Category: សុខភាព

  • វ៉ាក់សាំង COVID-19! ទិន្នន័យ​សរុប​ស្ដីពី​តួលេខ​នៃ​ការចាក់​វ៉ាក់សាំង​ទូទាំង​ពិភពលោក គិត​ត្រឹម​ថ្ងៃទី21 ឧសភា ឆ្នាំ2021

    វ៉ាក់សាំង COVID-19! ទិន្នន័យ​សរុប​ស្ដីពី​តួលេខ​នៃ​ការចាក់​វ៉ាក់សាំង​ទូទាំង​ពិភពលោក គិត​ត្រឹម​ថ្ងៃទី21 ឧសភា ឆ្នាំ2021

    ប្រទេស និង​ដែនដី​ជាង 190 ក្នុង​ពិភពលោក បានធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ក្នុងនោះ អ៊ីស្រាអែល កំពុង​នាំមុខគេ​អំពី​អត្រា​នៃ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ម្ជុល។

    1. ចំនួន​ប្រ​ទស និង​ដែនដី ដែល​បានធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រឆាំង Covid-19 ៖ 196
    2. អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 ៖ 9.24%
    3. ចំនួន​ដួស​នៃ​វ៉ាក់សាំង​ដែល​ត្រូវបាន​ចាក់ ៖ 1.53 ពាន់​លាន​ដូ​ស
    4. អត្រា​នៃ​ការចាក់​វ៉ាក់សាំង​នៃ​តំបន់​នានា​ក្នុង​ពិភពលោក (មិនទាន់​រួមបញ្ចូល​ប្រទេស​ចិន ដោយសារ​ប្រទេស​នេះ​មិនទាន់​ប្រកាស​ពី​ចំនួន​ពលរដ្ឋ​ដែល​បាន​ចាក់) ៖

      1.ទ្វីបអាមេរិក ៖ 25.66% (262.42 លាន​នាក់)
      2.ទ្វីបអាហ្វ្រិក ៖ 1.36% (18.17 លាន​នាក់)
      3.ទ្វីបអឺរ៉ុប ៖ 27.49% (205.79 លាន​នាក់)
      4.ទ្វីបអាស៊ី ៖ 5.02% (233.07 លាន​នាក់)
      5.ទ្វីបអូសេអានី ៖ 1.75% (0.75 លាន​នាក់) 

    5. 10ប្រទេស​ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក ៖

      1.អ៊ីស្រាអែល៖ 60%
      2.អង់គ្លេស៖ 55.1%
      3.បា​រ៉ែ​ន៖ 52.1%
      4.ហុង​គ្រី៖ 49%
      5.ឈី​លី៖ 48.5%
      6.សហរដ្ឋអាមេរិក៖ 48.2%
      7.កាណាដា៖ 46.9%
      8.កាតា៖ 43.1%
      9.អាល្លឺម៉ង់៖ 38.2%
      ​10.ប្រទេស​បែ​ល​ហ្សិ​ក៖ 35.4%

    6. ចំនួន (លាន) ដូ​ស នៃ​វ៉ាក់សាំង​ដែល​ត្រូវបាន​ចាក់៖

      1.ប្រទេស​ចិន៖ 449.5
      2.សហរដ្ឋអាមេរិក៖ 275.5
      3.ឥណ្ឌា៖ 185.2
      4.អង់គ្លេស៖ 57.4
      5.ប្រេ​ស៊ី​ល៖ 55.3
      6.អាល្លឺម៉ង់៖ 41.2
      7.បារាំង៖ 29.7
      8.អ៊ីតាលី៖ 28.4
      9.ទួរគី៖ 26.5
      10.រុស្ស៊ី៖ 24.5

    7. ចំនួន​ពលរដ្ឋ (លាន​នាក់) ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ (មិនទាន់​រួមបញ្ចូល​ប្រទេស​ចិន ដោយសារ​ប្រទេស​នេះ​មិនទាន់​ប្រកាស​ពី​ចំនួន​ពលរដ្ឋ​ដែល​បាន​ចាក់)៖

      1.សហរដ្ឋអាមេរិក៖ 124.46
      2.ឥណ្ឌា៖ 40.92
      3.អង់គ្លេស៖ 20.55
      4.ប្រេ​ស៊ី​ល៖ 17.49
      5.ម៉ិ​ក​ស៊ិ​ក៖ 10.65
      6.រុស្ស៊ី៖ 9.93
      7.អាល្លឺម៉ង់៖ 9.89
      8.ឥណ្ឌូនេស៊ី៖ 9.29
      9.បារាំង៖ 9.14
      10.អ៊ីតាលី៖ 9.05

    ទិន្នន័យ​ខាងលើនេះ ត្រូវ​បានគិត​ត្រឹម​ថ្ងៃទី21 ខែឧសភា ឆ្នាំ2021។

    ប្រភព៖ Our World In Data
    ដកស្រង់ និង​ប្រែសម្រួល​៖ បុត្រា

  • ស្ថានភាព​ជំងឺ Covid-19 នៅ កម្ពុជា គិត​ត្រឹម​ថ្ងៃទី21 ខែឧសភា ឆ្នាំ2021

    ស្ថានភាព​ជំងឺ Covid-19 នៅ កម្ពុជា គិត​ត្រឹម​ថ្ងៃទី21 ខែឧសភា ឆ្នាំ2021

    កម្ពុជា ទើបតែ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 ចំនួន 488នាក់​បន្ថែមទៀត នាំឱ្យ​តួលេខ​អ្នក​វិជ្ជមាន​នឹង​វីរុស​នេះ សរុប​ឡើងដល់ 24,645នាក់។

  • កាល់ស្យូម គឺជា​អ្វី ហេតុ​ម៉េច​បាន​សំខាន់​សម្រាប់​កូនតូច?

    កាល់ស្យូម គឺជា​អ្វី ហេតុ​ម៉េច​បាន​សំខាន់​សម្រាប់​កូនតូច?

    កុមារ​នៅក្នុង​អាយុ 1 – 3ឆ្នាំ គឺជា​វ័យ​មួយ​ដែលមាន​ការប្រែប្រួល និង​ការវិវឌ្ឍ​ខាង​រាងកាយ​ខ្លាំងណាស់ អ្វីដែល​យើង​ច្រើន​សង្កេតឃើញ​បាន​យ៉ាងច្បាស់​នោះ​គឺ ការវិវឌ្ឍ​ខាង​ផ្នែក​ការធ្វើ​ចលនា តាំងពី​ការ​វារ ឈរ ដើរ រហូត​ទៅដល់​អាច​រត់​បាន​យ៉ាង​ស្ទាត់ជំនាញ ហើយ​និង​ការប្រែប្រួល​ខាង​ការ​ញ៉ាំ ដែល​ការវិវឌ្ឍ​ខាង​ការ​ទំពា​លេប ក៏​ជា​អ្វីមួយ​ដែល​កូនតូច ត្រូវធ្វើ​ជាប្រចាំ​ក្នុង 1ថ្ងៃៗដែរ។ គ្រោង​សាង​រាងកាយ ដែលមាន​ចំណែក​សំខាន់​ក្នុងការ​បង្កើន​ដល់​ការធ្វើ​ចលនា និង​ការ​ទំពា​លេប​របស់​កូន ឱ្យធ្វើ​ការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ​គឺ អវយវៈ​មួយ ដែលមាន​ឈ្មោះថា “ឆ្អឹង”  និង  “ធ្មេញ”  ដូច្នេះ​ដើម្បី​ជួយ​ឱ្យ​កូនតូច មាន​គ្រោង​សាង​របស់​ឆ្អឹង និង​ធ្មេញ​ដែល​រឹងមាំ​នោះ ទើប​សារធាតុ​អាហារ​ចាំបាច់​ដូចជា “កាល់ស្យូម” មាន​តួនាទី​យ៉ាងសំខាន់ ចំពោះ​រាងកាយ​ខ្លាំង​សម្បើម​ណាស់។

    “កាល់ស្យូម” គឺជា​សារធាតុ​អាហារ ប្រភេទ​អំបិល​រ៉ែ 1ប្រភេទ ដែលមាន​នៅក្នុង​រាងកាយ​ច្រើន​បំផុត ជាពិសេស​នៅក្នុង​ឆ្អឹង និង​ធ្មេញ អាច​និយាយបានថា ជា​កន្លែង​ប្រមូល​សន្សំ​កាល់ស្យូម ដែល​ធំជាងគេ​បំផុត​នៅក្នុង​រាងកាយ។ មុខនាទី​សំខាន់​របស់​កាល់ស្យូម​គឺ នាំយកមក​ប្រើប្រាស់​ក្នុងការ​សាង និង​ជួសជុល​ចំណែក​ដែល​សឹករេចរឹល​របស់​ឆ្អឹង និង​ធ្មេញ ក្រចកដៃ-ជើង និង​ស​សៃ​សក់​ឱ្យ​រឹងមាំ ក្រៅពីនេះ នៅមាន​ចំណែក​ជួយ​គ្រប់គ្រង​ការធ្វើការងារ​របស់​សាច់ដុំ ប្រព័ន្ធ​ប្រសាទ ការពង្រឹង​ខ្លួន​របស់​ឈាម ចង្វាក់​របស់​បេះដូង ការធ្វើការងារ​របស់​ប្រព័ន្ធ​ទឹក​រំលាយ​អាហារ ការ​បឺត​ជញ្ជក់​យក​វីតាមីន និង​ជំរុញ​ការបញ្ចេញ​របស់​អ័រម៉ូន។

    តើ​នឹង​ទៅជា​យ៉ាងណា…នៅពេល​កូនតូច​ខ្វះ​ជាតិ​កាល់ស្យូម?

    កុមារ​ដែល​ទទួលបាន​ជាតិ​កាល់ស្យូម មិន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ នឹងមាន​ផលប៉ះពាល់​ដល់​ភាព​រឹង និង​កម្រាស់ របស់​ឆ្អឹង​ទាំងមូល ធ្វើឱ្យ​កើត​ជំងឺ​ទន់​ឆ្អឹង ឬ​ឆ្អឹង​កោង-ង  ការវិវឌ្ឍ​ខាង​ផ្នែក​រាងកាយ ដូច​ជាការ​អង្គុយ វារ ដើរ នឹង​ដំណើរការ​លូតលាស់​ទៅមុខ យ៉ាង​យឺតយ៉ាវ។ ក្រៅពីនេះ គ្រោង​សាង​ឆ្អឹង​ដែល​ទន់ខ្សោយ នឹង​បង្ក​ឱ្យ​កើតមាន​ភាពខុសប្រក្រតី ខាង​រាងកាយ​បាន​ដូចជា ក្លាយជា​កុមារ​ជើង​កោង-ង និង​ខ្លួន​ទាប​តឿ​ខុស​ប្រក្រតី​ជាដើម។

    តើ​កាល់ស្យូម​នៅឯណា…រក​ញ៉ាំ​បាន​នៅទីណា?

    – ទឹកដោះ និង​ផលិតផល​ដែល​ធ្វើ​អំពី​ទឹកដោះ ដូចជា ឈី​ស ប៊័រ​រឹង ប៊័រ​ស្រស់ យ៉ា​អួ អៃ​ស្គ្រី​ម -ល-  ព្រោះ​ទឹកដោះស្រស់ គឺជា​ប្រភព​អាហារ​ដ៏​កំពូល ដែលមាន​កាល់ស្យូម​ច្រើន​បំផុត ដូច្នេះ​ទើប​ចាំបាច់​ខ្លាំងណាស់ ដែល​កុមារ​ត្រូវតែ​ញ៉ាំ​ទឹកដោះស្រស់ ឱ្យបាន​យ៉ាងហោចណាស់ 1ថ្ងៃ 2 កែវ។

    – គ្រាប់​ធញ្ញជាតិ គ្រាប់សណ្តែក​ស្ងួត និង​ផលិតផល ដែល​ធ្វើ​ពី​គ្រាប់សណ្តែក ដូចជា តៅហ៊ូ ទឹក​សណ្តែក​លឿង សៀង គ្រាប់ល្ង-ស ខ្មៅ គ្រាប់​សណ្តែកក្រហម-ខៀវ គ្រាប់​អាល់​ម៉ុ​ន គ្រាប់​ឈូក និង​គ្រាប់​ផ្កាឈូក​រត្ន​ជាដើម។

    – សាច់សត្វ​ដែល​ញ៉ាំ​ទាំងមូល ឬ​ទាំង​ឆ្អឹង ដូចជា ត្រីតូចៗ ក​ម្ពិ​ស បង្គា បង្គា​ក្រៀម ត្រីខកំប៉ុង។ល។

    – បន្លែ​ស្លឹក​បៃតង ដូចជា ខាត់ណា ស្ពៃចង្កឹះ ប្រូ​ក​ខូ​លី ស្លឹក​បាស ផ្លែ​ប្រពាយ សណ្តែក​ហោ​ឡាន់​តាវ ត្រប់ពុតលំញង។ល។

    នៅពេល​បានដឹង​បែបនេះហើយ សមាជិក​នៅក្នុង​គ្រួសារ​ទាំងអស់ សូមកុំ​ភ្លេច​បន្ថែម​ជាតិ​កាល់ស្យូម ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ ឱ្យបាន​ជាប់​ជានិច្ច ព្រោះ​មិន​ថា ស្ថិតក្នុង​វ័យ​ណាក៏ដោយ ក៏​កាល់ស្យូម​នៅតែ​ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​មួយ ដែល​ទាំង​កុមារ និង​មនុស្ស​ចាស់​នៅតែ​ចាំបាច់​ត្រូវតែ​ទទួលបាន ជា​រៀងរាល់ថ្ងៃ៕

  • អ្នក​វិជ្ជមាន​នឹង COVID-19 នៅ​កម្ពុជា កើន​ដល់​ជាង 24,000នាក់ ខណៈ​ពិភពលោក កើន​ដល់​ជាង 165លាន​នាក់

    អ្នក​វិជ្ជមាន​នឹង COVID-19 នៅ​កម្ពុជា កើន​ដល់​ជាង 24,000នាក់ ខណៈ​ពិភពលោក កើន​ដល់​ជាង 165លាន​នាក់

    គិត​មកដល់​ថ្ងៃទី21 ខែឧសភា ឆ្នាំ2021 នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 24,157​នាក់ ដែល​នេះ​គឺជា​តួលេខ​ពី​ក្រសួងសុខាភិបាល។

    នា​ព្រឹក​នេះ ក្រសួង​បានប្រកាស បាន​រកឃើញ​អ្នកជំងឺ​Covid-19 ថ្មី ចំនួន 460នាក់, ករណី​ស្លាប់​ថ្មី​ចំនួន 1នាក់ និង​អ្នកជំងឺ​Covid-19 ចំនួន 826នាក់ បានជា​សះស្បើយ នៅក្នុង​អំឡុង 24ម៉ោង នៃ​ថ្ងៃទី20 ខែឧសភា។

    នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន អ្នក​វិជ្ជមាន​នឹង Covid-19 បាន​កើន​ឡើងដល់ 165,857,655នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 3,444,901នាក់, ជាសះស្បើយ​ចំនួន 146,539,738នាក់ និង​កំពុង​ព្យាបាល​ចំនួន 15,873,016​នាក់៕
    ប្រភព៖ ក្រសួងសុខាភិបាល, worldometers
    ដកស្រង់​៖ បុត្រា

  • តើ​អាហារ​ផ្អែម​បែបណា ដែល​ស័ក្តិសម​នឹង​ស្ត្រី​មាន​ផ្ទៃពោះ

    តើ​អាហារ​ផ្អែម​បែបណា ដែល​ស័ក្តិសម​នឹង​ស្ត្រី​មាន​ផ្ទៃពោះ

    អាហារ​ដែលមាន​រសជាតិ​ផ្អែម ជា​អាហារ​ដែល​ត្រូវមាត់​មនុស្ស​ជាច្រើន និង​រសជាតិ​ផ្អែម ជួយ​ជំរុញ​ភាព​ឃ្លាន​អាហារ​បាន​យ៉ាង​ល្អ ហើយ​មនុស្ស​ភាគច្រើន ក៏​និយម​អាហារ​រសជាតិ​ផ្អែម រហូតដល់​លើសពី​តម្រូវការ​របស់​រាងកាយ ដែលជា​មូលហេតុ​បណ្តាលឱ្យ​កើត​ជំងឺផ្សេងៗបាន ដូច្នេះ​យើង​នាំគ្នា​មក​ស្គាល់​ពី​អាហារ​រសជាតិ​ផ្អែម​ថា តើ​គួរ​បរិភោគ​ប៉ុនណា​ទើប​សមរម្យ​សម្រាប់​ស្ត្រី​ដែល​កំពុង​មានគភ៌។

    លោកគ្រូ​ពេទ្យ​បាន​ណែ​នាំឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ គ្រប់គ្រង​ការបរិភោគ​អាហារ ដែលមាន​រសជាតិ​ផ្អែម ឱ្យ​ស្ថិតនៅក្នុង​កម្រិត​សមល្មម គឺ​កុំ​បរិភោគ​តាមចិត្ត​ចង់ កាត់បន្ថយ​អាហារ​ដែលមាន​រសជាតិ​ផ្អែម ឱ្យបាន​ច្រើន​បំផុត  និង​គ្រប់គ្រង​ការបរិភោគ​ជាតិ​ស្ករ ឬ​បង្អែម​ដូចខាងក្រោម​នេះ៖

    -ផឹកទឹក​ផ្លែឈើ​ស្រស់ ដែល​មិន​ដាក់​ស្ករ ជំនួស​ភេសជ្ជៈ​កំប៉ុង។

    -កាត់បន្ថយ​ស្ករ ក្នុងការ​ផ្សំ​គ្រឿង​ម្ហូបអាហារ ចំនួន​ពាក់កណ្តាល ពី​ទម្លាប់​ដើម។

    -បរិភោគ​ផ្លែឈើ​ស្រស់ និង​បន្លែ​ឱ្យបាន​ច្រើន នឹង​ធ្វើឱ្យ​រាងកាយ​ទទួលបាន​ជាតិ​ស្ករ​យ៉ាង​គ្រប់គ្រាន់។

    -ចៀសវាង​អាហារ​កញ្ចប់ ឬ​កំប៉ុងផ្សេងៗ តែបើ​ចាំបាច់​ត្រូវ​បរិភោគ គួរ​មើល​គ្រឿងផ្សំ​ទាំងនោះ​ថា តើ​មាន​ជាតិ​ស្ករ​តិច ច្រើន​ប៉ុនណា?។

    -ខ្ពុរមាត់ ឬ​ដុសធ្មេញ​ក្រោយ​ពេលបាយ ឬ​ក្រោយពេល​បរិភោគ​បង្អែម​រួច និង​គួរប្រើ​ខ្សែ​អំបោះ​ខាត់​សម្អាត​ធ្មេញ យ៉ាងហោចណាស់ 1ថ្ងៃ ម្តង ដើម្បី​កុំឱ្យ​មាន​កម្ទេច​អាហារ នៅជាប់​សេសសល់​តាម​ប្រឡោះ​ធ្មេញ។

    -បើសិន​ត្រូវ​ប្រើ​ស្ករ គួរ​ជ្រើសរើស​ប្រើ​ស្ករអំពៅ ជំនួស​ស្ករ-ស។

    -មិនគួរ​បរិភោគ​ស្ករ-ស​លើសពី 3ស្លាបព្រា​បាយ ក្នុង 1ថ្ងែ​ឡើយ (សម្រាប់​មនុស្ស​ដែលមាន​រាងកាយ​មាំមួន)។

    -ជាធម្មតា ពេល​យើង​បរិភោគ​បាយ បន្លែ ផ្លែឈើ​នោះ គឺ​យើង​បានទទួល​ជាតិ​ស្ករ​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ ស្រេច​ទៅហើយ។

    តើ​យើង​បានទទួល​រសជាតិ​ផ្អែម ដោយ​វិធី​ណា?

             មនុស្ស​យើង ឆាប់​ទទួលយក​រសជាតិ​ផ្អែម​ខ្លាំង​បំផុត ព្រោះ​នៅលើ​អណ្តាត​មាន​ក្រពេញ​ទទួល​រសជាតិ​ផ្អែម ច្រើនជាង​រសជាតិផ្សេងៗ ដូច្នេះ​បើ​យើង​បរិភោគ​អាហារ ដែលមាន​រសជាតិ​ផ្អែម​ញឹកញាប់ នឹងធ្វើ​ឱ្យ​យើង​ញៀន​រសជាតិ​ផ្អែម ជាពិសេស​ការបរិភោគ​ស្ករ ដែល​យើង​ដាក់​នៅក្នុង​អាហារផ្សេងៗ ធ្វើឱ្យ​រាងកាយ​យើង​ទទួលបាន​ជាតិ​ស្ករ​ច្រើន​ជ្រុល​ដោយ​មិនដឹង​ខ្លួន ទាំង​ដែល​អាហារ​ពី​ធម្មជាតិ ក៏មាន​ជាតិ​ស្ករ​ស្រាប់​ទៅហើយនោះ មានដូចជា៖

    *ខា​បូ​ហាយ​ដ្រេ​ត ពេល​ឆ្លងកាត់​កម្មវិធី​រំលាយ​អាហារ​ហើយ នឹង​ក្លាយទៅជា​ជាតិ​ស្ករ​គ្លុយ​ខូ​ស ហើយនឹង​ត្រូវបាន​បឺត​ជ្រាប ចូលទៅក្នុង​ខ្សែ​លោ​ហឹ​ត​ជា​បន្ត ទៅធ្វើជា​ថាមពល​ការងារ​ឱ្យ​កោសិកា​អវយវៈផ្សេង។

    *ផ្លែឈើ​ស្ទើរតែ​គ្រប់​ប្រភេទ មាន​ជាតិ​ស្ករ​ជា​ចំណែក​ផ្សំ​ដោយ​ធម្មជាតិ​ស្រាប់​ទៅហើយ រាងកាយ​អាច​យកទៅ​ប្រើប្រាស់​បាន​ភ្លាម​តែម្តង។

    *អាហារ​កញ្ចប់ និង​អាហារ​កំប៉ុងផ្សេងៗ ដូចជា ទឹក​ញាំ​សាឡាដ ទឹកដោះគោ យ៉ា​អួ(ទឹកដោះគោ​ជូរ) នំ​ខេ​ក ឬ​សូម្បីតែ​ទឹកស៊ីអ៊ីវ ក៏មានស្ករ​ជា​ចំណែក​ផ្សំ​ដែរ៕

  • ទឹក​ផ្លែឈើ បង្កើន​ការចងចាំ សម្រាប់​មនុស្ស​វ័យ​ចំណាស់

    ទឹក​ផ្លែឈើ បង្កើន​ការចងចាំ សម្រាប់​មនុស្ស​វ័យ​ចំណាស់

    ផ្លែឈើ​រសជាតិ​ជូរអែម ដូចជា​ផ្លែ​ទំពាំងបាយជូរ និង​ផ្លែ​ប្ល៊ូ​ប៊ើ​រី គឺជា​ប្រភព​នៃ​វិ​តា​មីន​C ដែល​ជួយ​ធ្វើឱ្យ​រាងកាយ​របស់​យើង​ស្រស់ថ្លា ស្វាហាប់  តែ​គុណប្រយោជន៍​របស់​ផ្លែឈើ​ទាំង 2ប្រភេទ​នេះ មិនមែន​មានតែ​ត្រឹម​ប៉ុណ្ណឹង​ទេ ព្រោះ​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ ដោយ​ក្រុមអ្នកវិភាគ​នៃ​មហាវិទ្យាល័យ ស៊ិន​ស៊ិន​ណេ​ទិ សហរដ្ឋអាមេរិក បាន​រកឃើញថា ផ្លែ​ទំពាំងបាយជូរ ពូជ​ខុង​ខ​ត និង​ផ្លែ​ប្ល៊ូ​ប៊ើ​រី​ព្រៃ អាចជួយ​ធ្វើឱ្យ​ការចងចាំ​របស់​មនុស្ស កាន់តែ​ល្អប្រសើរ​ឡើង​បាន​ទៀតផង។

    ក្រុមអ្នកវិភាគ​ស្រាវជ្រាវ បានធ្វើការ​សិក្សា​លើ​មនុស្ស​ចំណាស់ 2ក្រុម ដែលមាន​បញ្ហា​រឿង​ការចងចាំ​តាម​អាយុ ដោយបាន​រកឃើញថា ក្រុមមនុស្ស​វ័យ​ចំណាស់ 12នាក់ ដែល​បាន​ទទួលទាន​ទឹក​ផ្លែ​ទំពាំងបាយជូរ​ខុង​ខ​ត​ជាប់​ជាប្រចាំ រយៈពេល 3ខែ ចាប់ផ្តើម​មានការ​ចង​ចាំ​ល្អប្រសើរ​ឡើង ព្រោះ​ទឹក​ផ្លែ​ទំពាំងបាយជូរ​ខុង​ខ​ត មាន​ផល​ល្អ​ដល់​ការបញ្ជូន​សញ្ញា​នៃ​ប្រព័ន្ធ​ប្រសាទ ជំរុញ​ការចងចាំ រួមទាំង​មាន​សារធាតុ​ផូ​លី​ហ្វ៊ី​ណុល ដែលមាន​គុណសម្បត្តិ​ជួយ​ប្រឆាំង​សារធាតុ​រ៉ាឌីកាល់​សេរី និង​ប្រឆាំងនឹង​ការ​ក្លាយ​រោគ​បាន​ទៀតផង។

    ឯ​ក្រុមមនុស្ស​វ័យ​ចំណាស់ 9នាក់ ដែល​បាន​ទទួលទាន​ទឹក​ផ្លែ​ប្ល៊ូ​ប៊ើ​រី ជាប់ៗគ្នា​រយៈពេល 3ខែ​ដែរនោះ ក្រុម​អ្នកស្រាវជ្រាវ រកឃើញថា ការចងចាំ ចាប់ផ្តើម​ប្រែប្រួល​ទៅក្នុង​ផ្លូវ​វិជ្ជមាន ព្រោះ​សារធាតុ​អ៊ែន​ថូ​សៃ​យ៉ា​នី​ន នៅក្នុង​ផ្លែ​ប្ល៊ូ​ប៊ើ​រី​ព្រៃ បាន​ទៅ​ជួយ​បង្កើន​សញ្ញា​សរសៃប្រសាទ​បរិវេណ​ខួរក្បាល​ផ្នែក​កណ្តាល និង​កាត់បន្ថយ​អត្រា​នៃ​ការចុះ​ខ្សោយ​របស់​សរសៃ​ប្រសាទ​ផងដែរ។ តាមរយៈ​ការងារ​ស្រាវជ្រាវ​វិភាគ​ទាំង 2រឿងនេះ ធ្វើឱ្យ​ទទួលបាន​ចំណុច​សរុប​មួយ​ថា ទឹក​ផ្លែ​ទំពាំងបាយជូរ និង​ទឹក​ផ្លែ​ប្ល៊ូ​ប៊ើ​រី មិនមែន​គ្រាន់តែ​ទទួលទាន ដើម្បីឱ្យ​បាត់​ស្រេកទឹក​ប៉ុណ្ណោះ​ទេ តែ​នៅបាន​ជួយ​រឿង​ខួរក្បាល និង​ការចងចាំ​បាន​ទៀតផង៕

  • ស្ថាន​ភាព​ COVID-19 នៅ​ កម្ពុជា​ និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី​20 ខែ​ឧសភា​ ឆ្នាំ​2021

    ស្ថាន​ភាព​ COVID-19 នៅ​ កម្ពុជា​ និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី​20 ខែ​ឧសភា​ ឆ្នាំ​2021

    នា​ព្រឹក​ថ្ងៃទី20 ខែឧសភា​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាសថា បាន​រក​ឃើ​ញ្អ្ន​ក​ឆ្លង​វីរុស​Covid-19 ថ្មី ចំនួន 415​នាក់​បន្ថែមទៀត ខណៈ​ពិភពលោក រកឃើញ​អ្នកជំងឺ​ថ្មី ចំនួន 21,310នាក់។

    គិត​មកដល់​បច្ចុប្បន្ន នៅ​កម្ពុជា អ្នក​វិជ្ជមាន​នឹង Covid-19 សរុប បាន​កើន​ដល់ 23,697នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 164នាក់, អ្នកជា​សះស្បើយ សរុប 15,700នាក់។ ក្នុង​ថ្ងៃទី19 កន្លងទៅ កម្ពុជា ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 5នាក់​បាន​ស្លាប់។

    ដូច្នេះ បើ​យោងតាម​ទិន្ន​ន័យ​នៃ​របាយការណ៍​​របស់​ក្រសួង​សុខាភិបាល​ បច្ចុប្បន្ន កម្ពុជា​ នៅមាន​អ្នកជំងឺ​Covid-19 ប្រមាណ​ជាង 7,000នាក់​ទៀត កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ។

    នៅ​ទូទាំង​ពិភពលោក អ្នក​វិជ្ជមាន​នឹង Covid-19 សរុប បាន​កើន​ដល់ 165,568,854នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 3,431,786នាក់, អ្នកជា​សះស្បើយ 144,589,029នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 17,548,039​នាក់៕

    ប្រភព៖ ក្រសួង​ព័ត៌មាន, worldometers
    ដកស្រង់​៖ បុត្រា

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក​ គិត​មក​ដល់​​ថ្ងៃទី19 ខែឧសភា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក​ គិត​មក​ដល់​​ថ្ងៃទី19 ខែឧសភា ឆ្នាំ2021

    ក្រសួងសុខាភិបាល​កម្ពុ​ជា ឱ្យដឹងថា អ្នកជំងឺ​Covid-19 ថ្មី ចំនួន 393នាក់ ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី18 ខែឧសភា នាំឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​នៅ​កម្ពុជា កើន​ដល់ 23,282នាក់។

    ចំណែក​នៅ​ទូទាំង​ពិភពលោក​វិញ អ្នក​វិជ្ជមាន​នឹង Covid-19 សរុប កើន​ដល់ 164,901,667នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 3,418,730នាក់, ជាសះស្បើយ 143,862,822នាក់ និង​កំពុង​ព្យាបាល​ចំនួន 17,620,115​នាក់។

  • ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ រកឃើញ “វិធី​កម្ចាត់​វីរុស​COVID-19” ក្នុង​សួត បាន​រហូតដល់ 99.9%

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ រកឃើញ “វិធី​កម្ចាត់​វីរុស​COVID-19” ក្នុង​សួត បាន​រហូតដល់ 99.9%

    ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​អូស្ត្រាលី និង​សហរដ្ឋអាមេរិក អភិវឌ្ឍ​វិធីសាស្ត្រ​ថ្មី ប្រឆាំងនឹង​វីរុស ដែល​ជួយ​កម្ចាត់ Covid-19 នៅក្នុង​សត្វ​កណ្ដុរ បាន​រហូតដល់ 99.9% ដែល​នេះ​ជាការ​បើកផ្លូវ​សម្រាប់​ការព្យាបាល​ជំងឺ​Covid-19 នៅលើ​មនុស្ស ប្រកប​ដោយ​​ប្រសិទ្ធភាព។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​សុខាភិបាល Menzies ក្នុង​រដ្ឋ Queensland នៃ​ប្រទេស​អូស្ត្រាលី និង​វិទ្យាស្ថាន​ស្រាវជ្រាវ City of Hope របស់​សហរដ្ឋអាមេរិក បាន​សហការគ្នា ស្រាវជ្រាវ និង​អភិវឌ្ឍ​វិធីសាស្ត្រ​ព្យាបាល​នេះ ចាប់ពី​ខែមេសា ឆ្នាំ​2020។

    Nigel McMillan សាស្ត្រាចារ្យ​ប្រចាំ​សាកលវិទ្យាល័យ Griffith របស់​អូស្ត្រាលី និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ បាន​ហៅ​វិធីសាស្ត្រ​ដែល​ពួកគេ​កំពុង​អភិវឌ្ឍ​នេះ​ថា​ជា «ភារកិច្ច​ស្វែងរក និង​កម្ចាត់» ពោលគឺ វាយប្រហារ​ផ្ទាល់​ទៅលើ Covid-19។ នេះ​បើតាម​សារព័ត៌មាន​អូស្ត្រាលី ដែល​បាន​ចុះផ្សាយ​កាលពីដើម​សប្ដាហ៍​នេះ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ ប្រើប្រាស់​វិធីសាស្ត្រ វីរុស «ជំនាន់​បន្ទាប់» ជាមួយនឹង​បច្ចេកវិទ្យា​អសកម្ម​ហ្សែ​ន RNA (Ribonucleic acid) ដើម្បី​វាយប្រហារ​ផ្ទាល់​ទៅលើ​ប្រព័ន្ធ​ហ្សែ​ន​របស់​វីរុស ធ្វើឱ្យ​ពួកវា​មិនអាច​ឆ្លង​រាលដាល​បាន។ «វា​បំផ្លាញ​ប្រព័ន្ធ​ហ្សែ​ន និង​ធ្វើឱ្យ​វីរុស មិនអាច​រីកចម្រើន​បាន» McMillan អធិប្បាយ​ដូច្នេះ និង​បន្ថែមថា នេះ​គឺជា​លើកទីមួយ​ហើយ ដែល​ពួកគេ​បាន​អភិវឌ្ឍ​ដោយ​ជោគជ័យ​នូវ​គ្រាប់ nano និង​បញ្ចូល​ទៅក្នុង​រាងកាយ​តាមរយៈ​សរសៃឈាម ដើម្បីឱ្យ​ពួកវា វាយប្រហារ​វីរុស។

    លោក McMillan និយាយថា៖ «ពួកវា (គ្រាប់ nano) ស្វែងរក និង​កម្ចាត់​វីរុស ដូច​ទៅនឹង​យន្តការ​នៃ​មី​ស៊ី​ល​ស្វែងរក​កម្ដៅ (heat-seeking missile/Infrared homing)»។

    ក្រុម​អ្នក​ស្រាវ​ជ្រាវ

    «គ្រាប់ nano ធ្វើដំណើរ​ទៅកាន់​សួត ហើយ​ចូល​ទៅកាន់​កោសិកា​ទាំងអស់​របស់​សួត ប៉ុន្តែ ពួកវា​កម្ចាត់​តែ​វីរុស​ដែល​មាន​នៅក្នុង​កោសិកា​ប៉ុណ្ណោះ។ ចំណែក​កោសិកា​ដែល​ធម្មតា (មិនមាន​វីរុស) នឹងមិន​រង​ផលប៉ះពាល់​ពី​វិធី​ព្យាបាល​នេះឡើយ» លោក McMillan បញ្ជាក់។

    សាស្ត្រាចារ្យ McMillan បន្តថា៖ «បើ​ទោះ​មិនមែនជា​វិធី​ព្យាបាល ប៉ុន្តែ​វិធីសាស្ត្រ​នេះ អាចជួយ​កម្ចាត់​វីរុស​ក្នុង​សួត​បាន​រហូតដល់ 99.9% ឯណោះ។ ដូច្នេះ វា​មាន​ប្រសិទ្ធភាព​ស្ទើរ​ដូច​ទៅនឹង​វិធី​ព្យាបាល និង​សម្រាប់​អ្នកជំងឺ​ដែល​កំពុង​ស្ថិតក្នុង​បន្ទាប់​សង្គ្រោះបន្ទាន់ (ICU) ក្នុងករណី​ហួសពេល​ក្នុង​ការចាក់​វ៉ាក់សាំង»។

    «នេះ​ពិតជា​វិធី​សាស្ត្រា​ដំបូងបង្អស់​មួយ ទាក់ទង​នឹង​ការព្យាបាល​ផ្ទាល់ ដូច្នេះហើយ យើង​ពិតជា​មានការ​ត្រេកអ​រណាស់» លោក​សាស្ត្រាចារ្យ​ថ្លែង​ដូច្នេះ។

    យោងតាម​វិធីសាស្ត្រ​ថ្មី​នេះ អ្នកជំងឺ​Covid-19 ដែល​កំពុង​ស្ថិតក្នុង​បន្ទាប់ ICU នឹងត្រូវ​បាន​ចាក់ 1ម្ជុល​ជា​រៀងរាល់ថ្ងៃ ក្នុង​រង្វង់​ពី 4-5ថ្ងៃ ឬ​តែ 1ម្ជុល​គត់ សម្រាប់​អ្នក​ដែល​ទើបតែ​ឆ្លង Covid-19។ លោក McMillan ឱ្យដឹងថា វិធីសាស្ត្រ​នេះ អាច​បង្ហាញខ្លួន​ជា​ផ្លូវការ​យ៉ាង​ឆាប់​បំផុត​ត្រឹម​ឆ្នាំ2023 អាស្រ័យទៅលើ​លទ្ធផល​នៃ​ដំណាក់កាល​ពិសោធ​លើ​មនុស្ស។

    «សូម​ចងចាំ​ថា វីរុស​នេះ​ (Covid-19) ​នឹងមិន​បាត់​ទៅណា​ឡើយ។ យើង​នឹងត្រូវ​រស់នៅ​ជាមួយ​ពួកវា ជា​រៀងរហូត» ​នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​សាស្ត្រាចារ្យ McMillan៕

    ប្រភព៖ ABC
    ប្រែ​សម្រួល៖ បុត្រា

  • ចំណុច​ហាម​ធ្វើ 6យ៉ាង ពេល​កើតមុន!

    ចំណុច​ហាម​ធ្វើ 6យ៉ាង ពេល​កើតមុន!

    “មុន”  នរណាៗក៏​មិន​ចង់​កើត​ដែរ ហើយ​យើង​តែង​នាំគ្នា រិះរក​វិធី​គ្រប់យ៉ាង​មក​ថែទាំ​ស្បែក ដើម្បី​កុំឱ្យ​កើតមុន​ទៀតផង។ តែបើ​ពេល​កើតមុន​ហើយ មានតែប្រញាប់ៗព្យាបាល ឱ្យ​វា​ឆាប់​ជា​បាត់​ពីលើ​ផ្ទៃមុខ​យើង ឱ្យបាន​លឿន​បំផុត​ប៉ុណ្ណោះ។  ខាងក្រោម​នេះ គឺ​ដំបូន្មានល្អៗ ក្នុងការ​ព្យាបាល​មុន ដើម្បីឱ្យ​វា​ឆាប់​បាត់​ទៅវិញ។

    1. ការជក់បារី

    ក្រៅពី​នាំឱ្យ​កើត​មហារីក​សួត រោគ​បេះដូង និង​ធ្វើឱ្យ​ស្បែក​ឆាប់​ជ្រីវជ្រួញ​ហើយ​នោះ  ការជក់បារី​នៅ​ធ្វើឱ្យ​សរសៃឈាមតូចៗ នៅក្រោម​ស្បែក​បង្រួញ​ខ្លួន ធ្វើឱ្យ​អុក​ស៊ី​ហ្ស៊ែ​ន​ដែល​ចិ​ញ្ចិ​ម​កោសិកា​ស្បែក ត្រូវ​ថយចុះ ធ្វើឱ្យ​ស្បែក​ទទួល​សារធាតុ​អាហារ​មិន​គ្រប់គ្រាន់ ស្បែក​ឡើង​ស្រអាប់​ខ្មៅ ឆាប់​ជ្រួញ​យារ នាំឱ្យ​មុន​មិន​ងាយ​ជា​បាត់​ទៅវិញ​ឡើយ។

    2. ការប្រើ​ថ្នាំ ដែលមាន​ចំណែក​ផ្សំ​របស់ ស្ទៀ​រ៉​យ​ដ៍ (Steroid)

    ក្នុងអំឡុងពេល​កើតមុន គួរ​ឈប់​ប្រើ​ថ្នាំលាប​ទាំងអស់​ណា ដែលមាន​ចំណែក​ផ្សំ​របស់​សារធាតុ ស្ទៀ​រ៉​យ​ដ៍ ព្រោះ​អាច​នឹង​ធ្វើឱ្យ​ការកើត​មុន​នៅលើ​ផ្ទៃមុខ របស់លោក​អ្នក រឹតតែ​យ៉ាប់យ៉ឺន​យូរ​ឡើង។

    3. ការ​ញ៉ាំ​ថ្នាំ​សម្លាប់​មេរោគ

    ការ​លេបថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ ដើម្បី​ព្យាបាល​អាការ​កើតមុន មិនមែនជា​មធ្យោបាយ​ដែល​ល្អ​នោះទេ  ព្រោះ​វា​នឹង​ហុច​ផល​មិនល្អ​ដល់​ស្បែក និង​មុន​នៅលើ​ផ្ទៃមុខ​របស់​អ្នក និង​ថែមទាំង​បំផ្លាញ​ប្រព័ន្ធ​ផ្ទៃក្នុង​រាងកាយ​ទៀតផង។

    4. កោរ​រោម​លើ​ផ្ទៃមុខ ដោយ​កាំបិត​កោរ ដែលមាន​ផ្លែ​ច្រើន​ជាន់

    កាំបិត​កោរ ប្រភេទ​មាន​ផ្លែ​ច្រើន​ជាន់ (3 – 4ជាន់) មានគុណ​សម្បត្តិ​ល្អ គឺ​កោរ​បាន​រលីង​ស្អាត តែ​វា​ក្លាយជា​គុណវិបត្តិ​ចំពោះ​ស្បែក​ដែល​កំពុង​កើតមុន​របស់​អ្នក​ទៅវិញ។ ជាពិសេស​មុន​ដែល​កំពុង​ទុំ ឬ​ជិត​ក្លាយ  ព្រោះ​វា​នឹង​កកិត​លើ​ស្បែក​ធ្វើឱ្យ​ស្បែ​កមុខ កាន់តែ​ឡើង​ក្រហម ឬ​ក្លាយជា​ដំបៅ​តែម្តង។ បើ​ត្រូវការ​កោរ​រោម​មុខ ក្នុងអំឡុងពេល​កើតមុន ចូរ​ជ្រើសរើស​ប្រើ​កាំបិត​កោរ ដែលមាន​ផ្លែ​តែ១ ជាការ​ប្រសើរ​បំផុត។

    5. ច្របាច់ កេះ អេះ ញេច

    មិន​ថា​យ៉ាងណាក៏ដោយ ក៏​មិនត្រូវ​ច្របាច់ កេះ អេះ ញេច ឬ​ប៉ះពាល់​កន្លែង​កើតមុន​ជាដាច់ខាត ទោះជា​អ្នកមាន​អារម្មណ៍​ថា វា​គួរឱ្យ​ចង់​ញេច និង​ពេល​ញេច​ហើយ ប្រហែលជា​ឆាប់​ជា យ៉ាងណាក៏ដោយ។ វិធី​ដែល​ល្អ គឺ​ទុក​ដៃ​នៅ​ឱ្យ​ស្ងៀម ហើយ​ទុកឱ្យ​លោកគ្រូ​ពេទ្យ​ព្យាបាល​មុន ចាត់ការ​ឱ្យ​វិញ ទើប​ប្រសើរ​ជាង។

    6. ញ៉ាំ​វិ​តា​មីន​A ច្រើន​ជ្រុល​ពេក

    វិ​តា​មីន​A ពី​ប្រភព​ធម្មជាតិ ដូចជា​នៅក្នុង​បន្លែ​ផ្លែឈើផ្សេងៗនោះ មាន​ចំណែក​ជួយ​ក្នុង​កម្មវិធី​ព្យាបាល​ខ្លួនឯង​របស់​ស្បែក បាន​យ៉ាង​ល្អប្រសើរ តែ​ទោះជា​ដឹងថា វិ​តា​មីន​A ល្អ​ចំពោះ​ស្បែក​ក៏ដោយ ក៏​អ្នក​មិនចាំបាច់ ត្រូវ​សង្កត់ធ្ងន់​លើ​ការ​ញ៉ាំ​វិ​តា​មីន​A បំប៉ន ក្នុងអំឡុងពេល​កើតមុន​ដែរ។

    នាំគ្នា​ព្យាបាល​មុន​យ៉ាង​ត្រឹមត្រូវ តាម​ចំណុច​ហាមឃាត់ 6យ៉ាង​ខាងលើនេះ​ជាប់​ជានិច្ច នឹងធ្វើ​ឱ្យ​មុន​ឆាប់​ជា​ទៅវិញ និង​មាន​ស្បែក​ស្រស់ស្អាត​បានយូរ​ទៀតផង៕