Category: សុខភាព

  • ដឹងទេថា រាងកាយមនុស្សមានឈាមប៉ុន្មានលីត្រ?

    ដឹងទេថា រាងកាយមនុស្សមានឈាមប៉ុន្មានលីត្រ?

    រាងកាយរបស់មនុស្សយើងនឹងរស់នៅបានក៏ដោយសារខ្យល់សម្រាប់ដកដង្ហើម អាហារ និងទឹកសម្រាប់ការរស់នៅរបស់ជីវិត តែការពិតក្រៅពីបច្ច័យទាំងអស់នេះដែលជាចំណែកផ្គុំចម្បងៗហើយនោះ រាងកាយរបស់យើងនៅត្រូវមានវត្ថុមួយទៀតនៅក្នុងរាងកាយរបស់យើងផងដែរ ទើបធ្វើឱ្យការរស់នៅរបស់ជីវិតដំណើរការទៅយ៉ាងល្អឥតខ្ចោះបំផុត នោះគឺប្រព័ន្ធឈាម។ រាងកាយនឹងត្រូវពឹងអាស្រ័យប្រព័ន្ធការហូរវិលរបស់ឈាម (ហៅថា ប្រព័ន្ធឈាមរត់) ធ្វើជាអ្នកចិញ្ចឹមអវយវៈគ្រប់ផ្នែករបស់រាងកាយ។

    “ឈាម” ជាវត្ថុរាវ ប្រកបដោយទឹកឈាម គ្រាប់ឈាម កោសិកាគ្រាប់ឈាមក្រហម កោសិកាគ្រាប់ឈាមស។ រាងកាយរបស់យើងនឹងមានឈាមនៅខាងក្នុងប្រមាណជា5លីត្រ បើធៀបនឹងទម្ងន់ខ្លួនក៏ស្មើនឹង 7%-8% នៃទម្ងន់ខ្លួន។ បេះដូងជាអវយវៈដែលសំខាន់បំផុតក្នុងប្រព័ន្ធហូរវិលរបស់ឈាម មានតួនាទីបឺត បាញ់ឈាមទៅចិញ្ចឹមរាងកាយរបស់យើង ដូច្នេះឃើញទេថា បេះដូង របស់យើងទទួលមុខនាទីសំខាន់ និងធ្វើការធ្ងន់ក្នុងការបញ្ជូនឈាមទៅឱ្យរាងកាយ ទាំងយប់ ទាំងថ្ងៃ ជាប់រហូត24ម៉ោងមិនបានឈប់សម្រាកឡើយ ដូច្នេះការប្រណិប័តន៍ដ៏ល្អជាមួយបេះដូងរបស់យើងក៏គឺ ការបានគេងលក់សម្រាកយ៉ាងគ្រប់គ្រាន់ ព្រោះពេលដែលយើងគេងលក់ បេះដូងនឹងធ្វើការក្នុងចង្វាក់ដែលធូរស្រាល តែមិនបានឈប់ដើរទេ (បេះដូងឈប់ដើរ = ស្លាប់) គួរឱ្យអាណិតណាស់…។

    ប្រព័ន្ធឈាមរត់នឹងមានតួនាទីនាំយកសារធាតុផ្សេងៗបញ្ជូនទៅទូទាំងរាងកាយ ដូចជា សារធាតុអាហារ ហ្គាសផ្សេងៗ សារធាតុរ៉ែ អ័រម៉ូន និងទទួលយកវត្ថុកាកសំណល់បញ្ជូនចេញពីរាងកាយដោយការដឹកជញ្ជូនទៅតាមសរសៃឈាម។ នៅក្នុងឈាមនឹងប្រកបទៅដោយវត្ថុរាវដែលហៅថា “ផ្លាស្មា” មានតួនាទីដឹកជញ្ជូនសារធាតុរ៉ែ អ័រម៉ូន អង់ទីគ័រ សារធាតុអាហារផ្សេងៗទៅក្នុងកោសិកាផ្សេងៗរបស់រាងកាយ និងទទួលយកវត្ថុសំណល់ពីកោសិកាហូរត្រឡប់ទៅតាមបំពង់ទឹករងៃ។ ចំណែកឈាមដែលជាវត្ថុរឹង គេហៅថាកម្ទេចឈាម គ្រប់ពេលដែលកើតមានរបួស កម្ទេចឈាមក៏នឹងបញ្ចេញសារធាតុគីមីឈ្មោះ “ហ្វៃ​ប្រ៊ីន” ចេញមកបំពេញតួនាទីជួយធ្វើឱ្យឈាមបង្កកខ្លួននៅត្រង់មុខរបួស ដើម្បីទប់ឱ្យឈាមឈប់ហូរចេញ។

    ឥឡូវនាំគ្នាមកថែបំប៉នឈាមរបស់យើងវិញប្រសើរជាង ៖
    សារធាតុដែក : ចាំបាច់សម្រាប់ការផលិត ហេម៉ូហ្គោប៊ីន (គ្រាប់ឈាមក្រហម) ដែលជាផ្នែកផ្គុំសំខាន់របស់គ្រាប់ឈាមក្រហម ជាអ្នកដឹកនាំអុកស៊ីហ្ស៊ែនទៅចិញ្ចឹមអវយវៈ និងសាច់ជាលិកាទូទាំងរាងកាយ។ សារធាតុដែកមាននៅក្នុងបន្លែស្លឹកផ្ទី សណ្ដែកកួរ ផ្សិតចំបើង ស្លឹកជីរ និងស្លឹកម្រះព្រៅ។ល។

    ហ្វូលេត : សំខាន់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។ ហ្វូលេតមាននៅក្នុង មើមទំពាំងបារាំង ផ្កាគូឆាយ ស្លឹកបាស ស្ពៃក្ដោបគ្រាប់សណ្ដែកស្ងួត និងក្រូច។

    វីតាមីន C : ជួយឱ្យរាងកាយបឺតជ្រាបយកហ្វូលេត និងសារធាតុដែកពីបន្លែផ្លែឈើបានល្អ។ វីតាមីនជូរៗមួយនេះនឹងមាននៅក្នុងផ្លែត្របែក ក្រូចឆ្មារ កន្ទួតព្រៃ ស្រ្តបឺរី ហើយក៏មាននៅក្នុងបន្លែពណ៌បៃតងដែលយកមកចម្អិនជាម្ហូបអាហារយ៉ាងឆ្ងាញ់ដែរគឺ ប្រូខូលី៕

  • ហេតុផល​បណ្តាលឱ្យ​អ្នកអស់ចំណង់​ផ្លូវភេទ និង​វិធី​ដោះស្រាយ

    ហេតុផល​បណ្តាលឱ្យ​អ្នកអស់ចំណង់​ផ្លូវភេទ និង​វិធី​ដោះស្រាយ

    ជាទូទៅ នៅក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​ខ្មែរ​ភាគច្រើន​តែងតែមាន​ភាព​រអា​នៅ​ក្នុងការ​ហាមាត់​និយាយ​ពី​បញ្ហា​សិច។ ការប្រកាន់​ខ្ជាប់​បែបនេះ​មិនមែនជា​រឿង​ល្អ​នោះទេ ផ្ទុយទៅវិញ វារឹតតែ​សំខាន់បំផុត​សម្រាប់​អ្នក​ដែលមាន​ជីវិត​រស់នៅ​ជា​គូ ហើយ​វា​នឹង​បង្ក​ឱ្យ​ក្លាយជា​បញ្ហា​ធំ​នៅក្នុង​ជីវិត ខណៈ​បើ​មិនមាន​ការ​វែក​ញ៉ែ​កដោយ​បើកចំហ ​ស្វែងរក​ដំណោះស្រាយ​នៅពេល​មាន​បញ្ហា​ណាមួយ​កើតឡើង។ ចំពោះ​អាការ​គ្មាន​ចំណង់ ឬ​អស់​អារម្មណ៍​សិច ត្រូវបាន​កើតមាន​យ៉ាង​ទូលាយ និង​គ្រប់​ជាតិ​សាសន៍ហើយក៏​ជា​ក្ដីបារម្ភ ដែល​អ្នកជំនាញ​កំពុងតែ​ព្យាយាម​សិក្សា​ស្វែងយល់​ពី​មូលហេតុ​បង្ក រួម​ជាមួយនឹង​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយផងដែរ។

    អ្នកជំនាញ​មួយចំនួន​បាន​លើកឡើងថា ចំពោះ​ការ​អស់ចំណង់​ផ្លូវភេទ ឬ​គ្មាន​អារម្មណ៍​សិចនេះ វា​គឺជា​រឿង​ធម្មតា ដែលជា​កត្តា​ធម្មជាតិ​នៅពេលដែល​មនុស្ស​មាន​អាយុ​កាន់តែច្រើន ជា-ពិសេស ចាប់ពី​ជាង60ឆ្នាំ​ឡើងទៅ​ចំពោះ​មនុស្ស​ស្រី ហើយ​អាយុ​ចាប់70ឆ្នាំ​ឡើងទៅ​ចំពោះ​មនុស្ស​ប្រុស។ ប៉ុន្តែ​ក្នុងករណី​ដែល​មនុស្ស​មាន​អាយុ​ក្រោម60ឆ្នាំ ឬ​វ័យ​កណ្តា​លពី35-50ឆ្នាំ អស់ចំណង់​ផ្លូវភេទ​ដែរនោះ វា​គឺជា​បញ្ហា​ដែល​គួរតែ​យកចិត្តទុកដាក់។ កត្តា​ដែល​ជម្រុញឱ្យមាន​បញ្ហា​អស់ចំណង់​ផ្លូវភេទ​អាច​បង្ក​មកពី ៖

    ភាព​មមាញឹក​ប្រចាំថ្ងៃ : មិន​ថា​ជា​ការងារ​ក្នុងផ្ទះ ការមើល​ថែទាំ​កូន ការបំពេញ​ការងារ​ក្រុមហ៊ុន ឬ​ការជួបជុំ​ជាមួយ​មិត្តភក្ដិ​នោះទេ ការចំណាយ​ពេលវេលា​ច្រើន គឺ​សុទ្ធតែជា​កត្តា​ធ្វើឱ្យ​អារម្មណ៍​ផ្លូវភេទ​បាត់បង់​ដូចគ្នា។ ភាព​នៅ​ឆ្ងាយ​ពី​ដៃគូគឺជា​មូលហេតុ​ដ៏​សំខាន់​ដែល​ធ្វើឱ្យ​ដៃគូ​ម្ខាង​ទៀត​គិតថា អ្នក​ចាត់ទុក​រូបគេ​គ្រាន់តែ​ជា​មិត្តភាព​តែប៉ុណ្ណោះ ខណៈដែល​អ្នក​មិនបាន​ផ្តល់​ពេលវេលា​ក្នុងការ​បង្កើត​ភាព​ផ្អែមល្ហែម​ដូច​កាល​គ្រា​ដែល​អ្នក​ទើបតែ​ភ្ជាប់​សម្ព័ន្ធ​ស្នេហ៍​លើកដំបូង។ ជា​ដំណោះស្រាយ អ្នក​គួរតែ​ទុកពេល​វេលា​ខ្លះ​សម្រាប់​ខ្លួន សម្រាប់​ដៃគូ​ក្នុងការ​បង្កើត​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ខ្លះ​ទើប​ជា​ដំណោះស្រាយ​ដ៏​ល្អប្រសើរ។

    អារម្មណ៍​ស្ត្រេ​ស : នៅពេលដែល​អ្នកមាន​ភា​ព​តឹងតែង​ក្នុង​អារម្មណ៍ ឬ​ព្រួយបារម្ភ​ពី​បញ្ហា​ការងារ​ណាមួយ នោះ​ចំណង់​នៃ​ការ​រួមភេទ​ត្រូវបាន​ក្លាយជា​ចំណុច​ចុងក្រោយ​គេ​បង្អស់។ បើ​អ្នក​នៅតែ​គិត​ដោយ​គ្មាន​ការបែងចែក​ឱ្យ​ច្បាស់លាស់​រវាង​ពេលវេលា​ធ្វើការ និង​ពេលវេលា​សម្រាប់​ខ្លួនឯង និង​ដៃគូ​នោះទេ បានន័យថាអ្នក​កំពុងតែ​រុញច្រាន​សម្ព័ន្ធភាព​ដែល​ធ្លាប់តែ​ផ្អែមល្ហែម​ឱ្យ​ធ្លាក់​កប់​ជ្រៅ​ទៅក្នុង​សាគរ​ជាក់​ជាមិនខាន។ ដូច្នេះ ជា​ដំណោះស្រាយ​លោកអ្នក​គួរតែមាន​ភាពច្បាស់លាស់​លើ​ខ្លួនឯង​ក្នុងការចាកចេញ​ពី​ភាព​ស្ត្រេ​ស​ទាំងនោះ ហើយ​ងាក​មក​ផ្តល់​ពេលវេលា​សម្រាប់​ដៃគូ​វិញ។

    ភាពដែលៗ : ភាពដដែលៗវា​គឺជា​ចំណុច​មួយ​ដែល​សម្លាប់​អារម្មណ៍។ ត្រង់នេះ​មានន័យថា ប្រសិនបើ​អ្នកប្រព្រឹត្ត​សិច​ជាមួយ​ដៃគូ​ដោយ​ប្រើតែ​ស្នៀតដដែលៗ ក្បាច់ដដែលៗ គឺ​គ្មាន​ន័យ​នោះទេ។ លោកអ្នក​គួរតែ​ព្យាយាម​អនុវត្ត​នូវ​វិធីផ្សេងៗទៀត​ដែល​ខុសពី​សកម្មភាព​ដែល​អ្នក​ធ្លាប់ប្រើ​ជាប្រចាំ ដូចជា ប្ដូរ​ពី​ក្បាច់​ដូនតា​ទុកឱ្យដែល​បុរស​នៅ​ពីលើ​មនុស្ស​ស្រី មកជា​មនុស្ស​ស្រី​ជា​អ្នកកា​ច់ប​ង្កូ​ត​ដោយ​អង្គុយ​នៅ​ពីលើ​ដៃគូ​ជា​បុរស ឬ​ស្នៀត​ផ្សេងទៀត ដូចជា ការ​សម្រុក​ពីក្រោយ ពី​ចំហៀង ឬ​វិធីសាស្ត្រ​ផ្សេងទៀត​ដែល​អ្នក​អាច​ច្នៃ​ទៅតាម​លទ្ធភាព​អាច​ប្រព្រឹត្តទៅបាន។

    ការទទួល​ទាន​អាហារ​ប្រ​ត្តិ​កម្ម : ការទទួល​ទាន​អាហារ​មិនមែន​សុទ្ធតែ​អាច​ផ្តល់នូវ​ភាពល្អប្រសើរ​ចំពោះ​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវភេទ​នោះទេ។ ផ្ទុយទៅវិញ វា​ក៏​ជា​ឃាតករ​លាក់​មុខ​ដែល​អាច​វាយ​សម្លាប់​អារម្មណ៍​របស់​អ្នក​វិញ។ ចំណីអាហារ​ដែល​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ផ្លូវភេទ​របស់​អ្នក​រួមមាន​ដូចជាស្រា បារី ស្ករ​សូកូឡា ស៊ុត និង​កាហ្វេ​ជាដើម។ ថ្វី​ដ្បិត​អាហារ​ប្រភេទ​ជា ស៊ុត និង​ស្ករ​សូកូឡាវា​បានផ្តល់​ថាមពល​ដល់​អ្នក​ក្រោយពេល​ទទួលទាន ប៉ុន្តែ​វា​ក៏​ជះឥទ្ធិពល​ត្រឡប់មកវិញ​ផងដែរខណៈ​បើ​ការទទួល​ទាន​របស់​អ្នក​មិនមាន​តុល្យភាព​ត្រឹមត្រូវ។

    ជា​ចុងក្រោយ​យើង​ជឿជាក់ថា បន្ទាប់ពី​លោកអ្នក​បាន​ស្វែងយល់​ពី​បញ្ហា​បង្ក​ឱ្យ​បាត់បង់​ចំណង់​សិច រួមជាមួយ​នឹង​ការ​ផ្តល់នូវ​ដំណោះស្រាយ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ ពិតជា​អាច​ចូលរួមចំណែក​ក្នុងការ​កែខៃ​បញ្ហា​មួយចំនួន​ឱ្យ​វិលត្រឡប់​មក​មាន​ភាពល្អ​ប្រសើរ​ជាមិនខាន៕

  • ដឹងឬទេ កាហ្វេមានគុណប្រយោជន៍ និងគុណវិបត្តិអ្វីខ្លះ?

    ដឹងឬទេ កាហ្វេមានគុណប្រយោជន៍ និងគុណវិបត្តិអ្វីខ្លះ?

    មនុស្សជាច្រើនអាចមិនដឹងថា កាហ្វេដែលអ្នកនាំគ្នាទទួលទានរៀងរាល់ថ្ងៃនេះមានទាំងប្រយោជន៍និងផ្ដល់គុណវិបត្តិដល់រាងកាយ ច្រើនយ៉ាងឡើយថ្ងៃនេះទំព័រសុខភាព ឡារ៉ែន សូមនាំប្រិយមិត្តអ្នកអានទៅស្គាល់ពីគុណប្រយោជន៍ និងគុណវិបត្តិរបស់កាហ្វេទាំងអស់គ្នា។

    គុណប្រយោជន៍របស់កាហ្វេ
    1. ជួយបន្ថយអត្រាការប្រថុយប្រថានក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទទី2 : ព្រោះនៅក្នុងកាហ្វេមានសារធាតុប្រឆាំងអនុមូលឥស្សរៈ និងសារធាតុគីនីនដែលជួយឱ្យរាងកាយអាចផលិតអីុនស៊ូលីនបានរឹតតែល្អឡើង ដូច្នេះអ្នកដែលកើតជំងឺទឹកនោមផ្អែមអាចសាកល្បងទទួលទានកាហ្វេលមើលបាន។

    2. ជួយបន្ថយអត្រាការកើតសភាវភ្លេចភ្លាំង មិនសូវចងចាំបាន : ដោយកាហ្វេអីុនទៅបង្អាក់ ឬប្រឆាំងការផ្ដុំគ្នារបស់កូលេស្តេរ៉ូលដែលជាផលអាក្រក់ដល់រាងកាយ។

    3. ជួយបន្ថយអត្រាការកើតរោគបេះដូង : ដោយជួយបន្ថយកូលេស្តេរ៉ូលក្នុងក្រសែឈាមការពារសរសៃឈាមឡើងរឹង និងជួយឱ្យឈាមហូរវិលបានល្អ។

    4. ជំរុញចរន្តឈាមរត់នៅក្នុងខួរក្បាល : ក្លិនក្រអូបឈ្ងុយរបស់កាហ្វេនឹងជួយជំរុញឱ្យឈាមក្នុងខួរក្បាលហូរវិលរឹតតែល្អឡើង។

    5. ជួយក្នុងការធ្វើការងាររបស់ប្រព័ន្ធរំលាយអាហារ : កាហ្វេអីុនពីកាហ្វេជួយសាងទឹករំលាយអាហារក្នុងក្រពះ និងថ្លើមបន្ថែម ដើម្បីដុតបំផ្លាញជាតិខ្លាញ់នៅក្នុងរាងកាយ។

    6. ជួយរំលាយខ្លាញ់ : ដោយវានឹងចូលទៅជំរុញឱ្យខ្លាញ់បំបែកខ្លួន និងក្លាយជាកម្លាំងថាមពលជំនួសវិញ។

    7. បង្កើនជាតិខ្លាញ់ល្អ : តាមរយៈការស្រាវជ្រាវបានរកឃើញថា ការទទួលទានកាហ្វេញឹកញាប់ នឹងជួយបង្កើនបរិមាណខ្លាញ់ល្អ ( HLD) ក្នុងរាងកាយបាន។

    8. ជួយពន្យារភាពចុះខ្សោយរបស់រាងកាយ : ព្រោះការទទួលទានកាហ្វេដែលមានរសជាតិខាប់នឹងធ្វើឱ្យអុកស៊ីតកើតការបំបែកខ្លួនទើបកាត់បន្ថយការកើតមហារីក ជំរុញការដុតបំផ្លាញកម្លាំងថាមពល និងជួយឱ្យរាងកាយធ្វើការបានរឹតតែល្អឡើង និងស្រស់ស្រាយឡើង។

    9. ជួយបំបាត់អាការឈឺក្បាល : ព្រោះកាហ្វេមានចំណែកផ្សំរបស់កាហ្វេអីុនដែលពង្រីកសរសៃឈាម រម្ងាប់អាការឈឺក្បាលបានដូចគ្នានឹងថ្នាំបំបាត់ការឈឺចាប់ដែរ ហើយថែមទាំងជួយដល់ការបត់ជើងតូច រំលាយជាតិខ្លាញ់ក្នុងសរសៃឈាម ដើម្បីមិនឱ្យមានជាតិខ្លាញ់ច្រើនជ្រុលពេក និងជួយសម្រាលអាការស្រវឹងស្រាសល់ពីយប់បានទៀតផង។

    10. ជួយដាស់ភាពក្លៀវក្លាស្វាហាប់ : ព្រោះកាហ្វេអីុនមានគុណសម្បត្តិមិនខុសពីសារធាតុជំរុញល្អដែលអាចដាស់ភាពស្វាហាប់ឱ្យរាងកាយដែលកំពុងនឿយហត់ ឬល្វើយអស់កម្លាំងឱ្យរស់រវើកឡើងវិញបានក្នុងរយៈពេលដ៏ខ្លី។

    គុណវិបត្តិរបស់កាហ្វេ
    1. ធ្វើឱ្យសម្ពាធឈាមខ្ពស់ឡើង : លទ្ធផលនៃការវិភាគបានបង្ហាញថា ពេលទទួលទានកាហ្វេមួយកែវហើយ សម្ពាធឈាមនឹងកើនខ្ពស់ឡើងយូរដល់ទៅ12ម៉ោង ដូច្នេះក្រុមមនុស្សដែលកើតជំងឺលើសឈាមមិនគួរទទួលទានកាហ្វេខណៈពេលមានអារម្មណ៍តានតឹង ឬមានសម្ពាធពីការធ្វើការងារឡើយ។

    2. កាហ្វេនឹងហុចផលប៉ះពាល់ដល់ការបឺតជ្រាបសារធាតុរ៉ែ : កាហ្វេអីុននឹងបញ្ចេញផលប៉ះពាល់ដល់ការបឺតជ្រាបយកសារធាតុរ៉ែរបស់ពោះវៀន ដូចជា កាល់ស្យូម ជាតិដែក និងស័ង្កសីជាដើម ដូច្នេះ ក្មេងៗមិនគួរញ៉ាំកាហ្វេឡើយ។

    3. កាហ្វេនឹងធ្វើឱ្យអ្នកមានជំងឺក្រពះកាន់តែមានដំបៅធ្ងន់ធ្ងរឡើង : ដោយសារតែកាហ្វេនឹងធ្វើឱ្យក្រពះមានទឹករំលាយអាហារ​ចេញមកច្រើនរហូតធ្វើឱ្យក្លាយជាដំបៅច្រើនឡើង ដូច្នេះអ្នកកើតជំងឺក្រពះមានដំបៅមិនគួរទទួលទានកាហ្វេច្រើនឡើយ ជាពិសេសក្នុងពេលដែលពោះទទេ។

    4. កាហ្វេនឹងធ្វើឱ្យពុកឆ្អឹង : ដោយសារតែកាហ្វេអីុនមានគុណប្រយោជន៍ធ្វើឱ្យបញ្ចេញទឹកមូត្រច្រើនឡើង បើទទួលទានកាហ្វេរយៈពេលយូរនឹងធ្វើឱ្យបាត់បង់ជាតិកាល់ស្យូមទៅជាមួយទឹកមូត្រច្រើន រហូតធ្វើឱ្យឆ្អឹងពុក ជាពិសេសសម្រាប់ស្រ្តីក្នុងវ័យអស់រដូវ មិនគួរទទួលទានកាហ្វេច្រើនពេកឡើយ។

    5. កាហ្វេមិនល្អសម្រាប់ស្រ្តីមានគភ៌ : ស្រ្តីមានគភ៌ បើទទួលទានកាហ្វេច្រើន នឹងធ្វើឱ្យទារកដែលនៅក្នុងគភ៌ធំធាត់មិនប្រក្រតី ឬអាចនឹងរលូតទៀតផង។

    6. កាហ្វេនឹងបំផ្លាញវីតាមីន B1 : វីតាមីន B1 ជាវីតាមីនដែលរក្សាតុល្យភាព និងភាពស្ថិតស្ថេររបស់ប្រព័ន្ធប្រសាទ ដូច្នេះ អ្នកដែលខ្វះវីតាមីន B1 មិនគួរទទួលទានកាហ្វេឡើយ។ នៅពេលបានដឹងទាំងអស់គ្នាដូច្នេះហើយ សូមទទួលទានកាហ្វេឱ្យល្មមសមរម្យណាប្រិយមិត្តអ្នកអាន ព្រោះអ្វីក៏ដោយ ឱ្យតែលើសបរិមាណដែលសមរម្យល្មមហើយនោះ គឺសុទ្ធតែហុចគុណវិបត្តិឱ្យទាំងអស់៕

  • 5ចំណុច​គួរ​យល់ដឹង​មុននឹង​ទទួល​ទាន​ផ្លែទុរេន

    5ចំណុច​គួរ​យល់ដឹង​មុននឹង​ទទួល​ទាន​ផ្លែទុរេន

    នៅ​អំឡុង​ពេលនេះ អាកាសធាតុ​នៅ​ប្រទេស​យើង​ពិតជា​មានការ​ប្រែប្រួល​ម្ដង​ក្ដៅ ម្ដង​ត្រជាក់ ម្ដង​ភ្លៀង​មិន​ទៀងទាត់​សោះ។ ការប្រែប្រួល​នៃ​អាកាសធាតុ ក៏បាន​ហុច​ផលប៉ះពាល់​ដល់​ប្រភេទ​ផ្លែឈើ​ដូចគ្នា​ដែរ គឺ​មិនមែន​ប៉ះពាល់​តែម​នុស្ស​យើង​នោះទេ។ ជាក់ស្ដែង អាកាសធាតុ​ក្ដៅ ផ្លែឈើ​ដែលមាន​គុណភាព និង​រសជាតិ​ឆ្ងាញ់​ជាងគេ​គឺ ផ្លែ​ទុរេន។ ដោយ​សង្កេតឃើញថា អំឡុង​ពេលនេះ​ជា​ខែ​ដែល​សម្បូរ​ទៅដោយ​ផ្លែ​ទុរេន​មាន​លក់​នៅលើ​ទីផ្សារ​ព្រោងព្រៀត ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ជម្រាបជូន​ពី5ចំណុច ដែល​អ្នក​គួរ​យល់ដឹង​មុន​ទទួលទាន​ផ្លែ ទុរេន ព្រោះ​បើ​អ្នក​មិនដឹង​ច្បាស់​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក​បាន។

    1. ទុរេន ជា​ផ្លែឈើ​ដែលមាន​កាឡូរី​ខ្ពស់ ព្រោះ​ផ្លែ​ទុរេន 4-6គ្រាប់ វា​មាន​បរិមាណ​កាឡូរី​ដល់​ទៅ 400កាឡូរី បើ​ប្រៀបធៀប​ទៅ​ស្មើនឹង​គ្រឿង​ភេសជ្ជៈ 2កំប៉ុង ហើយ​ស្មើនឹង​បា​យស 1ចានពេញៗតែម្តង។ ហេតុ​ដូច្នេះហើយ ប្រសិនបើ​អ្នក​ជក់​ចិត្តនឹង​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​របស់​ផ្លែ​ទុរេន រហូតដល់​ទទួលទាន​ជាច្រើន​គ្រាប់​នោះ អ្នក​អាច​នឹង​ឡើង​គីឡូ​ដោយ​មិនដឹង​ខ្លួន។

    2. នៅក្នុង​ផ្លែ​ទុរេន មាន​បរិមាណ​ជាតិ​ស្ករ​ច្រើន​ដូចគ្នា ដូច្នេះហើយ​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម គួរតែ​ចៀសវាង​ការទទួល​ទាន​ផ្លែ​ទុរេន។

    3. ក្រៅពី​អ្នកជំងឺ​ទឹកនោមផ្អែម​ហើយ អ្នកជំងឺ​ដែលមាន​រោគ​ប្រចាំ​ខ្លួន​ពាក់ព័ន្ធ​ជាមួយនឹង​រោគ​លើសឈាម បេះដូង សរសៃឈាម និង​លើស​ជាតិ​ខ្លាញ់ គប្បី​ទទួលទាន​ផ្លែ​ទុរេន​ក្នុង​បរិមាណ​តិចតួច​បំផុត។

    4. ផ្លែ​ទុរេន គឺជា​ប្រភេទ​ផ្លែឈើ​ដែលមាន​ឥទ្ធិពល​ធ្វើឱ្យ​រាងកាយ​មនុស្ស​ឡើង​ចំហាយ​ក្ដៅ​ខ្ពស់ បើទោះបីជា​អ្នកទទួល​ទាន​តែ1គ្រាប់ ក៏​វា​អាចធ្វើឱ្យ​អ្នក​ក្ដៅ​បំពង់ក​បានដែរ។ ករណី​ដែល​អ្នក​ទទួលទាន​ផ្លែ​ទុរេន លាយ​ជាមួយ​គ្រឿង​ស្រវឹង​ដែលមាន​ជាតិ​អាល់កុល មិន​ថា​ស្រា ឬ​ស្រា​បៀរ ឬ​គ្រឿង​ស្រវឹងផ្សេងៗក៏ដោយ​នោះ គឺ​វា​កាន់តែ​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​រាងកាយ​របស់អ្នក​ទ្វេដង។ រាងកាយ​របស់​អ្នកនឹង​កើន​កម្ដៅ​ខ្លាំងឡើងៗ រហូតដល់​អាច​បាត់បង់​ជីវិត​បាន ដោយសារតែ​ដកដង្ហើម​មិន​រួច។

    5. ខណៈ​បាន​ជ្រាប​ពី​អត្ថប្រយោជន៍​របស់​ផ្លែ​ទុរេន ដែល​ផ្ដល់នូវ​ថាមពល​យ៉ាង​អនេក​ដល់​រាងកាយ ដូចនេះ​នៅពេលណា ឬ​ថ្ងៃ​ណាមួយ​ដែល​អ្នក​ទទួលទាន​ផ្លែ​ទុរេន អ្នក​គប្បី​ចៀសវាង​ទទួលទាន​អាហារផ្សេងៗទៀត ដែលមាន​កម្រិត​ថាមពល​ខ្ពស់​ដូចគ្នា ដូចជាអាហារ​ប្រភេទ​ចៀន​បំពង អាហារ​ដែលមាន​ផ្សំ​ជាមួយ​ខ្ទិះដូង និង​អាហារសម្រន់​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់ ឬ​អ្នក​អាច​កាត់បន្ថយ​បរិមាណ​អាហារ​ទាំងអស់នោះ​ឱ្យនៅ​តិចតួច​ក៏បាន​ដែរ។ ករណី​ដែល​អ្នក​បាន​ទទួលទាន​អាហារផ្សេងៗ និង​ផ្លែ​ទុរេន​ស្របពេល​ជាមួយគ្នា​នោះ អ្នក​គួរតែ​ធ្វើ​លំ​ហាត់ប្រាណដើម្បី​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ដែលមាន​នៅក្នុង​រាងកាយ​ឱ្យបាន​ល្អ ដើម្បី​ការពារ​អ្នក​ពី​ជំងឺ​ធាត់ និង​ជំងឺ​អាក្រក់ផ្សេងៗទៀត។

    ឡា​រ៉ែ​ន មិនបាន​ហាម​មិនឱ្យ​ទទួលទាន​ផ្លែ​ទុរេន​នោះទេ តែ​មុននឹង​អ្នកទទួល​ទាន​ផ្លែ​ទុរេន សូមអ្នក​ពិចារណា​លើ 5ចំណុច​ខាងលើ​ជាមុនសិន ដើម្បីឱ្យ​ច្បាស់​នៅក្នុង​ចិត្ត​ថា អ្នក​គួរ​ទទួលទាន​ក្នុង​កម្រិត​មួយណា​ដែលមាន​ភាពល្អប្រសើរ​ចំពោះ​សុខភាព ហើយ​អ្នក​មិនគួរ​បង្អត់​ចិត្ត ហាម​មាត់ ហាម​អារម្មណ៍​ខ្លួនឯង​មិនឱ្យ​ទទួលទាន​ផ្លែ​ទុរេន​នោះទេ។ តែ​ករណី​ដែល​អ្នក​ព្យាយាម​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ នោះ​អ្នកនឹង​សប្បាយចិត្ត​ក្នុងការ​ទទួលទាន​ផ្លែ​ទុរេន ដោយ​មិនបាច់​ភ័យព្រួយ​ពី​ហានិភ័យ​ដែល​កើតឡើង​ចំពោះ​សុខភាព​នោះឡើយ៕

  • ដល់​រដូវ​ភ្លៀងហើយ ស្វែងយល់ពីការមើល​ថែខ្លួន​ក្រោយពេល​ទទឹកភ្លៀង

    ដល់​រដូវ​ភ្លៀងហើយ ស្វែងយល់ពីការមើល​ថែខ្លួន​ក្រោយពេល​ទទឹកភ្លៀង

    ក្រោយពេល​ឈប់​ធ្វើការ តើ​មានបាន​ណាត់​ជាមួយ​អ្នកណា​នៅទីណា​ឬទេ​ចា៎ស? ព្រោះ​មុន​ងើប​ចេញពី​តុ​ធ្វើការ ឃើញ​ខំប្រឹង​តែង​មុខ​តែង​មាត់​រៀបចំខ្លួន​យ៉ាង​ស្អាត តែ​ពេល​ចេញទៅ បែរជា​ជួបនឹង​អូន​ភិ​រុណ​ដែល​បង្អុរ​ចុះមក​ពីលើ​មេឃ​ទៅវិញ។ ហ៊ឹស! ដល់​ម៉ោង​ចេញ​ពីធ្វើការ​ពឹប ភ្លៀង​ធ្លា​ក់មក​ប្រាវ! ធ្វើឱ្យ​ត្រូវ​ទទឹកភ្លៀង​ជោក និង​ស្រួល​មិន​ស្រួល​កើត​ជំងឺ​ផ្ដាសាយ​ទៀតផង… ដូច្នេះ តើ​យើង​ត្រូវ​មើលថែទាំ​ខ្លួន​យ៉ាងណា​ពេល​ទទឹក​ទឹកភ្លៀង​ ដើម្បី​កុំឱ្យ​ជំងឺ​ដ​ង្កា​ត់​សួររក​មុខ?

    1. ប្រញាប់​ដោះ​សម្លៀកបំពាក់​ដែល​ទទឹក​ទឹកភ្លៀង​នោះ​ចេញ​ភ្លាម
    រាងកាយ​ដែល​រងា​ញ័រញាក់​ពី​ការ​ទទឹក​ទឹកភ្លៀង​ដែល​ត្រជាក់​ស្រេ​ប​នោះ ក្រោយពី​ត្រឡប់មក​ដល់ផ្ទះ គួរ​ប្រញាប់​ដោះ​សម្លៀកបំពាក់​ដែល​សើម​ជោក​នោះ​ចេញ ព្រោះ​ទុក​យូរ​អាច​នឹងធ្វើ​ឱ្យ​អ្នកកើត​ផ្ដាសាយ និង​អាច​កើតមាន​មេរោគ​ផ្សិត​ ដោយសារ​ការ​ផ្អាប់​របស់​សម្លៀកបំពាក់​ដែល​ទទឹក​ទឹកភ្លៀង​យូរ ហើយ​សម្លៀកបំពាក់​នោះ​ក៏​គួរតែ​រក្សា​ថែទាំ​ដោយ​ការប្រញាប់​ដាក់​បោកគក់​សម្អាតភ្លាមៗដែរ។

    2. ងូតទឹក កក់សក់ ដើម្បី​ជម្រះ​រាងកាយ​ពី​វត្ថុ​កខ្វក់​ដែល​អាច​ជាប់​មកជា​មួយ​ទឹកភ្លៀង
    ទឹកភ្លៀង​ដែល​មក​ប៉ះ​នឹង​រាងកាយ​របស់​អ្នក ក្រៅពី​ត្រជាក់​ហើយ អាច​នឹងមាន​វត្ថុ​កខ្វក់​លាយ​ឡូកឡំ​មកជា​មួយ ដូច្នេះ​ក្រោយពី​ទទឹកភ្លៀង​ហើយ​ គួរ​ប្រញាប់​កក់សក់ និង​ងូតទឹក​ដើម្បី​សម្អាត​រាងកាយ ដោយ​អាច​នឹង​ងូតទឹក​ក្ដៅឧណ្ហៗ ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ដល់​រាងកាយ​ឡើងវិញ ហើយ​ខណៈពេល​ងូតទឹក​គួរប្រើ​សាប៊ូ​ដុស​សម្អាត​ជើង(ជាពិសេស​ត្រឹម​ជង្គង់​ចុះក្រោម)ឱ្យបាន​ស្អាត ដើម្បី​កម្ចាត់​មេរោគ ឬវត្ថុ​កខ្វក់​ដែល​ជាប់​មកជា​មួយ​ទឹក​ដែល​ដក់​ខណៈពេល​ភ្លៀង។

    3. ធ្វើឱ្យ​រាងកាយ​ស្ងួត មិន​ទទឹក​សើម
    ក្រោយពី​ងូតទឹក​រួច ចូរ​ប្រញាប់​ជូត​សក់​ក្បាល និង​រាងកាយ​ឱ្យ​ស្ងួត កុំឱ្យ​ទទឹក​សើម​ខ្លួន​យូរ រួច​ប្រញាប់​ស្លៀក​សម្លៀកបំពាក់​ថ្មី​ដើម្បី​ធ្វើឱ្យ​រាងកាយ​មាន​អារម្មណ៍​កក់ក្ដៅ​ជាប់​ជានិច្ច។

    4. ធ្វើឱ្យ​រាងកាយ​កក់ក្ដៅ
    តាមរយៈ​ការដើរ​ហាលភ្លៀង អាចធ្វើឱ្យ​រាងកាយ​បានទទួល​ភាព​ត្រជាក់​ខ្លាំង​ហួសហេតុ ដូច្នេះ​គួរ​ប្រញាប់​ធ្វើឱ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​កក់ក្ដៅ​ឡើងវិញ ដូចជា ការ​ញ៉ាំ​ទឹក​ខ្ញី​ក្ដៅឧណ្ហៗមួយ​កែវ ដើម្បី​ធ្វើឱ្យ​រាងកាយ​មាន​អារម្មណ៍​ធូរស្រាល និង​ឃ្លាត​ចាក​ឆ្ងាយ​ពី​អាការ​គ្រុនផ្ដាសាយ។

    5. គេង​សម្រាក និង​គេង​លក់​ឱ្យបាន​គ្រប់គ្រាន់
    បន្ទាប់ពី​នឿយហត់​ពី​ការ​ដើរកាត់​ខ្យល់កាត់​ភ្លៀង ដើម្បី​មកដល់​កន្លែង​ស្នាក់នៅ ហើយ​ដើម្បីឱ្យ​រាងកាយ​រឹងប៉ឹង​ឡើងវិញ និង​ត្រៀម​ជាស្រេច​សម្រាប់​ការចាប់ផ្ដើម​ជីវិត​នៅ​ថ្ងៃ​បន្ទាប់​ទៀត​នោះ អ្នក​គួរ​ប្រញាប់​គេង​សម្រាក​ឱ្យបាន​គ្រប់គ្រាន់។

    6. ដាក់​ឆ័ត្រ ឬ​អាវ​ភ្លៀង​តាម​ខ្លួន
    ក្នុងអំឡុង​រដូវភ្លៀង​ដែល​អាច​នឹង​ជួប​ជាមួយ​អូន​ភិ​រុណ​ក្នុងអំឡុងពេល​ក្រោយ​ម៉ោង​ចប់​ពី​ការងារ​ក្នុងមួយថ្ងៃៗនោះ អ្នក​គួរតែដាក់​ឆ័ត្រ ឬ​អាវ​ភ្លៀង​តូច​មួយ​ជាប់​ខ្លួន ឬ​ដាក់(ឆ័ត្រ​បត់)នៅក្នុង​កាបូបយួរ ដើម្បី​ត្រៀម​ជាស្រេច​ក្នុងការ​ទប់ទល់​នឹង​ដំណក់ទឹកភ្លៀង​ដែល​អាច​នឹង​បង្អុរ​ចុះមក​ដោយ​មិនបាន​ណាត់​ទុកជាមុន។

    ទឹកភ្លៀង​ដែល​ធ្លាក់​មកពី​លើ​មេឃ​អាចធ្វើឱ្យ​គ្រប់គ្នា​ទទឹក​ខ្លួនប្រាណ និង​រងា​ញ័រញាក់ ដូច្នេះ​វិធី​ការមើល​ថែទាំ​ខ្លួន​ក្រោយពេល​ទទឹកភ្លៀង គឺជា​វិធី​មួយទៀត​ដែល​ធ្វើឱ្យ​អ្នក​ឃ្លាត​ចាក​ឆ្ងាយពី​ជំងឺ​គ្រុនផ្ដាសាយ ដែល​អាចមក​ជាមួយ​ទឹកភ្លៀង​បាន ក្រៅពី​សម្រាប់​មើលថែទាំ​ខ្លួនឯង​ហើយ អាច​សាកល្បង​នាំយក​វិធី​នេះ​ទៅប្រើ​ជាមួយ​មនុស្ស​ដែល​អង្គុយ​ក្បែរ​អ្នក ដើម្បី​ជួយ​បន្ថែម​ភាពកក់ក្ដៅ​ក្នុង​រដូវភ្លៀង ដែល​ត្រជាក់​បាន​ទៀតផង​ចា៎ស អ្នកគ្រូ ឆវី ថា ច្បាស់​ជា​កាន់តែ​កក់ក្ដៅ​ឡើង​មិន​ខាន៕

  • ទទួលទានទឹកត្រជាក់ខ្លាំង​ មានគ្រោះថ្នាក់ដល់សុខភាពឬទេ?

    ទទួលទានទឹកត្រជាក់ខ្លាំង​ មានគ្រោះថ្នាក់ដល់សុខភាពឬទេ?

    នៅពេលធាតុអាកាសក្ដៅខ្លាំងម្ដងៗ តើមិនឱ្យទទួលទានទឹកត្រជាក់ម្ដេចនឹងបានទៅ? តែមានមនុស្សជាច្រើនអាចធ្លាប់បានឮមកថា ទឹកត្រជាក់អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយ អីុចឹងសួរថា ដែលយើងនាំគ្នាញ៉ាំរាល់ដងហ្នឹង តើមានគ្រោះថ្នាក់ចំពោះរាងកាយខ្លាំងប៉ុនណាដែរ ឬក៏មិនមែនជាការពិតទេ? ដូច្នេះសូមមកមើលចម្លើយទាំងអស់គ្នា…។

    តើទឹកត្រជាក់បំផ្លាញរាងកាយអ្នកយ៉ាងដូចម្ដេច?

    បើនិយាយយ៉ាងងាយៗនោះគឺ ការទទួលទានទឹកដែលត្រជាក់ខ្លាំងក្នុងរយៈពេលដ៏ឆាប់រហ័ស អាចធ្វើឱ្យកើតអាការ ឬអាការត្រជាក់ខ្លាំងឡើងដល់ខួរក្បាល ធ្វើឱ្យឈឺក្បាលមួយភ្លែតបាន។ គឺជាកម្មវិធីរបស់ខួរក្បាលដែលបញ្ជាការបញ្ជូនឈាមមកសរសៃឈាមនៅម្ដុំដែលត្រជាក់ខ្លាំងភ្លាមៗ ដើម្បីធ្វើឱ្យសរសៃឈាមនៅម្ដុំនោះកក់ក្ដៅឡើងវិញ និងពង្រីកសរសៃឈាមឱ្យធំឡើង រហូតទៅជំរុញសរសៃប្រសាទផ្នែកដែលទទួលដឹងពីការឈឺចាប់ ទើបកើតអាការឈឺក្បាលភ្លាមៗឡើង តែមិនចាំបាច់បារម្ភទេអាការនេះកើតឡើងត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ និងមិនបង្កផលប៉ះពាល់រយៈពេលវែងដល់រាងកាយឡើយ។

    តែបើនិយាយពីគ្រោះថ្នាក់ដល់រាងកាយក្នុងរយៈពេលវែងក៏មានដូចគ្នាដែរ។ ការទទួលទានទឹកដែលត្រជាក់ខ្លាំងនឹងធ្វើឱ្យក្រលៀនត្រូវបំពេញតួនាទីកម្ចាត់ភាពត្រជាក់ចេញពីរាងកាយយ៉ាងឆាប់រហ័ស ដោយការបណ្ដេញទឹកត្រជាក់ចេញមកស្តុកទុកនៅក្នុងប្លោកនោម។ ក្រៅពីក្រលៀននឹងធ្វើការខ្លាំងឡើងហើយ ភាពត្រជាក់នៅធ្វើឱ្យសរសៃឈាមពង្រឹងខ្លួន មិនយឺតយារឈាមឡើងខាប់ស្អិត រំកិលខ្លួនយឺត និងលំបាកធ្វើឱ្យមានកំណកខ្លាញ់ ចំណែករបស់សំណល់នៅក្នុងឈាមតោងជាប់នៅតាមជញ្ជាំងសរសៃឈាម និងអាចប្រមូលសន្សំពូនច្រើនឡើងរហូតក្លាយជាជំងឺត្បៀតសរសៃឈាម។

    ដូច្នេះ បើចង់ចៀសវាងពីគ្រោះថ្នាក់ទាំងនោះគួរទទួលទានទឹកក្ដៅឧណ្ហៗ ឬទឹកធម្មតាជំនួសទឹកដែលត្រជាក់ខ្លាំង ឬកាត់បន្ថយការទទួលទានទឹកត្រជាក់ខ្លះ ទទួលទានអាហារដែលមានជាតិខ្លាញ់តិច គ្រប់គ្រងអាហារពពួកម្សៅ និងស្ករឱ្យសមល្មមនឹងតម្រូវការរបស់រាងកាយ ហាត់ប្រាណឱ្យបានជាប់លាប់ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីសម្រួលការធ្វើការងាររបស់អវយវៈខាងក្នុង រួមទាំងសរសៃឈាមឱ្យប្រក្រតីផង៕

  • អ្នក​កំពុង​ពត់​ធ្មេញ តើ​គួរ​សម្អាត​ធ្មេញ​បែបណា?

    អ្នក​កំពុង​ពត់​ធ្មេញ តើ​គួរ​សម្អាត​ធ្មេញ​បែបណា?

    ធ្មេញ​ស្អាត​ជា​បំណងប្រាថ្នា​របស់​មនុស្ស​គ្រប់គ្នា ហេតុនេះហើយ​បានជា​មនុស្ស​មួយចំនួនដែលមានធ្មេញ​មិន​ត្រង់​ស្អាត​បាន​ចំណាយពេល និង​ប្រាក់កាស ដើម្បី​ធ្វើការ​ព្យាបាល​ធ្មេញ​ឱ្យមក​ត្រង់​ស្អាត​វិញ តាមរយៈ​ការពត់​ធ្មេញ។ បន្ទាប់ពី​បានធ្វើការ​ពត់​ធ្មេញ លោកអ្នក​ប្រាកដ​ជាមាន​អារម្មណ៍​ថា ធ្មេញ​របស់​អ្នកមាន​ភាពល្អប្រសើរ​ជាង​មុន ប៉ុន្តែ​នៅក្នុង​អំឡុងពេល​នៃ​ការ​ពុត​ធ្មេញ យើង​ក៏​ជឿ​ដែរ​ថា មាន​ប្រិយមិត្ត​មិនតិច​ទេ​ ដែល​រអ៊ូរទាំ​រឿង​ការពិបាក​ក្នុងការ​សម្អាត​ធ្មេញ។ បាន​ហើយ! ឈប់​បារម្ភ​ទៀត​ទៅ ហើយ​ងាក​មក​សាកល្បង​ធ្វើការ​សម្អាត​ធ្មេញ​តាមរយៈ​ការណែនាំ​មួយចំនួន​ដូចតទៅ​វិញ ៖

    • ដំបូង​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា អ្នក​ពិតជា​បាន​ដុស​សម្អាត​ធ្មេញ​រាល់ពេល​បន្ទាប់ពី​ទទួលទាន​អាហារ​រួច។
    • មុនពេល​ចាប់ផ្តើម​ដុសធ្មេញ ត្រូវ​ខ្ពុរមាត់​ជាមួយ​ទឹក​ខ្ពុរមាត់​ឱ្យបាន​សព្វ ដើម្បី​ជួយ​បន្ធូរ​កម្ទេច​អាហារ​ដែលមាន​នៅក្នុង​មាត់​កុំឱ្យ​តោង​ជាប់​ខ្លាំងពេក។

    ពេល​ដុសធ្មេញ: ការ​ដុសធ្មេញ​សម្រាប់​អ្នក​ដែល​កំពុង​ពត់​ធ្មេញ​ត្រូវ​អនុវត្តតាម​ការណែនាំ​ដូចតទៅ ៖
    ធ្មេញ​មុខ: ចាប់ផ្តើម​ដុស​ផ្នែក​ខាងមុខ​នៃ​ធ្មេញ​ពីលើ​ចុះមក​ក្រោម រួច​ក៏​បន្តទៅ​ដុស​ផ្នែក​ខាងក្នុង​វិញ​ម្តង។
    ធ្មេញ​ក្រោម: ត្រូវ​ដុស​ក្នុងទិសដៅ​ពីក្រោម​ឡើង​ទៅលើ រួច​ក៏​សំដៅ​ទៅដល់​ផ្នែក​ខាងក្នុង​ដូច​មុន​ដែរ។

    • បន្តទៅ​កន្លែងផ្សេងៗទៀត​នៃ​ធ្មេញ​របស់​អ្នក​ដូចជា ធ្មេញ​ថ្គាម ទាំង​ផ្នែក​ខាងលើ ខាងក្រៅ និង​ខាងក្នុង ប៉ុន្តែ​សូម​ចងចាំ​ថា រាល់ពេល​ដុសធ្មេញ ជាពិសេស​ធ្មេញ​មុខ​ទាំង​លើ​ទាំង​ក្រោម អ្នក​ត្រូវ​ប្រយ័ត្ន​កុំឱ្យ​ប៉ះ​ខ្សែ​ពត់​ធ្មេញ​ញឹកញាប់​ពេក ហើយ​អ្នក​គួរតែ​ប្រើ​ជំនួយ​ពី​អណ្តាត ដើម្បី​ទប់​ថ្នាំដុសធ្មេញ​ឱ្យ​ជាប់​នឹង​ធ្មេញ ហើយក៏​ដើម្បី​ការពារ​ការ​ជ្រុះ​ធ្លាក់​នៃ​ខ្សែ​ពត់​ធ្មេញ​ដែល​នៅលើ​ធ្មេញ​របស់​អ្នក​ផងដែរ។
    •  ខ្ពុរ​សម្អាត​មាត់​ធ្មេញ​របស់​អ្នក​ម្តងទៀត​ជាមួយ​ទឹក​ខ្ពុរមាត់​ឱ្យបាន​ត្រឹមត្រូវ បន្ទាប់ពី​ដុសធ្មេញ​រួច។
    • បើទោះជា​ក្នុងពេល​ពត់​ធ្មេញ​ក៏ដោយ ក៏​ការ​ទាក់​សម្អាត​ធ្មេញ​ដោយ​ខ្សែ​សម្អាត​ធ្មេញ​នៅតែមាន​ភាព​សំខាន់​ក្នុង​ការជួយ​ឱ្យ​ធ្មេញ​ស្អាត​បាន​យ៉ាង​ល្អ​ដែរ ដូច្នេះ​សូម​បន្តធ្វើ​វា​ទៀត​ចុះ។

    អ្នកជំនាញ​បានធ្វើ​ការណែនាំ​ឱ្យ​សម្អាត​ធ្មេញ​រយៈពេល​យ៉ាងតិច2នាទី ប៉ុន្តែ​សម្រាប់​អ្នក​ដែល​កំពុង​ពត់​ធ្មេញ គួរតែ​ចំណាយពេល​ឱ្យ​ច្រើនជាង​នេះ​បន្តិច​ក្នុងការ​ដុសធ្មេញ ដើម្បី​ទទួលបាន​លទ្ធផល​ដែល​ប្រសើរ​ជាង​មុន៕

  • មែនឬ ដុសសម្អាតធ្មេញក្រោយបាយហើយភ្លាម ប្រថុយនឹងការពុកធ្មេញ?

    មែនឬ ដុសសម្អាតធ្មេញក្រោយបាយហើយភ្លាម ប្រថុយនឹងការពុកធ្មេញ?

    កាលពីថ្ងៃមុន ឃើញមិត្តរួមការងារម្នាក់ញ៉ាំបាយហើយ ក៏ក្រោកទៅចាប់យកច្រាសដុសធ្មេញចូលបន្ទប់ទឹកភ្លាមតែម្ដង យើងក៏នឹកស្ងើចសរសើរគាត់ពីរឿងម៉ឺងម៉ាត់ក្នុងការថែទាំសុខភាពប្រអប់មាត់របស់ខ្លួន បានយ៉ាងល្អដែលយើងមិនដែលបានធ្លាប់ធ្វើបែបហ្នឹងឡើយ។ តែក៏គួរឱ្យនឹកសង្ស័យដែរថា យើងជាមនុស្សម្នាក់ដែលមិនធ្លាប់ដុសធ្មេញលើសពី2ដងឡើយក្នុងមួយថ្ងៃ ហើយគ្រូពេទ្យបានប្រាប់ថា យើងស្ទើរតែគ្មានធ្មេញណាមួយពុកឡើយកំណកកំបោរក៏មិនសូវមានដែរ មិនចាំបាច់សម្អាតនាំតែអស់លុយទេ តែមិត្តរួមការងារម្នាក់នោះបែរជាមានធ្មេញពុកច្រើន ហើយថែមទាំងមានបញ្ហារឿងការស្រៀវធ្មេញញឹកញាប់ទៀតផង។

    ឬមួយក៏… ការដុសសម្អាតធ្មេញក្រោយញ៉ាំបាយហើយភ្លាមៗមិនល្អចំពោះសុខភាពធ្មេញដូចដែលយើងគិត?

    មានលទ្ធផលនៃការស្រាវជ្រាវមួយបានរកឃើញថា ការទទួលទានអាហារប្រភេទទឹកផ្លែឈើ ទឹកភេសជ្ជៈកំប៉ុង ឬអាហារ និងភេសជ្ជៈដែលមានឫទ្ធិជាអាស៊ីតស្រាលៗ និងមានជាតិស្ករខ្ពស់ នឹងធ្វើឱ្យសារធាតុស្រោបធ្មេញផ្នែកខាងក្រៅបន្ទន់ខ្លួនយូរតាំងពី10នាទីរហូតទៅដល់1ម៉ោង ដូច្នេះក្នុងអំឡុងពេលដែលសារធាតុស្រោបធ្មេញនោះកំពុងបន្ទន់ខ្លួន បើអ្នកធ្វើការដុសសម្អាតធ្មេញភ្លាម វានឹងក្លាយជាមូលហេតុធ្វើឱ្យសារធាតុស្រោបការពារសាច់ធ្មេញនោះរបូត ឬសឹកអស់បាន។

    នៅពេលសារធាតុស្រោបការពារធ្មេញនោះរបូតចេញ ឬសឹកអស់ ធ្វើឱ្យធ្មេញលែងរឹងមាំអាចប្រថុយនឹងការកើតអាការស្រៀវធ្មេញ និងធ្មេញសឹកកាន់ខ្លាំងឡើង រហូតធ្វើឱ្យកាន់តែងាយពុកធ្មេញឡើងទៀតផង។

    បើអ្នកណាដែលនៅតែចង់ដុសសម្អាតធ្មេញដើម្បីសុខភាពដ៏ល្អរបស់ប្រអប់មាត់ក្នុងអំឡុងពេលថ្ងៃនោះ មានដំបូន្មានល្អៗដូចខាងក្រោមនេះ៖

    1. ដុសសម្អាតធ្មេញដោយថ្នាំដុសធ្មេញដែលមានផ្សំដោយ ផ្លអូរ៉ាយដ៍ មុនទទួលទានអាហារប្រភេទភេសជ្ជៈ ទឹកផ្លែឈើក្រឡុក ទឹកភេសជ្ជៈកំប៉ុង ឬភេសជ្ជៈ និងអាហារដែលមានរសជាតិជូរ និងផ្អែមខ្លាំង។

    2. ខ្ពុរមាត់ដោយទឹកស្អាតភ្លាមៗក្រោយពេលញ៉ាំអាហារទាំងអស់នោះហើយភ្លាម អាចនឹងខ្ពុរមាត់ដដែលៗបាន ហើយសម្រាកប្រមាណជា1ម៉ោង សឹមក្រោកទៅដុសសម្អាតធ្មេញ។

    3. ជ្រើសរើសប្រើច្រាសដុសធ្មេញដែលមានសរសៃទន់ៗ និងដុសសម្អាតធ្មេញដោយថ្នមដៃ តែដុសសម្អាតឱ្យបានយូរឡើង ល្អជាងដុសបែបខ្លាំងៗ និងលឿនៗឆាប់ហើយ។

    4. ក្រោយពេលដុសធ្មេញ អាចខ្ពុរតែពពុះថ្នាំដុសធ្មេញចេញដោយមិនបាច់ខ្ពុរនឹងទឹកស្អាតទៀតឡើយ តែបើមានអារម្មណ៍ថាមិនស្រួលក្នុងមាត់ ចូរខ្ពុរមាត់នឹងទឹកស្អាតតែម្ដងទៀតបានហើយ ដើម្បីឱ្យសារធាតុ ផ្លអូរ៉ាយដ៍ នៅជាប់នឹងធ្មេញឱ្យបានច្រើនបំផុត។

    ត្រឹមតែតិចនិកងាយៗប៉ុណ្ណឹង លោកអ្នកក៏នឹងមានសុខភាពធ្មេញដែលល្អ ដោយមិនចាំបាច់ទៅជួបគ្រូពេទ្យធ្មេញញឹកញាប់បានបាត់ទៅហើយ៕

  • ឥទ្ធិពលនៃសិច

    ឥទ្ធិពលនៃសិច

    ថ្វីដ្បិត​តែ​ពាក្យ​នេះ (សិច) ហាក់​ពិបាក​នឹង​ហាមាត់​និយាយ​ជា​សាធារណៈ ឬ​ស្រែក​ខ្លាំងៗ ដើម្បី​ប្រាប់​ទៅ​ដល់​បណ្តា​មនុស្ស​នៅ​ជុំវិញ​ខ្លួន​បន្តិច​មែន ប៉ុន្តែ​វា​ពិតជា​មាន​សារសំខាន់​យ៉ាង​លើសលប់​ចំពោះ​មនុស្ស​ទូទៅ ជាពិសេស សម្រាប់​អ្នក​ដែល​ទើបតែ​ឆ្លង​ផុត​ពិធី​រៀប​អាពាហ៍ពិពាហ៍ ក៏​ដូចជា​អ្នក​ដែល​កំពុង​រួមរស់​ជាមួយ​ដៃគូ​ជីវិត​តែម្ដង។ តើ សិច មាន​ឥទ្ធិពលយ៉ាងដូចម្ដេចខ្លះ ទើប​ធ្វើឱ្យ​មនុស្ស​ស្ទើរ​គ្រប់​គ្នា​យកចិត្តទុកដាក់​ចំពោះ​វា​ខ្លាំង​យ៉ាងនេះ?

    អនុវត្ត​សិច ដើម្បី​សុខភាព​ ៖ ការ​រួមភេទ គឺជា​សកម្មភាព​មួយ​ដែល​ត្រូវបាន​អ្នកជំនាញ​ចាត់ទុកថា​ ជា​ការ​ធ្វើ​លំ​ហាត់ប្រាណ​ដ៏​ប្រសើរ និង​ធ្វើឱ្យ​មាន​អារម្មណ៍​ស្ងប់​គេង​លក់​ស្រួល កាត់បន្ថយ​ភាព​តានតឹង បំបាត់​ស្ត្រេ​ស ជាពិសេស​សម្រាប់​អ្នក​ដែល​មាន​ទម្លាប់​អនុវត្ត​សិច​ចំនួន​2-3ដង​ក្នុង​1​សប្ដាហ៍ អាច​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាពល្អប្រសើរ និង​ចៀសផុត​ពី​ភាព​ប្រឈម​ជាមួយ​ជំងឺ​ផ្តាសាយ​បាន​យ៉ាង​ប្រសើរ​។

    អនុវត្ត​សិច ​ដើម្បី​ជីវិត​ស្រស់ថ្លា ​៖ សម្រាប់​ការ​លេងសើច មិន​ថា​ជា​ការនិយាយស្ដី ឬ​កាយវិការ​ណាមួយ​នោះឡើយ អ្នក​ពិតជា​អាច​ភ្លេច​ទៅ​តាម​ការ​រំលង​ផុត​ទៅ​នៃ​ពេលវេលា​។ ប៉ុន្តែ​ចំពោះ​សកម្មភាព​សិច​វិញ​គេ​ជឿជាក់ថា គ្មាន​អ្នកណា​ដែល​អាច​បំភ្លេច​ចោល​នូវ​អនុស្សាវរីយ៍​ដ៏​ផ្អែមល្ហែម និង​សុខ​ស្រួល​បានឡើយ​។ ដូច្នេះ ចូរ​អ្នក​ចងចាំ ហើយ​ចាប់ផ្តើម​ពី​ការ​លួងលោម​ដោយ​ពាក្យសម្ដី​ផ្អែមល្ហែម បន្ថែម​ដោយ​សកម្មភាព​បបោសអង្អែល​ថ្នមៗ​រហូត​ឈានដល់​ការស្វែងរក​ចំណុច​ពិសេស​ដែល​អាច​ផ្តល់​ភាព​សុខ​ស្រួល​នៃ​ជីវិត​សិច​របស់​អ្នក។ អនុវត្ត​សិច ​ដើម្បី​រឹតចំណង​មេត្រី​ ៖ ស្ទើរតែ​គ្រប់​គ្នា​សុទ្ធ​តែ​បង្ហាញ​ថា ការរួម​សិច​គឺធ្វើឡើង​គ្រាន់​ជា​ទម្លាប់ និង​តាម​ចំណង់​តែប៉ុណ្ណោះ ជា-​ពិសេស​ភាគីខាង​ស្ត្រី​ហាក់​មិន​ដែល​បាន​ស្គាល់​ពី​រសជាតិ​ពិត​នៃ​សិច​នោះឡើយ​។ តាម​ការពិត​ទៅ ការ​រួមភេទ​ពិតជា​មាន​ឥទ្ធិពល​យ៉ាង​អស្ចារ្យ​ដែល​អាច​ធ្វើ​ឱ្យ​ដៃគូ​ស្នេហា​មាន​ភាពស្និទ្ធស្នាល​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​យ៉ាង​ពេញទំហឹង​។ មាន​គូស្នេហ៍​ជាច្រើន​បាន​បង្ហាញថា ឱកាស​នៃ​ការទទួលបាន​សេចក្ដីសុខ សុភមង្គល​មាន​កាន់តែច្រើន ជាមួយ​នឹង​ទំនាក់ទំនង​ស្នេហា​រវាង​ប្ដី​-​ប្រពន្ធ ដ្បិតតែ សិច ឬ​ការ​រួមភេទ​នេះ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​បំផុត និង​មិន​អាច​ចៀសវាង​បាន​។ ម្យ៉ាងទៀត ភាពស្និទ្ធស្នាល​មួយ​នេះ​ក៏​ជា​លក្ខខណ្ឌ​ពិសេស​មួយ​ដែល​អ្នក​ត្រូវ​តែ​បង្កើត​ជាមួយនឹង​ដៃគូ​ជីវិត ឬ​គូស្នេហ៍​ដោយ​ខានមិនបាន​។​

    អនុវត្ត​សិច ​ដើម្បី​សុភមង្គល​ ៖ មនុស្ស​ជាច្រើន​តែង​គិតថា ភាព​រីករាយ​ដោយ​ការ​រួមភេទ​គឺជា​សកម្មភាព​ដែល​អាច​រក្សា​រូប​សម្រស់ និង​ធ្វើឱ្យ​រាងកាយនៅតែ​មាន​សភាព​ក្មេង​ជាង​វ័យ​។ ទាក់ទង​ទៅនឹង​ជីវិត​សិច​នេះ មាន​ការស្រាវជ្រាវ​មួយ​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Colorado-Boulder បាន​រកឃើញថា សេចក្ដីសុខ​មាន​ការកើនឡើង​ប្រមាណ​44%​សម្រាប់​អ្នក​ដែល​បាន​រួមភេទ​1​ដង​ក្នុង1​សប្ដាហ៍ បើ​ប្រៀ​ធៀប​ទៅនឹង​អ្នក​មិន​បាន​រួមភេទ​។ ដោយឡែក សម្រាប់​អ្នក​ដែល​បាន​រួមភេទ​ចំនួន2-3ដង​ក្នុង​1​សប្ដាហ៍​ អាច​ទទួលបាន​សេចក្ដីសុខ​ប្រមាណ​55%​។ ដូច្នេះ​អ្នក​អប់រំ​ខាង​ផ្លូវភេទ​បាន​ចោទ​ជា​សំណួរ​ថា តើ​ការ​រួមភេទ​អាច​មាន​តុល្យភាព​ដែរឬទេ ហើយ​អាច​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍យ៉ាងដូចម្ដេច​ក្រោយ​ពេល​អនុវត្ត​សិច​ជាមួយ​ដៃគូ​? សរុបមកសិច នៅតែ​ជា​ចំណុច​សំខាន់​ដែល​អ្នក​គួរតែ​ចំណាយ​ពេល​អនុវត្ត ដើម្បី​ទទួលបាន​ភាពល្អប្រសើរ​ទាំងនេះ។​

    សូម​កុំ​ទាន់​ជឿជាក់​ទៅលើ​សំណេរ​ទាំងអស់​ខាងលើ​នេះ ដោយ​ស្លុង​អារម្មណ៍ ប៉ុន្តែ​លោក​អ្នក​ក៏​អាច​ដក​បទពិសោធន៍ និង​សម្គាល់​ដោយ​ខ្លួន​អ្នក​ផ្ទាល់ក៏បាន​៕

  • ចង់​មាន​អាយុ​វែង100ឆ្នាំ ចូរ​ធ្វើតាម5ចំណុច​ខាងក្រោម​នេះ

    ចង់​មាន​អាយុ​វែង100ឆ្នាំ ចូរ​ធ្វើតាម5ចំណុច​ខាងក្រោម​នេះ

    ទោះជា​វិទ្យាសាស្ត្រ​ខាង​ពន្យារ​វ័យ​ឈានទៅ​មុខ និង​ទំនើប​ប៉ុនណា​ក៏ដោយ តែ​ការធ្វើ​កិច្ចការងារ​បែបងាយៗមួយចំនួន​ជាប់​ជាប្រចាំ​រៀងរាល់ថ្ងៃ​ក៏​អាចជួយ​ឱ្យ​អ្នកមាន​អាយុ​វែង​បាន​ដូចគ្នា​ដែរ។ សារព័ត៌មាន ឌឹ មី​រើ​រ៍ អន​ឡាញ របស់​ប្រទេស​អង់គ្លេស​បានចុះផ្សាយឱ្យ​យើង​ដឹង​ដូចខាងក្រោម​នេះ៖

    1. ឈរជើង​ម្ខាង : រៀងរាល់​ព្រឹក ដូចជា ក្នុងពេល​តុបតែង​ខ្លួន សាកល្បង​ហ្វឹកហាត់​ការ​ទប់​លំនឹង​ខ្លួន​ដោយ​ការឈរជើង​ម្ខាង ព្រោះ​វា​ជាការ​សាង​តុល្យភាព​របស់​រាងកាយ (ឆ្អឹង​កង​ខ្នង ឆ្អឹងត្រគាក និង​ក្រពះ) នៅពេល​អាយុ​ច្រើន​ទៅ វា​នឹង​ជួយ​ការពារ​ឧប្បត្តិហេតុ​ពី​ការ​ដួល​បាក់ឆ្អឹង​បាន។

    2. មាន​ភេទ​សម្ពន្ធ​ជាប់លាប់​ជាប្រចាំ : យ៉ាងតិច​មួយ​សប្ដាហ៍ 2ដង ព្រោះ​តាមរយៈ​ការងារ​ស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែលមាន​ភេទ​សម្ពន្ធ (រួមភេទ) តិចជាង​មួយខែ​ម្ដង មានឱកាស​ប្រថុយ​នឹង​ការស្លាប់​មុន​វ័យ​ដល់​ទៅ​ពីរដង ច្រើនជាង​អ្នក​ដែលមាន​ភេទ​សម្ពន្ធ​មួយ​សប្ដាហ៍ 2ដង ព្រោះ​វា​នឹង​ជួយ​កាត់បន្ថយ​ភាព​ធុញថប់​តានតឹង​ក្នុង​អារម្មណ៍ និង​ធ្វើឱ្យ​គេង​លក់​ស្រួល​ឡើង។

    3. តម​ប្រើ​គ្រី​ម​ការពារ​កម្ដៅថ្ងៃ​ក្នុងអំឡុង​ម៉ោង 7.00 – 9.00 : ព្រោះ​គ្រី​ម​ការពារ​កម្ដៅថ្ងៃ​នឹង​ទៅ​ស្រោប​ស្រទាប់​ស្បែក ធ្វើឱ្យ​វីតាមីន D ពី​ពន្លឺ​ថ្ងៃ​មិនអាច​ជ្រៀតចូល​ទៅក្នុង​ស្បែ​កបាន ហុច​ផល​ឱ្យ​កើត​ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​បេះដូង។

    4. សើច​ក្នុង​មួយថ្ងៃ​ឱ្យបាន​យ៉ាងតិច20ដង : ជាការ​ជំរុញ​ប្រព័ន្ធ​ប្រឆាំង​ជំងឺ បន្ថយ​អ័រម៉ូន​ភាព​ធុញថប់​តានតឹង និង​បង្កើន​កម្រិត ធី​សែ​ល​ល៍ (T cell) ក្នុងការ​ការពារ និង​តតាំង​នឹង​រោគ​មហារីក។

    5. ច្រៀង​ខណៈពេល​ងូតទឹក : តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​លើ​ក្រុម​អ្នកចម្រៀង​ច្រៀង​ជា​ពួក​របស់​មហាវិទ្យាល័យ យេ​ល និង​មហាវិទ្យាល័យ ហា​វ៉ាដ សហរដ្ឋអាមេរិក​បាន​រកឃើញថា ពួកគេ​មាន​អាយុ​គិត​ជា​មធ្យម​កើនឡើង​ច្រើន ព្រោះ​ការ​ច្រៀង​ចម្រៀង​អាចជួយ​កាត់បន្ថយ​ភាព​ធុញថប់​តានតឹង ការពារ​រោគ​បេះដូង និង​ជួយ​មិនឱ្យ​កើត​ជំងឺ​សោកសៅ​បាន។ ឃើញ​ទេ… 5ចំណុច​ខាងលើ​អាចធ្វើឱ្យ​អ្នក​អាយុ​វែង​បាន មិនចាំបាច់​អស់​លុយ​មួយរយ​រៀល​ណា​ឡើយ៕