Category: សុខភាព

  • អាមេរិក​គាំទ្រ​ដល់​ការលុបបំបាត់ «កម្មសិទ្ធិបញ្ញា​សម្រាប់​វ៉ាក់សាំង COVID-19»

    អាមេរិក​គាំទ្រ​ដល់​ការលុបបំបាត់ «កម្មសិទ្ធិបញ្ញា​សម្រាប់​វ៉ាក់សាំង COVID-19»

    រដ្ឋបាល​របស់លោក Joe Biden គាំទ្រ​ដល់​ការដក​ការ​គាំពារ​ចំពោះ​កម្មសិទ្ធិបញ្ញា​ទាក់ទិន​នឹង​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ដែល​នេះ​នាំមក​នូវ​ក្ដីសង្ឃឹម​ថ្មី​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​ដែល​កំពុងមាន​ការលំបាក​ក្នុង​ការបញ្ជាទិញ​វ៉ាក់សាំង​នេះ។

    ប្រទេស​ឥណ្ឌា ជាទី​ដែល Covid-19 កំពុង​រាតត្បាត​ខ្លាំង បាន​នាំមុខ​ក្នុងការ​តស៊ូ​មតិ​នៅឯ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​ជាច្រើន​ផ្សេងទៀត អាច​ផលិត​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 បាន​ច្រើនជាង​មុន ប៉ុន្តែ​មតិ​នេះ​ត្រូវបាន​ជំទាស់​ដោយ​បណ្ដា​ក្រុមហ៊ុន​ផលិត​ឱសថធំ។

    លោក​ស្រី​ Katherine Tai អ្នកតំណាង​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក កាលពី​ថ្ងៃទី5 ខែឧសភា ឆ្នាំ2021 បានប្រកាសថា បើទោះជា​សិទ្ធិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​គឺជា​រឿង​សំខាន់​សម្រាប់​ក្រុមហ៊ុន​នានា ប៉ុន្តែ ទីក្រុង​វ៉ា​ស៊ី​ង​តោន «គាំទ្រ​ដល់​ការដក​វិធាន​ការការពារ​កម្មសិទ្ធិ​បញ្ញា សម្រាប់​វ៉ាក់សាំង​Covid-19» ដើម្បី​លុបបំបាត់​មហា​រោគរាត​ត្បាត​​នេះ។

    លោកស្រី Katherine Tai ថ្លែងថា៖ «នេះ​គឺជា​វិបត្តិ​សុខាភិបាល​សកល ហើយ​ភាពមិនធម្មតា​របស់ Covid-19 ទាមទារ​ឱ្យមាន​វិធានការ​ពិសេស»។ ការលើកឡើង​នេះ កើតមាន​បន្ទាប់ពី​លោកស្រី Katherine Tai បាន​ជួបពិភាក្សា​លើ​បញ្ហា​នេះ​ជាមួយ​មេដឹកនាំ​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំងធំៗទាំងអស់​របស់​សហរ​ដ្ឋ​អាមេរិក រួមមាន ​ក្រុម​ហ៊ុន​ Pfizer, Moderna និង Johnson & Johnson។

    លោក​ស្រី​ Katherine Tai និង​លោក​ Joe Biden

    ប្រធានាធិបតី Joe Biden កំពុង​ទទួលរង​សម្ពាធ​យ៉ាង​ធ្ងន់ នៅពេល​ភាគី​ជាច្រើន បាន និង​កំពុង​ជំ​រុញឱ្យ​បោះបង់​វិធានការ​ការពារ​ចំពោះ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ពិសេស​គឺ​នៅក្នុង​គ្រា​ដែល​សហរដ្ឋអាមេរិក ត្រូវបាន​គេ​រិះគន់ថា រក្សាទុក​វ៉ាក់សាំង​Covid-19 ច្រើន​ហួសហេតុ ខណៈដែល​បណ្ដា​ប្រទេស​ក្រីក្រ កំពុង​ជួប​បញ្ហា​អាសន្ន​ធំ។

    លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ហៅ​ការសម្រេច​របស់​សហរ​ដ្ឋ​អាមេរិក​ថា​ជា «ប្រវត្តិសាស្ត្រ» និង​ជា​របត់​ថ្មី​ដ៏​ធំ​សម្បើម នៅក្នុង​ការប្រយុទ្ធប្រឆាំង​វីរុស​Covid-19»។ ប៉ុន្តែ លោកស្រី Katherine Tai បាន​ព្រមាន​ថា ការចរចា «នឹងត្រូវ​ចំណាយពេល​យូរ ដោយសារតែ WTO ចេញ​សេចក្ដីសម្រេច​ដោយយោង​ទៅតាម​ការព្រមព្រៀង»។

    ពិភពលោក បច្ចុប្បន្ន មាន​អ្នកជំងឺ​Covid-19 ជាង 3.2លាន​នាក់​បាន​ស្លាប់ ប៉ុន្តែ ប្រទេស​អ្នកមាន​ជាច្រើន បានទទួល​ជោគជ័យ​មួយចំនួនធំ​នៅក្នុង​ការទប់ស្កាត់​វីរុស​Covid-19 ដោយសារ​យុទ្ធនា​ការចាក់​វ៉ាក់សាំង។ គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​បាន​ចាក់​វ៉ាក់សាំង​ជាង 1.2ពាន់​លាន​ដូ​ស ប៉ុន្តែ ការចាក់​វ៉ាក់សាំង​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ​បំផុត មាន​មិន​ដល់ 1% នៅឡើយ។

    សហរដ្ឋអាមេរិក មិន​ខ្វះ​វ៉ាក់សាំង​ដូច​ឥណ្ឌា និង​បណ្ដា​ប្រទេស​ដទៃទៀត​នោះទេ។ ពួកគេ​នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន 300លាន​ដូ​ស​បន្ថែមទៀត​នាពេល​ដ៏​ខ្លី​ខាងមុខ ដែល​តួលេខ​នៃ​វ៉ាក់សាំង​នេះ ប្រហាក់ប្រហែល​នឹង​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​នេះ។

    ចំណែក​នៅ​ប្រទេស​ឥណ្ឌា​វិញ បញ្ហា​ខ្វះ​វ៉ាក់សាំង កំពុងតែ​រារាំង​កិច្ចប្រឹងប្រែង​ក្នុងការ​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​នេះ។ កាលពី​សប្ដាហ៍​មុន រដ្ឋាភិបាល​ឥណ្ឌា បានប្រកាស​អនុញ្ញាតឱ្យ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 18ឆ្នាំ​ឡើងទៅ ប៉ុន្តែ មាន​រដ្ឋ​ចំនួន12 ប៉ុណ្ណោះ នៅក្នុង​ចំណោម​រដ្ឋ និង​ដែនដី​ទាំង 36របស់​ឥណ្ឌា មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ដើម្បី​ចាក់៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ស្ដីពី «លិខិតអនុញ្ញាត​ធ្វើដំណើរ​ឆ្លងកាត់ «តំបន់​ក្រហម» និង «តំបន់​លឿងទុំ»

    រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ស្ដីពី «លិខិតអនុញ្ញាត​ធ្វើដំណើរ​ឆ្លងកាត់ «តំបន់​ក្រហម» និង «តំបន់​លឿងទុំ»

    «លិខិតអនុញ្ញាត​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​ក្រហម និង​លឿងទុំ បាន​អស់​សុពលភាព​ចាប់ពី​ថ្ងៃទី6 ខែឧសភា ឆ្នាំ​2021» នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី5 ខែឧសភា ឆ្នាំ2021។

    រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ម្ចាស់​ក្រុមហ៊ុន​ដែល​ត្រូវការ​ចាំបាច់​នូវ​លិខិត​ធ្វើដំណើរ​ឆ្លងកាត់ «តំបន់​ក្រហម» និង «តំបន់​លឿងទុំ» អាចដាក់​ពាក្យស្នើសុំ នៅ​រដ្ឋបាល​រាជធានី និង​រដ្ឋបាល​ខណ្ឌ​ទាំង14 ចាប់ពី​ថ្ង​ស​ទី6 ខែឧសភា ឆ្នាំ2021 តទៅ។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​មាននៅ​ខាងក្រោម៖
    ប្រភព៖ រដ្ឋបាល​រាជធានី​ភ្នំ​ពេញ
    ដកស្រង់​៖ បុត្រា

  • វ៉ាក់សាំង​Covid-19 នៅ​កម្ពុជា! តួលេខ​ពលរដ្ឋ​ដែល​បាន​ចាក់​រួចរាល់ នឹង​កើន​ដល់​ជាង2លាន​នាក់ បន្ទាប់ពី​បញ្ចប់​ការចាក់​នៅ​តំបន់​ក្រហម

    វ៉ាក់សាំង​Covid-19 នៅ​កម្ពុជា! តួលេខ​ពលរដ្ឋ​ដែល​បាន​ចាក់​រួចរាល់ នឹង​កើន​ដល់​ជាង2លាន​នាក់ បន្ទាប់ពី​បញ្ចប់​ការចាក់​នៅ​តំបន់​ក្រហម

    នៅពេលដែល​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 នៅ​តំបន់​ក្រហម​ត្រូវ​បានបញ្ចប់ នោះ​តួលេខ​នៃ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ នឹង​កើន​ដល់​ជាង 2លាន​នាក់ ស្មើនឹង​ជាង 20% នៃ​ពលរដ្ឋ​ចំនួន 10លាន​នាក់​ដែល​គ្រោង​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង។

    នៅ​ព្រឹក​ថ្ងៃទី05 ខែឧសភា ឆ្នាំ2021 សម្ដេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​មានប្រសាសន៍ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅក្នុង​តំបន់​ក្រហម ប្រព្រឹត្តិទៅបាន​យ៉ាង​ល្អប្រសើរ និង​នាំឱ្យ​តួលេខ​អ្នក​បានទទួល​ការចាក់​វ៉ាក់សាំង​សរុប​ទូទាំងប្រទេស កើនឡើង​ដល់​ជាង 1.5លាន​នាក់ ស្មើនឹង​ជាង 15% នៃ​ចំនួន​ប្រជាជន​ដែល​ត្រូវ​ចាក់។

    កន្លងមក វ៉ាក់សាំង​ចំនួន 9សែន​ដូ​ស​ហើយ​ដែល​ត្រូវបាន​គណៈកម្មការ​ចំពោះ​កិច្ច បញ្ជូនទៅឱ្យ​កងទ័ព ដើម្បី​ចូលរួម​ជួយ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​នៅក្នុង​តំបន់​ក្រហម។ ក៏ប៉ុន្តែ ពលរដ្ឋ​ដែល​ត្រូវ​ការចាក់​វ៉ាក់សាំង​គឺមាន​រហូត​ទៅដល់​ជាង 5.2សែន​នាក់ ខណៈ​រដ្ឋាភិបាល​មានតែ 9សែន​ដូ​ស​ប៉ុណ្ណោះ ក្នុងនោះ​ពលរដ្ឋ​ម្នាក់​ត្រូវ​ចាក់​ពីរ​ដូ​ស។

    យ៉ាងនេះ​ក្ដី ប្រមុខ​រដ្ឋាភិបាល បាន​ថ្លែង​បញ្ជាក់ថា នៅក្នុង​តំបន់​ក្រហម​នេះ ដរាបណា​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​មិនទាន់​គ្រប់គ្រាន់ រដ្ឋាភិបាល​នឹងមិន​ដើរចេញ​ចោល​ប្រជា​ជនណាម្នាក់​នោះទេ។ នេះ​បើតាម​ប្រសាសន៍​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន៕

    ប្រភព​៖ AKP
    ដកស្រង់​៖ បុត្រា

  • វ៉ាក់សាំង​បង្ការ​ Covid-19 ចំនួន​ 1​លាន​​​ដូ​ស​ទៀត នឹង​មកដល់​កម្ពុជា នៅ​សប្ដាហ៍​ក្រោយ

    វ៉ាក់សាំង​បង្ការ​ Covid-19 ចំនួន​ 1​លាន​​​ដូ​ស​ទៀត នឹង​មកដល់​កម្ពុជា នៅ​សប្ដាហ៍​ក្រោយ

    យុទ្ធ​ការចាក់​វ៉ាក់សាំង​ទូទាំង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នឹង​ត្រូវបាន​ដំណើរការ បន្ទាប់ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅក្នុង​តំបន់​ក្រហម ដើម្បី​កាត់ផ្ដាច់​ជំងឺ​Covid-19 នៅពេល​វ៉ាក់សាំង 1លាន​ដូ​ស​មកដល់​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ។

    នៅ​ព្រឹក​ថ្ងៃទី5 ខែឧសភា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​ក្នុង​តំបន់​ក្រហម​រួចហើយ រាជរដ្ឋាភិបាល​នឹង​បន្ត​ចាក់​វ៉ាក់សាំង នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ក្នុង​បំណង​ឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​នេះ បាន​ចាក់​វ៉ាក់សាំង​គ្រប់គ្នា។

    វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 1លាន​ដូ​ស​ទៀត​នឹង​មកដល់​កម្ពុជា នាពេល​ដ៏​ខ្លី​ខាងមុខ ក្នុងនោះ​មាន 5សែន​ដូ​ស នឹង​មកដល់​នៅ​ថ្ងៃទី11 ខែឧសភា និង 5សែន​ដូ​ស​ទៀត មកដល់​នៅ​ថ្ងៃទី15 ខែឧសភា ដូច្នេះ កម្ពុជា នឹងមិន​ខ្វះ​វ៉ាក់សាំង​នោះទេ។ នេះ​បើតាម​ការ​ឱ្យដឹងពី​ប្រមុខ​រដ្ឋាភិបាល។

    សម្ដេច ហ៊ុន សែន តាមរយៈ​សារ​ជា​សំឡេង បាន​មានប្រសាសន៍ថា៖ «យើង​នឹង​ស្រោច​ទីក្រុង​ភ្នំពេញ​និង​ខេត្តកណ្តាល​ឱ្យ​ជន់​លិច​ទៅដោយ​វ៉ាក់សាំង ប៉ុន្តែ​ដំបូង​នេះ យើង​ធ្វើ​នៅក្នុង​ក្របខណ្ឌ​តំបន់​ក្រហម ហើយ​គ្រាន់តែ​តំបន់​ក្រហម​នេះ ប្រជាជនមាន​ទៅដល់​ជាង 50ម៉ឺន​នាក់​រួចទៅហើយ ដូច្នេះ​វា​មិនយូរប៉ុន្មាន ទីក្រុង​ភ្នំពេញ និង​ខេត្តកណ្តាល នឹង​ជោគជាំ​ទៅដោយ​វ៉ាក់សាំង ដែល​យើង​ខិតខំ​រក ហើយ​ដែលមាន​ការជួយ​ផ្គត់ផ្គង់​ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដែលជា​ប្រភព​ផ្តល់ជំនួយ​មិនចេះ​រីងស្ងួត​សម្រាប់​យើង ទាំង​ជំនួយ​ក៏ដូចជា​ការផ្គត់ផ្គង់​តាមរយៈ​ការទិញ​របស់​យើង​ផងដែរ»៕

    ប្រភព៖ ទទក
    ដកស្រង់​៖ បុត្រា

  • ភូមិសាស្ត្រ​ដែល​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព

    ភូមិសាស្ត្រ​ដែល​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព

    ភូមិសាស្ត្រ​ខេត្តតាកែវ ខេត្តកំពង់ចាម និង​ខេត្តកំពង់ស្ពឺ ត្រូវបាន​កំណត់​ជា​តំបន់​ដែល​រង​ការឆ្លង​រាលដាល​នៃ​វីរុស​Covid-19 ទាក់ទិន​នឹង​ព្រឹត្តិការណ៍20កុម្ភៈ ដែល​នេះ​គឺជា​សេចក្ដីជូនដំណឹង​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល។

    ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម៖

  • Covid-19 !! កម្ពុជា រកឃើញអ្នកឆ្លងថ្មី 672នាក់ទៀត

    Covid-19 !! កម្ពុជា រកឃើញអ្នកឆ្លងថ្មី 672នាក់ទៀត

    ក្រសួងសុខាភិបាល​កម្ពុជា​ នាព្រឹក​ថ្ងៃទី​5 ឧសភា​នេះ​ បាន​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​ Covid-19 ចំនួន​ 672​នាក់​ទៀត​ នៅ​ក្នុង​អំឡុង​ថ្ងៃទី​4 ខែ​ឧសភា​ ឆ្នាំ​2021​។

    ខាងក្រោម​នេះ​គឺជា​សេចក្ដី​ជូន​ដំណឹង​សង្ខេប​អំពី​ស្ថាន​ភាព​ Covid-19 នៅ​កម្ពុជា​ សម្រាប់​ថ្ងៃ​នេះ​៖

  • ញ៉ាំ​ចេក…មិនមែនជា​រឿងងាយៗដូច​បក​ចេក​ទេ!

    ញ៉ាំ​ចេក…មិនមែនជា​រឿងងាយៗដូច​បក​ចេក​ទេ!

    អ្នកណាៗក៏​ប្រាប់​ឱ្យ​ញ៉ាំ​ចេក ដើម្បីឱ្យ​រាងកាយ​បាន​រឹងមាំ​ដែរ តែ​ចេក​មាន​ឡើង​ច្រើន​ប្រភេទ ច្រើនយ៉ាង តើ​ត្រូវ​ជ្រើស​រើសយក​ចេក​មួយណា​មក​ញ៉ាំ​ល្អ​ទៅ?

    «ចេក» ផ្លែឈើ​ដែល​ជនជាតិខ្មែរ​យើង​ស្គាល់​ច្បាស់ និង​និយម​ទទួលទាន​មក​យូរហើយ  មនុស្ស​ជាច្រើន​យល់ឃើញថា ចេក​ជា​ផ្លែឈើ​ដ៏​អស្ចារ្យ  ញ៉ាំ​ធ្វើជា​ថ្នាំ​ព្យាបាល និង​ការពារ​រោគ​បាន​ទៀតផង។ អ្នកខ្លះ​ញ៉ាំ​តែ​ចេក​ដើម្បី​សម្រក​ទម្ងន់​ក៏មាន  តែ​ការពិតទៅ ការ​ញ៉ាំ​តែ​ចេក និង​ញ៉ាំច្រើនៗ ក៏​មិនមែន​ជាការ​ញ៉ាំ​ដែល​ត្រឹមត្រូវ​ដែរ។

    លោកគ្រូ​ពេទ្យ​ជំនាញ​ផ្នែក​ភោជនាហារ និង​សុខភាព បាន​ប្រាប់ថា ការពិតទៅ ផ្លែ​ចេក ក៏ដូចជា​ផ្លែឈើ​ទូទៅ​ឯទៀត​ដែលមាន ទាំង​ប្រូតេអ៊ីន សារធាតុ​ខ្លាញ់ និង​កាបូ​ហៃ​ដ្រេ​ត​បន្តិច​ដែរ  តែមាន​គុណប្រយោជន៍​ខា​ង​ភោជនាហារ​ខ្ពស់ សម្បូរ​ទៅដោយ​សារធាតុ​រ៉ែ និង​វិ​តា​មីន​ជាច្រើន​ប្រភេទ ។

    ច្រើនយ៉ាង តែ​មិន​ច្រើន​ជ្រុល

    បើ​ប្រៀបធៀប​គុណប្រយោជន៍​ខាង​សារធាតុ​អាហារ​របស់​ផ្លែ​ចេកទុំ ជាមួយនឹង​ផ្លែឈើ​ផ្សេងទៀត ដូចជា ក្រូច ក្នុង​បរិមាណ​ប៉ុនគ្នា​នោះ  យើង​នឹង​បាន​ឃើញថា ការពិត បរិមាណ​សារធាតុ​រ៉ែ និង​វិ​តា​មីន​នៅក្នុង​ផ្លែ​ចេក​មិនបាន​ទៅ​ច្រើន​អី​ណាស់ណា​ឡើយ  មាន​ចេក​តែ​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ​ដែល​លេចធ្លោ​ជាងគេ​នោះ ដូច្នេះ​ការនិយម​ញ៉ាំ​ចេក ប្រហែលជា​មកពី​ចេក​ជា​ផ្លែឈើ​ដែល​ងាយ​រកបាន និង​មាន​តម្លៃថោក​ហ្នឹងឯង។

    ក្រៅពីនេះ ចូរ «កុំ​គិតថា ញ៉ាំ​ចេក​ហើយ​ស្គម​នោះ» លោកគ្រូ​ពេទ្យ​បាន​ប្រាប់ថា ចេក គឺជា​ផ្លែឈើ​ដែលមាន​ជាតិ​ស្ករ​ច្រើន ទាំង​ហ្វ្រា​ក់​ថូ​ស  គ្លុយកូស និង​ស៊ូ​ខ្រូ​ស ទោះជា​មាន​រាង​តិច​មែន​ក៏ដោយ  តែ​ក៏​អាចនិយាយបាន​ថា​មាន​ដែរ បើ​ទទួលទាន​ក្នុង​បរិមាណ​ច្រើន នឹង​ទទួលបាន​ថាមពល​ច្រើន យ៉ាងណាៗ ក៏​ទម្ងន់​ខ្លួន​មិន​ថយចុះ​ដែរ។

    ការពិតទៅ នៅលើ​អ្នកជំងឺ​ទឹកនោមផ្អែម ចេកទុំ គឺជា​ផ្លែឈើ​ដែល​ត្រូវ​ប្រយ័ត្ន ក្នុងការ​ទទួលទាន​ទៅវិញ​ទេ  តែបើ​តម ឬ​បញ្ឈប់​ការ​ញ៉ាំ​ចេក​តែ​ម្តងនោះ ក៏​មិនល្អ​ដែរ។  ការ​ញ៉ាំ​ផ្លែឈើ​ឱ្យ​ទទួលបាន​ប្រយោជន៍​ច្រើន​បំផុត​នោះ ត្រូវ​ញ៉ាំ​ឱ្យបាន​ច្រើនយ៉ាង និង​ញ៉ាំ​ផ្លាស់ប្តូរ វិលជុំ​គ្នា ម្តង​ផ្លែ​នេះ ម្តង​ផ្លែ​នោះ ជារឿយៗទើប​ជាការ​ប្រសើរ។

    ចេកពងមាន់

    មាន​វិ​តា​មីន A និង​បេ​តា​ឃែ​រ៉ូ​ធី​ន​ខ្ពស់ អ្នកណា​ដែលមាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ភ្នែក ដូចជា អង្គុយ​សម្លឹង​អេក្រង់​កុំព្យូទ័រ  ទូរស័ព្ទដៃ  ឬ​ធេ​ប្លិ​ត​ពេញ 1ថ្ងៃៗនោះ  ហាម​ខកខាន​ជាដាច់ខាត។

    ចេកណាំវ៉ា

    កាក​សរសៃ​អាហារ ដែលមាន​ហាក់ដូច​ជាច្រើន​នោះ នឹង​ជួយ​បឺត​ជញ្ជក់​យកជាតិ​ខ្លាញ់ ស្ករ និង​សារ​ជាតិពុលផ្សេងៗ  ជួយ​ឱ្យ​បន្ទោបង់​បាន​ស្រួល  ចំណែក​វិ​តា​មីន B3 ដែលមាន​នៅក្នុង​ចេកណាំវ៉ា ក៏​ជួយ​កាត់បន្ថយ​ការ​រលាក​ស្រទាប់​ស្បែក  ថែទាំ​ប្រព័ន្ធ​ប្រសាទ​និង​បន្ថយ​អាការ​នឿយ​ល្វើយ។

    ចេកអំបូង

    ផូស្វ័រ​ដែលមាន​ច្រើន នឹង​ជួយ​ការពារ​មិនឱ្យ​ឆ្អឹង​ស្រួយ  ចំណែក​វិ​តា​មីន C ក៏​នឹង​ជួយ​ប្រឆាំង​សារធាតុ​រ៉ាឌីកាល់​សេរី និង​បំប៉ន​សរសៃឈាម​ឱ្យ​រឹងមាំ។

    ចេកស្នាប់មុខ

    មាន​សារធាតុ​អាហារ​លេចធ្លោ​ជាង​ចេកឯទៀតៗ  ទាំង​កាល់ស្យូម និង​ផូស្វ័រ​ដែលមាន​ច្រើន​នោះ នឹង​ទៅ​ជួយ​បំប៉ន​គ្រោង​សាង​របស់​ឆ្អឹង​ឱ្យ​រឹងមាំ  សារធាតុ​ដែក​ជួយ​ការពារ​រោគ​កង្វះ​ឈាមក្រហម  វិ​តា​មីន B1 ការពារ​រោគ​ស្ពឹក​ស្រពន់ និង​វិ​តា​មីន B2 ការពារ​រោគ​មហារីក​បំពង់​អាហារ៕

  • សហរដ្ឋ​អាមេរិក ផ្ដល់ប្រាក់​រង្វាន់​​មិនមាន​ដែន​​កំណត់ ដល់​អ្នក​នាំ​មនុស្ស​មកចាក់​វ៉ាក់សាំង Covid-19

    សហរដ្ឋ​អាមេរិក ផ្ដល់ប្រាក់​រង្វាន់​​មិនមាន​ដែន​​កំណត់ ដល់​អ្នក​នាំ​មនុស្ស​មកចាក់​វ៉ាក់សាំង Covid-19

    កន្លងមក មានពេលខ្លះ ការទទួល​បានការ​ណា​ត់​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 នៅ​សហរដ្ឋអាមេរិក មិន​ខុសពី​ការ​ត្រូវ​ឆ្នោត​នោះឡើយ ក៏ប៉ុន្តែ បច្ចុប្បន្ន បញ្ហា​នេះ ផ្ទុយស្រឡះ​បាត់ទៅហើយ ដោយ​អាជ្ញាធរ​របស់​រដ្ឋ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក កំពុង​ស្វែងរក​វិធីសាស្ត្រល្អៗ ហើយ​ពេលខ្លះ​ក៏ប្លែកៗ ដើម្បី​ទាក់ទាញ​ពលរដ្ឋ​មកចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ព្រោះ​ពលរដ្ឋ​មានការ​រារែក។

    Larry Hogan អភិបាលរដ្ឋ Maryland បាន​ថ្លែង​កាលពី​ថ្ងៃទី3 ខែឧសភា​ថា៖ «វ៉ាក់សាំង មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ទាំងស្រុង ហើយ​វា​សុទ្ធតែ​មិន​គិតថ្លៃ និង​នៅមាន​ជានិច្ច បើ​ទោះ​អ្នក​បាន​ចុះឈ្មោះ​មុន ឬ​អត់» Larry Hogan បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​នានា ផ្ដល់​អត្ថប្រយោជន៍ផ្សេងៗដល់​បុគ្គលិក​ដែល​បាន​ចាក់​វ៉ាក់សាំង។

    យុទ្ធសាស្ត្រ​នេះ ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​ក្រុម​អ្នកជំនាញ​ផ្នែក​សុខាភិបាល​សាធារណៈ ទទួល​ស្គាល់​ថា​ សហរដ្ឋ​អាមេរិក​ ពិបាក​សម្រេចបាន​គោលដៅ​ដែល​បានកំណត់​លើ​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 ដោយសារ​បញ្ហា​សេរីភាព និង​ការសង្ស័យ​លើ​សុវត្ថិភាព​របស់​វ៉ាក់សាំង។

    «ជាម​នុស្ស យើង​តែងតែ​ប្រតិកម្ម​វិជ្ជមាន​ទៅលើ​មើម​ការ៉ុត​ច្រើនជាង​ដំបង» បណ្ឌិត Megan Ranney មកពី​សាកលវិទ្យាល័យ Brown នៅ Rhode Island ថ្លែង​កាលពី​ថ្ងៃទី3 ខែឧសភា។

    បើតាម​អ្នកស្រី យុទ្ធនា​ការចាក់​វ៉ាក់សាំង តែងមាន​ប្រសិទ្ធភាព​ជាង នៅពេល​គេ​ប្រើពាក្យ​ពេចន៍​ដែល​មិន​កង្ក​ប់​ការបង្ខិតបង្ខំ​លើ​ពលរដ្ឋ។ ការបញ្ជូនសារ «វ៉ាក់សាំង​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​អ្នក» គឺជា​ឃ្លា​ដ៏​ល្អ ដើម្បី​ទាក់ទាញ​ពលរដ្ឋ​មកចាក់​វ៉ាក់សាំង។

    នៅក្នុង​រដ្ឋ New Jersey អភិបាល Phil Murphy ឱ្យដឹងថា រាល់​បុគ្គល​ដែលមាន​អាយុ​ចាប់ពី 21ឆ្នាំ និង​បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ដូ​ស នឹង​ទទួលបាន​ស្រា​បៀរ​ដោយ​មិន​គិតថ្លៃ នៅ​ទីតាំង​លក់​ស្រា​បៀរ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​របស់​រដ្ឋ។

    រដ្ឋ Connecticut ក៏មាន​កម្មវិធី​ស្រដៀង​នេះដែរ ក្នុងនោះ ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ដូ​ស នឹង​ទទួលបាន​ភេសជ្ជៈ​មាន​អាល់កុល ឬ​មិនមាន​អាល់កុល នៅតាម​ហាង​ដែល​បាន​សហការ​ជាមួយ​អាជ្ញាធរ សម្រាប់​ខែឧសភា​នេះ។

    ការ​ចាក់​វ៉ាក់សាំង​នៅ​តំបន់ Pittsburgh នៃ​រដ្ឋ​ Pennsylvania

    នៅ​ទីក្រុង Detroit កាលពី​សប្ដាហ៍​មុន បានប្រកាសថា នឹង​ផ្ដល់​ប័ណ្ណ​អំណោយ​ដែលមាន​តម្លៃ 50ដុល្លារ ទៅឱ្យ​បុគ្គល​ទាំងឡាយណា​ដែល​បាន​នាំ​មនុស្ស​ម្នាក់​មកកាន់​មណ្ឌល​ចាក់​វ៉ាក់សាំង។ មិនមាន​ការកំណត់​លើ​ចំនួន​ទឹកប្រាក់​ដែល​បុគ្គល​ម្នាក់​ទទួលបាន​នោះទេ ប៉ុន្តែ បើ​ទទួលបាន​លើសពី 600ដុល្លារ នឹងត្រូវ​បង់ពន្ធ​លើ​ប្រាក់ចំណូល។

    ដើម្បី​ជាការ​លើកទឹកចិត្ត​ឱ្យ​បុគ្គលិក​រដ្ឋ​មកចាក់​វ៉ាក់សាំង អាជ្ញាធរ​រដ្ឋ Maryland កំពុង​ស្នើឱ្យ​ផ្ដល់ប្រាក់​រង្វាន់ 100ដុល្លារ បើសិនជា​ពួកគេ​យល់ព្រម​ចាក់​វ៉ាក់សាំង​Covid-19។

    Jim Justice ដែលជា​អភិបាលរដ្ឋ Virginia ខាងលិច កាលពី​សប្ដាហ៍​មុន បានឱ្យដឹង​ដែរ​ថា រដ្ឋ​នេះ​នឹង​ផ្ដល់​មូល​ប​ត្រ​បំណុល​សន្សំ​របស់​រដ្ឋ (Savings Bonds) ដែលមាន​តម្លៃ​ស្មើ 100ដុល្លារ ដល់​ពលរដ្ឋ​ទាំងឡាយ​ដែលមាន​អាយុ​ចាប់ពី 16 ដល់ 35ឆ្នាំ និង​បាន​ចាក់​វ៉ាក់សាំង Covid-19។ ប៉ុន្តែ កាលពី​ថ្ងៃទី3 ខែឧសភា លោក​បាន​និយាយថា នឹង​ពិនិត្យ​រក​វិធីសាស្ត្រ​លើកទឹកចិត្ត​ផ្សេង​វិញ ដោយសារ​ពិបាក​បង្កើត​កម្មវិធី​នេះ។

    នៅ Los Angeles នៃ​រដ្ឋ California សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សាភិបាល​ក្រុង និង​មជ្ឈមណ្ឌល​វប្បធម៌​ពហុ​ជំនឿ កាលពី​ថ្ងៃទី30 ខែមេសា បាន​ដំណើរការ​កម្មវិធី​ជូនអំណោយ​ដល់​បុគ្គល​ទាំងឡាយ​ដែល​បាន​មកកាន់​កន្លែង​ចាក់​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ​របស់​ពួកគេ។

    ក៏ប៉ុន្តែ Arthur Caplan សាស្ត្រាចារ្យ​ផ្នែក​ក្រមសីលធម៌​វេជ្ជសាស្ត្រ មកពី​សាលា​វេជ្ជសាស្ត្រ Grossman នៃ​សាកលវិទ្យាល័យ New York បាន​ព្រមាន​អំពី​ប្រសិទ្ធភាព​របស់​កម្មវិធី​លើកទឹកចិត្ត​ការចាក់​វ៉ាក់សាំង​ខាងលើ។

    «ខ្ញុំ​គិតថា អារម្មណ៍​រារែក និង​ការពន្យារពេល កំពុង​ចាក់ឫស​ជ្រៅ ហើយ​អ្នក​ពិតជា​ពិបាក​ដោះស្រាយ​ដោយ​ការប្រើប្រាស់​អំណោយ​ជា​ប្រាក់ 100ដុល្លារ ឬ​អំណោយ​ប្រហាក់ប្រហែល​នេះ» លោក Arthur Caplan ថ្លែង​ដូច្នេះ។

    គិត​មកដល់​បច្ចុប្បន្ន សហរដ្ឋអាមេរិក បាន​ប្រើប្រាស់​វ៉ាក់សាំង​ចំនួន 247លាន​ដូ​ស ក្នុងនោះ អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់ មាន​ចំនួន 106លាន​នាក់ ស្មើ​នឹង​ 32.1%៕

    ប្រភព​៖ NYTimes
    ប្រែសម្រួល​៖ បុត្រា

  • ចាប់ផ្ដើមរ​កលែង​បាន! ប្រេ​ស៊ី​ល ជួប​បញ្ហា​ខ្វះខាត​វ៉ាក់សាំង​កូ​វី-19 ត្រូវ​ផ្អាក​ចាក់​ដូ​ស​ទី2

    ចាប់ផ្ដើមរ​កលែង​បាន! ប្រេ​ស៊ី​ល ជួប​បញ្ហា​ខ្វះខាត​វ៉ាក់សាំង​កូ​វី-19 ត្រូវ​ផ្អាក​ចាក់​ដូ​ស​ទី2

    បញ្ហា​ខ្វះខាត​វ៉ាក់សាំង​កូ​វីដ-19 បាន​បង្ខំ​ឱ្យ​ទីក្រុងធំៗជាច្រើន​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ត្រូវ​ផ្អាក​ចាក់​ដូ​ស​ទី2 ជា​បណ្ដោះ​អាសន្ន។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី និង​របាយការណ៍​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី3 ឧសភា។ ហេតុការណ៍​ផ្អាក​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ-19 យ៉ាង​បន្ទាន់​ចុងក្រោយ​នេះ បាន​កើតឡើង​ក្រោម​ស្ថានការណ៍​ឆ្លង​រាលដាល​ដ៏​អាក្រក់។

    ទីក្រុងធំៗ ចំនួន7 ក្នុងចំណោម 26រដ្ឋ របស់​ប្រទេស​ប្រេ​ស៊ី​ល ត្រូវ​បញ្ឈប់​ការចាក់​វ៉ាក់សាំង​របស់ CoronaVac ដែល​អភិវឌ្ឍ​ដោយ​ប្រទេស​ចិន ដោយសារតែ​ការផ្គត់ផ្គង់ មិន​គ្រប់គ្រាន់។ នេះ​បើតាម​របាយការណ៍​រប​ស់​វេ​ប​សាយ​ព័ត៌មាន G1។

    រី​អូ ដឺ ចា​នេ​រ៉ូ ទីក្រុង​ធំ​បំផុត លំដាប់​លេខ2 របស់​ប្រទេស​ប្រេ​ស៊ី​ល បាន​ថ្លែង​ផ្អាក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី2 រយៈពេល 10ថ្ងៃ នៅ​ថ្ងៃ​សៅរ៍ ទី1 ឧសភា មុននឹង​កែសម្រួល​កាលវិភាគ​ការចាក់​វ៉ាក់សាំង​ជាថ្មី ដោយ​បែរមក​ចាក់​ដូ​ស​ជំរុញ​ការប្រឆាំង​មេរោគ​តាម​ក្រុម​អាយុ​មនុស្ស​វិញ​ម្ដង ទោះជា​ដំណើរការ​ទៅ​យ៉ាងយឺតៗក៏ដោយ។

    ទីក្រុង​ដែលមាន​ប្រជាជន​ចំនួន​ជាង 6.7លាន​នាក់​មួយ​នេះ បាន​វិល​មក​ដំណើរ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី2 កាលពី​ថ្ងៃ​ចន្ទ ទី3 ឧសភា ម្សិលមិញ ចំពោះតែ​មនុស្ស​ចាស់ វ័យ 70ឆ្នាំ​ឡើងទៅ ចំណែក​មនុស្ស​ដែល​អាយុ​តិចជាង 60ឆ្នាំ ក្នុងនោះ​រួមទាំង​មន្ត្រី​សុខា​ភាព​សាធារណៈ​ផង​នោះ តាម​កាលវិភាគ​ចាក់​វ៉ាក់សាំង​ថ្មី​របស់​ទីក្រុង​នេះ ពួកគេ​អាច​នឹងត្រូវ​រង់ចាំ​យូរ​ដល់​ទៅ 2 ទៅ 12ថ្ងៃ តាមរយៈ​ការណែនាំ​ឱ្យ​ចាក់​វ៉ាក់សាំង​ក្នុង 1ដូសៗ ឆ្ងាយ​ពីគ្នា 28ថ្ងៃ។

    ចំណែក​ទីក្រុងធំៗផ្សេងទៀត ដែល​ផ្អាក​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី2 ដែរនោះ រួមមាន ទីក្រុង​ធំ ដូចជា បូ​ឡូ ហូ​រី​សុន​តេ និង​ប៉ូ​ទូ​អា លេ​ក្រេ ដែលមាន​ប្រជាជន​ប្រមាណ 2.5លាន​នាក់ និង 1.5នាក់ តាម​លំដាប់។

    សារព័ត៌មាន Folha de Sao Paulo បាន​រាយការណ៍​ថា ក្នុង​បណ្ដា​ទីក្រុងធំៗរបស់​រដ្ឋផ្សេងៗទូទាំងប្រទេស​ប្រេ​ស៊ី​ល បច្ចុប្បន្ន ច្រើនជាង​ពាក់កណ្ដាល មិនមាន​វ៉ាក់សាំង​គ្រប់គ្រាន់ សម្រាប់​ការចាក់​ដូ​ស​ទី2 ឱ្យ​ប្រជាជន​គ្រប់គ្នា ដែល​បានទទួល​វ៉ាក់សាំង​ដូ​ស​ទី1 រួចហើយ​នោះទេ។

    កូ​វីដ-19 បានសម្លាប់​ជីវិត​មនុស្ស​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​រួចហើយ អស់​ជាង 400,000នាក់ ខ្ពស់បំផុត​លំដាប់​លេខ2 របស់​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក តែ​ពេលនេះ ពួកគេ​កំពុង​ជួបនឹង​បញ្ហា​ក្នុងការ​ស្វែងរក​វ៉ាក់សាំង ចាក់ឱ្យ​ប្រជាជន​ចំនួន 212លាន​នាក់។

    កន្លងមក​លោក ឆា​អ៊ី បូល​សូ​ណេ​រ៉ូ ប្រធានាធិបតី​ស្ដាំនិយម​របស់​ប្រទេស​ប្រេ​ស៊ី​ល បាន​រង​ការរិះគន់​យ៉ាងខ្លាំង ចំពោះ​ការមើលស្រាល​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ និង​ធ្វើ​ព្រងើយកន្តើយ ចំពោះ​ការណែនាំ​របស់​បណ្ដា​អ្នកជំនាញការ ក្នុង​វិធានការ​គ្រប់គ្រង​ការឆ្លង​រាលដាល​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ។

    រហូតមកដល់​ពេលនេះ មាន​ប្រជាជន​ប្រេ​ស៊ី​ល បានទទួល​វ៉ាក់សាំង​ដូ​ស​បំ​បូ​ង​រួចហើយ​ប្រមាណ 15% និង​មាន 7.5% ដែល​បានទទួល​វ៉ាក់សាំង​គ្រប់​ទាំង 2ដូ​ស៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • Covid-19! អ្នក​​​ធ្លាប់​បាន​​ទៅ​ទិញ​ថ្នាំ​ពី​ឱសថស្ថាន​មួយ​នៅ «ច្បារអំពៅ» សូម​ដាក់ខ្លួន​នៅ​ដោយឡែក!

    Covid-19! អ្នក​​​ធ្លាប់​បាន​​ទៅ​ទិញ​ថ្នាំ​ពី​ឱសថស្ថាន​មួយ​នៅ «ច្បារអំពៅ» សូម​ដាក់ខ្លួន​នៅ​ដោយឡែក!

    ប្រជាពលរដ្ឋ ដែល​ធ្លាប់បាន​ទៅ​ទិញ​ថ្នាំ​នៅ​ឱសថស្ថាន សួស្ដី ដែល​ស្ថិត​នៅផ្ទះ​លេខ 153 ផ្លូវ​លេខ 369 (ក្បែរ​គល់ស្ពាន​ច្បារអំពៅ​ថ្មី) សូម​ដាក់ខ្លួន ដាច់ដោយឡែក និង​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល 14ថ្ងៃ បន្ទាប់​ពីថ្ងៃ​ដែល​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​មាន​ហានិភ័យ​មួយ​នេះ។

    ខាងលើនេះ​គឺជា​​សេចក្ដី​អំពាវនាវ​រប​ស់​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​Covid-19 នៃ​ក្រសួងសុខាភិបាល ដែល​បានប្រកាស​កាលពី​វេលា​ម៉ោង 4ល្ងាច ថ្ងៃទី4 ខែឧសភា ឆ្នាំ2021។

    ចំពោះ​មូលហេតុ ត្រូវបាន​អនុគណៈកម្មការ​នេះ​បញ្ជាក់ថា នៅ​ព្រឹក ថ្ងៃទី3 ខែឧសភា ឆ្នាំ2021 មាន​អ្នកជំងឺ​Covid-19 ម្នាក់ ដែល​រស់នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី2 បាន​ទៅ​ទិញ​ថ្នាំ នៅ​ទីតាំង​ខាងលើនេះ​។

    អនុគណៈកម្មការ​ខាងលើ​ក៏បាន​ស្នើ សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង «ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី2 ខណ្ឌ​ច្បារអំពៅ», «ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​ទី2 ខណ្ឌ​ច្បារអំពៅ» និង ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី2 ខណ្ឌ​ច្បារអំពៅ» រាជធានី​ភ្នំពេញ កុំ​ចេញពីផ្ទះ ប្រសិនបើ​មិនមាន​កិច្ចការ​ចាំបាច់៕

    ប្រភព​៖ អនុគណៈកម្មការ​ស្រាវ​ជ្រាវ​ជំងឺ​Covid-19
    ដកស្រង់​៖ បុត្រា