Category: សុខភាព

  • គុណប្រយោជន៍សរសៃពណ៌សជាប់នឹងសាច់ក្រូច ដែលអ្នកមិនធ្លាប់បានដឹងពីមុន

    គុណប្រយោជន៍សរសៃពណ៌សជាប់នឹងសាច់ក្រូច ដែលអ្នកមិនធ្លាប់បានដឹងពីមុន

    ផ្លែឈើដែលងាយរកទទួលទានបាននោះគឺ “ក្រូច” តែមានមនុស្សជាច្រើននាក់ដែលមិនបានដឹងថា ការទទួលផ្លែក្រូចជាអាហារពេលព្រឹក ជាវិធីសាស្ត្រមួយនៃការតមអាហារបានយ៉ាងប្រសើរបំផុត។ ដោយសារតែសរសៃពណ៌សដែលមានជាប់នឹងសាច់ក្រូចនេះហើយ ដែលជួយឱ្យអ្នកតមអាហារបាន ថែមទាំងមិនប៉ះពាល់ដល់សុខភាពទៀតផង។

    ក្រូច ជាផ្លែឈើដែលត្រូវបានណែនាំឱ្យអ្នកដែលត្រូវការតមអាហារសម្រកទម្ងន់។ ក្នុងក្រូច100ក្រាម មានកាឡូរី45គីឡូកាឡូរី ហើយបើ75ក្រាម មានកាឡូរីរហូតដល់ទៅ34គីឡូកាឡូរីដែលអាចនិយាយបានថា ក្រូចជាផ្លែឈើដែលមានកាឡូរីទាបបំផុត និងសម្បូរទៅដោយវីតាមីនជាច្រើនយ៉ាង។ បើទោះបីជាអ្នកទទួលទានក្រូច3ផ្លែ នោះអ្នកក៏អាចទទួលបានកាឡូរី100គីឡូកាឡូរី ដែលល្អស័ក្ដិសមចំពោះអ្នកដែលនិយមទទួលទានអាហារកំបិុចកំប៉ុក មិនធ្វើឱ្យងាយធាត់បានឡើយ។ ភាគច្រើនមនុស្សទូទៅបានជ្រាបដឹងថា ក្នុងផ្លែក្រូច សម្បូរទៅដោយវីតាមីន C ច្រើន ដែលមានគុណសម្បិត្តជួយរក្សាស្បែកឱ្យភ្លឺរលោង និងជួយឱ្យមានសុខភាពល្អ។ មិនតែប៉ុណ្ណោះ ក្រូចក៏មាននូវសារធាតុ Pectin ដែលអ្នកអាចមើលឃើញថា ជាសរសៃពណ៌សដែលមានជាប់នឹងផ្លែក្រូច មានគុណសម្បត្តិជួយដល់ការធ្វើការរបស់អង់ស៊ីម ដែលនាំមុខការរំលាយអាហារ និងការពារការស្រូបយកសារធាតុខ្លាញ់នៅក្នុងរាងកាយ។

    សរសៃពណ៌ស ដែលជាប់នឹងសាច់ក្រូច ត្រូវបានគេហៅម៉្យាងទៀតថា “សរសៃ Pectin”។ នៅក្នុងសរសៃនេះមាននូវវីតាមីនជាច្រើនយ៉ាងបានផ្សំបញ្ចូលគ្នា និងមានទាំងម៉ូលីគុល Bioflavonoid ដែលគេឱ្យឈ្មោះមួយទៀតថា Hesperidin ផងដែរ។ យ៉ាងណាមិញ “សរសៃ Pectin” មានគុណសម្បត្តិជួយដុតកំឡោចជាតិខ្លាញ់នៅក្នុងរាងកាយ ជួយបន្ថយកូលេស្រ្តូរ៉លនៅក្នុងសរសៃឈាម ធ្វើឱ្យលំហូរវិលរបស់លោហិតហូរបានយ៉ាងប្រសើរ និងប្រមូលផ្ដុំសារធាតុវីតាមីន C ជាដើម។ ទាំងអស់នេះហើយបានជាសរសៃពណ៌សជាប់នឹងសាច់ក្រូចនោះ មានគុណប្រយោជន៍យ៉ាងមហាសាល ក្នុងការថែរក្សាសុខភាពរបស់អ្នក។

    ដូច្នេះការទទួលទានផ្លែក្រូចមួយផ្លែ អ្នកនឹងទទួលបានទាំងវីតាមីន C និង A, សារធាតុ Flavonoid, អង់​ទី​អុក​ស៊ីដង់​, កាល់ស្យូម​, ម៉ាញ៉េ​ស្យូម​, ប៉ូ​តា​ស្យូម​ ជាតិទឹក និងជាប្រភេទអាហារមានជាតិ​សរសៃ រួមបញ្ចូលគ្នាផងដែរ។ ហើយវីតាមីនជាច្រើននៅក្នុងផ្លែក្រូច ផ្ដល់អត្ថប្រយោជន៍ដល់អ្នកក្រោយពេលទទួលទានដូចជា បំបាត់​ការ​ទល់លាមក​, កែសម្រួល​អា​ការឡើង​សម្ពាធ​ឈាម​ខ្ពស់​, បង្ការ​ជំងឺមហារីក, ទប់ស្កាត់​ជំងឺ​បេះដូង​​, ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​ជំងឺ​បង្កឡើង​ដោយ​វី​រ៉ុស​​ ,ទប់ស្កាត់​ជំងឺ​ស្បែក​, ថែរក្សា​ឆ្អឹង, ធ្វើឱ្យ​ធ្មេញ​​រឹងមាំ​ ​,បង្ការ​ជំងឺ​តម្រង​នោម​, ព្យាបាលជំងឺផ្ដាសាយ, ក្រៅពីនេះគឺជួយបង្ការ និង​ព្យាបាល​ជំងឺ​ជា​ច្រើនទៀត​ដូចជា ជំងឺ​ហឺត​, ជំងឺ​រលាក​ទងសួត​, ជំងឺ​រលាក​សួត​, ជំងឺរបេង​ និងជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatic​ ផងដែរ៕

  • ការពិនិត្យសុខភាពដោយការបូមឈាម ត្រូវតមទឹក និងអាហារ មុនពេលបូម តើត្រូវដែរឬទេ?

    ការពិនិត្យសុខភាពដោយការបូមឈាម ត្រូវតមទឹក និងអាហារ មុនពេលបូម តើត្រូវដែរឬទេ?

    ការណាត់ពិនិត្យសុខភាព ធ្វើតេស្ដឈាមស្វែងរករោគជំងឺផ្សេងៗ ម្នាក់ៗតែងតែនិយាយថា ត្រូវអត់អាហារ និងទឹក ដើម្បីឱ្យលិទ្ធផលតេស្ដឈាមមានប្រសិទ្ធភាព។ មនុស្សពេញវ័យគ្រប់រូប គួរតែទៅពិនិត្យសុខភាពឱ្យបានជាប់ជាប្រចាំ ទោះជាលោកអ្នកមានអារម្មណ៍ថា មានសុខភាពល្អក៏ដោយ។ គោលបំណងនៃការពិនិត្យសុខភាពជាប្រចាំនេះ គឺធ្វើឡើងដើម្បីស្វែងរកជំងឺផ្សេងៗ វាយតម្លៃការប្រឈមមុខនឹងជំងឺនាពេលអនាគត ណែនាំឱ្យចេះរបៀបថែទាំសុខភាពឱ្យបានល្អផ្តល់ការចាក់វ៉ាក់សាំងបង្ការ ឱ្យបានត្រឹមត្រូវតាមការកំណត់ ជួយឱ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យបានឆាប់រហ័ស និងច្បាស់លាស់ ហើយទទួលបានទិន្នន័យនៃការពិនិត្យសុខភាពជាប្រចាំ។ ដូច្នេះហើយ តើការធ្វើតេស្ដឈាម គួរតែតមអាហារដូចមនុស្សគ្រប់គ្នាថា ដែរឬទេ? ទស្សនាវដ្តី ឡារ៉ែន សូមជម្រាបជូនប្រិយមិត្តអ្នកអានឱ្យបានជ្រាបដូចខាងក្រោម។

    ការធ្វើតេស្ដឈាមរកជំងឺប្រភេទខាងក្រោមនេះ ត្រូវតមអាហារ និងទឹករយៈពេលលើសពី6ម៉ោង
    • ពិនិត្យកម្រិតជាតិស្ករនៅក្នុងឈាមដូចជា តេស្ដទឹកនោមផ្អែម (លើកលែងតែការត្រួតពិនិត្យកម្រិតជាតិស្ករសមល្មម ឬអេម៉ូក្លូបិនអេដវិនស៊ី (HbA1c) ដែលអាចធ្វើតេស្ដឈាមបានដោយមិនចាំបាច់តមអាហារ និងទឹក)។
    • ពិនិត្យរកជាតិខ្លាញ់ កូលេសស្ត្រូរ៉ល។

    ការធ្វើតេស្ដឈាមរកជំងឺប្រភេទខាងក្រោមនេះ ដែលមិនចាំបាច់តមអាហារ និងទឹក
    • ពិនិត្យកំហាប់ឈាម (ឈាមស ឈាមក្រហម អេម៉ូក្លូប៊ីន…)
    • ពិនិត្យបរិមាណក្លាកេត (កោសិកាឈាម)
    • ពិនិត្យភាពរឹងមាំនៃគ្រាប់ឈាម
    • ពិនិត្យរកមេរោគអេដស៍
    • ពិនិត្យរករោគថ្លើម និងតម្រងនោម
    • ពិនិត្យក្រពេញទីរ៉ូអីុដ
    • ពិនិត្យរកក្រុមឈាម
    • ការបរិច្ចាគឈាម

    ក៏ប៉ុន្ដែនៅមានការពិនិត្យសុខភាពដែលមិនចាំបាច់បូមឈាម ដែលត្រូវតមអាហារ និងទឹកដូចជា៖
    • ការត្រួតពិនិត្យមើលអេកូប្រអប់ពោះ ត្រូវតមអាហារ ដើម្បីឱ្យបានមើលឃើញកាន់តែច្បាស់នៅក្នុងប្រអប់ពោះ។
    • ការឆ្លុះអេកូក្រពះ និងពោះវៀន
    • ការពិនិត្យតាមរយៈ X-ray កុំព្យូទ័រ ឬ CT​​ Scan ដែលត្រូវចាក់សារធាតុជំនួយក្នុងការថតចូលក្នុងសរសៃឈាម ឱ្យតមទឹកតមអាហារក្រែងលោក្នុងករណីថា អ្នកជំងឺប្រតិកម្មចាញ់សារធាតុគីមីដែលបានចាក់ចូលទៅ និងបានធ្វើការប្រើបំពង់អុកស៊ីហែ្ស៊នជួយដកដង្ហើមទាន់ពេលវេលា។

    នៅក្នុងករណីត្រូវពិនិត្យទឹកនោមផ្អែម ខណៈពេលកំពុងតាំងគភ៌នៅឡើយ ៖
    • ការឆ្លុះ Screening តម្រូវឱ្យទទួលទានស្ករស 50ក្រាម និងបូមឈាមបន្ទាប់ពីទទួលទានរួចរយៈពេល1ម៉ោង ដោយមិនចាំបាច់តមអាហារ។
    • ការពិនិត្យវិនិច្ឆ័យរោគ ចាំបាច់ត្រូវតមអាហារតមទឹកជាមុនសិន ព្រោះពេលបូមឈាមក្រោយការតម ក៏នឹងឱ្យទទួលទានស្ករ 100ក្រាមហើយបូមឈាមក្រោយទទួលទានរួចក្នុងអំឡុងពេល1-3ម៉ោង។ ក្នុងអំឡុងពេលរង់ចាំការបូមឈាម ត្រូវឱ្យអង្គុយស្ងៀម ហាមដើរទៅណាមកណា មិនដូច្នោះនឹងធ្វើឱ្យមិនឃើញលិទ្ធផល។

    យ៉ាងណាមិញ នៅមានព័ត៌មានលម្អិតពីការត្រូវតមអាហារ តមទឹកមុនពេលពិនិត្យឈាមជាច្រើនទៀត ដែលយើងខ្ញុំសូមណែនាំឱ្យអញ្ជើញទៅរកគ្រូពេទ្យ ដើម្បីប្រឹក្សាយោបល់ឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត៕

  • កែប្រែ​ទម្លាប់​គ្មាន​អនាម័យ​ប្រចាំថ្ងៃ ដើម្បី​សុខភាព​ល្អ

    កែប្រែ​ទម្លាប់​គ្មាន​អនាម័យ​ប្រចាំថ្ងៃ ដើម្បី​សុខភាព​ល្អ

    ទម្លាប់​នៃ​ការធ្វើ​អនាម័យ​រាងកាយ​ជាប្រចាំ​ថ្ងៃ គឺជា​រឿង​ដ៏​ល្អ​បំផុត​ដែល​មនុស្ស​គ្រប់រូប​គួរតែ​ធ្វើ ក៏ប៉ុន្តែ​ទម្លាប់​មួយចំនួន​ក៏​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​វិញ​ផងដែរ ប្រសិនបើ​អ្នកអនុវត្ត​មិនបាន​ត្រឹមត្រូវ។ បើតាម​អ្នកជំនាញ​សុខភាព​ពិភពលោក​បាន​ប្រាប់​ឱ្យដឹងថា ក្រៅពី​ទម្លាប់​ធ្វើ​អនាម័យ​ខ្លួនប្រាណ មនុស្ស​ជាច្រើន​ក៏​ជាប់​នូវ​ទម្លាប់​ខ្ជិល និង​គ្មាន​អនាម័យ​ប្រចាំថ្ងៃ​ដែល​មើលរំលង ហើយ​អា​ចប​ណ្តោ​ល​ឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព បើ​អ្នក​មិន​ព្រម​ផ្លាស់ប្តូរ។

    1. ទម្លាប់​ខ្ជិល​លាងដៃ​ពេល​ចេញពី​បន្ទប់ទឹក ឬ​បង្អន់
    ការលាង​សម្អាត​ដៃ គឺ​ជាម​ធ្យា​បាយ​មួយ​ដែលមាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ការពារ​ខ្លួនឯង និង​អ្នកដទៃ​កុំឱ្យ​ឆ្លង​មេរោគ។ ប៉ុន្តែ​មនុស្ស​មួយចំនួន​មិនបាន​លាង​សម្អាត​ដៃ​ត្រឹមត្រូវ​នោះទេ ដែលជា​ហេតុនាំឱ្យ​មានកា​រ​ឆ្លង​មេរោគផ្សេងៗ។ សូម​លាង​សម្អាត​ដៃ​ជាមួយនឹង​សាប៊ូ​ឱ្យបាន​ញឹកញាប់ ពេល​ចេញពី​បង្គន់​នៅផ្ទះ ឬ​បង្គន់​តាម​ទីសាធារណ:។

    2. ទម្លាប់​លាងមុខ​ញឹកញាប់
    ការលាង​សម្អាត​ផ្ទៃមុខ គឺ​ជាម​ធ្យា​បាយ​ដ៏​ល្អ​ក្នុងការ​កម្ចាត់​បាក់តេរី និង​កោសិកាងាប់ៗនៅលើ​ស្បែក ធ្វើឱ្យ​ស្បែក​របស់​អ្នក​ស្រស់ថ្លា​ឡើង។ ក៏ប៉ុន្តែ​ការលាង​ផ្ទៃមុខ​ច្រើន​ហួសប្រមាណ អាចធ្វើឱ្យ​ស្បែក​រលាក ដោយសារតែ​ការបាត់បង់​ជាតិ​ខ្លាញ់​នៅលើ​ស្បែក។

    3. ទម្លាប់​ខ្ជិល​ងូតទឹក​ក្រោយពេល​ហាត់ប្រាណ
    នៅពេល​ធ្វើ​លំ​ហាត់ប្រាណ រាងកាយ​របស់​អ្នកនឹង​បែកញើស​ច្រើន ដែលជា​ឱកាស​មួយ​នៃ​ពពួក​បាក់តេរី​តោង​នៅជាប់​នឹង​ស្បែក។ ប្រសិនបើ​អ្នក​មិនបាន​ងូតទឹក​នោះទេ គឺជា​កំហុស​ដ៏​ធំ​មួយ ព្រោះ​អ្នក​អាច​កើតមាន​បញ្ហា​ធំ​ុ​ក្លិន​ខ្លួន កន្ទួល​រមាស់ និង​បញ្ហា​ស្បែក​ឡើង​មុន​លើស្បែកជាមិនខាន។ ប៉ុន្តែ ក្រោយពេល​ធ្វើ​លំ​ហាត់ប្រាណ អ្នក​ត្រូវ​រងចាំ​រយ:ពេល15នាទី ឬ​ចាំ​ឱ្យ​ញើស​ស្ងួត​ជាមុនសិន ទើប​ងូតទឹកបាន។

    4. ទម្លាប់​ប្រើ​ដៃ​ខ្ទប់មាត់​នៅពេល​កណ្តាស់
    ការ​ខ្ទប់​នៅពេល​ក្អក ឬ​កណ្តាស់ ដើម្បី​ទប់​ស្តា​ត់​កុំឱ្យ​សាយភាយ​ទឹកមាត់​ដាក់​អ្នកដទៃ គឺជា​សុជីវធម៌​មួយ​ដ៏​ល្អ​បំផុត។ ប៉ុន្តែ អ្នក​មិនត្រូវ​ប្រើ​ដៃ​ខ្ទប់​នោះឡើយ ព្រោះ​អ្នក​មិនអាច​លាង​សម្អាត​ដៃ​គ្រប់ពេល​នោះទេ ដូច្នេះ​មេរោគ​វា​នឹង​វិល​មករក​រាងកាយ​រប​ស់​អ្នក​វិញ​ជាមិនខាន។ យក​ល្អ អ្នក​ត្រូវមាន​កូនកន្សែង ឬ​ក្រដាសអនាម័យ​នៅជាប់​តាម​ខ្លួន ដើម្បី​ប្រើប្រាស់​នៅពេល​មាន​បញ្ហា​កណ្តាស់ ឬ​ក្អក។

    5. ទម្លាប់​ប្រើ​ច្រាស់​ដុសធ្មេញ​សើម
    ការប្រើប្រាស់​ច្រាស់​ដុសធ្មេញ​សើមមិនមែនជា​រឿង​ល្អ​សម្រាប់​សុខភាព​នោះទេ ព្រោះ​សំណើម គឺ​ជាទី​ជំរក​ដ៏​ល្អ​បំផុត​សម្រាប់​ពពួក​បាក់តេរី​ក្នុងការ​បង្កាត់​ពូជ ហើយ​បាក់តេរី​ទាំងនេះ​នឹង​ចូលទៅក្នុង​មាត់ ដែល​បង្កឱ្យមាន​បញ្ហា​ធ្មេញ និង​អញ្ចាញធ្មេញ។ វិធី​ដ៏​ល្អ​បំផុត អ្នក​ត្រូវ​ទុក​ច្រាល​ដុសធ្មេញ នៅ​កន្លែង​ដែលមាន​ខ្យល់អាកាស​ចេញចូល​បានល្អ ដើម្បីឱ្យ​ច្រាស់​ស្ងួត ហើយ​រៀងរាល់​រយ:ពេល​ពី3ទៅ6ខែ គួរតែ​ដូរ​ច្រាស់​ថ្មី​ចេញ​ម្តង។

    6. ទម្លាប់​ប្រើ​សំឡី​ត្បាល់​ត្រចៀក
    ជាធម្មតា អ្នក​តែងតែមាន​ទម្លាប់​ប្រើប្រាស់​សំឡី​ត្បាល់​ត្រចៀក ដើម្បី​សម្អាត​កាកសំណល់ផ្សេងៗចេញពី​រន្ធ​ត្រចៀក។ ក៏ប៉ុន្តែ​បើ​អ្នក​រុក​សំឡី​ចូលទៅក្នុង​កាន់តែខ្លាំង វា​នឹង​រុញច្រាន​អាចម៍ត្រចៀក​ចូល​កាន់តែ​ជ្រៅ​ដែរ ដូច្នេះ​ប្រសិនបើ​មាន​អាចម៍ត្រចៀក​ច្រើន គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​នេះ៕

  • ឱសថ​បុរាណ4ប្រភេទ​ ជួយ​ព្យាបាល​អាការ​រមាស់​យ៉ាង​ពូកែ​ស័ក្តិសិទ្ធិ

    ឱសថ​បុរាណ4ប្រភេទ​ ជួយ​ព្យាបាល​អាការ​រមាស់​យ៉ាង​ពូកែ​ស័ក្តិសិទ្ធិ

    ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ណែនាំ​ពី​ឱសថ​បុរាណ ដែល​អាច​ព្យាបាល​អាការ​រមាស់​លើ​ស្បែក​បាន​ដោយ​មិនចាំបាច់​ទៅ​ពឹងពាក់​គ្រូពេទ្យ​ឡើយ។ លោកអ្នក​ជ្រាប​ទេ​ថា អាការ​រមាស់​ស្បែ​កកើត​ពី​ខ្យល់ពុល មេរោគ​ឱកាសនិយម រោគ​សើស្បែក និង​រោគ​ឃ្លង់ ទាំងនេះ​លោកអ្នក​អាច​កាត់បន្ថយ​អាការ​ឈឺចាប់​ដោយសារ​ការ​រមាស់​បានជាមួយ​ឱសថ​បុរាណ4ប្រភេទ​នេះ។ បើតាម​ការចង្អុលបង្ហាញ​របស់​សៀវភៅ​ឱសថ​លំដាប់ថ្នាក់​ពិភពលោក Reader’s Digest បាន​ប្រាប់ថា ឱសថ​បុរាណ​ដែល​ងាយស្រួល​រក​ទិញ​នៅក្បែរ​ខ្លួន​បំផុត មានដូចជា ល្មៀត ប្រេង​អូ​លីវ គ្រាប់ល្ង និង​ប្រទាល​កន្ទុយក្រពើ​អាច​ពន្យារ និង​បន្ថយ​អាការ​រមាស់​បាន​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ។

    1. ប្រេង​អូ​លីវ
    ប្រេង​អូ​លីវ មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា 3ច្រើន​បំផុត និង​មានគុណ​សម្បត្តិ​ជួយ​កាត់បន្ថយ​អាការ​រមាស់​ដែល​កើតឡើង​នៅលើ​ស្បែក​យ៉ាង​ពូកែ។ លោកអ្នក​គ្រាន់តែ​យក​ប្រេង​អូ​លីវ​ក្ដៅឧណ្ហៗ (យក​ប្រេង​ទៅ​កម្តៅ) រួច​យកមក​លាប​លើ​បរិវេណ​ស្បែក​ដែលមាន​សភាព​រមាស់​ជាការ​ស្រេច។

    2. គ្រាប់ល្ង
    គ្រាប់ល្ង ជា​ប្រភេទ​គ្រាប់​ធញ្ញជាតិ​ដែល​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា 3 ដូចគ្នា ដែលមាន​គុណប្រយោជន៍​ជួយ​ព្យាបាល​អាការ​រមាស់ និង​រលាក​នៅលើ​ស្បែ​កបាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដោយ​លោកអ្នក​គ្រាន់តែ​ទទួលទាន​គ្រាប់ល្ង​មួយថ្ងៃ 2-3ស្លាបព្រា​កាហ្វេ ជា​រៀងរាល់ថ្ងៃ​តែ​ប៉ុណ្ណោះ។

    3. ម្សៅល្មៀត
    ល្មៀត មានគុណ​សម្បត្តិ​ជួយ​បន្ថយ​អាការ​រលាក ឬ​អាប់​សែ​ដែល​កើតមាន​នៅលើ​ស្បែក។ បើ​ត្រឹមតែ​ទទួលទាន​ម្សៅល្មៀត​មួយថ្ងៃ 1ស្លាបព្រា​កាហ្វេ​ជាប្រចាំ​ថ្ងៃនោះ វា​នឹង​ជួយកាត់បន្ថយអាការ​រមាស់ និង​រលាក​ស្បែកផ្សេងៗ បើទោះជា​មាន​រោគ​សើ​ស្បែក​ក៏ដោយ។

    4. ប្រទាល​កន្ទុយក្រពើ
    សាច់​សរសៃ​ជែ​ល​របស់​ប្រទាល​កន្ទុយក្រពើ គឺជា​ឱសថ​បុរាណ​ដែល​អាចជួយ​ព្យាបាល​អាការ​រមាស់ និង​អាប់​សែ​ស្បែ​កបាន ថែមទាំង​មានគុណ​សម្បត្តិ​ព្យាបាល​ការ​រលាក​ខ្លាំង និង​ពងបែក​លើ​ស្បែក​បាន​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ។ លោកអ្នក​គ្រាន់តែ​យក​សាច់​ជែ​ល​របស់​ប្រទាល​កន្ទុយក្រពើ​មក​បិទ​ពី​លើស្បែក​ដែល​រលាក ឬ​រមាស់ ហើយ​ផ្អាប់​ចោល​រយៈពេល​មួយ​សន្ទុះ រួច​លាង​ដោយ​ទឹកស្អាត​ចេញ​ជាការ​ស្រេច។

    មិន​ថា​រោគ​សើស្បែក រលាក​ស្បែក កន្ទួល​ក្រហម​លើ​ស្បែក រមាស់​ស្បែក​ខ្លាំង ឬ​មាន​បញ្ហា​ស្បែក​អាប់​សែ​ក៏ដោយ លោកអ្នក​អាច​ពិចារណា​ប្រើប្រាស់​ឱសថ​បុរាណ​ខាងលើនេះ ដើម្បី​ព្យាបាល និង​កាត់បន្ថយ​អាការ​ឈឺចាប់ រមាស់​បាន​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ ដោយ​មិនមាន​ក្ដីកង្វល់​ឡើយ៕

  • ជំងឺ​ដែល​តែងកើតមាននៅក្នុងរដូវភ្លៀង

    ជំងឺ​ដែល​តែងកើតមាននៅក្នុងរដូវភ្លៀង

    មួយរយៈ​នេះ​ធាតុអាកាស​នៅក្នុង​ប្រទេស​យើង តិច​ក្តៅ តិច​រងា ថ្ងៃ​ខ្លះ​ភ្លៀង​ក៏​បង្អុរ​ចុះមក​ធ្វើឱ្យ​ទទឹក​សើមគ្រប់ៗគ្នា តែ​អ្វីដែល​គួរឱ្យ​បារម្ភ​នោះ ក៏​ប្រហែលជា​ចៀស​មិន​ផុតពី​រឿង​ជំងឺ​ដ​ង្កា​ត់​ដែល​នឹង​មកជា​មួយ​ទឹកភ្លៀង​នោះឡើយ។ ថ្ងៃនេះ ​ទំព័រ​សុខភាព ឡា​រ៉ែ​ន សូម​នាំ​មិត្ត​អ្នកអាន​ទាំងអស់គ្នា​មក​ត្រៀមខ្លួន​ចាំ​ទប់ទល់​នឹង​រោគា​ដែល​នឹង​មកជា-​មួយ​ទឹកភ្លៀង​ដូចខាងក្រោម​នេះ ៖

    1. ក្រុម​ជំងឺ​ខាង​ប្រព័ន្ធ​ដកដង្ហើម
    ក្នុង​រដូវភ្លៀង ធាតុអាកាស​ចាប់ផ្តើម​ត្រជាក់ និង​មាន​សំណើម​ខ្លាំង ធ្វើឱ្យ​មេរោគ​អាច​រីក​រាលដាល​បាន​យ៉ាង​ឆាប់រហ័ស បើសិន​ជាមាន​មេរោគ​រីក​រាលដាល​នៅក្នុង​ធាតុអាកាស ហើយ​យើង​ដកដង្ហើម​ស្រូប​ចូលទៅក្នុង​សួត អាច​នឹង​បង្ក​ឱ្យ​កើត​ជំងឺ​ខាង​ផ្លូវដង្ហើម​បានជា​ច្រើន ដូចជា ជំងឺ​ផ្តាសាយ គ្រុន​ផ្តាស​សាយ​ធំ និងរលាក​បំពង់​ដង្ហើម។ ដូច្នេះ​គួរ​ចៀសវាង​ការ​ស្ថិតនៅក្នុង​កន្លែង​ដែល​ចង្អៀត​ហប់ ខ្យល់អាកាស​ពិបាក​ចេញចូល និង​ចៀសវាង​ការ​នៅ​ជិត​អ្នក​ដែល​កើត​ជំងឺ​ទាំងនោះ ព្រោះ​មេរោគ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នា​ក់បាន​តាមរយៈ​ការដកដង្ហើម ទឹកមាត់ សំបោរ ឬ​កំហាក​ស្លេស្ម​របស់​អ្នកជំងឺ ដោយ​មេរោគ​នឹង​ឆ្លង​ចូល​តាម​ភ្នែក ច្រមុះ និង​មាត់ ឬ​តាមរយៈ​ការដែល​មនុស្ស​បាន​ប៉ះពាល់​វត្ថុ​ដែល​លាយឡំ​ជាមួយ​មេរោគ ដូចជា កន្សែង​ជូត​មុខ ស្លាបព្រា កែវ​ទឹក ការ​ថើប ឬ​ការដែល​ដៃ​ទៅ​ប៉ះ​មេរោគ ហើយ​យកទៅ​ញី​ភ្នែក ឬ​យកទៅ​កាន់​អ្វី​ញ៉ាំ​ជាដើម។

    2. ជំងឺគ្រុនឈាម
    នៅពេល​ធ្លាក់ភ្លៀង នឹង​តែងតែមាន​ទឹក​ដក់​នៅតាម​ទីកន្លែងផ្សេងៗ ធ្វើឱ្យ​កើតមាន​ការរីក​រាលដាល​ពូជ​របស់​មូស​ខ្លា​ដែលជា​ភ្នាក់ងារ​ចម្លងរោគ​គ្រុនឈាម។ បើ​កើត​ជំងឺគ្រុនឈាម អាច​នឹងមាន​កម្តៅ​ខ្លួន​ឡើង​ខ្ពស់​រយៈពេល2-3ថ្ងៃ (អាច​ក្តៅ​ខ្លាំង​ដល់40អង្សា​C) មិន​ឃ្លានបាយ ឈឺក្បាល ឈឺ​ចុក​រួយ​ពេញ​ខ្លួន មុខ​ឡើង​ក្រហម ចំពោះ​អ្នក​ដែលមាន​គ្រាប់​ឈាម​ទាប អាច​មើលឃើញ​ចំណុចឈាមក្រហមៗនៅលើ​ស្បែក បើ​ឃើញ​មានអាការ​ដូចដែល​បាន​រៀបរាប់​មកនេះ ចូរ​កុំ​បង្អង់​យូរ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ និង​គួរ​ចៀសវាង​ពី​ទីកន្លែង​ដែលមាន​មូស ព្យាយាម​កុំឱ្យ​មូស​ខាំ ប្រើ​ថ្នាំ​បាញ់សម្លាប់​មូស បំផ្លាញ​ប្រភព​កំណើត​របស់​មូស ដូចជា ផ្កាប់​វត្ថុ​ដែល​ធ្វើឱ្យមាន​ទឹក​ដក់ និង​ចាក់ដី​លុប​កន្លែង​ដែលមាន​ទឹក​ដក់​ជាដើម។

    3. រោគ​ប៉េស្ត
    ជំងឺប៉េស្ត គឺជា​ជំងឺឆ្លង​ដែល​កើតចេញពី​សត្វ​កណ្តុរ​គ្រប់​ប្រភេទ ដោយ​មេរោគ​នឹង​ស្ថិតនៅក្នុង​ទឹកនោម​របស់​សត្វ​កណ្តុរ​ទាំងនោះ ទាំង​កណ្តុរស្រែ កណ្តុរ​ព្រៃ កណ្តុរ​ស្រុក កណ្តុរប្រែង និង​កណ្តុរ​ប្រមេះ ហើយ​មេរោគ​ប៉េស្ត​នេះ​នឹង​ចូលមកក្នុង​រាងកាយ​មនុស្ស​បាន​តាម​រយៈ​ស្នាមដំបៅ ឬ​របួស និង​ស្នាម​រលាត់​ដាច់ផ្សេងៗលើ​រាងកាយ។ ជំងឺ​នេះទោះ​ជាមាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា​មែន តែ​ក៏​អាចធ្វើឱ្យ​ស្លាប់​បាន​ដូចគ្នា​ដែរ បើ​បានទទួល​ការព្យាបាល​មិន​ត្រឹមត្រូវ ឬ​យឺតយ៉ាវ។ អ្នកជំងឺ​នឹងមាន​អាការ​គ្រុនក្តៅ​ខ្លាំងភ្លាមៗ ឈឺក្បាល ច្រើនតែ​ឈឺ​សាច់ដុំ​ភ្លៅ និង​កំភួនជើង​យ៉ាងខ្លាំង និង​ភ្នែក​ក្រហម។ ប្រមាណ​ជា5-10%របស់​អ្នក​កើត​ជំងឺ​នេះ អាច​នឹងមាន​អាការ​ធ្ងន់ធ្ងរ ដូចជា ឌី​ហ្សា​នក្រលៀន​លែង​ដំណើរការ ឬ​អាច​ប្រកាច់​ទៀតផង ដូច្នេះ​គួរ​ចៀសវាង​ការដើរ​លុយ​ទឹក លុយ​ភក់​ដែល​ប៉​ប៉ិក​ប៉ប៉ាច់។ អ្នក​ដែល​ធ្វើ​ការងារ​ប្រថុយ-ប្រថាន​នឹង​ជំងឺ​នេះ គួរតែ​ពាក់​ស្រោមដៃ​ជ័រ ពាក់​ស្បែកជើង​ជ័រ​កវែង ការពារ​ខ្លួន​កុំឱ្យ​កើតមាន​របួស ឬ​ដំបៅ​នៅលើ​ជើង ឧស្សាហ៍​លាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់ ងូតទឹក​សម្អាត​រាងកាយ​ក្រោយពេល​ចប់​ពី​ការងារ កម្ចាត់​សំរាម​នៅក្នុង​ផ្ទះ និង​កន្លែងធ្វើការ​ចេញ​ឱ្យអស់ ជាពិសេស​កាកសំណល់​ក​ម្ទេ​ច​ចំណីអាហារ ដើម្បី​កុំឱ្យ​ក្លាយជា​ប្រភព​អាហារ​របស់​សត្វ​កណ្តុរ។

    4. ជំងឺឆ្លង​ខាង​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​ជួប​ញឹកញាប់
    មានដូចជា ជំងឺ​រាករូសភ្លាមៗ ជំងឺរាក​មួល និង​ពុល​អាហារ​ជាដើម ជំងឺ​ទាំងនេះ​បណ្តាលមកពី​ការទទួល​ទាន​អាហារ​ដែលមាន​ប្រឡាក់ប្រឡូស​មេរោគ​អតិសុខុមប្រាណដែល​បង្ក​ឱ្យ​កើតរោគ​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារនៅក្នុង​ពោះវៀន ដោយ​អ្នកជំងឺ​នឹងមាន​អាការ​រាក បន្ទោបង់​ចេញមក​រាវ​ដូច​ទឹក អាចមាន​គ្រុនក្តៅខ្លួន ឈឺ​រមួល​នៅក្នុង​ពោះ ហើយ​បើ​មាន​ឆ្លងមេរោគ​មួល​ផង​នោះ អាចមាន​សំបោរ ឬ​ឈាម​លាយឡំ​មកជា​មួយ​លាមក​ទៀតផង។ ក្រៅពីនេះ​នៅមាន​មេរោគ​វីរុស​រលាក​ថ្លើម​ប្រភេទ A និង B ដែល​អាច​ឆ្លង​បាន​តាមរយៈ​ការទទួល​ទាន​អាហារ​ដែល​ប្រឡាក់ប្រឡូស​មេរោគ​ផងដែរ អ្នក​ដែលមាន​អាការ​រលាក​ថ្លើម​នឹងមាន​គ្រុន​ក្តៅខ្លួន ល្វើយ​អស់កម្លាំង មាន​អាការ​ខ្លួន​ឡើង​លឿង ភ្នែក​លឿង ក្អួតចង្អោរ ដូច្នេះ​ទើប​ក្នុង​រដូវភ្លៀង​នេះ​គួរ​ប្រយ័ត្នប្រយែង​រឿង​អាហារ​ការហូបចុក​ជាពិសេស ដោយ​គួរ​ទទួលទាន​តែ​អាហារ​ដែល​ធ្វើ​ឆ្អិនថ្មីៗ ស្អាត និង​ប្រើ​ស្លាបព្រា​សម្រាប់​ដួស​ម្ហូប​ដោយឡែក។

    5. ជំងឺភ្នែកក្រហម
    ជំងឺភ្នែកក្រហម បណ្តាលមកពី​មេរោគ​វីរុស​ដែលមាន​នៅក្នុង​ទឹក​កខ្វក់​ខ្ទាតចូល​ភ្នែក ការប៉ះពាល់​ទឹកភ្នែក​របស់​អ្នក​ដែល​កើត​ជំងឺភ្នែកក្រហម ហើយ​យកដៃ​ដែល​ប្រឡាក់​នោះមក​ប៉ះ​ភ្នែក​ខ្លួនឯង ឬ​បានទទួល​មេរោគ​ដែល​ខ្ចាត់ខ្ចាយ​នៅក្នុង​អាកាស ឬ​ក្នុង​អាង​ហែល​ទឹក។ ជាទូទៅ​មេរោគ​នឹង​សម្ងំ​ខ្លួន1-2ថ្ងៃ​មុននឹង​បង្ហាញ​អាការ​ឡើង។ នៅលើ​អ្នក​ដែល​កើត​ជំងឺភ្នែកក្រហម​អាច​ពិនិត្យឃើញ​មេរោគ​បង្ក​ជំងឺ​នៅ​ម្តុំ​បរិវេណ​ភ្នែក និង​ក្នុង​បំពង់ក​បាន​តាំង​ពីថ្ងៃ​បង្ហាញ​អាការ រហូតដល់14ថ្ងៃ​ក្រោយពី​ចាប់ផ្តើម​មាន​អាការ។ វិធី​ការពារ​គឺ កុំ​យកដៃ​ដែល​មិន​ស្អាត​មក​ប៉ះ ឬ​ញី​ភ្នែក លាង​សម្អាត​ដៃ​គ្រប់ពេល​មុននឹង​ប៉ះពាល់​ភ្នែក មិន​ប្រើប្រាស់​កន្សែង​ជូត​មុខ ឬ​ជូត​ខ្លួន​រួមជាមួយ​
    អ្នក​ដែល​កើត​ជំងឺភ្នែកក្រហម សំខាន់បំផុត​ត្រូវការពារ​មិនឱ្យ​ជំងឺឆ្លង​រាលដាល​ពី​ខ្លួនឯង​ទៅ​អ្នកដទៃ៕

  • កំពូល​បន្លែ​ផ្លែឈើ​ទាំង10 ជួយ​លាង​សារធាតុពុល​នៅក្នុង​រាងកាយ

    កំពូល​បន្លែ​ផ្លែឈើ​ទាំង10 ជួយ​លាង​សារធាតុពុល​នៅក្នុង​រាងកាយ

    មាន​ដឹង​ទេ នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នកមាន​ភាព​ប្រថុយប្រថាន​ជាមួយនឹង​សារធាតុពុល​កម្រិតណា? ឧស្ម័ន​ពុល​ចេញពី​រថយន្ដ សារធាតុ​គីមី​ពន្យារ​អាយុ​អាហារ ល័​ក្ខ​ផ្សំ​អាហារ ដែល​អ្នក​ស្រូប​ចូលទៅក្នុង​រាងកាយ និង​ទទួលទាន​ដោយ​មិនដឹង​ខ្លួន​ជាច្រើន។ ជាធម្មតា​រាងកាយ​រប​ស់មនុស្ស​យើង​មាន​កងចក្រដើម្បី​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​ស្រាប់​ទៅហើយ តែ​ដោយសារតែ​ការរំលាយ​អាហារ ការបញ្ចេញចោល​តាម​កា​រ​បន្ទោបង់ តាម​ទឹកនោម និង​ញើស​ដែល​ចេញមក​ខាងក្រៅ តែ​ក៏​នៅមាន​សេសសល់​សំណល់​ជាតិពុលខ្លះៗទៀត​ដែល​បញ្ចេញ​ពី​រាងកាយ​មិន​អស់។ ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុ​ស្សគឺ​ពិតជា​មាន​ភាព​ប្រថុយប្រថាន​ជាមួយនឹង​សារធាតុពុល​ជាច្រើន​ប្រភេទ​ណាស់ ប្រភេទ​ខ្លះ​អាច​កម្ចាត់​បាន​យ៉ាង​ងាយស្រួល តែ​ប្រភេទ​ខ្លះទៀត​ពិបាក​នឹង​កម្ចាត់​ចេញ​ខ្លាំងណាស់ ដែលជា​ហេតុ​ធ្វើឱ្យ​កើតមាន​ការកកស្ទះ​នៅក្នុង​រាងកាយ។

    សញ្ញា​ដែល​អាច​បញ្ជាក់​ប្រាប់ថា រាងកាយ​មាន​សារធាតុពុល​នោះ​រួមមាន​ដូចជា ស្បែក​មុខ​មើលទៅ​ជាំខ្មៅ ស្លេកស្លាំង ការចង់ចាំ​មិនសូវ​ល្អឡើង​ពងបែក​មាត់ កើតមុន ខ្មៅ​ត្របកភ្នែក និងឧស្សាហ៍​ឈឺ​ជាដើម។ ជំងឺ​ដែល​ងាយ​នឹង​កើតមានដូចជា ទឹកនោមផ្អែម លើសឈាម គ្រោះ​ក្នុង​តម្រងនោម ចាញ់​អាកាសធាតុ និង​រលាក​ថ្លើម​ជាដើម។ ដោយសារតែ​ជាតិពុល​មានការ​ហុច​ផល​កំណាច​បែបនេះហើយ បានជា​មនុស្ស​យើង​ខិតខំ​រក​វិធី​នៅក្នុង​ការលាង​ជាតិពុល​ចេញពី​រាងកាយ​ដូចជា ការលាង​ជាតិពុល​ដោយសារ​ធាតុ​កាហ្វេ ការលាង​សម្អាត​ជាតិពុល​នៅក្នុង​ពោះវៀនធំ ការទទួល​ទាន​អាហារ​កាក​សរសៃ និង​មាន​វិធី​ធម្មជាតិ​បែបផ្សេងៗជាច្រើន​ទៀត ជាពិសេស​ក៏មាន​វិធីសាស្ត្រ​នៃ​ការ​ទទួលទាន​ផ្លែឈើ ដើម្បី​បណ្ដេញ​ជាតិពុល​ផងដែរ។

    ការលាង​ជាតិពុល គឺជា​ការនាំយក​នូវរ​បស់​ដែល​ខូចខាត​ចេញពី​រាងកាយ ដែលជា​របស់​អាក្រក់ និង​មាន​ភាព​កកកុញ​ប្រមូល​ផ្ដុំគ្នា ឬក៏​របស់​រឹង​ដែលជា​របាំង​នៅក្នុង​ប្រព័ន្ធ​បញ្ចេញ​ចោល។ ចំណុច​អាក្រក់​ដែល​បាន​ពោល​ខាងលើ​នោះ វា​បាន​បង្កើតជា​អាស៊ីត​ដល់​រាងកាយ​យ៉ាងច្រើន និង​ហុច​ផល​ឱ្យ​អ្នក​នឿយហត់ ងាយ​ឈឺ មិន​ស្រស់ស្រាយ តឹង​ណែន​ក្នុង​ពោះ មាន​អាការ​ដូចជា​អាហារ​មិន​រលាយ ងាយ​ខឹង មួម៉ៅ និង​ជាពិសេស​គឺ​គេង​មិន​លក់​តែម្ដង។

    ចំពោះ​ការលាង​ជាតិពុល​ដោយ​ការទទួល​ទាន​បន្លែ​ផ្លែឈើ​ស្រស់​នោះ គឺជា​ការទទួល​ទា​នប​ន្លែ ផ្លែឈើ​ស្រស់​បែប​ជា​អាហារ ឬ​ជា​ទឹក ដែល​បាន​ក្រឡុក​ចូលគ្នា​ជាច្រើន​ប្រភេទ។ ដើម្បី​បណ្ដេញ​ជាតិពុល​តាម​វិធីសាស្ត្រ​នេះ អ្នក​អាចមាន​វិធី​ងាយ​ក្នុងការ​ជ្រើសរើស​បន្លែ​ផ្លែឈើ ដែលមាន​កាក​សរសៃ​នៅក្នុង​បន្លែ និង​ផ្លែឈើ ដែល​ជួយ​លាង​សម្អាត​សារធាតុ​កខ្វក់​នៅក្នុង​រាងកាយព្រមទាំង​ព្យាយាម​ហាត់ប្រាណ ដើម្បីឱ្យ​ជាតិពុល​បាន​បញ្ចេញ​មក​តាម​ញើស។ បន្លែ​ខ្លះទៀត គឺជា​ឱសថ​ផងដែរ មិន​ត្រឹមតែ​ជួយ​បណ្ដេញ​ជាតិពុល​នៅក្នុង​រាងកាយ​បាន​នោះទេ វា​ក៏​អាច​ឃុំគ្រង​សីតុណ្ហភាព​នៅក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​ទៀតផង។ យើង​សូម​ណែនាំ​បន្លែ​ផ្លែឈើ​ទាំង10ប្រភេទ ដែលមាន​គុណប្រយោជន៍​ក្នុងការ​កម្ចាត់​ជាតិពុល​ឱ្យ​ចេញពី​រាងកាយ​យ៉ាង​មាន​ប្រសិទ្ធ​ភាព ៖

    1. ស្ពៃ​ខ្មៅ : ជួយ​លាង​ជាតិពុល​ក្នុង​រាងកាយ ជំរុញ​ភាព​ចងចាំ។

    2. ជី​វ៉ាន់ស៊ុយ : ជួយ​កម្ចាត់ និង​បន្ថយ​បាក់តេរី​ដែលជា​ភ្នាក់ងារ​បង្ក​ជំងឺ។

    3. ប្រភេទ​ស្ពៃ​ស្លឹក​រួញ ឬ​ស្ពៃក្រញាញ់ : ជួយ​បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំនួយ​ដល់​ប្រព័ន្ធ​ប្រសាទ។

    4. ត្រកួន​ចិន : ជួយ​កម្ចាត់​ជាតិពុល ជំនួយ​ភ្នែក កាត់បន្ថយ​រោគ​ទឹកនោមផ្អែម និង​កាត់បន្ថយ​អាការ​ក្ដៅ​ក្នុង។

    5. ជី​អង្កាម : ជួយ​បណ្ដេញ​ខ្យល់​នៅក្នុង​ពោះវៀន និង​ជួយ​រំលាយ​អាហារ។

    6. ការ៉ុត : ជំនួយ​កែវភ្នែក ជួយ​ប្រព័ន្ធ​រំលាយ​អាហារ និង​ការពារ​ជំងឺសរសៃប្រសាទ។

    7. ផ្លែ​ប៊ី​ទ្រូ​ត (Beetroot) : បង្កើត​គ្រាប់​ឈាម ការពារ​ជំងឺ​ក្រពះ ជួយ​បណ្ដេញ​ជាតិពុល​ក្នុង​រាងកាយ។

    8. ក្រូចឆ្មារ : សម្បូរ​ទៅដោយ​វីតាមីន C ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ។

    9. ខ្ញី : បន្ថយ​អាការ​អាប់​សែ​នៅក្នុង​រាងកាយ បណ្ដេញ​ខ្យល់​នៅក្នុង​ពោះវៀនធំ និង​ជួយ​សម្រួលការ​បន្ទោបង់។

    10. ផ្លែ​ប៉ោម : ជា​អាហារ​សម្បូរ​ទៅដោយ​កាក​សរសៃ សម្រួល​ដល់​ការរំលាយ​អាហារ និង​បណ្ដេញ​ជាតិពុល​បាន​យ៉ាង​ល្អ ជាពិសេស​ជួយ​គ្រប់គ្រង​ទម្ងន់​មិនឱ្យ​ងាយ​ឡើង​គីឡូ៕

  • ផ្លែឈើ9ប្រភេទ ​ជួយ​កាត់បន្ថយ​អាការ​លើសឈាម ដែល​អ្នក​មិនគួរ​មើលរំលង

    ផ្លែឈើ9ប្រភេទ ​ជួយ​កាត់បន្ថយ​អាការ​លើសឈាម ដែល​អ្នក​មិនគួរ​មើលរំលង

    ជំងឺលើសឈាម ជា​ប្រភេទ​ជំងឺ​ស្ងប់ស្ងាត់​ដែល​មិនសូវ​បង្ហាញ​ពីស​ញ្ញា ឬ​អាការ​តាម​រាងកាយ ដោយ​អ្នកជំងឺ​រោគ​មួយ​នេះ ត្រូវ​ទទួល​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ជា​រៀងរហូត​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ក៏ប៉ុន្ដែ ប្រសិនបើ​លោកអ្នក​ចង់​កាត់បន្ថយ​អាការ​ជំងឺ​ឱ្យបាន​ធូរស្រាល​ជាមុន ដោយ​មិន​ចង់​ប្រើប្រាស់​ឱសថ ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​ណែនាំ​អាហារ និង​ផ្លែឈើ ដែល​បរិភោគ​ហើយ អាចជួយ​បន្ថយ​អាការ​លើសឈាម​បាន​ដូចគ្នា។

    1. ចេក
    ជា​ប្រភេទ​ផ្លែឈើ​ដែល​អាចជួយ​កាត់បន្ថយ​អាការ​លើសឈាម​បាន ត្រូវបាន​គេ​ចាត់បញ្ចូល​នៅក្នុង​អម្បូរ​ផ្លែឈើ​ដែល​សម្បូរ​ទៅដោយ​សារធាតុ​ប៉ូ​តា​ស្យូ​ម ឬ​ជា​ផ្លែឈើ​ដែលមាន​ប៉ូ​តា​ស្យូ​ម​ច្រើន​បំផុត។ ផ្លែ​ចេក ក្រៅពី​សម្បូរ​ទៅដោយ​សារធាតុ​ប៉ូ​តា​ស្យូ​ម​ហើយ​នោះ វា​ក៏​ជា​ផ្លែឈើ​ដែលមាន​សូ​ដ្យូ​មតិ​ច​ផងដែរ។ ដូច្នេះហើយ​បានជា​ផ្លែ​ចេក អាចជួយ​ដល់​ប្រព័ន្ធ​បេះដូង និង​សរសៃឈាម​ដែលមាន​ប្រសិទ្ធភាព​បំផុត​តែម្ដង។

    2. ផ្លែស្វាយ
    ស្វាយ ក៏​ជា​ផ្លែឈើ​ដែល​ជួយ​កាត់បន្ថយ​អាការ​លើសឈាម​បាន​ដូចគ្នា​ដែរ ព្រោះ​នៅក្នុង​ផ្លែស្វាយ​មាន​សារធាតុ​អាហារ​ដែល​សំខាន់​ចំពោះ​ប្រព័ន្ធ​បង្ហូរឈាម​នៃ​សរសៃឈាម ដូចជា ប៉ូ​តា​ស្យូ​ម។ ដោយ​ផ្លែស្វាយ 100ក្រាម មាន​បរិមាណ​ប៉ូ​តា​ស្យូ​ម​ចំនួន186មី​លី​ក្រាម ហើយ​អ្វីដែល​សំខាន់​ជាង​នេះ ផ្លែស្វាយ មាន​សាច់​ពណ៌​លឿង​ដែល​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ដែល​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​នៅក្នុង​មជ្ឈមណ្ឌល Hypertension Research បាន​បង្ហើប​ប្រាប់ថា ការទទួល​ទាន​អាហារ​ដែលមាន​សារធាតុ Beta Carotene ដូចដែល​មាននៅ​ក្នុង​សាច់​ផ្លែស្វាយ នោះ​អាចជួយ​កាត់បន្ថយ​អាការ​លើសឈាម​បាន​ផងដែរ។

    3. ផ្លែ Apricots (អែប​ព្រី​ខូ​ត)
    ផ្លែឈើ​មួយ​នេះ​មាន​សាច់​ពណ៌​លឿង ដែលជា​ផ្លែឈើ​ពិបាក​រក​បំផុត​នៅក្នុង​ប្រទេស​របស់​យើង តែ​យ៉ាងណាក៏ដោយ​វា​ក៏​ត្រូវបាន​គេ​ចាត់​ចូល​ជា​ប្រភេទ​ផ្លែឈើ​ដែល​អាច​កាត់បន្ថយ​អាការ​លើសឈាម​ផងដែរ។ គេ​សង្កេតឃើញថា នៅក្នុង​ប្រទេស​យើង​មិនបាន​លក់​ជា​ផ្លែឈើ​ស្រស់​នោះទេ មានតែ​ជា​ប្រភេទ​ដំណាប់​ច្រើនជាង។ តែ​យ៉ាងណាក៏ដោយ បើទោះបីជា​ដំណាប់ ក៏​វា​មាន​ផ្ទុក​នូវ​សារធាតុ​វីតាមីន C , Beta Carotene និង​អាហារ​កាក​សរសៃ​ដូចគ្នា​ដែរ ដែល​លោកអ្នក​អាច​ពិចារណា​ក្នុងការ​ជ្រើសរើស​យកមក​ទទួលទាន​បាន​ដោយ​មិន​លំបាក​ចិត្ត។

    4. ក្រូច
    ក្រៅពី​រសជាតិ​ជូរ​ផ្អែម​នៃ​សាច់​ក្រូច​ហើយ​នោះ ក្រូច​ក៏​ជា​ផ្លែឈើ​ដែលមាន​ហ្វៃ​បឺ​រ​ច្រើន វីតាមីន​C ច្រើន និង​ជា​ប្រភេទ​ផ្លែឈើ​ដែល​ជួយ​បន្ថយ​អាការ​លើសឈាម​មួយ​ប្រភេទ​ទៀត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍។ ក្រូច​ជា​ផ្លែឈើ​ដែល​ងាយ​រក​ទិញ​យកមក​ទទួលទាន ហើយ​វា​មាន​លក់​សឹងតែ​គ្រប់​រដូវ​កាល​តែម្ដង ហើយ​អ្វីដែល​សំខាន់​នោះ ផ្លែក្រូច​ក៏​ជា​ប្រភេទ​ផ្លែឈើ​ដែលមាន​ជាតិ​កាក​សរសៃ​អាហារ ដែល​អាច​បំ​លែង​ទៅជា​សារធាតុចិញ្ចឹម​ផ្សេងទៀត​បាន​យ៉ាង​ងាយ​ទៀតផង។

    5. ផ្លែ​បឺ​រ
    បឺ​រ ជា​ផ្លែឈើ​ដែលមាន​អាស៊ី​អូ​លិ​ក ដែលជា​អាស៊ីត​ជួយ​ក្នុងការ​គ្រប់គ្រង​អាការ​លើសឈាម​បាន​មួយ​កម្រិត។ ក្រៅពីនេះ វា​ក៏មាន​សារធាតុ​ប៉ូ​តា​ស្យូ​ម ហ្វូ​លេ​ត វីតាមីន C និង​ជាតិ​សរសៃ ដែល​សុទ្ធសឹង​ជា​ប្រភេទ​សារធាតុចិញ្ចឹម​ដែលជា​ជំនួយ​ដល់​បេះដូង និង​ប្រព័ន្ធ​សរសៃឈាម។ សំខាន់​ជាងនេះទៅទៀត អាស៊ីត​មួយ​ប្រភេទ​នេះ ក៏​ជួយ​កាត់បន្ថយ​សារធាតុ​ខ្លាញ់ និង​កូ​ឡេ​ស្តូ​រ៉​ល​ដែលមាន​នៅក្នុង​សរសៃឈាម​បាន​ថែម​ទៀតផង។ ទើប​វា​ត្រូវបាន​ជួយ​ដល់​ប្រព័ន្ធ​បង្ហូរឈាម នៅក្នុង​សារពាង្គកាយ​របស់​អ្នក​ឱ្យមាន​សភាព​ងាយស្រួល និង​ជួយ​គ្រប់គ្រង​អាការ​លើសឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    6. ឪឡឹក
    បើតាម​ការសិក្សា​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល American Journal of Hypertension បាន​បង្ហាញថា ផ្លែ​ឪឡឹក​បាន​ជួយ​បញ្ចុះ​គ្រាប់​ឈាម​ចំពោះ​អ្នកជំងឺ​លើសឈាម រួមទាំង​អ្នកជំងឺ​ដែលមាន​អាយុ​ច្រើន​ផងដែរ ព្រោះ​នៅក្នុង​ផ្លែឈើ​មួយ​ប្រភេទ​នេះ​សម្បូរ​ទៅដោយ​សារធាតុ Beta Carotene ច្រើន​បំផុត។

    7. ផ្លែ​ត្រសក់ស្រូវ
    ផ្លែ​ត្រសក់ស្រូវ ជា​ផ្លែឈើ​ដែលមាន​សាច់​ពណ៌​ទឹកក្រូច​ខ្ចី មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ដូចជា Beta Carotene ល្មម​សមគួរ និង​មាន​បរិមាណ​វីតាមីន C ច្រើន។ បើ​ត្រឹមតែ​ផ្លែ​ត្រសក់ស្រូវ ¼ នៃ​ផ្លែ​ទាំងមូល អ្នក​អាច​ទទួលបាន​វីតា​មីន​C គ្រប់គ្រាន់​តាមបរិមាណ​ដែល​រាងកាយ​ត្រូវការ​នៅក្នុង​មួយថ្ងៃ។ វា​ក៏​ជា​ប្រភេទ​ផ្លែឈើ​ដែល​ត្រូវបាន​គេ​ចាត់ទុក​ក្នុង​ការជួយ​បន្ថយ​អាការ​លើសឈាម​បានដែរ ព្រោះ​វា​នៅមាន​ជាតិ​កាក​សរសៃ​ច្រើន កាឡូរី​ទាប និង​ជួយ​រក្សា​ទម្ងន់​បាន​ប្រសើរ​ទៀតផង។

    8. ផ្លែ​គី​វី ( Kiwi )
    គី​វី ជា​ប្រភេទ​ផ្លែឈើ​ដែលមាន​គុណ​តម្លៃ​ខាង​អាហារ​យ៉ាង​អស្ចារ្យ សម្បូរ​ទៅដោយ​វីតាមីន C ប៉ូ​តា​ស្យូ​ម និង​ហ្វៃ​បឺ​រ ដែលមាន​គុណប្រយោជន៍​ចំពោះ​ការកាត់បន្ថយ​អាការ​លើសឈាម​បាន​យ៉ាង​ល្អ។ វា​ក៏មាន​គុណប្រយោជន៍​ជួយ​ព្យាបាល​អ្នក​ដែលមាន​អាការ​តឹង​ពោះ អាហារ​មិន​រំលាយ អ្នក​គួរតែ​សាកល្បង​ទទួល​ទានផ្លែឈើ​មួយ​ប្រភេទ​នេះ មួយថ្ងៃ​ពីរ​ផ្លែ​ជាប្រចាំដើម្បី​ជួយ​ដល់​ពោះវៀន និង​ក្រពះ​របស់​អ្នក។

    9. ផ្លែ​ទំពាំងបាយជូរ​ក្រៀម
    ការលើកឡើង​របស់ United States Department of Agriculture បាន​បង្ហាញថា ផ្លែ​ទំពាំងបាយជូរ​ក្រៀម​កន្លះ​ពែង​កាហ្វេមាន​សារធាតុ​ប៉ូ​តា​ស្យូ​ម​ដល់​ទៅ456មី​លី​ក្រាម ដែល​អាច​ចាត់ទុកជា​ប្រភេទ​ផ្លែឈើ​ដែលមាន​គុណប្រយោជន៍​ចំពោះ​ការកាត់បន្ថយ​អាការ​លើសឈាម​បាន​យ៉ាង​ប្រសើរ។ អ្នក​គួរ​ជ្រើសរើស​ផ្លែ​ទំពាំងបាយជូរ​ក្រៀម​ណា ដែលមាន​ការបញ្ជាក់​ពី​បរិមាណ​ស្ករ​ទាប ឬ​មិនគួរ​ទទួលទានច្រើន​លើស​កំណត់​ពេក​ឡើយ ព្រោះ​ជាតិ​ស្ករ​ដែលមាន​នៅក្នុង​ទំពាំងបាយជូរ​ក្រៀម​អាចធ្វើឱ្យ​អ្នក​ធាត់​បាន​ដោយ​មិនដឹង​ខ្លួន៕

  • ជំនឿបែបខុសៗ ដែលអ្នកត្រូវពិចារណាឡើងវិញ!

    ជំនឿបែបខុសៗ ដែលអ្នកត្រូវពិចារណាឡើងវិញ!

    មនុស្សជាច្រើនប្រហែលជាធ្លាប់បានឮអំពីជំនឿដែលពាក់ព័ន្ធនឹងរឿងសុខភាពខ្លះមកហើយមិនថាតែការទទួលទានផ្អែមខ្លាំងនឹងធ្វើឱ្យអ្នកកើតជំងឺទឹកនោមផ្អែម ឬមានតែអ្នកធាត់ទេដែលមានកូលេស្តេរ៉ូលក្នុងឈាមច្រើន ឬមានតែមនុស្សចាស់អាយុច្រើនទេ ដែលត្រចៀកធ្ងន់ (ស្ដាប់មិនសូវឮ) ដូច្នេះថ្ងៃនេះ ឡារ៉ែន នឹងនាំមិត្តអ្នកអានគ្រប់គ្នាមកពិសោធមើលថា តើជំនឿដែលយើងធ្លាប់បានឮ ឬក៏មានអ្នកខ្លះអាចជឿមកតាំងពីនៅក្មេងៗនោះ មានភាពពិតត្រឹមត្រូវដែរឬទេ?

    1. ​​​​​​​​​​ទទួលទានអាហារដែលមានរសជាតិផ្អែមខ្លាំង ច្រើនតែធ្វើឱ្យកើតជំងឺទឹកនោមផ្អែម
    នៅក្នុងការពិតវិញ មូលហេតុចម្បងរបស់ជំងឺទឹកនោមផ្អែមគឺ ការដែលរាងកាយរបស់អ្នកខ្វះអ័រម៉ូនអីុនស៊ូលីន ដែលមានតួនាទីសំខាន់ក្នុងការរក្សាកម្រិតជាតិស្ករនៅក្នុងឈាម។ បើសិនរាងកាយអាចផលិតអ័រម៉ូនមួយនេះបានជាប្រក្រតី ទោះជាអ្នកទទួលទាន​អាហារផ្អែមប៉ុន-ណា ក៏មិនមានបញ្ហាអ្វីដែរ វាគ្រាន់តែធ្វើឱ្យអ្នកធាត់តែប៉ុណ្ណោះ តែក្នុងករណីដែលអ្នកមានពូជអម្បូររបស់ជំងឺនេះស្រាប់ហើយ ត្រូវតែគ្រប់គ្រងអាហារឱ្យមានតុល្យភាព ទទួលទានអាហារឱ្យគ្រប់5ប្រភេទក្រុម មិនទទួលទានអាហារផ្អែមខ្លាំងជ្រុលពេក ក៏អាចនឹងជួយគ្រប់គ្រងមិនឱ្យអាការរបស់ជំងឺទឹកនោមផ្អែមដែលបង្កប់នៅក្នុងខ្លួនកម្រើកឡើងមកបានឡើង។

    2. មានតែមនុស្សធាត់ៗប៉ុណ្ណោះ ដែលមានកម្រិតកូលេស្តេរ៉ូលនៅក្នុងឈាមខ្ពស់
    មិនមែនជាការពិតជានិច្ចនោះទេ មនុស្សស្គមៗក៏មានឱកាសប្រថុយប្រថាននឹងសភាវនេះដែរ ព្រោះកម្រិតកូលេស្តេរ៉ូលមិនបានវាស់លើទម្ងន់ខ្លួននោះទេ។ មិនថាខ្លួនអ្នកស្គម និងមិនទទួលទានអាហារដែលមានខ្លាញ់ក៏ដោយក៏អាចនឹងមានកូលេស្តេរ៉ូលនៅក្នុងឈាមខ្ពស់ដូចគ្នា បើសិនជាមានពូជអម្បូរដែលធ្វើឱ្យប្រព័ន្ធមេតាបូលីហ្សឹមក្នុងរាងកាយធ្វើការខុសប្រក្រតី រហូតកើតការផលិត និងប្រមូលសន្សំកូលេស្តេរ៉ូលទុកនៅក្នុងក្រសែឈាមច្រើនជ្រុលពេក ដែលនៅក្នុងករណីនេះ អ្នកជំងឺនឹងមិនដឹងខ្លួនទេ ដូច្នេះដើម្បីភាពមិនធ្វេសប្រហែស យើងគួរទៅពិនិត្យឈាមជាប្រចាំរៀងរាល់ឆ្នាំ រួមទាំងព្យាយាមចៀសពីអាហារដែលមានជាតិខ្លាញ់បង្កកខ្លួនច្រើនផង។

    3. ស្បែកសម្បុរស្រអែម ស៊ូជាមួយកម្ដៅថ្ងៃបានល្អជាងស្បែកពណ៌ស
    តាមរយៈការស្រាវជ្រាវរបស់អាល្លឺម៉ង់បានរកឃើញថា កាំរស្មី UV ប្រភេទ A ឬដែលហៅថា UVA មានសមត្ថភាពជ្រៀតជ្រែកចូលទៅបំផ្លាញសាច់ស្បែកស្រទាប់ក្នុងរបស់មនុស្សយើងបាន ដោយមិនចាំបាច់ថា អ្នកមានស្បែកសម្បុរស្រអែម ឬសនោះទេ។ បើអ្នកត្រូវកម្ដៅថ្ងៃដុតខ្លាំងៗ ក៏មានឱកាសប្រថុយក្នុងការកើតជំងឺមហារីកស្បែកបានដូចគ្នា ដូច្នេះ មិនថារូបអ្នកមានស្បែកសម្បុរអ្វីនោះទេ អ្នកគួរតែមើលថែទាំខ្លួនដោយការលាបគ្រីមការពារកម្ដៅថ្ងៃ រួមទាំងស្លៀកសម្លៀកបំពាក់ណាដែលអាចបិទបាំងរាងកាយបានជិតល្អផងបើសិនត្រូវនៅក្រោមពន្លឺថ្ងៃរយៈពេលយូរ។

    4. មានតែមនុស្សចាស់ប៉ុណ្ណោះដែលត្រចៀកធ្ងន់ (ស្ដាប់មិនសូវឮ)
    បច្ចុប្បន្ននេះ យើងច្រើនបានជួបយុវជនយុវនារីដែលមានបញ្ហាខាងការស្ដាប់ឮ ឬត្រចៀកធ្ងន់កាន់តែច្រើនឡើង មូលហេតុមួយផ្នែក គឺបណ្ដាលមកពីការដែលពួកគេចូលចិត្តលេងឧបករណ៍ដែលមានសំឡេងឮខ្លាំងជ្រុលពេកកាលពីនៅវ័យក្មេង ឬនៅពេលធំឡើងត្រូវធ្វើការងារ ឬស្នាក់នៅក្នុងកន្លែងដែលមានបរិស្ថានមិនល្អខាងសំឡេងខ្លាំងៗហ្នឹងឯង។

    5. អ្នកដែលកើតជំងឺលើសឈាម ហាមទទួលទានកាហ្វេ
    ក្នុងចំណុចនេះ អាចនឹងគ្មានភ័ស្តុតាងអះអាងឱ្យបានច្បាស់លាស់នៅឡើយ ទោះជាមានការហាមប្រាមអ្នកជំងឺលើសឈាមទទួល-ទានកាហ្វេក៏ដោយ តែក្នុងការពិតវិញ អ្នកជំងឺទាំងនោះ មានចំនួនមិនតិចទេដែលមានទង្វើចូលចិត្តទទួលទានកាហ្វេជាប្រចាំ និងនៅតែទទួលទានជាបន្ត ដោយគ្មានបង្ហាញពីអាការកម្រើកនៃរោគសញ្ញាណាមួយឡើយ តែយ៉ាងណាក៏ដោយ មានការណែនាំមួយថា មិនគួរទទួលទានកាហ្វេក្នុងមួយថ្ងៃលើសពី4កែវឡើយ។

    6. បើសិនបណ្ដោយឱ្យបាតជើងត្រជាក់នឹងធ្វើឱ្យកើតជំងឺរលាកប្លោកនាម
    ចំពោះការពិតវិញ ប្លោកទឹកមូត្ររបស់យើងនឹងរលាក ឬអត់នោះ គឺអាស្រ័យលើមេ-រោគទេ ជាពិសេសបំផុតមេរោគពីពោះវៀនធំដែលអាចរបូតជ្រៀតចូលទៅក្នុងប្លោកទឹកមូត្ររហូតធ្វើឱ្យកើតអាការរលាកបាន។

    នៅពេលបានដឹងបែបនេះហើយ ត្រូវតែធ្វើការយល់ដឹងពីសុខភាពជាថ្មីហើយ តែយ៉ាងណាក៏ដោយ ការមើលថែទាំសុខភាព គ្រប់គ្រងរឿងអាហារការហូបចុក គេងលក់សម្រាកឱ្យបានគ្រប់គ្រាន់ រួមទាំងហាត់ប្រាណយ៉ាងជាប់លាប់ក៏ជាមូលដ្ឋានគ្រឹះ​ដែលអាចជួយការពារយើងឱ្យនៅឆ្ងាយពីរោគព្យាធិបានដូចគ្នាដែរ៕

  • អាហារដើម្បីសុខភាពសម្រាប់រដូវវស្សា

    អាហារដើម្បីសុខភាពសម្រាប់រដូវវស្សា

    ជំងឺផ្ដាសាយកើតឡើងបានដោយសារមូលហេតុជាច្រើនដូចជា ការផ្លាស់ប្ដូរអាកាសធាតុញឹកញយ ម្ដងក្ដៅ ម្ដងត្រជាក់ ដែល​ធ្វើឱ្យរាងកាយប្រែប្រួលកម្ដៅទប់ទល់ជាមួយនឹងអាកាសធាតុខាងក្រៅមិនបានភ្លាមៗ ការឆ្លងរោគជំងឺពីមនុស្សនៅជុំវិញខ្លួន ការ​ត្រូវទឹកភ្លៀង ការគេងមិនគ្រប់គ្រាន់ ទើបធ្វើឱ្យអង់ទីករការពារជំងឺរបស់អ្នកចុះខ្សោយ ធ្វើឱ្យងាយឆ្លងជំងឺ និងកើតជំងឺផ្ដាសាយ។ ប្រសិន​បើអ្នកថែរក្សារាងកាយឱ្យរឹងមាំរហូត ហើយបើអ្នកកំពុងមានជំងឺផ្ដាសាយអ្នកត្រូវព្យាបាលខ្លួនដោយការលេបថ្នាំ ចាក់ថ្នាំ និងចាក់​វ៉ាក់សាំងការពារជំងឺផ្ដាសាយឱ្យបានទាន់ពេលវេលាផងដែរ។ ខាងក្រោមនេះយើងសូមណែនាំអាហារសុខភាពសម្រាប់រដូវភ្លៀង ដែលអ្នកគួរទទួលទាន ដើម្បីប្រយោជន៍ដល់សុខភាពរបស់អ្នក មានដូចជា៖

    1. ស៊ុបមាន់ក្ដៅៗ
    ជួយកាត់បន្ថយការតឹងច្រមុះ ហើយបើបានបន្ថែមបន្លែចូលទៅដើម្បីបន្ថែមសារធាតុធ្វើឱ្យរាងកាយរឹងមាំមានសុខភាពល្អ ព្រមទាំង​ស៊ុបមានដែលរំងាស់ឱ្យយូរបន្ដិចនោះ នឹងធ្វើឱ្យប្រូតេអីុនរលាយទៅជាសារធាតុ Peptide ដែលជួយដំណើរការដល់ការថែរក្សាសីតុណ្ហភាពក្នុងរាងកាយបានយ៉ាងល្អ ហើយជួយបន្ថែមប្រូតេអីុនដល់រាងកាយថែមទៀតផង។

    2. អាហារហើរ ព្រមទាំងផ្សំដោយគ្រឿងទេសជាច្រើនមុខ
    គ្រឿងទេសដែលយកមកធ្វើជាអាហារដូចជា ខ្ទឹម ស្លឹកក្រៃ រំដេង ស្លឹកក្រូច ម្ទេស​ និងខ្ញីជាដើម វាអាចបំបាត់អាការផ្ដាសាយបាន ហើយអ្វីដែលសំខាន់នៅក្នុងគ្រឿងទេសទាំងអស់នេះគឺមានផ្ទុកដោយវីតាមីន C, វីតាមីន A, វីតាមីន D, កាល់ស្យូម, ធាតុ-ដែក និងជួយបំបាត់អាការតឹងច្រមុះ ធ្វើឱ្យដកដង្ហើមបានស្រួល។

    3. ទឹកផ្លែឈើក្រឡុក
    ពិសាទឹកផ្លែឈើក្រឡុកឱ្យបានច្រើនដើម្បីបន្ថែមវីតាមីន C នៅក្នុងរាងកាយ ដែលជួយកាត់បន្ថយកម្ដៅពីការកើតជំងឺគ្រុនផ្ដាសាយបាន បើមិនដូច្នោះទេចូរទទួលទានតែឆុងក្ដៅឧណ្ហៗ រួចបន្ថែមក្រូចឆ្មារ និងទឹកឃ្មុំក៏បានដែរ។

    4. ផ្លែឈើអម្បូរក្រូច
    ផ្លែឈើអម្បូរក្រូច គឺសុទ្ធតែមានវីតាមីន ខ្ពស់ ដែលអាចជួយព្យាបាល និងបន្ថយអាការគ្រុនក្ដៅ ព្រមទាំងជួយការពារការឆ្លងមេរោគគ្រុនផ្ដាសាយបាន។

    5. អាហារផ្សេងៗដែលសម្បូរដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម
    អាហារដែលមានវីតាមីន C ច្រើន គឺមាននៅក្នុងបន្លែផ្លែឈើដូចជា ផ្លែត្របែក ស្ត្រូបឺរី ម្នាស់ ស្ពៃក្ដោប ផ្លែក្រូច ការ៉ុត ទំពាំងបាយជូរ និងផ្លែល្ហុងជាដើម ដែលវាជួយជំរុញប្រព័ន្ធភាពស៊ាំដើម្បីការពារមេរោគ និងប្រឆាំអុកសីតកម្ម ដូចជា បេតារ៉ូទីន វីតាមីន A វីតាមីន C និងវីតាមីន E ដែលជួយកម្ចាស់មេរោគ ដែលចូលមកជ្រៀតជ្រែងនៅក្នុងរាងកាយ និងជួយការពារការឆ្លងមេរោគបានយ៉ាងល្អប្រសើរ។

    6. យ៉ាអួ ឬទឹកដោះគោជូរ
    វាជួយបន្ថែមមុខងាររបស់គោលិកាគ្រាប់ឈាមស និងជួយបន្ថែមសារធាតុការពារប្រឆាំងមេរោគបានផងដែរ ហើយការទទួលទានទឹកដោះគោជូររាល់ថ្ងៃ អាចជួយការពារជំងឺផ្ដាសាយ និងរោគចាញ់អាកាសធាតុបានទៀតផង៕

  • វិធី9យ៉ាង​ការពារ​សុខភាព​ក្នុង​រដូវវស្សា

    វិធី9យ៉ាង​ការពារ​សុខភាព​ក្នុង​រដូវវស្សា

    ការការពារ​សុខភាព​នៅក្នុង​រដូវភ្លៀង​ឱ្យបាន​ល្អ អាចជា​រឿង​ពិបាក​សម្រាប់​មនុស្ស​គ្រប់រូប ព្រោះថាអាកាសធាតុ​នៅក្នុង​រដូវ​នេះ​ងាយ​នឹង​ផ្លាស់ប្ដូរ​គ្រប់ពេល បន្តិច​ក៏​ក្ដៅ បន្តិច​ក៏​ភ្លៀង បន្តិច​ក៏​ត្រជាក់ ទើប​ធ្វើឱ្យ​រាងកាយ​មិនអាច​ទទួលយក​សភាព​ផ្លាស់ប្តូរ​បែបនេះ​បាន ធ្វើឱ្យមាន​ជំងឺ​កើតឡើង​ទាល់តែ​បាន។ យក​ល្អ អ្នក​គួរតែ​សាកល្បង​ថែរក្សា​សុខភាព​របស់​អ្នក​តាម​វិធីសាស្ត្រ​ដូចខាងក្រោម​នេះ។

    1. ទទួលទាន​ទឹក​យ៉ាងតិច​ក្នុង​មួយថ្ងៃ1.5លីត្រ
    ក្នុង​មួយថ្ងៃ អ្នក​គួរតែ​ទទួលទាន​ទឹក​យ៉ាងហោចណាស់​មួយថ្ងៃ1.5លីត្រ ដើម្បី​បំពេញ​ជាតិ​ទឹក​ទៅដល់​សរសៃឈាម ហើយ​ទឹកនឹង​ទៅ​ជួយ​ឱ្យ​រាងកាយ​មាន​តុល្យភាព និង​ជួយ​កាត់បន្ថយ​ឱកាស​នៃ​ការឆ្លង​មេរោគផ្សេងៗ ដែល​ចូល​វាយ​ឡុ​ក​រាងកាយ​អ្នក។ ម្យ៉ាងទៀត ការទទួល​ទាន​បាន​គ្រប់គ្រាន់ នឹង​ជួយ​ឱ្យ​រាងកាយ​មាន​តុល្យភាព មិនកើត​ជំងឺ​ផ្ដាសាយ​បាន​ដោយ​ងាយ​ថែម​ទៀតផង។

    2. គេង​ឱ្យបាន​គ្រប់គ្រាន់​មួយថ្ងៃ​ពី6-8ម៉ោង
    អ្នក​គួរ​សម្រាក ឬ​គេង​ឱ្យបាន​គ្រប់គ្រាន់​យ៉ាងហោចណាស់​ពី6ទៅ8ម៉ោង ដើម្បីឱ្យ​រាងកាយ​មានឱកាស​ជួសជុល​កោសិកា​ខូចខាត​ឡើងវិញ ខណៈពេល​អ្នក​កំពុង​គេង​លក់ តែ​ប្រសិនបើ​អ្នក​ពិបាក​គេង ឬ​គេង​មិនសូវ​លក់​វិញ​នោះ អ្នក​គួរតែ​ទទួលទាន​ផ្លែ​ចេក​ជា​ជំនួយ ព្រោះ​នៅក្នុង​ផ្លែ​ចេក​មាន​សារធាតុ Triptophane ដែល​ជួយ​ឱ្យ​អ្នក​ឆាប់​គេង​លក់។

    3. យក​ឆ័​ត្រ និង​អាវ​ភ្លៀង​ដាក់​តាម​ខ្លួន​ជានិច្ច
    នៅក្នុង​រដូវភ្លៀង​បែបនេះ កុំ​ភ្លេច​យក​ឆ័​ត្រ និង​អាវ​ភ្លៀង​ទៅតាម​ខ្លួន​គ្រប់​ពេលដែល​អ្នក​ចេញទៅ​ខាងក្រៅ ដើម្បី​កុំឱ្យ​រាងកាយ​ទទឹកទឹកភ្លៀង​នៅពេល​ភ្លៀង​ធ្លាក់ ព្រោះ​វា​ជួយ​កាត់បន្ថយ​ការកើត​ជំងឺ​គ្រុនក្ដៅ និង​គ្រុនផ្ដាសាយ​បាន​ផងដែរ។

    4. រក្សាខ្លួន​ឱ្យ​ស្ងួត​ជានិច្ច
    ដើម្បី​ធ្វើឱ្យ​រាងកាយ​មាន​សីតុណ្ហភាព​អាច​ទប់​ទល់នឹង​អាកាសធាតុ​ខាងក្រៅ​បានល្អ មិនឱ្យ​កើត​ជំងឺផ្សេងៗដូចជា ជំងឺ​សើ​ស្បែក និង​រោគ​រលាក​សួត​បាន​ដោយ​ងាយ អ្នក​ត្រូវតែ​ធ្វើ​ខ្លួនឯង​ស្ងួត​ជានិច្ច។ នៅពេល​អ្នក​សើម​ទទឹក​ទឹកភ្លៀងថ្មីៗ អ្នក​គួរតែ​ឆាប់​ប្ដូរ​សម្លៀក​ពំ​ពាក់​ឱ្យបានភ្លាមៗ ដើម្បីឱ្យ​រាងកាយ​មាន​ភាពកក់ក្ដៅ​ឡើងវិញ តែ​ប៉ុណ្ណេះ​ក៏​ជួយ​ការពារ​ខ្លួន​អ្នក​ពី​ជំងឺ​សើ​ស្បែក និង រោគ​រលាក​សួត​បាន​ហើយ។

    5. មិនត្រូវ​ដើរចូល​កន្លែង​ដែលមាន​ទឹក​លិច
    នៅ​កន្លែង​មានទឹក​លិច ចាត់ទុកថា​ជា​កន្លែង​ដែល​ត្រូវ​ហាមប្រាម​តែម្ដង ព្រោះ​វា​អាច​បង្ក​ឱ្យ​កើតមាន​ជំងឺ​សើ​ស្បែក ជំងឺថ្លើម និង​រោគ​រលាក​គ្រលៀន ដែល​បង្កដោយ​ទឹក​កខ្វក់ដែល​វា​ជា​គ្រោះថ្នាក់​មួយ​ដែល​គួរឱ្យ​បារម្ភ​បំផុត​ក្នុង​រដូវភ្លៀង​ធ្លាក់។

    6. ការពារ​កុំឱ្យ​មូស​ខាំ
    នៅ​រដូវ​ធ្លាក់ភ្លៀង មាន​សត្វ​មូស​ជាច្រើនដែល​អាច​បង្ក​ជា​ជំងឺគ្រុនឈាម​បានដូច្នេះហើយ​ទើប​អ្នកត្រូវកា​ពារ​កុំឱ្យ​មូស​ខាំ ដោយ​ការ​គេង​នៅក្នុង​មុង ឬ​ប្រើប្រាស់​ថ្នាំ​បណ្ដេញ​មូស​ចេញពី​លំនៅឋាន​របស់​អ្នក និង​គួរ​ស្លៀកពាក់​ឱ្យបាន​ជិត​ល្អ​ផងដែរ។

    7. ប្រើ​ប្រេង​លាប​ប្រភេទ Eucalyptus Oil
    នៅពេលដែល​អ្នក​តឹង​ច្រមុះ ឬ​ពិបាក​ក្នុងការ​ដកដង្ហើម អ្នក​គួរប្រើ​ប្រេង​លាប​ប្រភេទ Eucalyptus Oil លាប​នៅលើ​បរិវេណ​ទ្រូង ឬ​ខ្នង​របស់​អ្នក ដើម្បីឱ្យ​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​អ្នកមាន​ភាព​ងាយ​ស្រួយ​ឡើងវិញ។

    8. ទទួលទាន​អាហារ​ដែល​ចម្អិន​ឆ្អិនថ្មីៗ
    អ្នក​គួរតែ​ជ្រើសរើស​ទទួលទាន​អាហារ​ណា​ដែល​ចម្អិន​ឆ្អិនថ្មីក្ដៅៗ ដើម្បី​ការពារ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​មិនឱ្យ​កើតមាន​ជំងឺ ដែល​បង្កដោយ​សារធាតុ​ពុល​ដែលមាន​នៅក្នុ្ង​ងអាហារ។

    9. ទទួលទាន​តែ​ឱសថ​បុរាណ​ក្ដៅឧណ្ហៗ
    ជាប្រចាំ នៅ​ថ្ងៃ​ដែលមាន​ភ្លៀង​ធ្លាក់ អាកាសធាតុ​តែងតែ​ប្រែ​ទៅជា​ត្រជាក់​ខ្លាំង ដូច្នេះ​អ្នក​គួរតែ​ទទួលទាន​តែ​ឱសថ​បុរាណ​ក្ដៅឧណ្ហៗ 1 កែវ ដើម្បីឱ្យ​រាងកាយ​របស់​អ្នកមាន​សីតុណ្ហភាព​ធម្មតា ការពារ​ជំងឺឆ្លង និង​បាក់តេរី ដែល​មក​ជាមួយនឹង​ទឹកភ្លៀង ហើយ​ម្យ៉ាងទៀត ការទទួល​ទាន​ទឹកតែ​ក្តៅឧណ្ហៗ ក៏​អាចជួយ​បន្ធូរបន្ថយ​ភាព​ត្រជាក់​បាន​យ៉ាង​ល្អ​ផងដែរ៕