Category: សុខភាព

  • តោះ​ស៊ែ​រ​ភ្លាម​!​ ​សូម​នាំ​សត្វ​ចិញ្ចឹម​របស់​លោកអ្នក​មក​ទទួល​សេវា​ចាក់​វាក់​សាំង​ការពារ​ជំងឺឆ្កែឆ្កួត​ដោយ​ឥត​គិត​ថ្លៃ

    តោះ​ស៊ែ​រ​ភ្លាម​!​ ​សូម​នាំ​សត្វ​ចិញ្ចឹម​របស់​លោកអ្នក​មក​ទទួល​សេវា​ចាក់​វាក់​សាំង​ការពារ​ជំងឺឆ្កែឆ្កួត​ដោយ​ឥត​គិត​ថ្លៃ

    កាល​ពី​ថ្មី​ៗ​នេះ​មាន​ជំងឺឆ្កែឆ្កួត​ ​បាន​សម្លាប់​មនុស្ស2នាក់​ ​លើ​នារី​ ​និង​កុមារី​ ​ដែល​មាន​គ្រោះថ្នាក់​ដោយសារ​ ​ឆ្មា​-​ឆ្កែ​ ​ខាំ​ ​នា​ពេល​ថ្មី​ៗ​នេះ​ ​ធ្វើ​ឱ្យ​មនុស្ស​មួយចំនួន​ ​ខ្លាចរអា​រស​ត្វ​ឆ្កែ​ ​ឆ្មា​ ​រី​ឯ​មនុស្សជា​ច្រើន​ទៀត​បា​ននំា​គ្នា​ជាច្រើន​នាក់​ទៅ​ចាក់ថ្នាំ​បង្ការ​ការពារ​នៅ​ឯ​ពេទ្យ​ ​ប៉ា​ស្ទើរ​ស្ទើរតែ​ជាន់គ្នា​រក​កន្លែង​អង្គុយ​មិនបាន​។​ ​លើស​ពីនេះ​ទៅទៀត​ស្អប់​សត្វ​ឆ្កែ​រហូត​មិន​ឱ្យ​ជិះកង់​បី​ ​ធ្វើ​ឱ្យ​ទាស់គ្នា​បែកផ្សែង​កាលពី​ព្រឹកមិញ​នេះ​ ​ក្នុង​នោះ​ផង​។​

    ​បើ​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុ​ក​របស់ Animal​ ​Rescue​ ​Cambodia​ ​បានឱ្យ​ដឹង​ថា​ ​យើងខ្ញុំ​ពិតជា​មាន​អា​រម្ម​ណ៏​តក់​ស្ល​ត់​យ៉ាង​ខ្លាំង​ចំពោះ​ក្មេងស្រី​ម្នាក់​ដែល​ថ្មឺ​ៗ​នេះ​ ​បាន​បាត់បង់ជីវិត​ដោយសារ​ការ​ឆ្លង​ជំងឺ​ពី​សត្វ​ឆ្មា​ដែល​មាន​ជំងឺ​។​ ​សូម​មេត្តា​ការពារ​គ្រួសារ​ ​ព្រមទាំង​សត្វ​របស់​អ្នក​ ​ដោយ​ការ​ចាក់​វាក់​សាំង​ការពារ​សត្វ​ឆ្មា​ ​ឬ​ឆ្កែ​របស់​អ្នក​។​

    ​សូមកុំ​ភ្លេច​ថា​យើងខ្ញុំ​មានការ​ផ្តល់​សេវា​ចាក់​វាក់​សាំង​ការពារ​ជំងឺឆ្កែឆ្កួត​ដោយ​ឥតគិតថ្លៃ​។​ ​នាំ​សត្វ​ចិញ្ចឹម​របស់​អ្នក​មក​ជួប​យើងខ្ញុំ​ ​ហើយ​យើងខ្ញុំ​នឹង​ធ្វើការ​ក្រៀវ​ ​ព្រមទាំង​ចាក់​វាក់​សាំង​ដោយ​ឥតគិតថ្លៃ​ ​ដែល​អាច​ធ្វើ​ឱ្យ​សត្វ​របស់​អ្នកមាន​សុខភាព​ល្អ​ ​និង​ការពារ​គ្រួសារ​របស់​អ្នក​ពី​ជំងឺឆ្កែឆ្កួត​ផង​ដែរ​។​

    ​ប្រសិនបើ​អ្នក​ត្រូវ​សត្វ​ឆ្កែ​ ​ឬ​ ​ឆ្មា​ខាំ​ ​សូម​អនុ​ត្ត​តាម​ការណែនាំ​របស់​វិទ្យា​ស្ថាន​ប៉ា​ស្ត័​រកម្​ពុ​ជា​ ​ហើយ​ប្រញាប់​ធ្វើការ​លាង​សម្អាត​របួស​ភ្លាម​ៗ​។​ ​មិន​ត្រូវ​រុំ​ ​ឬ​ ​បិទ​របួស​ឡើយ​ហើយ​ប្រញាប់​អញ្ជើញ​ទៅ​រក​គ្លី​និ​ក​ប៉ា​ស្ត័​រ​ដើម្បី​ទទួល​ ​បានការ​ចាក់ថ្នាំ​ ​បង្ការ​ជំងឺឆ្កែឆ្កួត​ជាបន្ទាន់​។​ ​មិនមែន​សុ​ទតែ​គ្រប់គ្នា​ដែល​ត្រូវ​បាន​សត្វ​ឆ្កែខាំ​នឹងអាច​ឆ្លង​ជំងឺឆ្កែឆ្កួត​នោះ​ទេ​ ​ហើយ​មាន​វិធី​ជាច្រើន​ដែល​អ្នក​អាច​អនុ​ត្ត​ដើម្​បឺ​ការពារ​ខ្លួន​អ្នក​បាន​។​ ​យើងខ្ញុំ​សង្ឃឹមថា​ឧបទ្ទវហេតុ​នេះ​នឹង​មិន​រារាំង​អោយ​ប្រជាជន​បន្ត​ជួយ​សត្វ​ដែល​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​ទៀត​នោះ​ទេ​។​

    ​ទំនាក់ទំនង​លេខទូរស័ព្ទ​ ​៖​ ​012​ ​340​ ​114​
    ​ឬ​ចូល​ទៅកាន់​ ​ហ្វេ​សប៊ុ​ក​ផេច​ ​៖​ ​Animal​ ​Rescue​ ​Cambodia​


  • ប្រសិនបើ​ឆ្មា​-​សុនក​ខាំ​ ​តើ​យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច​ខ្លះទៅ​?​?​ ​

    ប្រសិនបើ​ឆ្មា​-​សុនក​ខាំ​ ​តើ​យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច​ខ្លះទៅ​?​?​ ​

    ​ខណៈ​ដែល​យើង​ត្រូវ​សត្វ​ ​សុនក​ ​ខាំ​ ​តើ​យើង​គួរ​ធ្វើ​ដូចម្ដេច​?​ ​

    ​1​-​ប្រញាប់​លាងមុខ​របួស​ឱ្យ​បាន​លឿន​បំផុត​ជាមួយ​សាប៊ូ​ ​និង​ទឹក​ស្អាត​ឱ្យ​បាន​ច្រើនដង​ ​លាង​គ្រប់កន្លែង​ដែល​ត្រូវរបួស​ ​និង​លាង​ឱ្យ​ស្អាត​ចូល​ជ្រៅ​ទាំង​ក្នុង​សាច់​របួស​។​ ​ជូត​មុខរបួស​ឱ្យ​ស្ងួត​ ​ប្រើប្រាស់​ថ្នាំ​សម្លាប់​មេរោគ​ដូចជា​ ​Povidone​-​iodine​ ​ឬ​អាល់កុល​សម្លាប់​មេរោគ​ ​ជាដើម​។​
    ​2​-​ត្រូវ​សង្កេតមើល​ ​និង​ស្គាល់​អំពី​លក្ខណៈ​ប្រភេទ​សត្វ​ដែល​បាន​ខាំ​ ​រួម​ទាំង​ស៊ើប​អំពី​ប្រវត្តិ​សត្វ​ ​ចេញពី​ម្ចាស់​ដែល​បាន​ចិញ្ចឹម​ ​ដើម្បី​ឱ្យ​កាន់តែ​ជ្រាប​ច្បាស់​ថា​ ​សត្វ​ចិញ្ចឹម​នោះ​ ​មាន​ប្រវត្តិ​ចាក់​វាក់​សាំង​ការពារ​ពិស​សត្វ​ឆ្កួត​ដែល​ឬទេ​?​ ​និង​សង្កេត​អាការ​សត្វ​ដែល​បាន​ខាំ​ក្នុងរយៈពេល​ ​10​ ​ថ្ងៃ​ ​ថា​តើ​ ​វា​មាន​សុខភាព​បែប​ម៉េច​?​ ​មាន​រោគ​ជំងឺ​សត្វ​ឆ្កួត​ ​ឬ​មានពិស​ដែល​ឬទេ​?​ ​ក៏ប៉ុន្ដែ​បើ​សត្វ​សុនក​នោះ​ខាំ​មនុស្ស​ ​ហើយ​វា​ស្លាប់​ ​ត្រូវ​យក​ទឹកមាត់​របស់​វា​ ​មក​ពិនិត្យ​ដូចគ្នា​។​
    ​3​-​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ ​ដើម្បី​ចាក់ថ្នាំ​ ​និង​ព្យាបាល​ឱ្យ​បាន​ទាន់ពេល​ ​និង​ត្រឹមត្រូវ​។​ ​ប្រសិនបើ​មាន​អាការ​ឆ្លង​ពី​ពិស​ឆ្កែឆ្កួត​នៅពេល​ត្រូវ​ខាំ​ ​ឬ​ខ្វាច​ ​នោះ​គ្រូពេទ្យ​និង​ធ្វើការ​ពិនិត្យ​ ​ហើយ​ចាក់​វាក់​សាំង​ការពារ​ជំងឺឆ្កែឆ្កួត​ ​រួម​ទាំង​វ៉ាក់សាំង​ជំងឺ​ត​តា​ណូស​ ​និង​ថ្នាំ​សម្លាប់​មេរោគ​។​ ​ក្រៅពី​នេះ​ ​ក៏​មាន​ករណី​ដែល​ឆ្លង​រោគ​ជំងឺឆ្កែឆ្កួត​កម្រិត​ធ្ងន់​ ​នោះ​គ្រូពេទ្យ​ជំនាញ​នឹង​ពិចារណា​ឱ្យ​ប្រើប្រាស់​ថ្នាំ​ ​Rho​(​D​)​ ​immune​ ​globulin​ ​ដែល​មាន​ប្រព័ន្ធ​ការពារ​មេរោគ​ពិស​សត្វ​ ​រួម​ទាំង​វាក់​សាំង​ការពារ​ជំងឺឆ្កែឆ្កួត​ ​4​-​5​ ​ដង​ ​ដែល​ជា​ប្រភេទ​វាក់​សាំង​ការពារ​កម្រិតខ្ពស់​ ​វា​ចាក់​បាន​គ្រប់​វ័យ​រួម​ទាំង​ ​ក្មេង​តូច​ ​និង​ស្ដ្រី​មានគភ៌​។​ ​វាំង​សាំង​ប្រភេទ​នេះ​វា​អាច​ជួយការ​ពារ​មេរោគ​ឆ្កែឆ្កួត​បាន​យ៉ាង​មានប្រសិទ្ធភាព​ ​ទៅតាម​ការណាត់ជួប​របស់​គ្រូពេទ្យ​។​

    ​ចុះ​ករណី​ដែល​សត្វ​ឆ្មា​ខាំ​ ​តើ​យើង​គួរ​ធ្វើ​ដូចម្ដេច​?​ ​តើ​បាន​ហុច​ផល​អាក្រក់​ដល់អាយុ​ជីវិត​ដែរ​ឬទេ​ ​?​

    ​1​-​នៅពេល​ឆ្មា​ខាំ​ ​បើ​ទោះជា​ឆ្មា​នោះ​បាន​ចាក់​វាក់​សាំង​គ្រប់​ចំនួន​ហើយក៏​ដោយ​ ​ឬ​បាន​ចិញ្ចឹម​បង្ខាំង​នៅផ្ទះ​ល្អ​យ៉ាងណាក៏ដោយ​ ​មនុស្ស​ដែល​ត្រូវ​ឆ្មា​ខាំ​ ​ត្រូវ​ទៅ​ចាក់​វាក់​សាំង​ការពារ​ជំងឺ​ពិស​សត្វ​ឆ្កួត​រហូត​ ​ដែល​នេះ​គឺជា​ដំណាក់កាល​ការពារ​ពីរ​ជាន់​ ​ពោល​ការពារ​ពីរ​ត្រួត​គឺ​ ​double​ ​precautions​ ​ដែល​សាកលលោក​បាន​ប្រើប្រាស់​វិធី​នេះ​។​ ​
    ​2​-​អង្គការ​អនាម័យ​ពិភពលោក​បាន​ណែនាំ​ឱ្យ​សង្កេតមើល​អាការ​របស់​ឆ្មា​ ​ចំនួន​ ​10​ ​ថ្ងៃ​ ​ព្រោះ​ឆ្មា​ខ្លះ​ ​មានពិស​សត្វ​ឆ្កួត​ក្នុងទឹក​មាត់​ ​និង​មាន​ឆ្មា​ខ្លះ​ ​អាច​រស់​បាន​លើស​ពី​ ​10​ ​ថ្ងៃ​ថែមទៀត​ផង​។​ ​ការសង្កេត​នេះ​ ​ឆ្មា​ដែល​គ្មាន​កើត​បញ្ហា​ជំងឺ​ពិស​សត្វ​ឆ្កួត​ ​គឺ​មានតែ​ឆ្មា​ដែល​មាន​ប្រវត្តិ​ចាក់​វាក់​សាំង​តែ​ប៉ុន​ណោះ​ ​ហើយ​បាន​ចាក់​យ៉ាងហោចណាស់​ ​2​ ​ដង​ក្នុង​មួយឆ្នាំ​ ​មិន​ឱ្យ​ហួស​ ​6ខែ​ ​ដែល​ចាប់ផ្ដើម​ចាក់​ដំបូង​គឺ​ ​នៅពេល​ឆ្មា​មាន​អាយុ​ ​3​ ​ខែ​។​
    ​3​-​ត្រូវ​យក​ទឹកមាត់​ឆ្មា​ទៅ​ឱ្យ​ពេទ្យ​ពិនិត្យ​ ​ដើម្បី​ស្វែងរក​មេរោគ​ពិស​សត្វ​ឆ្កួត​ ​។​ ​នៅពេល​ត្រូវ​ឆ្មា​ខាំ​ ​ត្រូវ​លាង​របួស​ឱ្យ​បាន​ច្រើនដង​ជាមួយ​សាប៊ូ​ ​និង​ទឹក​ស្អាត​ឱ្យ​បាន​ច្រើនដង​។​ ​លាបថ្នាំ​សម្លាប់​មេរោគ​ឱ្យ​បាន​លឿន​បំផុត​។​
    ​4​-​ប្រសិនបើ​ ​មាន​អាការ​ហើម​ ​ឬ​អាការ​គ្រុនក្ដៅ​ ​ឬ​អា​ការ​ផ្សេង​ៗ​ទៀត​ ​ត្រូវ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់​ ​ដើម្បី​ធ្វើការ​ព្យាបាល​។​
    ​5​-​ពិស​របស់​ឆ្មា​ដែល​ឆ្លង​រោគ​សត្វ​ឆ្កួត​ ​គឺ​អាច​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​។​ ​ដូច្នោះ​អ្នក​ត្រូវ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ ​បន្ទាប់​ត្រូវ​ខាំ​៕​

  • ត្រជាក់​ចុងដៃ​ចុងជើង​មិន​ប្រក្រតី ប្រយ័ត្ន​ប្រឈមមុខ​នឹង​ជំងឺ​គាំងបេះដូង

    ត្រជាក់​ចុងដៃ​ចុងជើង​មិន​ប្រក្រតី ប្រយ័ត្ន​ប្រឈមមុខ​នឹង​ជំងឺ​គាំងបេះដូង

    អ្នកវិទ្យាសាស្ត្រ​បានធ្វើ​បទ​បង្ហាញថា ទារក កុមារ និង​មនុ​ស្សមាន​វ័យ​ចំណាស់ ងាយ​នឹងមាន​ជំងឺ​ដែលបណ្ដាលមកពី​អាកាសធាតុ​ត្រជាក់ ហើយ​ទារក​នឹង​បាត់បង់​កម្ដៅ​រាងកាយ​រហ័ស​ជាង​មនុស្ស​ធំ។ ទន្ទឹមនឹងនោះ បើ​អាកាសធាតុ​កាន់តែ​ចុះ​ត្រជាក់ ប្រហែលជា​កាន់តែ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​កាន់តែខ្លាំង​ដែរ។ អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញថា នៅក្នុង​រដូវ​ចុះ​ត្រជាក់ អត្រា​នៃ​ការកើត​ជំងឺ​គាំងបេះដូង​មានការ​ឡើងចុះៗមិន​ទៀង​ទៀតឡើយ ហើយ​នៅពេល​សីតុណ្ហភាព​ចុះមក​ទាប​ជាង15អង្សារ ជំងឺ​គាំងបេះដូង​បាន​កើនឡើង​យ៉ាង​គួរឱ្យកត់សម្គាល់​ផងដែរ។ ប្រសិនបើ​អ្នកមាន​អាការ​ត្រជាក់​ចុងដៃចុងជើង នៅពេលដែល​អាកាសធាតុ​ចុះ​ត្រជាក់ នោះ​មិនមែនជា​រឿង​ធម្មតា​ទេ វា​គឺជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​គិត​គួរ​ពី​បញ្ហា​សុខភាព​របស់​អ្នក។ ហើយ​បើ​មាន​អាការ​មិន​ប្រក្រតី​នៅក្នុង​ខ្លួន ដូចជា ត្រជាក់​ដៃជើង​ ឡើង​ស្លេកស្លាំង សម្ពាធ​ឈាម​ទាប បេះដូង​ធ្វើ​ទុក​បណ្ដាលឱ្យ​ពិបាក​ដកដង្ហើម សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់។ តែ​យ៉ាងណាមិញ ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​ណែនាំ​ពី​ការសង្កេត​ទាំង5ចំណុច ដែល​ធ្វើឱ្យ​អ្នក​ត្រជាក់​ចុងដៃចុងជើង​មិន​ប្រក្រតីឱ្យបាន​ជ្រាប​ជា​ព័ត៌មាន​បន្ថែម​ដូចខាងក្រោម​នេះ៖

    1. ពិនិត្យ​លើ​ស្បែក ៖ កាលបើ​ស្បែក​មាន​បញ្ហាក៏​អាច​បណ្តាលឱ្យ​អ្នកមាន​អាការ​ត្រជាក់​ចុងដៃចុងជើង ព្រោះ​សរសៃឈាមតូចៗ ដែល​នៅក្រោម​ស្បែក​បាន​ឆ្លង​មេរោគ ហើយ​ធ្វើឱ្យ​ឈាម​មិនអាច​រត់​ទៅដល់​ចុងដៃចុងជើង​របស់​អ្នក ទើប​បណ្តាលឱ្យ​អ្នកមាន​អាការ​ត្រជាក់​ចុងដៃចុងជើង។

    2. បញ្ហា​បេះដូង ៖ នៅពេលដែល​អ្នកមាន​ប​ញ្ហាបេះដូង ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​អាច​នឹង​កំពុងវាយលុក​ប្រព័ន្ធ​ឈាម​ក្នុង​ខ្លួន​របស់​អ្នក ហើយ​អាចបណ្តាលឱ្យ​អ្នកមាន​អាការ​ត្រជាក់​ចុងដៃចុងជើង និង​ប្រឈម​ជាមួយ​អាការ​គាំងបេះដូង។

    3. សម្ពាធ​ឈាម​ទាប ៖ បញ្ហា​សម្ពាធ​ឈាម​ទាបក៏​ជា​កត្តា​មួយ​ដែល​ធ្វើឱ្យ​អ្នកជំងឺ មាន​អាការ​ត្រជាក់​ចុងដៃចុងជើង​ផងដែរ ហើយ​ប្រឈមមុខ​នឹង​ជំងឺ​គាំងបេះដូង។ បញ្ហា​នេះ​កើតឡើង​ព្រោះ​អ្នកជំងឺ​ខ្វះ​ជាតិ​ទឹក បាត់បង់​គ្រាប់់​ឈាម និង​ក្រពេញ​មួយចំនួន​មានដំណើរ​ការមិន​ប្រក្រតី។

    4. អ្នកជំងឺ​សេ្ល​ក​ស្លាំង ៖ ការ​កង្វះ​គ្រាប់​ឈាម និង​អុកស៊ីហ៊ែ្សនក្នុង​ខ្លួន​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​អ្នកជំងឺ​មាន​អាការ​សេ្ល​ក​ស្លាំង។ អ្នកជំងឺ​ប្រភេទ​នេះ ភាគច្រើន​មាន​រោគសញ្ញា ពិបាក​ដកដង្ហើមសន្លប់ ឈឺក្បាល អស់កម្លាំង និង​ជាពិសេស​មានគ្រោះថ្នាក់​សុខភាព​នា​អំឡុងពេល​រដូវ​ចុះ​ត្រជាក់។

    5. ភាព​តានតឹង​ក្នុង​ខួរក្បាល ៖ អាកាសធាតុ​ចុះ​ត្រជាក់​អាច​បណ្ដាលឱ្យ​ខួរក្បាល​ដំណើរ​ការ​មិនសូវ​ពេញកម្លាំង និង​បណ្ដាល​ចរន្ដឈាម​រត់​មិនសូវ​បាន​ប្រសើ​រក្នុង​សរសៃឈាម ជាហេតុ​នាំឱ្យ​រាងកាយមាន​សភាព​ស្លេកស្លាំង។ ខណៈដែល​ខួរក្បាល​មាន​បញ្ហា​គិត​ច្រើន នោះ​អាការ​ត្រជាក់​ចុងដៃចុងជើង​ស្លេកស្លាំង ​បាន​ស្ដែង​ឱ្យឃើញភ្លាមៗ ព្រោះថា ប្រព័ន្ធ​ឈាមមាន​ទំនាក់ទំនង​ទៅកាន់​ខួរក្បាល។ ដូច្នេះ​ហើយ ប្រសិនបើ​អ្នកមាន​អា​ការមិន​ប្រក្រតី​នៅក្នុង​រាងកាយ​នា​អំឡុងពេល​រដូវ​ចុះ​ត្រជាក់ សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ​សុខភាព ចៀសវាង​ការប្រើប្រាស់​ថ្នាំ​ដោយ​ខ្លួនឯង៕

  • ញ៉ាំថ្នាំយ៉ាងណា​ឱ្យត្រឹមត្រូវ និងមានសុវត្ថិភាព?

    ញ៉ាំថ្នាំយ៉ាងណា​ឱ្យត្រឹមត្រូវ និងមានសុវត្ថិភាព?

    ការប្រើ​ថ្នាំ​ឱ្យ​ត្រូវ​នឹង​រោគ​ដែល​លោកអ្នក​កំពុង​ឈឺ​ថ្កាត់​នោះ​គឺជា​រឿង​ត្រឹមត្រូវ តែ​រឿង​សំខាន់បំផុត​គឺ “ការប្រើ​ថ្នាំ​ឱ្យ​ត្រូវ​វិធី” ដោយសារ​ថ្នាំ​ដែល​វេជ្ជបណ្ឌិត​បញ្ជា​ឱ្យប្រើ​នោះ មាន​ទាំង​ថ្នាំ​មុន​ញ៉ាំ​បាយ ក្រោយ​ញ៉ាំ​បាយ និង​មាន​ចំណុច​ហាមឃាត់​ផ្សេងទៀត​ក្នុងការ​ញ៉ាំ​ថ្នាំ​ប្រភេទ​ខ្លះ ហើយ​ត្រូវ​ញ៉ាំ​ថ្នាំ​យ៉ាងណា​ឱ្យ​ត្រឹមត្រូវ​តាម​ស្លាក​បង្ហាញ។ ថ្ងៃនេះ ឡា​រ៉ែ​ន មាន​ចម្លើយ​មក​ជម្រាបជូន…។

    វិធី​ការប្រើ​ថ្នាំ​តាម​ស្លាក​ណែនាំ​ឱ្យបាន​ត្រឹមត្រូវ សម្រាប់​ថ្នាំ​ញ៉ាំ​មុន​ពេលបាយ
    នៅពេល​ឃើញ​ពាក្យ​ថា “ថ្នាំ​ញ៉ាំ​មុនពេល​បាយ” នៅលើ​ស្លាក​ណែនាំ មនុស្ស​ជាច្រើន​អាច​យល់ថា ចាំ​នៅសល់4-5នាទី មុន​ក្រោក​ទៅ​ញ៉ាំ​បាយ សឹម​យក​ថ្នាំ​នោះមក​លេប​ក៏បាន តែ​នេះ​គឺជា​ការយល់​ខុស​ហើយ ព្រោះថ្នាំ​ញ៉ាំ​មុនពេល​បាយ ការពិតទៅ​គឺជា​ថ្នាំ​ដែល​លោកអ្នក​ត្រូវ​ញ៉ាំ​មុន​ពេលបាយ​ប្រមាណ​ជា30-60នាទី និង​គួរ​ញ៉ាំ​ខណៈដែល​ពោះ​ទំនេរ(មិនមាន​អាហារ​នៅក្នុង​ពោះ)។

    ថ្នាំ​ញ៉ាំ​ក្រោយ​ពេលបាយ
    ក្រោយពេល​ញ៉ាំ​បាយ​រួច លោកអ្នក​មិនទាន់​ចាំបាច់​ត្រូវយក​កញ្ចប់​ថ្នាំ​មក​បើក​ដើម្បី​លេប​នោះទេ ចូរ​អង្គុយលេង​ឱ្យ​បាយ​ធ្លាក់ចូល​ក្នុង​ក្រពះ​ឱ្យ​រួចរាល់​ប្រមាណ​ជា15-30នាទី​សិន សឹម​ក្រោក​ទៅ​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា​ក៏បាន។

    ថ្នាំ​ញ៉ាំ​ដំណាល​ពេលបាយ
    បើសិនជា​ស្លាក​ណែនាំ​ប្រាប់ថា “ថ្នាំ​ញ៉ាំ​ដំណាល​ពេលបាយ” នោះ​មានន័យថា បន្ទាប់ពី​អ្នក​ញ៉ាំ​បាយ​មួយ​ម៉ាត់​ដំបូង​ហើយ អ្នក​ត្រូវ​ញ៉ាំ​ថ្នាំ​នោះ​ចូលទៅ​ភ្លាម ឬ​អ្នក​អាច​ញ៉ាំ​ថ្នាំ​នោះ​បន្ទាប់ពី​ញ៉ាំ​បាយ​អស់​ពាក់កណ្ដាល​ហើយក៏​បាន។

    ថ្នាំ​សម្លាប់​មេរោគ
    ពេល​ឈឺ​ថ្កាត់ មនុស្ស​ជាច្រើន​ដើរ​ទ្រេតទ្រោត​ទៅរក​ពេទ្យ ពេល​បាន​ថ្នាំ​មក​ទទួលទាន​ឱ្យ​អាការ​ធូរស្រាល​ហើយ ក៏មាន​អារម្មណ៍​ថា អា​ការឈឺ​ថ្កាត់​របស់​យើង​បានជា​សះស្បើយ​ហើយ មិនចាំបាច់​ត្រូវ​ញ៉ាំ​ថ្នាំ​ទៀត​ទេ… នេះ​គឺជា​រឿង​ដែល​ខុស ព្រោះថ្នាំ​សម្លាប់​មេរោគ ដូចជា​ថ្នាំ​ព្យាបាល​ការ​រលាក​ក្លាយ ជា​ថ្នាំ​ដែល​អ្នកជំងឺ​ត្រូវតែ​ទទួលទាន​បន្តទៀត​តាម​វេជ្ជបញ្ជា ដើម្បី​ការពារ​ការ​ឌឺ​ថ្នាំ​របស់​មេរោគ ព្រោះ​បើ​កើតមាន​អាការ​ឌឺ​ថ្នាំ​ហើយ វា​នឹង​ហុច​ផល​នៅ​លើកក្រោយៗទៀត​ដែល​មិនអាច​ប្រើ​ថ្នាំ​ដដែល កម្រិត​ដដែល​ក្នុងការ​ព្យាបាល​បាន​ទៀត​ទេ។

    ថ្នាំ​ញ៉ាំ​មុនពេល​គេង
    សម្រាប់​ថ្នាំ​ញ៉ាំ​មុនពេល​ចូល​គេង​វិញ បើ​លោកអ្នក​ដឹងខ្លួន​ថា កំពុង​ប្រុង​បិទ​ទូរទស្សន៍ បិទ​ភ្លើង​គេង​ហើយ​នោះ ក៏​គួរតែ​ក្រោក​ឡើងមក​ទទួលទាន​ថ្នាំ​មុនពេល​ចូល​គេង​ប្រមាណ​ជា 15-30នាទី។

    ថ្នាំ​ដែល​ត្រូវ​ញ៉ាំ​មួយ​សប្ដាហ៍ 1ដង
    បើ​គ្រូពេទ្យ ឬ​ឱសថការី​មិនបាន​បញ្ជាក់​ថ្ងៃទី​ឱ្យបាន​ច្បាស់​នោះ លោកអ្នក​អាច​ជ្រើសរើស​ដោយ​ខ្លួនឯង​ថា ត្រូវការ​ញ៉ាំ​ថ្នាំ​នោះ​នៅ​ថ្ងៃ​ណា ដូចជា ចាប់ផ្ដើម​ញ៉ាំ​ថ្នាំ​នៅ​ថ្ងៃ​ពុធ ក៏​សុំឱ្យ​ញ៉ាំ​ថ្នាំ​នោះ​រៀងរាល់ថ្ងៃ​ពុធ​ជាដើម។

    ថ្នាំ​ព្យាបាល​តាម​អាការ
    ដូចជា ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដែល​ប្រើ​សម្រាប់​បំបាត់​អាការ​គ្រុនក្ដៅ និង​អា​ការឈឺ​ចុកចាប់​ជាដើម ភាគច្រើន​ត្រូវបាន​កំណត់ទុក​ថា មនុស្ស​ធំ បើ​មាន​អា​ការឈឺ​ថ្កាត់ ចូរ​លេប​ម្ដង2គ្រាប់ រៀងរាល់ 4ម៉ោង​ម្ដង ដូច្នេះ​បើ​លេបថ្នាំ​ហើយ កន្លងទៅ​ប្រមាណ​ជា2-3ម៉ោង​នៅតែមាន​អា-​ការឈឺ​ថ្កាត់​ដដែល ក៏​យើង​នៅ​មិនទាន់​អាច​លេបថ្នាំ​បន្ថែមទៀត​បានដែរ ព្រោះ​បើ​លេប​ថែមទៀតភ្លាមៗ អាចធ្វើ​ឱ្យមាន​បញ្ហា​ពុល​ថ្នាំ​ដោយសារ​ការ​លេបថ្នាំ​លើស​កម្រិត​បាន។

    បើ​ភ្លេច​លេបថ្នាំ…
    ជឿថា មនុស្ស​ជាច្រើន​ប្រហែលជា​ធ្លាប់​ភ្លេច​លេបថ្នាំ​ជា​ញឹកញាប់ លុះ​ពេល​នឹកឃើញ ក៏​ប្រញាប់​ស្ទុះ​ទៅយក​ថ្នាំ​មក​លេប​ភ្លាម​តែម្ដង តែបើ​សិន​អំឡុង​ពេលដែល​អ្នក​ភ្លេច​លេបថ្នាំ​នោះ​ជិត​ដល់​ពេលដែល​ត្រូវ​លេប​ម្ដងទៀត​នោះ ក៏​សុំឱ្យ​លេប​រំលង​ពេលដែល​ភ្លេច​នោះ​ចោល​ទៅ កុំ​គិត​ប្រុង​លេប​ថែម​ជំនួស​ពេលដែល​ភ្លេច​ដោយ​ការបន្ថែម​ចំនួន​ថ្នាំ​ជា 2ដង​នៅពេលដែល​នឹកឃើញ​នោះ​អី៕

  • នារដូវរងា តើការងូតក្តៅមានផលប្រយោជន៍ដល់សុខភាពដូចម្តេចខ្លះ?

    នារដូវរងា តើការងូតក្តៅមានផលប្រយោជន៍ដល់សុខភាពដូចម្តេចខ្លះ?

    អ្នកដឹងទេថា ការងូតទឹកក្ដៅឧណ្ហៗមានប្រយោជន៍អ្វីខ្លះចំពោះសុខភាពនៅរដូវរងា? ​ដោយនៅរដូវរងាអ្នកតែងចាញ់អាកាសធាតុត្រជាក់ ដូច្នេះហើយមានមនុស្សជាច្រើនបានយល់ថា ងូតទឹកក្ដៅឧណ្ហៗពិតជាធ្វើឱ្យអ្នកស្រួលខ្លួនជាងមុនមិនខានហើយអាចបំបាត់ភាពរងាបានទៀតផង។ ថ្ងៃនេះទស្សនាវដ្តី ឡារ៉ែន សូមជម្រាបជូនអំពីអត្ថប្រយោជន៍នៃការងូតទឹកក្ដៅឧណ្ហៗចំពោះសុខភាព ៖

    1. បង្កើនថាមពល
    ទឹកក្កៅជួយបង្កើនថាមពលនៅពេលអ្នកងូតទឹកក្ដៅឧណ្ហៗ វាជួយបង្កើនអត្រាចង្វាក់បេះដូងដែលជួយដល់ការបញ្ចូនឈាមទៅកាន់សិរីរាង្គដទៃទៀតនៃរាងកាយរបស់អ្នក។

    2. បង្កើនប្រព័ន្ធភាពស៊ាំដល់រាងកាយ
    ការស្រាវជ្រាវមួយនៅសហរដ្ឋអាមេរិក បានរកឃើញថា ការងូតទឹកក្ដៅឧណ្ហៗបាន បង្កើតប្រព័ន្ធភាពសុំារបស់អ្នកនឹងមានកម្រិតខ្ពស់ជាងមុន។

    3. ជួយបន្ថយទម្ងន់របស់អ្នក
    តាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រសុខភាពបានរកឃើញថា ការងូតទឹកក្ដៅឧណ្ហៗជួយបន្ថយទម្ងន់ ព្រោះដោយសារតែទឹកក្ដៅវាទៅជួយរំលាយជាតិខ្លាញ់ដែលមាននៅក្នុងខ្លូនរបស់អ្នកជាយូរណាស់មកហើយ។

    4. បំបាត់ការឈឺចាប់តាមសាច់ដុំ
    តាមការស្រាវជ្រាវនៅសាកលវិទ្យាល័យមួយប្រទេសអៀវឡង់ខាងជើងបានបង្ហាញថាការងូតទឹកក្ដៅនៅពេលអ្នករងា បានជួយធ្វើឱ្យអ្នកបំបាត់កាឈឺចាប់នៅតាមសាច់ដុំ ជួយសម្រួលដល់សំពោធឈាម ធ្វើឱ្យចរន្ដឈាមហូរដំណើរការបានល្អ។

    5. សម្រួលប្រព័ន្ធឈាមរត់
    ការងូតទឹកក្ដៅឧណ្ហជួយឱ្យអារម្មណ៍កក់ក្ដៅស្រួលខ្លួន ក្រោយពេលងូតទឹកហើយអ្នកមានអារម្មណ៍ប្រសើរច្រើនជាងមុន ព្រោះថា ចរន្ដឈាមអ្នករត់បានស្រួលដោយមិនមានការរាំងស្ទះ។

    6. បំបាត់ភាពនឿយហត់
    ក្រោយពេលបំពេញការងារក្នុងមួយថ្ងៃហើយអ្នកមានអារម្មណ៍ថា អស់កម្លាំងពីខ្លួនរលីង បើអ្នកបានងូតទឹកក្ដៅឧណ្ហៗ នឹងធ្វើឱ្យអ្នកបំបាត់ភាពនឿយហត់ខ្លាំងបាន អ្នកក៏អាចដាក់ក្លិនផ្កា-ក្រអូបខ្លះៗនៅក្នុងទឹក ដើម្បីបង្កើនភាពស្រស់-ស្រាយដល់អ្នក។ ក្រោយពេលអ្នកងូតទឹករួចអ្នកអាចគេងបានលក់ស្រួលខ្លួនទៀតផង។

    7. ជួយបើករន្ធញើស
    ការងូតទឹកក្ដៅមិនត្រឹមតែមានប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ តែវាក៏ជួយបើករន្ធញើសរបស់អ្នកផង ដែលធ្វើឱ្យរាងកាយរបស់អ្នកកក់ក្ដៅ ហើយនៅជួយសម្អាតស្បែកអ្នកពីស្រទាប់ជ្រៅជាងមុន ហើយថែមទាំងជួយជម្រុះកោសិកាចាស់ បណ្ដុះកោសិកាថ្មីបានទៀតផង៕

  • ចំណុច​ដូច និង​មិន​ដូចគ្នា​ រវាង​ថ្នាំ​បំបាត់​ផ្ដាសាយ និង​ប្រតិកម្ម​ចាញ់

    ចំណុច​ដូច និង​មិន​ដូចគ្នា​ រវាង​ថ្នាំ​បំបាត់​ផ្ដាសាយ និង​ប្រតិកម្ម​ចាញ់

    ថ្នាំ​បំបាត់​ផ្ដាសាយ និង​ថ្នាំ​បំបាត់​ប្រតិកម្ម​ចាញ់(អាលែកហ្ស៊ី) គឺជា​ក្រុម​ថ្នាំ​ដែល​ព្យាបាល​អាការ ទើប​វា​មាន​ភាព​ប្រហាក់ប្រហែលគ្នា និង​ដូចគ្នា​ខ្លាំងណាស់ ដែល​ធ្វើឱ្យ​អ្នកជំងឺ​មាន​ភាព​យល់​ច្រ​លំ និង​ច្រ​បូក​ច្របល់ នៅពេល​ទិញ​ថ្នាំ​មក​ទទួលទាន​ដោយ​ខ្លួនឯង។ មិនតែប៉ុណ្ណោះ​ថែមទាំង​ធ្លាប់​ជួប​ជា​ញឹកញាប់ គឺ​ជំងឺ​ភាព​ច្រើន​ប្រើប្រាស់​ថ្នាំ​ខុស​ប្រភេទ​ថ្នាំ។

    “ជំងឺ​គ្រុនផ្ដាសាយ” មាន​រោគ​បង្ក​មកពី​រាងកាយ​ដែល​បាន​ឆ្លង​វី​រ៉ុ​ស បង្គុំដោយ2ក្រុម​នៃ​អាការគឺ ក្រុម​អាការ​គ្រុនក្ដៅ ដូចជា ឈឺក្បាល និង​ក្ដៅខ្លួន​ជាដើម។ ជំងឺ​គ្រុនក្ដៅ​ខ្លះ​មាន​អា​ការឈឺ​ប្រកាំង​ក្បាល និង​មាន​អាការ​វិលមុខ​ផងដែរ។ មួយទៀត​គឺ ក្រុម​អាការ​កណ្ដាស់​ផ្ដាសាយ ដែលមាន​រោគសញ្ញា​ហៀរ​ទឹកសំបោរ តឹង​ច្រមុះ និង​ក្អក​ជាដើម។

    ចំណែកឯ “ជំងឺ​ងាយ​ប្រតិកម្ម​ចាញ់ (អាលែកហ្ស៊ី)” អាច​ជួបប្រទះ​ចាប់តាំងពី​មាន​វ័យ​នៅ​ក្មេង​ច្រ​ម៉ក់​មកម៉្លេះ និង​មាន​រោគសញ្ញា​ដូចជា អាការ​ចាញ់​ទឹកដោះគោ ជំងឺ​ប្រតិកម្ម​ចាញ់​បែប​រោគ​សើ​ស្បែក និង​នៅក្នុង​វ័យ​ចម្រើន​បន្ដិច ឬ​វ័យ​មនុស្ស​ធំ ក៏​សង្កេតឃើញ​មាន​រោគសញ្ញា​ដូចជា ប្រតិកម្ម​អាកាសធាតុ ជំងឺ​ប្រតិកម្ម​សរសៃពួរ ជំងឺ​ភ្នែក ជំងឺហឺត ជំងឺ​ប្រតិកម្ម​អាហារ​គ្រឿង​សមុទ្រ​ជាដើម។​ ចំពោះ​អ្នកជំងឺ​ងាយ​ប្រតិកម្ម​ចាញ់ ដែល​បាន​ជួបប្រទះ​ជា​ញឹកញាប់​មានដូចជា ជំងឺ​ចាញ់​អាកាសធាតុ ដែលមាន​ភាព​ស្រដៀង​ទៅនឹង​ជំងឺ​ផ្ដាសាយ ដែល​ស្ដែង​ឱ្យឃើញ​អាការ​ដូចជា ហៀរ​សំបោរ ក្អក និង​ឆួល​ច្រមុះ។ ហើយ​ថ្នាំ​ដែលមាន​ប្រសិទ្ធភាព​ទាំង​ជំងឺ​ប្រតិកម្ម​ចាញ់​អាកាសធាតុ និង​ជំងឺ​ផ្ដាសាយ​គឺ ប្រភេទ​ថ្នាំ Antihistamines ដែល​វា​មានគុណ​សម្បត្តិ​កាត់បន្ថយ​អាការកណ្ដាស់ ហៀរ​សំបោរ និង​ជួយ​បន្ថយ​អាការផ្សេងៗទៀត ដែល​ប្រភេទ​ថ្នាំ​នេះ អាច​ប្រើប្រាស់​បាន​ទាំង2រោគ​ជំងឺ​ខាងលើ។ ដូច្នេះហើយ ថ្នាំ​ព្យាបាល​អាការ​ប្រតិកម្ម​ចាញ់​មាន​ដល់​ទៅ2ក្រុម​ទៀត​ដូចជា ៖

    1. ក្រុម​ថ្នាំ អ៊ីស​ស្តា​មីន ដូចគ្នា​នឹង​ក្រុម​ថ្នាំ​ខាង
    លើ ឬ​ថ្នាំ​អី​ុ​ស​ស្ដា​មីន ក្រុម​ថ្នាំ​ងងុយគេងក្រុម​ថ្នាំ​នេះ​មាន ក្លរ​ហ្វេ​នី​រ៉ា​មីន, ថ្នាំ​បំបាត់​អាការ​ប្រតិកម្ម​ចាញ់​គ្រាប់​ពណ៌​លឿង, ហាយ​ក្លរ​សៃ​ស៊ីន, ឃី​តូ​ទី​ហ្វេ​ន និង​ប្រ៉ូ​ម​ហ្វេ​នី​រ៉ា​មីន ដែល​អាច​ប្រើ​ព្យាបាល​អាការ​សាច់​ភ្នាស់​ច្រមុះ​អាលែកហ្ស៊ី ដោយសារតែ​ងាយ​ប្រតិកម្ម និង​ព្យាបាល​អាការ​រមាស់កណ្ដាស់ ហៀរ​សំបោរ ហើយ​ងាយ​រួម​ប្រសិទ្ធភាព​ជាមួយ​ថ្នាំ​ដែលមាន​នៅក្នុង​អាហារ​ដែល​យើង​ទទួលទាន​ផងដែរ។

    2. ក្រុម​ថ្នាំ អ៊ីស​ស្តា​មីន ក្រុម​ថ្នាំ​មិន​ធ្វើឱ្យ​ងងុយគេង
    ក្រុម​ថ្នាំ​ព្យាបាល​អាការ​ប្រតិកម្ម​ចាញ់ ដែល​មិន​ធ្វើឱ្យ​ងងុយគេង មានដូចជា សេ​ទី​លី​ស៊ីន, ឡ័​រ​រ៉ា​ថា​ឌី​ន, ហ្វេ​សូ​ហ្វេ​ណា​ឌី​ន, សេ​វ៉ូ​សេ​ទី​រី​ស៊ីន និង​ដេ​ស​ឡ័​រ​រ៉ា​ថា​ឌី​ន​ជាដើម។ ប្រភេទ​ថ្នាំ​ដែល​បាន​រៀបរាប់​នេះ វា​មាន​សមត្ថភាព​ជួយ​កាត់បន្ថយ​អាកា​រហៀរ​សំបោរ អាការ​ពុល​ឡាន និង​ចាញ់​ចង់​ក្អួត​ជាដើម។ ដូច្នេះហើយ មុនពេល​ប្រើប្រាស់ឬ​ទិញ​ថ្នាំ​ប្រភេទ​ខាងលើនេះ ត្រូវមាន​ការអនុញ្ញាតិ​ពី​គ្រូពេទ្យ​ជំនាញ​ជាមុនសិន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​សុខភាព និង​ការប្រើប្រាស់​ថ្នាំ​ច្រ​លំ។

    យ៉ាងណាមិញ នៅមាន​ប្រភេទ​ថ្នាំ​មួយទៀតដែល​អាចជួយ​បន្ថយ​អាការ​គ្រុនក្ដៅ និង​អាការ​ប្រតិកម្ម​ចាញ់ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ​គឺ៖

    ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល
    ជាទូទៅ ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ត្រូវបាន​គេ​ប្រើ​ដើម្បី​បំបាត់​ការឈឺចាប់​កម្រិត​ស្រាល ឬ​មធ្យម ដូចជាការឈឺ​ក្បាល ការឈឺ​ធ្មេញ ឬ​គ្រុន និង​បន្ថយកម្តៅ​ក្តៅ ដែល​បណ្តាលមកពី​ជំងឺ​ដូចជា ជំងឺ​ផ្តាសាយ និង​ជំងឺ​គ្រុនផ្តាសាយ​ជាដើម។ ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ត្រូវបាន​គេ​ណែនាំ​ជា​ញឹកញាប់​ថាជាការ​ព្យាបាល​ដំបូង​សម្រាប់​ការឈឺចាប់ និង​ងាយ​ប្រតិកម្ម​ចាញ់ ព្រោះ​វា​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ភាគច្រើន ហើយ​ផលប៉ះពាល់គឺ​កម្រ​ណាស់។ ហើយ​ប្រភេទ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល អ្នក​អាច​រក​ទិញ​ប្រភេទ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ភាគច្រើន​ពី​ផ្សារ​ទំនើប ឬ​ឱសថស្ថាន ចំណែក​ប្រភេទ​មួយចំនួនទៀត​អាច​ប្រើ​បាន​តាម​វេជ្ជបញ្ជា​តែប៉ុណ្ណោះ។

    យើង​អាច​សរុប​បាន​ថា ជំងឺ​គ្រុនផ្ដាសាយ និង​ជំងឺ​ប្រតិកម្ម​ចាញ់ មាន​អាការ​ស្រដៀង​គ្នា និង​ស្ទើរតែ​ដូចគ្នា​គឺ មាន​ហៀរ​សំបោរ កណ្ដាស់ និង​រមាស់​ច្រមុះ។ ដូច្នេះហើយ​អ្នក​គប្បី​ត្រូវ​ពិនិត្យ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ឱ្យបាន​ត្រឹមត្រូវ ដើម្បីឱ្យ​ងាយ​វិនិច្ឆ័យ​អាការ និង​សភាព​ជំងឺ​របស់​អ្នក និង​ចៀសវាង​ការទិញ​ថ្នាំ​ដោយ​ខ្លួនឯង ដែល​អាចធ្វើ​ឱ្យមាន​បញ្ហា​ដល់​សុខភាព​របស់​អ្នកនា​ថ្ងៃ​ខាងមុខ៕

  • ហេតុផលសំខាន់3យ៉ាង ដែលអ្នកត្រូវដឹងពាក់ព័ន្ធនឹងកម្រិតសម្ពាធឈាម

    ហេតុផលសំខាន់3យ៉ាង ដែលអ្នកត្រូវដឹងពាក់ព័ន្ធនឹងកម្រិតសម្ពាធឈាម

    អ្នកត្រូវវាស់សម្ពាធឈាមគ្រប់ពេលដែលទៅជួបគ្រូពេទ្យ តែថ្មីៗនេះគោលការណ៍ក្នុងការវិនិច្ឆ័យរោគសម្ពាធឈាមមានការប្រែប្រួលជាលើកដំបូងក្នុងជុំ14ឆ្នាំ។ តាមរយៈគោលការណ៍ថ្មីនេះបានចង្អុលបញ្ជាក់ថា អ្នកណាក៏ដោយដែលមានកម្រិតសម្ពាធឈាមច្រើនជាង130/80 នឹងត្រូវពិចារណាថា កើតជំងឺលើសឈាម តែកម្រិតសម្ពាធឈាមធម្មតា មិនប្រែប្រួលទេគឺ 120/80ដដែល ដែលតួលេខខាងលើបញ្ជាក់ពីសម្ពាធឈាម ស៊ីស្តូលិក (នៅពេលបេះដូងបាញ់ឈាមចូលទៅក្នុងសរសៃឈាម) និងតួលេខខាងក្រោម គឺកម្រិតសម្ពាធឈាម ដៃអេស្តូលិក (នៅពេលបេះដូងបន្ធូរខ្លួនមកវិញ)។

    កាលពីពេលមុននេះ កម្រិតសម្ពាធឈាមស៊ីស្តូលិក ស្ថិតក្នុងចន្លោះ 120 – 139 នឹងមិនត្រូវបានវិនិច្ឆ័យថា កើតជំងឺលើសឈាមទេ រហូតទាល់តែខ្ពស់ជាង 140/90…តែសម្រាប់គោលការណ៍ថ្មីវិញ អ្នកដែលមានកម្រិតសម្ពាធឈាមស៊ីស្តូលិកក្នុងចន្លោះ 130 – 139 ឬកម្រិតសម្ពាធឈាមដៃអេស្តូលិកស្ថិតក្នុងចន្លោះ 80 – 89 នឹងត្រូវពិចារណាថា កើតជំងឺលើសឈាមរយៈទី1 ខណៈដែលកម្រិតសម្ពាធឈាម 140/90 នឹងឈានចូលជំងឺលើសឈាមរយៈទី2 និងកម្រិតសម្ពាធឈាម 180/120 នឹងក្លាយជាជំងឺលើសឈាមកម្រិតគ្រោះថ្នាក់។

    កម្រិតសម្ពាធឈាម គឺជាអ្នកបញ្ជាក់ប្រាប់ពីសុខភាពដែលសំខាន់ខ្លាំងសម្រាប់ខ្លួនអ្នក និងគ្រូពេទ្យទាំងឡាយ។ ទោះជាការប្រែប្រួលនេះនឹងសាងនូវភាពច្របូកច្របល់បន្តិចមែន តែក៏មានតម្លៃសម្រាប់ការរៀនយល់ដឹងអំពីកម្រិតសម្ពាធឈាមរបស់ខ្លួនឯងដែរ។

    1. ជំងឺលើសឈាមគ្មានអាការបង្ហាញឡើងឱ្យឃើញច្បាស់លាស់ជានិច្ចនោះទេ : ក្នុងករណីដែលកម្រិត ជំងឺលើសឈាមអាចហុចផលឱ្យមានអាការតឹងណែនក្នុងទ្រូង ពិបាកដកដង្ហើមឈឺក្បាល ឬមានហូរឈាមច្រមុះ ប៉ុន្តែក្នុងករណីភាគច្រើនបែរជាមិនបង្ហាញអាការណាមួយសោះទៅវិញ ដែលនេះហើយគឺជាឃាតករលាក់មុខដ៏ពិតប្រាកដនោះ។ យ៉ាងណាក៏ដោយ វិធីដែលល្អបំផុតនោះ លោកអ្នកគួរពិនិត្យកម្រិតសម្ពាធឈាមនៅពេលយប់ ដើម្បីឱ្យឃើញច្បាស់ពិតប្រាកដ មុននឹងចូលទៅទទួលការព្យាបាល។

    2. ជំងឺលើសឈាម គឺជាដើមហេតុរបស់ជំងឺបេះដូង : និងបើសិនបណ្ដោយទុកចោលមិន ព្យាបាល វានឹងធ្វើឱ្យអវយវៈផ្សេងទៀតខូចខាតទៅតាមដែរ។ ជំងឺលើសឈាម គឺជាបច្ច័យប្រថុយប្រថានសម្រាប់ជំងឺជាច្រើន ដូចជា ជំងឺបេះដូង ជំងឺសរសៃឈាមខួរក្បាល សភាវគាំងបេះដូង អាការចេញឈាមនៅក្នុងខួរក្បាល និងគាំងក្រលៀន អាចនឹងត្រូវចូលទៅទទួលការលាងក្រលៀននៅទីបំផុត។ សួរថា ហេតុអ្វីបាន​ហុចផលប៉ះពាល់​​ធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹង?​​ ព្រោះថាគ្រប់ពេលដែលបេះដូងធ្វើការបឺតបាញ់ឈាម​ក៏នឹងបឺតបាញ់ដោយកម្លាំងរុញច្រានខ្លាំង ដែលមានន័យថា បេះដូងត្រូវធ្វើការខ្លាំងធ្វើឱ្យសាច់ដុំបេះដូងក្រាស់ៗ និងបឺតបាញ់ឈាមបានយ៉ាងមានប្រសិទ្ធភាពកាន់តែពិបាកជាងមុនហ្នឹងឯង។

    3. អ្នកអាចព្យាបាលជំងឺលើសឈាមបានតាមរយៈការផ្លាស់ប្ដូររបៀបរបបរស់នៅរបស់ខ្លួនឯងតាំងពីដំបូងៗ : នៅពេលកម្រិតសម្ពាធឈាមរបស់អ្នកស្ថិតក្នុងកម្រិត 120-129/80 លោកអ្នកមិនទាន់ចាំបាច់ប្រញាប់ប្រញាល់ចូលទៅទទួលការព្យាបាលទេ តែគ្រូពេទ្យរបស់អ្នកអាចនឹងណែនាំឱ្យអ្នកផ្លាស់ប្ដូរឡាយហ្វ៍ស្តាយល៍មួយចំនួនដូចជា ការទទួលទានអាហារ ការតមភេសជ្ជៈអាល់កុល ឬបន្ថែមលំដាប់ការហាត់ប្រាណជាដើម។ ពេលតួលេខចាប់ផ្ដើមខ្ពស់ឡើង ការផ្លាស់ប្ដូររបៀបរបររស់នៅក៏ក្លាយជារឿងចាំបាច់ រួមទាំងលោកអ្នកអាចញ៉ាំថ្នាំរួមជាមួយផង តែគោលបំណងរបស់គោលការណ៍ថ្មីនេះ គឺដើម្បីការពារភាពធ្ងន់ធ្ងរដែលអាចកើតឡើងដោយការសង្កត់ធ្ងន់លើការព្យាបាលតាំងពីដំបូងៗ។

    អ្នកជំងឺអាចគ្រប់គ្រងកម្រិតសម្ពាធឈាមរបស់ខ្លួនបានដោយការជ្រើសរើសទទួលទានអាហារដែលមានប្រយោជន៍ និងឧស្សាហ៍ហាត់ប្រាណជាប់ជាប្រចាំ។ ក្រៅពីនេះលោកអ្នកនៅគួរហាត់រៀនវាស់កម្រិតសម្ពាធឈាមដោយខ្លួនឯងនៅផ្ទះផងដែរ។ យ៉ាងណាក៏ដោយ បើលោកអ្នកមានចំណុចងឿងឆ្ងល់ ឬសង្ស័យពាក់ព័ន្ធនឹងសម្ពាធឈាម ឬវិធីវាស់នោះ ក៏គួរតែប្រឹក្សាជាមួយគ្រូពេទ្យ៕

  • ការរៀប​ផែនការ​មើលថែទាំ​សុខភាព​សមាជិក​ក្នុង​គ្រួសារ

    ការរៀប​ផែនការ​មើលថែទាំ​សុខភាព​សមាជិក​ក្នុង​គ្រួសារ

    ការរៀបចំ​ផែនការ​មើលថែទាំ​សុខភាព​ខ្លួនឯង និង​សមាជិកគ្រួសារ​គឺជា​រឿង​ដែល​មានគុណតម្លៃ​ជាទីបំផុត ព្រោះ​ក្រៅពី​ជា​រឿង​ដែល​ជួយ​ជំរុញ​ឱ្យ​យើង​ខ្លួនឯង និង​សមាជិក​ក្នុង​គ្រួសារ​កើតភាព​ក្លៀវក្លា​ស្វាហាប់​ក្នុងការ​មើលថែទាំ​សុខភាព​ហើយ​នោះ វា​ថែមទាំង​ជា​រឿង​ដែល​ជួយ​ឱ្យ​កើតមាន​សម្ពន្ធភាព​ដ៏​ល្អ​រវាង​សមាជិក​គ្រប់គ្នា​ក្នុង​ក្រុមគ្រួសារ កើត​សេចក្តីស្រឡាញ់​ក្នុង​ក្រុមគ្រួសារ ដែល​នឹង​ជួយ​ដោះស្រាយ​បញ្ហាផ្សេងៗបាន​យ៉ាង​ល្អ និង​នាំ​ឆ្ពោះទៅរក​ការ​មាន​គុណភាព​ជីវិត​ដែល​ល្អ​នាពេល​អនាគត​បាន​ថែម​ទៀតផង។

    គុណ​តម្លៃ​របស់​ការរៀប​ផែនការ​មើលថែទាំ​សុខភាព​របស់​សមាជិក​ក្នុង​គ្រួសារពាក្យ​ថា “សុខភាព​ល្អ” នៅលើ​មនុស្ស​ម្នាក់​នោះ​អាច​នឹង​ខុសប្លែក​ពីគ្នា​តាមតែ​សភាវ​សង្គម ឬ​រូប​បែប​របស់​ជីវិត​ដែល​ខុសប្លែក​ពីគ្នា តែ​ជារួម​ទៅ​សុខភាពល្អ​យ៉ាងហោចណាស់​ក៏ត្រូវ​តែមាន​ន័យ​ពី​ភាព​ឥតខ្ចោះ​របស់​ទាំង​រាងកាយ និង​ផ្លូវចិត្ត ដោយ​រឿង​ដែល​កើតឡើង​នេះ​នឹង​កើត​បានដោយសារ​ការមើល​ថែទាំ​យកចិត្តទុកដាក់​លើប្រព័ន្ធផ្សេងៗដែលជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។

    ការដែល​នឹងមាន​សុខភាព​ល្អ​បាន​នោះ មិនថាតែ​ជា​សុខភាព​របស់​ខ្លួនឯង ឬ​សមាជិក​ក្នុង​គ្រួសារ​នោះឡើយ មិនមែនជា​រឿង​ដែល​កើតឡើង​បាន​ដោយ​ភាព​ចៃដន្យ​នោះទេ តែ​ចាំបាច់​ត្រូវមាន​ការរៀប​ផែនការ​ក្នុងការ​មើលថែទាំ​សុខភាព​ជាមុន​ដែល​នឹង​ជួយ​ឱ្យ​កើត​ផល​ល្អ​ដូចតទៅ​នេះ ៖
    – អាច​នឹង​កំណត់​វិធី​ការ ឬ​ជ្រើសរើស​រូប​បែប​ដែល​ស័ក្តិសម​ជាមួយ​ដំណើរការ​នៃ​ជីវិត​របស់​យើង​ខ្លួនឯង ឬ​សមាជិក​ក្នុង​ក្រុមគ្រួសារ​បាន​យ៉ាង​ស័ក្តិសម។

    – អាច​នឹង​កំណត់​អំឡុងពេល​ក្នុងការ​មើលថែទាំ​សុខភាព​បាន​យ៉ាង​ស័ក្តិសម អាច​នឹងមានកិច្ចការងារ​ហាត់ប្រាណ​នៅពេល​ព្រឹក ឬ​ចំពោះ​គ្រួសារ​ខ្លះ​អាច​នឹងមាន​ពេលទំនេរ​នៅពេល​ល្ងាចក៏​អាច​នឹង​កំណត់​កិច្ចការងារ​បង្កើន​សុខភាព​នៅពេល​ល្ងាច​ក៏បាន ឬ​អាច​នឹង​កំណត់​អំឡុងពេល​ក្នុងការ​ពិនិត្យ​សុខភាព​របស់​សមាជិក​ក្នុង​គ្រួសារ​ប្រចាំឆ្នាំ​បាន​យ៉ាង​ស័ក្តិសម។

    – ជាការ​ប្រុងប្រយ័ត្ន​សុខភាព​ទាំង​របស់​ខ្លួនឯង និង​សមាជិកគ្រួសារ មិនឱ្យ​ឈឺ​ថ្កាត់​ដោយ​ជំងឺផ្សេងៗ ជាការ​សាង​សុខភាព ដែល​នឹង​ល្អ​ជាង​ត្រូវ​មក​ជួសជុល​សុខភាព ឬ​ព្យាបាល​នៅពេល​ក្រោយ។

    – ជួយ​ក្នុង​ការរៀប​ផែនការ​រឿង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​គ្រួ​សារបាន​យ៉ាង​ល្អប្រសើរ ដោយសារតែ​មិនចាំបាច់​ត្រូវ​ចាយវាយ​ប្រាក់​ទៅលើ​ការព្យាបាល​ខ្លួន។

    – ធ្វើឱ្យ​គុណភាព​ជីវិត​ទាំង​របស់​ខ្លួនឯង និង​សមាជិក​ក្នុង​ក្រុមគ្រួសារ​ល្អប្រសើរ​ឡើង។

    គោលការណ៍​ក្នុង​ការរៀប​ផែនការ​ថែទាំ​សុខភាព​របស់​សមាជិក​ក្នុង​ក្រុមគ្រួសារ
    – ពិនិត្យ​មើលរូប​បែប​ការរស់នៅ​របស់​ស​មា​ជិ​ក​ក្នុង​ក្រុមគ្រួសារ​ថា តើ​យ៉ាងណាដែរ? ដោយសារតែ​ការមើល​ថែទាំ​សុខភាព​របស់​សមាជិក​គ្រួសារ​នេះ មិនមែន​ជាការ​ធ្វើឡើង​ដោយ​សមាជិក​ណា​ម្នាក់​តែ​ម្នាក់​នឹង​ទទួលបាន​ជោគជ័យ​នោះទេ ប៉ុន្តែ​ត្រូវ​អាស្រ័យ​លើ​ការសហការ​រួម​ដៃ​ពី​សមាជិក​ក្នុង​គ្រួសារ​ទាំងមូល​ជាសំខាន់។

    – តាមរយៈ​ព័ត៌មាន​ដែល​ទទួលបាន នាំមក​កំណត់​ជា​ផែនការ​ក្នុងការ​មើលថែទាំ​សុខភាព​របស់​សមាជិក​ក្នុង​គ្រួសារ ដែល​អាច​ធ្វើឡើង​ចំពោះ​សមាជិក​ណា​ម្នាក់ ឬ​អាច​នឹងធ្វើ​ឡើងជា​រួមទាំង​អស់។

    – នៅពេល​កំណត់​ផែនការ​ក្នុងការ​មើលថែទាំ​សុខភាព​របស់​សមាជិក​គ្រួសារ​បាន​ហើយ ត្រូវ​ដំណើរការ​ទៅតាម​នោះ និង​វាយតម្លៃ​ជាដំណាក់ៗថា តើ​សមាជិក​ទាំងអស់​ក្នុង​គ្រួសារ​អាច​ប្រតិបត្តិការ​តាម​ផែនការ​នោះបាន​ដែរឬទេ ឬក៏​យ៉ាងណា?

    សូម​រៀបចំ​ផែនការ​ក្នុងការ​មើលថែ​ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ឱ្យបាន​ល្អ​ទាំង​ខ្លួន​អ្នក​ផ្ទាល់ និង​សមាជិក​ជាទី​ស្រឡាញ់​នៅក្នុង​គ្រួសារ​របស់​អ្នក​ឱ្យបាន​ល្អ និង​ស័ក្តិសម​ជាមួយនឹង​ស្ថានភាព​ជាក់ស្តែង​នៃ​គ្រួសារ​របស់​អ្នក ដើម្បី​ទទួលបាន​នូវ​ជីវិត ដែល​ប្រកបដោយ​គុណ​ភាពល្អ​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត​ខាងមុខ៕

  • សុខ​ភាពល្អ គ្រួសារ​មាន​សុភមង្គល

    សុខ​ភាពល្អ គ្រួសារ​មាន​សុភមង្គល

    ការមើល​ថែរក្សា​គ្រប់គ្នា​នៅក្នុង​គ្រួសារ ជាពិសេសកូនៗឱ្យ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ គឺជា​តួនាទី និង​ជា​បំណងប្រាថ្នា​របស់លោក​ឪពុក​អ្នក​ម្តាយគ្រប់ៗរូប។ ការចេះ​ជួយ​សហការគ្នា​រវាង​គ្រប់គ្នា​ដែល​រស់នៅ​ក្នុងផ្ទះ​គឺជា​ការចូលរួម​ថែរក្សា​សុខភាព​ដ៏​ល្អប្រសើរ​បំផុត។ បើទោះជា​យ៉ាងនេះ​ក្តី អ្នក​ម្តាយ​នៅតែ​ដើរ​តួជា​មនុស្ស​ម្នាក់​ដែលសំខាន់​បំផុត​នៅក្នុង​សាច់រឿង​មួយ​នេះ។ ការថែរក្សា​សុខភាព​គ្រប់គ្នា​ក្នុង​គ្រួសារ ត្រូវ​គិតគូរ​គ្រប់បែបយ៉ាង តាំងពី​អាហារ​ហូបចុក អនាម័យ ការការពារ និង​ការថែរក្សា ព្រមទាំង​សកម្មភាពផ្សេងៗជាច្រើន​ទៀត។

    អាហារ​ហូបចុក : ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ដែលជា​ប្រភព​នៃ​ប្រូ​តេ​អី​ុ​ន គឺជា​រឿង​ទីមួយ​ដែល​អ្នក​ត្រូវ​គិតដល់ ប៉ុន្តែ​សូមកុំ​ភ្លេច​ឱ្យសោះ​ថា ការ​ចម្អិន​អាហារ​ទាំងនោះ​តែ​ម្យ៉ាង​គឺ​មិនទាន់​គ្រប់គ្រាន់​នោះទេ មានន័យថា លោកអ្នក​ក៏ត្រូវ​គិតដល់​ប្រភព​នៃ​វត្ថុធាតុដើម​ដែល​អ្នក​បាន​យកមក​ធ្វើការ​ចម្អិន​ផងដែរ។ វា​ជាការ​ពិបាក​បន្តិច​ក្នុង​ការប្រគល់​សេចក្តីទុកចិត្ត​ទាំងស្រុង​ទៅលើ​អ្នកលក់ និង​បន្លែ​ផ្លែឈើ​ដែល​អ្នក​ត្រូវ​យកមក​ធ្វើជា​អាហារ ព្រោះថា​បច្ចុប្បន្ននេះ​ការចង់បាន​ប្រភព​អាហារ​ដែល​គ្មាន​ជាតិពុល​គឺជា​រឿង​ដែល​ពិបាក​បន្តិច​ហើយ។ បើ​ដូច្នេះ​តើ​យើង​គួរតែ​ធ្វើ​ដូចម្តេច ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នេះ​ឱ្យមក​នៅ​ទាប​បំផុត? បន្លែ​ដែល​ដាំ​ដោយ​ខ្លួនឯង (ប្រសិនបើ​អាច) បន្លែ​ដែល​មានការ​ធានាថា​ពិតជា​គ្មាន​សារធាតុ​គីមី ឬ​បន្លែ​ដែល​បាន​លាង​សម្អាត​យ៉ាង​ត្រឹមត្រូវ… ជា​ផ្នែក​មួយ​ដែល​អ្នក​គួរតែ​ធ្វើ ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​សុខភាព​បាន​មួយ​ភាគ​ដែរ។

    ទទួលទាន​ឱ្យ​ត្រូវ​តាម​កាលៈទេសៈ : អ្នក​ម្តាយ​ត្រូវមាន​ភាព​ឆ្លាត​វៃ​ក្នុងការ​ជ្រើសរើស​អាហារ​ល្អ​ស​ម្រ​ប់​សមាជិក​ក្នុង​គ្រួសារ។ នៅពេល​សមាជិក​ម្នាក់ ឬ​ច្រើន​នៅក្នុង​គ្រួសារ​មាន​បញ្ហា​សុខភាព​នោះ លោកអ្នក​ក៏ត្រូវ​នឹក​គិតដល់​អាហារ​ជំនួយ​ផងដែរ។ ប្រសិនបើ​លោកអ្នក​កំពុងតែ​ចង់ឱ្យ​សមាជិក​ក្នុង​គ្រួសារ​ទទួលទាន​ផ្លែឈើ​ដែល​អាចជួយ​សម្អាត​ជាតិពុល​ក្នុង​រាងកាយ​នោះ សូមកុំ​ភ្លេច​ផ្លែឈើ​មួយចំនួន​ដូចជា ល្ហុង ប៉ោម ម្នាស់ ឪឡឹក ទំពាំងបាយជូរ​ជាដើម ព្រោះថា​ផ្លែឈើ​ប្រភេទ​នេះ​អាចជួយ​សម្អាត​ជាតិពុល​ពី​ក្នុង​ពោះវៀន បាន​យ៉ាង​ប្រសើរ។ សម្រាប់​លោកអ្នក​ដែល​ចង់ឱ្យ​សមាជិក​ក្នុង​គ្រួសារ​ជា​មនុស្ស​ដែល​ពេញ​ទៅដោយ​ថាមពល​វិញ​នោះ ឡា​រ៉ែ​ន សូម​ណែនាំ​អ្នក​ឱ្យ​ដាក់បញ្ចូល​អាហារ​មួយចំនួន​ដែលជា​អាហារ​ថាមពល​នៅក្នុង​មឺ​នុយ​អាហារ​របស់​អ្នក (ទាំង​អាហារ​ក្រៅ​ពេល និង​អាហារ​ចម្បង) ដូចជា ទឹកឃ្មុំ ផ្លែ​ប៉ោម ស៊ុត ដំឡូងជ្វា សាច់​ត្រី​សាល​ម៉ុ​ន ក្រូច ចេក ស្រូវ​អូក សណ្តែក ស្ពៃ (spinach) យ៉ា​អួរ និងគ្រាប់​អាល់​ម៉ុ​ន​ជាដើម។

    គ្រូពេទ្យ​ក្នុងផ្ទះ : ក្រៅពី​គ្រូពេទ្យ​នៅ​ខាងក្រៅ លោកអ្នក​ក៏​អាច​ដើរតួនាទី​ជា​គ្រូពេទ្យ​ក្នុងផ្ទះ​បានដែរ។ ដូចដែល​អ្នក​បានដឹង​ស្រាប់​ហើយ​ថាក្មេងតូចៗងាយ​នឹង​ទទួលរង​ការកើត ឬ​ការឆ្លង​ជំងឺ​ផ្តាសាយ​ខ្លាំងណាស់ ជាពិសេស​គឺ​ក្នុង​ខែ​ដែលមាន​ខ្យល់​ធ្លាក់ និង​ការផ្លាស់ប្តូរ​នៃ​អាកាសធាតុ។ ការព្យាបាល​ជំងឺ​ផ្តាសាយ​ឱ្យ​ជា​ក្នុង​រយៈពេលភ្លាមៗគឺជា​រឿង​ដែល​ស្ទើរតែ​មិនអាច​ធ្វើបាន ប៉ុន្តែ​អ្នក​ម្តាយ​លោកឪពុក​ឆ្លាត​វៃ​នៅតែ​អាចជួយ​ធ្វើឱ្យ​សភាព​ជំងឺ​មួយ​នេះ​មាន​ភាព​ធូរស្រាល​ជាង​មុន​បាន ដោយ​ការ​អនុវត្តតាម​វិធី​មួយចំនួន​ដូចជា ការ​ត្រាំ​ជើង​ដោយ​ទឹក​ក្តៅឧណ្ហៗ ឆ្អ​ង់​ចំហាយ​ទឹក ឬ​ងូតទឹក​ក្តៅ​ជាដើម។ គួរ​ចៀសវាង​ការទទួល​ទាន​ទឹក​ត្រជាក់​ខ្លាំង ហើយ​ងាក​មក​ទទួលទាន​ទឹកក្តៅៗ ឬ​ទឹកតែ​ខ្ញី និង​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹកឃ្មុំ​វិញ។ ទទួលទាន​ផ្លែឈើ​មួយចំនួន​ដូចជា ប៉ោម ល្ហុង ក្រូច ចេក ប៊ឺ​រី ត្របែក និង​ផ្លែឈើផ្សេងៗទៀត ដែល​សម្បូរ​ទៅដោយ​វីតាមីន​។ នៅពេលដែល​អ្នកណាម្នាក់​មាន​ជំងឺ​ត្រូវ​ប្រើប្រាស់​ឱសថ​អ្នក​ត្រូវ​ចាំ​ចំណុច​សំខាន់​មួយចំនួន​ដូចជា កុំ​លេបថ្នាំ​ដោយ​ទឹក​ត្រជាក់​ខ្លាំង កុំ​គេងភ្លាមៗក្រោយ​លេបថ្នាំ​រួច មិន​ថា​វា​ជា​ថ្នាំ​ដែល​ត្រូវ​លេប​មុន ឬ​ក្រោយ​អាហារ​នោះទេ អ្នក​មិនគួរ​លេប​វាភ្លាមៗទេ គួរ​ទុកចន្លោះ​ពេលមុន ឬ​ក្រោយ​អាហារ ប្រមាណ​ជា10នាទី​សិន។

    ការនាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ​ជា​លក្ខណៈ​គ្រួសារ : ការនាំគ្នា​ដើរ​កម្សាន្ត​ស្រូបយក​ខ្យល់អាកាស មិន​ត្រឹមតែ​ជួយ​ឱ្យ​សុខភាព​របស់លោក​អ្នក​មាន​ភាពរឹងមាំ​នោះទេ តែ​វា​ថែមទាំង​ជួយ​បង្កើន​ភាព​រីករាយ សេចក្តី​គោរព​ស្រឡាញ់ និង​សុភមង្គល​ក្នុង​គ្រួសារ​ផងដែរ។

    អនាម័យ : គ្រប់គ្នា​នៅក្នុង​គ្រួសារ​គួរតែ​សហការគ្នា ដើម្បីឱ្យ​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ​ប្រកបដោយ​អនាម័យ។ មនុស្ស​ធំ​នៅក្នុង​គ្រួសារ​អាច​បង្រៀនកូនតូចៗឱ្យធ្វើជា​មនុស្ស​ដែលមាន​អនាម័យ តាមរយៈ​ការនិយាយ​ប្រាប់​ណែនាំ និង​ការធ្វើជា​គំរូ​ល្អ​ដល់​ពួកគេ។ ជា​ការពិត​លោកឪពុក​អ្នក​ម្តាយ​គ្រប់រូប​តែង​ប្រាថ្នា​ចង់ឱ្យកូនៗរស់នៅ​ប្រកបដោយ​អនាម័យ ដើម្បី​កាត់បន្ថយ និង​ជួយ​ការពារ​ពួកគេ​ពី​ការឆ្លង​ជំងឺ​នានា។

    ប្តូរ​ទម្លាប់​មិនល្អ : ប្រសិនបើ​សមាជិក​ក្នុង​គ្រួសារ ជាពិសេសកូនៗរបស់​អ្នកមាន​ទម្លាប់​ចូល​គេង​យប់​ជ្រៅ នោះ​អ្នក​គួរតែ​ព្យាយាម​ធ្វើយ៉ាងណា​កែប្រែ​ទម្លាប់​នេះ​ចេញ។ ដូចដែល​អ្នកដឹង​ហើយ​ថា ការ​គេង​បាន​តិច ឬ​ការចូល​គេង​យប់​ជ្រៅ​ពេក មិនមែនជា​រឿង​ល្អ​ទេ វា​អាចធ្វើ​ឱ្យមាន​ផលប៉ះពាល់ខ្លះៗចំពោះ​ការវិវឌ្ឍ​នៃ​ខួរក្បាល​ក្មេង​តូច អាចធ្វើឱ្យ​ការទទួលបាន​ភាព​ស្កប់ស្កល់​ក្នុងការ​គេង​មាន​តិច បើ​ប្រៀបធៀប​ទៅនឹង​ការដែល​ឆាប់​ចូល​គេង (ការចូល​គេង​ម៉ោង9យប់​ជា​ពេលវេលា​ដំណេក​ដ៏​ល្អ​បំផុត)។ ជឿជាក់ថាលោកអ្នក​ពិតជា​បានដឹង​ច្បាស់​ណាស់​ថា អាហារបែប​នំ​កញ្ចប់ អាហារ​ដែលមាន​ជាតិ​ស្ករ អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន​ជាដើម មិនមែនជា​អាហារ​ដែល​ផ្តល់នូវ​គុណប្រយោជន៍​ដល់​រាងកាយ​នោះទេ ដូច្នេះ​បើ​ចៀសវាង​បាន​អ្នក​គួរតែ​ចៀសវាង។ នៅមាន​ទម្លាប់​មួយចំនួនទៀត​ដែល​ត្រូវបាន​ទុក​ថា​ជា​ទម្លាប់​មិនល្អ ហើយ​អ្នក​គួរតែ​ប្តូរ​ចេញ​ដូចជា ទទួលទាន​អាហារ​រួច​គេង​ភ្លាម ទទួលទាន​អាហារ​រួច បញ្ចេញ​សកម្មភាពខ្លាំងៗ និង​ទទួលទាន​អាហារ​ច្រើនពេក​នាពេល​ល្ងាច​ជាដើម។

    ទាំងអស់នេះ​សុទ្ធសឹង​ជា​សារ​មួយ​ដែល​អាចឱ្យ​គ្រប់គ្នា​ដឹងថា អ្នក​ពិតជា​ស្រឡាញ់ និង​យកចិត្តទុកដាក់​ក្នុងការ​មើលថែ​គ្នា​ជាពិសេស​បំផុត ព្រោះថា​គ្មាន​សេចក្តី​ណា​ដែលមាន​ទំហំធំធេង​ជាង​ការដែល​បានរស់នៅ​ក្នុង​គ្រួសារ​មួយ​ដែល​ប្រកបដោយ​សុភមង្គល​នោះទេ៕

  • ក្មេង​ធាត់ ប្រថុយប្រថាន​នឹង​ជំងឺ ឪពុកម្ដាយ​កុំ​បណ្ដោយ

    ក្មេង​ធាត់ ប្រថុយប្រថាន​នឹង​ជំងឺ ឪពុកម្ដាយ​កុំ​បណ្ដោយ

    សង្គម​ទីក្រុង​នាពេល​បច្ចុប្បន្ន​មានការ​ផ្លាស់ប្ដូរ​ខុស​កាលពី​អតីតកាល​ច្រើនណាស់ ទាំង​សភាវ​ការរស់នៅ និង​ការ​ទទួលទាន​អាហារ ដែល​ការផ្លាស់ប្ដូរ និង​ប្រែប្រួល​នេះ​មិនមែន​កើតឡើង​តែ​ជាមួយ​មនុស្ស​ធំ​នោះទេ តែ​នៅ​កើតមាន​ចំពោះ​កុមារ​ផងដែរ។ ដោយសារតែ​សភាវ​ជុំវិញខ្លួន​ក្នុងពេល​សព្វថ្ងៃនេះ​ត្រូវ​ប្រញាប់ប្រញាល់ និង​ប្រណាំង​ជាមួយ​ពេលវេលា អាណាព្យាបាល ឬ​ឪពុកម្ដាយ​អាច​គ្មាន​ពេលវេលា​ត្រៀម​រៀបចំ​ម្ហូបអាហារ​ដែលមាន​គុណ​ត​ម្លៃ​ខាង​ភោជនាហារ​គ្រប់គ្រាន់​សម្រាប់កូនៗ ទើប​ធ្វើឱ្យ​ត្រូវ​សម្លឹងមើល​អាហារ​សម្រេច ឬ​អាហារ​ឆ្អិន​ស្រាប់​កាន់តែ​ច្រើនឡើង ដែល​អាចធ្វើឱ្យ​ក្មេង​បានទទួល​សារជាតិ​អាហារ​ប្រភេទ​ខ្លះ​ច្រើន​ជ្រុល​ពេក ហុច​ផល​ឱ្យ​ក្មេង​កើតរោគ​ធាត់​បាន។

    គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​កុមារ​បាន​រៀបរាប់ថា បច្ចុប្បន្ន​មាន​សញ្ញា​ក្នុងការ​រកឃើញថា មាន​សភាវ​ធាត់​កើត​នៅលើ​កុមារ​កើនឡើង ដោយសារ​បច្ច័យ​ខាង​ផ្នែក​ពូជ​អំបូរ អ័រម៉ូន ទង្វើ​ក្នុង​ការរស់នៅការ​ញ៉ាំ​អាហារ​ដែល​មិន​ត្រឹមត្រូវ និង​ខ្វះ​ការហាត់​ប្រាណ ដែល​អាណាព្យាបាល​អាច​សង្កេត​បា​ន​ថាកូនៗមាន​សភាវ​ធាត់​ឬទេ​តាមរយៈ​ការសាកល្បង​ប្រៀបធៀប​ជាមួយ​ក្មេង​ក្នុង​វ័យ​ដូចគ្នា។

    បើ​រកឃើញថា កូន​ស្ថិតក្នុង​សភាវ​ប្រថុយ​នឹង​ការកើត​រោគ​ធាត់ យើង​ណែនាំ​ឱ្យ​កូន​នាំទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​វាយតម្លៃថា តើ​មាន​សភាវ​ជ្រៀតជ្រែក​ពី​រោគ​ធាត់​ហើយ​ឬ​នៅ? ដូចជា វាស់​សម្ពាធ​ឈាម ពិនិត្យ​ឈាម​ដើម្បី​មើល​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម ឬ​វាយតម្លៃថា មាន​អាកា​រគេង​ស្រមុក និង​ឈប់​ដកដង្ហើម​ខណៈ​គេង​លក់​ដែរឬទេ?

    ផល​អាក្រក់​ពី​ការ​ធាត់​តាំងពី​វ័យក្មេង​ខាង​ផ្នែក​រាងកាយ គឺ​ការបង្ក​ឱ្យ​កើតរោគ ដូចជា​រោគ​លើសឈាម រោគ​បេះដូង រោគ​ឆ្អឹង និង​សន្លាក់ និង​ផល​អាក្រក់​មួយផ្នែក​ទៀត​គឺ បាត់បង់​ភាព​ស្អាត​សង្ហា និង​ការ​ត្រូវ​សើចចំអក​ពី​សំណាក់​មិត្តភក្តិអាចធ្វើឱ្យ​ក្មេង​មាន​អារម្មណ៍​ថា​ ជា​ចំណុច​អាក្រក់​របស់ខ្លួន។ ទាំងអស់នេះ បើ​នៅ​មិនទាន់​រកឃើញ​សភាវ​ជ្រៀតជ្រែក​ពី​រោគផ្សេងៗទេនោះ រោគ​ធាត់​អាច​ការពារ​បាន​ដោយ​ការ​សាង​ទម្លាប់​និស្ស័យ​ស្រឡាញ់​សុខភាព​ក្នុងការ​ញ៉ាំ​ដែល​ល្អ​តាំងពីតូច។ ឪពុកម្ដាយ​អាចជួយ​សម្រក​ទម្ងន់​ដល់​កូន​បាន ដោយ​ការលើកទឹកចិត្ត​កូន កែសម្រួល​ទង្វើ​ការ​ញ៉ាំ​អាហារ មិន​ញ៉ាំ​អាហារ​ផ្អែម​ខ្លាំង ប្រៃ​ខ្លាំង ឬ​អាហារ​ដែលមាន​ខ្លាញ់​ច្រើន​ជ្រុល​ជាដើម។

    ក្រៅពីនេះ​នៅ​អាច​រួមគ្នា​ធ្វើ​កិច្ចការងារ​ក្នុង​ក្រុមគ្រួសារ​ ដើម្បីឱ្យ​កូន​បាន​ហាត់ប្រាណ ដូចជា​ការ​បោស​ជូត​សម្អាតផ្ទះ ការលេង​កីឡា ជាដើម។​ ទាំងអស់នេះ បើ​មនុស្ស​នៅក្នុង​គ្រួសារ​រួមចិត្ត​រួម​កាយ​គ្នា​កែសម្រួល​ទង្វើ​ក្នុង​រឿង​នៃ​ការ​ញ៉ាំ​អាហារ និង​ហាត់ប្រាណ​យ៉ាង​ជាប់លាប់ លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក នោះកូនៗដែល​អ្នក​ស្រឡាញ់​នឹង​ឃ្លាតឆ្ងាយ​ពី​រោគ​ធាត់ មាន​សុខ-​ភាពល្អ និង​រឹងប៉ឹង​បានជា​រៀងរហូត៕