Category: សុខភាព

  • គន្លឹះទាំង5 ក្នុងការផ្លាស់ប្ដូរស្បែកមុខ ខ្មៅខ្លោចដោយកម្ដៅថ្ងៃឱ្យត្រឡប់មកសភាពដើម

    គន្លឹះទាំង5 ក្នុងការផ្លាស់ប្ដូរស្បែកមុខ ខ្មៅខ្លោចដោយកម្ដៅថ្ងៃឱ្យត្រឡប់មកសភាពដើម

    បន្ទាប់ពីបានសប្បាយរីករាយនៅក្នុងថ្ងៃមហាសង្ក្រាន្ដឆ្នាំថ្មីរយៈពេល3ថ្ងៃ-4ថ្ងៃមក ពិតប្រាកដណាស់ រឿងដំបូង​ដែល​សុភាព​នារី-សុភាពបុរសយើងនឹកព្រួយបារម្ភបំផុតនោះគឺ សភាពស្បែកមុខ និងស្បែកដងខ្លួន ដែលខ្មៅខ្លោចដោយសារកម្ដៅថ្ងៃ​ដ៏សែន​ក្ដៅ ព្រោះថាទាំងទទឹក ទាំងថ្ងៃក្ដៅ និងម្សៅផងនោះ ទោះបីជាស្បែករបស់អ្នកស្រស់ស្អាតប៉ុនណាក៏ដោយក៏ទ្រទ្រង់មិនរួចដែរ។ ដូច្នេះហើយ នៅថ្ងៃនេះ ទស្សនាវដ្តី ឡារ៉ែន សូមណែនាំពីគន្លឹះទាំង5 ដែលជួយសាងនូវភាពស្រស់ស្អាតចំពោះស្បែកមុខរបស់អ្នក ឱ្យត្រឡប់មករកសភាពដូចដើមវិញដូចខាងក្រោមនេះ។

    1. ហាមចេញត្រូវកម្ដៅថ្ងៃមួយរយៈពេល
    កម្ដៅថ្ងៃនេះហើយដែលគួរឱ្យប្រយ័ត្នខ្លាំងបំផុត វាធ្វើឱ្យស្បែករបស់អ្នកខូចបានដោយងាយ ព្រោះថាបន្ទាប់ពីបាន​ធ្វើដំណើរ​កម្សាន្ដក្នុង​ថ្ងៃចូលឆ្នាំថ្មីហើយមក អ្នកគួរតែប្រយ័ត្នរឿងចេញទៅខាងក្រៅត្រូវកម្ដៅថ្ងៃខ្លាំងបន្តិច។ ប្រសិនបើចាំបាច់បំផុតនោះ អ្នក​ត្រូវតែប្រើប្រាស់ក្រែមលាបការពារកម្ដៅថ្ងៃឱ្យបាន2-3ជាន់ ហើយត្រូវពាក់មួកផងដែរ ព្រោះវាអាចជួយ​ការពារស្បែក​ដែល​ខូច​ហើយ​នោះ មិនឱ្យវាកាន់តែខូចជាងនេះទៅទៀត។

    2. ផ្អាកប្រើប្រាស់គ្រឿងសម្អាងផាត់មុខមួយរយៈពេលសិន
    នារីៗភាគច្រើនច្បាស់ជានិយមប្រើគ្រឿងសម្អាងតុបតែងមុខពេលចេញទៅធ្វើការ ទៅសាលារៀន ឬចេញទៅខាងក្រៅ ក៏​ប៉ុន្ដែ​ដោយសារតែ​ស្បែករបស់អ្នកបានទទួលរងនូវការខូច-ខាតដោយសារកម្ដៅថ្ងៃហើយនោះ សូមអ្នកកុំប្រញាប់ប្រើប្រាស់​គ្រឿង​សម្អាងដើម្បីបិទបាំងស្បែកមុខរបស់អ្នកឱ្យសោះ យ៉ាងហោចណាស់ក៏គួរតែផ្អាកប្រើប្រាស់ក្នុងរយៈពេលពី1-2 អាទិត្យ​សិន ព្រោះ​ថាដើម្បីពន្យារពេលឱ្យស្បែកមុខបានដុះកោសិកាថ្មី និងគួរតែប្ដូរមកប្រើប្រាស់ផលិតផលដែលជួយ​បណ្ដុះ​កោសិកា​ស្បែក ឬបំប៉ន​ស្បែកមុខវិញទើបជាការប្រសើរ។

    3. ប្រើគ្រីមបំប៉នស្បែកមុខជាប្រចាំ
    ក្រៅពីការថែរក្សាស្បែកមុខឱ្យមានភាពស្រស់ស្អាតហើយ ការលាបគ្រីមបំប៉នស្បែកមុខ ក៏ជាវិធីសាស្ត្រដ៏​សំខាន់មួយ​ក្នុងការ​ជួយឱ្យស្បែកវិលមករកសភាពដើមវិញបានយ៉ាងឆាប់រហ័សផងដែរ។ យកល្អ ខណៈដែលអ្នកលាបគ្រីមនៅលើស្បែកមុខហើយ អ្នកគួរតែប្រើម្រាមដៃម៉ាស្សាថ្នមៗនៅលើស្បែកមុខរបស់អ្នកដើម្បីឱ្យកោសិកាស្បែករបស់អ្នករស់ឡើងវិញ។

    4. ធ្វើម៉ាសសម្រាប់បិទមុខជាប្រចាំថ្ងៃ
    មាននារីៗជាច្រើនមិនសូវជាចូលចិត្តលាបក្រែម ឬលាបម្សៅលាបមុខមុនពេលចូលគេងនោះទេ ដូច្នេះហើយ អ្នកគួរ​តែ​រក​ម៉ាសបិទមុខមកជំនួបក្រែមលាបមុខ ដែលវាអាចជួយព្យាបាលស្បែកមុខដែលខូចនោះឱ្យមានភាពល្អប្រសើរឡើងវិញ។ ការ​បិទ​ម៉ាសនៅលើស្បែកមុខ ក៏ជាវិធីសាស្រ្តក្នុងការបន្ថែមវីតាមីនឱ្យស្បែកមុខបានយ៉ាងល្អប្រសើរផងដែរ។ យ៉ាងណាមិញ អ្នកគួរតែ​ជ្រើសរើសម៉ាសបិទមុខណាដែលសម្បូរទៅដោយវីតាមីន E វីតាមីន C និងវីតាមីន B3 ឱ្យបានច្រើន។ ចំណុចមួយទៀត ដើម្បីចំណេញថវិកាបានមួយផ្នែក អ្នកអាចប្រើទឹកដោះគោស្រស់មកធ្វើជាម៉ាសបិទមុខក៏បានដែរ។

    5. ទទួលទានបន្លែ ផ្លែឈើ និងទឹកឱ្យបាន
    ច្រើននេះក៏ជាវិធីសាស្ត្រមួយទៀតដែលជួយឱ្យស្បែកមុខរបស់អ្នកត្រឡប់មកមានសំណើមដូចមុនដែរ គឺការទទួលទានបន្លែ ផ្លែ​ឈើ និងទឹកឱ្យបានច្រើន។ ខណៈ​បរិមាណ​សារធាតុ​សរសៃនៅ​ក្នុង​របប​អាហារ​ត្រូវបានថយ​ចុះនោះ ហានិភ័យដែលបណ្តាលឱ្យ​កើត​មាន​ជំងឺ​រលាក​ផ្សេង​ៗក៏​នឹង​កើនឡើងផងដែរ។ ដូច្នេះ របប​អាហារ​ទទួលទាន​ដែល​សម្បូរ​ដោយសារ​ធាតុ​សរសៃមិន​ត្រឹមតែ​អាច​​ទប់ស្កាត់ការរលាកតែប៉ុណ្ណោះទេ តែវាក៏ជួយក្នុងការព្យាបាលស្បែកមុខដែលរលាកដោយកម្ដៅថ្ងៃ​ឱ្យមាន​ជីវិត និងស្រស់​បំព្រង​ឡើងវិញបានផងដែរ។

    ដូច្នេះសូមសាកល្បងតាមវិធីសាស្ត្រខាងលើនេះ ដើម្បីឱ្យស្បែកមុខរបស់អ្នកត្រឡប់មករកសភាព​ស្រស់​ស្អាត និងភ្លឺថ្លាឡើងវិញយ៉ាងឆាប់រហ័សទាន់ចិត្ត៕

  • ធ្វើ​ម៉េច​ឱ្យមើលទៅ​នៅតែ​ស្អាត​ និង​ក្មេង​ជាង​វ័យ?

    ធ្វើ​ម៉េច​ឱ្យមើលទៅ​នៅតែ​ស្អាត​ និង​ក្មេង​ជាង​វ័យ?

    ភាពស្រស់ស្អាត ក្មេងខ្ចី អាច​មើល​ដឹងភ្លាមៗតាមរយៈ​រូបរាងកាយ​ផ្នែក​ខាងក្រៅ​របស់​អ្នក នៅពេល​យកមក​ប្រៀបធៀបជាមួយនឹងអាយុរបស់​អ្នក ហេតុនេះហើយ​បានជានារីៗភាគច្រើន ដែលមាន​អារម្មណ៍​ថា​វ័យ​របស់ខ្លួន​ចេះតែ​ជ្រេរ​ទៅមុខ តែងមាន​ការបារម្ភ​ថា ដំណើរ​ចាក​ឆ្ងាយ​នៃ​ភាព​ក្មេង​ស្អាតដែល​ធ្លាប់​នៅ​ជាមួយនឹង​មកដល់​នា​ថ្ងៃ​ណាមួយ។ ដោយហេតុថា គ្មាន​អ្នកណាម្នាក់​អាចដាក់​កំណត់​បានទេ​ថា ភាពស្រស់ស្អាត​នៅក្នុង​អំឡុង​វ័យ​ដែល​កំពុង​ពេញ​ស្អាត​នឹង​អាចស្ថិតនៅ​ជាមួយ​អ្នក​បានយូរ​ប៉ុណ្ណា? ដូច្នេះហើយ​បានជាម្នាក់ៗតែងតែ​ខិតខំ​ស្វែងរក​ស្ទើរ​គ្រប់​មធ្យោបាយ ដើម្បី​ចាប់ចង​ភាព​ក្មេង​ស្អាត​ឱ្យនៅ​ជាមួយ​ខ្លួន​ឱ្យបាន​កាន់តែ​យូរ។ មក​សាកល្បង​អនុវត្តតាម​វិធី​តាមបែប​សាមញ្ញ​ខាងក្រោម នោះ​លោក​អ្នកនឹង​ទទួលបាន​នូវ​ភាពស្រស់ស្អាត​ក្មេង​ជាង​វ័យ​ជាមិនខាន។

    គិត​បែប​ក្មេង
    មានការ​អះអាង​មួយ​ថា ការគិត​បែប​ក្មេង និង​សម្តែង​ចេញ​នូវ​សកម្មភាព​ដូច​ក្មេង (មិនមែន​សម្តៅ​ដល់​គំនិត ឬ សកម្មភាព​ដូច​កូនក្មេងតូចៗ ប៉ុន្តែ​ជា​វ័យ​មួយ​ដែល​ក្មេង​ជាង​អាយុ​អ្នក​បន្តិច) នឹងធ្វើ​ឱ្យ​អ្នក​មើលទៅ​ដូច​ក្មេង​ដែរ។ ការស្រាវជ្រាវ​បានបង្ហាញ​ថា មនុស្ស​ចាស់​មួយចំនួន​ដែល​មិន​ខ្វល់​ពី​វ័យ​របស់ខ្លួន ហើយ​នៅតែ​ធ្វើខ្លួន​ឱ្យ​សកម្ម​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ គឺ​ពិតជាធ្វើឱ្យ​ពួកគាត់​មើលទៅ​ក្មេង​ជាង​វ័យ និង​ប្រកបដោយ​សុខភាព​មាំមួន​ជាង បើ​ធៀប​ទៅនឹង​មនុស្ស​ចាស់​វ័យ​ដំណាលគ្នា។

    ប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ
    មិន​ថា​អ្នក​ស្ថិតនៅក្នុង​វ័យ​ណា​នោះទេ ក្រែ​ម​ការពារ​កម្តៅថ្ងៃ​នៅតែមាន​តួនាទី​ជា​អង្គរក្ស​ដ៏​សំខាន់​ក្នុងការ​ថែរក្សា និង​ការពារ​ស្បែក​ឱ្យ​ចៀស​ផុតពី​ការ​រលាក​រោល​ពី​កម្តៅថ្ងៃ ជ្រីវជ្រួញ និង​ស្ងួត​គ្មាន​ជាតិ​សំណើម​ជាដើម។ ការថែរក្សា​ស្បែក​ជាមួយ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ គួរតែ​ចាប់​ផ្តើមធ្វើ​តាំងពី​យូរណាស់​មកហើយ តែ​ក៏​មិនមែន​មានន័យថា​យឺត​ពេល​សម្រាប់​អ្នកនោះ​ដែរ។ ចាប់ផ្តើម​ពីថ្ងៃ​នេះ ដើម្បី​កាត់បន្ថយ​ដំណើរ​នៃ​ការឈានទៅរក​ភាព​ចាស់​ជ្រីវជ្រួញ​ឱ្យ​កើតមាន​យឺត​ជាង​វ័យ។

    ភ្ញាក់ឡើង បញ្ចេញ​កម្លាំង
    កុំ​រស់នៅ​ជាមួយនឹង​ភាពស្ពឹក​ស្រពន់​ស្តាយ​ភួយ​ស្តាយ​ខ្នើយ​នាពេល​ព្រឹក​ព្រលឹម​ឱ្យសោះ ព្រោះ​អ្វី​អ្នកដឹង​ទេ?​ ព្រោះថា ការដែល​អ្នក​ភ្ញាក់ឡើង​នាពេល​ព្រឹក​ព្រលឹម ហើយ​បញ្ចេញ​កម្លាំងភ្លាមៗ តាមរយៈ​ការហាត់​ប្រាណ20នាទី​ជា​រៀងរាល់ថ្ងៃ នឹង​ជួយ​ឱ្យ​រាងកាយ ក៏ដូចជា​អារម្មណ៍​កាន់តែ​ស្រស់ស្រាយ ហើយក៏​ដូចជា​កាវ​ដែល​ចាំ​បិទ​ទ្រនិចនាឡិកា​នៃ​រូប​សម្រស់​ឱ្យ​ផ្អាក​ធ្វើដំណើរ​ទៅមុខ​ផងដែរ។

    គេង​ឱ្យបាន​គ្រប់គ្រាន់
    អ្នកណា​ក៏​ដឹង​ដែរ​ថា​គេង​មិន​គ្រប់ ស្បែក​ស្រអាប់ ភ្នែក​ឡើង​ខ្មៅ គ្មាន​កម្លាំង ស្បែក​ក៏​ជ្រីវជ្រួញ ហេតុដូច្នេះ​ល្អ​បំផុត​គឺ​គេង​ឱ្យបាន​គ្រប់គ្រាន់ នោះ​ភាព​ក្មេងខ្ចី​ក៏​មិន​ទៅណា​ចោល​អ្នក​ដែរ។

    លំហែកាយ
    ភាព​ធុញថប់ គឺជា​កម្លាំង​ដ៏​សាហាវ​ក្នុងការ​រុញច្រាន​អ្នក​ឱ្យ​ដើរទៅ​ឱ្យទាន់​វ័យ ឬ​អាច​ដើរទៅ​ហួស​វ័យ​របស់​អ្នក​ទៅទៀត ហេតុនេះហើយ​រឿង​ដែល​អ្នក​មិនត្រូវ​ភ្លេច​នោះ​គឺ សម្រាក​ឱ្យបាន​ទៀងទាត់។ ស្វែងរក​ការ​លំហែកាយ​ក្នុងអំឡុងពេល​ដែលមាន​ការ​សម្រាក​ប្រចាំឆ្នាំ ឬ​ការ​សម្រាក​ក្នុង​ថ្ងៃ​បុណ្យជាតិ​នានា ដើម្បី​ការពារ​កុំឱ្យ​ភាព​ធុញថប់​មក​ជិត​អ្នក​បាន​ឱ្យសោះ។

    ញ៉ាំ​តែ​បៃតង
    បច្ចុប្បន្ននេះ​ជំនឿ​ដែលថា ការទទួល​ទាន​តែ​បៃតង​មួយ​កែវ​ក្នុង​មួយថ្ងៃ អាចជួយ​កាត់បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺមហារីក ជួយ​រក្សា​ទម្ងន់​ឱ្យ​ស្ថិតនៅក្នុង​កម្រិត​សមស្រប ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ ព្រមទាំង​មាន Antioxidants ដែល​ចាំ​ជួយ​ថែរក្សា​រាងកាយ​ឱ្យ​រឹងមាំ​ផង​នោះ កំពុងតែ​រីក​រាលដាល​ធំឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ ហេតុនេះ ចាប់ពី​បានដឹង​ដំណឹង​មួយ​នេះ ហើយសូម​ចាប់ផ្តើម​ចងមិត្ត​ជាមួយ​តែ​បៃតង​ភ្លាម​ទៅណា៎៕

  • លេងម៉ូដសក់តាមតារាហូលីវូដម្តងមើល៎!

    លេងម៉ូដសក់តាមតារាហូលីវូដម្តងមើល៎!

    ជាធម្មតា តារាល្បីៗរបស់​ហូ​លី​វូដ​គឺ​តែងតែ​ស្រស់ស្អាត និង​មានការ​តុបតែង​ខ្លួន​ស្អាត​ប្លែក​ណាស់ ដូច្នេះ​នៅក្នុង​ខែ​នេះ​សូម​អ្នកងា​កមក​ចាប់អារម្មណ៍ និង​លេង​ម៉ូដ​សក់​តាម​តារា​ល្បី​ខ្លះ​ក៏​ប្លែក​ភ្នែក និង​ប្លែក​អារម្មណ៍​ម្យ៉ាងដែរ។ បើ​អ៊ីចឹ​ង តោះ​លេង​ម៉ូដ​សក់​តាម​តារា​ល្បី​ហូ​លី​វូដ​ទាំងអស់គ្នា ដើម្បី​បង្អួត​សម្រស់​របស់​អ្នក។ សូម​ក្រឡេក​ទៅ​មើល​ម៉ូដ​សក់​ទាំងអស់នេះ ហើយ​ជ្រើសរើស​ម៉ូដ​សក់​ដែល​អ្នក​ស្រឡាញ់ និង​លេង​ម៉ូដ​តាម​ទាំងអស់គ្នា​ដូចតទៅ៕

  • គន្លឹះគួរចៀសវាង ដើម្បីបបូរមាត់មានសុខភាពល្អ

    គន្លឹះគួរចៀសវាង ដើម្បីបបូរមាត់មានសុខភាពល្អ

    ក្រែមលាបបបូរមាត់ អាចនិយាយបានថាជាឧបករណ៍សំខាន់មួយសម្រាប់ផ្លាស់ប្ដូរភាពស្រស់ស្អាតរបស់នារីៗ និង​បន្ថែម​ទំនុកចិត្តលើភាពស្រស់សោភារបស់នារីៗយើង។ នៅពេលមានម៉ូដក្រែមដែលចេញមកថ្មី ជឿថា ស្រីៗយើងមិន​ដែល​រំលង​ឡើយ តែងតែព្យាយាមតាម និង Update ដើម្បីភាពស្រស់ស្អាតនៃបបូរមាត់គ្រប់ពេលវេលា។ តើមានអ្នកណាធ្លាប់ដឹងទេថា អ្នក​អាចនឹងចាញ់គ្រឿង​លាបបបូរមាត់ដែលទើបតែចេញថ្មីទាំងនោះ? ថ្ងៃនេះ ទស្សនាវដ្តី ឡារ៉ែន លើយកអត្ថបទមួយ​មកជម្រាបជូន​ពីវិធីថែរក្សាបបូរមាត់ឱ្យមានភាពស្រស់ស្អាត និងមិនមានគ្រោះថ្នាក់អាក្រក់ដល់សុខភាពបបូរមាត់ ដូច្នេះសូមតាមដានដូចតទៅ។

    ក្រុមមនុស្សដែលចាញ់ក្រែមលាបបបូរមាត់ និងមានអាការផ្សេងៗពីគ្នាបង្ហាញចេញមកហើយស្ថិតនៅលើថា តើអ្នក​ចាញ់​ក្រែមលាបបបូរមាត់កម្រិតណា។ ប្រសិនបើចាញ់តែបន្ដិចបន្តួច នោះនឹងមានអាការរោលត្រឹមតែរឹមបបូរមាត់តែប៉ុណ្ណោះ ធ្វើ​ឱ្យមាត់ស្ងួត និងរមាសក្រហាយឈួលៗជាដើម។ ចំពោះអ្នកដែលមានអាការចាញ់ខ្លាំង នោះរឹមបបូរនឹងចាប់ផ្ដើមរលាកហើម និង​ធ្វើឱ្យពិបាកដកដង្ហើម។ ខណៈដែលនារីៗយើង បានដឹងពីអាការដូចពោលពីខាងលើ អ្នកគួរតែបញ្ឈប់ការប្រើប្រាស់​ក្រែមលាប​បបូរមាត់ម៉ាកនោះជាបន្ទាន់ ដើម្បីការពារមិនឱ្យកើតមានអាការចាញ់ និងគ្រោះថ្នាក់កាន់តែខ្លាំងឡើងចំពោះបបូរមាត់ និងសុខភាព​រាងកាយរបស់អ្នក។

    គន្លឹះក្នុងការថែរក្សា និងចៀសវាងពីគ្រោះថ្នាក់អាក្រក់ចំពោះបបូរមាត់មានដូចជា ៖
    1. ចៀសវាងប្រើប្រាស់ក្រែមលាបបបូរមាត់ដែលផ្សំឡើងពីសារធាតុគីមី ដែលមានក្លិនក្រអូបដូចជាទឹកអប់ ព្រោះវា​ជា​មូលហេតុមួយដែលធ្វើឱ្យកើតមានអាការចាញ់ ហើយអ្នកគួរតែផ្លាស់ប្ដូរទៅប្រើក្រែមដែលមានក្លិន និងពណ៌ស្រាល ព្រោះថាវាមានសាធាតុគីមីតិចជាង។

    2. នៅពេលដែលអ្នកមានអារម្មណ៍ថា បបូរមាត់របស់អ្នកឡើងស្ងួត ប្រេះ របក ឬរលាត់នោះ សូមកុំលិឍរឹមបបូរមាត់ឱ្យសោះ ព្រោះវាអាចបណ្ដាលឱ្យបបូរមាត់របស់អ្នកកាន់តែស្ងួតឡើង និងងាយរបក ព្រមទាំងឆាប់ខ្មៅបបូរមាត់កាន់តែខ្លាំងជាងមុនទៅទៀត។

    3. ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ព្រោះសារធាតុទឹកនឹងរត់ទៅជួយបំពេញភាពស្ងួតឱ្យត្រឡប់ទៅជាមានសំណើម​ឡើងវិញ និងមិនធ្វើឱ្យបបូរមាត់ប្រះទៀតផង។

    4. លាបក្រែមព្យាបាលបបូរមាត់ ដែលមានការណែនាំពីគ្រូពេទ្យជំនាញ និងត្រូវបញ្ឈប់ការ​ប្រើប្រាស់​ក្រែមដែលធ្វើឱ្យ​មានការប្រតិកម្មចំពោះស្បែកបបូរមាត់។ វិធីណែនាំដ៏ល្អបំផុតគឺប្រើក្រែមលាបបបូរមាត់ដែលមិនមានពណ៌ និង​មិន​មានក្លិន ព្រោះវាមានសារធាតុគីមីមិនច្រើន។

    5. ថែរក្សាអនាម័យបបូរមាត់ និងប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា ដើម្បីធ្វើការព្យាបាលបបូរមាត់ឱ្យបានទៀងទាត់។

    6. ប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាប់បើអ្នកសង្ស័យថា មានអាការចាញ់ក្រែមលាបបបូរមាត់ ដោយមិន​បង្អែបង្អង់ទុកយូរ៕

  • នឹងមាន​អ្វី​កើតឡើង នៅពេល​អ្នក​រស់​នៅតែ​ក្នុង​កន្លែង​ដែលមាន​ម្លប់​រហូត?

    នឹងមាន​អ្វី​កើតឡើង នៅពេល​អ្នក​រស់​នៅតែ​ក្នុង​កន្លែង​ដែលមាន​ម្លប់​រហូត?

    ធាតុអាកាស​ក្ដៅហែង​ដូច​នៅក្នុង​ប្រទេស​យើងធ្វើឱ្យកំលោះៗ ក្រមុំៗជាច្រើន​នាំគ្នា​រត់​ចូល​ទៅរក​កន្លែងម្លប់ៗនៅក្នុង​អគារ។

    មនុស្ស​ជាច្រើន​ចេញពីផ្ទះ​តាំងពី​ព្រះអាទិត្យ​មិនទាន់​រះ និង​នៅតែ​ក្នុង​អគារ​ពេញ​មួយថ្ងៃ​រហូតដល់​ពេល​ត្រឡប់ទៅផ្ទះ​វិញ ក៏​នៅក្នុង​រថយន្ត​ទៀត ឬ​ទម្រាំ​តែ​ត្រឡប់ទៅផ្ទះ​វិញ ព្រះអាទិត្យ​លិច​បាត់​ទៅវិញ​ក៏មាន។ អាជីព​ជាច្រើន​ត្រូវ​ពាក់​អាវធំ អាវដៃវែងក្រាស់ៗ បិទបាំង​ស្បែក​ពី​កម្ដៅថ្ងៃ។ ថ្ងៃ​សៅរ៍-អាទិត្យ​ក៏​ជ្រើសរើស​ក្នុងការ​ណាត់ជួប​មិត្ត​ភក្តិ​នៅពេល​យប់​ច្រើនជាង​ពេល​ថ្ងៃ​ទៀតផង ដូច្នេះហើយ​ទើប​ទង្វើ​ទាំងអស់នេះ​ក្លាយជា​ចំណុច​មួយ​ដែល​ពិសោធ​បាន​ថា ទោះជា​ប្រទេស​យើង​មាន​ពន្លឺ​ថ្ងៃ​ពេញ​មួយឆ្នាំ​ទល់​មួយឆ្នាំ​ក៏ដោយ ក៏​ប្រជាជន​យើង​ជាច្រើន​នាក់​នៅតែ​គេច​ចៀស​ពី​ការធ្វើឱ្យ​សាច់​ស្បែក​ប៉ះ​នឹង​កម្ដៅថ្ងៃ​ដែរ ព្រោះតែ​ការនិយម​ចូលចិត្ត​ស្បែ​កស​ស្អាតខ្លាច​ខ្មៅ ខ្លាច​កើត​មហារីក​ស្បែក រហូត​ទៅដល់​វិធី​ការរស់នៅ​ដែល​ធ្វើឱ្យ​សាច់ និង​ស្បែក​មិនសូវ​បាន​ប៉ះពាល់​នឹង​ពន្លឺ​ថ្ងៃ​យ៉ាង​គ្មាន​ចេតនា​ជាដើម​ទៀតផង។

    ឥឡូវនេះ យើង​នាំគ្នា​មក​និយាយ​ពី​រឿង​របស់​ចំណុច​មិនល្អ​ដែល​អាច​កើតឡើង​នៅពេលដែល​អ្នក​រស់​នៅតែ​ក្នុង​ទី​ម្លប់​វិញ​ល្អ​ជាង…។ នៅពេលណា​ក៏ដោយ​ដែល​សាច់ និង​ស្បែក​របស់​អ្នកស្ទើរតែ​មិនបាន​ប៉ះ​នឹង​ពន្លឺព្រះអាទិត្យ​នាពេល​ព្រឹក និង​ប៉ះ​តែ​ជាមួយ​ពន្លឺភ្លើង​នៅក្នុង​អគាររាងកាយ​អ្នកអាច​នឹង​ចូល​ឆ្ពោះទៅរក​សភាវ​ប្រថុយ​នឹង​ការ​ស្ទើរ​វីតាមីន D (សភាវ​ស្ទើរ គឺ​មិន​ខ្វះ​ទេ តែមាន​តិច​ខ្លាំង រហូត​សឹងតែ​មិន​គ្រប់គ្រាន់) និង​អ្វីដែល​គួរឱ្យ​ចម្លែក​ចិត្ត​នោះ​គឺ ក្នុងប្រទេស​យើង​ដែលមាន​ពន្លឺ​ថ្ងៃ​ពេញ​មួយឆ្នាំ​គ្រប់​រដូវ​កាល តែ​បែរជា​នៅតែ​ឃើញ​មាន​អ្នក​ស្ទើរ​វីតាមីន D ដ៏​ច្រើន​ដដែល។

    នៅពេល​រាងកាយ​ស្ថិតក្នុង​សភាវ​ស្ទើរ ឬ​ខ្វះ​វីតាមីន D តើ​វា​នឹង​កើត​ផល​អាក្រក់​ដល់​រាងកាយ​មនុស្ស​យើង​យ៉ាងណាខ្លះ?

    ចាប់ផ្ដើម​តាំងពី​រឿង​របស់​បណ្ដុំ​គ្រោងឆ្អឹង និង​សាច់ដុំ​ដែល​អាច​នឹងមិន​រឹងមាំ​មួន​ពេញលេញ​ស្មើនឹង​អ្នក​ដែល​បានទទួល​វីតាមីន D ច្រើន​គ្រប់គ្រាន់ ដូច្នេះ​ទើប​អាច​នឹងមាន​សាច់ដុំ​មិន​មាំមួន​រហូត​ប្រថុយប្រថាន​នឹង​ការ​ដួល​ញឹកញាប់​ជាង​ប្រក្រតី។ ក្រៅពីនេះ​គេ​នៅ​រកឃើញ​ទៀតថា វីតាមីន D ជា​វីតាមីន​ដែលមាន​សម្ពន្ធ​ជាមួយ​រោគ​មហារីក​ដល់​ទៅ4ប្រភេទ​ទៀតផង។

    សម្រាប់​អ្នក​ដែល​គេច​ចៀស​ពី​ការប៉ះពាល់​នឹង​ពន្លឺ​ថ្ងៃ សំងំ​នៅតែ​ក្នុង​បន្ទប់ងងឹតៗដែល​បិទ​បង្អួច​គ្រប់ពេលវេលា​នោះ នៅមាន​ភាព​ប្រថុយប្រថាន​ក្នុង​ការខ្វះ​អ័រម៉ូន​ប្រភេទ​ខ្លះ ព្រោះ​នៅក្នុងពន្លឺ​ថ្ងៃ​ពេល​ប៉ះ​នឹង​ស្បែក​មនុស្ស​យើង វា​នឹង​ជួយជំរុញ​ឱ្យ​រាងកាយ​សាង​អ័រម៉ូន​ជាច្រើន​ប្រភេទ​ឡើង មិនថាតែ​មេឡានីន ដែល​ជួយ​ឱ្យ​អ្នក​គេង​លក់បាន​ស្រួល ឬ​អ័រម៉ូន​សេ​រ៉ូ​ថូ​នី​ន​ដែល​ធ្វើឱ្យ​រាងកាយ​របស់​អ្នក​មាន​អារម្មណ៍​ថា​មាន​សេចក្ដីសុខ ក្លៀវក្លា​ស្វាហាប់ (អ្នក​ដែល​ចូលចិត្ត​ធ្វើការ​ងារ​នៅ​កណ្ដាល​ទីវាល​ច្រើនតែ​ជា​មនុស្ស​រួសរាយ​ស្រស់ស្រាយ​រាក់ទាក់ និង​ស្វាហាប់​គ្រប់ពេលវេលា) ដូច្នេះហើយ​ទើប​អ្នក​ដែល​មិនសូវ​ប៉ះពាល់​នឹង​ពន្លឺ​ថ្ងៃ​អាច​ប្រថុយ​នឹង​បញ្ហា​គេង​មិនសូវ​លក់ ពិបាក​ក្នុងការ​គេង​លក់ ឬ​អាច​ដល់​ថ្នាក់​ប្រថុយប្រថាន​នឹង​សភាវ​សោកសៅ​ទៀតផង។

    វិធី​បន្ថែម​វីតាមីន D ដល់​រាងកាយ​អាចធ្វើ​បាន​យ៉ាងងាយៗ មិន​លំបាកលំបិន​ឡើយ ដោយ​គ្រាន់តែ​ចេញទៅ​ខាងក្រៅ​អគារ​ដើម្បីឱ្យ​ស្បែក​របស់​អ្នក​បាន​ប៉ះ​ជាមួយ​ពន្លឺព្រះអាទិត្យ​នៅ​អំឡុង​ម៉ោង 9ៈ00 – 15ៈ00 រយៈពេល 5នាទី​រៀងរាល់ថ្ងៃ នឹង​ជួយ​បន្ថែម​វីតាមីន D ដល់​រាងកាយ​បាន​ច្រើន​ដល់​ទៅ 90%។ ការឱ្យ​រាងកាយ​បាន​កែច្នៃ​វីតាមីន D ពី​ស្រទាប់​ស្បែក​ដោយ​ខ្លួនឯង គឺជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​បន្ថែម​វីតាមីន D ដល់​រាងកាយ​ខ្លាំង​បំផុត។

    យ៉ាងណាក៏ដោយ បើសិន​អ្នកណា​នៅតែមាន​កង្វល់​ក្នុង​រឿង​ពន្លឺ​ថ្ងៃ​ដែល​ក្ដៅ​ខ្លាំង​ជ្រុល​ពេក​នៅក្នុង​ស្រុក​យើង ដែល​ទោះជា​លាប​ឡេ​ការពារកម្ដៅថ្ងៃ​ហើយក៏​នៅតែ​មិន​ហ៊ាន​ចេញ​ទៅឱ្យ​ស្បែកប៉ះ​នឹង​ពន្លឺ​ថ្ងៃ​ដោយ​ត្រង់​ទៀត​នោះ សាកល្បង​ជ្រើសរើស​ប្រើ​វិធី​បន្ថែម​វីតាមីន D ដល់​រាងកាយ​តាមរយៈ​អាហារ​ការហូបចុក​បាន ដោយ​មុខម្ហូប​ដែលមាន​វីតាមីន D មានដូចជា ខ្លាញ់​ថ្លើម​ត្រីទឹកដោះគោ​ស្រស់ ត្រី​សាល់​ម៉ុ​ន ត្រី​ប្លាធូ ត្រី​ធូ​ណា សាច់​ហ៊ែ​ម ស៊ុតមាន់ សាច់ជ្រូក​ចិញ្ច្រាំ សាច់មាន់ ផ្សិត​ចិន និង​ឈី​សជាដើម តែ​ការបន្ថែម​វីតាមីន D ដោយ​ការ​ទទួលទាន​អាហារ​ជួយ​ឱ្យ​រាងកាយ​ទទួលបាន​វីតាមីន D ត្រឹមតែ 10%ប៉ុណ្ណោះ។

    ដូច្នេះ ការធ្វើ​កិច្ចការងារ​នៅ​ខាងក្រៅ​ផ្ទះ​ខ្លះមិនថាតែ​ចេញទៅ​ដើរលេង លេង​កីឡា​នៅ​ទីវាលស្រោច​ដំណាំ ហាល​ខោអាវ ហែល​ទឹក ឬ​កិច្ចការងារផ្សេងៗទៀត​ក្នុងអំឡុងពេល​ថ្ងៃ​ក្នុង​រយៈពេលខ្លីៗត្រឹមតែ 5នាទី​ក្នុង​មួយថ្ងៃ ក៏​អាចជួយ​ឱ្យ​លោកអ្នក​មិន​ប្រថុយប្រថាន​នឹង​សភាវ​ស្ទើរ​វីតាមីន D បានដែរ៕

  • ប្រកាសអាសន្ន! គ្រោះថ្នាក់​ពី​ការ​សាក់​លើ​ស្បែក

    ប្រកាសអាសន្ន! គ្រោះថ្នាក់​ពី​ការ​សាក់​លើ​ស្បែក

    ការ​សាក់​ស្បែក​ទៅតាម​ភាព​ពេញនិយម ឬ​តាម​អ​បិ​យ​ជំនឿ​របស់​បុគ្គល រមែង​ទទួលបាន​ផល​ល្អ និង​ផល​អាក្រក់​ដែល​អាច​កើតឡើង។ ដូច្នេះ​សូម​មក​ស្វែងយល់​ពី​គ្រោះថ្នាក់​អាក្រក់ ដែល​កើតឡើង​ពី​ការចាក់​សាក់ ដែលមាន​ដូចជា អាច​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​B ជំងឺឃ្លង់ និង​ជំងឺអេដស៍​ជាដើម តែបើ​ចង់​កាន់តែច្បាស់​ទៀត​នោះ​សូម​តាមដាន​ជាមួយនឹង​អត្ថបទ​លម្អិត​ដូចខាងក្រោម​នេះ ៖

    លោកគ្រូ​ពេទ្យ​ជំនាញ​ខាង​សុខភាព​ស្បែក​បាន​ប្រាប់​ឱ្យដឹងថា ការ​សាក់​ស្បែក​ជា​រូបភាព ឬ​ជា​ខ្សែ​គូសវាស​ដែល​មើលទៅ​មាន​ក្បាច់​ស្រស់ស្អាត​ដូចជា រូប​ខ្លា រូប​ផ្កា រូប​អា​ថ័​ន​អាគម ដែល​កំពុង​តែមាន​ភាព​ពេញនិយម ហើយ​មាន​សាក់​ពណ៌​ខ្មៅ លើកលែងតែ​សាក់​រូបភាពផ្សេងៗដែលមាន​ពណ៌​ចម្រុះ​ដូចជា ពណ៌​ខៀវ ក្រហម លឿង បៃតង ដើម្បី​ឱ្យមាន​ភាពស្រស់ស្អាត​នៅក្នុង​ការ​សាក់។ ការ​សាក់​ស្បែក​អាចធ្វើឱ្យ​ឆ្លង​នូវ​វីរុស​រោគផ្សេងៗដែល​គួរតែ​ប្រយ័ត្ន​ឱ្យ​មែនទែនព្រោះ​គ្រោះថ្នាក់​ដែល​បង្កដោយ​ទឹក​ថ្នាំ​ពណ៌​ដែល​យកមក​សាក់​នៅលើ​ស្បែក នឹងធ្វើ​ឱ្យ​ស្បែ​កកើតមានការ​ប្រតិកម្ម បណ្ដាលឱ្យ​ស្បែក​ឡើង​អាលែកហ្ស៊ី ហើយ​មាន​កន្ទួល​ពងក្រហមៗនៅលើ​ស្បែក។ លើសពីនេះទៅទៀត វា​ក៏បង្ក​ឱ្យមាន​ភាព​រមាស់​នៅ​នឹង​ស្បែក​ក្បែរ​កន្លែង​ដែលមាន​ស្នាម​សាក់ប្រសិនបើ​មិនបាន​ព្យាបាល ឬ​បើ​នៅតែ​បណ្ដែតបណ្ដោយ​យូរ អាចធ្វើឱ្យ​ស្បែ​ករោល​កាន់តែខ្លាំង​ឡើង​បាន។

    ក្រៅពីនេះ ខណៈពេលដែល​ស្បែក​ត្រូវ​កម្ដៅថ្ងៃ​ក្នុង​រយៈពេល​យូរ ឬ​ជា​ញឹកញយ អាច​បណ្ដាលឱ្យ​អ្នក​កើតមាន​បញ្ហា​ស្បែក​ដូចជា កើត​ភ្លឺ ដែល​អាច​មើលឃើញថា ស្បែ​កកើត​មាន​ស្នាមសៗភ្លឺ​នៅត្រង់​បរិវេណ​មាន​ស្នាម​សាក់ និង​ការចាក់​សាក់​ស្បែក បាន​ហុច​ផល​អាក្រក់​ដូចជា ការឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​B រោគរបេង រោគ​ឃ្លង់ និង​ឆ្លង​ជំងឺអេដស៍​ជាដើម ដោយសារតែ​ការប្រើ​ម្ជុល​សាក់​ដែល​មិនមាន​អនាម័យ មិនបាន​ឆ្លងកាត់​ការសម្លាប់​មេរោគ​ត្រឹមត្រូវ ឬ​ការប្រើប្រាស់​ម្ជុល​សាក់​រួមគ្នា​ជាដើម។

    លោកគ្រូ​ពេទ្យ​ជំនាញ​ខាង​សុខភាព​ស្បែក​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា មុនពេល​សម្រេចចិត្ត​ចាក់​សាក់​នៅលើ​ស្បែក អ្នក​គួរតែ​ពិចារណា​ចំពោះ​ផល​ល្អ និង​ផល​អាក្រក់ ដែល​អាច​កើតឡើង​ពី​ការចាក់​សាក់​ដូច​ពោល​ខាងលើ​ជាមុនសិន ហើយ​ត្រូវ​ស្វែងរក​ព័ត៌មាន​លម្អិត​ពី​កន្លែង​ចាក់​សាក់​ដែលមាន​អនាម័យ​ត្រឹមត្រូវ និង​មាន​ជំនាញ​ច្បាស់លាស់ រួមមាន​បច្ចេកទេស​ច្បាស់លាស់​ដែល​អាច​ទុកចិត្តបាន​មុនពេល​ធ្វើការ​សាក់ព្រោះថា នៅពេលដែល​អ្នក​សាក់​នៅ​លើ​ស្បែក​ហើយ​នោះ ហើយ​បើ​អ្នកមាន​អារម្មណ៍​ចង់​លុប​សាក់ ឬ​មិន​ចូលចិត្ត​រូបសាក់​ដែល​បាន​សាក់​រួច​នោះ គឺ​នាំឱ្យមាន​បញ្ហា ឬ​ពិបាក​សាក់​ម្តង​ហើយ​សាក់​ម្តងទៀត នាំឱ្យ​ឈឺ​សាច់​ច្រើនដង ឬ​អាចមាន​បញ្ហា​ដល់​សុខភាព​ស្បែក និង​សុខភាព​រាងកាយ​ទៀត​ក៏​អាច​ថា​បានដែរ។ ស្បែក​ដែល​បាន​សាក់​រួច​ហើយ មិនអាច​ត្រឡប់មក​មាន​សភាព​ដើម​វិញ​បានទេ ដូច្នេះ​អ្នក​គួរតែ​ថែរក្សា​ស្បែក​ឱ្យបាន​ល្អ​ទើប​ជា​រឿង​ត្រឹមត្រូវ។ អ្នក​គប្បី​ទៅ​ពិនិត្យ​សុខភាព​ស្បែក​ឱ្យបាន​ច្រើនដង​ទើប​ល្អ ព្រោះ​ការ​លុប​ស្នាម​សាក់​នៅលើ​ស្បែក​ដោយ​កាំរស្មីឡាស៊ែរ ក៏​អាច​បង្កឱ្យមាន​ផ្លែ​សាច់ ដែល​ត្រូវបាន​ហៅថា“Keloid” ជា​ផ្លែ​សាច់​ដែលមាន​ដំបៅ ហើយ​ត្រូវ​ចំណាយពេល​ព្យាបាល និង​ចំណាយ​អស់​ថវិកា​កាន់​តែច្រើន​ថែមទៀត​ផងដែរ ឬអាចមានបញ្ហារហូតឈានដល់ការកើតមានជំងឺមហារីកស្បែកថែមទៀតផង៕

  • អ្នកដឹង​ទេ​ថា អាកាសធាតុ​ក្ដៅ​បែបនេះ គួរតែ​ងូតទឹក​ក្ដៅឧណ្ហៗ ឬ​ទឹក​ត្រជាក់​ល្អ?

    អ្នកដឹង​ទេ​ថា អាកាសធាតុ​ក្ដៅ​បែបនេះ គួរតែ​ងូតទឹក​ក្ដៅឧណ្ហៗ ឬ​ទឹក​ត្រជាក់​ល្អ?

    អាកាសធាតុ​ក្ដៅ​បានចូលមកដល់ទៀតហើយ ដែល​ចាប់ផ្ដើម​តាំងពី​ខែមីនាមក​ម្ល៉េះ។ មាន​អ្នក​ខ្លះទៀត ចាប់ផ្ដើម​មាន​អាការ​ចាញ់​អាកាសធាតុ កើត​ជំងឺ​គ្រុនក្ដៅ​ជាដើម ហើយអ្នក​ខ្លះទៀត​ក៏​ងាយ​នឹង​ផ្ដា​​សាយ​ផងដែរ ដោយសារតែ​ធូលី​ដី​ហ៊ុយ​នៅ​លើ​ផ្លូវ​ជា​រៀងរាល់ថ្ងៃ ក៏ដូចជា ការគួបផ្សំនៃ​ការទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​ជាដើម។

    រដូវក្ដៅ​បែបនេះ តើ​មិត្ត​ទាំងអស់គ្នា​គួរ​ជ្រើសរើស​ក្នុងការ​ងូតទឹក​ក្ដៅ ឬទឹក​ត្រជាក់​ទើប​ល្អ​សម្រាប់​សុខភាព និង​ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ឡើងវិញ? ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ជម្រាបជូន​ពី​អត្ថបទ​សុខភាព​ដ៏ល្អ​មួយ​សម្រាប់​ថែទាំ​សុខភាព​នៅក្នុងក្រុមគ្រួសារ​របស់​អ្នកក្នុងរដូវក្តៅ។

    ការ​ងូតទឹក​ក្ដៅ និង​ទឹក​ត្រជាក់
    ទឹក​ក្ដៅ​ដែល​បាន​ពោល​ខាងលើនេះ មិនបាន​សំដៅ​ដល់​ទឹក​ក្ដៅ​ខ្លាំង ក្ដៅ​ពុះ ឬ​ក្ដៅ​រាប់រយ​អង្សារនោះទេ គឺ​យើង​សំដៅ​ ​ទៅលើ​ទឹក​ដែលមាន​សីតុណ្ហភាព​ក្ដៅ​ឧណ្ហៗ ដែល​ស្ថិតនៅក្នុង​កម្រិត37អង្សាសេ។ ប្រសិនបើ​អ្នក​ងូតទឹក​ឱ្យ​បុត្រ​ធីតារបស់អ្នក​នៅពេល​ព្រឹក ហើយ​ដើរ​ចូលមកក្នុង​បន្ទប់​ដែលមាន​ម៉ាស៊ីនត្រជាក់ មាន​ខ្យល់​ត្រជាក់ នោះ​អ្នក​គួរតែ​ងូតទឹក​ក្ដៅ​នៅក្នុង​សីតុណ្ហភាព​ចន្លោះ​ពី38-39អង្សារ។ ការកំណត់​កម្រិត​ទឹក​ក្ដៅ គឺ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​មនុស្សម្នាក់ៗ អ្នកខ្លះ​ទៀត​និយម​ងូតទឹក​ក្ដៅ​ដល់​ទៅ40អង្សាសេឯណោះ តែ ​ឡារ៉ែន សូមផ្តល់យោបល់ថា វា​ហាក់ដូចជា ក្ដៅ​ពេក​ហើយ និង​ងាយ​ធ្វើឱ្យ​រលាក​ស្បែក ធ្វើឱ្យស្បែកឡើង​ក្រហម​​ថែម​ទៀតផង។

    ចំពោះ​ការ​ងូតទឹក​ត្រជាក់ ក៏ត្រូវ​មានការ​កំណត់​សីតុណ្ហភាព​ដូចគ្នា​ផងដែរ។ រាងកាយ​មនុស្ស​យើងមាន​សីតុណ្ហភាព​នៅក្នុង​ខ្លួន37អង្សាសេ ទើប​អាច​បញ្ចុះ​កម្ដៅ​បានត្រឹមតែ10អង្សាសេតែប៉ុណ្ណោះ ពោលគឺ​នៅត្រឹម27អង្សាសេ។ អ្នកខ្លះ​ទៀត​បាន​ប្រើប្រាស់​ទឹកកក​ជាមួយ​ទឹក​ធម្មតា ដើម្បីជួយឱ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ ត្រជាក់​ស្រួលខ្លួន ក៏ប៉ុន្ដែការដែល​ងូតទឹក​ត្រជាក់​ពេក​ក៏​មិនល្អ​ដែរ។ តើ​អ្នក​គួរតែ​ណែនាំ​កូនៗ និងសមាជិកក្នុងគ្រួសារ​ឱ្យ​ងូតទឹក​នៅក្នុង​សីតុណ្ហភាព​បែបណា​ទើប​ល្អ? សូមពិចារណាលើចំណុចដូច​ខាងក្រោម​នេះ។

    គុណប្រយោជន៍​នៃ​ការ​ងូតទឹក​ក្ដៅឧណ្ហៗ
    ការ​ងូតទឹក​ក្ដៅ​ឧណ្ហៗ មានគុណ​ប្រយោជន៍​ជួយ​សម្រួល​ចលនា​លំហូរឈាម​នៅក្នុង​សរ​សៃ​បាន​យ៉ាង​ប្រសើរ ឈាម​អាច​រត់​ទៅកាន់​គ្រប់សព្វ​កន្លែង​នៃ​រាងកាយ និង​ជួយ​បន្ថយ​អាការ​ហើម​ប្រអប់ជើង ហើម​កជើង តែ​បាន​ជួយ​សរសៃឈាម​នៅ​ផ្នែក​ខ្នង​បានល្អ ក្រោយ​ពេលដែល​អ្នក​ត្រឡប់​មកពី​ហាត់ប្រាណ រត់ ដើរ ឬបញ្ចេញ​កម្លាំងកាយ​ជាដើម។

    យ៉ាងណាមិញ អ្នកមិនគួរ​ងូត ឬ​ត្រាំ​ទឹក​ក្ដៅ​ក្នុង​រយៈពេល​យូរពេក​នោះទេ ព្រោះ​វា​អាច​បណ្ដាលឱ្យ​ស្បែក​របស់អ្នកស្ងួត និង​ងាយ​ខូច​ដោយសារ​កម្ដៅ​ក្ដៅ​របស់​ទឹក​នៅក្នុង​រយៈពេល​លើស​កំណត់។ ខ្លះទៀត អាច​បណ្ដាលឱ្យ​ឈាមកក ឬ​ស្ទះឈាម ដែលជា​ហេតុ​បណ្ដាលឱ្យ​ប្រព័ន្ធ​ប្រសាទ​ចុះ​អន់​ខ្សោយ និង​ងាយ​កើតមាន​ចំពោះ​មនុស្ស​វ័យ​ចំណាស់ ឬ​អ្នក​ដែលមាន​ជំងឺ​លើស​ឈាម។

    ដូច្នេះ​ការ​ងូតទឹក​ក្ដៅឧណ្ហៗ ស័​ក្តិសម​បំផុត​ចំពោះ​ការថែរក្សា​សុខភាពរាងកាយ ឬ​ក្រោយពេល​ហាត់ប្រាណ ដើម្បីឱ្យ​សាច់ដុំ​បាន​សម្រាក និង​ជួយ​សម្រួល​ផ្លូវ​អារម្មណ៍​មុនពេល​ចូល​គេង។ សូម​ជម្រាប​បន្ថែមថា លោកអ្នក​អាច​លាប​ក្រែ​មកា​រពារ​ស្បែក​ឱ្យ​កូនៗរបស់អ្នកមុនពេល​ងូតទឹក​ក្ដៅ​ឧណ្ហៗ នោះ​ក៏​ជាការ​ប្រសើរដែរ ដើម្បីឱ្យ​រន្ធ​រោម​បើកចំហ​បានល្អ។

    គុណប្រយោជន៍​នៃ​ការ​ងូតទឹក​ត្រជាក់
    ជាការ​ពិតណាស់​ទឹក​ដែលមាន​សីតុណ្ហភាព​ត្រជាក់ បាន​ជួយ​ដាស់​ដំណើរការ​ធ្វើការ​របស់​ប្រព័ន្ធ​ប្រសាទ​ឱ្យ​ភ្ញាក់ឡើង ឱ្យ​រាងកាយ​មាន​អារម្មណ៍​ស្រស់ស្រាយ ស្វាង​ពីស​ភាព​ល្វើយ​នឿយហត់​អស់កម្លាំង ហើយក្រៅពីនោះ​ក៏​ជួយ​ផ្ចិត​រន្ធ​រោម បណ្ដឹង​ស្បែក​ឱ្យ​ណែននៅក្នុង​អំឡុងពេល​ងូតទឹក ហើយវា​ក៏បាន​ជួយ​បន្ថែម​ឱ្យ​ស្បែក​មាន​សភាព​ទន់ល្មើយ​ថែមទៀត​ផង។

    ជាពិសេសចំពោះកុមារតូចៗ ការដែលអ្នក​ឱ្យកូនៗរបស់អ្នកងូតទឹក​ត្រជាក់​ពេក ក៏អាច​ហុច​ផល​មិនល្អ​ចំពោះ​សុខភាព​រាងកាយ​ដូចគ្នាដែរ ជាពិសេស​ ​គឺការ​កក់សក់​ជាមួយ​ទឹក​ត្រជាក់ អាច​បណ្ដាលឱ្យ​សក់​ឆាប់​ស្ងួត សក់​ងាយ​ខូច និង​ធ្វើឱ្យ​សុខភាព​ស្បែកក្បាល និង​សក់​ចុះ​អន់​ខ្យោ​យហើយ​ងាយកើតជំងឺផ្ដា​​សាយជាដើម។

    ដូច្នេះ​ការ​ងូតទឹក​ត្រជាក់​នៅពេល​ព្រឹក ជា​វិធីសាស្ត្រដ៏​ល្អ​មួយ និង​សមស្រប​សម្រាប់​រដូវក្ដៅ​នេះ តែ​ក៏​មិនអាច​ងូតទឹកត្រជាក់ជា​រៀងរាល់ថ្ងៃ​ដែរ អ្នក​គប្បី​លាយ​ជាមួយ​ទឹក​ធម្មតា ឬ​លាយ​ទឹក​ឱ្យមាន​សីតុណ្ហភាព​សមល្មម​ទៅនឹង​បរិយាកាស​ខាងក្រៅ។ ដូច​ដែរ​បាន​ជម្រាបជូន​ខាងលើនេះ លោកអ្នក​អាច​ពិចារណា​បាន​ហើយ​ថា គប្បី​គួរឱ្យ​កូនៗ និងសមាជិកក្នុងគ្រួសាររបស់អ្នកងូតទឹក​ក្នុង​សីតុណ្ហភាព​បែប​ប​ណាទើបល្អចំពោះសុខភាពនោះ៕

  • 4សញ្ញាគ្រោះថ្នាក់នៃអាការ “បេះដូងគាំងភ្លាមៗ”

    4សញ្ញាគ្រោះថ្នាក់នៃអាការ “បេះដូងគាំងភ្លាមៗ”

    ទោះជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺថ្លើម ឬជំងឺក្រលៀន គឺជាជំងឺដ៏គួរឱ្យភ័យខ្លាចមែនក៏ដោយ តែមិនអាចប្រៀបធៀបជាមួយនឹងអាការ “បេះដូងគាំងភ្លាមៗ” បានឡើយ… ដែលមិនអាចប្រៀបបាននោះគឺ រយៈពេលដែលបង្ហាញអាការព្រោះភាគច្រើនមនុស្សទាំងឡាយច្រើនតែមិនបានដឹងខ្លួនមុនឡើយថា កំពុងតែកើតជំងឺបេះដូង ទើបមិនដឹងថា ខ្លួនកំពុងមានភាពប្រថុយប្រថានក្នុងការកើតអាការគាំងបេះដូងភ្លាមៗ ដូច្នេះទើបមិនមានការត្រៀមខ្លួនអ្វីទាំងអស់ ហើយមានពេលត្រឹមតែមិនប៉ុន្មាននាទីប៉ុណ្ណោះមុននឹងទៅដល់ដៃគ្រូពេទ្យ ធ្វើឱ្យឱកាសរស់រានមានជីវិតពីសភាវគាំងបេះដូងភ្លាមៗនេះមានតិចបំផុត។ ដូច្នេះថ្ងៃនេះទំព័រសុខភាពរបស់ទស្សនាវដ្ដី ឡារ៉ែន សូមនាំយកវិធីសង្កេតមើលបែបងាយៗថា តើខ្លួនអ្នក ឬអ្នកនៅជុំវិញខ្លួនអ្នកកំពុងស្ថិតក្នុងសភាវគាំងបេះដូងភ្លាមៗឬ​ទេ​? ព្រោះមិនថាខ្លួនអ្នក ឬអ្នកណាក៏ដោយសុទ្ធតែមានភាពប្រថុយប្រថានក្នុងការកើតអាការនេះទាំងអស់។

    គោលការណ៍ងាយៗ ចូរនឹកដល់ពាក្យថា F A S T ជាប់ជានិច្ច
    F = Face
    ចង្វែកមាត់ម្ខាងនឹងធ្លាក់ចុះ(មើលទៅឃើញដូចរាងពេបមាត់ម្ខាង)ដោយមិនដឹងមូលហេតុ និងមិនអាចបញ្ជាឱ្យចង្វែកមាត់ត្រឡប់មកដូចដើមវិញបាន។

    A = Arms
    មិនអាចលើកដៃឡើងបានដំណាលគ្នាទាំងសងខាង ឬមិនអាចលើកដៃម្ខាងណាឡើងបាន។

    S = Speech
    វិធីការនិយាយ ការបញ្ចេញសំឡេងប្រែ-ប្រួល។ សុខៗ ក៏ចាប់ផ្ដើមនិយាយលែងច្បាស់ និយាយយឺតៗ ខុសទម្លាប់ ស្ដាប់មិនយល់។

    T = Tongue
    អណ្ដាតឡើងរឹង ឬអណ្ដាតអាចនឹងឡើងរមួល ដោយរាងកាយមិនអាចបញ្ជាទិសដៅរបស់អណ្ដាតបានឡើយ។

    8 អាការដែលប្រថុយនឹងការ “គាំងបេះដូងភ្លាមៗ”
    1. ញ័រដើមទ្រូង: បេះដូងលោតញាប់ មិនទៀងទាត់ ពេលខ្លះអាចមានអាការហត់ដង្ហក់រកកល់ខ្យល់គ។

    2. ឆាប់ហត់: នៅក្នុងសភាពពិតវិញ អាការឆាប់ហត់ក៏មានច្រើនមូលហេតុដែរ តែក៏ជាអាការមួយក្នុងចំណោមអាការរបស់ជំងឺបេះដូងដូចគ្នា។ ជាអាការហត់ក្នុងលក្ខណៈឆាប់រហ័ស ដកដង្ហើមលឿន ពេលខ្លះដង្ហក់ស្ទើរតែនិយាយមិនកើត។ ត្រូវសង្កេតមើលផងថា តើមានសំឡេងខណៈពេលដកដង្ហើមដែរឬទេ?។ បើមានអាការឆាប់ហត់ជាប់ជាប្រចាំ គឺចូលក្នុងសញ្ញាប្រថុយនឹងជំងឺបេះដូងហើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យវិនិច្ឆ័យ និងរកវិធីព្យាបាលតទៅ។

    3. ហើមជើង: នៅពេលការបឺតបាញ់ឈាមរបស់បេះដូងដំណើរការមិនល្អ ក៏អាចធ្វើឱ្យកើតអាការហើមជើងខុសប្រក្រតី ដែលពេលខ្លះក៏មិនដឹងពីមូលហេតុដែរ។

    4. ចុកណែនក្នុងដើមទ្រូង: អាការចុកដើមទ្រូង ឬណែនដើមទ្រូងនេះ មនុស្សជាច្រើនអាចច្រឡំនឹងជំងឺទឹកអាស៊ីតក្នុងក្រពះហូរបញ្រ្ចាស់ ដោយសារតែពេលខ្លះក៏អាចមានអារម្មណ៍ថាឈឺចុក ឬចុករាលទៅដល់ដើមដៃបានដូចគ្នា។ លក្ខណៈរបស់ការចុកនឹងប្រៀបដូចមានអ្វីមកសង្កត់ពីលើដើមទ្រូង ដូច្នេះត្រូវចេះសង្កេត និងញែកអាការឱ្យបានត្រឹមត្រូវ។

    5. ងងឹតមុខ វិល និងខ្យល់គរញឹកញាប់: ដោយសារតែបេះដូងមានការឈប់ដំណើរការ ទើបធ្វើឱ្យបាត់ស្មារតីមួយខណៈពេល។ បើកើតអាការបែបនេះញឹកញាប់ មិនគួរបណ្ដោយឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗ។

    6. ភ្ញាក់នៅពេលអធ្រាត្រ ព្រោះពិបាកដកដង្ហើម: ជួនកាលយើងក៏ត្រូវការខ្យល់ដកដង្ហើមច្រើនជាងប្រក្រតីដែរ ទើបធ្វើឱ្យគេងមិនបាន ជាហេតុធ្វើឱ្យត្រូវភ្ញាក់ឡើងនៅពេលយប់ជ្រៅដើម្បីដកដង្ហើម ឬក្អកឱ្យមានអារម្មណ៍ថាធូរស្រាលឡើង។

    7. ពេលគេងផ្ងារហើយពិបាកដកដង្ហើម: ​គ្រប់ពេលដែលទម្លាក់ខ្លួនគេងរាបស្មើ ឬគេងផ្ងារ ច្រើនតែពិបាកដកដង្ហើម ឬមានអារម្មណ៍ណែនថប់រហូតដកដង្ហើមមិនប្រក្រតី។

    8. ចូលចិត្តចូលបន្ទប់ទឹកកណ្ដាលយប់: បើភ្ញាក់ឡើងចូលបន្ទប់ទឹកនៅពេលយប់ជ្រៅដែលមិនមែនត្រឹមតែបត់ជើងតូច តែនៅមានអាការផ្សេងរួមជាមួយផងនោះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យពីមូលហេតុនេះហើយ។

    វិធីជួយសង្រ្គោះអ្នកដែលអាចធ្លាក់ក្នុងសភាវគាំងបេះដូងភ្លាមៗ
    នៅពេលជារឿងដែលពាក់ព័ន្ធជាមួយបេះដូង“ភាពលឿនរហ័ស” គឺជារឿងសំខាន់។ ដំបូងគេអ្នកគួរប្រញាប់ប្រាប់ទៅបុគ្គលិកមន្ទីរពេទ្យ ឬអង្គភាពសង្រ្គោះបន្ទាន់ ឬហៅរថយន្តសង្គ្រោះដែលនៅជិតបំផុត ដើម្បីដឹកជនរងគ្រោះទៅមន្ទីរពេទ្យឱ្យបានលឿន​បំផុត។ ក្នុងអំឡុងរង់ចាំការជួយសង្គ្រោះ គួរឱ្យជនរងគ្រោះគេងផ្ងារ បែរមុខទៅម្ខាង(ខាងណាក៏បាន) និងសង្កេតមើលអាការជាដំណាក់ៗ បើចាប់ផ្ដើមមានអាការបេះដូងលែងដើរហើយ ត្រូវប្រញាប់ធ្វើការជួយសង្គ្រោះដោយចលនា CPR ជាបន្ទាន់។

    វិធីការពារសភាវគាំងបេះដូងភ្លាមៗ
    មនុស្សជាច្រើនមានក្ដីប្រហែសក្នុងជីវិត មិនចូលទៅទទួលការពិនិត្យរាងកាយប្រចាំឆ្នាំឡើយព្រោះយល់ថា រាងកាយនៅមាំទាំល្អ គ្មានជំងឺដង្កាត់អ្វីឡើយ ហើយថែមទាំងហាត់ប្រាណជាប្រចាំទៀតផង តែជំងឺនេះក៏មិនមែនថាមិនដែលបង្ហាញសញ្ញាដាស់តឿនមុននោះឡើយ ព្រោះបើអ្នកមានអារម្មណ៍ថាឈឺចុក ឬណែនដើមទ្រូងខណៈពេលហាត់ប្រាណ ដើរ ឬរត់ឡើងជណ្ដើរច្រើនជាន់ រាំរែក ឬចាប់ផ្ដើមធ្វើកិច្ចការណាធ្ងន់ៗនោះគឺមានន័យថា អ្នកចាប់ផ្ដើមមានសុខភាពបេះដូងលែងមាំទាំហើយ ដូច្នេះគួរប្រញាប់ចូលទៅទទួលយកការត្រួតពិនិត្យបេះដូងជាបន្ទាន់។ ក្រៅពីនេះ រឿងអាហារការហូបចុកក៏សំខាន់ដែរ ព្រោះបើទទួលទានអាហារដែលបង្កឱ្យកើតមានខ្លាញ់ញ៉ុកណែនក្នុងសរសៃឈាមច្រើនជ្រុលពេក ដូចជា សាច់ជាប់ខ្លាញ់ អាហារដុតអាំងរួមទាំងនំបង្អែមដែលផ្អែមខ្លាំងផ្សេងៗនោះ វាក៏ជាមូលហេតុដែលបង្កើនភាពប្រថុយប្រថានក្នុងការកើតអាការគាំងបេះដូងទាន់ហន់បានដូចគ្នា៕

  • តើ​ដឹងទេ​ថា ស្រីៗចំណាយពេល​អស់​ប៉ុន្មាន​ ដើម្បី​សម្អិតសម្អាង​សម្រស់​ក្នុងមួយឆ្នាំៗ?

    តើ​ដឹងទេ​ថា ស្រីៗចំណាយពេល​អស់​ប៉ុន្មាន​ ដើម្បី​សម្អិតសម្អាង​សម្រស់​ក្នុងមួយឆ្នាំៗ?

    នារីៗមិនមែន​គ្រាន់តែ​ជាភេទ​មួយ​ដែល​ចេះតែ​គិត​ច្រើនតែ​ម្នាក់ឯង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ភេទ​នៃ​ភាព “ប៉ិន​កង្វល់” ទៀតផង ជាពិសេស​ក្នុង​រឿង​រូប​សម្ផស្ស និង​ភាពស្រស់ស្អាត​តែម្តង។ នារីៗកង្វល់​រាប់ពាន់​រាប់ម៉ឺន​រាប់សែន​មុខ សព្វបែបយ៉ាង តាំងពី​ខ្លាច​មុខ​ឡើង​ខ្លាញ់ ខ្លាច​សក់​ក្បាល​ក​ន្ទ្រី​ង​កន្ទ្រើងខ្លាច​កើតមុន ខ្លាច​ត្រគាក​ធំ​ពេក ខ្លាច​ស្លៀកពាក់​មិន​ស្អាត​ជាដើម។ តើ​ក្នុងមួយឆ្នាំៗ នារីៗខាតបង់​ពេលវេលា​ក្នុង​រឿង​ទាំងនេះ​អស់​ប៉ុន្មាន​ទៅ? ជា​មធ្យម​ក្នុង1ឆ្នាំនារីៗខាត​ពេល​ចំពោះ​រឿងនេះ​ប្រមាណ​ជា627ម៉ោង និង28នាទី ឬ​ប៊ិ​ស​តែ​ស្មើនឹង​រយ:ពេល1ខែ នេះ​គឺជា​លទ្ធផល​នៃ​ការពិនិត្យ​ស្រាវជ្រាវ​របស់ Invista ក្នុង​វេ​ប​សាយ ដេលី មេ​ល កាលពីពេល​កន្លងមក​នេះ។ លទ្ធផល​នេះ បានមកពី​ការពិនិត្យ​ស្រាវជ្រាវ​លើ​ស្ត្រី​ជនជាតិ​អង់គ្លេស​ចំនួន​ជាង2,000នាក់ ក្នុង​ប្រធានបទ​ថា តើ​ពួកនាង​មាន​កង្វល់​ក្នុង​រឿង​អ្វីខ្លះ? ហើយ​តើ​រឿង​ណា​ស៊ីពេល​ច្រើនជាងគេ​បំផុត? បើ​មិត្ត​អ្នកអាន​ដែលជា​សុភាពនារី​ចង់ដឹង​ពី​ចម្លើយ​នោះ សូម​តាមដាន​ជា​បន្តទៀត៖

    ក្តីកង្វល់​បែបនារីៗ ក្នុង1សប្តាហ៍ ៖
    • កង្វល់​ព្រោះ​មិនដឹងថា ត្រូវ​ស្លៀក​សម្លៀកបំពាក់​បែបណា ចំណាយពេល​អស់50នាទី។
    • កង្វល់​ថា តើ​សម្លៀកបំពាក់​ដែល​ស្លៀក​ហើយ​នេះ មើលទៅ​ស្អាត​ហើយ​ឬ​នៅ ចំណាយពេល​អស់1ម៉ោង32នាទី។
    • កង្វល់​ថា តើ​សម្លៀកបំពាក់​ដែល​ស្លៀក​ហើយ​នេះ បិទបាំង​ក្បាលពោះ​បានល្អ​ឬ​ អត់ ចំណាយពេលអស់1ម៉ោង26នាទី។
    • កង្វល់​ថា មិនដឹង​ជា​ស្លៀក​ឈុត​ក្នុង​ណាមួយ​ល្អ ចំណាយពេល​អស់39នាទី។
    • កង្វល់​ខ្លាច​ធាត់ ចំណាយពេល​អស់1ម៉ោង46នាទី។
    • កង្វល់​ខ្លាច​ស្គម​ជ្រុល​ពេក ចំណាយពេល​អស់22នាទី។
    • កង្វល់​ខ្លាច​ខ្លួន​ហើម ចំណាយពេល​អស់1ម៉ោង1នាទី។
    • កង្វល់​រឿង​ដើមទ្រូង​ធំ​ជ្រុល​ពេក ចំណាយពេល​អស់37នាទី។
    • កង្វល់​រឿង​ដើមទ្រូង​តូច​ពេក ចំណាយពេល​អស់32នាទី។
    • កង្វល់​រឿង​កើត​ស្នាម​អុច​ខ្មៅ ចំណាយពេល​អស់56នាទី។
    • កង្វល់​រឿង​ពណ៌​ស្បែក​មិន​ស្ថិតស្ថេរ​គង់វង្ស ចំណាយពេល​អស់50នាទី។
    • កង្វល់​រឿង​ស្បែក​ខ្លួនប្រាណ​ស្រអែម​ខ្មៅ​ជ្រុល​ពេក/ស្រអែម​ស្ទើរ ចំណាយពេល​អស់36នាទី។
    • កង្វល់​រឿង​សក់ក​ន្ទ្រី​ង​កន្ទ្រើង/សក់​ឡើង​ប្រេង ចំណាយពេល​អស់57នាទី។

    សរុប​ពេលវេលា​កង្វល់​ខ្វល់ខ្វាយ​ក្នុង​រឿងផ្សេងៗនេះ​ក្នុង​មួយ​សប្តាហ៍ ស្មើនឹង12ម៉ោង4នាទី។

    ពេល​រៀប​តាម​លំដាប់​ហើយ នឹង​មើលឃើញថា នារីៗកង្វល់​រឿង​ខ្លាច​ធាត់​ខ្លាំងជាងគេ​បំផុតបន្ទាប់មក​រឿង​សម្លៀកបំពាក់ រឿង​ក្បាលពោះ និង​រឿង​ហើម​ខ្លួន​តាម​លំដាប់​រៀងមក។ ក្រៅពីនេះ​នៅបាន​រកឃើញ​ទៀតថា បើសិនជា​ស្ថិត​ក្នុងឱកាស​ពិសេស​ណាមួយ ដូចជា មានការ​ណាត់ជួប​ជាមួយ​មិត្តភក្តិ ពិធីជប់លៀង​រួម​សាច់ញាតិ​បងប្អូន​ផង​នោះ ក្តីកង្វល់​របស់​ពួកនាង​រឹតតែ​កើន​ទ្វេ​ឡើង​ថែមទៀត មិនអាច​រលុប​បាត់​ទៅណា​ឡើយ លុះត្រា​ណា​តែ​ពេលវេលាសំខាន់ៗនោះ​កន្លងផុត​អស់​ទៅ ។

    ហ៊ឺ…! គិត​ហើយ​នឿយ​ចិត្ត​មែនទែន នេះ​ថ្នាក់នារីៗអ្នក​ដែល​ចូលរួម​ធ្វើការ​ស្រាវជ្រាវ​នៅ​ព្រម​សារភាពថា ពួកនាង​ពិតជា​ខាត​ពេល​ក្នុងការ​ខ្វល់ខ្វាយ​ច្រើនបែប​នោះ​ប្រាកដ​មែន ចុះ​មិត្ត​អ្នកអាន​វិញ​មានកា​កង្វល់​ដូច​អត្ថបទ​ខាងលើនេះ​ដែរឬទេ?

  • វិធី​ការពារ​ជំងឺមហារីក​ស្បែកសម្រាប់បុរសៗ

    វិធី​ការពារ​ជំងឺមហារីក​ស្បែកសម្រាប់បុរសៗ

    មហារីក​ស្បែក ភាគច្រើន​កើត​ចំពោះ​បុរស​ដែលមាន​ស្បែក​ខូច ដូចជា ស្បែក​រលាក ស្បែក​ខ្នង​ឡើង​មុន​ច្រើន ឬ​កន្ទួល​ក្រហម​នៅលើ​ស្បែក និង​អាច​កើតមាន​ចំពោះ​មនុស្ស​ប្រុស​ដែលមាន​ជំងឺ​ប្រចាំកាយ​រាល់ថ្ងៃ ដែល​ធ្វើឱ្យ​លោកអ្នក​ខាតបង់​ថវិកា​ជាច្រើន​ក្នុង​ការពិត​និត្យ និង​ព្យាបាល​ជំងឺ។ ការ​ហុច​ផល​ចំពោះ​សុខភាព​នៅពេល​បច្ចុប្បន្ន​នេះ អាច​បណ្ដាលមកពី​ស្បែក​ដែល​ខូច​ដោយសារ​កាំរស្មីព្រះអាទិត្យ។ មាន​មនុស្ស​ជាច្រើន​បាន​ប្រើប្រាស់​ក្រែ​ម​ការពារ​កម្ដៅថ្ងៃ ដែល​អាច​ការពារ​ស្បែក​បាន​មួយកម្រិត​តែប៉ុណ្ណោះ តែ​វា​មិនអាច​ការពារ​ស្បែក​បាន​ទាំងអស់​នោះទេ។ ការ​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ វា​អាចមាន​ប្រសិទ្ធភាព​ការពារ​បាន​ក្នុង​មួយ​ម៉ោង និង​អាច​ការពារ​បានតែ​កាំរស្មីព្រះអាទិត្យ​តែប៉ុណ្ណោះ វា​មិនបាន​ជួយ​ការពារ​ស្បែក​មិនឱ្យ​កើត​ជំងឺ​មហា​ស្បែក​បានឡើយ។

    ជាការ​ពិតណាស់ កាំរស្មីព្រះអាទិត្យ​ក៏បានផ្ដល់​វីតាមីន​មួយចំនួន​ដល់​ស្បែក​យើង​បានដែរតែ​ចំពោះតែ​កាំរស្មី​ដែលមាន​កម្ដៅខ្សោយស្រាលៗទេ (កាំរស្មីព្រះអាទិត្យ​នៅមុន​ម៉ោង9ព្រឹក) មិនមែនជា​កាំរស្មី​ដែល​ក្ដៅ​ខ្លាំង​នោះទេ។ កាលណា​ស្បែក​ត្រូវ​កម្ដៅ​កាំរស្មី​ខ្លាំងពេក អាច​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​ស្បែក និង​ហុច​ផល​មិនល្អ​ចំពោះ​សុខភាព​ស្បែក ដូចជា ការ​អាំង​ស្បែក​នៅក្រោម​ពន្លឺ​ថ្ងៃ​ក្ដៅ​ខ្លាំង​ជាដើម។

    បុរស​គួរតែ​ការពារ​ស្បែក​របស់ខ្លួនឱ្យបានល្អ គឺត្រូវថែឱ្យបានខ្ជាប់ខ្ជួនដូចនារីៗដែរ ព្រោះ​គ្រោះថ្នាក់​នៃ​ជំងឺ​មហា​រីកស្បែក​គឺអាច​កើតមាន​ចំពោះ​បុរស​ច្រើនជាង​នារីៗ ដោយសារ​ទង្វើ​ធ្វេ​ស​ប្រហែស​របស់​ពួកគេ។ កត្តា​ដែល​លោកអ្នកគួរ​ដឹង​ពី​វិធី​ការពារ​ស្បែក និង​មូលហេតុនៃការបង្ក​ឱ្យ​កើត​ជំងឺមហារីក​ស្បែក និងវិធីការពារ​ស្បែក​របស់បុរសមិនឱ្យ​កើតជំងឺ​មហារីក​ស្បែក​តាមបែប​ធម្មជាតិរួមមានដូចជា ៖

    1. ភាព​តានតឹង: សូមកុំកង្វល់​ថា បុរស​មិនអាច​ប្រើ​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​ឱ្យសោះ ភាព​តានតឹង​មួយ​នេះ​កាន់តែ​ធ្វើឱ្យ​លោកអ្នក​មាន​កង្វល់​នៅក្នុង​ចិត្ត​ទៅ​វិញ​ទេ ហើយវាក៏​ជា​កម្លាំង​ជំរុញ​មួយ​ឱ្យ​កើតមានជំងឺមហារីក​ស្បែ​កបាន​យ៉ាង​ងាយ​ផងដែរ។

    2. សារធាតុ​អង់​ទី​អុកស៊ីដ​ង់: សារធាតុ​ដែល​អាច​ការពារ​ការ​ហុច​ផល​ពី​អង់​ទី​អុកស៊ីដ​ង់​រួមមាន ផ្លែឈើ បន្លែ ជាពិសេស​បន្លែ​ស្លឹក​ប្រភេទ​ខ្លះដែល​មាន​ផ្ទុក​នូវ​សារធាតុ​ការពារ​អង់​ទី​អុកស៊ីដ​ង់​។

    3. ទទួលទានវីតាមីនល្អចំពោះសុខភាពស្បែក: ទទួលទាន​អាហារ​ដែលមាន​សា​ធាតុ​ចិញ្ចឹម​ឱ្យបាន​គ្រប់គ្រាន់​ដូចជា វីតាមីន C និង E ដែល​វា​អាច​ការពារ​ស្បែក​របស់​លោកអ្នក​បាន ហើយអ្វីដែលកាន់តែ​ពិសេស​ជាងនេះទៅទៀតនោះ​គឺ ទទួលទាន​អាហារណាដែលមានសារធាតុ អូ​មេ​ហ្កា 3 ឱ្យបានច្រើន។

    4. ចៀសវាងសារធាតុគីមី: ចៀសវាង​ការប្រើប្រាស់សារធាតុ​គីមី​ដែលមាន​គ្រោះថ្នាក់ចំពោះ​ស្បែក ដូចជា ឡេ​លាយ សាប៊ូ​ផុត​អាយុ​កំណត់ជាដើម ព្រោះ​វា​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​សុខភាព​ស្បែក។

    5. ចៀសវាងស្ថិតក្រោមកម្តៅថ្ងៃរយៈពេលយូរ: ចៀសវាង​ការអនុញ្ញាតឱ្យស្បែករបស់លោកអ្នក​ត្រូវជាមួយនឹងកម្ដៅថ្ងៃ​ខ្លាំង ឬ​ស្ថិតនៅក្រោមកម្តៅថ្ងៃក្នុង​រយៈពេល​យូរជាដើម៕