Category: សុខភាព

  • គន្លឹះ​ថែទាំ​សុខភាព​ឱ្យ​ល្អ ដើម្បី​អាច​ដើរលេង​យ៉ាង​រីករាយ​ក្នុង​រដូវក្ដៅ

    គន្លឹះ​ថែទាំ​សុខភាព​ឱ្យ​ល្អ ដើម្បី​អាច​ដើរលេង​យ៉ាង​រីករាយ​ក្នុង​រដូវក្ដៅ

    នៅក្នុង​ឆ្នាំនេះ​ មេឃ​អាច​នឹង​ក្តៅ​ខ្លាំង​ អាច​ឡើង​ដល់​លើស40អង្សា​រសេ​ឯណោះ​។ បើ​ក្តៅ​ម្ល៉ឹង​ៗ អាច​ធ្វើ​ឱ្យ​អ្នក​ដែល​នៅ​ក្រោម​កម្ដៅថ្ងៃ​ពេល​ដើរលេង​ ឬទៅ​ណាម​កណា​ខ្យល់គ​ និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត​បាន​។ អ្នកខ្លះ​ប្រហែល​កំពុង​ត្រៀម​រៀបចំ​កាបូប​ធ្វើដំណើរ​ទៅដើរ​លេង​កម្សាន្ដ​នៅ​តាម​ទី​រួម​ខេ​ត្ត​ផ្សេង​ៗហើយ​មែនទេ​? តែ​មុននឹង​ទៅ​ ឡា​រ៉ែ​ន ចង់ឱ្យ​មិត្ត​អ្នកអាន​ត្រៀមខ្លួន​មើលថែ​ទាំ​សុខភាព​ខ្លួនឯង​បន្តិច​សិន​ ដើម្បី​ឱ្យ​ដំណើរ​កម្សាន្ត​របស់​អ្នក​ប្រព្រឹត្តទៅ​យ៉ាង​រីករាយ​ មិន​ឈឺថ្កាត់​ក្នុង​ពេល​ធ្វើដំណើរ​ ឬក៏​វេច​រោគ​គ្រុនផ្តាសាយ​ត្រឡប់មកវិញ​ហ្នឹងឯង​។ ខាងក្រោម​នេះ​ គឺជា​ពាក្យណែនាំ​របស់​លោកគ្រូពេទ្យ​ជំនាញ​ ដែល​បាន​ផ្តល់​ដំបូន្មាន​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ដូច​ខាងក្រោម​នេះ​។

    1- ព្យាយាម​នៅក្នុង​កន្លែង​ម្លប់​ឱ្យ​បាន​ច្រើន​
    កំពុង​ស្ថិតនៅ​ក្នុង​ខែ​ក្ដៅ​ខ្លាំង​បែបនេះ​ ហើយ​នៅ​តាម​កន្លែង​ដើរ​លេង​កម្សាន្ដ​គឺ​មិន​មាន​ម៉ាស៊ីន​ត្រជាក់​នោះ​ទេ​ មានតែ​ខ្យល់​កាស​ត្រជាក់​បក់​មក​តាម​បែប​ធម្មជាតិ​។ បើ​ក្ដៅ​ខ្លាំង​ អ្នក​ត្រូវ​ជ្រកនៅ​ក្នុង​ម្លប់​ឱ្យ​បាន​ច្រើន​ អាច​ជួយការ​ពារ​អ្នក​ពី​ជំ​ងឺ​ផ្សេង​ៗដែល​កើតឡើង​នៅ​ខែ​ក្តៅ​។

    2- ប្រើ​របស់​ត្រ​ជា​ក់ៗ​
    មាន​ផលិតផល​ត្រ​ជា​ក់ៗ​មួយចំនួន​ ដែល​អ្នក​អាច​រកបាន​នៅ​តាម​ទីផ្សារ​ ដូចជា​ កន្សែង​ត្រជាក់​ ម៉ាស​បិទមុខ​ និង​កន្សែង​រុំ​កជា​ដើម​ គឺ​សុទ្ធតែ​អាច​ជួយ​ទប់ទល់​នឹង​កម្ដៅថ្ងៃ​បាន​ទាំងអស់​។

    3- ទទួលទាន​ភេសជ្ជៈ​ត្រ​ជា​ក់ៗ​
    ចូល​ដល់​ខែ​ក្តៅ​ បាន​ទទួលទាន​ភេសជ្ជៈ​ត្រ​ជា​ក់ៗ​ជា​រឿង​សប្បាយចិត្ត​បំផុត​។ ហើយ​ការដែល​បាន​ទទួលទាន​ភេសជ្ជៈ​ត្រ​ជា​ក់ៗ​ អាច​ជួយ​ឱ្យ​អ្នក​អាច​ទប់ទល់​ជាមួយនឹង​កម្ដៅថ្ងៃ​ជា​បណ្ដោះអាសន្ន​បាន​។

    4- ហែលទឹក​
    ទៅដើរ​លេង​នៅកន្លែង​ដែល​មាន​ទឹក​អាច​ហែល​លេង​បាន​ គឺជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​អនុវត្ត​នៅ​ខែ​ក្ដៅ​ តែ​ដើម្បី​ការពារ​សុខភាព​របស់​អ្នក​ អ្នក​មិន​គួរ​ហែលទឹក​នៅ​ក្រោម​កម្ដៅថ្ងៃ​ខ្លាំង​នោះ​ទេ​។

    5- ប្រើ​កង្ហា​
    កង្ហា​អ្នក​អាចយ​កវា​តាម​ខ្លួន​បាន​ វា​អាច​ផ្ដល់​នូវ​ភាពត្រជាក់​ដល់​អ្នក​បាន​លឿន​ នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​ក្ដៅស្អុះ​ស្អាប់​។ ហើយ​យកល្អ​អ្នក​អាចយ​កកង្ហា​សាក​ថ្ម​តាម​ខ្លួន​ក៏បាន​ ព្រោះ​វា​មាន​ភាព​ងាយស្រួល​ និង​មាន​រូបរាង​តូច​ស្រួល​ដាក់​តាម​ខ្លួន​ នៅក្នុង​ដំណើរ​កម្សាន្ត​។

    6- ជ្រើសរើស​ស្លៀក​សម្លៀក​បំពាក់​ស្រាល​ៗ រលុង​ៗ
    សម្រាប់​ខែ​ក្ដៅ​អុីចឹង​ ពេល​ចេញទៅ​ខាងក្រៅ​អ្នក​គួរ​ស្លៀកពាក់​បែ​បរ​លុង​ៗ និង​ជ្រើសរើស​យក​សម្លៀកបំពាក់​ណា​ដែល​មានសាច់​ក្រណាត់​ស្រាល​ៗ ស្តើង​ៗបាន​ហើយ​ អាច​ជួយ​ឱ្យ​ខ្យល់​ចេញចូល​បាន​ល្អ​ ងាយស្រួល​ដកដង្ហើម​។ សម្លៀកបំពាក់​ដែល​ស័ក្តិសម​សម្រាប់​រដូវ​ក្តៅ​ គឺ​ធ្វើឡើង​ពី​កប្បាស​ សាច់​កំណាត់​ និង​សូត្រ​ជាដើម​។ក្នុងករណី​មាន​សំណួរ​ ឬមន្ទិលសង្ស័យ​ជុំវិញ​រឿង​សុខភាព​របស់​អ្នក​ ជម្រើស​ដ៏​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ មុន​ពេល​សម្រេចចិត្ត​ចេញទៅ​ដើរលេង​កម្សាន្ដ​នៅ​ទី​ឆ្ងាយ​៕

  • ទទួលទាន​ប្រេងដូង​ល្អ​ចំពោះ​សុខភាព​ដែរឬទេ?

    ទទួលទាន​ប្រេងដូង​ល្អ​ចំពោះ​សុខភាព​ដែរឬទេ?

    ប្រិយមិត្ត​អ្នកអាន​ប្រហែលជា​បាន​ជ្រាប​ខ្លះ​ហើយ​ថា​ ការ​ទទួលទាន​ប្រេងដូង​ផ្ដល់​នូវ​សុខភាព​ល្អ​ ប៉ុន្តែ​ប្រេងដូង​ជាទូទៅ​មិន​ត្រូវ​បាន​ណែនាំ​សម្រាប់​អ្នកមាន​បញ្ហា​សុខភាព​បេះដូង​នោះ​ទេ​។ សារធាតុ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ​ គឺជា​តិ​ខ្លាញ់​ឆ្អែត​។ ប្រេងដូង​ 82​% គឺ​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ 1 ស្លាបព្រា​ មាន​ខ្លាញ់​ឆ្អែត​ 12ក្រាម​ (14​ ក្រាម​ជាតិ​ខ្លាញ់​សរុប​)។ នៅពេល​កូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់​ អាច​ធ្វើ​ឱ្យ​អ្នកប្រឈម​នឹង​ជំងឺបេះដូង​។ ដើម្បី​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូល​ដ៏​អាក្រក់​នេះ​ អ្នក​គួរតែ​កំណត់​កម្រិត​នៃ​ការ​ទទួលទាន​ជាតិ​ខ្លាញ់​ឆ្អែត​ក្នុង​ប្រមាណ​តិច​ជាង​ 6% នៃ​កាឡូរី​ ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​ ឬអាច​ប្រមាណ​ជា12ក្រាម​នៃជា​តិ​ខ្លាញ់​ឆ្អែត​ក្នុង​មួយថ្ងៃ​ (របប​អាហារ​ 1800កាឡូរី​)។

    ប្រភេទ​ប្រេងសណ្តែកដី
    ប្រភេទ​ប្រេងសណ្តែកដី

    ប្រេងដូង​តាំងពីដើមមក​ ត្រូវ​បាន​ស្ត្រីជា​ច្រើន​និយម​ចូលចិត្ត​ប្រើ​ ទាំង​ក្នុង​ការថែទាំ​សម្ផស្ស​ និង​ចម្អិនម្ហូប​អាហារ​ ប៉ុន្តែ​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗនេះ​ បែរ​ជា​បង្ហាញថា​ ប្រភេទ​ប្រេង​នេះ​មិនល្អ​ចំពោះ​សុខភាព​នោះ​ទេ​។ អ្នកស្រាវជ្រាវ​របស់​អា​មេ​រិក​ថ្មី​ៗនេះ​ បានឱ្យ​ដឹង​អំពី​គ្រោះថ្នាក់​របស់​ប្រេងដូង​ចំពោះ​សុខភាព​ជាច្រើន​។ ជាតិ​ខ្លាញ់​ក្នុង​អាហារ​ និង​ជំងឺ​បេះដូង​បាន​វាស់​អត្រា​ជាតិ​ខ្លាញ់​ឆ្អែត​ក្នុង​ពពួក​ប្រេង​។ តាមរយៈ​ការស្រាវជ្រាវ​បង្ហាញថា​ ប្រេងដូង​ធ្វើ​ឱ្យ​កើន​អត្រា​ កូ​ឡេ​ស្តេ​រ៉ូ​លក្នុង​ឈាម​ ។ ជាក់ស្តែង​ ជាតិ​ខ្លាញ់​ឆ្អែត​មាននៅ​ក្នុង​ប្រេងដូង​ 82​% គឺ​ខ្ពស់​ជាង​ បើ​ប្រៀបធៀប​នឹង​ផ្លែ​ប៊័រ​ ដែល​មាន​ខ្លាញ់​ឆ្អែត​ 63​% សាច់គោ​មាន​ខ្លាញ់​ឆ្អែត​ 50​% និង​ខ្លាញ់ជ្រូក​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ 39​%។

    ប្រភេទ​ប្រេងអូលីវ
    ប្រភេទ​ប្រេងអូលីវ

    ប្រេង​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​បេះដូង​របស់​អ្នក​ គឺ​ប្រភេទ​ប្រេង​ Monounsaturated​ និង​ប្រេង​ polyunsaturated​ អ្នក​អាច​ប្រើ​ប្រេង​អូ​លីវ​សុទ្ធ​បន្ថែម​ (EVOO​)ក៏បាន​។ ការសិក្សា​មួយចំនួន​លើ​របប​អាហារ​បាន​បង្ហាញ​ពីអ​ត្ថ​ប្រយោជន៍​របស់​ប្រេង​ទាំងពីរ​នេះ​ចំពោះ​សុខភាព​បេះដូង​។ដើម្បី​បង្កើន​តម្លៃ​អាហារូបត្ថម្ភ​ និង​អត្ថ​ប្រយោជន៍​នៃ​វីតាមីន​ចូរ​ចៀសវាង​ការ​ចម្អិន​ប្រេង​នៅក្នុង​សីតុណ្ហភាព​ខ្ពស់​ លើស​ពី​ 375​ អង្សា​សេ​។ ប្រេង​ចម្រាញ់​មាន​ជាច្រើន​ទៀត​ដូចជា​ ប្រេងសណ្តែក​ដី​ និង​ប្រេង​ផ្កាឈូករ័ត្ន​ ក៏អាច​ប្រើ​បាន​ដែរ​ ប្រសិន​បើ​អ្នក​ត្រូវការ​ចម្អិន​ក្នុង​កម្ដៅ​ខ្ពស់​។ ការអនុវត្ត​តាម​គន្លឹះ​ទាំង​ប៉​ន្មា​នខា​ងលើ​នេះ​នឹង​ជួយ​អ្នក​ឱ្យ​ទទួល​បាន​នូវ​សារៈ​ប្រយោជន៍​ពី​ប្រភេទ​ប្រេង​ ដើម្បី​ផ្ដល់​ឱ្យ​បេះដូង​របស់​អ្នកមាន​សុខភាព​ល្អ​៕

    ប្រភេទ​ប្រេង​ផ្កាឈូករ័ត
    ប្រភេទ​ប្រេង​ផ្កាឈូករ័ត
  • ហេតុ​អី​បានជា​យើង​ចាក់ក្រឡេក​ខ្លួនឯង​មិន​រសើប?

    ហេតុ​អី​បានជា​យើង​ចាក់ក្រឡេក​ខ្លួនឯង​មិន​រសើប?

    ធ្លាប់​នឹក​ឆ្ងល់​ដែរ​ ឬទេ​ថា​ ហេតុ​អី​បាន​ពេល​យើង​ប៉ះ​ខ្លួនឯង​ មាន​អារម្មណ៍​មិន​ដូច​អ្នក​ផ្សេង​គេ​ប៉ះ​យើង​? នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​សប្បាយ​ស្រួលខ្លួន​នៅពេល​មាន​អ្នក​មក​ធ្វើ​ម៉ាស្សា​ច្របាច់​ឱ្យ​យើង​ និង​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​យើង​មិន​អាច​រសើប​ដោយខ្លួនឯង​បាន​។

    Rebecca​ Bohme​ អ្នក​ប្រព័ន្ធ​ប្រសាទ​វិទ្យា​នៃ​មហាវិទ្យាល័យ​ Linkoping​ ក្នុង​ប្រទេស​ស៊ុយ​អែដ​ បាន​បញ្ជាក់​ថា​ “នៅពេល​យើង​ប៉ះពាល់​ខ្លួនឯង​ អវយវៈ​ជាច្រើន​ផ្នែក​របស់​រាងកាយ​យើង​នឹង​បន្ថយ​កិច្ចការ​ងារ​ផ្សេង​ៗដែល​កំពុង​ធ្វើ​”។
    ខណៈ​ពេល​ជាមួយគ្នា​ ការ​ប៉ះពាល់​ពី​អ្នកដទៃ​ជា​ការ​ធ្វើ​ឱ្យ​ខួរក្បាល​របស់​យើង​ជំរុញ​ប្រព័ន្ធ​ប្រសាទ​ប៉ះពាល់​របស់​យើង​ខ្លាំង​ជាង​។
    ការ​ប៉ះពាល់​ពី​អ្នកដទៃ​ ប្រៀប​ដូចជា​ការ​ទំនាក់ទំនង​គ្នា​រវាង​យើង​ជាមួយ​អ្នក​ម្ខាងទៀត​ មិនថា​ការ​ទាមទារ​ចំណាប់​អារម្មណ៍​ ផ្ដល់​ការ​គាំទ្រ​ ឬជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​ទេ​ ការ​ប៉ះពាល់​នី​មួយ​ៗសុទ្ធតែ​មាន​ភាព​ពិសេស​ ដែល​ប្រព័ន្ធ​ប្រសាទ​ប៉ះពាល់​របស់​យើង​អាច​ញែក​បាន​យ៉ាង​លម្អិត​ ដូច្នេះហើយ​ទើប​ខួរក្បាល​របស់​យើង​អាច​កាត់បន្ថយ​ការ​ផ្ដល់​ភាព​សំខាន់​ជាមួយ​ការ​ប៉ះពាល់​ពី​យើង​ខ្លួនឯង​បាន​នោះ​។
    “ទោះបីជា​មានការ​ប៉ះពាល់​ពី​អ្នកដទៃ​នៅ​ក្នុង​ចំណុច​តែមួយ​ ក្នុង​លក្ខណៈ​ដូចគ្នា​ តែ​ខួរក្បាល​អាច​ញែក​ដាច់​បាន​យ៉ាង​លម្អិត​ថា​ ការ​ប៉ះពាល់​នី​មួយ​ៗខុសប្លែក​ពីគ្នា​ ឬការ​ប៉ះពាល់​ណា​សំខាន់​ជាង​ ដោយ​ខួរក្បាល​នឹង​ផ្ដល់​ភាព​សំខាន់​ជាមួយ​ការ​ប៉ះពាល់​ពី​អ្នកដទៃ​ខ្លាំង​ជាង​ការ​ប៉ះពាល់​ពី​ខ្លួនឯង​”។
    ខួរក្បាល​ និង​ការ​ចាក់ក្រឡេក​ខ្លួនឯង​
    ខណៈ​ពេល​ជាមួយគ្នា​ នៅពេល​ខួរក្បាល​ជា​អ្នកបញ្ជា​ថា​ ការ​ប៉ះពាល់​ណា​ដែល​សំខាន់​តិច​ សំខាន់​ខ្លាំង​នោះ​ តើ​ពេល​ខួរក្បាល​មិន​ប្រក្រតី​ ដូច​ជា​អ្នក​កើតជំងឺ​វិកលចរិត​(ឆ្កួត​) តើ​គេ​អាច​ចាក់ក្រឡេក​ខ្លួនឯង​ឱ្យ​រសើប​បានសម្រេច​ឬទេ​? តាមរយៈ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​រក​ឃើញថា​ អ្នកជំងឺ​ដែល​មាន​បញ្ហា​ខាង​ការ​ធ្វើការងារ​របស់​ខួរក្បាល​(ឆ្កួត​ ឬឡប់ស្មារតី​) អាច​ចាក់ក្រឡេក​ខ្លួនឯង​ឱ្យ​រសើប​បាន​ ព្រោះ​ខួរក្បាល​មិន​អាច​ញែក​ភាព​សំខាន់​របស់​ការ​ប៉ះ​ពាល់​ម្ដង​ៗនោះ​បាន​ឡើយ​ រួម​ទាំង​រូបភាព​ស្រមើ​ស្រ​មៃ​ផ្សេង​ៗដែល​អ្នកជំងឺ​វិកលចរិត​បានឃើញ​ បានដឹង​ រហូត​ដល់​មិន​អាច​ញែក​ដាច់​រវាង​រឿង​ដែល​នឹក​ឡើង​ដោយឯកឯង​ និង​រឿង​ដែល​កើតឡើង​ពិត​បាន​ទៀតផង​។
    ទោះជា​យើង​មិន​អាច​ចាក់ក្រឡេក​ខ្លួនឯង​ឱ្យ​រសើប​បាន​ក៏ដោយ​ តែ​យើង​អាច​បាន​ទទួលការ​ប៉ះពាល់​ពី​អ្នកដទៃ​បាន​ និង​មាន​អារម្មណ៍​ពិសេស​ខ្លាំង​ជាង​ការ​ប៉ះពាល់​ខ្លួនឯង​ទៅទៀត​ មិនថា​តែ​ការ​ចាប់ដៃ​ ឱប​ អង្អែល​ក្បាល​ឡើយ​… ដូច្នេះ​ កុំ​ភ្លេច​ផ្ដល់​ការ​ប៉ះពាល់​ដ៏​សែន​ពិសេស​ទាំងនេះ​ទៅ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ផង​ណា៎​៕

  • ទទួលទាន​ទឹកក្រូច​ស្រស់​លើស​បរិមាណ អាច​នាំទុក្ខ​ទោស​ដល់​សុខភាព

    ទទួលទាន​ទឹកក្រូច​ស្រស់​លើស​បរិមាណ អាច​នាំទុក្ខ​ទោស​ដល់​សុខភាព

    ដូចដែល​បាន​ជ្រាប​ហើយ​ថា​ ទឹកក្រូច​ច្របាច់​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​សម្រាប់​ទទួលទាន​ជា​មួយ​អាហារ​ពេលព្រឹក​ ព្រោះ​រាល់​ប្រភេទ​នៃ​ទឹកក្រូច​ច្របាច់1កែវ​ មាន​ផ្ទុក​នូវ​កាឡូរី​ជាង100កាឡូរី​។ ដោយសារតែ​ផ្លែឈើ​នេះ​មានប្រយោជន៍​ដល់​សុខភាព​ បច្ចុប្បន្ន​គេ​សង្កេតឃើញ​ថា​ របរ​លក់​ផ្លែក្រូច​ពោធិ៍សាត់​ និង​ទឹកក្រូច​ច្របាច់​ស្រស់​ៗ ត្រូវ​បាន​លក់​នៅ​តាមផ្លូវ​ ឬតាម​ទី​សាធារណៈ​ជាច្រើន​។

    ភាគច្រើន​នៃ​គុណសម្បត្តិ​របស់​ទឹកក្រូច​ច្របាច់​ចំពោះ​សុខភាព​ គឺ​ដោយសារតែ​វា​មាន​ផ្ទុក​នូវ​កម្រិត​ដ៏​ខ្ពស់​នៃ​វីតាមីនC​។ វីតាមីន​នេះ​ គឺ​ល្អ​ចំពោះ​ការបង្កើត​ឡើង​នូវ​ជាតិ​កូឡា​ជែន​ ដែល​ជា​ប្រូ​តេ​អុីន​ម្យ៉ាង​ដែល​រាងកាយ​យើង​ត្រូវការ​ដើម្បី​បង្កើត​សរសៃចំណងឆ្អឹង​ សរសៃឈាម​ ស្បែក​ និង​សរសៃពួរ​សាច់ដុំ​។ វា​ក៏​ជួយ​ផង​ដែរ​ ក្នុង​ការ​បង្ការ​នូវ​ការបំផ្លាញ​របស់​កោសិកា​សេរី​ ដែល​អាច​ធ្វើ​ឱ្យ​យើង​ចាស់​មុន​អាយុ​ ប្រឈម​នឹង​ជំងឺមហារីក​ជាក់លាក់​មួយចំនួន​ និង​ការពារ​នូវ​ជំងឺ​សរសៃឈាម​បេះដូង​បាន​ផង​ដែរ​។ ក៏ប៉ុន្ដែ​ ការ​ទទួលទាន​ទឹក​ភេសជ្ជៈ​នេះ​ជា​រៀងរាល់ថ្ងៃ​ និង​លើស​បរិមាណ​ដែល​រាងកាយ​ទទួលយក​បាន​នោះ​ វា​បាន​ប្រែក្លាយ​ទៅជា​នាំទុក្ខ​ទោស​ដល់​សុខភាព​របស់​យើង​ទៅវិញ​ទេ​។
    គេហទំព័រ​សុខភាព​មួយ​បាន​ផ្សាយ​ថា​ ម្លាប់​នៃ​ការ​ទទួលទានទឹក​ក្រូច​ច្របាច់​ប្រចាំថ្ងៃ​ គឺ​បាន​បន្ថែម​នូវ​ថាមពល​ដល់​រាងកាយ​ តែបើ​លោកអ្នក​តែងតែ​មើល​រំលង​ និង​មិនបាន​ជ្រាប​ថា​ ភេសជ្ជ​:ប្រភេទ​នេះ​ងាយ​ប្រឈម​នឹង​រោគ​រលាក​សន្លាក់​និង​គួរតែ​ប្រុងប្រយ័ត្ន​ក្នុង​កម្រិត​ណា​នោះ​ អ្នក​នឹង​ធ្លាក់ខ្លួន​ឈឺ​ មិន​ស្រួលខ្លួន​ដោយ​មិនដឹង​ពី​មូលហេតុ​ទៅវិញ​។ លទ្ធផល​ពិសោធ​បានឱ្យ​ដឹង​ថា​ អ្នកទទួល​ទាន​ទឹកក្រូច​ច្របាច់1កែវ​ក្នុង1ថ្ងៃ​ អាច​មាន​អត្រា​ប្រឈម​នឹង​រោគ​រលាក​សន្លាក់​ដល់​ទៅ41​%ឯណោះ​។
    បើ​ទោះបីជា​ទឹកក្រូច​ច្របាច់​ គឺ​ពិតជា​ជំនួយ​ដល់​កម្លាំង​ និង​បំប៉ន​ស្បែក​ក្តី​ ក៏ប៉ុន្តែ​វា​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ​ ដែល​ចូល​ទៅ​សន្សំទុក​នៅក្នុង​រាងកាយ​របស់​អ្នក​ ហើយ​វា​នឹង​បំ​លែង​ទៅជា​អាស៊ីត​យូ​រិក​ ទៅ​បំផ្លាញ​គ្រាប់​ឈាម​ ដែល​រត់​ទៅ​ចិញ្ចឹម​សន្លាក់ឆ្អឹង​ នឹងជា​ចុងក្រោយ​ អាច​បណ្តាល​ឱ្យ​ហើម​ឬរលាក​សន្លាក់ឆ្អឹង​បាន​យ៉ាង​ងាយ​។ ចំពោះ​ទឹកក្រូច​កំប៉ុង​ ឬដប​វិញ​ ក៏​បណ្តាល​ឱ្យ​ឆាប់​ប្រឈម​នឹង​រោគ​ខាងលើ​នេះ​បំផុត​ផង​ដែរ​ ព្រោះ​នៅក្នុង​ភេសជ្ជៈ​ប្រភេទ​នេះ​ មាន​ជាតិ​ស្ករ​កម្រិតខ្ពស់​ និង​មាន​អាស៊ីត​កាត់​ក្រពះ​ទៀតផង​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ អ្នកទទួល​ទាន​ទឹកក្រូច​ច្របាច់​ជា​រៀងរាល់ថ្ងៃ​ អត្រា​ប្រឈម​នឹង​រោគ​រលាក​សន្លាក់​មាន​រហូត​ដល់ទៅ70​%ឯណោះ​៕

  • អាការ​ប្រតិកម្ម​ចាញ់​ញើស និង​វិធី​ការពារ​ហានិភ័យ​នៃ​ជំងឺ​ស្បែក

    អាការ​ប្រតិកម្ម​ចាញ់​ញើស និង​វិធី​ការពារ​ហានិភ័យ​នៃ​ជំងឺ​ស្បែក

    អាការ​ប្រតិកម្ម​ចាញ់​ញើស​ គឺជា​អាការ​ជំងឺ​នៃ​រោគ​សើស្បែក​ ដែល​បាន​បង្ហាញ​រោគសញ្ញា​ចេញ​មក​ឱ្យ​ឃើញ​នៅក្នុង​សភាព​ដូចជា​ ឡើង​កន្ទួល​ ពងបែក​ រមាស់​ និង​មាន​ផ្ទាំង​កន្ទួល​ក្រហម​ដូច​នៅ​លើ​រាងកាយ​។ វា​កើតឡើង​បាន​ដោយសារ​បញ្ហា​នៃ​ការហាត់ប្រាណ​ ការ​ធ្វើការ​ក្រោម​កម្ដៅថ្ងៃ​ខ្លាំង​ ដែល​បង្ក​ឱ្យ​កើតមាន​បញ្ហា​នៅ​លើ​ស្បែក​នៅពេល​ដែល​រាងកាយ​របស់​អ្នក​បែកញើស​ខ្លាំង​។

    បើ​តាម​គ្រូពេទ្យ​ជំនាញ​បានឱ្យ​ដឹង​ថា​ អាការ​ប្រតិកម្ម​ចាញ់​ញើស​ គឺជា​អាការរោគ​សើស្បែក​មួយ​ប្រភេទ​ ដែល​អាច​កើត​ចេញពី​បញ្ហា​តំណពូជ​ និង​ពាក់ព័ន្ធ​ជាមួយ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ ដែល​ហុច​ផល​ឱ្យ​រាងកាយ​មាន​សភាព​ខុសប្រក្រតី​ ដូចជា​ ក្ដៅខ្លួន​ខណៈ​ពេល​ដែល​ញើស​បញ្ចេញ​មក​ច្រើន​ ធ្វើ​ឱ្យ​ក្រពេញ​ញើស​ងាយ​បញ្ចេញ​ញើស​មក​ក្រៅ​ ធ្វើ​ឱ្យ​បរិវេណ​រន្ធញើស​បញ្ចេញ​ញើស​ច្រើន​ និង​កើត​អាការ​រមាស់​ ពងបែក​ និង​ឡើង​កន្ទួល​ ឬមាន​កន្ទួល​ជា​បន្ទះ​ពណ៌ក្រហម​ជាដើម​។ អ្នកជំងឺ​ដែល​កើត​អាការរោគ​ប្រភេទ​នេះ​ អាច​នឹង​មាន​រោគសញ្ញា​គួរ​ឱ្យ​កត់សម្គាល់​មួយចំនួន​ ដែល​កើតឡើង​នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ ឬឆ្លង​ពី​សមាជិក​ក្នុង​គ្រួសារ​ដែល​មាន​រោគសញ្ញា​ពី​ជំងឺ​ដូចជា​ គ្រុនផ្ដាសាយ​ធំ​ គ្រុន​ប្រតិកម្ម​ទឹកភ្លៀង​ ឬលំអង​ទឹកភ្លៀង​ ជំងឺហឺត​ រហូត​ធ្វើ​ឱ្យ​អ្នកជំងឺ​កើតមាន​បញ្ហា​ផ្នែក​បន្ទោបង់​ មាន​ប្រតិកម្ម​ស្បែក​នៅពេល​ហាត់ប្រាណ​ និង​ធ្វើការ​ក្រោម​កម្ដៅថ្ងៃ​ខ្លាំង​។
    គ្រូពេទ្យ​ជំនាញ​បាន​ប្រាប់​បន្ដ​ទៀត​ថា​ អាការ​ប្រតិកម្ម​ចាញ់​ញើស​ ក៏​មាន​រោគសញ្ញា​ដែល​អាច​កត់សម្គាល់​បាន​យ៉ាង​ងាយ​បំផុត​មួយទៀត​គឺ​ ស្បែក​ឡើង​កន្ទួល​រមាស់​ពេញ​រាងកាយ​។
    ចំពោះ​កុមារ​អាយុ​ពី2ខែ​ ទៅ2ឆ្នាំ​ តែង​កើតមាន​កន្ទួល​រមាស់​លើ​ស្បែក​ផ្នែក​បរិវេណ​ថ្ពាល់​ ស្បែក​មុខ​ ដែល​ជា​បរិវេណ​ស្បែក​មាន​សភាព​ខ្ចី​ ហើយ​ធ្វើ​ឱ្យ​ស្បែក​កុមារ​ឡើងក្រហម​តែម្ដង​។ កុមារ​ ឬទារក​ខ្លះ​ មានស្នាម​ពង​គ្រាប់​ពណ៌ស​ជា​ខ្សែ​ៗ ដាម​នៅ​លើ​ស្បែក​ត្រង់​បរិវេណ​ក្បែរ​ប្រអប់មាត់​ ដែល​ភាគ​ច្រើន​ហៅថា​ “ចាញ់​ទឹកដោះ​ ឬស្រែង​ទឹកដោះ​”​។ចៀសវាង​ការ​ព្យាបាល​ដោយខ្លួនឯង​ ឬប្រើ​វិធីសាស្ត្រ​តាម​ទំនៀម​ទំ​លាប់​នៅផ្ទះ​ ព្រោះ​អាច​កាន់​តែ​ហុច​ផល​អាក្រក់​ដល់​ក្មេង​ថែមទៀត​។ គប្បី​នាំ​កុមារ​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ធ្វើការ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​។
    ចំពោះ​កុមារ​អាយុ​ 4ឆ្នាំ​ ទៅ10ឆ្នាំ​ តែង​កើតមាន​ស្នាមរលាក​នៅ​តាម​បរិវេណ​គន្លាក់ដៃ​ជើង​និង​កែងដៃ​ ព្រមទាំង​ជង្គង់​ ដែល​ខ្លះ​មាន​សភាព​ជា​លក្ខណៈ​រោល​រមាស់​ ខ្លះ​ឡើង​បន្ទះ​កន្ទួល​ៗ និង​មាន​ពងបែក​។ អាការ​បែបនេះ​ បាន​ធ្វើ​ឱ្យ​ស្បែក​កុមារ​រមាស់​ខ្លះ​ ហើយ​កាលណា​កាន់តែ​កេះ​ ឬអេះ​វា​ នោះ​វា​កាន់តែ​ធ្វើ​ឱ្យ​ស្បែក​រោល​រលាក​កាន់តែ​ខ្លាំង​ឡើង​។ អ្នក​គួរតែ​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​សើស្បែក​ ដើម្បី​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​ និង​បាន​ទាន់ពេល​វេលា​។ ចំពោះ​កុមារ​អាយុ12ឆ្នាំ​ឡើង​ទៅ​ ភាគច្រើន​គឺ​មាន​អាការ​ស្បែក​ស្ងួត​ រលាក​ ហើយ​រមាស់​ មាន​កន្ទួល​នៅ​លើ​រន្ធ​រោម​ ឡើង​គ្រាប់​ៗពណ៌ខ្មៅ​លើ​រន្ធ​រោម​ដែល​មិន​រមាស់​ តែ​ក្រហាយ​ស្បែក​ ហើយ​ស្បែក​ភាយ​កម្ដៅ​តិច​ៗ។ អាការ​ទាំងអស់​នេះ​អាច​ព្យាបាល​ជាសះស្បើយ​ និង​មិន​ឆ្លង​ទៅកាន់​មនុស្ស​ធំ​បាន​ឡើយ​ តែ​អាច​ចម្លង​ទៅកាន់​ទារក​ ឬក្មេង​ដូចគ្នា​បាន​។
    បើ​ទោះជាយ៉ាងណា​ក៏ដោយ​ យើង​អាច​ការពារ​ស្បែក​ និង​កាត់បន្ថយ​ភាព​គ្រោះថ្នាក់​នៃ​ជំងឺ​នេះ​បាន​ ដោយ​អនុវត្ត​តាមវិធី​សា​ស្ដ្រមួយ​ចំនួន​ដូច​ខាងក្រោម​នេះ​៖
    1. ចៀសវាង​ពី​អាកាសធាតុ​ ឬបរិយាកាស​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ អ្នក​អាច​កាត់បន្ថយ​កម្តៅ​ និង​ការ​បែកញើស​ដោយ​ងូតទឹក​ ឬនៅ​ក្នុង​បន្ទប់​ ហើយ​បើក​ម៉ាស៊ីន​ត្រជាក់​ឱ្យ​ត្រជាក់​ខ្លាំង​។
    2. មិន​គួរ​គិត​ច្រើន​ ដែល​បណ្ដាល​ឱ្យ​សម្រាក​មិន​គ្រប់គ្រាន់​ ជាហេតុ​ធ្វើ​ឱ្យ​ស្បែក​ងាយ​ប្រតិកម្ម​ខុសប្រក្រតី​។
    3. សម្អាត​កន្លែង​គេ​ និង​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​ ដូចជា​ ភួយ​ ខ្នើយ​ កន្ទេល​ ពូក​ ម៉ុង​ ដោយ​ការ​សម្លាប់​មេរោគ​។
    4. ឧស្សាហ៍​ងូតទឹក​សម្អាត​រាងកាយ​ជាប្រចាំ​ ខណៈ​ពេល​ដែល​បែកញើស​ខ្លាំង​ ឬប្រើ​កន្សែង​ស្អាត​ជ្រលក់​ទឹក​ជូត​ខ្លួន​សម្អាត​ញើស​ចេញពី​រាងកាយ​ជាដើម​។
    5. លាបថ្នាំ​ព្យាបាល​អាការ​រមាស់​ តាម​វេជ្ជបញ្ជា​ឱ្យ​បាន​ទៀងពេល​ ឬទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សើស្បែក​។ ប្រសិនបើ​មាន​អាការ​រមាស់​ខ្លាំង​មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ដោយខ្លួនឯង​នោះ​ទេ​ ជាពិសេស​ នៅពេល​សម្គាល់​ឃើញថា​ ស្បែក​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ ត្រូវ​ប្រញាប់​សួរ​គ្រូពេទ្យ​ ដើម្បី​ប្ដូរ​ថ្នាំ​ជាបន្ទាន់​៕

  • ទទួលទាន​ស្ករ​សូកូឡា ដើម្បី​សុខភាព​បេះដូង​រឹងមាំ

    ទទួលទាន​ស្ករ​សូកូឡា ដើម្បី​សុខភាព​បេះដូង​រឹងមាំ

    ក្រុម​អ្នក​វិទ្យា​សា​ស្ដ្រជាច្រើន​បាន​អះអាង​ថា​ ការ​ទទួលទាន​ស្ករ​សូកូឡា​អាច​ជួយ​កាត់បន្ថយ​ជំងឺបេះដូង​ និង​ជួយ​ឱ្យ​ប្រព័ន្ធ​ខួរក្បាល​ដំណើរការ​បាន​ល្អ​។ បើ​យោង​តាម​ទិន្នន័យ​សុខភាព​នៅ​តំបន់​ប្រទេស​ដែល​មាន​អាកាសធាតុ​ត្រជាក់​ ទទួល​បាន​ពី​ការស្រាវជ្រាវ​ទៅលើ​អ្នកជំងឺ​បេះដូង​មួយ​ក្រុម​បង្ហាញថា​ ការ​ទទួលទាន​ស្ករ​សូកូឡា​អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈមមុខនឹង​ជំងឺបេះដូង​ និង​បញ្ហា​ប្រព័ន្ធ​ខួរក្បាល​ប្រហែលជា70​%។ តាម​មាត្រដ្ឋាន​ស្ករ​សូកូឡា100​ ក្រាម​មាន​សារធាតុ​កាកាវ​ 70​% – 85​% ជួយ​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​មាន​លក្ខណៈ​ធម្មតា​ ប្រឆាំង​នឹង​ការ​រលាក​ និង​ឈាមកក​បាន​។

    វគួរញ៉ាំ1ប្រអប់ក្នុង1សប្ដាហ៍​
    វគួរញ៉ាំ1ប្រអប់ក្នុង1សប្ដាហ៍​

    ​យ៉ាងណាមិញ​លទ្ធផល​ពិសោធ​ក៏បាន​បង្ហាញ​ទៀត​ថា​ អ្នក​ដែល​បាន​ទទួលទាន​ស្ករ​សូកូឡា​មួយ​ប្រអប់​អាច​កាត់បន្ថយ​ការ​ប្រឈមមុខនឹង​ជំងឺបេះដូង​បាន37​% និង​បញ្ហា​ប្រព័ន្ធ​ខួរក្បាល​បាន29​% បើ​ប្រៀបធៀប​ទៅ​នឹង​អ្នកទទួល​ទាន​ស្ករ​សូកូឡា​ចំនួន​តិចតួច​បំផុត​ និង​អ្នក​ដែល​មិនបាន​ទទួលទាន​សោះ​។ អ្នកជំនាញ​ខាង​បញ្ហា​សុខភាព​បេះដូង​ពិភពលោក​បាន​អះអាង​ថា​ “យើង​ត្រូវតែ​បន្ត​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ ដើម្បី​បញ្ជាក់​ឱ្យ​បាន​កាន់តែ​ច្បាស់​ពី​ប្រសិទ្ធភាព​នៃ​ការ​ការពារ​របស់​ស្ករ​សូកូឡា​ចំពោះ​សុខភាព​របស់​មនុស្ស​។ ក្នុង​ការ​ពិសោធ​នោះ​ដែរ​ ក្រុម​វិទ្យាសាស្ត្រ​បានឱ្យ​អ្នកមាន​បញ្ហា​ចង្វាក់​បេះដូង​ដើរ​ញាប់​ និង​មិន​ទៀងទាត់​ ឱ្យ​ទទួលទាន​ស្ករ​សូកូឡា​ពណ៌ខ្មៅ​ ដើម្បី​សង្កេត​ពី​ការ​ជួយ​ពង្រឹង​ចលនា​សម្ពាធ​ឈាម​ក្នុង​បេះដូង​។ ជា​លទ្ធ​ផល​គេ​ទទួល​បាន​ប្រសិទ្ធភាព​របស់​ស្ករ​សូកូឡា​ក្នុង​ជួយការ​ពារ​ជំងឺបេះដូង​បាន​ពិតមែន​។ ទោះបីជា​វា​អាច​ជួយ​សុខភាព​បាន​ពិតប្រាកដ​មែន​ក៏ដោយ​ ប៉ុន្តែ​លោកអ្នក​មិន​គួរ​ទទួលទាន​វា​ក្នុង​ចំនួន​ដ៏​ច្រើនលើស​លប់​ពេក​នោះ​ទេ​ ពីព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ផ្សេង​ៗបាន​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បាន​បញ្ជាក់​ថា​ អ្នក​អាច​ទទួលទាន​សូកូឡា​ក្នុង​បរិមាណ​ 30ក្រាម​ក្នុង​មួយថ្ងៃ​ និង​មួយ​ប្រអប់​ក្នុងរយៈពេល​មួយ​សប្ដាហ៍​តែប៉ុណ្ណោះ​។ ហើយ​ចំពោះ​ក្រុម​អ្នកជំងឺ​បេះដូង​ដែល​មាន​អាយុ​ចន្លោះ​ពី50ឆ្នាំ​ ទៅ60ឆ្នាំ​ មិន​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​ទទួលទាន​ក្នុង​បរិមាណ​ច្រើន​នោះ​ទេ​។មួយវិញទៀត​ ស្ករ​សូកូឡា​ក៏​មាន​ផ្ទុក​នូវ​សារធាតុ​សរីរាង្គ​ជាច្រើន​ ដែល​តួនាទី​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផង​ដែរ​។ មិន​តែប៉ុណ្ណោះ​មាន​រួមបញ្ចូល​ទាំង​សារធាតុ​ Polyphenols​ ,សារធាតុFlavonoids​, សារធាតុ​ Catechins​ ក្នុង​នោះ​ទៀតផង​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ Flavonoids​ នៅ​ក្នុង​ស្ករ​សូកូឡា​អាច​ជំរុញ​ endothelium​ ដែល​ជា​ស្រទាប់​ខាងក្នុង​ នៃ​សរសៃឈាម​អា​ទែរ​ ដើម្បី​ផលិត​ Nitric​ Oxide​ (NO​) ដែល​ជា​ឧស្ម័ន​ម្យ៉ាង​។មុខងារ​នៃ​ NO​ គឺ​បញ្ជូន​ព័ត៌មាន​ទៅ​ក្នុង​សរសៃឈាម​ដែល​ទប់ទល់​ និង​ចលនា​របស់​ឈាម​កុំឱ្យ​ដើរលឿន​ហួស​កម្រិត​ និង​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​។ដូច្នេះហើយ​បាន​ជា​ ស្ករ​សូកូឡា​មាន​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ចិញ្ចឹម​ ដែល​អាច​ជួយ​ឱ្យ​អ្នកមាន​សុខភាព​ល្អ​ បើ​មានការ​ទទួលទាន​បាន​ត្រឹមត្រូវ​។ព្រោះ​បាន​ផលិត​ចេញពី​គ្រាប់ធញ្ញជាតិ​របស់​ដើម​កាកាវ​ ហើយ​មាន​ផ្ទុក​នូវ​ជាតិ​ស្ករ​តិច​បំផុត​ ដែល​អាច​ជួយ​បំប៉ន​ដល់​សុខភាព​របស់​អ្នក​ និង​កាត់បន្ថយ​ដល់​ការ​កើតមាន​នូវ​ជំងឺបេះដូង​បាន​យ៉ាង​ពិតប្រាកដ​៕

  • ចេះតែ​អស់កម្លាំង​ល្ហិតល្ហៃ​តើ​អ្នក​បាន​បណ្ដេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​ហើយ​ឬនៅ​?

    ចេះតែ​អស់កម្លាំង​ល្ហិតល្ហៃ​តើ​អ្នក​បាន​បណ្ដេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​ហើយ​ឬនៅ​?

    ធាតុ​ពិត​អ្នក​ចង់ឱ្យ​រាងកាយ​គ្មាន​ជាតិពុល​ ប៉ុន្តែ​ភ័យខ្លាច​មិនដឹង​ថា​ ត្រូវ​កម្ចាត់​ជាតិពុល​ពី​ក្នុង​រាងកាយ​បាន​ដោយ​វិធី​ណា​ ទាំង​បានដឹង​ខ្លួន​ហើយ​ថា​ រវល់​ជាមួយ​ការងារ​ច្រើន​សឹងតែ​រក​ពេលទំនេរ​គ្មានសោះ​។ ក្រៅពី​ការហាត់ប្រាណ​ មាន​អ្នកខ្លះ​ព្យាយាម​ក្នុង​ការ​ទទួលទានទឹក​ភេសជ្ជៈ​ ឬទឹក​ផ្លែឈើ​ ដែល​ខ្លួន​គិតថា​ វា​អាច​ជួយ​បណ្ដេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​ តែ​អ្នក​ភ្លេច​គិតថា​ វា​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ជាពិសេស​គឺ​ ក្រពះ​ និង​ពោះវៀន​។

    មនុស្ស​ស្ទើរគ្រប់​រូប​ សុទ្ធតែ​មាន​ផ្ទុក​នូវ​ជាតិពុល​ក្នុង​ខ្លួន​ ជាតិពុល​ដែល​មាននៅ​ក្នុង​អាហារ​ និង​គ្រឿងស្រវឹង​ទាំងនោះ​ បណ្តាល​មក​ពីក​ត្តា​មួយចំនួន​ ដែល​តែងតែ​មើល​រំលង​ដូចជា​ ទឹក​ ចំណីអាហារ​សម្រេច​ ឬអាហារ​កំប៉ុង​ និង​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​ផង​ដែរ​។ ការប្រើ​ប្រាស់​សារធាតុគីមី​ ដើម្បី​ថែរក្សា​ចំណីអាហារ​ទុក​បាន​យូរ​ ឬឆាប់​ទទួល​បានផល​ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ និង​បង្ក​ជាតិពុល​នៅក្នុង​រាងកាយ​ផង​ដែរ​។ បញ្ហា​ទាំងនេះ​ គឺជា​កង្វល់​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​លើ​ពិភពលោក​ ដែល​កំពុងតែ​ជួបប្រទះ​ វា​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​មនុស្ស​ ធ្វើ​ឱ្យ​សុខភាព​ចុះ​ខ្សោយ​ ឆាប់​ឈឺ​ និង​មាន​សុខភាព​មិនល្អ​។ នៅក្នុង​ថ្ងៃនេះ​ ទស្សនាវដ្ដី​ ឡា​រ៉ែ​ន សូម​ណែនាំ​អ្នក​ឱ្យ​សាកល្បង​វិធី​សា​ស្រ្តងាយ​ៗមួយចំនួន​ ដែល​មានប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ ព្យាបាល​ និង​កម្ចាត់​ជាតិពុល​ចេញពី​ក្នុង​ខ្លួនមនុស្ស​ បាន​យ៉ាង​ឆាប់រហ័ស​។

    1. ខ្ពុរមាត់​ជាមួយ​ប្រេង​
    ស្ដាប់​មើលទៅដូចជា​រាង​ប្លែក​បន្តិច​ ប៉ុន្តែ​ការពិត​នោះ​គឺថា​ ការ​ខ្ពុរមាត់​ជាមួយនឹង​ប្រេង​ ដូចជា​ ប្រេងល្ង​ ប្រេងដូង​ ឬប្រេង​អូ​លីវ​ជាដើម​ អាច​ជួយ​រុញច្រាន​ ឬបណ្ដេញ​ពពួក​បាក់តេរី​ចេញពី​ក្នុង​ប្រអប់មាត់​របស់​អ្នក​ ដែល​អ្នក​កំពុង​ជួប​បញ្ហា​ក្លិន​មាត់​មិនល្អ​។ ក្នុង​អំ​ទ្បុង​ពេល​អ្នក​ក្រោកពីដំណេក​ សូម​ប្រើ​ប្រេង​ខ្ពុរមាត់​ចំនួន​មួយ​ស្លាបព្រាបាយ​ដាក់​ចូល​ទៅ​ក្នុង​មាត់​ បន្ទាប់​មក​សឹម​ដុស​សម្អាត​ធ្មេញ​តាមធម្មតា​ វា​មិន​ត្រឹម​តែ​ជួយ​សម្អាត​កំណកកំបោរ​ និង​បាក់តេរី​នៅ​លើ​ធ្មេញ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ថែមទាំង​ជួយ​ឱ្យ​អ្នកមាន​ខ្យល់​ដង្ហើម​ស្រស់ថ្លា​ទៀតផង​។

    2. ទម្លាប់​ល្អ​របស់​ជនជាតិ​ចិន​
    តាម​ការសិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញថា​ ការ​ទទួលទានទឹក​តែ​ ដែល​ជា​ប្រពៃណី​ដ៏​ពេញនិយម​របស់​ជនជាតិ​ចិន​ ដូចជា​ ប្រភេទ​តែ​បៃតង​ តែ​អ៊ូ​ឡុង​ ឬតែ​ទឹកឃ្មុំ​ក្រូចថ្លុង​ជាដើម​ អាច​ជួយ​កាត់បន្ថយ​ភាព​តានតឹង​ និង​បង្កើន​ផលិតភាព​បាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ការ​ទទួលទាន​ទឹកតែ​ក្ដៅ​ឧណ្ហ​ៗ ក៏បាន​ជួយ​ជំរុញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​ផង​ដែរ​ ដោយ​ការ​ជួយ​សម្រួល​ដល់​ដំណើរការ​ប្រព័ន្ធ​បន្ទោរ​បង់​បាន​យ៉ាង​ល្អ​។ ហើយ​មានតែ​ប្រភេទ​ខ្លះទៀត​ ត្រូវ​បាន​ជនជាតិ​ចិន​ឱ្យ​តម្លៃ​ថា​ ជា​ឱសថ​បុរាណ​ចិន​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​លាង​គ្រាប់​ឈាម​ ហើយ​ជំនួយ​ដល់​សុខភាព​បាន​យ៉ាង​ល្អ​។

    3. ការ​ងូតទឹក​ក្ដៅ​ ឬត្រាំទឹក​ក្ដៅ
    ​អ្នក​ប្រហែលជា​គិតថា​ ជាតិពុល​មានតែ​ផ្នែក​ខាងក្នុង​ខ្លួន​តែប៉ុណ្ណោះ​ ប៉ុន្តែ​ធាតុ​ពិត​វិញ​ផ្នែក​ខាងក្រៅ​នៃ​រាងកាយ​ក៏​មាន​ជាតិពុល​ដូចគ្នា​ដែរ​។ ហេតុ​ដូចនេះ​ នៅពេល​ដែល​អ្នក​ងូតទឹក​ អ្នក​គួរ​ប្រើ​ស្បៃ​ដុស​ខ្លួន​ជាមួយនឹង​សាប៊ូ​ក្នុង​ការ​សម្អាត​ និង​ម៉ាស្សា​ជា​ចលនា​រាង​រង្វង់​ 2 ឬ3ដង​ក្នុង​មួយ​សប្តាហ៍​ ដើម្បី​ជួយ​ឱ្យ​ចរន្តឈាម​រត់​បាន​ស្រួល​ និង​ជំរុញ​ជាតិពុល​ឱ្យ​ចេញពី​ក្នុង​ខ្លួន​ និង​ជួយ​កម្ចាត់​បាក់តេរី​ដែល​តោង​ជាប់នឹង​ស្បែក​ផង​ដែរ​។

    4. ការ​ទទួលទានទឹក​ក្ដៅ​ជំនួស​ទឹកកក​
    អ្នក​គប្បី​ដឹង​ថា​ ទឹកកក​ដែល​ផលិត​ឡើង​ និង​ដាក់​លក់​នៅ​តាម​ទីផ្សារ​ ក៏​មាន​ប្រើប្រាស់​សារធាតុគីមី​ដែល​ជួយ​ឱ្យ​ត្រជាក់​ ហើយ​កក​បាន​យូរ​។ ក៏​ដូចគ្នា​ដែរ​ ការ​ទទួលទានទឹក​កក​ច្រើន​ វា​បណ្ដាល​ឱ្យ​អ្នកមាន​សាច់​ក្បាលពោះ​ធំ​ដោយ​មិនដឹង​ខ្លួន​។ កត្តា​ដែល​ល្អ​សម្រាប់​សុខភាព​ អ្នក​គួរតែ​ទទួលទានទឹក​ក្តៅ​ 1កែវ​ លាយ​ជាមួយ​នឹង​ទឹកក្រូច​ឆ្មារ​ 1ផ្លែ​ រួច​កូរ​ចូលគ្នា​ឱ្យ​សព្វ​ ទទួលទាន​វា​ជា​រៀងរាល់ថ្ងៃ​ រាល់​ព្រឹក​ រហូតដល់​អ្នក​មាន​សុខភាព​ល្អ​ប្រសើរ​ឡើងវិញ​ មិនសូវ​មាន​អារម្មណ៍​នឿយហត់​ខ្លាំង​ ឬកើត​អាការ​ខ្យល់​ក្នុង​ខ្លួន​។

    5. អំបិល​លាង​ជាតិពុល​ក្នុង​រាងកាយ​
    អ្នក​អាចយ​កអំបិល​ 2កែវ​កាហ្វេ​ លាយ​ទៅ​ក្នុង​ធុង​ ឬអាងទឹក​ រួច​ចាក់ទឹក​ក្តៅ​ឧណ្ហ​ៗចូល​ បន្ទាប់មក​ត្រាំ​ខ្លួន​របស់​អ្នក​នៅក្នុង​អាងទឹក​នោះ​ រយៈពេល15នាទី​ជាការស្រេច​។ អ្នក​គួរតែ​ធ្វើ​បែបនេះ​ឱ្យ​បាន3ដង​ ក្នុង1សប្តាហ៍​។ តែ​អ្នក​ក៏​ត្រូវ​ដឹង​ថា​ វិធី​នេះ​មិនបាន​អនុញ្ញាត​ចំពោះ​មនុស្ស​ដែល​មាន​ជំងឺលើសឈាម​ និង​អ្នក​ជំងឺបេះដូង​ឡើយ​៕

  • 4ទង្វើ បំផ្លាញ “ខួរក្បាល” ដោយ​មិនដឹង​ខ្លួន

    4ទង្វើ បំផ្លាញ “ខួរក្បាល” ដោយ​មិនដឹង​ខ្លួន

    ខួរក្បាល​ ជា​អវយវៈ​មួយ​ផ្នែក​ដែល​សំខាន់​ចំពោះ​រាងកាយ​ខ្លាំង​ណាស់​ ព្រោះ​ក្រៅពី​ពេញ​ទៅ​ដោយ​ខ្សែ​សរសៃប្រសាទ​ដែល​មាន​ភាព​ស្មុគស្មាញ​រាប់​លាន​សរសៃ​ហើយ​នោះ​ បើ​ខួរក្បាល​ធ្វើការ​ខុសប្រក្រតី​ ​នឹង​ហុច​ផល​ប៉ះពាល់​ទៅដល់​អវយវៈ​ផ្នែក​ផ្សេង​ៗក្នុង​រាងកាយ​ និង​មិន​អាច​រក​ខួរក្បាល​ថ្មី​មក​ផ្លាស់ប្ដូរ​ ​ឬដូច្នេះ​បាន​ឡើយ​។ខួរក្បាល​ អាច​រាប់​បាន​ថា​ជា​អវយវៈ​ដ៏​សំខាន់​របស់​រាងកាយ​ ដោយមាន​តួនាទី​ជា​មជ្ឈមណ្ឌល​កណ្ដាល​គ្រប់គ្រង​កម្ម​វិ​ធី​ផ្សេង​ៗដែល​កើតឡើង​ក្នុង​រាងកាយ​មនុស្ស​ មិនថា​តែ​ការ​លោត​របស់​បេះដូង​ ​ការ​ធ្វើ​ចល​នា​ផ្សេង​ៗ ឬការដកដង្ហើម​ជាដើម​ ដោយ​ខួរក្បាល​នឹង​គ្រប់គ្រង​ និង​បញ្ជា​រាងកាយ​ឱ្យធ្វើ​ការ​តាម​ការ​គិត​ ដើម្បី​ឱ្យ​មនុស្ស​អាច​បំពេញការងារ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​បាន​យ៉ាង​ប្រក្រតី​។ ខួរក្បាល​ធ្វើការងារ​គ្រប់ពេលវេលា​ ដូច្នេះហើយ​ទើប​ការ​យកចិត្ត​ទុកដាក់​លើ​ទង្វើ​ដែល​គួរ​ប្រតិបត្តិ​ ដើម្បី​ឱ្យ​ខួរក្បាល​ធ្វើការ​បាន​ល្អ​ គឺជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​គួរ​ផ្ដល់​ភាព​សំខាន់​ ដើម្បី​សុខភាព​ដ៏​ល្អ​របស់​ខួរក្បាល​ និង​ចៀសវាង​ពី​ទង្វើ​អា​ក្រ​ក់ៗ​ដែល​អាច​បំផ្លាញ​ខួរក្បាល​បាន​។

    ​4ទង្វើ​បំផ្លាញ​ខួរក្បាល​
    1. ភាព​ធុញថប់​តានតឹង​ : ជា​ផល​អាក្រក់​ដល់​ស្ថានភាព​ផ្លូវចិត្ត​ និង​ហុច​ផល​ប៉ះពាល់​ដល់​ខួរក្បាល​ ធ្វើ​ឱ្យ​ខូច​សមាធិ​ ឬអ្នកខ្លះ​អាច​ឈាន​ទៅ​រក​សភាវ​សោកសៅ​ និង​មាន​បញ្ហា​ផ្លូវចិត្ត​បាន​ទៀតផង​។
    2. បរិស្ថាន​ដែល​មាន​ខ្យល់អាកាស​មិនល្អ​ :ការ​ស្ថិតនៅ​ក្នុង​ខ្យល់អាកាស​ដែល​ល្អ​ នឹង​ធ្វើ​ឱ្យ​ខួរក្បាល​បាន​ទទួល​អុក​ស៊ី​ហ៊ែ្សន​គ្រប់គ្រាន់​ ដូច្នេះ​គួរ​ចៀសវាង​ការ​ស្នាក់អាស្រ័យ​នៅក្នុង​ទីកន្លែង​ដែល​ខ្យល់អាកាស​មិន​បរិសុទ្ធ​ ឬពេញ​ទៅ​ដោយ​ពិសពុល​ខាង​អាកាស​គ្រប់ពេលវេលា​។
    3. ជក់បារី​ : អ្នក​ដែល​ជក់បារី​ជាប់​ជាប្រចាំ​ ក្រៅ​ពី​ធ្វើ​ឱ្យ​កើតរោគ​មហារីក​សួត​ហើយ​ នៅ​ធ្វើ​ឱ្យ​រាងកាយ​ និង​ខួរក្បាល​បាន​ទទួល​អុក​ស៊ី​ហ៊ែ្សន​កាន់តែ​តិច​ និង​ជា​មូលហេតុ​របស់​ជំងឺ​សរសៃឈាម​ខួរក្បាល​។
    4. ជំងឺ​ប្រចាំ​កាយ​ប្រភេទ​ខ្លះ​ : ដូចជា​ទឹកនោមផ្អែម​ លើសឈាម​ ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​ ជា​បច្ច័យ​ប្រថុយប្រថាន​របស់​ជំងឺ​ខួរក្បាល​ជាច្រើន​ដូច្នេះ​ បើ​រក​ឃើញថា​ខ្លួនឯង​មាន​ជំងឺ​ប្រចាំ​កាយ​ គួរ​ព្យាបាល​តាំងពី​ដំ​បូងៗ​ ដើម្បី​ការពារ​មិន​ឱ្យ​កើត​ផល​អាក្រក់​ ព្រោះ​ការ​ព្យាបាល​នៅពេល​កើតការ​បំផ្លាញ​ខួរក្បាល​ហើយ​ នឹង​មិន​អាច​ធ្វើ​ឱ្យ​ខួរក្បាល​ត្រឡប់​មក​ធ្វើការ​បាន​ពេញលេញ​ដូច​ប្រក្រតី​បាន​ឡើយ​ ហើយ​ផ្លូវចិត្ត​ក៏​នឹង​ធ្វើការ​ខុសប្រក្រតី​ដែរ​។

    5វិធី​បំប៉ន​ខួរក្បាល​
    វេជ្ជបណ្ឌិត​ជំនាញ​ខាង​ប្រព័ន្ធ​ប្រសាទ​វិទ្យា​បាន​និយាយ​ថា​ ខួរក្បាល​មាន​ភាព​ពាក់ព័ន្ធ​ជាមួយ​អារម្មណ៍​ និង​ការ​រៀន​យល់ដឹង​ ដូច្នេះហើយ​ទើប​ទាំងអស់​នេះ​ មនុស្ស​គួរ​បែរមក​យកចិត្ត​ទុកដាក់​លើ​ទង្វើ​អភិវឌ្ឍ​ខួរក្បាល​ ដែល​មាន​ទង្វើ​ល្អ​ៗ 5យ៉ាងដូច​ខាងក្រោម​៖
    1. បរិភោគ​ល្អ គឺ​ទទួលទាន​អាហារ​ដែល​មាន​ប្រយោជន៍​គ្រប់​ទាំង​ 5ប្រភេទ​ក្រុម​កាត់បន្ថយ​ចំណីអាហារ​ប្រភេទ​ខ្លះ​ ជាពិសេស​អាហារ​ដែល​មាន​ស្ករ​ច្រើន​ដែល​អាច​នឹង​ប្រថុយប្រថាន​ក្នុង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ និង​ជំងឺ​សរសៃឈាម​ខួរក្បាល​។
    2. ហាត់ប្រាណ​ល្អ​ ការហាត់ប្រាណ​នឹង​ធ្វើ​ឱ្យ​រាងកាយ​ជា​រួម​ និង​សរសៃឈាម​រឹងមាំ​ គ្មាន​សភាវ​លើស​ទម្ងន់​។

    3. គេង​សម្រាក​ល្អ​ ការ​គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​នឹង​ជួយ​ឱ្យ​រាងកាយ​មាន​ពេលសម្រាក​ដើម្បី​ជួសជុល​ខ្លួនឯង​ ដូច្នេះ​គួរ​មាន​ពេលវេលា​សម្រាក​ គេងលក់​ឱ្យ​បាន​យ៉ាងតិច​ 6-8ម៉ោង​ក្នុង​មួយថ្ងៃ​។
    4. គិត​ល្អ​ ការ​ហ្វឹកហាត់​គិត​ ហ្វឹកហាត់​ចាប់ផ្ដើម​ធ្វើ​ នឹង​ជួយ​ឱ្យ​ខួរក្បាល​កើតការ​រៀន​យល់ដឹង​និង​អភិវឌ្ឍ​កម្មវិធី​ការ​គិត​ឱ្យ​កាន់តែ​លឿន​ឡើង​។
    5. សន្ទនា​ល្អ​ ការ​ហ្វឹកហាត់​សន្ទនា​ ជជែក​និយាយ​ជាមួយ​អ្នកដទៃ​ជាប្រចាំ​ និង​ជាប់លាប់​ នឹង​ជួយ​ឱ្យ​ខួរក្បាល​មានការ​ហ្វឹកហាត់​ក្នុង​ការ​ចេះកែ​បញ្ហា​ល្អ​។ ចំណែក​ឯអ្នក​ដែល​សម្ងំ​នៅតែ​ឯង​ មិន​ចូលចិត្ត​ជួប​មនុស្សម្នា​ គេ​រក​ឃើញថា​ ខួរក្បាល​មានកម្ម​វិធីការ​ធ្វើការ​លើ​ការ​កែ​បញ្ហា​ផ្សេង​ៗយឺតយ៉ាវ​៕

  • ជំងឺផ្លូវចិត្ត​ ឬជំងឺ​សោកសៅ​ ​(Depression​ Disorder​)

    ជំងឺផ្លូវចិត្ត​ ឬជំងឺ​សោកសៅ​ ​(Depression​ Disorder​)

    នរណា​ដែល​មិនធ្លាប់​សោកសៅ​ខ្លះ​? ប្រហែលជា​គ្មាន​ទេ​ ព្រោះ​អារម្មណ៍​សោកសៅ​ជា​អារម្មណ៍​ដែល​មាននៅ​ក្នុង​ខ្លួនមនុស្ស​គ្រប់រូប​ និង​ក្នុង​មួយ​ថ្ងៃ​ៗកម្រិត​របស់​អារម្មណ៍​ក៏​មាន​ឡើង​ មាន​ចុះ​ និង​មាន​ច្រើនបែប​ ផ្លាស់ប្ដូរ​គ្រប់ពេលវេលា​តាម​រឿងរ៉ាវ​ដែល​ចូល​មក​ប៉ះពាល់​អារម្មណ៍​ និង​ការ​ដឹងឮ​របស់​មនុស្ស​ម្នា​ក់ៗ​។

    សោកសៅ​គឺជា​អ្វី​?
    “សោកសៅ​” ខាង​វេជ្ជសាស្ត្រ​ហៅថា​ Clinical​Depression​ មានន័យ​ពី​សភាវ​សោកសៅ​ដែល​មាន​ខ្លាំង​ជាង​អារម្មណ៍​កម្សត់​ ជាស​ភាវ​ម្យ៉ាង​ដែល​ប្រទះឃើញ​នៅក្នុង​ជំងឺផ្លូវចិត្ត​ជាច្រើន​ ជាពិសេស​ជំងឺ​ខាង​អារម្មណ៍​ ជំងឺ​សោកសៅ​ ជំងឺ​ Bipolar​ Disorder​ និង​សារធាតុ​ថ្នាំ​មួយចំនួន​ក៏អាច​ធ្វើ​ឱ្យ​កើត​អាការ​សោកសៅ​យ៉ាងធ្ងន់ធ្ងរ​បាន​ដែរ​។

    មូលហេតុ​នៃ​ជំងឺ​សោកសៅ​
    ជំងឺ​សោកសៅ​ អាច​រាប់​បាន​ថា​ជា​ជំងឺ​ខាង​ផ្នែក​ផ្លូវចិត្ត​ដែល​ប្រទះឃើញ​ច្រើន​ក្នុង​លំដាប់​មុ​ខៗ​គេ​របស់​ពិភពលោក​ បណ្ដាលមកពី​មូល​-ហេ​តុ​ចម្បង​ៗ 2យ៉ាងគឺ​ បច្ច័យ​ខាង​សរីរៈ​ ឬពូជ​អម្បូរ​ និង​បច្ច័យ​ផ្នែក​ផ្លូវចិត្ត​ ឬបរិស្ថាន​ជុំវិញ​។
    បច្ច័យ​ខាង​សរីរៈ​ ឬពូជ​អម្បូរ​ ដោយសារតែ​មានការ​ប្រែប្រួល​របស់​សារធាតុ​ទំនាក់ទំនង​ប្រព័ន្ធ​ប្រសាទ​ក្នុង​ខួរក្បាល​ ឬភាព​ច្របូកច្របល់​របស់​កម្រិត​អ័រម៉ូន​ដែល​សំខាន់​។
    ចំណែក​បច្ច័យ​ផ្នែក​ផ្លូវចិត្ត​ ឬបរិស្ថាន​ជុំវិញ​ដែល​ហៅថា​បច្ច័យ​ខាង​អារម្មណ៍​ ជា​លទ្ធផល​បណ្ដាលមកពី​ស្ថានការណ៍​ភាព​តានតឹង​ខាង​អារម្មណ៍​ ដូចជា​ បើជា​សភាវ​សោកសៅ​ក្នុង​វ័យ​កុមារ​ អាច​មាន​មូលហេតុ​ពី​ភាព​តានតឹង​ក្នុង​គ្រួសារ​ ហេតុការណ៍​រំជួលចិត្ត​យ៉ាងធ្ងន់ធ្ងរ​ សភាវ​សោកសៅ​ក្នុង​ជំងឺសរសៃប្រសាទ​ ដែល​អាច​រក​ឃើញ​តម្រុយ​ថា​ ត្រូវ​បាន​កៀបសង្កត់​យ៉ាង​ខ្លាំងក្លា​កាល​នៅក្មេង​ ហើយ​ផ្ទុះ​ចេញ​មក​ក្នុង​អំឡុង​ជីវិត​នៅពេល​ក្រោយ​។ សភាវ​សោក​-សៅ​ព្រោះតែ​ភាព​ចាស់ជរា​ មានជីវិត​ឯកោ​ និង​សភាវ​រំជួលចិត្ត​ក្រោយ​ចូលនិវត្តន៍​(បាត់បង់​គុណ​តម្លៃ​លើ​ខ្លួនឯង​ អត់​ការងារ​ធ្វើ​ មាន​អា​-រម្ម​ណ៍​ថា​ គ្មាន​សមត្ថភាព​)ជាដើម​។

    សង្កេត​អាការ​
    នៅពេល​មនុស្ស​ក្នុង​ក្រុម​គ្រួសារ​ ឬអ្នក​ជិត​ដិត​ណា​ម្នាក់​ហាក់ដូចជា​សោកសៅ​ គោល​-ការណ៍​សង្កេត​ងាយ​ៗ គឺ​សង្កេតមើល​ទង្វើ​ដូច​តទៅ​នេះ​៖
    1. ទង្វើ​ដែល​កើត​ពី​ការផ្លាស់ប្ដូរ​ខាង​ការ​គិត​ គឺ​ច្រើនតែ​មានការ​គិតទៅ​ខាង​ Negative​ Thinking​ ឬការ​គិត​ដែល​អវិជ្ជមាន​គ្រប់ពេលវេលា​។ ច្រើនតែ​មាន​អារម្មណ៍​អស់សង្ឃឹម​ មើលឃើញ​ជុំវិញ​ខ្លួន​សុទ្ធតែ​រឿង​អាក្រក់​មាន​អារម្មណ៍​ថា​ខុស​ ថា​ខ្លួនឯង​គ្មាន​តម្លៃ​ គ្មានន័យ​ និង​គិតថា​គ្មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា​ ទីបំផុត​ក៏​គិត​ចង់​បំផ្លាញ​ខ្លួនឯង​ នឹកឃើញ​តែ​រឿង​ស្លាប់​ និង​ព្យាយាម​សម្លាប់​ខ្លួន​។
    2. ទង្វើ​ដែល​កើត​ចេញពី​ការប្រែប្រួល​ខាង​ការ​រៀន​យល់ដឹង​ ឬការ​ធ្វើការងារ​ មិន​ខ្វល់​នឹង​អ្វី​ៗជុំវិញ​ខ្លួន​ មាន​អារម្មណ៍​នឿយ​ល្វើយ​ ធ្វើការងារ​យឺតយ៉ាវ​ ការងារ​ចុះ​ខ្សោយ​ គ្មាន​សមាធិ​ ការ​ចងចាំ​ចុះ​ខ្សោយ​ ការ​សម្រេចចិត្ត​ក៏​យ៉ាប់យ៉ឺន​។
    3. ទង្វើ​ដែល​កើត​ចេញពី​ការផ្លាស់ប្ដូរ​ខាង​អារម្មណ៍​ គឺ​ច្រើនតែ​មាន​អារម្មណ៍​សោក​សៅ​ កង្វល់​គ្រប់ពេលវេលា​ ច្រើនតែ​មួម៉ៅ​ឆេវឆាវ​ ឆាប់​ខឹង​ នៅ​មិនសុខ​ រសាប់រសល់​ ជាដើម​។
    4. ទង្វើ​ដែល​ប្រែប្រួល​យ៉ាង​មើលឃើញ​ច្បាស់​ ដូចជា​ គេង​មិន​លក់​ ឆាប់​ភ្ញាក់​ ឬអ្នកខ្លះ​គេងលក់​ខ្លាំង​ជ្រុល​ពេក​ អ្នកខ្លះ​ធុញទ្រាន់​ចំណីអាហារ​ ធ្វើ​ឱ្យ​ស្រក​ទម្ងន់​។ មាន​អាការ​ខាង​រាងកាយ​ ព្យាបាល​ដោយ​ថ្នាំ​ធម្មតា​មិន​បាត់​ ដូចជា​ អាការ​ឈឺក្បាល​ ណែន​ក្នុង​ពោះ​ ឈឺរ៉ាំរ៉ៃ​ សម្ព័ន្ធភាព​ជាមួយ​អ្នកដទៃ​កាន់តែ​មិនល្អ​។

    ការ​មើលថែ​ទាំ​ខ្លួនឯង​ពេល​កើតជំងឺ​សោកសៅ​
    1. កុំ​តាំង​គោលដៅ​ក្នុង​ការ​ធ្វើការងារ​ កុំ​ប្រតិ​បត្តិ​ខ្លួន​ដែល​ធ្វើ​ឱ្យ​លំបាក​ខ្លាំង​ជ្រុល​ ឬទទួលខុសត្រូវ​ច្រើនជ្រុល​។
    2. ញែក​បំបែក​បញ្ហា​ធំៗ​ឱ្យទៅ​ជា​ផ្នែក​តូច​ៗ ព្រមទាំង​ចាត់​រៀង​តាមលំដាប់​ភាព​សំខាន់​មុនក្រោយ​ និង​ចាប់ផ្ដើម​ធ្វើតាម​ដែល​អាច​ធ្វើ​ទៅ​បាន​។
    3. ព្យាយាម​ធ្វើ​កិច្ចការ​ងារ​ផ្សេង​ៗរួម​ជាមួយ​បុគ្គល​ដទៃ​ ប្រសើរ​ជាង​នៅតែ​ម្នាក់ឯង​។
    4. ជ្រើសរើស​ធ្វើ​កិច្ចការ​ងារ​ណា​ដែល​សាង​នូវ​អា​រម្ម​ណ៍​ល្អ​ៗ ឬជក់​ចិត្ត​ និង​មិន​ធ្ងន់ធ្ងរ​ខ្លាំងពេក​ ដូចជា​ មើលកុន​ ហាត់​ប្រា​ណស្រាល​ៗ និង​ការចូលរួម​ធ្វើ​កិច្ចការ​ងារ​ក្នុង​សង្គម​ ជាដើម​។
    5. កុំ​សម្រេចចិត្ត​ក្នុង​រឿង​ដែល​សំខាន់​ចំពោះ​ជីវិត​ច្រើនពេក​ ដូចជា​ ការ​សុំ​ឈប់​ពី​ការងារ​ ​ការ​រៀបការ​ ឬការលែងលះ​ ដោយ​មិនបាន​ប្រឹក្សា​ជាមួយ​មនុស្ស​ជិតដិត​ដែល​ស្គាល់គ្នា​ច្បាស់​ និង​ត្រូវតែ​បុគ្គល​ដែល​អាច​ពិចារណា​ហេតុការណ៍​នោះ​យ៉ាង​ទៀងត្រង់​ មាន​ភាពជា​កណ្ដាល​ និង​ប្រាសចាក​ការ​អគតិ​ដែល​កើត​ពី​អារម្មណ៍​មក​បិទបាំង​។ បើ​អាច​ទៅរួច​ និង​ល្អ​បំផុត​នោះ​គឺ​លើកពេល​សម្រេចចិត្ត​ទៅ​ថ្ងៃក្រោយ​ រហូត​ទាល់​តែ​សភាវ​សោកសៅ​រលាយ​បាត់​ ឬល្អ​ប្រសើរ​ឡើង​ច្រើន​ហើយ​។
    6. មិន​គួរ​ទិតៀន​ ឬដាក់ទោស​ខ្លួនឯង​ដែល​មិន​អាច​ធ្វើ​បាន​ដូចដែល​ត្រូវការ​ ព្រោះ​មិនមែន​ជា​កំហុស​របស់​ខ្លួនឯង​ទេ​ និង​គួរ​ធ្វើតាម​ដែល​ខ្លួនឯង​អាច​ធ្វើ​បាន​។

    ការ​មើលថែ​ទាំ​អ្នក​កើតជំងឺ​សោកសៅ​
    1. យល់ចិត្ត​ : ការយល់​ដឹងពី​ជំងឺ​ដែល​អ្នក​ជំងឺ​កំពុង​ជួបប្រទះ​ អាច​ជួយ​ឱ្យ​សាច់​ញាតិ​កាត់បន្ថយ​សេចក្ដី​រំពឹង​ ភាព​មួម៉ៅ​ក្ដៅក្រហាយ​ និង​ភាព​ទើសទាល់​ក្នុងចិត្ត​ចំពោះ​អ្នកជំងឺ​បាន​។
    2. ទទួល​ស្ដាប់​ : ការ​ស្ដាប់​អ្នកជំងឺ​ដោយ​ការយល់​ចិត្ត​ យកចិត្ត​ទុកដាក់​ និង​មិន​ប្រកាន់​ នឹង​ជួយ​ឱ្យ​អារម្មណ៍​របស់​អ្នក​ជំងឺ​ល្អ​ប្រសើរ​ឡើង​។
    3. ទម្លាយ​អារម្មណ៍​ : នៅពេល​អ្នកជំងឺ​បាន​ទម្លាយ​គំនិត​ និង​អារម្មណ៍​ដែល​មិន​ល្អ​ផ្សេង​ៗចេញ​មក​ ជាពិសេស​គំនិត​ចង់​ធ្វើ​អត្តឃាត​នោះ​ នឹង​ជួយ​បន្ធូរបន្ថយ​ភាព​ធុញថប់​តានតឹង​នៅក្នុង​ចិត្តបាន​។
    4. ហាត់ប្រាណ​ : ការហាត់ប្រាណ​ ជួយ​ឱ្យ​រាងកាយ​របស់​អ្នកជំងឺ​រឹងមាំ​ ចិត្តគំនិត​ស្រស់ថ្លា​។ បើសិន​បាន​ហាត់ប្រាណ​រួម​ជាមួយ​អ្នកដទៃ​ផង​នោះ​ នឹង​រឹតតែ​ជួយ​បង្កើន​ការ​ចូលក្នុង​សង្គមមនុស្ស​ និង​មិន​មាន​អារម្មណ៍​ថា​ឯកោ​។
    5. ផ្លាស់ប្ដូរ​បរិយាកាស​ : គួរ​នាំ​អ្នកជំងឺ​ទៅ​ដើរកម្សាន្ត​ដើម្បី​ផ្លាស់ប្ដូរ​បរិយាកាស​ ​នឹង​ជួយ​ឱ្យ​ចិត្តគំនិត​របស់​អ្នកជំងឺ​ស្រស់​ថ្លា​ឡើង​មួយ​កម្រិត​ដែរ​។
    6. ការពារ​ការធ្វើបាប​ខ្លួនឯង​ : សាច់ញាតិ​ត្រូវ​ប្រយ័ត្ន​អ្នកជំងឺ​ធ្វើបាប​ខ្លួនឯង​ ដោយ​ត្រូវ​ប្រមូល​ទុកដាក់​ឧបករណ៍​ដែល​អ្នក​ជំងឺ​អាចយ​កម​កធ្វើបាប​ខ្លួនឯង​ឱ្យ​នៅ​ឆ្ងាយ​ពី​អ្នកជំងឺ​។
    7. សង្កេតមើល​អាការ​ : ឧស្សាហ៍​សង្កេត​មើល​អាការ​អ្នកជំងឺ​ថា​ តើមាន​រឿង​សោកសៅ​ ធុញថប់​ ឬគិត​ប្រុង​ធ្វើបាប​ខ្លួនឯង​ដែរ​ឬទេ​? បើ​និយាយ​ណែនាំ​ហើយ​មិន​ល្អ​ប្រសើរ​ឡើង​នោះ​ គួរ​ប្រញាប់​នាំទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ប្រឹក្សា​ពី​អាការ​។
    8. មើលថែ​ទាំ​កិច្ចការ​ងារ​ប្រចាំថ្ងៃ​ តាមដាន​ការ​ញ៉ាំ​ថ្នាំ​ : សាច់ញាតិ​គួរ​ជួយ​មើលថែ​ទាំ​កិច្ចការ​ងារ​ប្រចាំថ្ងៃ​របស់​អ្នកជំងឺ​ ដូចជា​ ញ៉ាំ​អាហារ​ឱ្យ​បាន​សមរម្យ​ ភ្ញាក់​ និង​គេង​ឱ្យ​បាន​ទៀងពេល​ រួម​ទាំង​តាមដាន​ការ​ញ៉ាំ​ថ្នាំ​ឱ្យ​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា​ និង​ស៊ូទ្រាំ​ ព្រោះ​ការ​ព្យាបាល​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ ត្រូវ​ប្រើ​ពេលវេលា​យូរ​៕

  • ស្គម​ តែ​ដុះ​ក្បាលពោះ​…អាច​កែ​បាន​ដោយ​ទង្វើ​ខាងក្រោម​

    ស្គម​ តែ​ដុះ​ក្បាលពោះ​…អាច​កែ​បាន​ដោយ​ទង្វើ​ខាងក្រោម​

    តើ​អ្នកណា​មាន​សភាវ​រាងកាយ​បែបហ្នឹង​ខ្លះ​? ​ពេល​ថ្លឹង​ អាច​នឹង​មាន​ទម្ងន់​ខ្លួន​ទាប​ជាង​កម្រិត​ស្តង់ដារ​ តែ​ហេតុ​អី​បាន​មាន​ក្បាលពោះ​? ការពិត​ទៅ​ ​អ្នក​អាច​ត្រូវ​បាន​ចាត់​ទៅ​ក្នុង​ក្រុម​មនុស្ស​ “Skinny​ ​Fat​” គឺ​មនុស្ស​មាន​ទម្ងន់​ខ្លួន​តិច​ ឬប្រក្រតី​ តែ​បែរជា​មានសាច់​ដុំ​តិច​ ខ្លាញ់​ច្រើន​ មើលរូប​រាង​ខាងក្រៅ​ទៅ​ មិនមែន​ជា​មនុស្ស​ធាត់​ទេ​ តែ​មាន​ដុះ​ក្បាលពោះ​?

    មូលហេតុ​របស់​ការ​ស្គម​ តែ​មាន​ក្បាលពោះ​ បណ្ដាល​ពី​បច្ច័យ​ជាច្រើន​ ដូចជា​ ៖

    1. ការអត់អាហារ​ ឬការ​ទទួលទាន​អាហារ​តិច​ជ្រុល​ពេក​
    ដោយសារតែ​ការ​ទទួលទាន​អាហារ​តិច​ជ្រុល​ពេក​ នឹង​ធ្វើ​ឱ្យ​រាងកាយ​ខ្វះ​សារធាតុ​អាហារ​ ​ទើប​បឺត​យកជាតិ​ខ្លាញ់​មក​ប្រើ​ តែ​នៅពេល​ដល់កំណត់​ រាងកាយ​ក៏​នឹង​ប្ដូរ​ទៅ​ទាញ​សាច់ដុំ​មក​ប្រើ​ជំនួស​វិញ​ ហើយ​នៅពេល​សាច់ដុំ​ថយ​ចុះ​ នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការ​ដុត​បំផ្លាញ​ធ្លាក់ចុះ​ទាប​ទៅតាម​នោះ​ដែរ​។

    វិធី​កែ​គឺ​ ទទួលទាន​អាហារ​ឱ្យ​ច្រើនឡើង​ ជាពិសេស​អាហារ​ដែល​ផ្ដល់​កម្លាំងថាមពល​ និង​ត្រូវ​ហាត់ប្រាណ​រួម​ជាមួយ​ផង​ ដើម្បី​បន្ថយ​ខ្លាញ់​ដែល​ប្រមូល​សន្សំ​ច្រើន​។

    2. ហាត់ប្រាណ​ខុស​វិធី​ ឬហាត់ប្រាណ​បែប​ Cardio​ ច្រើនជ្រុល​ពេក​
    ទោះជា​ការហាត់ប្រាណ​បែប​ Cardio​ ដូចជា​ ​ការ​រត់​ ធាក់កង់​ វាយ​បុក​ រាំ​អ៊ែ​រ៉ូប៊ិ​ក ការ​រាំ​-ល-មានផល​ល្អ​ចំពោះ​រាងកាយ​ក៏​ពិតមែន​ តែបើ​ធ្វើ​ច្រើន​រហូត​ជ្រុល​ពេក​ ក៏អាច​កើត​ផល​អាក្រក់​ដល់​រាងកាយ​បាន​ដែរ​ ព្រោះ​ការហាត់ប្រាណ​បែប​ ​Cardio ច្រើនជ្រុល​ពេក​នឹង​ក្លាយជា​ការ​បង្ខំ​ដុត​បំផ្លាញ​កម្លាំងថាមពល​ ហើយ​បើ​យើង​ទទួល​ទាន​អាហារ​តិច​ទៀតផង​នោះ​ នឹង​ធ្វើ​ឱ្យ​រាង​កាយ​នាំ​សាច់ដុំ​ទៅ​ប្រើជា​កម្លាំងថាមពល​ជំនួស​វិញ​ និង​នៅពេល​រាងកាយ​បាត់បង់​បណ្ដុំ​សាច់​ដុំ​ ប្រព័ន្ធ​ដុត​បំផ្លាញ​ក៏​នឹង​ថយ​ចុះ​ ធ្វើ​ឱ្យ​ជាតិ​ខ្លាញ់​កាន់តែ​ប្រមូល​សន្សំ​ច្រើនឡើង​ ហេតុនេះ​ទើប​ជា​មូលហេតុ​ធ្វើ​ឱ្យ​មាន​រូបរាង​ស្គម​ តែ​ទៅ​ជា​មាន​ក្បាលពោះ​នោះ​។

    វិធី​កែ​គឺ​ ចូរ​ងាក​មក​ហាត់ប្រាណ​ដោយ​ការ​លេង​ Weight​ Training​, Body​ Weight​ ​ឬការហាត់ប្រាណ​បែប​ HIIT​ (High​ Intensive​ ​Interval​ Training​) គួបផ្សំ​ទៅជាមួយ​ផង​ ព្រោះ​ការហាត់ប្រាណ​ដោយ​វិធី​នេះ​ នឹង​ទៅ​ជួយ​បង្កើន​បណ្ដុំ​សាច់ដុំ​ ធ្វើ​ឱ្យ​ប្រព័ន្ធ​ការ​ដុត​បំផ្លាញ​ធ្វើការ​ខ្លាំង​ឡើង​ ហើយ​ខ្លាញ់​ដែល​ប្រមូល​សន្សំ​នោះ​ ក៏​នឹង​ថយ​ចុះទៅ​តាម​នោះ​ដែរ​។

    3. ញ៉ាំ​ស្រា​ក៏​មាន​ចំណែក​រួម​ដែរ​
    មានការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​ដែល​បាន​រក​ឃើញថា​ គ្រឿង​ភេសជ្ជៈ​អាល់កុល​ ដូចជា​ ​ស្រា​បៀរ​ ស្រា​វី​ស្គី​ វ៉ុ​ដកា​ ខក់​ថេល​ ឬវ៉ា​ញ សុទ្ធ​តែ​ហុច​ផល​ឱ្យ​មាន​ជាតិ​ខ្លាញ់​ប្រមូល​សន្សំ​នៅ​ត្រង់​ប្រអប់​ពោះ​ច្រើន​ជាពិសេស​ទាំងអស់​។ រឹត​តែ​យើង​ញ៉ាំ​ច្រើន​ប៉ុនណា​ ឱកាស​ដែល​ខ្លាញ់​នឹង​ចូល​ទៅ​ប្រមូលផ្ដុំ​នៅត្រង់​បរិវេណ​ចង្កេះ​ ក៏​រឹតតែ​មាន​ច្រើនឡើង​ដូចគ្នា​ដែរ​។

    4. ញ៉ាំ​អាហារ​គ្មាន​ប្រយោជន៍​ជាប្រចាំ
    ​ទោះជា​យើង​គ្រប់គ្រង់​លើ​ការ​ហូប​អាហារ​ហើយ​ក្ដី​ តែ​ការដែល​យើង​នៅតែ​ចូលចិត្ត​ញ៉ាំ​នំ​ ឬបង្អែម​ ឬអាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ឧទាហរណ៍​ដូចជា​ នំ​ឃុក​គី​ នំ​ខេ​ក ដូណាត់​ ភី​ហ្សា​ ​ការ៉េម​-ល- ក៏​ធ្វើ​ឱ្យ​ដុះ​ក្បាលពោះ​បាន​ដែរ​ ​ព្រោះ​អាហារ​ទាំងអស់​នេះ​ច្រើនតែ​មាន​ខ្លាញ់​្រថាន​ស៍​(Trans​) ច្រើនណាស់​ ហើយ​ជាតិ​ខ្លាញ់​មួយ​នេះឯង​ដែល​ហុច​ផល​ឱ្យ​ក្បាលពោះ​វា​មិន​បាត់ទៅណា​នោះ​។
    មានការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា​ ការ​ទទួលទាន​ខ្លាញ់​ត្រាន​ស៍​ជាប្រចាំ​ នឹង​ហុច​ផល​ឱ្យ​ជាតិ​ខ្លាញ់​ប្រមូល​សន្សំ​នៅត្រង់​ក្បាលពោះ​ច្រើនឡើង​ ទោះជា​បរិមាណ​កាឡូរី​ជា​រួម​ មិនបាន​ខ្ពស់​ក៏ដោយ​។

    វិធី​បញ្ចុះ​ក្បាលពោះ​
    – ផ្លាស់ប្ដូរ​ទង្វើ​ការ​ហូបចុក​ ចៀសវាង​ការ​ទទួលទាន​អាហារ​ផ្អែម​ អាហារ​ហ្វា​សត៍​ហ្វូ៊​ដ ​ដោយ​ជ្រើសរើស​ទទួលទាន​អាហារ​ដែល​មានប្រយោជន៍​ មានគុណ​តម្លៃ​ខាង​ភោជនាហារ​ខ្ពស់​ ​តែ​ផ្ដល់​កម្លាំងថាមពល​ទាប​។ សង្កត់ធ្ងន់​លើ​អាហារ​ដែល​មាន​ប្រូ​តេ​អុីន​ជាចម្បង​ ដើម្បី​ជួយ​បង្កើន​សាច់ដុំ​។ ទទួលទាន​បន្លែ​ និង​ផ្លែឈើ​ ​បន្ថយ​បរិមាណ​ខា​បូ​ហាយ​ដ្រេ​តចុះ​ពាក់កណ្ដាល​ ​ដោយ​បែរមក​ជ្រើសរើស​ទទួលទាន​ បាយ​អង្ករ​សម្រូប​ ឬនំប៉័ង​ហូល​វីត​ ជាដើម​ និង​ទទួលទាន​ខ្លាញ់​ល្អ​ ដូចជា​ ប្រេង​ម្កាក់​ អា​វ៉ូ​ខា​ដូ​ សណ្ដែក​ ​ត្រី​សាល់​ម៉ុន​ជាដើម​ ក្នុង​ចំណែក​ដែល​សមរម្យ​ដែល​រាងកាយ​គួរ​បាន​ទទួល​រៀងរាល់ថ្ងៃ​។

    – បង្កើន​ការ​សាង​សាច់ដុំ​ ដោយ​ការហាត់​ប្រាណ​ ដូចជា​ ការ​លេង​ Weight​ Training​,Body​ Weight​ ​ឬការហាត់ប្រាណ​បែប​ HIIT​ (High​ Intensive​ Interval​ Training​) ព្រោះ​វា​នឹង​ជួយ​ឱ្យ​រាងកាយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​ច្រើនឡើង​៕