Category: សុខភាព

  • មិន​ចប់ងាយៗទេ!  ឥណ្ឌា​រកឃើញ​កូ​វីដ​ប្រភេទ​ថ្មី ក្លាយ​ពូជ 2ជាន់ ខណៈ​ចំនួន​អ្នកស្លាប់ និង​ឆ្លង​មេរោគ​ប្រចាំថ្ងៃ នៅតែ​ខ្ពស់​ក្នុងឆ្នាំនេះ

    មិន​ចប់ងាយៗទេ!  ឥណ្ឌា​រកឃើញ​កូ​វីដ​ប្រភេទ​ថ្មី ក្លាយ​ពូជ 2ជាន់ ខណៈ​ចំនួន​អ្នកស្លាប់ និង​ឆ្លង​មេរោគ​ប្រចាំថ្ងៃ នៅតែ​ខ្ពស់​ក្នុងឆ្នាំនេះ

    ប្រទេស​ឥណ្ឌា បាន​រាយការណ៍​អំពី​ការរកឃើញ មេរោគ​ក្លាយ​ពូជ​ថ្មី 1ទៀត​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​ក្លាយ​ពូជ 2ជាន់(Double mutant) កាលពី​ថ្ងៃ​ពុធ ទី24 មីនា ក្នុងខណៈដែល​ប្រទេសមួយ​នេះ ត្រូវ​ប្រឈម​នឹង​ចំនួន​អ្នក​ឆ្លង​មេរោគ និង​ស្លាប់​ប្រចាំថ្ងៃ ច្រើន​បំផុត ចាប់តាំងពី​ឈានចូល​ឆ្នាំ2021 មក។

    មេរោគ​ក្លាយ​ពូជ ដែល​ក្រុម​អ្នកជំនាញ​ហៅថា “ក្លាយ​ពូជ 2ជាន់ ឬ Double mutant” នេះ ត្រូវបាន​រកឃើញ​នៅក្នុង​សំណាក ច្រើនជាង 200សំណាក​នៅក្នុង​រដ្ឋ​មហារាស្ត្រៈ រដ្ឋ​ភាគ​ខាងលិច ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វីដ-19 យ៉ាងធ្ងន់ធ្ងរ និង​ជាទី​តាំងរបស់​មុម​បៃ ទីក្រុង​ចម្បង​ខាង​ហិរញ្ញវត្ថុ របស់​ប្រទេស​ឥណ្ឌា។

    យ៉ាងណាក្ដី បណ្ដា​ក្រុមមន្ត្រី​សុខភាព​សាធារណៈ បាន​បញ្ជាក់ថា មេរោគ​ក្លាយ​ពូជ​ថ្មី​នេះ នៅ​មិនទាន់​ត្រូវបាន​ពិនិត្យ​រកឃើញ​ក្នុង​ចំនួន​ច្រើន​គ្រប់គ្រាន់ ដែល​អាច​ថា ជាប់​ទាក់ទិន​នឹង​ចំនួន​អ្នក​ឆ្លង​មេរោគ ដែល​កើនឡើង​យ៉ាងច្រើន​នៅក្នុង​រដ្ឋ​មហារាស្ត្រៈ និង​រដ្ឋផ្សេងៗ ដែល​ក្នុងនោះ​រួមទាំង​រដ្ឋ​ក្រេ​ឡាក់ និង​រដ្ឋ​ប៉ាន់​ចាប​នោះ​នៅឡើយ។

    លោក រ៉ា​ម៉ា​ណាន់ ល័ក​ស្ម៊ី​ណា​រ៉ា​យ៉ាន់ ស្ថាបនិក​មជ្ឈមណ្ឌល​ថាមពល​របស់​ជំងឺ សេដ្ឋកិច្ច និង​នយោបាយ ក្នុង​ទីក្រុង​នី​វ​ដេលី បាន​ថ្លែងថា “ការ​ក្លាយ​ពូជ 2ជាន់ មិនមែនជា​វាក្យ​ស័ព្ទ​ខាង​វិទ្យាសាស្ត្រ​ទេ វា​គ្រាន់តែ​ជា​មេរោគ​ក្លាយ​ពូជ​មួយទៀត ដែល​មើលទៅ​ហាក់ដូចជា​មានតែ​នៅក្នុង​ប្រទេស​ឥណ្ឌា​ប៉ុណ្ណោះ”

    លោក​បាន​ថ្លែង​ទៀតថា “សួរថា តើ​មាន​ហេតុផល ដែល​ត្រូវ​កង្វល់​ពាក់ព័ន្ធ​នឹង​មេរោគ​ក្លាយ​ពូជ​មួយ​នេះ ជាពិសេស​ដែរឬទេ? វា​មិនទាន់​ប្រាកដ​ដែរ ព្រោះ​យើង​រក​មិនឃើញ​ភ័ស្តុតាង​ថា មេរោគ​ក្លាយ​ពូជ​មួយ​នេះ វា​ចម្លង​សាយភាយ​បាន​ងាយ​ជាង ឬ​ធ្ងន់ធ្ងរ​ជាង​វីរុស​ដែល​យើង​កំពុង​ប្រឈម​នោះ​ឬ​យ៉ាងណា​នៅឡើយ”

    បណ្ដា​សំណាក ដែល​ពិនិត្យ​រកឃើញ​មេរោគ​ក្លាយ​ពូជ​កូ​វីដ-19ថ្មី នៅក្នុង​រដ្ឋ​មហារាស្ត្រៈ ក្នុងនោះ​ប្រមាណ​ជា 20% ជា​សំណាក​មកពី​ទីក្រុង​ណាក​ពុ​រៈ មជ្ឈមណ្ឌល​កណ្ដាល​ខាង​ពាណិជ្ជកម្ម និង​ឡូ​ជិ​ស្ទិ​ក។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក ស៊ុ​ជី​ត គូ​ម៉ារ ស៊ី​ង​ហ៍ អគ្គនាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​នៃ​ប្រទេស​ឥណ្ឌា។

    “មេរោគ​ក្លាយ​ពូជ កំពុង​បង្ហាញខ្លួន​ឡើង សន្សឹម” លោក​ស៊ី​ង​ហ៍ បាន​ថ្លែង ព្រមទាំង​បញ្ជាក់ថា សំណាក9 របស់​មេរោគ​ក្លាយ​ពូជ​ប្រភេទ​ថ្មី ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​នី​វ​ដេលី​ដូចគ្នា ខណៈដែល​ទីក្រុង​ចម្បង​មួយ​នេះ បាន​រកឃើញ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-19 កើន​ឡើងជា​បន្តបន្ទាប់ ក្នុងអំឡុង​ច្រើន​សប្ដាហ៍​កន្លងមកនេះ។

    សូម​ជម្រាប​ដែរ​ថា ប្រទេស​ឥណ្ឌា បានអនុម័ត​វ៉ាក់សាំង​រួចហើយ 2ប្រភេទ មាន​វ៉ាក់សាំង​ដែល​អភិវឌ្ឍ​ដោយ​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា និង​មហាវិទ្យាល័យ​អុក​ស្វដ និង 1ប្រភេទ​ទៀត ដែល​អភិវឌ្ឍ​នៅក្នុង​ប្រទេស​ដោយ​ក្រុមហ៊ុន ភា​រ៉ាត់ បៃ​អូ​ថេ​ក ដែលមាន​ប្រសិទ្ធភាព​ប្រឆាំង​មេរោគ​ក្លាយ​ពូជ​កូ​វីដ-19 ដែល​រកឃើញ​ដំបូង​នៅក្នុង​ចក្រភព​អង់គ្លេស និង​ប្រេ​ស៊ី​ល។

    កាលពី​ថ្ងៃ​ពុធ ទី24 មីនា ឥណ្ឌា​បាន​រាយការណ៍​ពី​ការរកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី 47,262នាក់ ក្នុងអំឡុង 24ម៉ោង ជា​ចំនួន​ខ្ពស់បំផុត គិត​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​កន្លងទៅ បណ្ដាលឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​មាន 11.7លាន​នាក់ ខ្ពស់បំផុត ជាប់​លំដាប់​លេខ3 ក្នុង​ពិភពលោក ក្រោម​តែ​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល​ប៉ុណ្ណោះ។

    ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ-19 ក្នុង​ជុំ 24ម៉ោង​កន្លងទៅ ស្ថិតក្នុង​ចំនួន 275នាក់ ខ្ពស់បំផុត​ក្នុង​ជុំ 1ឆ្នាំនេះ បណ្ដាលឱ្យ​ចំនួន​អ្នកស្លាប់​សរុប ស្ថិតក្នុង​ចំនួន 160,441នាក់។

    រដ្ឋ​ជាច្រើន បានចេញ​បទបញ្ជា​ហាម​ប្រមូលផ្ដុំ​ជួបជុំគ្នា មុន​រដូវ​កាល ហូ​លី របស់​ជនជាតិ​ហ៊ិ​ណ្ឌូ ក្នុងអំឡុង​ចុង​សប្ដាហ៍​នេះ ខណៈពេល​ជាមួយគ្នា ខាង​រដ្ឋបាលកណ្ដាល បានប្រកាស​ពង្រីក​គ្រោង​ការចាក់​វ៉ាក់សាំង​ទូទាំងប្រទេស រួមទាំង​មនុស្ស​គ្រប់រូប ដែលមាន​អាយុ 45ឆ្នាំ​ឡើងទៅ ចាប់តាំងពី​ខែមេសា​ទៅ៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
    ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • ក្រសួង​ព័ត៌មាន​ប្រាប់​ឱ្យ​អ្នកធ្វើការ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​បង្ការ Covid-19

    ក្រសួង​ព័ត៌មាន​ប្រាប់​ឱ្យ​អ្នកធ្វើការ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​បង្ការ Covid-19

    អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ បានប្រកាស​ឱ្យ​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ រៀបចំ​ធ្វើបញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ បុគ្គលិក និង​អ្នកសារព័ត៌មាន​របស់​ខ្លួន រួច​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​ព័ត៌មាន។

    បញ្ជី​ឈ្មោះ​ខាងលើ ត្រូវ​ផ្ញើ​ទៅកាន់​អគ្គនាយកដ្ឋាន​ត្រឹម​ថ្ងៃទី 26មីនា 2021 ដើម្បី​អគ្គនាយកដ្ឋាន​បូកសរុប និង​បញ្ជូន​ទៅកាន់​ក្រសួងសុខាភិបាល។ ការ​ស្រង់​ឈ្មោះ​នេះ ត្រូវធ្វើឡើង​ក្នុង​លក្ខខណ្ឌ​ស្ម័គ្រចិត្ត។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ចុះ​ថ្ងៃទី 25មីនា 2021។

    ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីប្រកាស​ខាងក្រោម៖

  • វីរុស​ផ្ដាសាយ​អាច​ទប់ស្កាត់​ការ «copy-​past» ​របស់​វីរុស Covid-19

    វីរុស​ផ្ដាសាយ​អាច​ទប់ស្កាត់​ការ «copy-​past» ​របស់​វីរុស Covid-19

    ក្រុម​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បាន​រកឃើញថា ប្រព័ន្ធ​ភាពស៊ាំ​ដែល​កើតឡើង​បន្ទាប់ពី​បាន​ឆ្លង rhinovirus ដែលជា​វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​ធម្មតា អាចបង្កើត​បានជា​ការ​ការពារ​មួយចំនួន ជួយ​ឱ្យ​រាងកាយ​ប្រឆាំងនឹង​វីរុស Covid-19។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វីរុស (CVR) នៃ​សាកលវិទ្យាល័យ Glasgow (អង់គ្លេស) បាន​រកឃើញថា វីរុស rhinovirus ដែល​បង្ក​ជំងឺ​ផ្ដាសាយ​ធម្មតា មានលទ្ធភាព​ដាស់​ប្រព័ន្ធ​ការពារ​រាងកាយ​ពី​កំណើត ឱ្យមាន​សកម្មភាព ដើម្បី​ទប់ស្កាត់​ដំណើរការ​នៃ​ការ «ថតចម្លង» (បង្កើត​កូនចៅ) របស់ Covid-19 នៅក្នុង​កោសិកា​នៃ​ប្រព័ន្ធ​ដង្ហើម។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ខាងលើ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Journal of Infectious Diseases កាលពី​ថ្ងៃទី 23មីនា 2021។

    ក្នុងការ​ស្រាវជ្រាវ​នេះ អ្នកវិទ្យាសាស្ត្រ​បាន​ចម្លង​វីរុស Covid-19 ទៅកាន់​កោសិកា​នៃ​ប្រព័ន្ធ​ដង្ហើម​របស់​មនុស្ស​នៅក្នុង​បន្ទប់ពិសោធន៍ និង​បង្កើត​បរិស្ថាន​ដូច​ទៅនឹង​កោសិកា​ដែល​ជំងឺឆ្លង​ធម្មតា​បានកើត​មាន។ ក្រោយមក ពួកគេ​វិភាគ​ទៅលើ​ការកកើត​កូនចៅ​របស់ Covid-19 នៅក្នុង​បរិស្ថាន​នេះ ហើយ​វា​ត្រូវបាន​ចែកជា​ពីរ​ករណី​គឺ «មាន» និង «មិនមាន​វីរុស​ផ្ដាសាយ»។

    សាស្ត្រាចារ្យ Pablo Murcia ដែលជា​សមាជិក​ម្នាក់រ​បស់​ក្រុម​ស្រាវជ្រាវ​ខាងលើ បានឱ្យដឹងថា ការពិសោធន៍​បាន​បង្ហាញថា វីរុស rhinovirus នៅក្នុង​រាងកាយ​មនុស្ស ធ្វើឱ្យ​សកម្ម​លើ​ប្រព័ន្ធ​ភាពស៊ាំ​ពី​កំណើត​នៅក្នុង​កោសិកា​ផ្លូវដង្ហើម​របស់​មនុស្ស ហើយ​តាមរយៈ​នេះ ក៏​ទប់ស្កាត់​ការកកើត​កូនចៅ​របស់ Covid-19។

    លោក Pablo Murcia ថ្លែងថា៖ «ប្រការនេះ​មានន័យថា ការឆ្លើយតប​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​ដែល​បង្កើតឡើង​ដោយ​ដំណើរការ​នៃ​ការឆ្លង​វីរុស​ផ្ដាសាយ អាច​ផ្ដល់នូវ​ការការពារ​ច្រើន​កម្រិត​ដើម្បី​ប្រឆាំងនឹង Covid-19 ដោយ​វា​មាន​សក្ដានុពល​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​វីរុស​នេះ និង​កាត់បន្ថយ​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​ដែល Covid-19 អាច​បង្កឡើង»។

    ការវិភាគ​នៅលើ​កុំព្យូទ័រ​របស់​ក្រុម​អ្នកស្រាវជ្រាវ​បានបង្ហាញ​ថា អន្តរ​កម្ម​រវាង​វីរុស​នានា អាចមាន​ឥទ្ធិពល​ទៅលើ​បរិ​មាណនៃ​បណ្ដុំ​របស់​វីរុស ពោលគឺ​ការឆ្លង​វីរុស​ផ្ដាសាយ​មាន​អត្រា​ខ្ពស់​កម្រិតណា តួលេខ​នៃ​ការឆ្លង Covid-9 ក៏​អាច​ថយចុះ​កម្រិត​នោះ។

    របកគំហើញ​នេះ ជួយ​ឱ្យ​ក្រុម​ស្រាវជ្រាវ ស្វែងយល់​អំពី​យន្តការ និង​កម្រិត​នៃ​អន្តរ​កម្ម​របស់​វីរុស​ផ្ដាសាយ ជាមួយនឹង Covid-19 ដែលនាំឱ្យ​មានការ​អភិវឌ្ឍ​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​Covid-19 នៅក្នុង​កម្រិត​ម៉ូ​លិ​គុល។ «ប៉ុន្តែ ការចាក់​វ៉ាក់សាំង អាច​នៅតែ​ជា​វិធីសាស្ត្រ​ល្អ​បំផុត​ដើម្បី​ការពារ​រាងកាយ​ពី​វីរុស» អ្នកវិទ្យាសាស្ត្រ Pablo Murcia បញ្ជាក់បន្ថែម៕

    ប្រភព៖ Oxford Academic
    ប្រែ​សម្រួល៖ បុត្រា

  • អ្នកជំងឺ​Covid-19 ចំនួន 2នាក់​ទៀត បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី 25មីនា នៅ​មន្ទីរ​ពេទ្យរុស្ស៊ី

    អ្នកជំងឺ​Covid-19 ចំនួន 2នាក់​ទៀត បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី 25មីនា នៅ​មន្ទីរ​ពេទ្យរុស្ស៊ី

    ក្រសួងសុខាភិបាល តាមរយៈ​ទំព័រ​បណ្ដាញ​សង្គម បានឱ្យដឹងថា នា​ព្រឹក​ថ្ងៃទី 25 ខែមីនា ឆ្នាំ2021 នេះ មាន​ករណី​អ្នកជំងឺ​Covid-19 ចំនួន 2នាក់​ទៀត បាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត (មន្ទីរពេទ្យ​រុស្ស៊ី) នាទី​ក្រុងភ្នំពេញ។

    អ្នកជំងឺ​ដែល​បាន​ស្លាប់​ខាងលើ រួមមាន៖ ម្នាក់​ជា​បុរស​ជនជាតិខ្មែរ អាយុ 38ឆ្នាំ មាន​ទីលំនៅ​នៅក្នុង​ភូមិ​សាមគ្គី សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំ​ពេ​ញ្ និង​ម្នាក់ទៀត​ជា​បុរស​ជនជាតិ​ចិន អាយុ 43ឆ្នាំ ស្នាក់​នៅក្នុង​សណ្ឋាគារ​យ៉ុង​យ័ន ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។

    ដូច្នេះ គិត​មកដល់​បច្ចុប្បន្ន (25មីនា 2021) តួលេខ​អ្នកជំងឺ​Covid-19 ដែល​បាន​បាត់បង់​ជីវិត​នៅ​កម្ពុជា បាន​កើន​ឡើងដល់ 7នាក់​ហើយ។ ព័ត៌មាន​បន្ថែម សូម​បន្ត​អាន​សេចក្ដីប្រកាស​របស់​ក្រសួងសុខាភិបាល ដែលមាន​ដូចខាងក្រោម៖

    ប្រភព​៖ ក្រសួង​សុខាភិបាល​
    ដកស្រង់ដោយ​៖ បុត្រា

  • កម្ពុជា​រកឃើញ​អ្នក​ឆ្លង​Covid-19 ថ្មី 55នាក់​ទៀត ខណៈ​ពិភពលោក​រកឃើញ 8,593ករណី

    កម្ពុជា​រកឃើញ​អ្នក​ឆ្លង​Covid-19 ថ្មី 55នាក់​ទៀត ខណៈ​ពិភពលោក​រកឃើញ 8,593ករណី

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី 25មីនា​នេះ បានឱ្យដឹងថា មនុស្ស​ចំនួន 55នាក់​ទៀត ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី 24មីនា​ថា មាន​ផ្ទុក​វីរុស​Covid-19។

    អ្នកជំងឺ​ថ្មី​ទាំង 55នាក់​ខាងលើ សុទ្ធតែជា​ករណី​ពាក់ព័ន្ធ​នឹង «ព្រឹត្តិការណ៍20កុម្ភៈ»។ ក្នុង​ថ្ងៃទី 24មីនា 2021 កន្លងទៅ ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 25នាក់ បានជា​សះស្បើយ។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជ​មាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 1,872នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 5នាក់, ជាសះស្បើយ 1,056នាក់ និង​កំពុង​ព្យាបាល​ចំនួន 809នាក់។

    នៅ​ទូទាំង​ពិភពលោក តួលេខ​អ្នក​វិជ្ជមាន​នឹង​Covid-19 សរុប​បាន​កើន​ដល់ 125,424,480នាក់ ក្នុងនោះ​មាន 101,288,273នាក់​បានជា​សះស្បើយ, 2,756,662នាក់​បាន​ស្លាប់ និង21,379,545នាក់​កំពុង​ព្យាបាល។ ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 24មីនា ពិភពលោក​ទាំងមូល​ក៏បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន 8,593នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 595នាក់​ផងដែរ៕

    ប្រភព​៖ ក្រសួងសុខាភិបាល
    ដកស្រង់​ដោយ​៖ បុត្រា

  • ប្រទេស​ចិន​ចែក​ប័ណ្ណ​ទិញ​ទំនិញ​ដល់​អ្នក​បាន​ចាក់​វ៉ាក់សាំង Covid-19

    ប្រទេស​ចិន​ចែក​ប័ណ្ណ​ទិញ​ទំនិញ​ដល់​អ្នក​បាន​ចាក់​វ៉ាក់សាំង Covid-19

    ខណ្ឌ Daxing នៃ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ដែលមាន​ប្រជាជន​សរុប​ចំនួន 1.8លាន​នាក់ បានផ្ដល់​ប័ណ្ណ​ទិញ​ទំនិញ​ដល់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ចាប់ពី​ថ្ងៃទី 24មីនា 2021។

    «ប័ណ្ណ​ទិញ​ទំនិញ​ដែលមាន​តម្លៃ​ចាប់ពី 8 ដល់ 30យុន (1.23-4.6ដុល្លារ​អាមេរិក) ក្នុង​មួយ​សន្លឹក ត្រូវបាន​បែង​ចែក​ទៅតាម​លក្ខខណ្ឌ​មួយចំនួន និង​អាច​ប្រើប្រាស់​នៅក្នុង​ផ្សារ​ទំនើប​នានា​ក្នុង​ខណ្ឌ» នេះ​បើតាម​​​ក្រុម​មន្ត្រី​​នៅ​ខណ្ឌ Daxing។ សារព័ត៌មាន Beijing Daily បាន​រាយការណ៍​ថា ប័ណ្ណ​ទិញ​ទំនិញ​ទាំងនេះ​មានតម្លៃ​សរុប​ជាង 200លាន​យុន (30.7លាន​ដុល្លារ​អាមេរិក)។

    ក៏ប៉ុន្តែ មនុស្ស​មួយចំនួន​បាន​សំដែង​ការព្រួយបារម្ភ​អំពី​កម្មវិធី​ផ្ដល់​ប័ណ្ណ​ទិញ​ទំនិញ​ខាងលើ។ អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម Weibo ថា៖ «ការលើកទឹកចិត្ត​តាម​វិធី​នេះ​ដើម្បីឱ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង នឹង​ធ្វើឱ្យ​ការជឿជាក់​ទៅលើ​វ៉ាក់សាំង​មានការ​ថយចុះ»។

    ពលរដ្ឋ​ជាង 73% ដែលមាន​អាយុ​ចាប់ពី 18ឆ្នាំ​ឡើងទៅ នៅក្នុង​ខណ្ឌ Daxing បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19​ យ៉ាងតិច​មួយ​ម្ជុល នេះ​បើតាម Beijing Daily។ វ៉ាក់សាំង​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ច្រើនជាងគេ​នៅ​ប្រទេស​ចិន នោះ​គឺ BBIBP-CorV របស់ Sinopharm និង CoronaVac របស់ Sinovac ដែល​ទាំងនេះ​សុទ្ធតែ​ត្រូវបាន​អភិវឌ្ឍ​នៅក្នុង​ស្រុក និង​ត្រូវ​ចាក់​ជា​ពីរ​ម្ជុល។

    មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​ប្រទេស​ចិន បានកំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ឱ្យបាន 40%​ នៃ​ចំនួន​ប្រជាជន​សរុប ពោលគឺ​ប្រហាក់ប្រហែល​នឹង 560លាន​នាក់ នៅក្នុង​ខែមិថុនា។ ប៉ុន្តែ គិត​មកដល់​ត្រឹម​ថ្ងៃទី 8មីនា ប្រទេស​នេះ​ចាក់​បានតែ 65លាន​នាក់​ប៉ុណ្ណោះ។

    ចិន​ត្រូវបាន​វាយតម្លៃថា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​គ្រប់គ្រង Covid-19 បានល្អ ដោយមាន​អត្រា​នៃ​ការស្លាប់​ទាប ព្រោះតែ​វិធានការ​តឹងរ៉ឹង និង​ការផលិត​វ៉ាក់សាំង​ផ្ទាល់ខ្លួន។ បច្ចុប្បន្ន ប្រទេស​ចិន​មាន​សមត្ថ​ភាព​ផលិត​វ៉ាក់សាំង​បង្ការ Covid-19 បាន 5លាន​ដូ​ស/ថ្ងៃ កើនឡើង​ច្រើនជាង 3ដង បើ​ធៀប​នឹង 1.5លាន​ដូ​ស​/​ថ្ងៃ កាលពីដើម​ខែកុម្ភៈ៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • ​វ៉ាក់សាំង​បង្ការ​ Covid-19 ប្រភេទ​ហិត​តាមផ្លូវ​ដង្ហើម ត្រូវ​បាន​ចិន​អនុម័ត​ឱ្យ​ប្រើ​សាក​ល្បង​

    ​វ៉ាក់សាំង​បង្ការ​ Covid-19 ប្រភេទ​ហិត​តាមផ្លូវ​ដង្ហើម ត្រូវ​បាន​ចិន​អនុម័ត​ឱ្យ​ប្រើ​សាក​ល្បង​

    នាយកដ្ឋាន​គ្រប់គ្រង​ឱសថ​របស់​ចិន បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន CanSino Biologics ប្រើប្រាស់​សាកល្បង​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ប្រភេទ​ហិត ជំនួស​ឱ្យ​ការចាក់​ដូច​ធម្មតា។

    នៅក្នុង​ឯកសារ​ដែល​ត្រូវបាន​ប្រកាស​នៅលើ​ផ្សារ​ហ៊ុន​ហុងកុង កាលពី​ថ្ងៃទី 23មីនា ក្រុមហ៊ុន CanSino បានឱ្យដឹងថា ពួកគេ​បានទទួល​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​សាកល្បង​វ៉ាក់សាំង​ប្រភេទ​ហិត​ដែល​ក្រុមហ៊ុន​បាន​សហការ​អភិវឌ្ឍ​ជាមួយនឹង​វិទ្យាស្ថាន​បច្ចេកវិទ្យា​ជីវសាស្ត្រ​ប៉េកាំង។

    CanSino មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​វ៉ាក់សាំង​បង្ការ Covid-19 ប្រភេទ​ហិត​នេះ​ទេ ប៉ុន្តែ បាន​ព្រមាន​ថា សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ នឹង «ត្រូវបាន​ទទួលស្គាល់» ក្រោយពី​ការប្រើប្រាស់​សាកល្បង​ជា​ផ្លូវការ​តែប៉ុណ្ណោះ។

    វ៉ាក់សាំង​បង្ការ Covid-19 មួយ​ប្រភេទ​របស់​ CanSino

    ដំណឹង​ខាងលើនេះ​បាន​លេចឡើង​បន្ទាប់ពី​នាយកដ្ឋាន​គ្រប់គ្រង​ផលិតផល​សុខាភិបាល​ជាតិចិន បានអនុម័ត​ឱ្យប្រើ​ប្រាស់​មាន​លក្ខខណ្ឌ​ចំពោះ​វ៉ាក់សាំង​មួយ​ប្រភេទ​ផ្សេងទៀត​របស់ CanSino កាលពី​ខែ​មុន។ ប្រទេស​ចិន បច្ចុប្បន្ន​មាន​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 5ប្រភេទ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ដោយមាន​លក្ខខណ្ឌ ឬ​ក្នុងស្ថានភាព​បន្ទាន់ ប៉ុន្តែ​ពុំមាន​ប្រភេទ​ណាមួយ​ដែល​ប្រើប្រាស់​តាមផ្លូវ​ដង្ហើម​នោះឡើយ។

    គិត​មកដល់​ថ្ងៃទី 20មីនា ប្រទេស​ចិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 74.96លាន​ដូ​ស​រួចហើយ នេះ​បើតាម Our World in Data ជា​អង្គការ​ផ្គត់ផ្គង់​ទិន្នន័យ​សហការ​រវាង​សាកលវិទ្យាល័យ Oxford និង​អង្គការ​មនុស្សធម៌​មួយទៀត៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 29នាក់ ក្នុង​ថ្ងៃទី 23មីនា

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 29នាក់ ក្នុង​ថ្ងៃទី 23មីនា

    មនុស្ស​ចំនួន 29នាក់ ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​វីរុស Covid-19 នៅក្នុង​អំឡុង 24ម៉ោង​នៃ​ថ្ងៃទី 23មីនា ឆ្នាំ2021 ទន្ទឹមនឹង​អ្នកជំងឺ​ចំនួន 34នាក់​បានជា​សះស្បើយ។

    ក្នុងចំណោម​អ្នកជំងឺ Covid-19 ថ្មី​ចំនួន 29នាក់​ខាងលើ មាន 2នាក់​ជា​ករណី​នាំចូល ប៉ុន្តែ​មិនមែនជា​ពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ។ ចំណែក 27នាក់​ផ្សេងទៀត ពាក់ព័ន្ធ​នឹង «ព្រឹត្តិការណ៍​សហគមន៍20កុម្ភៈ»។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 24មីនា ឆ្នាំ2021នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 1,718នាក់ ក្នុងនោះ​មាន​អ្នក​ជំងឺ​ 1,033នាក់​បានជា​សះស្បើយ, 5នាក់​បាន​ស្លាប់ និង 777នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ៕
    ប្រភព​៖ ក្រសួង​សុខាភិបាល
    ដកស្រង់​ដោយ​៖ បុត្រា

  • Pfizer ចាប់ផ្ដើម​សាកល្បង​​ប្រើ​​ថ្នាំ​លេប​​សម្រាប់​ព្យាបាល Covid-19

    Pfizer ចាប់ផ្ដើម​សាកល្បង​​ប្រើ​​ថ្នាំ​លេប​​សម្រាប់​ព្យាបាល Covid-19

    ក្រុមហ៊ុន​ឱសថ​អាមេរិក Pfizer កាលពី​ថ្ងៃទី 23មីនា បានប្រកាសថា បានចាប់ផ្ដើម​ពិសោធ​ដំណាក់កាល​ដំបូង​នៅ​សហរដ្ឋ​អាមេរិក ចំពោះ​ប្រភេទ​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល Covid-19។

    យោងតាម​សារព័ត៌មាន Reuters ក្រុមហ៊ុន Pfizer ឱ្យដឹងថា បេក្ខភាព​ថ្នាំ​ប្រឆាំងនឹង​វីរុស​បាន​បង្ហាញថា វាស​កម្ម​យ៉ាង​ខ្លាំងក្លា​ក្នុងការ​ប្រឆាំងនឹង​វីរុស Covid-19 នៅក្នុង​ការស្រាវជ្រាវ​នៅ​មន្ទីរពិសោធន៍​នានា។ ក្រុមហ៊ុន​ខាងលើ​បាន​ប្រាប់ថា ថ្នាំ​នេះ​អាច​យកទៅ​ព្យាបាល​អ្នកជំងឺ​ដែលមាន​រោគសញ្ញា​ដំបូង​នៃ​ការឆ្លង​វីរុស។

    បេក្ខភាព​ថ្នាំ​ប្រឆាំង Covid-19 របស់ Pfizer ដែល​ត្រូវបាន​ដាក់ឈ្មោះ​បែប​វិទ្យាសាស្ត្រ​ថា PF-07321332 និង​ជា​សារធាតុ​ទប់ស្កាត់ protease បានបង្ហាញ​អំពី​ប្រសិទ្ធភាព​ក្នុងការ​រារាំង​មិនឱ្យ​វីរុស​បង្កើន​ចំនួន​នៅក្នុង​កោសិកា។

    ក្រុមហ៊ុន​ឱ្យដឹងថា សារធាតុ​ទប់ស្កាត់ protease មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំងនឹង​បណ្ដា​វីរុស​ដូចជា HIV, វីរុស​បង្ក​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ជាដើម ដោយ​ការប្រើប្រាស់​ដោយឡែក ឬ​ផ្សំ​ជាមួយនឹង​ប្រភេទ​ថ្នាំ​ប្រឆាំងនឹង​វីរុស​ដទៃ។

    ក្រុមហ៊ុន Pfizer ក៏​កំពុងតែ​ពិសោធ​ដំណាក់កាល​ដំបូង​លើ​បេក្ខភាព​ថ្នាំ​ប្រឆាំងនឹង​វីរុស Covid-19 មួយ​ផ្សេងទៀត តាមរយៈ​ការចាក់​ចូលក្នុង​សរសៃឈាម​របស់​អ្នកជំងឺ Covid-19 ដែល​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ។

    «បេក្ខភាព​ថ្នាំ​គ្រាប់ និង​ថ្នាំ​ចាក់​ក្នុង​សរសៃឈាម មាន​សក្ដានុពល​បង្កើត​បានជា​រូបមន្ត​មួយ​ក្នុងការ​ព្យាបាល​ពីដំបូង​ដល់​ចប់ បន្ថែម​ពីលើ​ការចាក់​វ៉ាក់សាំង សម្រាប់​ករណី​ដែល​នៅតែ​កើត​ជំងឺ» នេះ​បើតាម Mikael Dolsten នាយក​ផ្នែក​សុខាភិបាល​របស់ Pfizer បានឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​របស់​ក្រុមហ៊ុន។

    បេក្ខភាព​ថ្នាំ​ព្យាបាល Covid-19 ថ្មី​របស់ Pfizer នេះ ឈរ​ពីក្រោយ​បេក្ខភាព​ថ្នាំ​ប្រឆាំង​វីរុស​ប្រភេទ​គ្រាប់​សម្រាប់​លេប​ចំនួន​ពីរ​ផ្សេងទៀត ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​សាកល្បង ក្នុងនោះ​មាន​បេក្ខភាព​មួយ​គឺជា​ថ្នាំ​ដែល​ត្រូវបាន​សហការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Merck & Co និង​ក្រុមហ៊ុន Ridgeback Bio ខណៈ​បេក្ខភាព​ថ្នាំលេប​ទី​ពីរ​មកពី​ក្រុមហ៊ុន Roche Holding និង Atea Pharmaceuticals។

    បច្ចុប្បន្ន remdesivir របស់ Gilead Sciences គឺជា​ប្រភេទ​ថ្នាំ​តែមួយគត់​ដែល​ត្រូវបាន​នាយកដ្ឋាន​គ្រប់គ្រង​ចំណីអាហារ និង​ថ្នាំពេទ្យ​អាមេរិក (FDA) ទទួលស្គាល់​សម្រាប់​ការព្យាបាល Covid-19។

    FDA បានអនុញ្ញាត​បន្ទាន់​ឱ្យប្រើ​ប្រាស់​ថ្នាំ​អង្គ​ប​ដិ​ប្រាណ Eli Lilly-bamlanivimab ដោយ​ប្រើប្រាស់​ដោយឡែក ឬ​​ផ្សំ​​ជា​មួយ​នឹង​ etesevimab និង​ការព្យាបាល​មួយ​ផ្សេងទៀត​ដែល​រួមផ្សំ​ជាមួយនឹង​ថ្នាំ​ពី​ក្រុមហ៊ុន Regeneron៕

    ប្រភព៖ Reuters, CNBC
    ប្រែ​សម្រួល៖ បុត្រា

  • ករណីស្លាប់ដោយសារ Covid-19 នៅកម្ពុជា កើនឡើងដល់ 5នាក់ហើយ!

    ករណីស្លាប់ដោយសារ Covid-19 នៅកម្ពុជា កើនឡើងដល់ 5នាក់ហើយ!

    ស្ត្រី​អ្នកជំងឺ Covid-19 ម្នាក់​ដែលជា​ជនជាតិខ្មែរ មាន​អាយុ 62ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី នេះ​បើតាម​សេចក្ដីប្រកាស​របស់​ក្រសួងសុខាភិបាល។

    ករណី​ស្លាប់​បាន​ខាងលើនេះ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី23 ខែមីនា ឆ្នាំ2021 នៅពេល​កំពុង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល។ នេះ​គឺជា​ករណី​ស្លាប់​ដោយសារ​វីរុស Covid-19 ទី5ហើយ ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 23មីនា 2021 កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 1,788នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 999នាក់ ខណៈ​អ្នក​ស្លាប់មាន​ចំនួន4នាក់ និង​កំពុង​ព្យាបាល​ចំនួន 783នាក់៕


    ប្រភព៖ ក្រសួងសុខាភិបាល​
    ដក​ស្រង់​ដោយ​៖ បុត្រា