Category: សុខភាព

  • លេច​នោម មិនមែនជា​បញ្ហា​តូចតាច​ទេ សម្រាប់​ស្ត្រី

    លេច​នោម មិនមែនជា​បញ្ហា​តូចតាច​ទេ សម្រាប់​ស្ត្រី

    លេច​នោម ជា​បញ្ហា​ដែល​ជួបប្រទះ​ច្រើន​នៅលើ​មនុស្ស​ស្រី ដោយសារ​បច្ច័យ​មួយចំនួន ដូចជា ការ​មានគភ៌ ការ​ប្រសូត​បុត្រ ការវះកាត់​ខាង​ជំងឺ​ស្ត្រី ជាពិសេស​ការវះកាត់​ស្បូន។ល។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា មនុស្ស1នាក់​ក្នុងចំណោម5នាក់​ដែល​កើត​ជំងឺ​នេះ គឺជា​ស្ត្រី និង​ច្រើនជាង​បុរស​ដល់​ទៅ3ដង​ឯណោះ។

    មូលហេតុផ្សេងៗរបស់​ជំងឺ​លេច​នោម

    មូលហេតុ​សំខាន់​គឺ​ភាពខុសប្រក្រតី​ដែល​កើតឡើង​ទាំង​ខាង​ផ្នែក​នៃ​ការធ្វើការងារ និង​ខាង​ផ្នែក​រូបរាង​របស់​អវយវៈ​ដែលមាន​ចំណែក​ក្នុងការ​គ្រប់គ្រង​ការ​បន្ទោបង់​ទឹកនោម ដូចជា ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ​ដែល​គ្រប់គ្រង​ទ្រាំ​ទប់ និង​បញ្ចេញ​ទឹកនោម ប្លោកនោម បង្ហួរនោម ប្រព័ន្ធ​ខ្ជឹប​បង្ហួរនោម និង​សាច់ដុំ​ក្នុង​ឆ្អឹងត្រគាក។

    ក្នុងវ័យកុមារ : កើតឡើង​ដោយសារ​ប្រព័ន្ធគ្រប់គ្រង​ការ​បន្ទោបង់​នៅ​មិនទាន់​ដំណើរការ​ស្រួល និង​ទង្វើ​រួមទាំង​ទម្លាប់​និស្ស័យ​មួយចំនួន និង​ច្រើនតែ​ចេញមក​ក្នុង​រូប​បែប​នៃ​ការ​លេច​នោម​ដាក់​ពូក​នៅ​ពេលយប់​ញឹកញាប់។

    ក្នុងវ័យក្រមុំ : ច្រើនតែ​កើតឡើង​ដោយសារ​តែមាន​ទម្លាប់​និស្ស័យ​មួយចំនួន​ដែល​មិន​ត្រឹមត្រូវ ដូចជា ទទួលទាន​ទឹក​តិច ទ្រាំ​ទប់​មិន​ព្រម​នោម​រយៈពេល​យូរ ឬ​ញឹកញាប់ ធ្វើឱ្យ​ប្លោកនោម​កើត​មានការ​ច្របាច់​ខ្លួន​ខុស​ប្រក្រតី​រហូតដល់​ទ្រាំ​ទប់​ទឹកនោម​លែងរួច។

    សម្រាប់មនុស្សវ័យកណ្តា អ្នក​ដែល​ធ្លាប់​មានគភ៌ ឬ​ធ្លាប់​វះកាត់​ស្បូន​ពីមុនមក អាចមាន​ការចុះ​ខ្សោយរ​បស់​សាច់ដុំ​ខ្ជឹបមាត់​ប្លោកនោម ធ្វើឱ្យ​បិទ​មិន​ជិត។ នៅលើ​មនុ​ស្សវ័យ​ចំណាស់ និង​អស់​វដ្ត​រដូវ​វិញ អ័រម៉ូន​ភេទ​ស្រី​នឹង​ថយចុះ​ធ្វើឱ្យ​ប្រព័ន្ធ​ការបិទ​ខ្ជឹប​របស់​បង្ហួរនោម​ចុះខ្សោយ ធ្វើឱ្យមាន​ទឹកនោម​លេច​ជ្រាប​ចេញមក​បាន​ដូចគ្នា។

    អា​ការដែល​បង្ហាញ​ពី​ការ​លេច​នោម

    អាការផ្សេងៗរបស់​ការ​លេច​នោម​បែបនេះ​មានដូចជា មាន​អារម្មណ៍​ថា​ត្រូវតែ​នោម តែ​មិនអាច​ទៅ​នោម​បាន​ទាន់  ពេល​កណ្តាស់ ក្អកមាន​ទឹកនោម​លេចចេញ​មក អាការ​ទឹកនោម​ហូរ​ចេញមក​ដោយ​មិនដឹង​ខ្លួន ឬ​ទឹកនោម​ស្រក់​ចេញមក​ក្រោយពេល​បត់ជើងតូច​រួច​ជាដើម។

    វិធី​បំបាត់ និង​កែ​អាការ​លេច​នោម

    ការព្យាបាល អាស្រ័យ​លើ​មូលហេតុ​របស់​អាកា​រថា តើ​កើត​ភាពខ្វះ​ចន្លោះ​នៅលើ​អវយវៈ​ដែល​គ្រប់គ្រង​ការ​បត់ជើងតូច​ក្នុង​ផ្នែក​ណាមួយ។ ជាទូទៅ វិធី​ក្នុង​ការរក្សា​ព្យាបាល​មាន3យ៉ាង គឺ ការព្យាបាល​ដោយ​ទង្វើ ការព្យាបាល​ដោយ​ប្រើ​ថ្នាំ និង​ការព្យាបាល​ដោយ​វះកាត់។ អ្នក​ដែលមាន​អាការ​មិនសូវ​ខ្លាំង​ប៉ុន្មាន គួរ​ចាប់ផ្តើម​ពី​ការព្យាបាល​ដោយ​ទង្វើ គឺ​ការ​បង្វឹក​សាច់ដុំ​ក្នុង​ឆ្អឹងត្រគាក ដោយ​ការ​ខ្ជឹបមាត់​បង្ហួរនោម​ដែលមាន​លក្ខណៈ​ដូច​ពេល​ខ្ជឹប​ទ្រាំ​ទប់​នោម​អ៊ីចឹង ដោយ​ត្រូវ​ធ្វើឱ្យបាន100 ដង​ក្នុង​មួយថ្ងៃ។ វិធី​នេះ​ត្រូវមាន​ការអត់ធ្មត់ ព្រោះ​ត្រូវ​ប្រើពេល​រាប់​ខែ​ទំរាំ​នឹង​ឃើញ​លទ្ធផល និង​គួរ​ធ្វើឱ្យបាន​ជាប់លាប់ ដើម្បី​កុំឱ្យ​អាការ​នេះ​កើតឡើង​ទៀត។

    វិធីងាយៗក្នុងការ​ការពារ​មិនឱ្យ​កើត​អាការ​លេច​នោម

    . គួរ​ទទួលទាន​ទឹក​ឱ្យបាន​យ៉ាងតិច​ក្នុង​មួយថ្ងៃ​ពី8-10កែវ។

    . មិនគួ​ទ្រាំ​ទប់​នោម​ញឹកញាប់ ឬយូរៗជ្រុល​ពេក​ឡើយ។

    . ចៀសវាង​ពីស​ភាវណា​ដែល​ត្រូវ​ប្រើ​កម្លាំង​ប្រឹង​នៅ​ខាងក្នុង​ប្រអប់​ពោះខ្លាំងៗ និង​អាការ​ទល់លាមក។

    . ធ្វើ​លំ​ហាត់ប្រាណ​សាច់ដុំ​ក្នុង​ឆ្អឹងត្រគាក​ដោយ​ការ​ខ្ជឹបមាត់​បង្ហួរនោម​ជាប្រចាំ។

    បញ្ហា​ធំ​នឹង​ក្លាយជា​បញ្ហា​តូច​ដែល​អាច​ការពារ និង​ដោះស្រាយ​វិញ​បាន ដោយ​គ្រាន់តែ​កែសម្រួល​ទង្វើ​ណា​ដែល​ប្រថុយ​នឹង​ការកើត​ជំងឺ និង​ឧស្ស​ហ៍​មើលថែទាំ​ខ្លួន​ដោយ​វិធីងាយៗទាំងនេះ នារីៗសម័យថ្មី​យើង នឹង​ច្បាស់​ជា​ស្ថិតនៅ​ឆ្ងាយ​ពី​ជំងឺ​លេច​នោម​នេះ​ជាមិនខាន៕

  • ហេតុ​អី​ត្រូវ “សម្អាតកំណកកំបោរ” ចេញពី​ធ្មេញ?

    ហេតុ​អី​ត្រូវ “សម្អាតកំណកកំបោរ” ចេញពី​ធ្មេញ?

    “ទៅ​ជួប​ពេទ្យធ្មេញ​ពេលណា ត្រូវ​ពេទ្យ​បង្ខំ​ឱ្យសម្អាត​កំណកកំបោរលឿងៗចេញពី​ធ្មេញ​គ្រប់ពេល” តើ​អ្នកណា​ធ្លាប់ជួយ​បញ្ហា​នេះ​ខ្លះ? ហើយ​ពេល​ឱ្យ​ពេទ្យ​សម្អាត​កំណកកំបោរ​នោះ​ចេញ​ពេលណា ស្រៀវធ្មេញ​គ្រប់ពេល ​ថែមទាំង​អស់​លុយ​មិន​តិចតួច​ទៀតផង។ តើ​អា​កំណកកំបោរលឿងៗដែល​នៅជាប់​នឹង​ធ្មេញ​របស់​អ្នក​នោះបាន​មកពីណា? និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ខ្លាំង ឬ​តិច​ប៉ុនណាដែរ? យើង​នាំគ្នា​មក​មើល​ទាំងអស់គ្នា…។

    កំណកកំបោរលឿងៗនោះ​គឺ​ជាអ្វី?
    កំណកកំបោរ កើត​មកពី​ការដែល​មេរោគ​បាក់តេរី​នៅក្នុង​មាត់​របស់​យើង​មានប្រតិកម្ម​ជាមួយនឹង​កម្ទេច​ចំណីអាហារ​ដែល​សេសសល់​នៅតាម​កន្លៀត​ធ្មេញ ធ្វើឱ្យ​កើតជា​បន្ទះ​ហ្វិ​ល​ស្រោប​ពីលើ​ធ្មេញ​មួយ​ជាន់​ទៀត រហូត​តោង​ជាប់​ណែន​ជ្រៅ​ក្លាយជា​កំណក​កំបោរ​ពណ៌​លឿង។ កំណកកំបោរ​នេះ​អាច​កើតឡើង​បាន​ចំពោះ​មនុស្ស​គ្រប់រូប ទោះជា​លោកអ្នក​មើលថែទាំ និង​សម្អាត​ធ្មេញ​បានល្អ​ប៉ុនណា​ក៏​ដោយ ព្រោះ​ជា​រឿង​ពិបាក​ក្នុងការ​កម្ចាត់​មេរោគ​បាក់តេរី និង​កម្ទេច​ចំណីអាហារ​ចេញ​ឱ្យ​អស់ពី​ក្នុង​ប្រអប់មាត់​របស់​យើង​បាន100%​ណាស់ គ្រាន់តែ​ថា បើ​យើង​មើលថែទាំ និង​សម្អាត​ធ្មេញ និង​កន្លែងផ្សេងៗនៅក្នុង​ប្រអប់មាត់​បានល្អ​ហើយ​នោះ ក៏​នឹងមាន​កំណក​កំបោរ​​តិច​ជាង​អ្នក​ឯទៀត​ប៉ុណ្ណោះឯង។

    តើ​កំណកកំបោរ​បង្ក​គ្រោះថ្នាក់​ប៉ុនណា? មិន​កោស​ចេញ​បានដែរ​ទេ?
    បើ​អ្នក​បណ្ដោយឱ្យ​កើត​កំណកកំបោរ​នៅ​នឹង​អញ្ចាញ ឬ​នៅ​នឹង​ធ្មេញ​របស់​អ្នកយូរៗទៅអាច​នឹង​ធ្វើឱ្យ​កើតរោគ​ធ្មេញ​ពុក ឬ​រោគ​រលាក​អញ្ចាញ​បាន ដែល​វា​គឺជា​មូលហេតុដំបូងៗរបស់​សុខភាពមាត់​ធ្មេញ​ដែល​អាក្រក់ទៅជារឿយៗនៅពេល​ក្រោយ ដូច្នេះ​គួរ​ប្រញាប់​ទៅ​កោស ឬ​សម្អាត​កំណកកំបោរ​ទាំងនោះ​ចេញពី​ធ្មេញ​តាំងពី​ដំបូង​តែម្ដង​ប្រសើរ​ជាង។

    កំណកកំបោរ​នេះ អាច​កោស ឬ​សម្អាតចេញ​ដោយ​ខ្លួនឯង​បានទេ?
    នៅលើ​អ្នកខ្លះ​ដែលមាន​កំណកកំបោរ​ម​ក​តោង​ធ្មេញ​ជាប់​ណែន​រហូត​មើលឃើញច្បាស់ៗនោះ អា​ចរក​អ្វីស្រួចៗ រឹងៗមក​កេះ​ចេញ តែ ឡា​រ៉ែ​ន​ សូម​ដាស់តឿន​ថា កុំ​ធ្វើ​បែប​ហ្នឹង​ជាដាច់ខាត ព្រោះ​ក្រៅតែពី​មិនអាច​យក​កំណកកំបោរ​ចេញពី​ធ្មេញ​ដូចដែល​ខ្លួន​បាន​គិត​ហើយ​នោះ ឧបករណ៍ និង​វិធី​ដែល​លោកអ្នក​ប្រើ​នោះ អាច​នឹង​ធ្វើឱ្យ​កើត​របួសស្នាម​នៅក្នុង​ប្រអប់មាត់ រហូត​ចេញឈាម ឬ​ធ្វើឱ្យ​រលាក និង​ហើម​សាច់​អញ្ចាញ​បាន ដូច្នេះ​គួរ​ទៅឱ្យ​លោកគ្រូ​ពេទ្យធ្មេញ​ប្រើ​ឧបករណ៍​ពេទ្យ​សម្រាប់​កោស ឬសម្អាតកំណកកំបោរ​នោះ​ចេញ​វិញ​ប្រសើរ​ជាង។

    តើ​អ្នក​អាច​កាត់បន្ថយ​កំណកកំបោរ​នៅលើ​ធ្មេញ​យ៉ាងម៉េច​បាន?
    បើ​មិន​ចង់ឱ្យមាន​កំណកកំបោរ​មក​តោង​ជាប់​នឹង​ធ្មេញច្រើន ឬ​ញឹកញាប់​នោះ គួរ​ដុស​សម្អាត​ធ្មេញ​យ៉ាងតិច​បំផុត មួយថ្ងៃ2​ដង ហើយម្ដងៗត្រូវ​ដុស​សម្អាត​ឱ្យបាន​យូរ​ជាង30វិនាទី ហើយកុំ​ភ្លេចត្រូវ​រុញ​ច្រាស​ចូលទៅ​ដុស​សម្អាត​ឱ្យដល់​ធ្មេញ​ខាងក្នុង​បំផុត​ផង​។

    ជ្រើសរើស​ថ្នាំដុសធ្មេញ​ដែលមាន​ចំណែក​ផ្សំ​របស់​ផ្ល​អូ​រ៉ា​យ ដើម្បី​ការពារ​ធ្មេញ​ពុក និង​សារធាតុ​ត្រៃ​ខូ​សាន ដែល​ជួយ​ការពារ​ការកកើត​របស់​មេរោគ​បាក់តេរី។

    ដើម្បី​ជាការ​កម្ចាត់​កម្ទេចកម្ទី​ចំណីអាហារ​ដែលជា​ប់​នៅតាម​កន្លៀត​ធ្មេញ លោកអ្នក​អាច​ប្រើ​អំបោះ​ខាត់​ធ្មេញ​ក្រោយពេល​ទទួលទាន​ចំណីអាហារ​ហើយ ឬ​ប្រើ​ក្រោយពេល​ដុសធ្មេញ​ហើយក៏​បាន។

    ក្រៅពីនេះ ការកាត់បន្ថយ​អាហារ​ពពួក​ម្សៅ ស្ករ ទឹក​ភេសជ្ជៈ​កំប៉ុង និង​អាហារ​ដែលមាន​រសជាតិ​ជូរ​ខ្លាំង ក៏​អាចជួយ​ថ្នម​ស្រទាប់​ស្រោប​ធ្មេញ​មិនឱ្យ​សឹក​រហូត​មាន​កំណកកំបោរ​មក​តោង​ជាប់​បានងាយៗបានដែរ រួមទាំង​ការ​តម​ជក់បារី និង​ទៅ​ជួប​គ្រូ​ពេទ្យ​ធ្មេញ​រៀងរាល់6ខែម្ដង ដើម្បី​ពិនិត្យ​សុខភាព​ធ្មេញ​ជាប្រចាំ នឹង​ជួយ​ថែរក្សា​សុខភាព​របស់​ធ្មេញ​ឱ្យ​ស្អាត​រឹងមាំ កាត់បន្ថយ​ឱកាស​ក្នុង​ការ​កើត​កំណកកំបោរ​បាន​ដូចគ្នា៕

  • ហាត់ប្រាណ​តាម​ក្បួន ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទបុរស

    ហាត់ប្រាណ​តាម​ក្បួន ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទបុរស

    បើ​និយាយ​ពី​សមត្ថភាព​ផ្លូវភេទ​ចុះខ្សោយ គេ​ជឿថា មាន​បុរស​ជាច្រើន​បាននិង​កំពុង​ជួបប្រទះ​នឹង​បញ្ហា​មួយ​នេះ ហើយក៏​ព្យាយាម​ស្វែង-រក​ដំណោះស្រាយ​ផងដែរ ប៉ុន្តែ​ហាក់​មិនមាន​លទ្ធផល​សោះឡើយ រួមជាមួយ​នឹង​ការ​ចង់ដឹង​ណាស់​ថា តើ​មាន​ដំណោះស្រាយ​ល្អប្រសើរ​បែបណា​ទើប​អាចឱ្យ​សកម្មភាព​លើ​គ្រែ​របស់ខ្លួន​បានល្អ​ប្រសើរ​បាន? ជា​ជំនួយ និង​ជា​ដំណោះស្រាយ​បឋម សូម​សាកល្បង​ជាមួយនឹង​ការហាត់​ប្រាណ​បែបងាយៗ ត្រូវ​តាម​ក្បួនដូច​រៀបរាប់​ជូន​ខាងក្រោម​នេះ នោះ​លោក​អ្នកនឹង​ទទួលបាន​នូវភាពល្អប្រសើរ​ជាក់​ជាមិនខាន។

    1. លើក​ទម្ងន់ ៖ តាម​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ថា​ លំ​ហាត់ប្រាណ​ដូចជា​ការលើក​ទម្ងន់​នឹង​ជួយ​បង្កើន​កម្រិត​អ័រម៉ូន Testosterone នៅក្នុង​ខ្លួន។ វា​ជួយ​បង្កើន​កម្លាំង​សាច់ដុំ​ស្មា និង​ដើមទ្រូង​ឱ្យ​រឹងមាំ នឹងមាន​ភាពរហ័សរហួន​ដែលមាន​លក្ខណៈ​ល្អប្រសើរ​សម្រាប់​សកម្មភាព​ផ្លូវភេទ។

    2. ហែល​ទឹក ៖ ហែល​ទឹក​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​យ៉ាងហោចណាស់30នាទី​ឱ្យបាន3ដង​ក្នុង​មួយ​សប្ដាហ៍​នឹង​ជួយ​ឱ្យ​រាងកាយ​រឹងមាំ​ និង​មាន​ថាមពល​កាន់​តែ​ខ្លាំង ឬ​អាចជួយ​សម្រក​ទម្ងន់​ដែលមាន​សារសំខាន់​សម្រាប់​សមត្ថ​ភាព​ផ្លូវភេទ។

    3. ហាត់ប្រាណ​តាម​ក្បាច់​យូ​ហ្គា ៖ លំ​ហាត់ប្រាណ​តាមក្បាច់​យូ​ហ្គា​នឹង​ជួយ​ដល់​សកម្មភាព​ផ្លូវភេទ​បានយ៉ាងល្អ​ប្រសើរ​ជាង​មុន​ ដោយ​វា​បាន​អនុញ្ញាតឱ្យ​រាងកាយ​របស់​អ្នក​ផ្លាស់ប្ដូរ​ទៅកាន់​ដំណាក់កាល​ថ្មី​មួយ​យ៉ាង​រស់​រវើក​សម្រាប់​ផ្ដល់​អារម្មណ៍​ពេញចិត្ត​ពេញ​ថ្លើម​ជា​អតិបរមា​នៅក្នុង​ប្រតិបត្តិការ​លើ​គ្រែ។ មួយវិញទៀត​វា​ក៏​អាចជួយ​ជំរុញ​សាច់ដុំ​ត្រគាក​ឱ្យ​រឹងមាំ និង​ធ្វើឱ្យមាន​ថាមពល​ខ្លាំងក្លា​សម្រាប់​ក្នុង​ហេតុផល​ដូចគ្នានេះ។

    4. ដើរ​ឱ្យ​លឿន ៖ តាម​ការសិក្សា​ស្រាវជ្រាវ​បានឱ្យដឹងថា​ ដើរ​ឱ្យ​លឿន​ជាប្រចាំ​នឹង​ជួយ​កាត់បន្ថយ​ជំងឺ​ងាប់​លិង្គ​បាន​ចំនួន30% ជួយ​ជំរុញ​ឱ្យ​ចលនា​ឈាម​ក្នុង​ខ្លួន​រត់​បាន​ស្រួល។ លំ​ហាត់ប្រាណ​បែបនេះ ឬ​រត់យឺតៗក៏មាន​សារសំខាន់​ផងដែរ​សម្រាប់​ការពារ​ជំងឺ​គាំងបេះដូង ​និង​ធ្វើឱ្យ​រាងកាយ​រឹងមាំ​ដែលមាន​ប្រយោជន៍​បំផុត​សម្រាប់​សកម្មភាព​ផ្លូវភេទ។

    5. ហាត់ប្រាណ​បញ្ឈប់​ភាព​ឆាប់​ចេញ​ទឹកកាម ៖ វិធីសាស្ត្រ​ហាត់ប្រាណ​មួយ​ដែល​ហៅថា Kegels អាចជួយ​ពន្យារពេល​ឆាប់​បាញ់​ទឹកកាម​មុនពេល​ដល់​ចំណុចកំពូល ​ដោយ​យកដៃ​សង្កត់​ឱ្យ​ណែន ឬ​ប្រើ​កម្លាំង​ខ្ជឹប​លើ​បំពង​លំហូរ​ទឹកនោម​នៅ​ផ្នែក​ខាងក្រោម​នៃ​លិង្គ​របស់​បុរស។ ក្រោយមក​អ្នក​អាច​ធ្វើ​លំហាត់ប្រាណដោយយកដៃទៅសង្កត់កន្លែងខាងលើក្នុងពេលវេលាសមស្របណាមួយយ៉ាងហោចណាស់ឱ្យបាន10វិនាទី រួចសម្រាកមួយ​ភ្លែត និង​ធ្វើ​ឡើង​វិញ​ជាបន្តបន្ទាប់ជាប្រចាំ៕

  • វិធី​ការពារ​មិនឱ្យ​ភាយ​ក្លិន​មិនល្អ​ក្នុង​ថ្ងៃ​មក​រដូវ

    វិធី​ការពារ​មិនឱ្យ​ភាយ​ក្លិន​មិនល្អ​ក្នុង​ថ្ងៃ​មក​រដូវ

    នៅក្នុង​គំនិត​របស់​មនុស្ស​ស្រី​ស្ទើរតែ​ទាំងអស់គ្នា ថ្ងៃ​មក​រដូវម្តងៗអាច​ចាត់ទុកថា​គឺជា​ពេលវេលា​ដែល​គួរឱ្យ​ធុញទ្រាន់​បំផុត ព្រោះ​តែមានអារម្មណ៍​ទើសទាល់ ពិបាក​ក្នុង​ការធ្វើ​ចលនា មាន​អារម្មណ៍​ស្អុះស្អាប់ ជាពិសេស​គឺ​តែងតែមាន​ការបារម្ភ​ថា​ខ្លាច​មាន​ក្លិន​មិនល្អ​ភាយ​ចេញមក​ខាងក្រៅ ដោយសារតែ​ការប្រែប្រួល​នៃ​អ័រ​ម៉ូ​ន​ផង និង​ឈាមរដូវ​ផង​នោះឯង។

    បើ​ដូច្នេះ ឡា​រ៉ែ​ន គិតថា អត្ថបទ​មួយ​នេះ​នឹង​ក្លាយជា​អត្ថបទ​ដែលមាន​ប្រយោជន៍​បំផុត​សម្រាប់​ស្ត្រី​ទាំងឡាយ​ដែលមាន​ការព្រួយបារម្ភ​ពី​បញ្ហា​មួយ​នេះ ព្រោះថា​យើង​នឹង​ប្រាប់​អ្នក​ថា​តើ​អ្នក​គួរ​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​បំបាត់ចោល​នូវ​ក្លិន​មិនល្អ​អស់ទាំងនោះ។

    ងូតទឹក​សម្អាត​កាយ
    នេះ​ជា​រឿង​ចាំបាច់​បំផុត​ដែល​អ្នក​ត្រូវធ្វើ។ អ្នក​ប្រហែលជា​មានការ​ងារ​ដែល​ត្រូវធ្វើ​ក៏ពិតមែន ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ អ្នក​គួរតែ​ឆ្លៀតពេល​ងូតទឹក​សម្អាត​កាយ​ឱ្យបាន​ច្រើនជាង​ពេល​ធម្មតា​បន្តិច (អាច3ដង​ក្នុង​មួយថ្ងៃ បើ​អ្នក​មិនសូវមាន​ពេល) ហើយ​រាល់ពេល​ងូតទឹកម្តងៗអ្នក​ត្រូវធ្វើ​ការសម្អាត​រាងកាយ​ឱ្យបាន​ស្អាត​ដោយ​សាប៊ូ ជាពិសេស​នៅ​កន្លែងសំខាន់ៗមួយចំនួន​ដូចជា ប្រដាប់ភេទ (ព្រោះ​មាន​មេរោគ​ច្រើន ​ហើយ​ក៏មាន​ក្លិន​មិនល្អ​ច្រើន​ដែរ) និង​ក្លៀក​ជាដើម​ដែលជា​បណ្តុំ​នៃ​ញើស និង​បាក់តេរីផ្សេងៗដែល​បង្កឱ្យមាន​ក្លិន​ភាយ​ចេញមកក្រៅ។

    ការពារ​ខ្លួន​កុំ​ឱ្យមាន​ក្លិន​ភាយ​ចេញមកក្រៅ
    មិន​ថា​វា​ជា​ក្លិន​ខ្លួន ឬ​ក្លិនឆ្អាប​នោះទេ គឺ​សុទ្ធតែ​ត្រូវការ​ការពារ​ទុកជាមុន ដោយ​ខាងតែបាន។ ស្ត្រី​ខ្លះ​អាច​នឹងមាន​ក្លិន​ខ្លួន​ភាយ​ចេញមក​នៅពេល​មក​រដូវម្តងៗ ដូច្នេះ​បើ​មាន​វិធី​ការពារ​ទុកជាមុន​គឺជា​រឿង​ល្អ​មួយ​ដែល​អ្នក​គួរតែ​ធ្វើ។ ការប្រើ​សាជូរ សាប៊ូ កម្ចាត់​រោមក្លៀក​ចេញ និង​ប្រើ​ទឹកអប់​បន្ថែម​ក្លិនក្រអូប​ជាដើម គឺជា​វិធីងាយៗតែមាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ទប់ស្កាត់​ក្លិន​មិនល្អ​បាន។

    ជ្រើសរើស​សាច់​ក្រណាត់​សម្លៀកបំពាក់
    សាច់​ក្រណាត់​អាវ និងខោ​ទ្រនាប់​ក្នុង​ដែល​ត្រូវ​ស្លៀក​ក្នុង​ពេលវេលា​បែបនេះ គួរតែ​ជា​សាច់​ក្រណាត់​ដែល​ដេរ​ចេញពី​សំឡីកប្បាស។ ការ​ពាក់អាវរលុងៗ ក៏ដូចជា​ខោ​ទ្រនាប់​ដែល​ផលិត​ចេញពី​សំឡីកប្បាស​គឺ​ដើម្បី​ឱ្យមាន​ខ្យល់​ចេញចូល​បានល្អ មិន​ហប់ មិន​ក្តៅ ដែល​ធ្វើឱ្យ​បែកញើស ឬ​ផ្អាប់​ទុក​នូវ​ក្លិន​មិនល្អ។

    សំឡី​អនាម័យ
    និយាយ​ដល់​សំឡី​អនាម័យ ឡា​រ៉ែ​ន ដឹង​ច្បាស់​ថា អ្នកនាង​កញ្ញា​ទាំងឡាយ​ពិតជា​មាន​ម៉ាក​ប្រចាំកាយ​ដែល​តែងតែ​ប្រើ​ជាប្រចាំ​ហើយ​មែន​ទេ? ជាការ​ពិតណាស់​ប្រសិនបើ​អ្នក​រកឃើញ​ម៉ាក​ណាមួយ​ដែល​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​ស្រួលខ្លួន​មិន​ប៉ះពាល់​អី​ហើយ​នោះ គួរតែ​ប្រើ​វា​ជាប្រចាំ​ទៅ ព្រោះ​ការផ្លាស់ប្តូរ ឬ​សាកល្បង​ម៉ាកថ្មីៗញឹកញាប់​ពេក​ក៏​មិនមាន​ផល​ល្អ​ចំពោះ​អ្នក​ដែរ។

    ប្តូរ​សំឡី​អនាម័យ
    មិនមែនជា​រឿង​លំបាក​នោះទេ​ដែល​គ្រាន់តែ​ដាក់​សំឡី​អនាម័យ​ទៅតាម​កាបូប ទុក​សម្រាប់ធ្វើ​ការផ្លាស់​ប្តូរ ហើយ​ការផ្លាស់ប្តូរ​នេះ​គួរតែ​ធ្វើឡើង​ក្នុង​រយៈពេល3 ឬ4ម៉ោង​ម្តង ព្រោះ​បើ​ទុក​យូរពេក​វា​នឹង​បង្កឱ្យមាន​ក្លិន​ភាយ​ចេញមកក្រៅ​បាន ឬ​អាច​នឹង​ចម្លង​មេរោគ ឬ​រលាក​ស្បែក​របស់​អ្នក​ថែម​ទៀតផង៕

  • វិធី​ចាត់ការ​រឿង​ស្បែក ក្រោយពី​ត្រូវ​ដុត​ដោយ​កម្ដៅថ្ងៃ

    វិធី​ចាត់ការ​រឿង​ស្បែក ក្រោយពី​ត្រូវ​ដុត​ដោយ​កម្ដៅថ្ងៃ

    បន្ទាប់​ពីការដើរ​លេង​កម្សាន្ត​នា​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​យ៉ាង​សប្បាយរីករាយ​នៅតាម​ឆ្នេរសមុទ្រ ទាំង​លេង​ទឹកសមុទ្រ គេង​ហាលខ្យល់​អាន​សៀវភៅ​បែបសប្បាយៗ តែ​បែរជា​បានមក​វិញ​នូវ​អាការ​ក្រហាយ​ស្បែក រមាស់ និង​របកស្បែក​នោះ តើ​ត្រូវ​រិះរក​វិធី​ណា​កុំឱ្យ​កើត​អាការ​ទាំងនេះ?

    វិធី​ខាងក្រោម​នេះ​នឹង​ជួយ​សម្រាល​អាការ​រលាក​ស្បែក​ដោយសារ​កម្តៅថ្ងៃ ដើម្បី​ត្រៀម​ស្តារ​សភាព​ស្បែក​របស់​អ្នក​ឡើងវិញ ៖

    1. ធ្វើឱ្យ​ស្បែក​ត្រជាក់
    នៅពេល​ចាប់ផ្តើម​មាន​អារម្មណ៍​ថា ស្បែក​របស់​អ្នក​ចាប់ផ្តើម​របក ចូរ​ព្យាយាម​ធ្វើឱ្យ​ស្បែក​ត្រជាក់​ឡើងវិញ ការ​ងូតទឹក​ត្រជាក់ ហើយ​ជូត​ផ្តិត​ដោយ​កន្សែងពោះគោទន់ៗនឹង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ស្រស់ស្រាយ​ឡើងវិញ តែ​កុំ​ប្រើការ​ជូត ឬ​ដុស​លើ​ស្បែក​ឱ្យ​ស្ងួត​ឱ្យសោះ ព្រោះ​នឹង​រឹតតែ​ធ្វើឱ្យ​ស្រទាប់​ស្បែ​ករបក​ចេញ​កាន់តែខ្លាំង​ឡើង។

    2. លាប​គ្រី​ម​បំប៉ន​ស្បែក
    រក​គ្រី​ម​លាប​ស្បែក​ដែលមាន​ចំណែក​ផ្សំ​របស់​ធាង​ប្រទាល​កន្ទុយក្រពើ​លាប ដើម្បី​ឱ្យមាន​សំណើម និង​មាន​ភាព​ស្រស់បស់​នៅជាប់​លើ​ស្បែក​ឱ្យបាន​យូរ​បំផុត ព្រោះ​សារធាតុ​ដែល​ចម្រាញ់​ចេញពី​ធាង​ប្រទាល​កន្ទុយក្រពើ​ជា​ឱសថ​បុរាណ​ធម្មជាតិ​ដែលមាន​គុណសម្បត្តិ​ជួយ​ក្នុងការ​ព្យាបាល​ស្លាកស្នាម និង​ជួយ​បំប៉ន​ស្រទាប់​ស្បែក។

    3. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន
    នៅពេល​ស្បែក​របស់​អ្នក​ចាប់ផ្តើម​ខូចខាតការព្យាបាល​ឱ្យ​ត្រឡប់មក​ល្អជា​ថ្មី​ឡើងវិញ​ត្រូវ​ចាប់ផ្តើម​ពី​រាងកាយ​របស់​អ្នក ចូរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ដើម្បី​កុំឱ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹក ដើម្បី​បង្កើន​សំណើម​របស់​ស្បែក។ ការទទួលទាន​ទឹក​ប្រមាណ​ជា8-10កែវ​ក្នុង​មួយថ្ងៃ​នៅក្នុង​អំឡុង​ពេលនេះ នឹង​ល្អ​ចំពោះ​សាច់ និង​ស្បែក​របស់​អ្នក។

    4. ឈប់​អេះ
    រឿង​មួយ​នេះ​អាច​នឹង​ពិបាក​សម្រាប់​អ្នកខ្លះ តែ​ការ​អេះ ឬ​កេះ​ស្រទាប់​ស្បែក​ដែល​របក​នោះ​ចេញ អាច​នឹង​ធ្វើឱ្យ​ស្បែក​កន្លែង​ល្អ​នៅ​ជិត​នោះ​របូត​ជាប់​មកជា​មួយ​ដែរ និង​អាចធ្វើឱ្យ​កើត​ស្លាកស្នាម​ឡើង​បាន វិធី​ជួយ​សម្រាល​អាការ​រមាស់​នេះ​អាចធ្វើ​បាន​ដោយ​ប្រើ​ទឹកកក​ស្អំ។

    5. ការពារ​ស្បែក​យ៉ាង​ជាប់លាប់
    ចំណុច​ចុង​ក្រោយនេះ លើក​ក្រោយ​បើ​ចង់​សប្បាយ​តាម​ឆ្នេរសមុទ្រ ឬ​កន្លែង​ដែលមាន​កម្តៅថ្ងៃ​ខ្លាំង សូមកុំ​ភ្លេច​ការពារ​ស្បែក​របស់​អ្នក​ជាមុនដោយ​គ្រី​ម​ការពារ​កម្តៅថ្ងៃ ហើយ​បើ​ចុះ​លេង​ទឹក​ក៏​កុំ​ភ្លេច​លាប​គ្រី​ម​បន្ថែម​រាល់ពេល​ឡើង​មកពី​ទឹក ហើយ​នៅ​មិនទាន់បាន​ចូលទៅ​ក្រោម​ម្លប់។ ចូរ​លាប​គ្រី​ម​ឱ្យ​សព្វ​នៅលើ​ស្បែក ទាំង​ផ្ទៃមុខ និង​កន្លែង​ខ្លះទៀត​ដូចជា ខាងក្រោយ​ត្រចៀក​ដែល​តែងតែ​ត្រូវបាន​ភ្លេច​ជា​ញឹកញាប់​សម្រាប់​នារី​ដែល​ទើប​ចេះ​លាប​គ្រី​មថ្មីៗ៕

  • ការពន្យារ​កំណើត​ជា​អ្វី?

    ការពន្យារ​កំណើត​ជា​អ្វី?

    ការពន្យារ​កំណើត​គឺជា​ការ​អនុវត្តតាម​វិធីសាស្ត្រ​មួយចំនួន ដើម្បី​ការពារ​អ្នក​ពី​ការបង្ករ​កំណើត។ ស្ត្រី​រាប់លាន​នាក់ បានជ្រើសរើស​វិធី​នៃ​ការពន្យារ​កំណើត​ទៅតាម​កាលៈទេសៈ និង​ស្ថានភាព​សុខភាព​របស់​ពួកគេ។ មុននឹង​ធ្វើការ​សម្រេច​ចិត្ត​ថា​តើ​អ្នក​នឹងត្រូវ​ប្រើប្រាស់​វិធី​ណា ដើម្បី​ពន្យារកំណើត​នោះ​អ្នក​ត្រូវតែ​បានដឹង​ពី​គុណប្រយោជន៍ ផលវិបាក និង​កត្តា​មួយចំនួនទៀត​ឱ្យបាន​ច្បាស់​ជាមុនសិន។ ភាពច្បាស់លាស់​អស់ទាំងនោះ​អាច​កើតមានឡើង​បាន​លុះណាតែ​អ្នក​បាន​ទៅ​ជួបពិភាក្សា​ឱ្យបាន​ច្បាស់ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់បាន​ព័ត៌មានខ្លះៗអំពី​ការពន្យារ​កំណើត​ជាមុនសិន​នោះ​សូម​តាមដាន​អត្ថបទ​ខាងក្រោម​ដូចតទៅ៖

    ស្រោមអនាម័យ៖ មិន​ត្រឹម​តែមាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​មិន​ឱ្យមាន​ផ្ទៃពោះ​នោះទេ តែ​វា​ថែមទាំង​អាចជួយ​ការពារ​អ្នក​ពី​ការ​ចម្លងរោគផ្សេងៗផងដែរ។ ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ជាទី​ពេញចិត្ត​នោះ អ្នក​ក៏​ត្រូវតែ​ដឹង​ពី​របៀប​ប្រើប្រាស់ និង​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​ច្បាស់​មិនឱ្យ​មាន​រហែក ឬ​ផុតកំណត់​ប្រើប្រាស់​នោះឡើយ។ សូម​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​អ្នកជំនាញ​អំពី​វិធី​ប្រើប្រាស់ ប្រសិនបើ​អ្នក​នៅ​មិនទាន់មាន​ភាពច្បាស់លាស់​ក្នុងការ​ប្រើប្រាស់​ស្រោមអនាម័យ​ដើម្បី​ធ្វើការ​ពន្យារកំណើត។

    ថ្នាំលេបពន្យារកំណើត៖ ជាវិធីការពារអ្នកពីការមានត៌មួយប្រភេទទៀតដែលតម្រូវឱ្យអ្នកត្រូវលេបវាជារៀងរាល់ថ្ងៃ។ ថ្នាំ​នេះ មាន​ប្រភេទ​អ័រម៉ូន​ម្យ៉ាង​ឈ្មោះ អឺស​ត្រូ​ហ្សែ​ន (estrogen) និង ប្រូ​ដ្យិ​ស​ស្ដេ​រ៉ូ​ន (progesterone) ដែលមាន​តួនាទី​ការពារ​កុំឱ្យ​ស្ដ្រី​មាន​ផ្ទៃពោះ​បាន។ ការពន្យារ​កំណើត​តាមរយៈ​ការ​លេបថ្នាំ​អាចជួយ​កាត់បន្ថយ​ភាពស្លេកស្លាំង និង​កាត់បន្ថយ​ការឈឺចាប់​នៅពេល​មាន​ឈាមរដូវ​បាន​ខ្លះ ប៉ុន្តែ​វា​ក៏​បណ្តាលឱ្យមាន​ផលវិបាក​មួយចំនួន​ដូចជា វិលមុខ ឡើង​ទម្ងន់ ដោះ​ឡើង​តឹង ឈឺ​ដោះ ឈឺក្បាល ឬ​ក្អួតចង្អោរ​ជាដើម។

    ថ្នាំលេបពន្យារកំណើតន្ទាន់៖ វា​មិនមែនជា​ប្រភេទ​ថ្នាំ​ដែល​តម្រូវឱ្យ​អ្នក​លេប​ជា​រៀងរាល់ថ្ងៃ​នោះទេ តែ​វា​អាច​ការពារ​អ្នក​ពី​ការ​មាន​ផ្ទៃពោះ​បាន​តាមរយៈ​ពេលដែល​គេ​បានកំណត់ បន្ទាប់ពី​រួមភេទ​រួច។ ថ្នាំ​ពន្យារកំណើត​បន្ទាន់ អាចមាន​ប្រសិទ្ធភាព​បាន លុះត្រាតែ​លេប​បន្ទាប់ពី​មានការ​រួមភេទ​រួច​មិនឱ្យ​លើសពី72ម៉ោង។

    ថ្នាំចាក់ពន្យារកំណើត៖ វិធី​មួយ​ផ្សេងទៀត​ដែល​អាចជួយ​ការពារ​អ្នក​ពី​ការ​មាន​ផ្ទៃពោះ​នោះ​គឺ​ការចាក់​ថ្នាំ​ពន្យារកំណើត​រាល់3ខែម្តង។ ជាទូទៅ​ថ្នាំ​ប្រភេទ​នេះ គេ​ចាក់​នៅលើ​ដើមដៃ និង​នៅលើ​ត្រគាក ប៉ុន្តែ​សូមកុំ​ភ្លេច​ទៅ​ចាក់​ជាថ្មី​ម្តងទៀត​តាម​ពេលវេលា​ដែល​គ្រូពេទ្យ​បាន​ណាត់ ព្រោះ​បើ​មិន​ដូច្នេះ​ទេ​អ្នក​អាច​នឹងមាន​កូន​ដោយ​មិនដឹង​ខ្លួន​ក៏​ថា​បាន។ ការចាក់​ថ្នាំ​អាចធ្វើ​ឱ្យមាន​ការរំខាន​មួយចំនួន​ឡើង​ដូចជា ការ​មក​រដូវ​យឺតយ៉ាវ ដោះ​ឡើង​តឹង ឈឺ​ដោះ ឬ​ឈឺក្បាលតិច។

    ការពន្យារ​កំណើត​ដោយ​ប្រើ​កង៖ កង​ពន្យារកំណើត​មាន​ពីរ​ប្រភេទ គឺ​កង​ដាក់​ក្នុង​ស្បូន និង​កង​ដា​ក់ដៃ។ កង​ដា​ក់ដៃ​ស្បូន​គឺជា​ឧបករណ៍​តូច​មួយ​ដែល​អាច​បត់​បាន​សម្រាប់​ដាក់ចូល​ក្នុង​ស្បូន ដើម្បី​ការពារ​មិន​ឱ្យមាន​ផ្ទៃពោះ។ ចំណែកឯ​កង​ដា​ក់ដៃ​វិញ គឺជា​បំពង់តូចៗទន់​អាច​បត់​បាន មាន​ទំហំ​ប៉ុន​ដើមឈើ​គូស​ក្នុងនោះ​មាន​ជាតិ​អ័រម៉ូន ប្រូ​ហ្សេ​ស្ទី​ន ដែលជា​អ័រម៉ូន​ដូចគ្នា​ទៅនឹង​អ័រម៉ូន​ធម្មជាតិ​ក្នុង​ខ្លួន​ស្ដ្រី​សម្រាប់​ការពារ​ការ​មាន​ផ្ទៃពោះ។ បំពង់​ទាំងនេះ​ដាក់បញ្ចូល​ទៅ​ក្រោម​ស្បែក​ដើមដៃ​របស់​ស្ដ្រី។ កង​ដា​ក់ដៃ​មាន3ប្រភេទ ប្រភេទ​ទី1 គឺជា​កង​ដែលមាន​បំពង់6ដើម ការពារ​បាន7ឆ្នាំ។ ប្រភេទ​ទី2 គឺ​កង​មាន2ដើម ការពារ​បាន5ឆ្នាំ។ រីឯ​ប្រភេទ​ទី3 គឺ​កង1ដើម ការពារ​បាន3ឆ្នាំ។ ការដាក់​កង​អាច​ផ្តល់នូវ​ភាពងាយស្រួល មិនមាន​ការរំខាន​ដល់​ការរួម​ភេទ មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់ សមស្រប​សម្រាប់​ស្ត្រី​ដែល​បំបៅ​ដោះ​កូន ហើយ​វា​ក៏​ជា​វិធី​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​ពន្យារកំណើត​ក្នុង​រយៈពេល​វែង។

    នៅមាន​វិធី​ពន្យារកំណើតផ្សេងៗទៀត​ដែល​អ្នក​អាចអនុវត្ត ប៉ុន្តែ​មិន​ថា​អ្នក​ជ្រើសរើស​វិធី​ពន្យារកំណើត​ណាមួយ​នោះទេ សូម​ទៅ​ជួប​ពិគ្រោះ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ច្បាស់លាស់ និង​ត្រឹមត្រូវ ដើម្បី​ស្វែងរក​វិធី​ពន្យារកំណើត​មួយ​ដែល​សមស្រប​បំផុត​សម្រាប់​ខ្លួន​អ្នក។ ម្យ៉ាងវិញទៀត​សូម​ចងចាំ​ឱ្យបាន​ច្បាស់​នូវ​ករណី​មួយចំនួន​ដែល​គ្រូពេទ្យ​បាន​ហាម​មិន​ឱ្យធ្វើ ដើម្បី​ចៀសវាង​ការកើតមាន​នូវ​បញ្ហាផ្សេង៕

  • ត្រសក់មានប្រយោជន៍ជួយការពារភាពជាំខ្មៅនៅបរិវេណក្លៀក

    ត្រសក់មានប្រយោជន៍ជួយការពារភាពជាំខ្មៅនៅបរិវេណក្លៀក

    បើនិយាយពីបន្លែត្រសក់ អ្នកប្រាកដជាស្គាល់ហើយ ដែលបន្លែប្រភេទនេះគេតែងយកវាមកធ្វើអន្លក់ ល្បោយ ឆា ឬស្លរទៅតាមតម្រូវការក្នុងការធ្វើម្ហូបអាហារ។ ក្រៅពីការប្រើនៅក្នុងការទទួលទានហើយនោះ ត្រសក់ក៏មានសារប្រយោជន៍ជាច្រើនចំពោះរាងកាយមនុស្ស គឺគេអាចយកត្រសក់ទៅច្នៃជាប្រយោជន៍ផ្នែកថែរក្សាសម្រស់ស្បែកផងដែរ។ នៅក្នុងផ្លែត្រសក់មានផ្ទុកសារធាតុទឹក ដែលជាសារធាតុផ្សំសំខាន់រហូតដល់ទៅ 96% ដែលមានគុណសម្បត្តិសម្រាប់បង្កើនភាពស្រស់ស្រាយដល់ស្បែក។ មិនតែប៉ុណ្ណោះវាមានផ្ទុកនូវវីតាមីន C កាល់ស្យូម និងប៉ូតាស្យូម ដែលសុទ្ធសឹងតែជួយឱ្យស្បែកមានសុខភាពល្អ។ ត្រសក់អាចកម្ចាត់មុននៅលើផ្ទៃមុខបាន ដោយការយកសាច់ត្រសក់មកឈូសជាសរសៃ ឬជាចំណិតស្តើងៗមកបិតនៅលើផ្ទៃមុខ និងក រួចទុកចោលពី10-20នាទី។ ផ្លែត្រសក់មានប្រយោជន៍ជួយ ការពារការកើតមុនធម្មតា និងមុនមុខខ្មៅបានផងដែរ។ ប្រសិនបើអ្នកអនុវត្តវិធីនេះបានញឹកញាប់ អ្នកអាចបុកផ្លែត្រសក់ឱ្យម៉ដ្ឋ រួចច្រោះយកតែទឹកយកទៅលាបនៅលើស្បែក នឹងជួយឱ្យស្បែករបស់អ្នកកាន់តែមានសម្រស់ស្រស់ស្អាត មានសំណើម និងមិនស្ងួតបែកស្រកា។

    អត្ថប្រយោជន៍របស់ផ្លែត្រសក់ក៏អាចលុបបំបាត់ស្នាមជាំខ្មៅនៅត្រង់រន្ធញើសក្រោមក្លៀក ដោយគ្រាន់តែប្រើគ្រឿងផ្សំដូចជា៖
    – ប្រេងដូង 1ស្លាបព្រាបាយ
    – ទឹកត្រសក់ 1ស្លាបព្រាកាហ្វេ
    – ទឹកក្រូចឆ្មារ 1ស្លាបព្រាកាហ្វេ
    – ម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ។

    របៀបអនុវត្ត
    ក្រោយពីងូតទឹករួច ចូរជូតខ្លួនឱ្យស្អាត ហើយយកសំឡីមកជ្រលក់ប្រេងដូងយកមកជូតនៅបរិវេណក្រោមក្លៀករាងជារង្វង់ បន្ទាប់មកលាយទឹកត្រសក់ ទឹកក្រូចឆ្មារ និងម្សៅរមៀតចូលគ្នាឱ្យសព្វ រួចយកមកលាបត្រង់បរិវេណក្រោមក្លៀកទុកចោលរយៈពេល20នាទី សឹមលាងទឹកស្អាត ហើយជូតឱ្យស្ងួត។ អ្នកគួរអនុវត្តវិធីនេះ 2-3ដងក្នុងមួយសប្តាហ៍ នោះក្លៀករបស់អ្នកនឹងមានពណ៌សគួរឱ្យចង់គយគន់ជាមិនខាន ជួយឱ្យអ្នកមានភាពជឿជាក់ក្នុងការបង្ហាញពីភាពស្រស់ស្អាតរបស់អ្នកនៅក្នុងចំណោមមនុស្សជាច្រើនយ៉ាងមានសេរីភាព។ ជាងនេះទៅទៀត ផ្លែត្រសក់ថែមទាំងមានប្រយោជន៍ចំពោះកែវភ្នែកទៀតផង ប្រសិនបើមានអាការរមាស់ផ្សានៅក្នុងភ្នែក ឬមានសភាពហើមភ្នែក នេាះអ្នកត្រូវយកផ្លែត្រសក់ទៅក្លាស្សេ ហើយចិតជាចំណិតស្តើងៗ យកមកបិតនៅលើត្របកភ្នែកទាំងសងខាង រួចគេងមួយស្របក់ ដើម្បីសម្រាកភ្នែកប្រហែលជា10នាទី នឹងជួយឱ្យភ្នែករបស់អ្នកប្រែមកជាមានសភាពស្រស់ស្រាយឡើងវិញ ព្រោះថានៅក្នុងផ្លែត្រសក់មានជាតិវីតាមីន និងសារធាតុខនិជខ្ពស់ ថែមទាំងជួយកាត់បន្ថយនូវអាការចុករោយក្នុងភ្នែកថែមទៀតផង គឺល្អចំពោះអ្នកដែលត្រូវប្រើភ្នែកសម្លឹងច្រើន និងរយៈពេលយូរ ឬទទួលរងនូវធូលីដី និងផ្សែងច្រើន៕

  • ញ៉ាំ​ត្រី ជួយ​ដល់​រឿង IQ និង​ការ​គេង​លក់​របស់​កុមារ

    ញ៉ាំ​ត្រី ជួយ​ដល់​រឿង IQ និង​ការ​គេង​លក់​របស់​កុមារ

    លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រកឃើញថា ក្មេង​ដែល​បាន​ញ៉ាំ​ត្រី​យ៉ាងតិច​មួយអាទិត្យ 1ដង ឬ​ច្រើនជាង​នេះ នឹងធ្វើ​ឱ្យ​ការ​គេង​ល្អប្រសើរ​ឡើង ហើយ​លទ្ធផល​សាកល្បង​កម្រិត​ប្រាជ្ញា​ស្ថិតក្នុង​លំដាប់​ដែល​ល្អ​ជាង​ក្មេង​ដែល​មិនបាន​ញ៉ាំ​ត្រី ឬ​ញ៉ាំ​តិច​ជាងមួយ​សប្ដាហ៍​មួយដង។

    គេហទំព័រ CNN បាន​នាំយក​របាយការណ៍​មួយ​ដែល​បានទទួល​ការបោះពុម្ពផ្សាយ​នៅក្នុង The Journal Scientific Report ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​បានបង្ហាញ​ឱ្យឃើញថា អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា3ដែល​គេ​ឃើញ​មាននៅ​ក្នុង​សាច់​ត្រី​ជាច្រើន​ប្រភេទ ដូចជា ត្រី​សាល់​ម៉ុ​ន ត្រី​សារ​ឌី​ន និង​ត្រី​ប្លាធូ មាន​ចំណែក​ជួយ​ធ្វើឱ្យ​កម្រិត​ភាព​ឆ្លាត​វៃ និង​ការ​គេង​លក់​របស់​កុមារ​ល្អប្រសើរ​ឡើង។

    តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​កុមារ​ជនជាតិ​ចិន​ច្រើនជាង 500នាក់​ដែលមាន​អាយុ​អំឡុង​ពី 9-11ឆ្នាំ​ជាមួយនឹង​សំណួរ​ថា តើ​ពួកគេ​ញ៉ាំ​ត្រី​ចំនួន​ប៉ុន្មាន​ដង​ក្នុង​មួយខែ​កន្លងមក ជាមួយនឹង​ចម្លើយ​ឱ្យ​ជ្រើសរើស​គឺ “មិនដែល​សោះ” និង “យ៉ាងតិច​មួយអាទិត្យ 1ដង”។

    ក្នុង​ក្រុម​កុមារ​ដែល​ឆ្លើយថា ញ៉ាំ​ត្រី​រៀងរាល់​សប្ដាហ៍​មាន​ពិន្ទុ​វាស់ IQ 4.8 ខ្ពស់ជាង​កុមារ​ដែល​ឆ្លើយថា មិន​ញ៉ាំ​ត្រី​សោះ ឬ​ញ៉ាំ​ដែរ តែ​ញ៉ាំ​តិច។ ដោយ​ក្រុម​អ្នកស្រាវជ្រាវ​មិនបាន​សួរក្មេងៗថា តើ​ត្រី​ប្រភេទ​ណា​ដែល​ពួកគេ​បាន​ញ៉ាំ​នោះឡើយ ក្នុងខណៈ​ក្រុម​ដែល​ឆ្លើយថា ញ៉ាំ​ត្រី​ដែរ តែ​ញ៉ាំ​មិន​ញឹកញាប់​មាន​ពិន្ទុ IQ 3.3។

    ចំណែក​ចម្លើយ​ពី​ក្រុមគ្រួសារក្មេងៗពាក់ព័ន្ធ​នឹង​គុណភាព​ការ​គេង​វិញ បាន​រកឃើញថា ក្មេង​ដែល​បាន​ញ៉ាំ​ត្រី​ជាប្រចាំ ច្រើន​មានគុណ​ភាព​នៃ​ការ​គេង​ល្អប្រសើរ​ជាង ព្រោះ​គ្មាន​រឿង​មករុកកួន​រំខាន​ក្នុងអំឡុងពេល​គេង​លក់​ឡើយ។ ក្នុង​ចំណុច​ល្អ​ដែល​កើតឡើង​នេះ ធ្វើឱ្យ​ក្រុមអ្នកវិភាគ​ណែ​នាំទៅ​ឪពុកម្ដាយ ​អ្នកអាណាព្យាបាល​ឱ្យ​បន្ថែម​សាច់​ត្រី​ចូលទៅក្នុង​មុខម្ហូប​របស់​កុមារ និង​បង្ហាត់​ឱ្យ​កុមារ​ចេះ​ញ៉ាំ​ត្រី​តាំងពី​អាយុ2ឆ្នាំ​ឡើងទៅ។

    ត្រី​ជាស​ត្វ​ដែល​មានគុណ​តម្លៃ​ខាង​ភោជនាហារ​ខ្ពស់ និង​ជា​អាហារ​មួយ​ក្នុងចំណោម​អាហារ​ដ៏​ពេញនិយម ព្រោះ​នៅក្នុង​សាច់​ត្រី​មាន​ប្រូតេអុីន​ដែល​ល្អ និង​សម្បូរ​ទៅដោយ​ខ្លាញ់​ល្អ ស័ក្តិសម​សម្រាប់​អ្នក​ដែល​កំពុងស្ថិត​ក្នុងអំឡុង​ពេល​បញ្ចុះទម្ងន់ ហើយ​ត្រី​ប្រភេទ​ខ្លះ​ថែមទាំង​មាន​អូ​មេ​ហ្កា3 ដែលជា​អាស៊ីត​ខ្លាញ់​ល្អ​ដែល​ជួយ​បង្កើន​សុខភាព​បេះដូង និង​សរសៃឈាម ដែល​គេ​ប្រទះឃើញ​មាន​ច្រើន​នៅក្នុង​ត្រី​សាល់-​ម៉ុ​ន ជាពិសេស​ត្រី​សាល់​ម៉ុ​ន​ដែល​រស់​នៅតាម​ធម្មជាតិ​នឹងមាន​វីតាមីន និង​សារធាតុ​រ៉ែ​ខ្ពស់​ណាស់៕

  • 9ចំណុចគួរ​យល់ដឹង​មុនពេល​គេង ដើម្បី​សោភ័ណភាព​ស្បែក

    9ចំណុចគួរ​យល់ដឹង​មុនពេល​គេង ដើម្បី​សោភ័ណភាព​ស្បែក

    ការធ្វើឱ្យ​សម្រស់​ស្រស់ស្អាត​ផូរផង់ គឺមាន​វិធី​ច្រើនបែប​ច្រើនយ៉ាង​ណាស់ ប៉ុន្តែ​មាន​ចំណុច​ខ្លះ​ដែល​មិត្ត​នារី​គួរ​យល់ដឹង​បន្ថែមដើម្បីឱ្យ​សម្រស់​កាន់តែ​ស្រស់ស្អាត​ថ្វេ​ដង។ ចំណុច​ដែល​អ្នក​គួរកត់សម្គាល់​មានដូចជា ៖

    1. ការ​ម៉ាស្សា​នៅលើ​ផ្ទៃមុខ​មុនពេល​ចូល​គេង: វិធី​នេះ​នឹង​ជួយ​ធ្វើឱ្យ​អ្នក​ទទួលទានដំណេក​បាន​លក់​ស្រួល និង​មាន​អារម្មណ៍​ស្រស់ស្រាយ​ពេល​ភ្ញាក់​ពី​ដំណេក​នាពេល​ព្រឹក។ អ្នក​ត្រូវយក​ចុង​ម្រាមដៃ​នាង​របស់​អ្នក​ម៉ាស្សា​ជា​រង្វង់តូចៗ ច​ម្លោះ​ចិញ្ចើម ចង្អូរ​ច្រមុះ ចង្កា និង​រង្វះមាត់។ បន្ទាប់មក​ត្រូវ​លាងមុខ​ដោយ​ទឹក​ក្តៅឧណ្ហៗ ហើយ​ជូត​មុខ​ឱ្យ​ស្ងួតថ្នមៗជាមួយនឹង​កន្សែង​ដែលមាន​រោមទន់ៗជាការ​ស្រេច។

    2. ការប្រើប្រាស់​ផលិតផល​ជំនួយ​ស្បែក​នៅពេល​យប់: វា​មិន​គ្រាន់តែ​ជួយ​ដល់​ស្បែក​ដែល​ទទួលរង​នូវ​ការប៉ះពាល់​ពេញ​មួយថ្ងៃ​នោះទេ ប៉ុន្តែ​ជាតិ​ក្រែ​ម​នឹង​ជ្រាបចូល​ជ្រៅ​ទៅក្នុង​ស្បែក​ជួយ​ថែរក្សា​ស្បែក និង​ផ្តល់​សំណើម ជួយ​បំប៉ន​ស្បែក ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នកមាន​ភាព​ទន់ល្មើយ​គួរឱ្យ​ចង់​ស្ទាបអង្អែល។ ការជ្រើសរើស​ប្រភេទ Night Cream ដែល​ត្រូវ​នឹង​ស្បែ​កមុខ នោះ​គឺ​គួរ​ជ្រើសរើស​ប្រភេទ Night Cream ឱ្យ​ត្រូវ​ជាមួយនឹង​សភាព​ស្បែក​របស់​អ្នក និង​គួរប្រើ​កម្លាំង​ដៃថ្នមៗ លាបស្រាលៗ និង​គួរប្រើ​ក្រែ​ម​បែប​ស្តើង មិនគួរ​ប្រើ​ក្រែ​ម​ច្រើនពេក​នោះទេ ព្រោះ​វា​មិនមាន​ប្រយោជន៍​នោះទេ នាំ​តែ​ធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​ឡើង​ខ្លាញ់​រងើម​នៅពេល​ព្រឹក​ប៉ុណ្ណោះ។

    3. មិនគួរ​លាបម្សៅ​ផាត់​នៅមុន​ពេល​ចូល​គេង: ការ​លាបម្សៅ​ផាត់មុខ​មុន​ចូល​គេង វា​អាច​បង្ក​ឱ្យ​កើតការ​ស្ទះ​រន្ធ​ញើស​លើ​ផ្ទៃមុខ ហើយ​បើឡើង​រលោង គួរតែ​កែប​ញ្ហា​នេះ ដោយ​ការប្រើ​ក្រដាស​ជូត​ផ្តិត​យក​ជិត​ខ្លាញ់​ចេញ​ទើប​ល្អ។ យ៉ាងណាមិញ អ្នក​ត្រូវ​ចងចាំ​ថា មិនត្រូវ​ទុក​ផ្ទៃមុខ​ដែលមាន​ម្សៅ​ផាត់ ឬ Makeup ហើយ​ចូល​គេង​នោះទេ ត្រូវ​លាងមុខ​ជាមុនសិន​ទើប​ជាការ​ប្រសើរ។

    4. ទម្លាប់​គេង​ផ្ងារ​ជា​ទម្លាប់​ល្អ​ចំពោះ​ស្បែ​កមុខ: នេះ​គឺជា​គន្លឹះ​អាថ៌កំបាំង​មួយ​ដែល​ធ្វើឱ្យ​ស្បែក​មុខ​មើលទៅ​ក្មេង​ជាង​វ័យ​របស់​ជនជាតិ​ចិន ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ទម្លាប់ ហើយ​ចូលចិត្ត​គេង​ផ្អៀង អ្នក​ត្រូវ​ប្តូរ​ស្រោមខ្នើយ​ពី​ស្រោមខ្នើយ​ដែល​ប្រើ​ក្រណាត់​ធម្មតា​មកជា​ក្រណាត់​សូត្រ ឬ​ក្រណាត់​សា​ទីន​វិញ ព្រោះ​វា​មានភាព​រអិល ហើយ​ភាព​រលោង និង​រអិល​នៃ​សាច់​ក្រណាត់​សូត្រ​នេះ​នឹងមិន​ធ្វើឱ្យ​កើត​ស្នាម​នៅលើ​ផ្ទៃមុខ​របស់​អ្នក ដែលជា​ហេតុបង្ក​ឱ្យ​កើត​ស្នាក​ស្នាម និង​ជ្រួញ​នៅលើ​ផ្ទៃមុខ​ថែម​ទៀតផង។

    5. កន្លែង​គេង​មាន​អនាម័យ: នៅក្នុង​កន្លែង​គេង​របស់​អ្នក អ្នក​គួរ​សម្អាត​ឱ្យ​ស្អាត និង​មាន​អនាម័យ​ល្អ ប្រសិនបើ​អ្នក​មិនបាន​ធ្វើការ​សម្អាត​ឱ្យបាន​ញឹកញាប់​ទេនោះ ស្បែក​របស់​អ្នកនឹង​ប៉ះ​ជាមួយនឹង​វត្ថុ​កខ្វក់​ទាំងនោះ ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ស្បែក​មុខ​របស់​អ្នក​ដូចជា ធ្វើឱ្យ​ស្បែ​កមុខ​ចុះខ្សោយ ឆាប់​ប្រតិកម្ម និង​កើតមុន​ជាដើម។ ដូច្នេះ​អ្នក​គួរ​មាន​អនាម័យ​ជាប់​ជានិច្ច ដោយ​ធ្វើការ​សម្អាត​បន្ទប់​គេង​របស់​អ្នក​ឱ្យបាន​ស្អាត មិនឱ្យ​មាន​ធូលី​ដី និង​គួរ​បើក​បង្អួត​ឱ្យ​ខ្យល់​ចេញចូល​នៅក្នុង​បន្ទប់​គេង​គ្រប់គ្រាន់ ដើម្បីឱ្យ​បរិយាកាស​នៅក្នុង​បន្ទប់​គេង​មាន​សភាព​ស្រស់ស្រាយ​គួរឱ្យ​ចង់​គេង​សម្រាក។

    6. ការប្រើ​ម៉ាស​ក្លាស្សេត្រជាក់ៗបិទ​ភ្នែក: អ្នក​អាច​ប្រើ​ម៉ា​សបិទ​ភ្នែក ដែលមាន​លក់​នៅលើ​ទីផ្សារ ដោយ​គ្រាន់តែ​យក​ម៉ាស​ទាំងនោះ​ទៅ​ក្លាស្សេ​នៅក្នុង​ទូទឹកកក រួច​យកមក​បិទ​ផ្អាប់​ទុក​នៅលើ​ត្របកភ្នែក​របស់​អ្នក​រយៈពេល15នាទី ឬ​លើស​នេះ​បន្តិចបន្តួច​ក៏បាន។ ប្រសិនបើ​អ្នក​មិនមាន​ម៉ាស​ទេនោះ អ្នក​ក៏​អាច​ប្រើ​បន្ទះ​សំឡី​ជ្រលក់​ទឹកតែ​យកមក​បិទ​នៅលើ​ត្របកភ្នែក​ក៏បានមុន​ពេល​អ្នក​ចូល​គេង។ការធ្វើ​បែបនេះ​អាចជួយ​កាត់បន្ថយ​អាការ​ហើម​ក្រោម​ភ្នែក និង​ធ្វើឱ្យ​ភ្នែក​របស់​អ្នកមាន​សភាព​ស្រស់ថ្លា​នៅពេល​ភ្ញាក់​ពី​គេង​នាពេល​ព្រឹក។

    7. មិនត្រូវ​ទទួលទាន​ទឹក​ច្រើន​នៅមុន​ពេល​ចូល​គេង​ឡើយ: ការទទួល​ទាន​ទឹក​ច្រើនពេក​នៅមុន​ពេល​ចូល​គេង អាចធ្វើឱ្យ​អ្នក​ពិបាក​គេង និង​ត្រូវ​ចូល​បន្ទប់​ទឹកជា​ញឹកញាប់។ ក្រៅពី​មិនត្រូវ​ទទួលទាន​ទឹក​ច្រើន​ហើយ​នោះ នៅពេល​ចូល​គេង​អ្នក​គួរតែ​ជ្រើសរើស​ប្រើ​ខ្នើយកើយ​ដែលមាន​រាង​ខ្ពស់​បន្តិច ដើម្បី​ការពារ​អង្គធាតុ​រាវ​ហូរ​ទៅ​ផ្តុំគ្នា​នៅលើ​ផ្ទៃមុខ​របស់​អ្នក ដែលជា​ហេតុ​ធ្វើឱ្យ​មុខ​របស់​អ្នក​កើតមាន​អាការ​ហើម​ស្ពុល​នៅពេល​ភ្ញាក់​ពី​គេង​ថែម​ទៀតផង។

    8. ហាត់​ធ្វើ​សមាធិ​រយៈពេល10នាទី​មុនពេល​ចូល​គេង: ការធ្វើ​សមាធិ​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្ងប់ និង​ធ្វើឱ្យ​អ្នក​គេង​លក់​ស្កប់ស្កល់​ល្អ។ នៅពេលដែល​អ្នក​គេង​លក់​ល្អ អារម្មណ៍​របស់​អ្នក​ក៏​ស្រស់ថ្លា នោះ​រាងកាយ និង​ស្បែក​របស់​អ្នក​ក៏មាន​សភាព​ស្រស់ស្រាយ​ល្អ​ទៅតាម​នោះដែរ។

    9. ការធ្វើ​ចលនា​រាងកាយ​រហ័សរហួន​នៅពេល​ព្រឹក: នៅពេល​ភ្ញាក់​ពី​គេង អ្នក​គួរតែ​ចេញទៅ​ឈរ​ពត់​សរសៃ​សរ​សូង ទៅ​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ និង​ទៅ​ស្រូបយក​ពន្លឺ​ថ្ងៃ​នាពេល​ព្រឹក​ព្រលឹម នឹងធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នក​ស្រស់បស់​ល្អ ដើម្បី​ត្រៀម​ជាស្រេច​ក្នុងការ​បំពេញការងារផ្សេងៗពេញ​មួយថ្ងៃ​បាន​យ៉ាង​ល្អប្រសើរ៕

  • តើ​ត្រូវ​ពិនិត្យ និង​ថែរក្សា​សម្រស់​បែបណា ដើម្បីឱ្យ​ស្រស់ស្អាត​ជាទី​គាប់ចិត្ត?

    តើ​ត្រូវ​ពិនិត្យ និង​ថែរក្សា​សម្រស់​បែបណា ដើម្បីឱ្យ​ស្រស់ស្អាត​ជាទី​គាប់ចិត្ត?

    មួយ​ក្នុងចំណោម​ភាព​រីករាយ​របស់​មនុស្ស​យើង​មិន​ថា​នារី ឬ​បុរស​នោះទេ ភាពស្រស់ស្អាត​គឺ​សំខាន់​ជាងគេ។ នៅពេល​អ្នកជា​មនុស្សម្នា​ក់​ដែល​បាន​ស្ពាយ​ភាពស្រស់ស្អាត​មកជា​ប់​ខ្លួន ឬ​អ្នក​បាន​ស្ពាយ​ភាព​ទាក់ទាញ​មក​តាម គឺ​មិនមាន​បញ្ហា​នោះទេ គ្រាន់តែ​អ្នកថែរក្សា​ឱ្យ​បានល្អ​ទៅបាន​ហើយ។ ហេតុដូច្នេះ​ការពិនិត្យ​ព្យាបាល និង​ការពារ​គ្រប់បែបយ៉ាង​ដែល​អ្នកមាន​នេះ​ឱ្យ​បានល្អ​បំផុត​នោះ គឺជា​ទង្វើ​ដ៏​គាប់ប្រសើរ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ភាពស្រស់ស្អាត​ដូចជា​រូបអ្នក​។ ដូច្នេះ​បើ​ចង់បាន​ភាពស្រស់ស្អាត​ជាទី​គាប់ចិត្ត តើ​អ្នក​ត្រូវ​ពិនិត្យមើល​លើ​អ្វីខ្លះ?

    មើល​ផ្ទៃមុខ: បើ​មាន​មុន​ត្រូវតែ​ព្យាបាលហើយ​បើទោះជា​មិនទាន់​កើត​ក៏ត្រូវ​តែ​ចេះ​ការពារ​ទុកជាមុន​ដែរ។ ទោះ​ជិត​ចូលដល់​រដូវវស្សា​ហើយក៏​ដោយ ក៏​អាកាសធាតុ​នៅតែ​ក្តៅ​ដដែល ដូច្នេះ​រឿង​ល្អ​បំផុត​គឺ​អ្នក​ត្រូវតែ​ឆ្លាត​វៃ​នៅក្នុង​ការថែរក្សា។

    បែកញើស: បើក​ញើស​ច្រើនពេក​ក៏​មិនល្អ​ដែរ​វា​អាចធ្វើ​ឱ្យមាន​ក្លិន​មិនល្អ ស្រួល​មិន​ស្រួល​នឹងធ្វើ​ឱ្យ​កើតមុន​ទៀតផង ដូច្នេះ​អ្នក​គួរតែ​លាង​សម្អាត​ញើស​នោះ​ចេញ​ឱ្យបាន​ស្អាត​គ្រប់ពេល។ រឿង​មួយទៀត​ដែល​អ្នក​អាចធ្វើ​ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ញើស​នោះ​គឺ​ការជ្រើសរើស​សម្លៀកបំពាក់​ណា​ដែល​រលុង​អាចឱ្យ​ស្បែក​ដកដង្ហើម​បាន​ហើយ​ជា​ប្រភេទ​ក្រណាត់​ផលិត​ពី​សំលីកប្បាស។

    ជូត​មុខ: នៅ​មិន​សុខ ដៃ​ចេះតែរ​ពិស បន្តិចជូតៗ នេះហើយ​ដែល​ធ្វើឱ្យ​មុខ​មាន​បញ្ហា។ កាន់តែ​ជូត​ជាតិ​ទឹក​នៅលើ​ស្បែក​មុខ​ចេញ​កាន់តែ​ធ្វើឱ្យ​ស្បែក​មុខ​បាត់បង់​ជាតិ​ទឹក​ប៉ុណ្ណោះ​ដែរ ហើយ​ពេលដែល​ស្បែក​បាត់បង់​ជាតិ​ទឹក អ្នក​ក៏​មិនអាច​រក​ពាក្យ​ថា​ស្រស់ស្អាត​ដាក់​លើ​ផ្ទៃមុខ​របស់​អ្នក​បានដែរ។

    ត្រូវតែ​ស្អាត​តាំងពី​ខាងក្នុង​មក: សម្អាត​ពី​ខាងក្រៅ​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​នោះទេ តែ​វា​ក៏​តម្រូវឱ្យ​អ្នក​សម្អាត និង​បំពេញ​គ្រប់យ៉ាង​ឱ្យបាន​ល្អ​តាំងពី​ខាងក្នុង​មក​ផងដែរ។ ការទទួល​ទាន​ទឹក បន្លែ ផ្លែឈើ​ ឬ​ទឹក​ផ្លែឈើស្រស់ ត្រូវបាន​ទុក​ថា​ជាការ​ផ្តល់នូវ​ភាពស្រស់ស្អាត​ឱ្យ​រាងកាយ​តាំងពី​ខាងក្នុង​មក។

    សំណើម: មិន​ថា​អ្នក​កំពុង​ស្ថិតនៅក្នុង​លក្ខខណ្ឌ​នៃ​អាកាសធាតុ​បែបណា​នោះទេ សំណើម​នៅតែ​ជា​តម្រូវការ​ដ៏​ចាំបាច់​សម្រាប់​ការថែរក្សា​ស្បែក​ឱ្យ​មើលទៅ​ស្រស់ថ្លា។ ទឹក អាហារ និង​ផលិតផល​ផ្តល់​សំណើម​ដល់​ស្បែក​សុទ្ធតែជា​ធនធាន​នៃ​សំណើម​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក​របស់​អ្នក​ឱ្យនៅតែ​ស្រស់ស្អាត​ជានិច្ច។

    ហាត់ប្រាណ: ពេល​ល្ងាច​ និង​ពេលព្រឹក​ព្រលឹម​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុងការ​ហាត់ប្រាណ ព្រោះ​ក្នុងអំឡុង​ពេលនេះ​អាកាសធាតុ​មិនសូវ​ក្តៅ និង​មិនសូវ​បែកញើស​ខ្លាំង​ឡើយ ហើយក៏​មិន​បារម្ភ​ខ្លាច​ស្បែក​ត្រូវ​បំផ្លាញ​ដោយ​កម្តៅថ្ងៃ​ផងដែរ។

    ធុញថប់ តានតឹងៈ មិន​សប្បាយចិត្ត ធុញថប់ មិនបាន​ផ្តល់នូវ​ផល​ល្អ​ដល់​អ្នក​នោះទេ គឺ​មានតែ​ធ្វើឱ្យ​មុខ​របស់​អ្នក​ឡើង​ជ្រីវជ្រួញ ស្បែក​ក៏​មិន​ស្រស់ស្អាត ឬ​អាច​នឹង​កើតមុន​តែប៉ុណ្ណោះ ហេតុនេះ​ល្អ​បំផុត​គឺ​អ្នក​គួរ​ធ្វើ​ចិត្ត​ឱ្យបាន​សប្បាយ​ជាប់​ជានិច្ច ដើម្បី​ថែរក្សា​សម្រស់​របស់​អ្នក​ឱ្យនៅតែ​ក្មេង​ជាង​វិញ និង​ស្រស់ស្អាត​គួរ​ជាទី​គាប់ចិត្ត៕