Category: សុខភាព

  • កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 ចំនួន​ 277​នាក់​ ក្នុង​ថ្ងៃទី​11​មេសា​

    កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 ចំនួន​ 277​នាក់​ ក្នុង​ថ្ងៃទី​11​មេសា​

    នា​ព្រឹក​ថ្ងៃទី 12មេសា ឆ្នាំ2021 ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 277​​​នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 11​មេសា ឆ្នាំ2021។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង 277​នាក់​ខាងលើ សុទ្ធ​តែ​​ជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ ក្នុង​ថ្ងៃទី 11​មេសា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 60​​នាក់ បានជា​សះស្បើយ និង​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​ 1​នាក់​​។

    គិត​មកដល់​ព្រឹក​នេះ (12មេសា) ទូទាំងប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​Covid-19 សរុប​ចំនួន 4,515​​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 2,212​នាក់, អ្នកស្លាប់ 30​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 2,268​នាក់។

    ប្រភព​៖ ក្រសួង​សុខាភិបាល​
    ដក​ស្រង់​៖ បុត្រា

  • អាមេរិក រិះគន់ថា ចិន​ធ្វើឱ្យ Covid-19 កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ខណៈ​ពិភពលោក​មាន​អ្នក​ឆ្លង​Covid-19 ជិត137លាន​នាក់

    អាមេរិក រិះគន់ថា ចិន​ធ្វើឱ្យ Covid-19 កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ខណៈ​ពិភពលោក​មាន​អ្នក​ឆ្លង​Covid-19 ជិត137លាន​នាក់

    ពិភពលោក​ទាំងមូល ​បច្ចុប្បន្ន​ មាន​អ្នក​ឆ្លង​វីរុស​Covid-19 ជិត 137លាន​នាក់ និង​ជាង 2.9លាន​នាក់​បាន​ស្លាប់ ធ្វើឱ្យ​សហរដ្ឋ​អាមេរិក រិះគន់​ចិន និង​ជំរុញ​ឱ្យ​ស្វែងរក​ប្រភព​ពិត​របស់​វីរុស​នេះ។

    គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​Covid-19 សរុប​ចំនួន 136,613,721នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 2,948,824នាក់, អ្នកជា​សះស្បើយ 109,840,495នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 23,824,402នាក់។ នេះ​បើតាម​ទំព័រ Worldometers។

    ទាក់ទិន​នឹង​បញ្ហា Covid-19 រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក Antony Blinken កាលពី​ថ្ងៃទី11មេសា បាន​រិះគន់​ចិន​ថា មិនបាន​ផ្ដល់​សិទ្ធិ​ដល់​ក្រុម​អ្នកជំនាញ​អន្តរជាតិ និង​មិន​ព្រម​ចែករំលែក​ទិន្នន័យ​ទៅតាម​ពេលវេលា​ទាន់​ហេតុការណ៍។ «ជា​លទ្ធផល​គឺថា បាន​បាត់បង់​ការគ្រប់គ្រង​លើ​វីរុស​យ៉ាង​ឆាប់រហ័ស និង​កាន់តែ​ធ្ងន់ធ្ងរ» លោក Antony Blinken ថ្លែង​ដូច្នេះ។

    ពលរដ្ឋ​រង់​ចាំ​ចាក់​វ៉ាក់សាំង​ នៅ​ប្រទេស​ចិន​

    ការ​ថ្លែង​របស់លោក Blinken បាន​សង្កត់ធ្ងន់​ទៅលើ​ការរិះគន់​ពី​សំណាក់​ក្រុមមន្ត្រី​របស់លោក Joe Biden សំដៅលើ​ទៅ​ក្រុង​ប៉េកាំង នាពេលថ្មីៗនេះ ក្នុងនោះ​ក៏មាន​ការយល់ឃើញថា ចិន​ខ្វះ​តម្លាភាព​ក្នុង​គ្រា​ដំបូង​នៃ​វិបត្តិ​សុខភាព។

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពី​ថ្ងៃទី30មីនា បានឱ្យដឹងថា ទិន្នន័យ​ជាច្រើន​មិនត្រូវ​បានផ្ដល់​ដល់​ក្រុម​អ្នកជំនាញ​របស់ WHO នៅក្នុង​ដំណើរ​ស្វែងរក​ប្រភព​វីរុស​Covid-19 នៅ​ប្រទេស​ចិន ហើយ​ថា បញ្ហា​ជាច្រើន​ទៀត​ត្រូវការ​ការស្រាវជ្រាវ​បន្ថែម។

    «ប្រការ​សំខាន់​គឺ​ត្រូវតែមាន​លទ្ធផល​ចុងក្រោយ​ដែល​ប្រាកដប្រជា​អំពី​របៀប​ដែល​វីរុស​ផ្ទុះ​ឆ្លង​រាលដាល។ យើង​ត្រូវ​ការធ្វើ​ដូច្នេះ​ដើម្បី​យល់ច្បាស់​អំពី​អ្វីដែល​បានកើត​ឡើង និង​ទប់ស្កាត់​ការកើតឡើង​ជាថ្មី។ នោះ​គឺជា​មូលហេតុ​ដែល​យើង​ត្រូវការ​ស្វែងយល់​រហូតដល់​ទីបញ្ចប់» លោក BlinKen ថ្លែង​ដូច្នេះ និង​បាន​បន្តថា ចិន​ត្រូវតែ​ចូលរួម​កែសម្រួល​ប្រព័ន្ធ​សន្តិសុខ​សុខាភិបាល​ជាស​កល ដើម្បី​ធានា​នូវ​តម្លាភាព និង​ការចែករំលែក​ព័ត៌មាន​ពិត។

    ពលរដ្ឋ​អាមេរិកាំង​ កំពុង​រង់​ចាំ​ចាក់​វ៉ាក់សាំង​

    សហរដ្ឋអាមេរិក គឺជា​សម្បុក​វីរុស​Covid-19 ធំជាងគេ​ក្នុង​ពិភពលោក ដោយបាន​រកឃើញ​អ្នក​វិជ្ជមាន 31,918,591នាក់ និង​ស្លាប់ 575,829នាក់។ វ៉ាក់សាំង​ជិត 175លាន​ដូ​សត្រូវ​បាន​ចាក់​នៅ​ប្រទេស​នេះ រាប់​ចាប់ពី​ដើមខែ​ធ្នូ ឆ្នាំ2020។ ពលរដ្ឋ​​ជាង 112លាន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ម្ជុល ស្មើនឹង​ជាង 1/3 នៃ​ចំនួន​ប្រជាជន​សរុប​របស់​សហ​រដ្ឋ​អាមេរិក។

    គិត​មកដល់​ថ្ងៃទី8មេសា ឆ្នាំ​2021​ ពលរដ្ឋ​អាមេរិកាំង​ជិត 20% បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់។ ក្រុមហ៊ុន Pfizer កាលពី​ថ្ងៃទី9 ខែមេសា បានឱ្យដឹងថា កំពុង​សុំច្បាប់​ពី​រដ្ឋាភិបាល​ដើម្បី​ប្រើប្រាស់​វ៉ាក់សាំង សម្រាប់​កុមារ​ចាប់ពី​អាយុ12-15ឆ្នាំ ហើយ​ក្រុមហ៊ុន​ក៏​នឹង​ដាក់សំណើ​ដូចគ្នានេះ​ទៅកាន់​ស្ថាប័ន​ដទៃទៀត​នៅ​ទូទាំង​ពិភពលោក នាពេលខាងមុខ៕

    ប្រភព៖ CNN
    ប្រែសម្រួល​៖ បុត្រា

  • អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​ឱ្យ​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន

    អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​ឱ្យ​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន

    រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី10មេសា ឆ្នាំ2021 បានចេញ​សេចក្ដីប្រកាស​ណែនាំ​ឱ្យ​ផ្អាក​ការលក់​គ្រឿង​ស្រវឹង និង​ហាម​មិន​ឱ្យទទួល​អតិថិជន​ចូលមក​ទទួលទាន​ក្នុង​បរិវេណ​អាជីវកម្ម​របស់ខ្លួន ជា​បណ្ដោះអាសន្ន រយៈពេល2សប្ដាហ៍។

    បំរាម​បណ្ដោះអាសន្ន​ដែល​ត្រូវបាន​រដ្ឋបាល​រាជធានី​ធ្វើឡើង មាន​ចំនួន 3ប្រការ រួមមាន​ដូចខាងក្រោម៖

    ទីមួយ៖ គ្រប់​ផ្សារ​រដ្ឋ ផ្សារ​ទំនើប ផ្សារ​ម៉ា​ត ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូច​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ-ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ រយៈពេល 2សប្ដាហ៍ រាប់​ចាប់ពី​ថ្ងៃទី11មេសា ឆ្នាំ2021 ដល់​ថ្ងៃទី24មេសា ឆ្នាំ2021។

    ទី​ពីរ៖ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ-ភេសជ្ជៈ​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​ចំពោះ​ការទទួល​អតិថិជន​ចូលមក​ទទួលទាន​ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​របស់ខ្លួន ប៉ុន្តែ អាច​ប្រកប​អាជីវកម្ម​លក់ដូរ​ជា​លក្ខណៈ​វេច​ខ្ចប់​បាន។

    ទី​បី៖ ដើម្បី​ធានា​ឱ្យ​សេចក្ដីណែនាំ​ខាងលើ ត្រូវបាន​អនុវត្ត​ពេញលេញ រដ្ឋបាល​រាជធានី​បានស្នើ​ឱ្យ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ សហការគ្នា​ដើម្បី​ត្រួតពិនិត្យ និង​អនុវត្តតាម​ការណែនាំ​នេះ។ ប្រសិន​មាន​ករណី​មិន​ព្រម​ធ្វើតាម​បំរាម សមត្ថកិច្ច​នឹងធ្វើ​កិច្ចសន្យា​ណែនាំ​លើកទីមួយ ប៉ុន្តែ នឹង​ចាត់វិធានការ​រដ្ឋបាល​ទៅតាម​ច្បាប់ បើសិន​នៅតែ​បំពាន​ជា​លើក​ទី​ពីរ។ នេះ​បើតាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​របស់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​ថ្ងៃទី10មេសា ឆ្នាំ2021៕

    ប្រភព៖ សាលា​ក្រុង​ភ្នំ​ពេញ
    ដក​ស្រង់ដោយ​៖ បុត្រា

  • បញ្ជី​ឈ្មោះ​អ្នកជំងឺ​Covid-19 ថ្មី ​ចំនួន​56​នាក់​ ដែល​ក្រុមគ្រូពេទ្យ​ពុំទាន់​រកឃើញ​ទីតាំង

    បញ្ជី​ឈ្មោះ​អ្នកជំងឺ​Covid-19 ថ្មី ​ចំនួន​56​នាក់​ ដែល​ក្រុមគ្រូពេទ្យ​ពុំទាន់​រកឃើញ​ទីតាំង

    រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី10 ខែមេសា ឆ្នាំ2021 បានចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​មួយ​ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​អ្នកជំងឺ​Covid-19 ថ្មី​ចំនួន56នាក់ ដែល​ក្រុមគ្រូពេទ្យ​ពុំទាន់​រកឃើញ​ទីកន្លែង​ស្នាក់នៅ​របស់​ពួកគេ​នៅឡើយ។

    ការបង្ហាញ​អត្តសញ្ញាណ​នេះ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ អះអាងថា គឺ​ដើម្បី​ផ្តល់​ជា​ព័ត៌មាន​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល អាច​ទៅធ្វើ​តេស្តរ​កវី​រុស​Covid-19 និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាន់ពេលវេលា។ ប្រការនេះ​ក៏​ដើម្បី​បង្ការ​ការចម្លង​វីរុស​ដល់​អ្នកដទៃ​ដោយ​អ​ចេតនា និង​ចៀសវាង​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​ធ្ងន់ធ្ងរ​ដែល​អាច​បាត់បង់​ជីវិត។

    ព័ត៌មាន​លម្អិត​អំពី​អត្តសញ្ញាណ​របស់​អ្នកជំងឺ​ថ្មី​ទាំង56នាក់​នេះ សូម​បន្ត​អាន​បញ្ជី​ឈ្មោះ​ខាងក្រោម៖

    ប្រភព៖ រដ្ឋបាល​រាជធានី​ភ្នំពេញ
    ដកស្រង់​ដោយ៖ បុត្រា

  • ខ្លឹមសារ​សំខាន់​មួយចំនួន​នៃ​ការ​ថ្លែង​សារ​ពិសេស​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ថ្លែង​នា​ព្រឹក​ថ្ងៃទី10មេសា​នេះ

    ខ្លឹមសារ​សំខាន់​មួយចំនួន​នៃ​ការ​ថ្លែង​សារ​ពិសេស​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ថ្លែង​នា​ព្រឹក​ថ្ងៃទី10មេសា​នេះ

    នា​ព្រឹក​ថ្ងៃទី10 ខែមេសា ឆ្នាំ2021នេះ ពី​ភូមិគ្រឹះ​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​Covid-19 នៅ​កម្ពុជា។

    នៅក្នុង​ការ​ថ្លែង​សារ​ពិសេស​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​មានប្រសាសន៍​អំពី​ចំណុច​សំខាន់​មួយចំនួន មាន​ដូចខាងក្រោម៖

    *អ្នក​ដើរលេង​ទាំងឡាយណា​ដែល​ធ្វើដំណើរ​ដោយ​រំលោភ​លើ​បទបញ្ជា​បំរាម​គោចរ យានជំនិះ​របស់​ពួកគេ​នឹង​ត្រូវបាន​ឃាត់ទុក​រយៈពេល14ថ្ងៃ និង​អនុញ្ញាតឱ្យ​ត្រលប់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅឯ​ផ្ទះ។ នៅពេល​បានធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់14ថ្ងៃ អ្នក​ដែល​បាន​រំលោភ​លើ​បំរាម​គោចរ អាច​ទៅយក​យានជំនិះ​វិញ​បាន។

    *សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​ស្ថិតក្នុង​តំបន់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ការបិទ​ខ្ទប់ នឹងមិន​ត្រូវបាន​ទុកចោល​នោះឡើយ ពោលគឺ​នឹង​ទទួលបាន​ជំនួយ​សមស្រប៖ ពលរដ្ឋ​ទាំងឡាយ​ដែល​ស្ថិតក្នុង​តំបន់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ជា​កញ្ចប់ ចំនួន300,000រៀល។ សម្រាប់​តំបន់​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នឹង​ទទួលបាន​កញ្ចប់​ថវិកា​ជំនួយ​សរុប ចំនួន 5000,000,000រៀល។ ចំណែក​គ្រួសារ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រដ្ឋ​នឹង​លើកលែង​ថ្លៃ​ទឹក និង​ថ្លៃ​ភ្លើង រយៈពេល2ខែ​ពេញ។

    *នៅក្នុង​ការ​ថ្លែង​សារ​នេះដែរ ប្រមុខ​រដ្ឋាភិបាល​ក៏បានផ្ដល់​អនុសាសន៍​ដ​ល់​ថ្នាក់ដឹកនាំ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​លើ​បញ្ហា​មួយចំនួន​ដើម្បី​ទប់​កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដោយ​ការបិទ​ខ្ទប់ ឬ​ដាក់​បំរាម​គោចរ។ សម្ដេច បញ្ជាក់ថា ពលរដ្ឋ​ក្នុង​តំបន់ ឬ​ភូមិ​ដែល​ត្រូវ​បិទ​ខ្ទប់​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក អាច​ចេញ-ចូល​តំបន់​នោះបាន ប៉ុន្តែ​ត្រូវមាន​មូលហេតុ​សមស្រប ក្នុងនោះ​មានដូចជា ការ​ទៅកាន់​មន្ទីរពេទ្យ​ជាដើម។

    *កម្មវិធី​ជួបជុំ មានដូចជា ពិធីមង្គលការ ពិធីជប់លៀង ឬ​ពិធីបុណ្យ​ជាដើម ក៏ត្រូវ​ហាមឃាត់​ជា​បណ្ដោះអាសន្ន​ផងដែរ។

    *សម្ដេច ក៏បាន​រំលឹក​ឱ្យ​គោរព​វិធាន​បង្ការ​វីរុស​Covid-19៖ «3ការពារ (ពាក់​ម៉ាស, លាងដៃ, រក្សា​គម្លាត​សុវត្ថិ​ភាព​​សង្គម/បុគ្គល)» និង «3កុំ (កុំទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល, កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន, កុំ​ប៉ះពាល់​គ្នា)»៕

    ប្រភព៖ ទទក
    ដកស្រង់​ដោយ​៖ បុត្រា

  • អ្នកជំងឺ​Covid-19 ដំបូង​គេ​ដែល​ត្រូវបាន​វះកាត់​ប្ដូរ​សួត​ពី​ស្វាមី និង​កូន

    ជប៉ុន៖ ស្ត្រី​ម្នា​ក់នៅ​តំបន់ Kansai ដែល​ទើប​ត្រូវបាន​វះកាត់​ដាក់​សួត​របស់​ស្វាមី និង​កូនប្រុស បាន​ក្លាយជា​អ្នកជំងឺ​Covid-19 ដំបូង​គេ​ក្នុង​ពិភពលោក ដែល​ត្រូវបាន​ប្ដូរ​សួត​ពី​អ្នក​បរិច្ចាគ​ដែល​នៅរស់។

    មន្ទីរពេទ្យ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Kyoto កាលពី​ថ្ងៃទី8 ខែមេសា បានប្រកាសថា បានទទួល​ជោគជ័យ​ក្នុងការ​វះកាត់​ប្ដូរ និង​ភ្ជាប់​សួត​ជូន​អ្នកជំងឺ​Covid-19 ម្នាក់។ ការវះកាត់​នេះ​ត្រូវ​ចំណាយពេល​អស់11ម៉ោង និង​មានការ​ចូលរួម​ពី​វេជ្ជបណ្ឌិត និង​ក្រុមគ្រូពេទ្យ​រហូតដល់ 30នាក់។

    ការវះកាត់​ខាងលើ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី7មេសា ហើយ​អ្នកជំងឺ​នេះ​ត្រូវបាន​វះកាត់​ភ្ជាប់​សួត​ដែល​បានមក​ពី​​ស្វាមី និង​កូនប្រុស​របស់គាត់។ មន្ទីរពេទ្យ​ខាងលើ​បាន​អះអាងថា នេះ​គឺជា​អ្នកជំងឺ​Covid-19 ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​ត្រូវបាន​ប្ដូរ​សួត​ពី​មនុស្ស​នៅរស់។

    តំបន់​ Kansai នៃ​ប្រទេស​ជប៉ុន

    វេជ្ជបណ្ឌិត Hiroshi Date ដែលជា​អ្នកទទួលខុសត្រូវ​លើ​ការវះកាត់ បានឱ្យដឹងថា ជោគជ័យ​នេះ​បាន​នាំមក​នូវ​ក្ដីសង្ឃឹម​សម្រាប់​អ្នកជំងឺ​ដែល​រងរបួស​សួត​ធ្ងន់ធ្ងរ​ដោយសារ Covid-19។

    ស្ត្រី​អ្នកជំងឺ មិនត្រូវ​បាន​គេ​ឱ្យដឹង​អំពី​អត្តសញ្ញាណ​នោះទេ ប៉ុន្តែ ជា​ពលរដ្ឋ​រស់នៅក្នុង​តំបន់ Kansai ភាគ​ខាង​លិច​​ប្រទេស​ជប៉ុន។ សួត​របស់​អ្នកជំងឺ​នេះ ត្រូវ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​បាន​ឆ្លង​វីរុស​Covid-19 កាលពី​ចុងឆ្នាំ2020 និង​ត្រូវតែ​វះកាត់​ប្ដូរ​សួត​ដើម្បី​រក្សា​ជីវិត។

    ស្វាមី និង​កូនប្រុស​របស់​អ្នកជំងឺ សុទ្ធតែ​កំពុងស្ថិត​ក្នុងស្ថានភាព​សុខ​ភាពល្អ​បន្ទាប់ពី​បាន​បរិច្ចាគ​សួត។ ភាគី​ខាង​មន្ទីរពេទ្យ​ឱ្យដឹងថា ស្ត្រី​ជា​អ្នកជំងឺ​នេះ នឹង​អាច​ចាក​ចេញពី​ពេទ្យ ក្រោយ​រយៈពេល​ប្រហែល​ពីរ​ខែ​ទៀត៕

    ប្រភព៖ CNN
    ប្រែ​សម្រួល៖ បុត្រា

  • អ្នកជំងឺ​Covid-19 ថ្មី រហូតដល់ 576​នាក់ នៅ​កម្ពុជា ត្រូវបាន​រកឃើញ​កាលពី​ម្សិលមិញ

    នា​ព្រឹក​ថ្ងៃទី 9មេសា ឆ្នាំ2021 ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 576​​នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 8មេសា ឆ្នាំ2021។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង 576​នាក់​ខាងលើ សុទ្ធ​តែ​​ជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ ក្នុង​ថ្ងៃទី 8មេសា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 70​នាក់ បានជា​សះស្បើយ និង​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ​។

    គិត​មកដល់​ព្រឹក​នេះ (9មេសា) ទូទាំងប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​Covid-19 សរុប​ចំនួន 3,604​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 1,984​នាក់, អ្នកស្លាប់ 24​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 1,591នាក់។

  • ពលរដ្ឋ​អាមេរិក ជិត20% បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់​ហើយ

    ពលរដ្ឋ​អាមេរិក ជិត20% បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់​ហើយ

    យោងតាម​សារព័ត៌មាន​ក្នុងស្រុក សហរដ្ឋអាមេរិក បច្ចុប្បន្ន បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ជូន​ដល់​ពលរដ្ឋ​របស់ខ្លួន​ប្រមាណ 66លាន​នាក់​រួចហើយ ខណៈដែល​អ្នកជំងឺ​ចំនួន 573,849នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ។

    គិត​មកដល់​ថ្ងៃទី8មេសា ពលរដ្ឋ​ជិត20% នៅ​សហរដ្ឋអាមេរិក បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់ ដែល​នេះ​បាន​នាំមក​នូវ «ខែល​ការពារ» ដល់​មនុស្ស​ប្រមាណ 66លាន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប​ជាង 331,002,600នាក់។

    កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 របស់​សហរដ្ឋអាមេរិក ត្រូវបាន​ជំរុញ​យ៉ាងខ្លាំង​ក្លា ដោយនៅ​ក្នុងនោះ មាន​វ៉ាក់សាំង​ជិត 175លាន​ដូ​ស ត្រូវបាន​ប្រើប្រាស់​ចាប់តាំងពី​ខែធ្នូ ឆ្នាំមុន។ ពលរដ្ឋ​អាមេរិកាំង​ជាង 112លាន​នាក់ ពោលគឺ​ជាង 1/3 នៃ​ប្រជាជន​សរុប បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 យ៉ាងតិច​ចំនួន 1ដូ​ស​រួចរាល់​ហើយ។ នេះ​បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​រោគ​ឆ្លង (CDC) របស់​សហរដ្ឋអាមេរិក។

    ដោយឡែក ក្រុមមន្ត្រី​នៅ New York បានឱ្យដឹងថា អាជ្ញាធរ​នៃ​រដ្ឋ​នេះ​នឹង​ផ្ដល់ជំនួយ​ជា​ទឹកប្រាក់​រហូតដល់ 15,600ដុល្លារ ដល់​ពលករ​គ្មាន​លិខិតស្នាម​ទាំងឡាយ​ដែល​រង​ផលប៉ះពាល់​ដោយសារ Covid-19។ កាយវិការ​នេះ​អាច​នាំមក​នូវ​ផលប្រយោជន៍​ដល់​មនុស្ស​ជិត 300,000នាក់ នៅក្នុង​រដ្ឋ New York។

    គិត​មកដល់​បច្ចុប្បន្ន សហរដ្ឋអាមេរិក​បាន​រកឃើញ​អ្នក​ឆ្លង​Covid-19 សរុប​ចំនួន 31,716,672នាក់ ក្នុងនោះ​មាន 573,849នាក់​បាន​ស្លាប់ និង 24,271,887នាក់​បានជា​សះស្បើយ ខណៈ​អ្នកជំងឺ 6,870,936នាក់​កំពុង​ព្យាបាល។ ក្នុងអំឡុង24ម៉ោង​កន្លងទៅ សហរដ្ឋអាមេរិក ក៏បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 79,429នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 1,002នាក់​ផងដែរ៕

    ប្រភព​៖ CNN, Washington Post,​ Worldometers
    ប្រែសម្រួល​៖ បុត្រា

  • កម្ពុជា​រកឃើញ​ករណី​ឆ្លង​Covid-19 ថ្មី 91នាក់​បន្ថែមទៀត នាំឱ្យ​តួលេខ​សរុប​កើន​ដល់​ជាង 2,900នាក់

    កម្ពុជា​រកឃើញ​ករណី​ឆ្លង​Covid-19 ថ្មី 91នាក់​បន្ថែមទៀត នាំឱ្យ​តួលេខ​សរុប​កើន​ដល់​ជាង 2,900នាក់

    នា​ព្រឹក​ថ្ងៃទី 7មេសា ឆ្នាំ2021 ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា អ្នកជំងឺ​Covid-19 ថ្មី ចំនួន 91នាក់​ទៀត ត្រូវបាន​រកឃើញ​ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 6មេសា ឆ្នាំ2021 ទន្ទឹម​នឹងមាន​អ្នកជំងឺ 30នាក់​បានជា​សះស្បើយ។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង 91នាក់​ខាងលើ មាន 1នាក់​ជា​ករណី​នាំចូល និង90នាក់​ជា​ករណី​ពាក់ព័ន្ធ​នឹង​​ព្រឹត្តិ​ការណ៍​20​កុម្ភៈ​ ដែល​ភាគច្រើន​គឺជា​ជនជាតិខ្មែរ។ ក្នុង​ថ្ងៃទី 6មេសា កម្ពុជា​មិនមាន​អ្នកជំងឺ​ស្លាប់​ដោយសារ Covid-19 នោះទេ។

    គិត​មកដល់​ព្រឹក​នេះ (7មេសា) កម្ពុ​ជាមាន​អ្នក​ឆ្លង​Covid-19 សរុប​ចំនួន 2,915នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 1,824នាក់, អ្នកស្លាប់ 22នាក់, អ្នក​កំពុង​ព្យាបាល​ចំនួន 1,064នាក់។


  • WHO មិនទាន់យល់ស្រប​នឹង​លិខិត​ឆ្លង​ដែន​Covid-19 ខណៈ​ជាង​133​លាន​នាក់​បាន​ឆ្លង​Covid-19 នៅទូទាំងពិភពលោក

    WHO មិនទាន់យល់ស្រប​នឹង​លិខិត​ឆ្លង​ដែន​Covid-19 ខណៈ​ជាង​133​លាន​នាក់​បាន​ឆ្លង​Covid-19 នៅទូទាំងពិភពលោក

    អង្គការ​សុខភាព​ពិភពលោក (WHO) មិនទាន់​គាំទ្រ​ការធ្វើដំណើរ​ដោយ​ប្រើប្រាស់​លិខិតឆ្លងដែន​Covid-19 ឬ​លិខិតឆ្លងដែន​វ៉ាក់សាំង​នៅឡើយ ដោយសារតែ​នៅមាន​មូលហេតុ​ច្រើនយ៉ាង ខណៈ​ពិភពលោក​រកឃើញ​មនុស្ស​ជិត 133លាន​នាក់​បាន​ឆ្លង​វីរុស​Covid-19 ក្នុងនោះ​មាន​អ្នកជំងឺ​ជិត 2.9លាន​នាក់​បាន​ស្លាប់។

    Margaret Harris អ្នកនាំពាក្យ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី 6មេសា បានឱ្យដឹងថា នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ន WHO «មិន​ចង់ឃើញ​លិខិតឆ្លងដែន​វ៉ាក់សាំង ក្លាយជា​តម្រូវការ​ចាំបាច់​សម្រាប់​ការធ្វើដំណើរ​ចេញ-ចូល​ប្រទេស​នោះទេ ព្រោះថា បច្ចុប្បន្ន​មិនទាន់​ប្រាកដថា វ៉ាក់សាំង​នឹង​អាច​ទប់ស្កាត់​ការឆ្លង​រាល​ដាល​បាន​នៅឡើយ»។ លោកស្រី Margaret Harris បន្ថែមថា ទន្ទឹមនឹងនោះ​គឺជា «ការព្រួយបារម្ភ​អំពី​បញ្ហា​សមាស​ភាព»។

    មតិ​របស់ WHO ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល សិង្ហ​បុរី ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​ទទួលយក​លិខិតឆ្លងដែន​​អេឡិច​ត្រូនិក​​របស់​​សមាគម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​អន្តរជាតិ (International Air Transport Association)​ រួមមាន​ការទទួលស្គាល់​ចំពោះ​ការធ្វើ​តេស្ត និង​ការចាក់​វ៉ាក់សាំង​បង្ការ​Covid-19។ អ្នកដំណើរ​អាច​ចូល​ទឹកដី​សិង្ហ​បុរី​បាន ដោយ​គ្រាន់តែ​រាយការណ៍​អំពី​កម្មវិធី​ទូរស័ព្ទ​ដែលមាន​ផ្ទុក​ទិន្នន័យ​ទាក់ទង​នឹង​Covid-19 របស់ខ្លួន ដែលមាន​ការបញ្ជាក់​ពី​មន្ទីរពិសោធន៍​នានា​ដែល​គួរ​ជាទី​ទុកចិត្ត។

    លោក​ស្រី Margaret Harris

    ក្រុមហ៊ុន​អាកាសចរណ៍​នានា​កំពុងតែ​សង្ឃឹមថា ប្រទេស​ជាច្រើន​នឹង​ទទួលស្គាល់​លិខិតឆ្លងដែន​អេឡិចត្រូនិក​នៅ​លើ​ទូរស័ព្ទ​ឆ្លាត​វៃ ដើម្បី​អនុញ្ញាតឱ្យ​ការធ្វើដំណើរ​ត្រូវបាន​ស្ដារឡើងវិញ​ឆាប់រហ័ស និង​ចៀសវាង​ការបំពេញ និង​ត្រួត​ពិនិត្យ​បែបបទ​ដ៏​ស្មុគស្មាញ និង​យឺតយ៉ាវ​នៅឯ​ព្រលានយន្តហោះ។

    គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​Covid-19 សរុប​ចំនួន 133,009,551​នាក់ ក្នុងនោះ​មាន 2,885,279នាក់​បាន​ស្លាប់, 107,255,216នាក់​ជាសះស្បើយ និង 22,869,852នាក់​កំពុង​​ព្យាបាល។ ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 6មេសា ពិភពលោក​ក៏បាន​រកឃើញ​អ្នកជំងឺ​Covid-19 ថ្មី ចំនួន 574,753នាក់ និង​អ្នកស្លាប់​ថ្មី​ដោយសារ​វីរុស​នេះ ចំនួន 11,779នាក់​ផងដែរ៕

    ប្រភព៖ Reuters, AFP, Worldometers
    ប្រែ​សម្រួល៖ បុត្រា