Category: សុខភាព

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 13 ខែ​សីហា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 13 ខែ​សីហា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 423 នាក់, អ្នកជា​ចំនួន 541 នាក់ និង​អ្នកស្លាប់​ចំនួន 20 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 12 ខែសីហា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 13 ខែសីហា​ ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 84,262 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 78,972 នាក់ និងអ្នកស្លាប់ 1,654 នាក់។

    ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ព្រលឹម​ថ្ងៃទី 12 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំ​ឡើងទៅ (ពលរដ្ឋ​គោលដៅ 10 លាន​នាក់) ចាក់​បាន 81.96%  ចំណែក​ពលរដ្ឋ អាយុ 12-17 ឆ្នាំ (ពលរដ្ឋ​គោលដៅ ជិត 2 លាន​នាក់) ចាក់​បាន 22.56%។ ជា​សរុប ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គោលដៅ 16 លាន​នាក់ នៅ​ទូទាំងប្រទេស សម្រេចបាន 54%។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 206,251,780 ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 185,102,320 ​​​នាក់​បានជា, ជាង​ 4,348,193 នាក់​បាន​ស្លាប់ និង​ជាង 16,801,259 នាក់ កំពុង​ព្យាបាល៕

  • រដ្ឋបាល​រាជធានី សម្រេច​បិទ​ខ្ទប់​កំណត់​ផ្លូវ​មួយ នៅក្នុង​ខណ្ឌមានជ័យ

    រដ្ឋបាល​រាជធានី សម្រេច​បិទ​ខ្ទប់​កំណត់​ផ្លូវ​មួយ នៅក្នុង​ខណ្ឌមានជ័យ

    នា​ព្រឹក​ថ្ងៃទី 13 ខែសីហា ឆ្នាំ 2021 នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីសម្រេច​មួយ ស្ដីពី​ការបិទ​ខ្ទប់​កំណាត់​ផ្លូវ​លេខ 35, ក្រុម17, ភូមិ​ព្រែក​តា​ឡុង2, សង្កាត់​ចាក់អង្រែ​ក្រោម, ខណ្ឌមានជ័យ, រាជធានី​ភ្នំពេញ។

    មូល​ហេតុនេះ​ការបិទ​ខ្ទប់​នេះ ត្រូវបាន​រដ្ឋបាល​រាជធានី​បញ្ជាក់ថា ដោយសារ​មានការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ប្រភេទ​បំប្លែង​ខ្លួន​ថ្មី Delta។

    ការបិទ​ខ្ទប់​នេះ នឹងធ្វើ​ឡើង​ក្នុង​រយៈពេល 14 ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី 13 ខែសីហា ឆ្នាំ 2021 រហូតដល់​ថ្ងៃទី 26 ខែសីហា ឆ្នាំ 2021 ដើម្បី​ទប់ស្កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​នៃ​វីរុស​ដែល​បង្ក​ជំងឺ​រលាក​សួត​នេះ នៅក្នុង​សហគមន៍។

  • ម៉ាឡេស៊ី អំពាវនាវ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង COVID-19

    ម៉ាឡេស៊ី អំពាវនាវ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង COVID-19

    ក្នុង​កាលៈទេសៈ​ដែល​តួលេខ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ស្លាប់​ដោយសារ COVID-19 ចេះតែ​កើនឡើង ក្រសួងសុខាភិបាល​ប្រទេស ម៉ាឡេស៊ី បាន​អំពាវនាវ​ដល់​ក្រុម​គោលដៅ​នេះ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង ដើម្បី​ការពារ​អាយុជីវិត​ផ្ទាល់ខ្លួន និង​កូន​ក្នុង​ផ្ទៃ។

    វេជ្ជបណ្ឌិត Noor Hisham Abdullah ដែលជា​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ​ជា 40% បាន​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​តាមរយៈ​កម្មវិធី​ទូរស័ព្ទ MySejahtera។ លោក Noor សង្កត់ធ្ងន់ថា អត្រា​នេះ នៅតែ​ទាប ដូច្នេះ ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន​នៅតែមាន​ហានិភ័យ​ឆ្លង COVID-19។

    លោក Noor ក៏បាន​ស្នើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​រួចរាល់ មុនពេល​ឈាម​ចូលដល់​ដំណាក់កាល​ចុងក្រោយ​នៃ​វដ្ដ​របស់​គភ៌។

    ចាប់តាំងពី​ការផ្ទុះ​ឆ្លង​រាលដាល​របស់ COVID-19 ប្រទេស​ម៉ាឡេស៊ី មាន​ស្ត្រី​ពពោះ​ចំនួន 70 នាក់ បាន​ស្លាប់​ដោយសារ​ឆ្លង​វីរុស​នេះ។ ក្នុងនោះ​មាន 17 នាក់ បាន​ស្លាប់​នៅក្នុង​ខែមិថុនា ហើយ​ក្នុងនោះ​ក៏មាន 15 ករណី​មិនទាន់បាន​ចាក់​វ៉ាក់សាំង និង 2 ករណី​ទើបតែ​បាន​ចាក់​ដូ​ស​ទីមួយ។

    ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី បានឱ្យដឹងថា ចាប់ពី​ខែមីនា ឆ្នាំ 2020 ដល់​ខែមិថុនា ឆ្នាំ 2021 ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន 3,396 នាក់ បាន​ឆ្លង COVID-19។

    យោងតាម​អង្គការ​សុខភាព​ពិភពលោក ស្ត្រី​មាន​ផ្ទៃពោះ មាន​ហានិភ័យ​ឆ្លង COVID-19 ធ្ងន់ធ្ងរ និង​ត្រូវ​ការចូល​មន្ទីរពេទ្យ ព្យាបាល​ទៅតាម​ស្ដង់ដា​ពិសេស ហើយ​អត្រា​នៃ​ការប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម ក៏​ខ្ពស់ជាង ធៀប​នឹង​ស្ត្រី​មិនមាន​ផ្ទៃពោះ។

    នៅ សហរដ្ឋអាមេរិក ក្រុមមន្ត្រី​សុខាភិបាល ក៏បាន​អំពាវនាវ និង​ជំរុញ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដោយ​បញ្ជាក់ថា ទិន្នន័យ​នៃ​ការស្រាវជ្រាវ​នានា​បង្ហាញថា វ៉ាក់សាំង COVID-19 មិន​ធ្វើឱ្យ​ហានិភ័យ​នៃ​បញ្ហា​រលូត​កូន កើនឡើង​នោះទេ។

    Rochelle Walensky ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 11 សីហា បានឱ្យដឹងថា ស្ថាប័ន​នេះ «លើកទឹកចិត្ត​ដល់​ស្ត្រី​ដែល​កំពុងមាន​ផ្ទៃពោះ ស្ត្រី​កំពុង​គិតដល់​ការ​មាន​ផ្ទៃពោះ និង​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​ទាំងអស់ អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ខ្លួន​ពី​វីរុស COVID-19»៕

  • ទស្សនា​របៀប​ដែល​សាលារៀន​នៅ កូរ៉េខាងជើង ទប់ស្កាត់ COVID-19

    ទស្សនា​របៀប​ដែល​សាលារៀន​នៅ កូរ៉េខាងជើង ទប់ស្កាត់ COVID-19

    សាកលវិទ្យាល័យ​ពាណិជ្ជកម្ម Jang Chol Gu នៅ​រដ្ឋធានី ព្យុងយ៉ាង ប្រទេស កូរ៉េខាងជើង បាន និង​កំពុង​អនុវត្ត​វិធានការ​យ៉ាង​តឹងរ៉ឹង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19។

    ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP បានធ្វើ​បទ​យកការណ៍​ខ្លី​មួយ ស្ដីពី​យុទ្ធនាការ​ទប់ស្កាត់ COVID-19 នៅក្នុង​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម Jang Chol Gu។

    សាកលវិទ្យាល័យ Jang Chol Gu នា​រដ្ឋធានី​ព្យុងយ៉ាង បាន និង​កំពុងតែ​អនុវត្ត​គ្រប់​វិធានការ ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​វីរុស COVID-19។

    https://www.youtube.com/watch?v=tJzWPnGRMWo

    ចំនួន​អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់​ជាង 200 លាន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ជាង 4 លាន​នាក់។ An Jong Choi ជា​អ្នកត្រួតពិនិត្យ​លើ​ការបាញ់​ថ្នាំ​សម្លាប់​វីរុស​នៅក្នុង​សាលា​សាកលវិទ្យាល័យ Jang Chol Gu បាន​និយាយថា៖ «ក្នុង​គ្រានេះ ខ្ញុំ​គិតថា ការគំរាមកំហែង​ធំ​បំផុត នោះ​គឺ​ការមើលស្រាល​បញ្ហា ការមិន​យកចិត្តទុកដាក់ ភាព​ធូររលុង​នៅក្នុង​យុទ្ធនា​ការប្រឆាំង​រោគរាតត្បាត»។

    និស្សិត​ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​នេះ សុទ្ធតែ​គាំទ្រ និង​អនុវត្តតាម​វិធានការ​ទប់ស្កាត់ COVID-19 របស់​សាលា។ និស្សិត​ម្នាក់​ឈ្មោះ Cha Jin Myong បាន​ប្រាប់ AFP ថា៖ «យើង​គ្រប់គ្នា​សុទ្ធតែ​ត្រូវ​យល់ច្បាស់​អំពី​សារប្រយោជន៍​នៃ​ការ​វាស់​កំដៅ​រាងកាយ ការលាង​សម្អាត​ដៃ និង​ការចូលរួម​ធ្វើ​យុទ្ធនាការ​ទប់ស្កាត់​វីរុស»។

    គិត​មកដល់​បច្ចុប្បន្ន ប្រទេស​កូរ៉េខាងជើង មិនទាន់មាន​ករណី​វិជ្ជមាន​នឹង COVID-19 ណាមួយ ដែល​ត្រូវបាន​រកឃើញ​នៅឡើយ៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 12 សីហា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 12 សីហា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 455 នាក់, អ្នកជា​ចំនួន 677 នាក់ និង​អ្នកស្លាប់​ចំនួន 20 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 11 ខែសីហា ឆ្នាំ 2021 ក្នុងនោះ ករណី​ឆ្លង​សហគមន៍ មាន 374 នាក់ និង​ករណី​នាំចូល មាន 81 នាក់។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 12 ខែសីហា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 83,839 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 78,431 នាក់ និង​អ្នកស្លាប់ 1,634 នាក់។

    ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ព្រលឹម​ថ្ងៃទី 12 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំ​ឡើងទៅ (ពលរដ្ឋ​គោលដៅ 10 លាន​នាក់) ចាក់​បាន 81.16%  ចំណែក​ពលរដ្ឋ អាយុ 12-17 ឆ្នាំ (ពលរដ្ឋ​គោលដៅ ជិត 2 លាន​នាក់) ចាក់​បាន 20.52%។ ជា​សរុប ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គោលដៅ 16 លាន​នាក់ នៅ​ទូទាំងប្រទេស សម្រេចបាន 53.25%។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 205,534,960 នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មាន​ជាង 184,497,820 នាក់​បានជា, ជាង 4,337,520 នាក់​បាន​ស្លាប់ និង​ជាង 16,699,610 នាក់ កំពុង​ព្យាបាល៕

  • សហរដ្ឋអាមេរិក ជំ​រុញឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ចាក់​វ៉ាក់សាំង COVID-19

    សហរដ្ឋអាមេរិក ជំ​រុញឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ចាក់​វ៉ាក់សាំង COVID-19

    ក្រុមមន្ត្រី សហរដ្ឋអាមេរិក អំពាវនាវ និង​ជំរុញ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដោយ​បញ្ជាក់ថា ទិន្នន័យ​នៃ​ការស្រាវជ្រាវ​នានា​បង្ហាញថា វ៉ាក់សាំង COVID-19 មិន​ធ្វើឱ្យ​ហានិភ័យ​នៃ​បញ្ហា​រលូត​កូន កើនឡើង​នោះទេ។

    Rochelle Walensky ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 11 សីហា បានឱ្យដឹងថា ស្ថាប័ន​នេះ «លើកទឹកចិត្ត​ដល់​ស្ត្រី​ដែល​កំពុងមាន​ផ្ទៃពោះ ស្ត្រី​កំពុង​គិតដល់​ការ​មាន​ផ្ទៃពោះ និង​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​ទាំងអស់ អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ខ្លួន​ពី​វីរុស COVID-19»។

    «វ៉ាក់សាំង​សុទ្ធ​តែមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព។ ការបង្កើន​ការចាក់​វ៉ាក់សាំង បានក្លាយ​ជា​រឿង​ចាំបាច់​ជាងពេលណាៗទាំងអស់ នៅពេលដែល​យើង​កំពុង​ប្រឈម​នឹង​វ៉ា​រ្យ៉​ង់ Delta ដែលមាន​លទ្ធភាព​ឆ្លង​រាលដាល​ខ្ពស់ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង» Walensky ថ្លែង​ដូច្នេះ។

    ថ្មីៗនេះ ការសិក្សា​ស្រាវជ្រាវ​មួយ បាន​បង្ហាញថា ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ 4 នាក់ គឺមាន​តែ 1 នាក់​ប៉ុណ្ណោះ​ដែល​បាន​ចាក់​វ៉ាក់សាំង COVID-19 យ៉ាងតិច 1 ដូ​ស។ CDC របស់ សហរដ្ឋអាមេរិក ឱ្យដឹងថា ហានិភ័យ​នៃ​បញ្ហា​រលូត​កូន​មិនបាន​កើនឡើង​នោះទេ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ជិត 2,500 នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ mRNA (Pfizer ឬ Moderna) នៅ សហរដ្ឋអាមេរិក មុន​សប្ដាហ៍​ទី 20 នៃ​វដ្ដ​របស់​គភ៌។

    ពួកគេ​បានឱ្យដឹងថា អត្រា​នៃ​បញ្ហា​រលូត​កូន​ចំពោះ​ស្ត្រី​ដែល​បាន​ចាក់​វ៉ាក់សាំង COVID-19 គឺ 13% ពោលគឺ​ប្រហាក់ប្រហែល​នឹង​អត្រា​រលូត​កូន​ធម្មតា (11-16%)។ «ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​គឺមាន​ផលប្រយោជន៍​ច្រើនជាង​ហានិភ័យ​ទាំងឡាយ​ដែល​ត្រូវបាន​គេ​ដឹង​កន្លងមក» CDC អាមេរិក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ។

    សហរដ្ឋអាមេរិក ដែលជា​សម្បុក​វីរុស COVID-19 ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក បាន​រកឃើញ​អ្នក​វិជ្ជមាន​សរុប​ចំនួន​ជាង 37 លាន​ករណី ចំណែក​អ្នកស្លាប់​ដោយសារ​ឆ្លង​វីរុស​នេះ មាន​ចំនួន​ជាង 635,000 ករណី។ បច្ចុប្បន្ន ប្រទេស​នេះ មាន​អ្នកជំងឺ COVID-19 ជាង 6,414,000 កំពុង​ទទួល​ការព្យាបាល៕

  • WHO កំពុង​ពិសោធ​ថ្នាំ 3 ប្រភេទ សម្រាប់​ព្យាបាល COVID-19

    WHO កំពុង​ពិសោធ​ថ្នាំ 3 ប្រភេទ សម្រាប់​ព្យាបាល COVID-19

    អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាសថា កំពុងធ្វើការ​ពិសោធ​លក្ខណៈ​អន្តរជាតិ ចំពោះ​ថ្នាំ​ចំនួន 3 ប្រភេទ សម្រាប់​ព្យាបាល​ជំងឺ COVID-19 ដើម្បី​ស្វែងយល់​ឱ្យដឹងថា តើ​វា​អាចជួយ​ព្យាបាល​អ្នកជំងឺ​បាន​កម្រិតណា។

    ថ្នាំ​ទាំង 3 ប្រភេទ ដែល​រួមមាន artesunate, imatinib និង infliximab នេះ នឹងត្រូវ​បានធ្វើ​តេស្ត​លើ​អ្នកជំងឺ COVID-19 នៅឯ​មន្ទីរពេទ្យ​ជាង 600 កន្លែង ក្នុងប្រទេស​ចំនួន 52។ នេះ​បើតាម​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី 11 សីហា របស់ WHO។

    ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាន​ថ្លែងថា៖ «ការស្វែងរក​ថ្នាំ​ព្យាបាល​ដែលមាន​ប្រសិទ្ធភាព និង​ងាយស្រួល​ប្រើប្រាស់​សម្រាប់​អ្នកជំងឺ COVID-19 នៅតែ​ជា​តម្រូវ​ការសំខាន់»។

    Artesunate គឺជា​ថ្នាំ​ព្យាបាល​ជំងឺគ្រុនចាញ់ ចំណែក imatinib គឺជា​ថ្នាំ​ប្រើ​សម្រាប់​អ្នកជំងឺ​មហារីក​មួយចំនួន ខណៈដែល infliximab វិញ គឺជា​ថ្នាំ​ព្យាបាល​បញ្ហា​ច្របូកច្របល់​នៃ​អង់​ទីករ ដូចជា​ជំងឺ Crohn (រលាក​ពោះវៀន​រ៉ាំរ៉ៃ) ឬ​រលាក​សន្លាក់​រ៉ាំរ៉ៃ។

    ថ្នាំ​ចំនួន 3 ប្រភេទ​នេះ ត្រូវបាន​ក្រុម​អ្នក​ផលិត​បរិច្ចាគ​ដល់ WHO ដើម្បី​ធ្វើការ​ពិសោធ និង​កំពុង​ត្រូវបាន​បញ្ជូន​ទៅកាន់​បណ្ដា​មន្ទីរពេទ្យ​ដែល​បានកំណត់។

    នៅ​ទូទាំង​សកលលោក បច្ចុប្បន្ន វ៉ាក់សាំង​បង្ការ COVID-19 ប្រមាណ 4.54 ពាន់​លាន​ដូ​ស ត្រូវបាន​ចាក់ ក្នុងនោះ ជា​មធ្យម វ៉ាក់សាំង​ចំនួន 36.66 លាន​ដូ​ស ត្រូវបាន​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ។ ក្នុងចំណោម​ប្រជាជន​សរុប​នៅ​ទូទាំង​ពិភពលោក មាន 30.4% ទទួលបាន​ការចាក់​វ៉ាក់សាំង​យ៉ាងតិច 1 ដូ​ស និង 15.8% បាន​ចាក់​រួចរាល់៕

  • កម្ពុជា​ រក​បាន​វ៉ាក់សាំង​ 20 លាន​ដូស​រួច​ហើយ​ ខណៈ 3 លាន​ដូ​ស​ នឹង​ដឹក​មកដល់ កម្ពុជា នៅ​ព្រឹក​នេះ

    កម្ពុជា​ រក​បាន​វ៉ាក់សាំង​ 20 លាន​ដូស​រួច​ហើយ​ ខណៈ 3 លាន​ដូ​ស​ នឹង​ដឹក​មកដល់ កម្ពុជា នៅ​ព្រឹក​នេះ

    (ភ្នំពេញ)៖ វ៉ាក់សាំង​បង្ការ COVID-19 របស់​ក្រុមហ៊ុន Sinovac ចំនួន 3 លាន​ដូ​ស​បន្ថែមទៀត ដែល កម្ពុជា បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន នឹង​ដឹក​មកដល់ កម្ពុជា នៅ​ព្រឹក​ថ្ងៃទី 12 សីហា 2021។ នេះ​បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល។

    បច្ចុប្បន្ន កម្ពុជា បាន និង​កំពុង​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ COVID-19​ 4 ប្រភេទ និង​មាន​​ចំនួន​ប្រមាណ​ 20 លាន​ដូស​ ក្នុង​នោះ​រួមមាន វ៉ាក់សាំង Sinopharm (ចិន), Sinovac (ចិន), AstraZeneca (អង់គ្លេស) និង​វ៉ាក់សាំង Johnson & Johnson (សហរដ្ឋអាមេរិក)។ វ៉ាក់សាំង​ទាំងនេះ មួយចំនួន​ជា​ជំនួយ​ទ្វេភាគី មួយចំនួន​ជា​ជំនួយ​តាមរយៈ​យន្តការ COVAX និង​មួយផ្នែក​ទៀត​គឺជា​ការបញ្ជាទិញ​របស់ កម្ពុជា។

    ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ព្រលឹម​ថ្ងៃទី 12 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំ​ឡើងទៅ (ពលរដ្ឋ​គោលដៅ 10 លាន​នាក់) ចាក់​បាន 81.16%  ចំណែក​ពលរដ្ឋ អាយុ 12-17 ឆ្នាំ (ពលរដ្ឋ​គោលដៅ ជិត 2 លាន​នាក់) ចាក់​បាន 20.52%។ ជា​សរុប ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គោលដៅ 16 លាន​នាក់ នៅ​ទូទាំងប្រទេស សម្រេចបាន 53.25%។

    ជាង​នេះ បច្ចុប្បន្ន កម្ពុជា ក៏បាន​ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី 3 ជូន​ក្រុមការងារ​នៅ​ជួរមុខ និង​ក្រុម​ពលរដ្ឋ​អាទិភាព​តាម​ក្រសួង​ស្ថាប័ន​នានា​ផងដែរ៕

  • COVID-19 ប្រភេទ Delta ឆ្លង​លឿន និង​សាហាវ​កម្រិតណា បានជា​គ្រប់គ្នា​ភ័យខ្លាច?

    COVID-19 ប្រភេទ Delta ឆ្លង​លឿន និង​សាហាវ​កម្រិតណា បានជា​គ្រប់គ្នា​ភ័យខ្លាច?

    វ៉ា​រ្យ៉​ង់ Delta នៃ​វីរុស COVID-19 ឆ្លង​រាលដាល​លឿន​ជាង ហើយ​កំហាប់ ឬ​បរិមាណ​របស់​វីរុស​នៅក្នុង​បំពង់ក និង​មាត់​របស់​អ្នកជំងឺ មាន​កម្រិត​ខ្ពស់ជាង បើ​ធៀប​នឹង COVID-19 ប្រភេទ​ដំបូង ដូច្នេះ មានន័យថា គោលការណ៍​សុវត្ថិភាព​មុននេះ លែង​សមស្រប​ទៀតហើយ។

    យោងតាម​ការសិក្សា​ស្រាវជ្រាវ​នានា កាលពី​ដំបូង វីរុស COVID-19 ត្រូវការ​ប្រហែល 15 នាទី ដើម្បី​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ នៅពេល​មនុស្ស​នៅក្បែរ​គ្នា។ បច្ចុប្បន្ន រយៈពេល​នេះ​ត្រូវបាន​កាត់បន្ថយ​យ៉ាងច្រើន ធ្វើឱ្យ​មនុស្ស​មានការ​ភ័យខ្លាច។

    វ៉ា​រ្យ៉​ង់ Delta កំពុងតែ​នាំឱ្យ​ក្រុមមន្ត្រី​សុខាភិបាល​សាធារណៈ ត្រូវធ្វើ​ការប្ដូរ​ផ្លាស់​លើ​ការណែនាំ​ស្ដីពី​សុវត្ថិភាព។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង​របស់ សហរដ្ឋអាមេរិក (CDC) កាលពី​ចុងខែ​កក្កដា បានឱ្យដឹងថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ គួរតែ​បន្ត​ពាក់​ម៉ាស នៅ​ទី​ដែល​បិទ​ជិត ក្នុង​តំបន់​ដែលមាន​អត្រា​នៃ​ការឆ្លង​រាលដាល​ខ្ពស់។

    ប្រធាន CDC អាមេរិក លោកស្រី Rochelle Walensky និយាយថា Delta អាច​ឆ្លងទៅ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ហើយ​វា​មិនមាន​រោគសញ្ញា​នោះទេ បើ​ទោះ​វីរុស​មាន​បរិមាណ​ច្រើន ប្រហាក់ប្រហែល​នឹង​អ្នក​មិនទាន់បាន​ចាក់​វ៉ាក់សាំង។

    ក្រុម​អ្នកជំនាញ​បាន​គណនា​ឃើញថា Delta មានលទ្ធភាព​ឆ្លង​រាលដាល​ខ្ពស់ជាង​ប្រហែល 50% ធៀប​នឹង Alpha។ ចំណែក Alpha ក៏មាន​សមត្ថភាព​ឆ្លង​ខ្ពស់ជាង COVID-19 ដែល​រកឃើញ​ដំបូង​នៅ Wuhan ប្រហែល 50%។

    Delta ធ្វើ​ឱ្យ​មនុស្ស​កាន់​តែ​ភ័យ​ខ្លាច​អំពី​ការ​ស្លាប់​

    ក្នុងការ​ស្រាវជ្រាវ​កាលពីដើម​ខែកក្កដា ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បាន​រកឃើញថា អ្នក​ដែល​វិជ្ជមាន​នឹង Delta មាន​ផ្ទុក​វីរុស​ក្នុង​ផ្លូវដង្ហើម​ច្រើនជាង 1,000 ដង ធៀប​នឹង COVID-19 ដំបូង។ សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​រដ្ឋ Colorado ក្នុង​ក្រុង Fort Collins សហរដ្ឋអាមេរិក បាន​អះអាងថា៖ «Delta ជ្រែកចូល​កោសិកា​នៃ​រាងកាយ​មនុស្ស​បាន​ងាយ​ជាង» វីរុស​ដំបូង។

    បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ​មិនទាន់​គណនា​ដឹងបាន​អំពី​បរិមាណ​ជាក់លាក់​នៃ​វីរុស Delta ដែល​បញ្ចេញ​ពី​បំពង់ក​របស់​អ្នកជំងឺ​នៅឡើយ។ ប៉ុន្តែ កំហាប់​វីរុស Delta ដែលមាន​កម្រិត​ខ្ពស់​បែបនេះ មានន័យថា អ្នកជំងឺ​ក៏​បញ្ចេញ​វីរុស​មក​ក្រៅ​បាន​ច្រើនជាង COVID-19 ដំបូង​ផងដែរ។ នេះ​បើតាម​សាស្ត្រាចារ្យ Linsey Marr នៃ​សាលា Virginia Tech។

    យោងតាម​សហគមន៍​អ្នក​វេជ្ជសាស្ត្រ ការចាក់​វ៉ាក់សាំង​គឺជា​វី​ធី​ល្អ​បំផុត​ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល​នៃ​វីរុស។ ប៉ុន្តែ វ៉ាក់សាំង​នឹងមាន​ប្រសិទ្ធភាព​ទាប នៅពេល​ប្រឈម​នឹង​វ៉ា​រ្យ៉​ង់ Delta។ យ៉ាងនេះ​ក្ដី វ៉ាក់សាំង​នៅតែ​អាច​ការពារ​មិនឱ្យ​ជំងឺ​វីវ​ឌ្ឍ​ទៅជា​ធ្ងន់ធ្ងរ រហូតដល់​ស្លាប់។

    វេជ្ជបណ្ឌិត Marr និយាយថា Delta មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការឆ្លង​ទៅកាន់​មនុស្ស​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង នៅពេល​នៅក្បែរ​អ្នក​វិជ្ជមាន​ក្នុង​រយៈពេល​ខ្លី ដូចជា 1 នាទី​នៅក្នុង​ជណ្ដើរ​ប្រអប់​ជាដើម។

    «ដើមឡើយ អ្នក​ត្រូវ​នៅក្នុង​បន្ទប់​បិទ​ជិត​ជាមួយ​អ្នកជំងឺ​រហូតដល់ 15 នាទី ទើប​អាច​ឆ្លង​វីរុស។ ប៉ុ​ន្តេ បច្ចុប្បន្ន ល្បឿន​នេះ​លឿន​ជាង​មុន 1,000 ដង។ 15 នាទី មក​នៅត្រឹម​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ» នេះ​បើតាម​វេជ្ជបណ្ឌិត Marr៕

  • គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19 (គ.វ.ក-១៩) ប្រកាស​អំពី​កម្មវិធី​បន្ថែម ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង «ដូ​ស​ជំរុញ ឬ ដូ​ស​ទី 3»

    គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19 (គ.វ.ក-១៩) ប្រកាស​អំពី​កម្មវិធី​បន្ថែម ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង «ដូ​ស​ជំរុញ ឬ ដូ​ស​ទី 3»

    គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19 ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (គ.វ.ក-១៩) ឱ្យដឹងថា ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដូ​ស​ទី 3 ឬ ដូ​ស​ជំរុញ បន្ត​ធ្វើឡើង ជូន​ដល់​មន្ត្រី និង​បុគ្គលិក​ជួរមុខ នៅក្នុង​ខេត្ត​ដែល​ជាប់​នឹង​ប្រទេស​ថៃ រួម​នឹង​នៅ​រាជធានី​ភ្នំពេញ។

    ក្នុង​សេចក្ដីជូនដំណឹង​ថ្មី​នេះ គ.វ.ក-១៩ បញ្ជាក់ថា ក្រុម​អាទិភាព​ដែល​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង AstraZeneca ដូ​ស​ជំរុញ/ទី3 នេះ រួមមាន មន្ត្រីរាជការ​ស៊ីវិល និង​នគរបាល​ថ្នាក់ជាតិ, មន្ត្រីរាជការ​ថ្នាក់ក្រោម​ជាតិ​នៃ​ខេត្ត​ចំនួន 17 និង​អ្នកសារព័ត៌មាន​នៅ​ភ្នំពេញ​ផងដែរ។

    ចំពោះ​លក្ខខណ្ឌ​ក្នុង​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ ដូ​ស​ទី 3 នេះ សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម៖
    ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ព្រលឹម​ថ្ងៃទី 11 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំ​ឡើងទៅ (ពលរដ្ឋ​គោលដៅ 10 លាន​នាក់) ចាក់​បាន 80.38%  ចំណែក​ពលរដ្ឋ អាយុ 12-17 ឆ្នាំ (ពលរដ្ឋ​គោលដៅ ជិត 2 លាន​នាក់) ចាក់​បាន 18.26%។ ជា​សរុប ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គោលដៅ 16 លាន​នាក់ នៅ​ទូទាំងប្រទេស សម្រេចបាន 52.48%៕