Category: សុខភាព

  • COVID-19! បុគ្គលិក​សុខាភិបាល​ជាង 115,000នាក់​បាន​ស្លាប់ ខណៈ WHO ចង់ឱ្យ​ពិភពលោក​ចាក់​វ៉ាក់សាំង​បាន 10% ត្រឹម​ខែកញ្ញា ឆ្នាំ​2021

    COVID-19! បុគ្គលិក​សុខាភិបាល​ជាង 115,000នាក់​បាន​ស្លាប់ ខណៈ WHO ចង់ឱ្យ​ពិភពលោក​ចាក់​វ៉ាក់សាំង​បាន 10% ត្រឹម​ខែកញ្ញា ឆ្នាំ​2021

    បុគ្គលិក​សុខាភិបាល និង​គិលានុបដ្ឋាក​គឺជា «ក្រុម​ប្រយុទ្ធ​ជួរមុខ» នៅក្នុង​សង្គ្រាម​ប្រឆាំង Covid-19 ហើយ​នៅ​ទូទាំង​ពិភពលោក ក្នុងចំណោម​ពួកគេ គឺ មាន​យ៉ាងតិច 115,000នាក់​បាន​ស្លាប់​ដោយសារ Covid-19។

    គិត​មកដល់​បច្ចុប្បន្ន ពិភពលោក មាន​មនុស្ស​ចំនួន 167,974,466នាក់ បាន​ឆ្លង Covid-19 ក្នុងនោះ​មាន 3,486,863នាក់ បាន​ស្លាប់ និង149,289,439នាក់ បានជា​សះស្បើយ ខណៈ 15,198,164នាក់ កំពុង​ទទួល​ការព្យាបាល។ នេះ​បើតាម​គេហទំព័រ Worldometers។

    «ជិត18ខែ​កន្លងទៅ ក្រុម​បុគ្គលិក​សុខាភិបាល និង​គិលានុបដ្ឋាក នៅ​ទូទាំង​ពិភពលោក បាន​ឈរ​នៅ​ចំពោះមុខ​ព្រំដែន​រវាង​ការស្លាប់ និង​រស់។ ពួកគេ​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​រាប់មិនអស់ និង​ប្រយុទ្ធ​ដើម្បី​អ្នកដទៃ។ បើទោះជា​បាន​ខំប្រឹង​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត ពួកគេ​មួយចំនួន ក៏បាន​ដួល» ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) Tedros Adhanom Ghebreyesus ថ្លែង​នៅក្នុង​ការបើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​សុខាភិបាល​ពិភពលោក (WHA) កាលពី​ថ្ងៃទី24 ខែឧសភា។

    លោក​បន្តថា៖ «ជាច្រើន​នាក់​បាន​ឆ្លង​វីរុស​Covid-19។ របាយការណ៍​នៅមាន​តិចតួច ប៉ុន្តែ យើង​គណនា​ឃើញថា បុគ្គលិក​សុខាភិបាល និង​គិលានុបដ្ឋាក​យ៉ាងតិច 115,000នាក់ បាន​បាត់​បង់ជីវិត នៅពេល​ព្យាបាល​ជូន​អ្នកដទៃ»។

    បុគ្គលិក​សុខាភិបាល និង​គិលានុបដ្ឋាក​យ៉ាងតិច 115,000នាក់ បាន​បាត់​បង់ជីវិត

    យោងតាម​ប្រធាន​អង្គការ WHO ចាប់តាំងពី​វិបត្តិ​សុខភាព​កើតឡើង បុគ្គលិក​សុខាភិបាល​ជាច្រើន មាន​អារម្មណ៍​ថា «អស់សង្ឃឹម អសមត្ថភាព និង​មិន​ត្រូវបាន​ការពារ ដោយសារ​ខ្វះ​ឧបករណ៍ ឬ​សម្ភារ​ការពារ​ខ្លួន និង​ខ្វះ​វ៉ាក់សាំង»។ លោក Tedros ក៏បាន​អធិប្បាយ​អំពី​វិសមភាព​ជារួម​នៅក្នុង​ការប្រើប្រាស់​វ៉ាក់សាំង និង​ព្រមាន​ថា បញ្ហា​នេះ​កំពុង «អូសបន្លាយ​មហា​រោគរាតត្បាត»។ វ៉ាក់សាំង​ប្រឆាំង Covid-19 ជាង 75% កំពុងស្ថិត​នៅក្នុង​ប្រទេស​ចំនួន 10 តែប៉ុណ្ណោះ។

    លោក Tedros ក៏បាន​អំពាវនាវ​ដល់​ប្រទេស​ដែល​កំពុង​រក្សាទុក​វ៉ាក់សាំង​ដ៏​ច្រើន ចូលរួម​ចែករំលែក និង​សហការ​បន្ថែមទៀត ដើម្បី​បង្កើន​ការផលិត ក៏ដូចជា​បែងចែក​វ៉ាក់សាំង​ឱ្យបាន​ស្មើភាព​គ្នា។

    «ថ្ងៃនេះ ខ្ញុំ​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក គាំទ្រ​ដល់​ការជំរុញ​ដ៏​ធំ​មួយ ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ឱ្យបាន​យ៉ាងតិច 10% នៅ​គ្រប់​ប្រទេស ត្រឹម​ខែកញ្ញា​ខាងមុខ» ប្រធាន WHO ថ្លែង​ដូច្នេះ៕

    ប្រភព៖ AFP, Worldometers
    ប្រែ​សម្រួល៖ បុត្រា

  • វិធី​ញ៉ាំ​អាហារ​យ៉ាង​ឆ្លាត​វៃ ទទួលបាន​គុណប្រយោជន៍ និង​មិន​ឆ្អែត​ជ្រុល

    វិធី​ញ៉ាំ​អាហារ​យ៉ាង​ឆ្លាត​វៃ ទទួលបាន​គុណប្រយោជន៍ និង​មិន​ឆ្អែត​ជ្រុល

    ការចង់​មាន​រូបរាង​ស្អាត ធ្វើឱ្យ​មនុស្ស​ជាច្រើន​ប្រយ័ត្នប្រយែង​ជាពិសេស​ក្នុងការ​ទទួលទាន​អាហារ តែបើ​សិន​នៅក្នុង​រាត្រី​ជប់លៀង ដែល​អាច​ភ្លេចខ្លួន​ញ៉ាំ​ច្រើន រហូត​លើស​កំណត់​នោះ សូមកុំ​បាច់​បារម្ភ​អី យើង​មាន​អាហារ​ណែនាំ ទាំង​ទទួលបាន​គុណប្រយោជន៍ ទាំង​ឆ្អែត​ពោះ​ជាមួយគ្នា​ផង មក​ជម្រាបជូន។

    ញ៉ាំ​ទឹកក្រូច​ស្រស់​ច្របាច់ មាន​វិ​តា​មីន ដែល​ជួយ​ក្នុងការ​បឺត​ជញ្ជក់​សារធាតុ​អាហារសំខាន់ៗ បើ​ទទួលទាន​បែប​ផ្លែស្រស់ៗវិញ នឹងមាន​កាក​សរសៃ​អាហារ​ធម្មជាតិ ជួយ​គ្រប់គ្រង​ទម្ងន់​ខ្លួន ព្រោះ​នឹងធ្វើ​ឱ្យមាន​អារម្មណ៍​ថា ឆាប់​ឆ្អែត។

    ទទួលទាន​អាហារ ពពួក​ធញ្ញជាតិ អាច​ទទួលទាន​នៅពេល​ព្រឹក(បើ​គ្មាន​ពេល​ញ៉ាំ​បាយ) ធញ្ញជាតិ​ទាំងអស់នេះ​សម្បូរ​ទៅដោយ​កាក​សរសៃ វីតាមីន និង​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរីផ្សេងៗ ប្រព័ន្ធ​រំលាយ​អាហារ នឹង​រំលាយយឺតៗចូលទៅក្នុង​រាងកាយ ធ្វើឱ្យមាន​អារម្មណ៍​ថា​ឆ្អែត​ពោះ​បានយូរ។

    ទំពា​អាហារយឺតៗ  ព្រោះ​ការទទួល​ទាន​អាហារលឿនៗ នឹងធ្វើ​ឱ្យ​យើង​ញ៉ាំ​អាហារ​លើស​កំណត់ដោយ​មិនដឹង​ខ្លួន​បាន ក្រៅពីនេះ គួរ​ចៀសវាង​ការទទួល​ទាន​អាហារ​ក្រោយ​ម៉ោង 6ល្ងាច ឬ​ពេល​កណ្តាលយប់។

    ញ៉ាំ​បន្លែ-ផ្លែឈើ  ព្រោះ​បន្លែ​នឹង​ផ្តល់នូវ​ថាមពល​តិច តែ​ផ្តល់នូវ​សារធាតុ​អាហារ​ច្រើន ចំណែក​ផ្លែឈើ ចូរ​ជ្រើសរើស​ញ៉ាំ​ផ្លែឈើ​ណា ដែល​ផ្តល់​ថាមពល​ទាប ដូចជា ផ្លែ​ត្របែក ស្វាយ ជម្ពូ ឪឡឹក ឃែ​នតា​ឡូ​ប និង​ចៀសវាង​ផ្លែឈើ​ណា​ដែល​ផ្អែម​ខ្លាំង។

    ធ្វើ​ចលនា​រាងកាយ ក្រោយពេល​ឈប់​ធ្វើការ លោកអ្នក​អាច​បញ្ចេញ​ញើស ដោយ​ការ​ដើរលេង ឬ​រត់ បើសិន​ជាមាន​ពេល អាច​លេង​កីឡា​ណា ដែល​ចូលចិត្ត ប្រមាណ​ជា​កន្លះ​ម៉ោង ទៅ 1ម៉ោង​ក៏បាន។

    ហើយ​បើសិន​ថ្ងៃ​ណា ភ្លេចខ្លួន​ញ៉ាំ​ច្រើន​ជ្រុល​នោះ អាច​កាត់បន្ថយ​មកវិញ ដោយ​បរិមាណ​អាហារ​ឱ្យ​តិចជាង​សព្វដង​នៅ​ថ្ងៃ​បន្ទាប់  តែ​កុំ​អត់​អាហារ ព្រោះ​វា​អាចធ្វើឱ្យ​ញ៉ាំ​ច្រើន​លើស​ដើម​នៅពេល​ក្រោយ។ កំណត់​បរិមាណ និង​កាល់​ឡូរី រួមទាំង​ការហាត់​ប្រាណ​ផង ព្រោះ​ទាំងអស់នេះ សុទ្ធតែ​ជួយ​ឱ្យ​មិន​ធាត់​បាន​ទាំងអស់៕

  • ប្រយោជន៍​របស់​វីតាមីន B…ដែល​យើង​មិនគួរ​មើលរំលង

    ប្រយោជន៍​របស់​វីតាមីន B…ដែល​យើង​មិនគួរ​មើលរំលង

    ប្រហែលជា​ដឹងខ្លះៗហើយ​មែន​ទេ​ថា  វីតាមីន B មាន​ទាំងអស់​ច្រើនយ៉ាង​ណាស់ ហើយ​សួរថា តើ វីតាមីន B មួយណា​មាន​ប្រយោជន៍​បែបណា  និង​ច្រើន​មាននៅ​ក្នុង​អាហារ​ប្រភេទ​ណាខ្លះ​ទៅ?  យើង​នាំគ្នា​តាមដាន​ដូចតទៅ…៖

    1. វីតាមីន B រួម :  ជួយ​បង្កើន​សារធាតុ​ឆ្លើយឆ្លង​ប្រព័ន្ធ​ខួរក្បាល  ល្អ​សម្រាប់​អ្នក​ដែល​ត្រូវការ​បំប៉ន​ខួរក្បាលប្រព័ន្ធ​ការចងចាំ  ឬ​សម្រាប់​អ្នក​ដែល​ស្ថិតក្នុង​សភាវ​តានតឹង និង​ធុញថប់។
    1. វីតាមីន B 1 :  ជួយ​បង្កើន​ការដុត​បំផ្លាញ ខា​បូ​ហាយ​ដ្រេ​ត យកទៅ​ប្រើប្រាស់​ជា​ថាមពល  បង្កើន​ប្រព័ន្ធ​ការធ្វើការងារ​របស់​ប្រព័ន្ធ​ប្រសាទ បេះដូង  ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ការពារ​រោគ​ស្ពឹក​ស្រពន់  មាន​ច្រើន​នៅក្នុង​បន្លែ​គ្រាប់​ធញ្ញជាតិ អង្ក​របុក​ដៃ  និង​សណ្តែកផ្សេង។
    2. វីតាមីន B 2 : ពាក់ព័ន្ធ​នឹង​ការដកដង្ហើម​របស់​កោសិកា  ប្រព័ន្ធ​ការមើលឃើញ  ស្បែក  និង​សាច់​ស្រទាប់ផ្សេងៗ បើ​ខ្វះ​វិ​តា​មីន B 2 នឹងធ្វើ​ឱ្យ​កើត​ជំងឺ​ដំបៅ​រីក​នៅគែមៗមាត់។ វិ​តា​មីន B 2 ឃើញ​មាន​ច្រើន​នៅក្នុង​បន្លែ​ស្លឹក​បៃតង យ៉ា​អួ ទឹកដោះ និង​ស៊ុត។ល។
    1. វីតាមីន B 3  :  កាត់បន្ថយ​ភាព​ប្រឈម​នឹង​ការកើត​ជំងឺ​បេះដូង  កូ​លេ​ស្តេ​រ៉ូ​ល​ឡើង​ខ្ពស់  បន្ថយ​ការកើត​មុន​ក្រហម។  វីតាមីន B 3 គេ​ឃើញ​មាន​ច្រើន​នៅក្នុង សាច់សត្វ  ស៊ុតមាន់  ចុងអង្ករ។ល។
    2. វីតាមីន B 5  :  កាត់បន្ថយ​អាកា​រគេង​មិន​លក់  បន្ធូរ​អាការ​រលា​កស​ន្លា​ក់  វិ​តា​មីន B 5 ឃើញ​មាន​ច្រើន​នៅក្នុង គ្រាប់ល្ង  ផ្លែ​ប៊័រ  និង​ដំណាប់​ផ្លែ​អ៊ែ​ព្រីខ​ត់។
    1. វីតាមីន B 6  :  ជួយ​បង្កើន​ភាពស៊ាំ​នឹង​ជំងឺ  និង​កោសិកា​គ្រាប់​ឈាមក្រហម  រួមទាំង​បន្ធូរបន្ថយ​អាការ​ខាង​ប្រព័ន្ធ​ប្រសាទ  ថែរ​រក្សា​សភាព​ស្បែក​ឱ្យនៅ​ស្អាត​ប្រក្រតី  បើ​ខ្វះ​វីតាមីន B 6 នឹងមាន​អាការ​អស់កម្លាំង​ល្វើយ  ស្ពឹក​ស្រពន់​ចុងដៃ ចុងជើង។  វីតាមីន B 6 ឃើញ​មាន​ច្រើន​នៅក្នុង​សាច់​ត្រី  សាច់សត្វ។ល។
    2. វីតាមីន B 12  :  ជួយ​បង្កើន​គ្រាប់​ឈាម  ការធ្វើការងារ​របស់​ប្រព័ន្ធ​ប្រសាទ​ផ្នែក​កណ្តាល  ជួយ​ក្នុងការ​បឺត​ជ្រាប​របស់​សារធាតុ​អាហារ  គេ​ឃើញ​មាន​ច្រើន​នៅក្នុង ប៊័រ និង​សាច់សត្វ។

    ឃើញ​គុណប្រយោជន៍ច្បាស់ៗ របស់​វីតាមីន B នីមួយៗរួចរាល់​ហើយ  ចូរ​កុំ​មើលរំលង​អាហារល្អៗ ដែលបាន​ណែនាំ​ខាងលើ​នោះ​ឱ្យសោះ​ណា៎៕

  • កម្មករនិយោជិត ត្រូវបាន​អនុញ្ញាតឱ្យ​ឈប់សម្រាក 1ថ្ងៃ ដោយមាន​ប្រាក់​ឈ្នួល ដើម្បី​ទៅ​ចាក់​វ៉ាក់សាំង COVID-19 ដូ​ស​ទី​ពីរ

    កម្មករនិយោជិត ត្រូវបាន​អនុញ្ញាតឱ្យ​ឈប់សម្រាក 1ថ្ងៃ ដោយមាន​ប្រាក់​ឈ្នួល ដើម្បី​ទៅ​ចាក់​វ៉ាក់សាំង COVID-19 ដូ​ស​ទី​ពីរ

    នា​ថ្ងៃទី24 ខែឧសភា ឆ្នាំ2021 នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការអនុញ្ញាតឱ្យ​កម្មករនិយោជិត ឈប់សម្រាក 1ថ្ងៃ ដោយមាន​ប្រាក់​ឈ្នួល ដើម្បី​ទៅ​ចាក់​វ៉ាក់សាំង Covid-19 ដូ​ស​ទី​ពីរ ទៅតាម​ទីតាំង និង​ការកំណត់​ដែលមាន​ចែង​នៅលើ​ប័ណ្ណ​ចាក់​វ៉ាក់សាំង។

    ក្រសួង​ការងារ បញ្ជាក់ថា ម្ចាស់ ឬ​រោងចក្រ/ហស​គ្រាស នឹងត្រូវ​ទទួលពិន័យ​ជា​ប្រាក់ និង​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​តាមច្បាប់​ជា​ធរមាន បើសិនជា​រារាំង​បុគ្គលិក​ណា​ម្នាក់​មិន​ឱ្យទៅ​ចាក់​វ៉ាក់សាំង ដូច​បាន​និយាយ​ខាងដើម។

    ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីជូនដំណឹង​របស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែលមាន​ដូចខាងក្រោម៖
    ប្រភព​៖ ក្រសួង​ការ​ងារ
    ដកស្រង់​៖ បុត្រា

  • COVID-19! ពលរដ្ឋ​ឥណ្ឌា រាប់រយ​នាក់ រត់គេច​ពី​កន្លែង​ធ្វើតេស្ត​នៅ​ឯ​​ចំណត​រថភ្លើង​ ខណៈ​អ្នក​វិជ្ជមាន​កើន​ដល់​ជាង 27លាន​នាក់

    COVID-19! ពលរដ្ឋ​ឥណ្ឌា រាប់រយ​នាក់ រត់គេច​ពី​កន្លែង​ធ្វើតេស្ត​នៅ​ឯ​​ចំណត​រថភ្លើង​ ខណៈ​អ្នក​វិជ្ជមាន​កើន​ដល់​ជាង 27លាន​នាក់

    អ្នកដំណើរ​ប្រមាណ 400នាក់ បាននាំគ្នា​រត់​ចាកចេញ ពេល​រថភ្លើង​ឈប់​នៅ​ចំណត​មួយ​ក្នុង​រដ្ឋ Assam ដើម្បី​គេច​ពី​ការធ្វើ​តេស្ត Covid-19 ខណៈ​ប្រទេស​នេះ​មាន​អ្នកជំងឺ​ជាង 303,750នាក់​បាន​ស្លាប់​ដោយសារ Covid-19។

    នៅក្នុង​វីដេអូ​មួយ បង្ហាញថា ក្រោយ​ចុះ​ពី​រថភ្លើង មនុស្ស​រាប់រយ​នាក់ បាន​ប្រញាប់​រត់ចេញ​ពី​ចំណត Jagi Road ក្នុង​រដ្ឋ Assam ភាគ​ឦសាន​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី23 ខែឧសភា ខណៈដែល​ក្រុមប៉ូលិស និង​បុគ្គលិក​ផ្លូវដែក ឃាត់ខ្លួន​អ្នកដំណើរ​បានតែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។

    រថភ្លើង​ដែល​ដឹក​អ្នកដំណើរ​ដែល​ភាគច្រើន​ជា​ពលករ​ចំណាកស្រុក ក្នុងនោះ​មាន​ស្ត្រី និង​កុមារ បានធ្វើ​ដំណើរ​ពី Tamil Nadu ឆ្លងកាត់​រដ្ឋ Kerala, Andhra Pradesh, Odisha និង Bengal ខាងលិច ក្នុង​រយៈពេល5ថ្ងៃ។ Assam គឺជា​រដ្ឋ​ដែល​តម្រូវឱ្យ​ធ្វើតេស្ត Covid-19 ចំពោះ​ពលរដ្ឋ​ទាំងអស់​ដែល​ធ្វើដំណើរ​តាម​រថភ្លើង។

    https://www.youtube.com/watch?v=AqeLft-l724

    ព្រឹត្តិការណ៍​ដូចគ្នានេះ ក៏​ធ្លាប់បាន​កើតឡើង​នៅក្នុង​រដ្ឋ Bihar ផងដែរ កាលពី​ប៉ុន្មាន​ខែ​មុន។ មនុស្ស​រាប់សិប​នាក់ ក្នុងនោះ​មាន​ទាំង​ស្ត្រី បាននាំគ្នា​រត់ចេញ​ពី​ចំណត​រថភ្លើង​មួយ​នៅក្នុង​ទីក្រុង Buxar ព្រោះតែ​ខ្លាច​ត្រូវគេ​ចាប់ធ្វើ​តេស្ត​រក Covid-19។

    គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ឥណ្ឌា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប 26,752,447នាក់ ក្នុងនោះ​មាន 303,751នាក់​បាន​ស្លាប់, 23,728,011នាក់​បានជា​សះស្បើយ និង 2,720,685នាក់​កំពុង​ព្យាបាល។ រដ្ឋ Assam កាលពី​ថ្ងៃទី22 ខែឧសភា បាន​រកឃើញ​អ្នក​ឆ្លង​ជាង 6,000នាក់ នាំឱ្យ​តួលេខ​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ក្នុង​រដ្ឋ​នេះ កើន​ដល់​ជាង 365,000នាក់។ Assam ក៏មាន​អ្នកស្លាប់​ដោយសារ Covid-19 សរុប​ជាង 2,660នាក់​ផងដែរ៕

    ប្រភព៖ NDTV
    ប្រែ​សម្រួល៖ បុត្រា

  • តួលេខ​អ្នក​ឆ្លង COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី24 ខែឧសភា ឆ្នាំ2021

    តួលេខ​អ្នក​ឆ្លង COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី24 ខែឧសភា ឆ្នាំ2021

    ក្រសួងសុខាភិបាល​កម្ពុ​ជា ព្រឹក​នេះ (24 ឧសភា) បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 556នាក់​បន្ថែមទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី23 ខែឧសភា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប ចំនួន 25,761នាក់។ ព័ត៌មាន​បន្ថែម សូម​អានរ​វាយ​ការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់ពេលនេះ មាន​អ្នក​ឆ្លង Covid-19 សរុប​ចំ​នួ 167,527,962នាក់ ក្នុងនោះ​មាន 3,478,355នាក់​បាន​ស្លាប់, 148,544,144នាក់​បានជា​សះស្បើយ និង 15,505,463នាក់ កំពុង​ទទួល​ការព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល​, worldometers
    ដកស្រង់​៖ បុត្រា

  • មុនពេល​វីរុស​ COVID-19 ផ្ទុះ​ឆ្លង​​រាល​ដាល​​នៅ​ Wuhan ​ក្រុម​អ្នកវិទ្យា​សាស្ត្រ​នៃ​វិទ្យាស្ថាន​វីរុស​សាស្ត្រ​ចិន ធ្លាប់​ចូល​ពេទ្យ​ទទួល​ការព្យាបាល

    មុនពេល​វីរុស​ COVID-19 ផ្ទុះ​ឆ្លង​​រាល​ដាល​​នៅ​ Wuhan ​ក្រុម​អ្នកវិទ្យា​សាស្ត្រ​នៃ​វិទ្យាស្ថាន​វីរុស​សាស្ត្រ​ចិន ធ្លាប់​ចូល​ពេទ្យ​ទទួល​ការព្យាបាល

    អ្នកស្រាវជ្រាវ​ជាច្រើនរូប នៃ​វិទ្យាស្ថាន​វីរុស​សាស្ត្រ Wuhan ធ្លាប់បាន​ចូល​ពេទ្យ​ទទួល​ការព្យាបាល កាលពី​ខែវិច្ឆិកា ឆ្នាំ2019 ដែល​នេះ​បានកើត​ឡើងជា​ច្រើន​ខែ មុនពេល​ប្រទេស​ចិន ប្រកាសថា​មាន Covid-19។

    ព័ត៌មាន​ខាងលើនេះ ត្រូវបាន​សារព័ត៌មាន Wall Street Journal (WSJ) របស់​សហរដ្ឋអាមេរិក ចុះផ្សាយ​កាលពី​ថ្ងៃទី23 ខែឧសភា​កន្លងទៅ ដោយ​ដកស្រង់​ប្រភពព័ត៌មាន​ពី​អ្នកស៊ើប​ការណ៍​សម្ងាត់រ​បស់​អាមេរិក។ របាយការណ៍​បានផ្ដល់​ព័ត៌មាន​ថ្មី​ស្ដីពី​ចំនួន​អ្នកវិទ្យាសាស្ត្រ​ដែល​ធ្លាប់បាន​ធ្លាក់ខ្លួន​ឈឺ រួម​នឹង​ពេលវេលា​នៃ​ការឆ្លង​ជំងឺ និង​ចំនួន​លើក​ដែល​ពួកគេ​បាន​ទៅ​វិទ្យាស្ថាន​របស់​ពួកគេ។ ព័ត៌មាន​នេះ អាចធ្វើឱ្យ​ការអំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត​ស៊ីជម្រៅ​ជាង​បច្ចុប្បន្ន លើ​លទ្ធភាព​ដែលថា វីរុស​Covid-19 បាន «រួច​ចេញ» ពី​បន្ទប់ពិសោធន៍​នៅ​ប្រទេស​ចិន ដែល​កន្លងមក ត្រូវបាន​អាជ្ញាធរ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump ដាក់​ការសង្ស័យ ហើយ​វា​ក៏​ជា​ប្រការ​ដែល​ទីក្រុង​ប៉េកាំង បាន​ច្រានចោល​ម្ដង​ហើយ ម្ដងទៀត។

    នៅពេល​ប្រធានាធិបតី Trump ជិត​អស់​អាណត្តិ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បានប្រកាស​ឯកសារ​ដែ​ល​បង្ហាញថា «រដ្ឋាភិបាល​អាមេរិក មាន​មូលហេតុ​ដើម្បី​ជឿ​បាន​ថា អ្នកស្រាវជ្រាវ​មួយចំនួន​នៅ​វិទ្យាស្ថាន​វីរុស​សាស្ត្រ Wuhan បាន​ធ្លាក់ខ្លួន​ឈឺ​កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​នៃ​ឆ្នាំ2019 មុនពេល​ករណី​ឆ្លង Covid-19 ដំបូង ត្រូវបាន​គេ​ដឹង ជាមួយនឹង​អាការរោគ​ដូច​ទៅនឹង Covid-19 និង​ជំងឺ​តាម​ឆ្លងតាម​រដូវ ផ្សេងៗទៀត»។

    ព័ត៌មាន​ខាងលើនេះ ត្រូវបាន​សារព័ត៌មាន WSJ ចេញផ្សាយ​នៅ​យប់ មុន​កិច្ចប្រជុំ​មួយ​របស់​ស្ថាប័ន​ចេញ​សេចក្ដីសម្រេច​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​តាម​គម្រោង​នឹង​ពិភាក្សា​លើ​ដំណាក់កាល​បន្ទាប់​នៃ​ការស៊ើបអង្កេត​រក​ប្រភព​របស់ Covid-19។

    អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមប្រឹក្សាសន្តិសុខ​សហរដ្ឋអាមេរិក មិនបាន​អធិប្បាយ​អ្វី​ចំពោះ​ព័ត៌មាន​ដែល WSJ បានចេញ​ផ្សាយ ប៉ុន្តែ បានឱ្យដឹងថា រដ្ឋាភិបាល​របស់លោក Joe Biden បន្ត​ចោទសួរ​នូវ «សំណួរ​ប្រកបដោយ​ភាព​ម៉ឺន​ម៉ាត់ អំពី​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​រាតត្បាត Covid-19 រួមទាំង​ប្រភព​របស់​វា​នៅ​ប្រទេស​ចិន»។ អ្នកស្រី​ឱ្យដឹងថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក កំពុងធ្វើការ​ជាមួយនឹង WHO និង​បណ្ដា​ប្រទេស​ជា​សមាជិក​ផ្សេងទៀត ដើម្បី​ធានាថា ការវាយតម្លៃ​នេះ​នឹង​ត្រូវបាន​ធ្វើឡើង​​ប្រកប​ដោយ​​វិជ្ជាជីវៈ ស្ដីពី​ប្រភព​របស់​មហា​រោគរាតត្បាត ដោយ «មិនត្រូវ​បាន​ភាគី​ណាមួយ​រារាំង ឬ​ធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម»។

    វិទ្យាស្ថានវីរុសសាស្ត្រ Wuhan របស់ប្រទេសចិន ក្លាយជាទីចំណាប់អារម្មណ៍នៃការស្រាវជ្រាវរកប្រភពរបស់ Covid-19

    «យើង​នឹងមិន​ប្រកាស​អំពី​អ្វីមួយ​ដែល​ប៉ះពាល់​ដល់​ដំណើរការ​ស្រាវជ្រាវ​លើ​ប្រភព Covid-19 ដែល WHO កំពុង​ធ្វើ ប៉ុន្តែ​យើង​បាន​និយាយ​ហើយ​ថា សម្មតិកម្ម​ដែល​គួរ​ជាទី​ទុកចិត្ត គួរតែ​ត្រូវបាន​ក្រុម​អ្នកជំនាញ​អន្តរជាតិ វាយតម្លៃ​ឱ្យបាន​ម៉ត់ចត់»។

    សហរដ្ឋអាមេរិក, ន័​រ​វែ​ស, កាណាដា, អង់គ្លេស និង​ប្រទេស​មួយចំនួន កាលពី​ខែមីនា បាន​សំដែង​ការព្រួយបារម្ភ​អំពី​ការស្រាវជ្រាវ​លើ​ប្រភព Covid-19 ដែល​ដឹកនាំ​ដោយ WHO ព្រមទាំង​បាន​អំពាវនាវ​ឱ្យមាន​ការស្រាវជ្រាវ​បន្ថែម និង​ប្រមូល​រាល់​ទិន្នន័យ​ទាក់ទិន​នឹង​មនុស្ស សត្វ និង​ទិន្នន័យ​ផ្សេងទៀត ស្ដីពី​ដំណាក់កាល​ដំបូង​នៃ​ការផ្ទុះ​ឆ្លង Covid-19។ ទីក្រុង​វ៉ា​ស៊ី​ង​តោន ចង់ឱ្យមាន​ការធានា​លើ​កិច្ចសហការ និង​តម្លាភាព​ជាង​បច្ចុប្បន្ន ពី​សំណាក់​ទីក្រុង​ប៉េកាំង។

    បច្ចុប្បន្ន ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ា​ស៊ី​ង​តោន មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទិន​នឹង​ការបញ្ចេញមតិ​ខាងលើនេះ​នៅឡើយ។

    ក្រសួងការបរទេស​ចិន កាលពី​ម្សិលមិញ បាន​បញ្ជាក់ថា អ្នកជំនាញការ​មួយក្រុម​ដែល​ដឹកនាំ​ដោយ WHO បាន​សន្និដ្ឋានថា លទ្ធភាព​ដែល​វីរុស​រួច​ចេញពី​បន្ទប់ពិសោធន៍ គឺជា​រឿង​ដ៏​លំបាក បន្ទាប់ពី​ពួកគេ​បានធ្វើ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​វីរុស​សាស្ត្រ Wuhan កាលពី​ខែកុម្ភៈ។

    ក្រសួងការបរទេស​ចិន បាន​ប្រាប់ WSJ ថា៖ «សហរដ្ឋអាមេរិក បន្ត​បំប៉ោង​សេណារីយោ វីរុស​រួច​ចេញពី​បន្ទប់ពិសោធន៍។ តើ​ពួកគេ​ពិតជា​យកចិត្តទុកដាក់​លើ​ការស្វែងរក​ប្រភព ឬ​ព្យាយាម​បង្វែរ​ចំណាប់អារម្មណ៍?»។

    សូម​រំលឹកថា ប្រទេស​ចិន កាលពី​ខែកុម្ភៈ បាន​បដិសេធ​ផ្ដល់​ទិន្នន័យ​ដើម​ទាក់ទិន​នឹង​ករណី Covid-19 ដំបូងៗរបស់ខ្លួន ដែល WHO ស្នើសុំ នៅក្នុង​ការស្រាវជ្រាវរ​ក​ប្រភព​នៃ​វីរុស​នេះ។ នេះ​បើតាម​អ្នកជំនាញ​មួយរូប​របស់​ក្រុម​ស្រាវជ្រាវ​នៃ​អង្គការ​សុខភាព​ពិភពលោក។ ប្រការនេះ​អាចធ្វើ​ឱ្យមាន​ភាពស្មុគស្មាញ​ដល់​កិច្ចខិតខំ​ក្នុងការ​ស្វែងយល់​អំពី​វិធី​ដែល​វីរុស​បាន​ផ្ទុះ​ឆ្លង​រាលដាល​ដំបូង៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • គុណប្រយោជន៍ របស់​ស្ពៃក្តោប​ពណ៌​ស្វាយ ចំពោះ​សុខភាព

    គុណប្រយោជន៍ របស់​ស្ពៃក្តោប​ពណ៌​ស្វាយ ចំពោះ​សុខភាព

    ស្ពៃក្តោប​ពណ៌​ស្វាយ មាន​ពណ៌​សម្បុរ​ប្លែក​គួរឱ្យ​ចង់​ទទួលទាន ដែល​យើង​តែង​ជួប​ជា​ញឹកញាប់ នៅក្នុង​ចាន​ញាំ​សាលាដ

    តែ តើ​មាន​នរណា​ខ្លះ​ដឹងថា ស្ពៃក្តោប​ពណ៌​ស្រស់ស្អាត និង​គួរឱ្យ​ឆ្ងាញ់​មួយ​នេះ មានគុណ​ប្រយោជន៍​ចំពោះ​រាងកាយ និង​សុខភាព​របស់​យើង​ច្រើន​ប៉ុនណា​ទៅ?។

    ដោយសារតែ​ស្ពៃក្តោប​ពណ៌​ស្វាយ គឺជា​បន្លែ​ដែលមាន​កាក​សរសៃ​អាហារ​ខ្ពស់ និង​សុទ្ធតែ​សម្បូរ​ទៅដោយ​សារជាតិ​អាហារ​ជាច្រើន​ប្រភេទ  មិនថាតែ ប្រូតេអ៊ីន ខា​បូ​ហាយ​ដ្រេ​ត សូ​ដ្យូ​ម និង​វីតាមីន​C។ ក្រៅពីនេះ ការបរិភោគ​ស្ពៃក្តោប​ពណ៌​ស្វាយ​ជាប់​ជាប្រចាំ នឹង​ជួយ​កាត់បន្ថយ​ឱកាស​ប្រឈម​នឹង​ការកើត​ជំងឺមហារីក​ពោះវៀនធំ និង​រោគ​មហារីក​នៅក្នុង​ប្រអប់​ពោះ​បាន និង​ថែមទាំង​សម្បូរ​ទៅដោយ​សារធាតុ​ដែក​ដែល​ជួយ​បង្កើន​ហេ​ម៉ូ​គ្លោ​ប៊ី​ន ដែលជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការជួយ​ឱ្យមាន​គ្រាប់​ឈាមក្រហម ទៅ​ចិញ្ចឹម​កោសិកាផ្សេងៗនៅក្នុង​រាងកាយ​ទៀតផង។

    យ៉ាងណាក៏ដោយ ក្នុង 1ថ្ងៃៗ យើង​មិនគួរ​បរិភោគ​ស្ពៃក្តោប​ឆៅ លើសពី កន្លះ​គីឡូក្រាម​ទេ ព្រោះ​បើ​មាន​សារធាតុ

    Goitrogen របស់​ស្ពៃក្តោប សន្សំ​នៅក្នុង​រាងកាយ​ច្រើន​ជ្រុល​នោះ អាច​នឹង​ហុច​ផល​ឱ្យ​ក្រពេញ​ថៃ​រ៉​យ​ដ៍ នាំយក​ជាតិ​អ៊ីយ៉ូត ទៅ

    ប្រើប្រាស់​បាន​តិច តែ​សារធាតុ​នេះ នឹង​រលាយ​បាត់អស់ នៅពេលដែល​ស្ពៃក្តោប​ត្រូវបាន​ចម្អិន​ឱ្យ​ឆ្អឹ​ន​ហើយ៕

  • ឈឺ​ខ្នង…អាការ​តូច​មួយ ដែល​មនុស្ស​ជាច្រើន​មើលរំលង

    ឈឺ​ខ្នង…អាការ​តូច​មួយ ដែល​មនុស្ស​ជាច្រើន​មើលរំលង

    សម្រាប់​មូលហេតុ​របស់​អាការ​ឈឺ​ខ្នង​នេះ គឺ​បណ្តាលមកពី​ភាពខុសប្រក្រតី​របស់​គ្រោង​សាង​របស់​ឆ្អឹង​កង​ខ្នង ភាពមិន​តុល្យការ​របស់​សាច់ដុំ និង​សរសៃ​វាវ​ជុំវិញ​សន្លាក់ឆ្អឹង​កង​ខ្នង និង​ភាពខុសប្រក្រតី​របស់​ប្រព័ន្ធ​ប្រសាទ រួមទាំង​ឥរិយាបថ ដែល​ខុស​សុខលក្ខណៈ ដោយ​ផលប៉ះពាល់​នៃ​ការឈឺ​ខ្នង​នេះ អាច​បណ្តាលឱ្យ​កើត​សន្ទះ​ទម្រ​ឆ្អឹង​ខុស​តុល្យការ ឬ​សន្ទះ​ទម្រ​ឆ្អឹង រំកិល​ខ្លួន​បាន ធ្វើឱ្យ​ការធ្វើ​ចលនា និង​សន្លាក់​តផ្សេងៗ មិនអាច​ធ្វើការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    វិធី​កែប​ញ្ហា​អា​ការឈឺ​ខ្នង​នេះ អាច​ប្រើប្រាស់​ដោយ​ថ្នាំពេទ្យ​តែ​ម្យ៉ាង ឬ​មិន​ទេ ក៏​ប្រើប្រាស់​ថ្នាំ​គួបផ្សំ​ជាមួយ​វិធី​ព្យាបាល បែប​ម៉ាស្សា​ក៏បាន។ ដើម្បីឱ្យ​លទ្ធផល​ការព្យាបាល​ល្អប្រសើរ​ជាង​នោះ គួររៀបចំ​សម្រួល​តុល្យភាព​គ្រោង​សាង ព្យាបាល​ដោយ​ការធ្វើ​ចលនា ការហាត់​ប្រាណ ឬ​ប្រើ​ឧបករណ៍​ជួយ​ទប់​ខ្នង ការចាក់​ម្ជុល​វិទ្យាសាស្ត្រ និង​ការធ្វើ​ម៉ាស្សា​បន្ធូរ​សាច់ដុំ ដើម្បី​ព្យាបាល។

    ក្រៅពីនោះ នៅ​រួមទាំង​ការផ្លាស់ប្តូរ​ទង្វើ ក្នុង​ជីវិត​ប្រចាំថ្ងៃ ដែល​ប្រឈម​នឹង​ការកើត​អា​ការឈឺ​ខ្នង ដូចជា ការ​គេង ការ​អង្គុយ ការ​ឈរ និង​ការដើរ ជាពិសេស​បំផុត​ការធ្វើការ​នៅ​ពីមុខ​អេក្រង់​កុំព្យូទ័រ ច្រើន​ម៉ោងជាប់ៗគ្នា​ដោយ​ឥរិយាបថ​ការ​អង្គុយ ដែល​អាច​នឹងមិន​ត្រូវ​ក្បួន។

    ដូច្នេះ​វិធី​ដែល​ល្អ​បំផុត គួរ​ផ្លាស់ប្តូរ​ឥរិយាបថ ក្រោក​ដើរ ដើម្បីឱ្យ​រាងកាយ​បាន​ធូរស្រាល​ពី​តុ​ធ្វើការ​ខ្លះ ក៏​ជា​ផ្នែក​មួយ ដែល​ជួយ​ការពារ​មិនឱ្យ​កើត​អា​ការឈឺ​ខ្នង​បានដែរ៕

  • ពង្រាប​ក្បាលពោះ​បែបងាយៗ សម្រាប់​បុរស​ដែល​ចង់​មាន​រូបរាង​សង្ហា

    ពង្រាប​ក្បាលពោះ​បែបងាយៗ សម្រាប់​បុរស​ដែល​ចង់​មាន​រូបរាង​សង្ហា

    ឡា​រ៉ែ​ន ធ្លាប់​ណែនាំ​វិធី​ពង្រាប​ក្បាលពោះ សម្រាប់នារីៗ មក​ច្រើនណាស់​ហើយ ពេលនេះ​សូម​ណែនាំ វិធី​ពង្រាប​ក្បាលពោះ ដល់​បុរសៗយើង​ម្តង តើ​មាន​វិធី​អ្វីខ្លះ សូម​តាមដាន​ដូចតទៅ៖

    1. រាងកាយ​មិនអាច​ជ្រើសរើស​កម្ចាត់​ចំពោះតែ​ខ្លាញ់ ដែល​កក​ច្រើន​នៅក្នុង​ក្បាលពោះ​បានទេ អ្នក​ត្រូវតែ​ជំរុញ​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ទូទាំង​រាងកាយ ដែល​អាចធ្វើ​បាន​ដោយ​ងាយ តាមរយៈ​ការធ្វើ​ចលនា​គ្រប់ពេលវេលា ពេញ 1ថ្ងៃ ដូចជា​ដើរ​ឡើង​ចុះ​ជណ្តើរ ជំនួស​ការឡើង​ចុះ​តាម​ជណ្តើរយន្ត ឬ​ចត​រថយន្ត​នៅ​ឆ្ងាយ ហើយ​ដើរ​យ៉ាង​លឿន ដើម្បី​ទៅឱ្យ​ទាន់​ម៉ោង​ចូលធ្វើការ ឬ​ទិញ​ទឹកបរិសុទ្ធ 2ដបធំៗ យួរ​នៅ​ដៃ​ទាំងសងខាង ពេល​ដើរ​ទិញ​អីវ៉ាន់​ជាមួយ​គូ​ស្នេ​ហ៏ និង​បើ​នាង​មាន​កន្លែងធ្វើការ​នៅ​ជិត ចូរ​សាកល្បង​កុំ​ទូរស័ព្ទ​ទៅរក តែ​ប្រើ​វិធី​ដើរទៅរ​កនាង​វិញ គឺជា​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់ បាន​សព្វ​ក្នុង​រាងកាយ។
    2. ការងារ​ស្រាវជ្រាវ​មួយ​បាន​អះអាងថា ជាតិ​ខ្លាញ់​នឹង​រំលាយខ្លួន​បាន​យ៉ាង​ងាយ បើ​ស្ថិតក្នុង​បរិយាកាស​ជុំវិញខ្លួន​ដែល​ត្រជាក់ ដូច្នេះ​អំឡុងពេល​សម្រក​ក្បាលពោះ អ្នក​អាច​ត្រូវ​តម​ការ​ស្ទី​មសៅ​ណា ឬ​ស្ទី​ម​ខ្លួន​ប្រហែល 1ខែ ដោយ​ងាក​មក​ងូតទឹក​ត្រជាក់ ក្រោយ​ការហាត់​ប្រាណ​វិញ​ម្តង។
    3. ស្រា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង មាន​ឥទ្ធិពល​ធ្វើឱ្យ​ក្បាលពោះ​របស់​អ្នក​ប៉ោង​បាន ដូច្នេះ​ចាប់ផ្តើម​ចាត់ការ​បញ្ហា​ទាំងនេះ ចាប់ពី​ថ្ងៃនេះ​ទៅ​តែម្តង (កុំ​ចាំ​យូរ)។
    4. ឆាប់​ចូល​គេង បិទ​ភ្លើង តម​មើល​ទូរ​ទស្ស​ន៏​មុន​គេង ហាត់​តាំងសមាធិ ដើម្បី​ការ​គេង​លក់​ដ៏​ល្អឥតខ្ចោះ នេះ គឺជា​កូនសោ​សំខាន់ ដែល​ព​ន្លឿ​ន​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ឆាប់រហ័ស។
    5. ទទួលទាន​អាហារ​ពេល​ល្ងាច​ឱ្យ​រួច យ៉ាងតិច 4ម៉ោង មុនពេល​ចូល​គេង ព្រោះ​វា​មាន​ផល​ដល់​ការហូរ​ចេញ​នូវ​ហ្គ្រោ​ថ៍​អ័រម៉ូន ដូច្នេះ​ចូរ​រៀបចំ​អាហារ​ពេល​ល្ងាច​ឱ្យបាន​លឿន​ជាង​មុន តម​ពិធីជប់លៀង ឬ​អាហារ​ប៊ុ​ហ្វ​ហ្វេ​ពេលយប់ (ភ្លេចៗខ្លួន​ចុងខែ អាច​នៅសល់​លុយ​ទិញ​ខោ​ថ្មី​មួយ​ស្វា​គម​ន៏​ក្បាលពោះ​រាបស្មើ និង​ចង្កេះ​រួម​តូច​របស់​អ្នក បាន​ទៀតផង)។
    6. គ្រប់គ្រង​ការធ្វើការងារ​របស់​ប្រអប់មាត់​របស់​អ្នក នៅ​រាល់​ពេលបាយ…ការបរិភោគ​អាហារ​ពេលព្រឹក នឹង​ជួយ​គ្រប់គ្រង​ដល់​បរិមាណ​អាហារ​ក្នុងពេល​បន្ទាប់មកទៀត និង​គួរ​ជ្រើសរើស​បរិភោគ​អាហារ ឱ្យបាន​គ្រប់​ប្រភេទ​ក្រុម រៀងរាល់​ពេលបាយ បើសិនជា​អាចទៅរួច។
    7. កុំ​រវល់​តែ​ចាត់ការ​រឿង​ក្បាលពោះ​តែ​ម្យ៉ាង​នោះ អ្នក​ត្រូវ​ជំរុញ​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ទូទាំង​រាងកាយ​ផងដែរ។ អ្នកជំនាញ​ខាង​លំ​ហាត់ប្រាណ​បំបាត់​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ បាន​និយាយថា ការហាត់​ប្រាណ​ដោយ​សង្កត់ធ្ងន់​លើ​សាច់ដុំ​ភ្លៅ និង​ត្រគាក គឺជា​ការជំរុញ​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ បាន​យ៉ាង​ល្អ​បំផុត។
    8. មិនចាំបាច់​ពង្រឹង​សាច់ដុំ​ក្បាលពោះ​រាល់ថ្ងៃ​នោះទេ តែ​ចូរ​សាកល្បង​រៀបចំ​ប្រូ​ក្រាម ពង្រឹង​សាច់ដុំ​ក្បាលពោះ 2-3ឈុត ទុកជាមុន ក្នុង​រយៈពេល​ប្រមាណ 2ស​ប្តា​ហ៏។ ធ្វើ​ឆ្លាស់គ្នា​នឹង​ការធ្វើ​លំ​ហាត់ប្រាណ​លើ​អវយវៈ​ដទៃទៀត ដោយ​ការហាត់​ដ៏​សមល្មម អាចធ្វើឱ្យ​សាច់ដុំ មាន​ពេលវេលា​ពង្រឹង​ខ្លួន​បាន​ខ្លះ ទើប​ប្រសើ​ជាង និង​ថែមទាំង​ធ្វើឱ្យ​សាច់ដុំ​ក្បាលពោះ​កើតឡើង បាន​លឿន​ទៀតផង។
    9. ចំណុចខ្សោយ ដែល​ធ្វើឱ្យ​កើតមាន​ក្បាល​ពោះធំ​ជានិច្ច​នោះ​គឺ អ្នក​ចូលចិត្ត​ឈរ​ខ្នង​កោង ធ្វើឱ្យ​សាច់​ក្បាលពោះ មើលទៅ​ក្លាយជា​គំនរ​ខ្លាញ់​គួរឱ្យ​ភ័យខ្លាច ទោះជា​មិន​ធាត់​ក៏ដោយ។ ការ​ឈរ​ខ្នង​ត្រង់ ពើងទ្រូង នឹង​ជួយ​ជំរុញ​សាច់ដុំ​ក្បាលពោះ​ឱ្យ​តឹង​រាល់​ពេលវេលា។ ចូរ​ហ្វឹកហាត់​ឈរ ដើរ និង​ហាត់ប្រាណ​ក្នុង​ឥរិយាបថ​ខ្នង​ត្រង់​ជានិច្ច នឹង​ធ្វើឱ្យ​អ្នកមាន​រាង​សង្ហា​តាំង​ពីលើ​ដល់​ក្រោម។
    10. ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ ដែល​គេ​និយម​ជាងគេ​បំផុត​នោះ គឺ​ក្បាច់​គេង​លើកជើង​ទាំង2 ផ្អឹប​គ្នា បណ្តែត​ជង្គង់ ងើប​ក្បាល ដែល​ហៅថា Abs Crunch with Leg Lift៕