
Category: សុខភាព

អាម៉េរិក រកឃើញករណីឆ្លងវីរុសកូវីដ-១៩ ប្រភេទ អូមីក្រុង នៅក្នុងរដ្ឋយ៉ាងតិចចំនួន ១៥
ប្រធាន CDC របស់ សហរដ្ឋអាម៉េរិក លោកស្រី Walensky បានឱ្យដឹងថា វ៉ារ្យ៉ង់ អូមីក្រុង ត្រូវបានរកឃើញនៅក្នុងរដ្ឋប្រហែល ១៥ របស់ប្រទេសនេះ ប៉ុន្តែ ដេលតា នៅតែជា វ៉ារ្យ៉ង់ លេចធ្លោជាងគេ។
«យើងដឹងថា យើងកំពុងតែមានករណីឆ្លង វ៉ារ្យ៉ង់អូមីក្រុង ចំនួនរាប់សិបករណី ហើយយើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។ យើងក៏ទទួលបានព័ត៌មានកាន់តែច្រើនអំពីករណីអាថ៌កំបាំង ដូច្នេះតួលេខនេះអាចនៅមានច្រើនជាងនេះ» ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លងរបស់ អាម៉េរិក (CDC) វេជ្ជបណ្ឌិត Rochelle Walensky បានប្រាប់សារព័ត៌មាន ABC News ដូច្នេះ កាលពីថ្ងៃទី 5 ធ្នូ ២០២។
រដ្ឋចំនួន ១៥ របស់ សហរដ្ឋអាម៉េរិក ដែលបានរាយការណ៍អំពីករណីឆ្លងកូវីដ-១៩ ប្រភេទ អូមីក្រុង រួមមាន រដ្ឋ California, Colorado, Connecticut, Hawaii, Maryland, Massachusetts, Minnesota, Missouri, Nebraska, New Jersey, New York, Pennsylvania, Utah, Washington និង Wisconsin។ នេះបើតាមស្ថិតិរបស់សារព័ត៌មាន Reuters។
ទោះជាយ៉ាងនេះក្ដី CDC របស់ អាម៉េរិក បញ្ជាក់ថា វីរុសបំប្លែងខ្លួន ដេលតា នៅតែជា វ៉ារ្យ៉ង់ លេចធ្លោជាងគេ។ លោកស្រី Walensky ថ្លែងថា ក្នុងចំណោមករណីឆ្លងកូវីដ-១៩ ពី ៩០,០០០ ទៅ ១០០,០០០ នាក់/ថ្ងៃ មានរហូតដល់ ៩៩.៩% គឺជាករណីឆ្លង ដេលតា៕

កូវីដ-១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មី ២៥ នាក់ និងស្លាប់ ៣ នាក់ កាលពីថ្ងៃទី ៣ ធ្នូ
កម្ពុជា រកឃើញអ្នកឆ្លងថ្មី ២៥ នាក់ទៀត និងជាសះស្បើយ ១៩ នាក់ និងស្លាប់ ៣ នាក់ ក្នុងអំឡុង ២៤ ម៉ោងនៃថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មី មានករណីឆ្លងសហគមន៍ ២១ នាក់ និងករណីអ្នកដំណើរពីបរទេស ៤ នាក់។
គិតត្រឹមព្រឹក ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២១ តួលេខសរុបនៃអ្នកជំងឺកូវីដ-១៩ នៅ កម្ពុជា រួមមាន៖
– អ្នកឆ្លងសរុប= ១២០,២៣២ នាក់, – អ្នកជាសះស្បើយ= ១១៦,៥៨៨ នាក់, – អ្នកស្លាប់= ២,៩៥៦ នាក់។

WHO ព្រមានថា អូមីក្រុង (Omicron) អាច «ឡើងគ្រប់គ្រង» ពិភពលោក ជំនួស ដេលតា (Delta)
អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) បានថ្លែងថា អូមីក្រុង អាចចូលមកជំនួស ដេលតា ដើម្បីក្លាយជា វ៉ារ្យ៉ង់ លេចធ្លោជាគេនៅទូទាំងសកលលោក ប៉ុន្តែ វ៉ាក់សាំងបច្ចុប្បន្ន នៅតែមានប្រសិទ្ធភាពប្រឆាំងនឹង វីរុសបំប្លែងខ្លួនថ្មីនេះ។
«វាអាចនឹងក្លាយជា វ៉ារ្យ៉ង់ ដែលមានប្រៀបជាងគេ» Soumya Swaminathan អ្នកវិទ្យាជាន់ខ្ពស់របស់ WHO ថ្លែងដូច្នេះនៅក្នុងសន្និសីទ Reuters Next នៅ ទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី ៣ ធ្នូ ២០២។ ប៉ុន្តែ លោកស្រីបានសង្កត់ធ្ងន់ថា នេះគឺជាសេណារីយ៉ោ ដែលមិនទាន់អាចព្យាករបានច្បាស់លាស់នៅឡើយ។ បច្ចុប្បន្ន ដេលតា នៅតែជា វីរុសបំប្លែងខ្លួនថ្មី ដែលលេចធ្លោជាងគេ ដោយ «គ្រប់គ្រង» ករណីឆ្លងថ្មីរហូតដល់ ៩៩% នៅក្នុងពិភពលោក។

លោកស្រី Soumya Swaminathan អ្នកវិទ្យាជាន់ខ្ពស់របស់ WHO ក្រុមអ្នកវិទ្យាសាស្ត្រនៅឯ សហភាពអឺរ៉ុប (EU) អូស្ត្រាលី និង សិង្ហបុរី មុននោះក៏បានព្យាករថា អូមីក្រុង អាចបង្កឱ្យមានករណីឆ្លងជំងឺកូវីដ-១៩ ច្រើនជាង ដេលតា ក្នុងរយៈពេល ៣ ទៅ ៦ ខែខាងមុខ។
បើសិន ទ្វីបអាហ្វ្រិក បានទទួលវ៉ាក់សាំង និងមានយុទ្ធនាការចាក់វ៉ាក់សាំងល្អជាងនេះ នោះ អូមីក្រុង ប្រហែលជាមិនបានបង្ហាញខ្លួនដូចបច្ចុប្បន្ន។ នេះបើតាមការយល់ឃើញរបស់លោកស្រី Swaminathan។

ការប្រៀបធៀបអំពី វ៉ារ្យ៉ង នានារបស់ កូវីដ-១៩ យ៉ាងណាក៏ដោយ លោកស្រី Swaminathan ថ្លែងថា ពិភពលោកមិនគួរព្រួយភ័យខ្លាំងពេកទេ ព្រោះថា វ៉ាក់សាំងបច្ចុប្បន្ន នៅតែមានប្រសិទ្ធភាពប្រឆាំងនឹង វីរុសបំប្លែងខ្លួនថ្មី បើទោះជាតួលេខអ្នកឆ្លងថ្មីនៅ អាហ្វ្រិកខាងត្បូង កើនឡើងទ្វេគុណជារៀងរាល់ថ្ងៃ៕

សាកលវិទ្យាល័យ Yale កំពុងអភិវឌ្ឍវ៉ាក់សាំងទម្រង់បាញ់តាមច្រមុះ អាចទប់ស្កាត់រាល់វ៉ារ្យ៉ង់អនាគតរបស់ កូវីដ-១៩
ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Yale ក្នុងរដ្ឋ Connecticut (សហរដ្ឋអាម៉េរិក) កំពុងធ្វើការស្រាវជ្រាវ អភិវឌ្ឍវ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ប្រភេទបាញ់តាមច្រមុះដែលមានប្រសិទ្ធភាពប្រឆាំងនឹងបណ្ដាវីរុសបំប្លែងខ្លួនថ្មីផ្សេងៗក្នុងពេលអនាគតនៃវីរុសកូវីដ-១។
បណ្ឌិត Akiko Iwasaki អ្នកស្រាវជ្រាវប្រចាំសាកលវិទ្យាល័យ Yale ឱ្យដឹងថា ពួកគេកំពុងអភិវឌ្ឍវ៉ាក់សាំងប្រភេទបាញ់ចូលតាមច្រមុះ។ វ៉ាក់សាំងទម្រង់នេះ មិនបង្កការឈឺចាប់ ហើយវាបង្កើតអង្គបដិប្រាណនៅនឹងកន្លែង។
យោងតាមលោកស្រី Iwasaki ប្រតិកម្មនៃប្រព័ន្ធការពាររាងកាយដោយផ្នែក ល្អជាងប្រតិកម្មនៃប្រព័ន្ធភាពស៊ាំតាមរយៈចរន្ធឈាម ព្រោះមានសមត្ថភាពប្រឆាំងនឹងបណ្ដាបំរែបំរួលដែលវីរុសបង្កឡើងខ្ពស់ជាងឆ្ងាយ ទន្ទឹមនឹងនេះវាក៏អាចទប់ស្កាត់វីរុសជ្រៀតចូលក្នុងរាងកាយ មុនពេលពួកវាអាចបង្កគ្រោះថ្នាក់។

សាកលវិទ្យាល័យ Yale លោកស្រី Iwasaki សង្កត់ធ្ងន់ថា វ៉ាក់សាំងទម្រង់ថ្មីនេះមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងរាល់វ៉ារ្យ៉ង់ថ្មីនាពេលអនាគតរបស់វីរុសកូវីដ-១៩ ព្រោះវាជួយលើកកម្ពស់សមត្ថភាពនៃការជាសះស្បើយសម្រាប់មនុស្ស។
គិតមកដល់បច្ចុប្បន្ន មានក្រុមហ៊ុនឱសថជាច្រើន កំពុងអភិវឌ្ឍវ៉ាក់សាំងទម្រង់បាញ់តាមច្រមុះ ដោយសារថា វ៉ាក់សាំងប្រភេទនេះត្រូវបានគេជឿជាក់ថា នឹងបង្កើនសមត្ថភាពដល់ប្រព័ន្ធការពាររាងកាយ ព្រមទាំងមិនបង្កផលវិបាកតិចតួចបំផុត៕

កូវីដ-១៩! អាស៊ីអាគ្នេយ៍ ចាប់ផ្ដើមរកឃើញករណីឆ្លង វីរុសបំប្លែងខ្លួនថ្មី អូមីក្រុង (Omicron)
ប្រទេសសិង្ហបុរី និង ម៉ាឡេស៊ី បានរកឃើញករណីឆ្លង វ៉ារ្យ៉ង់ អូមីក្រុង (Omicron) ដំបូងគេនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ដែលអ្នកជំងឺសុទ្ធតែជាអ្នកដំណើរមកពី អាហ្វ្រិកខាងត្បូង។
ក្រសួងសុខាភិបាលនៃ ប្រទេសសិង្ហបុរី កាលពីម្សិលមិញ បានប្រកាសថា អ្នកដំណើរពីរនាក់មកពី ប្រទេសអាហ្វ្រិកខាងត្បូង ដែលចូលមកប្រទេសនេះ មានផ្ទុក វីរុសកូវីដ-១៩ ប្រភេទ អូមីក្រុង។
អ្នកជំងឺខាងលើ បានទទួលការចាក់វ៉ាក់សាំងរួចរាល់ និងកំពុងព្យាបាលនៅមន្ទីរពេទ្យជាតិសិង្ហបុរី។ ពួកគេមានអាការស្រាល រួមមាន ក្អក និងរមាស់បំពង់ក។ នេះគឺជាករណីឆ្លង អូមីក្រុង ដំបូង និងជាករណីនាំចូល នៅ សិង្ហបុរី។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី ថ្ងៃនេះ (៣ ធ្នូ) បានប្រកាសថា ប្រទេសនេះក៏បានរកឃើញករណីឆ្លង អូមីក្រុង ដំបូង នៅលើអ្នកដំណើរបរទេស មកពី អាហ្វ្រិកខាងត្បូង ឆ្លងកាត់ សិង្ហបុរី មុនពេលមកដល់ ម៉ាឡេស៊ី ក្នុងថ្ងៃទី ១៩ វិច្ឆិកា។

តំបន់អាស៊ីអាគ្នេយ៍ ប្រកាសខាងលើត្រូវបានធ្វើឡើងនៅក្នុងគ្រាដែលបណ្ដាប្រទេសនៅ តំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក កំពុងរឹតត្បិតការធ្វើដំណើរពីតំបន់ អាហ្វ្រិកខាងត្បូង ព្រោះតែមានការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង។
អូមីក្រុង ត្រូវបានរកឃើញដំបូងនៅ ប្រទេសបុតស្វាណា (Botswana) កាលពីពាក់កណ្ដាលខែវិច្ឆិកា។ នេះគឺជា វ៉ារ្យ៉ង់ ដែលមានការប្រែប្រួលច្រើនបំផុត ធៀបនឹងវ៉ារ្យ៉ង់នានារបស់ កូវីដ-១។ អង្គការសុខភាពពិភពលោក បានចាត់ទុក អូមីក្រុង ជាវីរុសបំប្លែងខ្លួនថ្មីដែលគួរឱ្យព្រួយបារម្ភ៕

កូវីដ-១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មី ២៤ នាក់ ខ្ពស់ជាងតួលេខកាលពីម្សិលមិញ
ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ២ ធ្នូ កម្ពុជា បានរកឃើញអ្នកឆ្លងថ្មី ២៤ នាក់ និងជាសះស្បើយ ២១ នាក់ ខណៈអ្នកស្លាប់ ៤ នាក់។
គិតត្រឹមព្រឹក ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ កម្ពុជា មានករណីកូវីដ-១៩ សរុប៖
– អ្នកឆ្លងសរុប= ១២០,២០៧ នាក់
– អ្នកជាសះស្បើយ= ១១១៦,៥៦៩ នាក់
– អ្នកស្លាប់= ២,៩៥៣ នាក់

វីរុសបង្កជំងឺកូវីដ-១៩ អាចរស់បានយូរប៉ុនណា នៅក្នុងរាងកាយអ្នកជំងឺ?
មន្ត្រីខុសាភិបាលជាន់ខ្ពស់មួយរូបរបស់ រុស្ស៊ី បានព្រមានថា វីរុស SARS-CoV-2 (កូវីដ-១៩) អាចរស់បានរយៈពេលយូរនៅក្នុងរាងកាយមនុស្ស ក្រោយពីបានឆ្លងវីរុសនេះ។
នៅក្នុងសម្ភាសជាមួយទស្សនាវដ្ដី KP កាលពីថ្ងៃទី ២ វិច្ឆិកា លោកស្រី អាណា ប៉ូប៉ូវ៉ា (Anna Popova) ដែលជាប្រធានអាជ្ញាធរគ្រប់គ្រងនិងការពារសុខភាពអ្នកប្រើប្រាស់ Rospotrebnadzor បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា វីរុសអាចរស់បានរហូតដល់ ៨០ ថ្ងៃ ឬ ១០០ ថ្ងៃ នៅក្នុងរាងកាយអ្នកជំងឺ។
«ការសិក្សាស្រាវជ្រាវថ្មីបំផុតបានបង្ហាញអំពីប្រការនេះ» លោកស្រី អាណា ប៉ូប៉ូវ៉ា បញ្ជាក់ដូច្នេះ និងបន្តថា រយៈពេលនៃការសម្ងំខ្លួនរបស់ វីរុសកូវីដ-១៩ គឺ ១៤ ថ្ងៃ មានន័យថា រោគសញ្ញានឹងបង្ហាញខ្លួនយ៉ាងយូរបំផុតពីរសប្ដាហ៍ក្រោយពីបានឆ្លង។
ចំណែកមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់រោគឆ្លង (CDC) របស់ អាម៉េរិក បានឱ្យដឹងថា អ្នកដែលបានជាពីជំងឺកូវីដ-១៩ អាចនៅតែមាន RNA (Ribonucleic acid) របស់វីរុសនេះ នៅក្នុងសំណាកដែលយកពីផ្លូវដង្ហើម យ៉ាងយូរ ៣ ខែ ក្រោយពីមានជំងឺ។ ប៉ុន្តែ លទ្ធភាពនៃការឆ្លងគឺមានតិចតួចណាស់។

វ៉ាក់សាំងនិង រថយន្តដឹកវ៉ាក់សាំង ដែលជាជំនួយរបស់ កម្ពុជា ត្រូវបានប្រគល់ជូនរដ្ឋាភិបាលឡាវ រួចរាល់ហើយ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងរបស់ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញប្រគល់វ៉ាក់សាំងចំនួន ៥ សែនដូស និង រថយន្តដឹកវ៉ាក់សាំងចំនួន ៣ គ្រឿង ដែលជាអំណោយសប្បុរសធម៌របស់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់ រដ្ឋាភិបាល និងប្រជាជនឡាវ រួចហើយ នាព្រឹកនេះ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា និង ឯកឧត្តម គីកែវ ខាយខាំភីធួង ឧបនាយករដ្ឋមន្ត្រី តំណាងឱ្យ រដ្ឋាភិបាលឡាវ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលជំនួយខាងលើ ដែលត្រូវបានប្រារព្ធឡើងនៅ ឯខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា-ឡាវ (ត្រពាំងគ្រៀល-ណងនុឃាន) នៅព្រឹកថ្ងៃទី ៣ ធ្នូ ២០២។
ជាងនេះ ដើម្បីជួយដល់ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅ ប្រទេសឡាវ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ១៣ លានដុល្លារអាមេរិក ផងដែរ ដល់ រដ្ឋាភិបាលឡាវ។ ក្នុងចំណោមជំនួយជាទឹកប្រាក់នេះ មាន ៣ លានដុល្លារ ជាថវិការបស់ រាជរដ្ឋាភិបាលកម្ពុជា និង ១០ លានដុល្លារ ជាថវិការបស់សប្បុរសជន៕
ភ័ស្ដុតាងបង្ហាញថា កូវីដ-១៩ ប្រភេទ អូមីក្រុង អាចមានវត្តមាននៅ អឺរ៉ុប មុនពេលត្រូវគេរកឃើញនៅ អាហ្វ្រិកខាងត្បូង
ក្រុមមន្ត្រីសុខាភិបាលមួយចំនួន បានលើកឡើងនូវភ័ស្ដុតាងថ្មីបង្ហាញថា វ៉ារ្យ៉ង់ អូមីក្រុង (Omicron) ប្រហែលជាបានឆ្លងរាលដាលខាងក្រៅ ទ្វីបអាហ្វ្រិក មុនពេលទ្វីបនេះរកឃើញករណីឆ្លង អូមីក្រុង ទីមួយ។
យោងតាមសារព័ត៌មាន NBCNews ក្រុមមន្ត្រីសុខាភិបាលនៃ ប្រទេសហូឡង់ បានឱ្យដឹងថា ពួកគេបានរកឃើញ វ៉ារ្យ៉ង់អូមីក្រុង នៅក្នុងសំណាកដែលត្រូវបានយកចាប់ថ្ងៃទី ១៩ វិច្ឆិកា និង ២៣ វិច្ឆិកា។ ប្រការនេះបង្ហាញថា វីរុសកូវីដ-១៩ ប្រភេទ អូមីក្រុង ប្រហែលជាបានកកើតឡើងនៅ ទ្វីបអឺរ៉ុប មុនពេលត្រូវបានរកឃើញនៅ ប្រទេសអាហ្វ្រិកខាងត្បូង។ ក៏ប៉ុន្តែ វិទ្យាស្ថានជាតិសុខាភិបាលសាធារណៈរបស់ ហូឡង់ បានឱ្យដឹងថា៖ «បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា អ្នកជំងឺទាំងនេះធ្លាប់បានទៅកាន់បណ្ដាប្រទេសនៅភាគខាងត្បូងនៃ ទ្វីបអាហ្វ្រិក ឬយ៉ាងណានៅឡើយ»។
ដើមសប្ដាហ៍នេះ ហូឡង់ បានរកឃើញយ៉ាង ១៤ ករណីដែលបានឆ្លង វ៉ារ្យ៉ង់អូមីក្រុង នៅក្នុងចំណោមអ្នកដំណើរដែលបានត្រលប់មកពី អាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ២៦ វិច្ចិកា។
ចំណែក នីហ្សេរីយ៉ា វិញ ក៏បានរកឃើញករណីឆ្លង អូមីក្រុង ដំបូង នៅក្នុងសំណាកដែលយកកាលពីខែតុលា នេះបើតាមសារព័ត៌មាន AP ដកស្រង់ប្រភពព័ត៌មានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងបានចុះផ្សាយកាលពីម្សិលមិញ។
កាលពីដើមខែវិច្ឆិកា អាហ្វ្រិកខាងត្បូង បានរកឃើញប្រការចម្លែកៗនៅក្នុងការពិសោធសំណាកកូវីដ-១៩ ហើយក្រោយមកក៏ចាប់ផ្ដើមមានការវិភាគនានា។ ថ្ងៃទី ២៤ វិច្ឆិកា អាជ្ញាធររបស់ អាហ្វ្រិកខាងត្បូង បានព្រមាន និងរាយការណ៍អំពី វ៉ារ្យ៉ង់ ថ្មី របស់ កូវីដ-១៩ ដែលហៅថា B.1.1.529។ ពីរថ្ងៃក្រោយមក អង្គការសុខភាពពិភពលោក បានដាក់ឈ្មោះឱ្យ B.1.1.529 នេះថា អូមីក្រុង (Omicron) និងចាត់ចូលក្នុងក្រុមវ៉ារ្យ៉ង់ ដែលគួរឱ្យព្រួយបារម្ភ៕
