Category: សុខភាព

  • ផ្លែឈើពណ៌ក្រហមជួយបំប៉នសុខភាពផ្លូវភេទ

    ផ្លែឈើពណ៌ក្រហមជួយបំប៉នសុខភាពផ្លូវភេទ

    សម្រាប់​បុរស​ ផ្លែឈើ​ក៏​មានប្រយោជន៍​មិន​តិច​ដែរ​ ក្នុង​នោះ​ផ្លែឈើ​ពណ៌ក្រហម5យ៉ាង​នឹង​ជួយ​បំប៉ន​សុខភាព​ផ្លូវភេទ​របស់​បុរស​ឱ្យ​រឹងមាំ​… ទាំង​អស់នេះ​ ក្រៅពី​ជ្រើសរើស​បរិភោគ​តែ​អាហារ​ដែល​មានប្រយោជន៍​ហើយ​ គួរតែ​ហាត់ប្រាណ​ និង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ផង​ ដើម្បី​សុខភាព​ល្អ​យូរអង្វែង​។

    ផ្លែ​ឆឺ​រី​ផ្លែឈើ​រសជាតិ​ជូរអែម​ដែល​មានប្រយោជន៍​ចំពោះ​ស្បែក​ តែ​នៅក្នុង​ផ្លែឈើ​ប្រភេទ​នេះ​មាន​សារធាតុ​ ឡៃ​ខូ​ភីន​ (Lycopene​) អាច​ទប់ស្កាត់​ការ​រីកចម្រើន​ធំធាត់​របស់​កោសិកា​មហារីក​ក្រពេញ​ពងស្វាស​បាន​ដល់ទៅ20​%ឯណោះ​។ផ្លែ​ឪឡឹក​ឪឡឹក​សម្បូរទៅដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​ជាច្រើន​ មាន​ជាអាទិ៍​ ផូស្វ័រ​ កាល់ស្យូម​ សារធាតុ​ដែក​ ប៉ូតាស្យូម​ និង​វីតាមីន​ A ជាដើម​។

    ឪឡឹក​គឺជា​ផ្លែឈើ​ដែល​ប្រៀប​ដូចជា​ថ្នាំ​ វី​យ៉ា​ហ្ក្រា​ អីចឹង​ ព្រោះ​នៅក្នុង​ផ្លែ​ឪឡឹក​មាន​អាស៊ីត​អៈ​មី​ណូ​ដែល​មានឈ្មោះ​ថា​ Citruline​ amino​ acid​ (ជា​អាស៊ីត​អៈ​មី​ណូ​មួយ​ប្រភេទ​ដែល​រក​លើកដំបូង​នៅក្នុង​ផ្លែ​ឪឡឹក​) អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ឈាម​រត់​ និង​អាច​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​បាន​ទៀតផង​។

    ផ្លែ​ស្ត្រប៊ឺ​រី​អាច​រាប់​បាន​ថា​ជា​ផ្លែឈើ​ដែល​មានប្រយោជន៍​ចំពោះ​មនុស្ស​ប្រុស​មិនចាញ់​គេ​ប៉ុន្មាន​ឡើយ​ ព្រោះ​ជា​ប្រភព​សារធាតុ​អាហារ​ដែល​សំខាន់​ និង​ជា​ផ្លែឈើ​ដែល​ផ្តល់​នូវ​គុណ​តម្លៃ​ខាង​ភោជនាហារ​ខ្ពស់​ សម្បូ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ វីតាមីន​ C សារធាតុ​ដែក​ ផូស្វ័រ​-ល- ទាំងអស់​នេះ​នៅ​មានគុណ​ប្រយោជន៍​ជាច្រើន​យ៉ាង​ទៀត​ តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ អាច​ជំរុញ​អារម្មណ៍​ផ្លូវភេទ​របស់​មនុស្ស​ប្រុស​បាន​ទៀតផង​។

    ផ្លែ​ទទឹម​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​មានប្រយោជន៍​ចំពោះ​សុខភាព​ច្រើនណាស់​ ព្រោះ​មាន​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ច្រើន​ប្រភេទ​ មានគុណ​សម្បត្តិ​ជួយ​បង្កើន​ថាមពល​ និង​ភាពរឹងមាំ​ដល់​បុរស​។

    ផ្លែ​ប៉េងប៉ោះ​សម្បូរទៅដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​ជាច្រើន​ ដូចជា​ កាល់ស្យូម​ ផូស្វ័រ​ សារធាតុ​ដែក​ វីតាមីន​ A វីតាមីន​ B1​ វីតាមីន​ B2​ និង​វីតាមីន​ C-ល- ថែមទាំង​មានប្រយោជន៍​យ៉ាងច្រើន​ចំពោះ​បុរស​ទៀតផង​ ព្រោះ​បើ​ទទួលទាន​ជាប្រចាំ​នោះ​ នឹងអាច​ជួយ​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ពី​ជំងឺមហារីក​ក្រពេញ​ពងស្វាស​បាន​ច្រើន​រហូតដល់​ទៅ45​%ឯណោះ​៕

  • មើម​ខ្ជាយ មានគុណ​ប្រយោជន៍​ខ្ពស់​ហួស​ពី​ការរំពឹងទុក

    មើម​ខ្ជាយ មានគុណ​ប្រយោជន៍​ខ្ពស់​ហួស​ពី​ការរំពឹងទុក

    ខ្ជាយ​ ជា​រុក្ខជាតិ​ឱសថ​បុរាណ​ដែល​ភាគច្រើន​មាន​ដាំ​តាម​ផ្ទះ​ ហើយ​ផ្នែក​ដែលគេ​អាច​យក​ទៅ​ប្រើ​ធ្វើជា​អាហារ​ និង​ឱសថ​នោះ​ គឺ​គល់​ និង​មើម​ខ្ជាយ​ដែល​កប់​ក្នុង​ដី​ ព្រោះ​វា​មានគុណ​សម្បត្តិ​ជាច្រើន​ប្រភេទ​។ គ្រូឱសថបុរាណ​ខ្មែរ​ ច្រើន​យក​គល់​ និង​មើម​ខ្ជាយ​ទៅ​ធ្វើជា​ថ្នាំ​បំបាត់​អាការ​ឈឺពោះ​ កែរោគ​ឆ្អល់​ចុកសៀត​ក្នុង​ពោះ​ កែរោគ​ក្រពះ​ ព្យាបាល​ដំបៅ​នៅក្នុង​មាត់​ ធ្វើជា​ថ្នាំ​បង្កើន​អាយុ​ បង្កើន​កម្លាំង​ និង​បំបាត់រោគ​អសមត្ថភាព​ផ្លូវភេទ​ជាដើម​។

    1. សម្រាល​អាការ​ចុកសៀត​ណែន​ក្នុង​ពោះ​ : យក​មើម​ខ្ជាយ​ប្រមាណ​ជា​កន្លះ​ក្តាប់​ទៅ​ស្ងោរ​ឱ្យ​ពុះ​ រួច​ញ៉ាំទឹក​នោះ​។
    2. បំបាត់រោគ​ក្រពះ​ : ញ៉ាំ​មើម​ខ្ជាយ​ស្រស់​ៗប៉ុន​ម្រាម​កូនដៃ​ដោយ​មិន​បក​សម្បក​ មួយថ្ងៃ​ 3ពេល​មុន​ពេលបាយ​ 15នាទី​រយៈពេល​ 2សប្តាហ៍​។
    3 . ព្យាបាល​ដំបៅ​នៅក្នុង​មាត់​ : កិន​មើម​ខ្ជាយ​ទាំង​សម្បក​ចំនួន​ 2មើម​លាយ​ទឹក​ស្អាត​ 1កែវ​ ថែម​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​ រួចហើយ​ត្រង​ដោយ​ក្រណាត់​ស្បៃ​ស្អាត​យក​កាក​ចេញ​ ហើយ​យក​មក​ខ្ពុរមាត់​ មួយថ្ងៃ​ 3ពេល​ រហូត​ទាល់តែ​ដំបៅ​ជា​សះ​ដាច់​។
    4 . ថ្នាំ​បង្កើន​អាយុ​ : យក​ម្សៅ​មើម​ខ្ជាយ​ដែល​កិន​ហ្មត់​ស្ងួត​ទាំង​សម្បក​មក​លាយ​ជាមួយ​ទឹកឃ្មុំ​ ពូត​ជាគ្រាប់​ថ្នាំ​តូច​ៗ ញ៉ាំ​ 1ថ្ងៃ​ 3គ្រាប់​ មុន​ពេល​ចូល​គេង​។ មាន​របាយការណ៍​ថា​ រូបមន្ត​នេះ​ថែមទាំង​អាច​កាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម​បាន​ទៀត​ផង​។
    5 . ព្យាបាល​អាការ​អសមត្ថភាព​ផ្លូវភេទ​ (ប្រដាប់បន្តពូជ​មិន​ឡើង​រឹង​)
    វិធី​ទី​ 1 : កិន​មើម​ខ្ជាយ​ដែល​លាង​ស្អាត​ទាំង​សម្បក​ឱ្យ​បែ​កល្មម​ៗ រួច​ចាក់​ចូល​ដប​កែវ​មាត់ធំ​បិទ​គម្រប​ឱ្យ​ជិត​ រួច​យក​ទៅ​ក្លា​ស្សេ​ទុក​ក្នុង​ទូទឹកកក​។ ញ៉ាំ​មុន​ពេលបាយ​ 15នាទី​ម្តង​ 1ស្លាបព្រា​កាហ្វេ​ មួយថ្ងៃ​ 3ពេល​ ប្រមាណ​ជា7ថ្ងៃ​ ហើយ​ប្រសិទ្ធភាព​ នឹង​ឃើញ​ឱ្យ​ក្រោយពី​ញ៉ាំ​បាន​ 3 – 4ថ្ងៃ​។
    វិធី​ទី​ 2 : យក​មើម​ខ្ជាយ​ដែល​ហាល​ស្ងួត​ហើយ​ទៅ​បុក​ឱ្យ​ក្លាយជា​ម្សៅ​ រួច​ដាក់​ចូលក្នុង​គ្រាប់​កាប់​ស៊ុល​ មួយ​គ្រាប់​ 250មីល្លី​ក្រាម​ ញ៉ាំ​មួយ​ថ្ងៃ​ 1គ្រាប់​ មុន​ពេលបាយ​ព្រឹក​ក្នុង​សប្តាហ៍​ដំបូង​ និង​មួយថ្ងៃ​ 2គ្រាប់​ ពេលព្រឹក​ក្នុង​សប្តាហ៍​ទី2​។ បើ​នៅតែ​មិនទាន់​ឃើញ​លទ្ធផល​ ចូរ​ញ៉ាំ​ 2គ្រាប់​មុន​ពេលបាយ​ល្ងាច​បន្ថែម​ទៀត​ និង​សូមកុំ​ភ្លេច​ហាត់ប្រាណ​ឱ្យ​បាន​ជាប់លាប់​ផង​ ដើម្បី​សុខភាព​កាន់​តែ​ល្អ​រឹងមាំ​៕

  • ហេតុផល3យ៉ាង​ “ហាម​ដកស្កូវ​”

    ហេតុផល3យ៉ាង​ “ហាម​ដកស្កូវ​”

    តើ​អ្វី​នឹង​កើតឡើង​ បើសិន​នៅ​សុ​ខៗ​ស្រាប់តែ​ឃើញ​សរសៃសក់​ពណ៌ស​លេចធ្លោ​ឡើង​?… ប្រហែលជា​ទប់ចិត្ត​មិនបាន​ក្នុង​ការ​ដក​វា​ចេញ​ឡើយ​… តែ​មនុស្សជា​ច្រើន​អាច​នឹង​ត្រូវ​ថ្លឹងថ្លែង​ក្នុងចិត្ត​ខ្លះ​ដែរ​ ព្រោះ​ធ្លាប់​បានឮ​ពាក្យ​ចាស់​ៗនិយាយ​ថា​ ការ​ដកសក់ស្កូវ​ 1សរសៃ​ វា​នឹង​ដុះឡើង​ 1សរសៃ​(ដក​មិន​ចេះ​អស់​) តែ​ហ្នឹង​គ្រាន់តែ​ជា​ “ពាក្យ​និ​យា​យតៗ​គ្នា​” ដែល​គ្មាន​ភស្តុតាង​ខាង​វិទ្យាសាស្ត្រ​មក​ធានា​ឡើយ​ ហើយ​អុីចឹង​ ចម្លើយ​ដែល​ពិតប្រាកដ​នោះ​គឺជា​អ្វី​?
    “រឿង​ពិត​” ដែល​នឹង​កើតឡើង​ពេល​អ្នក​ដកសក់ស្កូវ​៖

    ១. សក់​កំបុត​ : បើ​ដក​សរសៃសក់​ ឬសរសៃ​រោម​ណាមួយ​យ៉ាង​រហ័ស​ចេញពី​ស្បែក​មិនថា​នៅ​លើ​ផ្នែក​ណាមួយ​នៃ​រាងកាយ​នោះ​ឡើយ​ គឺជា​ការ​រុកកួន​រំខាន​ស្បែក​ឱ្យ​បែក​ ឬអាច​ធ្វើ​ឱ្យ​សាច់​ភ្នាស​នៅ​ម្ដុំ​សរសៃសក់​នោះ​ខូចខាត​ និង​អាច​ហុច​ផល​ប៉ះពាល់​ដល់​ឫស​សក់​ទៀតផង​។ វេជ្ជបណ្ឌិត​ជំនាញ​ខាង​ស្បែក​ អធិប្បាយ​ថា​ ការ​រុកកួន​រំខាន​ស្បែក​បែប​នេះ​ មានផល​អាក្រក់​ច្រើនណាស់​ ជាពិសេស​បញ្ហា​ដែល​ជួបប្រទះ​ច្រើន​បំផុត​ក៏​គឺ​ រោម​កំបុត​ឬសក់​កំបុត​ ព្រោះ​បើ​សាច់​ភ្នាស​ស្បែក​ខូចខាត​នៅពេល​សរសៃសក់​ដុះឡើង​ថ្មី​ នឹង​មិន​អាច​ងើប​ចេញផុត​ពីក្រោម​ស្រទាប់​ស្បែក​បាន​ឡើយ​ ហើយនឹង​ដុះ​លូតលាស់​នៅ​ខាងក្នុង​នោះ​ ក្លាយជា​សរសៃសក់​កំបុត​នៅទីបំផុត​។
    រោម​ ឬសរសៃសក់​កំបុត​អាច​បង្ក​ឱ្យ​កើត​អាការ​ឈឺ​ក្រហាយ​ស្បែក​ ចំណែក​នៅ​លើ​អ្នក​ដែល​មាន​សរសៃ​រោម​ ឬសក់​រា​ងរឹងៗ​ អាច​នឹង​ធ្វើ​ឱ្យ​កើតមាន​អាការ​រលាក​ក្លាយជា​ពងបែក​ និង​ឈឺខ្លាំង​ទៀតផង​។

    ២. សក់ស្ដើង​ : ពេល​កញ្ឆក់​សរសៃសក់​ស្កូវ​ចេញ​ខ្លាំង​ៗ អាច​ហុច​ផល​ឱ្យ​ស្បែក​ក្បាល​ និង​ឫស​សក់​ខូចខាត​អស់​ខ្លះ​។ វេជ្ជបណ្ឌិត​ជំនាញ​ដដែល​បាន​រៀបរាប់​ថា​ វិនាទី​នៃ​ការឈឺចាប់​ដែល​ត្រូវ​កញ្ឆក់​ដកសក់ស្កូវ​នោះ​ អាច​ជា​ពេលវេលា​ដែល​សរសៃឈាមក្រហម​ពង្រីក​ខ្លួន​បញ្ចេញ​ប្រតិកម្ម​ជាមួយ​ភាព​ឈឺចាប់​ត្រឹមតែ​បន្តិចបន្តួច​ដែល​រាងកាយ​បាន​ទទួល​ និង​ហុច​ផល​ទៅដល់​ឫស​សក់​។
    ទោះជា​អ្វី​ដែល​អាច​កើតឡើង​តិច​បំផុត​មែន​តែបើ​លោកអ្នក​ដក​ ទាញ​ ឬកញ្ឆក់​សក់ស្កូវ​ជាប់​គ្នា​ខ្លាំង​ៗ ការឈឺចាប់​ដែល​កើតឡើង​ចំពោះ​ស្បែក​ក្បាល​នេះ​ក៏អាច​ធ្វើ​ឱ្យ​សក់​ដុះ​មក​ស្ដើង​ ក្រ​វែង​ ឬអាច​លែង​មាន​សក់​ស្កូវ​ថ្មី​ៗឡើង​មក​ទៀត​តែម្ដង​ក៏​មាន​។

    ៣. ខាតពេល​វេលា​(ដក​ទៅ​ ក៏​អត់ប្រយោជន៍​) : ការ​ដកសក់ស្កូវ​មិន​មាន​កើត​ប្រយោជន៍​អ្វី​ឡើយ​ ក្រៅតែ​ពី​កែ​បញ្ហា​បានតែ​ម្ដងម្កាល​ប៉ុណ្ណោះ​ ព្រោះ​ក្រោយពី​លោកអ្នក​ចាត់ការ​ទាញ​ដកសក់​ពណ៌ស​នោះ​ចេញ​ហើយ​ វដ្ត​របស់​ឫស​សក់​នឹង​ Reset​ ឡើងវិញ​ដោយខ្លួនឯង​ ហើយ​សរសៃសក់​ថ្មី​ក៏​នឹង​ដុះឡើង​មក​ជំនួស​នៅ​ទីតាំង​ចាស់​ ដោយ​នៅតែ​ជា​សក់​ពណ៌ស​ដដែល​ ដោយសារតែ​កោសិកា​ពណ៌​នៅក្នុង​ឫស​សក់​បាន​ងាប់​បាត់​ទៅ​ហើយ​ហ្នឹងឯង​ ទើប​សក់​ដែល​ដុះ​មក​ថ្មី​នោះ​ខ្វះ​ពណ៌​ ធ្វើ​ឱ្យ​ក្លាយជា​សក់​ស្កូវ​(ពណ៌ស​)ដោយ​គ្មាន​ថ្ងៃ​វិលត្រឡប់​មក​ជា​សក់​ពណ៌ខ្មៅ​វិញ​ឡើយ​។
    វេជ្ជបណ្ឌិត​ជំនាញ​ដដែល​ថែមទាំង​បាន​បញ្ជាក់​ទៀត​ថា​ គឺជា​រឿង​ដែល​គួរ​ឱ្យ​សោកស្ដាយ​ណាស់​ ដែល​មិន​មានការ​រក​ឃើញថា​ តើមាន​អាហារ​ប្រភេទ​ពិសេស​ណា​ ឬអាហារ​បំប៉ន​ពិសេស​ប្រភេទ​ណា​ដែល​អាច​បំប៉ន​ដើម្បី​ពន្យារ​ ឬទប់ស្កាត់​ការ​កើត​សក់ស្កូវ​បាន​ឡើយ​។
    ដូច្នេះ​ វិធីការ​ពារ​កុំឱ្យ​សក់​ឡើង​ពណ៌ស​ ឬស្កូវ​មុន​អាយុ​ ឬពន្យារ​ការ​កើត​សក់ស្កូវ​នោះ​ គឺ​ការ​ចៀសវាង​ពី​បច្ច័យ​ដែល​ជាដើម​ហេតុ​ មិនថា​តែ​ការ​មិន​ជក់បារី​ ហើយ​បែរមក​យកចិត្ត​ទុកដាក់​លើ​អាហារ​ការ​ហូបចុក​ និង​គេងលក់​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ ថែទាំ​សភាព​ផ្លូវចិត្ត​ កុំឱ្យ​ភាព​ឆាប់​ខឹងមួម៉ៅ​ច្រើន​មក​កាត់បន្ថយ​ទាំង​សុខភាព​កាយ​ និង​ចិត្ត​៕

  • តើ​ពេលណា​មិនគួរ​ងូតទឹក?

    តើ​ពេលណា​មិនគួរ​ងូតទឹក?

    រឹតតែ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ រឹតតែ​ធ្វើ​ឱ្យ​យើង​ចង់តែ​នៅក្នុង​ទីកន្លែង​ត្រ​ជា​ក់ៗ​ តែបើ​សិន​ជា​មាន​ញើស​ចេញ​ពេញមួយថ្ងៃ​ហើយ​នោះ​ ប្រហែលជា​គ្មានអ្វី​ដែល​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ស្រស់ថ្លា​ជាង​ការបាន​ងូតទឹក​ឡើយ​ តែ​ក៏​មាន​ពេលខ្លះ​ដែល​យើង​អាច​នឹង​ត្រូវ​រង់ចាំ​សិន​ដែរ​ ទោះជា​ក្ដៅ​បែកញើស​ស្អិត​ខ្លួន​ប៉ុនណា​ក៏ដោយ​ ព្រោះ​អាច​នឹង​កើត​ផល​អាក្រក់​ដល់​រាងកាយ​បាន​។

    តើ​ពេលណា​ដែល​យើង​មិន​គួរ​ងូតទឹក​?
    ១. ទើបតែ​មក​ពី​ក្ដៅ​/ជួប​ធាតុអាកាស​ក្ដៅ​ហប់​ ឬក្ដៅ​ខ្លាំង​
    ជាពិសេស​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ទាប​ការ​ងូត​ទឹ​កភ្លាម​ៗក្រោយពេល​ប៉ះ​នឹង​ធាតុអាកាស​ក្ដៅ​ ស្បែក​កំពុង​នៅ​ក្ដៅ​ភាយ​នៅឡើយ​ បើសិន​ងូត​ទឹ​កភ្លាម​ៗ អាច​ធ្វើ​ឱ្យ​រាងកាយ​សម្រួល​សីតុណ្ហភាព​លឿន​ជ្រុល​ពេក​ រហូត​ធ្វើ​ឱ្យ​ប្រថុយ​នឹង​ការ​កើត​ខ្យល់គ​បាត់បង់​ស្មារតី​បាន​ ដូច្នេះ​គួរ​អង្គុយ​សម្រាក​នៅក្នុង​បន្ទប់​ ឬទី​ម្លប់​រហូត​ទាល់តែ​បាត់​ក្ដៅ​ជាមុន​សិន​ សឹម​ទៅងូតទឹក​ទើប​ប្រសើរ​ជាង​។

    ២. ក្រោយ​ទទួលទាន​អាហារ​រួច​
    ក្រោយ​ទទួលទាន​អាហារ​ លោហិត​ភាគច្រើន​នឹង​ហូរ​ទៅ​បំពេញ​នៅ​ឯប្រព័ន្ធ​រំលាយអាហារ​ បើ​សិន​ទៅងូតទឹក​នៅពេល​ហ្នឹង​ ក៏​នឹង​ត្រូវ​មាន​លោហិត​មួយ​ចំណែក​បែងចែក​ទៅ​ចិញ្ចឹម​អវយវៈ​ផ្នែក​ផ្សេង​ៗផង​ដែរ​ ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយអាហារ​ធ្វើការ​មិនបាន​ពេញទំហឹង​ អាច​ហើមពោះ​ ឬអាហារ​មិន​រំលាយ​ជាដើម​។

    ៣. ក្រោយ​ហាត់ប្រាណ​
    គួរ​ឱ្យ​ចម្លែក​ចិត្ត​ដែរ​ ដែល​ឃើញ​មនុស្សជា​ច្រើន​ ពេល​ហាត់ប្រាណ​យ៉ាង​ជោកជាំ​រួច​ ក៏​ដើរទៅ​ងូតទឹក​តែម្ដង​…។ ការពិត​វិញ​យើង​គួរ​អង្គុយ​សម្រាក​ឱ្យ​បាត់​ហត់​សិន​ ឬឱ្យ​ខ្លួនប្រាណ​ស្ងួត​ញើស​ល្មម​សមរម្យ​សិន​ រួច​សឹម​ទៅងូតទឹក​ ព្រោះ​ការ​ងូតទឹក​ក្រោយ​ហាត់ប្រាណ​យ៉ាង​ជោកជាំ​ហើយ​ភ្លាម​ៗ អាច​ជាហេតុ​បណ្ដាល​ឱ្យ​លោហិត​ទៅ​ចិញ្ចឹម​បេះដូង​ និង​ខួរក្បាល​បាន​មិន​គ្រប់គ្រាន់​ក្នុងអំឡុងពេល​ងូតទឹក​ និង​បណ្ដាល​ឱ្យ​កើត​ខ្យល់គ​បាត់បង់​ស្មារតី​បាន​។

    ៤. ក្រោយ​ញ៉ាំ​គ្រឿងស្រវឹង​
    ក្រោយ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ ជាតិ​អាល់កុល​នឹង​ទៅ​ទប់ស្កាត់​ការ​ធ្វើការ​របស់​ថ្លើម​ ធ្វើ​ឱ្យ​ការ​បញ្ចេញ​ជាតិ​គ្លុយកូស​ចេញ​មក​ក្នុង​ក្រសែ​ឈាម​ថយ​ចុះ​ តែ​អំឡុង​ពេល​ងូតទឹក​ រាងកាយ​នឹង​ត្រូវការ​គ្លុយកូស​រឹតតែ​ច្រើនឡើង​ ដូច្នេះ​ហើយ​ទើប​ការ​ងូតទឹក​ក្រោយ​ញ៉ាំ​គ្រឿងស្រវឹង​ ធ្វើ​ឱ្យ​បរិមាណ​ជាតិ​ស្ករ​នៅក្នុង​ឈាម​មិន​គ្រប់គ្រាន់​ ធ្វើ​ឱ្យ​ប្រថុយ​នឹង​ការ​កើត​អាការ​វិលមុខ​ ងងឹតមុខ​ ស្រវាំង​ភ្នែក​ រាងកាយ​គ្មានកម្លាំង​កំហែង​ និង​ប្រថុយ​នឹង​ការ​ខ្យល់គ​ដួល​ក្នុង​បន្ទប់ទឹក​បាន​។

    ៥. ពេល​ឈឺ​ មាន​គ្រុនក្ដៅ​ខ្លួន​
    ប្រហែលជា​បានដឹង​ទាំងអស់គ្នា​រួចមក​ហើយ​ថា​ អ្នកជំងឺ​ដែល​មាន​អាការ​គ្រុនក្ដៅ​ខ្លួន​គួរតែ​ជូត​ខ្លួន​ ដើម្បី​សម្អាតខ្លួន​ប្រាណ​សិន​រហូត​ទាល់តែ​អាការ​គ្រុនក្ដៅ​ខ្លួន​ថយ​ចុះ​។ មិនមែន​ដោយសារតែ​អ្នកជំងឺ​គ្មានកម្លាំង​ទៅងូតទឹក​នោះ​ទេ​ តែ​ដោយសារ​តែ​អំឡុង​ពេល​ដែល​យើង​មាន​ជំងឺ​ សីតុណ្ហភាព​រាងកាយ​នឹង​ឡើង​ខ្ពស់​ដល់​ 38​ – 40អង្សាC​ និង​ធ្វើ​ឱ្យ​បរិមាណ​ដុត​បំផ្លាញ​កម្ដៅ​ក្នុង​រាងកាយ​កើនឡើង​ 20​% ទើប​ធ្វើ​ឱ្យ​រាងកាយ​ហាក់ដូចជា​ចុះ​ទន់ខ្សោយ​បើសិន​ងូតទឹក​ អាច​កើត​គ្រោះថ្នាក់​ដល់​រាងកាយ​ ងងឹតមុខ​ ស្រវាំង​ភ្នែក​ បាត់បង់​ស្មារតី​ រហូតដល់​ប្រកាច់​ទៀតផង​៕

  • ប្រយ័ត្ន! ទម្លាប់អាក្រក់មួយចំនួនធ្វើឱ្យនារីៗប្រឈមមុខនឹងជំងឺអាក្រក់

    ប្រយ័ត្ន! ទម្លាប់អាក្រក់មួយចំនួនធ្វើឱ្យនារីៗប្រឈមមុខនឹងជំងឺអាក្រក់

    មិនថា​តែ​នៅក្នុង​អតីតកាល​ ឬបច្ចុប្បន្ន​កាល​ឡើយ​ យើង​នៅតែ​មើលឃើញ​ថា​ នា​រីៗ​នៅ​តែ​មាន​ទម្លាក់​អាក្រក់​មួយចំនួន​ដូចជា​ ទទួល​-ទាន​ស្រា​ ភេ​ស្ជ​ជៈ​ជាតិ​អាល់កុល​ ប្រភេទ​ស្រា​បៀរ​ វ៉ា​ញ ឬសូម្បីតែ​ស្រាថ្នាំ​ ជក់បារី​-ល- នឹង​មាន​សញ្ញា​ថា​ នា​រីៗ​ចាប់ផ្តើម​មាន​កើតជំងឺ​កាច​សាហាវ​ដោយ​មិនបាន​ដឹងខ្លួន​ជាមុន​។ ថ្ងៃ​ទស្សនាវដ្ដី​ ឡា​រ៉ែ​ន សូមជម្រាប​ជូន​នូវ​ទម្លាប់​អាក្រក់​មួយចំនួន​ដែល​នា​រីៗ​គួរ​គិតពិចារណា​ឡើងវិញ​ ក្នុង​ការថែទាំ​សុខភាព​របស់​ខ្លួន​។

    ១. បណ្ដោយ​ខ្លួន​ឱ្យ​ធាត់​ពេក​
    ធាត់​ ឬឡើង​គីឡូ​ បន្ទាប់ពី​ឈាន​ចូល​ដល់​វ័យ​អស់​រដូវ​ អាច​ជា​កត្តា​ហានិភ័យ​ចំពោះ​ជំងឺមហារីក​សុដន់​។ មុន​ដល់​វ័យ​អស់​រដូវ​ អ័រម៉ូន​ អឺ​ស្រ្ដូ​ហ្សែន​ របស់​ស្រ្តី​ភាគច្រើន​បាន​ផលិត​នៅក្នុង​ក្រពេញ​អូវែ​ និង​ជាលិកា​ខ្លាញ់​មាន​តិចតួច​បំផុត​។ ប៉ុន្ដែ​បន្ទាប់ពី​ក្រពេញ​អូវែ​ឈប់​ផលិត​អ័រម៉ូន​ អឺ​ស្រ្ដូ​ហ្សែន​ ក្រោយពេល​អ្នក​អស់​រដូវ​ គឺ​មានតែ​ជាលិកា​ខ្លាញ់​ប៉ុណ្ណោះ​ ជា​ប្រភព​ចម្បង​ក្នុង​ការផលិត​អរម៉ូន​ អឺ​ស្រ្ដូ​ហ្សែន​។ ពេល​សម្បូរ​ជាលិកា​ខ្លាញ់​ កម្រិត​អ័រម៉ូន​ អឺ​ស្រ្ដូ​ហ្សែន​ ក៏​កើនឡើង​តាម​ដែរ​ ជាហេតុ​បង្ក​ឱ្យ​មាន​ហានិភ័យ​ខ្លាំង​ចំពោះ​សុខភាព​។ មួយវិញទៀត​ នា​រីៗ​ដែល​ធាត់​ជ្រុល​ តែង​មានកម្រិត​អ័រម៉ូន​អាំង​ស៊ុយ​លី​នខ្ពស់​នៅក្នុង​ឈាម​ វា​ក៏​ជា​មូលហេតុ​នាំ​ឱ្យ​មាន​ជំងឺមហារីក​សុដន់​ដូចគ្នា​ដែរ​។

    ២. ខ្ចិល​ហាត់ប្រាណ​
    ភាព​អសកម្ម​រាងកាយ​ (អត់​ធ្វើលំ​ហាត់ប្រាណ​) ជា​កត្តា​ហានិភ័យ​ក្នុង​ការ​កើតមាន​ជំងឺ​កាច​សាហាវ​មួយចំនួន​ ប៉ុន្ដែ​ការ​ធ្វើសកម្មភាព​រាងកាយ​ អាច​ការពារ​អ្នក​ពី​ជំងឺមហារីក​សុដន់​ ក្រោយពេល​អស់​រដូវ​ តាម​រយៈ​ការ​ជះឥទ្ធិពល​ពី​ការ​ដុត​កម្ដៅ​របស់​អ័រម៉ូន​ Steroid​ នៃ​ក្រពេញ​បញ្ចេញ​ខាងក្នុង​ និង​ការ​រលាក​របស់​វា​ ដែល​ធ្វើ​ឱ្យ​កាត់បន្ថយ​ជាតិ​ខ្លាញ់​នៅក្នុង​ខ្លួន​បាន​ និង​ប្រព័ន្ធ​ភាពស៊ាំ​ដំណើរការ​បាន​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។ ធ្វើសកម្មភាព​រាងកាយ​ ត្រូវ​បាន​គេ​អះអាង​ថា​អាច​ ជួយ​កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ឱ្យ​ចុះ​មក​នៅ​ត្រឹម25​% ទៅ​ 30​%ប៉ុណ្ណោះ​។ អ្នកជំនាញ​និយាយ​ថា​ ស្ត្រី​ដើ​រយឺត​ៗពី​ 1 ម៉ោង​ ទៅ2ម៉ោង​កន្លះ​ ក្នុង​មួយ​សប្តាហ៍​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​បាន​ដល់ទៅ18​%។ ទំនាក់ទំនង​រវាង​លំហាត់​ប្រាណ​ទៀងទាត់​ និង​ការ​ថយ​ចុះ​ហានិភ័យ​ក្រោយ​ពេល​អស់​រដូវ​ ត្រូវ​បាន​គេ​បញ្ជាក់​យ៉ាង​ច្បាស់​។ មានន័យថា​ អសកម្ម​រាងកាយ​អាច​នាំ​អ្នក​ឈាន​ទៅ​រក​ការ​កើតជំងឺ​មហារីក​សុដន់​។

    ៣. ចូលចិត្ត​ទទួលទាន​ស្រា​
    ក្នុងចំណោម​នា​រីៗ​នៅក្នុង​ប្រទេស​អភិវឌ្ឍ​ជុំវិញ​ពិភពលោក​ កើតមាន​ជំងឺមហារីក​សុដន់​ 4% បណ្តាល​មក​ពី​ពួកគេ​ជា​អ្នកទទួល​ទាន​ស្រា​។ របាយការណ៍​ផ្សេងទៀត​បាន​បង្ហាញថា​ កំណើន​អាច​កើន​ដល់ទៅ10​% បើ​អ្នក​បន្ថែម​ការ​ទទួលទាន​ស្រា​ នោះ​សារធាតុ​អេតាណុល​ 10ក្រាម​ដែល​មាន​ក្នុង​ស្រា​នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​រាងកាយ​របស់​អ្នក​រាល់ថ្ងៃ​។ ទំនាក់ទំនង​រវាង​គ្រឿងស្រវឹង​ និង​ហានិភ័យ​នៃ​ការ​កើតមាន​ជំងឺមហារីក​សុដន់​ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ការ​ទទួលទាន​ស្រា​កាន់តែ​ច្រើន​ ហានិភ័យ​ក្នុង​ការ​កើតមាន​ជំងឺមហារីក​ក៏​មាន​កាន់តែ​ខ្ពស់​ដែរ​។

    ៤. ជក់បារី​ជក់បារី​
    ក៏​ជា​មូលហេតុ​បង្ក​ឱ្យ​កើតមាន​ជំងឺ​កាច​សា​ហាវ​ផ្សេង​ៗ ដែល​ភាគច្រើន​ជា​ជំងឺមហារីក​ ក្នុង​នោះ​ក៏​មាន​មហារីក​សុដន់​ផង​ដែរ​។ ក្លិន​ឈ្ងុយ​នៃ​សារ​ធា​តុ​អុីដ្រូ​កាបូន​ ដែល​មាននៅ​ក្នុង​ថ្នាំជក់​ ជា​មូលហេតុ​បង្ក​កើតមាន​ជា​សារធាតុ​វិទ្យុសកម្ម​ជំរុញ​ឱ្យ​កើត​មហារីក​។ របាយការណ៍​ក្រុម​គ្រូពេទ្យ​ពិភពលោក​បាន​បង្ហាញថា​ នា​រីៗ​ដែល​ធ្លាប់​ជក់បារី​ពីមុន​ អាច​នឹង​កើតមាន​ជំងឺមហារីក​សុដន់​ជាង​នារី​ធម្មតា​ 10​% នៅក្នុង​ឆ្នាំ​កន្លងទៅ​នេះ​។

    ៥. ប្រើ​វិធី​ពន្យារកំណើត​
    វិធី​ពន្យារកំណើត​មាន​ច្រើន​សណ្ឋាន​ ដូចជា​ ថ្នាំលេប​ ថ្នាំចាក់​ ជ័រ​ដាក់​ក្នុង​ស្បូន​ ជ័រ​ដាក់ក្រោម​ស្បែក​ និង​កង​ដាក់​ក្នុង​ស្បូន​ សុទ្ធតែ​អាច​ឈាន​ទៅ​រក​ជំងឺមហារីក​សុដន់​ទាំងអស់​។ អ្នក​វិទ្យា​សា​ស្រ្ដបា​នប​ញ្ជា​ក់​ថា​ នា​រីៗ​ដែល​ប្រើ​វិធី​ពន្យារកំណើត​អាច​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​ ជាង​ស្រ្ដី​ដែល​មិន​ប្រើប្រាស់​។ តែបើ​ស្រ្ដី​ដែល​ឈប់​ប្រើ​ (ឈប់​ពន្យារ​កំណើត​) ចន្លោះ​ពី​ 5-10ឆ្នាំ​ ទៅតាម​ទម្រង់​នៃ​ការ​ពន្យារកំណើត​ នឹង​មិន​មាន​ហានិភ័យ​កើតមាន​មហារីក​សុដន់​នោះ​ទេ​៕

  • ជំងឺ៣ប្រភេទក្នុងរដូវក្ដៅដែល “មនុស្សចាស់” គួរប្រយ័ត្ន

    ជំងឺ៣ប្រភេទក្នុងរដូវក្ដៅដែល “មនុស្សចាស់” គួរប្រយ័ត្ន

    ខណៈ​ដែល​ប្រទេស​យើង​កំពុង​ប្រឈម​នឹង​សភាវ​អាកាសធាតុ​ដែល​ក្ដៅ​ហប់​ ហួតហែង​ដោយសារតែ​សីតុណ្ហភាព​ដែល​កើន​ខ្ពស់​ឡើង​ ដែល​អាច​ធ្វើ​ឱ្យ​កើតរោគ​ភ័យ​ផ្សេង​ៗឡើង​បាន​នោះ​ ជាហេតុ​ធ្វើ​ឱ្យ​យើង​ត្រូវ​មើលថែ​ទាំ​សុខភាព​របស់​អ្នក​ដែល​ស្ថិតនៅ​ក្នុង​ក្រុម​ប្រថុយ​នឹង​ការ​កើតរោគ​ភ័យ​ផ្សេង​ៗ ដូចជា​ អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​ កូនក្មេង​ ស្រ្តី​មានគភ៌​ និង​ជាពិសេស​មនុស្សចាស់​ សុទ្ធតែ​ជា​ក្រុម​ដែល​ត្រូវ​ផ្ដល់​ភាព​សំខាន់​ជាពិសេស​ ដោយសារតែ​ជា​ក្រុម​មនុស្ស​ដែល​មាន​សុខភាព​រាងកាយ​មិនសូវ​រឹងមាំ​ ងាយ​នឹង​ឈឺថ្កាត់​ជាង​មនុស្ស​ក្នុង​វ័យ​កំលោះ​ក្រមុំ​ បើសិនជា​ត្រូវ​ប្រឈម​នឹង​ធាតុអាកាស​ក្ដៅ​យូរ​ៗទៅ​។លោកគ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​មនុស្សចាស់​ជរា​បានឱ្យ​ដឹង​ថា​ ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​យើង​ត្រូវ​ប្រឈម​នឹង​សភាវ​ធាតុអាកាស​ក្ដៅ​ហប់​ហួតហែង​ដូចសព្វថ្ងៃ​នេះ​ ជំងឺ​ដែល​មនុស្សចាស់​ត្រូវ​ប្រយ័ត្ន​ប្រយែង​ និង​ជួបប្រទះ​ញឹកញាប់​នោះ​មាន​ដូចជា​៖

    ១. ជំងឺ​ខ្យល់គ​ដោយសារ​កម្ដៅ​ ឬហ៊ី​តស្រ្តូក​ (Heat​ Stroke​)
    ជំងឺ​ខ្យល់គ​ដោយសារ​កម្ដៅ​ បណ្ដាលមកពី​ការដែល​មនុស្សចាស់​ស្ថិតនៅ​ក្នុង​សភាព​បរិស្ថាន​ដែល​មាន​សីតុណ្ហភាព​ខ្ពស់​ និង​បាន​ទទួល​កម្ដៅ​ខ្លាំង​ជ្រុល​ពេក​ បណ្ដាល​ឱ្យ​ការ​ធ្វើការងារ​របស់​ប្រព័ន្ធ​ឈាម​រត់​ និង​ប្រព័ន្ធ​ខួរក្បាល​ខុស​ប្រក្រតី​ ដែល​សញ្ញា​ដាស់តឿន​ដ៏​សំខាន់​របស់​ជំងឺ​ហ៊ី​តស្រ្តូក​នេះ​គឺ​ គ្មាន​ចេញ​ញើស​ មុខ​ឡើង​ក្រហម​ ខ្លួនប្រាណ​ក្ដៅ​ឡើង​ជា​រឿយ​ៗ មាន​អារម្មណ៍​ស្រេកទឹក​ខ្លាំង​ វិលមុខ​ ឈឺក្បាល​ ក្អួត​ចង្អោរ​ ដកដង្ហើម​ដង្ហក់​ សាច់ដុំ​ឡើង​រឹង​ ភាំង​ៗ ប្រស្រីភ្នែក​រីក​ធំ​ អារម្មណ៍​ដឹងខ្លួន​ថយ​ចុះ​ អាច​ប្រកាច់​ និង​បាត់ស្មារតី​។ បើ​មិនបាន​ទទួលការ​ជួយសង្គ្រោះ​យ៉ាង​ត្រឹមត្រូវ​ទាន់ពេល​វេលា​ទេ​នោះ​ បេះដូង​អាច​នឹង​ឈប់​ធ្វើការ​ និង​អាច​បណ្ដាល​ឱ្យ​ស្លាប់​បាន​។
    សម្រាប់​ការ​ការពារ​ និង​មើលថែ​ទាំ​មនុស្ស​ចាស់​ គឺ​មិន​គួរ​បណ្ដោយ​ឱ្យ​ស្ថិតនៅ​ក្រោម​កម្ដៅ​ថ្ងៃ​នា​ពេលថ្ងៃត្រង់​ ឬចៀសវាង​ពី​ធ្វើ​កិច្ចការ​ងារ​នៅ​កណ្ដាលវាល​ក្នុងអំឡុងពេល​រសៀល​រហូត​ដល់ម៉ោង​ 4ល្ងាច​ តែបើ​មាន​ភាព​ចាំបាច់​ចៀស​មិន​រួច​ដែល​ត្រូវតែ​ប៉ះពាល់​នឹង​កម្ដៅថ្ងៃ​នោះ​ គួរ​ប្រើ​កន្សែងពោះគោ​ជ្រលក់​ទឹក​ជូត​ខ្លួន​ដើម្បី​បន្ថយកម្ដៅ​ក្នុង​ខ្លួន​ និង​គួរ​ក្រេបទឹក​បរិសុទ្ធ​ឱ្យ​បាន​ញឹកញាប់​បំផុត​ក្នុង​ថ្ងៃ​ដែល​ធាតុអាកាស​ក្ដៅ​ខ្លាំង​ ពាក់​វ៉ែនតាការពារ​ពន្លឺថ្ងៃ​ និង​បាំង​ឆ័ត្រ​មុន​ពេល​ចេញពីផ្ទះ​ គួរ​ស្លៀក​សម្លៀកបំពាក់​ដែល​មាន​ពណ៌​ស្រាល​ៗ ធំ​ទូលាយ​ ស្ដើង​ៗស្រាល​ៗ និង​អា​ចបំ​ភាយ​កម្ដៅ​ និង​ការពារ​កម្ដៅថ្ងៃ​បាន​ល្អ​។

    ២. ជំងឺរាក​រូស


    ក្នុង​អំឡុង​អាកាសធាតុ​ក្ដៅ​បែបនេះ​ មេ​រោ​គផ្សេង​ៗនឹង​រីក​ធំធាត់​យ៉ាង​ល្អ​ ជាពិសេស​ចំណីអាហារ​នឹង​ឆាប់​ជូរ​ផ្អូម​ជាង​ប្រក្រតី​ ដែល​បើសិន​ញ៉ាំ​ចំណីអាហារ​មិន​ស្អាត​ អាការ​រាករូស​នឹង​កើតឡើង​បាន​យ៉ាង​ងាយ​។ ឯវិធីការ​ពារ​គឺ​ គួរ​ប្រកាន់​ខ្ជាប់​គោលការណ៍​ញ៉ាំ​អា​ហា​រក្ដៅៗ​ មាន​ស្លាបព្រា​សម្រាប់​ដួស​ម្ហូប​ដោយឡែក​ លាង​សម្អាត​ដៃ​ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ និង​មិន​ញ៉ាំ​អាហារ​ដែល​ទុកចោល​យូរ​ ឬបើ​ទទួលទាន​មិន​អស់​ គួរ​រក្សាទុក​នៅក្នុង​ទូទឹកកក​ ដើម្បី​កុំឱ្យ​អាហារ​នោះ​ជូរ​ផ្អូម​។

    ៣. ជំងឺ​ស្បែក​ឈឺ​ក្រហាយ​ផ្សា​ ក្រហម​ ឡើង​កន្ទួល​
    ជំងឺ​ស្បែក​កើតឡើង​ពី​ការ​ប៉ះពាល់​នឹង​កម្ដៅថ្ងៃ​រយៈពេល​យូរ​ដោយ​គ្មាន​វត្ថុ​ការពារ​ នឹង​ធ្វើ​ឱ្យ​ស្បែក​របស់​មនុស្សចាស់​កើត​អាការ​ក្ដៅ​ខ្លោច​ ក្រហាយ​ផ្សា​ និង​ឡើង​កន្ទួល​ ដូច្នេះ​គួរ​ទទួលទានទឹក​ឱ្យ​បាន​ច្រើនជាង​ប្រក្រតី​ ដើម្បី​សាង​ភាព​ស្រស់ថ្លា​ និង​សំណើម​ដល់​ស្បែក​ និង​លាប​គ្រី​មកា​រពារ​កម្ដៅថ្ងៃ​មុន​ចេញទៅ​ប៉ះ​ពន្លឺថ្ងៃ​ប្រមាណ​ 20នាទី​ និង​គួរ​លាប​ថែមទៀត​រៀងរាល់​ 2 – 4ម៉ោង​ម្ដង​ ដើម្បី​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ​។
    ទាំងអស់​នេះ​ការ​មើលថែ​ទាំ​មនុស្សចាស់​គួរ​យកចិត្ត​ទុកដាក់​លើ​រឿង​សុខភាព​គ្រប់​ផ្នែក​ដោយ​ការរៀបចំ​ទីកន្លែង​ឱ្យ​មាន​ខ្យល់អាកាស​ចេញចូល​ស័ក្តិសម​សម្រាប់​មនុស្សចាស់​ ចៀសវាង​ភាព​សើម​ផ្អាប់​ ព្រោះ​អាច​ជា​ប្រភព​បណ្ដុះ​មេរោគ​ និង​ធ្វើ​ឱ្យ​មិន​ស្រួលខ្លួន​ ក្រៅពី​នេះ​ ត្រូវ​មើលថែ​ទាំ​សភាវ​ខាង​អារម្មណ៍​របស់​មនុស្សចាស់​ ដោយ​ត្រូវ​មើលថែ​យ៉ាង​ចិត្តត្រជាក់​ រួម​ទាំង​សាង​បរិយាកាស​ឱ្យ​ស្រស់ថ្លា​រីករាយ​ជាប់​ជានិច្ច​ និង​បើ​សង្កេតឃើញ​មាន​អាការ​ខុសប្រក្រតី​ណាមួយ​របស់​មនុស្សចាស់​ដែល​បង្ក​ដោយ​ជំងឺ​អ្វី​ម្យ៉ាង​នោះ​ គួរ​ប្រញាប់​នាំទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ និង​រិះរក​វិធីការ​ពារ​រួមគ្នា​៕

  • សុខភាព​ល្អ ដោយ​ការជ្រើសរើស​ទទួលទាន​អាហារ​តាម​វ័យ

    សុខភាព​ល្អ ដោយ​ការជ្រើសរើស​ទទួលទាន​អាហារ​តាម​វ័យ

    មានឈ្មោះ​ថា​ អាហារ​ មិនថា​តែ​បង្អែម​ ឬចម្អាប​ឡើយ​ ឡា​រ៉ែ​ន ជឿ​ថា​ នរ​ណាៗ​ក៏​ចាប់​អារម្មណ៍​ដែរ​ ប៉ុន្តែ​ តើមាន​ប៉ុន្មាន​អ្នក​ទៅ​ ដែល​យកចិត្ត​ទុកដាក់​ក្នុង​ការ​ធ្វើ​ឱ្យ​អាហារ​ដែល​លោកអ្នក​កំពុង​ទទួលទាន​នោះ​ស័ក្តិសម​ត្រូវ​នឹង​វ័យ​ និង​មានប្រយោជន៍​ មានគុណ​តម្លៃ​ដល់​រាងកាយ​របស់​ខ្លួនឯង​នោះ​? យើង​គួរតែ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ជ្រើសរើស​ទទួលទាន​អាហារ​ឱ្យ​ត្រូវ​ និង​តាម​អំឡុង​ពេល​របស់​អាយុ​ ឬវ័យ​របស់​យើង​ ព្រោះ​ក្នុងអំឡុងពេល​នៃ​វ័យ​នី​មួយ​ៗ វា​មាន​ភាព​ខុសប្លែក​ពីគ្នា​ខាង​ការ​វិវឌ្ឍ​របស់​រាងកាយ​ និង​លក្ខណៈ​ការរស់នៅ​។

    រឿងរ៉ាវ​របស់​ចំណីអាហារ​ដែល​ពាក់ព័ន្ធ​នឹង​វ័យ​ទាំង​ 4 របស់​មនុស្ស​ មិនមែន​ជា​រឿង​ពិបាក​យល់​នោះ​ឡើយ​ លោកអ្នក​អាច​សាកល្បង​ធ្វើតាម​ដូច​ខាងក្រោម​៖
    ក្នុង​អំឡុង​អាយុ​ចាប់ពី​ 20ឆ្នាំ​ឡើង​ទៅ​ គឺជា​អំឡុង​ពេល​ដែល​រាងកាយ​មានការ​វិវឌ្ឍ​ និង​ចម្រើន​ធំធាត់​ពេញទំហឹង​ មិនថា​តែ​រឿង​ការរៀនសូត្រ​ ឬការ​ធ្វើការងារ​ឡើយ​ ហើយក៏​ជា​វ័យ​ដែល​សកម្ម​ មិន​ចេះ​នឿយហត់​ ហើយ​រឹតតែ​សកម្ម​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ច្រើន​ប៉ុនណា​ រាងកាយ​ក៏​រឹតតែ​ដុត​បំផ្លាញ​ និង​ប្រើប្រាស់​កម្លាំងថាមពល​ច្រើន​ប៉ុន​នោះ​ដែរ​ ដូច្នេះ​យើង​គួរ​ជ្រើសរើស​ទទួលទាន​អាហារ​ឱ្យ​បាន​ស័ក្តិសម​នឹង​តម្រូវការ​របស់​រាងកាយ​ក្នុង​វ័យ​នោះ​។
    ក្នុង​វ័យ​នេះ​ ចូរ​ជ្រើសរើស​ទទួលទាន​ពពួក​សាច់សត្វ​ និង​សណ្តែក​ផ្សេង​ៗ រួម​ទាំង​បាយ​ និង​ម្សៅ​ជា​អាហារ​លំដាប់​ទី1​ តាមដោយ​បន្លែ​-ផ្លែឈើ​ជា​អាហារ​លំដាប់​ទី2​ ចំណែក​ឯទឹកដោះគោ​ និង​អាហារ​ជំនួស​ជាតិ​កាល់ស្យូម​ផ្សេង​ៗដូចជា​ តៅហ៊ូ​ ទឹក​សណ្តែក​លឿង​ ដើម្បី​បង្កើន​កាល់ស្យូម​ជា​អាហារ​លំដាប់​ទី3​ និង​ចូរ​ផ្តល់​ភាព​សំខាន់​ចំពោះ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ជាលំដាប់​ក្រោយ​គេ​បង្អស់​។
    សាច់​ត្រី​ជា​អាហារ​ជំនួយ​ខួរក្បាល​ដែល​ជួយ​រក្សា​ព្យាបាល​ជញ្ជាំង​កោសិកា​ប្រសាទ​ក្នុង​ខួរក្បាល​ឱ្យ​រឹងមាំ​ មិនឆាប់​ភ្លេចភ្លាំង​។ បន្លែ​ពណ៌បៃតង​ដូចជា​ ត្រកួន​ កញ្ឆែត​ ខាត់ណា​ សណ្តែក​គួ​ ជួយ​បំប៉ន​ខ្សែភ្នែក​ សាង​ឆ្អឹង​ និង​ធ្មេញ​ឱ្យ​រឹងមាំ​។

    វ័យ​ដែល​ចាប់ផ្តើម​ដោយ​លេខ​ 3
    អាយុ​ឡើង​ដល់​លេខ3​ នាំមុខ​ មនុស្សជា​ច្រើន​ចាប់ផ្តើម​ភ័យ​ ប៉ុន្តែ​ការ​ចេះ​ជ្រើសរើស​ទទួលទាន​អាហារ​ នឹង​ធ្វើ​ឱ្យ​អ្នកឯទៀត​មិន​អាច​ស្មាន​ដឹងពី​អាយុ​របស់​អ្នក​តាមរយៈ​រូបរាង​ ឬមុខមាត់​បាន​ឡើយ​។ ក្នុង​អំឡុង​វ័យ​ចាប់ផ្តើម​ជា​មនុស្សចាស់​នេះ​ តម្រូវការ​ផ្នែក​ថាមពល​នៅតែ​មាន​ ព្រោះ​ជា​ចន្លោះ​ជីវិត​នៃ​ការ​ធ្វើការងារ​ តែ​ត្រូវ​បន្ថែម​ការ​ប្រុងប្រយ័ត្ន​ក្នុង​រឿង​ជាតិ​ខ្លាញ់​ និង​កូ​លេ​ស្តេ​រ៉ូល​ ដែល​អាច​មានផល​ប៉ះពាល់​ដល់​រូបរាង​ មុខមាត់​សម្បក​ក្រៅ​ដែល​មើលឃើញ​មានការ​ប្រែប្រួល​បាន​យ៉ាង​ច្បាស់​។ ដូច្នេះ​គួរ​ចៀសវាង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ និង​កូ​លេ​ស្តេ​រ៉ូល​ខ្ពស់​ដូចជា​ សាច់​ជ្រូក3ជាន់​ ប៊័រ​ដុំ​ និង​ខ្ទិះ​ជាដើម​។
    លោកអ្នក​អាច​ជ្រើសរើស​ទទួលទាន​អាហារ​ដែល​មានប្រយោជន៍​ ដូចជា​ ត្រី​សមុទ្រ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ ពពួក​គ្រាប់​សណ្តែក​ស្ងួត​ ដូចជា​ សណ្តែក​ក្រហម​ សណ្តែក​ខៀវ​ សណ្តែក​លឿង​ ជួយ​កាត់បន្ថយ​ភាព​ប្រថុយ​ពី​ជំងឺបេះដូង​ និង​មាន​ប្រូ​តេ​អុីន​ខ្ពស់​ និង​អាហារ​ដែល​មាន​កាក​សរសៃ​ខ្ពស់​ដែល​ជួយ​ឱ្យ​ឆ្អែត​ពោះ​បាន​យូរ​ និង​មាន​ផល​ល្អ​ដល់​ពោះវៀនធំ​ទៀតផង​។

    វ័យ​ដែល​ចាប់ផ្តើម​ដោយ​លេខ​ 4
    ដោយសារតែ​សភាព​រាងកាយ​ចាប់ផ្តើម​ប្រែប្រួល​ ជាពិសេស​ចំពោះ​ស្ត្រី​ ឯបុរស​ក្នុង​វ័យ​នេះ​វិញ​ក៏​ចាប់ផ្តើម​មាន​រោ​គា​ផ្សេង​ៗកើតឡើង​ដែរ​ តែ​ទាំងអស់​នេះ​ការ​ពន្យារ​វ័យ​ ឬការ​ការពារ​រោគា​ផ្សេង​ៗដែល​មក​ជាមួយ​វ័យ​ មិនបាន​លំបាកលំបិន​ហួសពី​យើង​អាច​ធ្វើ​បាន​នោះ​ឡើយ​។
    សម្រាប់​ចន្លោះ​វ័យ​នេះ​ តម្រូវការ​ខាង​ថាម​ពល​នឹង​ថយ​ចុះ​ តែ​តម្រូវការ​កាល់ស្យូម​ និង​វី​តា​មីន​ផ្សេង​ៗកើនឡើង​ ដែល​រាងកាយ​អាច​នឹង​ទទួល​បាន​ពី​បន្លែ​ផ្លែឈើ​ដែល​មាន​កាក​សរសៃ​អាហារ​ខ្ពស់​ ហើយ​ថែមទាំង​មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ទៀតផង​។ ឯវីតាមីនC​ ពី​ចំណីអាហារ​ដែល​ងាយ​រកទទួលទាន​បាន​នោះ​ មាន​ដូចជា​ ផ្លែក្រូច​ ត្របែក​ ប៉េងប៉ោះ​ ត្រសក់ស្រូវ​ជាដើម​ចំណែក​អាហារ​ដែល​មាន​វីតាមីនE​ គឺ​ប្រេងសណ្តែក​ប៊័រ​សណ្តែក​ សណ្តែក​ដី​ និង​គ្រាប់​អាល់​ម៉ុន​។ ក្រៅ​ពីនេះ​គួរ​ទទួលទាន​តៅហ៊ូ​ ប្រូតេអ៊ីន​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ដែល​ផ្តល់​កាល់ស្យូម​ច្រើនជាង​សាច់​សត្វ​ផ្សេង​ៗ និង​គួរ​ចៀសវាង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​ និង​កា​ហ្វេ​អុីន​ផង​។

    វ័យ​ដែល​ចាប់ផ្តើម​ដោយ​លេខ​ 5
    ការ​ឈាន​ចូល​ដល់​វ័យ​ 50​ នោះ​ មិនមែន​មាន​ផល​ប៉ះពាល់​ចំពោះ​រាងកាយ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ​ តែ​នៅ​មានផល​ដល់​សភាព​ផ្លូវចិត្ត​ផង​ដែរ​ ដូច្នេះ​ដើម្បី​ត្រៀមខ្លួន​ទប់ទល់​ជាមួយនឹង​វ័យ​នេះ​លោកអ្នក​គួរ​យល់ដឹង​ពី​ការ​ធ្វើការងារ​របស់​រាងកាយ​ដែល​មានប្រសិទ្ធភាព​ថយ​ចុះ​ ជាពិសេស​ប្រព័ន្ធ​ការ​រំលាយ​ និង​ការ​បឺត​យក​សារធាតុ​អាហារ​ធ្វើ​ឱ្យ​រាងកាយ​ខ្វះ​សារធាតុ​អាហារ​ប្រភេទ​ខ្លះ​។
    ក្នុង​អំឡុង​វ័យ​នេះ​ លោកអ្នក​អាច​មិនសូវ​មាន​អារម្មណ៍​ស្រេកទឹក​ប៉ុន្មាន​ទេ​ តែ​គួរ​ពិសា​ទឹក​ឱ្យ​បាន​ទៀងទាត់​ យ៉ាងតិច​ 1ថ្ងៃ​ 8 – 12កែវ​ ដើម្បី​ការពារ​ការ​ខ្វះ​ជាតិទឹក​ដោយ​មិនដឹង​ខ្លួន​។ គួរ​ទទួលទាន​ខា​បូ​ហាយ​ដ្រេ​ត(ម្សៅ​ និង​ស្ករ​-ល-)ឱ្យ​តិច​សង្កត់ធ្ងន់​លើ​អាហារ​ពួក​សាច់​ត្រី​ ដើម្បី​កុំឱ្យ​ខ្វះ​ជាតិ​ប្រូ​តេ​អុីន​ និង​ពួក​សាច់សត្វ​ណា​ដែល​ងាយ​រំលាយ​។ គួរ​ទទួល​បាន​កាល់ស្យូម​ឱ្យ​គ្រប់គ្រាន់​ និង​អាហារ​ដែល​មាន​កាល់ស្យូម​ខ្ពស់​ គឺ​នៅក្នុង​ទឹក​ដោះ​គោ​ យ៉ា​អួ​ប្រភេទ​ក្រែម​ និង​ប៊័រ​ដុំ​ជាដើម​។
    រឿង​ដែល​សំខាន់​នោះ​ គឺ​មិនថា​លោកអ្នក​ស្ថិត​នៅក្នុង​វ័យ​ណាក៏ដោយ​ គួរ​យកចិត្ត​ទុកដាក់​រឿង​អាហារ​ការ​ហូបចុក​បាន​គ្រប់ពេល​ ទោះជា​មាន​ជំងឺ​ឬគ្មាន​ក៏ដោយ​ ក្រៅពី​នេះ​គួរ​បង្កើន​ការ​ធ្វើ​ចលនា​(ហាត់ប្រាណ​)ក្នុង​ 1ថ្ងៃ​ៗឱ្យ​បាន​ច្រើន​ និង​ញឹកញាប់​ នឹង​ធ្វើ​ឱ្យ​មាន​សុខភាព​កាន់តែ​ល្អ​ឡើង​ និង​កាត់បន្ថយ​ភាព​ធុញថប់​ តឹងតែង​បាន​ទៀតផង​៕

  • ជំងឺ​ខ្យល់គ រោគ​ដែល​តែង​កើតឡើង​នៅក្នុង​រដូវក្ដៅ

    ជំងឺ​ខ្យល់គ រោគ​ដែល​តែង​កើតឡើង​នៅក្នុង​រដូវក្ដៅ

    បច្ចុប្បន្ន​សភាវ​ពិភពលោក​ឡើង​កម្ដៅ​ជា​បញ្ហា​ដែល​មនុស្ស​គ្រប់រូប​ផ្ដល់​ការ​យកចិត្ត​ទុកដាក់​ ព្រោះ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ សីតុណ្ហភាព​ពិភពលោក​មាន​សញ្ញា​ថា​នឹង​កើន​ខ្ពស់​ឡើង​ជា​រឿយ​ៗ សម្រាប់​ប្រទេស​យើង​វិញ​ ខណៈនេះ​សភាព​ធាតុអាកាស​ក្ដៅ​ខ្លាំង​ជាង​រាល់​ឆ្នាំ​ ធ្វើ​ឱ្យ​ប្រជាជន​មាន​ភាព​ប្រថុយប្រថាន​ក្នុង​ការ​ធ្លាក់ខ្លួន​ឈឺថ្កាត់​ដោយ​ជំងឺ​ជាច្រើន​ ដូចជា​ជំងឺ​ខាង​ប្រព័ន្ធ​រំលាយអាហារ​ ដែល​កើត​ពី​ការ​ទទួលទាន​អាហារ​ និង​ទឹកដែល​មាន​មេរោគ​ប្រឡាក់ប្រឡូស​ញឹកញាប់​បំផុត​ តែ​ជំងឺ​ដែល​មានការ​និយាយ​ដល់តិច​បំផុត​ តែ​មាន​អ្នក​កើត​ញឹកញាប់​បំផុត​ក្នុង​រដូវក្ដៅ​នោះ​គឺ​ “ជំងឺ​ ហ៊ី​ត ស្ត្រូ​ក” (Heat​ Stroke​) ឬ “ជំងឺ​ខ្យល់គ​ដោយសារ​កម្ដៅថ្ងៃ​” ហ្នឹងឯង​។

    អាការ​របស់​ជំងឺ​ ហ៊ី​ត ស្ត្រូ​ក
    ហ៊ី​ត ស្ត្រូ​ក ជា​ជំងឺ​ដែល​បណ្ដាលមកពី​រាងកាយ​បាន​ទទួល​កម្ដៅ​ខ្លាំង​ជ្រុល​ពេក​ រហូត​ធ្វើ​ឱ្យ​កម្ដៅ​ក្នុង​រាងកាយ​(Core​ Temperature​)ខ្ពស់​ជាង​ 40អង្សាC​។ អាការ​ជាដំបូង​ មាន​ដូចជា​ អស់​កម្លាំង​ នឿយ​ល្វើយ​ មិន​ឃ្លាន​អាហារ​ ក្អួតចង្អោរ​ វិតក្ក​កង្វល់​ វិលវល់​ សម្ពាធ​ឈាមធ្លាក់​ចុះ​ ងងឹតមុខ​ និង​អាច​មាន​អាការ​បន្ថែម​ទៀត​ ដូចជា​ សភាវ​ខ្វះ​ជាតិ​ទឹក​ ដង្ហក់​ បេះដូង​ដើរខុស​ចង្វាក់​ប្រកាច់​ លែង​ដឹង​ខ្លួន​ ដែល​ទាំងអស់​នេះ​ បើ​មិនបាន​ទទួលការ​ព្យា​បា​លភ្លាមៗ​ទេ​នោះ​ អាច​នឹង​នាំទៅ​ដល់​ការ​ស្លាប់​បាត់បង់ជីវិត​បាន​។

    បុគ្គល​ដែល​មាន​ភាព​ប្រថុយប្រថាន​ថា​នឹង​កើតជំងឺ​ ហ៊ី​ត ស្ត្រូ​ក
    បុគ្គល​ដែល​មាន​ភាព​ប្រថុយប្រថាន​ថា​នឹង​កើតជំងឺ​ ហ៊ី​ត ស្ត្រូ​ក មាន​ដូចជា​ ទាហាន​ដែល​កំពុង​ហ្វឹកហាត់​ដោយ​មិនបាន​ត្រៀម​រាងកាយ​ក្នុង​ការ​ប្រឈម​នឹង​សភាព​ធាតុអាកាស​ក្ដៅ​ រួម​ទាំង​បណ្ដា​អ្នកកីឡា​ស្ម័គ្រចិត្ត​ និង​អ្នក​ដែល​ធ្វើការងារ​ក្នុង​សភាព​ធាតុអាកាស​ដែល​ក្ដៅ​ខ្លាំង​(កម្មករ​សំណង់​) មនុស្សចាស់​ កូនក្មេង​ អ្នក​មិនបាន​គេង​សម្រាក​ អ្នកទទួល​ទាន​ស្រា​ច្រើន​ និង​អ្នក​ដែល​កើតជំងឺ​លើសឈាម​ជាដើម​។

    សញ្ញា​សំ​ខាន់​ៗរបស់​ជំងឺ​ ហ៊ី​ត ស្ត្រូ​ក
    សញ្ញា​សំ​ខាន់​ៗរបស់​ជំងឺ​ ហ៊ី​ត ស្ត្រូ​ក គឺ​គ្មាន​ចេញ​ញើស​ ខ្លួនប្រាណ​ក្ដៅ​ឡើង​ជា​រឿយ​ៗ មាន​អារម្មណ៍​ស្រេកទឹក​ខ្លាំង​ វិលមុខ​ ងងឹតមុខ​ ភាំង​ៗ ក្អួត​ចង្អោរ​ ដង្ហក់​ ដែល​ទាំងអស់​នេះ​មាន​សភាព​ខុស​ប្លែក​ពី​ការនឿយហត់​ដោយសារ​កម្ដៅថ្ងៃ​ទូទៅ​ដែល​មាន​ញើស​ចេញ​មក​។ បើ​មាន​កើត​អាការ​ដូច​ខាងដើម​ ត្រូវ​ឈប់​ធ្វើការងារ​ភ្លាម​ និង​សម្រាក​ជាបន្ទាន់​។

    បើ​ប្រទះឃើញ​អ្នក​កើតជំងឺ​ខ្យល់គ​ដោយសារ​កម្ដៅថ្ងៃ​(ហ៊ី​ត ស្ត្រូ​ក) យើង​អាច​ជួយ​បឋម​ព្យាបាល​បាន​តាមរយៈ​ ៖
    – នាំ​អ្នក​ដែល​កើត​អាការ​នោះ​ចូលក្នុង​ម្លប់​ ដាក់​ឱ្យ​គេង​រាប​ លើកជើង​ទាំងសងខាង​ឡើង​ខ្ពស់​ ដោះ​សម្លៀកបំពាក់​ចេញ​។
    – យក​កន្សែង​ជ្រលក់​ទឹក​ត្រជាក់​ ឬទឹកកក​មក​ដាក់​ស្អំ​តាម​ខ្លួនប្រាណ​ ជាពិសេស​នៅត្រង់​បំពង់ក​ក្លៀក​ ត្រគាក​ ក្បាល​ រួម​ជាមួយ​ការ​បើក​កង្ហារ​ឱ្យ​បក់​ជួយ​បំ​ភាយ​កម្ដៅ​ផង​។
    – ចាក់ទឹក​ត្រជាក់​ស្រោច​លើ​ខ្លួនប្រាណ​ ដើម្បី​បញ្ចុះ​សីតុណ្ហភាព​រាងកាយ​ឱ្យ​ធ្លាក់ចុះ​ឱ្យ​បាន​ឆាប់​បំផុត​ ហើយ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​។

    វិធីការ​ពារ​ជំងឺ​ខ្យល់គ​ដោយសារ​កម្ដៅថ្ងៃ​គឺ​៖
    – បើសិន​ដឹងខ្លួន​ថា​ ត្រូវ​ទៅ​ធ្វើការ​នៅ​កណ្ដាល​សភាព​អាកាសធាតុ​ដែល​ក្ដៅ​ គួរតែ​ត្រៀមខ្លួន​ដោយ​ការហាត់ប្រាណ​នៅ​កណ្ដាលវាល​ឱ្យ​បាន​ជាប់លាប់​ យ៉ាងហោចណាស់​ 1សប្ដាហ៍​ 3ដង​ ម្ដង​ៗយ៉ាងតិច​ 30នាទី​ ដើម្បី​ឱ្យ​រាងកាយ​ស៊ាំ​ធ្លាប់​ជាមួយ​សភាព​ធាតុអាកាស​ក្ដៅ​។
    – ញ៉ាំទឹក​ 1-2កែវ​ មុន​ចេញពីផ្ទះ​ក្នុង​ថ្ងៃ​ដែល​មាន​ធាតុអាកាស​ក្ដៅ​ខ្លាំង​ ហើយ​បើសិន​ត្រូវ​ស្ថិតនៅ​កណ្ដាល​សភាព​ធាតុអាកាស​ក្ដៅ​ ឬហាត់ប្រាណ​កណ្ដាល​សភាព​អាកាសធាតុ​ក្ដៅ​ គួរ​ញ៉ាំទឹក​ឱ្យ​បាន​ 1-ម៉ោង​ 1លីត្រ​។ ទោះជា​មិនសូវ​មាន​អារម្មណ៍​ស្រេកទឹក​ក៏ដោយ​ ហើយ​ទោះជា​ធ្វើការ​នៅ​ក្នុង​ទី​ម្លប់​ក៏ដោយ​ ក៏​គួរតែ​ញ៉ាំទឹក​ឱ្យ​បាន​យ៉ាងតិច​ 1ថ្ងៃ​ 6-8-កែវ​ដែរ​។- ស្លៀក​សម្លៀកបំពាក់​ដែល​មាន​ពណ៌​ស្រាល​ៗមិន​ក្រាស់​ មាន​ទម្ងន់​ស្រាល​ និង​អា​ចបំ​ភាយ​កម្ដៅ​បាន​ល្អ​។
    – មុន​ចេញពីផ្ទះ​ គួរ​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​។
    – ចៀសវាង​ពី​ការ​ស្ថិតនៅ​កណ្ដាលវាល​ ក្នុង​ថ្ងៃ​ដែល​ធាតុអាកាស​ក្ដៅ​ខ្លាំង​។
    – ចៀសវាង​ការ​ញ៉ាំ​ថ្នាំ​បំបាត់​ប្រតិកម្ម​ចាញ់​ ថ្នាំ​ផ្ដាសាយ​ ជាពិសេស​មុន​ពេល​ហាត់ប្រាណ​ ឬស្ថិត​នៅ​កណ្ដាល​សភាព​ធាតុអាកាស​ក្ដៅ​រយៈពេល​យូរ​។
    – ចៀសវាង​ពី​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​ និង​គ្រឿងញៀន​គ្រប់​ប្រភេទ​។
    – ចំពោះ​ក្មេង​តូច​ និង​មនុស្សចាស់​ជរា​ គួរ​បាន​ទទួលការ​មើលថែ​ទាំ​ជាពិសេស​ ត្រូវ​រៀបចំ​ឱ្យ​ស្ថិតនៅ​ក្នុង​បន្ទប់​ដែល​មាន​ខ្យល់អាកាស​ចេញ​ចូល​ល្អ​ និង​កុំ​បណ្ដោយ​ឱ្យ​កូនក្មេង​ និង​ជន​ជរា​ស្ថិត​នៅក្នុង​រថយន្ត​ដែល​បិទ​ជិត​តែម្នាក់ឯង​៕

  • ឈឺ-កគួរញ៉ាំអ្វីខ្លះ?

    ឈឺ-កគួរញ៉ាំអ្វីខ្លះ?

    នៅពេល​មិន​ស្រួលខ្លួន​ ឬឈឺថ្កាត់​ យើង​តែង​ភាវនា​សុំ​កុំឱ្យ​ឈឺ​-ក តែ​ភាគច្រើន​ មុននឹង​គ្រុនក្ដៅ​ខ្លួន​ វា​ច្រើនតែ​កើតមាន​អាការ​ឈឺ​-កជា​សញ្ញា​ដាស់តឿន​ដំបូង​គេ​ជានិច្ច​។ មិនថា​អ្ន​កណាៗ​ក៏​មិន​ចង់​ឈឺ​-កដែរ​ ព្រោះ​គ្រប់​ៗគ្នា​បានដឹង​ពី​ភាព​ពិបាក​វេទនា​ដែល​ជួនកាល​ និ​យាយ​ឮៗ​ក៏​មិនបាន​ ពេលខ្លះ​សំឡេង​ផ្លាស់ប្ដូរ​ ញ៉ាំ​អាហារ​មិន​ឆ្ងាញ់​ ហើយដែល​សំខាន់​ គឺ​ខាន​បាន​ញ៉ាំ​អា​ហារ​ឆ្ងាញ់​ៗមួយគំនរ​ទៀត​។

    ព្រោះ​នៅក្នុង​បំពង់ក​មាន​បំពង់អាហារ​ដែល​បញ្ជូន​អាហារ​ពី​មាត់​ចូល​ទៅ​រក​ក្រពះ​ និង​ពោះវៀន​ ដើម្បី​ធ្វើការ​រំលាយ​ ដូច្នេះ​នៅពេល​ណា​ដែល​ឈឺ​-ក រឿង​សំខាន់​គឺ​កុំ​រុក​គួ​នរំ​ខាន​បរិវេណ​ខាងក្នុង​បំពង់ក​ខ្លាំងពេក​ ព្រោះ​បំពង់ក​អាច​នឹង​កំពុង​រលាក​ ទើប​ធ្វើ​ឱ្យ​យើង​ខាន​បាន​ញ៉ាំ​អាហារ​ដែល​ប្រក្រតី​យើង​អាច​ញ៉ាំ​បាន​យ៉ាង​សប្បាយ​ៗ។ ដូច្នេះ​បើ​ចង់ឱ្យ​អាការ​ឈឺ​-កនេះ​ឆាប់​ជា​ ឬធូរ​ស្រាល​ឡើង​នោះ​ ចូរ​នាំគ្នា​ញ៉ាំ​អាហារ​ខាងក្រោម​នេះ​វិញ​ប្រសើរ​ជាង​៖

    ១.​ ទឹកដោះគោ​
    អំឡុង​ពេល​ឈឺ​-ក អាច​ធ្វើ​ឱ្យ​យើង​មិនសូវ​បាន​ញ៉ាំ​អ្វី​ច្រើន​ទេ​ ដូច្នេះ​ ទឹកដោះគោ​គឺជា​អាហារ​មួយ​ក្នុងចំណោម​អាហារ​រាវ​ដែល​មានគុណ​តម្លៃ​ខាង​សារធាតុ​អាហារ​ច្រើន​ ហើយ​ថែមទាំង​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុង​ការ​ខ្វះ​ជាតិទឹក​ដែល​អ្នក​ឈឺ​-កជាច្រើន​នាក់​អាច​ត្រូវ​ប្រឈម​(មិនសូវ​ចង់​ញ៉ាំ​ទឹក​ ព្រោះ​ឈឺ​-ក)។ ក្រៅពី​បាន​ទទួល​ប្រូ​តេ​អុីន​ពេញ​ៗហើយ​ នៅ​ជួយ​ឱ្យ​ឆាប់​ឆ្អែត​ពោះ​ទៀតផង​។កុំ​ភ្លេច​ ជ្រើសរើស​ញ៉ាំទឹក​ដោះ​គោ​ក្ដៅ​ឧណ្ហ​ៗ ដើម្បី​កុំឱ្យ​ឈឺ​ក្រហាយ​សាច់​ភ្នាស​ក្នុង​បំពង់ក​។

    ២. ស៊ុប​មី​គៀវ​
    បើ​នៅ​ប្រទេសក្រៅ​ អាច​នឹង​ជ្រើស​រើ់​សទ​ទួល​ទាន​អាហារ​ប្រភេទ​សរ​សៃៗ​ ទន់​ៗ ដូចជា​ សរសៃ​មី​ផា​ស្តា​ រ៉ា​វី​អូ​លី​ ជាដើម​ តែបើ​នៅ​ស្រុក​យើង​ ស៊ុប​មី​គៀវ​ គឺជា​អាហារ​ដែល​ងាយស្រួល​ទំពា​ ងាយស្រួល​លេប​ ហើយ​ទឹក​ស៊ុប​ក្ដៅ​ៗថែមទាំង​ជួយ​ធ្វើ​ឱ្យ​ស្រឡះ​បំពង់ក​ទៀតផង​។ តែ​សូម​ចៀសវាង​គៀវ​បំពង​ និង​ខ្ទឹម​បំពង​ ព្រោះ​អាច​រឹតតែ​ធ្វើ​ឱ្យ​អាការ​ឈឺ​-កកាន់តែ​យ៉ាប់យ៉ឺន​ឡើង​។

    ៣. បបរសាមចូក​
    គ្មាន​អាហារ​សម្រាប់​អ្នកជំងឺ​ណា​ដែល​ល្អ​ជាង​បបរសាមចូក​ឡើយ​ ព្រោះ​អង្ករ​ជា​ខា​បូ​ហាយ​ដ្រេ​តដ៏​សំខាន់​ដែល​ជួយ​ឱ្យ​កម្លាំងថាមពល​អាច​ទៅជាមួយ​យើង​បាន​ពេញមួយថ្ងៃ​ និង​ថែមទាំង​មិន​ឈឺ​ក្រហាយ​បំពង់ក​ ឬធ្វើ​ឱ្យ​ឈឺ​-កដូច​បាយ​ស្រួយ​ផ្សេង​ៗទៀតផង​។ បើសិនជា​ធុញទ្រាន់​បបរ​ធម្មតា​ ក៏អាច​ប្ដូរ​មក​ជា​បបរសាមចូក​បាន​ ដោយ​ជ្រើសរើស​យក​រសជាតិ​ដែល​មិន​ប្រៃ​ខ្លាំង​ ដាក់​សាច់​ជ្រូក​កិន​ម៉ដ្ឋ​ វា​នឹង​ជួយ​បង្កើន​សារធាតុ​អាហារ​ក្នុង​អាហារ​មួយ​ចាន​នោះ​ឱ្យ​គ្រប់5ប្រភេទ​ក្រុម​បាន​យ៉ាង​ងាយ​(និង​កុំ​ដាក់​ខ្ទឹម​បំពង​)។

    ៤. ស៊ុតស្រុស​
    ក្នុងអំឡុងពេល​ដែល​រាងកាយ​ត្រូវការ​ប្រូ​តេ​អុី​នដើម្បី​បន្ថយ​អា​-ការ​ឈឺ​-កឱ្យ​បាន​លឿន​នោះ​ ស៊ុត​ក្រឡុក​ចៀន​ ស៊ុត​ចៀន​ជ័រ​ព្នៅ​អាច​មិនមែន​ជា​ជម្រើស​ដែល​ល្អ​បំផុត​នោះ​ទេ​ ឯស៊ុតស្ងោរ​ក៏អាច​នឹង​ស្ងួត​រហូត​ពិបាក​នឹង​លេប​ផង​ដែរ​ តែបើ​សិន​ជា​ស៊ុត​ស្រុស​ដែល​មាន​លក្ខ​ណៈ​ខាប់​ៗទន់​ៗ និង​ងាយ​ស្រួល​លេប​វិញ​នោះ​ អាច​នឹង​ធ្វើ​ឱ្យ​យើង​ញ៉ាំ​ស៊ុត​បាន​យ៉ាង​មាន​សេចក្ដីសុខ​ខ្លាំង​ឡើង​។ ក្រៅ​ពីនេះ​ ស៊ុត​ថែមទាំង​ជា​អាហារ​ដែល​ពោរពេញ​ដោយ​គុណ​តម្លៃ​ខាង​សារធាតុ​អាហារ​ជាច្រើន​ មិន​ថា​តែ​ប្រូ​តេ​អុីន​ វីតាមីនA​, B5​, B2​ ស័ង្កសី​ និង​ជាតិ​ខ្លាញ់​ល្អ​ទៀតផង​។

    ៥. ផ្លែឈើ​ក្រឡុក​
    ជាប្រក្រតី​ យើង​នឹង​ណែនាំ​ឱ្យ​ញ៉ាំ​ផ្លែឈើ​ជា​ចំ​ណិ​តស្រស់​ៗខ្លាំង​ជាង​ តែបើ​សិន​ជា​កំពុង​ឈឺ​-ក ការ​យក​ផ្លែឈើ​ស្រស់​ទៅ​កិន​ក្រឡុក​ឱ្យ​ម៉ដ្ឋ​(ទាំង​កាក​)ក៏​ជា​វិធី​មួយ​ដែល​ជួយ​ឱ្យ​លោកអ្នក​បាន​ទទួល​វីតាមីន​ពី​ផ្លែឈើ​កាន់តែ​ងាយស្រួល​ឡើង​ក្នុង​ខណៈ​ដែល​លោកអ្នក​នៅ​មាន​អាការ​ឈឺ​-ក។ តែ​រឿង​សំខាន់​ដែល​ត្រូវ​ធ្វើ​នោះ​គឺ​ ត្រូវ​កិន​ក្រឡុក​ផ្លែឈើ​ជាមួយ​កាក​(ហាម​ដាក់​ទឹកកក​) ហាម​ញែកចេញ​ ឬស្រង់​យក​កាក​ចេញ​ជាដាច់ខាត​ មិន​ដូច្នោះ​ទេ​ លោកអ្នក​នឹង​ទទួល​បាន​ត្រឹមតែ​ជាតិ​ស្ករ​សុទ្ធ​ៗ ដោយ​នឹង​ទទួល​បាន​វីតាមីន​តិច​បំផុត​។

    ៦. ទឹក​ស្ងោរ​ឆ្អឹង​ស៊ុប​
    គ្មាន​ទឹកស៊ុប​ណា​នឹង​ឆ្ងាញ់​ ហុត​ស្រួល​បំពង់ក​ស្មើនឹង​ទឹកស៊ុប​ដែល​ស្ងោរ​រម្ងាស់​ពី​ឆ្អឹង​សត្វ​ឡើយ​។ ក្រៅពី​រសជាតិ​ឈ្ងុយឆ្ងាញ់​តាម​ធម្មជាតិ​ដោយ​មិន​ចាំបាច់​ថែម​គ្រឿង​ហើយ​នោះ​ ការ​ហុត​ទឹកស៊ុប​ក្ដៅ​ឧណ្ហ​ៗនៅ​ជួយ​កាត់បន្ថយ​អាការ​រលាក​ ហើម​នៅក្នុង​បំពង់ក​ ហើយ​ថែមទាំង​ជួយ​កាត់​បន្ថយ​អាការ​ប្រថុយប្រថាន​ក្នុង​ការ​ឆ្លង​មេរោគ​បាន​ទៀតផង​៕

  • ត្រៀមខ្លួន​ថែរក្សា​សុខភាព​បែបណា​ក្នុងពេល​ធ្វើដំណើរ?

    ត្រៀមខ្លួន​ថែរក្សា​សុខភាព​បែបណា​ក្នុងពេល​ធ្វើដំណើរ?

    ក្នុងអំឡុងពេល​នេះ​ ជា​ពេលវេលា​មួយ​នៃ​ការ​ជួបជុំ​ក្រុម​គ្រួសារ​ និង​ធ្វើដំណើរ​កម្សាន្ដ​ទៅ​គ្រប់​ទីកន្លែង​យ៉ាង​រីករាយ​។ តែ​ងាក​មក​សង្កេតមើល​ពី​អាកាសធាតុ​វិញ​ ដូចជា​មិន​អំ​ណោច​ផល​ទាល់តែសោះ​ ជួន​ក្ដៅ​ ជួន​ត្រជាក់​។ ពេលខ្លះ​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​មិន​ស្រួលខ្លួន​ ឈឺក្បាល​ញឹកញាប់​ ឬកើតមាន​អាការ​ពុល​ឡាន​ និង​ធ្វើ​ឱ្យ​អ្នក​ងាយ​នឿយហត់​ក្នុង​ការ​ធ្វើដំណើរ​ទៀតផង​។ បើ​មាន​អាការ​ឈឺក្បាល​ញឹកញាប់​ក្នុង​ពេល​ធ្វើដំណើរ​នោះ​ តើ​អ្នក​គួរតែ​ថែរក្សា​សុខភាព​បែប​ណា​? សូម​ពិនិត្យ​នូវ​ចំណុច​ខាងក្រោម​នេះ​ ដើម្បី​ប្រតិបត្តិ​តាម​ក្នុង​ការ​ការពារ​ និង​ទុកជា​គន្លឹះ​ត្រៀមខ្លួន​ទុកជាមុន​។

    1. កុំ​ទទួលទាន​កាហ្វេ​ច្រើន​អំឡុង​ពេល​ធ្វើ​ដំណើរ
    អ្នក​គួរតែ​ចាប់អារម្មណ៍​ទៅលើ​ភេ​សជ្ជៈ​ផ្សេង​ៗវិញ​ប្រសើរ​ជាង​ ព្រោះថា​សារធាតុ​កា​ហ្វេ​អុីន​គឺជា​សារធាតុ​មួយ​ជំរុញ​ឱ្យ​មាន​អាការ​ឈឺក្បាល​ដ៏​អា​-ក្រ​ក់​មួយ​ និង​អាច​ធ្វើ​ឱ្យ​អ្នកមាន​អាការ​ធីងធោង​ក្នុង​ពេល​ធ្វើដំណើរ​ទៀតផង​។ ដូច្នេះហើយ​សូម​ងាក​មក​ទទួលទាន​អាហារ​ ឬទឹកតែ​ ឬទឹក​ផ្លែឈើ​វិញ​ ដើម្បី​ជួយ​បំពេញ​ជាតិទឹក​នៅក្នុង​រាងកាយ​របស់​អ្នក​។

    2. ប្រើប្រាស់​ថ្នាំ​បំបាត់​អាការ​ឈឺក្បាល​
    ទោះជា​មានឈ្មោះ​ថា​ជា​ថ្នាំ​មែន​ តែបើ​ប្រើ​ខុស​ក៏អាច​នឹង​ធ្វើ​ឱ្យ​មានគុណ​វិបត្តិ​បាន​ដែរ​ ដូច្នេះ​ហើយ​ពពួក​ថ្នាំ​បំបាត់​អាការ​ឈឺ​ក្បាល​ផ្សេង​ៗ គួរ​តែ​ទទួលទាន​ឱ្យ​សម​ល្មម​ចំពោះតែ​ពេលណា​ដែល​ឈឺក្បាល​ខ្លាំង​មែនទែន​បាន​ហើយ​។ ហាម​ប្រើ​ក្នុង​បរិមាណ​ច្រើនលើស​ពី​កំណត់សម្គាល់​ដែល​មាន​នៅ​លើ​ប្រអប់​ថ្នាំ​ និង​មិន​គួរ​ទទួលទាន​ញឹកញាប់​ពេក​ទេ​ មិន​ដូច្នោះ​ទេ​នឹង​ធ្វើ​ឱ្យ​កើតមាន​អាការ​ស៊ាំ​នឹង​ថ្នាំ​ ធ្វើ​ឱ្យ​ពេល​ឈឺក្បាល​ឡើង​ ថ្នាំ​ប្រហែលជា​លែង​អាច​ជួយ​បាន​ទៀតហើយ​។

    3. ព្យាយាម​អង្គុយ​ឱ្យ​ត្រង់​ខ្នង​ និង​កុំ​ចុច​ទូរស័ព្ទ​
    បើ​អ្នកដឹងខ្លួន​ថា​ ខ្លួនឯង​ជា​មនុស្ស​ចូលចិត្ត​អង្គុយ​ធ្វើ​ខ្នងកោង​ ឬចុច​ទូរស័ព្ទ​ជាប់​ជានិច្ច​ខណៈ​ពេល​ធ្វើដំណើរ​នោះ​ អ្នក​គួរតែ​កាត់បន្ថយ​ទម្លាប់​នេះ​ទៅ​ ព្រោះ​កាលណា​អ្នក​ព្យាយាម​សម្លឹង​អេក្រង់​ទូរស័ព្ទ​ច្រើន​ អាច​ធ្វើ​ឱ្យ​អ្នក​វិលមុខ​ ហើយ​ការ​អង្គុយ​មិន​ត្រង់​ខ្លួន​កាន់តែ​ធ្វើ​ឱ្យ​សាច់ដុំ​កឡើង​រឹង​ និង​បណ្ដាល​ឱ្យ​កើតមាន​អាការ​ឈឺក្បាល​កើតឡើង​ទៀតផង​។ ខណៈ​ធ្វើដំណើរ​គួរតែ​ត្រៀមខ្លួន​ប្ដូរ​ឥរិយាបថ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ​ទើប​ត្រឹមត្រូវ​។ អ្នក​គួរតែ​មាន​ខ្នើយ​ពាក់​-កតាម​ខ្លួន​ទើប​ជា​ការ​ប្រសើរ​ជាង​។

    4. បញ្ហា​ភ្នែក​
    ក្នុងអំឡុងពេល​ធ្វើដំណើរ​នៅពេល​ព្រឹក​ អាច​ធ្វើ​ឱ្យ​អ្នក​កើតមាន​អាការ​ដូចជា​ ធីងធោង​ គ្រុន​ក្តៅ​ ជាប់​-ក វិលមុខ​ ភាំង​ស្មារតី​ ស្រវាំង​ភ្នែក​ ពិបាក​និយាយ​ ឬគាំង​ដៃជើង​ និង​ស្ពឹក​រាងកាយ​ជាដើម​វា​អាច​បណ្តាល​មក​ពី​បញ្ហា​ភ្នែក​ បញ្ហា​វ៉ែនតា​ ឬការ​អង្គុយ​ខុស​លក្ខណៈ​។ នៅពេល​អ្នក​ឈឺក្បាល​ពេលព្រឹក​ នៅ​ខាងក្រោយ​ក្បាល​ ឬលើ​លលាដ៏​ក្បាល​ គឺ​អាច​បណ្តាល​មក​ពី​ជំងឺ​សរសៃឈាម​។ ខណៈ​ធ្វើដំណើរ​ ប្រសិនបើ​អ្នកមាន​បញ្ហា​ភ្នែក​ អ្នក​គួរតែ​ដោះ​វ៉ែនតា​ទុក​សិន​ ហើយ​ងាក​មក​ប្រើ​នៅ​ពេល​ចាំបាច់​វិញ​បាន​ហើយ​។ អនុវត្ត​តាមវិធី​នេះ​អាច​ជួយ​ឱ្យ​អ្នក​លែង​មាន​អាការ​ធីងធោង​ វិលមុខ​ឈឺក្បាល​បាន​។

    5. ព្យាយាម​ជួយ​ខ្លួនឯង​
    ប្រសិនបើ​អាច​ សូម​បើក​កញ្ចក់ឡាន​ ដើម្បី​ស្រូប​យក​ខ្យល់​បរិសុទ្ធ​។ នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នក​ ដែល​មាន​អាការ​ពុល​ធីងធោង​ ឬអ្នក​ពុល​ឡាន​។ ការ​ស្តាប់​ឭអ្នកដទៃ​និយាយ​ពី​ការ​ពុល​ឡាន​ ឬមើល​ឃើញ​ពួកគេ​ពុល​ឡាន​ ក៏អាច​ធ្វើ​ឱ្យ​អ្នក​ពុល​ឡាន​បាន​ដូចគ្នា​ដែរ​។ ការ​តាំងស្មារតី​ក៏អាច​ជួយ​កាត់​បន្ថយ​អាការ​ពុល​ឡាន​បាន​ដែរ​ សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ជិត​ ឬអាការ​ពុល​ឡា​នយូរៗ​ម្តង​។ អ្នក​ក៏អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ក្នុង​ការ​ចេញ​វេជ្ជបញ្ជា​ទិញថ្នាំ​ សម្រាប់​ការ​ធ្វើដំណើរ​ផ្លួវ​ឆ្ងាយ​ ឬក្នុងករណី​ដែល​អាការ​ជំងឺ​របស់​អ្នក​កាន់​តែ​ធ្ងន់ធ្ងរ​។ សូម​ចងចាំ​ថា​ ការប្រើ​ប្រាស់​ថ្នាំ​ការពារ​ពុល​ឡាន​អាច​បណ្តាល​ឱ្យ​អ្នក​ងងុយគេង​ ឬផ្តល់​ផល​ប៉ះពាល់​លើ​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​របស់​អ្នក​។ ដូច្នេះ​ការប្រើ​ប្រាស់​ឱសថ​ គួរតែ​មាន​ការពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន​៕