Category: សុខភាព

  • ប្រជាជន​ចិន 81% ចង់​ចាក់​វ៉ាក់សាំង​កូ​វីដ ព្រោះ​ជឿថា អាច​ការពារ​មេរោគ​មរណៈ​នេះ​បាន

    ប្រជាជន​ចិន 81% ចង់​ចាក់​វ៉ាក់សាំង​កូ​វីដ ព្រោះ​ជឿថា អាច​ការពារ​មេរោគ​មរណៈ​នេះ​បាន

    ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ចិន បាន​រាយការណ៍​នៅថ្ងៃនេះ (ទី26 មេសា) ថា 81ភាគរយ នៃ​ក្រុម​អ្នកធ្វើ​ប្រជាមតិ បាន​រកឃើញថា ប្រជាជន​ចិន​ស្វាគមន៍​ទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ-19 ជា​វ៉ាក់សាំង ដែល​ពួកគេ​ត្រូវ​ការចាក់ ខ្លាំង​ជាង​វ៉ាក់សាំង​ដទៃទៀត។

    ការធ្វើប្រជាមតិ​ការយល់ឃើញ​នេះ បានរៀបចំ​ធ្វើ​ដោយ​ទស្សនាវដ្ដី Southern Weekly និង DXY ផ្លាត​ហ្វ៉​ម ការមើល​ថែទាំ​សុខភាព​អន​ឡាញ ដែល​ធំជាងគេ​បំផុត​របស់​ប្រទេស​ចិន តាមរយៈ​ការសាកសួរ​គំនិត​យោបល់​ប្រជាជន​ជាង 12,674នាក់ ដែល​ក្នុង​ចំនួន​នេះ មាន​គ្រូពេទ្យ 622នាក់​ផង។

    អ្នកឆ្លើយ​ក្នុង​ទម្រង់​សួរ-ឆ្លើយ មាន 85% ជឿថា វ៉ាក់សាំង​អាច​ការពារ​ជំងឺ​កូ​វីដ-19បាន កើនឡើង​ពី​លទ្ធផល​ធ្វើ​ប្រជាមតិ​កាលពី​ឆ្នាំទៅ ដែលមាន​ចំនួន​ត្រឹមតែ 47%ប៉ុណ្ណោះ។

    ក្រៅពី​វ៉ាក់សាំង​កូ​វីដ-19ហើយ ក្រុម​ប្រជាមតិ ថែមទាំង​ត្រូវការ​បានទទួល​វ៉ាក់សាំង​ការពារ​វីរុស​រលាក​ថ្លើម B, HIV និង​គ្រុន​ផ្ដាសាយធំ​ផងដែរ។

    កាលពី​ថ្ងៃទី21 មេសា ឆ្នាំ2021 លោក មី ហ្វឹ​ង អ្នកនាំពាក្យ​ការិយាល័យ​គណៈកម្មការ​សុខភាព​នៃ​ប្រទេស​ចិន បាន​ឱ្យដឹងថា ប្រទេស​ចិន​កំពុង​បង្កើន​ការព្យាយាម​ក្នុងការ​ចាក់​វ៉ាក់សាំង ដោយមាន​ការចាក់​វ៉ាក់សាំង កូ​វីដ-19 បាន​ច្រើនជាង 200លាន​ដូ​ស​ហើយ។

    រឿងនេះ បានធ្វើឱ្យ​ប្រទេស​ចិន មាន​ភាព​ប្រហាក់ប្រហែលគ្នា​នឹង​សហរដ្ឋអាមេរិក ក្នុង​រឿង​ការចាក់​វ៉ាក់សាំង ដោយ​​សហរដ្ឋ​អាមេរិក​ បាន​ចាក់​វ៉ាក់សាំង​រួចហើយ បាន​ចំនួន 200លាន​ដង​ដូចគ្នា តែ​យ៉ាងណាក្ដី ភាពខុសប្លែក​គ្នា​នៃ​ចំនួន​ប្រជាជន ធ្វើឱ្យ​ពេល​គិត​ជា​អត្រា​ភាគរយ​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ទាំងអស់​វិញ ធ្វើឱ្យ​ប្រទេស​ចិន នៅតែ​តាម​ពីក្រោយ​សហរដ្ឋអាមេរិក​ដដែល។

    អ្នកជំនាញការ​របស់​អង្គការ​សុខភាព​ពិភពលោក បាន​វាយតម្លៃថា ត្រូវតែមាន​ការចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​យ៉ាងតិចណាស់ 65-70% ទើប​អាច​សាង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ក្នុងសង្គម​បាន។

    កាលពី​សប្ដាហ៍​កន្លងទៅ លោក ជឹ​ង ចុង​វើ​យ អគ្គនាយក​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ និង​តិច​ណូ​ឡូ​ជី និង​ការិយាល័យ​គណៈកម្មការ​សុខភាព​នៃ​ប្រទេស​ចិន បាន​ថ្លែង​នៅក្នុង​ពិធី Boao Forum for Asia 2021 ថា “ប្រទេស​ចិន បាន​រៀប​ផែនការ​ក្នុង​ការផលិត​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ-19 ជាង 3ពាន់​លាន​ដូ​ស ក្នុងអំឡុង​ដំណាច់​ឆ្នាំនេះ និង​បង្កើន​កម្លាំង​ការផលិត​ឱ្យបាន​ប្រមាណ 5ពាន់​លាន​ដូ​ស​ថែមទៀត”៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • រូបភាព​រន្ធត់! វិបត្តិ​កូ​វីដ​ឥណ្ឌា នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា ដូច​ព្យុះសង្ឃរា​ចាប់​អង្រួន​ប្រទេស

    រូបភាព​រន្ធត់! វិបត្តិ​កូ​វីដ​ឥណ្ឌា នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា ដូច​ព្យុះសង្ឃរា​ចាប់​អង្រួន​ប្រទេស

    កាលពី​ថ្ងៃទី25 មេសា ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ពី​វិបត្តិ​កូ​វីដ-19 ដែល​ឆ្លង​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយ​ស្ថិតិ​អ្នក​ឆ្លង​មេរោគ​ថ្មី​ប្រចាំថ្ងៃ បាន​បំបែក​ស្ថិតិ​ពិភពលោក លើស 3សែន​នាក់​ក្នុង 1ថ្ងៃ ជាប់ៗគ្នា 4ថ្ងៃ ដោយ​កាលពី​ថ្ងៃទី24 មេសា មាន​ចំនួន 349,691នាក់ និង​ស្លាប់ 2,767នាក់ ក្នុងអំឡុងពេល 24ម៉ោង។

    សម្រាប់​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប បាន​ឡើង​ជិត​ដល់ 17លាន​នាក់ ចំណែក​ចំនួន​អ្នកស្លាប់ កើនឡើង​ដល់ 192,310នាក់។ បច្ច័យ​ចម្បង​របស់​ការឆ្លង​រាលដាល​ដ៏​ធ្ងន់ធ្ងរ​នេះ បណ្ដាលមកពី​មេរោគ​កូ​វីដ-19ក្លាយ​ពូជ រួមទាំង​ការប្រមូល​ផ្ដុំគ្នា ក្នុង​រដូវ​កាល​ខាង​សាសនា ដែលមាន​ប្រជាជន​នាំគ្នា​ហែ​មក​ចូលរួម​ជាច្រើន​លាន​នាក់ កាលពីដើម​ខែមេសា។

    ក្រៅពី​វិបត្តិ​អ្នកជំងឺ ហៀរ​មន្ទីរពេទ្យ​ហើយ បរិមាណ​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន ដែល​ទុក​ព្យាបាល​អ្នកជំងឺ ក៏មាន​មិន​គ្រប់គ្រាន់ រហូត​ធ្វើឱ្យ​អ្នកជំងឺ​អាការ​ធ្ងន់ធ្ងរ ត្រូវស្លាប់​យ៉ាង​គួរ​តក់ស្លុត។

    ក្រៅពីនោះ ប្រទេស​ឥណ្ឌា ថែមទាំង​ត្រូវ​ប្រឈម​នឹង​ចំនួន​សាកសព​អ្នកជំងឺ​កូ​វីដ-19 ដែលមាន​ច្រើន​ហៀរ​កន្លែង​តម្កល់សព​ជា​បន្តបន្ទាប់ រហូតដល់​អាជ្ញាធរ​ត្រូវ​អាស្រ័យ​លើ​ការដុត​បូជា នៅតាម​ទីវាលស្រឡះៗ ដោយ​បណ្ដា​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ បាន​ដឹក​សាកសព​យកមក​ដាក់​នៅ​កន្លែង​ឈាបនកិច្ច​បណ្ដោះអាសន្ន​យ៉ាង​បន្តកន្ទុយ​គ្នា​ឥតឈប់ឈរ អ្នកខ្លះ​អាច​ត្រូវ​រង់ចាំ​បូជាសព​សាច់ញាតិ យូរ​រហូតដល់​ទៅ 6ម៉ោង​ក៏មាន។

    រូបភាព​ពី​យន្តហោះ​ដ្រូ​ន បានបង្ហាញ​ឱ្យឃើញ​ទីកន្លែង​បូជាសព​ដ៏​ធំ​ទូលាយ​មួយ នៅក្នុង​ទីក្រុង​នី​វ​ដេលី មាន​គំនរ​ភ្លើង​ជាចំណុច។ សាកសព​ត្រូវបាន​រុំ​ជុំជិត​ដោយ​ក្រណាត់ស និង​ត្រូវ​គរ​សង្កត់ពីលើ​ដោយ​គំនរ​អុស មុននឹង​បញ្ឆេះ​ភ្លើង ដុត​បូជា​ដោយ​អាជ្ញាធរ និង​សាច់ញាតិ​ដែល​សុទ្ធតែ​ស្លៀក​ឈុត PPE ពណ៌​ស ការពារ​ខ្លួន​យ៉ាង​គត់មត់។

    គិត​តាំងពី​ថ្ងៃទី15 មេសា​មក ប្រទេស​ឥណ្ឌា មាន​របាយការណ៍​អ្នក​ឆ្លង​កូ​វីដ ខ្ពស់​លើស 2សែន​នាក់ ដែល​ច្រើនជាង​ស្ថិតិ​ខ្ពស់បំផុត​ប្រចាំឆ្នាំ2020 ដែល​មានតែ 93,000នាក់​ក្នុង 1ថ្ងៃនោះ​ទៅទៀត បន្ទាប់ពីនោះ ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី ថែមទាំង​បាន​កើនឡើង​ដល់​ជាង 3សែន​នាក់​ក្នុង 1ថ្ងៃ ជាប់ៗគ្នា 4ថ្ងៃ​ហើយ​ទៀតផង។

    លោក ណារិន​ដ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​ថ្លែង​អំពាវនាវ សុំឱ្យ​ប្រជាជន​គ្រប់រូប ចូល​ទទួលយក​ការចាក់​វ៉ាក់សាំង និង​ប្រយ័ត្ន​ខ្លួនឯង​ពី “ព្យុះសង្ឃរា​នៃ​ការឆ្លង​មេរោគ” ដែល​គ្រានេះ​បាន​ញាប់​ញ័រ​រញ្ជួយ​ទូទាំងប្រទេស។

    លោក​ម៉ូ​ឌី បាន​ថ្លែងថា “ការឆ្លង​រាលដាល​រលក​ទី1 យើង​តស៊ូ​ប្រយុទ្ធ រហូត​បាន​ជោគជ័យ រហូត​មាន​ជឿជាក់ តែ​គ្រានេះ ព្យុះសង្ឃរា បាន​វាយ​បោកបក់​ទូទាំងប្រទេស​រហូត​ញ័រ​រញ្ជួយ”

    រដ្ឋបាល​លោក ម៉ូ​ឌី ត្រូវ​រង​ការរិះគន់​យ៉ាងធ្ងន់ធ្ងរ​ថា បាន​បណ្ដោយឱ្យ​ការការពារ​ខ្លួន​ធ្លាក់ចុះ និង​ធ្វេសប្រហែស មានការ​រៀបចំ​ពិធី​ជួបជុំ​របស់​មនុស្ស​ចំនួន​ដ៏​ច្រើន ទាំង​ពិធី​ខាង​សាសនា និង​កិច្ចការងារ​ខាង​នយោបាយ ដោយ​មិនបាន​ត្រៀម​រួចជាស្រេច​នូវ​ប្រព័ន្ធ​សុខភាព​សាធារណៈ សម្រាប់​ទប់ទល់​នឹង​ស្ថានការណ៍​នេះឡើយ។

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

     

  • កម្ពុជា សម្រេច​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​បញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍

    កម្ពុជា សម្រេច​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​បញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សេចក្តីសម្រេច​បញ្ចប់​ការហាមឃាត់​ធ្វើដំណើរ និង​បញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស នេះ​បើ​យោងតាម​ក្រសួង​ព័ត៌មាន​ដែល​បានចេញ​ផ្សាយ​នា​ថ្ងៃទី25 មេសា​នេះ។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដូចខាងក្រោម៖

  • ផ្សារធំៗទាំងអស់​នៅ​រាជធានី​ភ្នំពេញ នឹងត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន ដើម្បី​កាត់ផ្តាច់​ការឆ្លង​រាលដាល​នៃ​វីរុស​Covid-19

    ផ្សារធំៗទាំងអស់​នៅ​រាជធានី​ភ្នំពេញ នឹងត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន ដើម្បី​កាត់ផ្តាច់​ការឆ្លង​រាលដាល​នៃ​វីរុស​Covid-19

    អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​អភិបាលខណ្ឌ​ទាំង 14 របស់​រាជធានី​ភ្នំពេញ ពិនិត្យ​សកម្មភាព​នានា​របស់​ផ្សារ​ទាំងឡាយ​នៅក្នុង​រាជធានី ដើម្បី​ត្រៀម​សម្រាប់​ការបិទ​ផ្សារធំៗទាំងអស់​ជា​បន្តទៀត។

    អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បានលើកឡើង​ដូចខាងលើ​នេះ នៅក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​របស់​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​សាលា​រាជធានី កាលពី​ថ្ងៃទី23 ខែមេសា ឆ្នាំ2021 ដោយមាន​វត្តមាន​រប​ស់​អភិបាលខណ្ឌ​ទាំង14 ស្នងការ​នគរបាល និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។

    កិច្ចប្រជុំ​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ម្សិលមិញ​នេះ​គឺ​ដើម្បី​ពង្រឹង​លើ​កិច្ចការ​ស្នូល​មួយចំនួន ក្នុងនោះ​មានដូចជា ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 នៅ​រាជធានី វិធានការ​សម្រាប់​ការបិទ​ផ្សារធំៗ និង​កិច្ច​ការយក​សំណាក​របស់​អ្នក​ត្រូវ​សង្ស័យថា​បាន​ឆ្លង​វីរុស​Covid-19 នៅក្នុង​រាជធានី​ភ្នំពេញ។ល។

    អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា មូលហេតុ​ដែលនាំឱ្យ​អាជ្ញាធរ​បាន​បិទ​ផ្សារ​កន្លងមក និង​ត្រៀម​បិទ​ជា​បន្តបន្ទាប់​ទៀត​នាពេល​ខាងមុខនេះ​គឺ ដោយសារ​សង្កេតឃើញថា ប្រជាពលរដ្ឋ​ដែល​ទៅ​ផ្សារ ហាក់​មិនមាន​ការភ័យខ្លាច​អំពី​ការឆ្លង​វីរុស​នេះ​សោះឡើយ។

    រដ្ឋបាល​រាជធានី បាន​បញ្ជាក់ថា ផ្សារ​ទាំងឡាយ​របស់​រា​ជ​ធានី​ភ្នំពេញ​ដែល​នឹងត្រូវ​បិទ​នាពេលខាងមុខ មានដូចជា ផ្សារ​គីឡូម៉ែត្រ​លេខ6, ផ្សារ​គីឡូម៉ែត្រ​លេខ7 និង​ផ្សារ​ព្រែក​ព្នៅ​ជាដើម។ ថ្វីបើ​មានការ​បិទ​ផ្សារ ប៉ុន្តែ ពលរដ្ឋ​នៅតែ​អាច​ទិញ​បន្លែ ត្រី​សាច់​បាន តាមរយៈ​ផ្សារ​អន​ឡាញ និង​អ្នកលក់​តាម​ឡាន ឬ​រទេះ​ជាដើម។ តាម​គម្រោង ការបិទ​ផ្សារ​ខាងលើនេះ​នឹងត្រូវ​បានប្រកាស​ដោយរ​ដ្ឋ​បាល​រាជធានី​នា៕

    ប្រភព៖ ក្រសួង​ព័ត៌មាន
    ដកស្រង់៖ បុត្រា

  • យក​អុក​ស៊ី​ហ្ស៊ែ​ន​តាម​ខ្លួន!?  ឥណ្ឌា ទប់​លែង​ឈ្នះ ឆ្លង​កូ​វីដ​ជាង 3សែន​នាក់​ក្នុង 1ថ្ងៃ

    យក​អុក​ស៊ី​ហ្ស៊ែ​ន​តាម​ខ្លួន!?  ឥណ្ឌា ទប់​លែង​ឈ្នះ ឆ្លង​កូ​វីដ​ជាង 3សែន​នាក់​ក្នុង 1ថ្ងៃ

    ចំនួន​អ្នកជំងឺ​កូ​វីដ-19 នៅក្នុង​ប្រទេស​ឥណ្ឌា បាន​កើនឡើង​ច្រើនជាង 3សែន​នាក់ ជា​ថ្ងៃទី2 ជាប់ៗគ្នា កណ្ដាល​វិបត្តិ​ខ្វះ​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន។

    ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​រាយការណ៍​ពី​ទីក្រុង​នី​វ​ដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី23 មេសា​ថា ក្រសួងសុខាភិបាល​រប​ស់​ឥណ្ឌា បាន​រាយការណ៍​ពី​ស្ថិតិ​ថ្មី​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ-19 នៅក្នុង​ប្រទេស ដោយបាន​រកឃើញ​អ្នកជំងឺ​ថ្មី 332,730នាក់ ជា​ចំនួន​មួយ ខ្ពស់បំផុត​ជា​ប្រវត្តិសាស្ត្រ ទាំង​លំដាប់​ប្រទេស និង​លំដាប់​ពិភពលោក ដោយ​កើនឡើង 17,895នាក់ ពី​ស្ថិតិ​ចាស់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​នេះ​គឺជា​ថ្ងៃទី2 ជាប់​គ្នា​ហើយ ដែល​ប្រទេស​ឥណ្ឌា បាន​អះអាង​ពី​អ្នក​ឆ្លង​មេរោគ​ថ្មី​ប្រចាំថ្ងៃ ច្រើនជាង 3សែន​នាក់ និង​ធ្វើឱ្យ​ចំនួន​អ្នកជំងឺ​កូ​វីដ-19 សរុប ច្រើនជាង 16លាន​នាក់ ច្រើន​ជាប់​លំដាប់​លេខ2 បន្ទាប់ពី​សហរដ្ឋអាមេរិក។

    ខណៈដែល​ក្នុង​ជុំ 1ថ្ងៃ​ដូចគ្នា មាន​អ្នកស្លាប់​ទាំងអស់ 2,263នាក់ ជា​ស្ថិតិ​ស្លាប់​ប្រចាំថ្ងៃ​ខ្ពស់បំផុត​ដូចគ្នា ចាប់តាំងពី​មានការ​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស​កាលពី​ខែមករា​មក ធ្វើឱ្យ​បច្ចុប្បន្ន​ប្រទេស​ឥណ្ឌា មាន​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-19 យ៉ាងតិច 186,920នាក់  ជាប់​លំដាប់ថ្នាក់​លេខ3 បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល ចំណែក​ស្ថិតិ​អ្នកជំងឺ ដែល​នៅសល់ និង​កំពុង​ព្យាបាល​ក្នុង​ប្រព័ន្ធ​មន្ទីរពេទ្យ មាន​ចំនួន​យ៉ាងតិច 2,428,600​នាក់។

    ទាំងអស់នេះ មន្ទីរពេទ្យ​នៅក្នុង​ប្រទេស​ឥណ្ឌា យ៉ាងតិច 2កន្លែង បាន​ទទួលស្គាល់ថា កំពុង​ជួបនឹង​វិបត្តិ​ខ្វះ​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន ចំណែក​លោកនាយក​រដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី បាន​ត្រៀម​ប្រជុំ​បន្ទាន់ ជាមួយ​ប្រមុខ​មន្ត្រី ក្នុង​រដ្ឋ​ដែល​បញ្ហា​អុក​ស៊ី​ហ្ស៊ែ​ន​មិន​គ្រប់គ្រាន់ និង​ក្រុមហ៊ុន​ផលិត​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន​ទាំងអស់​នៅថ្ងៃនេះ៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • អភិបាលខណ្ឌ​ច្បារអំពៅ សម្រេច​បិទ​ផ្សារ​ច្បារអំពៅ​រយៈពេល 14ថ្ងៃ ដើម្បី​បង្ការ​បញ្ហា​ឆ្លង Covid-19

    អភិបាលខណ្ឌ​ច្បារអំពៅ សម្រេច​បិទ​ផ្សារ​ច្បារអំពៅ​រយៈពេល 14ថ្ងៃ ដើម្បី​បង្ការ​បញ្ហា​ឆ្លង Covid-19

    នា​ថ្ងៃទី23 ខែមេសា ឆ្នាំ2021នេះ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ នៃ​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ដំណើរការ​ផ្សារ​ច្បារអំពៅ​ជា​បណ្ដោះអាសន្ន​រយៈពេល 14ថ្ងៃ។

    ប្រធាន​ផ្សារ​ច្បារអំពៅ លោក​ គួច​ ចំណាន នៅមុននេះ​បានការ​ប្រកាសថា អភិបាលខណ្ឌ​ច្បារអំពៅ លោក ចេង មុនី​រ៉ា បានចេញ​បទបញ្ជា​ឱ្យ​បិទ​ផ្សារ​នេះ​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​Covid-19 ទៅក្នុង​សហគមន៍។

    ការបិទ​ផ្សារ​នេះ​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី24 ខែមេសា ឆ្នាំ2021 ដល់​ថ្ងៃទី8 ខែឧសភា ឆ្នាំ2021។

    ក្រុម​អ្នក​គ្រប់​គ្រង​ផ្សារ​ច្បារ​អំពៅ​កំពុង​ដើរ​ប្រកាស​អំពី​ការ​បិទ​ផ្សារ​

    គិត​មកដល់​បច្ចុប្បន្ន (23មេសា) ទូទាំងប្រទេស​កម្ពុជា អ្នក​ឆ្លង​Covid-19 សរុប​បាន​កើន​ដល់ 8,848នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 3,148នាក់, អ្នកស្លាប់ 61នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 5,633នាក់៕

    ប្រភព៖ ប្រធានផ្សារ​ច្បារ​អំពៅ
    ដកស្រង់​៖ បុត្រា

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ចំនួន 655នាក់ កាលពី​ថ្ងៃទី22មេសា

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ចំនួន 655នាក់ កាលពី​ថ្ងៃទី22មេសា

    នា​ថ្ងៃទី 23មេសា ឆ្នាំ2021នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 655នាក់ និង​ករណី​ស្លាប់ 1នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 22មេសា ឆ្នាំ2021។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ខាងលើ មាន 522នាក់​នៅ​ភ្នំពេញ, 113នាក់​នៅ​ខេត្ត​ព្រះសីហនុ, 5នាក់​នៅ​ខេត្តកណ្ដាល, 5នាក់​នៅ​តាកែវ, 3នាក់​នៅ​កំពង់ចាម, 3នាក់​នៅ​ខេត្ត​កែប, 1នាក់​នៅ​មណ្ឌលគិរី, 1នាក់​នៅ​ត្បូងឃ្មុំ និង 1នាក់​នៅ​កំពង់ស្ពឺ។ អ្នកជំងឺ​ទាំង 655នាក់​គឺមាន 654នាក់ ជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ និង 1នាក់​ជា​ពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ។ ក្នុង​ថ្ងៃទី 22មេសា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 224នាក់​បានជា​សះស្បើយ និង​មាន​អ្នកស្លាប់​ថ្មី​ចំនួន 2នាក់​ផងដែរ។

    គិត​មកដល់​បច្ចុប្បន្ន (23មេសា) ទូទាំងប្រទេស​កម្ពុជា អ្នក​ឆ្លង​Covid-19 សរុប​បាន​កើន​ដល់ 8,848នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 3,148នាក់, អ្នកស្លាប់ 61នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 5,633នាក់៕

    ប្រភព​៖ ក្រសួង​សុខាភិបាល​
    ដកស្រង់​៖ បុត្រា

  • ក្រសួងសុខាភិបាល៖ អ្នក​ឆ្លង Covid-19 ក្រោយ​ការចាក់​វ៉ាក់សាំង​លើកទីមួយ មិនចាំបាច់​ចាក់​លើក​ទី​ពីរ

    ក្រសួងសុខាភិបាល៖ អ្នក​ឆ្លង Covid-19 ក្រោយ​ការចាក់​វ៉ាក់សាំង​លើកទីមួយ មិនចាំបាច់​ចាក់​លើក​ទី​ពីរ

    អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល​កម្ពុជា បានឱ្យដឹងថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 លើកទីមួយ​រួច ប៉ុន្តែ​ក្រោយមក​បាន​ឆ្លង​វីរុស នោះ​មិនចាំបាច់​ទៅ​ចាក់​វ៉ាក់សាំង​លើក​ទី​ពីរ​ទេ ព្រោះថា បន្ទាប់ពី​បានជា​សះស្បើយ រាងកាយ​មាន​ប្រព័ន្ធ​ការពារ​រួចហើយ។

    បុគ្គល​ដែល​បាន​ចាក់​វ៉ាក់សាំង​លើកទីមួយ​រួចហើយ តែ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក គឺអាច​ចាក់​វ៉ាក់សាំង​លើក​ទី​ពីរ​តាម​ធម្មតា បន្ទាប់ពី​បានធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​ថ្ងៃ និង​មិនមាន​ផ្ទុក​វីរុស​Covid-19 ប៉ុន្តែ បើ​បុគ្គល​នោះ​មាន​ផ្ទុក Covid-19 និង​បានជា​សះស្បើយ​ក្រោយពី​ការព្យាបាល​វិញ គឺ​មិនចាំបាច់​ចាក់​វ៉ាក់សាំង​លើក​ទី​ពីរ​ទេ ដោយសារតែ​រាងកាយ​បាន​បង្កើត​អង្គ​ប​ដិ​ប្រាណ​រួចហើយ បន្ទាប់ពី​បាន​យកឈ្នះ​លើ​វីរុស។ នេះ​បើតាម លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង Covid-19។

    អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ធ្លាប់បាន​មានប្រសាសន៍ថា បុគ្គល​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ ក៏​នៅតែ​អាច​ឆ្លង​វីរុស​Covid-19 ប្រសិន​មិន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង។ ក៏ប៉ុន្តែ វ៉ាក់សាំង​នេះ​នឹង​ជួយ​ដល់​រាងកាយ​ក្នុងការ​ទប់ទល់​នឹង​វីរុស មិនឱ្យ​រាងកាយ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ កាត់បន្ថយ​អត្រា​នៃ​ការចូល​ពេទ្យ និង​អត្រា​នៃ​ការស្លាប់​ដោយសារ​វីរុស​នេះ។

    ជាង​នេះ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ក៏បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​ភ្លាម រាងកាយ​នឹង​មិនទាន់មាន​កងការពា​រ​ភ្លាម​នោះទេ ពិសេស​គឺ​ត្រូវ​ការចាក់​ដូ​ស​ទី​ពីរ​ឱ្យបាន​ត្រឹមត្រូវ​តាម​ការកំណត់ និង​ត្រូវការ​ពេលវេលា​បន្ថែម ទើប​រាងកាយ​បង្កើត​ប្រព័ន្ធ​ការពារ​បាន​គ្រប់គ្រាន់៕

    ប្រភព៖ វិទ្យុជាតិ​កម្ពុជា
    ដកស្រង់​៖ បុត្រា

  • បែលហ្ស៊ិក​ភ័យរន្ធត់! រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ក្លាយ​ពូជ​ឥណ្ឌា ខណៈ​ដែល​​​ប្រទេស​​ជាច្រើន ហាម​ជើងហោះហើរ

    បែលហ្ស៊ិក​ភ័យរន្ធត់! រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ក្លាយ​ពូជ​ឥណ្ឌា ខណៈ​ដែល​​​ប្រទេស​​ជាច្រើន ហាម​ជើងហោះហើរ

    មេរោគ​កូ​វីដ-19 ប្រភេទ​ក្លាយ​ពូជ ដែល​កាន់តែ​ពុះកញ្ជ្រោល​ខ្លាំង​ឡើង​ក្នុងករណី​អ្នក​ឆ្លង​ថ្មី​នៅក្នុង​ប្រទេស​ឥណ្ឌា ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​បែលហ្ស៊ិក ក្នុង​ក្រុមនិស្សិត​ជនជាតិ​ឥណ្ឌា ដែល​ធ្វើដំណើរ​មកពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង  ខណៈដែល​កាណាដា ជា​ប្រទេស​ចុងក្រោយ​គេ ដែល​បាន​ហាមឃាត់​ជើងហោះហើរ​មកពី​ប្រទេស​ឥណ្ឌា និង​ប៉ា​គី​ស្ថាន មិនឱ្យ​ធ្វើដំណើរ​ចូល​ប្រទេស ក្រោម​ក្ដីកង្វល់​បារម្ភ​ចំពោះ​មេរោគ​ក្លាយ​ពូជ ដែលមាន​លក្ខណៈពិសេស ដែល​អាច​បង្ក​ឱ្យ​កើត “ការឆ្លង​រាលដាល​ច្រើនឡើង” ឬ​រហូតដល់ “កាត់បន្ថយ​ប្រសិទ្ធភាព​វ៉ាក់សាំង” បាន​ទៀតផង។

    លោក ប៉េ​ដ្រូ ហ្វា​ខុន មន្ត្រី​ថ្នាក់ខ្ពស់​នៃ​រដ្ឋបាល​បែលហ្ស៊ិក បាន​បង្ហើប​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា និស្សិត​ពេទ្យ​ឥណ្ឌា 20នាក់ ដែល​ធ្វើដំណើរ​មកពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ចូលមក​បែលហ្ស៊ិក ក្នុងអំឡុង​ពាក់កណ្ដាល​ខែមេសា មាន​លទ្ធ​ពិនិត្យ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ក្លាយ​ពូជ​ឥណ្ឌា វិជ្ជមាន។

    និស្សិត​ទាំងអស់ ត្រូវបាន​នាំខ្លួន​ទៅ​មជ្ឈមណ្ឌល​បង្ខាំង​ជំងឺ ក្នុង​ក្រុង​ហាល​ស៍ និង​ទីក្រុង​លូ​វឹ​ន ភាគ​ខាងជើង​ប្រទេស​បែលហ្ស៊ិក ដែល​ពី​ដើម​ពួកគេ​មានកម្ម​វិធី​ចូលរួម​សិក្ខាសាលា​ហ្វឹក​អប់រំ ក្នុង​ទីក្រុង​មួយ​នេះ។

    ក្រុម​អ្នកជំនាញការ​ជាច្រើន បានចង្អុលបង្ហាញ​ថា ក្រុមនិស្សិត​ទាំងនោះ អាចជា​ជនរងគ្រោះ​របស់ Super Spreader ទាំងពី​សមាជិក​ក្នុង​ក្រុម​ខ្លួនឯង ឬ​អ្នកដំណើរ​ដទៃទៀត​នៅលើ​រថយន្តក្រុង ដែល​ដឹក​ពួកគេ ពី​ទីក្រុង​ប៉ារីស មក​ប្រទេស​បែលហ្ស៊ិក “ក្រុមនិស្សិត​ទាំងនោះ កំពុងស្ថិត​ក្នុងការ​ប​ង្ខាំ​ង​ខ្លួន​យ៉ាង​តឹងរ៉ឹង តាំងពី​ពេលធ្វើ​ដំណើរ​មកដល់ រហូតមកដល់​ថ្ងៃនេះ និស្សិត​ទាំង 20នាក់ ក្នុងចំណោម 43នាក់ បាន​ឆ្លង​មេរោគ​កូ​វីដ​ក្លាយ​ពូជ” លោក អេ​ម​ម៉ា​នូ​អែល អង់​ដ្រេ អ្នកជំនាញ​ផ្នែក Microbiology មកពី​មហាវិទ្យាល័យ​លូ​វឹ​ន បាន​ថ្លែង​បែបនេះ។

    លោក ម៉ាក ហ្វា​ន រ៉ា​ន់ស៍ អ្នក​វីរុស​វិទ្យា ជា​អ្នកជំនាញការ​ម្នាក់ទៀត បានផ្ដល់​សម្ភាស​ជាមួយ​ស្ថានីយ​វិទ្យុ​ក្នុង​តំបន់​ថា ក្រុម​របស់លោក បានធ្វើ​ដំណើរ​តាម​យន្តហោះ​មកដល់​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី12 មេសា បន្ទាប់ពីនោះ 5ថ្ងៃ​តម​កទៀត និស្សិត​ជាច្រើន​នាក់ បានចាប់ផ្ដើម​បង្ហាញ​អាការ​ការឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី។

    មេរោគ​ក្លាយ​ពូជ​ឥណ្ឌា B.1.617 ចាប់ផ្ដើម​រកឃើញ​នៅក្នុង​ប្រទេសផ្សេងៗរួចហើយ ក្នុងនោះ​រួមទាំង​សហរដ្ឋ​អាមេរិក អូស្ត្រាលី អ៊ីស្រាអែល និង​សិង្ហ​បុរី ដែល​ក្ដីបារម្ភ​កង្វល់​ពាក់ព័ន្ធ​នឹង​មេរោគ​ក្លាយ​ពូជ​នេះ បានធ្វើឱ្យ​ប្រទេសមួយ​ចំនួន ក្នុងនោះ​រួមទាំង​ចក្រភព​អង់គ្លេស​ផង បានកំណត់​កម្រិត​ការធ្វើដំណើរ​ជាមួយ​ប្រទេស​ឥណ្ឌា។

    យ៉ាងណាក៏ដោយ ក្ដីកង្វល់​បារម្ភ មាន​កាន់តែខ្លាំង​ឡើង ក្រោយពី​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-19 ក្នុងប្រទេស​ឥណ្ឌា បាន​កើនឡើង​យ៉ាង​ឥតឈប់ឈរ ដោយថ្មីៗបំផុត​នេះ បាន​ក្លាយជា​ស្ថិតិ​ថ្មី ខ្ពស់បំផុត​ក្នុង​ពិភពលោក ចាប់តាំងពី​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ចាប់ផ្ដើម​រាលដាល កាលពី​ចុងឆ្នាំ2019 មក។

    មូលហេតុ​មួយផ្នែក របស់​ការឆ្លង​រាលដាល​រលក​ថ្មី​នៅក្នុង​ប្រទេស​ឥណ្ឌា បណ្ដាលមកពី​វីរុស​ក្លាយ​ពូជ​បែប “Double Mutant”។

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • អង់គ្លេស៖ មនុស្ស 23នាក់បានស្លាប់ដោយសារបញ្ហាកកឈាម ក្រោយការចាក់វ៉ាក់សាំង AstraZeneca

    អង់គ្លេស៖ មនុស្ស 23នាក់បានស្លាប់ដោយសារបញ្ហាកកឈាម ក្រោយការចាក់វ៉ាក់សាំង AstraZeneca

    ក្រុមមន្ត្រី​អង់គ្លេស​បានឱ្យដឹងថា ប្រទេស​នេះ​បាន​រកឃើញ​ករណី​ស្លាប់​ចំនួន 32នាក់ នៅក្នុង​ចំណោម​ករណី​កកឈាម​ដ៏​កម្រ ចំនួន 168នាក់ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង AstraZeneca។

    នាយកដ្ឋាន​គ្រប់គ្រង​ឱសថ និង​ផលិតផល​ថែរក្សា​សុខភាព​របស់​អង់គ្លេស (MHRA) បាន​រាយការណ៍​ថា ក្នុងចំណោម​ពលរដ្ឋ 21.2លាន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង AstraZeneca ដូ​ស​ទីមួយ គិត​មកដល់​ថ្ងៃទី14 ខែមេសា ឆ្នាំ2021 មនុស្ស​ចំនួន 168នាក់​ត្រូវបាន​រកឃើញថា មាន​ឈាមកក​ក្នុង​រាងកាយ ក្នុងនោះ​ក៏មាន 32នាក់​បាន​ស្លាប់។

    បច្ចុប្បន្ន តួលេខ​ស្ដីអំពី​បញ្ហា​កកឈាម និង​ស្លាប់ ដែល​ទាក់ទិន​នឹង​វ៉ាក់សាំង AstraZeneca បាន​កើន​បន្តបន្ទាប់​​គឺ 68 និង 10ករណី បើ​ធៀប​នឹង​ទិន្នន័យ​ដែល​ត្រូវបាន​ស្រង់​កាលពី​ថ្ងៃទី5 ខែមេសា។

    MHRA បាន​បញ្ជាក់ថា៖ «យោងតាម​ការវាយតម្លៃ​ជា​បន្តបន្ទាប់​នេះ ការផ្ដល់​យោបល់​នោះ​គឺថា «ផលប្រយោជន៍​របស់​វ៉ាក់សាំង​នេះ នៅតែ​ធំ​ជាង​ហានិភ័យ​របស់​វា សម្រាប់​ពលរដ្ឋ​ភាគច្រើន»។

    នៅ​តំបន់​អឺរ៉ុប ប្រទេស​ជាច្រើន​បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង Johnson & Johnson ឡើងវិញ បន្ទាប់​ពី​​ស្ថាប័ន​គ្រប់គ្រង​ឱសថ​របស់​សហភាព​នេះ គាំទ្រ​ដល់​វ៉ាក់សាំង​ប្រភេទ​មួយ​ដូ​ស​នេះ។

    ក្រោយពី​បាន​ស្រាវជ្រាវ​លើ​ករណី​កកឈាម​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង គណៈកម្មការ​សុវត្ថិភាព​របស់​ស្ថាប័ន​គ្រប់គ្រង​ឱសថ​អឺរ៉ុប (EMA) កាលពី​ថ្ងៃទី20 ខែមេសា បានសម្រេច​ថា «ការព្រមាន​អំពី​បញ្ហា​កកឈាម​ខុសធម្មតា និង​បរិមាណ​ប្លា​កែ​ត​ក្នុង​ឈាមមាន​កម្រិត​ទាប គួរតែ​ត្រូវបាន​បន្ថែម​ទៅក្នុង​ព័ត៌មាន​នៃ​ផលិតផល» របស់​វ៉ាក់សាំង Johnson & Johnson។ EMA យល់ថា គួរតែ​បន្ត​ប្រើប្រាស់​វ៉ាក់សាំង Johnson & Johnson ព្រោះថា វា​មាន​ផលប្រយោជន៍​ច្រើនជាង​ផលវិបាក។

    ពិភពលោក បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 145,315,026នាក់ ក្នុងនោះ​មាន 3,084,441​នាក់​​បាន​ស្លាប់, 123,302,909នាក់​បានជា​សះស្បើយ និង 18,927,676នាក់​កំពុង​ព្យាបាល។ នេះ​បើតាម​គេហទំព័រ Worldometers៕

    ប្រភព​៖ AFP, CNN
    ប្រែសម្រួល​៖ បុត្រា