Category: សុខភាព

  • ជឿទេថា ខ្ទិះដូងមានគុណសម្បត្តិជួយសម្រកខ្លាញ់ក្បាលពេាះ?

    ជឿទេថា ខ្ទិះដូងមានគុណសម្បត្តិជួយសម្រកខ្លាញ់ក្បាលពេាះ?

    អ្នក​ប្រហែលជា​បាន​ជ្រាប​ពី​ចំណេះដឹង​នានា ដែល​បាន​ស៊ែរ​បន្ដ​គ្នា​ថា “ទទួលទាន​ទឹកខ្ទិះ​ដូង​ផ្សំ​លាយ​ជាមួយ​ទឹកដូង ជួយ​កម្ចាត់​ខ្លាញ់​តាម​សរសៃឈាម” តែ​គួរឱ្យ​ជឿជាក់​បាន​កម្រិតណា​នោះ សូម​តាមដាន​ទាំងអស់គ្នា​វិញ​ល្អ​ជាង។ ជាមួយគ្នានេះដែរ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ជម្រាបជូន​នូវ​អត្ថបទ​ពិសេស​មួយ ដែល​លោកអ្នក​មិន​ធ្លាប់បាន​អាន​ពីមុនមក​ឡើយ។ តោះ!! សូម​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​មក​ជ្រាប និង​ពិចារណា​ទាំងអស់​គ្នាអំពី​ការទទួល​ទាន ខ្ទិះដូង​លាយជាមួយ​ទឹកដូង​ក្នុងការ​សម្រក​ជាតិ​ខា្ល​ញ់​ក្នុង​សរសៃរ​ឈាម ក៏ដូចជា​សម្រក​ខ្លាញ់​ក្បាលពោះ​យ៉ាង​មាន​ប្រសិទ្ធភាព​ដូចខាងក្រោម​នេះ។

    ដំបូង​សូមអ្នក​ពិចារណា​ចំពោះ​ថាមពល​ដែលមាន​នៅក្នុង​ខ្ទិះដូង 1កំប៉ុង​ចំណុះ250មី-​លី​លីត្រ វា​មានថាមពល360កាឡូរី និង​ផ្លែ​ដូង​មួយ​ផ្លែ ដែលមាន​ចំណុះ​ទឹក350មី​លី​លីត្រ មាន​ថាមពល​ដល់​ទៅ80កាឡូរី។ ប្រសិនបើ​អ្នកធ្វើការ​ផ្សំ​ប​ញ្ជូ​ល​គ្នា​រវាង​ធាតុ​ផ្សំ​ទាំងពីរ​ខាងលើនេះ​រួម​តែមួយ ដូច្នេះ​ថាមពល​សរុប​គឺ 440កាឡូរី ដែល​អាច​ចាត់ទុកថា​ស្មើរ​នឹង​ថាមពល​ដែល​អ្នក​បាន​ពី​ការ​ទទួលទាន​បាយ​សាច់មាន់1ចាន​ដូចគ្នា។

    ដូច្នេះហើយ​ការទទួល​ទាន​ទឹកខ្ទិះ​ដូង​លាយ​ជាមួយ​ទឹកដូង ហើយ​បូកផ្សំ​ជាមួយ​អាហារផ្សេងៗទៀត​នោះ ថាមពល​អាហារ​ដែល​អ្នកទទួលបាន​សរុប​ក៏​កាន់តែ​ច្រើនឡើង​ទៅតាម​នោះដែរ។ ក្នុងករណី​ដែល​អ្នក​គិតថា ទទួលទាន​ទឹកខ្ទិះ​ដូង​លាយ​ជាមួយ​ទឹកដូង​ដោយ​មិន​ទទួលទាន​អាហារ​ផ្សេងទៀត ពោលគឺ រាងកាយ​របស់​អ្នក​នឹងខ្វះ​សារធាតុចិញ្ចឹម​ពី​អាហារ​ដទៃទៀត។ បើទោះបី​មានការ​បកស្រាយ​មួយ​និយាយថា ខ្ទិះដូង​មាន​ផ្ទុក​នូវ​សារធាតុ​ប្រេង (Medium-chain Triglycerides) ដែលមាន​មូ​៉​លេ​គុល​ប្រេង​តូច​ជាង​មូ​៉​លេ​គុល​ប្រេង​ដទៃទៀត​ក៏ដោយ ក៏​ថាមពល និង​ជាតិ​ប្រូ​តេ​អី​ុ​ន​ដែលមាន​នៅក្នុង​ខ្ទិះដូង មាន​មិនតិចជាង​អាហារ​ជាតិ​ខ្លាញ់​ជាច្រើន​ទៀត ដែល​ងាយ​ធ្វើឱ្យ​អ្នក​ឡើង​គីឡូ​បាន​ផងដែរ។

    ជា​ចុងក្រោយ​ការទទួល​ទាន​ទឹក​ខ្ទិះដូង​លាយ​ជាមួយ​ទឹកដូង ដើម្បី​ជួយ​សម្រក​ជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ ដូចដែល​គេ​បាន​លើកឡើងថា យកជាតិ​ខ្លាញ់​កម្ចាត់​ជាតិ​ខ្លាញ់ ដូច​ពិស​បន្សាបពិស​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ។ នៅក្នុង​ការអនុវត្ត​ដ៏​ត្រឹមត្រូវ​ក្នុងការ​សម្រក​គីឡូ និង​ខ្លាញ់​នៅក្នុង​រាងកាយ អ្នក​គួរតែ​យកចិត្តទុកដាក់​ក្នុងការ​ចាត់ចែង​របប​អាហារ ហើយ​ជាពិសេស​គឺ​ការហាត់​ប្រាណ​ប្រចាំថ្ងៃ​វិញ​ទើប​ល្អប្រសើរ ព្រោះថាការហាត់​ប្រាណ​ជា​វិធី​ដុត​កំលោច​ជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត៕

  • រឿង​តូចតាច តែ​អាចជួយ​ឱ្យ​បបូរមាត់​ស្អាត

    រឿង​តូចតាច តែ​អាចជួយ​ឱ្យ​បបូរមាត់​ស្អាត

    អ្នកណាៗក៏​ចង់​គេច​ឱ្យ​ផុតពី​បញ្ហា​មួយចំនួន​ដែលមាន​នៅលើ​បបូរមាត់​ដូចជា បបូរមាត់​ខ្មៅក្រៀម ស្រអាប់​មិន​រលោង​ស្រស់ស្អាត មាន​សភាព​គ្រើម​ជាដើម។ តើ​មាន​វិធី​ការពារ​បបូរមាត់​ពី​បញ្ហា​អស់ទាំង​នេះដែរ​ឬទេ? ពិតជា​មាន! ហើយ​ថែមទាំង​មិន​ពិបាក​ទៀតផង បើ​អ្នក​អនុវត្តបាន​តាម​វិធី​តូចតាច​អស់ទាំង​នេះ​ឱ្យបាន​ជាប់លាប់​នោះ ធានាថា​មិនយូរ​ទេ ក្តីបារម្ភ​បែបនេះ​នឹងត្រូវរ​ត់ទៅ​ឈរ​នៅ​ជួរ​ក្រោយ​បំផុត​មិនខានឡើយ។ តោះ! មក​មើល​បន្តិច​មើល៍ថា ត្រូវធ្វើ​ដូចម្តេចខ្លះ?

    ប្រទាល​កន្ទុយក្រពើ ម្សៅ​ទឹកដោះគោ ទឹកក្រូច​ឆ្មារ ទឹកឃ្មុំ ប្រេង​អាល់​ម៉ុ​ន ទឹក​ដំឡូងបារាំង​ឆៅ រួមទាំង​សារធាតុ​ផ្សំ​មួយចំនួនទៀត ដើម្បី​ភាពស្រស់​ស្រាយ ទន់​រលោង កាត់បន្ថយ​ភាព​ខ្មៅ​ស្រអាប់ បន្ថែម​ពណ៌​ផ្កាឈូក​ដល់​បបូរមាត់។

    • សម្រាប់​ការអនុវត្ត​ជាមួយនឹង​ប្រទាល​កន្ទុយក្រពើ​វា​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​ ចាញ់​ក្លិន​របស់​វា​បន្តិច ប៉ុន្តែ​មិនបាច់​បារម្ភ​ខ្លាច​វា​ប៉ះពាល់​អ្វី​ឡើយ ផ្ទុយ​មកវិញ​វា​នឹង​ធ្វើឱ្យ​បបូរមាត់​ខ្មៅ​ក្រៀម​របស់​អ្នក​ប្រែ​មកជា​ស្រស់ស្រាយ​ជាង​មុន​ជាមិនខាន។ ងាយ​បំផុត​គ្រាន់តែ​យក​ប្រទាល​កន្ទុយក្រពើស្រស់ៗកាត់​វា​ជា​កំណាត់ រូ​ច​យក​វា​មក​លាប​លើ​បបូរមាត់​របស់​អ្នក​ឱ្យបាន​ញឹកញាប់​ជាការ​ស្រេច។

    • បើ​អ្នក​មិន​ចូលចិត្ត​ប្រទាល​ប្រភេទ​នេះទេសូមក្រ​ឡេ​កមើល​វិធី​មួយទៀត​ដែល​អាចឱ្យ​អ្នកអនុវត្ត​បាន​នោះ​គឺ ការ​លាយ​ចូលគ្នា​នៃ​ម្សៅ​ទឹកដោះគោ ទឹកក្រូច​ឆ្មារ ទឹកឃ្មុំ និង​ប្រេង​អាល់​ម៉ុ​ន (ប្រើ​ក្នុង​បរិមាណ​ស្មើគ្នា) មក​បំពោក​លើ​បបូរមាត់។ ទុក​វា​ចោល​បែបនេះ ឱ្យបាន​យូរ​តាម​ដែល​អ្នក​អាច​ធ្វើបាន ហើយ​ធ្វើ​វា​ឱ្យបាន​ពីរដង​ក្នុង​មួយថ្ងៃ។

    • កាន់តែ​ពិសេស និង​ងាយស្រួល​ជាងនេះទៀត​ដែល​អ្នក​មិនទាន់​ដឹង​នោះ​គឺ​ ទឹក​ដំឡូងបារាំង​ឆៅ ក៏មាន​សមត្ថ​ភាព​ក្នុងការ​ព្យាបាល​បបូរមាត់​ដែលមាន​ពណ៌​ខ្មៅ​បានដែរ។

    • ចំណែកឯ​សកម្មភាព​មួយចំនួនទៀត​ដែល​អាច​ចាត់ទុកថា ជាការ​ជួយ​ឱ្យ​បបូរមាត់​មានសភាព​ល្អ​ស្អាត​ដែរនោះ រួមមាន​ដូចជា ការសម្អាតបបូរមាត់​អ្នកជា​រៀងរាល់​យប់​ឱ្យបាន​ស្អាត​ជាមួយ​ទឹក​ត្រជាក់​មុនពេល​ចូល​គេង ដើម្បី​កម្ចាត់​ភាពកខ្វក់​ទាំងឡាយ មើម​ឆៃថាវ ម្សៅ​រមៀត​ជាមួយ​ម្សៅ​ទឹកដោះគោ ដាក់​ស្ករស​បន្តិច​លើ​ក្រូចឆ្មារ​មួយ​ចំណិត ហើយ​ត្រដុសថ្នមៗលើ​បបូរមាត់ សុទ្ធតែជា​គន្លឹះ​នៃ​ការព្យាបាល​បបូរមាត់​ដែលមាន​បញ្ហា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព៕

  • ដឹងទេថា តម្រេក​តណ្ហា​ស្ត្រី​កើតចេញពី​ណា?

    ដឹងទេថា តម្រេក​តណ្ហា​ស្ត្រី​កើតចេញពី​ណា?

    ជាទូទៅ​គេ​តែង​ច្រើន​និយាយថា​ចំណុច G គឺជា​កន្លែង​សំខាន់បំផុត​នៅក្នុង​ប្រតិបត្តិការ​សិច ឬ​តណ្ហា​ផ្លូវភេទ​សម្រាប់នារីៗ ដែល​មនុស្ស​តែង​នាំគ្នា​ហោះ​ថា ឆ្តេញ (Clitoris)។ ប៉ុន្តែ​តើ “របស់” នោះ​នៅឯណា? ហេតុអ្វី​បានជា​អ្នកស្រាវជ្រាវ​ឱ្យ​តម្លៃ​ខ្ពស់​មេ្ល៉ះ ខណៈពេលដែល​មនុស្ស​ភា​គ​ច្រើន​មិនបាន​យល់ដឹង​ច្បាស់​ពី​វា​ផង​នោះ? តាមពិត​ចំណុច G ឬ “ឆ្ដេញ” នេះ វា​ស្ថិតនៅក្រោម​ឆ្អឹងថ្ងាស់​នៃ​ប្រដាប់ភេទ ប៉ុន្តែ​បើ​សម្លឹងមើល​ពី​ក្រៅ​វា​ដូចជា​ឡេវអាវ​មួយ​រាង​ពើត​ឡើង​បន្តិច។​ នៅក្នុង​នោះ​មាន​ផ្ទុក​នូវ​ចុង​សរសៃប្រសាទ​ដ៏​ច្រើន​ដែល​អាច​ឡើង​រឹង​ហើយ​តម្លើង​ទំហំ​ផ្ទៃ​ដល់​ទៅ​ទ្វេដង។

    តាម​ការពិសោធន៍ ឆ្តេញ (Clitoris) ថ្វីបើ​វា​តូច ហើយ​កប់​ចូលក្នុង​ជ្រៅ​ក៏ដោយ តែ​វា​ត្រូវបានធ្វើ​ការស្រាវជ្រាវ​វិភាគ​យ៉ាងច្រើន​ពី​សមត្ថភាព​ដែល​នាំមក​នូវ​តម្រេក​តណ្ហា​កំពូល​របស់នារី។ លោក​វេជ្ជបណ្ឌិត​ និង​ជា​អ្នក​តណ្ហា​វិទ្យា​សញ្ជាតិ​បារាំង Gerard Leleu បាន​សរសេរ​សៀវភៅ​ដ៏ល្បីៗជាច្រើន​ពី​តណ្ហា​វិទ្យា​រហូតដល់​ថ្នាក់​គេ​ហៅ​គាត់​ថា​ជា​អ្នកនាំពាក្យ​របស់​ក្តី​ទន្ទឹងរង់ចាំ​របស់​ស្ត្រី​ទាំងឡាយ​ ខណៈដែល​លោក​បាន​ចំណាយ​ពេលវេលា​សិក្សា​យ៉ាង​ល្អិតល្អន់​អំពី​ឆ្តេញ។ នៅក្នុង​និក្ខេបបទ​ស្រាវជ្រាវ​នោះ​លោក​បាន​សន្និដ្ឋានថា​ឆ្តេញ គឺជា​ផ្នែក​ដ៏​អស្ចារ្យ​មួយដែល​មិន​ត្រឹមតែ​នាំមក​នូវ​អារម្មណ៍​ត្រេកត្រអាល​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ស្រោចស្រព​ទៅលើ ផ្លូវ​ភេទស្ត្រី​ឱ្យ​មាំមួន​ទៀតផង។ ដូច្នេះ លោក​មិន​ស្តីបន្ទោស​ទៅលើ​ការ “ស្វ័យ​សម្រេច​កាម” របស់នារីៗទេ​ថែមទាំង​ចាត់ទុកថា​នេះ​ជា​ទង្វើ​ស្វែងយល់​ពី​ខ្លួនឯង​រាវរក​ឃើញ​នូវ​ចំណុច​ត្រេកត្រអាល​ដែល​ត្រូវបាន​លាក់កំបាំង។ ជាក់ស្តែងមានកំណត់​ត្រា​ថា​មាន​ស្ត្រី​ប្រមាណ 95% អាច​ឡើងដល់ “កំពូល” ក្នុង​រង្វង់​តែ​ប៉ុន្មាន​នាទី​ក្រោយពី​ត្រូវបាន​រំញោច​ដោយ​ខ្លួនឯង។ នេះឯង​ក៏​ជា​សមាមាត្រ​ក្នុងការ​រួមភេទ​ជាមួយ​ដៃគូ​ប្រសិនបើ​ដៃគូ​អនុវត្តបាន​នូវ​ការ “បើកឆាក” ត្រឹមត្រូវ​តាម​បទដ្ឋាន “រំញោច” នោះ។ ប្រការ​គួរឱ្យ​សោកស្តាយ​គឺ​បុរស​ដើមទ្រូង5ហត្ថ​ជាច្រើន​មិនអាច​យល់​នូវ​កាតព្វកិច្ច​សំខាន់​មួយ​នេះ។

    បើតាម​លោក​វេជ្ជបណ្ឌិត Gerard Leleu បានឱ្យដឹង​ទៀតថា​ស្ត្រី​គ្រប់រូប​សុទ្ធសឹង​មាន “ពហុ​កំពូល” ពី​ទីតាំង​បញ្ចេញ​នូវ​អារម្មណ៍​ត្រេកត្រអាល។ ស្ត្រី​ពុំ​ត្រឹម​តែមាន​អារម្មណ៍​ត្រេកត្រអាល​នៅត្រង់ចំណុច​ឆ្តេញ (Clitoris) ប៉ុណ្ណោះ​ទេ​តែវា​នៅ​រួមទាំង​ទ្វារមាស​ផងដែរ។ ទំនាក់ទំនង​រវាង​ចំណុច​ត្រេកត្រអាល​ទាំង2នេះ​មាន​ភាព​ស្អិតរ​មួ​ត​ណាស់។ ប្រសិនបើ​ឆ្តេញ​ដើរតួនាទី​ដាស់ ​“ទេពអប្សរ​ក្នុងព្រៃ​ឱ្យ​ភ្ញាក់” នោះ​ទ្វារមាស​គឺជា​ដំណើរ​ឈានទៅ​កាន់​តម្រេក​កំពូល។ ប្រសិនបើ​អ្នក​ចង់​ទទួលបាន​ផល​ត្រេកត្រអាល​ទាំង2នេះ​វា​តម្រូវឱ្យមាន​ការចែក​រំលែក​ និង​ស្វែងយល់​ពីគ្នា។ ការសិក្សា​ស្រាវជ្រាវ​របស់​បណ្ឌិត Leleu គឺជា​សារ​មួយ​ផ្ញើ​ដល់​គូស្នេហ៍​ទាំងឡាយ​ថា​ការ​នៅ​ស្ងៀម ឬ​អៀនខ្មាស គឺជា​ទង្វើ​ខុសឆ្គង ហើយ​វា​ក៏​ជាការ​ក្រវាត់ចោល​ដោយ​ខ្លួនឯង​នូវ​សិទ្ធិ​ទទួលបាន​សុភមង្គល​ក្នុង​តម្រេក​តណ្ហា​នៃ​អាពាហ៍ពិពាហ៍៕

  • ពិនិត្យ​សុខភាព​ទៅ​មើល! តើ​អ្នក​គួរ​ទទួលទានវីតាមីន​បន្ថែមឬទេ?

    ពិនិត្យ​សុខភាព​ទៅ​មើល! តើ​អ្នក​គួរ​ទទួលទានវីតាមីន​បន្ថែមឬទេ?

    នៅពេល​អាយុ​កើន​ច្រើនឡើង ការមើល​ថែទាំ​សុខភាព​ក៏ត្រូវ​តែ​កើន​ច្រើន​ឡើងទៅ​ដែរ។ មនុស្ស​ជាច្រើន​អាចមាន​អារម្មណ៍​ថា យើង​មិនបាន​រឹងមាំ ក្លៀវក្លា​ស្វាហាប់​ដូច​កាលពី​សម័យ​រៀន ឬ​ដូច​អំឡុងពេល​នៅ​ស្ទាវ​ឡើយ។ ធ្វើការ​បាន​មួយរយៈ ក៏​ចាប់ផ្ដើម​មាន​រោគាព្យាធិ​ជំងឺ​ដ​ង្កា​ត់​សួរ​រកមុខ​បែប​មិន​ធ្លាប់មាន​ពីមុនមក​ឡើយ មិនថាតែ​ឈឺក្បាល វិលមុខ ចុកពោះ ក្រួសតម្រងនោម ឈឺ​ខ្នង​ចុក​ស្មា រោគ​ក្រពះ​អាហារ រហូត​ទៅដល់​ខ្លាញ់​រុំ​ថ្លើម ឬ​កើត​ដុំ​គី​សជាដើម។

    ក្រៅពី​រោគាព្យាធិ​ជំងឺ​ដ​ង្កា​ត់​ហើយ បញ្ហា​ដែល​ចេញមក​ព្រម​ជាមួយនឹង​វ័យ​ក៏មានដែរ ដូចជា ជ្រុះ​សក់ ស្លាកស្នាម​ជ្រីវជ្រួញ សម្បុរស្បែក​ខ្មៅ​ស្រអាប់ ភ្នែក​មើល​លែង​សូវ​ឃើញ ឬ​មាន​ភាព​ធុញថប់​តានតឹង​ក្នុង​អារម្មណ៍​ប្រមូល​សន្សំ​រហូត​គេង​មិន​លក់​ក៏​ចាប់ផ្ដើម​កើតឡើង​ដែរ ទើបត្រូវ​ពឹង​លើ​វីតាមីន​បន្ថែម តែ​មុននឹង​ទិញ​វីតាមីន​បន្ថែម​មក​ទទួលទាន អ្នក​គួរពិនិត្យមើល​ជាមុនសិន​ថា តើ​អ្នកមាន​បញ្ហា​ទាំងនោះ​ឬទេ? បើ​មាន ត្រូវ​ទទួលទាន​វីតាមីន​មួយណា? ដូចជា ៖

    សម្បុរស្បែក​ក្រៀមក្រោះ មាន​ស្លាកស្នាម លែង​តឹង​ណែន​រលោង
    វីតាមីន​បន្ថែម​ដែល​ចង់​ណែ​នាំឱ្យ​ទទួលទាន: វីតាមីន​ C ខូ​ឡា​ជេន វីតាមីន ​A អូ​មេ​ហ្កា3 និង​សារ​ធាតុដែក។

    ជ្រុះ​សក់ ក្រចកដៃ-ជើង​ស្រួយ ងាយ​ប្រេះ​រហែក
    វីតាមីន​បន្ថែម​ដែល​ចង់​ណែ​នាំឱ្យ​ទទួលទាន: វីតាមីន B2 និង​ជាតិ​ស័ង្កសី(Zinc)។

    មិន​ស្រួលខ្លួន កើត​ជំងឺ​គ្រុនផ្ដាសាយ​ញឹកញាប់
    វីតាមីន​បន្ថែម​ដែល​ចង់​ណែ​នាំឱ្យ​ទទួលទាន: វីតាមីន​ C វីតាមីន B និង​សារ​ធាតុដែក។

    សម្រាក​មិនបាន​គ្រប់គ្រាន់ ប្រើ​ខួរក្បាល​ច្រើន
    វីតាមីន​បន្ថែម​ដែល​ចង់​ណែ​នាំឱ្យ​ទទួលទាន: វីតាមីន B រួម និង​អូ​មេ​ហ្កា3។

    ឆ្អឹង និង​សន្លាក់​តាម​រាងកាយ​ចាប់ផ្ដើម​ឈឺ​ចុក​រួយ
    វីតាមីន​បន្ថែម​ដែល​ចង់​ណែ​នាំឱ្យ​ទទួលទាន: វីតាមីន ​D K កាលស្យូម និង​ផូស្វ័រ។

    ភ្នែក​ចាប់ផ្ដើម​ឈឺ​ចុក​រួយ និង​ស្រវាំង​មើល​លែង​ច្បាស់
    វីតាមីន​បន្ថែម​ដែល​ចង់​ណែ​នាំឱ្យ​ទទួលទាន: វីតាមីន​ A និង​វី​តា​មិន B2។

    ភាព​តានតឹង​ក្នុង​អារម្មណ៍​ចាប់ផ្ដើម​មាន​ច្រើនឡើង
    វីតាមីន​បន្ថែម​ដែល​ចង់​ណែ​នាំឱ្យ​ទទួលទាន: វីតាមីន B រួម វី​តា​មិន ​C និង​ម៉ាញេស្យូម។

    តើ​អ្នកចាំបាច់​ត្រូវ​ទទួលទាន​វីតាមីន​បន្ថែម​ឬទេ?
    ជា​សំណួរ​មួយ​ដ៏​ល្បីល្បាញ​ដែល​មនុស្ស​ជាច្រើន​តែងតែ​លួច​គិត… វីតាមីន​មួយ​កំប៉ុង​តម្លៃ​មិនមែន​តិចតួច​ឡើយ តើ​អ្នក​ចាំបាច់​ត្រូវតែ​ទទួលទាន​វីតាមីន​បន្ថែម​មែនឬ​យ៉ាងណា? ចម្លើយ​ក៏​គឺ មិនចាំបាច់​ទេ… វីតាមីន​បន្ថែម​គ្រាន់តែ​ជា​វត្ថុ​ជំនួយ​សម្រាប់​អ្នក​ដែល​ដឹង​ច្បាស់​ថាខ្លួនឯង​មាន​ភាព​ប្រថុយប្រថាន​ក្នុងការ​បានទទួល​សារធាតុ​អាហារ​មិន​គ្រប់គ្រាន់ ឬ​មិនសូវមាន​ពេលវេលា​មើលថែទាំ​ខ្លួនឯង​ច្រើន​ប៉ុន្មាន​ប៉ុណ្ណោះ។ អាច​ហៅ​បាន​ថា​ជា​វត្ថុ​ជំនួយ​របស់​អ្នកទីក្រុង​ដែល​ត្រូវ​ធ្វើការ​ច្រើន រហូត​មិនអាច​រៀបចំ​ចាត់ចែង​ម្ហូបអាហារ ​ពេលវេលា​ហាត់ប្រាណ​សម្រាប់់​ខ្លួនឯង​ឱ្យបាន​តាម​តម្រូវការ។

    តែ​នឹង​ជាការ​ល្អប្រសើរ​ខ្លាំងណាស់ បើ​អ្នក​អាច​ទទួលបាន​វីតាមីន​ទាំងអស់​តាមរយៈ​ការទទួល​ទាន​អាហារ​ដែល​ចម្អិនស្រស់ថ្មីៗ និង​មានគុណ​តម្លៃ​ខាង​សារធាតុ​អាហារ​គ្រប់​ទាំង5ប្រភេទ​ក្រុម ហាត់ប្រាណ​យ៉ាង​ជាប់លាប់ សម្រាក​យ៉ាង​គ្រប់គ្រាន់ និង​រក​ពេលវេលា​បន្ធូរបន្ថយ​អារម្មណ៍​ដោយ​កិច្ចការងារ​ណា​ដែល​ខ្លួន​ចូលចិត្ត។ តែ​ប៉ុន​ហ្នឹង​អ្នក​ក៏​មិនចាំបាច់​អស់​លុយ​ទៅ​ទិញ​វីតាមីន​តម្លៃថ្លៃៗមក​ទទួលទាន​បាន​ទៅហើយ។

    តែបើ​សិន​កើតមាន​អាការ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​វិញ​នោះ វីតាមីន​បន្ថែម​ក៏​អាចជា​ជម្រើស​មួយ​ដែល​នឹង​ជួយ​ជីវិត​អ្នក​បាន​ដូចគ្នា​ដែរ ដូច្នេះ​អ្នក​ត្រូវ​ពិនិត្យមើល​ខ្លួនឯង​ថា តើ​រូប​អ្នកមាន​ភាពចាំបាច់​ក្នុងការ​ត្រូវ​ទទួលទាន​វីតាមីន​បន្ថែម​ច្រើន ឬ​តិច​ប៉ុនណា?

    ចំណុច​មិនល្អ​នៃ​ការ​ទទួលទាន​វីតាមីន​បន្ថែម
    បើ​អ្នក​ទទួលទាន​វីតាមីន​បន្ថែមជាប់ៗគ្នា​ក្នុង​រយៈពេល​យូរ​ខ្លាំងពេក អាច​នឹង​ធ្វើឱ្យ​រាងកាយ​បានទទួល​វីតាមីន​នោះ​ច្រើន​លើស​តម្រូវការ។ ថ្លើម និង​ក្រលៀន​ត្រូវ​ធ្វើការ​យ៉ាងខ្លាំង​ ដើម្បី​ចម្រាញ់​សារធាតុ​អាហារ​ដែល​ត្រូវ​ប្រើប្រាស់ និង​ត្រូវ​បញ្ចេញ​ចោល​នូវ​អ្វីដែល​លើស​តម្រូវការ ហើយ​ការទទួលបាន​វីតាមីន​បន្ថែម​ច្រើន​ជ្រុល​ពេក នៅ​អាចធ្វើឱ្យ​កើតរោគ​ថែម​ឡើង​បាន​ដូចគ្នាដូចជា បើ​ទទួលទាន​កាល់ស្យូម​ច្រើន​ជ្រុល​ពេក អាច​ប្រថុយ​នឹង​រោគ​ក្រួស​ក្នុង​ក្រលៀន ឬ​ឈាម​ហូរ​មិន​ឈប់ ឬ​ឈាម​ពិបាក​ក្នុង​ការឈប់​ហូរ បើ​ទទួលទាន​ខ្លាញ់​ថ្លើម​ត្រី​ច្រើន​ជ្រុល​ពេកជាដើម។

    ដូច្នេះ មុន​ទទួលទាន​វីតាមីន​បន្ថែម គួរ​សិក្សា​ពី​វិធី និង​បរិមាណ​ដែល​គួរ​ទទួលទាន ព្រមទាំង​ចងចាំ​ចំណុច​គួរ​ប្រយ័ត្ន​ឱ្យបាន​ច្បាស់​ផង ដើម្បីឱ្យ​បានទទួល​មក​តែ​ប្រយោជន៍​របស់​វីតាមីន​បន្ថែម​ដូចដែល​ចិត្ត​អ្នក​ចង់បាន៕

  • ទម្លាប់​ទាំង10 ដែល​អ្នក​មិនគួរ​ធ្វេសប្រហែសក្នុងការថែរក្សា​ស្បែ​កមុខ

    ទម្លាប់​ទាំង10 ដែល​អ្នក​មិនគួរ​ធ្វេសប្រហែសក្នុងការថែរក្សា​ស្បែ​កមុខ

    មនុស្ស​យើង​កើតមក​មាន​ស្បែក​មុខតែ​មួយដូច្នេះ​ការថែរក្សា​ស្បែក​មុខជា​រឿង​ចាំបាច់​បំផុតដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់ ព្រោះថា បើ​ស្បែ​កមុខ​មានការ​ខូចខាត​ហើយ​នោះ អ្នក​ត្រូវ​ចំណាយរយៈពេល​យូរណាស់ ទើប​ធ្វើការ​ព្យាបាល​ឱ្យ​វា​មាន​សភាព​ស្រស់ស្អាត​វិញ​បាន។ យ៉ាងណាមិញ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ណែនាំ​គន្លឹះងាយៗ ដែល​អ្នកជំនាញ​បាន​ណែនាំ​ទុកជា​ទុន​ក្នុងការ​ថែរក្សា​ស្បែក​មុខ​ប្រចាំថ្ងៃ។

    1. គ្រឿងសម្អាង
    នៅពេលមុនចូលគេង ចាំបាច់​ត្រូវ​សម្អាតគ្រឿងសម្អាងចេញពីផ្ទៃមុខឱ្យបាន​ហ្មត់ចត់ព្រោះ​ស្បែករបស់​អ្នក​ក៏ត្រូវ​ការដកដង្ហើមដែរហើយ​គ្រឿងសម្អាង គឺជា​បញ្ហា​ដ៏​ធំ​ដែល​រាំងស្ទះ​រន្ធ​ញើស មិនអាចឱ្យស្បែកមុខដកដង្ហើម​បាន និង​ជា​ហេតុ​បង្កឱ្យ​កើតមុន​ទៀតផង។ មិនត្រូវមើលរំលង​ការ​ខាត់​ស្បែ​កមុខ1ដង​ ឬ​2ដង​ក្នុងមួយសប្តាហ៍​នោះទេ ពីព្រោះនេះ​ជា​វិ​ធី​កម្ចាត់​ចោល​នូវ​កោសិកាចាស់ៗ ជួយឱ្យ​ស្បែកមុខភ្លឺរលោង និងស្រស់​ថ្លា។

    2. ពេលនៅក្រោម​ពន្លឺ​ថ្ងៃ និង​របៀបថែរក្សាស្បែ​កមុខ
    កុំ​ភ្លេច​ប្រើ​ឡេ​បម្រុង​ស្បែ​កមុខ ដើម្បី​ការពារ​ពន្លឺ​ថ្ងៃ យ៉ាងហោចណាស់ក៏ត្រូវប្រើ​ក្រែ​ម​ដែលមាន SPF50+ ដែរ ទើប​អាច​ការពារ​ស្បែករបស់អ្នកពីកាំរស្មី​យូ​វី​បាន (UVA និង UVB)។ ការ​ប៉ះ​ត្រូវ​កម្ដៅថ្ងៃ​ខ្លាំង ធ្វើឱ្យ​ស្បែកងាយ​នឹងឡើង​ជ្រីវជ្រួញ ឡើង​ស្នាម​អុចខ្មៅ និង​បញ្ហា​ស្បែកជា​ច្រើន​ទៀត។ អ្នកមិនគួរ​ខកខានក្នុងការ​ប្រើផលិតផល​ការពារ​ពន្លឺ​ថ្ងៃនោះទេ ទោះជា​អាកាសធាតុ​ក្តៅ ឬ​ត្រជាក់​ក៏ដោយ ហើយ​បើ​ត្រូវ​ប៉ះនឹងពន្លឺ​ថ្ងៃ​ខ្លាំង ដូចជា ​ទៅលេង​សមុទ្រ​វិញនោះ អ្នកគួរ​ជ្រើសរើសប្រើក្រែ​មលាបមុខ ដែលមាន​ SPF 30+ យ៉ាងតិច ទើបអាចការពារស្បែកមុខរបស់អ្នកពីកម្តៅថ្ងៃបានល្អ។

    3. ទទួល​ទាន​ចំណីអាហារល្អចំពោះស្បែកមុខ
    ប្រយ័ត្ន​ចំពោះ​ការហូបចុក ហើយ​កុំ​ភ្លេច​ទទួលទាន​អាហារស្រស់ៗឱ្យ​បាន​ច្រើន ដូចជា​បន្លែ ផ្លែឈើ និង​អាហារ​សម្បូរដោយ​ជីវជាតិ​ចិញ្ចឹម។ អាហារ​ជំនួយ​ស្បែកឱ្យ​ភ្លឺ​ថ្លាមានដូចជា​ វីតាមីន C ​អាហារ​មាន​ជាតិ​ខ្លាញ់ទាប និងមាន​ជាតិស្ករ​ទាប។ អ្នកមិនគួរទទួលទាន​អាហារ​ហឹរ អាហារផ្អាប់ អាហារប្រឡាក់ អាហារកំប៉ុង ឬ​អាហារបំពង​ច្រើនពេកនោះទេ ព្រោះអាហារទាំងនេះមិនល្អ​ចំពោះ​សុខភាពស្បែកឡើយ។

    4. បង្កើតទម្លាប់​ហាត់ប្រាណឱ្យទៀងទាត់
    ហាត់ប្រាណឱ្យ​បាន​ទៀងទាត់ ទោះ​តិច ​ឬ​ច្រើន ធ្ងន់​ ឬ​ស្រាល​ក្តី ដើម្បី​ជំរុញ​ដល់​ចរន្តឈាម និង​បង្កើនល្បឿន​នៃ​ការសម្អាត​ជាតិពុលចេញពី​រាងកាយ។ អ្នកមិនចាំបាច់​ប្រើ​ផលិតផល​លាប​លើ​ស្បែកមុខមុន ឬក្រោយពេល​ហាត់ប្រាណនោះទេ តែបន្ទាប់​ពី​ងូតទឹកសម្អាតខ្លួនរួច អ្នក​គួរ​លាប​ថូ​នឺ​រ ដើម្បី​កាត់បន្ថយ​ជាតិ​ខ្លាញ់ និង​ខាត់​ស្បែ​កមុខ រួច​សឹម​លាប​ឡេ​ផ្តល់​សំណើមតាម​ក្រោយ​។

    5. គេងឱ្យបាន​គ្រប់គ្រាន់
    គេង​ឱ្យ​បាន​យ៉ាងតិច8ម៉ោងក្នុង​មួយថ្ងៃ​ ពុំ​នោះទេអ្នកមិនបាច់​ឆ្ងល់ទេថា តើ​រង្វង់​ភ្នែក​ឡើងពណ៌​ខ្មៅ ហើយភ្នែកឡើងស្លក់​ដោយ​​របៀប​ណានោះ​ទេ! សូម​រំឭក​ម្តង​ទៀតថា កុំ​ភ្លេច​លាងមុខ​មុនពេល​ចូល​គេងឱ្យ​សោះ ​ហើយសម្រាប់អ្នកដែលមាន​ស្បែក​ស្ងួត អ្នកគួរ​លាប​ឡេ​ផ្តល់​សំណើម​ដល់ស្បែកមុខរបស់អ្នកបន្តិច​មុន​នឹងចូល​គេង។

    6. ទទួល​ទាន​ទឹកឱ្យគ្រប់គ្រាន់
    រក្សា​សំណើមឱ្យស្បែក ដោយ​ការទទួលទានទឹកឱ្យបាន​គ្រប់គ្រាន់ គឺត្រូវទទួលទានទឹកយ៉ាងតិច8កែវក្នុង​មួយថ្ងៃ។ បន្ថែម​ពីនេះ អ្នក​គួរ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ស្រស់​ដែល​សម្បូរដោយ​ជាតិ​ទឹក​ផងដែរ។ កុំ​ភ្លេច​លុបមុខ​ដោយ​ទឹក​ផ្កាកូលាប ដើម្បី​ជួយ​កាត់បន្ថយ​អាការ​ហើម​ភ្នែកនិង​រក្សា​តុល្យភាព PH ព្រមទាំង​ផ្តល់​នូវសំណើមដល់​ស្បែ​កមុខ​ថែមទៀតផង។

    7. កម្ចាត់​មុននៅលើផ្ទៃមុខ
    លុបមុខ​នឹង​ទឹក​ក្តៅឧណ្ហៗ មួយថ្ងៃ3ដង ដោយ​ម៉ាស្សាថ្នមៗជា​រង្វង់ និង​ប្រើ​ហ្វូ​ម​ដែលមាន​ជាតិអាល់​ហ្វា​អីុដ​ស្រុីល​អាស៊ីដ។ បន្ទាប់ពីលាងមុខរួច អ្នកគួរ​ទះ​ម៉ាស្សាមុខថ្នមៗឱ្យ​ស្ងួត​ជំនួសឱ្យ​ការ​ជូត​នឹង​កន្សែង ហើយ​ត្រូវ​លាប​ឡេ ដែលមាន​ជាតិ​បង់​ហ្សូ​ល​ភឺ​រ៉ុ​ក​ស៊ីដ។ មិនត្រូវ​ញេច​មុននោះទេ ព្រោះ​វា​អាចធ្វើឱ្យ​ស្បែកមុខឡើង​ហើម ក្រហម និង​បន្សល់ទុក​ស្នាម​នៅលើ​ផ្ទៃមុខរបស់អ្នក។ សម្រាប់​អ្នក​ពាក់​វ៉ែនតា គួរ​ប្រាកដថា វ៉ែនតា​របស់អ្នកស្អាត ដើម្បី​ការពារ​កុំ​ឱ្យ​ខ្លាញ់​ជាប់​នឹង​រន្ធ​ញើសត្រង់​បរិវេណ​ជុំវិញ​ភ្នែក និង​ច្រមុះ។

    8. ខាត់​ស្បែក
    ប្រើ​គ្រឿង​ផ្សំបែប​ធម្មជាតិ ដូចជា ​រមៀត ពន្លៃ ទឹកដោះគោ ឬ​ក្រូចស្រស់ ដែលជា​រូបមន្ត​តាំងពី​បុរាណ​មក។ កុំ​មើលរំលង​វិធី​ធម្មជាតិ​ទាំងនេះឱ្យសោះ ពីព្រោះ​វា​មាន​ប្រសិទ្ធ​ភាពមិន​ចាញ់ផលិតផល​គីមីនោះ​ទេ ហើយ​ថែមទាំង​ជួយឱ្យ​ស្បែករបស់អ្នកអាច​ដកដង្ហើម​បាន​ស្រួល​កាត់បន្ថយ​ស្ត្រេ​ស និង​សម្រួល​អារម្មណ៍របស់អ្នកបានល្អទៀតផង។

    9. ស្ប៉ា
    ទម្លាប់​ស្ប៉ា​ជាប្រចាំ ជាពិសេស​អ្នកដែលមាន​ស្បែក​ស្ងួត គួរប្រើ​ម៉ា​សមុខ​ផងទើបល្អ ហើយ​កុំ​ភ្លេច​លាងមុខនឹង​ទឹក​ក្តៅ​ឧណ្ហៗ​មុននឹង​ចូល​គេង។ សូមកុំមើលរំលង​ការ​ម៉ាស្សា​ស្បែកមុខ ដោយ​ប្រើ​ប្រេង​ធម្មជាតិឱ្យសោះ ព្រោះនេះ​ជា​វិធី​មួយជួយផ្តល់​សារធាតុ​ចិញ្ចឹមដល់​ស្បែ​កមុខយ៉ាងល្អ ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា រលោង និងមិន​ងាយ​ចាស់មុនអាយុទៀតផង។

    10. កែ​ទម្លាប់​ខ្ជិលច្រអូសចេញ ហើយតាំង​ចិត្តជាថ្មី ដើម្បីភាពស្រស់ស្អាត
    ចំណាយ​ពេលវេលា​សម្រាប់​ថែរក្សាសម្រស់របស់អ្នកឱ្យបានទៀងទាត់ លៃ​យ៉ាងណា​កុំឱ្យ​បញ្ហា​ស្ត្រេ​សមក​ដណ្តើមយក​សម្រស់​របស់​អ្នក​ឱ្យ​សោះ​ ដូច្នេះអ្នកគួរ​ឆ្លៀត​ចូលរួម​សកម្មភាពដើម្បី​សុខភាព ដូចជា ​ ហាត់ប្រាណ ហាត់យូ​ហ្គា ធ្វើលំ​ហាត់​ដង្ហើម ឬ​ធ្វើសមាធិជាដើម។ មិនគួរ​មើលរំលង​បរិវេណ​ជុំវិញ​ថ្គាម និង​សាច់ដុំ​មុខរបស់អ្នកនោះទេ អ្នកគួរ​ហាត់ប្រាណ​ផ្ទៃមុខ​ប្រមាណ​ជា​2ទៅ3នាទីក្នុង​មួយថ្ងៃ ​នោះ​អ្នក​នឹងមាន​ស្បែ​កមុខស្រស់ស្អាត សាច់​ចាំ​ដូចក្រមុំ-កំលោះវ័យ18ឆ្នាំជាមិនខាន៕

  • ប្រភេទ​ជំងឺ​ដែល​ឆ្លង​ពី​សាលារៀន និង​វិធី​ការពារ

    ប្រភេទ​ជំងឺ​ដែល​ឆ្លង​ពី​សាលារៀន និង​វិធី​ការពារ

    បន្ទាប់ពី​វិស្សមកាល​រួចហើយ ក្មេងៗក៏ត្រូវ​ត្រឡប់មក​សាលារៀន​ជាថ្មី​ម្ដងទៀត តែ​នៅពេល​ខ្លះ ពួកគេ​ទៅ​រៀន​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ពេល​ពួកគេ​ត្រឡប់មកផ្ទះ​វិញ​ក៏មាន​ហៀរ​សំបោរ ក្អក និង​មាន​ជំងឺឆ្លង​ជាប់​មក​តាម​ខ្លួន​បាត់ទៅហើយ។ គេ​បាន​រកឃើញថា នៅក្នុង​សាលារៀន​អាច​នឹង​កើតមាន​ជំងឺឆ្លង​ជាច្រើន និង​តាម​មូលហេតុ​ដូចខាងក្រោម​នេះ ៖

    ជំងឺឆ្លង​នៅលើ​ស្បែក
    ជំងឺ​អុតស្វាយ ៖ តែងតែ​ជួបប្រទះ​ជា​ញឹកញាប់​ចំពោះ​ក្មេង​អាយុ2-8ឆ្នាំ ក្មេង​មាន​កម្ដៅ​ខ្លួន​ក្ដៅតិចៗ មាន​ឡើង​ក្រា​កន្ទួល​ក្រហម ក្រោយមកទៀត វា​នឹង​ក្លាយជា​ពងបែក មាន​ទឹករងៃ និង​ខ្ទុះរួច​វា​ក៏​ក្លាយជា​ដំបៅ​ដែលមាន​ភាព​ស្រដៀងទៅនឹង​បូស ហើយ​ក្រៀម​ស្នាម​ពាសពេញស្បែក។

    ជំងឺ​ពងបែក​មាត់ ដៃ និង​ជើង ៖ ភាគច្រើន​តែង​ជួបប្រទះ​ជំងឺ​នេះ​កើត​លើ​ក្មេង​អាយុ5ឆ្នាំ ដែលមាន​អាការ​គ្រុនក្ដៅ ក្អក ហៀរ​សំបោរ មាន​ឡើង​ពង​កន្ទួល​លើ​បាតដៃ ហើយ​មានកន្ទួលក្រហមៗមាន​ពងបែក​ទឹក នៅលើ​បរិវេណ​ដៃ ជើង និង​មាត់ រហូតដល់​មាន​ពងបែក​នៅលើ​អណ្ដាត​ថែម​ទៀតផង។

    ការឆ្លង​រោគ​តាមផ្លូវ​រំលាយ​អាហារ
    ជំងឺ​រាករូស ៖ គឺ​បណ្តាលមកពី​ការបរិភោគ​អាហារ​មិន​ស្អាត ភេសជ្ជៈ​មិន​ស្អាត និង​បណ្ដាលមកពី​ការចាប់​កាន់​របស់​ដែលមានមេរោគយ៉ាង​ប្រឡាក់​ប្រឡូក ហើយ​ទទួលទាន​អាហារ​ដែលមាន​មេរោគ​នោះ​ចូលទៅក្នុង​ពោះ។ ក្មេង​ដែលមាន​អាការ​រាករូស​ខ្លាំង​ភាគច្រើន រាក​ក្នុង​មួយថ្ងៃ 2ដង​ឡើងទៅ (អាស្រ័យ​លើ​ភាព​ធន់ ឬ​ស្រាល​នៃ​អាការរោគ និង​បរិ​មាណនៃ​ការទទួលទានអាហារដែលមាន​មេរោគ) ហើយ​មាន​លា​មក​រ៉ាវ ឬ​លា​មក​ដូច​សំបោរ​ជាដើម។

    មេរោគ​រ៉ូ​តា ៖ វា​បណ្តាលមកពី​ការប៉ះពាល់​តុ​កៅអី​កខ្វក់ ជាពិសេស កម្រាល​អង្គុយ និងប្រដាប់លេងក្មេងៗដែល​កខ្វក់។ នៅពេលដែល​បាន​ឆ្លង​មេរោគ​នេះហើយ នឹងមាន​អាការ​ក្អួតចង្អោរ 2-3ថ្ងៃ​ដំបូង ហើយ​មាន​អាការ​រាក​ញឹកញាប់ អាច​នឹង​រាក​ប្រមាណ​ជា3-8ដង​ក្នុង​មួយថ្ងៃ ព្រមទាំង​មាន​អាការ​ក្ដៅខ្លួន និង​ក្អក​មិន​ឈប់​ផងដែរ។

    វីរុស​ណា​រ៉ូ ៖ វីរុស​នេះ​អាច​បណ្ដាលឱ្យមាន​អាការ​ចុក​ឆ្អល់ ចង់​ក្អួត ច្រាល​ក្រពះ ឈឺពោះ និង​មាន​អា​ការឈឺ​ចុកចាប់​ពេញ​ដងខ្លួន និង​មានកម្ដៅ​ខ្លួន​ក្ដៅតិច។ មេរោគ​នេះ​ងាយ​នឹង​ឆ្លង​ណាស់ បន្ទាប់ពី​ក្មេង​ធ្វើការ​ជូត​សំបោរ ទឹកមាត់ និង​កំហាកដែល​ជាប់​មក​តាម​ដៃ​ដែល​មិន​ស្អាត។ មេរោគ​នេះ​នឹង​ទៅ​តោង​ជាន់​នឹង​របស់​លេង និង​របស់ផ្សេងៗ ហើយនឹង​ឆ្លងទៅ​ក្មេងផ្សេងៗបាន​យ៉ាង​លឿន នៅពេល​ពួកគេ​បាន​ចាប់​កាន់ និង​ប៉ះ​របស់​លេង និង​របស់ផ្សេងៗ ដែលមាន​មេរោគ​ណា​រ៉ូ។

    ជំងឺ​ផ្លូវដង្ហើម
    ជំងឺ​នេះ​តែងតែ​ជួបប្រទះ​នៅក្នុង​ក្រុម​ក្មេងតូចៗ ហើយ​ជួប​ជា​ញឹកញាប់​គឺ :
    ជំងឺ​ផ្ដាសាយ និង​គ្រុន​ផ្ដាសាយធំ ៖ កើតចេញពី​ការ​សម្រាក​មិន​គ្រប់គ្រាន់ សីតុណ្ហភាព​នៅក្នុង​រាងកាយ​ធ្លាក់​កម្ដៅ វីរុស​ងាយ​ធ្វើការ​លុកលុយ ដែល​អាច​បណ្ដាលឱ្យ​ក្មេង​ងាយ​នឹង​រលាក​សួត​ផងដែរ។

    ជំងឺ​ដែល​ឆ្លង​នៅលើ​ភ្នែក
    ភ្នែក​ក្រហម ៖ អាច​ឆ្លង​បាន​តាមរយៈ​ការចាប់​កាន់ ឬ​ប្រើប្រាស់​របស់​រួមគ្នា ហើយ​ភាគច្រើនក្មេងៗ និង​មាន​អាការ​ភ្នែក​ឡើង​ក្រហម ហើម​ភ្នែក និង​មាន​ហូរ​ទឹកភ្នែក​ច្រើន​ជាដើម។

    វិធី​ការពារ និង​វិធី​មើលថែទាំកូនៗ
    ការចាក់​ថ្នាំ ឬ​វ៉ាក់សាំង​ការពារ វា​នឹង​ជួយ​ការពារ​ជំងឺ​មួយចំនួន​បាន ព្រមទាំង​ជួយ​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​របស់​អាការ​ជំងឺ និង​ជួយ​បន្ថយ​រយៈ​ពេល​ឈឺ​ស្កាត់​ថែមទៀត​ផង។ បន្ទាប់ពី​ចេញពី​សាលារៀន លោកអ្នក​គួរ​ណែនាំ​ឱ្យកូនៗសម្អាត​រាងកាយ ងូតទឹក​ឱ្យបាន​ស្អាត ឧស្សាហ៍​លាងដៃ​គ្រប់ពេលវេលា និង​ជាពិសេស​មុនពេល​ចាប់​កាន់​អាហារ​ញ៉ាំ ហើយ​ត្រូវឱ្យកូនៗសម្រាក​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ជួយ​ឱ្យ​កូន​មាន​សុខ​ភាពល្អនោះកូនៗរបស់លោក​អ្នកនឹង​មិន​ងាយ​ឈឺ​ថ្កាត់​នៅពេល​ទៅ​សាលារៀន​ឡើយ៕

  • វិធី​ការពារ​មិនឱ្យ​សក់​ឡើង​ស្កូវព្រោង​ព្រៀត

    វិធី​ការពារ​មិនឱ្យ​សក់​ឡើង​ស្កូវព្រោង​ព្រៀត

    ការកើតមាន​នូវ​សក់ស្កូវ​មុន​អាយុ​ស្ទើរតែ​បានក្លាយ​ជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​មនុស្ស​សម័យ​នេះ។ វា​ចាប់ផ្តើម​ពី​ចំនួន2-3សរសៃ រួច​បន្តទៅ​កើនឡើង​ជា​លំដាប់​រហូត​ក្លាយជា​ក្តីបារម្ភ​នៃ​សម្រស់ ជាពិសេស​ចំពោះ​បុរស​នារី​ដែល​ស្ថិតនៅក្នុង​វ័យ​ខ្ទង់​ទើបតែ​សាមសិប ដែល​មិនមែនជា​វ័យ​សមស្រប​ក្នុងការ​កើតមាន​សក់ស្កូវ​ទាល់តែសោះ។ មិន​ថា​យ៉ាងណាទេ គ្មាន​អ្នកណា​ប្រាថ្នា​ចង់ឃើញ​រូបរាង​ខ្លួនឯង​ក្នុង​រូប​បែប​ជា​ស្ត្រី ឬ​បុរស​ចំណាស់ ដោយសារតែ​សក់​ឡើង​ស្កូវព្រោង​ព្រៀត​នោះទេ ហើយ​បើ​នៅក្នុង​វ័យ​ដែល​មិន​សមគួរ​ទៀត​នោះ​គឺ​រឹតតែ​មិន​ចង់ដឹង​មិនចង់ឃើញទៀត​ទៅហើយ។ បែបនេះ​បណ្តោយ​មិន​បានទេ ត្រូវតែ​ចាត់ការ​ទើបបាន។

    សក់ស្កូវ​អាច​កើតមានឡើង​តាម​កត្តាផ្សេងៗមួយចំនួន​ដូចជា ដំណរ​ពូជ របៀបរបប​នៃ​ការរស់នៅ ការផ្លាស់ប្តូរ​របប​អាហារ​ដោយ​ទាន់ហន់ និង​ការ​ធុញថប់​ជាដើម។ វា​ក៏​អាច​កើតឡើង​បានដែរ ប្រសិនបើ​អ្នក​កើតមាន​ដោយសារ​ការប្រើ​ឱសថ​ព្យាបាល​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​ខ្វះ​ឈាមជំងឺ​ខ្វះ​ទី​រ៉ុ​ក​ស៊ីន (hypothyroidism) និង​ក្រិន​កោសិកា​ស្បែក​ជាដើម​ផងដែរ។ ហេតុផល​ចម្បង​មួយទៀត​ដែល​បណ្តាលឱ្យ​សក់ស្កូវ​គឺ ការបាត់បង់​នៃ​សារជាតិ​ពណ៌​ខ្មៅ​ដែលមាន​នៅក្នុង​ឫស​សក់។ ដូច្នេះ​ប្រសិនបើ​អ្នក​យល់ឃើញថា​មាន​ចំណុច​ណា​ដែល​អាច​កែប្រែបាន ដើម្បី​កាត់បន្ថយ និង​ការពារ​ការកើតមាន​ស​ក់​ស្កូវ​មុន​អាយុ​នោះ អ្នក​គួរតែ​ព្យាយាម​ធ្វើ និង​គេច​ឱ្យ​ផុត។ ក្រៅពីនេះ​អ្នក​ក៏​អាច​សាកល្បង​វិធី​មួយចំនួន​ដូចជា ទី1 យក​ស្លឹក​ក​​ន្ត្រោប​ទៅ​ស្ងោរ​ជាមួយ​ប្រេងដូង​ទុក​រហូត​វា​ឡើង​ពណ៌​ខ្មៅ ទុក​វា​ឱ្យ​ត្រជាក់ រួច​សឹម​យក​វា​មក​លាប​លើ​សរសៃសក់3-4ដង​ក្នុង​មួយ​សប្តាហ៍​មុនពេល​ចូល​គេង ហើយ​លាង​សម្អាត​ចេញ​នាពេល​ព្រឹក​ថ្ងៃ​បន្ទាប់។ ទី2​ យកតែ​ខ្មៅ2ស្លាបព្រា​បាយ ជាមួយនឹង​អំបិល1ស្លាបព្រា​កាហ្វេ​ទៅ​ដាក់​ក្នុង​ទឹក​ដែល​ដាំ​លើ​ភ្លើង​រយៈពេល2នាទី។ ទុក​វា​ឱ្យ​ត្រជាក់ រួច​ត្រង​វា​ឱ្យ​ស្អាត ដើម្បី​យកទៅ​លាង​សក់(មិនចាំបាច់​ប្រើ​សាប៊ូ​ទេ) ហើយ​ទុកឱ្យ​វា​ស្ងួត​ដោយ​ខ្លួនឯង​ជាការ​ស្រេច។ ធ្វើបែបនេះ2-3ដង​ក្នុង​មួយ​សប្តាហ៍​អ្នកនឹង​ទទួលបាន​ផល​ជាទី​គាប់ចិត្ត​មិន-​ខាន។ ទី3 ខ្ទឹមបារាំង​គៀប​យកតែ​ទឹក​ចំណុះ3ស្លាបព្រាកាហ្វេ យកមក​លាយ​ជាមួយនឹង​ទឹកក្រូចឆ្មារ2ស្លាបព្រាកាហ្វេ មក​លាប​ឱ្យ​សព្វ​លើ​សរសៃសក់ ទុកចោល30នាទីសឹមសម្អាតចេញ។អនុវត្ត4-5ដង​ ក្នុង​មួយ​សប្តាហ៍ រយៈពេល2សប្តាហ៍​ អ្នកនឹង​ឃើញ​ពី​ប្រសិទ្ធភាព។

    កុំអាល​និយាយថា​មិន​ជឿ​ណា សាកល្បង​សិន​ទៅ ថា​មិនត្រូវ​​រូបមន្ត​មួយ​ក្នុងចំណោម​រូបមន្ត​ទាំងអស់នេះ​អាច​ផ្តល់ប្រសិទ្ធភាព​ដល់​សក់របស់អ្នក​ក៏​អាចថា​បានដែរ៕

  • វិធី​ថែ​សម្រស់​សម្រាប់​សុភាពបុរស​ទាំងឡាយ

    វិធី​ថែ​សម្រស់​សម្រាប់​សុភាពបុរស​ទាំងឡាយ

    ពេលខ្លះ​មនុស្ស​មួយចំនួន ក៏ដូចជាបុរសៗផ្ទាល់​បានគិត​ថា វា​ហាក់ដូចជា​រឿង​ចម្លែក​ដែលបុរសៗត្រូវ​ប្រើប្រាស់​ផលិតផល​ថែរក្សា​សម្រស់​ស្បែក។ ទោះយ៉ាងណា​សូម​ចាំ​ថា គំនិត​មួយ​ដែលថា​ត្រូវតែ​រក្សា​ភាពស្រស់ស្អាត​នោះ​មិនមែន​សម្រាប់តែស្រីៗនោះទេ តែ​បុរស​ក៏ត្រូវ​ការ​ស្បែក​ដែល​ស្រស់ស្អាត​ដូចគ្នា​ដែរ។ មានអី​ទៅ​ពិបាក​គ្រាន់តែ​អនុវត្តតាម​វិធីងាយៗមួយចំនួន នោះ​អ្នក​ពិតជា​មាន​អារម្មណ៍​ដឹងថា ស្បែក​ដែល​ធ្លាប់តែ​ព្រលែង​ចោល និង​ស្បែក​ដែល​មានតែ​ការយកចិត្ត​ថែទាំ​មាន​ភាពខុសគ្នា​យ៉ាងណា​ជាមិនខាន។

    ថែរក្សា​ស្បែក​ជា​រឿង​សំខាន់: ជាធម្មតា​រន្ធ​ញើស​បុរស​គឺ​ធំ​ជាង​នារី នោះ​មានន័យថា ខ្លាញ់ និង​ការ​ស្រូបយក​ក្អែល​គឺ​កាន់តែ​ងាយ​ជាង។ នេះ​ជា​មូល​ហេតុដែល​តម្រូវឱ្យបុរសៗទាំងឡាយ​សម្អាត​ស្បែក​របស់ខ្លួន​ជា​រៀងរាល់ថ្ងៃ។ នៅពេលដែល​អ្នក​ជ្រើសរើស​ផលិតផល ដើម្បី​ប្រើប្រាស់អ្នក​គួរតែ​យកបែប​ធម្មជាតិ និង​គ្មាន​ក្លិនក្រអូប ដូច្នេះ​អ្នក​មិនចាំបាច់​ភ័យ​ថា​នឹង​បំ​ភាយ​ក្លិនក្រអូប​ដូច​មនុស្ស​ស្រី​នោះទេ។

    សម្រប​ខ្លួន​ប្រើ​ម៉ាស​បិទមុខ: ចង់បាន​មុខស្រស់​ស្រាយ ប៉ុន្តែ​ដូចជា​មិន​ដាច់ចិត្ត​ដើរទៅ​ទិញ​ព្រោះ​ខ្មាសអ្នកលក់​ផង​ខ្មាសស្រីៗដែល​នៅ​ទីនោះ​ផង ហើយក៏​ដូចជា​ពិបាក​រក​ម៉ាស​សម្រាប់បុរសៗទៀត​មែន​ទេ? កុំ​បារម្ភ អ្នក​មិនទាន់​អស់​ផ្លូវ​ទេ នៅមាន​ជម្រើស​ដ៏​ឆ្លាត​វៃ​មួយទៀត​គឺ​ម៉ាសបិទមុខ​បែប​ធម្មជាតិ។ ងាយ​ណាស់​មិនចាំបាច់​ទៅ​ទិញ​មិនចាំបាច់​ទៅ​ហាង​នាំ​តែមាន​អ្នកឃើញ​នោះទេ ធ្វើ​ខ្លួនឯង​ក្នុង​បន្ទប់ មើល​ទូរទស្សន៍​បណ្តើរ ស្តាប់​ចម្រៀង​បណ្តើរ​ក៏បានឬ​គេង​លក់​តែម្តង​ក៏​មិន​អី​ដែរ។ ឡា​រ៉ែ​ន ធ្លាប់បាន​ជម្រាប​ច្រើន​មកហើយ​ពី​របៀប​ធ្វើ​ម៉ាស​បិទមុខតែបើ​ចង់​សាកល្បង ទឹកឃ្មុំ ម្សៅ​តែ​ជប៉ុន និង​ទឹក​យកមក​លាយ​ចូលគ្នា​យកមក​បិទមុខ​ម្តង​មើល​ក៏បាន​ដែរ។ ទុកចោល15នាទី រួច​លាង​សម្អាត​ចេញ​នោះ ធូលី​ដី និងជាតិកខ្វក់ផ្សេងៗក៏នឹងត្រូវបានសម្អាតចេញពីផ្ទៃមុខរបស់អ្នកយ៉ាងមានប្រសិទ្ធភាពជាមិនខាន។

    ខាត់​ស្បែក​ជា​រឿង​ដែល​ត្រូវធ្វើ​បន្ទាប់: ស្បែក​បុរស​ត្រូវការ​ការសម្អាត​ជាខ្លាំង ហើយ​ការ​ដុសខាត់​ស្បែកថ្នមៗ និង​ជួយ​សម្អាត​ស្បែក និង​កម្ចាត់​កោសិកាចាស់ៗចេញ​យ៉ាង​ល្អ។ ស្ករត្នោត ជាមួយនឹង​ប្រេងល្ង2-3តំណក់ យកមក​ដុស​លើ​ស្បែកថ្នមៗ រួច​លាង​សម្អាត​ចេញ​នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា​ស្បែ​កមាន​សំណើម​ជាង​មុន។

    កោរ​រោម​ជា​រឿង​គេច​មិន​ផុត: ការ​កោរ​រោម​គឺជា​កត្តា​មួយ​ដែល​ធ្វើឱ្យ​ស្បែក​រមាស់ ដូច្នេះ​បន្ទាប់ពី​កោរ​រោម​មុខ​រួច អ្នក​គួរ​ផ្តល់ជំនួយ​ឱ្យ​ស្បែ​កមុខ​ដោយ​ប្រទាល​កន្ទុយក្រពើ ព្រោះ​វា​អាចជួយ​បង្រួម​រន្ធ​ញើស​ជាង​ការប្រើ​ផលិតផល​ដែល​ផ្សំ​ដោយ​ជាតិ​អាល់កុល​ដែល​អាចធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្ងួត និង​ងាយ​ដាច់​រលាត់។

    ហាត់ប្រាណ: មនុស្ស​ឆ្លាត​គេ​មិនដែល​បោះបង់ចោល​ការហាត់​ប្រាណ​នោះទេ ព្រោះ​គេ​ដឹង​ច្បាស់​ថា វា​មាន​ប្រយោជន៍​យ៉ាងច្រើន ទាំង​ផ្នែកសម្រស់ និង​សុខភាព៕

  • វិធី​ថែរក្សា​ប្រអប់ជើង​ នា​រដូវក្ដៅ ដែល​អ្នក​មិន​គួរមើលរំលង

    វិធី​ថែរក្សា​ប្រអប់ជើង​ នា​រដូវក្ដៅ ដែល​អ្នក​មិន​គួរមើលរំលង

    ការយកចិត្ត​ទុក្ខ​ដាក់​ចំពោះ​ស្បែ​កមុខ ដងខ្លួន សក់ និង​ក្រចក គឺជា​រឿង​សំខាន់​មួយ​ហើយ តែ​សូមកុំ​ភ្លេច​ថែរក្សា​ស្បែក​ប្រអប់ជើង​របស់​អ្នកផង។ ស្បែក​ប្រអប់ជើង​ស្អាត ក៏​ជា​រឿង​សោមនស្ស​មួយ​ដែល​អ្នក​នៅ​ជុំវិញខ្លួន​អ្នក​ស្ញើ​ច​សរសើរ​ចំពោះ​អ្នក​ដែរ ព្រោះ​គេ​អាច​សម្លឹង​ឃើញថា អ្នកជា​មនុស្ស​ម្នាក់ដែល​ឧស្សាហ៍ និង​ខ្វាយខ្វល់​ពី​សម្រស់​របស់​ខ្លួន។ ដោយឡែក​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ពាំ​នាំនូវ​វិធីសាស្ត្រ​រក្សា​ស្បែក​ប្រអប់ជើង​នា​អំឡុងពេល​រដូវក្ដៅ​នេះ​ដូចខាងក្រោម​នេះ។

    1. សម្អាត​ស្បែក​ប្រអប់ជើង​ជាប្រចាំ​ថ្ងៃ
    វិធីសាស្ត្រ​សម្អាត​ស្បែក​ប្រអប់ជើង​ឱ្យបាន​ស្អាត​បំផុត គឺ​ត្រូវ​ការលាង​សម្អាត​រាល់ថ្ងៃ​ មិនលឿន​ពេក ឬ​មិន​ប្រើ​ច្រាស់​រឹង​មក​ត្រដុស​ស្បែកជើង​របស់​អ្នកឡើយ ព្រោះ​វា​មិនមែនជា​រឿង​ល្អ​នោះទេ ហើយ​ការលាង​សម្អាត​មិនបាន​គ្រប់​ជ្រុងជ្រោយ​អាចធ្វើឱ្យ​ជាប់​មេរោគ​បាក់តេរី និង​បង្ក​ឱ្យ​ស្បែក​ងាយ​នឹង​ខូចខាត​ណាស់។ ម្យ៉ាងវិញទៀត​សម្រាប់​រដូវក្ដៅ​នេះ ស្បែករ​ងាយ​រង​ការខូចខាត​ពី​កម្ដៅថ្ងៃ និង​ធូលី​ដី ដូច្នេះហើយ​អ្នក​គួរ​សម្អាត​ស្បែក​ប្រអប់ជើង​ជា​រៀងរាល់ថ្ងៃ។

    2. បញ្ហា​ស្បែកជើង
    ស្ថិតក្នុង​អាកាសធាតុ​ក្តៅ​ហើយ​សើម​មានន័យថា វា​ងាយ​នឹង​ធ្វើឱ្យ​មនុស្ស​យើង​បែកញើស​ប្រអប់ជើង សើម​ស្បែកជើង ដែលជា​ហេតុនាំឱ្យ​មានកា​រ​បង្ក​រោគ​ដោយ​ពពួក​ផ្សិត និង​ជំងឺផ្សេងៗទៀត​បាន។ នៅតាម​ផ្លូវ​ពោរពេញ​ទៅដោយ​ទឹក​កខ្វក់ និង​របស់​ស្មោកគ្រោគ​ច្រើនណាស់ ដូច្នេះ វា​អាច​នឹង​ប្រឡាក់​ស្បែកជើង​របស់​អ្នក​បាន។ ជាងនេះទៅទៀត​ភាពកខ្វក់​ទាំងនោះ និង​បណ្ដាលឱ្យ​អ្នក​ខ្មាស​គេ​ដោយសារ​ក្លិន និង​មើលទៅ​គគ្រិច​ប្រឡាក់-​ប្រឡូក​ មុនពេល​ចូល​កន្លែងធ្វើការ​រយៈពេល​ច្រើន​ម៉ោង ហើយ​ត្រឡប់ទៅផ្ទះ​វិញ​ជាមួយនឹង​ប្រអប់ជើង​ដែល​ហើម កខ្វក់ និង​ធំ​ុ​ក្លិនស្អុយ​ថែមទៀត។ ហេតុ​ដូច្នេះហើយ អ្នកត្រូវការ​ស​ម្ងួ​ត​ប្រអប់ជើង​របស់​អ្នក​ឱ្យ​ស្ងួត​ល្អជា​មុនសិន​ មុនពេល​ពាក់​ស្រោមជើង ឬ​ស្បែកជើង។ មិនត្រូវ​ពាក់​ស្បែកជើង​ណា​ដែល​ហប់​ពេក ឬ​ប្រហោងធំៗ ដែល​ងាយ​សើម​ដល់​ប្រអប់ជើង​របស់​អ្នក​នោះទេ។

    3. លាង​ជើង​នឹង​ទឹក​ក្តៅឧណ្ហៗ
    ការលាង​ជើង​នឹង​ទឹក​ក្ដៅឧណ្ហៗ គឺ​ជួយ​សម្រាល​អាការ​នឿយហត់ និង​ល្វើយ​បាន​យ៉ាង​ប្រសើរ​បំផុត។ លោកអ្នក​អាច​សាកល្បង​លាង​ជើង​ជាមួយ​ទឹក​ក្ដៅ ឬក៏​លាយ​ជាមួយតែ​ក្រហម តែ​ប៉ៃ​តង ដែល​ក្លិន​របស់​តែ​ជួយ​ឱ្យមាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​ធ្វើឱ្យ​ស្បែកប្រអប់ជើង​ទន់​ស្អាត​ផងដែរ។ ចំពោះ​ការ​ត្រាំ​ជើង​ជាមួយ​ទឹក​ក្ដៅ ជា​វិធីសាស្ត្រ​ថែរក្សា​ស្បែក​ប្រអប់ជើង​ដ៏​ពេញនិយម​បំផុត​នៅ​ប្រទេស​កូរ៉េ ជប៉ុន និង​ចិន តែ​ក៏​សង្កេតឃើញថា​បច្ចុប្បន្ននេះ គឺ​គេ​និយម​ពាសពេញ​សាកលលោក​តែម្តង។

    4. ថែរក្សា​ប្រអប់ជើង
    អនាម័យ​សុខភាព​ប្រអប់ជើង​ក៏​ជា​រឿង​សំខាន់​មួយទៀត បើតាម​បទពិសោធ​អ្នកជំនាញ​បាន​ណែនាំ​ថា ការប្រើប្រាស់​ឡេ​លាប​ស្បែក ឬ​ប្រេង​ច័ន្ទ ដើម្បី​រក្សា​អនាម័យ​ប្រអប់ជើង​ក៏​ជា​កត្តា​សំខាន់​មួយ​ដែរ ព្រោះ​ស្បែកជើង​ដែល​រលាក​ដោយសារ​កម្ដៅ​ថ្ងៃ បណ្ដាលឱ្យ​ខ្មៅ ហើយ​មាន​ស្នាម​ជាំ ដែលជា​ហេតុ​ធ្វើឱ្យ​ស្បែក​មើលទៅ​មិន​ស្អាត។ គប្បី​ក្រោយ​លាង​សម្អាត​ប្រអប់ជើង​រួច អ្នកត្រូវការ​លាប​ឡេ​លើ​ស្បែក​ប្រអប់ជើង ដើម្បី​រក្សា​ភាព​ស​ស្អាត​ និង​ម៉ដ្ឋ​រលោង។

    5. ទទួលទាន​អាហារ​ជំនួយ​ស្បែក
    ការទទួល​ទាន​អាហារ​ត្រឹមត្រូវ​ក៏​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការថែរក្សា​ស្បែក​ប្រអប់ជើង​របស់​អ្នក​ផងដែរ។ ប្រភេទ​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ទាប​អាចជួយ​ឱ្យ​ស្បែក​មាន​ភាព​ក្មេង​ជាង​វ័យ​បាន។ ចំពោះ​អាហារ​មាន​ជាតិ​ខ្លាញ់ គឺជា​រឿង​សំខាន់​ណាស់​ចំពោះ​សុខភាព​ស្បែក ពោលគឺ​ជួសជុល​ស្បែក ផ្តល់​សំណើម និង​ផ្តល់​ភាព​ស្អាតរលោង។ មិនតែប៉ុណ្ណោះ អាហារ​ដែលមាន​ជាតិ​ប្រូ​តេ​អី​ុ​ន ក៏​ជា​ជម្រើស​ដ៏​ល្អ​បំផុត​បន្ទាប់ពី​អាហារ​សម្បូរ​ដោយ​ជាតិ​ខ្លាញ់ ជាពិសេស​អាហារ​ប្រភេទ​គ្រាប់​ធញ្ញជាតិ​តែម្តង ព្រោះ​វា​ផ្ទុក​ទៅដោយ​ជាតិ​ប្រេង​ដ៏​ល្អ​ចំពោះ​ស្បែក៕

  • អាថ៌កំបាំង​នៃ​ការថែរក្សា​សក់បែប​នារី​ឥណ្ឌា

    អាថ៌កំបាំង​នៃ​ការថែរក្សា​សក់បែប​នារី​ឥណ្ឌា

    ភាគច្រើន​ឱ្យតែ​និយាយ​ដល់ស្រីៗឥណ្ឌា យើង​ប្រាកដជា​ស្រមៃ​ឃើញ​ដល់​សក់​ដែលមាន​សភាព​ក្រាស់ វែង​អន្លាយ ពណ៌​ខ្មៅ​រលោង រួញ​បែប​ទឹករលក​ជាមិនខាន។ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ រូបភាព​នៃ​សក់​បែបនេះ​ក៏មាន​ការប្រែប្រួល​ខ្លះ តែ​ក៏​មិន​ច្រើនពេក​ដែរ ព្រោះ​ភាគច្រើន​នៃ​ការផ្លាស់ប្តូរ​នោះ​គឺ​មានតែ​ការប្តូរ​ពីស​ភាព​រួញ​បែប​ទឹករលក​មកជា​ត្រង់​ស្អាត​វិញ​តែ​ប៉ុណ្ណឹង។ អូ​ខេ! បញ្ចប់​ក្តី​ស្រមៃ​ហើយ​ងាក​មក​ស្វែងរក​ការពិត​នៃ​ការថែរក្សា​សក់​របស់​ក្រមុំ​ឥណ្ឌា​ដែលមាន​សក់​ស្រស់ស្អាត ដូចតទៅ៖

    ប្រេងដូង: ធ្វើឱ្យ​សក់​ទន់ រលោង ងាយស្រួល​សិត មើលទៅ​ភ្លឺរលោង​ស្អាត នារី​ឥណ្ឌា​ប្រគល់​នាទី​ឱ្យទៅ​ប្រេងដូង។

    ប្រេង​ល្ហុងខ្វង: តួនាទី​របស់​ប្រេង​ល្ហុងខ្វង​ដែលស្រីៗឥណ្ឌា​ទុកចិត្ត​បំផុត​គឺ ធ្វើឱ្យ​សក់​មាន​សុខភាព​ល្អ និង​ផ្តល់នូវ​ភាពស្រស់ស្អាត​ដល់​ស្បែកក្បាល។

    សម្អាត​សក់​ដោយ​ទឹកតែ: លាង​សក់​ជាមួយ​ទឹកតែ(ពិសេស​តែ​ខ្មៅ) នឹង​ជួយ​ឱ្យ​សក់​លូតលាស់​បានល្អ និង​ក្រាស់​ល្អ​ណាស់។

    ការពារ និង​ព្យាបាល: ទោះ​សក់​ខូច ឬ​មិន​ខូច​ក៏ដោយ ការព្យាបាល​សក់​តែងតែ​ធ្វើ​ឡើងជា​រៀងរាល់​សប្តាហ៍។ មិនមាន​អ្វី​ច្រើន​ទេ គេ​ពឹងផ្អែក​តែ​លើ​ប្រេង​អូ​លីវ ទឹកក្រូច​ឆ្មារ និង​ប្រេងដូង​ប៉ុណ្ណោះ។ ទឹកក្រូច​ឆ្មារ​ដើរតួ​ជា​អ្នក​កម្ចាត់​ប្រេង​ដែល​លើស ខណៈដែល​ប្រេងដូង និង​ប្រេង​អូ​លីវ​មាន​នាទី​ជា​អ្នក​បន្ថែមសំណើម​ឱ្យទៅ​ស្បែកក្បាល និង​ធ្វើឱ្យ​សក់​កាន់តែ​ស្រស់ស្អាត​ឡើង។

    ឆ្លាត​វៃ: សំដៅដល់​ភាព​វៃឆ្លាត​ក្នុងការ​ជ្រើសរើស​សាប៊ូកក់សក់​ណា​ដែល​ត្រូវ​នឹង​សភាព​សក់​របស់ខ្លួន។ សារធាតុនីមួយៗសុទ្ធតែ​ផ្តល់​គុណប្រយោជន៍​ទៅតាម​ប្រភេទ​របស់​វា អី​ុ​ចឹ​ង​តើ​បានជា​សម្រស់​សក់ស្រីៗឥណ្ឌា​មិន​ចាញ់ស្រីៗប្រទេស​ផ្សេង​នោះទេ៕