Category: សុខភាព

  • គន្លឹះ 5យ៉ាង ក្នុងការ​ថែទាំ​សក់​ឱ្យ​ទន់​រំសាយ

    គន្លឹះ 5យ៉ាង ក្នុងការ​ថែទាំ​សក់​ឱ្យ​ទន់​រំសាយ

    ធាតុអាកាសស្ងួតៗ ក្នុង​រដូវរងា មិនមែន​បំផ្លាញ​តែ​ស្បែក​ប៉ុណ្ណោះ​ទេ  សក់​របស់​អ្នក ក៏ត្រូវ​ភាព​ស្ងួត​នៅក្នុង​អាកាស ប្រមូលយក​សំណើម និង​ភាព​ស្រស់បស់​ទៅ​បាត់អស់​ដែរ ទើប​ធ្វើឱ្យ​សក់​ឡើង​ស្ងួត ងាយ​ជំពាក់​គ្នា និង​ថែមទាំង​ងាយ​ជ្រុះ​ទៀតផង។ ដូច្នេះហើយ ទើប​ក្នុង​រដូវ​ត្រជាក់ យើង​ត្រូវតែមាន​វិធី​មើលថែទាំ​សរសៃសក់ តាមរយៈ​គន្លឹះល្អៗ 5យ៉ាង សម្រាប់​សុភាពនារី ដូចខាងក្រោម ៖

    1. ប្រើ ខន់​ឌី​ស្សឹ​ន​នើ​រ៍(Conditioner)រៀង​រាល់ពេល​កក់សក់

    នៅក្នុង​ធាតុអាកាស​ត្រជាក់​ដែល​ស្ងួត និង​មាន​ខ្យល់​បក់​ទៀតផង​នោះ អាចធ្វើឱ្យ​សរសៃសក់​របស់​អ្នក​បាត់បង់​សំណើម​បាន​ដោយ​ងាយ  ដូច្នេះនារីៗយើង ត្រូវតែ​យកចិត្តទុកដាក់​ក្នុងការ​ផ្តល់​ភាព​ស្រស់បស់​ដល់​សរសៃ​សក់​ឡើងវិញ ដោយ​ការប្រើ​ឃ្រី​ម ខន់​ឌិ​ស្សឹ​ន​នើ​រ៍ គ្រប់ពេល ក្រោយ​ការ​កក់សក់ និង​ការធ្វើ​ម៉ាស​ក៍សក់(អប់​សក់) ជាប្រចាំ ដែល​យើង​អាចធ្វើ​បាន​ដល់​ទៅ 2ដង​ក្នុង 1សប្តាហ៍។

    2. កុំ​ទុកឱ្យ​សក់​សើម​យូរពេក

    ក្នុង​រដូវ​ត្រជាក់ សក់​ច្រើនតែ​ក្រ​ស្ងួត ជាង​ប្រក្រតី ហើយ​អ្នក​ក៏​មិនគួរ​ចេញពីផ្ទះ ទៅ​ទាំង​សក់​នៅ​សើម​បែប​នោះដែរ ព្រោះ​នៅពេល​អ្នក​ប៉ះ​នឹង​ខ្យល់​ដែល​បក់​មក សក់​នឹង​ជំពាក់​គ្នា។ រឹតតែ​សក់​ដែល​នៅ​មិនទាន់​ស្ងួត​ផង​នោះ​នឹង​រឹតតែ​ជំពាក់​គ្នា​ខ្លាំង​ទៅទៀត។ ធ្វើឱ្យ​សក់​ឡើង​រញ៉េរញ៉ៃ និង​មិន​ងាយ​សិត​ឱ្យ​ស្រួល​ឡើងវិញ​ទៀតផង។

    3. បន្ថែម​ភាពស្រស់ស្អាត ព្រមទាំង​ការពារ​សក់ ដោយ​មួក​អំបោះ​ចាក់

    វត្ថុ​តែងខ្លួនស្អាតៗ ប្រចាំ​រដូវ​ត្រជាក់ ដូចជា មួក​អំបោះ​ចាក់ ជាដើម​នេះ គឺជា​អ្វី ដែល​គួរឱ្យ​យកមក​តុបតែង​ខ្លួន​ជាទីបំផុត ព្រោះ​វា​នឹង​ជួយ​ការពារ​សក់​របស់​អ្នក ពី​ការបាត់បង់​សំណើម​បាន​យ៉ាង​ល្អ និង​ថែមទាំង​ធ្វើឱ្យ​ក្បាល​កក់ក្តៅ​ទៀតផង។

    4. ធ្វើ​ម៉ាស្សា​ស្បែកក្បាល ដោយ​ប្រេង មុន​ចូល​គេង

    ក្នុង​រដូវរងា ចូរ​ប្រើ​ប្រេង​បន្តិច ម៉ាស្សា​ស្បែកក្បាល​ឱ្យ​សព្វ ហើយ​គេង​ទាំង​អ៊ីចឹង​តែម្តង។ ប្រេង​នឹង​ជួយ​រក្សា​និង​បន្ថែមសំណើម​ដល់​ស្បែកក្បាល ដែល​ស្ងួត ងាយ​របក ក្នុង​រដូវ​ត្រជាក់ ឱ្យមាន​សំណើម និង​ស្រស់បស់​ឡើងវិញ ធ្វើឱ្យ​ឫស​សក់​រឹងមាំ ហុច​ផល​ឱ្យ​សរសៃសក់​ទាំងមូល​មាន​សុខភាព​រឹងមាំ។

    5. ធាតុអាកាស​ត្រជាក់ មិនបាច់​កក់សក់​ញឹកញាប់​ពេក​ក៏បាន

    ការ​កក់សក់ គឺជា​ការលាង​សម្អាត យកជាតិ​ប្រេង​ដែល​ចិញ្ចឹម​សរសៃសក់ និង​ស្បែកក្បាល តាម​ធម្មជាតិ​ចេញ។ ក្នុង​រដូវ​ត្រជាក់ ដែល​ធាតុអាកាស​ស្ងួត ធ្វើឱ្យ​សរសៃសក់ និង​ស្បែកក្បាល​ស្ងួត​ជាង​ប្រក្រតី​ស្រាប់​ទៅហើយ  ដូច្នេះ​ការផ្អាក ឬ​ពន្យារ​ការ​កក់សក់ ឱ្យ​ឃ្លាតឆ្ងាយ​ពីគ្នា​យូរថ្ងៃ​បន្តិច នឹងធ្វើ​ឱ្យ​ជាតិ​ប្រេង​ដែល​ស្រោប​ការពារ និង​ចិញ្ចឹម​សរសៃសក់ និង​ស្បែកក្បាល នៅតែ​បំពេញ​តួនាទី​បានល្អ​ដដែល៕

  • អាហារ​ដើម្បីឱ្យ​សាច់​ស្អាត

    អាហារ​ដើម្បីឱ្យ​សាច់​ស្អាត

    នារីៗយើង អ្នកណាៗក៏​ចង់បាន​សាច់​ស្អាត​ដែរ  ថ្ងៃនេះ យើង​មានចំណេះដឹង​ខាង​ចំណីអាហារ ដែលមាន​ប្រយោជន៍​ចំពោះ​សាច់ និង​ស្បែក មក​ជម្រាបជូន​ដូចតទៅ៖

    1. សាច់​ត្រី

    មាន​ប្រូតេអ៊ីន​ខ្ពស់ ជា​សារធាតុ​អាហារ​ដែល​ជួយ​បង្កើត និង​ជួសជុល​កោសិកា របស់​រាងកាយ ដែល​ចុះ​ទ្រុឌទ្រោម  ហើយ​នៅមាន​សេ​លេ​នី​ញ៉ូ​ម ដែលជា​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ជួយ​ពន្យារពេល​មិនឱ្យ​ឆាប់​ចាស់ និង​ពន្យារពេល​មិនឱ្យ​រាងកាយ ឆាប់​ចុះខ្សោយ​ទៀតផង។

    2. ប្រេង​ម្កាក់

    ប្រកបទៅដោយ​វិ​តា​មីន​A និង​E ដែលជា​សារធាតុ អ៊ែន​ទី​អុក​ស៊ី​ឌែ​ន​ត៍ ជួយ​ការពារ​ការចុះ​ខ្សោយ​រប​ស់​កោសិកា ដើម្បី​ធ្វើឱ្យ​ស្បែក​មើលទៅ​ឃើញ​នៅ​ក្មេង​ជាង​វ័យ មាន​សំណើម និង​ស្រស់ថ្លា​ម៉ដ្ឋខៃ។

    3. គ្រាប់​អង្ករ និង​គ្រាប់​ធញ្ញជាតិ

    មាន​វិ​តា​មីន​A ជួយ​បង្កើន​ភាពស្រស់ថ្លា​ដល់​ស្បែក និង​ជួយ​ការពារ​ការខូចខាត ដែល​បណ្តាលមកពី​ធាតុ

    អាកាស​ពិសពុល​ដល់​សាច់ និង​ស្បែក​ទៀតផង។

    4. ផ្លែឈើ និង​បន្លែស្រស់

    បន្លែស្រស់ មាន​វិ​តា​មីន​A ជួយ​ធ្វើឱ្យ​ស្បែក​មិន​ស្ងួត និង​នៅតែ​ស្រស់ថ្លា ភ្លឺរលោង​ជាប់​ជានិច្ច ហើយ​ថែម

    ទាំង​មាន​វិ​តា​មីន​C ដែលជា​ផ្នែក​មួយ​សំខាន់​ដល់​ការបង្កើត​កាក​សរសៃ និង​ខូ​ឡា​ជេន ដែលជា​ចំណែក​មួយ ធ្វើឱ្យ​ស្បែក​របស់​ផ្ទៃមុខ មើលទៅ​តឹង​ណែន​ល្អ។

    5. ទឹក​ពិសា​បរិសុទ្ធ

    ទឹក មាន​តួនាទី​សំខាន់ ពាក់ព័ន្ធ​នឹង​គ្រប់​ប្រព័ន្ធ​ផ្ទៃក្នុង​ក្នុង​រាងកាយ  ហើយ​បើសិនជា​រាងកាយ​បានទទួល​ជាតិ​ទឹក​មិន​គ្រប់គ្រាន់ នឹងធ្វើ​ឱ្យ​សាច់ និង​ស្បែក មិន​ស្រស់ថ្លា។ ដូច្នេះ​ការ​ញ៉ាំ​ទឹក 1ថ្ងៃ​ពី 6-8កែវ នឹងធ្វើ​ឱ្យ​សាច់​ស្អាត ស្រស់​ផូរផង់។

    ដូច្នេះ អ្នកណា​ដែល​ចង់បាន​សាច់​ខ្ចី ស្រស់ស្អាត  សូមកុំ​ភ្លេច​ពិសា​អាហារ​ដែល​បាន​ណែនាំ​ខាងលើ

    ឱ្យសោះ៕

  • វិធីថែទាំស្បែកមុខ តាមប្រភេទស្បែក សម្រាប់បុរស

    វិធីថែទាំស្បែកមុខ តាមប្រភេទស្បែក សម្រាប់បុរស

    ក្រៅពី​រូបរាង​សង្ហា និង​សម្លៀកបំពាក់ ដែល​ស័ក្តិសម​នឹង​ខ្លួនប្រាណ​ហើយ​នោះ នៅមាន​រឿង ១ទៀត​ដែល​បុរស​មិនអាច​ធ្វើ​ព្រងើយកន្តើយ​បានឡើយ ដើម្បី​ភាព​ស្អាត​សង្ហា​ដ៏​ឥតខ្ចោះ​របស់ខ្លួន។  នោះ​គឺ រឿង​ស្បែក ជាពិសេស គឺ​ស្បែក​មុខតែ​ម្តង។ មនុស្ស​ជាច្រើន មិនដឹងថា ប្រភេទ​ស្បែកនីមួយៗនោះ គួរ​បានទទួល​ការមើល​ថែទាំ​ខុសប្លែក​ពីគ្នា​ឡើយ  ហើយដោយ​សារ​និស្ស័យ​របស់​មនុស្ស​ប្រុស ដែល​មិនសូវ​ចូលចិត្ត​អ្វីដែល​រញ៉េរញ៉ៃ​ច្រើន​ផង​នោះ  ទើប​ធ្វើឱ្យ​អ្នកខ្លះ​ព្រងើយកន្តើយ​នឹង​វិធី​មើលថែ​ស្បែ​កមុខ​ដែល​ត្រឹមត្រូវ  ឬ​មិន​ប្រើ​ផលិតផល​សម្អាត​ផ្ទៃមុខ​ឱ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក​មុខ​របស់ខ្លួន។ ដូច្នេះ​ថ្ងៃនេះ យើង​សូម​នាំយក​វិធី​ការថែទាំ​ស្បែ​កមុខ តាម​ប្រភេទនីមួយៗ មក​ជម្រាប​មិត្ត​អ្នកអាន ដែលជា​សុភាពបុរស ឱ្យបាន​ដឹង ដើម្បី​បន្ថែម​ភាព​ស្អាត​សង្ហា ដល់​ខ្លួនឯង ឱ្យបាន​គ្រប់គ្រឿង​តែម្តង។

    -សម្រាប់​កំលោះ​ស្បែក​មុខស្ងួត

    លក្ខណ: :  អាច​សង្កេតឃើញ​តាមរយ:ស្បែក​ដែល​ស្ងួត​ប្រេះ ឬ​មាន​ឡើង​ស្នាម​ក្រហម​ញឹកញាប់ រួមទាំង​អាចមាន​អារម្មណ៍​ដឹងថា មាន​ភាព​ស្ងួត​ក្រៀម​នៅលើ​ស្បែ​កមុខ ឬ​ពេល​លុបលាង​មុខ​រួច នឹងមាន​អារម្មណ៍​ថា តឹងៗនៅលើ​ស្បែ​កមុខ​ទៀតផង។

    ការមើល​ថែទាំ : ចូរ​ជ្រើសរើស​ហ្វូ​ម(ឡេ)លាងមុខ ប្រភេទ​រក្សា​សំណើម និង​ប្រើ​ឃ្រី​ម​ថែបំប៉ន​ស្បែក រាល់ពេល​ព្រឹក ក្រោយពេល​កោរពុកមាត់ និង​មុនពេល​ចូល​គេង  រួមទាំង​រក​ហ្វូ​ម​ស្ខ្រា​ប់(Scrub) មក​ប្រើ 1សប្តាហ៍ 2ដង ដើម្បី​កម្ចាត់​កោសិកា​ស្បែក​ដែល​ចាស់​ចេញ​ផង។

    -សម្រាប់​កំលោះ​ស្បែក​មុខ​ឡើង​ខ្លាញ់

    លក្ខណ: :  អ្នក អាច​ដឹង​ពី​ភាព​ឡើង​ខ្លាញ់​នេះ ដោយ​គ្រាន់តែ​យក​ម្រាមដៃ អង្អែល​លើ​ផ្ទៃមុខ ភាព​រលោង​ខ្លាញ់ នឹង​ដឹ​ត​ជាប់​នៅលើ​ម្រាមដៃ យ៉ាង​ឃើញច្បាស់​តែម្តង ទោះជា​ទើបតែ​លាង​សម្អាត​មុខ​ហើយថ្មីៗក៏ដោយ។  ក្រៅពីនេះ​នៅមាន​កើតមុន ច្រើនជាង​ស្បែ​កមុខ​ប្រភេទផ្សេងៗទៀតផង។

    ការមើល​ថែទាំ :  គួរ​ងាក​មក​ប្រើ​ជេ​ល​លាងមុខ ដែលមាន​ផ្សំ​ដោយ​អាស៊ីត សាលី​សៃ​លិ​ក ដែល​ជួយ​ឱ្យ​មុន​ស្រក​ចុះ និង​កាត់បន្ថយ​ជាតិ​ខ្លាញ់​នៅលើ​ផ្ទៃមុខ។ ហើយ​ក្រោយពេល​លាងមុខ​រួច ក៏​គួរតែ​រក​ថូ​នើ​រ៍​មក​ជូត​សម្អាត​ស្បែក​ម្តងទៀត​ដើម្បី​កាត់បន្ថយ​ការកើត​មុន។ អ្វីដែល​មិនគួរ​ភ្លេច​នោះ គឺ​ផលិតផល​ថែបំប៉ន​ស្បែក ក្រោយពេល​កោរពុកមាត់ ក៏​ជាវ​ត្ថុ​ចាំបាច់​បំផុត​ដែរ  ព្រោះ​ផលិតផល​ថែទាំ​ស្បែ​កមុខ​ទាំងនេះ នឹង​បន្ថែម​ភាពស្រស់​ស្រាយ និង​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​នៅលើ​ផ្ទៃមុខ​បាន​ច្រើន​ទៀតផង។

    -សម្រាប់​កំលោះ​ដែលមាន​ស្បែក​មុខ​ងាយ​ប្រតិកម្ម

    លក្ខណ: :  ស្បែក​ងាយ​កើត​ស្នាមអុចៗ កន្ទួល​ដោយសារ​ធូលី​ដី  ឡើង​អាការ​ក្រហម ដោយសារ​សភាព​បរិយាកាស​ជុំវិញខ្លួន ឬ​ឡើង​ខ្មៅ​ក្រៀម ដោយសារ​កម្ដៅថ្ងៃ ដែល​ក្តៅ​ខ្លាំង​ជាដើម។

    ការមើល​ថែទាំ :  គួរ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ ដើម្បី​ជ្រើសរើស​ប្រើ​ផលិតផល ដែល​ស័ក្តិសម​នឹង​ស្បែក​មុខ​របស់​ខ្លួនឯង ដោយ​គោលការណ៍​ភាគច្រើន​គឺ ព្យាយាម​ជ្រើស​យក​ផលិតផល​ណា ដែល​ផលិត​ពី​ធម្មជាតិ​ឱ្យបាន​ច្រើន​បំផុត តាម​ដែល​អាចទៅរួច។ ចៀសវាង​ផលិតផល​ណា​ដែលមាន​ក្លិនក្រអូប ឬ​មាន​ចំណែក​ផ្សំ​របស់​អាល់កុល ។

    -សម្រាប់​កំលោះ​ដែលមាន​ស្បែក​ផ្សំ

    លក្ខណ: :  បុរសភាគច្រើនៗ មាន​ស្បែក​ក្នុង​លក្ខណ:នេះ  ដោយ​ស្បែក​បែប​ផ្សំ​នេះ នឹងមាន​ភាព​ឡើង​ខ្លាញ់​នៅ​ម្តុំ T-zone ដែលមាន​ដូចជា នៅ​ម្តុំ​ថ្ងាស ច្រមុះ និង​ចង្កា ចំណែកឯ​ថ្ពាល់​វិញ មាន​លក្ខណ:ជា​ស្បែក​ស្ងួត ។

    ការមើល​ថែទាំ : អ្នក​ចាំបាច់​ត្រូវតែ​ប្រើ ទាំង​ផលិតផល​សម្រាប់​ស្បែក​ស្ងួត និង​ស្បែក​ឡើង​ខ្លាញ់ មើលថែទាំ​តាម​កន្លែង។ ដោយ​ចំណុច T-zone គួរប្រើ​ផលិតផល​ថែទាំ​សម្រាប់​ស្បែក​ខ្លាញ់ ឯ​កន្លែង​ថ្ពាល់​វិញ ក៏​មើលថែទាំ​ដោយ​ផលិតផល​សម្រាប់​ស្បែក​ស្ងួត ហើយ​អ្វីដែល​សំខាន់​គឺ គួរប្រើ​ប្រាស់​ឃ្រី​ម​ការពារ​កម្ដៅថ្ងៃ និង​ឃ្រី​ម​ថែបំប៉ន​ស្បែក ដើម្បី​ការពារ​ស្បែ​កមុខ ឱ្យបាន​ស្អាត​ល្អ​ផង ។

    បានដឹង​ពី​ប្រភេទ និង​វិធី​មើលថែទាំ​ស្បែ​កមុខ​គ្រប់​ប្រភេទ​បែបនេះហើយ យើង​សង្ឃឹមថា ប្រហែលជា​ធ្វើ

    ឱ្យកំលោះៗយើង នាំគ្នា​ងាក​មក​មើលថែទាំ​ស្បែក​មុខ​កាន់​ច្រើនឡើង​ហើយ  ព្រោះ​ផ្ទៃមុខ គឺជា​កន្លែង​មួយ​ដែល​មនុស្ស​យើង​តែង​ក្រឡេកមើល​មុនគេ​បំផុត។ ដូច្នេះ​មិនគួរ​ធ្វេសប្រហែស ឬ​ព្រងើយកន្តើយ​ឡើយ បើសិនជា​អ្នក​ចង់បាន​ផ្ទៃមុខ​ដែល​ស្អាត​សង្ហា ក្មេង​ជាង​វ័យ និង​ភ្លឺ​ថ្លា​រហូត​នោះ។

  • វិធីថែទាំខ្លួន សម្រាប់នារីសម័យថ្មី ឱ្យស្រស់ស្អាតតាមវ័យ

    វិធីថែទាំខ្លួន សម្រាប់នារីសម័យថ្មី ឱ្យស្រស់ស្អាតតាមវ័យ

    បច្ច័យ​សំខាន់ ដែលមាន​ផលប៉ះពាល់ ដល់​ការបំផ្លាញ​កោសិកា​ស្បែក​ឱ្យ​ចុះ​ទ្រុឌទ្រោម យារ​ជ្រីវជ្រួញ មុន​វ័យ​នោះ គឺ​ពូជ​អម្បូរ  និង​បរិស្ថាន​ជុំវិញខ្លួន ដែល​យើង​ស្នាក់អាស្រ័យ​នៅ​ជាប្រចាំ ដូចជា ការបានទទួល​ពន្លឺ​ថ្ងៃ​ខ្លាំង​ជ្រុល​ពេក  ភាព​ធុញថប់​តានតឹង និង​ធាតុអាកាស​ពុល​ជាដើម។

    តែ សូម​កុំអាល​អស់សង្ឃឹម​អី ទោះជា​អ្នក​កើត​មកពី​ពូជ​អម្បូរ​ដែល​មិន​ស្អាត ឬ​រស់នៅក្នុង​ស្ថានភាព​បរិស្ថាន​យ៉ាងម៉េច​ក៏ដោយ  តែបើ​ត្រូវការ​មាន​សុខ​ភាពល្អ  ស្បែក​ស្អាត ភ្លឺ​ថ្លា តឹង​ណែន​រលោង នៅពេល​មាន​អាយុ​ច្រើនឡើង រហូតអ្នកណាៗ ក៏​មិនអាច​ស្មាន​អាយុ​ពិតប្រាកដ​របស់​អ្នក​បាន​នោះ  យើង​ក៏មាន​ដំណាក់កាល ដែល​គ្រប់គ្នា​អាច​មើលថែទាំ​ខ្លួនឯង​ឱ្យមើល​ទៅ​ឃើញ​ស្អាត មាន​សុខភាព​ស្បែក​ដ៏​ល្អ​បានដែរ។

    1.អ្នកវិទ្យាសាស្ត្រ​ខាង​វិជ្ជាពេទ្យ បាន​រកឃើញថា  រឿង​ដែល​សំខាន់បំផុត​របស់​មនុស្ស​គ្រប់​អាយុ​វ័យ តាំងពី ១៨ឆ្នាំ​ឡើងមក គឺ​គួរ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​ក្នុង 1ថ្ងៃៗ ដើម្បីឱ្យ​ស្បែ​កមាន​សំណើម។ គួរ​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ ព្រោះ​កម្ដៅថ្ងៃ គឺជា​បច្ច័យ​សំខាន់បំផុត ក្នុងការ​បំផ្លាញ​ស្បែក​ឱ្យ​ចុះ​ទ្រុឌទ្រោម  និង​គួរ​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ។

    2.នៅពេល​អាយុ​ឈានចូល​វ័យ 20ឆ្នាំ នឹង​មើលឃើញថា  មុន​នៅលើ​ផ្ទៃមុខ ចាប់ផ្ដើម​ថយចុះ ជាង​កាលពី​នៅ​វ័យ​ជំទង់  តែ​សម្រាប់​ស្រី​ក្រមុំ នៅក្នុង​វ័យ​នេះ ក៏​នៅតែមាន​មុន​ច្រើន​នៅលើ​ថ្ពាល់ និង​ចង្កា ដែល​បណ្តាលមកពី អ័រម៉ូន​នៅក្នុង​រាងកាយ។ ដូច្នេះ​គួរ​លាង​សម្អាត​មុខ ដោយ​ផលិតផល​ដែលខ្សោយៗ និង​ធុន​កណ្តាល គ្មាន​ធាតុ​ផ្សំ​របស់​សារធាតុ​បង្ក​ឱ្យ​កើតមុន និង​អាច​ប្រើ​រួមជាមួយ ផលិតផល​ការពារ​មុន​បាន។ មិនគួរ​យកដៃ​ញេច ឬ​កេះ​ក្បាល​មុន​ឡើយ  ព្រោះ​វា​នឹងធ្វើ​ឱ្យ​ស្បែ​កមុខ មាន​រន្ធ និង​ស្នាម​កន្ទួល។ គួរ​កាត់បន្ថយ​អាហារ​ណា ដែល​ផ្អែម​ខ្លាំង ខ្លាញ់​ច្រើន និង​លាងមុខ​ឱ្យបាន​ស្អាត​ជានិច្ច។

    3 .ពេល​ចូលដល់​វ័យ៣០  ស្បែក​នឹង​ចាប់ផ្តើម​ស្ងួត  មាន​ជាតិ​ខ្លាញ់ ចេញមក​តាម​ស្បែក​តិច។ ក្នុង​វ័យ​នេះ មុន​អាច​នៅ​ឃើញ​មាន​ខ្លះ​ដែរ  ដូច្នេះ​គួរ​ជ្រើសរើស ប្រើ​គ្រឿងសម្អាង​ណា ដែល​ប្រាសចាក​ធាតុ​ផ្សំ​របស់​សារធាតុ​បង្ក​ឱ្យ​កើតមុន តែ​គួរប្រើ​គ្រឿងសម្អាង​ណា ដែលមាន​ចំណែក​ផ្សំ​របស់​វិ​តា​មីន ដែល​ជួយ​បង្កើត និង​ជួសជុល​កោសិកា​ស្បែក​ឱ្យបាន​ល្អ  ដូចជា​វិ​តា​មីន​និង​វិ​តា​មីន​C ជាដើម។

    4.ពេល​ឈានចូល​ដល់​វ័យ40 ក្រពេញ​ផលិត​ជាតិ​ខ្លាញ់​នៅក្រោម​ស្បែក ធ្វើការ​កាន់តែ​ខ្សោយ  ធ្វើឱ្យ​ស្បែក​ឡើង​ស្ងួត  និង​ឃើញ​មាន​ស្នាម​ជ្រួញ​នៅ​ជុំវិញ​មាត់ និង​ភ្នែក។ ការប្រើ​ឃ្រី​ម​បំប៉ន ឱ្យ​ស្បែ​កមាន​សំណើម​គ្រប់ពេលវេលា មិនថាតែ​ពេល​គេង ឬ​នៅពេល​ថ្ងៃ​ឡើយ  ជាពិសេស​បំផុត​អ្នក​ដែល​គេង និង​ធ្វើការ​នៅក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ អាចជួយ​បាន​ច្រើនណាស់  ដូចជា ឃ្រី​ម​ថែបំប៉ន ដែលមាន​ធាតុ​ផ្សំ​ពី​ប្រទាល​កន្ទុយក្រពើ  វិ​តា​មីន​E , A និង​បេ​តា​ឃែ​រ៉ូ​ធី​ន ជាដើម និង​គួរប្រើ​ឃ្រី​ម​បំប៉ន​ស្បែក ដែលមាន​សារធាតុ​ប្រេង​ច្រើន ដើម្បី​ជួយ​បង្កើន​សំណើម​យ៉ាង​ឆាប់រហ័ស និង​ការពារ​ស្បែក​បានយូរ​ពេញ 1ថ្ងៃ​ផង។

    5.ក្នុង​វ័យ​ឈានចូល 50ឆ្នាំ ស្បែក​នឹង​ចាប់ផ្តើម​រលុង លែង​យឺត​យារ។ អ្នកខ្លះ​អាច​កើតមាន​ស្នាមអុចៗ

    ខ្មៅៗ ឬ​អាចម៍រុយ​នៅលើ​ស្បែក និង​បបូរមាត់​ចាប់ផ្តើម​យារ​ធ្លាក់។  ការហាត់​ប្រាណ និង​ការ​ទទួលទាន​អាហារ​គ្រប់​ប្រភេទ​ក្រុម​ជាប់​ជានិច្ច រៀងរាល់ថ្ងៃ នឹង​ជួយ​ឱ្យ​ភាពយឺត​តឹង​របស់​ស្បែ​កនៅ​ល្អ និង​ពន្យារ​ការចុះ​ខ្សោយ​បាន​ច្រើនណាស់។  ឯ​ឃ្រី​ម​ថែបំប៉ន​ស្បែក គួរតែ​ជ្រើស​ប្រើ​ឃ្រី​មណា ដែល​សម្បូរ​ដោយសារ​ធាតុ​ខ្លាញ់​ពី​ធម្មជាតិ និង​សារធាតុ​ផ្ដល់​សំណើម​ដល់​ស្បែក ដើម្បី​ជំនួស​នូវ​អ្វី ដែល​បាត់បង់​ទៅនោះ។

    6.ក្នុង​វ័យ60 ឬ​ច្រើនជាង​នោះ  នឹង​ជួប​ប្រទះឃើញ​ស្នាម​ជ្រីវជ្រួញ​កាន់តែ​ច្រើនឡើង  សាច់ដុំ និង​ស្បែក​នឹង​រលុង​ទន់ជ្រាយ កាន់តែខ្លាំង​ឡើង។ នៅក្នុង​វ័យ​នេះ អ្នកខ្លះ​អាច​ពេញចិត្ត ឱ្យ​ពេទ្យ​ជួយ​កម្ចាត់​ភាព​រយីក​រយាក និង​ស្នាម​ជ្រីវជ្រួញ​របស់​ស្បែក តាមរយ:ការវះកាត់  តែ​ក៏​គួរ​ពិចារណា ឱ្យបាន​ច្បាស់លាស់​ជាមុន​ដែរ  ព្រោះ​វា​អាច​មិន​សម​ដូច​បំណង​ក៏​អាច​ថា​បានដែរ។

    ការមើល​ថែទាំ​រាងកាយ និង​សុខភាព​ឱ្យបាន​ពេញទំហឹង ជា​រៀងរាល់ថ្ងៃ ឱ្យ​មើលទៅ​ឃើញ ស្រស់ស្អាត​ទៅតាម​វ័យ ដ៏​សក្តិសម​ទៅវិញ​ទេ ដែល​ធ្វើឱ្យ​យើង​មាន​ភាពជឿជាក់​លើ​ខ្លួនឯង​ខ្លាំង​ជាង​នោះ៕

  • លោកតា​អូស្ត្រាលី អាយុ 111ឆ្នាំ ប្រាប់​គន្លឹះ​អាយុ​វែង ថែមទាំង​ខួរក្បាល​ល្អ នៅចាំ​គ្មាន​ភ្លេច​ទៀតផង

    លោកតា​អូស្ត្រាលី អាយុ 111ឆ្នាំ ប្រាប់​គន្លឹះ​អាយុ​វែង ថែមទាំង​ខួរក្បាល​ល្អ នៅចាំ​គ្មាន​ភ្លេច​ទៀតផង

    កាលពី​ថ្ងៃទី17 ឧសភា ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា លោកតា ដេក​ស្ទ័​រ ឃ្រូ​គើ​រ ជនជាតិ​អូស្ត្រាលី អ្នក​ដែលមាន​អាយុ 111ឆ្នាំ ច្រើនជាងគេ​បំផុត​ក្នុងប្រទេស​អូស្ត្រាលី បាន​បង្ហើប​ឱ្យដឹងពី​ការរស់នៅ ដែល​ធ្វើឱ្យ​លោកតា​មាន​អាយុ​វែង និង​ការចងចាំ​នៅ​ល្អ គ្មាន​ភ្លេច​អ្វី​ទាំងអស់​ទៀតផង។

    លោកតា ឃ្រូ​គើ​រ ជា​ពេទ្យសត្វ ដែល​ចូលនិវត្តន៍​យូរហើយ បច្ចុប្បន្ន​អាយុ 111ឆ្នាំ និង 124ថ្ងៃ គឺជា​បុគ្គល​ដែលមាន​អាយុ​ច្រើន ជាង​លោកតា ជែក ឡុ​កកេ​ត​ត៍ ទាហាន​ចូលនិវត្តន៍ ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី1 ចំនួន 1ថ្ងៃ ដែល​បានទទួល​អនិច្ចកម្ម កាលពី​ឆ្នាំ2012។

    លោកតា ឃ្រូ​គើ​រ បានផ្ដល់​បទ​សម្ភាស​ពិសេស ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន ABC News របស់​អូស្ត្រាលី នៅឯ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា ក្នុង​រដ្ឋ​ឃ្វី​ន​ស្លែ​ន​ដ៍ ដោយបាន​បង្ហើប​ឱ្យដឹង​អំពី គន្លឹះ​សម្ងាត់ ដែល​ធ្វើឱ្យ​លោកតា មាន​អាយុ​វែង និង​ខួរក្បាល​នៅតែ​រហ័សរហួន​ភ្លឺ​ថ្លា​នោះ​ថា មកពី​ការ​ទទួលទាន​អាហារ​បំប៉ន​រាងកាយ​រៀងរាល់​សប្ដាហ៍។

    លោកតា​ឃ្រូ​គើ​រ ថ្លែងថា “ខួរ​មាន់​ហ្នឹងឯង គឺមាន់​វា​មាន​ក្បាល ហើយ​នៅក្នុង​ក្បាល​ពួកវា មាន​ខួរ ដុំតូចៗ រសជាតិ​ឆ្ងាញ់​ខ្លាំងណាស់ ល្មមៗ 1ម៉ាត់​តែម្ដង”

    ចំណែក​លោកតា ក្រេ​ក ឃ្រូ​គើ​រ កូនប្រុស អាយុ 74ឆ្នាំ បាន​រៀបរាប់​ពី​ឪពុក ដែលមាន​អាយុ​វែង​នេះ​ថា អាច​នឹង​មកពី​អាជីព​ជា​គ្រូពេទ្យ​បសុសត្វ ព្រោះ​ត្រូវ​បញ្ចេញ​កម្លាំងកាយ ធ្វើ​ការងារ​ជាប់​រហូត ទើប​ធ្វើឱ្យ​រាងកាយ​រឹងមាំ​ហ្នឹងឯង។

    លោកស្រី មេ​ឡា​នី ខាល់​វើត ជំនួយការ​វេជ្ជបណ្ឌិត​អាជីព និង​ជា​អ្នកចាត់ការ​ទូទៅ​មណ្ឌល​ថែទាំ​ជន​ចាស់ជរា បាន​ថ្លែងថា លោកតា ឃ្រូ​គើ​រ ជា​សមាជិក​ម្នាក់​របស់​មណ្ឌល​ថែទាំ​ជន​ចាស់ជរា ដែល​ឆ្លាត​វាងវៃ​បំផុត ព្រោះ​មានការ​ចងចាំ​ដ៏​ល្អ​អស្ចារ្យ សម្រាប់​មនុស្ស​ដែលមាន​អាយុ​ដល់ 111ឆ្នាំ​ហើយ​នោះ។

    ទាំងអស់នេះ លោក ច​ន ថេ​លើរ ស្ថាបនិក​កំណត់ត្រា​ស្ថិតិ​នៃ​ប្រទេស​អូស្ត្រាលី បាន​អះអាងថា  លោកតា​ឃ្រូ​គើ​រ ជា​ពលរដ្ឋ​ម្នាក់ ដែលមាន​អាយុ​ច្រើន​បំផុត និង​នៅមាន​ជីវិត​របស់​ប្រទេស​អូស្ត្រាលី​នាពេល​បច្ចុប្បន្ន ចំណែក​ស្ថិតិ​ខ្ពស់បំផុត​វិញ​នោះ នៅតែ​ជា​របស់​លោកយាយ គ្រិ​ស្ទី​ណា ឃុ​ក ដែល​បានទទួល​អនិច្ចកម្ម កាលពី​ឆ្នាំ2012  ក្នុង​អាយុ 114ឆ្នាំ និង 148ថ្ងៃ៕

    ប្រភព៖ សារព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

  • COVID-19 នៅ​កម្ពុជា និង​​នៅ​ទូទាំង​ពិភព​លោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី18 ខែឧសភា ឆ្នាំ2021

    COVID-19 នៅ​កម្ពុជា និង​​នៅ​ទូទាំង​ពិភព​លោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី18 ខែឧសភា ឆ្នាំ2021

    នា​ព្រឹក​នេះ (18 ឧសភា) ក្រសួងសុខាភិបាល​កម្ពុ​ជា បានឱ្យដឹងថា អ្នក​វិជ្ជមាន​នឹង Covid-19 នៅ​កម្ពុជា ចំនួន 345នាក់​បន្ថែមទៀត ត្រូវបាន​រកឃើញ​នៅក្នុង​អំឡុង​ថ្ងៃទី17 ខែឧសភា ឆ្នាំ2021។

    ក្នុង​ថ្ងៃទី17 ឧសភា កម្ពុជា ក៏មាន​អ្នកស្លាប់​ដោយសារ​វីរុស​Covid-19 ថ្មី ចំនួន 2នាក់​ទៀត នាំឱ្យ​តួលេខ​អ្នកស្លាប់​សរុប​កើន​ដល់​ជាង 150នាក់។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 22,889នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 156នាក់​នាក់, ជាសះស្បើយ 14,343នាក់ និង​កំពុង​ព្យាបាល ប្រមាណ​ជាជាង 8,000នាក់។

    នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 164,279,345នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន​ 3,404,457នាក់, ជាសះស្បើយ 143,004,248នាក់ និង​កំពុង​ព្យាបាល​ចំនួន 17,870,640​នាក់៕

    ប្រភព៖ ក្រសួងសុខាភិបាល, worldometers
    ដកស្រង់៖ បុត្រា

     

  • វ៉ាក់សាំង COVID-19! កូរ៉េខាងត្បូង ផ្ដល់ជំនួយ 10លាន​វ៉ុ​ន/ម្នាក់ បើសិន​ពលរដ្ឋ​ជួប​បញ្ហា​ប្រតិកម្ម​ធ្ងន់ធ្ងរ ក្រោយ​ចាក់​វ៉ាក់សាំង

    វ៉ាក់សាំង COVID-19! កូរ៉េខាងត្បូង ផ្ដល់ជំនួយ 10លាន​វ៉ុ​ន/ម្នាក់ បើសិន​ពលរដ្ឋ​ជួប​បញ្ហា​ប្រតិកម្ម​ធ្ងន់ធ្ងរ ក្រោយ​ចាក់​វ៉ាក់សាំង

    ប្រភពព័ត៌មាន​ពី​រដ្ឋធានី សេ​អ៊ូ​ល បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី17 ខែឧសភា ប្រជាជន​កូរ៉េខាងត្បូង នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ផ្នែក​សុខាភិបាល​ច្រើន​បំផុត​ត្រឹម 10លាន​វ៉ុ​ន (8,820 ដុល្លារ​អាមេរិក) /ម្នាក់ បូល​រួមទាំង​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង Covid-19 មុន​ថ្ងៃទី 17 ខែឧសភា បើសិន​ជាមាន​អាការ​ធ្ងន់ធ្ងរ​ដែល​កើតឡើង​ដោយសារ​ប្រតិកម្ម​នឹង​វ៉ាក់សាំង។

    ជំនួយ​ខាងលើនេះ​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រួយបារម្ភ​របស់​ប្រជាជន ហើយ​តាមរយៈ​នេះ ក៏​នឹង​ជួយ​ឱ្យ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង អាច​សម្រេច​ផែនការ ក្នុងការ​ទទួលបាន​ភា​ព​ស៊ាំ​នៅក្នុង​សហគមន៍​ទូទាំងប្រទេស ចាប់ពី​ខែវិច្ឆិកា ឆ្នាំ2021។

    ក្រសួងសុខាភិបាល​កូរ៉េខាងត្បូង បានឱ្យដឹងថា បច្ចុប្បន្ន​ប្រទេស​នេះ មាន​ពលរដ្ឋ 3,733,000នាក់ បាន​ចាក់​វ៉ាក់សាំង​ម្ជុល​ទីមួយ គឺ​ស្មើនឹង 7.3% នៃ​ប្រជាជន​សរុប។ ចំណែក​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ម្ជុល​ទី​ពីរ មាន 935,000នាក់។ តាម​ផែនការ ចាប់ពី​ថ្ងៃទី22 ខែឧសភា កូរ៉េខាងត្បូង នឹង​ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង Pfizer ឡើងវិញ ក្រោយពី​បាន​ផ្អាក​មួយរយៈ ដោយសារតែ​បាត់បង់​តុល្យភាព​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​តម្រូវការ។

    មណ្ឌល​ចាក់​វ៉ាក់សាំង​បង្ការ​ Covid-19 មួយ​កន្លែង​ នៅ​កូរ៉េខាង​ត្បូង

    ក្នុង​រយៈពេល 3ខែ កន្លងទៅ កូរ៉េខាងត្បូង បាន​ប្រើ​អង្គ​ប​ដិ​ប្រាណ Regkirona Inj (960mg) ដើម្បី​ព្យាបាល​ដល់​អ្នកជំងឺ​ចំនួន​ជាង 3,000ករណី ហើយ​លទ្ធផល​ដំបូង​បង្ហាញថា មាន​ប្រសិទ្ធភាព​សម្រាប់​អ្នកជំងឺ​កម្រិត​ស្រាល។  Regkirona Inj. 960mg ឬ​ហៅថា Regdanvimab (លេខ​កូដ CT-P59) ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Celltrion គឺជា​ថ្នាំ​ព្យាបាល Covid-19 ដោយ​ប្រើ​អង្គ​ប​ដិ​ប្រាណ​ដែល​ត្រូវបាន​អភិវឌ្ឍ​នៅ​កូរ៉េខាងត្បូង​ដំបូង​គេ ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់។

    លទ្ធផល​នៃ​ការប្រើប្រាស់​ថ្នាំ​នេះ​សម្រាប់​ព្យាបាល​អ្នកជំងឺ Covid-19 វ័យ​ចំណាស់ និង​អ្នកជំងឺ Covid-19 ដែលមាន​ជំងឺ​ប្រចាំកាយ គឺមាន​តែមួយ​ករណី​ប៉ុណ្ណោះ​ដែល​ប្រែ​ជាមាន​អាការ​ធ្ងន់ធ្ងរ ប៉ុន្តែ ពុំមាន​ករណី​ស្លាប់​នោះទេ។ Regkirona Inj. ត្រូវបាន​ប្រើ​សម្រាប់​អ្នកជំងឺ​ដែល​ទើបតែ​ឆ្លង​វីរុស ខណៈដែល​អាការរោគ​នៅមានកម្រិត​ស្រាល ហើយ​ថ្នាំ​នេះ​នឹង​ត្រូវបាន​ចាក់ឱ្យ​អ្នកជំងឺ​នៅ​ថ្ងៃ​ចូល​ពេទ្យ​ដំបូង។

    ក្រសួងសុខាភិបាល​កូរ៉េខាងត្បូង ឱ្យដឹងថា ថ្នាំ Regkirona Inj. មាន​ប្រសិទ្ធភាព​ទៅលើ​វីរុស​ក្លាយ​ពូជ​ថ្មី​នៅ​សហរដ្ឋអាមេរិក, អង់គ្លេស និង​នី​ហ្សេ​រី​យ៉ា​ផងដែរ។ ក៏ប៉ុន្តែ ដោយសារ​ថ្នាំ​នេះ​ត្រូវបាន​អនុញ្ញាត​ដោយមាន​លក្ខខណ្ឌ​ភ្ជាប់​មកជា​មួយ ដូច្នេះ ក្រុមហ៊ុន​ផលិត ត្រូវតែ​ផ្ដល់​របាយការណ៍​លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស​ដំណាក់​ទី​បី ទើប​វា​ត្រូវការ​ការ​ផ្ទៀ​ត​ផ្ទាត់​សុវត្ថិភាព និង​ប្រសិទ្ធភាព​បន្តទៀត នាពេលខាងមុខ៕

    ប្រភព៖ tbs.seoul
    ប្រែសម្រួល​៖ បុត្រា

  • ស្ថានភាពជំងឺCOVID-19 នៅ កម្ពុជា នាថ្ងៃទី16 ខែឧសភា ឆ្នាំ2021

    ស្ថានភាពជំងឺCOVID-19 នៅ កម្ពុជា នាថ្ងៃទី16 ខែឧសភា ឆ្នាំ2021

    នា​ព្រឹក​ថ្ងៃទី17 ខែឧសភា​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា ឱ្យដឹងថា កម្ពុជា បាន​រកឃើញ​ករណី​ឆ្លង​វីរុស​Covid-19 ចំនួន 360នាក់​បន្ថែមទៀត ក្នុង​ថ្ងៃទី16 ខែឧសភា នាំឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប កើនឡើង​ដល់ 22,544នាក់។

    កាលពី​ម្សិលមិញ អ្នកជំងឺ​Covid-19 នៅ កម្ពុជា ចំនួន 4នាក់ បាន​បាត់​បង់ជីវិត ធ្វើឱ្យ​តួលេខ​អ្នកស្លាប់​សរុប ឡើងដល់ 154នាក់។
    នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន មាន​មនុស្ស​ចំនួន 163,721,530នាក់ បាន​ឆ្លង​ ​Covid-19 ក្នុងនោះ​មាន 3,393,409​នាក់​​បាន​ស្លាប់, 142,188,055នាក់​បានជា​សះស្បើយ និង18,140,066នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួង​សុខាភិបាល​, Worldometers
    ដក​ស្រង់​៖ បុត្រា

  • អំបិល ថ្នាំ​វិសេស​នៅក្នុង​ផ្ទះបាយ

    អំបិល ថ្នាំ​វិសេស​នៅក្នុង​ផ្ទះបាយ

    1. ក្អក​ដោយសារ​ជំងឺ​ផ្តាសាយ

    គ្រាន់តែ​យក​ទឹក​ពិសា 1ពែង​មក ហើយ​ដាក់​អំបិល​ចូលទៅ 1ស្លាបព្រា​កាហ្វេ កូរតិចៗ រហូត​ទាល់តែ​អំបិល​រលាយ​អស់  សឹម​យកមក​ខ្ពុរមាត់ និង​ខ្ពុរ​លាង​បំពង់ក​ឱ្យបាន​ច្រើនដង។  ភាព​ប្រៃ​របស់​អំបិល នឹង​ចូលទៅ​រំលាយ​ស្លេស្ម៍​ក្នុង​បំពង់ក ធ្វើឱ្យ​លែង​ក្អក រំខាន​អ្នក​នៅក្បែរ​ខ្លួន​ទៀតហើយ។

    1. តឹង​ខួរក្បាល គិត​អ្វី​មិនសូវ​ឃើញ

    នារីៗអ្នកធ្វើការ​ណា ដែល​ជួប​បញ្ហា​បែបនេះ កុំ​ដំអក់​យូរ  ចូរ​លាយ​ទឹ​ក្តៅឧណ្ហៗឱ្យ​ពេញ 1ធុង រួច​ដាក់​អំបិល​ចូលទៅ 2-3ស្លាបព្រា​កាហ្វេ រួចហើយ​យកមក​ងូត  ធានាថា ខួរក្បាល​នឹង​ភ្លឺ​ថ្លា​ឡើង រក​នឹក ឬ​គិត​ការងារ​អ្វី បាន​ឆាប់រហ័ស​មិន​ខាន  ព្រោះ​អំបិល​ជួយ​ជំរុញ ឱ្យ​ឈាម​ហូរ​វិល​មក​ក្នុង​ខួរក្បាល​បានល្អ។

    1. ជំរុញ​ឱ្យ​ក្អួត

    បើសិន​ចៃដន្យ ច្រឡំ​បរិភោគ​សារធាតុពុល​ចូលទៅក្នុង​ពោះ ឬ​បរិភោគ​អាហារ​ឆ្អែត ឡើង​ហល់ ក្រពះ​រំលាយ​មិនទាន់ រហូតដល់​ត្រូវតែ​ធ្វើឱ្យ​ក្អួត​ចេញមក ទើប​ធូរស្រាល​នោះ  ចូរ​ផឹកទឹក​អំបិល​ប្រៃ​ខ្លាំង 1កែវ​ធំ​ចូលទៅ  មិនយូរប៉ុន្មាន នឹង​បាន​ក្អួត​ចេញមក សម​ដូច​បំណង​មិន​ខាន។

    1. តឹង​ច្រមុះ ហូរ​សំបោរ

    ចង់​ត្រឹមតែ​តឹង​ច្រមុះ ហៀរ​សំបោរ ឬក៏​រាលដាល​ខ្លាំង រហូត​ក្លាយជា​រោគ​រលាក​ច្រមុះ​ក៏ដោយ  ចូរ​យក​ទឹកអំបិល​ប្រៃ​លែមៗ មក​បន្តក់​ចូលទៅក្នុង​រន្ធ​ច្រមុះ​ទាំងសងខាង។  អំបិល​នឹង​ជួយ​សម្លាប់​មេរោគ នៅក្នុង​ប្រហោង​ច្រមុះ ធ្វើឱ្យ​បាត់​អាការ​ឈី​ត​ឈូ​ត ជូត​ទឹកសំបោរ​ជាមិនខាន។

    1. រមាស់​នៅតាម​ស្បែក

    លាប​នៅលើ​បរិវេណ​ដែល​រមាស់ ដោយ​ទឹកអំបិល  មេរោគ​រមាស់​នៅ​ម្តុំ​នោះ នឹង​អស់ឫទ្ធិ​មិន​ខាន។

    1. រោគ​ភ្នែក​ក្រហម

    ជំងឺ​នេះ មាន​មេរោគ​ដែល​បង្កបញ្ហា ស្ថិតនៅ​ពីក្រោយ  តែ​យើង​អាចធ្វើ​ការ​បឋម​ព្យាបាល​ខ្លួនឯងបាន មុននឹង​ទៅ​មន្ទីរពេទ្យ  ដោយ​ការយក​កន្សែងពោះគោ​ស្អាត (បើ​បាន​ស្ងោ​សម្លាប់​មេរោគ​ហើយ​ផង រឹតតែ​ប្រសើរ) ជ្រលក់​ទឹកអំបិល រួច​យកមក​ជូត​ភ្នែក  អាច​នឹង​រាងផ្សាៗបន្តិច តែ​ហ្នឹងហើយ​ជា​ថ្នាំ​វិសេស​នោះ  ព្រោះ​បន្ទាប់ពី​អំបិល​ចូលទៅ​សម្លាប់​មេរោគ​នៅក្នុង​ភ្នែក​ហើយ  សូម​លាង​ភ្នែក​ឱ្យបាន​ច្រើន​ដងដោយ​ទឹកស្អាត  អាការ​ហើម​ក្រហម មាន​អាច​ម៏​ភ្នែក​ចេញមក​ច្រើន​របស់​អ្នក នឹង​បាន​ធូរស្រាល​មិន​ខាន។

    1. ស្នាម​មូស​ខាំ

    បើ​អ្នកណា​ត្រូវ​សត្វ​មូស​កំណាច មកសុំ​បរិច្ចាគ​ឈាម ហើយ​ថែមទាំង​ត្រូវ​វា​បន្សល់ទុក​នូវ​ស្នាម​កន្ទួល​រមាស​ជា​អនុស្សាវរីយ៍​ផង​នោះ  សូមកុំ​រវល់​តែ​អេះ នាំឱ្យ​ខូច​សាច់ ខូច​ឈាម​ធ្វើ​អី  ចូរ​ប្រញាប់​យក​ទឹកអំបិល មក​លាប​លើ​ស្នាម​មូស​ខាំ​នោះ​ភ្លាម មិនយូរប៉ុន្មាន​ភាពរ​មា​ស់នឹង​បាត់អស់ ហើយ​ស្នាម​កន្ទួល ក៏​រលប់​បាត់អស់​ដែរ៕

  • មហា​កំពូល​រឹងមាំ!! លោកយាយ វ័យ 90 ប្រែក្លាយ​ខ្លួនឯង​ជា គ្រូបង្វឹក​ហ្វ៊ី​ត​នេស ទោះ​ក្បាច់​ពិបាក​ប៉ុនណា ក៏​មិន​ខ្លាច!

    មហា​កំពូល​រឹងមាំ!! លោកយាយ វ័យ 90 ប្រែក្លាយ​ខ្លួនឯង​ជា គ្រូបង្វឹក​ហ្វ៊ី​ត​នេស ទោះ​ក្បាច់​ពិបាក​ប៉ុនណា ក៏​មិន​ខ្លាច!

    យើង​នាំគ្នា​មក​ស្គាល់ លោកយាយ «ថា​ឃិ​ឈិ​ម៉ាក់ មិ​កៈ» គ្រូបង្វឹក​ហ្វ៊ី​ត​នេស ដ៏​រឹងមាំ ទោះជា​អាយុ 90ឆ្នាំ​ហើយក៏​ដោយ តែ​នោ​តែ​មាំមួន បង្ហាត់​ក្បាច់​ហាត់ប្រាណ បាន​យ៉ាងសប្បាយៗ ចង់​ក្បាច់​ពិបាក​ប៉ុនណា ក៏​មិន​ខ្លាច​ដែរ!

    អាច​និយាយបានថា អាយុ​មិនមែនជា​ឧបសគ្គ​សោះឡើយ​សម្រាប់ «ថា​ឃិ​ឈិ​ម៉ាក់ មិ​កៈ» លោកយាយ វ័យ 90ឆ្នាំ ដែល​ទោះជា​អាយុ​ច្រើន​ហើយក៏​ដោយ តែ​ក៏​នៅតែ​មាំមួន ជា​គ្រូបង្វឹក​ហាត់ប្រាណ និង​ថែមទាំង​ប្រាប់ថា នឹងធ្វើ​ការងារ​នេះ រហូតដល់​អាយុ​គ្រប់ 100ឆ្នាំ​ទៀតផង។

    លោកយាយ ថា​ឃិ​ឈិ​ម៉ាក់ កើត​នៅ​ថ្ងៃទី15 ខែមករា ឆ្នាំ1931 បាន​និយាយ​រៀបរាប់​អំពី​ការ​ក្លាយជា​គ្រូបង្វឹក​ហាត់ប្រាណ​នេះ​ថា លោកយាយ​រៀបការ​តាំងពី​អាយុ 29ឆ្នាំ បន្ទាប់ពីនោះ ក៏​បំពេញ​តួនាទី​ជា​មេផ្ទះ​រហូតមក ធ្វើឱ្យ​មិនសូវមាន​ពេលវេលា​មើលថែទាំ​ខ្លួនឯង​ប៉ុន្មាន​ឡើយ និង​ត្រូវគេ​សួរនាំ​រឿង​ទម្ងន់​ខ្លួន(ធាត់)ជាប្រចាំ។ រហូតដល់​អាយុ 65ឆ្នាំ ទើប​សម្រេចចិត្ត​ធ្វើការ​ហាត់ប្រាណ​យ៉ាងពិត​ប្រាកដ។

    តម​ក ពេល​លោកយាយ​ថា​ឃិ​ឈិ​ម៉ាក់ អាយុ 79ឆ្នាំ ក៏​ចាប់ផ្ដើម​ជួល​គ្រូបង្វឹក​មក​បង្ហាត់​ក្បាច់​ហាត់ប្រាណ។ ច្រើន​ឆ្នាំ​ក្រោយមក គ្រូបង្វឹក​ក៏​មើលឃើញ​ទេពកោសល្យ និង​ក្ដី​ព្យាយាម​របស់លោក​យាយ ក៏​សាកល្បង​ស្នើឱ្យ​លោកយាយ​មក​ធ្វើជា​គ្រូបង្វឹក​ម្ដង។ លោកយាយ ក៏​ឆ្លើយ​យល់ព្រម និង​ក្លាយជា​គ្រូបង្វឹក​ហ្វ៊ី​ត​នេស នៅពេល​អាយុ 87ឆ្នាំ។

    «ខ្ញុំ​ចូល​ក្លិប​ហ្វ៊ី​ត​នេស​ហាត់ប្រាណ ព្រោះ​ត្រូវការ​សម្រក​ទម្ងន់​តែប៉ុណ្ណោះ ពេល​សម្រក​បានសម្រេច​ហើយ តម​ក ខ្ញុំ​ក៏​ចង់បាន​រាងកាយ​ផ្នែក​ខាងក្រោម​ឱ្យ​រឹងប៉ឹង និង​តាម​ដោយ​ការចង់បាន​ស្មា​បើក​ធំ និង​ចង្កេះ​រៀវ ហើយ​នៅពេល​ដឹងខ្លួន​ម្ដងទៀត ខ្ញុំ​ក៏​កំពុង​បង្ហាត់​ក្បាច់​ហាត់ប្រាណ​ដល់​អ្នក​ឯទៀត​ទៅហើយ»

    ចំណែក​គន្លឹះ​ក្នុងការ​មើលថែទាំ​សុខភាព លោកយាយ​ថា​ឃិ​ឈិ​ម៉ាក់ ប្រាប់ថា មិនដែល​គ្រប់គ្រង​ការហូបចុក​ទេ គ្រាន់តែ​ប្រយ័ត្ន​អ្វីដែល​យើង​ញ៉ាំ​ចូលទៅ​ប៉ុណ្ណោះ។ លោកយាយ​ចូលចិត្ត​ទទួលទាន​អាហារ ពពួក​ជ្រក់​ត្រាំ គិ​ម​ឈី ណាត់​តូ មិ​សូ ចំណែក​បន្លែ និង​អាហារ​ពពួក​ប្រូតេអ៊ីន​ក៏​សំខាន់​ដែរ គួររៀបចំ​ឱ្យមាន​តុល្យភាព តាម​ដោយ​ការ​ក្រេប​ស្រាក្រហមស្រាលៗ និង​ប្រកាន់​ទស្សនៈ “ហាត់ប្រាណ​ឱ្យ​ស្មើគ្នា​នឹង​ញ៉ាំ។

    ឧទាហរណ៍​ដូចជា អាហារ​ពេលព្រឹក លោកយាយ​នឹង​ទទួលទាន ណាត់​តូ ស៊ុត​ឆៅ បន្លែ​ជ្រក់ ស៊ុប​មី​សូ និងផ្សេងៗទៀត ដែល​ល្អ​ចំពោះ​ពោះវៀន និង​ប្រព័ន្ធ​រំលាយ​អាហារ។ អាហារ​ថ្ងៃត្រង់ នឹង​ទទួលទាន​បែបស្រាលៗដូចជា ផ្លែ​ចេក យ៉ា​អួ ចំណែក​អាហារ​ពេល​ល្ងាច មាន​បន្លែ​ភាគច្រើន និង​ញ៉ាំ​ស្រាក្រហម 1កែវ​ពេញ។

    លោកយាយ ថា​ឃិ​ឈិ​ម៉ាក់ ចំណាយពេល​គេង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ដោយ​ចូលសម្រាន្ត​តាំងពី​ម៉ោង 23.00 និង​ភ្ញាក់​នៅ​អំឡុង​ម៉ោង 03.00-05.00ម៉ោង ដើម្បី​ហាត់ប្រាណ​នៅពេល​ព្រឹក​ព្រលឹម ដោយ​ការដើរ និង​រត់​យ៉ាងតិច 2ម៉ោង ឬ​បើ​រាប់​ជំហាន ត្រូវ​ដើរ ឬ​រត់​យ៉ាងតិច 15,000ជំហាន និង​មុន​ចូលសម្រាន្ត តែង​ធ្វើ​ម៉ាស្សា​ជើង ជាប្រចាំ ដើម្បី​ជាការ​ជំរុញ​ចលនា​ម្រាមជើង និង​បាតជើង។

    ការ​ក្លាយ​មកជា​គ្រូបង្វឹក​ហ្វ៊ី​ត​នេស ឬ​គ្រូបង្វឹក​ហាត់ប្រាណ​នៅពេលដែល​អាយុ​ច្រើន​បែបនេះ មិនមែនជា​រឿង​ងាយ​ឡើយ តេ​ក៏​មិនមែនជា​រឿង​ពិបាក​ដែរ ដោយ​លោកយាយ​ថា​ឃិ​ឈិ​ម៉ាក់ យល់ឃើញថា បើ​យើង​ធ្វើ​បានល្អ​បំផុត ព្យា​យម​ឱ្យដល់​ទីបំផុត យើង​ក៏​អាច​ទទួលបាន​ជោគជ័យ​ដែរ និង​ដែល​សំខាន់​អាយុ គ្រាន់តែ​ជា​តួលេខ គ្មាន​នរណា​ចាស់​ហួស​នឹង​ចាប់ផ្ដើម​អ្វីមួយ​នោះឡើយ៕

    ប្រភព៖ Nippon,be-story
    ប្រែ​សម្រួល​ដោយ អ្នកគ្រូ ឆវី