Category: សុខភាព

  • ប្រយ័ត្ន!! ជំងឺ​គ្រោះថ្នាក់​អាក្រក់ កើត​ចំពោះ​បុគ្គលិក​ធ្វើការ​ក្នុង​ការិយាល័យ

    ប្រយ័ត្ន!! ជំងឺ​គ្រោះថ្នាក់​អាក្រក់ កើត​ចំពោះ​បុគ្គលិក​ធ្វើការ​ក្នុង​ការិយាល័យ

    តើ​ជំងឺ​កើតមាន​ចំពោះ​បុគ្គលិក​ធ្វើការ​ក្នុង​ការិយាល័យ (Office Syndrome) ជា​អ្វី? បើតាម​ការបញ្ជា​ក់រប​ស់​គ្រូពេទ្យ​ជំនាញ​សុខភាព​ពិភពលោក​បាន​ប្រាប់ថា ក្រុម​អាការរោគ​អូស​ហ្វី​ស​ស៊ីន​ដ្រូ​ន (Office syndrome) គឺជា​អាការ​ដែល​កើតឡើង​ពី​ចំពោះ​មនុស្សពេញវ័យ​កំពុងធ្វើការ​ងារ ដែល​កំពុងតែ​អង្គុយ​ធ្វើ​ការងារ​នៅក្នុង​ការិយាល័យ​ពេញ​មួយថ្ងៃ ដោយ​មិនមាន​ការហាត់​ប្រាណ​ជាប្រចាំ​ថ្ងៃ និង​មាន​សភាព​បរិស្ថាន​ជុំវិញ​កន្លែងធ្វើការ​ងារ​ពោរពេញ​ដោយ​បរិយាកាស​អាប់អួរ និង​ចំហាយ​ផ្សែង​ពុល​ពី​គ្រឿង​ម៉ាស៊ីន​ដែល​អ្នក​មិនអាច​មើល​ឃើញនឹងភ្នែក​ទទេ ធ្វើឱ្យ​កើតមាន​អា​ការឈឺ​ក្នុង​ខ្លួន​ខុស​ប្រក្រតីផ្សេងៗជាដើម។

    អាការ​នៃ​ជំងឺ​អូស​ហ្វី​ស​ស៊ីន​ដ្រូ​ន (Office syndrome) រួមមាន​ដូចជា ៖
    1. ប្រតិកម្ម​សាច់​ដុំដៃ និង​ឈឺ​ចុកចាប់​តាម​អវយវៈផ្សេងៗ។

    2. ឈឺ​ខ្នង ឬ​ចុក​រោយ​តាម​បរិវេណ​ផ្នែក​ខាងក្រោយ​នៃ​រាងកាយ​ជា​ញឹកញាប់ ដោយសារ​អង្គុយ​ធ្វើការ​ពេញ​មួយថ្ងៃ 8ម៉ោង ធ្វើឱ្យ​សាច់ដុំ​ដើម​ក ស្មា និង​ចង្កេះ ឡើង​រឹង​ជាប់​នៅពេល​វេលា​យូរ។

    3. ខ្យល់អាកាស​ចេញចូល​ក្នុង​ការិយាល័យ​មិន​គ្រប់គ្រាន់ ខួរក្បាល​បានទទួល​អុក​ស៊ី​ហ្សែ​៊​ន​មិន​គ្រប់គ្រាន់ បណ្ដាលឱ្យមាន​អាការ​ឈឺភ្នែក ស្ពឹក​ភ្នែក និង​មុខ​ស្លក់​ឡើង​ខ្មៅ​ជាដើម។

    4. អាការ​អាច​ធ្ងន់ធ្ងរ​ឡើង និង​អាចហុច​ផល​អាក្រក់​ដល់​សភា​ពរាងកា​យ​ខ្លាំង​ឡើង​ដូចជា ធ្វើឱ្យ​ឈឺក្បាល កើត​ប្រកាំង រលាក​សន្លាក់ឆ្អឹង​កង​ខ្នង ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ធ្ងន់ធ្ងរ និង​អាច​វង្វេងស្មារតី​ក៏មានដែរ។

    5. កើតមាន​អាការ​ចាញ់​អាកាសធាតុ ងាយ​ទទួល​ជំងឺ​ឱកាសនិយម និង​ពិបាក​ដកដង្ហើម រហូត​ឈានដល់​រលាក​ផ្លូវដង្ហើម។

    វិធី​ការពារ និង​ព្យាបាល
    លោកគ្រូ​ពេទ្យ​ជំនាញ​បានបញ្ជាក់​ពី​វិធី​ការពារ​ជំងឺ​អូស​ហ្វី​ស​ស៊ីន​ដ្រូ​ន​នេះ​ថា ការការពារ​ដែលអាច​ធ្វើទៅបាន​នោះ​គឺ ការផ្លាស់ប្ដូរ​ឥរិយាបទ​រស់នៅ ដោយ​ការ​មាន​អនាម័យ និង​ការទទួលយក​អុក​ស៊ី​ហ្សែ​៊​ន​ឱ្យដល់​ខួរក្បាល​បាន​យ៉ាង​គ្រប់គ្រាន់។ ប្រសិនបើ​អាការ​មិន​ប្រសើរឡើង​ទេនោះ គឺ​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​ដើម្បី​បន្ថយ​អាការ​ដែល​កើតឡើង និង​ត្រូវ​ទទួល​ការវះកាត់​ក៏មានដែរពោលគឺ​អាស្រ័យទៅលើ​ស្ថានភាព​របស់​អ្នកជំងឺ។ នាពេល​បច្ចុប្បន្ននេះ ខាង​មន្ទីរពេទ្យ បានធ្វើ​ការអប់រំ​ណែនាំ​ចំពោះ​អ្នកជំងឺ​ពី​ក្រុម​អ្នកធ្វើការងារ​ច្រើន​ម៉ោង ឱ្យមាន​ទម្លាប់​ហាត់ប្រាណ​នាពេល​ព្រឹក​ព្រលឹម មុនពេល​ចូលធ្វើការ​រយៈពេល15-20នាទី និង​ពេល​ចេញពី​ធ្វើការ 20នាទី ស្ថិតក្នុង​បរិវេណ​ការិយាល័យ៕

  • អស់​បញ្ហា​រឿង​គេង​លក់​មិន​គ្រប់គ្រាន់ ជាមួយ15វិធី​ជួយ​ឱ្យ​ឆាប់​គេង​លក់

    អស់​បញ្ហា​រឿង​គេង​លក់​មិន​គ្រប់គ្រាន់ ជាមួយ15វិធី​ជួយ​ឱ្យ​ឆាប់​គេង​លក់

    ដូចដែល​យើង​បានដឹង​ច្បាស់​ហើយ​ថា ការ​គេង​លក់​គឺជា​ចំណែក 1ភាគ3នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​យើង ដូច្នេះហើយ​ទើប​យើង​ត្រូវតែ​គេង​លក់​សម្រាក​ឱ្យបាន​មួយថ្ងៃ​ពី6 – 8ម៉ោង ទើប​ហុច​ផល​ល្អ​ដល់​រាងកាយ តែបើ​អ្នកមាន​បញ្ហា​ក្នុងការ​គេង ដូចជា​ គេង​មិនសូវ​លក់ ឬ​ពិបាក​ក្នុងការ​គេង​លក់ ចូរ​សាកល្បង​ធ្វើតាម “វិធី​ធ្វើឱ្យ​គេង​លក់‟ របស់​យើង​ល​មើល៍ ធានាថា​អ្នកនឹង​លង់លក់​សប្បាយ​យ៉ាងពិត​ប្រាកដ។

    1. ហាត់ប្រាណ​ជាប្រចាំ ឬមួយ​សប្ដាហ៍ 3ដងម្ដងៗយ៉ាងតិច​កន្លះ​ម៉ោង តែ​មិនគួរ​ហាត់ប្រាណ​មុនពេល​គេង​ឡើយ។

    2. មិនគួរ​គេង​លក់​នៅពេល​ថ្ងៃ ឬ​ពេល​ល្ងាច​នោះទេ ព្រោះ​នឹងធ្វើ​ឱ្យ​ខួរក្បាល​យល់ច្រឡំ​ថា រាងកាយ​បាន​គេង​លក់​រួចហើយ លុះ​ដល់ពេល​ត្រូវ​គេង​មែនទែន ក៏​នឹង​ធ្វើឱ្យ​ពិបាក​គេង​លក់ តែបើ​ចង់​គេង​សម្រាក​ពេល​ថ្ងៃ​ខ្លាំង​មែនទែន​នោះ ចូរ​គេង​មួយស្រឡេត​មិន​ឱ្យលើស​កន្លះ​ម៉ោង​បាន​ហើយ។

    3. តម​ភេសជ្ជៈ តែ កាហ្វេ សូកូឡា និង​ភេសជ្ជៈដែលមាន​ជាតិ​កាហ្វេ​អី​ុ​ន និង​បារី។

    4. តម​អាហារ​ពេលយប់​ជ្រៅ និង​មិនគួរ​ញ៉ាំ​ទឹក​ច្រើន​នៅពេល​ព្រលប់​ទេ ព្រោះ​ជា​ប្រក្រតីរាងកាយ​មិន​បញ្ចេញ​ទឹក​រំលាយ​អាហារ​នៅពេល​យប់​ឡើយ។

    5. មិនគួរ​ធ្វើ​កិច្ចការងារ​ណា​ដែល​ធ្វើឱ្យ​ផ្លូវចិត្ត​បានទទួល​ការជំរុញ​មុនពេល​គេង ដូចជា មើល​កុន អាន​សៀវភៅ ជជែក​គ្នា រឿង​ដែល​ធ្វើឱ្យ​អារម្មណ៍​តឹងតែង ជំរុញ​ផ្លូវចិត្ត​ឱ្យ​រំភើប​ញាប់​ញ័រខំប្រឹង និង​ធុញថប់​ឡើយ។

    6. តម​លេង​ឧបករណ៍​អេឡិចត្រូនិក ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មុនពេល​ចូល​គេង ព្រោះ​ឧបករណ៍​ទាំងនោះ​មាន​ផល​ធ្វើឱ្យ​ពិបាក​គេង​លក់ ដោយសារតែ​ពន្លឺ​ពណ៌​ផ្ទៃមេឃ​ក្នុង​អេក្រង់ ធ្វើឱ្យ​រាងកាយ​បានដឹងថា មិនទាន់​ងងឹត និង​បញ្ចេញ​សារធាតុ មេ​ឡា​តូ​នី​ន ធ្វើឱ្យ​ពិបាក​គេង​លក់ ហើយ​យើង​ថែមទាំង​ទទួលបាន​ព័ត៌មាន​ចូលមក​ជាប់​ជានិច្ច ធ្វើឱ្យ​ខួរក្បាល​មិនបាន​សម្រាក និង​គេង​លក់​មិនបាន​ពេញលេញ រលក​ខួរក្បាល​មិន​ស្រឡះ ធ្វើឱ្យ​គេង​លក់​មិន​ស្កប់។

    7. ព្យាយាម​រៀបចំ​ពេលវេលា​សម្រាប់​ការ​សម្រាក​ ដើម្បី​បន្ធូរ​រាងកាយ និង​ខួរក្បាល​ឱ្យ​ស្រឡះ​មុន​ចូល​គេង ដូចជា ស្ដាប់​បទ​ភ្លេង​ដែល​ជួយ​សម្រួល​ឱ្យគេ​ង​លក់បាន​កាន់តែ​ស្រួល​ឡើង ឬ​អង្គុយ​តាំងសមាធិ សូត្រមន្ត​ឱ្យ​ផ្លូវ​ចិត្តបាន​ស្ងប់​សប្បាយ ធូរស្រាល ឬ​នឹក​ដល់​ធម្មជាតិ។

    8. សម្រួល​បន្ទប់​គេង​ឱ្យ​ស័ក្តិសម​ទាំង​សីតុណ្ហភាព ពន្លឺ និង​ភាព​ស្រទន់​ស្រួលខ្លួន។

    9. គ្រែ​មាន​ទុក​សម្រាប់​គេង មិនគួរ​ធ្វើ​កិច្ចការងារផ្សេងៗលើ​គ្រែ ដូចជា​ទូរស័ព្ទ ញ៉ាំ​អាហារ ឬ​អាន​សៀវភៅ​ឡើយ។

    10. ពេល​ផ្ដេកខ្លួន​គេង​ហើយ ចូរ​ឈប់​គិត​រឿង​ដែល​តានតឹង មិន​សប្បាយចិត្ត ដូច្នេះ​មុនពេល​គេង ចូរ​សរសេរ​កត់ត្រា​អ្វីដែល​មិន​សប្បាយចិត្ត​ចូលទៅក្នុង​ក្រដាស​ថា អ្វីដែល​យើង​កែខៃ​បាន និង​អ្វីដែល​យើង​កែខៃ​មិនបាន ព្រោះ​ការសរសេរ​ដែល​ច្បាស់លាស់​នឹងធ្វើ​ឱ្យ​ខួរក្បាល​ស្រឡះ​ឡើង ផ្លូវចិត្ត​សប្បាយ​ឡើង។

    11. មិនគួរ​ញ៉ាំ​ទឹក​ច្រើន​ក្រោយពេល​បាយល្ងាច ព្រោះ​នឹងធ្វើ​ឱ្យ​ភ្ញាក់ឡើង​បត់ជើងតូច និង​ដាច់​ចង្វាក់​ការ​កំពុង​គេង​លក់​ស្រួលដូច្នេះ​មុននឹង​ចូល​គេង​គួរ​ចូល​បន្ទប់ទឹក​ឱ្យ​រួចរាល់ ឬ​បើ​ចាំបាច់​ត្រូវ​ភ្ញាក់ឡើង​ចូល​បន្ទប់ទឹក​ក៏​មិនចាំបាច់​កង្វល់​ដែរ ចូរ​ត្រឡប់មក​គេង​វិញ​យ៉ាង​មាន​អារម្មណ៍​ធូរស្រាល។

    12. មិនគួរ​មាន​អារម្មណ៍​កង្វល់ ឬ​តានតឹង​នៅពេល​គេង​មិន​លក់​នោះទេ បើ​ការចូល​គេង​កន្លងទៅ 30នាទី​ហើយ​នៅតែ​មិនទាន់​លក់​ទៀត ចូរ​រក​កិច្ចការងារ​បន្ធូរ​អារ​ម្មណ៍​ធ្វើ រហូត​ទាល់​តែមាន​អារម្មណ៍​ថា​ងងុយ សឹម​ចូលទៅ​គេង​វិញ​ម្ដងទៀត។

    13. កុំ​វិតក្ក​កង្វល់ ហើយ​មើល​នាឡិកា​ញឹកញាប់ ព្រោះ​វា​នឹង​ក្លាយជា​ការដាក់​សម្ពាធ​លើ​ខ្លួនឯង ធ្វើឱ្យមាន​អារម្មណ៍​តានតឹង និង​គេង​មិន​លក់​នៅ​ទីបំផុត។

    14. បើ​អ្នក​គេង​ជាមួយ​លោក​អ្នកជា​មនុស្ស​គេង​ស្រមុក និង​ធ្វើឱ្យ​លោកអ្នក​ពិបាក​នឹង​គេង​លក់ ចូរ​លោក​អ្នករក​អ្វី​មក​បិទ​ត្រចៀកនិង​នាំ​ដៃគូ​របស់​អ្នក​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល​អាកា​រគេង​ស្រមុក តែបើ​លោកអ្នក​នៅតែ​គេង​មិន​លក់​ទៀត ចូរ​ចែក​គ្រែ​គ្នា​គេង​បណ្ដោះអាសន្ន ដើម្បីឱ្យ​លោកអ្នក​បាន​គេង​លក់​សម្រាក​យ៉ាង​គ្រប់គ្រាន់។

    15. គួរ​ភ្ញាក់​ពី​ដំណេក​ឱ្យ​ទៀង​ពេលវេលា​រៀងរាល់ថ្ងៃ ទោះជា​លោកអ្នក​ចូល​គេង​នៅ​ម៉ោង​ប៉ុន្មាន​ក៏ដោយ ព្រោះ​នឹងធ្វើ​ឱ្យ​ចរន្ត​ការ​គេង​លក់​របស់លោក​អ្នកមាន​តុល្យភាព និង​មិនគួរ​ភ្ញាក់​ពី​ដំណេក​ក្រោយ​ម៉ោង 8ព្រឹក​ឡើយព្រោះ​រាងកាយ​មនុស្ស​មាន​សម្ព័ន្ធ​ជាមួយ​ព្រះអាទិត្យ​រះ និង​លិច៕

  • 5ចំណុច​ហាម​ធ្វើ បើ​មិន​ចង់ឱ្យ​អវយវៈ​ភេទ​ឆ្លង​រោគ

    5ចំណុច​ហាម​ធ្វើ បើ​មិន​ចង់ឱ្យ​អវយវៈ​ភេទ​ឆ្លង​រោគ

    ប្រសិនបើជា​រឿង​របស់​អវយវៈ​ភេទ​ហើយ មិន​ថា​បុរស ឬក៏​នារី​នោះទេ េ​ក៏មាន​ភាព​អៀនខ្មាស​នៅក្នុង​ការនិយាយ​ចេញមកក្រៅ និង​ធ្វើឱ្យ​ពិបាកចិត្ត​នៅពេលដែល​និយាយ​អំពី​រឿងនេះ ឬក៏​ពិបាក​ពិគ្រោះ​ជាមួយ​អ្នកដទៃ​អំពី​បញ្ហា​នេះ។ ដូច្នេះហើយ​ខណៈដែល​មាន​អាការចម្លែកៗ ដូចជា អាការ “ឆ្លង​រោគ” កើតឡើង មនុស្ស​ជាច្រើន​បាន​ប្រើការ​ព្យាយាម​អំណត់​ ខ្លះរក​ផ្លូវ​ព្យាបាល​ដោយ​ខ្លួនឯង​យ៉ាង​មិន​ត្រឹមត្រូវ ​ខ្លះព្យាបាល​តាម​ការស្រាវជ្រាវ​មួយចំនួន រហូតដល់​ចុងក្រោយ​មានការ​ហុច​ផល​មិនល្អ​ដល់​រាងកាយ​លើស​ដើម​ទៀត។ ដូច្នេះ ដំណោះស្រាយ​ដែល​ត្រឹមត្រូវ​នោះ​គឺ ការមើល​ថែរក្សា​អនាម័យ​របស់​អវយវៈ​ភេទ​ឱ្យបាន​ល្អប្រសើរ កុំឱ្យ​មានការ​ប្រឡាក់​ប្រឡូក ដែលជា​ហេតុ​បង្ក​ឱ្យ​ឆ្លង​រោគ​ដល់​ខ្លួន​អ្នក​ផ្ទាល់។ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ណែនាំ​នូវ​ចំណុច​ទាំង5 ដូចខាងក្រោម​នេះ៖

    1. ហាម​ស្លៀកខោ​ក្នុងដដែលៗ
    បរិវេណ​អវយវៈ​ភេទ គឺមាន​ក្រពេញ​ញើស​ដូចជា​បរិវេណផ្សេងៗទៀត​នៃ​សារពាង្គកាយ​ដែរ ដែលមាន​រន្ធ​រោម ថែមទាំង​មាន​កន្លុកកន្លៀត​ដែល​បាន​បិទបាំង​ដោយ​សម្លៀកបំពាក់​ផងដែរ។ ការបិទ​មុខ​រន្ធ​ញើស ជា​កត្តា​ដែលនាំឱ្យ​កើតមាន​ក្លិន​មិនល្អ​ជាប់​នឹង​ស្បែក និង​សម្លៀកបំពាក់ ហើយ​បាក់តេរី​ក៏​អា​ចចម្រើន​លូតលាស់​បាន​យ៉ាង​លឿន​ទៀតផង។ អ្នក​គួរតែ​ធ្វើការ​ផ្លាស់ប្ដូរ​ខោ​ក្នុង​ឱ្យ​បានជា​រៀងរាល់ថ្ងៃដើម្បី​ថែរក្សា​អនាម័យ​នៅក្នុង​ចំណុច​ដែល​បាន​លាក់បាំង​នេះ។ អ្នក​គួរតែ​ធ្វើការ​ផ្លាស់​ឈុត​ខោ​ក្នុង មួយថ្ងៃ​ឱ្យបាន2ដង​ទើប​ជាការ​ប្រសើរ ពោលគឺ​នៅពេល​ព្រឹក និង​មុនពេល​ចូល​គេង។ ប្រញាប់​ធ្វើការ​សម្អាត​អវយវៈ​ភេទ​ភ្លាម នៅពេលដែល​អ្នកមាន​អារម្មណ៍​ថា ធំ​ុ​ក្លិន អាប់អួរ ឬក៏​ក្រោយ​ពេលដែល​អ្នកធ្វើ​ការហាត់​ប្រាណ​រួច។

    2. ហាម​លាង​សម្អាត​ទ្វារមាស​ផ្នែក​ខាងក្នុង
    ស្ត្រី​ខ្លះ ចង់​សម្អាត​ផ្នែក​ខាង​ក្នុងនៃ​ទ្វារមាស ទើប​ខំព្យាយាម​ប្រើ​ម្រាមដៃ​ស៊ក​ចូលទៅ​សម្អាត​ខាងក្នុង ​ដោយ​សាប៊ូ ឬ​ផលិតផល​សម្រាប់​សម្អាត​អនាម័យ​ស្ត្រីផ្សេងៗដែលមាន​លក់​នៅតាម​ផ្សារ។ ក៏ប៉ុន្ដែ តាម​ការពិតទៅ​ការធ្វើ​ការសម្អាត​ចូលទៅ​ខាងក្នុង​ទ្វារមាស គឺមាន​ផលប៉ះពាល់​រាងកាយ​លើស​ដើម ព្រោះ​សាប៊ូ​មាន​កម្រិត pH ខ្ពស់ជាង​ទ្វារមាស ហើយ​ធាតុ​ផ្សំ​នៃ​ក្លិន​ប្រ​អូ​បរ​បស់​សាប៊ូ អាចធ្វើឱ្យ​ទ្វារមាស​រលាក ឡើង​ក្រហម និង​មាន​អាការ​រមាស់ ហើយក្រៅពីនេះ វា​ក៏​មិនបាន​សម្លាប់​បាក់តេរី​ចេញពី​រាងកាយ​នោះទេ។ ប្រសិនបើ​អ្នក​ចង់​ធ្វើការ​សម្អាត​អនាម័យ​ខាងក្នុង​ទ្វារមាស អ្នក​គួរតែ​ជ្រើសរើស​ប្រើ​ទឹកស្អាត ធ្វើ​ទឹក​អនាម័យ​ដែលមាន​កម្រិត pH ទាប​សម្រាប់​សម្អាត ឬ​គ្រាន់តែ​សម្អាត​ផ្នែក​ខាងក្រៅ មិនឱ្យ​លើសពី​មួយថ្ងៃ​ម្ដង​ក៏បាន។

    3. ហាម​លាបប្រេង ឬ​ជែ​ល​រលោងផ្សេងៗ
    ដើម្បី​ឱ្យមាន​ភាព​ងាយ​ក្នុងការ​រួមដំណេក​ជាមួយ​គូស្នេហ៍ អ្នកខ្លះ​អាច​ប្រើប្រាស់​គ្រឿង​ជំនួយ​ដូចជា ជែ​ល​ទឹករំអិល ឬ​ប្រេងរំអិល​ដែលមាន​ក្លិនក្រអូប ដើម្បីឱ្យ​ការរួម​ដំណេក​មាន​ភាព​រលូន និង​ជួយ​ជំរុញ​អារម្មណ៍​ឱ្យ​កាន់តែ​ខិត​ទៅដល់​ចំណុចកំពូល។ មិន​ថា​ជា​ផលិតផល​បែបណា យីហោ​ណា ឬ​មានការ​បញ្ជាក់ថា​គ្មាន​គ្រោះថ្នាក់​បែបណាក៏ដោយ ខណៈដែល​បាន​ប្រើ​លាប​ពីលើ​ស្បែក តែ​ខុសពី​ភាព​រំអិល​ដែល​ផលិត​ចេញ​មកពី​ខាងក្នុង​នៃ​ចំណុច​លាក់បាំង វា​អាច​ហុច​ផល​អាក្រក់​ប៉ះពាល់​ដល់​រាងកាយ​ស្ត្រី​បាន។ ដោយសារតែ​នៅពេលដែល​រួមដំណេក​ហើយ ធ្វើឱ្យ​ពិបាក​នៅក្នុង​ការលាង​សម្អាត និង​ធ្វើឱ្យ​កើត​ស្នាម​ប្រឡាក់​ស្អិត​ជាប់​នឹង​អវយវៈ​ភេទ បង្ក​ឱ្យ​កើតមាន​បាក់តេរី​ចម្លង​មេរោគ​ជាដើម។ ប្រសិនបើ​ចង់ឱ្យ​អវយវៈ​ភេទ​មាន​ភាពស្រស់ស្អាត និង​មាន​អនាម័យ ខណៈដែល​រួមដំណេក អ្នក​គួរប្រើ​ទឹករំអិល​បែប​ធម្មជាតិ​តែ​ប៉ុណ្ណោះ។

    4. ហាម​ចោះ ឬ​ចាក់​សាក់
    នៅពេលដែល​អវយវៈ​ភេទ​ជា​ចំណុច​លាក់បាំង​ ដែល​ទន់​ស្ដើង សើម​ផ្អាប់ ផ្អាប់​ញើស និង​ក្អែល ហើយ​ងាយ​ឆ្លង​រោគ​នោះ ប្រសិនបើ​អ្នកធ្វើការ​ចោះ​ក្រវិល ឬ​ចាក់​សាក់ ដែល​ធ្វើឱ្យ​ស្បែក​នៅ​បរិវេណ​អវយវៈ​ភេទ​មាន​ស្នាម​ផ្លែរហូតដល់​មាន​គ្រោះថ្នាក់​ពី​ការឆ្លង​មេរោគទៀតផង។ ទោះជា​យ៉ាងនេះ​ក្ដី យើង​សូម​ណែនាំ​មិនឱ្យ​អ្នកធ្វើការ​ចោះ ឬ​សា​ក់នៅ​បរិវេណ​នោះឡើយ តែបើ​អ្នក​បាន​ចោះ​រួចហើយនោះ សូម​ណែនាំ​ឱ្យ​ដោះ​ក្រវិល ឬ​ឧបករណ៍ផ្សេងៗចេញ​វិញ ដើម្បីឱ្យ​ស្បែ​កនៅ​បរិវា​ណ​អវយវៈ​ភេទ​ត្រឡប់​មករក​សភាព​ដើម​វិញ។ ប្រសិនបើ​អ្នក​បាន​សាក់​នៅ​បរិវេណ​នោះ​រួចហើយ សូមអ្នក​កុំ​ព្យាយាម​លុប​ស្នាម​សាក់ ឬ​សាក់​បន្ថែម​ពីលើ​ទៀត​ឱ្យសោះ។

    5. ហាម​ស៊ក​របស់ចម្លែកៗចូលទៅ​ខាងក្នុង
    មិន​ថា​ជា បន្លែ ផ្លែឈើ ឬ​ឧបករណ៍ផ្សេងៗ គឺ​មិនគួរ​ស៊ក​ចូលទៅក្នុង​ទា្វ​រមាស​របស់​អ្នក​នោះទេ ព្រោះ​ភាពកខ្វក់​របស់​វត្ថុ​ទាំងអស់នោះ ​គឺមាន​គ្រោះថ្នាក់​ដល់​អវយវៈ​ភេទ​របស់​អ្នកខ្លាំង​ណាស់ ដែល​ធ្វើឱ្យ​ឆ្លង​រោគ​បាន​យ៉ាង​ងាយ។ វត្ថុ​ទាំងនោះ​អាច​ជាប់​មាន​សារធាតុ​ថ្នាំ​សម្លាប់​សត្វល្អិត លម្អងធូលី និង​កម្ទេចកម្ទីផ្សេងៗ ជាប់​នូវ​បាក់តេរី​ជាច្រើន​ប្រភេទ ដែល​អ្នកមើល​មិនឃើញ ហើយ​ឧបករណ៍​សិច ក៏មាន​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ចូលទៅក្នុង​ទ្វារមាស​ផងដែរ ប្រសិនបើ​របស់​នោះ​មិនមាន​អនាម័យ​ល្អ​គ្រប់គ្រាន់៕

  • កុំ​មើលរំលង​បន្លែស្លឹក​បាស មានគុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព

    កុំ​មើលរំលង​បន្លែស្លឹក​បាស មានគុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព

    ស្លឹក​បាស ជា​បន្លែ​ម្យ៉ាង​សម្រាប់​ចម្អិន​ធ្វើជា​ម្ហូបអាហារ និង​មាន​ផលប្រយោជន៍​ផ្នែក​សុខភាព​ជាខ្លាំង។ ស្លឹក​បាស​មិន​ត្រឹមតែ​ជា​បន្លែ​ដ៏​ពេញនិយម​បំផុត​សម្រាប់​អាហារ​ប្រចាំថ្ងៃ​នោះទេ ប៉ុន្តែ​វា​បានផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​សុខភាព​ទូទៅ​របស់​មនុស្ស​យើង​ផងដែរ។ លើសពីនេះទៅទៀត ស្លឹក​បាស​ក៏ត្រូវ​បាន​បណ្តា​ប្រទេសមួយ​ចំនួន​ប្រើ​ជា​ឱសថ​ធម្មជាតិ​ក្នុងការ​ព្យាបាល​ជំងឺ​មួយចំនួន​ទៀតផង។ ទាំងនេះ​ក៏​ព្រោះតែ​ស្លឹក​បាស​មាន​ផ្ទុក​ទៅដោយ​សារធាតុ​បំប៉ន និង​សារធាតុសំខាន់ៗជាច្រើន​ដែល​រាងកាយ​ត្រូវការ។ ខាងក្រោម​នេះ គឺជា​ផលប្រយោជន៍​មួយចំនួន​ជួយ​ឱ្យ​រាងកាយ​មាន​សុខ​ភាពល្អ និង​ជួយ​បំបាត់​អាការ​ជំងឺផ្សេងៗដូចជា ៖

    1. ជំនួយ​ភ្នែក
    នៅក្នុង​ស្លឹក​បាស មាន​វីតាមីន A ចំនួន​ច្រើន​គួរសម ដែល​យើង​ងាយស្រួល​រកបាន ហើយ​ក្រៅពី​វីតាមីន A ហើយ​នោះ បេ​តាខេ​រ៉ូ​ទីន (Beta Carotene) ដែលមាន​នៅក្នុង​ស្លឹក​បាស គឺជា​សារធាតុ​រ៉ាឌីកាល់​សេរី​ដែល​អាច​បំ​លែងខ្លួន​ឱ្យទៅជា​វីតាមីន A បាន​ថែម​ទៀតផង។ ដូច្នេះ ស្លឹក​បាស ជា​បន្លែ​ដែល​ជួយ​ដល់​ភ្នែក​មួយ​ប្រភេទ ដែល​អ្នក​ងាយ​រក​ទទួល​ទាន។

    2. បង្កើន​ប្រព័ន្ធ​ភាពស៊ាំ
    ដូច​បានដឹងថា ស្លឹក​បាស​មាន​វីតាមីន A និង បេ​តាខេ​រ៉ូ​ទីន ដែលជា​សារធាតុ​បង្កបង្កើត​វីតាមីន A កម្រិត​ខ្ពស់​នៅក្នុង​រាងកាយ។ ដោយឡែក វា​ក៏បាន​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​បន្ថែម​ឱ្យ​អ្នក ធ្វើឱ្យ​អ្នក​មិន​ងាយ​ឈឺ​ថ្កាត់​ផ្តេសផ្ដាស។ ជាពិសេស អាច​ការពារ​ជំងឺ​គ្រុនផ្ដាសាយ ទើប​ប្រសិនបើ​រាងកាយ​របស់​អ្នក​ខ្វះខាត​វីតាមីន A នោះ​នឹង​មានឱកាស​ឈឺ ឬ​គ្រុន​បាន​ដោយ​ងាយ​បំផុត។

    3. ស្លឹក​បាស​ព្យាបាល​ទឹកនោមផ្អែម
    បើតាម​អ្នកជំនាញ​ខាង​សុខភាព និង​មហាវិទ្យាល័យ​ស្រាវជ្រាវ​សុខាភិបាល​ពិភពលោក បាន​អះអាងថា នៅក្នុង​ស្លឹក​បាស​មានសារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ដូចជា Flavonoid ច្រើន​គួរសម អាចជួយ​ព្យាបាល និង​ការពារ​ជំងឺផ្សេងៗបាន ទាំង​ជំងឺ​ទឹកនោមផ្អែម​ផងដែរ។ ក្រៅពី​បានធ្វើការ​ស្រាវជ្រាវ​រក​ឃើញថា ស្លឹក​បាស មាន​ចំណែក​ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម ហើយ​នៅក្នុង​ស្លឹក​បាស​មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ជាច្រើន​ទៀត ដែល​ជួយ​ការពារ​ការកកើត​ជំងឺមហារីក​ផងដែរ។

    4. ជួយ​ថែរក្សា​សុខភាព​ឆ្អឹង
    ការរួម​ផ្សំ​នៃ​ជាតិ​កាល់ស្យូម និង​ជាតិ​ដែក ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ស្លឹក​បាស ជាហេតុ​ផល​ដែល​អាចជួយ​ដល់​សុខភាព​ឆ្អឹង​របស់​អ្នក​យ៉ាង​ល្អ។ លើសពីនេះទៅទៀតស្លឹក​បាស​ក៏​ត្រូវបាន​គេ​ណែនាំ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ឱ្យទទួល​ទាន​ផងដែរ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​លូតលាស់​របស់​គភ៌ និង​ទារក​ក្នុង​ផ្ទៃ។ ចំពោះ​អ្នក​ដែលមាន​អាការ​ចាញ់​ទឹកដោះគោ ឬ​ពិសា​ទឹកដោះគោ​ហើយ​បណ្ដាលឱ្យ​រាក អ្នក​អាច​ងាក​មក​ទទួលទាន​ស្លឹក​បាស​ជំនួស​វិញ។

    5. ព្យាបាល​អាការ​រមាស់​ដោយ​សារស​ត្វ​ល្អិត​ខាំ
    ស្លឹក​បាស មាន​ធាតុ​ត្រជាក់ ជួយ​បន្សា​ពិស​ក្ដៅ​ចេញពី​សត្វល្អិត​បាន​ក្នុង​មួយកម្រិត ដោយ​អ្នកធ្វើ​ការលាង​សាច់​របួស​ដោយ​ទឹកស្អាត​ឱ្យបាន​ស្អាត រួច​យក​ស្លឹក​បាស​ចាស់ មក​ទំពា​ឱ្យ​ល្អិត ហើយ​ញី​ពីលើ​ស្នាមរបួស​ដែល​សត្វល្អិត​ខាំ។ បន្ទាប់មក បិទ​កម្ទេច​ស្លឹក​បាស​ដែល​បាន​ទំពា​ឱ្យ​ល្អិត​មួយសន្ទុះ នោះ​អាការ​រមាស់​នឹងមាន​ភា​ព​សះស្បើយ​ប្រសើរ​ឡើងវិញ។

    6. បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​រំលាយ​អាហារ
    ស្លឹក​បាស​ក៏​ជា​ប្រភព​នៃ​វីតាមីន B1 ឬ​ជាតិ Thiamine ដែលមាន​តួនាទី​ក្នុងការ​ស្រូបយក​សារធាតុចិញ្ចឹម និង​បង្កើន​ថាមពលជំនួស​ឱ្យ​កោសិកា​ខ្លាញ់​ដែល​រាងកាយ​មិនត្រូវ​ការ​ផងដែរ។ លើសពីនេះទៅទៀត ស្លឹក​បាស​ក៏​ជួយ​ចែកចាយ​អុក​ស៊ី​ហែ្ស៊ន និង​សារធាតុចិញ្ចឹម​ដល់​រាងកាយ​បានល្អ​ប្រសើរទៀតផង។ មិនតែប៉ុណ្ណោះ ស្លឹក​បាស មាន​អង់ស៊ីម អា​ម៉ា​យ​លែសជាច្រើន ដែល​ជួយ​ជំរុញ​ដល់​ការរំលាយ​អាហារ ដែល​ការពារ​រាល់​ជំងឺ​តឹង​ពោះ ចុកសៀត​ណែន និង​ល្អ​សម្រាប់​អ្នក​និយម​បរិភោគ​អាហារ​ម្សៅ។

    7. ជួយ​ការពារ​ភាពធាត់​ហួសកំណត់
    អ្នក​ត្រូវ​ដឹងថា ការ​ធាត់​ហួសកំណត់​មិនមែន​បណ្តាលមកពី​ការ​ទទួលទាន​ច្រើនពេក​ទាំងស្រុង​នោះទេ វា​អាច​បណ្តាលមកពី​ការរំលាយ​អាហារ​មិនបាន​ល្អ ឬ​កត្តាផ្សេងៗមួយចំនួនទៀត។ ហេតុនេះ​ស្លឹក​បាស​អាចជួយ​អ្នក​ក្នុងការ​ការពារ​បញ្ហា​ធាត់​ហួសកំណត់​តាមរយៈ​ការជំរុញ​ល្បឿន​រំលាយ​អាហារ៕

  • ការការពារ​ស្បែកជើង​មិនឱ្យ​ភាយ​ក្លិន​ក្នុង​រដូវភ្លៀង

    ការការពារ​ស្បែកជើង​មិនឱ្យ​ភាយ​ក្លិន​ក្នុង​រដូវភ្លៀង

    ពេល​ដោះ​ស្បែកជើង តើ​អ្នកមាន​ធុំក្លិន​ស្អុយ​ដែរឬទេ? ប្រសិនបើ​មាន​មែន​នោះ វា​គឺជា​សញ្ញា​មួយ​ដែល​ប្រាកដ​ណាស់​ថា ជើង​របស់​អ្នកមាន​ក្លិន​ដូចជា​សំរាម​ដែល​ផ្អាប់​ទុក​យូរ​អុីចឹង។ អ្នក​ពិតជា​ពិបាកចិត្ត​ចំពោះ​បញ្ហា​ធុំក្លិន​ជើង ហើយជាពិសេសនៅក្នុង​រដូវភ្លៀង​នេះ ស្បែកជើង​មិន​ស្ងួត និង​ធុំក្លិន​ជើង​ភាយ​ក្លិន​អាក្រក់​រំខាន​ដល់​អ្នក​នៅក្បែរ​ខ្លួន គឺ​ពិតជា​ធ្វើឱ្យ​អ្នក​អាម៉ាសមុខ​ណាស់​មែន​ទេ? តោះ​មក​យល់ដឹង​ពី​ដំណោះស្រាយ​ចំពោះបញ្ហា​នេះ​ទាំងអស់គ្នា។

    តើ​ធ្វើ​ដូចម្តេច​ដើម្បី​យក​ក្លិន​អាក្រក់​នេះ​ចេញពី​ស្បែកជើង​របស់​អ្នក​បាន? ដំបូង​អ្នក​ត្រូវ​រកមើល និង​លុបបំបាត់​មូលហេតុ​របស់​វា​ជាមុនសិន។ ប្រសិនបើ​ស្បែកជើង​មាន​លក្ខណៈ​តឹង​ពេក ហើយ​មិនមាន​ខ្យល់​ចេញចូល​នោះ វា​ពិតជា​ងាយ​បង្កឱ្យមាន​ក្លិន​អាក្រក់ ដោយសារ​ភាព​ហប់​ណែន​ពេក។ ជាធម្មតា​ស្បែ​កនៅ​បាតដៃ ឬ​បាតជើង ជា​កន្លែង​ដែលមាន​ក្រពេញ​បញ្ចេញ​ញើស​ច្រើនជាង​កន្លែង​ដទៃទៀត។ ញើស​ដែល​បញ្ចេញ​នៅ​បាតដៃ នឹងត្រូវ​បាន​ខ្យល់​បរិយាកាស​ស​ម្ងួ​ត​អស់ តែបើ​ញើស​នៅ​បាតជើង​វិញ នឹងត្រូវ​ផ្អាប់​ទុក​ដោយ​ស្បែកជើង និង​ស្រោមជើង​ដែល​ហប់​ ឬ​សើម។ ការ​ផ្អាប់​ទុក​នេះ នឹង​ផ្ដល់ឱកាស​ឱ្យ​បាក់តេរី​មួយចំនួន​រីកដុះដាល ហើយ​បង្ក​ជា​ក្លិនស្អុយ​ដល់​ជើង ស្បែកជើង និង​ស្រោមជើង។ បើ​អ្នក​កំពុងតែ​ប្រឈម​នឹង​បញ្ហា​នេះ សូមកុំ​ទាន់​បារម្ភ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន កំពុង​យកចិត្តទុកដាក់​ចំពោះ​អ្នក ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​នេះ ដូចខាងក្រោម ៖

    1. ធ្វើ​ការប្តូរ​ស្រោមជើង : ស្រោមជើង​ត្រូវ​បោក​សម្អាត​ជានិច្ច​ជា​រៀងរាល់ថ្ងៃ ហើយ​មិនត្រូវ​ពាក់​ស្បែកជើងដដែលៗរាល់ថ្ងៃ​នោះទេ ដោយ​ចាំបាច់​ត្រូវ​ហាល​ស្បែកជើង​ដែល​ពាក់​រួច ឱ្យ​ត្រូវ​ខ្យល់24ម៉ោង ដើម្បីឱ្យ​ញើស​ដែល​ជាប់​នៅ​នឹង​ស្បែកជើង​ស្ងួត​ល្អ។

    2. ប្ដូរ​ស្បែកជើង : នៅក្នុង​រដូវភ្លៀង អ្នក​គួរ​ជ្រើសរើស​ប្រភេទ​ស្បែកជើង​ណា​ដែល​អាចឱ្យ​ខ្យល់​ចេញចូល​បានល្អ ប្រសិនបើ​អ្នកជា​អ្នកធ្វើការ សូម​ជ្រើស​រើសយក​ប្រភេទ​ស្រោមជើង​ណា​ដែល​ផលិត​ចេញពី​ក្រណាត់​យឺត​ធ្វើ​អំពី​កប្បាស ទើប​មិន​រឹប​ជិត។

    3. សម្លាប់​បាក់តេរី : ចូរ​ប្រើប្រាស់​សាប៊ូ​ប្រភេទ​កម្ចាត់​មេរោគ និង​ជូត​ជើង​ឱ្យ​ស្ងួត ជាពិសេស​នៅ​ចន្លោះ​ម្រាមជើង​ម្យ៉ាងទៀត ត្រូវ​ឧស្សាហ៍​ត្រាំ​ជើង​ក្នុង​ទឹក​ឱ្យបាន​យ៉ាងតិច30នាទី ព្រោះ​សារធាតុ​អាស៊ីត​តានី​ក​ដែលមាន​នៅក្នុង​ទឹក អាច​សម្លាប់​មេរោគ​នៅ​នឹង​ជើង​របស់​អ្នក​បាន។ លាង​សម្អាត​ក្រពេញ​ញើស​នៅ​បាតជើង​របស់​អ្នក ដែល​វា​បាន​ផលិត​ញើស​ដែលមាន​ជាតិ​ទឹក សូ​ដ្យូ​ម ក្លរ ជាតិ​ខ្លាញ់ សារធាតុ​ខ​និ​ច និង​ពពួក​អាស៊ីត​ជាច្រើន។ ពេល​មាន​បាក់តេរី​មួយចំនួន វា​នឹង​ធ្វើឱ្យ​ញើស​ទៅជា​មាន​ក្លិន​អាក្រក់។ ការលាង​សម្អាត​ជើង​ឱ្យអស់​បាក់តេរី​ជាមួយ​សាប៊ូ​បំបាត់​ក្លិន និង​ស​ម្ងួ​តវា​ឱ្យបាន​ល្អ អាច​កាត់បន្ថយ​ក្លិន​ជើង​របស់​អ្នក​បាន​យ៉ាង​ល្អ។

    4. ត្រាំ​ទឹកអំបិល : សម្រាប់​ជើង​ដែលមាន​បែកញើស​ច្រើន សូម​លាយ​អំបិល​កន្លះ​ពែង​ក្នុង​ទឹក ហើយ​ត្រាំ​ជើង​របស់​អ្នក​ក្នុង​ទឹក​នោះ។ បន្ទាប់ពី​ត្រាំ​ហើយ សូមកុំ​លាង​ជើង​របស់​អ្នក គ្រាន់តែ​ទុកឱ្យ​វា​ស្ងួត​ល្អ​គឺ​បាន​ហើយ។

    5. ព្យាយាម​ស​ម្ងួ​ត​ស្បែកជើង : សូម​ឱ្យមាន​ខ្យល់​ចេញពី​ស្បែកជើង​នៅពេល​អ្នក​ឈប់​ពាក់។ ប្រសិនបើ​អ្នក​អាចធ្វើ​បាន ចូរ​ដូរ​ស្បែកជើង​ជា​រៀងរាល់ថ្ងៃ ហើយ​អ្នក​មិនគួរ​ពាក់​ស្បែកជើង​តែ​មួយគូ​ដូចគ្នា​រយៈពេល​ពីរ​ថ្ងៃ​នោះទេ។ ហើយ​ត្រូវ​បន្ធូរ​ខ្សែ​ស្បែកជើង​ផង ពេលដែល​អ្នក​ពាក់​ស្បែកជើងប៉ាតា បន្ទាប់ពី​ពាក់​រួច អ្នក​ត្រូវ​ព្យួរ​ស្បែកជើង​របស់​អ្នក​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ ដើម្បី​សម្លាប់​មេរោគ និង​បំបាត់​ក្លិន​មិនល្អ៕

  • ពិនិត្យខ្លួនឯងទៅមើល៍… តើអ្នកគួរទទួលទានវីតាមីនបន្ថែម ឬទេ?

    ពិនិត្យខ្លួនឯងទៅមើល៍… តើអ្នកគួរទទួលទានវីតាមីនបន្ថែម ឬទេ?

    នៅពេលអាយុកើនច្រើនឡើង ការមើលថែទាំសុខភាពក៏ត្រូវតែកើនច្រើនឡើងទៅតាមនោះដែរ។ មនុស្សជាច្រើនអាចមានអារម្មណ៍ថា ខ្លួនមិនបានរឹងប៉ឹងស្វាហាប់ដូចកាលពីវ័យនៅរៀន ឬអំឡុងពេលវ័យជំទង់ឡើយ ព្រោះធ្វើការបានមួយរយៈមក ក៏ចាប់ផ្ដើមមានរោគាជំងឺដង្កាត់សួររកមុខបែបមិនធ្លាប់ដូច្នោះពីមុនមកឡើយ មិនថាតែឈឺក្បាលម៉ៃក្រេន ចុកស្មា ឈឺសន្លាក់កដៃ ជំងឺក្រពះ រហូតទៅដល់ជំងឺខ្លាញ់រុំថ្លើម ឬ Cysts ជាដើម។

    ក្រៅពីជំងឺដង្កាត់ហើយ បញ្ហាដែលមកព្រមជាមួយវ័យដែលមានដូចជា ជ្រុះសក់ កើតស្លាកស្នាម សាច់ស្បែកលែងស្រស់ថ្លា ភ្នែកស្រវាំងស្រអាប់ ឬមានភាពធុញថប់តានតឹងប្រមូលសន្សំច្រើនឡើងរហូតដល់គេងមិនលក់ក៏ចាប់ផ្ដើមកើតឡើងដែរ ដូច្នេះមុននឹងទិញវីតាមីនបន្ថែមមកទទួលទាន យើងនាំគ្នាមកមើលសិនថា តើយើងមានបញ្ហាទាំងអស់នេះឬទេ? បើមាន តើត្រូវទទួលទានវីតាមីនមួយណា?

    សាច់ស្បែកស្ងួតក្រៀម មានស្លាកស្នាម មិនតឹងណែនរលោង
    វីតាមីនបន្ថែមដែលណែនាំ : វីតាមីន C ខូឡាជេន វីតាមីន A អូមេហ្កា3 និងសារធាតុដែក។

    ជ្រុះសក់ ក្រចកដៃ-ជើងស្ដើងស្រួយ
    វីតាមីនបន្ថែមដែលណែនាំ : វីតាមីន B2 និងជាតិស័ង្កសី។

    មិនស្រួលខ្លួន គ្រុនផ្ដាសាយញឹកញាប់
    វីតាមីនបន្ថែមដែលណែនាំ : វីតាមីន C វីតាមីន B និងសារធាតុដែក។

    សម្រាកមិនបានគ្រប់គ្រាន់ ប្រើខួរក្បាលច្រើន
    វីតាមីនបន្ថែមដែលណែនាំ : វីតាមីន B និងអូមេហ្កា3។

    ឆ្អឹង និងសន្លាក់នៅក្នុងរាងកាយចាប់ផ្ដើមចុករួយ
    វីតាមីនបន្ថែមដែលណែនាំ : វីតាមីន D, A, K, កាល់ស្យូម និងផូស្វ័រ។

    រួយភ្នែក និងស្រវាំងមើលលែងសូវច្បាស់
    វីតាមីនបន្ថែមដែលណែនាំ : វីតាមីន A និង វីតាមីន B2។

    ភាពធុញថប់ តានតឹងក្នុងអារម្មណ៍កើតឡើងច្រើន
    វីតាមីនបន្ថែមដែលណែនាំ : វីតាមីន B រួម វីតាមីន C និងម៉ាញេស្យូម។

    តើចាំបាច់ត្រូវទទួលទានវីតាមីនបន្ថែមឬទេ?
    ជាសំណួរដ៏ល្បីល្បាញមួយដែលមនុស្ស ជាច្រើនលួចគិតនៅក្នុងចិត្ត… វីតាមីនមួយប្រអប់ តម្លៃមិនមែនធម្មតាៗទេ តើយើងចាំបាច់ត្រូវតែទទួលទានវីតាមីនបន្ថែមមែន ឬយ៉ាងណា? ចម្លើយក៏គឺ មិនចាំបាច់ទេ វីតាមីនបន្ថែមគ្រាន់តែជាជំនួយការសម្រាប់អ្នកដែលដឹងច្បាស់ថា ខ្លួនឯងមានភាពប្រថុយប្រថានក្នុងការបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ឬមិនសូវមានពេលមើលថែទាំខ្លួនឯងច្រើន អាចហៅបានថា ជាជំនួយការរបស់អ្នកទីក្រុងដែលត្រូវធ្វើការធ្ងន់ រហូតមិនអាចរៀបចំចំណីអាហារ និងបែងចែកពេលវេលាសម្រាប់ហាត់ប្រាណតាមតម្រូវការបាន។

    តែនឹងក្លាយជារឿងល្អខ្លាំងណាស់ បើយើងអាចទទួលបានវីតាមីនទាំងអស់តាមរយៈអាហារដែលចម្អិនស្រស់ៗថ្មីៗ និងមានគុណប្រយោជន៍ខាងសារធាតុអាហារ គ្រប់ទាំង5ប្រភេទក្រុម ហាត់ប្រាណយ៉ាងជាប់លាប់ សម្រាកឱ្យគ្រប់គ្រាន់ និងរកពេលវេលាបន្ធូរអារម្មណ៍តានតឹងធុញថប់ដោយកិច្ចការងារដែលខ្លួនឯងចូលចិត្ត តែប៉ុណ្ណឹងលោកអ្នកមិនចាំាបាច់ចំណាយប្រាក់ជាមួយវីតាមីនតម្លៃច្រើនពាន់ច្រើនម៉ឺនបានបាត់ទៅហើយ។

    តែបើមានអាការធ្ងន់ធ្ងរដល់ថ្នាក់ត្រូវទៅជួបគ្រូពេទ្យវិញនោះ វីតាមីនបន្ថែមក៏អាចជាជម្រើសមួយទៀតក្នុងការជួយជីវិតលោកអ្នកបានដូចគ្នា ដូច្នេះត្រូវពិនិត្យមើលខ្លួនឯងថា តើមានភាពចាំបាច់ក្នុងការទទួលទានវីតាមីនបន្ថែមច្រើនតិចប៉ុនណា។

    ចំណុចមិនល្អរបស់ការទទួលទានវីតាមីនបន្ថែម
    បើយើងទទួលទានវីតាមីនបន្ថែមជាប់ៗគ្នាក្នុងរយៈពេលយូរជ្រុលពេក អាចធ្វើឱ្យរាងកាយបានទទួលវីតាមីនមួយនោះច្រើនលើសតម្រូវការថ្លើម និងក្រលៀនត្រូវធ្វើការខ្លាំង ដើម្បីចម្រាញ់សារធាតុអាហារដែលត្រូវប្រើ និងត្រូវចោល ហើយការបានទទួលវីតាមីនបន្ថែមច្រើនជ្រុលពេក នៅអាចធ្វើឱ្យកើតជំងឺច្រើនឡើងបានដូចគ្នា ដូចជា បើសិនជាទទួលទានកាល់ស្យូមច្រើនជ្រុលពេក អាចប្រថុយនឹងការកើតក្រួសក្នុងក្រលៀន ឬឈាមហូរមិនឈប់ ឬពិបាកនឹងបញ្ឈប់(ពេលមានរបួស) បើសិនជាទទួល-ទានខ្លាញ់ត្រីច្រើនជ្រុលពេកជាដើម។

    ដូច្នេះ មុននឹងទទួលទានអាហារបន្ថែម គួរសិក្សាពីវិធី និងបរិមាណដែលគួរទទួលទាន ព្រមទាំងចងចាំចំណុចគួរប្រយ័ត្នផង ដើម្បីឱ្យបានទទួលមកតែគុណប្រយោជន៍របស់វីតាមីនបន្ថែមដូចដែលចិត្តយើងត្រូវការ៕

  • ព្រមាន…! ក្នុងមួយរាត្រី បុរសមិនត្រូវរួមសិចលើស2ដងនោះទេ

    ព្រមាន…! ក្នុងមួយរាត្រី បុរសមិនត្រូវរួមសិចលើស2ដងនោះទេ

    សម្រាប់អ្នកដែលធ្លាប់ឆ្លងកាត់ជីវិតជាដៃគូ នៅពេលនិយាយពីរឿងសិចគេជឿថា នឹងមានមនុស្សជាច្រើននឹកភ្នកចង់អនុវត្តភា្លមៗតែម្ដង ជាពិសេសនៅពេលដែលខ្លួនបាននៅជិតមនុស្សដែលខ្លួនពេញចិត្ត និងស្រឡាញ់ ខណៈដែលគេក៏ធ្លាប់បានដឹងខ្លះៗមកថា ការអនុវត្តសិច ក៏មានផលវិជ្ជមានចំពោះសម្រស់ និងសុខភាពផងដែរនោះ។ យ៉ាងណាក៏ដោយ អ្នកជំនាញបានបង្ហាញពីក្ដីព្រួយបារម្ភ និងធ្វើការព្រមានយ៉ាងដូច្នេះ ថ្វីដ្បិតតែសិចអាចផ្តល់ផលល្អចំពោះសុខភាពពិតមែន ប៉ុន្តែលោកអ្នកមិនគួរងប់ងុល ឬអនុវត្តឱ្យលើសពីចំនួន2ដងក្នុងមួយយប់នោះទេ បើមិនដូច្នោះទេ លោកអ្នកនឹងជួបបញ្ហាប្រឈមជាច្រើន ឬអាចដល់អាយុជីវិតក៏អាចថាបាន ជាពិសេសចំពោះបុរសតែម្ដង។ ផលប៉ះពាល់ទាំងនោះរួមមានដូចជា ៖

    1. ប៉ះពាល់ក្រពេញ​ប្រូ​ស្តា​ត​ ៖ ​នៅពេលដែល​អ្នកធ្វើការរួមភេទ​ច្រើនដង​ក្នុង​មួយ​យប់នោះ​វា​នឹង​ធ្វើ​ប្រដាប់ភេទ(លិង្គ​)របស់​អ្នក​បញ្ច​ញ​ទឹក​ច្រើន ដែលបណ្តាលឱ្យ​មានការ​រំញោច​កន្ត្រាក់​នៃ​សាច់ដុំ​លិង្គ​​។ កត្តា​ទាំងនេះ​វា​អាចធ្វើ​ឱ្យ​មានការ​កកស្ទះលំហូរគ្រី​ស្តា​ល់ ដែល​ជា​មូលហេតុ​​បង្ក​ឱ្យ​កើត​ជំងឺ​បុរសផ្សេងៗ ជាពិសេសគឺជំងឺក្រពេញ​ប្រូ​ស្តា​តតែម្ដង​។

    ​2. ខ្សោយ​ផ្លូវភេទ​ ៖ ដើម្បី​បង្កើនសមត្ថភាពផ្លូវភេទ អាចធ្វើសកម្មភាពសិចបានច្រើនដង​រៀងរាល់​យប់ មាន​បុរស​មួយចំនួនបានព្យាយាម​ប្រើ​ថ្នាំ​ជំនួយ ​ដើម្បី​បង្កើន​ភាពរឹងមាំ​នៃ​លិង្គក៏ដូចជា​បង្កើន​អារម្មណ៍​ផ្លូវភេទ​របស់​ពួកគេ​។​ ទោះជា​យ៉ាងណា ប្រសិនបើ​អ្នក​ទម្លាប់​ប្រើ​ថ្នាំ​ជំនួយ​ទាំងនោះ​នៅគ្រប់ពេល​ដែលចង់​រួមភេទវា​នឹង​បណ្តាលឱ្យ​អ្នក​ក្លាយជា​មនុស្សម្នាក់​ដែល​គ្មានសមត្ថភាពពិតប្រាកដ ហើយពឹងផ្អែកតែពពួកថ្នាំជំនួយ​ទាំងស្រុង​។ តាមការសិក្សា និងកត់ចំណាំរបស់អ្នកជំនាញបានបង្ហាញថា មាន​មនុស្ស​ជាច្រើន បន្ទាប់ពី​បាន​ប្រើប្រាស់​ថ្នាំ​ជំនួយទាំងនេះ​រួច គឺមិនមាន​ពេលណា​មួយដែល​អាចធ្វើ​ឱ្យ​ពួកគេ​អាច​ធ្វើជា​ម្ចាស់ការ​លើ​ខ្លួនឯង​បាននោះទេ ដូចទៅនឹងពាក្យគេដំណាលថា “កាលពីមុនអាច្រម៉ក់ចេះតែខឹង លុះពេលឥឡូវបែរជាខឹងអាច្រម៉ក់ទៅវិញ”។​

    3. ប៉ះពាល់​ផ្លូវចិត្ត​ ៖ ការរួម​សិច​ច្រើនដង​ក្នុង​មួយ​យប់​ កម្រិត​ដែល​អាច​ឈានដល់ចំណុចកំពូល​សម្រាប់​លើកដំបូង គឺ​អាចស្របតាមចិត្តដែលលោកអ្នកចង់បាន ប៉ុន្តែចាប់ពីទឹកទី2 វាចាប់ផ្តើមថមថយ​កម្រិតសុខស្រួល​តិចទៅៗរហូតប៉ះពាល់ដល់អារម្មណ៍ក៏មាន។ ដូច្នេះហើយ​ទើប​មាន​មនុស្ស​ជាច្រើន​តែងគិតថា ពួកគេ​ផ្តើមកើតមាន​បញ្ហា​អសមត្ថភាព​ផ្លូវភេទ ដែលនឹងក្លាយជាដើមចមនៃ​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​។​

    4. រាងកាយ​ទ្រុឌទ្រោម​ ៖ ចំពោះ​បុរស​នៅពេលដែល​រួមភេទ ការប្រើប្រាស់​ជាតិ​កាឡូរី​ស្មើនឹង​ការធ្វើ​លំ​ហាត់ប្រាណ​នៃ​ការដើរ​ចម្ងាយល្បឿនលឿនក្នុង​រយៈពេល​យូរ​។ ដូច្នេះ​ប្រសិនបើ​អ្នករក្សា​បាន​នូវ​ភាពទៀងទាត់​នៃ​ការ​រួមភេទ​ច្រើនដងក្នុង​មួយថ្ងៃ សួរថា​ តើ​វា​នឹងធ្វើ​ឱ្យ​សុខភាព​របស់​អ្នកមាន​ភាពប្រសើរឡើង​ ដូចការហាត់ប្រាណ មែនទេ? ចម្លើយ គឺមិនមែនដូចគ្នាទេផ្ទុយទៅវិញ វា​គឺជា​ការលំបាក​ណាស់​ក្នុងការ​ទូទាត់​សង​ជាតិ​កាឡូរី​ដែល​បាត់បង់​ បើ​យើងធ្វើការ​សមាមាត្រ​ជាមួយនឹង​អាហារ​ដែល​បាន​ទទួលទាន​ប្រចាំថ្ងៃ។ ការហាត់ប្រាណ វាបានបញ្ចេញសារជាតិពុលចេញពីរាងកាយ ប៉ុន្តែសម្រាប់ការរួមសិច វាបានបញ្ចេញកម្រិតអ័រម៉ូនបុរសយ៉ាងច្រើន ដែល​ជា​មូលហេតុ​បណ្ដាល​ឱ្យ​រាងកាយ​ទ្រុឌទ្រោម និង​ចុះខ្សោយ​។

    ជូនជាគំនិត បើទោះជាលោកអ្នកមានសុខភាពល្អ រាងកាយមាំមួនយ៉ាងណា ការរួមភេទក៏ត្រូវតែមានកម្រិត ចៀសវាងអនុវត្តតាមចំណូលចិត្តនឹកចង់ បើមិនដូច្នេះ សមត្ថភាពផ្លូវភេទរបស់អ្នកនឹងស្លាប់មុនអាយុជាក់ជាមិនខាន៕

  • ស្រា និង បារី មួយណាហុចគុណវិបត្តិដល់មនុស្សខ្លាំងជាង?

    ស្រា និង បារី មួយណាហុចគុណវិបត្តិដល់មនុស្សខ្លាំងជាង?

    ស្រា និង បារី មួយណាហុចគុណវិបត្តិដល់មនុស្សខ្លាំងជាង?
    បើឱ្យអង្គុយប្រកែកគ្នាម្នាក់មួយចំណុច ប្រហែលជាប្រកែកមិនចប់ឡើយ ព្រោះវាជាប្រ-ធានបទដែលបើសិនយើងទៅសួរអ្នកដែលជក់បារី ប្រាកដណាស់ ញ៉ាំស្រាត្រូវតែយ៉ាប់យ៉ឺនខ្លាំងជាងមិនខាន ទាំងស្រវឹងអួទីនួ ញ៉ាំច្រើន ថ្លើមនឹងក្រិន ថែមទាំងអាចជួបគ្រោះថ្នាក់ចរា-ចរណ៍ទៀតផង។ ដល់ទៅសួរអ្នកដែលញ៉ាំស្រាប្រាកដណាស់ នឹងនិយាយថាអ្នកជក់បារីត្រូវតែយ៉ាប់យ៉ឺនជាង ព្រោះវានឹងបំផ្លាញទាំងខ្លួនឯង
    ប្រថុយនឹងការកើតសភាវមហារីកសួត ហើយថែមទាំងសាងជាតិពុលខាងខ្យល់អាកាសដល់មនុស្សជុំវិញខ្លួនទៀតផង។ ប្រកែកគ្នាមិនចប់នោះទេ…។

    គិតទៅគិតមក ជាតិអាល់កុល និងបារីនេះគឺជាសារធាតុញៀនដូចគ្នាទាំងពីរ តែញៀនម្នាក់មួយបែប និងញៀនម្នាក់មួយកម្រិត។ អ្នកខ្លះញ៉ាំស្រាតែនៅពេលជប់លៀងកម្សាន្តសប្បាយចូលរួមសង្គម តែអ្នកខ្លះញៀនរហូតដល់ថ្នាក់ត្រូវញ៉ាំរាល់ថ្ងៃ។ ឯអ្នកដែលញៀនបារីក៏ដូចគ្នាដែរ អ្នកខ្លះជក់តែពេលណាមានអារម្មណ៍តានតឹង ឬពេលចូលរួមសង្គម តែក៏មានអ្នកដែលត្រូវតែជក់រៀងរាល់ថ្ងៃ មួយថ្ងៃៗច្រើនដើម ព្រោះ
    តែញៀនផងដែរ។

    បើសួរពីគុណវិបត្តិរបស់ទាំងបារី និងស្រា (ជាតិអាល់កុល) ក៏ត្រូវប្រាប់ថា ទាំងពីរយ៉ាងនេះផ្ដល់គុណវិបត្តិបែប “សន្សឹមៗ ម្ដងបន្តិចៗ” សន្សំពិន្ទុម្ដងបន្តិចៗ រង់ចាំថ្ងៃផ្ទុះឡើងនៅក្នុងខ្លួនពេលវាប្រមូលសន្សំច្រើនដល់ចំណុចមួយ។ ដូច្នេះសូមតាមដានដូចតទៅ៖

    មនុស្សយើងមិនបានស្រវឹងលេងៗទេ…
    យើងតែងតែបានឮថា ញ៉ាំស្រាធ្វើឱ្យកើតរោគក្រិនថ្លើម តែវាមិនមែនអស់ត្រឹមប៉ុណ្ណឹងឯណា វានៅមានឱកាសកើតជំងឺពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ សរសៃឈាម និងបេះដូង មហារីក និងជំងឺជាច្រើនរាប់សិបមុខទៀតយ៉ាងសន្ធឹកសន្ធាប់ ដែលនឹងកើតឡើង រួមទាំងស្រានៅធ្វើឱ្យមនុស្សបាត់បង់សតិស្មារតីរហូតដល់អាចកើតបញ្ហា និងគ្រោះថ្នាក់ធ្វើឱ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាយុជីវិតទៀតផង។

    ស្ថិតិក៏មានឱ្យយើងឃើញ (កើនឡើងរាល់ឆ្នាំ) ជាមួយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវថ្នល់ដែលបណ្ដាលមកពីការស្រវឹងហើយបើកបរ។ បើមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ 100នាក់ នឹងបង្ហាញថា មានមូលហេតុមកពីការញ៉ាំស្រាស្រវឹង 50នាក់បាត់ទៅហើយ ហើយថែមទាំងការឈ្លោះទាស់ទែងរហូតដល់កាប់សម្លាប់គ្នា ដែលមានមូលហេតុមកពីការស្រវឹងស្រាទៀតផង។
    ហើយបើអីុចឹង តើយើងគួរតែញ៉ាំស្រាបន្តទៀតឬយ៉ាងណា?

    បារី ជក់ម្នាក់ឯង តែអូសអ្នកដទៃឱ្យស្លាប់ជាមួយដែរ…
    ហាក់ដូចជាកម្មវិធីប្រូម៉ូស្សិនចែកថែមអ្វីម្យ៉ាងដែលយើងមិនចង់បាន។ ពេលជក់បារី ដូចដែលយើងតែងឃើញស្រាប់ហើយថា អ្វីដែលផ្លុំចេញមកតាំងពីចាប់ផ្ដើមអុច គឺជាផ្សែងពុលដែលហុយសាយភាយពេញអាកាស អាចបំផ្លាញមនុស្សជុំវិញនោះបាន។

    ពេលយើងនឹកដល់គុណវិបត្តិរបស់បារីនោះ គឺមានតែថង់ខ្យល់នៅក្នុងសួតហើមប៉ោង និងមហារីកសួត តែមានឯណា! យើងមិនដឹងឡើយថា គុណវិបត្តិរបស់បារីនៅមានទៀតមួយគំនរ…។

    ចាប់ផ្ដើមពីកម្រិតស្រាលៗ ដូចជា ពុកធ្មេញធ្មេញខ្មៅ ឆាប់ចាស់ រហូតទៅដល់ជំងឺពាក់ព័ន្ធនឹងបេះដូង និងសម្ពាធឈាមជាដើម។

    វាជារឿងមួយដែលគួរឱ្យសោកសៅបំផុតដែលមនុស្សមិនជក់បារីផង តែត្រូវធុំក្លិនផ្សែងបារី ព្រោះតែនៅក្នុងគ្រួសារមានអ្នកជក់បារី ឬអ្នករួមដំណើរដែលជក់បារីតាមផ្លូវ ក៏ធ្វើឱ្យអ្នកដែលមិនជក់បារីមានឱកាសកើតជំងឺចង្រៃទាំងនោះមិនខុសពីអ្នកជក់បារីដែរ។

    ទោះជាការជក់បារីមិនបានធ្វើឱ្យយើងស្រវឹងបាត់បង់សតិស្មារតី ឬបើកឡានទៅបុកនរណាមែន តែលទ្ធផលដែលនឹងកើតឡើងក្នុងអំឡុងពេលច្រើនឆ្នាំខាងមុខទៀតនោះ អាចបំផ្លាញ យើង និងមនុស្សជុំវិញខ្លួន ឱ្យរ៉ាំរ៉ៃរហូតវេទនាមិនចាញ់គ្នាប៉ុន្មានឡើយ។ ដូច្នេះ អានមកដល់ត្រឹមនេះហើយ សឹងតែមិនចាំបាច់គិតថា តើគួរឈប់មួយណាមុន?… គឺឈប់ដំណាលគ្នាទាំងអស់តែម្ដង! ព្រោះផលល្អដែលបានមកពីការជក់បារី និងញ៉ាំស្រាដែលនឹងធ្វើឱ្យយើងរីករាយសប្បាយ បាត់ភាពធុញថប់តានតឹងនោះ វាជាការដូរដោះគ្នាដែលមិនរួចខ្លួនទាល់តែសោះ សូម្បីតែបន្តិចពាក់ព័ន្ធនឹងអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ មិនថាតែបញ្ហាសុខភាព ឬឧប្បត្តិហេតុក៏ដោយ។

    ប្រាកដណាស់! គ្មានអ្វីងាយស្រួលនោះទេក្នុងការបញ្ឈប់ការញៀននឹងអ្វីម្យ៉ាងហើយនោះ…តែចុងក្រោយទៅ យើងត្រូវតែចាប់ផ្ដើម និងស៊ូទ្រាំ។ ស្វែងរកកម្លាំងជំរុញចិត្តអ្វីម្យ៉ាងដើម្បីបញ្ឈប់ការញៀនស្រា និងបារី ធ្វើឱ្យជីវិត និងសុខភាពរបស់ខ្លួនយើងល្អឡើង។ អ្នកខ្លះបានកម្លាំងជំរុញចិត្តពីការដែលខ្លួនឯងមានកូន ទើបធ្វើឱ្យតាំងចិត្តឈប់ជក់បារី ឈប់ញ៉ាំស្រា ដើម្បីកុំឱ្យប៉ះពាល់ដល់ក្រុមគ្រួសារ នេះគឺជាគំរូដ៏ល្អមួយ ដែលធ្វើឱ្យអាចចាប់ផ្ដើមធ្វើរឿងអ្វីមួយបានកាន់តែងាយឡើង៕​​

  • បញ្ឈប់ទម្លាប់ខាំក្រចកដៃភ្លាម បើមិនចង់ឱ្យកើតបញ្ហាទាំងនេះ

    បញ្ឈប់ទម្លាប់ខាំក្រចកដៃភ្លាម បើមិនចង់ឱ្យកើតបញ្ហាទាំងនេះ

    ចូរក្រឡេកមកមើលទម្លាប់អាក្រក់របស់អ្នកនិយមខាំក្រចកដៃ។ តើអ្នកដឹងទេថា ក្រចក ជាកន្លែងជ្រកនៃបាក់តេរីជាច្រើនប្រភេទដែលអ្នកមិនអាចមើលឃើញនឹងភ្នែកទទេបាន។ នៅពេលក្រចកដៃមិនស្អាត មិនមានអនាម័យ ងាយប្រឡាក់ប្រលូកជាមួយវត្ថុកខ្វក់ ឬងាយចាប់កាន់វត្ថុនានានោះខណៈដែលអ្នកខាំក្រចកដៃលេង អាចធ្វើឱ្យឆ្លងបាក់តេរីចូលទៅក្នុងមាត់ និងស្បែកបាន ប្រសិនបើមានការដាច់រលាត់ស្បែក។ ការខាំក្រចកដៃមានផលប៉ះពាល់អាក្រក់ចំពោះសុខភាពរបស់អ្នកយ៉ាងខ្លាំង។ ចូរមកមើលផលប៉ះពាល់ដែលកើតឡើងចំពោះសុខភាពដូចខាងក្រោមនេះ។

    1. ផលប៉ះពាល់លើស្បែកក្រចក
    ទម្លាប់​ខាំ​ក្រចក​ក៏​អាច​បង្ក​ទៅ​ជា​ដំបៅ​បាន​ដែរ ប្រសិន​បើ​អ្នក​ខាំវា​ជា​ញឹក​ញាប់ជា​ពិសេស​គឺ​នៅ​ពេល​អ្នក​ខាំ​រហូត​ដល់​ដាច់​សាច់​ជុំ​វិញ​ក្រចក។ នៅ​ពេល​អ្នក​ខាំ​ក្រចក ពពួក​បាក់តេរី និង​មេរោគ​តូចៗ​ដទៃ​ទៀត នឹង​ចូល​ទៅក្នុងសាច់ក្រចក​ខាង​ក្នុង​តាម​កន្លែងដែល​ដាច់​រលាត់​ពី​ការ​ខាំ បណ្ដាល​ឱ្យហើម ឈឺ​ចាប់ និង​ឈាន​ទៅ​បង្ក​ជា​ខ្ទុះ​ផង​ក៏​មាន។ នៅ​ពេល​ស្ថាន​ភាព​ធ្ងន់ធ្ងរ ទាល់​តែ​វះកាត់​បង្ហូរ​ខ្ទុះ​នោះ​ចេញ ​ទើប​ជា​សះ​ស្បើយឡើងវិញ។ ​​​

    2. ផលប៉ះពាល់ដល់មាត់
    ជំងឺ​ដុះឫស​សាច់​លើ​ម្រាម​ដៃ ដែល​ខ្មែរ​យើង​និយម​ហៅ​ថា​ដុះ​ផ្លែ​សាច់ បង្ក​ឡើង​ដោយ​វីរុស​ម្យ៉ាង​ឈ្មោះ​ថា Papillomavirus (HPV) បណ្ដាល​មក​ពី​ការ​ខាំ​ក្រចក​ជា​ប្រចាំ។ការខាំក្រចកដៃមិន​ត្រឹម​តែ​​បង្កជា​ជំងឺនៅ​លើ​ម្រាម​ដៃ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​រីក​រាល​ដាល​ឆ្លង​ទៅ​មាត់ បង្ក​ជា​ជំងឺ​ពង​បែកមាត់ថែម​ទៀត​ផង។ ជា​ទូទៅ អ្នក​មាន​ជំងឺ​ពង​បែក​មាត់ តែង​គិត​ថា​បណ្ដាល​មក​ពី​ក្ដៅ​ក្នុង តែ​ធាតុ​ពិត​វា​បង្ក​មក​ពី​មេរោគ​ឆ្លង​នេះ​ឯង។

    3. ផលប៉ះពាល់​ដល់​ធ្មេញ
    ការ​ខាំ​ក្រចក​មិន​ត្រឹម​តែ​អាចបង្ក​ជា​ជំងឺ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បង្កើតជាបញ្ហា​ដល់​ធ្មេញរបស់​អ្នក​ទៀត​ផង។ ពេល​ខាំ​ក្រចក​ញឹកញាប់ ធ្មេញ​របស់​អ្នកនឹងរំកិល​ខុស​ទីតាំង ខូច​រូបរាង ឬ​លែង​ស្មើ​ជួរ​ជា​ដើម។ ការ​ខាំ​ក្រចក ធ្វើ​ឱ្យ​ធ្មេញ​ខាង​លើ និង​ខាង​ក្រោម​ប៉ះ​គ្នា​ញឹក​ញាប់ និង​កកិត​គ្នា បណ្ដាល​ឱ្យសឹករិចរិលហើយ​ចុះ​ខ្សោយ​ប្រសិន​បើ​អ្នកនៅតែមាន​ទម្លាប់​ខាំក្រចក​ញឹក​ញាប់។

    4. ការចម្លងបាក់តេរីបង្ករោគ
    ​ក្រចក​ដៃ គឺ​ជា​កន្លែង​ដែល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ជាមួយ​មេរោគ និង​ជា​ជម្រក​​របស់​មេរោគជា​ច្រើន​ប្រភេទ។ នៅ​ពេល​អ្នក​ខាំ​ក្រចក​ មេរោគ​ទាំង​នោះ​នឹង​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​តាមរយៈ​មាត់ ដែល​អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ។ ក្រចក​មាន​ភាព​កខ្វក់​ជាង​ម្រាម​ដៃ​ដល់​ទៅ2​ដង​ឯណោះ ព្រោះ​វា​មាន​គន្លិកគន្លាក់ច្រើន ដែលជា​ទីតាំងអាច​មេរោគ​រស់​នៅ​យ៉ាង​សុខ​ស្រួល និង​ពិបាក​ក្នុង​ការ​សម្អាត។

    ក្រៅ​ពី​នេះ ការ​ខាំ​ក្រចក​ក៏​អាច​បង្ក​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ទៀត​ដូច​ជា ​ធ្វើ​ឱ្យ​អ្នក​មាន​ភាព​សោក​សៅ មាន​អារម្មណ៍​ថា​ឯកា​ផ្ដាច់​ខ្លួន​ពី​អ្នក​ដទៃ និង​បាត់​អស់​ភាព​រីករាយ​ក្នុង​ជីវិត។ លើសពី​នេះ ការ​សិក្សា​ដែល​ចុះ​ផ្សាយ​លើ​គេហទំព័រ Mercola បាន​បង្ហាញ​ផង​ដែរ​ថា ការ​ខាំ​ក្រចកថែម​ទាំង​ធ្វើ​ឱ្យសុខភាព​ចុះ​ខ្សោយ​ទៀត​ផង។​ ទាំង​នេះ​គឺ​ជា​ហេតុផល​ចម្បង ដែល​អ្នក​គួរ​បញ្ឈប់​ទម្លាប់​អាក្រក់​នេះ ព្រោះ​វា​នឹង​បង្ក​ផល​ប៉ះ​ពាល់​នៅ​ថ្ងៃ​ណាមួយ ប្រសិន​បើ​​នៅ​តែ​បន្តធ្វើវា៕

  • គុណប្រយោជន៍នៃការជិះកង់ ដើម្បីសុខភាព

    គុណប្រយោជន៍នៃការជិះកង់ ដើម្បីសុខភាព

    ប្រាកដ​ណាស់ ការ​ជិះ​កង់​​នឹង​ធ្វើឱ្យអ្នក​មាន​សុខភាព​ល្អ​ រីករាយ និងមាន​សេរីភាព​ ហើយក៏​មិន​ចាំបាច់ឱ្យអ្នក​ត្រូវ​ចំណាយ​អ្វី​ច្រើន​នោះទេ​។ អ្នក​អាច​រីករាយ​ជាមួយមជ្ឈដ្ឋាន​ខាងក្រៅ និងអាចកម្សាន្ដជាមួយនឹង​ជីវិត​របស់​អ្នកបានយ៉ាងពេញទំហឹង​។ ការជិះកង​មិន​ត្រឹមតែ​ជាការធ្វើ​លំ​ហាត់ប្រាណ​នោះទេ វា​ថែមទាំង​អាចជួយឱ្យ​អ្នកធ្វើដំណើរ​បាន​យ៉ាង​សប្បាយ​ រក្សារូបរាងកាយ​ឱ្យ​សមសួន និងជួយ​ដល់​បរិស្ថាន​បានទៀត​ផង​។ ការ​ធាក់​កង់​គឺជា​វិធី​ដ៏​ប្រសើរ​បំផុត ក្នុង​ការជួយឱ្យ​អ្នកមាន​សុខភាព​ល្អ ដោយ​មិន​ចាំបាច់​ត្រូវ​ចំណាយ​លុយ​អ្វី​ទាំងអស់ ក្រៅពី​ការកម្សាន្តសប្បាយ ​និង​ការ​ស្រូបយកខ្យល់អាកាស​បរិសុទ្ធ។

    នៅថ្ងៃនេះ ទស្សនាវដ្ដី ឡារ៉ែន សូមជម្រាបជូនពីគុណសម្បត្តិ​ទាំង5​យ៉ាង ដែល​អ្នក​នឹង​ទទួលបាន​ពី​ការ​ជិះ​កង់៖

    1. បញ្ចេញជាតិពុលក្នុងរាងកាយ​
    ជាការហាត់ប្រាណបែប Aerobic Exercise ដែលល្អនោះគឺ ការទាញយកអុកស៊ីហ្សែនទៅដុតបំផ្លាញសារធាតុខ្លាញ់ ដើម្បីកសាងថាមពលក្នុងការបញ្ចេញកម្លាំងរបស់រាងកាយ។ បើនិយាយឱ្យស្រួលយល់គឺ ជាផ្នែកមួយនៅក្នុងជម្រើសហាត់ប្រាណងាយៗ ក្នុងការបញ្ចេញជាតិពុលក្នុងខ្លួន និងជួយសម្រកទម្ងន់បានយ៉ាងល្អ។

    2. សម្រួលផ្លូវដង្ហើម
    ជាផ្នែកមួយនៃការជួយជំរុញឈាមឱ្យហូរវិលបានយ៉ាងស្រួល ដែលវាបានជួយសម្រួលដល់បេះដូង និងផ្លូវដង្ហើមឱ្យប្រសើរឡើងខ្លាំង។ ឈាមអាចនាំយកអុកស៊ីហ្សែ៊នបញ្ចូនទៅផ្នែកផ្សេងៗនៃរាងកាយបានយ៉ាងច្រើន។ ការហាត់-ប្រាណដោយជិះកង់ ជួយជំរុញដោយការរំលាយអាហារ និងបញ្ចូនកាកសំណល់អាហារមិនល្អចេញពីរាងកាយតាមរយៈដំណើរការបញ្ចេញចោលយ៉ាងស្រួល។

    3. កាត់បន្ថយអារម្មណ៍តានតឹង
    តើ​អ្នក​​ធ្លាប់បាន​ធ្វើ​សកម្មភាព​អ្វីខ្លះ នៅពេល​ដែល​អ្នក​កំពុងតែ​មានអារម្មណ៍ស្មុគស្មាញ​នោះ? តើ​អ្នក​មានចេញទៅ​រត់ នៅក្នុង​សួនច្បា​រដែរ​ទេ​? តើ​អ្នក​មាន​បាន​សម្គាល់​ទេ​ថា តើ​អ្នក​អាច​រក្សា​នូវ​ការអនុវត្តទម្លាប់​នេះ​បានប៉ុន្មាន​ដង​?ការ​ធាក់​កង់​គឺជា វិធី​ងាយៗ ដែល​អាច​ឱ្យ​អ្នក​មាន​ភាព​រីករាយ​នឹងបន្ត​ធ្វើ​វា ហើយ​វា​ក៏​ជាអ្នក​ជួយ​បន្ធូរ​នូវ​អារម្មណ៍តានតឹងរបស់​អ្នក​បាន​យ៉ាង​ល្អ​ផងដែរ​។ សុខភាព​ផ្លូវចិត្ត​ល្អ គឺ​ដើរ​តួនាទី​យ៉ាងសំខាន់​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​។ ហើយ​អ្វី​ដែល​ជា​ការប្រសើរ​នោះ​គឺ អ្នក​គួរ​កំណត់យក​ការ​ជិះ​កង់ ជា​ផ្នែក​មួយនៃ​ទម្លាប់​ជា​ប្រចាំថ្ងៃ​របស់​អ្នក​។​

    4. ជួយឱ្យឆាប់គេងលក់ស្រួល
    បន្ទាប់ពីធ្វើការងារហើយ ខួរក្បាលរបស់អ្នកត្រូវការសម្រាក ក៏ប៉ុន្ដែសម័យថ្មីនេះ មនុស្សជាច្រើននិយមប្រើប្រាស់ទូរស័ព្ទជាប់ខ្លួនជានិច្ចដោយមិនចាប់អារម្មណ៍ពីផលប៉ះពាល់ដល់សុខភាពនោះទេ។ បញ្ហានេះ ពេលខ្លះអាចធ្វើឱ្យអ្នកគេងមិនលក់ និងមិនងាយគេង ក៏ព្រោះតែខួរក្បាលនៅតែដំណើរការជាប់រហូត គឺរហូតគិតខុសថា ពេលយប់ទៅជាពេលថ្ងៃ ពេលថ្ងៃទៅជាពេលយប់។ នៅពេលធាក់​កង់ គឺ​អ្នក​កំពុងតែ​ពង្រឹង​សាច់ដុំ​ទាំងអស់របស់​អ្នក​ ប្រព័ន្ធ​គ្រោងឆ្អឹង​ ខួរ​ឆ្អឹងខ្នង​ សន្លាក់​ ប្រព័ន្ធ​​ឈាម​រត់ និងប្រព័ន្ធ​ភាព​សាំ​របស់​អ្នក​។ នៅពេលដែលប្រព័ន្ធឈាមរបស់អ្នករត់បានស្រួល និងមានការបញ្ចេញកម្លាំងច្រើនទៀតនោះ ពិតប្រាកដណាស់ វាធ្វើឱ្យអ្នកនឿយហត់បន្ដិចមែន តែវាក៏ហុចផលឱ្យអ្នកឆាប់គេងលក់ស្រួលបានផងដែរ។

    5. ហុចផលល្អចំពោះបរិស្ថាន
    យើង​ដឹង​ហើយ​ថា ការប្រើ​យាន្ត​ជំនិះ​ផ្សេងៗ​ទៀត ដូចជា ឡាន​ ម៉ូតូ​ រថភ្លើង និងគ្រឿងយន្ត​ផ្សេងៗទៀត​គឺ សុទ្ធតែ​បាន​បំពុល​​ខ្យល់អាកាស​។ ការបំពុល​ដោយគ្មានសំលេង និងបន្សល់​នូវសារជាតិ​កាបូន​ជាច្រើនសន្ធឹកនៅ​ក្នុង​បរិយាកាស​ជុំវិញ​ខ្លួន​យើង​ វាបានបំផ្លាញសុខភាពយើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការ​ធាក់​កង់ គឺ​មិន​បាន​បន្សល់​នូវកាកសំណល់​កាបូន​អ្វី​នោះ​ទេ​ព្រោះកង់​មិនចាំបាច់ត្រូវការ​​ប្រេងសាំង ហើយ​វា​ក៏​មិន​បាន​បញ្ចេញ​នូវឧស្ម័ន​ពុល​អ្វី​នោះ​ដែរ​។ ការកាត់បន្ថយ​នូវ​ការប្រើ​គ្រឿងយន្ត​ដែល​មាន​ផ្សែង ហើយងាកមក​ប្រើ​​កង់​ជំនួស​វិញ គឺ​អាច​ជួយកាត់បន្ថយ​នូវ​កម្រិតជាតិពុល ដែល​នឹង​អាច​ផ្តល់ឱ្យ​យើង​រាល់គ្នានូវ​ខ្យល់​ដង្ហើមដ៏បរិសុទ្ធ។ កត្តា​នេះនឹង​ជម្រុញ​ឱ្យមាន​អត្ថប្រយោជន៍​ចំពោះ​មនុស្សជាតិ នៅក្នុង​រយៈពេល​​យូរនាពេលអនាគត ព្រមទាំងមានប្រយោជន៍ដល់សុខភាពជាខ្លាំងថែមទៀតផង​​៕