Category: សុខភាព

  • មនុស្ស​វ័យ​កំលោះ-ក្រមុំ ប្រឈម​ខ្លាំង! អាល្លឺម៉ង់ កំណត់​ការចាក់​វ៉ាក់សាំង “អ៊ែ​ស្ត្រា​ហ្សេ​នេ​កា” ចំពោះតែ​មនុស្ស​ចាស់ អាយុ 60ឡើង​ប៉ុណ្ណោះ

    មនុស្ស​វ័យ​កំលោះ-ក្រមុំ ប្រឈម​ខ្លាំង! អាល្លឺម៉ង់ កំណត់​ការចាក់​វ៉ាក់សាំង “អ៊ែ​ស្ត្រា​ហ្សេ​នេ​កា” ចំពោះតែ​មនុស្ស​ចាស់ អាយុ 60ឡើង​ប៉ុណ្ណោះ

    ប្រទេស​អាល្លឺម៉ង់ ចាប់ពី​ថ្ងៃ​ពុធ ទី31 មីនា​ម្សិលមិញ បានកំណត់​ការប្រើ​វ៉ាក់សាំង​ការពារ​កូ​វីដ-19 របស់​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ចំពោះតែ​បុគ្គល​ដែលមាន​អាយុ 60ឆ្នាំ​ឡើង ដូចគ្នា​នឹង​ក្រុម​គោលដៅចម្បងៗដទៃទៀត បន្ទាប់ពី​មាន​របាយការណ៍​ពាក់ព័ន្ធ​នឹង​ភាព​ប្រឈម​នឹង​សភាវ​ដុំ​ឈាម​ញ៉ុ​ក​ណែន។

    លោកស្រី អ៊ែន​ជេ​ឡា មើរ​កែ​ល នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​ថ្លែង​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា “យើង​ចាំបាច់​ត្រូវតែ​អាច​ជឿទុកចិត្ត​លើ​វ៉ាក់សាំង​បាន ហើយ​ភាព​គ្មាន​ការលាក់លៀម គឺជា​វិធី​ដែល​ល្អ​បំផុត ក្នុងការ​ទប់ទល់​នឹង​ស្ថានការណ៍​បែបនេះ”

    ក្នុង​សកម្មភាព​ដែល​ដំណើរការ ទៅតាម​ការណែនាំ​របស់​គណៈកម្មការ​ផ្នែក​វ៉ាក់សាំង​របស់​អាល្លឺម៉ង់ ឬ​ដែល​ហៅថា STIKO ខាង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់​រដ្ឋបាលកណ្ដាល និង​ប្រចាំ​រដ្ឋផ្សេងៗ យល់ឃើញ​ដូចគ្នា​ថា គួរតែ​ឱ្យ​វ៉ាក់សាំង​កូ​វីដ-19 របស់​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ចំពោះ​បុគ្គល​ដែលមាន​អាយុ​តិចជាង 60ឆ្នាំ នៅពេលដែល​បុគ្គល​ទាំងនោះ ស្ថិតក្នុង​ក្រុម​គោលដៅ​លំដាប់ដំបូងៗគេ ដែល​ក្នុងនោះ​រួមទាំង​អ្នកជំងឺ​ដែលមាន​ភាព​ប្រឈម​ខ្ពស់ និង​បុគ្គលិក​សុខាភិបាល ក្រោម​ការណែនាំ​ប្រឹក្សា​របស់​ពេទ្យ។

    សម្រាប់​បុគ្គល​ដែលមាន​អាយុ​ទាប​ជាង 60ឆ្នាំ ដែល​បានទទួល​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ដូ​ស​ដំបូង​រួចទៅហើយ មាន​ជម្រើស​គឺ ចាក់​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ដូ​ស​ទី2 តាម​ផែនការ​ចាស់ បើសិនជា​ពួកគេ​ស្ថិតក្នុង​ក្រុមមនុស្ស​គោលដៅ​លំដាប់ដំបូងៗ ឬ​មិន​ទេ ក៏​រង់ចាំ​ឱ្យ​ខាង STIKO ចេញ​ការណែនាំ​ម្ដងទៀត​ជាមុនសិន ដែល​គេ​រំពឹងថា នឹង​ធ្វើឡើង​ក្នុងអំឡុង​ចុងខែ​មេសា។

    ទាំងអស់នេះ STIKO កំពុង​សម្លឹងមើល​ទៅដល់​ភាព​អាចទៅរួច របស់​ការចាក់​វ៉ាក់សាំង ដូ​ស​ទី2 ដោយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផ្សេង​ជំនួស​វិញ។

    ការកំណត់​ថ្មី ពាក់ព័ន្ធ​នឹង​ការប្រើ​វ៉ាក់សាំង​របស់​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា​នេះ បាន​បង្ក​ភាព​ខាតបង់​ដល់​គ្រោង​ការចាក់​វ៉ាក់សាំង​របស់​ប្រទេស​អាល្លឺម៉ង់ ដោយសារតែ​កាលពីពេល​មុននេះ បាន​ដំណើរការ​យ៉ាង​យឺតយ៉ាវ​ស្រាប់​រួចទៅហើយ។

    យ៉ាងណាក៏ដោយ អាល្លឺម៉ង់ នឹង​អនុញ្ញាតឱ្យ​បុគ្គល​អាយុ 60ឆ្នាំ​ឡើងទៅ ចាក់​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ក្នុងការ​ព្យាយាម​ព​ន្លឿ​ន​គ្រោង​ការចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​ទូទៅ ដែល​រហូតមក​ដល់ពេលនេះ ទើបតែ​ស្ថិតក្នុង​ដំណាក់កាល ចាក់​វ៉ាក់សាំង​ឱ្យ​មនុស្ស​ចាស់ វ័យ 70ឆ្នាំ​ឡើង និង​បុគ្គលផ្សេងៗ ដែល​ស្ថិតក្នុង​ក្រុម​គោលដៅ​លំដាប់ដំបូងៗគេ​ប៉ុណ្ណោះ។

    ការសម្រេចចិត្ត (ផ្អាក​ចាក់​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ឱ្យ​ក្រុមមនុស្ស​វ័យ​កំលោះ-ក្រមុំ) នេះ ចាប់ផ្ដើម​មាន​ឡើង ក្រោយពី​ស្ថាប័ន Paul Ehrlich Institute ឬ PEI) ដែលជា​អង្គភាព​ផ្នែក​វ៉ាក់សាំង របស់​ប្រទេស បាន​រាយការណ៍​បន្ថែម​ពាក់ព័ន្ធ​នឹង​ករណី​កំណក​ឈាម​ញ៉ុ​ក​ណែន ដែល​ហៅថា សភាវ​សរសៃ​ឈាមខ្មៅ​ក្នុង​ខួរក្បាល​ញ៉ុ​ក​ណែន(Cerebral Sinus Vein Thrombosis ឬ CSVT)។

    ស្ថាប័ន PEI បានទទួល​របាយការណ៍​ករណី CSVT ចំនួន 31ករណី ដែល​លទ្ធផល​ក៏​គឺ មាន​អ្នកស្លាប់ 9នាក់ ពី​ចំណោម​ប្រជាជន​ប្រមាណ 2.7លាន​នាក់ ដែល​បាន​ចាក់​វ៉ា​ក់សាង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ដោយ​ទាំងអស់នេះ លើកលែង 2ករណី ពាក់ព័ន្ធ​នឹង​ស្ត្រី អាយុ​ចន្លោះ20 ដល់ 63ឆ្នាំ។

    គួរ​បញ្ជាក់ដែរថា ដោយសារតែ​ការចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ក្នុង​រយៈពេលដំបូងៗ បានកំណត់​ការប្រើ​ចំពោះតែ​បុគ្គល​អាយុ​ទាប​ជាង 65ឆ្នាំ ដូច្នេះ​ទើប​ក្នុង​បណ្ដា​អ្នក​ដែល​បានទទួល​វ៉ាក់សាំង​រួចហើយ សុទ្ធតែជា​មនុស្ស​វ័យ​កំលោះ-ក្រមុំ ជាពិសេស​បុគ្គលិក​សុខាភិបាល និង​ក្រុម​គ្រូបង្រៀន៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
    ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

  • រុស្ស៊ី​ចុះឈ្មោះ​ថ្នាំ​ព្យាបាល​ជំងឺ​Covid-19 ដោយ​ប្រើប្រាស់​ប្លា​ស្មា​ក្នុង​ឈាម​អ្នកជំងឺ

    រុស្ស៊ី​ចុះឈ្មោះ​ថ្នាំ​ព្យាបាល​ជំងឺ​Covid-19 ដោយ​ប្រើប្រាស់​ប្លា​ស្មា​ក្នុង​ឈាម​អ្នកជំងឺ

    ក្រសួងសុខាភិបាល​រុស្ស៊ី​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ប្រភេទ​ថ្នាំ​ព្យាបាល​ជំងឺ​Covid-19 ដែល​ត្រូវបាន​ផលិតឡើង​ដោយយោង​ទៅតាម​ប្លា​ស្មា (plasma) ក្នុង​ឈាម​របស់​អ្នកជំងឺ​Covid-19 ដែល​បានជា​សះស្បើយ។

    ប្រភពព័ត៌មាន​ពី​ទីក្រុង​ម៉ូស្គូ បានឱ្យដឹងថា ក្រសួងសុខាភិបាល​រុស្ស៊ី បានអនុម័ត​ឱ្យប្រើ​ប្រាស់ globulin ការពារ​ការឆ្លង​ជំងឺ​ពិសេស​ដើម្បី​ព្យាបាល​អ្នកជំងឺ​ដែលមាន​ផ្ទុក​វីរុស​Covid-19។ COVID-globulin នេះ​ក្លាយជា​ថ្នាំ​ព្យាបាល​ជំងឺ​Covid-19 ដែល​ត្រូវបាន​ចុះឈ្មោះ​ដំបូង​គេ​ក្នុង​ពិភពលោក។ ថ្នាំ​នេះ​ត្រូវបាន​អភិវឌ្ឍ និង​ផលិតឡើង​ដោយ​ក្រុមហ៊ុន Natsimbio ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Rostec និង​ដោយយោង​ទៅតាម​ប្លា​ស្មា​ក្នុង​ឈាម​របស់​ពលរដ្ឋ​ដែល​បាន​ឆ្លង​វីរុស​Covid-19។ ដើម្បី​បង្កើតបាន​ផលិតផល​ជា​ឱសថ​នេះ ក្រុមហ៊ុន​ត្រូវការ​វត្ថុ​ធាតុ​ជីវសាស្ត្រ​ចំនួន 2.5តោន។

    លទ្ធផល​ក្នុងដំណាក់កាល​ពិសោធន៍ ស្រាវជ្រាវ​លើ​ថ្នាំ​នេះ បាន​បង្ហាញថា មាន​សុវត្ថិភាព មិនមាន​ផលប៉ះពាល់ និង​មាន​ប្រសិទ្ធភាព​រាំងខ្ទប់​សកម្មភាព​របស់​វីរុស។ ថ្នាំ​នេះ​នឹងត្រូវ​បាន​ប្រើ​សម្រាប់​អ្នកជំងឺ​ដែលមាន​អាការ​ពី​មធ្យម​ដល់​ធ្ងន់ បន្ទាប់ពី​បានបញ្ចប់​ការពិសោធន៍​លើ​មនុស្ស​ដំណាក់​ទីមួយ និង​ទី​ពីរ ដែល​តាម​គម្រោង​នឹងត្រូវ​ចំណាយពេល​ប្រហែល6ខែ។

    ធាតុ​ផ្សំ​នានា​នៅ​ក្នុង​ឈាម​ ក្នុង​នោះ​មាន​ប្លាស្មា​ផង​ដែរ​

    លោក Sergei Chemezov អគ្គនាយក​ប្រតិបត្តិ​របស់ Rostec បាន​សង្កត់ធ្ងន់ថា ប្រភេទ​ថ្នាំ​នេះ មិនមែន​ក្នុង​បំណង​បង្ការ​នោះទេ តែ​គឺ​ដើម្បី​ព្យាបាល​ជំងឺ​Covid-19 តែម្ដង។ លោក​បន្តថា ថ្នាំ​ថ្មី​នេះ​នឹង​ជួយ​ជា​កម្លាំង​យ៉ាងខ្លាំង​ក្លា​ដល់​ក្រុមគ្រូពេទ្យ នៅក្នុង «សមរភូមិ» ប្រយុទ្ធប្រឆាំង Covid-19។

    “COVID-globulin” ទទួលបាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ចំពោះ​អ្នកជំងឺ​ដែលមាន​អាយុ​ចាប់ពី 18 ដល់ 60ឆ្នាំ។ បច្ចុប្បន្ន ថ្នាំ​នេះ​កំពុង​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​រង្វង់​នៃ​ការពិសោធ​នៅតាម​មន្ទីរពេទ្យ​ក្នុង​រដ្ឋធានី​ម៉ូស្គូ ដើម្បី​ព្យាបាល​អ្នកជំងឺ​ដែលមាន​អាការ​មធ្យម និង​ធ្ងន់ធ្ងរ។

    ក្រៅពី Sputnik ប្រទេស​រុស្ស៊ី​ក៏​នៅមាន​វ៉ាក់សាំង​មួយ​ប្រភេទ​ទៀត នោះ​គឺ EpiVacCorona ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​មជ្ឈមណ្ឌល Vector នៅ Novosibirsk។ វ៉ាក់សាំង​នេះ​ត្រូវបាន​ចាប់ផ្ដើម​ផ្គត់ផ្គង់​ដល់​មន្ទីរពេទ្យ​នានា​នៅក្នុង​សប្ដាហ៍​នេះ ខណៈដែល​វ៉ាក់សាំង KoviVac ដែល​អភិវឌ្ឍ​ដោយ​មជ្ឈមណ្ឌល Chumakov ក៏​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ដើមខែ​មេសា​នេះដែរ។ នេះ​បើតាម Mikhail Murashko រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​រុស្ស៊ី៕

    ប្រភព៖ Tass
    ប្រែសម្រួល​៖ បុត្រា

  • ក្រសួងសុខាភិបាល​វៀត​ណា​ម ត្រៀម​​សេណា​​រី​យ៉ោ សម្រាប់​​ “លិខិត​ឆ្លង​ដែន​​វ៉ាក់​សាំង”

    ក្រសួងសុខាភិបាល​វៀត​ណា​ម ត្រៀម​​សេណា​​រី​យ៉ោ សម្រាប់​​ “លិខិត​ឆ្លង​ដែន​​វ៉ាក់​សាំង”

    ក្រសួងសុខាភិបាល​វៀត​ណា​ម កំពុង​ត្រៀម​សិក្សា​ស្រាវជ្រាវ​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​សមស្រប​សម្រាប់​អ្នកដំណើរ​មកពី​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ទន្ទឹមនឹង​ការត្រៀម​សេណា​រី​យ៉ោ​សម្រាប់​ការប្រើប្រាស់ «លិខិតឆ្លងដែន​វ៉ាក់សាំង» នាពេលខាងមុខ។

    គិត​មកដល់​ថ្ងៃទី 31មីនា 2021 នៅ​ប្រទេស​វៀតណាម មនុស្ស​ចំនួន 49,743នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​Covid-19 រួចរាល់​ហើយ ក្នុងនោះ​មាន​មន្ត្រី​ក្រសួងសុខាភិបាល បុគ្គលិក​សុខាភិបាល​ដែល​កំពុង​ព្យាបាល​អ្នកជំងឺ​Covid-19, បុគ្គលិក​សុខាភិបាល​ផ្នែក​យក​សំណាក ផ្នែក​ធ្វើតេស្ត​សំណាក និង​អ្នក​តាមរក​អ្នកជំងឺ, សមាជិក​អង្គភាព​គ្រប់គ្រង​សហគមន៍​Covid-19 និង​គណៈកម្មការ​ទប់ស្កាត់​Covid-19។

    វៀតណាម បច្ចុប្បន្ន​មាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 2,603នាក់ ក្នុងនោះ​មាន 35នាក់​បាន​ស្លាប់ និង 209នាក់​កំពុង​សម្រាក​ព្យាបាល។

    ទាក់ទង​នឹង​បញ្ហា «លិខិតឆ្លងដែន​វ៉ាក់សាំង» អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម ឱ្យដឹងថា ក្រសួង​កំពុងធ្វើការ​ជាមួយ​ក្រុមមន្ត្រី​ជំនួញ និង​វិស័យ​សិក្សា​ស្រាវជ្រាវ ពិនិត្យ​របាយការណ៍រ​បស់​គណៈកម្មការ​ទប់ស្កាត់ Covid-19 និង​របាយការណ៍​រប​ស់​រដ្ឋាភិបាល ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាជន​នៅពេល​បើកទ្វារ​សេដ្ឋកិច្ច និង​ទទួល​អ្នកដំណើរ​បរទេស។

    ផែនការ​ដំបូង​របស់​វៀតណាម គឺ​ការប្រើប្រាស់​វិធីសាស្ត្រ​ធ្វើ​ច​ត្តា​ឡី​ស័ក​ប្រកបដោយ​ភាពសមស្រប​ចំពោះ​អ្នកដំណើរ​ពី​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់។ ទន្ទឹមនឹងនេះ ក្រសួង​ក៏​កំពុងតែ​ត្រៀម​សេណា​រី​យ៉ោ​សម្រាប់​ការប្រើប្រាស់ «លិខិតឆ្លងដែន​វ៉ាក់សាំង» នាពេលខាងមុខ​ផងដែរ។

    យ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម បាន​បញ្ជាក់ថា បញ្ហា «លិខិតឆ្លងដែន​វ៉ាក់សាំង» ត្រូវតែមាន​ការពិនិត្យ ពិចារណា​ឱ្យបាន​ម៉ត់ចត់​រវាង​ផលប្រយោជន៍​នឹង​ហានិភ័យ៕

    ប្រភព៖ TP
    ប្រែសម្រួល​៖ បុត្រា

  • កម្ពុជា រកឃើញ 39នាក់​មាន​ផ្ទុក​វីរុស​Covid-19 ក្នុងអំឡុង​ថ្ងៃទី31មីនា ខណៈ​​ករណី​​​ស្លាប់​​សរុប​ បាន​កើន​ដល់​14​នាក់​

    កម្ពុជា រកឃើញ 39នាក់​មាន​ផ្ទុក​វីរុស​Covid-19 ក្នុងអំឡុង​ថ្ងៃទី31មីនា ខណៈ​​ករណី​​​ស្លាប់​​សរុប​ បាន​កើន​ដល់​14​នាក់​

    ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 31មីនា ឆ្នាំ2021 ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 ថ្មី ចំនួន 37​នាក់​ និង​អ្នកជា​សះស្បើយ​ចំនួន 49នាក់។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ខាងលើ មាន 2នាក់​ជា​ករណី​នាំចូល ប៉ុន្តែ​មិនមែនជា​ពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ និង 35នាក់​ជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ អ្នក​វិជ្ជមាន​ថ្មី​ទាំងនេះ រួមមាន ជនជាតិ​ចិន 3នាក់, ជនជាតិ​ឥណ្ឌូនេស៊ី 2នាក់ និង​ជនជាតិ​កូរ៉េ 1នាក់ ក្រៅពីនេះ​គឺជា​ជនជាតិខ្មែរ។

    ក្នុង​ថ្ងៃទី 31មីនានេះ​ដែរ​ កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 49នាក់ បានជា​សះស្បើយ និង​​មាន​អ្នកជំងឺ​ចំនួន​ 3​នាក់​បាន​បាត់​បង់​ជីវិត​ដោយ​សារ​វីរុស​នេះ​។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 1មេសា ឆ្នាំ2021 កម្ពុ​ជាមាន​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 2,477នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ ​14​នាក់, អ្នកជា​សះស្បើយ 1,240​នាក់ និង​កំពុង​ព្យាបាល​ចំនួន 1,219​នាក់៕

  • ជំនួយ​ជា​វ៉ាក់សាំង​បង្ការ Covid-19 របស់​ចិន ត្រូវបាន​ប្រគល់ដល់ដៃ​កម្ពុជា​រួចហើយ

    ជំនួយ​ជា​វ៉ាក់សាំង​បង្ការ Covid-19 របស់​ចិន ត្រូវបាន​ប្រគល់ដល់ដៃ​កម្ពុជា​រួចហើយ

    ដូចដែល​បានគ្រោង​ទុក វ៉ាក់សាំង​បង្ការ Covid-19 ឈ្មោះ Sinopharm ដែល​ផលិត​ដោយ​ប្រទេស​ចិន និង​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានមក​ដល់ និង​ត្រូវបាន​ប្រគល់ជូន​កម្ពុជា​រួចរាល់​ហើយ។

    ពិធី​ប្រគល់ និង​ទទួល​ជំនួយ​ជា​វ៉ាក់សាំង ដែល​ត្រូវ​បានរៀបចំ​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោម​អធិបតីភាព​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា។

    កញ្ចប់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ Covid-19 លើក​ទី​ពីរ​នេះ មាន​ចំនួន 7សែន​ដូ​ស ដូច្នេះ បច្ចុប្បន្ន កម្ពុជា​បានទទួល​ជំនួយ​ជា​វ៉ាក់សាំង​ពី​ប្រទេស​ចិន សរុប​ចំនួន 1.3លាន​ដូ​ស។ កញ្ចប់​ជំនួយ​ថ្មី​នេះ​នឹងត្រូវ​បែងចែក​ទៅឱ្យ​ក្រសួងសុខាភិបាល​ចំនួន 4សែន​ដូ​ស និង​ក្រសួងការពារជាតិ​ចំនួន 3សែន​ដូ​ស៕

  • AstraZeneca ប្ដូរ​ឈ្មោះ​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 របស់ខ្លួន ​បន្ទាប់​​ពី​ជួប​ឧបសគ្គ​ក្នុង​ទីផ្សារ

    AstraZeneca ប្ដូរ​ឈ្មោះ​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 របស់ខ្លួន ​បន្ទាប់​​ពី​ជួប​ឧបសគ្គ​ក្នុង​ទីផ្សារ

    ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca បាន​ប្ដូរ​ឈ្មោះ​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 របស់ខ្លួន ពី “AstraZeneca Covid-19 Vaccine” ទៅជា “Vaxzevria”។

    យោងតាម Russia Today ការផ្លាស់ប្ដូរ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល​ក្រុមហ៊ុន​ត្រូវ​ជួប​ការលំបាក​ក្នុងការ​ស្ដារ និង​ធានា​ទំនុកចិត្ត​ថា វ៉ាក់សាំង​បង្ការ Covid-19 របស់ខ្លួន​ពិតជា​មាន​សុវត្ថិភាព។ ដំណឹង​ទាក់ទិន​នឹង​បញ្ហា​ប៉ះពាល់​មួយចំនួន ដូចជា​ការបង្ក​ឱ្យមាន​កំណក​ឈាម​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់ ជាដើម បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​នេះ។

    នៅក្នុង​ប្រកាស​របស់ខ្លួន AstraZeneca ឱ្យដឹងថា ការប្ដូរឈ្មោះ​នេះ​មិន​ទាក់ទង​នឹង​ការផ្លាស់ប្ដូរ​វ៉ាក់សាំង។ ក្រុមហ៊ុន​ឱ្យដឹងថា បុគ្គលិក​សុខាភិបាល​គួរតែ​យកចិត្តទុកដាក់​ទៅលើ​ស្លាក​សញ្ញា​ថ្មី ព្រោះថា ស្លាក​សញ្ញា និង​ការ​វេច​ខ្ចប់​នឹង​ខុសពី​មុន។

    ស្ថាប័ន​វិទ្យាសាស្ត្រ​អឺរ៉ុប បាន​យល់ព្រម​ជាមួយនឹង​ការប្ដូរឈ្មោះ​ថ្មី​របស់​វ៉ាក់សាំង AstraZeneca កាលពី​សប្ដាហ៍​កន្លងទៅ។

    ចំណែក Covishield ដែលជា​វ៉ាក់សាំង​បង្ការ Covid-19 មួយ​ផ្សេងទៀត​ដែល​ប្រើប្រាស់​រូបមន្ត​ដូចគ្នា ប៉ុន្តែ​ត្រូវបាន​អភិវឌ្ឍ​ទៅតាម​កិច្ចសហការ​រវាង AstraZeneca និង​វិទ្យាស្ថាន Serum ឥណ្ឌា នឹង​នៅតែ​រក្សា​ឈ្មោះ (Covishield) ដដែល។

    ឈ្មោះ Vaxzevria បង្ហាញខ្លួន​នៅក្នុង​គ្រា​ដែល​ក្រុមហ៊ុន AstraZeneca ត្រូវ​ទប់ទល់​នឹង​បញ្ហា​ជាច្រើន​ជុំវិញ​វ៉ាក់សាំង​នេះ។ ប្រទេស​ជាង 10 នៅ​អឺរ៉ុប​បាន​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​របស់ AstraZeneca ជា​បណ្ដោះអាសន្ន ក្រោយពី​មាន​ករណី​កកឈាម។ កាលពី​ថ្ងៃទី 29មីនា 2021 ប្រទេស​កាណាដា​ក៏បាន​ផ្អាក​បណ្ដោះអាសន្ន​លើ​ចាក់​វ៉ាក់សាំង​របស់ AstraZeneca សម្រាប់​មនុស្ស​ក្រោម​អាយុ 55ឆ្នាំ ព្រោះតែ​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព។

    ផ្ទុយទៅវិញ អង្គការ​សុខភាព​ពិភពលោក (WHO), ក្រុមមន្ត្រី​នៅ​សហភាព​អឺរ៉ុប និង​ក្រុមហ៊ុន AstraZeneca សុទ្ធតែ​បាន​​អះអាងថា វ៉ាក់សាំង AstraZeneca មាន​សុវត្ថិភាព និង​មិន​ទាក់ទង​ជាមួយនឹង​បញ្ហា​កំណក​ឈាម​នោះឡើយ។

    ក្រៅពី​បញ្ហា​នៅក្នុង​ប្រទេស​មួយចំនួន AstraZeneca ក៏​ពើបប្រទះ​នឹង​ឧបសគ្គ​មួយទៀត ក្រោយពី​ក្រុម​មេដឹកនាំ​ស្ថាប័ន​សុខាភិបាល​អាមេរិក​មានការ​ព្រួយបារម្ភ​ថា ទិន្នន័យ​នៃ​ការពិសោធ​របស់ AstraZeneca ដើម្បី​គណនា​អំពី​កម្រិត​សុវត្ថិភាព បាន​ហួស​សម័យ និង​បង្កឱ្យមាន​ការយល់ច្រឡំ។ ជាង​នេះ សហរដ្ឋអាមេរិក​ក៏​មិនទាន់បាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់​បន្ទាន់​ចំពោះ​វ៉ាក់សាំង​របស់ AstraZeneca នេះដែរ៕

    ប្រភព៖ RT
    ប្រែសម្រួល​៖ បុត្រា

  • វ៉ាក់សាំង Sinopharm ចំនួន 7សែន​ដូ​សនឹង​មកដល់​កម្ពុជា​នៅថ្ងៃនេះ

    វ៉ាក់សាំង Sinopharm ចំនួន 7សែន​ដូ​សនឹង​មកដល់​កម្ពុជា​នៅថ្ងៃនេះ

    កម្ពុជា បាន និង​កំពុង​រៀបចំ​ពិធី​ត្រៀម​ទទួល​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ជា​ជំនួយ​លើក​ទី​ពីរ​របស់​ចិន ដែល​នឹង​មកដល់​កម្ពុជា​នៅថ្ងៃនេះ។

    រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ក្រសួង​ការពារ​ប្រទេស នៅ​ថ្ងៃទី 31 ខែមីនា ឆ្នាំ 2021 នេះ នឹង​ផ្តល់ជូន​ជា​លើក​ទី​ពីរ​នូវ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm) បង្ការ​ជំងឺ Covid-19 ចំនួន 7សែន​ដូ​ស ដល់​កម្ពុជា។ ជំនួយ​នេះ​នឹងត្រូវ​បាន​ដឹក​តាម​យន្តហោះ​របស់​កងទ័ពអាកាស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

    ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់​សម្តេច​ពិជ័យ​សេនា ទៀ​បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង លោក វ៉ាង វិ​ន​ធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

    វ៉ាក់សាំង Sinopharm របស់​ចិន ត្រូវបាន​ក្រុមហ៊ុន​ផលិត​ប្រកាសថា មាន​ប្រសិទ្ធភាព​ក្នុង​អត្រា 79.34% ក្នុងការ​សាកល្បង​ដំណាក់កាល​ទី​បី​លើ​មនុស្ស។

    លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អ្នកគ្រប់គ្រង​យុទ្ធនា​ការចាក់​វ៉ាក់សាំង កាលពីពេលថ្មីៗនេះ ក៏​ធ្លាប់មាន​ប្រសាសន៍ថា កន្លងមក វ៉ាក់សាំង Sinopharm របស់​ចិន មិនទាន់មាន​សេចក្ដីរាយការណ៍​ណា​បង្ហាញថា បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ដែល​បាន​ចាក់​នៅឡើយ។

    សូម​រំលឹក​ថា វ៉ាក់សាំង Sinopharm កញ្ចប់​ទី 1 ចំនួន 6សែន​ដូ​ស​ដែល​ត្រូវបាន​ផ្តល់​ដោយ​រដ្ឋាភិបាល​ចិន ​បាន​មកដល់​កម្ពុជា​ កាល​ពី​​ថ្ងៃទី7 ខែកុម្ភៈ ក្នុងនោះ វ៉ាក់សាំង​ចំនួន 3សែន​ដូ​ស​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ក្រសួងសុខាភិបាល និង 3សែន​ដូ​ស​ទៀត​សម្រាប់​ក្រសួងការពារជាតិ៕

    ប្រភព​៖ ក្រសួង​ព័ត៌មាន​
    ដកស្រង់៖ បុត្រា

  • ករណី​វិជ្ជមាន​នឹង​Covid-19 ​ថ្មី​ចំនួន 105នាក់​នៅ​កម្ពុជា ភាគច្រើន​​ជា​​ជន​ជាតិ​ខ្មែរ

    ករណី​វិជ្ជមាន​នឹង​Covid-19 ​ថ្មី​ចំនួន 105នាក់​នៅ​កម្ពុជា ភាគច្រើន​​ជា​​ជន​ជាតិ​ខ្មែរ

    ក្រសួងសុខាភិបាល​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី 30មីនា 2021 បានឱ្យដឹងថា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី ចំនួន 105នាក់ និង​ជាសះស្បើយ​ចំនួន 4នាក់។

    យោងតាម​ក្រសួងសុខាភិបាល ករណី​វិជ្ជមាន​ថ្មី​ចំនួន 105នាក់​នៅ​កម្ពុជា​ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 29មីនា ភាគច្រើន​ជា​ជនជាតិខ្មែរ។ ក្រៅពីនេះ​គឺជា​ជនជាតិ​ចិន​ចំនួន 11នាក់ និង​ជនជាតិ​វៀតណាម​ចំនួន 1នាក់។ ក្នុង​ចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង​នេះ មាន​ 1​នាក់​គឺជា​ករណី​នាំ​ចូល​ និង​ 104​នាក់​ជា​ករណី​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​20​កុម្ភៈ។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 30មីនា ឆ្នាំ2021 អ្នក​វិជ្ជមាន​នឹង​វីរុស Covid-19 នៅ​កម្ពុជា​បាន​កើន​ឡើងដល់ 2,377នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 11នាក់, អ្នកជា​សះស្បើយ 1,176នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 1,186នាក់។

    នៅ​ទូទាំង​ពិភពលោក​ឯណោះ​វិញ គិត​ត្រឹម​ព្រឹក​ថ្ងៃទី 30មីនា 2021 មាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន​ជាង 128,231,000នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ប្រមាណ 2,803,900នាក់ និង​កំពុង​ព្យាបាល​ចំនួន​ជាង 21,987,800នាក់៕


    ប្រភព៖ ក្រសួងសុខាភិបាល
    ដកស្រង់៖ បុត្រា

  • កាណាដា​ផ្អាក​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 របស់ AstraZeneca សម្រាប់​មនុស្ស​អាយុ​ក្រោម 55ឆ្នាំ

    កាណាដា​ផ្អាក​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 របស់ AstraZeneca សម្រាប់​មនុស្ស​អាយុ​ក្រោម 55ឆ្នាំ

    យោងតាម​ប្រភពព័ត៌មាន​ពី​ទីក្រុង Ottawa ក្រុមមន្ត្រី​សុខាភិបាល​នៃ​ប្រទេស​កាណាដា កាលពី​ថ្ងៃទី 29មីនា បានឱ្យដឹងថា ប្រទេស​នេះ​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រុមហ៊ុន AstraZeneca សម្រាប់​មនុស្ស​វ័យ​ក្រោម 55ឆ្នាំ និង​ស្នើ​ឱ្យមាន​ការវិភាគ​ថ្មី​អំពី​ផលប្រយោជន៍ ក៏ដូចជា​ហានិភ័យ​ដែល​បង្កឡើង​ដោយ​វ៉ាក់សាំង​នេះ ដោយយោង​ទៅលើ​វ័យ និង​ភេទ។

    ឥរិយាបថ​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​ជាច្រើន​ពី​អឺរ៉ុប​ទាក់ទង​នឹង​ករណី​កកឈាម​ដ៏​កម្រ​ជួប ប៉ុន្តែ​មាន​ភាព​ធ្ងន់ធ្ងរ និង​ករណី​ស្លាប់​មួយចំនួន​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង AstraZeneca ដែល​ភាគច្រើន​កើត​ឡើងលើ​ស្ត្រី​វ័យក្មេង។ បច្ចុប្បន្ន មិនទាន់មាន​ករណី​ដូចនេះ​ត្រូវបាន​រាយការណ៍​នៅ​កាណាដា​នៅឡើយ ក្រោយពី​វ៉ាក់សាំង AstraZeneca ប្រមាណ 307,000ដូ​ស ត្រូវបាន​ប្រើប្រាស់។

    «យើង​កំពុង​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​របស់ AstraZeneca សម្រាប់​មនុស្ស​ដែលមាន​វ័យ​ក្រោម 55ឆ្នាំ ដើម្បី​រង់ចាំ​លទ្ធផល​នៃ​ការវិភាគ​អំពី​ផលប្រយោជន៍ និង​ហានិភ័យ​របស់​វ៉ាក់សាំង​នេះ» Haoard Njoo មន្ត្រី​សុខាភិបាល​មួយរូប​របស់​កាណាដា ឱ្យដឹង​ដូច្នេះ។ លោក Njoo សង្កត់ធ្ងន់ថា កាណាដា​សម្រេច​ធ្វើ​ដូច្នេះ​គឺ​ដោយសារ​មាន​វ៉ាក់សាំង​ផ្សេង​ពីនេះ​សម្រាប់​ជំនួស។ វ៉ាក់សាំង​បង្ការ Covid-19 ដែល​កាណាដា​កំពុង​ប្រើប្រាស់ ភាគច្រើន​គឺ​វ៉ាក់សាំង​របស់ Pfizer Inc និង Moderna Inc.។

    ក្រុមប្រឹក្សា​ជាតិ​ស្ដីអំពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង (National​ Advisory​ Committee​ on ​Immunization/​NACI) របស់​កាណាដា បានឱ្យដឹងថា អត្រា​នៃ​ការកើត​បញ្ហា​កកឈាម​ក្រោយ​ការចាក់​វ៉ាក់សាំង AstraZeneca នៅតែ​មិនទាន់​ច្បាស់លាស់។

    ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប បាន​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​របស់ AstraZeneca ក្នុង​រយៈពេល​ខ្លី​កាលពី​ដើមខែ​នេះ ដើម្បី​ស្រាវជ្រាវ​លើ​បញ្ហា​កកឈាម។ ប៉ុន្តែ ក្រោយមក ស្ទើរតែ​ទាំង​អស់នៃ​ប្រទេស​ទាំងនេះ បាន​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ឡើងវិញ។ ដោយឡែក ប្រទេស​បារាំង​យល់ថា គួរតែ​ចាក់​វ៉ាក់សាំង​របស់ AstraZeneca ដល់​មនុស្ស​ដែលមាន​វ័យ​ចាប់ពី 55ឆ្នាំ​ឡើងទៅ​តែប៉ុណ្ណោះ ដោយយោង​ទៅតាម​ភ័ស្ដុតាង​ដែល​បង្ហាញថា បញ្ហា​កកឈាម​មាន​ផលប៉ះពាល់​ដល់​មនុស្ស​ដែលមាន​វ័យ​នៅ​ក្មេង។

    គិត​ត្រឹម​ថ្ងៃទី 28មីនា មនុស្ស​យ៉ាងតិច 666,635នាក់​នៅ​កាណាដា បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់ ដែល​នេះ​គឺ​ស្មើនឹង 1.8% នៃ​ប្រជាជន​សរុប​របស់​ប្រទេស​នេះ។ បច្ចុប្បន្ន តួលេខ​អ្នក​វិជ្ជមាន​នឹង Covid-19 នៅ​កាណាដា បាន​ឡើងដល់​ជាង 971,700នាក់ ក្នុងនោះ​មាន 22,900នាក់​បាន​បាត់​បង់ជីវិត។

    នៅ​ទូទាំង​ពិភពលោក​ឯណោះ​វិញ គិត​ត្រឹម​ព្រឹក​ថ្ងៃទី 30មីនា 2021 មាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន​ជាង 128,231,000នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ប្រមាណ 2,803,900នាក់ និង​កំពុង​ព្យាបាល​ចំនួន​ជាង 21,987,800នាក់៕

    ប្រភព៖ CBC
    ប្រែ​សម្រួល៖ បុត្រា

  • ​​មន្ត្រីនគរបាល​ចំនួន 3នាក់ បាន​ស្លាប់​​ដោយសារ Covid-19 រាប់​ចាប់​ពី​​មាន​​ព្រឹត្តិការណ៍​សហគមន៍20កុម្ភៈ

    ​​មន្ត្រីនគរបាល​ចំនួន 3នាក់ បាន​ស្លាប់​​ដោយសារ Covid-19 រាប់​ចាប់​ពី​​មាន​​ព្រឹត្តិការណ៍​សហគមន៍20កុម្ភៈ

    ក្រសួងសុខាភិបាល​កម្ពុ​ជា ថ្ងៃនេះ​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 96នាក់ នាំឱ្យ​តួលេខ​សរុប​កើន​ដល់​ជិត 2,000នាក់។ ក្នុងថ្ងៃនេះ​ដែរ ក៏មាន​មន្ត្រីនគរបាល​ចរាចរ​ណ៍​ម្នា​ក់បាន​ស្លាប់​ដោយសារ​វីរុស Covid-19។

    យោងតាម​ក្រសួងសុខាភិបាល មន្ត្រីនគរបាល​ចរាច​រណ៍​ដែល​បាន​ស្លាប់​ខាងលើនេះ មាន​អាយុ 55ឆ្នាំ និង​មាន​ទីលំនៅ​ក្នុងភូមិ​ក្តី​ចាស់ ឃុំ​ព្រែក​ហ្លួង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

    អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន មានប្រសាសន៍ថា ចាប់តាំងពី​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍20កុម្ភៈ​មក មាន​មន្ត្រីនគរបាល​ចំនួន 3នាក់​ហើយ​ដែល​បាត់​បង់ជីវិត​ដោយសារ Covid-19 ហើយ​ក្រៅ​ពី​នេះ​​ក៏​នៅ​មាន​ 6​នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

    គិត​មកដល់​ថ្ងៃទី 26មីនា ឆ្នាំ2021 កម្ពុ​ជាមាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 1,968នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 8នាក់, អ្នកជា​សះស្បើយ 1,074នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 884នាក់។