Category: សុខភាព

  • កម្ពុជា ចេញ​របាយការណ៍​ស្ដីពី​តួលេខ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19

    កម្ពុជា ចេញ​របាយការណ៍​ស្ដីពី​តួលេខ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19

    នា​ថ្ងៃទី11 ខែឧសភា ឆ្នាំ2021 នេះ កម្ពុជា បានបង្ហាញ​របាយការណ៍​មួយ​ស្ដីពី​តួលេខ​នៃ​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 នៅ​ទូទាំងប្រទេស ដោយ​រួមទាំង​ការចាក់​លើកទីមួយ និង​លើក​ទី​ពីរ។

    វ៉ាក់សាំង​ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា នាបច្ចុប្បន្ន រួមមាន វ៉ាក់សាំង Sinopharm ផលិត​នៅ​ប្រទេស​ចិន, វ៉ាក់សាំង Covishield ផលិត​នៅ​ប្រទេស​ឥណ្ឌា (AstraZeneca) និង​វ៉ាក់សាំង Sinovac ផលិត​នៅ​ប្រទេស​ចិន។

    ជារួម ចំនួន​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​លើកទីមួយ មាន 1,877,840នាក់ និង​ពលរដ្ឋ​ដែល​បាន​ចាក់​លើក​ទី​ពីរ មាន 1,123,726នាក់។ ព័ត៌មាន​លម្អិត សូម​អាន​របាយការណ៍​ខាងក្រោម៖

    ប្រភព៖ ក្រសួងសុខាភិបាល
    ដកស្រង់៖ បុត្រា

  • ក្រុមហ៊ុន NOVAVAX អភិវឌ្ឍ​វ៉ាក់សាំង​មួយ​ប្រភេទ ដែល​អាច​ទប់ស្កាត់​ទាំង​វីរុស​COVID-19 ទាំង​វីរុស​គ្រុន​​ផ្ដាសាយ

    ក្រុមហ៊ុន NOVAVAX អភិវឌ្ឍ​វ៉ាក់សាំង​មួយ​ប្រភេទ ដែល​អាច​ទប់ស្កាត់​ទាំង​វីរុស​COVID-19 ទាំង​វីរុស​គ្រុន​​ផ្ដាសាយ

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ Novavax របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី10 ខែឧសភា បានឱ្យដឹងថា ការពិសោធ​វ៉ាក់សាំង​បង្ការ​ទាំង​វីរុស​Covid-19 ទាំង​វីរុស​ផ្ដាសាយ នៅលើ​សត្វ បានទទួល​លទ្ធផល​ល្អ។

    យោងតាម​ក្រុមហ៊ុន Novavax ការស្រាវជ្រាវ​ខាងលើ​បង្ហាញថា វ៉ាក់សាំង​ប្រភេទ​រួមផ្សំ​នេះ បង្កើត​អង្គ​ប​ដិ​ប្រាណ​ខ្លាំងក្លា អាច​ទប់ស្កាត់​ការឆ្លង​វីរុស​ទាំងពីរ​ប្រភេទ​ដែល​បាន​និយាយ​ខាងដើម នៅពេល​អ្នកវិទ្យាសាស្ត្រ​ពិសោធ​នៅលើ​កណ្ដុរ និង​កញ្ជ្រោង។

    មន្ត្រីជាន់ខ្ពស់​ម្នាក់​រប​ស់ Novavax យល់ថា ក្នុង​វិបត្តិ Covid-19 បើទោះជា​អត្រា​នៃ​ការឆ្លង​វីរុស​ផ្ដាសាយ​មាន​កម្រិត​ទាប ប៉ុន្តែ​នេះ​នៅតែ​ជា​ហានិភ័យ​គួរឱ្យ​បារម្ភ សម្រាប់​ប្រព័ន្ធ​សុខាភិបាល​ពិភពលោក និង​តម្រូវការ​ស្ដីពី​វ៉ាក់សាំង​ដែល​មាន​​ប្រសិទ្ធ​ភាព​​ខ្ពស់​ជាង ​អាច​បង្ការ​វីរុស​ច្រើន​ប្រភេទ ក្នុងនោះ​មាន​វីរុស​ផ្ដាសាយ​ផងដែរ គឺជា​ប្រការ​សំខាន់​ជាងពេលណាៗទាំងអស់។

    វ៉ាក់សាំង​ដែល​កំពុង​ត្រូវបាន​ក្រុម​ហ៊ុន​ Novavax អភិវឌ្ឍ​នេះ​គឺជា​ប្រភេទ​វ៉ាក់សាំង​ដែល​រួមផ្សំ​រវាង​វ៉ាក់សាំង​បង្ការ​វីរុស​ផ្ដាសាយ NanoFlu និង​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19។ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ចាក់​វ៉ាក់សាំង​នេះ​ទៅលើ​សត្វ​កណ្ដុរ ហើយ​​ក្រោយ​មក​ ឱ្យ​ពួកវា​ប៉ះពាល់ Covid-19។ លទ្ធផល​បាន​បង្ហាញថា កណ្ដុរ​ទាំងនេះ​នៅតែ​រក្សាបាន​នូវ​ទម្ងន់​ដើម​របស់​ពួកវា បើ​ធៀប​នឹង​កណ្ដុរ​ដែល​ត្រូវបាន​ចាក់​ថ្នាំ placebo (ថ្នាំ​ដែល​មិនមាន​សារធាតុ​សកម្ម)។ ពេល​ពិនិត្យ​សំណាក​សួត​របស់​សត្វ​ដែល​ត្រូវបាន​ចាក់​វ៉ាក់សាំង ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ពួកវា​មិនបាន​ឆ្លង Covid-19 ឡើយ។

    Novavax អះអាងថា វ៉ាក់សាំង​ទប់ស្កាត់ Covid-19 ឈ្មោះ NVX-CoV2373 របស់​ពួកគេ មាន​ប្រសិទ្ធភាព 100% ក្នុងការ​ទប់ស្កាត់​មិនឱ្យ​មាន​ករណី​ឈឺ​ធ្ងន់ ក្នុងដំណាក់កាល​ទី​បី​នៃ​ការពិសោធ​លើ​មនុស្ស​នៅ​អង់គ្លេស និង​មាន​ប្រសិទ្ធភាព​ទូទៅ​ក្នុង​កម្រិត 89.7%។ ចំណែក NanoFlu វិញ​គឺជា​វ៉ាក់សាំង​បង្ការ​វីរុស​ផ្ដាសាយ ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Novavax ដូចគ្នា។ វ៉ាក់សាំង​ទាំងពីរ​នេះ សុទ្ធតែ​កំពុង​ត្រូវបាន​ពិសោធ​ដាច់ដោយឡែក នៅលើ​មនុស្ស ក្នុងដំណាក់កាល​ចុងក្រោយ និង​មិនទាន់​ត្រូវបាន​រដ្ឋាភិបាល​អនុម័ត​នៅឡើយ៕

    ប្រភព​៖ AFP, France24
    ប្រែសម្រួល​៖ បុត្រា

  • ទម្លាប់ល្អៗ 5យ៉ាង​ដែល​អ្នក​គួរ​ធ្វើ ដើម្បី​សុខភាព​ល្អ

    ទម្លាប់ល្អៗ 5យ៉ាង​ដែល​អ្នក​គួរ​ធ្វើ ដើម្បី​សុខភាព​ល្អ

    ការ​បាន​សាកល្បង​កែសម្រួល​ទង្វើ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ក៏​អាចធ្វើឱ្យ​យើង មាន​សុខ​ភាពល្អ​បានដែរ  ថ្ងៃនេះ​ឡា​រ៉ែ​ន មាន​ទម្លាប់ និង​ទង្វើល្អៗ ដែល​លោកអ្នក​គួរតែ​ធ្វើឱ្យបាន​រៀងរាល់ថ្ងៃ មក​ជម្រាបជូន​ដូចតទៅ៖

    1. ទទួលទាន​អាហារ​ពេលព្រឹក ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន ក្នុងអំឡុងពេល 30នាទី ក្រោយ​ភ្ញាក់​ពី​ដំណេក

    ទាំងអស់គ្នា​ប្រហែលជា​បានដឹង​ច្បាស់​ហើយ​ថា អាហារ​ពេលព្រឹក គឺជា​អាហារ​ដ៏​សំខាន់បំផុត​សម្រាប់​ថ្ងៃ​ថ្មី​នេះ ហើយ​អាហារ ដែលមាន​ប្រូតេអ៊ីន​ខ្ពស់ នឹង​បង្កើន​ការដុត​បំផ្លាញ​កាន់​ខ្ពស់​ឡើង​ដែរ បើ​ប្រៀបធៀប​នឹង​អាហារ​ពេលព្រឹក បែប​ខា​បូ​ហាយ​ដ្រេ​ត​ខ្ពស់​នោះ។

    1. បង្កើន​ភាពយឺត​តឹង

    យើង​តែងតែ​ភ្ញាក់ឡើង​ដោយ​រាងកាយ​ដែល​រឹង​ស្ពឹក ព្រោះ​គេង​ក្នុង​ឥរិយាបថ​តែមួយ ពេញ 1យប់​មកហើយ  ដូច្នេះ​ការ​ពន្យឺត​សាច់ដុំ​បែបស្រាលៗ តាមរយ:ការហាត់​ប្រាណតិចៗ នឹង​ជួយ​សម្រាល​សាច់ដុំ បង្កើន​ភាពស្វាហាប់ និង​បន្ថយ​អាការ​ចុក​រួយ​សាច់ដុំ​បាន​ក្នុង​រយ:ពេល​វែង ដូចគ្នា​នឹង​មុនពេល​គេង​ដែរ។ ការ​ពន្យឺត​សាច់ដុំ ក៏​ជួយ​ដល់​ប្រព័ន្ធ​ឈាម​រត់ និង​ជួយ​ឱ្យ​រាងកាយ​មាន​ភាព​ធូរស្រាល​ទៀតផង។

    1. ចេញទៅ​ខាងក្រៅ​ផ្ទះ យ៉ាងហោចណាស់ 1ថ្ងៃ 30នាទី

    ការបានទទួល​ពន្លឺ​ថ្ងៃស្រទន់ៗនៅពេល​ព្រឹក នឹង​ធ្វើឱ្យ​រាងកាយ​បាន​ផលិត​វិ​តា​មីន​D ដែល​យើង​មិនអាច​រកបាន​ពី​អាហារ ដែល​សំខាន់​ចំពោះ​សុខភាព​ឆ្អឹង រោគ​បេះដូង និង​មហារីក​ប្រភេទ​ខ្លះ​ទៀតផង។ សាកល្បង​រក​ពេលវេលា​ចេញទៅ​ខាងក្រៅ​ផ្ទះ ឱ្យបាន​យ៉ាងហោចណាស់ 1ថ្ងៃ 30នាទី ដើម្បី​ទទួលយក​ពន្លឺ​ថ្ងៃ និង​បាន​ស្រូបយក​ធាតុអាកាស​បរិសុទ្ធ​ផង។

    1. រក​កន្លែង​នៅស្ងាត់ៗតែម្នាក់ឯង

    សាកល្បង​រក​ពេលវេលា និង​ទីកន្លែងស្ងាត់ៗ ដើម្បី​នៅតែ​ម្នាក់ឯង តែ 5 ឬ 10នាទី​ក៏បាន ដោយ​ការបិទ​ទូរស័ព្ទ បិទ​ភ្នែក និង​បន្ធូរ​អារម្មណ៍ ដោយ​ការតាំង​សមាធិ ជាមួយនឹង​ការដកដង្ហើម ឈប់​គិត និង​ឈប់​កង្វល់ពីអ្វីៗ មួយរយ:ខ្លី​សិន។ ការ​នៅស្ងាត់ៗតែឯង និង​ការតាំង​សមាធិ​នេះ ជួយ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍ បង្កើន​សេចក្តីសុខ បង្កើន​ភាព​ប្រឆាំង​ជំងឺ និង​កាត់បន្ថយ​ភាព​ប្រថុយ​របស់​រោគ​បេះដូង​ផង។

    1. ក្រោក​ចេញពី​តុ​ធ្វើការ​ម្តងម្កាល​ផង

    ក្រោកឈរឡើង ហើយ​ដើរចេញ​ទៅនេះ ទៅនោះ​ខ្លះ​ផង ដើម្បី​ការពារ​ភាព​តានតឹង​ខាង​ខ្សែ​ភ្នែក និង​ឱ្យ​សាច់ដុំ​បាន​សម្រាក​ផង។ ការ​អង្គុយតែ​មួយកន្លែង​យូរ​ជ្រុល​ពេក អាចធ្វើ​ឱ្យមាន​កម្លាំង​សង្កត់​ទៅលើ​សាច់ដុំ​ខ្នង​ផ្នែក​ខាងក្រោម ដែល​អាច​បណ្តាលឱ្យ​ឈឺ​ខ្នង​យូ​អង្វែង​បាន៕

  • អាហារ​មួយចំនួន ដែល​មិនគួរ​ញ៉ាំ​ជាមួយគ្នា ព្រោះ​នាំឱ្យមាន​គ្រោះថ្នាក់​ដល់​រាងកាយ និង​អាយុជីវិត (ពិត ឬ​មិន​ពិត កុំ​សាកល្បង)

    អាហារ​មួយចំនួន ដែល​មិនគួរ​ញ៉ាំ​ជាមួយគ្នា ព្រោះ​នាំឱ្យមាន​គ្រោះថ្នាក់​ដល់​រាងកាយ និង​អាយុជីវិត (ពិត ឬ​មិន​ពិត កុំ​សាកល្បង)

    អាហារ​ដែល​យើង​ញ៉ាំ​ចូលទៅ​រាល់ថ្ងៃនេះ អាហារ​ខ្លះ​មាន​ប្រយោជន៍ តែ​អាហារ​ខ្លះទៀត ក៏​គ្មាន​ប្រយោជន៍​ដែរ  តែ

    លោកអ្នក​ដឹង​ទេ​ថា មាន​អាហារ​មួយចំនួន មិនអាច​ញ៉ាំ​រួមគ្នា​បានទេ ព្រោះ​វា​អាច​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព និង​ជីវិត​បាន  ដូច្នេះ​ថ្ងៃនេះ យើង​មាន​អាហារ និង​បន្លែ​ផ្លែឈើ​មួយចំនួន ដែល​មិនគួរ​ទទួលទាន​រួមគ្នា មក​ជម្រាបជូន​មិត្ត​អ្នកអាន

    ដែលជា​ស្ត្រី​មេផ្ទះ គ្រាន់​ទុកជា​ចំណេះដឹង សម្រាប់​ការពារ​ក្រុមគ្រួសារ ដូចខាងក្រោម​នេះ៖

    1- ស្រា-ស ជាមួយ​ផ្លែ​ទន្លាប់  ហាម​ទទួលទាន​ជាមួយគ្នា ព្រោះ​វា​នឹង​ធ្វើឱ្យពុល។

    2- មើម​ឆៃថាវ ជាមួយ​ផ្សឹ​ត​ត្រចៀកកណ្តុរ  ហាម​ទទួលទាន​រួមគ្នា ព្រោះ​នឹងធ្វើ​ឱ្យ​កើតរោគ​សើ​ស្បែក។

    3- តៅហ៊ូ ជាមួយ​ទឹកឃ្មុំ  ញ៉ាំ​រួមគ្នា​ហើយ នឹងធ្វើ​ឱ្យ​ថ្លង់ ស្តាប់​អ្វី​លែង​ឮ។

    4- ដំឡូងបារាំង ជាមួយនឹង​ចេក​គ្រប់​ប្រភេទ ហាម​ញ៉ាំ​រួមគ្នា ព្រោះ​វា​នឹង​ធ្វើឱ្យ​ជាំមុខ។

    5- ចេក ជាមួយ​មើមត្រាវ  ពេល​ញ៉ាំ​ជាមួយគ្នា​ហើយ នឹង​ធ្វើឱ្យ​ឆ្អល់ពោះ។

    6- គ្រាប់​សណ្តែកដី ជាមួយ​ផ្លែ​ល្ពៅ  ពេល​ញ៉ាំ​ចូលគ្នា​ហើយ នឹង​ធ្វើឱ្យ​រាងកាយ​ចុះខ្សោយ និង​រលាក​ពោះវៀន។

    7- ដំឡូងជ្វា និង​ផ្លែ​ទន្លាប់  ហាម​ទទួលទាន​រួមគ្នា ព្រោះ​នឹងធ្វើ​ឱ្យ​ក្រពះ​មាន​បញ្ហា។

    8- ដំឡូងបារាំង ជាមួយ​ផ្លែ​ទន្លាប់ ក៏​ហាម​ទទួលទាន​ជាមួយគ្នា​ដែរ ព្រោះ​នឹងធ្វើ​ឱ្យមាន​បញ្ហា​ប្លោកនោម។

    9- មើម​ឆៃថាវ ជាមួយ​ផ្លែឈើ​គ្រប់​ប្រភេទ កុំ​ទទួលទាន​រួមគ្នា ព្រោះ​វា​អាចធ្វើឱ្យ​ពក-កបាន។

    10- ទឹក​តៅហ៊ូ ទឹកដោះគោឆៅ  ហាម​ដាក់​ពងមាន់ ព្រោះ​នឹងធ្វើ​ឱ្យ​ឆ្អល់ពោះ និង​ស្ទះ​សរសៃឈាម។

    11- ផ្លែ​ចេក ល្ហុង និង​ឪឡឹក ហាម​ទទួលទាន​ជាមួយគ្នា ព្រោះ​វា​នឹងធ្វើ​ឱ្យ​កើត​ជំងឺ​ក្រលៀន និង​ទឹកនោមផ្អែម។

    12- ក្រូចពោធិ៍សាត់ និង​ក្រូចឆ្មារ ហាម​ទទួលទាន​ជាមួយគ្នា ព្រោះ​វា​នឹងធ្វើ​ឱ្យ​ធ្លុះ​ក្រពះ។

    13- ស្រា-ស ជាមួយ​ប៊ីយែ  ហាម​ទទួលទាន​រួមគ្នា ព្រោះ​វា​នឹងធ្វើ​ឱ្យ​បែក​សរសៃឈាម ក្នុង​ខួរក្បាល។

    14- ត្រី​គ្រប់​ប្រភេទ  ហាម​ស្ងោរ​ជាមួយ​ស្ពៃជ្រក់ ព្រោះ​បើ​ទទួលទាន​ញឹកញាប់​ពេក វា​នឹង​បង្ក​ឱ្យ​កើតរោគ​មហារីក។

    15- ខ្ញី​ជ្រក់  ហាម​យក​ដាក់​ក្នុង​ទូទឹកកក ព្រោះ​ពេល​យកមក​ញ៉ាំ អាច​បង្ក​ឱ្យ​កើតរោគ​មហារីក​បាន។

    16- ទឹក​តៅហ៊ូ  ហាម​ដាក់​ស្ករ​ក្រហម​ចូល ព្រោះ​នឹងធ្វើ​ឱ្យ​បាត់​វីតាមីន​អស់។

    17- ទឹកបាយ  ហាម​លាយ​ជាមួយ​ទឹកដោះ ព្រោះ​វា​នឹងធ្វើ​ឱ្យ​បាត់​វីតាមីន​អស់។

    18- ទឹកឃ្មុំ  ហាម​ឆុង​ដោយ​ទឹក​ក្តៅ​ខ្លាំង ព្រោះ​នឹងធ្វើ​ឱ្យ​បាត់បង់​វីតាមីន។

    19- ផ្លែ​ននោង  សឺ​កួយ មើម​ឆៃថាវ  ហាម​ទទួលទាន​ក្នុង​ថ្ងៃ​តែមួយ ព្រោះ​នឹងធ្វើ​ឱ្យ​កើតរោគ​ទឹកនោមផ្អែម  និង​ធ្វើ

    ឱ្យ​ទឹក​មេជី​វិត​ចុះខ្សោយ មិន​រឹងប៉ឹង។

    20- ផ្លែ​មង្ឃុត ជាមួយ​ស្ករ-ស  ញ៉ាំ​រួមគ្នា​ហើយ ព្រោះ​នឹង​ធ្វើឱ្យពុល​ស្លាប់៕

  • ស្ថានភាព​វីរុស​ Covid-19 នៅ​បណ្ដា​ប្រទេស​ក្បែរ​ខាង​កម្ពុជា

    ស្ថានភាព​វីរុស​ Covid-19 នៅ​បណ្ដា​ប្រទេស​ក្បែរ​ខាង​កម្ពុជា

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី11 ខែឧសភា ឆ្នាំ2021 នេះ ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 480នាក់, ស្លាប់ 5នាក់ និង​ជាសះស្បើយ​ចំនួន 350នាក់ នៅក្នុង​អំឡុង​ថ្ងៃទី10 ខែឧសភា ឆ្នាំ2021។

    គិត​មកដល់​ថ្ងៃទី11 ខែឧសភា​នេះ កម្ពុជា មាន​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 សរុប​ចំនួន 20,223នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 131នាក់ និង 11,922នាក់ កំពុង​ទទួល​ការព្យាបាល។

    ដោយឡែក ប្រទេសជិតខាង​របស់​កម្ពុជា គឺ ប្រទេស​វៀតណាម បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​សរុប 3,489នាក់ ក្នុងនោះ មាន​អ្នកស្លាប់​សរុប​ចំនួន 35នាក់ និង​កំពុង​ព្យាបាល 836នាក់។ ប្រទេស​នេះ​ក៏​ទើប​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 28នាក់។

    ប្រទេស​ថៃ ដែល​នៅជាប់​នឹង​កម្ពុជា​ដែរនោះ បច្ចុប្បន្ន អ្នក​វិជ្ជមាន​នឹង Covid-19 សរុប កើនឡើង​ដល់ 86,924នាក់ ក្នុងនោះ​ក៏មាន​អ្នកស្លាប់​ចំនួន 452នាក់ និង​កំពុង​ព្យាបាល 29,435នាក់។ ប្រទេស​ថៃ ក៏​ទើបតែ​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន 1,919នាក់។

    ចំណែក​ប្រទេស​ឡាវ​វិញ មាន​អ្នក​វិជ្ជមាន​សរុប 1,327នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​តែ 1នាក់​គត់ និង​កំពុង​ព្យាបាល​ចំនួន 1,088នាក់។ ករណី​ឆ្លង​ថ្មី​នៅ​ប្រទេស​ឡាវ ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី10 ខែឧសភា មិនទាន់​ត្រូវបាន​ប្រកាស​ឱ្យដឹង​នៅឡើយ៕

    ប្រភព៖ ក្រសួង​សុខាភិបាល​, Worldometers
    ដកស្រង់​ និង​ប្រែសម្រួល​៖ បុត្រា

  • សាកសព​មនុស្ស​រាប់សិប​នាក់ ដែល​សង្ស័យថា​ជា ​អ្នកជំងឺ Covid-19 អណ្ដែត​ដេរដាស​លើ​ផ្ទៃ​ទន្លេ​នៅ​ឥណ្ឌា

    សាកសព​មនុស្ស​រាប់សិប​នាក់ ដែល​សង្ស័យថា​ជា ​អ្នកជំងឺ Covid-19 អណ្ដែត​ដេរដាស​លើ​ផ្ទៃ​ទន្លេ​នៅ​ឥណ្ឌា

    ឥណ្ឌា៖ សាកសព​យ៉ាងតិច ចំនួន 40នាក់ ដែល​បាន​អណ្ដែត​ចូល​ក្បែរ​ឆ្នេរទន្លេ​គង្គា ស្ថិតនៅ​កណ្ដាល​រដ្ឋ Biha និង​រដ្ឋ Uttar Pradesh ត្រូវបាន​ក្រុមមន្ត្រី​សង្ស័យថា គឺជា​អ្នកជំងឺ Covid-19 ដែល​មិនបាន​បូជា។

    «ហេតុការណ៍​នេះ​បានកើត​ឡើង​នៅឯ​ទន្លេ​គង្គា ក្នុងស្រុក Buxar ក្បែរ​បន្ទាត់​ខណ្ឌ​ចែក​រដ្ឋ Bihar និង Uttar Pradesh។ យើង​បាន​ស្នើឱ្យ​អាជ្ញាធរ ដោះស្រាយ​បញ្ហា​នេះ ដោយ​ការបូជា​ភ្លើង និង​បញ្ចុះ» Ashok Kumar ជា​មន្ត្រី​នៅ​មូលដ្ឋាន បាន​និយាយ​ដូច្នេះ កាលពី​ថ្ងៃទី10 ខែឧសភា។

    ប្រភពព័ត៌មាន​ពី​ស្រុក Buxar បានឱ្យដឹងថា ចំនួន​សាកសព​ដែល​អណ្ដែត​មក​ក្បែរ​ច្រាំងទន្លេ អាច​ឡើងដល់ 100នាក់ ក្នុងនោះ​សាកសព​ជាច្រើន​កំពុង​ស្អុយរលួយ និង​ប្រហែលជា​បាន​ស្ថិតនៅក្រោម​ទឹកទន្លេ​អស់​ជាច្រើន​ថ្ងៃ​មកហើយ។ មន្ត្រី​មួយចំនួន​បាន​សំដែង​ការព្រួយបារម្ភ​ខ្លាំង ដោយ​សង្ស័យថា សាកសព​ទាំងនោះ​អាចជា​អ្នក​ដែល​បាន​ស្លាប់​ដោយសារ Covid-19។

    អ្នកស្រុក​ជឿថា សាកសព​អាច​ត្រូវបាន​គេ​បណ្ដែត​ចូល​ទន្លេ ព្រោះតែ​ទីតាំង​បូជាសព​កំពុង​ពេញ​ណែន ឬ​គ្រួសារ​សព​មិនមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​ឧស។ Kameshwar Pandey ដែលជា​អ្នករស់នៅ​ក្បែរ​ទន្លេ បាន​និយាយថា៖ «នេះ​គឺជា​អ្វីដែល​ធ្វើឱ្យ​យើង​រន្ធត់​ខ្លាំង»។

    មហា​រោគ Covid-19 នៅតែ​រាតត្បាត​ប្រទេស​ឥណ្ឌា និង​កំពុង​ឆ្លង​រាលដាល​យ៉ាង​លឿន​ក្នុង​តំបន់​ជនបទ​ដ៏​ធំ​របស់​ប្រទេស​នេះ បណ្ដាលឱ្យ​ប្រព័ន្ធ​សុខាភិបាល ក៏ដូចជា​ទីតាំង​បូជាសព និង​ទី​បញ្ចុះសព ត្រូវ​លើស​ចំណុះ។ រដ្ឋ Bihar និង រដ្ឋ Uttar Pradesh ស្ថិតក្នុង​ចំណោម​រដ្ឋ​ដែល​ក្រីក្រ​បំផុត​របស់​ប្រទេស​ឥណ្ឌា។

    យោងតាម​ស្ថិតិ​របស់​រដ្ឋាភិបាល​ឥណ្ឌា អ្នកជំងឺ Covid-19 ប្រមាណ 4,000នាក់ បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ ក្នុង​គ្រា​ដែល​ករណី​ស្លាប់​សរុប បាន​កើន​ដល់​ជាង​ 250,000នាក់ នៅក្នុង​ចំណោម​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ជិត 23លាន​នាក់។ ប៉ុន្តែ ក្រុម​អ្នកជំនាញ ជឿថា តួលេខ​ពិត​អាច​ខ្ពស់ជាង​នេះ​ច្រើនដង។

    រលក​ទី​ពីរ​របស់ Covid-19 បាន​រុញច្រាន​ប្រព័ន្ធ​សុខាភិបាល​ឥណ្ឌា ឱ្យ​ប្រឈម​នឹង​ការដួលរលំ បណ្ដាលឱ្យ​អ្នកជំងឺ​ត្រូវស្លាប់​ដោយសារ​ខ្វះ​អុកស៊ីសែន មិនបាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ខ្វះ​ថ្នាំសង្កូវ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • ត្រូវ​ចាក់​វ៉ាក់សាំង Covid-19 «ច្រឡំ» រហូតដល់ 6ដូ​ស នារី​ម្នា​ក់នៅ​អ៊ីតាលី ត្រូវ​ចូល​ពេទ្យ

    ត្រូវ​ចាក់​វ៉ាក់សាំង Covid-19 «ច្រឡំ» រហូតដល់ 6ដូ​ស នារី​ម្នា​ក់នៅ​អ៊ីតាលី ត្រូវ​ចូល​ពេទ្យ

    អ៊ីតាលី៖ នារី​វ័យ23ឆ្នាំ​ម្នាក់ ត្រូវ​ចូល​តាមដាន​សុខភាព​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​តំបន់ Tuscany បន្ទាប់ពី​ត្រូវបាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 របស់ Pfizer រហូតដល់ 6ដូ​ស ព្រោះតែ​ការច្រឡំ។

    ហេតុការណ៍​នេះ​បានកើត​ឡើង​នៅឯ​មន្ទីរពេទ្យ​មួយ​នៅក្នុង​តំបន់ Tuscany ភាគ​កណ្ដាល​នៃ​ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី9 ខែឧសភា នៅពេលដែល​គិលានុបដ្ឋាក បាន​ចាក់​វ៉ាក់សាំង​អស់​មួយ​ម្ជុល ដែល​ស្មើនឹង 6ដូ​ស ទៅឱ្យ​នារី​ម្នាក់​ដែលមាន​អាយុ 23ឆ្នាំ។ បច្ចុប្បន្ន សុខភាព​អ្នកជំងឺ កំពុងស្ថិត​ក្នុងស្ថានភាព​ល្អ បន្ទាប់ពី​បាន​បញ្ចូល​សេរ៉ូម និង​លេបថ្នាំ paracetamol។

    អត្តសញ្ញាណ​របស់​នារី​រងគ្រោះ រួម​នឹង​មន្ទីរពេទ្យ​ខាងលើ មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ ប៉ុន្តែ ហេតុ​ការណ៍​​នេះ​ត្រូវបាន​រាយការណ៍​ដល់​ស្ថាប័ន​គ្រប់គ្រង​ឱសថ​របស់​ប្រទេស​អ៊ីតាលី រួចហើយ។

    សារព័ត៌មាន​អ៊ីតាលី បានឱ្យដឹងថា ការពិសោធ​នានា​ទៅលើ​ការចាក់​វ៉ាក់សាំង Covid-19 លើស​ចំណុះ​កន្លងមក ត្រូវបាន​គេ​ធ្វើឡើង​ត្រឹមតែ 4ដូ​ស​ប៉ុណ្ណោះ ក្នុង​នោះបាន​បង្ហាញថា ពុំមាន​ផលវិបាក​ប្រកបដោយ​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ដល់​អ្នក​ត្រូវបាន​ចាក់​នោះទេ។ គិត​មកដល់​បច្ចុប្បន្ន ករណី​ចាក់​លើស​ចំណុះ បានកើត​ឡើង​នៅក្នុង​ប្រទេស​មួយចំនួន ក្នុងនោះ​មាន សហរដ្ឋអាមេរិក, អូស្ត្រាលី, អាល្លឺម៉ង់ និង​អ៊ីស្រាអែល​ផងដែរ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • សហរដ្ឋអាមេរិក «មើលឃើញ​ពន្លឺ​នៅ​ខាងចុង​ផ្លូវ​រូង​របស់ Covid-19 រួចហើយ!

    សហរដ្ឋអាមេរិក «មើលឃើញ​ពន្លឺ​នៅ​ខាងចុង​ផ្លូវ​រូង​របស់ Covid-19 រួចហើយ!

    សហរដ្ឋអាមេរិក កំពុង​ឈរ​នៅ​ចំពោះមុខ​របត់​ថ្មី​មួយ​ដ៏​ធំ នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង Covid-19 នៅពេលដែល​ចំនួន​អ្នក​វិជ្ជមាន​ថ្មី និង​អ្នក​ចូល​ពេទ្យ បាន​ថយចុះ​យ៉ាងច្រើន ដែល​នេះ​ត្រូវបាន​គេ​ជឿថា​ជា ជោគជ័យ​បានមកពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង។

    «យើង​កំពុង​កែប្រែ​ស្ថានការណ៍» Jeffrey Zients អ្នកសម្របសម្រួល​ចំពោះ​កិច្ចការ​ប្រឆាំងនឹង Covid-19 របស់​សេត​វិមាន បាន​និយាយ​ដូច្នេះ។

    ដោយសារ​ការចាក់​វ៉ាក់សាំង​យ៉ាងតិច 1ដូ​ស ដល់​មនុស្សពេញវ័យ​បាន​ចំនួន 58% និង​ប្រហែល 113លាន​នាក់ (34%) បាន​ចាក់​រួចរាល់ សហរដ្ឋអាមេរិក កំពុងស្ថិត​ក្នុង​ផ្លូវ​ទៅរក​គោលដៅ ដែល​ប្រធានាធិបតី Joe Biden បានកំណត់ ក្នុង​នោះបាន​ចែងថា ពលរដ្ឋ​ចំនួន 70% នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​យ៉ាងតិច 1ដូ​ស ឱ្យបាន​មុន​ថ្ងៃទី4 ខែកក្កដា ឆ្នាំ2021។

    «យើង​គិតថា គ្រប់គ្នា​សុទ្ធតែ​ហត់នឿយ ហើយ​ការពាក់​ម៉ាស អាចជា​ប្រការ​ដ៏​រំខាន។ ប៉ុន្តែ យើង​កំពុងធ្វើដំណើរ​ជិត​ដល់​គោលដៅ ហើយ​ពន្លឺ​នៅខាងមុខ ក៏​កាន់តែច្បាស់ឡើងៗហើយ​ដែរ» Zients ថ្លែង​ដូច្នេះ។

    លោក​ Anthony Fauci អ្នកជំនាញលំដាប់កំពូលខាងរោគឆ្លងរបស់សហរដ្ឋអាមេរិក

    Anthony Fauci ដែលជា​អ្នកជំនាញ​លំដាប់​កំពូល​ខាង​រោគ​ឆ្លង​របស់​សហរដ្ឋអាមេរិក ក៏បាន​លើកឡើង​ស្រដៀង​នេះដែរ។ លោក​និយាយថា ដល់​ពេលដែល​ត្រូវ​បន្ធូរបន្ថយ​វិធានការ​ទាក់​ស្កាត់ Covid-19 និង​អនុញ្ញាតឱ្យ​ជនជាតិ​អាមេរិកាំង ទទួល​បទពិសោធន៍​ល្អ​ដែល​បានមកពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង។

    «យើង​ត្រូវការ​ចាប់ផ្ដើម​សេរីភាព​ច្រើនជាង​មុន នៅពេល​ដែលមាន​ពលរ​ដ្ឋ​កាន់តែច្រើន បានទទួល​ការចាក់​វ៉ាក់សាំង» លោក Anthony Fauci ថ្លែង​បែបនេះ។ ប៉ុន្តែ លោក​ក៏បាន​បញ្ជាក់ថា សង្គ្រាម​នេះ​នៅតែ​ត្រូវធ្វើ​បន្ត ដើម្បី​សម្រេចបាន​គោលដៅ ព្រោះថា ប្រការនេះ​មានន័យថា «វីរុស​នឹង​លែងមាន​កន្លែង​សម្រាប់​ជ្រោក​កោន»។

    ក្រុមមន្ត្រី​រដ្ឋាភិបាល និង​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក មាន​មូលដ្ឋាន​ដែល​អាចឱ្យ​ពួកគេ​មាន​ក្ដីសង្ឃឹម​ក្នុងការ​រួចផុត​ពី​មហា​រោគរាតត្បាត ដោយសារ​ការចាក់​វ៉ាក់សាំង។ តួលេខ​នៃ​ករណី​វិជ្ជមាន​ថ្មី​ប្រចាំថ្ងៃ​នៅ​សហរដ្ឋអាមេរិក គិត​ជា​មធ្យម​ក្នុង​រយៈពេល 7ថ្ងៃ ដោយ​គិត​ត្រឹម​ថ្ងៃទី8 ខែឧសភា មាន​ចំនួន 42,000នាក់ ថយចុះ​ច្រើន​បើ​ធៀប​នឹង 260,000នាក់ កាលពី​ខែមករា។ អត្រា​នៃ​ករណី​ចូល​ពេទ្យ ជា​មធ្យម ក្នុង​រយៈពេល 7ថ្ងៃ គិតដល់​ថ្ងៃទី7 ខែឧសភា គឺ​ជាង 39,300នាក់ ថយចុះ​ជាង 70% បើ​ធៀប​នឹង 137,600 កាលពីដើម​ខែមករា។ ចំណេ​ក​អត្រា​នៃ​ការស្លាប់ ក៏បាន​ថយចុះ​ច្រើន ពោលគឺ ជា​មធ្យម ក្នុង​រយៈពេល 7ថ្ងៃ គិត​ត្រឹម​ថ្ងៃទី8 ខែឧសភា គឺមាន 675ករណី ថយចុះ​ជិត 80% បើ​ធៀប​នឹង​មធ្យមភាគ 3,352ករណី កាលពី​ពាក់កណ្ដាល​ខែមករា។

    លើ​រថយន្ត​ក៏​អាច​ចាក់វ៉ាក់សាំង​បាន​ដែរ​

    ក្រុម​អ្នកជំនាញ បាន​អះអាងថា លទ្ធផល​ដ៏​ល្អ​នេះ​គឺ​បានមកពី​ជោគជ័យ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក។ ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ជូន​ពលរដ្ឋ​ជាង 257លាន​ដូ​ស ឈរ​លំដាប់​ទី​ពីរ បើ​ធៀប​នឹង 318លាន​ដូ​ស​របស់​ប្រទេស​ចិន (យោងតាម​ទិន្នន័យ​របស់ Our World in Data)។ សហរដ្ឋអាមេរិក ក៏​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន 5 ដែល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​យ៉ាងតិច1ដូ​ស បាន​ច្រើនជាងគេ​ផងដែរ រួមមាន ប្រទេស​ទាំង​ដែន​កោះ ស៊ី​សែ​ល (Seychelles), ប្រទេស​អ៊ីស្រាអែល, អង់គ្លេស, និង​ប្រទេស​បា​រ៉ែ​ន។ សហរដ្ឋ​អាមេរិក ជា​ប្រទេស​ឈរ​លំដាប់​ទី 4 ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​រួចរាល់​បាន​ច្រើនជាងគេ បន្ទាប់​ពី​ប្រទេស​​ស៊ី​សែ​ល (60.7%), ប្រទេស​អ៊ីស្រាអែល (58.6%) និង​ប្រទេស​ស៊ី​លី (37%)។

    ក្រុម​អ្នកជំនាញ​ក៏បាន​បញ្ជាក់ថា ការអនុវត្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បាន​លឿន និង​ប្រសិទ្ធភាព ក៏​អាស្រ័យទៅលើ​ប្រសិទ្ធភាព​របស់​ប្រភេទ​វ៉ាក់សាំង​ផងដែរ។ វ៉ាក់សាំង​ចំនួន 3ប្រភេទ ដែល​ត្រូវបាន​សហរដ្ឋអាមេរិក​អនុម័ត​ឱ្យប្រើ​ប្រាស់ រួមមាន Pfizer, Moderna និង Johnson & Johnson។ យោងតាម​ទស្សនាវដ្ដី Yale Medicine វ៉ាក់សាំង​ទាំងនេះ មាន​ប្រសិទ្ធភាព​ខ្ពស់៕

    ប្រភព​៖ Guardian, NYTimes, WSJ, AP
    ប្រែសម្រួល​៖ បុត្រា

  • បច្ចុប្បន្នភាព Covid-19 នៅកម្ពុជា និងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី10 ខែឧសភា ឆ្នាំ2021

    បច្ចុប្បន្នភាព Covid-19 នៅកម្ពុជា និងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី10 ខែឧសភា ឆ្នាំ2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 506នាក់​ទៀត និង​ស្លាប់ 6នាក់​ទៀត នៅក្នុង​អំឡុង 24ម៉ោង​នៃ​ថ្ងៃទី9 ខែឧសភា ឆ្នាំ2021 ធ្វើឱ្យ​តួលេខ​អ្នក​ឆ្លង Covid-19 សរុប នៅ​កម្ពុជា កើនឡើង​ដល់ 19,743នាក់ និង​អ្នកស្លាប់​សរុប​ឡើងដល់ 126នាក់។

    គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​ទាំងមូល មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 158,970,290នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 3,306,746នាក់, អ្នកជា​សះស្បើយ 136,517,897នាក់ និង​កំពុង​ព្យាបាល​ចំនួន 19,145,647​នាក់៕

    ប្រភព៖ ក្រសួង​ព័ត៌មាន​
    ដកស្រង់​៖ បុត្រា

  • ចិន​ខណ្ឌ​ចែក​កំពូលភ្នំ​ Everest ដើម្បី​ទប់ស្កាត់ Covid-19

    ចិន​ខណ្ឌ​ចែក​កំពូលភ្នំ​ Everest ដើម្បី​ទប់ស្កាត់ Covid-19

    ប្រទេស​ចិន ខណ្ឌ​ចែក​កំពូលភ្នំ​អេ​វើ​រ៉េ​ស (Everest) ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​ការចម្លង Covid-19 ពី​ក្រុម​អ្នក​ឡើង​ភ្នំ ដែល​មកពី​ប្រទេស​នេ​ប៉ាល់ មកឱ្យ​ប្រជាជន​នៅ​តំបន់​ទី​បេ (Tibet)។

    មគ្គ​ទេសន៍​ដែល​នាំ​ផ្លូវ​ឡើង​ភ្នំ​មួយក្រុម​មកពី​តំបន់​ទី​បេ នឹង​ឡើងលើ​កំពូលភ្នំ អេ​វើ​រ៉េ​ស និង​ធ្វើការ​ខណ្ឌ​ចែក​តំបន់ ដើម្បី​ទប់ស្កាត់​សកម្មភាព​ជួបជុំ​រវាង​ក្រុម​អ្នក​ផ្សងព្រេង​របស់​ភាគី​មក​ពី​ប្រទេស​ចិន និង​ភាគី​មកពី​ប្រទេស​នេ​ប៉ាល់។ នេះ​បើតាម​សារព័ត៌មាន Xinhua ចុះផ្សាយ​កាលពី​ថ្ងៃទី9 ខែឧសភា ឆ្នាំ2021 ដោយ​ដកស្រង់​សម្ដី​របស់​ប្រធាន​មន្ទីរ​កីឡា​នៃ​តំបន់​ទី​បី។

    ក្រុម​ខាងលើ​ដែលមាន​សមាជិក​ជា​ជន​ជាតិចិន​ចំនួន 21នាក់ កំពុងធ្វើដំណើរ​មកកាន់​កំពូលភ្នំ​អេ​វើ​រ៉េ​ស ដើម្បី​បំពេញបេសកកម្ម​នេះ។ ប៉ុន្តែ សារព័ត៌មាន​ចិន មិនបាន​អធិប្បាយ​អំពី​របៀប​ខណ្ឌ​ចែក ដែល​ក្រុម​នេះ​នឹងធ្វើ​នោះទេ។

    ទីតាំង​បោះជំរំ​លើក​ពូ​ល​ភ្នំ​អេ​វើ​រ៉េ​ស នៅលើ​ទឹកដី​ប្រទេស​នេ​ប៉ាល់ ត្រូវ Covid-19 រាតត្បាត​ចាប់ពី​ចុងខែ​មេសា ឆ្នាំ2021 រហូតដល់​បច្ចុប្បន្ន។ រដ្ឋាភិបាល​នេ​ប៉ាល់ ដែលជា​ប្រទេស​ពឹងផ្អែក​ច្រើន​ទៅលើ​ចំណូល​ដែល​បានមកពី​វិស័យ​ទេសចរណ៍ នៅតែ​មិនទាន់​លុបចោល​រដូវ​ឡើង​ភ្នំ ដែល​ចាប់ផ្ដើម​ពី​ខែមេសា ដល់​ខែមិថុនា រៀងរាល់ឆ្នាំ មុនពេល​តំបន់​នេះ​ឈាន​ចូលដល់​រដូវ​វង្សា។

    កំពូលភ្នំ​អេ​វើ​រ៉េ​ស ស្ថិតនៅ​កម្ពស់ 8,848ម៉ែត្រ គឺជា​តំបន់​ធ្លាក់​ព្រឹល​តូច​មួយ​ដែលមាន​ផ្ទៃដី អាចឱ្យ​អ្នក​ឡើង​ភ្នំ និង​អ្នក​នាំ​ផ្លូវ ឈរ​ក្នុងពេល​តែមួយ ត្រឹមតែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។

    ប្រទេស​ចិន បាន​ហាម​អ្នក​ឡើង​ភ្នំ​ទាំង​ដែលមាន​បំណង​ឡើងទៅ​កាន់​កំពូលភ្នំ​អេ​វើ​រ៉េ​ស ពី​ទឹកដី​នៃ​តំបន់​ទី​បេ របស់​ចិន ចាប់តាំងពី Covid-19 បាន​ផ្ទុះឡើង​កាលពី​ឆ្នាំមុន។ ទេសចរ​ដែល​មក​ទស្ស​នា​ទេសភាព​កំពូលភ្នំ​អេ​វើ​រ៉េ​ស ក៏ត្រូវ​បាន​ហាមឃាត់​ទៅកាន់​កន្លែង​បោះជំរំ​លើទឹក​ដី​ទី​បេ​ផងដែរ។

    ប្រទេស​ចិន កាលពី​ថ្ងៃទី9 ខែឧសភា បាន​រកឃើញ​អ្នក​ឆ្លង Covid-19 ចំនួន 11ករណី នាំឱ្យ​តួលេខ​អ្នក​វិជ្ជមាន​សរុប​ឡើងដល់ 90,796នាក់ ក្នុងនោះ​មាន 4,637នាក់​បាន​ស្លាប់។ ចំណែក​ប្រទេស​នេ​ប៉ាល់ កាលពី​ថ្ងៃទី9 ខែឧសភា ក៏បាន​ប្រកាសថា រកឃើញ​អ្នក​វិជ្ជមាន​ថ្មី ចំនួន 8,777នាក់ ធ្វើឱ្យ​តួលេខ​អ្នក​ឆ្លង​វីរុស​នេះ​កើនឡើង​ដល់​ជាង 394,000នាក់ ក្នុងនោះ​មាន 3,720នាក់​បាន​បាត់​បង់ជីវិត៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា