Category: អន្តរជាតិ

  • សហរដ្ឋ​អាម៉េរិក អនុម័ត​លក់​គ្រឿងបន្លាស់​នាវាចម្បាំង តម្លៃ​ជាង ១០០ លាន​ដុល្លារ ឱ្យ កោះ​តៃវ៉ាន់

    សហរដ្ឋ​អាម៉េរិក អនុម័ត​លក់​គ្រឿងបន្លាស់​នាវាចម្បាំង តម្លៃ​ជាង ១០០ លាន​ដុល្លារ ឱ្យ កោះ​តៃវ៉ាន់

    សហរដ្ឋ​អាម៉េរិក អនុម័ត​លក់​គ្រឿងបន្លាស់ ឧបករណ៍​ជុស​ជុល​តម្លៃ ១២០ លាន​ដុល្លារ ដើម្បី​កងកម្លាំង​ការពារ​កោះ​តៃវ៉ាន់ រក្សា​សកម្មភាព​របស់​នាវាច​ម្បាំ​ង​លើ​ផ្ទៃ​ទឹក។

    អង្គភាព​សហប្រតិបត្តិ​ការ​សន្តិសុខ​ជាតិ (DSCA) របស់ មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី ៨ មិថុនា បានប្រកាសថា ក្រសួងការបរទេស​អា​ម៉េ​រិ​ក បានអនុម័ត​លើ​កិច្ចព្រមព្រៀង​ដែលមាន​សក្ដានុពល​ដើម្បី​ផ្ដល់​គ្រឿងបន្លាស់ ឧបករណ៍ និង​បច្ចេកទេស​សម្រាប់​ជួសជុល​នាវាចម្បាំង​របស់ កោះ​តៃវ៉ាន់។ គ្រឿងបន្លាស់​ដែលមាន​តម្លៃ​សរុប ១២០ លាន​ដុល្លារ​នេះ នឹងត្រូវ​បាន​យក​ពី​ក្រុមហ៊ុន​ផលិត​ដែល ទីក្រុង​វ៉ា​ស៊ី​ង​តោន បានអនុម័ត ឬ​យក​ពី​ឃ្លាំង​របស់ កងទ័ពជើងទឹក​អាម៉េរិក។

    «ករណី​ទិញដូរ​នេះ​នឹង​រួមចំណែក​ក្នុង​ការរក្សា​វត្តមាន​នាវា​លើ​ផ្ទៃ​ទឹក​របស់​ភាគី​ទទួល ជួយ​ឱ្យ​ពួកគេ​ស្ដារ​សមត្ថភាព​ទប់ទល់​នឹង​ការគំរាមកំហែង​បច្ចុប្បន្ន និង​អនាគត។ កិច្ចព្រមព្រៀង​នេះ​ក៏​ធានា​នូវ​អំណាច​យោធា​របស់​អ្នកទទួល និង​បង្កើន​សមត្ថភាព​ក្នុងការ​ផ្គុំ​កម្លាំង​ជាមួយ សហរដ្ឋ​អាម៉េរិក និង សម្ព័ន្ធមិត្ត» ប្រកាស​របស់ DSCA មាន​ឃ្លា​សរសេរ​ដូច្នេះ។

    ការសម្រេច​អនុម័ត​របស់ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ខាងលើ ត្រូវបាន​ប្រកាសជូន​ដំណឹង​ដល់ សភា​អាម៉េរិក រួចហើយ ដូច្នេះ ស្ថាប័ន​នេះ​មាន​ពេល ៣០ ថ្ងៃ ដើម្បី​ធ្វើការ​សម្រេច​ថា គួរ​រារាំង ឬ​អត់។

    បើ​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ ការ​សម្រេច​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​ឡើង​ទៅ​កាន់​ប្រធានាធិបតី​ ដើម្បី​ចុះ​ហត្ថលេខា​​អនុម័ត​ចុង​ក្រោយ​។

    ភាគី​ខាង តៃវ៉ាន់ ឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ​អាច​ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល ១ ខែ ហើយ​អរគុណ​ចំពោះ ទីក្រុង​វ៉ា​ស៊ី​ង​តោន ដែល​បាន​ជួយ​ការពារ​កោះ​នេះ។

    ប្រទេស​ចិន (ចិនដីគោក) ចាត់ទុក កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បាន និង​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ បើទោះជា​ត្រូវ​ប្រើ​កម្លាំងបាយ​ក៏ដោយ។

  • (វីដេអូ)-យន្តហោះ​ចម្បាំង​របស់ ចិន ធ្លាក់ចំ​ផ្ទះ​ប្រជាជន​នៅ​ខេត្ត Hubei បណ្ដាល​ឱ្យមនុស្ស​ស្លាប់​ និង​របួស​ច្រើន​នាក់​

    (វីដេអូ)-យន្តហោះ​ចម្បាំង​របស់ ចិន ធ្លាក់ចំ​ផ្ទះ​ប្រជាជន​នៅ​ខេត្ត Hubei បណ្ដាល​ឱ្យមនុស្ស​ស្លាប់​ និង​របួស​ច្រើន​នាក់​

    យន្តហោះ​ចម្បាំង J-៧ របស់ ប្រទេស​ចិន ធ្លាក់​ត្រង់​តំបន់​ប្រជុំជន​នៅក្នុង​ខេត្ត Hubei ក្នុងពេល​ហ្វឹកហាត់ បណ្ដាលឱ្យ​មនុស្ស​ម្នាក់​បាត់បង់​ជីវិត និង ២ នាក់​រងរបួស។

    ទូរទស្សន៍ CCTV បាន​រាយការណ៍​ថា យន្តហោះ​ចម្បាំង J-៧ បាន​ជួប​គ្រោះថ្នាក់​កាលពី​ព្រឹក​មិញ ពេល​កំពុង​ហ្វឹកហាត់​ហោះហើរ​នៅក្បែរ​ព្រលានយន្តហោះ Laohekou ក្នុង​ខេត្ត Hubei។

    រូបភាព​ពី​កន្លែងកើតហេតុ​បង្ហាញថា យន្តហោះ​នេះ​ត្រូវ​បាក់​បែកខ្ទេច​បន្ទាប់ពី​ធ្លាក់ចំ​តំបន់​ប្រជុំជន​ក្បែរ​ដងផ្លូវ បណ្ដាលឱ្យ​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​ឆាបឆេះ។ អ្នកបើកបរ​បាន​ចុច​ឆត្រយោង​រំដោះខ្លួន​មុនពេល​យន្តហោះ​ធ្លាក់​ដល់​ដី ប៉ុន្តែ​ត្រូវ​រងរបួស​ធ្ងន់។

    CCTV ឱ្យដឹងថា អ្នកបើកបរ​យន្តហោះ​ម្នាក់ និង​ប្រជាពលរដ្ឋ​ម្នាក់​ដែល​រងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខណៈដែល​មនុស្សម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ។ សមត្ថកិច្ច​ក៏​បាន​ឱ្យ​ដឹង​ថា មូលហេតុ​នៃ​គ្រោះ​ថ្នាក់​ រួម​នឹង​ចំនួន​អ្នក​ស្លាប់​ និង​រងរបួស​ កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត និង​តាម​ដាន​ជា​បន្ត​។

    នៅ ប្រទេស​ចិន កាលពី​ឆ្នាំ ២០១៥ មាន​ករណី​ធ្លាក់​យន្តហោះ​យោធា ១ គ្រឿង ទៅលើ​ខ្នងភ្នំ ប៉ុន្តែ អ្នកបើកបរ​បាន​រួច​ពី​ការស្លាប់។ នៅ​ឆ្នាំ ២០១៣ អ្នកបើកបរ​យន្តហោះ​ចម្បាំង​ម្នាក់​របស់ ចិន ក៏បាន​បាត់បង់​ជីវិត​នៅពេល​យន្តហោះ​ធ្លាក់​នៅពេល​កំពុង​ហ្វឹកហាត់​ហោះហើរ​ពេលយប់៕

    https://www.youtube.com/watch?v=amjR1RPgY5I

  • រាជបុត្រី​នៃ​រាជវង្ស​ន័​រ​វែ​ស ភ្ជាប់ពាក្យ​ជាមួយ​គ្រូ​វេទមន្ត​អាម៉េរិក

    រាជបុត្រី​នៃ​រាជវង្ស​ន័​រ​វែ​ស ភ្ជាប់ពាក្យ​ជាមួយ​គ្រូ​វេទមន្ត​អាម៉េរិក

    រាជវាំង​ន័​រ​វែ​ស ប្រកាសថា ព្រះ​នាង Martha Louise ព្រះជន្ម ៥០ វស្សា បាន​ភ្ជាប់ពាក្យ​ជាមួយ​មិត្ត​ប្រុស​ជនជាតិ​អាម៉េរិក ឈ្មោះ Durek Verret ដែល​ចាត់ទុក​ខ្លួនឯង​ថា​ជា​គ្រូមន្តអាគម។

    «ព្រះមហាក្សត្រ និង​ព្រះ​អគ្គមហេសី ប្រទាន​ពរ​យ៉ាង​ស្មោះស្ម័គ្រ​បំផុត សង្ឃឹមថា អ្នក​ទាំងពីរ​នឹង​ទទួលបាន​ប្រការល្អៗបំផុត​ក្នុង​អនាគត» រាជវាំង​ន័​រ​វែ​ស ប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី ៧ មិថុនា ជាការ​បញ្ជាក់​អំពី​ព័ត៌មាន​ដែលថា រាជបុត្រី Martha Louis បាន​ភ្ជាប់ពាក្យ។

    ព្រះ​នាង Martha Louise ព្រះជន្ម ៥០ វស្សា គឺជា​រាជបុត្រី​របស់​មហាក្សត្រ Harald ឈរ​លំដាប់​ទី ៤ នៅក្នុង​បញ្ជីរាយនាម​អ្នក​ដែល​ត្រូវ​ស្នង​រាជបល្ល័ង្ក ប៉ុន្តែ បាន​បោះបង់​តំណែង ឋានៈ និង​ភារកិច្ច​ជា​រាជវង្ស​ស្ទើរតែ​ទាំងអស់​ដើម្បី​ផ្ដោតលើ​សកម្មភាព​ផ្ទាល់ខ្លួន។ ព្រះ​នាង​គឺជា​មនុស្ស​ជឿ​លើ​រឿង​អ​បិ​យ​ជំនឿ និង​ធ្លាប់​ប្រកាសថា​អាច​ទំនាក់ទំនង​បាន​ជាមួយនឹង​ពពួក​ទេវតា។

    រាជបុត្រី​អង្គ​នេះ​បានបង្ហាញ​ជា​សាធារណៈ​នូវ​ទំនាក់ទំនង​ស្នេហា​ជាមួយ Durek Verret តាំងពី​ខែឧសភា ២០១៩។ Durek Verret អាយុ ៤៧ ឆ្នាំ រស់នៅក្នុង​ទីក្រុង Los Angeles សហរដ្ឋ​អាម៉េរិក ធ្លាប់បាន​ប្រកាសថា ខ្លួន​គឺជា «គ្រូមន្តអាគម Durek» ធ្លាប់​ព្យាបាល​ជំងឺ​ឱ្យ​តារា​សម្ដែង​ល្បីឈ្មោះ​ជាច្រើន​នាក់​នៅ សហរដ្ឋ​អាម៉េរិក។

    ព្រះ​នាង Martha ធ្លាប់បាន​រៀប​អភិសេក​ជាមួយ​កំពូល​អ្នកនិពន្ធ​ជនជាតិ​ន័​រ​វែ​ស Ari Behn កាលពី​ឆ្នាំ ២០០២ និង​មាន​បុត្រី ៣ អង្គ​ជាមួយគ្នា។ អ្នក​ទាំង​ពីរបាន​លែងលះគ្នា​កាលពី​ឆ្នាំ ២០១៦ ហើយ​ក្រោយមក Ari Behn បានធ្វើ​អត្តឃាត​កាលពី​ឆ្នាំ ២០១៩ ក្នុង​វ័យ ៤៧ ឆ្នាំ។

  • អង្គការសហប្រជាជាតិ ថា «គ្រោះ​ទូរ​ភិ​ក្ស​អាក្រក់​បំផុត» នឹង​កើតឡើង​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    អង្គការសហប្រជាជាតិ ថា «គ្រោះ​ទូរ​ភិ​ក្ស​អាក្រក់​បំផុត» នឹង​កើតឡើង​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    (សហរដ្ឋ​អាម៉េរិក)-អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ បានឱ្យដឹងថា សង្គ្រាម​រវាង រុស្ស៊ី-អ៊ុយ​ក្រែ​ន បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពិភពលោក អាច​រុញច្រាន​មនុស្ស ១.៦ ពាន់​លាន​នាក់​ធ្លាក់​ទៅក្នុង​គ្រោះ​ទុរភិក្ស​អាក្រក់​បំផុត។

    «ផលប៉ះពាល់​ពី​សង្គ្រាម​ទៅលើ​សន្តិសុខ​ស្បៀង ថាមពល និង​ហិរញ្ញវត្ថុ គឺជា​ឥទ្ធិពល​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ ធ្ងន់ធ្ងរ និង​កំពុងតែ​បង្កើនល្បឿន» អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ លោក Antonio Guterres អធិប្បាយ​នៅក្នុង​របាយការណ៍​ស្ដីពី​ផលវិបាក​ដែល​កើតឡើង​ដោយសារ​សង្គ្រាម រុស្ស៊ី-អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ៨ មិថុនា។

    លោក Antonio Guterres និយាយថា សង្គ្រាម​នេះ​អាច​បណ្ដាលឱ្យមាន​គ្រោះ​អត់ឃ្លាន​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​ពីមុនមក និង​បន្សល់ទុក​នូវ​ផលវិបាក​យ៉ាង​ច្របូកច្របល់​ទាក់ទង​នឹង​សេដ្ឋកិច្ចសង្គម។ «មាន​វិធី​តែមួយគត់​ដើម្បី​ទប់ស្កាត់​ព្យុះ​ដែល​កំពុងតែ​កកើតឡើង​នេះ នោះ​គឺ​ការបញ្ចប់​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន» លោក Antonio Guterres សង្កត់ធ្ងន់​ដូច្នេះ។

    មេដឹកនាំ​អង្គការ​ពិភពលោក​រូបនេះ ស្នើ​ឱ្យមាន​កិច្ចចរចា​ជា​កញ្ចប់​ដែល​អនុញ្ញាតឱ្យ​នាំចេញ​ស្បៀង​របស់ អ៊ុយ​ក្រែ​ន តាម​ច្រក​សមុទ្រ​ខ្មៅ និង​នាំចេញ​ស្បៀង និង​ជីរ​បស់ រុស្ស៊ី ដោយ​មិនមាន​ការរារាំង។

    របាយការណ៍​របស់ អង្គការសហប្រជាជាតិ ឱ្យដឹងថា ប្រទេស​ចំនួន ៩៤ ជាទី​ដែលមាន​មនុស្ស​រស់នៅ​ប្រហែល ១.៦ ពាន់​លាន​នាក់ រង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​មិនមាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ប្រឈមមុខ​នឹង​បញ្ហា​ហិរញ្ញវត្ថុ ស្បៀងអាហារ និង​ថាមពល។

    នៅ​ចុង​ឆ្នាំនេះ សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន អាច​នឹង​ធ្វើឱ្យ​បាត់បង់​សន្តិសុខ​ស្បៀង បណ្ដាលឱ្យ​មនុស្ស​ជាង ៣២៣ លាន​នាក់​ត្រូវ​រង​ផលប៉ះពាល់ ធៀប​នឹង ៤៧ លាន​នាក់​នាបច្ចុប្បន្ន។ ជនជាតិ​អាហ្វ្រិក​ប្រហែល ៥៨ លាន​នាក់​ទៀត អាច​នឹង​ធ្លាក់​ទៅក្នុង​គ្រោះ​ទុរភិក្ស​ក្នុងឆ្នាំនេះ។

    ស្ថានភាព​អត់ឃ្លាន​ធ្ងន់ធ្ងរ​នៅ មជ្ឈិមបូព៌ា និង អាហ្វ្រិក​ខាងជើង អាច​កើន​ដល់ ២.៨ លាន​នាក់​នៅ​ឆ្នាំ ២០២២ ចំណែក ៥០០ លាន​នាក់​នៅ អាស៊ីអាគ្នេយ៍ ក៏​កំពុងតែ​ប្រឈម​នឹង​ហានិភ័យ​នេះដែរ។

    របាយការណ៍​ខាងលើ​បាន​លើកឡើងថា «ត្រូវតែ​អនុវត្ត​នូវ​កិច្ចប្រឹងប្រែង​ជាក់ស្ដែង​បន្ថែមទៀត​ដើម្បី​ធានាថា​ប្រភព​ផ្គត់​ផ្គង់ស្បៀង និង​ថាមពល បាន​ទៅ​ដល់ដៃ​អ្នក​ដែល​ងាយ​រង​ផលប៉ះពាល់​បំផុត»៕

  • ខេត្ត​មួយ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ុយ​ក្រែ​ន ចង់​ធ្វើ​ប្រជាមតិ​ស្ដីពី​ការបង្រួបបង្រួម​ទៅក្នុង​ទឹកដី​រុស្ស៊ី

    ខេត្ត​មួយ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ុយ​ក្រែ​ន ចង់​ធ្វើ​ប្រជាមតិ​ស្ដីពី​ការបង្រួបបង្រួម​ទៅក្នុង​ទឹកដី​រុស្ស៊ី

    អាជ្ញាធរ​ដែល​គាំទ្រ​ដោយ ទីក្រុង​មូ​ស្គូ នៅ​ខេត្ត Zaporizhzhia ប្រកាស​អំពី​គម្រោង​ធ្វើ​ប្រជាមតិ​ស្ដីពី​ការច្របាច់បញ្ចូល​ខេត្ត​នេះ​ទៅក្នុង សហព័ន្ធរុស្ស៊ី នៅ​ឆ្នាំនេះ។

    «ប្រជាជន​នឹង​សម្រេច​លើ​អនាគត​របស់​ខេត្ត Zaporizhzhia។ ការធ្វើប្រជាមតិ​ស្ដីពី​ការបង្រួបបង្រួម​ជាមួយ រុស្ស៊ី នឹង​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ឆ្នាំនេះ» Vladimir Rogov ដែលជា​មន្ត្រី​ម្នាក់​ត្រូវបាន រុស្ស៊ី គាំទ្រ នៅ​ខេត្ត Zaporizhzhia ភាគ​អាគ្នេយ៍​នៃ ប្រទេស​អ៊ុយ​ក្រែ​ន បាន​និយាយ​ដូច្នេះ​កាលពី​ថ្ងៃទី ៨ មិថុនា។

    លោក Rogov អះអាងថា លទ្ធផល​នៃ​ការធ្វើប្រជាមតិ​នឹងមាន​សុពលភាព​បើសិន​ប្រជាជន​ជាង ៥០% បោះឆ្នោត ដោយ​សង្កត់ធ្ងន់ថា នេះ​គឺជា​ឱកាស​ដើម្បី​លុបបំបាត់​ការកំណត់​ដែល អ៊ុយ​ក្រែ​ន បាន​អនុវត្ត​ក្នុងអំឡុង​ច្រើន​ឆ្នាំ​កន្លងទៅ។

    រុស្ស៊ី មិនទាន់មាន​ការអធិប្បាយ​អ្វី​អំពី​ព័ត៌មាន​ខាងលើ ក្នុង​គ្រា​ដែល​មន្ត្រី​របស់ អ៊ុយ​ក្រែ​ន មួយរូប បាន​ទាត់ចោល​គម្រោង​ធ្វើ​ប្រជាមតិ និង​អះអាងថា ប្រជាជន​នៅ​មូលដ្ឋាន​នឹងមិន​បោះឆ្នោត​ស្ដីពី​បញ្ហា​ច្របាច់​បញ្ចូល​ទៅក្នុង ប្រទេស​រុស្ស៊ី ឡើយ។

    កងទ័ព​រុស្ស៊ី ដណ្ដើមបាន ២/៣ នៃ​ទឹកដី​របស់​ខេត្ត Zaporizhzhia ដែលមាន​ប្រជាជន​ប្រហែល ១.៦ លាន​នាក់​កំពុង​រស់នៅ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ធំជាងគេ​មួយ​នៅក្នុង​តំបន់​ភាគ​អាគ្នេយ៍​របស់ អ៊ុយ​ក្រែ​ន។ ការដណ្ដើម​បាន​តំបន់​នេះ អនុញ្ញាតឱ្យ រុស្ស៊ី ឆ្ពោះទៅកាន់​ភាគ​កណ្ដាលរ​បស់ អ៊ុយ​ក្រែ​ន។

  • រថភ្លើង​ធ្លាក់​ចេញពី​ផ្លូវដែក សម្លាប់​មនុស្ស ១៧ នាក់ និង​រាប់សិប​នាក់​ទៀត​រង​របួស

    រថភ្លើង​ធ្លាក់​ចេញពី​ផ្លូវដែក សម្លាប់​មនុស្ស ១៧ នាក់ និង​រាប់សិប​នាក់​ទៀត​រង​របួស

    (អ៊ីរ៉ង់)-រថភ្លើង​មួយ​ខ្សែ​បាន​ធ្លាក់​ចេញពី​ផ្លូវដែក និង​ជ្រុល​ទៅបុក​ត្រាក់ទ័រ​មួយគ្រឿង​ដែល​នៅក្បែរនោះ បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច ១៧ នាក់ និង​រាប់សិប​នាក់​រងរបួស។

    រថភ្លើង​ដឹក​អ្នកដំណើរ ៣៤៨ នាក់ ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ព្រឹក​ថ្ងៃទី ៨ មិថុនា នៅពេល​កំពុងធ្វើដំណើរ​ពី​ទីក្រុង Mashhad ភាគ​ខាងជើង​នៃ ប្រទេស​អ៊ីរ៉ង់ ទៅកាន់​ទីក្រុង Yazd ដែល​នៅ​ភាគ​កណ្ដាល​ប្រទេស​នេះ។

    អ្នកនាំពាក្យ​អង្គភាព​សង្គ្រោះបន្ទាន់ Mojtaba Khaledi បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ ថា «មនុស្ស ១៧ នាក់​បាន​ស្លាប់ និង ៣៧ នាក់​ក្នុងចំណោម​អ្នករងរបួស ៨៦ នាក់ ត្រូវ​ចូល​ពេទ្យ។ ចំនួន​អ្នកស្លាប់​អាច​កើនឡើង ដោយសារតែ​អ្នករងរបួស​ធ្ងន់ធ្ងរ​មាន​ចំនួន​ច្រើន»។

    Khaledi ឱ្យដឹងថា រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន ២៤ គ្រឿង និង​ឧទ្ធម្ភាគចក្រ​ចំនួន ៣ គ្រឿង ត្រូវបាន​បញ្ជូន​មកកាន់​កន្លែងកើតហេតុ។

    អ៊ីរ៉ង់ កាលពី​ឆ្នាំ ២០១៦ ក៏មាន​ករណី​គ្រោះថ្នាក់​រថភ្លើង​មួយ​កើតឡើង បន្ទាប់ពី​រថភ្លើង ២ ខ្សែ បាន​បុក​គ្នា និង​ឆាបឆេះ​នៅ​ភាគ​ខាងជើង​ប្រទេស បណ្ដាលឱ្យ​មនុស្ស ៤៤ នាក់​ត្រូវ​បាត់បង់​ជីវិត និង​រាប់សិប​នាក់​រងរបួស ។ មេដឹកនាំ​ស្ថាប័ន​គ្រប់គ្រង​ផ្លូវដែក​របស់ អ៊ីរ៉ង់ ពេល​នោះបាន​លាលែង​ពី​តំណែង បន្ទាប់ពី​បុគ្គលិក ៤ នាក់​របស់លោក​ត្រូវបាន​ចាប់ខ្លួន។

  • ខាង​អគ្គិសនី​ធ្វើ​កូដកម្ម ស្រីលង្កា អាច​ធ្លាក់​ទៅក្នុង​ស្ថានភាព​ដាច់​ភ្លើង​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃនេះ

    ខាង​អគ្គិសនី​ធ្វើ​កូដកម្ម ស្រីលង្កា អាច​ធ្លាក់​ទៅក្នុង​ស្ថានភាព​ដាច់​ភ្លើង​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃនេះ

    បញ្ហា​ដាច់​ភ្លើង​ទូទាំងប្រទេស​នឹងធ្វើ​ឱ្យ​ស្ថានការណ៍​នៅ ស្រីលង្កា កាន់តែ​ស្មុគស្មាញ ក្នុង​គ្រា​ដែល​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​ក្នុងអំឡុង​ច្រើន​ទសវត្សរ៍​កន្លងមកនេះ​មិនទាន់មាន​ច្រកចេញ។

    ប្រទេស​ស្រីលង្កា អាច​ធ្លាក់​ទៅក្នុង​ស្ថានភាព​គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ទូទាំងប្រទេស​ចាប់ពី​ព្រឹក​ថ្ងៃទី ៩ មិថុនា ដោយសារតែ​សហជីព​ក្នុង​វិស័យ​អគ្គិសនី​របស់​ប្រទេស​នេះ ប្រកាស​ធ្វើ​កូដកម្ម​ដើម្បី​ប្រឆាំងនឹង​ច្បាប់​ថ្មី​របស់​រដ្ឋាភិបាល។

    សហជីព​អគ្គិសនី​ស្រីលង្កា បានឱ្យដឹងថា កូដកម្ម​នេះ​នឹងមិន​មានកំណត់​ពេល​ឡើយ។ បញ្ហា​ដាច់​ភ្លើង​ទូទាំងប្រទេស​នឹង​នាំឱ្យ​ស្ថានការណ៍​នៅ​ប្រទេស​កោះ​មួយ​នេះ​កាន់​ដុនដាប​ថែម​មួយកម្រិត​ទៀត ខណៈដែល​រដ្ឋាភិបាល​មិនទាន់​រកឃើញ​ដំណោះស្រាយ​សមស្រប។

    យោងតាម​សហជីព​អគ្គិសនី​ស្រីលង្កា វិស្វករ​ប្រហែល ៩០០ នាក់ ក្នុងចំណោម ១,១០០ នាក់ របស់​ក្រុមហ៊ុន​អគ្គិសនី Ceylon ដែលជា​ស្ថាន​ប័ន​របស់​រដ្ឋ និង​ជា​អ្នក​ផលិត​អគ្គិសនី​ធំជាងគេ​នៅ ស្រីលង្កា បាន​ចុះឈ្មោះ​មិន​មក​ធ្វើការ​ក្នុង​ថ្ងៃទី ៩ មិថុនា។ ក្រុម​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​ផ្នែក​ផលិត បញ្ជូន​ថាមពល និង​បែងចែក​អគ្គិសនី នឹង​ចាក​ចេញពី​កន្លែងធ្វើការ​នៅ​ពាក់​កណ្ដាលយប់។

    ស្រីលង្កា កំពុងតែ​ឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​រាប់​ចាប់តាំងពី​ដណ្ដើមបាន​ឯករាជ្យ​កាលពី​ឆ្នាំ ១៩៤៨។ ប្រជាជន ២២ លាន​នាក់​របស់​ប្រទេស​នេះ​កំពុងតែ​ជួប​ការលំបាក​ខ្លាំង​ទាក់ទង​នឹង​បញ្ហា​ខ្វះ​ឧស្ម័ន ស្បៀងអាហារ ឱសថ និង​ទំនិញ​ចាំបាច់​ជាច្រើន​ផ្សេងទៀត។

    បញ្ហា​ដាច់​ភ្លើង​បានកើត​ឡើងជា​ញឹកញាប់​នៅ ស្រីលង្កា គិត​ចាប់ពី​ដើមឆ្នាំ​នេះ ព្រោះតែ​ខ្វះ​រូបិយប័ណ្ណ​អន្តរជាតិ​ដើម្បី​នាំចូល​ឧស្ម័ន​បម្រើ​ដល់​ការផលិត​អគ្គិសនី។

    បច្ចុប្បន្ន ស្ថានការណ៍​ដាច់​ភ្លើង​បាន​ប្រសើរឡើង​បន្តិច​ហើយដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ច្រើន ជួយ​ឱ្យ​បណ្ដា​រោងចក្រ​វា​រី​អគ្គិសនី​ដំណើរការបាន​រលូន​ជាង​មុន។ ក៏ប៉ុន្តែ បើសិន​កូដកម្ម​ក្នុង​វិស័យ​អគ្គិសនី​មិនត្រូវ​បាន​ដោះស្រាយ ស្រីលង្កា អាច​នឹង​ធ្លាក់​ទៅក្នុង​បញ្ហា​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ​យូរអង្វែង​ជាថ្មី៕

  • សិង្ហ​បុរី រឹតបន្តឹង​សន្តិសុខ​ដើម្បី​ត្រៀម​ការពារ​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី ឆ្នាំ​ ២០២២ ដែល​នឹង​មាន​ប្រតិភូ​ជាង​ ៥០០ ក្រុម​ចូល​រួម​

    សិង្ហ​បុរី រឹតបន្តឹង​សន្តិសុខ​ដើម្បី​ត្រៀម​ការពារ​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី ឆ្នាំ​ ២០២២ ដែល​នឹង​មាន​ប្រតិភូ​ជាង​ ៥០០ ក្រុម​ចូល​រួម​

    រដ្ឋាភិបាល​សិង្ហ​បុរី ថ្មី ៗនេះ​បានឱ្យដឹងថា នឹង​បង្កើន​ការ​រឹតបន្តឹង​សន្តិសុខ​ដើម្បី​ធានា​ចរាចរណ៍​ឱ្យបាន​រលូន ក៏ដូចជា​ការពារ​សន្តិ​សុខ សុវត្ថិភាព​ជូន​ដល់​ក្រុម​ប្រតិភូ​នានា​ដែល​នឹងចូលរួម ព្រឹត្តិការណ៍​សន្ទនា IISS Shangri-La ២០២២។

    ក្រសួងការពារជាតិ​សិង្ហ​បុរី អះអាងថា នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មការ​រៀប​ចំ និង​ដៃគូ​សហការ​នានា​ដើម្បី​រៀបចំ​វិធាន​ការធានា​សន្តិសុខ​ខ្ពស់បំផុត និង​ធ្វើការ​កែសម្រួល​ស្ថានការណ៍​នានា​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រតិភូ​ដែល​ចូលរួម​ព្រឹត្តិការណ៍​នេះ។

    ទាហាន​រាប់ពាន់នាក់​របស់ សិង្ហ​បុរី ក៏ត្រូវ​បានដាក់​ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ។ ទន្ទឹមនឹងនេះ សមត្ថកិច្ច​ក៏​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ដំឡើង​កាមេរ៉ា នៅ​ជុំវិញ​សណ្ឋាគារ IISS Shangri-La ២០២២ សម្រាប់​តាមដាន​រាល់​សភាពការណ៍​ដើម្បី​អាច​រកឃើញ និង​ទប់​ទល់នឹង​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព​នៃ​ព្រឹត្តិការណ៍​នេះ។

    ប្រជាជន​សិង្ហ​បុរី ត្រូវបាន​ស្នើឱ្យ​ចៀស​ពី​បណ្ដា​ដងផ្លូវ​ដែល​នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​ព្រឹត្តិការណ៍​ចាប់ពី​ថ្ងៃទី ១០ ដល់ ១២ មិថុនា ហើយ​ត្រូវគោរព​តាម​ការណែនាំ​របស់​ប៉ូលិស​នៅពេល​ចូលរួម​ធ្វើដំណើរ​តាម​ដងផ្លូវ​ក្បែរ​តំបន់​សណ្ឋាគារ Shangri-La។

    ព្រឹត្តិការណ៍​សន្ទនា IISS Shangri-La លើក​ទី ១៩ ឆ្នាំ ២០២២ ត្រូវបាន​រៀបចំ​ឡើងវិញ​បន្ទាប់ពី​ត្រូវ​ផ្អាក​ពីរ​ឆ្នាំ​ដោយសារ​កូ​វីដ-១៩។ ឆ្នាំនេះ Shangri-La គ្រោង​នឹង​ទទួល​ប្រតិភូ​ជាង ៥០០ ក្រុម មកពី​ប្រទេស និង​ដែនដី​ជិត ៥០ ក្នុង​ពិភពលោក។

    ព្រឹត្តិការណ៍​សន្ទនា IISS Shangri-La គឺជា​វេទិកា​លំដាប់​កំពូល​ដែល​ពិភាក្សាគ្នា​អំពី​បញ្ហា​សន្តិសុខ និង​ការពារជាតិ​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក។ នាយករដ្ឋមន្ត្រី​ជប៉ុន នឹង​ធ្វើជា​វាគ្មិន​សំខាន់ ថ្លែង​សន្ទរកថាគន្លឹះៗនៅក្នុង​ថ្ងៃ​បើក​កិច្ចសន្ទនា។ ក្រៅពីនេះ រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក និង ចិន ក៏បាន​បញ្ជាក់ថា នឹងចូលរួម​កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី​ នេះ​។

    ចំណែក​ កម្ពុជា វិញ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក៏​នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ ​ចូលរួម​កិច្ចសន្ទនា Shangri-La លើក​ទី ១៩ នេះផងដែរ៕

  • វីដេអូ​៖ «យន្តហោះ​ចម្បាំង​​អាម៉េរិក​-​កូរ៉េ​ខាង​ត្បូង​ បង្ហាញ​​អំណាច»​ ដើម្បី​​ឆ្លើយ​តប​​ការ​សាក​ល្បង​​មី​ស៊ី​ល​​របស់​ កូរ៉េ​ខាង​ជើង

    វីដេអូ​៖ «យន្តហោះ​ចម្បាំង​​អាម៉េរិក​-​កូរ៉េ​ខាង​ត្បូង​ បង្ហាញ​​អំណាច»​ ដើម្បី​​ឆ្លើយ​តប​​ការ​សាក​ល្បង​​មី​ស៊ី​ល​​របស់​ កូរ៉េ​ខាង​ជើង

    កងទ័ព​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី ៧ មិថុនា បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញ​ពី​ក្រុម​យន្តហោះ​ចម្បាំង​របស់​ប្រទេស​នេះ និង សហរដ្ឋ​អាម៉េរិក ហោះហើរ​រួមគ្នា ដើម្បី​បង្ហាញ​កម្លាំង​នៅលើ​អាកាស ២ ថ្ងៃ​បន្ទាប់ពី កូរ៉េខាងជើង សាកល្បង​អាវុធ។

    សកម្មភាព​ហោះហើរ​ជា​ក្រុម​របស់​បណ្ដា​យន្តហោះ​ចម្បាំង​របស់ កូរ៉េខាងត្បូង-អាម៉េរិក នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​បាញ់​សាកល្បង​មី​ស៊ី​ល​ចំនួន ៨ គ្រាប់​របស់ ទីក្រុង​ព្យុងយ៉ាង។ ក្នុងចំណោម​យន្តហោះ​ចម្បាំង​ទាំង ២០ គ្រឿង របស់ កូរ៉េខាងត្បូង និង សហរដ្ឋ​អាម៉េរិក ខាងលើនេះ ក៏មាន​ការចូលរួមរ​បស់​យន្តហោះ​ចម្បាំង​បំបាំងកាយ F-៣៥A ផងដែរ។

    ការ​ហោះ​ហើរ​របស់​ក្រុម​យន្តហោះ​ខាងលើ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គ្រាដែល​អនុរដ្ឋមន្ត្រី​ការ​បរទេស​អាម៉េរិក Wendy Sherman កំពុង​ធ្វើ​ទស្សនកិច្ច​នៅ កូរ៉េខាង​ត្បូង​។ មន្ត្រី​រូប​នេះ​​​អះអាង​ថា នឹង​មាន​ប្រតិកម្ម​ខ្លាំង​ក្លា​ និង​ច្បាស់​លាស់ បើ​សិន​ កូរ៉េខាង​ជើង​ សាកល្បង​អាវុធ​នុយក្លេអែរ​។

  • ប្រធានាធិបតី​អ៊ុយ​ក្រែ​ន រិះគន់យ៉ាង​ធ្ងន់​លើ​ ប្រធានាធិបតី​បារាំង ជុំវិញ​រឿង​បញ្ចប់សង្គ្រាម​

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន រិះគន់យ៉ាង​ធ្ងន់​លើ​ ប្រធានាធិបតី​បារាំង ជុំវិញ​រឿង​បញ្ចប់សង្គ្រាម​

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បាន​រិះគន់​យ៉ាង​ធ្ងន់​ទៅលើ លោក ម៉ា​ក្រុង បន្ទាប់ពី​ប្រធានាធិបតី​បារាំង រូបនេះ និយាយថា «មិនត្រូវ​បំបាក់មុខ រុស្ស៊ី»។

    «ដើម្បី​ក្លាយជា​មេដឹកនាំ អ្នក​មិនចាំបាច់​ចាត់ទុក​ខ្លួនឯង​ជា​មេដឹកនាំ ប៉ុន្តែ​ចូរ​ប្រព្រឹត្ត​ឱ្យ​ដូច​ទៅនឹង​មេដឹកនាំ​ម្នាក់» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាស​មួយ​ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃទី ៧ មិថុនា។ លោក​បន្តថា «ធ្វើយ៉ាងណា​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅលើ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ដោយ​មិន​ត្រូវការ​ស្ដាប់​គោលជំហរ​របស់​យើងខ្ញុំ របស់​មេដឹកនាំ​ប្រទេស​នេះ? ការណ៍​នេះ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់»។

    មតិ​របស់​ខាងលើ​ត្រូវ​បានលើកឡើង​បន្ទាប់ពី ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង កាលពី​ថ្ងៃទី ៤ មិថុនា បាន​អំពាវនាវ​កុំឱ្យ «បំបាក់មុខ រុស្ស៊ី» នៅពេល​វាយតម្លៃ​ស្ថានការណ៍​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    «យើង​មិនត្រូវ​បំបាក់មុខ រុស្ស៊ី ទុក​ដល់ពេល​សង្គ្រាម​ឈប់​ទ្រឹង​មកវិញ យើង​អាច​កសាង​ច្រកចេញ​តាមរយៈ​វិធានការ​ការទូត។ ខ្ញុំ​ជឿថា បារាំង ដើរតួនាទី​ជា​មហាអំណាច​សម្រុះសម្រួល។ យើង​មិន​មិន​បំបាក់មុខ​អ្នកណា​ទាំងអស់។ យើង​នឹង​ឆ្លើយតប​ឱ្យបាន​សមស្រប» លោក ម៉ា​ក្រុង អះអាង​ដូច្នេះ។

    លោក ហ្សេ​ឡែ​ន​ស្គី ឱ្យដឹងថា លោក​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ចូលរួម​កិច្ចចរចា​ជាមួយ រុស្ស៊ី ប៉ុន្តែ មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ពិភាក្សា​អំពី​ការបញ្ចប់​សង្គ្រាម​បាន គឺ​លោក ពូ​ទីន។