ជឿថា អ្នកណាម្នាក់​នៅលើ​យន្តហោះ​របស់ China Eastern មាន​ចេតនា​បញ្ជា​ឱ្យ​យន្តហោះ​ដាំ​ក្បាល​ទៅបុក​នឹង​ភ្នំ នេះ​បើតាម​សារព័ត៌មាន​អាម៉េរិក។

    «យន្តហោះ​បានធ្វើ​តាម​អ្វីដែល​អ្នកណាម្នាក់​នៅក្នុង​បន្ទប់​បើកបរ​បញ្ជា» សារព័ត៌មាន Wall Street Journal ដកស្រង់​ប្រភពព័ត៌មាន​ដែល​ដឹង​ហេតុការណ៍​ស្ដីពី​ការវាយតម្លៃ​បឋម​របស់ ក្រុមមន្ត្រី​អាម៉េរិក ចំពោះ​សោកនាដកម្ម​អាកាសចរណ៍​នៅ ប្រទេស​ចិន កាលពី​ខែមីនា ឱ្យដឹង​ដូច្នេះ។

    យន្តហោះ Boeing ៧៣៧-៨០០ របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern កំពុង​ហោះហើរ​ពី Kunming ទៅកាន់ Guangzhou កាលពី​ថ្ងៃទី ២១ មីនា ក៏​ស្រាប់តែ​ធ្លាក់​ដាំ​ក្បាល​ចុះ និង​បុក​លើ​ភ្នំ​នៃ​ទីក្រុង Wuzhou បណ្ដាលឱ្យ​អ្នកដំណើរ និង​សមាជិក​ក្រុម​ហោះហើរ​សរុប ១៣២ នាក់ បាត់បង់​ជីវិត។ ប្រអប់​ខ្មៅ​របស់​យន្តហោះ ត្រូវបាន​បញ្ជូន​ទៅកាន់ សហរដ្ឋ​អាម៉េរិក ដើម្បី​វិភាគ។

    ក្រុមមន្ត្រី​អាម៉េរិក ដែល​ចូលរួម​ការស៊ើបអង្កេត​ខាងលើ បាន​ផ្ដោតទៅលើ​លទ្ធភាព​អ្នកបើកបរ​យន្តហោះ ឬ​អ្នកណាម្នាក់​នៅលើ​យន្តហោះ បាន​សម្រុក​ចូលក្នុង​បន្ទប់​បើកបរ និង​បង្កឱ្យមាន​គ្រោះថ្នាក់។ ក្រុមមន្ត្រី​ជឿជាក់ថា ការសន្និដ្ឋាន​របស់​ពួកគេ​គឺ​សម​ហេតុផល ព្រោះថា ជាក់ស្ដែង ក្រុមមន្ត្រី​ស៊ើបអង្កេត​ចិន មកដល់​បច្ចុប្បន្ន មិនបាន​រកឃើញ​បញ្ហា​ណាមួយ​កើតឡើង​ចំពោះ​យន្តហោះ ឬ​ប្រព័ន្ធ​បញ្ជា​ជើងហោះហើរ​អាច​បង្ក​គ្រោះថ្នាក់ និង​ត្រូវការ​ដំណោះស្រាយ​នោះទេ។

    អាជ្ញាធរ​ចិន មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ទៅនឹង​ការចុះផ្សាយ​ព័ត៌មាន​ខាងលើ​នៅឡើយ។

    យន្តហោះ Boeing ៧៣៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern ដឹក​អ្នកដំណើរ ១៣២ នាក់ និង​បុគ្គលិក ៩ នាក់ បាន​ធ្លាក់​ទៅលើ​ខ្នងភ្នំ​មួយ​នៃ​ទីក្រុង Wuzhou ក្នុង​តំបន់​ស្វយ័ត​ជនជាតិ Zhuang នៅ Guangxi ភាគខាងត្បូង​ប្រទេស​ចិន កាលពី​ថ្ងៃទី ២១ មីនា ២០២២។

  • ហ្វាំ​ង​ឡង់ និង ស៊ុយអែត កំណត់​ថ្ងៃ​ដាក់ពាក្យ​សុំចូល​ជា​សមាជិក​របស់ ណា​តូ

    ហ្វាំ​ង​ឡង់ និង ស៊ុយអែត កំណត់​ថ្ងៃ​ដាក់ពាក្យ​សុំចូល​ជា​សមាជិក​របស់ ណា​តូ

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នាយករដ្ឋមន្ត្រី​របស់ ហ្វាំ​ង​ឡង់ (Finland) ប្រកាសថា ទីក្រុង ស្តុក​ខុល (Stockholm) និង ហែល​ស៊ីន​គី (Helsinki) នឹងដាក់​ពាក្យ​សុំចូល​ជា​សមាជិក​ណា​តូ (NATO) ក្នុងថ្ងៃនេះ។

    «ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ព្រោះថា យើង​បាន​ដើរ​លើផ្លូវ​ជាមួយគ្នា ហើយ​អាចធ្វើ​រឿងនេះ​ជាមួយគ្នា» នាយករដ្ឋមន្ត្រី​នៃ ប្រទេស​ស៊ុយអែត (Sweden) Magdalena Andersson ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​នៅ ទីក្រុង​ស្តុក​ខុល កាលពី​ម្សិលមិញ។

    ប្រកាស​របស់លោក​ស្រី Andersson ត្រូវ​លើកឡើងភ្លាមៗបន្ទាប់ពី រដ្ឋមន្ត្រីការបរទេស​ស៊ុយអែត Ann Linde បាន​ចុះហត្ថលេខា​លើ​លិខិតស្នើ​សុំចូល​ជា​សមាជិក​អង្គកា​ណា​តូ ជា​ផ្លូវការ។

    ប្រធានាធិបតី​ហ្វាំ​ង​ឡង់ Sauli Niinisto អះអាងថា ប្រជាធិបតេយ្យ​បានទទួល​ជ័យជម្នះ ដែល​នេះ​ចង់​សំដៅលើ​សំឡេងឆ្នោត​គាំទ្រ​នៅ​សភា ចំពោះ​សេចក្ដីសម្រេច​សុំចូល​ជា​សមាជិក​ណា​តូ ក៏ដូចជា​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​ហ្វាំ​ង​ឡង់។ ការបោះឆ្នោត​នៅ​សភា​របស់​ប្រទេស​នេះ ទទួលបាន​សំឡេងគាំទ្រ ១៨៨ សំឡេង និង​ប្រឆាំង ៨ សំឡេង។

    ថ្វីបើ​មានការ​ផ្ដល់ «ភ្លើង​ខៀវ» ជាច្រើន​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​ណា​តូ ប៉ុន្តែ សំណើ​របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត អាច​នឹង​ជួប​ឧបសគ្គ ដោយសារតែ​ការជំទាស់​របស់ តួ​ក​គី (Turkey)។ ទីក្រុង​អង់កា​រ៉ា អះអាងថា មិន​ទទួល​យក​​ការពង្រីក​ខ្លួន​របស់ ណា​តូ ដោយ​ចោទ ទីក្រុង​ស្តុក​ខុល និង ហែល​ស៊ីន​គី​ថា មិន​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​ជនជាតិ​ឃឺ​ដ (Kurd) ដែល​ជា​ក្រុម​​ត្រូវ​បាន​ តួ​ក​គី ចាត់ទុកថាជា​ភេរ​វករ៕

  • ប្រធានាធិបតី​រុស្ស៊ី «បើកភ្លើង​ខៀវ» ចំពោះ​​បញ្ហា​ ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត​ ចង់​​ចូល​​ជា​​សមាជិក​​របស់​ ណា​តូ

    ប្រធានាធិបតី​រុស្ស៊ី «បើកភ្លើង​ខៀវ» ចំពោះ​​បញ្ហា​ ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត​ ចង់​​ចូល​​ជា​​សមាជិក​​របស់​ ណា​តូ

    រុស្ស៊ី បាន​ព្រមាន​ថា នឹងមាន​ប្រតិកម្ម​ឆ្លើយតប បើសិន ណា​តូ (NATO) ដាក់ពង្រាយ​សព្វាវុធ​លើ​ទឹកដី​របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត ក្រោយពី​ប្រទេស​ទាំងនេះ​បាន​ចូល​ជា​សមាជិក​នៃ​សម្ព័ន្ធ​យោធា​នេះ​ជា​ផ្លូវការ។

    ការផ្ដល់​សញ្ញា​ទទួលយក ក៏ដូចជា​ការព្រមានរ​បស់ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ខាងលើ ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់ អង្គការ​សន្ធិសញ្ញា​សន្តិ​សុខ​សមូហភាព (CSTO) ដែល​ដឹកនាំ​ដោយ រុស្ស៊ី កាលពី​ថ្ងៃទី ១៦ ឧសភា។ លោក ពូ​ទីន ថា សំណើសុំ​ចូល​ជា​សមាជិក​ណា​តូ របស់ ស៊ុយអែត និង ហ្វាំ​ង​ឡង់ មិន «គំរាមកំហែង​ផ្ទាល់​ដល់ រុស្ស៊ី» ឡើយ។ លោក​អះអាងថា ទីក្រុង​មូ​ស្គូ មិនមាន​បញ្ហា​អ្វី​ជាមួយ ហ្វាំ​ង​ឡង់ និង ស៊ុយអែត នោះទេ។

    មេដឹកនាំ​របស់ រុស្ស៊ី សង្កត់ធ្ងន់ថា «សកម្មភាព​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​ណាមួយ​នៅលើ​ទឹកដី​របស់​ប្រទេស​ទាំងពីរ​នេះ ប្រាកដ​ណាស់​ថា នឹង​បញ្ឆេះ​ប្រតិកម្ម​ពី រុស្ស៊ី មិន​ខាន» ហើយ «ប្រតិកម្ម​កម្រិតណា​នោះ វា​អាស្រ័យ​លើ​ស្ថានភាព​នៃ​ការគំរាមកំហែង​ដែល​ពួកគេ​បង្កើតឡើង​ចំពោះ រុស្ស៊ី»។

    សម្ដី​របស់ លោក ពូ​ទីន ហាក់​បង្ហាញថា រុស្ស៊ី អាច​រួមរស់​ជាមួយនឹង​ស្ថានភាព​ដែល ហ្វាំ​ង​ឡង់ និង ស៊ុយអែត ក្លាយជា​សមាជិក​នៃ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) ក្នុង​លក្ខខណ្ឌ​ដែល ណា​តូ មិន​ដាក់ពង្រាយ​សព្វាវុធ​នៅ​ប្រទេស​ទាំងនេះ ហើយ​នេះ​ក៏​ជា​វិធី​ដែល ណា​តូ បានធ្វើ​ចំពោះ​សមាជិក​មួយចំនួន​នៅ​តំបន់ Baltic និង អឺរ៉ុប​ខាងកើត មុនពេល​ផ្ទុះ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

  • កងទ័ព​អ៊ុយ​ក្រែ​ន ចេញ​បញ្ជា​ឱ្យ​ទាហាន​ឈរជើង​នៅ Azovstal «លើក​ទង់​ស​ចុះចាញ់»

    ថ្ងៃទី ១៧ ឧសភា នេះ កងទ័ព​អ៊ុយ​ក្រែ​ន បានចេញ​បញ្ជា​ឱ្យ​ទាហាន​ទាំងឡាយ​របស់ខ្លួន​ដែល​កំពុង​ជាប់ដៃ​ប្រយុទ្ធ​នៅឯ​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol លើក​ទង់​ស​ចុះចាញ់ ដើម្បី​ការពារ​អាយុជីវិត។

    យោងតាម RT (រុស្ស៊ី) អាជ្ញាធរ​ទីក្រុង​កៀវ ប្រកាសថា អង្គភាព​នានា​បាន «សម្រេច​ភារកិច្ច​ប្រយុទ្ធ​ដែល​បានប្រគល់»។

    អគ្គបញ្ជាការដ្ឋាន​កង​ទ័ព​អ៊ុយ​ក្រែ​ន បានបញ្ជាក់​នៅលើ​បណ្ដាញ​សង្គម​ថា ទាហាន​របស់ខ្លួន​ដែល​កំពុង​លាក់ខ្លួន​ក្នុង​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol ទទួលបាន​បញ្ជា​ឱ្យ​ចុះចាញ់។

    ក្នុង​សេចក្ដីប្រកាស​មួយ កងទ័ព​អ៊ុយ​ក្រែ​ន លើកឡើងថា «កងកម្លាំង​នៅ Mariupol បានសម្រេច​ភារកិច្ច​ប្រយុទ្ធ​ដែល​ពួកគេ​បានទទួល…អគ្គ​បញ្ជា​រដ្ឋា​ន​កងទ័ព​បានចេញ​បញ្ជា​ឱ្យ​មេបញ្ជាការ​នៃ​អង្គភាព​ទាំងឡាយ​ដែល​ឈរជើង​នៅ Azovstal ត្រូវ​រក្សា​អាយុជីវិត​របស់​សមាជិក»។

    ទិដ្ឋភាព​នៃ​រោង​ចក្រ​ Azovstal

    RT (រុស្ស៊ី) ឱ្យដឹងថា ការចុះចាញ់​ដំបូង​ត្រូវបាន​ធ្វើឡើង​រួច​រាល់​​កាលពី​ថ្ងៃទី ១៦ ឧសភា នៅពេល​ទាហាន​របស់ អ៊ុយ​ក្រែ​ន ចំនួន ២៦៤ នាក់ បាន​ចាក​ចេញពី Azovstal។ បច្ចុប្បន្ន​មាន​ទាហាន​រងរបួស ៥៣ នាក់ កំពុងស្ថិត​នៅក្នុង​មន្ទីរពេទ្យ​មួ​យ​នៅ Novoazovsk និង ២១១ នាក់​នៅ Yelenovka ដែល​​ទាំង​នេះ​ស្ថិតក្នុង​តំបន់ Donetsk។

    យោងតាម​ប្រភពព័ត៌មាន​របស់ រុស្ស៊ី តំបន់​រោងចក្រ Azovstal មាន​មនុស្ស​ចំនួន​ប្រហែល ២,២០០ នាក់ បាន​ជាប់គាំង​នៅក្នុង​បន្ទប់ក្រោមដី​នានា។ ទីតាំង​នេះ​មាន​ទំហំ ១១ គីឡូម៉ែត្រ​ក្រឡា ហើយ​ផ្នែក​ដែល​នៅក្រោម​ដី​ត្រូវបាន​សាងសង់ឡើង​ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​ដោយ​អាវុធ​នុយ​ក្លេ​អែរ។