Category: សុខភាព

  • ការចាក់​វ៉ាក់សាំង​បង្ការ​Covid-19 នឹង​អាច​ក្លាយជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​នាពេលខាងមុខ

    ការចាក់​វ៉ាក់សាំង​បង្ការ​Covid-19 នឹង​អាច​ក្លាយជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​នាពេលខាងមុខ

    វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ដែល​នឹង​មកដល់ កម្ពុជា ជា​បន្តទៀត នឹងត្រូវ​ផ្ដល់​អាទិភាព ចាក់​ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​ជុំវិញ​រាជធានី​ភ្នំពេញ។ នេះ​បើតាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន។

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ម្សិលមិញ បានស្នើ​ឱ្យ​គណៈកម្មការ​គ្រប់គ្រង​កិច្ច​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 រៀបចំ​ដំណើរ​ការចាក់​វ៉ាក់សាំង​ជា​បន្តទៀត ដោយ​ផ្តោតទៅលើ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ឱ្យខាងតែបាន ដើម្បី​បង្កើន​ភាពស៊ាំ​ឱ្យបាន ពេញលេញ ខណៈដែល Covid-19 កំពុង​រាតត្បាត​ខ្លាំង។

    មូលហេតុ​ចម្បង​នៃ​ការផ្ដល់​អាទិភាព​នេះ ត្រូវបាន​សម្ដេច អះអាងថា ដោយសារ​រាជធានី​ភ្នំពេញ គឺជា​ទីប្រជុំជន​ធំ និង​ជា​កន្លែង​ដែល​មនុស្សម្នា​ចេញ-ចូល ច្រើនជាងគេ ខណៈ​ខេត្តកណ្ដាល​គឺជា​តំបន់​ដែល​ព័ទ្ធជុំវិញ និង​ជាប់​ជាមួយនឹង​រាជធានី​ភ្នំពេញ។ យោងតាម​ក្រសួងសុខាភិបាល បច្ចុប្បន្ន រាជធានី​ភ្នំពេញ​គឺជា​កន្លែង​ដែល Covid-19 រាតត្បាត​ខ្លាំងជាងគេ ដោយមាន​អ្នក​ឆ្លង​សរុប​ចំនួន 1,490នាក់ ក្នុងនោះ​មាន 22នាក់​បាន​ស្លាប់ និង 459នាក់​កំពុង​ព្យាបាល ស្រប​ពេលដែល​ខេត្តកណ្ដាល​មាន​អ្នក​វិជ្ជមាន​សរុប 356នាក់ ឈរ​លំដាប់​ទី​បី បន្ទាប់ពី​ខេត្ត​ព្រះសីហនុ (544នាក់)។

    ភូមិ​សាស្ត្រ​ខេត្ត​កណ្ដាល​ និង​រាជធានី​ភ្នំ​ពេញ

    ទន្ទឹមនឹង​ការផ្ដល់​អាទិភាព​មុនគេ​ដល់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​មានប្រសាសន៍ ការចាក់​វ៉ាក់សាំង​បង្ការ​Covid-19 នាបច្ចុប្បន្ន​គឺជា​រឿង​ស្ម័គ្រចិត្ត ប៉ុន្តែ​អនាគត វា​នឹង​អាច​ក្លាយជា​កាតព្វកិច្ច​របស់​ពលរដ្ឋម្នាក់។ ក៏ប៉ុន្តែ ប្រការនេះ​នឹង​អាស្រ័យទៅលើ​ស្ថានការណ៍​ជាក់ស្ដែង​របស់​ពិភពលោក៕

    ប្រភព៖ AKP
    ដង​ស្រង់​ដោយ​៖ បុត្រា

  • រាជរដ្ឋាភិបាល​សម្រេច​បិទ​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នៅ​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន

    រាជរដ្ឋាភិបាល​សម្រេច​បិទ​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នៅ​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន

    ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​Covid-19 ទៅក្នុង​ខេត្តផ្សេងៗ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បិទ​ជា​បណ្ដោះអាសន្ន​រយៈពេល14ថ្ងៃ ចំពោះ​ការធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដោយ​រាប់​ចាប់ពី​ម៉ោង​សូន្យ​នៃ​ថ្ងៃទី7មេសា ឆ្នាំ2021 រហូតដល់​ថ្ងៃទី20មេសា ឆ្នាំ2021។

    បំរាម​គោចរ​ខាងលើនេះ​ត្រូវបាន​អនុវត្ត​ទូទាំងប្រទេស ដោយ​លើកលែងតែ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល។ នេះ​បើតាម​សេចក្ដីសម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវបាន​ធ្វើឡើង​នៅ​យប់​ថ្ងៃទី6មេសា ឆ្នាំ2021។

    ក្រៅពី​ប្រការ​ខាងលើ បទបញ្ជា​នេះ​ក៏មាន​ការលើកលែង​ចំពោះ​ការដឹកជញ្ជូន​មួយចំនួន​ផងដែរ ដែលមាន​ដូចជា រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន, រថយន្ត​ពន្លត់​អគ្គិភ័យ, រថយន្ត​ដឹកជញ្ជូន​សំរាម និង​កាកសំណល់។ល។

    ចំពោះ​​រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ក៏​នឹង​ត្រូវ​បាន​បិទ​ជាបណ្តោះអាសន្នរយៈពេល14​ថ្ងៃ​ផងដែរ​ ដោយ​រាប់​​ចាប់ពីថ្ងៃទី7 ខែមេសា។ ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីប្រកាស​ខាងក្រោម៖

     

  • ស្ថិតិ​Covid-19 គិត​ត្រឹម​ម៉ោង12 នៃ​ថ្ងៃទី6មេសា៖ ពិភពលោក​រកឃើញ​អ្នកជំងឺ​ថ្មី11,671នាក់ ខណៈ​កម្ពុជា​រកឃើញ72នាក់

    ស្ថិតិ​Covid-19 គិត​ត្រឹម​ម៉ោង12 នៃ​ថ្ងៃទី6មេសា៖ ពិភពលោក​រកឃើញ​អ្នកជំងឺ​ថ្មី11,671នាក់ ខណៈ​កម្ពុជា​រកឃើញ72នាក់

    ព្រឹក​ថ្ងៃទី6 ខែមេសា ឆ្នាំ2021នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង​Covid-19 ថ្មី​ចំនួន 72នាក់ នាំឱ្យ​តួលេខ​អ្នក​បាន​ឆ្លង​វីរុស​នេះ​សរុប​កើន​ដល់ 2,824នាក់។

    ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង 72នាក់​ខាងលើ មាន1នាក់​គឺជា​ករណី​នាំចូល និង 71នាក់​ជា​ករណី​ពាក់ពាន់​នឹង​​ព្រឹត្តិ​ការណ៍​20​កុម្ភៈ។ ក្នុង​រយៈពេល24ម៉ោង​កន្លងទៅ កម្ពុជា​ក៏មាន​អ្នកជា​សះស្បើយ​ចំនួន 47នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន1នាក់​ផងដែរ។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា មាន​អ្នកស្លាប់​ចំនួន 22នាក់, អ្នកជា​សះស្បើយ​ចំនួន 1,794នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 1,003នាក់ ក្នុងចំណោម​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 2,824នាក់ ដែល​ក្រសួងសុខាភិបាល​បាន​រក​ឃើញ​​កន្លង​មក។

    នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន​មាន​មនុស្ស 132,415,764នាក់​បាន​ឆ្លង​វីរុស​Covid-19 ក្នុងនោះ​មាន 2,873,715នាក់​បាន​ស្លាប់, 106,712,864នាក់​បានជា​សះស្បើយ, 22,829,185នាក់​កំពុង​ទទួល​ការព្យាបាល និង11,671នាក់​ទើបតែ​បាន​រកឃើញថា​វិជ្ជមាន​នឹង​Covid-19 ក្នុងអំឡុង24ម៉ោង​នៃ​ថ្ងៃទី5មេសា៕

  • កម្ពុ​ជាមាន​អ្នកស្លាប់​សរុប 21នាក់ ខណៈ​ពិភពលោក​មាន​អ្នកស្លាប់​ជាង 2.8លាន​នាក់ ដោយសារ​Covid-19

    កម្ពុ​ជាមាន​អ្នកស្លាប់​សរុប 21នាក់ ខណៈ​ពិភពលោក​មាន​អ្នកស្លាប់​ជាង 2.8លាន​នាក់ ដោយសារ​Covid-19

    ព្រឹក​ថ្ងៃទី5មេសា ឆ្នាំ2021នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា តួលេខ​សរុប​នៃ​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​វីរុស​Covid-19 នៅ​កម្ពុជា បាន​កើន​ឡើងដល់ 21នាក់។

    នៅក្នុង​ចំណោម​អ្នកស្លាប់​ទាំង 21នាក់​ខាងលើ មាន 11នាក់​ជា​ស្ត្រី និង 10នាក់​ជា​បុរស។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន 2,752នាក់ ក្នុងនោះ​មាន 63នាក់​ទើបតែ​បាន​រកឃើញ​ក្នុង​ថ្ងៃទី4មេសា ដែល​ករណី​ថ្មី​ទាំងនេះ​សុទ្ធតែជា​អ្នក​ពាក់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ កម្ពុជា​នៅមាន​អ្នកជំងឺ 984នាក់​កំពុង​ទទួល​ការព្យាបាល និង 1,747នាក់​បានជា​សះស្បើយ។

    នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 បាន​កើន​ដល់ 131,920,255នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 2,866,007នាក់, អ្នក​បានជា​ចំនួន 106,202,786នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 22,851,462នាក់។ ក្នុងអំឡុង 24ម៉ោង​កន្លង មាន​អ្នកជំងឺ​ថ្មី​ចំនួន 2,866,007នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 238នាក់​ផងដែរ៕

  • Covid-19 នៅ ASEAN៖ ស្លាប់​ជិត 60,000នាក់ ក្នុងនោះ​ស្ថានភាព​នៅ​ឥណ្ឌូនេស៊ី​គួរឱ្យ​បារម្ភ​ជាងគេ

    Covid-19 នៅ ASEAN៖ ស្លាប់​ជិត 60,000នាក់ ក្នុងនោះ​ស្ថានភាព​នៅ​ឥណ្ឌូនេស៊ី​គួរឱ្យ​បារម្ភ​ជាងគេ

    យោងតាម​ទំព័រ Worldometers គិត​ត្រឹម​ម៉ោង 23និង59នាទី​ថ្ងៃទី 4មេសា បណ្ដា​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) រកឃើញ​អ្នក​វិជ្ជមាន​នឹង​Covid-19 ចំនួន 19,281ករណី ខណៈដែល​តួលេខ​អ្នកស្លាប់​សរុប​របស់​តំបន់​នេះ​កើន​ដល់ 59,770នាក់។

    ក្នុង​រយៈពេល 24ម៉ោង​កន្លងទៅ​នៃ​ថ្ងៃទី4មេសា ASEAN មាន​សមាជិក​ចំនួន3 ដែលមាន​អ្នកស្លាប់​ដោយសារ​វីរុស​Covid-19 រួមមាន ហ្វីលីពីន, ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ខណៈដែល​ប្រទេស​ចំនួន 8 បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​Covid-19 ខណៈដែល ឡាវ និង​ប្រ៊ុយណេ មិនមាន​ករណី​វិជ្ជមាន ឬ​ស្លាប់ រីឯ​ប្រទេស​ភូមា មិនមាន​របាយការណ៍។

    ជារួម មកដល់​បច្ចុប្បន្ន Covid-19 បានសម្លាប់​មនុស្ស​ជាង 59,770នាក់ នៅក្នុង​តំបន់ ASEAN កើន 431​នាក់ បើ​ធៀប​នឹង​មួយ​ថ្ងៃមុន។ ចំណែក តួលេខ​សរុប​នៃ​អ្នក​ដែល​បាន​ឆ្លង​វីរុស​នេះ កើនឡើង​ដល់ 2,980,426​នាក់ ខណៈ​អ្នកជំងឺ​បានជា​សះស្បើយ​មាន​ចំនួន 2,621,508នាក់។

    ឥណ្ឌូនេស៊ី​នៅតែ​ជា​សម្បុក​វីរុស​Covid-19 ធំជាងគេ​បង្អស់​ក្នុង​តំបន់ ASEAN ដោយមាន​អ្នកជំងឺ​សរុប 1,534,255​នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ថ្មី 6,731នាក់, អ្នកស្លាប់​សរុប​កើន​ដល់ 41,669នាក់ ខ្ពស់ជាង​ម្សិលមិញ 427​នាក់។

    ហ្វីលីពីន៖ តួលេខ​អ្នក​វិជ្ជមាន​សរុប​នៃ​ប្រទេស​នេះ​កើន​ដល់ 795,051នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ថ្មី 11,028​នាក់, អ្នកស្លាប់​សរុប កើន​ដល់ 13,425នាក់ និង​កំពុង​ព្យាបាល 135,526នាក់។

    ម៉ាឡេស៊ី៖ អ្នកជំងឺ​សរុប 350,959នាក់, ស្លាប់ 1,288នាក់, ជាសះស្បើយ 335,162នាក់ និង​កំពុង​ព្យាបាល 14,509​នាក់។

    មី​យ៉ាន​ម៉ា៖ អ្នកជំងឺ​សរុប 142,497នាក់, ស្លប់ 3,206នាក់, កំពុង​ព្យាបាល 7,478នាក់។

    សិង្ហ​បុរី៖ អ្នកជំងឺ​សរុប 60,478នាក់, ស្លាប់ 30នាក់, កំពុង​ព្យាបាល 246នាក់។

    ប្រទេស​ថៃ៖ អ្នក​ឆ្លង​សរុប 29,127នាក់, អ្នកជំងឺ​ថ្មី 96នាក់, កំពុង​ព្យាបាល 1,258នាក់ និង​អ្នកស្លាប់​សរុប 95នាក់។

    កម្ពុជា កាលពី​ថ្ងៃទី4មេសា បានប្រកាសថា បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​ន 44នាក់ (ថ្ងៃទី3មេសា) នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន កើន​ដល់ 2.689នាក់ ក្នុងនោះ​មាន​អ្នកស្លាប់20នាក់ និង 1,017នាក់​កំពុង​ព្យាបាល។

    វៀតណាម៖ អ្នកជំងឺ​សរុប 2,631នាក់ ក្នុងនោះ​មាន 35នាក់​បាន​ស្លាប់ និង 213នាក់​កំពុង​ព្យាបាល។

    ប្រ៊ុយណេ៖ អ្នកជំងឺ​សរុប 214នាក់, ស្លាប់ 3នាក់, ជាសះស្បើយ 197នាក់ និង​កំពុង​ព្យាបាល 14នាក់។

    ឡាវ៖ អ្នកជំងឺ​សរុប 49នាក់, កំពុង​ព្យាបាល 3នាក់ និង​ជាសះស្បើយ 46នាក់។

    ប្រភព៖ Worldometers
    ដក​ស្រង់​និង​ប្រែសម្រួល​៖ បុត្រា

  • ផ្អាក​ដំណើរការ​ផ្សារ​អូរឫស្សី​រយៈពេល14ថ្ងៃ ដើម្បី​បង្ការ​Covid-19

    ផ្អាក​ដំណើរការ​ផ្សារ​អូរឫស្សី​រយៈពេល14ថ្ងៃ ដើម្បី​បង្ការ​Covid-19

    រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី3 ខែមេសា ឆ្នាំ2021នេះ បានសម្រេច​ផ្អាក​ការចេញចូល​ផ្សារ​អូរឫស្សី ជា​បណ្តោះអាសន្ន​រយៈពេល14ថ្ងៃ ដើម្បី​បង្ការ​វីរុស​Covid-19 ក្រោយ​អាជីវករ និង​សន្តិសុខ​មួយចំនួន​របស់​ផ្សារ​នេះ បាន​ឆ្លង​វីរុស។

    ការឆ្លង​វីរុស​នៅក្នុង​ផ្សារ​ខាងលើនេះ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​អធិប្បាយ​ថា បានកើត​ឡើងជា​បន្តបន្ទាប់ នៅ​ទីតាំងផ្សេងៗគ្នា និង​នៅតាម​តូច​ជាច្រើន គួរឱ្យ​ព្រួយបារម្ភ។

    ព័ត៌មាន​បន្ថែម សូម​បន្ត​អាន​សេចក្ដីជូនដំណឹង​ដូចខាងក្រោម៖

    ប្រភព​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ
    ដកស្រង់​៖ បុត្រា

  • សប្ដាហ៍​កន្លង ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ទូទាំង​ពិភពលោក​កើន 11%

    សប្ដាហ៍​កន្លង ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ទូទាំង​ពិភពលោក​កើន 11%

    ពិភពលោក​រកឃើញ​ជិត 131លាន​នាក់​ឆ្លង​វីរុស, ជាង 2.8លាន​នាក់​បាន​ស្លាប់​ដោយសារ Covid-19 ក្នុងនោះ ករណី​ឆ្លង​ថ្មី​ក្នុង​សប្ដាហ៍​កន្លង​បាន​កើន​នៅ​គ្រប់​ទីកន្លែង ប៉ុន្តែ នៅ​ទាប​ជាង​បើ​ធៀប​នឹង​ខែមករា។

    ពិភពលោក​ទាំងមូល មាន​អ្នក​ឆ្លង​Covid-19 សរុប​ចំនួន 130,791,702នាក់ និង​អ្នកស្លាប់​ចំនួន 2,849,976​នាក់ ក្នុងនោះ​មាន​អ្នក​ឆ្លង​ថ្មី 626,703នាក់

    និង​ស្លាប់​ថ្មី 10,191នាក់ ខណៈ 105,288,757នាក់​ជាសះស្បើយ និង 22,652,969នាក់​កំពុង​ទទួល​ការព្យាបាល។

    ជា​មធ្យម ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ កើន 582,000នាក់ ស្មើនឹង 11% ក្នុង​សប្ដាហ៍​កន្លង នេះ​បើតាម​ស្ថិតិ​របស់ AFP។ ការកើនឡើង​នេះ​បានចាប់ផ្ដើម​តាំងពី​មួយខែ​មុន ប៉ុន្តែ តួលេខ​អ្នក​ឆ្លង​ថ្មី​បច្ចុប្បន្ន នៅតែ​ទាប​ជាង​តួលេខ 743.600នាក់​នៃ​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​ក្នុង​សប្ដាហ៍​មួយ​ដែល​រាប់​ពីថ្ងៃ​ទី 5-11 ខែមករា។

    ករណី​វិជ្ជមាន​ថ្មី​កើន 32% នៅ​ទ្វីបអាស៊ី, 15% នៅ​សហរដ្ឋអាមេរិក និង​កាណាដា, 9% នៅ​អឺរ៉ុប, 6% នៅ​អាហ្វ្រិក អាមេរិក​ខាងត្បូង និង​តំបន់ ការី​ប៊ី​ន, 2% នៅ​តំបន់​មជ្ឈិមបូព៌ា។

    នៅ​ទ្វីបអូសេអានី ករណី​ឆ្លង​ថ្មី​ថយចុះ 31% ក្រោយពី​ការកើនឡើង​យ៉ាងខ្ពស់​កាលពី​សប្ដាហ៍​មុន​នៅ​ប្រទេស​ប៉ា​ពួ​នូវ​ហ្គី​ណេ។ ប្រទេសផ្សេងៗក្នុង​តំបន់​នេះ ស្ទើរតែ​លែងមាន​វត្តមាន Covid-19 ទៅហើយ។

    ទុយ​នេ​ស៊ី​គឺជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ថ្មី​ច្រើនជាងគេបង្អស់​ក្នុង​សប្ដាហ៍​កន្លង ដោយមាន​ជាង 1,000ករណី ស្មើនឹង​កំណើន 77% ត្រូវបាន​រាយការណ៍​ជា​រៀងរាល់ថ្ងៃ​កាលពី​សប្ដាហ៍​មុន។ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់, បង់​ក្លា​ដែ​ស, អា​ហ្ស​ង់​ទីន និង ក្រូ​អាស៊ី តាម​ពីក្រោយ​ទុយ​នេ​ស៊ី។

    តំបន់​វ៉ែ​សបែង​គឺជា​ទី​ដែលមាន​ករណី​វិជ្ជមាន​ថ្មី​ថយចុះ​ជាងគេ (40%) ប៉ុន្តែ នៅតែ​ស្ថិតក្នុង​មធ្យមភាគ 1,000​ករណី/ថ្ងៃ។

    ប្រេ​ស៊ី​ល​គឺជា​ប្រទេស​ដែលមាន​ករណី​ស្លាប់ និង​វិជ្ជមាន​ថ្មី​ច្រើនជាងគេ​ក្នុង​សប្ដាហ៍​កន្លង ដោយ​មធ្យមភាគ​នៃ​ករណី​​ស្លាប់​ថ្មី​ជា​រៀងរាល់ថ្ងៃ​មាន​ចំនួន 3,117នាក់។ ឈរ​លេខ​ពីរ​គឺ​សហរដ្ឋអាមេរិក ដោយមាន​អ្នកស្លាប់​ជា​មធ្យម 962នាក់​ក្នុង​មួយថ្ងៃ៕

    ប្រភព​៖AFP
    ប្រែ​សម្រួល៖ បុត្រា

  • អង់គ្លេស​បាន​​រកឃើញថា «ករណី​​កក​ឈាម​​ក្រោយ​ការចាក់​វ៉ាក់សាំង​បង្ការ​Covid-19 ​របស់​ AstraZeneca កើនឡើង​ច្រើនជាង​មុន 6ដង»

    អង់គ្លេស​បាន​​រកឃើញថា «ករណី​​កក​ឈាម​​ក្រោយ​ការចាក់​វ៉ាក់សាំង​បង្ការ​Covid-19 ​របស់​ AstraZeneca កើនឡើង​ច្រើនជាង​មុន 6ដង»

    ក្រុមមន្ត្រី​សុខាភិបាល​នៃ​ចក្រភព​អង់គ្លេស បាន​រកឃើញ​មនុស្ស​ចំនួន 30នាក់ ដែលមាន​បញ្ហា​កកឈាម បន្ទាប់​ពី​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រុមហ៊ុន AstraZeneca។

    នាយកដ្ឋាន​គ្រប់គ្រង​ឱសថ និង​ផលិតផល​ថែទាំ​សុខភាព​អង់គ្លេស (MHRA) កាលពី​ថ្ងៃទី 1មេសា បានឱ្យដឹងថា ពួកគេ​បាន​រកឃើញ​មនុស្ស​ចំនួន 22នាក់ ដែលមាន​បញ្ហា​ឈាមកក​នៅក្នុង​សរសៃឈាម​ខួរក្បាល ជា​ជំងឺ​កក​ឈាម​​មួយ​ប្រភេទ​ដែល​កម្រ​កើតមាន រួម​នឹង​ករណី​កកឈាម​ចំនួន 8នាក់​ផ្សេងទៀត​ដែល​ទាក់ទិន​នឹង​បញ្ហា​ប្លា​កែ​ត (platelets or thrombocytes) នៅក្នុង​ចំណោម​វ៉ាក់សាំង AstraZeneca ចំនួន 18.1លាន​ម្ចុ​ល ដែល​ត្រូវបាន​ចាក់។ ពុំមាន​របាយការណ៍​ណាមួយ ស្ដីអំពី​បញ្ហា​កកឈាម បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​របស់ BioNTech និង Pfizer នោះទេ។

    តួ​លេខា​ខាងលើនេះ ខ្ពស់ជាង​ច្រើនដង បើ​ធៀប​នឹង​តួលេខ​ដែល​ត្រូវបាន MHRA ប្រកាស​កាលពី​ថ្ងៃទី 18មីនា ដែលថា ខ្លួន​បាន​រកឃើញ​ប​ញ្ហ​កកឈាម​ចំនួន 5ករណី នៅក្នុង​ចំណោម​វ៉ាក់សាំង 11លាន​ម្ជុល​ដែល​ត្រូវបាន​ចាក់ ពោលគឺ​ប្រហាក់ប្រហែល​នឹង​អត្រា 1/1000,000នាក់។

    វ៉ាក់សាំង​បង្ការ Covid-19 ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន AstraZeneca សហការ​ជាមួយ​សាកលវិទ្យាល័យ Oxford នៃ​ប្រទេស​អង់គ្លេស​នេះ ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់ ឬ​ដាក់ឱ្យ​ចរាចរ​នៅលើ​ទីផ្សារ​នៃ​ប្រទេស​ជាង 50 ក្នុង​ពិភពលោក ក្នុងនោះ​មាន​ទាំង​អង់គ្លេស និង​សហភាព​អឺរ៉ុប (EU) ផងដែរ៕

    ប្រភព៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • ស្ថិតិ Covid-19 នៅ​កម្ពុជា ក្នុងអំឡុង​ថ្ងៃទី 1មេសា ឆ្នាំ2021

    ស្ថិតិ Covid-19 នៅ​កម្ពុជា ក្នុងអំឡុង​ថ្ងៃទី 1មេសា ឆ្នាំ2021

    ករណី​ឆ្លង​វីរុស​Covid-19 ថ្មី​ចំនួន 69នាក់ ត្រូវបាន​រកឃើញ​ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 1មេសា ឆ្នាំ2021 ទន្ទឹមនឹង​អ្នកជំងឺ​ចំនួន 16នាក់ បានជា​សះស្បើយ។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង 69នាក់​ខាងលើ មាន 1នាក់​ជា​ករណី​នាំចូល (មិនមែនជា​ពលករ​ខ្មែរ​មកពី​ថៃ) និង 68នាក់​ទៀត​ជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។

    គិត​មកដល់​បច្ចុប្បន្ន (2មេសា) កម្ពុ​ជាមាន​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 2,546នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 16នាក់, អ្នកជា​សះស្បើយ​ចំនួន 1,256នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 1,270នាក់។

  • អស្ចារ្យ!!  រកឃើញ​វ៉ាក់សាំង​កូ​វីដ-19 របស់ Pfizer មាន​ប្រសិទ្ធភាព 100% លើ​កុមារ​អាយុ12 ដល់ 15ឆ្នាំ

    អស្ចារ្យ!!  រកឃើញ​វ៉ាក់សាំង​កូ​វីដ-19 របស់ Pfizer មាន​ប្រសិទ្ធភាព 100% លើ​កុមារ​អាយុ12 ដល់ 15ឆ្នាំ

    BioNtech និង Pfizer បាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃ​ពុធ ទី31 មីនា​ម្សិលមិញ​ថា វ៉ាក់សាំង​របស់​ពួកគេ មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី 100% ចំពោះ​កុមារ​អាយុ 12ដល់15ឆ្នាំ ព្រមទាំង​សង្ឃឹម​បានទទួល​ការអនុម័ត​ឱ្យប្រើ​ទៅលើ​មនុស្ស​វ័យ​ជំទង់ មុន​ការបើក​ឆ្នាំ​សិក្សា​បន្ទាប់​ទៀត។

    ទាំង 2ក្រុមហ៊ុន បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ការសាកល្បង​ដំណាក់កាល​ទី3 ជាមួយ​ក្រុម​យុវវ័យ​ចំនួន 1,260នាក់​នៅក្នុង​សហរដ្ឋអាមេរិក បាន “ពិសោធ​ឃើញ​ប្រសិទ្ធភាព 100% និង​ការ​តបស្នង​របស់​អង្គ​បដិបក្ខប្រាណ​ដ៏​រឹងមាំ”

    ចំណែក​លោក អាល់​ប៊ើ​ត បួ​ឡា ប្រធាន​ក្រុម​ភ្នាក់ងារ​ប្រតិបត្តិ​របស់​ហ្វ៉ៃ​ហ្ស៊ើ​រ បាន​បញ្ជាក់ថា “យើង​មាន​ផែនការ​ដាក់​បង្ហាញ​ទិន្នន័យ​នេះ​ទៅ FDA (គណៈកម្មការ​គ្រប់គ្រង​របៀប​ច្បាប់​សហរដ្ឋអាមេរិក) ស្នើសុំ​កែសម្រួល​ការអនុញ្ញាត ឱ្យប្រើ​ក្នុងករណី​អាសន្ន​របស់​យើង ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​ទៀត និង​ដាក់​បង្ហាញ​ទិន្នន័យ​ទៅ​គណៈ​អ្នកគ្រប់គ្រង​របៀប​ច្បាប់ផ្សេងៗទៀត ទូទាំង​ពិភពលោក ដោយ​ក្ដី​សង្ឃឹមថា នឹង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង ឱ្យ​ក្រុមមនុស្ស​អាយុ​នេះ មុន​ចាប់ផ្ដើម​ឆ្នាំ​ការសិក្សា​ខាងមុខ”

    ចំណែក​ប្រធាន​ប្រតិបត្តិ​របស់ បៃ​អូ​អេ​ន​ថេ​ក ក្រុមហ៊ុន​សញ្ជាតិ​អាល្លឺម៉ង់ បាន​បន្ថែមថា លទ្ធផល​ការសាកល្បង​ដែល​បង្ហាញឱ្យឃើញ​អំពី​ប្រសិទ្ធភាព​ក្នុងការ​ការពារ​កម្រិត​ខ្ពស់ សម្រាប់​មនុស្ស​វ័យ​ជំទង់​នេះ “គឺជា​រឿង​មួយ ដែល​សាង​កម្លាំងចិត្ត និង​កម្លាំង​ស្មារតី​យ៉ាងខ្លាំង ជាពិសេស​ក្នុង​សញ្ញា​ដែល​យើង​បាន​ប្រទះឃើញ​ក្នុង​ច្រើន​សប្ដាហ៍​កន្លងមកនេះ ពាក់ព័ន្ធ​នឹង​ការឆ្លង​រាលដាល​របស់​មេរោគ​ក្លាយ​ពូជ​ចក្រភព​អង់គ្លេស B.1.1.7”

    វ៉ាក់សាំង​របស់ បៃ​អូ​អេ​ន​ថេ​ក និង​ហ្វ៉ៃ​ហ្ស៊ើ​រ ផលិត​ពី​ការប្រើ​រូបមន្ត​មូលដ្ឋាន​របស់​តិច​ណូ​ឡូ​ជី mRNA និង​ជា​វ៉ាក់សាំង​កូ​វីដ-19 ដំបូង​គេ​ដែល​បានទទួល​ការអនុម័ត​នៅក្នុង​ប្រទេស​លោកខាងលិច កាលពី​អំឡុង​ចុងឆ្នាំ​កន្លងទៅ។

    ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប សុទ្ធតែ​ឯកភាព​យល់ព្រម​អនុម័ត​ឱ្យប្រើ​ក្នុងករណី​អាសន្ន ជាមួយ​បុគ្គល​ដែលមាន​អាយុ 16ឆ្នាំ​ឡើងទៅ ដែល​ចាប់តាំងពី​ពេល​នោះមក វា​ត្រូវបាន​គេ​ប្រើ​ទៅលើ​មនុស្ស​ជាច្រើន​លាន​នាក់ នៅក្នុង​ប្រទេសផ្សេងៗ ច្រើនជាង 65ប្រទេស​ទូទាំង​ពិភពលោក។

    លទ្ធផល​ការសិក្សា​ស្រាវជ្រាវ នៅក្នុង​ពិភពលោក ដែល​ពាក់ព័ន្ធ​នឹង​ប្រជាជន 1.2លាន​នាក់ នៅក្នុង​ប្រទេស​អ៊ីស្រាអែល បាន​រកឃើញថា វ៉ាក់សាំង​របស់ បៃ​អូ​អេ​ន​ថេ​ក និង​ហ្វ៉ៃ​ហ្ស៊ើ​រ មាន​ប្រសិទ្ធភាព​ខ្ពស់ ដល់​ទៅ 94%។

    ក្នុងខណៈដែល​ពិភពលោក​កំពុង​ស្ទុះស្ទា​ចាក់​វ៉ាក់សាំង ក្រុមហ៊ុន​បៃ​អូ​អេ​ន​ថេ​ក បាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ ទី30 មីនា​ថា ពួកគេ​កំពុងស្ថិត​លើ​ដំណើរ​ផ្លូវ​នៃ​ការផលិត​វ៉ាក់សាំង​ឱ្យបាន 2,500លាន​ដូ​ស​ក្នុងឆ្នាំនេះ។

    កម្លាំង​ផលិត​ដែល​ខ្ពស់​ឡើង​នេះ បានកើត​ឡើង​ពី​ការ​ទើបនឹង​បើក​ប្រភព​ផលិត​ថ្មី​កាលពីពេលថ្មីៗនេះ នៅក្នុង​ទីក្រុង​ម៉ា​បួ​ក របស់​ប្រទេស​អាល្លឺម៉ង់ ដែល​ពេលនេះ​បាន​ក្លាយជា​រោងចក្រ​មួយ​ក្នុងចំណោម​រោងចក្រ​ផលិត​វ៉ាក់សាំង​រូបមន្ត mRNA ដែល​ធំ​បំផុត​ក្នុង​ពិភពលោក។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រម​ហ៊ុន​ខាងលើ។

    ក្រៅពីនេះ នៅមាន​ការផលិត​វ៉ាក់សាំង​ប្រភេទ​ខាងលើ នៅឯ​រោក​ចក្រ​មួយ​របស់​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ នៅក្នុង​ប្រទេស​បែលហ្ស៊ិក និង​រោងចក្រ 3ទៀត​នៅក្នុង​សហរដ្ឋអាមេរិក។

    បៃ​អូ​អេ​ន​ថេ​ក បាន​បញ្ជាក់ថា ប្រសិទ្ធភាព​ដែល​ល្អប្រសើរ​ឡើង​នេះ និង​កិច្ចព្រមព្រៀង​សហការ​ថ្មី ជាមួយ​បណ្ដា​សម្ព័ន្ធមិត្ត​ខាងក្រៅ នឹង​ជួយ​លើកកម្ពស់​គោលដៅ​ការផលិត​វ៉ាក់សាំង​រប​ស់​ពួកគេ​ដូចគ្នា។

    កាលពី​សប្ដាហ៍​កន្លងទៅ បៃ​អូ​អេ​ន​ថេ​ក និង​ហ្វ៉ៃ​ហ្ស៊ើ​រ បានចាប់ផ្ដើម​ធ្វើការ​សិក្សា​ប្រសិទ្ធភាព​វ៉ាក់សាំង​ជាមួយ​កុមារ​អាយុ​តិច ដោយបាន​ចាក់​វ៉ាក់សាំង​ឱ្យ​កុមារ​អាយុ​ចន្លោះ​ពី 5ដល់11ឆ្នាំ 1ក្រុម​ដំបូង​គេ រួចរាល់​ហើយ។

    ទាំងអស់នេះ គេ​រំពឹងថា នឹង​បានចាប់ផ្ដើម​ផ្ដល់​វ៉ាក់សាំង ដូ​ស​ដំបូង​ទៅឱ្យ​កុមារ​ក្នុង​ក្រុម​អាយុ 2ដល់5ឆ្នាំ ក្នុង​សប្ដាហ៍​ខាងមុខ ដែល​នឹង​គ្របដណ្ដប់​ទៅដល់​ទារក​វ័យ​តេះតះ អាយុ​ទាប​បំផុត 6ខែ​ផងដែរ៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP
    ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ