Category: សុខភាព

  • អាថ៌កំបាំងសម្រស់ និងសុខភាពពីជំវិញពិភពលោក

    អាថ៌កំបាំងសម្រស់ និងសុខភាពពីជំវិញពិភពលោក

    ប្រជាជន​នៃ​ប្រទេសនីមួយៗតែងមាន​អាថ៌កំបាំងរៀងៗខ្លួន​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​ពួកគេ ដើម្បីឱ្យ​មើលទៅ​ស្អាត​ទាក់ទាញ​ខ្សែ​ភ្នែក​មនុស្សគ្រប់ៗគ្នា។ ខាងក្រោម​នេះ ឡា​រ៉ែ​ន សូម​បង្ហើប​ជូន​នូវ​អាថ៌កំបាំង​របស់​ប្រជាជន​មកពី6ប្រទេស​ជុំវិញ​ពិភពលោក​មក​ជម្រាបជូន​ប្រិយមិត្ត​អ្នកអាន​ទាំង​អស់ពី​អាថ៌កំបាំង​នៃ​ការថែរក្សា​សម្រស់ និង​សុខភាព​របស់​ពួកគេ។

    ជប៉ុន: ប្រជាជន​ជប៉ុន​ភាគច្រើន​ចូលចិត្ត​ទទួលទាន​ត្រី ផ្លែឈើ ហើយ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន។ ពួកគេ​និយម​ទទួលទាន​អាហារ​ដោយ​ប្រើ​ចង្កឹះ ព្រោះ​វា​អាចជួយ​ឱ្យគេ​ទទួលទានយឺតៗតាម​សម្រួល ហើយ​ទទួលទាន​បាន​តិចជាង​ការប្រើ​ស្លាបព្រា។ មិន​ថា​ត្រី ផ្លែឈើ និង​ទឹក​គឺ​សុទ្ធ​តែមាន​សារប្រយោជន៍​ណាស់​សម្រាប់​សម្រស់ និង​សុខភាព​របស់​ពួកគេ។

    ឥណ្ឌា: អ្នក​ដែល​រស់នៅ​ប្រទេស​ឥណ្ឌា​ចូលចិត្ត​អាហារ​បែប​ហឹរ និង​រុក្ខជាតិ​ផ្សំ​មួយចំនួនទៀត​ដែល​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម និង​វីតាមីន។ ប្រភេទ​អាហារ​អស់ទាំង​នេះ​មាន​ប្រយោជន៍​ណាស់​ចំពោះ​សុខភាព។

    ចិន: ទិ​កនិច​នៃ​ការថែរក្សា​សម្រស់ និង​សុខភាព​របស់​ប្រជាជន​ចិន​គឺ ច្រើនតែ​សង្កត់ធ្ងន់​ទៅលើ​មុខម្ហូប​ដែល​ទទួលទាន។ គេ​ចូលចិត្ត​ទទួលទាន​អាហារ​បែប​ចំហុយ ឬ​ឆា ព្រោះ​គេច​ង់​នៅ​ឱ្យ​ឆ្ងាយ​ពី​អាហារ​ដែលមាន​ជាតិ​ស្ករ​ខ្ពស់។ នៅតាម​ភោជនីយដ្ឋាន​ក្នុងប្រទេស​ចិន បង្អែម​ដែល​គេ​ទទួលទាន​ច្រើនតែ​ជា​បង្អែម​ដែលមាន​រស-ជាតិ​ស្រាល ឬ​ផ្លែឈើ​ជាដើម។

    អាល្លឺម៉ង់: ជាការ​ពិត​ពួកគេ​ចូលចិត្ត​សាច់ និង​ដំឡូងបារាំង ប៉ុន្តែ​ពួកគេ​ក៏​តែងតែ​ជ្រើសរើស​នំ​បុ័ង ដែលមាន​ជាតិ​សរសៃ​ខ្ពស់​ផងដែរ។ ពួកគេ​ចូលចិត្ត Sauerkraut (ស្ពៃ​រសជាតិ​ជូរ) ព្រោះ​វា​អាចជួយ​ការពារ​ពួកគេ​ពី​ជំងឺ​ក្អក និង​ជំងឺ​ផ្តា-សាយ។

    បារាំង: ស្ត្រី​បារាំង​តែង​យកចិត្តទុកដាក់​ណាស់​ចំពោះ​ទម្លាប់​នៃ​ការថែរក្សា​សម្រស់​របស់​ពួកគេ​ហេតុដូច្នេះ​ហើយ​បានជា​ពួកគេ​តែងតែ​ប្រើ​ម៉ាស​បិទមុខ សម្អាត និង​ធ្វើ​អនាម័យ​ស្បែកនិង​ការ​ស្ប៉ា​ជាដើម។

    ទួ​គី: អាហារ​ដែល​សម្បូរ​ទៅដោយ Omega 3 fatty acids គ្រាប់​ធុញ្ញ​ជាតិ ព្រមទាំង​អាហារ​ផ្សេងទៀត​ដែលមាន​ជាតិ​សរសៃ​ខ្ព​ស់គឺ មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាជន​ទួ​គី ព្រោះ​អាហារ​ប្រភេទ​អស់ទាំង​នេះ​អាចជួយ​កាត់បន្ថយ​កូ​ឡេ​ស្តូ​រ៉​ល​មិនល្អ​នៅក្នុង​រាងកាយ ធ្វើឱ្យ​ពួកគេ​មាន​សុខ​ភាពល្អ៕

  • ល្បិច11យ៉ាងដែលបុរសៗអាច​លួច​ពីនារីៗ

    ល្បិច11យ៉ាងដែលបុរសៗអាច​លួច​ពីនារីៗ

    បើ​និយាយ​ពី​របៀប​នៃ​ការតុបតែង​ខ្លួន​របស់នារីៗវិញ យើង​សង្កេតឃើញថា មាន​ច្រើន​ស្ទើរ​រាប់មិនអស់​នោះទេ ឯ​ចំណែកបុរសៗវិញ ហាក់ដូចជា​មិនសូវ​ជា​ខ្វាយខ្វល់​ពី​ការតុបតែង​ខ្លួន​ទាល់តែសោះ តែ​ទោះជា​យ៉ាងណាក្តី​ក្នុងនាម​អ្នកជា​បុរស​ម្នាក់ អ្នក​ក៏​ត្រូវតែ​ផ្តល់នូវ​ភាព​សង្ហា​ដល់​ខ្លួនឯង​ដែរ។ សម្រាប់​បុរស​ដែល​ត្រូវការ​ភាព​ស្អាត ឡា​រ៉ែ​ន ចង់ឱ្យ​អ្នកចេះ​លួចល្បិចខ្លះៗនៃ​ការតុបតែង​ខ្លួន​ពីនារីៗ ហើយ​យើង​ជឿជាក់ថា​ល្បិច​ទាំងនោះ ប្រាកដជា​អាចជួយ​អ្នក​បាន។

    1. បញ្ឈប់​ការប្រើ​សាប៊ូ​ដុស​មុខ​ច្របូកច្របល់​គ្នា: បើ​និយាយ​ពី​ស្ត្រី ហាក់ដូច​ជាមាន​ប្រភេទ​សាប៊ូផ្សេងៗគ្នា​ច្រើនណាស់​សម្រាប់​ប្រើ​ប្រចាំថ្ងៃចំណែក​បុរស​វិញ​ច្រើនតែ​ប្រើ​សាប៊ូ​ច្របូកច្របល់​ចូលគ្នា ពេលខ្លះ​លាងមុខ ពេលខ្លះ​ដុស​ខ្លួន ហើយ​ពេលខ្លះទៀត​អាច​នឹង​យក​សាប៊ូកក់​សក់មក​ដុស​មុខ​ផង​ក៏មាន។ ប្រសិនបើ​អ្នក​ពិតជា​មាន​ទម្លាប់​ដូចខាងលើ​មែន​នោះ អ្នក​ត្រូវតែ​កែប្រែ ព្រោះ
    សាប៊ូ​ទាំងនោះ​អាច​បណ្តាលឱ្យ​ស្បែក​មុខស្ងួត និង​ត្រូវ​បំផ្លាញ។ ត្រូវ​ចងចាំ​ថា មុខ​ត្រូវ​សម្អាត​ដោយ​សាប៊ូ​សម្អាត​មុខតែ1មុខ​គត់ មិនមែន​សាប៊ូ​លាងដៃ ឬ​សាប៊ូ​ដុស​ខ្លួន​នោះទេ។

    2. ការពារ​ស្បែ​កដោយ SPF ជា​រៀងរាល់​ថ្ងៃ: ការសិក្សាបាននិយាយថា មានបុរសតិចតួចណាស់ដែលតែងតែការពារស្បែកពីកម្តៅថ្ងៃ បើប្រៀប-ធៀបជាមួយនារីៗ។ ការពិតទៅ មិនថាជាស្បែកមុខ ឬស្បែកដងខ្លួននោះទេគឺ ត្រូវតែថែរក្សាការពារឱ្យបានល្អ មិនថាដោយវិធីណានោះទេ។ការលាបឡេការពារកម្តៅថ្ងៃមិនមែនជារឿងអាម៉ាសនោះទេ តែវាថែមទាំងអាចជួយកាត់បន្ថយស្បែក ដែលមានសភាពជាំខ្មៅបានរហូតដល់ពាក់កណ្តាលទៀតផង។

    3. សម្អាតសក់: ការអប់ ឬកក់សក់ឱ្យបានស្អាតជាប្រចាំ អាចជួយឱ្យសក់របស់អ្នកមានភាពទន់ភ្លឺរលោង និងមានសុខភាពល្អ ពិសេសនៅក្នុងអាកាសធាតុក្តៅអ្នកគួរតែយកចិត្តទុកដាក់ថែរក្សាវាឱ្យបានខ្លាំងជាងពេលធម្មតា ព្រោះអា-កាសធាតុក្តៅសក់ងាយនឹងទទួលរងនូវការបំផ្លាញជាងពេលណាទាំងអស់។

    4. លាងសម្អាតគ្រឿងតុបតែង: នារីភាគច្រើនសុទ្ធតែបានដឹងថា ពួកគេត្រូវលាងសម្អាតគ្រឿងសម្អាងនៅលើផ្ទៃមុខរបស់គេឱ្យបានស្អាតសិនមុននឹងចូលគេង ប៉ុន្តែមិនដឹងថា តើបុរសមួយចំនួនបានដឹងដែរឬទេថា ជែល ប្រេងលាបសក់ឬស្ព្រៃយ៍បាញ់សក់ដែលខ្លួនប្រើនោះក៏អាចនឹងបង្កឱ្យថ្ងាស និងផ្ទៃមុខរបស់អ្នកកើតមុនបានដែរ។ ដូច្នេះមុនចូលគេងអ្នកត្រូវសម្អាតវាឱ្យបានស្អាតជាមុនសិន ដើម្បីចៀសវាងសារធាតុទាំងនោះមកបំផ្លាញសម្រស់របស់អ្នក។

    5. កម្ចាត់ស្បែកចាស់ៗ: មនុស្សស្រីតែងកម្ចាត់ស្រទាប់ស្បែកចាស់ៗរបស់គេតាមវិធីផ្សេងគ្នាដូចជាការខាត់ស្បែកជាដើម ប៉ុន្តែប្រសិនបើអ្នកមិនចង់ធ្វើដូចពួកគាត់ទេនោះ អ្នកគ្រាន់តែឧស្សាហ៍ដុសខាត់ស្បែករបស់អ្នកដោយអេប៉ុង ឬស្បៃដុសខ្លួនធម្មតាៗក៏បាន តែត្រូវប្រាកដថាឧបករណ៍ទាំងនោះអាចកម្ចាត់ស្បែកងាប់ចាស់ៗចោលបាន។

    6. បុរសក៏ត្រូវការបបូរមាត់ទន់រលោងដែរ: មិនថាការប្រើវិធីណានោះទេ អ្នកត្រូវតែធ្វើយ៉ាងណាការពារបបូរមាត់របស់អ្នកឱ្យគេចផុតពីសភាពគ្រើម ប្រះបែក ស្ងួត គ្មានសំណើម ហើយមានសភាពស្លេកស្លាំង។ សូមចាំទុកណាមិត្តៗសុភាពបុរសទាំងឡាយ បបូរមាត់ទន់មើលទៅរលោងស្អាតមិនមែនចាំបាច់តែសម្រាប់ស្រ្តីនោះទេ តែវាក៏សំខាន់ណាស់ដែរសម្រាប់អ្នក ដើម្បីទាញយកចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន ពិសេសគឺនារីៗតែម្តង។

    7. គិតឡើងវិញពីក្រែមកោរពុកមាត់ដែលអ្នកប្រើ: ពេលខ្លះអ្នកអាចនឹងមិនគិតដល់បញ្ហាដ៏តូចនេះនោះទេ ប៉ុន្តែអ្នកប្រហែល​ជាមិនទាន់ដឹងទេថា ជែលកោរពុកមាត់ធម្មតាៗដែលអ្នកប្រើប្រាស់រាល់ថ្ងៃផ្ទុកជាតិអាល់កុលច្រើន ដែលអាចបណ្តាលឱ្យស្បែករបស់អ្នកស្ងួត និងរោល។ ក្រែមកោរពុកមាត់ដែលល្អបំផុតសម្រាប់ការកោរពុកមាត់គួរតែជាក្រែមដែលមានផ្ទុកសារធាតុក្រែមខ្ពស់ និងអាចជួយឱ្យមានភាពទន់រលោង ងាយស្រួលក្នុងការកោរ។
    8. ផ្តល់សំណើមដល់ផ្ទៃមុខ: ការប៉ះពាល់រាល់ថ្ងៃជាមួយកម្តៅថ្ងៃជាកត្តាមួយដែលធ្វើឱ្យស្បែកមុខរបស់អ្នកទទួលរងនូវការបំផ្លាញ ដូច្នេះអ្នកមិនត្រូវភ្លេចពីការផ្តល់សំណើមដល់ស្បែកមុខនោះទេ។ ជ្រើសរើសវិធីផ្សេងក្នុងការផ្តល់សំ-ណើមឱ្យស្បែកមុខរបស់អ្នកក៏បាន ឱ្យតែអ្នកពេញចិត្ត តែត្រូវធ្វើវាឱ្យប្រកបដោយប្រសិទ្ធភាព។

    9. ពិនិត្យមើលទម្រង់ចិញ្ចើម: នោះមិនមែនមានន័យថា អ្នកត្រូវគូស ឬកោរចិញ្ចើមរបស់អ្នកឱ្យលេចចេញជារូបរាងតូចស្តើងដូចស្ត្រីនោះទេ តែអ្នកគួរតែពិនិត្យមើលប្រសិនរោមចិញ្ចើមរបស់អ្នកមើលទៅវែងជ្រុលពេល ក្រាស់ខ្លាំង ត្រង់ភ្លឹងគ្មានរាងអីបន្តិចសោះនោះ អ្នកក៏ត្រូវតែកែច្នៃវាបន្តិចដែរ។ ការកាត់រោមចិញ្ចើមដែលវែងខ្លាំងចេញ ការដករោមចិញ្ចើមចេញខ្លះ ដើម្បីឱ្យមើលឃើញរាងចិញ្ចើម វាមិនមែនជារឿងដែលត្រូវខ្មាសគេនោះទេ តែវាជាការល្អទៅវិញទេនៅពេលដែលអ្នកមានចិញ្ចើមមួយគូដ៏គួរឱ្យទាក់ទាញ។

    10. ធ្មេញ និងខ្យល់ដកដង្ហើម: មិនត្រូវបណ្តោយឱ្យក្លិនមាត់ និងបញ្ហាសុខភាពមាត់ធ្មេញមកបំផ្លាញភាពជឿជាក់ក្នុងទំនាក់ទំនងរបស់អ្នកនោះទេ។ សូមចាំថាអ្នកត្រូវធ្វើការដុសសម្អាតធ្មេញឱ្យបានពីរដងក្នុងមួយថ្ងៃដើម្បីខ្យល់ដកដង្ហើមល្អ ធ្មេញសស្អាត និងគុណប្រយោជន៍ផ្សេងៗទៀត។

    11. សម្អាតក្រចក: មិនចាំបាច់ត្រូវការតុបតែងអីច្រើនដូចនារីភេទនោះទេ ព្រោះបើនិយាយពីរឿងក្រចកជាមួយបុរសៗ វាជាការងាយស្រួលបំផុតក្នុងការថែរក្សាក្រចករបស់អ្នកឱ្យមើលទៅស្អាត ដោយគ្រាន់តែធ្វើការកាត់ រួស សម្អាតក្អែលនៅបរិវេណនោះចេញឱ្យបានស្អាតនោះជាការស្រេចបាត់ទៅហើយ៕

  • ធ្វើ​ដូចម្តេច​ដើម្បីឱ្យ​ស្កប់ស្កល់​ចំពោះ​រូបរាង​របស់ខ្លួន?

    ធ្វើ​ដូចម្តេច​ដើម្បីឱ្យ​ស្កប់ស្កល់​ចំពោះ​រូបរាង​របស់ខ្លួន?

    សព្វថ្ងៃនេះ គឺជា​សម័យ​នៃ​ការរស់នៅ​ក្នុង​ពិភពលោក​ដ៏​ទំនើប ហើយ​ប្រហែល​មិន​ខុស​ទេ​បើ​យើង​និយាយថា វា​ជា​សម័យកាល​មួយ​ដែល​មនុស្ស​ជាច្រើន​ចង់​សម្តែង និង​បង្អួត​ភាពស្រស់ស្អាត​ដែល​ខ្លួន​មាន​ឱ្យទៅ​អ្នកដទៃ​បានឃើញ។ ទោះយ៉ាងណា ពាក្យចាស់​បាន​ពោលថា “មនុស្ស​យើង​មិន​អាចមាន​អ្នកណា​ល្អ​គ្រប់​ទាំង10នោះទេ”។ បើទោះជា​យ៉ាងណា​ក៏​យើង​គ្រប់គ្នា ជាពិសេសនារីៗទាំងឡាយ​តែងតែ​ប្រាថ្នា​ចង់បាន​នូវ​រូប​សម្រស់​ដែល​ជាទី​ទាក់ទាញ​បំផុត។ ប្រា​ថា្ន​ក៏​ប្រា​ថា្ន​ចុះ ហើយ​ចង់​ផ្លាស់ប្តូរ​ក៏​ផ្លាស់ប្តូរ​ចុះ ប៉ុន្តែ​សូម​ធ្វើយ៉ាងណា​កុំឱ្យ​ជ្រុល​ពេក ត្រូវ​ចេះ​ស្កប់ស្កល់​នូវ​អ្វីដែល​អ្នកមាន​ខ្លះ​ផង កុំ​វង្វេង​នឹង​ភាព​ចង់​ស្អាត​ចង់​ល្អ​ជ្រុល​រហូត​ក្លាយជា​ទុក្ខ​ដល់​ខ្លួន​វិញ​ឱ្យសោះ។ ដូច្នេះ​ត្រូវធ្វើ​ដូច-​ម្តេចទៅ? សូម​តាមដាន​អត្ថបទ​បន្ត។

    ឈប់! ប្រៀបធៀប​ខ្លួន​អ្នក​ជាមួយ​អ្នកដទៃ: អ្នក​កាន់តែ​ប្រៀបធៀប​ខ្លួន​អ្នក​ជាមួយ​អ្នកផ្សេង​ច្រើន​ប៉ុណ្ណា គឺ​វា​នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​ខ្លួនឯង​អាក្រក់​ច្រើន​ដូច្នេះ​ដែរ។ ត្រូវ​ប្រាប់​ខ្លួនឯង​ថា មនុស្ស​យើង​វា​មិន​ដូចគ្នា​នោះទេ ហើយ​ការយក​ខ្លួន​ទៅ​ប្រៀប​ជាមួយ​អ្នកដទៃ​គឺជា​រឿង​ដែល​គ្មាន​ប្រយោជន៍​បំផុត។ កុំ​រវល់​តែ​តូចចិត្ត​នឹង​ដើមទ្រូង​របស់ខ្លួន​ដែល​មើលទៅ​មាន​ទំហំ​តូច​ពេល​នៅ​ជិត​អ្នកមាន​ដើមទ្រូងធំ​ទ្រលុកទ្រលន់​នោះ​ទៀត​អី សូម​ក្រឡេក​ភ្នែក​របស់​អ្នកមើល​នារី​ផ្សេងទៀត​ដែលមាន​ទំហំ​ប្រហាក់ប្រហែល​អ្នក នោះ​អ្នកនឹង​ស្ងប់ចិត្ត​វិញ​ជាមិនខាន។

    បញ្ឈប់​គំនិត​អវិជ្ជមាន​អំពី​រាងកាយ​របស់​អ្នក: អ្នកស្រាវជ្រាវ​បានធ្វើការ​អះអាងថា ប្រសិនបើ​អ្នក​នៅតែ​គិត​អំពី​អ្វីមួយ​ថា​ជា​រឿង​អាក្រក់​គ្រប់ពេលវេលា​នោះ វា​នឹង​នៅ​ចាក់ឫស​ក្នុង​គំនិត​របស់​អ្នក​យ៉ាង​ជាប់ ហើយ​ជា​លទ្ធផល​ដែល​អ្នកទទួលបាន​គឺ​គ្មានអ្វី​ក្រៅពី​ការដែល​ធ្វើឱ្យ​ខ្លួនឯង​មាន​អារម្មណ៍​មាន​ភាពខ្វះខាត​មិនចេះចប់​មិនចេះហើយ​តែ​ប៉ុណ្ណឹង។ ដូច្នេះ​ដើម្បីឱ្យ​ខ្លួន​អ្នកមាន​អារម្មណ៍​ពេញចិត្ត​ចំពោះ​ខ្លួនឯង​នោះ អ្នក​ត្រូវ​ឈប់​មានគំនិត​អវិជ្ជមាន​ចំពោះ​ខ្លួនឯង។ ការគិត​វិជ្ជមាន ធ្វើឱ្យ​អ្នកចេះ​ស្គាល់​ពាក្យ​ថា ស្កប់ស្កល់ ហើយក៏​ជួយ​ឱ្យមាន​ភាព​រីករាយ​ខាង​ផ្លូវចិត្ត​ផងដែរ។ ប្រសិនបើ​អ្នក​អាច​វាយ​ដណ្តើមយក​ជ័យជម្នះលើ​គំនិត​អវិជ្ជមាន​បាន នោះ​អ្នកនឹង​មានការ​រីកចម្រើន​ឡើង។

    រំឭក​ខ្លួនឯង​ពី​ចំណុច​ល្អ​ដែល​អ្នកមាន: ពេល​និយាយ​ដល់​ការ​បំបាត់ចោល​គំនិត​អវិជ្ជមាន​ចំពោះ​ខ្លួនឯង គឺ​ត្រូវ​គិតដល់​ចំណុច​ល្អ​ដែល​អ្នកមាន។ មិន​ចូលចិត្ត​ទ្រង់ទ្រាយ​ច្រមុះ​មែន​ទេ? ចឹ​ង​មើល​ស្បែក​ភ្លឺ​ថ្លា រាង​ដែល​ស្រ​ឡូ​ន​ស្អាត សក់​ភ្លឺរលោង​ដែល​អ្នកមាន​វិញ​ល្អ​ជាង។ អន់​ច្រមុះ បាន​ស្បែក បាន​សក់ និង​បាន​រាង​យោង​ដែរ មានអី​ត្រូវ​បារម្ភ!!!

    កុំ​ភ្លេច​អ្វីដែល​មាននៅ​ខាងក្នុង: កុំ​ភ្លេច​ឱ្យសោះ​ថា ភាពល្អ​ស្អាត​ពិតប្រាកដ​របស់​ម​នុស្សម្នាក់ៗគឺ​ស្ថិតនៅ​ផ្នែក​ខាង​ក្នុងនៃ​ចិត្តគំនិត ចរិយា​មាយា​ទ ហើយ​ភាព​រីករាយ​របស់​មនុស្ស​ម្នាក់​ក៏​មិនអាច​បញ្ជាក់បាន​ដោយ​គ្រាន់តែ​បានឃើញ​ស្នាមញញឹម​តែមួយ​មុខ​នោះដែរ។

    ទទួលស្គាល់​ខ្លួនឯង: កុំ​ព្យាយាម​ផ្លាស់ប្តូរ​នូវ​អ្វីដែល​មិនអាច​ផ្លាស់ប្តូរ​បាន​ទៀត​អី និយាយ​រួម​ព្រម​ទទួលយក​នូវ​អ្វីដែល​អ្នកមាន។ អ្នកខ្លះ​បាន​ចំណាយ​ពេលវេលា និង​ទ្រព្យសម្បត្តិ​អស់យ៉ាង​ច្រើន ដើម្បី​កែខៃ​នូវ​អ្វីដែល​មនុស្ស​ភាគច្រើន​តែ​ងនិយាយថា​មិន​ស្អាត ឬ​មិន​សម​អ៊ីចេះ​មិន​សម​អី​ុ​ចុះ ប៉ុន្តែ​ទីបំផុត មិន​ថា​អ្នក​ខំ​កែខៃ​យ៉ាងណា​នោះទេ អ្នក​នៅតែ​មិនអាច​បំពេញចិត្ត​អ្នក​ទាំង​នោះបាន​គ្រប់​ជ្រុងជ្រោយ​នោះទេ៕

  • ធ្វើដូចម្តេចដើម្បីឱ្យស្អាត​ស្រស់ស្រាយ​នាពេល​ព្រឹក?

    ធ្វើដូចម្តេចដើម្បីឱ្យស្អាត​ស្រស់ស្រាយ​នាពេល​ព្រឹក?

    ចង់បាន​ភាពស្រស់​ស្រាយ ស្បែក​ភ្លឺ​ថ្លា​នាពេល​ព្រឹក​ព្រលឹម​បន្ទាប់ពី​ភ្ញាក់ពី​ដំណេកមែនទេ? បើ​ចម្លើយ​របស់​អ្នក​គឺ​ចង់បាន​នោះ សូម​ត្រៀមខ្លួន​ឱ្យបាន​រួចជាស្រេច​នា​ពេលយប់​មុនពេល​ចូល​ដំណេក​ដូចខាងក្រោម៖

    ផ្តល់​ភាពស្រស់ស្អាត​ដល់​ស្បែក
    រឿង​ទីមួយ​ដែល​អ្នក​ត្រូវធ្វើ​មុនគេ​នាពេល​យប់​មុនពេល​ចូល​ដំណេក​នោះ​គឺ ការលាង​សម្អាត​ផ្ទៃមុខ​ឱ្យបាន​ស្អាត​ល្អ។ ដូចដែល​អ្នក​ធ្លាប់​បានដឹងហើយថា រយៈពេល​ពេញ​មួយថ្ងៃ​ដែល​អ្នក​បានធ្វើ​សកម្មភាពផ្សេងៗគឺជា​ពេលវេលា​ដែល​ល្អ​បំផុត​សម្រាប់​ធូលី​ដី និង​ពពួក​មេរោគផ្សេងៗមានឱកាស​បានមក​តោង​ជាប់​នៅលើ​ស្បែក​របស់​អ្នក ដើម្បី​បង្ក​ផលប៉ះពាល់ផ្សេងៗនៅលើ​ស្បែក ហេតុដូច្នេះ​វិធី​ដែល​ងាយ​បំផុត​ក្នុងការ​កម្ចាត់​សត្រូវ​នៃ​សម្រស់​នេះ​មានតែ​ការលាង​សម្អាត​ស្បែក​ឱ្យបាន​ស្អាត​នេះឯង។ សូម​ចាំ​ទុក​ថា ជាតិ​ក្រែ​ម​ម្សៅ ជាតិ​ខ្លាញ់ ញើស ធូលី ឬគ្រឿងសម្អាង​ដែល​ដិត​ជាប់​លើ​ផ្ទៃមុខ​របស់​អ្នក​ពេញ​មួយ​យប់​គឺជា​សត្រូវ​នៃ​ស្បែក​ស្រស់ស្អាត។

    កម្លាំង​ជំនួយ
    ជំហាន​បន្ទាប់មកទៀត​គឺ​ការបន្ថែម​វីតាមីន​ទៅឱ្យ​ស្បែក​នាពេល​យប់ ដើម្បី​ភាព​ទន់​ភ្លឺ​ថ្លា​ស្រស់ស្រាយ​នាពេល​ព្រឹក​ព្រលឹម។ បច្ចុប្បន្ននេះ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​មាន​ច្រើន​ប្រភេទ​ណាស់​នៅលើ​ទីផ្សារ ដូច្នេះ ឡា​រ៉ែ​ន គិតថា គ្រាន់តែ​ចងបាន​ផលិតផល​មួយ​ដែល​សម្បូរ​ទៅដោយ​វីតាមីន​ដើម្បី​ចិញ្ចឹម និង​ថែរក្សា​ស្បែក​ឱ្យ​តឹង​ណែន​នោះ​ប្រហែលជា​មិនមែនជា​រឿង​ដែល​ពិបាក​ណាស់ណា​នោះទេ។ អនុវត្ត​ការបន្ថែម​វីតាមីន ប្រូ​តេ​អី​ុ​ន និង​សារធាតុ​សំខាន់ផ្សេងៗដល់​ស្បែក​ជា​រៀងរាល់​យប់​មុនពេល​ចូល​ដំណេក ហើយ​មិនយូរ​ទេ​អ្នក​ពិតជា​បានដឹងថាពពួក​សារធាតុ​អស់ទាំងនោះ​មាន​ប្រយោជន៍​យ៉ាងណា​ចំពោះ​ស្បែក​របស់​អ្នក។

    រង្វង់​ភ្នែក​ផង!
    ចាត់ការ​រឿង​ថ្ពាល់ ថ្ងាស ច្រមុះ និង​ចង្ការ​រួចស្រេច​ហើយ ដូច្នេះ​ចំណុច​បន្ទាប់​ដែល​ត្រូវ​តាម​មកទៀត​នោះ​គឺ រង្វង់​ភ្នែក។ ដូចដែល​អ្នក​បានដឹង​ហើយ​ថា រង្វង់​ភ្នែក​ភ្លឺ​ថ្លា គឺជា​មន្ត​ស្នេហ៍​មួយផ្នែក​ទៀត​របស់​នារី​យើង ហេតុនេះ​ការដែល​ធ្វើឱ្យ​ស្បែក​នា​បរិវេណ​រង្វង់​ភ្នែកមាន​ភាព​ភ្លឺ​ថ្លា​នោះ​ក៏​ចាំបាច់​ណាស់ដែរ។ ការបិទ​ចំណិត​ត្រសក់ដំឡូងបារាំង ឬ​ថង់​កាក​តែ​នៅលើ​ត្របកភ្នែក​វា​ជា​រឿង​សាមញ្ញ​ក៏ពិតមែន ប៉ុន្តែ ឡា​រ៉ែ​ន ជឿថា​វា​ពិតជា​មិនមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ទេសម្រាប់​ពេលយប់ ព្រោះថា​អ្នក​ប្រាកដជា​ត្រូវ​ប្រែខ្លួន​ទៅ​ឆ្វេង​បន្តិច​ស្តាំ​បន្តិច ធ្វើឱ្យ​វា​ងាយ​នឹង​ជ្រុះ​បាត់​ពីលើ​ត្របកភ្នែក​ដោយ​មិនដឹង​ខ្លួន។ចំពោះ​រឿង​បែបនេះ​អ្នក​ត្រូវ​ស្វែងរក​ជំនួយ​ពី​ក្រែ​ម​ដែល​ផលិតឡើង​សម្រាប់​លាប​លើ​បរិវេណ​រង្វង់​ភ្នែក។ ក្រែ​ម​លាប​ត្របកភ្នែក ឬ​សេរ៉ូម​ដែលមាន​វីតាមីន​ច្រើន រួមជាមួយ​នឹង​ជាតិ​សំណើម​ផង​នោះនឹង​ជួយ​ធ្វើឱ្យ​ស្បែក​ត្របកភ្នែក​របស់​អ្នក​ភ្លឺ​ថ្លា​ស្រស់ស្រាយ​ជាមិនខាន។

    ប្រយ័ត្ន​ខ្នើយកើយ!
    គ្មាន​អ្នកណា​ប្រាកដ​ចិត្តបាន​ទាំងស្រុង​ទេ​ថាខ្លួនឯង​នឹង​គេង​ត្រង់​តែមួយ​កន្លែង​មិន​ផ្អៀង​ទៅឱ្យ​ផ្ទៃមុខ​ប៉ះ​នឹង​ខ្នើយ​ទាល់តែសោះ​នោះទេ ព្រោះតែ​បែបនេះហើយ​ទើបបានជា ឡា​រ៉ែ​ន ចង់​ដាស់​អារម្មណ៍​អ្នក​ឱ្យ​ប្រយ័ត្ន​ចំពោះ​ខ្នើយ​ដែល​អ្នក​កើយ​បន្តិច។ ទោះជា​យ៉ាងណា​សូម​ដឹង​ទុក​ផង​ចុះ​ថា ខ្នើយកើយ​ដែល​ពេញ​ទៅដោយ​ភាពកខ្វក់​ក៏​ជា​កត្តា​តូច​មួយ​ដែលនាំឱ្យ​ស្បែក​មុខ​របស់​អ្នក​មិន​ស្រស់ស្អាត​ផងដែរ។

    គេង​ឱ្យ​ស្រួល
    នៅពេលដែល​អ្នក​គេង​ផ្កាប់មុខ គេង​ចំហៀង​រហូត​ពេញ​មួយ​យប់នោះ​ធានាថា អ្នកនឹង​បានទទួល​លទ្ធផលភ្លាមៗនាពេល​ព្រឹក​ព្រលឹម​ឡើង​ជាមិនខាន ហើយ​លទ្ធផល​នោះ​គឺ​ប្រាកដជា​មិនមាន​អ្វី​ផ្សេង​ក្រៅពី​ស្នាម​ជ្រួញ​នៅលើ​ផ្ទៃមុខ​នោះទេ។ ចំពោះ​ដំណោះស្រាយ​នៃ​បញ្ហា​នេះ​គឺ ព្យាយាម​ធ្វើយ៉ាងណា​គេង​ផ្អៀង​ឱ្យបាន​តិច​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន។

    គេង​លក់​ឱ្យ​ស្រួល
    គេង​មិន​លក់ គេង​មិន​ស្កប់ ងាយ​នឹង​ធ្វើឱ្យ​ភ្នែក​ឡើង​ខ្មៅ និង​ស្បែក​ស្រអាប់​ខ្លាំងណាស់។ ស្វែងរក​វិធី​ដែល​អាចធ្វើឱ្យ​អ្នក​គេង​លក់​ដោយ​ខ្លួនឯង ហើយ​បន្ទាប់ពីនោះ​ពេលព្រឹក​ព្រលឹម​ឡើង​នឹងមាន​ភាពប្រសើរ​ឡើងជា​មិន​ខាន។ទាំងអស់​ខាងលើនេះ​គឺជា​វិធី​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ភ្លឺ​ថ្លា​នាពេល​ព្រឹក ប៉ុន្តែ​សូមកុំ​ភ្លេច​មើលថា​ស្បែក​ដៃជើង និង​ដងខ្លួន​របស់​អ្នកផង​ណា៎៕

  • រូបមន្ដ​យក​ផ្លែ​ឪឡឹក​ច្នៃ​ធ្វើ​ម៉ាស​បិទមុខ​បែប​ធម្មជាតិ

    រូបមន្ដ​យក​ផ្លែ​ឪឡឹក​ច្នៃ​ធ្វើ​ម៉ាស​បិទមុខ​បែប​ធម្មជាតិ

    វិធី​ថែរក្សា​ស្បែក​នា​រដូវក្តៅ​ជាច្រើន​យ៉ាង​ណាស់ផ្លែ​ឪឡឹក​ត្រូវបាន​ក្រុម​អ្នកជំនាញ​ច្នៃ​ជា​ម៉ាស​បិតមុខ ហើយ​ក្លាយជា​របស់​មួយ​ដែល​សំខាន់​ក្នុងការ​ថែរក្សា​ស្បែ​កមុខ និង​ជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ពេល​អ្នក​ត្រូវ​ចូលរួម​នៅក្នុង​កម្មវិធី​ជប់លៀងដែលមាន​ពេល​តិចតួច​ក្នុងការ​តុបតែង​ខ្លួន ដើម្បីឱ្យ​ស្បែ​កមុខ​ស​ម៉ដ្ឋ​រលោង ហើយ​ងាយ​ជ្រាប​គ្រឿងសម្អាង។ ដើម្បី​ឱ្យមាន​ភាពងាយស្រួល និង​ចំណាយ​ថវិកា​តិចតួច ហើយ​ថែមទាំង​អាចធ្វើ​នៅផ្ទះ ដោយ​ចំណាយពេល​តិចជាង5នាទី​ទៀតផង សូម​តាមដាន​ពី​ជំហាន​ទាំង​ប៉ុន្មាន​ដូចខាងក្រោម​នេះ ពី​វិធី​ច្នៃ​ផ្លែ​ឪឡឹក​ធ្វើ​ម៉ាស​បិទមុខ។

    ទស្សនាវដ្ដី ឡា​រ៉ែ​ន នឹង​បង្ហាញជូន​ពី​របៀប​ធ្វើ​ម៉ាស​ផ្លែ​ឪឡឹក ដែល​ធ្វើឱ្យ​ស្បែក​មុខ​ស​ភ្លឺ​ម៉ដ្ឋ​រលោង​បែប​ធម្មជាតិ ជាពិសេស​ស័ក្ដិសម​សម្រាប់​អាកាសធាតុ​ក្ដៅ ដែល​អាចជួយ​ផ្ដល់​សំណើម​ដល់​ស្បែ​កមុខ​បាន​យ៉ាង​ល្អ។ តោះ!! មក​តាមដាន​អាន​ទាំងអស់គ្នា​ដូចខាងក្រោម​នេះ៖

    រូបមន្ដ​ទី 1 ៖ កោស​សាច់់​ផ្លែ​ឪឡឹក​ដាក់​ចូលក្នុង​ចាន រួច​វាយ​បំបែក​នឹង​ស្លាបព្រា ឬ​សម​ឱ្យ​ម៉ដ្ឋ សម្រិត​យកតែ​ទឹក។ ផ្លែ​ឪឡឹក​សម្បូរ​សារធាតុ Lycopene វីតាមីន C និង A។ វីតាមីន​ទាំងនេះ​ជួយ​បន្ថយ​ទំហំ​នៃ​រន្ធ​ញើស​នៅលើ​ស្បែក និង​កាត់បន្ថយ​ការបញ្ចេញ​ជាតិ​ខ្លាញ់​ដែល​ច្រើន​ហួសប្រមាណ​ពី​ក្រពេញ Sebaceous។

    រូបមន្ដ​ទី 2 ៖ អនុវត្ត​បិត​ម៉ាស​ទឹក​ផ្លែ​ឪឡឹក​លើ​មុខ ធ្វើឱ្យ​ស្បែ​កមុខ​តឹង​ណែន និង​ស្រស់ស្អាត។ បន្ទាប់មក ថែម​ទឹក​ផ្កាកូលាប1ស្លាបព្រា​កាហ្វេ​ចូល​ទៀត។ ទុក​ម៉ាស​នៅក្នុង​ទូទឹកកក​ប្រហែល15នាទី​មុនពេល​យកមកប្រើ​ប្រាស់។

    រូបមន្ដ​ទី 3 ៖ ប្រសិនបើ​ស្បែក​មុខ​របស់​អ្នកជា​ប្រភេទ​ស្បែក​ស្ងួត អ្នក​អាច​បន្ថែម Glycerin ទៅក្នុង​ម៉ាស​នេះ​បន្ថែមទៀត​ក៏បាន។ អ្នក​អាច​ទុក​ម៉ាស​នោះ​ក្នុង​ទូ​ទឹក​កបាន3-4ថ្ងៃ។ អ្នក​ក៏​អាច​ប្រើ​ម៉ាស​ទឹកដោះគោ​ត្រាំ​ដាក់ចូល​ក្នុង​ចាន​ទឹក​ផ្លែ​ឪឡឹក​ក៏បាន​ដែរ ជ្រលក់​វា​ឱ្យ​សព្វ និង​ត្រាំ​ឱ្យ​វា​ជ្រាបចូល​ល្អ។ បន្ទាប់មក​បិទ​ពីលើ​ស្បែក​មុខ​របស់​អ្នក​ប្រហែល15នាទី។

    រូបមន្ដ​ទី 4 ៖ ប្រសិនបើ​អ្នក​ចង់ឱ្យ​ស្បែក​មុខ​របស់​អ្នក​ស​លឿន ហើយ​ចង់ឃើញ​លទ្ធ​ផលភ្លាមៗនោះ អ្នក​អាច​ប្រើ​ទឹក​ផ្លែ​ឪឡឹក​ពី​ទូទឹកកក ផ្សំ​ជាមួយ​ស៊ុត​ក្រហម លាយ​ក្រឡុក​ចូលគ្នា​ឱ្យ​សព្វ ត្រាំ​ជាមួយ​ក្រណាត់​ម៉ាស។ មុនពេល​បិត​ម៉ាស អ្នក​គួរ​លាងមុខ​ឱ្យ​ស្អាត ដើម្បី​ជម្រះ​សារធាតុ​កខ្វក់​ដេ​ល​មាន​នៅលើ​ស្បែ​កមុខ​ចេញ​ជាមុនសិន រួច​សឹម​បិត​ម៉ាស​នោះ​នៅលើ​មុខហើយ​ទុកចោល​រយៈពេល20-30នាទី។ ម៉ាស​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​ស្បែ​កមុខ​មាន​សំណើមសម៉​ដ្ឋ តឹង​ណែ​ង​ល្អ​នោះទេ វា​ថែមទាំង​ជួយ​ឱ្យ​អ្នក​អាច​លំ​ហែ​អារម្មណ៍​បាន​យ៉ាង​ស្រស់ស្រាយ និង​កាត់បន្ថយ​ស្ត្រេ​ស​ថែម​ទៀតផង។ ជា​ចុងក្រោយ​យក​ម៉ាស​ចេញពី​មុខ​របស់​អ្នកដោយ​មិនចាំបាច់​លាងជម្រះ​មុខ​ជាមួយនឹង​ទឹក​ចេញ​នោះទេ អ្នក​អាចអនុវត្ត​វិធី​នេះ​រាល់ថ្ងៃ​មុនពេល​ចូល​គេង​ក៏បាន។ ព្យាយាម​បិត​ម៉ាស​នេះ​ឱ្យបាន​ទៀងទាត់​នៅ​រដូវក្ដៅ​នេះ ដើម្បីឱ្យ​ផ្ទៃមុខ​របស់​អ្ន​កស មាន​សំណើម និង​ភ្លឺរលោង​ដូច​បំណង៕

  • រឿង​ដែល​ត្រូវ​ដឹង ​មុន​សម្រេចចិត្ត​ជ្រើសរើស​គ្រី​ម​ការពារ​កម្ដៅថ្ងៃ

    រឿង​ដែល​ត្រូវ​ដឹង ​មុន​សម្រេចចិត្ត​ជ្រើសរើស​គ្រី​ម​ការពារ​កម្ដៅថ្ងៃ

    គ្រី​ម​ការពារ​កម្ដៅ​ថ្ងៃជា​ផលិតផល​ដែល​គ្រប់​សុភាពនារី​សុភាពបុរស​ទាំងឡាយ​មិនអាច​ខ្វះ​បាន ដើម្បី​ធ្វើជា​របាំង​ការពារ​ស្បែក​ពី​ផលវិបាក ដែល​បង្កដោយ​កម្ដៅថ្ងៃ។ គ្រី​ម​ការពារ​កម្ដៅថ្ងៃ​ជួយ​ពន្យារ​ភាព​ចាស់​ជាង​វ័យ ទប់ស្កាត់​មហារីក​ស្បែក ដែល​បង្កឡើង​ដោយ​ការប៉ះពាល់​ផ្ទាល់​នឹង​ពន្លឺ​ថ្ងៃជា​រៀង​រាល់ថ្ងៃ។ ទោះជា​យ៉ាងនេះ​ក្តី លោកអ្នក​ក៏​គួរ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ពី​ព័ត៌មាន​លម្អិត និង​ប្រភព​នៃ​ផលិតផល ដើម្បី​ចៀសវាង​ជ្រើសរើស​ផលិតផល​ខុស ដែល​មិន​មានប្រភព​ច្បាស់លាស់។

    គ្រីមការពារកម្តៅថ្ងៃ មាន​លក្ខណៈ​ជា​ភ្នាស​បង្កឡើង​ដោយ​ប្រតិកម្ម​គីមីតាមរយៈការ​ជ្រាបចូល​នៃ​ពន្លឺ UV បាន​បំ​លែង​សមាសធាតុដែល​មាន​ក្នុង​ផលិតផលឱ្យទៅជា​អ្នកការពារ​មិនឱ្យ​ពន្លឺថ្ងៃមក​បំផ្លាញ​ស្បែករបស់​អ្នកបានឡើយ។ ​លក្ខ​ណៈ​ពិសេស​មួយ​នៃ​ពពួក​ផលិតផល​ការពារ​កម្ដៅ​គឺ អាច​ការពារស្បែកពី​​ពន្លឺ UVA និង UVB ដូច្នេះ​បរិមាណ​សមាសធាតុ​ចូលរួម​មានដូចជា Avobenzone, Octinoxate, …. ត្រូវបាន​បន្ថែម​ច្រើនជាង​ធម្មតា។

    គុណសម្បត្តិ​នៃ​ផលិតផល​ការពារកម្តៅថ្ងៃ​គឺ ជ្រាបចូលទៅក្នុង​ស្បែ​កបាន​ល្អ មើល​មិនដឹងថា​បាន​ប្រើ​ផលិតផលនោះទេ ​ព្រោះ​វា​ជ្រាបចូលទៅក្នុងស្បែក​បានល្អ​ឥតខ្ចោះ។ ក៏ប៉ុន្តែ​ផលិតផល​មិនបាន​ស្ថិតនៅ​ផ្នែក​ខាងលើ​នៃ​ស្បែក​ឡើយ ដូច្នេះ​លោកអ្នក​ត្រូវតែ​លាប​ស្រទាប់​ទី​ពីរ ​ឬ​ទី​បី​នៅក្រោយ2-3ម៉ោង​ម្តង។

    របៀប​ជ្រើសរើស​ និង​ប្រើប្រាស់​ផលិតផលឱ្យបាន​សមស្រប​បំផុត
    ជាធម្មតា​ផលិតផល​របស់​​​ម៉ាកល្បីៗ ភាគច្រើន​ជា​ប្រភេទ Sunscreen ព្រោះ​សមាសធាតុ​នៃគ្រីមគឺ​ជ្រាបចូល​ស្បែក​ដូច​ធម្មជាតិ​ មិនដឹងថា​បាន​ប្រើ​ផលិតផល​ការពារ​កម្ដៅថ្ងៃ​ឡើយព្រោះថា​វា​ត្រូវបាន​ផលិតឡើង​ដោយ​ប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើបៗ​បំផុត ធានា​មិន​បង្កបញ្ហាផ្សេងៗដល់​ស្បែក​ឡើយ។ ដូច្នេះសូមចាប់​ដប​គ្រីម​ការពារ​កម្ដៅថ្ងៃ​របស់​អ្នក ​ហើយ​រកមើល​ពាក្យ​មួយ​ចំនួន​​នៅលើ​ផលិតផល​ដែល​អ្នក​គួរ​ដឹងមានដូចជា ៖
    – UV (Ultraviolet Radiation): កាំរស្មី​ពន្លឺ ដែល​បញ្ចេញ​ពី​ព្រះអាទិត្យ។
    – UVA (Ultraviolet Radiation A): ជា​កាំរស្មី​ពន្លឺ ដែល​អាច​ឆ្លងកាត់​កញ្ចក់​បង្អួត ឬកញ្ចក់​ឡាន វា​ធ្វើឱ្យ​ស្បែករបស់​អ្នក​ឡើង​ខ្មៅ ឡើង​អាចម៍រុយ ឬ​ជាំ និងបង្កើតជា free-radical ដែល​ធ្វើឱ្យ​ស្បែក​ឆាប់​ចាស់ជាងវ័យ។
    – UVB: វា​មិនអាច​ឆ្លងកាត់​កញ្ចក់​ឡាន ឬកញ្ចក់​បង្អួត​បានទេ ប៉ុន្តែ​វា​ជា​មូលហេតុ​នាំឱ្យ​ស្បែក​របស់​អ្នក​ឡើងរាល​ក្រហម​រលាក​ស្បែក​ និងធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​ជ្រីវ​ជ្រួញ​ផងដែរ។
    – PA+, PA++, PA+++: កម្រិត​នៃ​ការការពារ​ស្បែក​ពី UVA ប្រសិនបើ​សញ្ញា + កាន់តែច្រើន​នោះ​មានន័យថា ​ការការពារ​ស្បែក​ពី​កាំរស្មី UVA ក៏​កាន់តែ​បានល្អដែរ។
    – SPF (Sun Protection Factor): ភ្ញា​ក់​ងារ​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ។
    – SPF 15: ចំនួន15 នៅទីនេះ ជា​ចំនួន​ដង។
    ឧទាហរណ៍ ប្រសិនបើ​ស្បែក​អ្នក​អាច​ធន់​នឹង​កម្ដៅថ្ងៃ​បាន20នាទី​ដោយ​មិន​ប្រើ​គ្រីម​ការពារ​កម្ដៅថ្ងៃ (មិនមាន​ការ​រាល​រលាក​ដោយ​កម្ដៅថ្ងៃ) ដូច្នេះ ប្រសិនបើ​អ្នក​លាប​គ្រី​ម​ការពារ​កម្ដៅថ្ងៃ​ដែលមាន SPF 15 នោះ​ស្បែក​អ្នក​អាច​ធន់​នឹង​កម្ដៅថ្ងៃបាន15ដង ធៀប​នឹង​ពេលដែលអ្នកមិន​បាន​លាបគ្រីម​ការពារ​កម្ដៅថ្ងៃ មានន័យថា ស្បែករបស់​អ្នក​អាច​ការពារ​ពី​កម្ដៅថ្ងៃបាន​រយៈពេល 20នាទី x 15ដង = 300នាទី = 5ម៉ោង ក្រោយពេល​លាប​គ្រីម​ការពារ​កម្ដៅថ្ងៃ​ដែលមាន SPF 15 ស្បែករបស់​អ្នក​អាច​ស្ថិតនៅក្រោម​កម្ដៅថ្ងៃ​បាន5ម៉ោង ដោយ​គ្មាន​បញ្ហា។ ភាព​ធន់​នឹង​កម្ដៅថ្ងៃ​នៃ​ស្បែក​អាស្រ័យ​ទៅតាម​សម្បុរ​​ស្បែក​ដែលជា​ទូទៅ​អ្នក​ដែលមាន​សម្បុរ​ស​តែងតែ​ឆាប់​ឡើង​រាល​រលាក​ដោយ​កម្តៅថ្ងៃ ហើយ​នេះ​ក៏​ជា​មូលហេតុ​អ្នក​ដែល​មាន​​សម្បុរ​សត្រូវ​កា​រគ្រី​ម​ការពារ​កម្ដៅថ្ងៃ​ដែលមាន SPF ខ្ពស់ជាង​អ្នក​ដែលមាន​សម្បុរ​ខ្មៅ។
    – Multi Spectrum, Broad Spectrum: មានន័យថា​ក្រែ​ម​ការពារ​កម្ដៅថ្ងៃ​របស់​អ្នក អាច​ការពារ​បាន​ទាំង UVA និង UVB។
    – Active Ingredient: សំដៅដល់សារធាតុ​សកម្ម​ដែល​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ។
    – សារធាតុ​ដែល​ការពារ​ស្បែក​ពី UVB: Aminobenzoic Acid (PABA), Cinoxate, Ensulizole (Phenylbenzimiazole Sulfonic Acid), Homosalate, Octinoxate (Octyl Methoxycinnamate), Octisalate (Octyl Salicylate), Octocrylene, Padimate O, Trolamine Salicylate។
    – សារធាតុ​ដែល​ការពារ​ស្បែក​ពី UVA: Avobenzone, Ecamsule (Mexoryl SX), Meradimate (Menthyl Anthranilate) (សារធាតុ Avobenzone ជា​សារធាតុ​ដែល​អ្នក​គួរ​ចៀសវាង​ប្រើ​ ប្រសិនបើ​អ្នកមាន​ស្បែក​ងាយ​រោល​រលាក ឬងាយ​ប្រតិកម្ម ឬងាយ​ឡើង​មុន)។
    – សារធាតុ​ដែល​ការពារ​ស្បែក​ពី UVA និង UVB: Dioxybenzone, Oxybenzone, Sulisobenzone, Titanium Dioxide, Zinc Oxide​៕

  • ទទួលទាន​ទឹក​ខ្ញី​ បែបណា​ទើប​ធ្វើឱ្យ​សម្រក​ទម្ងន់?

    ទទួលទាន​ទឹក​ខ្ញី​ បែបណា​ទើប​ធ្វើឱ្យ​សម្រក​ទម្ងន់?

    តើ​អ្នកដឹង​ឬទេ? មានការ​ស្រាវជ្រាវ​អំពី​គុណសម្បត្តិ​របស់​មើម “ខ្ញី” ចេញពី​ស្ថាន​ប័ន​ឱសថ​បុរាណ និង​ភោ​ជនីអាហារ​របស់​សាកលវិទ្យាល័យ កូ​ឡុំ​បៀរ សហរដ្ឋអាមេរិក ដែលមាន​អ្នកចូលរួម​ធ្វើការ​ស្រាវជ្រាវ និង​ទទួលទាន​ទឹក​ខ្ញី ដែលមាន​លក្ខណៈ​ជា​ម្សៅ​ខ្ញី​ម៉ដ្ឋ​ចំនួន2ក្រាម និង​ទឹក​សុទ្ធ1កែវ ហើយ​ត្រូវឱ្យ​ទទួលទាន​ក្រោយពេល​បរិភោគ​អាហារ​រួច។ យ៉ាងណាមិញ ក៏មាន​បន្ថែម​ការហាត់​ប្រាណ​ដើម្បី​រំលាយ​ជាតិ​ខ្លាញ់ព្រមទាំង​ជួយ​ឱ្យ​ប្រសិទ្ធភាព​នៃ​ទឹក​ខ្ញី បាន​ដំណើរការ​នៅក្នុង​រាងកាយ​ក្នុង​រយៈពេល6ម៉ោង​ផងដែរ។

    ក្រុម​អ្នកស្រាវជ្រាវ បានធ្វើ​ការវាស់ស្ទុង​ក​ម្រិ​តនៃ​ការដុត​កម្ដៅ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ ជាមួយនឹង​ទឹក​ខ្ញី ទើបបាន​រកឃើញថា អនុភាព​នៃ​ភាពក្ដៅ ដែល​កើតឡើង​នៅ​ខណៈ​រាងកាយ​កំពុងតែ​ដុត​រំលាយ​ជាតិ​ខ្លាញ់ ហើយ​ទទួល​ស្រូបយក​សារធាតុចិញ្ចឹម​នៃ​អាហារ​នោះ បាន​កើន​ឡើងដល់​ទៅ22.3គីឡូ​កាឡូរី – 64.1គីឡូ​កាឡូរី បើ​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​ចូលរួម​មិនបាន​ទទួលទាន​ទឹក​ខ្ញី។ អាហារ​ដែល​បាន​បរិភោគ​ចូលទៅ មិនបាន​បន្ថែម​ជាតិ​ខ្លាញ់​កកកុញ តែ​ផ្ទុយទៅវិញ វា​ប្រែជា​ជួយ​បង្កើត​កម្ដៅ​ទៅវិញ។ ពេលនេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ជម្រាបជូន​នូវ​រូបមន្ដ​ពិសា​ទឹក​ខ្ញី2យ៉ាង ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​សម្រក​គីឡូ ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​រាងកាយ និង​ចំណេញ​ថវិកា​ផងដែរ។ តោះ! សូម​លោកអ្នក​មក​ជ្រាប​ទាំងអស់គ្នា​ពី​រូបមន្ត​ពិសេស​ទាំងនេះ។

    រូបមន្ដ​ទី1 ៖ ទឹក​ខ្ញីក្ដៅៗ ផលិត​ពី​ខ្ញី​ស្រស់
    គ្រឿងផ្សំ
    • ខ្ញី​បុក 1 – 1/2 ពែងតែ
    • ទឹក​ក្ដៅ 1 កែវ

    វិធី​ឆុង
    អ្នក​គ្រាន់តែ​យក​ខ្ញី​បុក​នៅក្នុង​ពែង មក​លាយ​ជាមួយ​ទឹក​ក្ដៅ​មួយ​កែវ រួច​កូរ​ចូលគ្នា​ឱ្យ​សព្វ​សាច់ ហើយ​ទុកឱ្យ​ត្រជាក់​នៅក្នុង​សីតុណ្ហភាពឧណ្ហៗ ងាយស្រួល​ក្នុងការ​ទទួលទាន។ ត្រូវ​ទទួលទាន​ក្រោយពេល​បរិភោគ​អាហារ​រួច ទាំងបី​ពេល ឬ​អ្នក​អាចអនុវត្ត​តែ​ពីរដង​ក្នុង​មួយថ្ងៃ​ក៏បាន​ដែរ។

    រូបមន្ដ​ទី2 ៖ ទឹក​ខ្ញី​លាយ​ក្រូចឆ្មារ
    គ្រឿងផ្សំ
    • ខ្ញី​បុក 1/2 ខ្នាំ​ង​ដៃ
    • ទឹកក្រូច​ឆ្មារ
    • ទឹកឃ្មុំ

    វិធី​ឆុង
    យក​ខ្ញី 1/2 ខ្នាំ​ង​ដៃ ស្ងោរ​ជាមួយ​ទឹក​ក្ដៅ​ឱ្យ​ពុះ​ក្នុង​រយៈពេល3-5នាទី រួច​ផ្សំ​ជាមួយ​ទឹកឃ្មុំ និង​ទឹក​ក្រូចឆ្មារ។ អ្នក​អាច​ទទួលទាន​បាន​នៅក្នុង​សីតុណ្ហភាពឧណ្ហៗ និង​ត្រូវ​ទទួលទាន​ក្រោយពេល​បរិភោគ​អាហារ​រួច ទាំងបី​ពេល ឬ​អ្នក​អាចអនុវត្ត​តែ ពីរដង​ក្នុង​មួយថ្ងៃ​ក៏បាន៕

  • ទទួលទានទឹកត្រឹមត្រូវ ជួយថែរក្សាស្បែកបានយ៉ាងល្អនារដូវក្ដៅ

    ទទួលទានទឹកត្រឹមត្រូវ ជួយថែរក្សាស្បែកបានយ៉ាងល្អនារដូវក្ដៅ

    ការយកចិត្តទុកដាក់ចំពោះសុខភាពស្បែកក៏ជាផ្នែកមួយដែលទស្សនាវដ្ដី ឡារ៉ែន តែងលើកមកជម្រាបជូនប្រិយមិត្តអ្នក​អានផងដែរ។ នៅក្នុងអំឡុងរដូវក្ដៅនាខែមេសានេះ ការថែទាំស្បែកឱ្យមានសំណើម ទាំងស្បែកមុខ និងស្បែកដង​ខ្លួនឱ្យទន់​រលោងស្អាតនោះ ត្រូវចាប់ផ្ដើមពីទម្លាប់ទទួលទានទឹកឱ្យបានច្រើន និងបានត្រឹមត្រូវជារៀងរាល់ថ្ងៃ។ ប្រសិនបើ​បរិមាណ​ទឹកដែល​អ្នកតែងទទួលទានគឺពី8កែវទៅ10កែវក្នុងមួយថ្ងៃនោះ គឺជារឿងមួយត្រឹមត្រូវហើយ តែដើម្បីទទួលទាន ឱ្យបាន​នៅ​ក្នុង​បរិមាណ​នេះ អ្នកគប្បីគួរយល់ដឹងបន្ថែមថា តើត្រូវទទួលទានទឹកបែបណា? មិនមែនឱ្យអ្នកទទួលទានតែមួយដងហើយឱ្យ​គ្រប់​បរិមាណ​8កែវនោះទេ គឺអ្នកត្រូវបែងចែកការទទួលទានទឹកឱ្យបានខ្ជាប់ខ្ជួនពេញមួយថ្ងៃ ឬអាចទទួលទាន តាមការណែនាំដូចខាងក្រោម​នេះ ៖

    – ពេលភ្ញាក់ពីគេងទទួលទានទឹក 1 ឬ2កែវ។
    – មុនពេលអាហារព្រឹក​ទទួលទានទឹក 1កែវកន្លះ។
    – ពេលអាហារព្រឹកដល់ថ្ងៃត្រង់ទទួលទាន ទឹក 1កែវ។
    – ក្រោយអាហារថ្ងៃត្រង់ទទួលទានទឹក1កែវកន្លះ។
    – ពេលរសៀលដល់ល្ងាចទទួលទានទឹក1កែវ។
    – ក្រោយពេលអាហារល្ងាច ទទួលទានទឹក1កែវកន្លះ។
    – មុនពេលចូលគេងទទួលទានទឹក 1កែវ។

    ប្រសិនបើអ្នកបែងចែកការទទួលទានទឹកដូចខាងលើនេះឱ្យបានខ្ជាប់ខ្ជួន នឹងធ្វើឱ្យរាងកាយរបស់អ្នកបានទទួលបរិមាណទឹកគ្រប់គ្រាន់ហើយក្រៅពីនេះ អ្នកអាចបន្ថែមការទទួលទានទឹកផ្លែឈើផ្សេងៗតាមចំណង់ចំណូលចិត្តរបស់អ្នកក៏បាន។ បរិមាណ​ទឹកស្អាត ដែលអ្នកទទួល-ទានបានគ្រប់គ្រាន់សម្រាប់តម្រូវការរបស់រាងកាយ នឹងជួយសម្អាតរាងកាយ ផ្តល់​សំណើម​ដល់​ស្បែក និងធ្វើឱ្យស្បែករលោងភ្លឺថ្លា។ អាកាស-ធាតុក្តៅ គួរប្រើវិធីទទួលទានទឹកម្តងបន្តិចៗ តែត្រូវទទួលទានញឹកញាប់។ គុណ​សម្បត្តិនៃការទទួលទានទឹកបានច្រើននៅក្នុងអំឡុងពេលរដូវក្ដៅ នឹងជួយដល់រាងកាយ និងសម្រស់ដូចជា ៖

    1. ទឹក​ផ្ដល់សំណើម និងបង្កើន​ថាមពល​
    ករណីអ្នក​កំពុងតែ​មាន​អារម្មណ៍​ថា​អស់កម្លាំងនឿយហត់​នោះ សូម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ព្រោះ​ការ​ខ្សោះ​ជាតិ​ទឹក​ក៏​ធ្វើ​ឱ្យ​​រាងកាយអ្នកចុះទន់ខ្យោយដែរ។ ការ​ទទួលទាន​ទឹក​ក្នុង​ចំនួន​ដ៏​ត្រឹមត្រូវ​នឹង​ជួយ​ឱ្យ​បេះ​ដូង​ច្របាច់​ឈាម​បាន​កាន់តែ​មាន​ប្រសិទ្ធ​ភាព​។ ទឹក​អាចជួយ​ឱ្យ​ឈាម​ដឹកនាំ​អុកស៊ីែហ្ស៊ន និង​ជីវជាតិ​សំខាន់ៗ​ផ្សេង​ទៀត​ទៅ​ចិញ្ចឹម​កោសិកាក្នុងរាងកាយបានយ៉ាងល្អ​។

    2. កាត់បន្ថយភាពតានតឹង
    ​ជាលិកាខួរក្បាល​មាន​ជាតិ​ទឹក​ប្រហែល70%ទៅ80%​។ បើសិន​ជា​អ្នក​ខ្សោះ​ជាតិ​ទឹក នោះរាងកាយ​របស់​អ្នក​នឹងមាន​បញ្ហា​ព្រមទាំងមានភាពតានតឹងនៅក្នុងអារម្មណ៍ខ្លាំងតែម្តង​។ បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា ​ស្រេកទឹក នោះ​មានន័យ​ថា អ្នក​កើត​មាន​អាកា​រខ្សោះជាតិ​ទឹក​បន្តិចប​ន្តួ​ច​ហើយ​។ ដូច្នេះ​ដើម្បី​កុំឱ្យ​មាន​ស្ត្រេ​សកាន់តែ​ច្រើន​នោះ ចូរ​ទទួលទាន​ទឹក​មួយ​កែវ ឬ​កាន់​ដប​ទឹក​​មួយដបតាម​ខ្លួន​ជាប់ជានិច្ច ពេលអ្នកមានអារម្មណ៍ថាស្រេកទឹកក៏លើកក្រេបទឹកបន្តិចចូលទៅ​។

    3. ជួយឱ្យស្បែកមានសំណើម
    ​ស្បែក​ដែល​មាន​ភាព​ជ្រីវជ្រួញ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នៅ​ពេល​អ្នក​ខ្សោះ​ជាតិ​ទឹក​។ ទឹក ប្រៀបដូចជាក្រែម​រក្សា​សម្រស់​បែបធ​ម្ម​ជា​តិ​ដូច្នោះដែរ​។ ការ​ទទួលទាន​ទឹក មានន័យថា​ ជា​ការផ្តល់​ជាតិ​ទឹក​ដល់​កោសិកា​ស្បែក​ ដើម្បី​ទទួល​បាន​នូវភាព​ក្មេង​ជាង​វ័យ​។​​​ ក្រៅពីនេះ​វា​ក៏​ជួយ​ពង្រឹង​ដល់​របត់​ឈាម​រត់​ក្នុង​ស្បែក និង​ធ្វើឱ្យ​ស្បែក​ឡើង​ពណ៌​ក្រហម​ព្រឿងៗស្អាតតែម្តង​៕

  • វិធី​កែច្នៃ​ត្រសក់​ ធ្វើជា​ជំនួយការ​ផ្នែក​សម្រស់

    វិធី​កែច្នៃ​ត្រសក់​ ធ្វើជា​ជំនួយការ​ផ្នែក​សម្រស់

    ឱ្យតែ​និយាយ​ពី​រឿង​ថែរក្សា​សម្រស់ ស្ត្រីៗយើង​មិនសូវ​ដែល​ឱ្យ​កន្លងទៅទទេៗនោះទេ គឺ​តែងតែ​បបួលគ្នា​សាកល្បង​បើទោះជា​ពេលខ្លះ​ពួកគាត់​មិនទាន់​ទទួលបាន​លទ្ធផល​ជាទី​ពេញចិត្ត​ទាំងស្រុង​ក៏ដោយ ក៏​ពួកគាត់​មិនដែល​បោះបង់ចោល​វា​ទាំងស្រុង​នោះទេ។ លេខ​នេះ ឡា​រ៉ែ​ន សូម​ណែនាំ​ជំនួយការ​ផ្នែក​សម្រស់​មួយ​ប្រភេទ​ជូន​មិត្ត​អ្នកអាន​ទាំងឡាយ​ដែល​ស្រឡាញ់​ការថែរក្សា​សម្រស់​តាម​ក្បូន​ធម្មជាតិ ងាយៗ មិន​បារម្ភ​ខ្លាច​ថា​នឹងធ្វើ​ឱ្យមាន​ផលប៉ះពាល់​ចំពោះ​ស្បែក​នោះឡើយ។ ជំនួយ​ការដែល​យើង​និយាយ​ដល់​នោះ​គឺ ផ្លែ​ត្រសក់។ អ្នកណា​ក៏​ដឹងថា​ត្រសក់​ជា​បន្លែ​ដែល​ងាយ​រក​បំផុត ចំណែកឯ​តម្លៃ​ក៏​មិន​ថ្លៃ​ដែរ ហើយ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ បន្លែ​ប្រភេទ​នេះ​មានសមត្ថភាព​ច្រើនយ៉ាង​ក្នុង​ការជួយ​ឱ្យ​សម្រស់​របស់​អ្នកឱ្យ​​ផូរផង់​ជាង​មុន។ ចង់ដឹងថា​តើ​ផ្លែ​ត្រសក់​មាន​សមត្ថភាព​ពិសេស​អ្វីខ្លះ ដែល​អ្នក​គួរតែ​ជ្រើសរើស​មក​ធ្វើជា​ជំនួយការ​ក្នុងការ​ថែរក្សា​សម្រស់​នោះ សូម​តាមដាន​បន្ត​ជាមួយ​អត្ថបទ​ខាងក្រោម​ដូចតទៅ៖

    1. ជួយ​ឱ្យ​ភ្នែក​ភ្លឺ​ថ្លា: រឿង​ជាក់ស្តែង​បំផុត​ដែល​ត្រសក់​អាចធ្វើឱ្យ​អ្នក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ​គឺ ការជួយ​បង្កើន​ភាព​ភ្លឺ​ថ្លា​ទៅដល់​បរិវេណ​ជុំវិញ​ភ្នែក។ ចិត​ត្រសក់​ជា​ចំណិត(ទទឹង​ផ្លែ) កម្រាស់​ស្តើង​ល្មម រួច​យកមកដាក់​លើ​ត្របកភ្នែក​របស់​អ្នក។ ទុកពេល​ឱ្យ​ត្រសក់20នាទី ដើម្បីឱ្យ​វា​បាន​បញ្ចេញ​វេទមន្ត កាត់បន្ថយ​អាការ​ហើម​ត្របកភ្នែក និង​សភាព​ខ្មៅ​ក្រោម​រង្វង់​ភ្នែក​ជាដើម។ នេះ​ជា​វិធី​ដែលមាន​ភាពងាយស្រួល​បំផុត សូម្បីតែ​អ្នកជំនាញ​ផ្នែក​តុបតែង​មុខ​ក៏​តែង​យក​វិធី​នេះ​មក​អនុវត្ត​ដែរ។

    2. ម៉ាស​ធ្វើឱ្យ​ក្មេង​ជាង​វ័យ: ជា​រឿង​ធម្មតា​បំផុត​ដែល​គេ​តែងប្រើ​ផ្លែ​ត្រសក់ ដើម្បី​បង្កើន​ភាព​ក្មេងខ្ចី​ទៅដល់​ស្បែក។ ទឹក​ផ្លែ​ត្រសក់ (លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ2-3ដំណក់) យកមក​ធ្វើជា​ម៉ាស​បិទមុខ​នឹង​ជួយ​ឱ្យ​សម្បុរស្បែក​ភ្លឺ​ថ្លា និង​ផ្តល់នូវ​ភាពស្រស់​ស្រាយ​ដល់​ស្បែក​របស់​អ្នក។

    3. សម្អាត​រន្ធ​រោម: ទឹក​ផ្លែ​ត្រសក់លាយ​ជាមួយ​ទឹកខ្មេះ​ផ្លែ​ប៉ោមប្រទាល​កន្ទុយក្រពើ និង​ទឹកផ្លែ​ប៉េងប៉ោះ​មាន​ប្រសិទ្ធភាពក្នុងការ​សម្អាត​រន្ធ​រោម​ឱ្យបាន​ស្អាត។ លាយ​សារធាតុ​ផ្សំ​ទាំងនោះ​ចូលគ្នា រួច​យក​សំឡី​ជ្រលក់​យក​ទឹក​របស់​វា មក​លាប​លើ​ផ្ទៃមុខ (លើកលែង​រង្វង់​ភ្នែក) ហើយ​សម្អាត​វា​ចេញ​វិញ បន្ទាប់ពី​រយៈពេល2-3នាទី​ក្រោយ។ ស្តាប់ទៅ​ដូចជា​មិនគួរ​ឱ្យ​ជឿ​ទេ​មែន​ទេ? សាក​បន្តិច​ទៅ​អ្នក​ពិតជា​អា​ចរក​ចម្លើយ​បាន​ដោយ​ខ្លួនឯង​ជាមិនខាន។

    4. ម៉ាស​កម្ចាត់​មុន: លាយ​សាច់​ត្រសក់​ស្រស់ និង​រមៀត​ក្នុង​បរិមាណ​ស្មើគ្នា ជាមួយនឹង​ទឹកក្រូច​ឆ្មារ​មួយ​ផ្លែ អ្នក​អាចធ្វើ​ម៉ាស​កម្ចាត់​ប្រេង និង​មុន​លើ​ផ្ទៃមុខ​បាន​ហើយ។ យក​ល្បាយ​ទាំងនេះ​មក​លាប​លើ​ផ្ទៃមុខ ទុកចោល​ប្រហែលជា15នាទី សឹម​លាង​សម្អាត​ចេញ​វិញ​ជាការ​ស្រេច។

    5. ម៉ាស​សម្អាត​ស្បែ​កមុខ: ត្រសក់​មួយ​ផ្លែ​កិន​ឱ្យ​ម៉ដ្ឋ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​មួយ​ផ្លែបន្ថែម​ដោយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា ដើម្បីឱ្យ​ស្បែក​ភ្លឺរលោង។ទុកចោល20នាទី រួច​សម្អាត​ចេញ​ដោយ​ទឹក​ក្តៅឧណ្ហៗ។

    6. ម៉ាស​ផ្តល់​សំណើម: ត្រសក់​ចិញ្ច្រាំ​រួច​កន្លះ​ពែង ផ្លែ​ប៊័រ​ទុំ​ចិញ្ច្រាំ​រួច​កន្លះ​ពែង ផ្នែក​ស​នៃ​ស៊ុត​មួយ​គ្រាប់ ម្សៅ​ទឹកដោះគោ2ស្លាបព្រា កិន​លាយចូលគ្នា​ឱ្យក្លាយ​ជា​ល្បាយ រួច​យកមក​លាប​លើ​ផ្ទៃមុខ។ គេង​សម្រាក30នាទី សឹម​ទៅ​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ជាមួយនឹង​ទឹកស្អាត​ជាការ​ស្រេច។

    7. ផ្តល់​សំណើម​ដល់​ស្បែក: ត្រសក់​មួយ​ផ្លែ កិន​លាយ​ជាមួយ​ប្រទាល​កន្ទុយក្រពើ​មួយស្លាបព្រា ទឹក​ផ្កា​កុលាប1ស្លាបព្រា និង​ទឹក​ក្រូចឆ្មារ​មួយ​ផ្លែ​ធំត្រង​យកតែ​ទឹក រួច​ដាក់​ក្នុង​ដប​ស្ព្រៃ​យ៍មួយ។ អ្នក​អាចយ​កវា​ទៅ​ទុក​ក្នុង​ទូរ​ទឹកកក សម្រាប់​យកមកប្រើ​នៅ​ថ្ងៃក្រោយ​ទៀត​ក៏បាន។ សម្រាប់​អ្នក​ដែលមាន​បញ្ហា​ស្បែក​ស្ងួត គួរតែ​សាកល្បង​វិធី​នេះ ព្រោះនេះ​គឺជា​ក្បួន​នៃ​ការផ្តល់​សំណើម​ដល់​ស្បែក​ដ៏​ល្អ​មួយ។

    8. ព្យាបាល​ការ​រលាក​ដោយ​កម្តៅថ្ងៃ: ត្រសក់​ជា​បន្លែ​មួយ​ប្រភេទ​ដែលមាន​ផ្ទុក​ជាតិ​ទឹក​ច្រើន​ដូច្នេះ​ប្រសិនបើ​អ្នកដឹង​ខ្លួន​ថា​ស្បែក​កំពុង​ទទួលរង​ការ​រលាក​នោះ អ្នក​គួរតែ​យក​ត្រសក់​មួយ​ចំណិត​ទៅ​ដាក់​នៅលើ​ស្បែក​ត្រង់​កន្លែង​ដែល​រលាក ឬ​រមាស់​នោះ ដើម្បីឱ្យ​ជាតិ​ទឹក​នៅក្នុង​ផ្លែ​ត្រសក់​ចូលទៅ​ជួយ​សម្រួល​ដល់​បញ្ហា​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព ។

    9. ជួយ​ឱ្យ​សក់​ស្អាត: ការទទួល​ទាន​ទឹក​ផ្លែ​ត្រសក់​គឺជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​សក់ ហើយ​វិធី​នេះ​ក៏​ត្រូវបាន​អ្នកជំនាញ​ណែនាំ​សម្រាប់​បញ្ឈប់​ការ​ជ្រុះ​សក់​ផងដែរ។ ក្រៅពី​ទទួលទាន​ហើយ​នោះ អ្នក​ក៏​អាច​យក​ទឹក​ត្រសក់​ទៅ​លាង​សរសៃសក់​ ដើម្បីឱ្យ​សក់​មើលទៅ​រលោង​មាន​សំណើម​ផងដែរ។

    ឡា​រ៉ែ​ន មាន​នាទី​ត្រឹមតែ​ជា​អ្នក​បង្ហាញ ចំណែកឯ​ការអនុវត្ត​គឺជា​នាទី​របស់​អ្នក។ សូមឱ្យ​ទទួលបាន​ជោគជ័យ​ចំពោះ​ការព្យាយាម និង​ការថែរក្សា​សម្រស់​របស់​អ្នកណា៎!

  • វិធី​កែខៃ​បញ្ហា​សក់​ប្រកបដោយ​ប្រសិទ្ធភាព

    វិធី​កែខៃ​បញ្ហា​សក់​ប្រកបដោយ​ប្រសិទ្ធភាព

    មាន​បញ្ហាផ្សេងៗគ្នា​ជាច្រើន ដែល​ពាក់ព័ន្ធ​ជាមួយនឹង​សុខភាព​សក់​របស់​អ្នក ដែល​ក្នុងនោះ​មានដូចជា បញ្ហា​សក់​ជ្រុះ សក់​ដាច់ សក់​ស្ងួត សក់​បែក​ចុង សក់​មិនមាន​ភាពរឹងមាំ សក់​មិន​ស្រស់ស្អាត​ជាដើម ហើយ​បញ្ហា​អស់ទាំងនោះ​បណ្តាលមកពី​ហេតុផល​មួយចំនួន​ដូចជា តំណពូជ ភាព​តានតឹង ការថែរក្សា​សក់​ដែល​មិន​ត្រឹមត្រូវ ពេលវេលា អាកាសធាតុ កម្តៅថ្ងៃ ការប្រើប្រាស់​ផលិតផល​ខុស មាន​ជំងឺ ការប្រើ​ឱសថ​ខ្លាំង កង្វះ​សារធាតុចិញ្ចឹម ឬ​កត្តា​អ័រម៉ូន​ជាដើម។ បង្កើត​ទម្លាប់​មួយចំនួន​សម្រាប់​ខ្លួន​អ្នក ប្រសិនបើ​ចង់​កែខៃ​បញ្ហា​មួយចំនួន​ដែល​កំពុង​កើតឡើង​ចំពោះ​សក់​របស់​អ្នក សូម​អាន​បន្ត​ជាមួយនឹង​ទម្លាប់​ទាំងនោះ​ដូចខាងក្រោម។

    – អាហារ​ល្អ សក់​ស្អាត: អាហារកំពូលៗសម្រាប់​ការជួយ​ឱ្យ​សក់​រឹងមាំ​មានដូចជា ត្រី​សាល​ម៉ុ​ន បន្លែ​បៃតងចាស់ សណ្តែក ធញ្ញជាតិ សាច់​បក្សី ស៊ុត គ្រាប់​ផ្លែឈើ អយ​ស្ទ័​រ ការ៉ុត និង​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ទាប។

    – កម្ចាត់​ភាព​តានតឹង: ភាព​តានតឹង​មាន​ផលប៉ះពាល់​ច្រើនជាង​អ្វីដែល​អ្នក​បានគិត។ ការធ្វើ​ចិត្ត​ឱ្យ​ស្ងប់ និង​លំ​ហាត់ប្រាណ អាចនិយាយបាន​ថា​ជា​ទង្វើ​ដ៏​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែលមាន​អារម្មណ៍​បែបនេះ។

    – ម៉ាស្សា​ក្បាល​ឱ្យបាន​ញឹកញាប់: ព្រោះ​វា​អាចជួយ​ធ្វើឱ្យ​ឈាម​រត់​បាន​ស្រួល សក់​ដុះ​លូតលាស់​បាន​លឿន​ជាង​មុន។

    – លាង​សក់​ជាមួយ​ទឹកខ្មេះ: មុនពេល​កក់សក់ អ្នក​អាច​លាង​សក់​របស់​អ្នក​ជាមួយ​ទឹកខ្មេះ នឹង​ជួយ​ធ្វើឱ្យ​ស្បែកក្បាល​ស្អាត សក់​ភ្លឺរលោង កម្ចាត់​អង្គែ​បាន​យ៉ាង​មា​ន​ប្រសិទ្ធភាព។

    – កំណត់​បរិមាណ​សាប៊ូ: សូម​ពិនិត្យមើល​លើ​បរិមាណ​សក់​របស់​អ្នក ហើយ​ប្រើ​សាប៊ូ​ឱ្យ​សមល្មម​ជាមួយនឹង​សក់​របស់​អ្នក​បាន​ហើយ កុំ​ប្រើ​សាប៊ូ​ច្រើន​ជ្រុល​ពេក ឬ​តិចពេក។

    – កុំ​ជូត​ត្រដុស​សក់​ខ្លាំង: បើ​អ្នក​ជូត​សក់​ដោយ​កន្សែងពោះគោ កុំ​ត្រដុស​វា​ខ្លាំងពេក ព្រោះ​វា​បណ្តាលឱ្យ​សក់​បែក​ចុង។ ព្យាយាម​ប្រើ​កន្សែង​ដែលមាន​សរសៃតូចៗដែល​អាច​ជ្រាប​ទឹកបាន​ច្រើន​វិញ​ប្រសើរ​ជាង។

    – ជ្រើសរើស​ក្រែ​ម​អប់​សក់: ក្រែ​ម​អប់​សក់​ដែល​អាច​ជ្រាបចូល​ជ្រៅ​ទៅក្នុង​សរសៃសក់ គឺជា​រឿង​ល្អ​បំផុត ព្រោះ​វា​អាច​រក្សា​ភាព​ទន់​នៃ​សក់ ធ្វើឱ្យ​សក់​មាន​សុខភាព​ល្អ និង​មាន​សំណើម។

    – ជ្រើសរើស​ក្រាស​សិតសក់: បន្ទាប់ពី​ងូតទឹក​រួច សិតសក់​របស់​អ្នក​ដោយ​ក្រាស​ធ្មេញ​រង្វើល ឬ​ប្រើ​ម្រាមដៃ គួរជៀសវាង​យកក្រាស​ធ្មេញ​ញឹក​មក​ប្រើ​នៅពេលដែល​សក់​របស់​អ្នក​សើម។

    – កុំ​គេង​ទាំង​សក់​សើម: ស​ម្ងួ​ត​សក់​របស់​អ្នក​ឱ្យ​ស្ងួត​ជាមុនសិន ជាពិសេស​គឺ​ផ្នែក​ខាង​គល់​សក់ មុននឹង​អ្នក​ចូលទៅ​គេង។ បើ​អ្នក​ប្រើ​ម៉ាស៊ីន​ផ្លុំ​ស​ម្ងួ​ត​សក់ អ្នក​ត្រូវ​ប្រើ​កម្តៅ​ទាប​បំផុត។

    – តម្រឹម​សក់: អ្នក​គួរ​កាត់​តម្រឹម​សក់​របស់​អ្នកជា​រៀងរាល់ខែ ដើម្បី​កាត់បន្ថយ​បញ្ហា​សក់​បែក​ចុង៕