Category: សុខភាព

  • ក្រុមហ៊ុន ជប៉ុន សុំច្បាប់ ធ្វើ​ចរាចរណ៍​ថ្នាំ​ពិសេស ព្យាបាល COVID-19

    ក្រុមហ៊ុន ជប៉ុន សុំច្បាប់ ធ្វើ​ចរាចរណ៍​ថ្នាំ​ពិសេស ព្យាបាល COVID-19

    ក្រុមហ៊ុន​អភិវឌ្ឍ និង​ផលិត​ឱសថ Shionogi របស់​ប្រទេស​ជប៉ុន នឹង​ស្នើសុំ​ច្បាប់​សម្រាប់​ធ្វើចរាច​រណ៍​ឱសថ​ព្យាបាល​ជំងឺ COVID-19 ប្រភេទ​គ្រាប់​សម្រាប់​លេប នាពេល​ដ៏​ខ្លី​ខាងមុខ ដែល​នេះ​នឹង​ផ្ដល់​ជម្រើស​បន្ថែម​ក្នុងការ​ព្យាបាល​នៅតាម​ផ្ទះ និង​កាត់បន្ថយ​សម្ពាធ​នៅតាម​មន្ទីរពេទ្យ។

    ប្រភពព័ត៌មាន​ពី​ក្រុមហ៊ុន Shionogi ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង Osaka ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី 06 សីហា បានឱ្យដឹងថា ថ្នាំ​ព្យាបាល​ជំងឺ COVID-19 នេះ ត្រូវបាន​ពិសោធ​លើ​មនុស្ស​ចាប់តាំងពី​ខែកក្កដា ឆ្នាំ 2021 ហើយ​ថា នឹង​ស្នើសុំ​អាជ្ញាប័ណ្ណ​នៅ​ចុងឆ្នាំ​នេះ។ ឱសថ​នេះ ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​ព្យាបាល​ជំងឺ COVID-19 កម្រិត​ស្រាល និង​មធ្យម ដោយ​ជួយ​ទប់ស្កាត់​មិនឱ្យ​ជំងឺ​វិ​វ​ឌ្ឍ​ទៅជា​ធ្ងន់ធ្ងរ។

    បើសិនជា​ទទួលបាន​ច្បាប់​អនុញ្ញាតឱ្យ​ដាក់លក់ នោះ​វា​នឹង​ជា​ថ្នាំលេប​ដំបូង​គេ​បង្អស់ សម្រាប់​ព្យាបាល​ជំងឺ COVID-19 កម្រិត​ស្រាល និង​មធ្យម​នៅ​ប្រទេស​ជប៉ុន។ បច្ចុប្បន្ន មានតែ​ថ្នាំ​ចាក់​មួយ​ប្រភេទ​ប៉ុណ្ណោះ សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 កម្រិត​ស្រាល នៅក្នុង​ប្រទេស​នេះ ហើយ​ថ្នាំ​នេះ ក៏ត្រូវ​ការចាក់​នៅតាម​មន្ទីរពេទ្យ។

    លោក Isao Teshirogi ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ជប៉ុន Shionogi & Co.,

    ប្រភពព័ត៌មាន​ពី​ក្រុមហ៊ុន​ខាងលើ ក៏បាន​ឱ្យដឹងថា ក្រុមហ៊ុន​នេះ​ក៏​កំពុង​ពិនិត្យ​ទៅលើ​លទ្ធភាព​ផ្គត់ផ្គង់​ទៅកាន់​ប្រទេស​ដទៃ​ផងដែរ។ Shionogi កំពុង​ពិភាក្សា​អំពី​គម្រោង​នាំចេញ​ឱសថ​នេះ ជាមួយ​នាយកដ្ឋាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ជីវ​ឱសថ​កម្រិត​ខ្ពស់ របស់ សហរដ្ឋអាមេរិក (Biomedical Advanced Research and Development Authority / BARDA)។

    ក្រុមហ៊ុន Shionogi មាន​ផែនការ​ស្នើសុំ​ច្បាប់​បន្ទាន់​ពី​ក្រសួងសុខាភិបាល ជប៉ុន ដែល​ប្រការនេះ​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​មិនចាំបាច់​បំពេញ​ការពិសោធ​លើ​មនុស្ស មុនពេល​ដាក់លក់​នៅក្នុង​ទីផ្សារ ដោយ​គ្រាន់តែ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ចាំបាច់​នាពេល​បន្ទាប់។

    ក្រុមហ៊ុន Shionogi ក៏​សង្ឃឹមថា នឹង​អាច​ផ្គត់ផ្គង់​ថ្នាំ​នេះ ដល់​អ្នកជំងឺ​ចាប់ពី 1 លាន ទៅ 2 លាន​នាក់ ក្នុងប្រទេស​ជប៉ុន នៅ​ចុងឆ្នាំ 2021៕

  • ក្រសួងសុខាភិបាល៖ ការចាក់​វ៉ាក់សាំង AstraZeneca ដូ​ស​ជំរុញ ឬ​ដូ​ស​ទី 3 នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 08 សីហា

    ក្រសួងសុខាភិបាល៖ ការចាក់​វ៉ាក់សាំង AstraZeneca ដូ​ស​ជំរុញ ឬ​ដូ​ស​ទី 3 នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 08 សីហា

    ក្រសួងសុខាភិបាល នា​ព្រឹក​នេះ (07 សីហា 2021) បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដូ​ស​ទី 3 ឬ​ហៅថា ដូ​ស​ជំរុញ ជូន​ដល់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង Sinopharm ឬ Sinovac ដោយ​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca។

    ក្រុម​គោលដៅ​ដែល​ស្ថិតក្នុង​អាទិភាព​នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ រួមមាន ក្រុមគ្រូពេទ្យ​ជួរមុខ មន្ត្រីរាជការ ទាហាន គ្រួសារ​ទាហាន នគរបាល និង​អតីតយុទ្ធជន​ផងដែរ។

    ការចាក់​វ៉ាក់សាំង​ដូ​ស​ទី 3 ឬ ដូ​ស​ជំរុញ ដែល​នឹង​ប្រ​ព្រឹ​តទៅ​ចាប់ពី​ថ្ងៃទី 08 សីហា 2021 នេះ ត្រូវបាន​ក្រសួង​បញ្ជាក់ថា គឺ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​របស់ COVID-19 ប្រភេទ Delta។ ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម។

    គិត​ត្រឹម​យប់​ថ្ងៃទី 06 ខែសីហា ឆ្នាំ 2021 ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់ វ៉ាក់សាំង​បង្ការ COVID-19 ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស សរុប​ចំនួន 7,927,745 នាក់៕

  • ការចាក់​វ៉ាក់សាំង​លាយ​ឆ្លាស់គ្នា ជា​ជម្រើស​មាន​សក្ដានុពល​ក្នុងការ​ប្រឆាំង COVID-19

    ការចាក់​វ៉ាក់សាំង​លាយ​ឆ្លាស់គ្នា ជា​ជម្រើស​មាន​សក្ដានុពល​ក្នុងការ​ប្រឆាំង COVID-19

    ការចាក់​វ៉ាក់សាំង​លាយឡំ​គ្នា ដើម្បី​បង្ការ​ការឆ្លង​វីរុស COVID-19 កំពុង​ក្លាយជា​ដំណោះស្រាយ​ដែលមាន​សក្តានុពល នៅពេល​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រកបដោយ​គ្រោះថ្នាក់ កំពុង​គំរាមកំហែង​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​វិបត្តិ​សុខភាព​នៅ​ទូទាំង​សកលលោក។

    អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី 12 កក្កដា បាន​លើកឡើងថា បណ្ដា​ប្រទេស​ពុំគួរ​ប្រញាប់​ចាក់​វ៉ាក់សាំង​លាយឡំ​គ្នា​នោះទេ ដោយសារតែ​ទិន្នន័យ​នៃ​ការសិក្សា​ស្រាវជ្រាវ​ស្ដីពី​ប្រសិទ្ធភាព និង​ផលប៉ះពាល់​ដល់​សុខភាព នៅមាន​កំណត់។ ប៉ុន្តែ បញ្ហាយឺតយ៉ាវ​នៃ​ប្រភព​ផ្គត់ផ្គង់​វ៉ាក់សាំង រួម​នឹង​ការឆ្លង​រាលដាល​ខ្លាំង​របស់​វីរុស​បំប្លែង​ខ្លួន​ថ្មី​នៅក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ធ្វើឱ្យ​បណ្ដា​ប្រទេស​ត្រូវ​គិតគូរ​អំពី​ការប្ដូរ​យុទ្ធសាស្ត្រ​ក្នុងការ​ចាក់​វ៉ាក់សាំង។

    មកដល់​បច្ចុប្បន្ន មាន​ប្រទេស​ជាច្រើន​កំពុង​ពិចារណា​ទៅលើ​ការចាក់​វ៉ាក់សាំង​លាយឡំ​គ្នា សម្រាប់​ដូ​ស​ទី​ពីរ ឬ​ដូ​ស​បន្ថែម​ដើម្បី​ធានា​លើ​ការការពារ​ពលរដ្ឋរ​បស់​ខ្លួន។ នៅ កម្ពុជា កាលពី​ថ្ងៃទី 01 សីហា ប្រមុខ​រដ្ឋាភិបាល បាន​មានប្រសាសន៍ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង Sinopharm ឬ Sinovac រួចរាល់ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង AstraZeneca 1 ម្ជុល​បន្ថែមទៀត ខណៈដែល​អ្នក​ចាក់ AstraZeneca រួចរាល់ នឹងត្រូវ​ចាក់​រំលឹក​មួយ​ម្ជុល​ទៀត ដោយ​ប្រើ​វ៉ាក់សាំង Sinovac វិញ​ម្ដង។

    ប្រទេស​ថៃ ឯណោះ​វិញ កាលពី​ថ្ងៃទី 12 កក្កដា ក៏បាន​ឱ្យដឹងថា ប្រទេស​នេះ​ចាក់ AstraZeneca ចំនួន 2 ដូ​ស ចំពោះ​អ្នក​ដែល​បាន​ចាក់ Sinovac ចំនួន 1 ដូ​ស​រួចហើយ។

    វេជ្ជបណ្ឌិត Vinod RMT Balasubramaniam សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Monash ប្រទេស​ម៉ាឡេស៊ី បានឱ្យដឹងថា៖ «ការចាក់​វ៉ាក់សាំង​លាយ​ឆ្លាស់គ្នា​នេះ ត្រូវបាន​យកចិត្តទុកដាក់​កាន់តែ​ច្រើនឡើង។ ទិន្នន័យ​ដែល​ត្រូវបាន​ប្រកាស​ចុងក្រោយ​នេះ បានបង្ហាញ​អំពី​ប្រសិទ្ធភាព និង​សមត្ថភាព​នៃ​ការការពារ​ខ្ពស់ នៅ​ចំពោះមុខ​វ៉ា​រ្យ៉​ង់​នានា​របស់ COVID-19»។

    វិទ្យាស្ថាន​សេរ៉ូម​របស់ ដា​ណឺ​ម៉ាក កាលពី​ថ្ងៃទី 02 សីហា ក៏បាន​បង្ហើប​ឱ្យដឹងថា ការចាក់ Pfizer ឬ Moderna បន្ទាប់ពី​បាន​ចាក់ AstraZeneca បង្កើតបានជា​ស្រទាប់​ការពារ​ដែល​ល្អ​ជាង សម្រាប់​មនុស្ស។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា រយៈពេល 14 ថ្ងៃ បន្ទាប់ពី​បាន​ចាក់​លាយ​ឆ្លាស់គ្នា ហានិភ័យ​នៃ​ការឆ្លង COVID-19 បាន​ថយចុះ 88% ប្រើ​ធៀប​នឹង​អ្នក​ដែល​មិនទាន់បាន​ចាក់។

    ការស្រាវជ្រាវ​មួយ​របស់​ប្រទេស កូរ៉េខាងត្បូង កាលពី​ខែកក្កដា បានឱ្យដឹងថា ការចាក់ Pfizer ចំនួន 2 ដូ​ស ក្រោយពី​ចាក់ AstraZeneca 1 ដូ​ស ជួយ​បង្កើន​កម្លាំង​ការពារ​រាងកាយ​ខ្ពស់ជាង 6 ដង ធៀប​នឹង​ការចាក់​តែ AstraZeneca 2 ដូ​ស។

    សាកលវិទ្យាល័យ Oxford របស់​ប្រទេស​អង់គ្លេស កាលពីដើមឆ្នាំ​នេះ​ ក៏បាន​បញ្ជាក់ថា ការចាក់​លាយ Pfizer ជាមួយនឹង AstraZeneca ក៏មាន​ប្រយោជន៍​ច្រើន​ដល់​អង្គ​ប​ដិ​ប្រាណ។

    ចំណែក​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​មូលនិធិ​វិនិយោគ​ផ្ទាល់ នៃ​ប្រទេស រុស្ស៊ី (RDIF) ដែល​បានប្រកាស​កាលពី​ថ្ងៃទី 30 កក្កដា 2021 ​ក៏បាន​ឱ្យដឹងថា ការសាកល្បង​ចាក់​វ៉ាក់សាំង Sputnik V និង AstraZeneca លាយ​ឆ្លាស់គ្នា បាន​បង្ហាញថា ពុំមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ និង​មិនបាន​រកឃើញ​ករណី​ឆ្លង​នោះទេ នៅក្នុង​ចំណោម​អ្នកស្ម័គ្រចិត្ត។

    ក្រុមមន្ត្រី​សុខាភិបាល​របស់​ អាល្លឺម៉ង់ កាលពី​ថ្ងៃទី 2 សីហា បាន​ប្រាប់ថា ប្រទេស​នេះ មាន​គម្រោង​ប្រើប្រាស់ Pfizer និង Moderna ដើម្បី​ចាក់​ដូ​ស​បន្ថែម សម្រាប់​ពលរដ្ឋ​វ័យ​ចំណាស់ និង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ ចាប់ពី​ខែកញ្ញា ដោយ​មិន​ខ្វល់​ថា មុននេះ ពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ​ណា​នោះទេ។

    មកដល់​បច្ចុប្បន្ន មនុស្ស​ជាង 200 លាន​នាក់ បាន​ឆ្លង COVID-19 និង​ជាង 4 លាន​នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ រាប់​ចាប់ពី​វា​បាន​បង្ហាញខ្លួន​ដំបូង​នៅ​ទីក្រុង Wuhan ប្រទេស​ចិន កាលពី​ចុងឆ្នាំ 2019។  វ៉ាក់សាំង​ចំនួន 4.36 ពាន់​លាន​ដូ​ស ត្រូវបាន​ចាក់​នៅ​ទូទាំង​សកលលោក ដោយ​ជា​មធ្យម ចាក់​បាន 40.31លាន​ដូ​ស​ក្នុង 1 ថ្ងៃ។ ប្រជាជន​ចំនួន 29.6% របស់​ពិភពលោក បាន​ចាក់​យ៉ាងតិច 1 ដូ​ស និង 15.2% បាន​ចាក់​រួចរាល់។ ដោយឡែក នៅក្នុង​បណ្ដា​ប្រទេស​អ្នកមាន ពលរដ្ឋ​របស់​ពួកគេ ប្រមាណ ពី 60-80% បាន​ចាក់​យ៉ាងតិច 1 ដូ​ស ខណៈដែល​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ អត្រា​នេះ​ប្រហាក់ប្រហែល​នឹង 1.1% ប៉ុណ្ណោះ។ នេះ​បើតាម Our World in Data។

    ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ថា សូម្បីតែ​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​បំផុត ក៏​មិនល្អ​គ្រប់​ដប់​នោះដែរ នៅពេលដែល​អត្រា​នៃ​ការឆ្លង​បាន​កើនឡើង​ខ្ពស់​ខ្លាំង បើ​ទោះ​មិនមាន​ហានិភ័យ​ខ្ពស់​ដល់​ថ្នាក់​ចូល​ពេទ្យ ឬ​ស្លាប់។ ដូច្នេះ វិធានការ​រក្សា​គម្លាត​សង្គម ការ​រឹង​បន្តឹង​ការជួបជុំ នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​រឿង​សំខាន់​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង COVID-19 ពិសេស​គឺ​នៅពេល​ត្រូវ​ប្រឈមមុខ​នឹង វ៉ា​រ្យ៉​ង់ Delta៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 06 សីហា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 06 សីហា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 588 នាក់, អ្នកជា​ចំនួន 624 នាក់ និង​អ្នកស្លាប់​ចំនួន 19 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 05 ខែសីហា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 06 ខែសីហា​ ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 80,813 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 74,045 នាក់ និង អ្នកស្លាប់ 1,526 នាក់ ខណៈ​អ្នក​ជំងឺ​កំពុង​ព្យាបាល​ មាន​ចំនួន ​ប្រមាណ 5,000 នាក់​។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 201,712,180​ ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 181,469,854 ​​​នាក់​បានជា, 4,280,563 នាក់​បាន​ស្លាប់ និង​ជាង 15,961,770 នាក់ កំពុង​ព្យាបាល៕

  • វ៉ាក់សាំង​បង្ការ COVID-19 ជា​ជំនួយ​ផ្ទាល់ ជំហាន​ទី​ពីរ​របស់ ជប៉ុន នឹង​មកដល់ កម្ពុជា នៅ​យប់​នេះ

    វ៉ាក់សាំង​បង្ការ COVID-19 ជា​ជំនួយ​ផ្ទាល់ ជំហាន​ទី​ពីរ​របស់ ជប៉ុន នឹង​មកដល់ កម្ពុជា នៅ​យប់​នេះ

    នៅ​យប់​ថ្ងៃទី 06 ខែសីហា នេះ វ៉ាក់សាំង​បង្ការ COVID-19 ប្រភេទ AstraZeneca ចំនួន 668,000 ដូ​ស ដែលជា​ជំនួយ​ទ្វេភាគី​របស់ រាជរដ្ឋាភិបាល​ជប៉ុន ជំហាន​ទី​ពីរ នឹង​ដឹក​មកដល់​កម្ពុជា។ នេះ​បើតាម​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល។

    វ៉ាក់សាំង​បង្ការ COVID-19 ប្រភេទ AstraZeneca ចំនួន 668,000 ដូ​ស​នេះ ស្ថិតក្នុង​ចំណោម​ជំនួញ​ទ្វេភាគី​ជា​វ៉ាក់សាំង​ចំនួន 1000,000 ដូ​ស ដែល ជប៉ុន បាន​សន្យា​ផ្ដល់ឱ្យ កម្ពុជា នាពេល​កន្លង។ មុននេះ ជំនួយ​ជា​វ៉ាក់សាំង AstraZeneca របស់ ជប៉ុន ជំហាន​ទីមួយ ចំនួន 332,000 ដូ​ស ត្រូវបាន ជប៉ុន ប្រគល់ឱ្យ កម្ពុជា រួចហើយ កាលពី​ថ្ងៃទី 23 កក្កដា ឆ្នាំ 2021។

    គិត​មកដល់​បច្ចុប្បន្ន រាជរដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ជំនួយ​ដល់ កម្ពុជា សរុប​ជា​ទឹកប្រាក់ ប្រមាណ 50 លាន​ដុល្លារ​អាមេរិក ដើម្បី​ទប់ទល់​នឹង​បញ្ហា COVID-19។ ជប៉ុន ក៏បានផ្ដល់​ប្រាក់កម្ចី​ប្រមាណ 227 លាន​ដុល្លារ​អាមេរិក មកឱ្យ កម្ពុជា សម្រាប់​ប្រើប្រាស់​ក្នុង​កម្មវិធី​ឧបត្ថម្ភ​ប្រាក់​ដល់​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយសារ COVID-19 និង​ការស្ដារ​ប្រព័ន្ធ​សុខាភិបាល។

    គិត​ត្រឹម​ថ្ងៃទី 05 ខែសីហា ឆ្នាំ 2021 កំណើន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 នៅ កម្ពុជា មាន​ដូចខាងក្រោម៖

    ជា​សរុប កម្ពុជា បាន​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 ជូន​ពលរដ្ឋ​ទូទាំងប្រទេស បាន​ចំនួន 7,810,469 នាក់ ក្នុងនោះ​មាន៖
    -ប្រជាជន​ពេញវ័យ​ជា​គោលដៅ​ចំនួន 10 លាន​នាក់ ចាក់​វ៉ាក់សាំង​បាន 76.13%។
    -ពលរដ្ឋ​ជា​កុមារ-យុវវ័យ​អាយុ​ចាប់ពី 12 ឆ្នាំ ដល់​ក្រោម 18 ឆ្នាំ ជា​គោលដៅ ចំនួន 1,966,931នាក់ ចាក់​បាន 10.06%។
    -ពលរដ្ឋ​ទូទាំងប្រទេស (16 លាន​នាក់) ចាក់​បាន 48.82%។

  • វ៉ាក់សាំង COVID-19 ជា​ជំនួយ​ទ្វេភាគី​ពី អង់គ្លេស ដែលទើប​មក​ដល់​ កម្ពុជា ត្រូវ​បាន​សម្ដេច​ អញ្ជើញ​ទទួល​ដោយ​ផ្ទាល់

    វ៉ាក់សាំង COVID-19 ជា​ជំនួយ​ទ្វេភាគី​ពី អង់គ្លេស ដែលទើប​មក​ដល់​ កម្ពុជា ត្រូវ​បាន​សម្ដេច​ អញ្ជើញ​ទទួល​ដោយ​ផ្ទាល់

    តាមរយៈ​វ៉ាក់សាំង ចំនួន 415,000 ដូ​ស នេះ អង់គ្លេស បាន​ក្លាយជា​ប្រទេស​ទី​បី​ហើយ ដែល​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​ប្រឆាំង COVID-19 លក្ខណៈ​ទ្វេភាគី​មកដល់ កម្ពុជា បន្ទាប់ពី ចិន និង ជប៉ុន។

    វ៉ាក់សាំង​ដែល​ទើប​ដឹក​មកដល់ កម្ពុជា នៅថ្ងៃនេះ កំពុងស្ថិត​ក្នុង​ពិធី​ប្រគល់​និង​ទទួល​វ៉ាក់សាំង ដែល​កំពុង​​ប្រព្រឹត្តទៅ​នៅពេល​ ក្រោម​អធិបតីភាព​របស់​ប្រមុខ​រដ្ឋាភិបាល កម្ពុជា សម្ដេច ហ៊ុន សែន។ កន្លងមក សម្តេច​តេ​ជោ ប្រមុខ​រដ្ឋាភិបាល ធ្លាប់មាន​ប្រសាសន៍ថា រាល់​ជំនួយ​វ៉ាក់សាំង​ទ្វេភាគី សម្តេច​នឹង​ចេញ​ទទួល​ដោយផ្ទាល់។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 សរុប​ចំនួន 5,999,100 ដូ​ស ក្នុងនោះ​មាន​ជំនួយ​លក្ខណៈ​ទ្វេភាគី​ចំនួន 4,615,000 ដូ​ស និង​ជំនួយ​ពី​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភពលោក ចំនួន 1,384,100 ដូ​ស។

  • បិទ​ខ្ទប់​ផ្សារ​ទួល​សង្កែ នៅ រាជធានី​ភ្នំពេញ ដើម្បី​កាត់ផ្ដាច់​វ៉ា​រ្យ៉​ង់ Delta

    បិទ​ខ្ទប់​ផ្សារ​ទួល​សង្កែ នៅ រាជធានី​ភ្នំពេញ ដើម្បី​កាត់ផ្ដាច់​វ៉ា​រ្យ៉​ង់ Delta

    រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ការសម្រេច​បិទ​ខ្ទប់​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ប្រភេទ Delta ដែលជា​វ៉ា​រ្យ៉​ង​នៃ COVID-19 មួយ ត្រូវបាន​រកឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា និង​កំពុង​រាតត្បាត​ក្នុង​ពិភពលោក។

    ផ្សារ​ទួល​សង្កែ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវបាន​សម្រេច​បិទ​ខ្ទប់​រយៈពេល 14 ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី 05 រហូតដល់​ថ្ងៃទី 18 ខែសីហា ឆ្នាំ 2021 ដើម្បី​ទប់ស្កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​នៅក្នុង​សហគមន៍ នៃ​វ៉ា​រ្យ៉​ង់​ថ្មី​របស់​វីរុស COVID-19 ដែលមាន​ឈ្មោះថា Delta។

    ព័ត៌មាន​បន្ថែម សូម​បន្ត​អាន​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ដែលមាន​ដូចខាងក្រោម៖

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 05 សីហា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 05 សីហា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 591 នាក់, អ្នកជា​ចំនួន 618 នាក់ និង​អ្នកស្លាប់​ចំនួន 19 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 04 ខែសីហា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 05 ខែសីហា​ ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 80,225 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 73,421​ នាក់ និង អ្នកស្លាប់ 1,507 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 0201,008,820 ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 181,015,550 ​​​នាក់​បានជា, 4,270,245 នាក់​បាន​ស្លាប់ និង​ជាង 15,723,030 នាក់ កំពុង​ព្យាបាល៕

  • BREAKING៖ សម្រេច​បិទ​ខ្ទប់ (Lockdown) កំណាត់​ផ្លូវ​មួយ​ នៅ​សង្កាត់​បឹង​ព្រលឹត ខណ្ឌ៧មករា ដោយសារ Delta

    BREAKING៖ សម្រេច​បិទ​ខ្ទប់ (Lockdown) កំណាត់​ផ្លូវ​មួយ​ នៅ​សង្កាត់​បឹង​ព្រលឹត ខណ្ឌ៧មករា ដោយសារ Delta

    កំណាត់​ផ្លូវ​លេខ 113 ចន្លោះ​ផ្លូវ​លេខ 232 និង​ផ្លូវ​លេខ 242 ដែល​ស្ថិតនៅ​ភូមិ២ សង្កាត់​បឹង​ព្រលឹត ខណ្ឌ៧មករា រាជធានី​ភ្នំពេញ ត្រូវបាន​បិទ​ខ្ទប់​មិនឱ្យ​មានការ​ចេញ-ចូល ដោយសារ​តែមាន​ការឆ្លង​រាលដាល​នៃ​វីរុស COVID-19 ប្រភេទ Delta។

    រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ការបិទ​ខ្ទប់​នេះ ត្រូវធ្វើឡើង​រយៈពេល 14 ថ្ងៃ ចាប់ពី​ថ្ងៃទី 05 ខែសីហា ដល់​ថ្ងៃទី 18 ខែសីហា ឆ្នាំ 2021។ ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីសម្រេច​ខាងក្រោម៖

  • ការ​ស្រាវ​ជ្រាវ​៖ អ្នក​បាន​ចាក់​វ៉ាក់សាំង មាន​ហានិភ័យ​ឆ្លង COVID-19 ទាប​ជាង​ច្រើន​​ដង ធៀប​នឹង​អ្នក​មិនទាន់​ចាក់

    ការ​ស្រាវ​ជ្រាវ​៖ អ្នក​បាន​ចាក់​វ៉ាក់សាំង មាន​ហានិភ័យ​ឆ្លង COVID-19 ទាប​ជាង​ច្រើន​​ដង ធៀប​នឹង​អ្នក​មិនទាន់​ចាក់

    ការសិក្សា​ស្រាវជ្រាវ​ថ្មី​របស់​ប្រទេស អង់គ្លេស បាន​បង្ហាញថា អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​​ពីរ​ដូ​ស មាន​ហានិភ័យ​ឆ្លង​វីរុស COVID-19 ទាប​ជាង 3 ដង​ឯណោះ បើ​ធៀប​ជាមួយនឹង​ក្រុមមនុស្ស​ដែល​មិនទាន់បាន​ចាក់។

    ការសិក្សា​ស្រាវជ្រាវ​របស់​កម្មវិធី​តាមដាន COVID-19 ដែលមាន​ឈ្មោះថា REACT-1 ដឹកនាំ​ដោយ​មហាវិទ្យាល័យ​អធិរាជ​ទីក្រុង​ឡុង​ដ៍ (Imperial College London) និង​ក្រុមហ៊ុន Ipsos MORI នេះ គឺ​យោងទៅតាម​លទ្ធផល​នៃ​ការធ្វើ​តេស្ត​របស់​មនុស្ស​ជាង 98,000 នាក់ ចាប់ពី​ថ្ងៃទី 24 មិថុនា ដល់ 12 កក្កដា។ លទ្ធផល​បាន​បង្ហាញថា អ្នក​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង COVID-19 មាន​ហានិភ័យ​ឆ្លង​វីរុស ក្នុង​អត្រា 1.21% គឺ​ខ្ពស់ជាង 3 ដង ធៀប​នឹង​អ្នក​បាន​ចាក់​រួចរាល់ ដែលមាន​អត្រា​ឆ្លង​ត្រឹមតែ 0.4%។

    ការស្រាវជ្រាវ​ក៏បាន​ឱ្យដឹងថា បើសិន​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ឆ្លង COVID-19 ពួកគេ​ក៏មាន​ហានិភ័យ​ចម្លង​វីរុស​ទៅ​អ្នកដទៃ ទាប​ជាង​ផងដែរ ដោយសារតែ​បរិមាណ​វីរុស​ក្នុង​រាងកាយ​មាន​ចំនួន​តិច។

    សាស្ត្រាចារ្យ Paul Elliott មកពី​សាលា​សុខាភិបាល​សាធារណៈ របស់​មហាវិទ្យាល័យ Imperial College London និយាយថា៖ «ការរកឃើញ​បង្ហាញថា វ៉ាក់សាំង​ចំនួន 2 ដូ​ស បានផ្ដល់​ស្រទាប់​ការពារ​បានល្អ នៅ​ចំពោះមុខ​ហានិភ័យ​នៃ​ការឆ្លង​វីរុស»។

    នៅក្នុង​ចំណោម​សំណាក​ជាង 98,000 ករណី ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ 527 សំណាក មាន​ផ្ទុក​វីរុស ដែល​នេះ​គឺ​ប្រហាក់ប្រហែល​នឹង​អត្រា 0.63%។ តួលេខ​នេះ កើន 4 ដង បើ​ធៀប​នឹង​អត្រា 0.15% នៅក្នុង​របាយការណ៍​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 17 មិថុនា ស្រាវជ្រាវ​ចាប់ពី​ថ្ងៃទី 20 ឧសភា ដល់​ថ្ងៃទី 07 មិថុនា។ ចំណែក​អត្រា​ឆ្លង​ខ្ពស់បំផុត​ដែល​ត្រូវបាន​កត់ត្រា​នៅ​ទីក្រុង​ឡុង​ដ៍ គឺ 0.94%៕