Category: សុខភាព

  • អាហ្វ្រិក​ខាងត្បូង ប្រកាសថា បាន​ឆ្លង​ផុត​ដំណាក់កាល​កំពូល​នៃ​ការ​រាតត្បាត​របស់ អូ​មី​ក្រុង!

    អាហ្វ្រិក​ខាងត្បូង ប្រកាសថា បាន​ឆ្លង​ផុត​ដំណាក់កាល​កំពូល​នៃ​ការ​រាតត្បាត​របស់ អូ​មី​ក្រុង!

    ប្រទេស អាហ្វ្រិក​ខាងត្បូង បានប្រកាសថា បាន​ឆ្លង​ផុត​ដំណាក់កាល​កំពូល​នៃ​ការឆ្លង​រាលដាល​របស់ កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ហើយក៏​បាន​ដក​បម្រាម​គោចរ​ពេលយប់ និង​បន្ធូរបន្ថយ​ការ​រឹតត្បិត​មួយចំនួន​លើ​ការដើរ​ហើរ។

    រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី ៣០ ធ្នូ បានប្រកាស​ឱ្យដឹងថា ទិន្នន័យ​សុខាភិបាល​បង្ហាញថា ប្រទេស​នេះ​បាន​ឆ្លង​ផុត​ចំណុចកំពូល​នៃ​ការឆ្លង​រាលដាល​ដោយសារ អូ​មី​ក្រុង ព្រោះ​ពុំមាន​ការកើនឡើង​ខ្ពស់​ខ្លាំង​នៃ​តួលេខ​អ្នកស្លាប់។

    «ល្បឿន​នៃ​ការឆ្លង​រាលដាល​ទី ៤ ដែល​បង្កឡើង​ដោយ អូ​មី​ក្រុង បាន​កើន​ឡើងដល់​ចំណុចកំពូល ហើយ​ក្រោយមក​ក៏បាន​ថយចុះ​គួរឱ្យភ្ញាក់ផ្អើល» វេជ្ជបណ្ឌិត Fareed Abdullah មកពី​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជ​សា្ត​ស្ត្រា​របស់ អាហ្វ្រិក​ខាងត្បូង បានឱ្យដឹង​ដូច្នេះ។ លោក​បន្ថែមថា៖ «ដំណាក់កាល​កំពូល​បាន​កើតឡើង​ក្នុង​រយៈពេល ៤ សប្ដាហ៍ និង​ថយចុះ​ទាប​ខ្លាំង​ក្នុង ២ សប្ដាហ៍​បន្ទាប់។ រលក​នៃ អូ​មី​ក្រុង បានបញ្ចប់​នៅក្នុង​ទីក្រុង Tshwane»។

    អាហ្វ្រិក​ខាងត្បូង បានសម្រេច​ដក​បម្រាម​គោចរ​ដែល​ត្រូវបាន​អនុវត្ត​ចាប់ពី​ពាក់​កណ្ដាលយប់ ដល់​ម៉ោង ៤ ទៀបភ្លឺ​នៃ​ថ្ងៃ​បន្ទាប់។ ទន្ទឹមនឹង​ការដក​បម្រាម​គោចរ​នេះ អាហ្វ្រិក​ខាងត្បូង ក៏បាន​កំណត់​មិនឱ្យ​មានការ​ជួបជុំ​មនុស្ស​លើសពី ១,០០០ នាក់ នៅក្នុង​ផ្ទះ និង​មិន​លើសពី ២,០០០ នាក់ នៅ​ខាងក្រៅ​ផ្ទះ។

    គិត​មកដល់​បច្ចុប្បន្ន អូ​មី​ក្រុង បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ជាង ១០០ ក្នុង​ពិភពលោក ក្នុងនោះ វា​បាន​ឆ្លងទៅ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ និង​អ្នក​ដែល​ធ្លាប់បាន​ឆ្លង កូ​វីដ-១៩ ផងដែរ ដែល​នេះ​ធ្វើឱ្យ​ប្រព័ន្ធ​សុខាភិបាល​នៅក្នុង​ប្រទេស​ជាច្រើន​ត្រូវ​ជួប​ការលំបាក ជាក់ស្ដែង​មាន សហរដ្ឋ​អាម៉េរិក និង​អង់គ្លេស ជាដើម៕

  • ដំណឹង​ល្អ​ពី អាហ្វ្រិក​ខាងត្បូង៖ អូ​មី​ក្រុង មិនអាច​គេចផុត​ពី​ខ្សែការពារ​ទី​ពីរ​របស់​អង្គ​ប​ដិ​ប្រាណ

    ដំណឹង​ល្អ​ពី អាហ្វ្រិក​ខាងត្បូង៖ អូ​មី​ក្រុង មិនអាច​គេចផុត​ពី​ខ្សែការពារ​ទី​ពីរ​របស់​អង្គ​ប​ដិ​ប្រាណ

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស អាហ្វ្រិក​ខាងត្បូង ទើបតែ​បានប្រកាស​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ បង្ហាញថា វីរុស​​កូ​វីដ​-១៩ ប្រភេទ អូ​មី​ក្រុង មិនមាន​សមត្ថភាព​គេច​រួច​ពី​ខ្សែការពារ​ទី​ពីរ​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​មនុស្ស​ឡើយ នេះ​បើតាម​សារព័ត៌មាន Reuters។

    យោងតាម​ការស្រាវជ្រាវ បណ្ដា​កោសិកា T នៅតែមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​កំណត់​អត្តសញ្ញាណ និង​វាយប្រហារ​ទៅលើ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ដូច្នេះ អាច​ទប់ស្កាត់​ករណី​វិជ្ជមាន​នឹង​កូ​វីដ-១៩ ប្រភេទ​នេះ វិ​វត្ត​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ។

    បណ្ដា​កំណែ​របស់ អូ​មី​ក្រុង ជួយ​ឱ្យ​វា​គេច​ផុតពី​អង្គ​ប​ដិ​ប្រាណ ដែលជា​ខ្សែការពារ​ជួរមុខ​របស់​រាងកាយ ដែលមាន​តួនាទី​ទប់​ទល់នឹង​ការឆ្លង​រោគ។ កន្លងមក ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​សន្និដ្ឋានថា សមាសធាតុ​ផ្សេងទៀត​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​មនុស្ស នៅតែ​ចោល​មុខព្រួញ​ទៅលើ អូ​មី​ក្រុង ប៉ុន្តែ មកដល់ពេលនេះ ទើប​ពួកគេ​រកឃើញ​ភ័ស្ដុតាង​ដែល​បញ្ជាក់​អំពី​ការសន្និដ្ឋាន​នោះ។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​​នេះ​ ទើបតែ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ២៨ ធ្នូ នៅលើ​ទំព័រ medRxiv ដែលជា​ថ្នាល​បច្ចេកវិទ្យា​សម្រាប់​ចុះផ្សាយ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ។

    ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​បាន​ព្រមាន​ថា មិនគួរ​លើកឡើង​នូវ​ការសន្និដ្ឋាន​លឿន​ពេក​ដោយ​យោងទៅលើ​ទិន្នន័យបឋម​នេះ​ទេ ព្រោះថា​ការដែល​បានទទួល​ការចាក់​វ៉ាក់សាំង និង​ការដែល​ធ្លាប់​ឆ្លង កូ​វីដ-១៩ អាច​ជះឥទ្ធិពល​ដល់​លទ្ធផល​នៃ​ការស្រាវជ្រាវ៕

  • ប្រទេស​ថៃ រកឃើញ «សម្បុក វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង» ដែល​ឆ្លង​ពី​អ្នក​ទេសចរណ៍​បរទេស

    ប្រទេស​ថៃ រកឃើញ «សម្បុក វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង» ដែល​ឆ្លង​ពី​អ្នក​ទេសចរណ៍​បរទេស

    ក្រុមមន្ត្រី​ថៃ បាន​រកឃើញ​តំបន់​ឆ្លង វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង រាប់រយ​ករណី ដែលមាន​ប្រភព​ចម្លង​ពី​ទេសចរ​ជនជាតិ​បែ​ល​ហ្សិ​ក ២ នាក់ និង​បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នាពេលខាងមុខ។

    អាជ្ញាធរ​ថៃ បាន​ហៅ​សម្បុក​របស់ អូ​មី​ក្រុង ដំបូង​នៅ​ប្រទេស​នេះ​ថា​ជា «ព្រឹត្តិការណ៍​មហា​ចម្លង» ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ខេត្ត Kalasi តាំងពី​យប់​ថ្ងៃទី ២៤ ធ្នូ។

    «ព្រឹត្តិការណ៍​មហា​ចម្លង» នៅក្នុង​ខេត្ត​នៃ​តំបន់​ភាគ​ឦសាន​របស់​ប្រទេស ថៃ នេះ ត្រូវបាន​បញ្ជាក់ថា មាន​ប្រភពពី​អ្នកដំណើរ​ជនជាតិ បែ​ល​ហ្សិ​ក ២ នាក់ មាន​ផ្ទុក​វីរុស​កូ​វីដ-១៩ ដែល​បានមក​កាន់​ទីនេះ​នៅក្នុង​រដូវ​បុណ្យ​ណូអែល និង​បាន​ចូល​បៀរហ្គាឌិន សាល​ប្រគំ​តន្ត្រី និង​ផ្សារ​មួយចំនួន។

    ក្រុមមន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​របស់ ថៃ បានឱ្យដឹងថា មនុស្ស​រាប់រយ​នាក់​បាន​ឆ្លង​រោគ​ពី​សម្បុក​វីរុស​នេះ។ វីរុស​ពី​តំបន់​នេះ​ក៏បាន​ឆ្លងទៅ​ខេត្ត​ចំនួន ១១ ផ្សេងទៀត​ផងដែរ។

    ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​របស់ ថៃ លោក Opas Karnkawinpong បញ្ជាក់ថា ទេសចរ​ជនជាតិ​បែ​ល​ហ្សិ​ក ២ នាក់​ខាងលើ បាន​ចូល​ទទួល​សេវាកម្ម​នៅក្នុង​បៀរហ្គាឌិន​មួយ​ដែល​មិនមាន​ខ្យល់​ចេញចូល​ល្អ ព្រមទាំង​មាន​មនុស្ស​ច្រើន នៅក្នុង​ចំណោម​កន្លែង​ជាច្រើន​ដែល​អ្នក​ទាំង ២ បាន​ចូល។

    លោក Opas Karnkawinpong ថ្លែងថា «ក្នុង​រដូវ​បុណ្យចូលឆ្នាំថ្មី បើសិន​អ្នក​ទៅកាន់​ទីណា​ដែល​អ្នកមាន​អារម្មណ៍​ថា គ្មាន​សុវត្ថិភាព ល្អ​បំផុត​គឺ​កុំ​ចូល​ឱ្យសោះ»។

    នៅ​ប្រទេស ថៃ បច្ចុប្បន្ន មាន​អ្នក​ឆ្លង កូ​វីដ-១៩ ចំនួន​ប្រហែល ២,៥០០ នាក់ ជា​រៀងរាល់ថ្ងៃ ក្នុង​សប្ដាហ៍​កន្លង។ ក្រសួងសុខាភិបាល​ថៃ ព្រមាន​ថា តួលេខ​នេះ​នឹង​កើន​ដល់ ៣០,០០០ នាក់ និង​ស្លាប់​ជាង ១៦០ ក្នុង ១ ថ្ងៃៗ នៅក្នុង​ខែមីនា ឆ្នាំ ២០២២ បើសិន​មិនមាន​វិធានការ​បន្ទាន់​ដូចជា ការបង្កើន​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង ការធ្វើ​តេស្ត និង​ការរក្សា​គម្លាត​សង្គម​ទ្រង់ទ្រាយ​ធំ​ជាង​បច្ចុប្បន្ន៕

  • កម្ពុជា​ រកឃើញអ្នកឆ្លង​​ កូវីដ-១៩ ចំនួន​ ៤ នាក់ទៀត ក្នុង​នោះ​មាន​ម្នាក់​ជា​ករណី អូមីក្រុង​

    កម្ពុជា​ រកឃើញអ្នកឆ្លង​​ កូវីដ-១៩ ចំនួន​ ៤ នាក់ទៀត ក្នុង​នោះ​មាន​ម្នាក់​ជា​ករណី អូមីក្រុង​

    ក្រៅ​ពី​ករណី​វិជ្ជមាន ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២៨ ធ្នូ កម្ពុជា​ ក៏​មាន​អ្នក​​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩ ចំនួន​ ១ នាក់​ផងដែរ​។

     

  • មន្ត្រី​​របស់​ សហរដ្ឋ​អាម៉េរិក ថ្លែង​ថា ឧបករណ៍​ធ្វើតេស្ត​រហ័ស​លក្ខណៈ​​គ្រួសារ អាច​បង្ហាញ​លទ្ធផល «អវិជ្ជមាន​​ក្លែង​ក្លាយ»​ ចំពោះ អូ​មី​ក្រុង

    មន្ត្រី​​របស់​ សហរដ្ឋ​អាម៉េរិក ថ្លែង​ថា ឧបករណ៍​ធ្វើតេស្ត​រហ័ស​លក្ខណៈ​​គ្រួសារ អាច​បង្ហាញ​លទ្ធផល «អវិជ្ជមាន​​ក្លែង​ក្លាយ»​ ចំពោះ អូ​មី​ក្រុង

    ដោយយោង​ទៅតាម​ទិន្នន័យ​ដំបូង ក្រុមមន្ត្រី​របស់ សហរដ្ឋ​អាម៉េរិក យល់ថា ឧបករណ៍​ធ្វើតេស្ត​រហ័ស​លក្ខណៈ​គ្រួសារ មាន​ប្រសិទ្ធភាព​ទាប ហើយ​អាច​ផ្ដល់​លទ្ធផល​អវិជ្ជមាន​ក្លែងក្លាយ​ចំពោះ វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង។

    «ទិន្នន័យ​ដំបូង​បង្ហាញថា ការធ្វើ​តេស្ត​អង់​ទី​ហ្សែ​ន អាច​រកឃើញ​អ្នក​ផ្ទុក អូ​មី​ក្រុង ប៉ុន្តែ មាន​កម្រិត​ជាក់លាក់​មិនបាន​ដូច វ៉ា​រ្យ៉​ង់ ផ្សេង» អាជ្ញាធរ​គ្រប់គ្រង​អាហារ​និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក បានប្រកាស​ដូច្នេះ កាលពី​ថ្ងៃទី ២៨ ធ្នូ។

    FDA បានលើកឡើង​ដូច្នេះ បន្ទាប់ពី​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល (NIH) ដើម្បី​ស្រាវជ្រាវ​លើ​ប្រសិទ្ធភាព​របស់​ឧបករណ៍​ធ្វើតេស្ត​លក្ខណៈ​គ្រួសារ ឬ​ហៅថា ឧបករណ៍​ធ្វើតេស្ដ​អង់​ទី​ហ្សែ​ន នៅលើ​អ្នកជំងឺ​ដែល​ត្រូវបាន​បញ្ជាក់ថា វិជ្ជមាន​នឹង អូ​មី​ក្រុង។

    ប្រសិទ្ធភាព​ទាប​របស់​ឧបករណ៍​តេស្ត​រហ័ស​ចំពោះ​សំណាក​ដែល​ផ្ទុក អូ​មី​ក្រុង គឺ​មានន័យថា វិធីសាស្ត្រ​ពិសោធ​នេះ អាច​រំលង​ចោល​ករណី​វិជ្ជមាន និង​បង្ហាញ​លទ្ធផល «អវិជ្ជមាន​ក្លែងក្លាយ» នេះ​បើតាម FDA។

    ឧបករណ៍​ធ្វើតេស្ត​រហ័ស កំពុង​ត្រូវបាន​ពលរដ្ឋ​អាម៉េរិក តាមរក​ទិញ ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើតេស្តរ​កវី​រុស​កូ​វីដ-១៩ លក្ខណៈ​គ្រួសារ ក្នុង​គ្រា​ដែល​ករណី​វិជ្ជមាន​នឹង កូ​វីដ-១៩ នៅ​ប្រទេស​នេះ​កំពុង​កើនឡើង​ខ្ពស់។ ឧបករណ៍​ធ្វើតេស្ត​អង់​ទី​ហ្សែ​ន​លក្ខណៈ​គ្រួសារ អាច​រកឃើញ​អ្នក​ផ្ទុក​វីរុស ដោយ​ប្រើពេល​ខ្លី ខណៈដែល​ការពិសោធ​ដោយ​ម៉ាស៊ីន PCR នៅឯ​មន្ទីរពិសោធន៍ ស៊ីពេល​យូរ​ជាង​ឆ្ងាយ៕

  • WHO ព្រមាន​​ថា ​ហានិភ័យ​នៃ​ការ​​ឆ្លង​ កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង «នៅតែ​ខ្ពស់​ខ្លាំង» 

    WHO ព្រមាន​​ថា ​ហានិភ័យ​នៃ​ការ​​ឆ្លង​ កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង «នៅតែ​ខ្ពស់​ខ្លាំង» 

    អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា ហានិភ័យ​ទូទៅ​ដែល​បណ្ដាលមកពី វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង «នៅតែមាន​កម្រិត​ខ្ពស់​ខ្លាំង» បន្ទាប់ពី​ករណី​ឆ្លង កូ​វីដ-១៩ នៅ​ទូទាំង​សកលលោក កើន ១១% កាលពី​សប្ដាហ៍​កន្លង។

    «ភ័ស្ដុតាង​ស៊ីចង្វាក់​គ្នា​បានបង្ហាញ ថា វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង មានលទ្ធភាព​កើនឡើង​ខ្ពស់ជាង ដេ​លតា ដោយ​ការកើនឡើង​ទ្វេដង​របស់​វា ស៊ីពេល​ត្រឹមតែ​ពី ២ ទៅ ៣ ថ្ងៃ​ប៉ុណ្ណោះ។ ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ករណី​ឆ្លង ត្រូវបាន​រកឃើញ​នៅ​ប្រទេស​ជាច្រើន» WHO បានឱ្យដឹង​ដូច្នេះ នៅថ្ងៃនេះ។

    WHO វាយតម្លៃថា ល្បឿន​យ៉ាង​លឿន​នៃ​ការកើនឡើង​របស់​ករ​ណី​ឆ្លង​អាច​បណ្ដាលមកពី «ការរួម​ផ្សំ​រវាង​សមត្ថភាព​នៃ​ការ​គេច​ពី​ប្រព័ន្ធ​ការពារ​រាងកាយ និង​ភាព​ងាយ​ឆ្លង​រាលដាល​របស់ អូ​មី​ក្រុង»។

    ប៉ុន្តែ WHO ក៏បាន​សង្កត់ធ្ងន់ថា អត្រា​នៃ​ករណី​ឆ្លង​ដែល​ត្រូវបាន​តាមដាន​នៅ អាហ្វ្រិក​ខាងត្បូង ដែលជា​ប្រទេស​ដំបូង​គេ​បាន​រាយការណ៍​អំពី​វត្តមាន​របស់ អូ​មី​ក្រុង បាន​ថយចុះ ២៩%។ រីឯ​ទិន្នន័យ​ដំបូង​ដែល​បានមកពី ប្រទេស​អង់គ្លេស អាហ្វ្រិក​ខាងត្បូង និង ដា​ណឺ​ម៉ាក ក៏បាន​បង្ហាញថា ហានិភ័យ​នាំឱ្យ​ចូល​ពេទ្យ​ដោយសារ អូ​មី​ក្រុង ថយចុះ ឬ​ទាប​ជាង បើ​ធៀប​នឹង ដេ​លតា។

    ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅតែ​ត្រូវការ​ទិន្នន័យ​ច្រើន​បន្ថែមទៀត​ដើម្បី​អាច​កំណត់​បាន​នូវ​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​របស់ អូ​មី​ក្រុង ទាក់ទិន​នឹង​ការព្យាបាល​ក្នុង​មន្ទីរពេទ្យ ដោយ​ប្រើប្រាស់ អុកស៊ីសែន ម៉ាស៊ីន​ជំនួយ​ដង្ហើម និង​ការស្លាប់៕

  • អង្គ​ប​ដិ​ប្រាណ​ «ចាស់វស្សា» ដែល​អាច​កម្ចាត់​ទាំង អូ​មី​ក្រុង ទាំង​​​បណ្ដា​វ៉ា​រ្យ៉​ង់ នាពេល​អនាគត របស់ ​កូ​វីដ-១៩

    អង្គ​ប​ដិ​ប្រាណ​ «ចាស់វស្សា» ដែល​អាច​កម្ចាត់​ទាំង អូ​មី​ក្រុង ទាំង​​​បណ្ដា​វ៉ា​រ្យ៉​ង់ នាពេល​អនាគត របស់ ​កូ​វីដ-១៩

    (សហរដ្ឋ​អាម៉េរិក)-ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​អង្គ​ប​ដិ​ប្រាណ​មួយ​ប្រភេទ​ដែល​ត្រូវបាន​បង្កើតឡើង​កាលពីដើម​សម័យ​កូ​វីដ ទំនងជា​នៅតែ​រក្សាបាន​នូវ​សមត្ថភាព​កម្ចាត់​វីរុស នៅពេល​ប្រើប្រាស់​ទៅលើ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង។

    ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ​នេះ បាន​អះអាង​ដូចខាងលើ និង​បាន​បញ្ជាក់ថា អង្គ​ប​ដិ​ប្រាណ​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា sotrovimab សំដៅលើ​គោលដៅ​ត្រង់​តំបន់​បន្លា​ប្រូ​តេ​អ៊ី​ដែល​មិន​ប្ដូរផ្លាស់​របស់​វីរុស នៅពេល​វីរុស​បំប្លែង​ខ្លួន។

    ដោយ​វិធី​កំណត់​គោលដៅ​របស់​អង្គ​ប​ដិ​ប្រាណ​ទៅលើ​បន្លា​ប្រូតេអ៊ីន ក្រុម​អ្នកវិទ្យាសាស្ត្រ​អាចបង្កើត​វ៉ាក់សាំង និង​វិធី​ព្យាបាល​ដោយ​ប្រើប្រាស់​អង្គ​ប​ដិ​ប្រាណ​មួយ​ប្រភេទ​ដែល​មិន​ត្រឹម​តែមាន​ប្រសិទ្ធភាព​ចំពោះ អូ​មី​ក្រុង នោះទេ តែ​បូក​រួមទាំង វ៉ា​រ្យ៉​ង់ ដែល​អាច​នឹង​បង្ហាញ​វត្តមាន​នា​អនាគត​ទៀតផង។

    ខាងលើនេះ​គឺជា​ការអះអាង​របស់ David Veesler អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ Howard Hughes និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ជីវគីមី​សាស្ត្រ​ប្រចាំ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ង​តោន នៅ​ទីក្រុង Seattle សហរដ្ឋ​អាម៉េរិក៕

  • វៀតណាម រកឃើញ​អ្នក​ឆ្លង វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron) ករណី​ដំបូង

    វៀតណាម រកឃើញ​អ្នក​ឆ្លង វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron) ករណី​ដំបូង

    ថ្ងៃទី ២៨ ធ្នូ នេះ អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់ វៀតណាម បានឱ្យដឹងថា ប្រទេស​នេះ​បាន​រកឃើញ​ករណី​ឆ្លង អូ​មី​ក្រុង ដំបូង លើ​អ្នកដំណើរ​ម្នាក់​ដែល​បាន​ត្រលប់​ពី ប្រទេស​អង់គ្លេស កាលពី ៩ ថ្ងៃមុន។

    នេះ​គឺជា​ករណី​ឆ្លង កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ដំបូងបង្អស់​នៅ វៀតណាម ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅឯ​មន្ទីរពេទ្យ​យោធា 108 Military Central Hospital។

    បច្ចុប្បន្ន វៀតណាម កំពុង​បង្កើនល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ-១៩ ដូ​ស​ទី ២ និង​ដូ​ស​ជំរុញ (ដូ​ស​ទី ៣)។

    គិត​ត្រឹម​ថ្ងៃទី ២៧ ធ្នូ វៀតណាម មាន​អ្នក​វិជ្ជមាន​នឹង កូ​វីដ-១៩ សរុប​ចំនួន ១.៦ លាន​នាក់, ស្លាប់​សរុប​ជាង ៣ ម៉ឺន​នាក់ និង​ជាសះស្បើយ​ជាង ១.២ លាន​នាក់៕

  • កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ៥ នាក់ទៀត ក្នុង​នោះ​មាន​ ២ នាក់ ជា​ករណី​ អូមីក្រុង

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ៥ នាក់ទៀត ក្នុង​នោះ​មាន​ ២ នាក់ ជា​ករណី​ អូមីក្រុង

    តួលេខ​នៃ​ករណី​កូវីដ-១៩ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃ​ទី ២៧ ធ្នូ រួម​មាន​ ឆ្លង​ថ្មី ៥ នាក់, ជាសះស្បើយ ១១ នាក់ និងស្លាប់ ១ នាក់។