Category: សុខភាព

  • រដ្ឋបាល​ខណ្ឌទួលគោក ជូនដំណឹង​ស្ដីពី​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង COVID-19 ដូ​ស​ទីមួយ នៅ​មូលដ្ឋាន​

    រដ្ឋបាល​ខណ្ឌទួលគោក ជូនដំណឹង​ស្ដីពី​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង COVID-19 ដូ​ស​ទីមួយ នៅ​មូលដ្ឋាន​

    រដ្ឋបាល​ខណ្ឌទួលគោក បានឱ្យដឹងថា ពលរដ្ឋ​នៅក្នុង​សង្កាត់​ទឹកល្អក់1, សង្កាត់​បឹងកក់1 និង​សង្កាត់​បឹងកក់2 ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ដូ​ស​ទីមួយ សូម​ទៅ​ចុះឈ្មោះ ដើម្បី​ទទួលបាន​ការចាក់​វ៉ាក់សាំងគ្រប់ៗគ្នា។

    យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ នឹងត្រូវ​បន្ត​រហូតដល់​ថ្ងៃទី5 ខែមិថុនា ឆ្នាំ2021។ នេះ​បើតាម​ការបញ្ជាក់​ពី​រដ្ឋបាល​ខណ្ឌទួលគោក តាមរយៈ​ទំព័រ​បណ្ដាញ​សង្គម Facebook នា​ល្ងាច​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021។

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម៖
    ប្រភព៖ សាលាខណ្ឌ​ទួល​គោក
    ដកស្រង់​៖ បុត្រា

  • រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ៖ យុទ្ធនា​ការចាក់​វ៉ាក់សាំង Sinovac បង្ការ Covid-19 ដូ​ស​ទីមួយ នៅសល់ 7ថ្ងៃ​ទៀត​ប៉ុណ្ណោះ!

    រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ៖ យុទ្ធនា​ការចាក់​វ៉ាក់សាំង Sinovac បង្ការ Covid-19 ដូ​ស​ទីមួយ នៅសល់ 7ថ្ងៃ​ទៀត​ប៉ុណ្ណោះ!

    នា​ល្ងាច​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021នេះ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ បានចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅក្នុង​មូលដ្ឋាន​នៃ​ខណ្ឌ​នេះ។

    សេចក្ដីជូនដំណឹង បានឱ្យដឹងថា យុទ្ធនា​ការចាក់​វ៉ាក់សាំង Sinovac បង្ការ​វីរុស​Covid-19 ដូ​ស​ទីមួយ​របស់​ខណ្ឌ​ច្បារអំពៅ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី7 ខែមិថុនា ឆ្នាំ2021 ក្រោយពី​បាន​ផ្ដើម​ចាក់​ជូន​ពលរដ្ឋ ចាប់ពី​ថ្ងៃទី25 ខែឧសភា ឆ្នាំ2021។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ដែលមាន​ដូចខាងក្រោម៖

    ប្រភព​៖ សាលាខណ្ឌ​ច្បារ​អំពៅ
    ដកស្រង់​៖ បុត្រា

  • បែកធ្លាយ​ព័ត៌មាន​ស្ដីពី «អ្នកជំងឺ​ទី 0» ដែល​ឆ្លង COVID-19 ដំបូង​គេ​ក្នុង​ពិភពលោក

    បែកធ្លាយ​ព័ត៌មាន​ស្ដីពី «អ្នកជំងឺ​ទី 0» ដែល​ឆ្លង COVID-19 ដំបូង​គេ​ក្នុង​ពិភពលោក

    មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​ប្រទេស​ចិន ប្រហែលជា​បាន​បង្ហើប​ឱ្យដឹង​អំពី​ឈ្មោះ អាសយដ្ឋាន និង​ព័ត៌មាន​លម្អិត ទាក់ទង​នឹង​មនុស្ស​ម្នាក់ ក្នុងចំណោម​មនុស្សដំបូងៗ ដែល​បាន​ឆ្លង​វីរុស​Covid-19 នៅ​ទីក្រុង Wuhan រយៈពេល 3ខែ មុនពេល​អាជ្ញាធរ​ប្រទេស​នេះ ប្រកាស​អំពី​ករណី​ឆ្លង​វីរុស​Covid-19 ដំបូង​គេ​បង្អស់។

    យោងតាម​សារព័ត៌មាន Daily Mail (អង់គ្លេស) កំហុសឆ្គង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ បាន​បង្ហើប​ឱ្យដឹង​នៅក្នុង​រូបភាព​ថត​អេក្រង់ ដែល​ត្រូវបាន​ផ្ញើ​ទៅកាន់​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ​ចិន។ រូបភាព​នេះ បានបង្ហាញ​អំពី​ស្ត្រី​ម្នាក់ មាន​វ័យ 61ឆ្នាំ ដែល​ត្រូវបាន​គេ​ហៅថា «អ្នកជំងឺ Su» មាន​ទីលំនៅ​ដែលមាន​ចម្ងាយ​ប្រមាណ ប្រមាណ 1.6គីឡូម៉ែត្រ ពី​ទីតាំង​ស្រាវជ្រាវ​វីរុស​សំខាន់​មួយ​របស់​ទីក្រុង Wuhan។

    ស្ត្រី​នេះ​ក៏​រស់នៅ​ក្បែរ​ចំណត​រថភ្លើង តាម​បណ្ដោយ​ផ្លូវដែក​ល្បឿន​លឿន ដែលជា​ផ្លូវ​ដ៏​មាន​ឥទ្ធិពល​ក្នុងការ​ចម្លង​វីរុស​ដល់ទី​ក្រុង​ដែលមាន​ប្រជាជន​ជាង 11លាន​នាក់​នេះ​ផងដែរ។

    ការរកឃើញ​ថ្មី​បំផុត​នេះ ត្រូវបាន​បង្ហើប​ឱ្យដឹង តាមរយៈ​កិច្ច​សម្ភាស​មួយ​របស់​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ ជាមួយនឹង​អ្នកវិទ្យា​សាស្ត្រ​ដែល​ទទួលខុសត្រូវ​ក្នុងការ​ប្រមូល​ទិន្នន័យ​ផ្លូវការ​របស់​ប្រទេស​ចិន ទាក់ទង​នឹង​អ្នកជំងឺ។

    នៅក្នុង​កិច្ច​សម្ភាស​ជាមួយនឹង Health Times លោក Yu Chuanhua សាស្ត្រាចារ្យ​ផ្នែក​ស្ថិតិ​ជីវសាស្ត្រ​ប្រចាំ​សាកលវិទ្យាល័យ Wuhan ឱ្យដឹងថា មាន 47,000ករណី នៅក្នុង​ទិន្នន័យ​ជាតិ ត្រូវបាន​បញ្ជាក់ និង​សង្ស័យថា បាន​ឆ្លង Covid-19 គិត​ត្រឹម​ចុងខែ​កុម្ភៈ ឆ្នាំ2020។ ក្នុងចំណោម​នោះ មាន​ករណី​ស្លាប់ 1នាក់ កាលពី​ចុងខែ​កញ្ញា ឆ្នាំ2019។

    លោក Yu Chuanhua និយាយថា៖ «មាន​ទិន្នន័យ​ស្ដីពី​អ្នកជំងឺ​ម្នាក់ ដែល​បាន​ឈឺ​កាលពី​ថ្ងៃទី29 ខែកញ្ញា (2019)។ ទិន្នន័យ​បង្ហាញថា អ្នកជំងឺ​នេះ​មិនត្រូវ​បាន​គេ​ធ្វើតេស្ត nucleic និង​ធ្វើ​រោគវិនិច្ឆ័យ។ នេះ ទំនងជា​ករណី​ឆ្លង Covid-19។ អ្នកជំងឺ​នេះ បាន​បាត់​បង់ជីវិត។ ទិន្នន័យ​នេះ​ក៏​មិនទាន់​ត្រូវបាន​ផ្ទៀងផ្ទាត់​នៅឡើយ»។

    ទិន្នន័យ​ក៏​បង្ហាញ​អំពី​ករណី​សង្ស័យ​ឆ្លង Covid-19 ចំនួន 2នាក់ ផ្សេងទៀត ដែល​ត្រូវបាន​រាយការណ៍​ដល់​ក្រុម​វេជ្ជបណ្ឌិត នៅ Wuhan កាលពី​ថ្ងៃទី14 និង 21 ខែវិច្ឆិកា ឆ្នាំ2019 រួមជាមួយ​នឹង​ករណី​មួយចំនួនទៀត មុន​ថ្ងៃទី8 ខែធ្នូ 2019 ជា​ពេលដែល​ចិន រាយការណ៍​ទៅកាន់​អង្គការ​សុខភាព​ពិភពលោក អំពី​ពី​ករណី​ឆ្លង​ជំងឺ​Covid-19 ដំបូង។

    អត្ថបទ​របស់ Health Times ដែល​បានបង្ហាញ​អំពី​រូបភាព​ថត​អេក្រង់​ព័ត៌មាន​របស់​អ្នកជំងឺ Covid-19 2ករណី​ដំបូង នៅក្នុង​ខែវិច្ឆិកា ឆ្នាំ2019 ដែល​បានមកពី​មូលដ្ឋាន​ទិន្នន័យ​របស់​សាស្ត្រាចារ្យ Yu Chuanhua បើ​ទោះ​ត្រូវបាន​ធ្វើឱ្យ​ស្រអាប់ ប៉ុន្តែ នៅតែ​មើលឃើញ​ព័ត៌មានខ្លះៗ រួមទាំង​ឈ្មោះ​មន្ទីរពេទ្យ និង​អាសយដ្ឋាន​របស់​អ្នកជំងឺ​ផងដែរ។

    ព័ត៌មាន​បង្ហាញថា អ្នកជំងឺ Su បានទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ Rongjun នាទី​ក្រុង Wuhan។ ចំណែក​អាសយដ្ឋាន​ទីលំនៅ និង​មន្ទីរពេទ្យ​របស់​អ្នកជំងឺ​នេះ​គឺ សុទ្ធតែ​ស្ថិតក្នុង​ខណ្ឌ Hongshan នៃ​ទីក្រុង Wuhan ជា​កន្លែង​ដែលមាន​បន្ទប់ពិសោធន៍​ជាច្រើន ដែល​ស្រាវជ្រាវ​អំពី​វីរុស SARS-CoV-2 ទាក់ទង​នឹង​សត្វ​ប្រចៀវ។

    តំបន់​មន្ទីរពិសោធន៍​ផ្នែក​វីរុសសាស្ត្រ​ នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​

    តំបន់​ដែល​អ្នកជំងឺ Su រស់នៅ និង​ព្យាបាល មាន​ចម្ងាយ​ជាង 20គីឡូម៉ែត្រ ពី​ផ្សា​របោះ​ដុំ​គ្រឿង​សមុទ្រ Huanan (Huanan Seafood Wholesale Market) ជា​កន្លែង​ដែល​ទីក្រុង​ប៉េកាំង​ចាត់ទុកថា​ជា ប្រភព​ចម្លង Covid-19 ដំបូង​គេ។ អ្នកជំងឺ​ទី​ពីរ ដែល​ត្រូវបាន​រកឃើញ​ឆ្លង​វីរុស​ក្នុង​ខែវិច្ឆិកា ឆ្នាំ2019 គឺជា​បុរស​វ័យ 62ឆ្នាំ ឈ្មោះ Wang ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ Hanyang។

    យ៉ាងនេះ​ក្ដី សាស្ត្រាចារ្យ Yu Chuanhua បានស្នើ​ឱ្យ​ដក​អត្ថបទ​ដែល​បាន​ចុះផ្សាយ​នៅលើ​ទំព័រ​ទស្សនាវដ្ដី ដោយ​បញ្ជាក់ថា ពេលវេលា​ដែល​បាន​សរសេរ​ក្នុង​អត្ថបទ មាន​កំហុសឆ្គង ហើយ​ករណី​សង្ស័យ​ផ្សេងទៀត នៅមុន​ថ្ងៃទី8 ខែធ្នូ ឆ្នាំ2019 ត្រូវការ​ផ្ទៀងផ្ទាត់​បន្ថែ​ម។

    សេចក្ដីលម្អិត ត្រូវបាន​រកឃើញ​ដោយ Gilles Demaneuf សមាជិក​ម្នាក់​របស់​ក្រុម​សកម្មជន​ឌីជីថល Drastic ដែល​បាន​រកឃើញ​ការពិតជា​ច្រើន​ដែល​ត្រូវបាន​ចាត់ទុកថា ផ្ទុយទៅនឹង​សម្មតិកម្ម​របស់​រដ្ឋាភិបាល​ចិន ដែលថា Covid-19 ជា​ជំងឺឆ្លង​ពីស​ត្វ។

    ក៏ប៉ុន្តែ ចិន បាន​ទាត់ចោល​ព័ត៌មាន​ខាងលើ​ទាំងស្រុង ដោយ​អះអាង​ទៅតាម​ក្រុម​ស្រាវជ្រាវ​របស់ WHO ដែល​បាន​សន្និដ្ឋានថា លទ្ធភាព​ដែល​វីរុស លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍ គឺ​ពិតជា «ពិបាក​កើតឡើង»៕

    ប្រភព៖ Daily Mail
    ប្រែសម្រួល​៖ បុត្រា

  • តួលេខ COVID-19 នៅ កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021

    តួលេខ COVID-19 នៅ កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021

    រហូតមកដល់​ព្រឹក​ថ្ងៃទី1 ខែមិថុនា​នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន ជាង 30,700​នាក់ ខណៈ​ពិភពលោក រកឃើញ​ជាង 171,468,000នាក់។

    នៅ កម្ពុជា ក្នុងអំឡុង​ថ្ងៃទី31 ខែឧសភា ក្រសួងសុខាភិបាល បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន 616នាក់ និង​ករណី​​ស្លាប់​ថ្មី​ចំនួន 6នាក់ ធ្វើឱ្យ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប ឡើងដល់ 30,710នាក់ និង​ស្លាប់​សរុប​ចំនួន 220នាក់។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល ដែល​មាននៅ​ខាងក្រោម។

    គិត​មកដល់​បច្ចុប្បន្ន នៅ​ទូទាំង​សកលលោក មាន​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 171,468,758នាក់ ក្នុងនោះ​​មាន​អ្នកស្លាប់ 3,565,021នាក់ និង​ជា​ចំនួន 153,766,652នាក់ ខណៈ​អ្នកជំងឺ 14,137,085នាក់ កំពុង​ទទួល​ការព្យាបាល។

  • WHO ដាក់ឈ្មោះ​បែប​ថ្មី ឱ្យ​បណ្ដា​វីរុស​COVID-19 ដែល​បាន​​ក្លាយ​ពូជ​ថ្មី

    WHO ដាក់ឈ្មោះ​បែប​ថ្មី ឱ្យ​បណ្ដា​វីរុស​COVID-19 ដែល​បាន​​ក្លាយ​ពូជ​ថ្មី

    អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាស​ដាក់ឈ្មោះ​ឱ្យ​បណ្ដា​វីរុស Covid-19 ក្លាយ​ពូជ​ថ្មី ទៅតាម​អក្ខរក្រម​ភាសា​ក្រិ​ក ជំនួស​ឱ្យ​ការហៅ​ឈ្មោះ​ទៅតាម​ទីកន្លែង​ដែល​ពួកវា​បង្ហាញ​វត្តមាន​ជា​លើកដំបូង។

    ពិភពលោក​ទាំងមូល គិត​មកដល់​ថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន​ 171,464,349​នាក់​ ក្នុងនោះ​មាន​អ្នកស្លាប់​ 3,564,976​នាក់​, អ្នកជា​សះស្បើយ​ចំនួន ​153,743,106​នាក់​ និង​​អ្នក​កំពុង​សម្រាក​ព្យាបាល​សរុប​ចំនួន​ 14,156,267​នាក់​។ នេះ​បើតាម​ទំព័​រ័​រ Worldometers។

    អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី31 ខែឧសភា បានប្រកាស​អំពី​វិធី​ដាក់ឈ្មោះ​ថ្មី សម្រាប់​បណ្ដា​វីរុស​Covid-19 ដែល​បាន​បំប្លែង​ខ្លួន ដោយ​ការប្រើប្រាស់​អក្ខរក្រម​របស់​ភាសា​ក្រិ​ក ជំនួស​ឱ្យ​ការហៅ​ទៅតាម​ទីតាំង​ដែល​ពួកវា​បានបង្ហាញ​វត្តមាន​ដំបូង។ «មិនមាន​ប្រទេស​ណាមួយ ដែល​ត្រូវ​រង​ការរើសអើង ដោយសារតែ​បាន​រកឃើញ និង​រាយការណ៍​អំពី​វីរុស​ក្លាយ​ពូជ​ថ្មី​នោះឡើយ» Maria Van Kerkhove ប្រធាន​ក្រុម​អ្នកបច្ចេកទេស​របស់ WHO ទទួលបន្ទុក Covid-19 បាន​បង្ហោះ​សារ​ដូច្នេះ​នៅលើ​ទំព័រ Twitters។

    យោង​តាមរបៀប​ដាក់ឈ្មោះ​ថ្មី វីរុស​ក្លាយ​ពូជ​ថ្មី ឬ​បំប្លែង​ខ្លួន ដែល​កើត​មាននៅ​ប្រទេស​អង់គ្លេស (B.1.1.7) ត្រូវបាន​ហៅថា «Alpha», Covid-19 បំប្លែង​ខ្លួន​ថ្មី​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង (B.1.351) ត្រូវ​ហៅថា «Beta», Covid-19 ក្លាយ​ពូជ​ថ្មី​នៅ ប្រេ​ស៊ី​វីរុស (P1) ត្រូវ​ហៅថា «Gamma»,

    B.1.617.2 នៅ ឥណ្ឌា ហៅថា «Delta»។ ចំណែក​បណ្ដា​វីរុស​Covid-19 ក្លាយ​ពូជ​ថ្មី​ដែល​គួរឱ្យ​យកចិត្តទុកដាក់​ផ្សេងទៀត នឹងត្រូវ​បានដាក់​ឈ្មោះ​ចាប់ពី «Epsilon» រហូតដល់ «Kappa»។

    ក្រុមប្រឹក្សា​ជំនាញ​របស់ WHO បានឱ្យដឹងថា វី​ធី​សាស្ត្រ​ដាក់ឈ្មោះ​តាមបែប​ថ្មី​នេះ មាន​ភាពងាយស្រួល​ក្នុង​ការ​ហៅ និង​ជាក់ស្ដែង​ជាង សម្រាប់​អ្នក​ដែល​មិន​ធ្វើការ​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ។ WHO បាន​បញ្ជាក់ថា វិធី​ដាក់ឈ្មោះ​​បែប​ថ្មី​នេះ ក៏​មិន​ជំនួស​ឱ្យឈ្មោះ​ដែល​ដាក់​តាមបែប​វិទ្យាសាស្ត្រ​នោះឡើយ និង​បានឱ្យដឹងថា ឈ្មោះ​តាមបែប​វិទ្យាសាស្ត្រ «នឹង​នៅតែ​បន្ត​ប្រើប្រាស់​នៅក្នុង​កិច្ចការ​សិក្សា​ស្រាវជ្រាវ​ដដែល»។

    នៅក្នុង​ពិធី​បិទ​សន្និបាត​នៃ​ក្រុមប្រឹក្សា​សុខភាព​ពិភពលោក លើក​ទី74 កាលពី​ថ្ងៃទី31 ខែឧសភា ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថា មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវធ្វើ ដើម្បី​បញ្ចប់​មហា​រោគរាតត្បាត Covid-19 ព្រមទាំង​បាន​ព្រមាន​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ។

    «យើង​មាន​អារម្មណ៍​ថា ត្រូវបាន​លើកទឹកចិត្ត នៅពេលដែល​ករណី​ឆ្លង និង​ស្លាប់​ថ្មី លើ​ពិភពលោក បន្ត​ថយចុះ ប៉ុន្តែ នឹង​ជា​រឿង​ខុសឆ្គង​ធំ បើសិន​ប្រទេស​ណាមួយ គិតថា គ្រោះអាសន្ន​បាន​កន្លងផុត​ទៅហើយ» លោក Tedros បាន​ថ្លែង​ដូច្នេះ៕

    ប្រភព​៖ CNN, Worldometers
    ប្រែសម្រួល​៖ បុត្រា

  • សំណួរ – ចម្លើយ ដែល​យើង​គួរ​ដឹង​អំពី​សុខភាព​មាត់ – ធ្មេញ

    សំណួរ – ចម្លើយ ដែល​យើង​គួរ​ដឹង​អំពី​សុខភាព​មាត់ – ធ្មេញ

    មិន​ថា​ថ្ងៃណាៗឡើយ រៀងរាល់​ព្រឹក​នៃ​ការចាប់ផ្តើម​ភារកិច្ច រហូតដល់​អំឡុងពេល​ចុងក្រោយ មុនពេល​ចូល​គេង​សម្រាករឿង​សុខភាព​ក្នុង​ប្រអប់មាត់ អញ្ចាញ និង​ធ្មេញ នៅតែ​ជា​រឿង​សំខាន់ ដែល​យើង​ត្រូវតែ​យកចិត្តទុកដាក់ មើលថែទាំ​យ៉ាង​ជាប់​ជានិច្ច ដើម្បី​ការពារ​ទុកជាមុន មុននឹង​កើតរោគ​ភ័យផ្សេង។ ខាងក្រោម​នេះ គឺជា​សំណួរ-ចម្លើយ ដែល​យើង​គួរតែ​ដឹង អំពី​សុខភាព​មាត់-ធ្មេញ ដែលមាន​ចំណុច​ខ្លះ យើង​អាច​នៅ​មិនទាន់​ដឹង​នៅឡើយ…។

    -ធ្មេញ​ពី​ធម្មជាតិ​របស់​មនុស្ស មាន​ប៉ុន្មាន​ឈុត?

    *ឆ្លើយ៖ មាន 2ឈុត គឺ​ធ្មេញទឹកដោះ និង​ធ្មេញ​ពិតប្រាកដ

    -ធ្មេញទឹកដោះ ចាប់ផ្តើម​ដុះ​ឡើង ពេល​អាយុ​ប៉ុន្មាន?

    *ឆ្លើយ៖ ពេល​អាយុ​បាន 2ខួប ឬ 2ខួប​កន្លះ

    -ធ្មេញទឹកដោះ មាន​ប៉ុន្មាន​គ្រាប់?

    *ឆ្លើយ៖ 20គ្រាប់

    -ហេតុ​អី ទើបត្រូវ​មើលថែទាំ​ធ្មេញទឹកដោះ ឱ្យ​ល្អ?

    *ឆ្លើយ៖ ព្រោះ​វា​ប្រៀបដូចជា​ធ្មេញ​នាំមុខ​អ៊ីចឹង បើ​មើលថែទាំ​បានល្អ ធ្មេញ​ពិតប្រាកដ ដែល​ដុះ​ឡើងមក​ជំនួស​នោះ នឹងមាន​ភាពល្អ​ឥតខ្ចោះ និង​ស្ថិតក្នុង​សភាព​ល្អ​ដូចគ្នា

    -ធ្មេញ​ពិតប្រាកដ​មាន​ប៉ុន្មាន​គ្រាប់?

    *ឆ្លើយ៖ 32គ្រាប់

    -ធ្មេញ​ថ្គាម 4គ្រាប់​ចុងក្រោយ នឹង​ចាប់ផ្តើម​ដុះ​ឡើង​ពេលណា?

    *ឆ្លើយ៖ ពេល​អាយុ​បាន​ប្រមាណ 18ឆ្នាំ​ឡើងទៅ

    -ធ្មេញ​ពិតប្រាកដ នឹង​នៅបាន​យូរ​ប៉ុនណា?

    *ឆ្លើយ៖ បើ​មើលថែទាំ​បានល្អ ធ្មេញ​ពិតប្រាកដ អាច​នៅ​ជាមួយ​យើង អស់​មួយជីវិត

    -អ្វី​គឺ​មូលហេតុ​របស់​ជំងឺ​ធ្មេញ និង​អញ្ចាញ?

    *ឆ្លើយ៖ កំណក​អតិសុខុមប្រាណ

    -កំណក​អតិសុខុមប្រាណ គឺ​អ្វី?

    *ឆ្លើយ៖ កំណក​អតិសុខុមប្រាណ កើត​ពី​មេរោគ រួមជាមួយ​ស្ករ និង​ប្រូតេអ៊ីន នៅក្នុង​ស្ករ ច្រើនតែ​តោង​ជាប់​ស្អិត​នៅលើ​ស្រទាប់​ធ្មេញ

    -វិធី​កម្ចាត់​កំណក​អតិសុខុមប្រាណ​ដែល​ល្អ​បំផុត​គឺ…

    *ឆ្លើយ៖ ការ​ដុស​សម្អាត​ធ្មេញ គួបផ្សំ​ជាមួយ​ការប្រើ​ខ្សែ​អំបោះ​ខាត់​ធ្មេញ

    -បើ​កម្ចាត់​កំណក​អតិសុខុមប្រាណ​មិន​អស់ តើ​នឹងមាន​លទ្ធផល​យ៉ាងណា?

    *ឆ្លើយ៖ នឹង​កើតការ​ប្រមូល​សន្សំ និង​ក្លាយជា​កំណកកំបោរ នៅជាប់​ណែន​នឹង​ធ្មេញ

    -វិធី​កម្ចាត់​កំណកកំបោរ ដែល​ល្អ​បំផុត គឺ​ធ្វើយ៉ាងណា?

    *ឆ្លើយ៖ ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ (ទន្តពេទ្យ) ដើម្បី​កោស​កំណកកំបោរ​ទាំងនោះ​ចេញ

    -តើ​ត្រូវ​ទទួលទាន​យ៉ាងណា ដើម្បីឱ្យ​សុខភាព​ធ្មេញ​ល្អ?

    *ឆ្លើយ៖

    1.កាត់បន្ថយ​ចំណី​កំប៉ិកកំប៉ុក

    2.ជ្រើសរើស​ទទួលទាន​ស​ណ្តែ​ក និង​ផ្លែឈើ​ជំនួស​ម្សៅ និង​ស្ករ ក្នុង​អាហារ​ពេលទំនេរ

    3.កាត់បន្ថយ​បរិមាណ និង​ភាព​ញឹកញាប់​ក្នុងការ​ទទួលទាន​អាហារ ដែលមាន​ស្ករ ទឹកតែ និង​កាហ្វេ។

    4.ដុស​សម្អាត​ធ្មេញ គ្រប់ពេល​ញ៉ាំ​អាហារ​រួច

    -សារធាតុ​រ៉ែ ដែល​ជួយ​បង្កើន​ឆ្អឹង និង​ធ្មេញ​មាន​អ្វីខ្លះ?

    *ឆ្លើយ៖ កាល់ស្យូម និង​ផូស្វ័រ

    -អាហារ​ដែលមាន​កាល់ស្យូម​ខ្ពស់ មាន​អ្វីខ្លះ?

    *ឆ្លើយ៖ ទឹកដោះ ប៊័រ ស៊ុត​ក្រហម ត្រីតូចៗ បង្គា​ក្រៀម គ្រាប់​ល្ងខ្មៅ បន្លែ​ស្លឹក​បៃតង ជាដើម-ល-

    -ការ​ញ៉ាំ​ទឹក​ផ្លែឈើ​មាន​ផលប៉ះពាល់​ដល់​ធ្មេញ​ដែរឬទេ?

    *ឆ្លើយ៖ ទឹក​ផ្លែឈើ ធ្វើឱ្យ​ធ្មេញ​សឹក​រឹល​បាន ព្រោះ​ក្នុង​ទឹក​ផ្លែឈើ​មាន​អាស៊ីត ស៊ី​ទ្រិ​ក អាចរំលាយ​កាល់ស្យូម​ក្នុង​ស្រទាប់​ស្រោប​ធ្មេញបាន ដូច្នេះ​ពេល​ញ៉ាំ​ទឹក​ផ្លែឈើ​ហើយ គួរ​ញ៉ាំ​ទឹក​តាម​ក្រោយ ឬ​ខ្ពុរមាត់​គ្រប់ពេល។

    (នៅមាន​ត)

  • បរិភោគផ្លែឈើនៅពេលណាទើបល្អ?

    បរិភោគផ្លែឈើនៅពេលណាទើបល្អ?

    នៅក្នុងផ្លែឈើ មានទាំងសារធាតុ Fiber(កាកសរសៃ) ប៉ូតាស្យូម វីតាមីនC និងហ្វូលេត ជាច្រើន តែការបរិភោគ ដែលមិនត្រូវក្បួន ក៏អាចធ្វើឱ្យប្រព័ន្ធការរំលាយអាហារ មានបញ្ហាដែរ ដូច្នេះដើម្បីឱ្យទទួលបានប្រយោជន៏ ពីផ្លែឈើយ៉ាងពេញទំហឹងនោះ យើងគួរដឹងពីការបរិភោគ​ផ្លែឈើយ៉ាងត្រូវតាមក្បួន ទើបជាការប្រសើរ។

    ទោះជាការញ៉ាំផ្លែឈើតែ 1ប្រភេទ ឬញ៉ាំបែបរួមគ្នាច្រើនយ៉ាង គួរញ៉ាំនៅពេលពោះទំនេរ៖

    ព្រោះពេលបរិភោគចូលទៅហើយ កម្មវិធីរំលាយអាហារ នឹងធ្វើការយ៉ាងឆាប់រហ័ស ដោយរាងកាយនឹងផលិតអេន​ហ្សៃម៍ពិសេសម៉្យាង ចេញមកសម្រាប់ការកិនរំលាយផ្លែឈើ ធ្វើឱ្យរាងកាយអាចបឺតជ្រាបយកជាតិស្ករ និងសារធាតុអាហារបាន​យ៉ាងពេញទំហឹង។

    បរិភោគនៅចន្លោះពេលបាយចម្បងៗ៖

    ជាប្រក្រតីមនុស្សយើងតែងបរិភោគអាហារ 3ពេលក្នុង 1ថ្ងៃ​ ឯអំឡុងពេលចន្លោះពេលបាយនីមួយៗវិញ គឺជាពេល​របស់​​​ផ្លែឈើ ដោយជាប្រក្រតី គឺបន្ទាប់ពីពេលបាយ ប្រមាណជា 1–2​ម៉ោង តែបើសិនជាអាហារ ដែលត្រូវការប្រើពេល​​រំលាយ​​យូរ ដូចជា នំបឺហ្គ៊ើរ ឬដុំសាច់ ជាដើម គួរទុកចន្លោះពេលប្រមាណ 3–4ម៉ោង សឹមបរិភោគផ្លែឈើ។

    ល្អបំផុត គឺការបរិភោគផ្លែឈើ ជាអាហារដំបូងនៃថ្ងៃនីមួយៗ(ពេលព្រឹក) ពេលពោះនៅទំនេរ ឬចន្លោះរវាងពេលបាយ​ព្រឹក និងពេលបាយថ្ងៃ​​៖

    បើអាចជ្រើសរើសអាហារពេលព្រឹកបាន អ្នកគួរជ្រើសរើសបរិភោគមុខម្ហូប ធ្វើពីផ្លែឈើ រួមជាមួយគ្នាតែម្តង ដូចជា ហ្វ្រ៊ុតសាលាដ ផ្លែប៉ោម ឬក៏ទឹកផ្លែឈើកិន ហើយគួរចៀសវាងការញ៉ាំផ្លែឈើមុនពេលចូលគេង ព្រោះជាតិស្ករដែលបានពីផ្លែឈើ មានថាមពលខ្លាំង ធ្វើឱ្យរាងកាយស្វាហាប់រហូតអាចធ្វើឱ្យអ្នកគេងមិនលក់។

    បរិភោគក្នុងរូបភាពជាទឹកផ្លែឈើកិន៖

    ទឹកសណ្តែកលឿង ណាត់មៀលគ៍ ទឹកដូង ឬយ៉ាអួ គឺជាជម្រើសដ៏ល្អ សម្រាប់កិនលាយជាមួយផ្លែឈើ ព្រោះមិនធ្វើឱ្យលំបាកដល់ប្រព័ន្ធកិនរំលាយអាហារ ក្រៅពីនោះ អ្នកគួរជ្រើសរើសទទួលទានផ្លែឈើ ដែលមានជាតិស្ករតិច ដូចជាផ្លែប៉ោម​ពណ៌បៃតង ជាដើម វានឹងល្អចំពោះសុខភាពយើងខ្លាំងជាង។

    ឬបរិភោគក្នុងរូបភាពជាផ្លែឈើក្រៀម៖

    តែមិនគួរបរិភោគផ្លែឈើក្រៀមណា ដែលមានជាតិផ្អែមខ្លាំង និងក្នុងបរិមាណច្រើនជ្រុលពេកឡើយ គួរ​កំណត់​បរិមាណក្នុងការបរិភោគ ឬជ្រើសរើសទទួលទានតែក្នុងឱកាសណាពិសេសៗបានហើយ៕

  • លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ COVID-19 នៅ​កម្ពុជា គិត​ត្រឹម​​ថ្ងៃ​ទី​30​ ខែឧសភា ឆ្នាំ2021

    លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ COVID-19 នៅ​កម្ពុជា គិត​ត្រឹម​​ថ្ងៃ​ទី​30​ ខែឧសភា ឆ្នាំ2021

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​យប់​ថ្ងៃទី30 ខែឧសភា បានឱ្យដឹងថា អត្រា​នៃ​ពលរដ្ឋ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 បាន​កើន​ដល់ 25.67% បើ​ធៀប​នឹង​ពលរដ្ឋ​គោលដៅ​ចំនួន 10លាន​នាក់ ដែល​រាជរដ្ឋាភិបាល​បានកំណត់។

    ក្នុងចំណោម​ពលរដ្ឋ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង Covid-19 មាន 2,567,493នាក់ បាន​ចាក់​ម្ជុល (ដូ​ស) ទីមួយ និង 1,961,346 បាន​ចាក់​ម្ជុល​ទី​ពីរ (រួចរាល់)។

    កម្ពុជា បាន​ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ចាប់ពី​ថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2021 ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ចំនួន 3ប្រភេទ រួមមាន វ៉ាក់សាំង  Sinopharm របស់​ក្រុមហ៊ុន​រដ្ឋ​ចិន China National Pharmaceutical Group Corporation (ហៅ​កាត់​ថា Sinopharm) ផលិត​នៅ​ប្រទេស​ចិន, វ៉ាក់សាំង​ឥណ្ឌា Covishield ប្រើ​រូបមន្ត​របស់​ក្រុមហ៊ុន​អង់គ្លេស AstraZeneca និង​វ៉ាក់សាំង Sinovac (CoronaVac) របស់​ក្រុមហ៊ុន​ចិន Sinovac Biotech ផលិត​នៅ​ប្រទេស​ចិន។

    ព័ត៌មាន​លម្អិត សូម​អាន​របាយការណ៍​របស់ អនុគណៈកម្មការ​តាមដាន​និង​វាយតម្លៃ នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង Covid-19 ក្របខណ្ឌ​ទូទាំងប្រទេស (គ.វ.ក-១៩) ដែលមាន​ដូចខាងក្រោម៖
    ប្រភព​៖ ក្រសួង​សុខាភិបាល​
    ដកស្រង់​៖ បុត្រា

  • វ៉ាក់សាំង COVID-19 របស់​ចិន មាន​ផលប៉ះពាល់​តិច និង​មិនទាន់មាន​ករណី​ស្លាប់

    វ៉ាក់សាំង COVID-19 របស់​ចិន មាន​ផលប៉ះពាល់​តិច និង​មិនទាន់មាន​ករណី​ស្លាប់

    ក្រុម​ហ៊ុន​ Sinopharm ប្រកាស​លទ្ធផល​នៃ​ការសាកល្បង​ប្រើប្រាស់​ដំណាក់កាល​ទី​បី ក្រោយពី​វ៉ាក់សាំង Covid-19 ចំនួន 200លាន​ដូ​ស របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ ត្រូវបាន​ចាក់​នៅ​ជុំវិញ​ពិភពលោក។

    យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី26 ខែឧសភា នៅលើ​ទស្សនាវដ្ដី​សមាគម​វេជ្ជសាស្ត្រ​អាមេរិក វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន Sinopharm ដែល​ផលិត​នៅ​ទីក្រុង​ប៉េកាំង មាន​ប្រសិទ្ធភាព 78.1%។ វ៉ាក់សាំង Covid-19 របស់ Sinopharm មុន​នោះ ក៏​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក (WHO) អនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់​រួចហើយ​ដែរ។

    ចំណែក​វ៉ាក់សាំង​មួយ​ប្រភេទ​ទៀត​របស់ Sinopharm ផលិត​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ​ទីក្រុង Wuhan ប្រទេស​ចិន​ ​មាន​ប្រសិទ្ធភាព 72.8%។ វ៉ាក់សាំង​នេះ កំពុងស្ថិត​ក្នុងដំណាក់កាល​ស្នើ WHO ផ្ដល់​សិទ្ធ​ឱ្យធ្វើ​ចរាចរណ៍​បន្ទាន់ និង​ត្រូវ​បានអនុម័ត​ដោយមាន​លក្ខខណ្ឌ​អម​នៅ​ប្រទេស​ចិន។

    លទ្ធផល​ដែល​ទទួលបាន​ពី​ការសាកល្បង​ប្រើប្រាស់​លើក​ទី​បី​របស់ Sinopharm ត្រូវបាន​ធ្វើឡើង​ដោយយោង​ទៅលើ​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​អ្នកស្ម័គ្រចិត្ត​ចំនួន 40,411នាក់ នៅ UAE និង​បា​រ៉ែ​ន ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​នេះ កាលពី​ឆ្នាំ2020។ អ្នកស្ម័គ្រចិត្ត ភាគច្រើន​មាន​សុខភាព​ល្អ និង​មាន​វ័យ​ចាប់ពី 18-59ឆ្នាំ ប៉ុន្តែ​ក៏មាន​ប្រហែល 600នាក់ មាន​អាយុ​លើសពី 60ឆ្នាំ​ផងដែរ។

    លទ្ធផល​ខាងលើ បាន​បង្ហាញថា អ្នក​ដែល​បាន​​ជួប​ផលប៉ះពាល់​មាន​ចំនួន 201ករណី ក្នុងនោះ​មាន 2ករណី​មាន​សភាព​ធ្ងន់ធ្ងរ​បំផុត ទាក់ទិន​នឹង​វ៉ាក់សាំង​របស់​ Sinopharm ​ដែល​ផលិត​នៅ​ទីក្រុង​ប៉េកាំង។ នោះ​គឺ​បុរស​វ័យ 30ឆ្នាំ ដែល​ត្រូវបាន​ពិនិត្យឃើញថា អាច​ប៉ះពាល់​ដល់​សរសៃវិញ្ញាណ និង​ស្ត្រី​វ័យ 35ឆ្នាំ មាន​អាការ​ក្អួតចង្អោរ​ខ្លាំង និង​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

    ទស្សនាវដ្ដី សមាគម​វេជ្ជសាស្ត្រ​អាមេរិក ក៏បាន​បញ្ជាក់ថា ការពិសោធ​ដំណាក់កាល​ទី​បី​របស់ Sinopharm ត្រូវបាន​ធ្វើឡើង​ភាគច្រើន​ទៅលើ​ក្រុមមនុស្ស​ដែលមាន​វ័យ​នៅ​ក្មេង មិនអាច​បញ្ជាក់​អំពី​ប្រសិទ្ធភាព​ចំពោះ​អ្នក​ដែលមាន​ជំងឺ​ប្រចាំកាយ ស្ត្រី និង​មនុ​ស្សវ័យ​ចំណាស់។

    យោងតាម​ទិន្នន័យ​កាលពី​ដើមខែ​នេះ វ៉ាក់សាំង Sinopharm ប្រមាណ 200លាន​ដូ​ស ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស និង​ដែនដី​ចំនួន 42 លើ​ពិភពលោក ឈរ​ពីក្រោយ AstraZeneca, Pfizer-BioNTech និង Moderna។

    វ៉ាក់សាំង Sinopharm កន្លងមក ធ្លាប់​ធ្វើឱ្យមាន​ការសង្ស័យ​ច្រើន​ពី​សំណាក់​ក្រុម​អ្នកវិទ្យាសាស្ត្រ ដោយសារ​តែមាន​ទិន្នន័យ​តិចតួច​ស្ដីពី​ការពិសោធន៍​លើ​មនុស្ស​ដំណាក់​កាល​ចុងក្រោយ ដែល​ត្រូវបាន​ប្រកាស​ដោយ​រដ្ឋាភិបាល​ចិន ក៏ដូចជា​ការ​បង្ហើប​ពី​ក្រុមហ៊ុន​នេះ៕

    ប្រភព​៖ SCMP
    ប្រែសម្រួល​៖ បុត្រា

  • ពលរដ្ឋ​ឥណ្ឌា គោរពបូជា អាទិទេព CORONA ដើម្បី​ការ​ពារ​មនុស្ស​ពី​ COVID-19

    ពលរដ្ឋ​ឥណ្ឌា គោរពបូជា អាទិទេព CORONA ដើម្បី​ការ​ពារ​មនុស្ស​ពី​ COVID-19

    ឥណ្ឌា៖ សាសនិក​ហិណ្ឌូ​ជាច្រើន បាននាំគ្នា​មក​បួងសួង​ជា​រៀងរាល់ថ្ងៃ នៅ​វិហារ​មួយ​ដែល​ស្ថិតក្នុង​រដ្ឋ Tamil Nadu ជា​កន្លែង​ដែលមាន​រូបសំណាក​អាទិទេព​ថ្មី​មួយទៀត​របស់​ពួកគេ នោះ​គឺ Corona។

    ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP បានឱ្យដឹងថា រូបសំណាក​អាទិទេព​ Corona មួយ​អង្គ​ បានបង្ហាញ​ខ្លួន​នៅក្នុង​ទីក្រុង Coimbatore ក្នុង​គ្រា​ប្រទេស​ឥណ្ឌា​ជួប​បញ្ហាលំបាក​ខ្លាំង ដោយសារតែ​រលក​នៃ​ការវាយប្រហារ​លើក​ទី​ពីរ​របស់​វីរុស​Covid-19។

    វិហារ Kamatchipuri Adhinam ត្រូវបាន​បិទទ្វារ​ក្នុងពេល Covid-19 ឆ្លង​រាលដាល​ខ្លាំង​នៅ​ទីក្រុង Coimbatore ប៉ុន្តែ អ្នក​កាន់សាសនា​ហិណ្ឌូ​ជាច្រើន នៅតែ​មកកាន់​ទីនេះ​ដើម្បី​បួងសួង​នៅ​ចំពោះមុខ​រូបសំណាក​អាទិទេព Corona។ នៅ​ខាង​មុខ​រូបសំណាក​អាទិទេព​ Corona ក៏​មាន​រូបសំណាក​វីរុស​Corona ចំនួន​ពីរ​ផងដែរ​ ក្នុង​នោះ​មាន​ មួយ​​ធ្វើ​អំពី​ថ្ម និង​មួយ​​ទៀត​ធ្វើ​អំពី​ឈើ​ក្រអូប។

    អាទិទេព​ Corona

    មូលហេតុ​ដែលនាំឱ្យ​សាសនិក​ហិណ្ឌូ គោរព​អាទិទេព Corona នេះ ត្រូវបាន​គេ​ជឿថា ដើម្បី​បួងសួង​សុំ​បញ្ចប់​មហា​រោគរាតត្បាត Covid-19 ឱ្យបាន​ឆាប់រហ័ស។

    គិត​មកដល់​ព្រឹក​ថ្ងៃទី29 ខែឧសភា ឥណ្ឌា បាន​រកឃើញ​អ្នក​ឆ្លង​វី​រូស​Covid-19 សរុប​ចំនួន 27,719,431នាក់ ក្នុងនោះ​មាន 322,384នាក់​បាន​ស្លាប់, 25,170,952នាក់ បានជា និង 2,226,095នាក់ កំពុង​ទទួល​ការព្យាបាល៕

    ប្រភព​៖ AFP,
    ប្រែសម្រួល​៖ បុត្រា