Category: សុខភាព

  • សំណើចាក់វ៉ាក់សាំងដូសជំរុញរបស់ Pfizer ត្រូវបាន «ទាត់ចោល» ដោយ ក្រុមប្រឹក្សាវេជ្ជសាស្ត្ររបស់ FDA អាម៉េរិក

    សំណើចាក់វ៉ាក់សាំងដូសជំរុញរបស់ Pfizer ត្រូវបាន «ទាត់ចោល» ដោយ ក្រុមប្រឹក្សាវេជ្ជសាស្ត្ររបស់ FDA អាម៉េរិក

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ FDA អាម៉េរិក បាន​ច្រានចោល​សំណើ​ស្ដីពី​ការចាក់​វ៉ាក់សាំង Pfizer ដូ​ស​ជំរុញ ដល់​ពលរដ្ឋ អាម៉េរិក ទាំងអស់​ដែលមាន​អាយុ​ចាប់ពី 16 ឆ្នាំ​ឡើងទៅ ដោយ​គ្រាន់តែ​យល់ព្រម​ឱ្យ​ចាក់​បន្ទាន់​សម្រាប់​មនុស្ស​ចាស់។

    ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដែល​រួមមាន​ក្រុម​អ្នកជំនាញ​ផ្នែក​សុខាភិបាលកំពូលៗរបស់ សហរដ្ឋ​អាម៉េរិក ត្រូវបាន​ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ឱសថ (FDA) កោះប្រជុំ​នៅ​ថ្ងៃទី 18 ខែកញ្ញា។ នេះ​បើតាម NBC News។

    ក្រោយពី​បាន​ពិនិត្យ​ឯកសារ​របស់ Pfizer ក្រុមប្រឹក្សា​នេះ​បាន​បោះឆ្នោត​ប្រឆាំងនឹង​សំណើ​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​សម្រាប់​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 16 ឆ្នាំ​ឡើងទៅ បើទោះជា​សំណើ​របស់ Pfizer ទទួលបាន​ការគាំទ្រ​ពី​រដ្ឋបាល​របស់លោក Joe Biden។

    ការពិសោធ​លើ​មនុស្ស​ចំពោះ​ការ​វាក់​សាំង​ដូ​ស​ជំរុញ​របស់ Pfizer ត្រូវបានធ្វើ​ឡើងលើ​មនុស្ស​ចំនួន 300 នាក់។ ក្រុមប្រឹក្សា​ខាងលើ​យល់ថា តួលេខ​នៃ​ការពិសោធ​នេះ​តិចពេក មិនអាច​នាំទៅរក​ការសន្និដ្ឋាន​ច្បាស់លាស់​អំពី​កម្រិត​នៃ​សុវត្ថិភាព។

    ការសម្រេចរបស់ FDA តែងតែយោងទៅតាមយោបល់របស់ក្រុមប្រឹក្សាពិគ្រោះយោបល់

    «ខ្ញុំ​គិតថា លទ្ធផល​នេះ​បាន​បង្ហាញថា សមាជិក​នានា​របស់​ក្រុមប្រឹក្សា​នេះ មាន​ភាព​ឯករាជ្យ​ពី FDA ហើយ​ការពិត យើង​បាន​បញ្ចេញមតិ​អំពី​បញ្ហា​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​នេះ​រួចហើយ» Archana Chatterjee នាយក​សាលា​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Chicago ថ្លែង​ដូច្នេះ ខណៈ​មនុស្ស​ជាច្រើន​ក៏​មិន​យល់ស្រប​ចំពោះ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ផងដែរ។

    ក្រោយមក ក្រុមហ៊ុន Pfizer ក៏បាន​ដាក់សំណើ​ផ្សេង​មួយទៀត ដោយ​ស្នើសុំ​អនុម័ត​បន្ទាន់​ក្នុង​ការចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​ដល់​មនុស្ស​ចាស់​ចាប់ពី​វ័យ 65 ឆ្នាំ​ឡើងទៅ និង​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ឆ្លង COVID-19 កម្រិត​ខ្ពស់។ ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ FDA ក៏បាន​បោះឆ្នោត​គាំទ្រ​សំណើ​នេះ។

    លទ្ធផល​នៃ​ការបោះឆ្នោត​របស់​ក្រុមប្រឹក្សា​ខាងលើ​នឹង​ត្រូវបាន FDA ពិនិត្យ និង​យកមក​ធ្វើជា​មូលដ្ឋាន​សម្រាប់​ការសម្រេចចិត្ត។ ថ្វីបើ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​មិនមែន​ជាការ​តម្រូវឱ្យ FDA គោរព​តាម ប៉ុន្តែ ការសម្រេច​របស់ FDA តែងតែ​យោងទៅលើ​យោបល់​របស់​ក្រុមប្រឹក្សា​នេះ៕

  • សហរដ្ឋ​អាម៉េរិក បើក​កិច្ចប្រជុំ​កំពូល​​ពិភព​លោក​​ស្ដី​ពី​ COVID-19 ​នៅ​សប្ដាហ៍​ក្រោយ

    សហរដ្ឋ​អាម៉េរិក បើក​កិច្ចប្រជុំ​កំពូល​​ពិភព​លោក​​ស្ដី​ពី​ COVID-19 ​នៅ​សប្ដាហ៍​ក្រោយ

    កាលពី​ថ្ងៃទី 17 កញ្ញា សេត​វិមាន បានប្រកាសថា​នឹង​បើក​កិច្ចប្រជុំ​កំពូល​ទូទាំង​សកលលោក ស្ដីពី COVID-19 នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ស្វែងរក​វិធី​ជំរុញ​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ក្នុង​ពិភពលោក។

    ប្រភពព័ត៌មាន​ពី សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា កិច្ចប្រជុំ​កំពូល​នឹង​ត្រូវបាន​ធ្វើឡើង​ក្រោមរូបភាព​អន​ឡាញ នៅ​ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2021 ដំណាលគ្នា​នឹង មហាសន្និបាត​អង្គការសហប្រជាជាតិ។

    Jen Psaki ដែលជា​ជំនួយការ​ផ្នែក​សារព័ត៌មាន​របស់ សេត​វិមាន បាន​ប្រាប់ថា ក្នុង​កិច្ចប្រជុំ សហរដ្ឋ​អាម៉េរិក នឹង​អំពាវនាវ​ដល់​បណ្ដា​ប្រទេស លើកឡើង​នូវ «មហិច្ឆតា​ធំ​ជាង​បច្ចុប្បន្ន» អំពី​ប្រធានបទ​មួយចំនួន ដូចជា ការប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ដល់​ពិភពលោក ការបង្កើន​ប្រភព​ផ្គត់ផ្គង់​អុកស៊ីសែន និង​ឧបករណ៍​ការពារ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ជាដើម។

    សារព័ត៌មាន Washington Post បាន​ផ្សាយ​ថា រដ្ឋាភិបាល​របស់​ប្រធានាធិបតី Joe Biden កំពុងមាន​គម្រោង​ទិញ​វ៉ាក់សាំង COVID-19 បន្ថែមចំនួន​រាប់រយ​លាន​ដូ​ស​ទៀត សម្រាប់​ផ្ដល់​ជា​ជំនួយ​ដល់​បណ្ដា​ប្រទេស ហើយ​ក្នុង​កិច្ចប្រជុំ​នា​សប្ដាហ៍​ក្រោយ អាច​នឹងមាន​ការជំរុញ​ឱ្យ​ប្រទេស​នានា ធ្វើ​ដូច សហរដ្ឋអាមេរិក។

    ព័ត៌មាន​ខាងលើ​ត្រូវបាន​ចុះផ្សាយ ក្នុង​គ្រា​ដែល សហរដ្ឋ​អាម៉េរិក កំពុង​រង​សម្ពាធ​ដែល​បង្ខំ​ឱ្យ​ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង​ទូទាំង​សកលលោក។ គិត​មកដល់​បច្ចុប្បន្ន អាម៉េរិក បានផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​ចំនួន 140 លាន​ដូ​ស​រួចហើយ ដល់​បណ្ដា​ប្រទេស ហើយនឹង​អាច​ផ្ដល់ជំនួយ​បន្ថែម​ប្រហែល 500 លាន​ដូ​ស​ទៀត ចាប់ពីពេលនេះ​ដល់​ឆ្នាំក្រោយ។

    យ៉ាងនេះ​ក្ដី ក្រុម​អ្នកជំនាញ​ចង់ឃើញ​រដ្ឋា​ភិ​បាល​លោក Biden មិន​ត្រឹមតែ​ជំរុញ​ការផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង COVID-19 នោះទេ ប៉ុន្តែ​ពួកគេ​ចង់ឃើញ​មហាអំណាច​ពិភពលោក​មួយ​នេះ បង្កើន​ការផលិត​វ៉ាក់សាំង​នៅលើ​ពិភពលោក​ផងដែរ៕

  • វៀតណាម៖ អ្នក​មិន​ព្រម​ចាក់​វ៉ាក់សាំង COVID-19 នឹងត្រូវ​ជាប់ពន្ធនាគា​រ បើសិន​ឆ្លង និង​ចម្លង​ដល់​គេឯង

    វៀតណាម៖ អ្នក​មិន​ព្រម​ចាក់​វ៉ាក់សាំង COVID-19 នឹងត្រូវ​ជាប់ពន្ធនាគា​រ បើសិន​ឆ្លង និង​ចម្លង​ដល់​គេឯង

    «អ្នក​ដែល​មិន​ព្រម​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ហើយ​នាំឱ្យ​ឆ្លង និង​ចម្លង​វីរុស​ដល់​អ្នកផ្សេង នឹង​អាច​ត្រូវបាន​ចោទប្រកាន់​ពីបទ​ព្រហ្មទណ្ឌ (អាច​ត្រូវ​បង់ប្រាក់​ពិន័យ ឬ​ត្រូវ​ជាប់ពន្ធនាគារ)» នេះ​បើតាម​អ្នកច្បាប់ នៅ​ប្រទេស​វៀតណាម។

    ក្រុមប្រឹក្សា​សង្កាត់ Hoang Liet, ខណ្ឌ Hoang Mai, រដ្ឋធានី​ហាណូយ ថ្មីៗនេះ​បាន​ស្នើឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​របស់ខ្លួន ចុះកិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ បើសិន​បដិសេធ​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ហើយក៏​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់។

    ក្នុង​ឯកសារ​ខាងលើ​របស់​សង្កាត់ Hoang Liet បានសរសេរថា៖ «ចំពោះ​ករណី​ស្ថិតក្នុង​វ័យ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ប៉ុន្តែ បដិសេធ​ការចាក់ ពលរដ្ឋ​ក្នុងករណី​នោះ​នឹង​ត្រូវបាន​ស្នើឱ្យ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មួយ​ជាមួយនឹង​ក្រុមប្រឹក្សា​សង្កាត់ និង​ត្រូវ​បញ្ជាក់​អំពី​មូលហេតុ រួម​នឹង​ការ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ បើសិន​បាន​ក្លាយជា​អ្នកចម្លង​វីរុស​នៅក្នុង​សហគមន៍»។

    ទិដ្ឋភាព​នៅ​ទីក្រុង​ហាណូយ ក្នុង​ផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង

    អ្នកជំនាញ​ក្នុង​ផ្នែក​ចាក់​វ៉ាក់សាំង បានឱ្យដឹងថា ច្បាប់​ទប់ស្កាត់​ជំងឺឆ្លង​របស់ វៀតណាម កំណត់ថា ស្ថាប័ន​មាន​សមត្ថកិច្ច​មាន​សិទ្ធិ​តម្រូវឱ្យ​អ្នក​ស្ថិតក្នុង​ក្រុម​គោលដៅ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ទៅ​ទទួល​ការចាក់ ពិសេស​គឺ​នៅក្នុង​តំបន់​សម្បុក​វីរុស។ ក៏ប៉ុន្តែ ក្នុងការ​អនុវត្ត​ជាក់ស្ដែង អាជ្ញាធរ​គ្រាន់តែ​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ទៅ​ទទួល​ការចាក់​ដើម្បី​ការពារ​សុខភាព​ផ្ទាល់ខ្លួន ពុំទាន់​មានការ​ពិន័យ​ចំពោះ​អ្នក​ដែល​បដិសេធ​ការចាក់​នៅឡើយ។

    មេធាវី Trinh Thi Viet Kieu មកពី​រដ្ឋធានី​ហាណូយ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា «ក្នុងករណី​ត្រូវ​ចាក់​វ៉ាក់សាំង ប៉ុន្តែ​មិន​ព្រម​ចាក់ នៅពេល​ឆ្លង​វីរុស និង​ចម្លង​ដល់​អ្នកផ្សេង ពិតណាស់​គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។ ការចុះហត្ថលេខា​លើ​កិច្ចសន្យា ឬ​មិន​ចុះ ក៏​មិន​ប៉ះពាល់​ដល់​ការដែល​ត្រូវ​ទទួលខុសត្រូវ​នោះឡើយ»។

    មេធាវី​ខាងលើ​និយាយថា បច្ចុប្បន្ន វៀតណាម មិនទាន់មាន​សេចក្ដីសម្រេច​ណាមួយ​ដែល​តម្រូវឱ្យ​ពលរដ្ឋ​ត្រូវតែ​ទទួល​ការចាក់​វ៉ាក់សាំង COVID-19 នៅឡើយ។ បច្ចុប្បន្ន ស្ថាប័ន​នានា​កំពុង​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​សុខភាព។

    ទិដ្ឋភាព​នៅ​ក្រុង​ព្រៃនគរ (ហូជីមីញ ឬ​សៃហ្គន)

    នៅក្នុង​ច្បាប់ព្រហ្មទណ្ឌ​ឆ្នាំ 2015 របស់ វៀតណាម បាន​ចែងថា ចំពោះ​ទោស «ធ្វើឱ្យ​ឆ្លង​រាលដាល​ជំងឺ​ដែល​គ្រោះថ្នាក់​ដល់​មនុស្ស» ក្នុង​កម្រិត​ស្រាល​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់ពី 50 លាន​ដុង ដល់ 200 លាន​ដុង ចំណែក​ទោស​ធ្ងន់​ជាង​នេះ​នឹង​អាច​ត្រូវ​ជាប់ពន្ធនាគារ​ចាប់ពី 1 ឆ្នាំ ដល់ 5 ឆ្នាំ។

    ប្រទេស​វៀតណាម បច្ចុប្បន្ន​មាន​អ្នក​ឆ្លង COVID-19 ជាង 656,000 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 16,425 នាក់, ជាសះស្បើយ 423,551 នាក់ និង​កំពុង​ព្យាបាល​ជាង 216,000 នាក់។ ​ប្រជាជន​សរុប​​របស់​ វៀតណាម គិត​ត្រឹម​ថ្ងៃទី 17 កញ្ញា 2021 មាន​ចំនួន​ 98,396,006 នាក់ នេះ​បើ​យោងតាម​ទិន្នន័យ​ថ្មី​បំផុត​របស់​អង្គការសហប្រជាជាតិ ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ​គេហទំព័រ Worldometer៕

  • សម្តេច ហ៊ុន សែន ស្នើឱ្យ​ពិនិត្យ​លទ្ធភាព​ចាក់​វ៉ាក់សាំង COVID-19 ជូន​កុមារ​អាយុ​ចាប់ពី 3 ទៅ 6 ឆ្នាំ

    សម្តេច ហ៊ុន សែន ស្នើឱ្យ​ពិនិត្យ​លទ្ធភាព​ចាក់​វ៉ាក់សាំង COVID-19 ជូន​កុមារ​អាយុ​ចាប់ពី 3 ទៅ 6 ឆ្នាំ

    នៅ​ព្រឹក​ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2021 នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជូន​ដល់​កុមារ​អាយុ​ចាប់ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

    ការចាក់​វ៉ាក់សាំង​ជូន​ដល់​កុមារ​ដែលមាន​វ័យ​ដូចខាងលើ គឺ​ដើម្បីឱ្យ​ពួកគេ​អាច​ចូលរៀន​នៅ​សាលាបឋមសិក្សា​ឡើងវិញ ទន្ទឹមនឹង​ការដែល​អាចឈាន​ទៅ​បើក​លំហ​សកម្មភាព​ក្នុងសង្គម ឱ្យ​កាន់តែ​ទូលាយ​ជាង​បច្ចុប្បន្ន។

    នៅក្នុង​ព្រឹត្តិការណ៍​ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ ចៅៗរបស់​ប្រមុខ​រដ្ឋាភិបាល និងចៅៗរបស់​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មួយចំនួនទៀត ក៏​បានមក​ទទួល​ការចាក់​វ៉ា​ក់​នេះដែរ។

    នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2021 សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់កុមារអាយុចាប់ពី 6 ឆ្នាំ ដល់ក្រោម 12 ឆ្នាំ

    សម្ដេច ហ៊ុន សែន បាន​មានប្រសាសន៍ថា ខណៈដែល​ស្ថានភាព COVID-19 របស់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក មិនទាន់​មានការ​ថម​ថយ​នៅឡើយ កម្ពុជា ពេលនេះ បាន​ស្ថិតនៅ​ក្នុងចំណោម​បណ្ដា​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ច្រើនជាងគេ។

    ប្រមុខ​រដ្ឋាភិបាល ឱ្យដឹងថា កម្ពុជា មាន​វិធានការ 3 សំខាន់ៗ ដែល​បាន​ដាក់ចេញ​ជាប្រចាំ​ថ្ងៃ នោះ​គឺ «ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការធ្វើ​តេស្ត​រហ័ស», «ការចាក់​វ៉ាក់សាំង» និង «ការព្យាបាល​ដោយ​ថ្នាំ និង​វិធីថ្មី»។

    ទន្ទឹមនឹង​ការប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​ចាប់ពី​អាយុ 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឱ្យ​គណៈកម្មការ​ចាក់​វ៉ាក់សាំង សិក្សា​អំពី​លទ្ធភាព​នៃ​ការ​ការចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់ពី 3 ទៅ 6 ឆ្នាំ​ផងដែរ។ កុមារ​អាយុ​ចាប់ពី 3 ទៅ 6 ឆ្នាំ នៅ កម្ពុជា បច្ចុប្បន្ន​មាន​ប្រមាណ​ជាង 910,000 នាក់៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 17 ខែ​កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 17 ខែ​កញ្ញា ឆ្នាំ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 16 កញ្ញា ឆ្នាំ 2021 រួមមាន៖

    – ឆ្លង​ថ្មី = 698 នាក់

    – ជាសះស្បើយ​ថ្មី = 465 នាក់

    – ស្លាប់​ថ្មី = 11 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 698 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 547 នាក់

    – អ្នកដំណើរពីបរទេស 151 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប=102,834 នាក់

    – អ្នកជាសះស្បើយ=96,275 នាក់

    – អ្នកស្លាប់=2,089 នាក់

    តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖   

    – អ្នក​ឆ្លង​សរុប = 227,840,695 នាក់

    – អ្នកជា​សះស្បើយ = 204,494,790 នាក់

    – អ្នកស្លាប់ = 4,684,181 នាក់

    – អ្នក​​កំពុង​ព្យាបាល = 18,661,724 នាក់

  • WHO ព្រមាន​ថា ទ្វីបអាហ្វ្រិក នឹង​ក្លាយជា «ទូ​ភ្ញាស់» ​វីរុស​ COVID-19 ប្រភេទ​បំប្លែង​ខ្លួន​ថ្មី

    WHO ព្រមាន​ថា ទ្វីបអាហ្វ្រិក នឹង​ក្លាយជា «ទូ​ភ្ញាស់» ​វីរុស​ COVID-19 ប្រភេទ​បំប្លែង​ខ្លួន​ថ្មី

    តំបន់​នានា​នៅក្នុង​ទ្វីបអាហ្វ្រិក ប្រឈម​នឹង​ហានិភ័យ​ក្លាយ​ជាទី​ចាប់កំណើត​របស់​បណ្ដា​វ៉ា​រ្យ៉​ង់​ថ្មី​នៃ​វីរុស COVID-19 ដែល​អាច​ស៊ូទ្រាំ​បាន​ជាមួយនឹង​វ៉ាក់សាំង ដោយសារតែ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ទាប​ដែល​កើតឡើង​ពី​បញ្ហា​កង្វះ​ប្រភព​ផ្គត់ផ្គង់។

    «បញ្ហា​សមភាព​ដ៏​គួរឱ្យ​ព្រួយបារម្ភ និង​ភាពយឺតយ៉ាវ​នៅក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង អាចធ្វើឱ្យ​តំបន់​នានា​របស់​ទ្វីបអាហ្វ្រិក ក្លាយជា​សម្បុក​នៃ​វ៉ា​រ្យ៉​ង់​ដែលមាន​សមត្ថភាព​ទប់​ទល់នឹង​វ៉ាក់សាំង។ ស្ថានភាព​នេះ​អាច​នាំ​ពិភពលោក​ត្រលប់​ទៅកាន់​ចំនុច​ចាប់​ផ្ដើមដំបូង» Matshidiso Moeti ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​ទ្វីបអាហ្វ្រិក ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​នៅ Brazzaville នៃ​សាធារណរដ្ឋ​កុង​ហ្គោ កាលពី​ថ្ងៃទី 16 កញ្ញា។

    ដោយសារតែ​បញ្ហា​កង្វះ​វ៉ាក់សាំង​នៅ​ទូទាំង​សកលលោក យន្តការ COVAX នឹង​ដឹកជញ្ជូន​វ៉ាក់សាំង COVID-19 ប្រហែល 150 លាន​ដូ​ស​តែប៉ុណ្ណោះ ទៅឱ្យ​ទ្វីបអាហ្វ្រិក ដែល​តួលេខ​នេះ​តិចជាង​ផែនការ​ដំបូង។ ការិយាល័យ​តំបន់​របស់ WHO បានឱ្យដឹងថា ទ្វីបអាហ្វ្រិក នឹងខ្វះ​វ៉ាក់សាំង​ប្រហែល 470 លាន​ដូ​ស ក្នុងឆ្នាំនេះ ដូច្នេះ​ប្រជាជន​ចំនួន​តែ 17% ប៉ុណ្ណោះ ដែល​នឹង​ទទួលបាន​ការការពារ ទាប​ជាង​គោលដៅ 40% ដែល WHO បានកំណត់។

    លោកស្រី Matshidiso Moeti ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអាហ្វ្រិក

    «បើសិនជា​បណ្ដា​ប្រទេស​អ្នកមាន នៅតែ​រារាំង COVAX ពី​ទីផ្សារ​វ៉ាក់សាំង នោះ​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង​នៅ​ទ្វីបអាហ្វ្រិក នឹងត្រូវ​ខកខាន» ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​ទ្វីបអាហ្វ្រិក បញ្ជាក់​ដូច្នេះ។

    បញ្ហា​កង្វះ​វ៉ាក់សាំង បាន​កើតឡើង​ក្នុង​គ្រា​ដែល​អ្នក​វិជ្ជមាន​នឹង COVID-19 នៅ​ទ្វីបអាហ្វ្រិក ក្នុង​សប្ដាហ៍​នេះ បាន​កើន​ឡើងដល់​ជាង 8 លាន​នាក់។ វ៉ាក់សាំង​ប្រហែល 95 លាន​ដូ​ស គួរ​ណាស់​តែ​ត្រូវបាន​ដឹក​ទៅឱ្យ​ទ្វីបអាហ្វ្រិក តាមរយៈ​យន្តការ COVAX នៅក្នុង​ខែកញ្ញា។ យោងតាម WHO «ទ្វីបអាហ្វ្រិក ទើបតែ​អាច​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ចំនួន 50 លាន​នាក់ ប្រហាក់ប្រហែល​នឹង 3.6% នៃ​ប្រជាជន​សរុប​របស់​ទ្វីប​នេះ»។

    COVAX ជា​យន្តការ​ផ្ដល់ជំនួយ​វ៉ាក់សាំង COVID-19 ដែល​ត្រូវបាន​គេ​ជឿថា នឹង​ជួយ​ឱ្យ​ប្រទេស និង​ដែនដី​ក្រីក្រ​ចំនួន 92 ក្នុង​ពិភពលោក ទទួលបាន​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ​ពី​បណ្ដា​ប្រទេស​អ្នកមាន។ កាលពី​សប្ដាហ៍​មុន កម្មវិធី​ខាងលើ​បានឱ្យដឹងថា បរិមាណ​វ៉ាក់សាំង​ដែល​គ្រោង​នឹងត្រូវ​បាន​គេ​ផ្ដល់​ជា​ជំនួយ នឹងត្រូវ​ថយចុះ ដោយសារតែ «បទបញ្ជា​ហាម​នាំចេញ ដើម្បី​ផ្ដល់​អាទិភាព​ដល់​កិច្ចព្រមព្រៀងទ្វេភាគី​រវាង​បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​បណ្ដា​ប្រទេស រួម​នឹង​បញ្ហាយឺតយ៉ាវ​ក្នុងការ​ស្នើសុំ​ការអនុម័ត​សម្រាប់​ការប្រើប្រាស់​វ៉ាក់សាំង» ព្រមទាំង​កត្តា​ជាច្រើន​ផ្សេងទៀត៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 16 ខែ​កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 16 ខែ​កញ្ញា ឆ្នាំ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 15 កញ្ញា ឆ្នាំ 2021 រួមមាន៖

    – ឆ្លង​ថ្មី = 693 នាក់

    – ជាសះស្បើយ​ថ្មី = 443 នាក់

    – ស្លាប់​ថ្មី = 11 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 693 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 581 នាក់

    – អ្នកដំណើរពីបរទេស 112 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប=102,136 នាក់

    – អ្នកជាសះស្បើយ=95,810 នាក់

    – អ្នកស្លាប់=2,078 នាក់

    តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប = 227,268,290 នាក់

    – អ្នកជា​សះស្បើយ = 203,970,323 នាក់

    – អ្នកស្លាប់ = 4,673,652 នាក់

    – អ្នក​​កំពុង​ព្យាបាល = 18,624,315 នាក់

  • ក្រសួងសុខាភិបាល ជូនដំណឹង​អំពី​ការចាក់​វ៉ាក់សាំង COVID-19 ដូ​ស​ទីមួយ និង​ទី​ពីរ ជូន​កុមា​រវ័យ​ចាប់ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ

    ក្រសួងសុខាភិបាល ជូនដំណឹង​អំពី​ការចាក់​វ៉ាក់សាំង COVID-19 ដូ​ស​ទីមួយ និង​ទី​ពីរ ជូន​កុមា​រវ័យ​ចាប់ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល កម្ពុជា បានចេញ​សេចក្ដី​ជូន​ព័ត៌មាន ស្ដីពី​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 (ស៊ី​ណូ​វ៉ា​ក់) ដូ​ស​ទីមួយ និង​ដូ​ស​ទី​ពីរ ជូន​ដល់​កុមារ​ដែលមាន​អាយុ​ចាប់ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ។

    សេចក្ដីលម្អិតសំខាន់ៗ មាន​ដូចខាងក្រោម៖

    1-ការចាក់​វ៉ាក់សាំង COVID-19 ដល់​កូនចៅ​មន្ត្រីរាជការ​ជាតិ៖ នឹងត្រូវ​ចាប់ផ្តើម​ចាក់​ពីថ្ងៃ​ទី 17 ខែកញ្ញា ឆ្នាំ 2021 នៅតាម​មន្ទីរពេទ្យ​ជាតិ​នានា ទៅតាម​ទីតាំង កាល​បិ​រ​ច្ឆេ​ទ និង​ពេលវេលា ក្នុង​សេចក្តីជូនដំណឹង​នេះ​នៅ​ខាងក្រោម។

    2-សម្រាប់​កូនចៅ​មន្ត្រី​អង្គការសហប្រជាជាតិ មន្ត្រី និង​បុគ្គលិក ស្ថានទូត​នានា មន្ត្រី និង​បុគ្គលិក​អង្គការ​ជាតិ អន្តរជាតិ អ្នកឧកញ៉ា និង​ឧក​ញ៉៖ ត្រូវ​ទទួល​ការចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចាប់ពី​ថ្ងៃទី 5 ដល់ 13 ខែតុលា ឆ្នាំ 2021។

    3-ការចាក់​ដូ​ស​ទីមួយ និង​ទី​ពីរ ដល់​កូនចៅ​មន្ត្រីរាជការ និង​កូនចៅ​ប្រជាពលរដ្ឋ​ក្រោម​ឱវាទ​រាជធានី-ខេត្ត៖

    ក– រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និង​កោះកុង ត្រូវ​ចាក់​ចាប់ពី​ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2021 តទៅ។ ការចាក់​ដូ​ស​ទីមួយ និង​ទី​ពីរ​មាន​គម្លាត​ពីគ្នា 21 ថ្ងៃ។ សម្រាប់​ទីតាំង​ចាក់ រដ្ឋបាលខេត្ត នឹង​ជូនដំណឹង​ដាច់ដោយឡែក។

    ខ– ខេត្ត​ចំនួន 21 ផ្សេងទៀត នឹង​ចាក់​ចាប់ពី​ថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2021 តទៅ។ ការចាក់​ដូ​ស​ទីមួយ និង​ទី​ពីរ​មាន​គម្លាត​ពីគ្នា 21 ថ្ងៃ។ សម្រាប់​ទីតាំង​ចាក់ រដ្ឋបាលខេត្ត នឹង​ជូនដំណឹង​ដាច់ដោយឡែក។

    4-ឯកសារ​ភ្ជាប់​មកជា​មួយ​នៅពេល​មកចាក់​វ៉ាក់សាំង រួមមាន៖

    សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ឬ​លិខិតឆ្លងដែន និង​បណ្ណ​សម្គាល់​ខ្លួន​មន្ត្រីរាជការ ឬ​បណ្ណ​សម្គាល់​មន្ត្រី​ជាប់កិច្ចសន្យា​របស់​ឪពុកម្តាយ (ចំពោះ​កូនចៅ​មន្ត្រីរាជការ​ថ្នាក់ជាតិ)៕

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្តីជូនដំណឹង​ដូចខាងក្រោម៖

  • រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​អំពី​ការចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់ពី 6 ឆ្នាំ​ ដល់​ក្រោម 12 ឆ្នាំ

    រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​អំពី​ការចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់ពី 6 ឆ្នាំ​ ដល់​ក្រោម 12 ឆ្នាំ

    នា​ព្រឹក​ថ្ងៃទី 16 ខែកញ្ញា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​ស្តីពី​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ជូន​កុមារ​អាយុ​ចាប់ពី 6 ឆ្នាំ ដល់ អាយុ​ក្រោម 12 ឆ្នាំ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ។

    ដោយ​ទទួលបាន​ការប្រគល់​ភារកិច្ច​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19 ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (គ.វ.ក-១៩) រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងនាម​ជា​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19 ក្នុង​ក្របខ័ណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ នឹង​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​កុមារ​ដែលមាន​អាយុ​ចាប់ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ នៅ​ភ្នំពេញ ចាប់ពី​ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2021។

    ក្នុង​យុទ្ធនាការ​នេះ ដូ​ស​ទីមួយ​នឹងត្រូវ​បានធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី 17 ខែកញ្ញា ដល់​ថ្ងៃទី 3 ខែតុលា ឆ្នាំ 2021 ចំណែក​ដូ​ស​ទី​ពីរ នឹង​ចាប់ផ្ដើម​ចាក់​ពីថ្ងៃ​ទី 8 ដល់ 24 ខែតុលា ឆ្នាំ 2021 រៀងរាល់​ម៉ោង 8 ព្រឹក ដល់​ម៉ោង 17 រសៀល។

    ដើម្បី​បានទទួល​ការចាក់​វ៉ាក់សាំង រដ្ឋបាល​រាជធានី សូម​អញ្ជើញ​អាណាព្យាបាល​របស់​កុមារ ទាក់ទង​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​ភ្ជាប់​ជាមួយ​សេចក្ដីជូនដំណឹង​នេះ។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង​ដែល​មាននៅ​ខាងក្រោម៖

  • កម្ពុជា នឹង​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដល់​កុមារ​អាយុ​ពី 6 ឆ្នាំ ដល់ 12 ឆ្នាំ ចាប់ពី​ថ្ងៃទី​សុក្រ​ខាងមុខ

    កម្ពុជា នឹង​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដល់​កុមារ​អាយុ​ពី 6 ឆ្នាំ ដល់ 12 ឆ្នាំ ចាប់ពី​ថ្ងៃទី​សុក្រ​ខាងមុខ

    នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន ប្រកាស​ឱ្យ​ចាប់ផ្តើម​រៀបចំ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដល់​កុមារ​ដែលមាន​អាយុ​ចាប់ពី 6 ឆ្នាំ ដល់ 12 ឆ្នាំ ដើម្បី​អាច​បើក​ដំណើរការ​សាលាបឋមសិក្សា​ឡើងវិញ។ នេះ​បើតាម សារ​ជា​សំឡេង ដែល​ផ្ញើ​ទៅកាន់​មន្ត្រី​ពាក់ព័ន្ធ នា​ព្រឹក​ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2021។

    «បើ​មិន​ចាក់​វ៉ាក់សាំង​ឱ្យ​កុមារ​អាយុ​ពី 6 ឆ្នាំ ទៅ 12 ឆ្នាំ​ទេ យើង​មិនអាច​ឈានទៅ​បើក​សាលាបឋមសិក្សា​បានទេ ព្រោះ​អាយុ​នេះ គឺ​នៅក្នុង​ក្របខ័ណ្ឌ​បឋមសិក្សា ហើយ​យើង បែរជា​បើក​តែ​អនុវិទ្យាល័យ-វិទ្យាល័យ ដូច្នេះ​ធ្វើឱ្យមាន​បញ្ហាលំបាក» ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​ដូច្នេះ។

    សម្តេច បាន​បញ្ជាក់ថា ប្រទេសមួយ​ចំនួន​បាន​ចាក់​វ៉ាក់សាំង COVID-19 ដល់​កុមារ​ក្រោម​អាយុ 12 ឆ្នាំ​រួចហើយ បន្ទាប់​មានការ​សិក្សា​ស្រាវ​នៅតាម​បណ្ដា​ប្រទេស។

    ការចាក់​វ៉ាក់សាំង COVID-19 ឱ្យ​កុមារ​អាយុ​ពី 6 ឆ្នាំ ដល់ 12 ឆ្នាំ ដែលមាន​ចំនួន​ជាង 1.8 លាន​នាក់​នៅ កម្ពុជា នឹង​ចាប់ផ្តើម​ពីថ្ងៃ​សុក្រ ទី 17 ខែកញ្ញា ឆ្នាំ 2021 ក្នុង​ក្រប​ខ័​ណ្ណ​ទូទាំងប្រទេស។