Category: សុខភាព

  • ពេល​រលាក​ដោយ​វត្ថុ​ក្ដៅ​ធ្ងន់ធ្ងរ តើ​គួរ​សង្គ្រោះ​បឋម​បែបណា​ល្អ?

    ពេល​រលាក​ដោយ​វត្ថុ​ក្ដៅ​ធ្ងន់ធ្ងរ តើ​គួរ​សង្គ្រោះ​បឋម​បែបណា​ល្អ?

    ពេលខ្លះ​អ្នកមាន​ការ​ធ្វេសប្រហែស​ ធ្វើ​ឱ្យ​រលាកភ្លើង​ ឬវត្ថុ​ក្ដៅ​។ មាន​ប្រិយមិត្ត​ជាច្រើន​បាន​ជ្រាប​អំពី​វិ​ធី​ងាយ​ៗ ក្នុង​ការ​ដោះស្រាយ​បញ្ហា​រលាកភ្លើង​ ឬទឹក​ក្តៅ​ គឺ​គ្រាន់តែ​យក​ផ្នែក​ពណ៌ស​នៃ​ស៊ុតមាន់​ ទៅ​លាប​ឱ្យ​សព្វ​លើ​បរិវេណ​ដែល​ត្រូវ​ទឹក​ក្តៅ​រលាក​ ទុកចោល​មួយសន្ទុះ​ រហូតដល់​ស្ងួត​ ទើប​លាង​ជម្រះ​ដោយ​ទឹក​ឱ្យ​ស្អាត​ជាការស្រេច​។ វិធី​នេះ​អាច​បំបាត់ស្នាម​ដំបៅ​ក្រហម​ ឬពងបែក​នៅ​លើ​ស្បែក​បាន​ ប៉ុន្តែ​ករណី​ដែល​រលាក​ខ្លាំង​ ហើយ​ធ្ងន់ធ្ងរ​នោះ​ វិធី​ងាយ​មួយ​នេះ​ ក៏​មិនបាន​ហុច​ផល​ឱ្យ​ស្បែក​ជាសះស្បើយ​ទាំងស្រុង​នោះ​ទេ​។ នៅពេល​អ្នក​ជួបប្រទះ​នូវ​បញ្ហា​រលាកភ្លើង​ ឬរលាក​ទឹក​ក្ដៅ​ខ្លាំង​ សូម​ប្រតិបត្តិ​តាមវិធី​សាស្ត្រ​សង្គ្រោះ​បឋម​មួយចំនួន​ដូច​ខាងក្រោម​នេះ​៖

    1- សង្គ្រោះ​រាងកាយ​
    ក្នុងករណី​ត្រូវ​ទឹក​ក្ដៅ​រលាក​ទាំង​សម្លៀកបំពាក់​ ចូរ​ប្រញាប់​ឆក់​ ឬដោះ​សម្លៀកបំពាក់​ចេញ​ពី​រាងកាយ​ឱ្យ​បាន​លឿន​ជាទីបំផុត​ ឬបើ​មិន​អាច​យកចេញ​បានទេ​ ចូរ​ប្រញាប់​យក​ទឹក​ត្រជាក់​មក​ស្រោច​ពីលើ​រាងកាយ​ភ្លាម​។ ក្នុងករណី​ដែល​អ្នក​ត្រូវ​ភ្លើង​រលាក​ បើ​សម្លៀកបំពាក់​ឆេះ​ភ្លើង​ ត្រូវ​ប្រញាប់​យក​ទឹក​មក​ជះ​ពន្លត់​ភ្លាម​។ បើ​មិន​មាន​ទឹក​នៅ​ក្បែរ​នោះ​ទេ​ ចូរ​គេង​ទៅលើ​ដី​ ហើយ​ប្រមៀល​ចុះឡើង​ ដើម្បី​ពន្លត់ភ្លើង​ដែល​ឆេះ​ខោអាវ​នោះ​ជាមុន​សិន​។

    2- បញ្ចុះ​កម្ដៅ​ដល់​ស្បែក​
    អ្នក​ត្រូវ​បញ្ចុះ​កម្ដៅ​ស្បែក​ត្រង់​បិ​វេ​ណដែល​រលាក​ ដោយ​ទឹក​ត្រជាក់​ ឬទឹកកក​ ព្រោះ​បើ​អ្នក​មិន​បញ្ចុះ​កម្ដៅ​ភ្លាម​ៗទេ​ ស្បែក​ត្រង់​បរិវេណ​នោះ​វា​នឹង​រីក​ពងទឹក​។ ការ​បញ្ចុះ​កម្ដៅ​ស្បែក​អាច​ធ្វើ​បាន​ដោយ​ការ​ស្រោចទឹក​ត្រជាក់​ដោយ​ផ្ទាល់​ ឬយក​ទឹកកក​ខ្ចប់​ក្នុង​ក្រណាត់​ស្អាត​មក​ស្អំ​ពីលើ​ស្បែក​ក៏បាន​។ តែ​ហាម​យក​អ្វី​ដែល​ត្រជាក់​ ហើយ​មិន​ស្អាត​មក​បិទ​ជាដាច់ខាត​ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​មុខ​របួស​រលាកភ្លើង​ឆ្លង​មេរោគ​បាន​។

    3- សម្អាត​ស្បែក​ត្រង់​បរិវេណ​ ដែល​ត្រូវ​ភ្លើង​ ឬទឹក​ក្ដៅ​រលាក​
    លាង​សម្អាត​ដោយ​សា​ប៊ូស្រា​លៗ​ ជាមួយ​នឹង​ទឹក​ស្អាត​។ ចូរ​ចងចាំ​ថា​ មិន​ត្រូវ​ដុស​ស្បែក​ដែល​រលាកពង​នោះ​ទេ​ ព្រោះ​អាច​ធ្វើ​ឱ្យ​ឆ្លង​មេរោគ​ ហើយ​ប្រែ​ទៅជា​ដំបៅក្លាយ​ខូច​ស្បែក​កាន់តែ​ធំ​។

    4- រុំ​មុខរបួស​ឱ្យ​ជិត​ស្អាត​
    ក្រោយពេល​សម្អាត​ស្បែក​ត្រង់កន្លែង​ដែល​រលាក​នោះ​រួចហើយ​ ចូរ​ប្រើ​បង់​រុំ​ដំបៅ​ ឬសំឡី​ស្អាត​ដែល​សម្លាប់​មេរោគ​រួចមក​ជូត​ស្នាមរបួស​ឱ្យ​ស្អា​តថ្នម​ៗ។ បន្ទាប់មក​សឹម​បិទមុខ​របួស​ដោយ​បង់​ដែល​មិន​មាន​មេរោគ​ ដើម្បី​ការពារ​ស្នាមរបួស​ឱ្យ​មាន​អនាម័យ​ជានិច្ច​។ ក្នុងករណី​ស្នាមរបួស​តូចតាច​ អ្នក​គ្រាន់តែ​លាបថ្នាំ​ផ្សះ​សម្រាប់​រលាកភ្លើង​ ឬរលាក​ទឹក​ក្ដៅ​ ឬក៏​អាច​ប្រើ​សាច់​ប្រទាល​កន្ទុយ​ក្រពើ​ ដែល​ចិត​សម្រក​ខាងក្រៅ​ចេញ​ទុក​តែ​សាច់​ខាង​ក្នុង​ថ្លា​ៗដូច​ចាហួយ​ និង​លាង​សម្អាត​ជ័រ​ហើយ​មក​បិទ​ពីលើ​ស្នាមរលាក​ក៏បាន​

    5- ប្រញាប់​បញ្ចូន​អ្នករបួស​ទៅ​មន្ទីរពេទ្យ​ ក្នុង​ករណី​៖
    – កើតមាន​អាការ​ស្លុត​ ឬឆក់​ខ្សែភ្លើង​
    – មាន​អាការ​ខ្វះ​ជាតិទឹក​ ក្នុងករណី​រលាក​ភ្លើង​ធ្ងន់ធ្ងរ​ វា​អាច​បណ្ដាល​ឱ្យ​រាងកាយ​អ្នក​ខ្វះ​ជាតិទឹក​។
    – ស្នាមរលាក​មានមុខ​ធំ​ ឈឺចាប់​ខ្លាំង​ រលាក​ហើមប៉ោង​ ឬពងទឹក​ខ្លាំង​។
    – ក្ដៅខ្លួន​ខ្លាំង​លើស38អង្សា​សេ​។
    – រលាក​លើ​ផ្នែក​សំ​ខាន់​ៗ ដូចជា​ ក្បាល​ ក មុខ​និង​ខ្នង​ជាដើម​។
    – អ្នក​រលាក​ គឺជា​មនុស្សចាស់​ ឬក្មេង​អាយុ​តិច​ជាង5ឆ្នាំ​។
    – អ្នក​រលាក​ គឺជា​អ្នកជំងឺ​ទឹកនោមផ្អែម​ អ្នក​ជំងឺបេះដូង​ និង​អ្នកជំងឺ​លើសឈាម​ជាដើម​៕

  • វិធី​ពន្យារកំណើត​ តាមបែប​សម័យថ្មី

    វិធី​ពន្យារកំណើត​ តាមបែប​សម័យថ្មី

    សម័យ​បច្ចុប្បន្ន​ ចំនួន​កូន​គឺ​មិនមែន​ជា​រឿង​ដែល​ត្រូវ​បណ្តោយ​ទៅតាម​ធម្មជាតិ​ដូច​សម័យមុន​នោះ​ទេ​ ហើយក៏​មិន​មាន​អ្នកណា​ម្នាក់​អាចម​កកំណត់​ជីវិត​របស់​អ្នក​ថា​ នឹង​ត្រូវ​មានកូន​ប៉ុន្មាន​នោះ​ដែរ​ គឺ​មានតែ​អ្នក​ និង​ស្វាមី​របស់​អ្នក​ប៉ុណ្ណោះ​ ដែល​ជា​អ្នក​សម្រេចចិត្ត​រួមគ្នា​ថា​ នៅក្នុង​គ្រួសារ​របស់​អ្នក​នឹង​ត្រូវ​មាន​សមាជិក​ចំនួន​ប៉ុន្មាន​នាក់​។ នេះ​ជា​រឿង​ពិត​ ហើយក៏​ជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​អាច​ធ្វើ​បាន​ ព្រោះ​ពួកគេ​បាន​ធ្វើការ​ពន្យារកំណើត​។ ការ​ពន្យារកំណើត​មាន​ច្រើនបែប​ច្រើនយ៉ាង​ណាស់​សម្រាប់​ឱ្យ​អ្នក​ជ្រើសរើស​មាន​ដូចជា​ ៖ស្រោមអនាម័យ​ : មានប្រសិទ្ធភាព​សំ​ខាន់​ៗពីរ​យ៉ាងគឺ​ ការពារ​អ្នក​ពី​ការ​ឆ្លង​ជំងឺ​កាម​រោ​គផ្សេង​ៗនិង​ការពារ​មិន​ឱ្យ​មានកូន​។ ស្រោមអនាម័យ​ភាគច្រើន​ត្រូវ​បាន​យក​មក​ប្រើ​សម្រាប់​ភាគី​ខាង​បុរស​ ដើម្បី​ទប់ស្កាត់​កុំឱ្យ​ទឹកកាម​ហៀរ​ចូល​ទៅ​ក្នុង​ស្បូន​ដែល​ជា​មូលហេតុ​នៃ​ការ​បង្ក​កំណើត​។ ​ចំណែក​ឯស្រោមអនាម័យ​សម្រាប់​ស្ត្រី​វិញ​ត្រូវ​បាន​ប្រើ​សម្រាប់​ការពារ​មិន​ឱ្យ​ទឹកកាម​បុរស​ចូល​ទៅ​ក្នុង​ស្បូន​បាន​ដូចគ្នា​ ប៉ុន្តែ​វា​ហាក់ដូចជា​មានការ​ពិបាក​ក្នុង​ការប្រើ​បន្តិច​ ព្រោះ​វា​តម្រូវ​ឱ្យ​មានការ​ដាក់បញ្ចូល​ទៅ​ផ្នែក​ខាងក្នុង​នៃ​ប្រដាប់​ភេទ​របស់​ស្ត្រី​។

    កង​ដាក់ដៃ​ : ជា​ការ​ដាក់បញ្ចូល​បំពង់​ទន់​តូច​ៗនៅ​ផ្នែក​ខាងក្រោម​នៃ​ស្បែក​ដើមដៃ​របស់​ស្ត្រី​។ បំពង់​អស់ទាំង​នេះ​មាន​នាទី​ជា​អ្នកធ្វើ​ឱ្យ​ទឹករំអិល​មាត់ស្បូន​ឡើង​ខាប់​ ការពារ​មិន​ឱ្យ​មេ​ជីវិត​ឈ្មោល​ជ្រាបចូល​មក​ក្នុង​ស្បូន​បាន​។

    កង​ដាក់​ក្នុង​ស្បូន​ : ជា​ការ​ពន្យារកំណើត​ដោយ​ការ​ដាក់​ឧបករណ៍​ទន់​តូច​មួយ​ដែល​អាច​បត់​បាន​ចូល​ទៅ​ក្នុង​ស្បូន​ ដើម្បី​រារាំង​ការ​ជ្រាប​ចូល​នៃ​មេជី​វិត​ឈ្មោល​ទៅ​ក្នុង​ស្បូន​។ថ្នាំ​ពន្យារកំណើត​ : ធ្វើ​ឱ្យ​ទឹករំអិល​មាត់ស្បូន​ឡើង​ខាប់​ ដើម្បី​រារាំង​កុំឱ្យ​ទឹកកាម​បុរស​អាច​ជ្រាបចូល​ទៅ​ក្នុង​ស្បូន​បាន​។ ការ​លេបថ្នាំ​ពន្យារកំណើត​ត្រូវ​ធ្វើ​ឱ្យ​បាន​ទៀងទាត់​ និង​ត្រឹមត្រូវ​ទៅ​តាម​ការកំណត់​ដែល​បាន​បង្ហាញ​នៅ​លើ​សម្បក​ថ្នាំ​ ទើប​មានប្រសិទ្ធភាព​ខ្ពស់​។

    ថ្នាំចាក់​ : ជា​ការ​ចាក់ថ្នាំ​រៀងរាល់3ខែ​ម្តង​។ តួនាទី​របស់​ថ្នាំចាក់​ក៏​មិន​ខុស​អី​ពី​ការ​ពន្យារ​កំ​ណើ​តផ្សេង​ៗទៀត​ដែរ​ ប៉ុន្តែ​តម្រូវ​ឱ្យ​អ្នក​ចងចាំ​ឱ្យ​បាន​ល្អ​ពី​ពេលវេលា​ដែល​ត្រូវ​ចាក់​ជាថ្មី​ម្តង​ទៀត​។ចំពោះ​វិធី​ពន្យារកំណើត​តាម​បែប​សម័យថ្មី​នេះ​ អ្នក​ត្រូវ​ចាំ​ថា​៖
    – គ្រប់​វិធី​នៃ​ការ​ពន្យារកំណើត​គឺ​សុទ្ធតែ​ត្រូវការ​ពឹងពាក់​លើ​គ្រូពេទ្យ​ជំនាញ​ ទើប​មាន​សុវត្ថិភាព​ និង​មានប្រសិទ្ធភាព​។
    – ជ្រើសរើស​វិធី​ពន្យារកំណើត​ណាមួយ​ដែល​អាច​ផ្តល់​នូវ​ភាព​ងាយស្រួល​ មាន​សុវត្ថិភាព​ និង​មានប្រសិទ្ធភាព​បំផុត​ចំពោះ​រូប​អ្នក​។
    – សាកសួរ​ព័ត៌មាន​ឱ្យ​បាន​ច្បាស់​ពី​វិធី​ប្រើ​ប្រាស់​ពី​អ្នកជំនាញ​ (ថ្នាំ​ពន្យារកំណើត​តែងតែ​ប្រាប់​ពី​របៀប​ប្រើប្រាស់​នៅ​លើ​សម្បក​កញ្ចប់​ ប៉ុន្តែ​បើ​អ្នក​នៅតែ​មិនទាន់​យល់​ច្បាស់​ពី​របៀប​ប្រើប្រាស់​ទេ​នោះ​ សូមកុំ​ខ្ចិល​ច្រអូស​ក្នុង​ការ​ទៅ​ជួប​គ្រូពេទ្យ​ជាថ្មី​ម្តង​ទៀត​ ដើម្បី​សាកសួរ​ពី​វិធី​ប្រើ​ឱ្យ​បាន​ច្បាស់​។
    -សូម​ចាំ​ថា​ ការ​ពន្យារកំណើត​អាច​មានប្រសិទ្ធភាព​ពិតប្រាកដ​លុះត្រាតែ​អ្នកប្រើ​វា​បាន​ត្រឹមត្រូវ​។
    – ស្រោមអនាម័យ​មាន​សមត្ថភាព​ពីរ​យ៉ាងគឺ​ ការពារ​មិន​ឱ្យ​មានកូន​ និង​ការពារ​ខ្លួន​អ្នក​ពី​ការ​ឆ្លង​ជំងឺ​មួយចំនួន​ដូចជា​ កាមរោគ​ និង​ជំងឺ​អេដស៍​ជាដើម​ ប៉ុន្តែ​មិនមែន​មានន័យថា​ វិធី​នៃ​ការ​ពន្យារកំណើត​ផ្សេងទៀត​សុទ្ធតែ​អាច​ធ្វើ​បាន​ដូចគ្នា​នោះ​ទេ​។ ដូច្នេះ​ការ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ ឬចម្លង​ជំ​ងឺ​ផ្សេង​ៗគឺជា​រឿង​មួយផ្សេងទៀត​ដែល​អ្នក​ត្រូវ​ដឹង​។
    – មាន​ស្ត្រី​មួយចំនួន​បាន​និយាយ​ថា​ គាត់​មិន​អាច​ពន្យារកំណើត​បានទេ​ ព្រោះ​រាល់ពេល​ពន្យារកំណើត​តែង​ធ្វើ​ឱ្យ​គាត់​មិន​ស្រួល​ក្នុង​ខ្លួន​ទាល់តែសោះ​។ រឿង​បែបនេះ​វា​អាច​កើតមាន​នៅ​ក្នុងរយៈពេល1​ ឬ2ខែ​ដំបូង​ ហើយក៏​បា​ត់់​ទៅ​វិញ​ ដូច្នេះ​សូមកុំ​អាល​រាថយ​ ហើយ​បោះបង់​ចោលការ​ពន្យារកំណើត​ឱ្យ​សោះ​ ព្រោះ​ការ​ពន្យារកំណើត​មាន​ច្រើនបែប​ច្រើនយ៉ាង​អាច​ឱ្យ​អ្នក​យក​ទៅ​សាកល្បង​ វិធី​មួយ​នេះ​អាច​មិន​សមជា​មួយ​អ្នក​ តែ​វិធី​ផ្សេង​អាច​នឹង​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​អ្នក​ក៏​ថា​បាន​ដែរ​។ សូមកុំ​បារម្ភ​ទោះជា​អ្នក​ជ្រើស​ប្រើ​វិធី​ពន្យារកំណើត​បែប​ណា​ក៏ដោយ​ ព្រោះ​គ្រូពេទ្យ​ជំនាញ​តែងតែ​ប្រាប់​អ្នក​ថា​ គ្រប់​វិធី​នៃ​ការ​ពន្យារកំណើត​គឺ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ​៕

  • ត្រី​ប្រាកំពូល​ត្រី​ទឹកសាប មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា 3ខ្ពស់ ល្អ​ចំពោះ​សុខភាព

    ត្រី​ប្រាកំពូល​ត្រី​ទឹកសាប មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា 3ខ្ពស់ ល្អ​ចំពោះ​សុខភាព

    ត្រី​ទឹកសាប​ក៏មាន​សារធាតុ​អូ​មេ​ហ្កា 3 ខ្ពស់​ដែរ ជាពិសេស​នោះ​គឺ ត្រី​ប្រា ត្រី​រ៉ស់ និងត្រី​ឆ្ពុង​សតែម្ដង ដោយ​មិនចាំបាច់​ចំណាយ​ថវិកា​ច្រើន​ទៅ​ទិញ​ត្រី​សមុទ្រ​ដែលមាន​តម្លៃថ្លៃៗមក​ទទួលទាន ដើម្បី​ទទួលបាន​សារធាតុ​អាស៊ីត​ខ្លាញ់ អូ​មេ​ហ្កា 3 ច្រើន​នោះទេ។ភាគច្រើន​ឱ្យ​តែ​ឮពាក្យ​ថា​ “អូ​មេ​ហ្កា​-3” យើង​ច្រើនតែ​នឹក​ទៅដល់​អាស៊ីត​ខ្លាញ់​ដែល​មាននៅ​ក្នុង​សាច់​ត្រី​សមុទ្រ​ ដូចជា​ ត្រី​សា​លម៉ុន​ ត្រីេ្រថៅ​ត៍​ ត្រី​សា​ឌីន​ ត្រី​ធូ​ណា​ ត្រី​មែក​ខា​រេល​ ដែល​ជា​ត្រី​នាំចូល​មក​ពី​បរទេស​ និង​មាន​តម្លៃ​ថ្លៃ​ៗ ដោយ​មិនសូវ​មាន​អ្នក​គិតដល់​ត្រី​ទឹកសាប​ដែល​មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា3នេះ​ខ្ពស់​នៅក្នុង​ស្រុក​ឡើយ​ គឺ​មាន​ខ្ពស់​មិនចាញ់​ត្រី​សមុទ្រ​ស្រុកក្រៅ​ឡើយ​ ជាពិសេស​គឺ​ “ត្រីប្រា​” របស់​ខ្មែរយើង​តែម្ដង​ គឺជា​ត្រី​ទឹកសាប​ដែល​មាន​អូ​មេ​ហ្កា3ខ្ពស់​បំផុត​ដល់ទៅ​ 2,570​ មិល្លីក្រាម​ក្នុង​ 100​ ក្រាម​ ច្រើនជាង​ត្រី​សមុទ្រ​ខ្លះ​ដូចជា​ “ត្រី​សា​លម៉ុន​” ទៅ​ទៀត​ ព្រោះ​ត្រី​សា​លម៉ុន​មាន​អូ​មេ​ហ្កា3​ ប្រមាណ​ត្រឹមតែ​ 1,000​ – 1,700​ មិល្លីក្រាម​ក្នុង​ 100​ ក្រាម​ប៉ុណ្ណោះ​។ ចំណែក​ “ត្រីរ៉ស់​” ក៏​មាន​អូ​មេ​ហ្កា3​ ខ្ពស់​ដែរ​ គឺ​មានដល់​ទៅ​ 870​ មិល្លីក្រាម​ក្នុង​ 100​ ក្រាម​ឯណោះ​។ បន្ទាប់មក​ទៀត​គឺ​ “ត្រី​ឆ្ពុង​” ដោយមាន​អូ​មេ​ហ្កា3​ ប្រមាណ​ជា​ 310​ មិល្លីក្រាម​ក្នុង​ 100​ក្រាម​។ ហើយ​ប្រភេទ​ត្រី​ទឹកសាប​កម្ពុជា​អស់​ទាំងនេះ​ មិន​ពិបាក​ឱ្យ​យើង​រក​ទិញ​ឡើយ​ និង​ថែមទាំង​មានតម្លៃ​ថោកជាង​ត្រី​សមុទ្រ​ទឹកប្រៃ​ទៅទៀត​។

    ខាងក្រោម​នេះ​ គឺជា​អត្ថ​ប្រយោជន៍​របស់​ “អូ​មេ​ហ្កា3​” ដោយ​ ឡា​រ៉ែ​ន ជឿ​ថា​ ពេល​លោកអ្នក​បាន​អាន​ហើយ​ មុខ​ជា​ចង់ទៅ​ទិញ​យក​មក​ទទួលទាន​ជាក់ជា​មិនខាន​ ៖* ការពារ​ជំងឺបេះដូង​ និង​សរសៃឈាម​ ព្រោះ​អូ​មេ​ហ្កា3​ នឹង​ជួយការ​ពារ​ការ​ប្រមូលផ្ដុំ​សារជាតិ​ខ្លាញ់​បង្កក​ខ្លួន​ ឬខូ​លេ​ស្តេ​រ៉ូល​ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​សរសៃឈាម​ញ៉ុក​ណែន​។
    * បំប៉ន​ខួរក្បាល​ ព្រោះ​អាស៊ីត​ខ្លាញ់​ DHA​ដែល​មាន​ក្នុង​អូ​មេ​ហ្កា3​ នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ចងចាំ​ ការ​ស្វែងយល់​សមត្ថភាព​ក្នុង​ការ​គិត​វិភាគ​ អារម្មណ៍​ និង​ផ្នែក​ផ្សេង​ៗជាច្រើន​ទៀត​ រហូតដល់​បណ្ដាល​ឱ្យ​កើតមាន​ជា​ពាក្យ​មួយ​ឃ្លា​ថា​ “ញ៉ាំ​ត្រី​ច្រើន​ឆ្លាត​” រហូតមកដល់​សព្វថ្ងៃ​ទៀតផង​។
    * បំប៉ន​ប្រព័ន្ធ​ប្រសាទ​ និង​ភ្នែក​ ព្រោះ​អូ​មេ​ហ្កា3​ ជា​អាស៊ីត​ខ្លាញ់​ដែល​ចាំបាច់​ដល់​ការ​សាង​ជញ្ជាំង​កោសិកា​។
    * អាស៊ីត​ EPA​ នៅក្នុង​ខ្លាញ់ត្រី​ មាន​តួនាទី​សំខាន់​ក្នុង​ការ​ព្យាបាល​ជំងឺ​សោកសៅ​ អារម្មណ៍​មិន​ស្ងប់​ ឬគេង​មិន​លក់​។
    * ជួយ​កាត់បន្ថយ​ភាព​ប្រថុយ​ក្នុង​ការ​កើត​រោគ​មហារីក​ប្រភេទ​ផ្សេង​ៗមួយចំនួន​។តែបើ​អ្នកជា​មនុស្ស​ដែល​មិន​ចូលចិត្ត​ទទួលទាន​សាច់​ត្រី​ ឬពិបាក​រក​ត្រី​មក​ទទួលទាន​នោះ​ក៏​នៅ​មាន​អាហារ​ប្រភេទ​ផ្សេង​ៗជាច្រើន​ទៀត​ដែល​មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា3​ ខ្ពស់​ ដែល​អាច​ឱ្យ​អ្នកមាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួលទាន​ ដោយ​ ឡា​រ៉ែ​ន នឹង​លើកយក​មក​បង្ហាញ​ប្រិយមិត្ត​អ្នកអាន​នៅ​លេខ​ក្រោយ​ទៀត​ ដូច្នេះ​សូមកុំ​ភ្លេច​រង់ចាំ​តាមដាន​ណា៎​៕

  • ចូលដល់វ័យចំណាស់ហើយ តើគួរហាត់ប្រាណដែរឬទេ?

    ចូលដល់វ័យចំណាស់ហើយ តើគួរហាត់ប្រាណដែរឬទេ?

    ថ្មី​ៗនេះ​សមាគមន៍​ជំងឺបេះដូង​អាមេរិក​បាន​អះអាង​ថា​ ការ​លើក​ដុំដែក​ទម្ងន់​តូច​ៗ អាច​ជួយ​ឱ្យ​មនុស្ស​ ចាស់​ និង​អ្នកជំងឺ​បេះដូង​ឱ្យ​មាន​សុខភាព​រឹងមាំ​ជាង​មុន​។ គេ​កត់សម្គាល់​ឃើញថា​ មនុស្ស​ចាស់​ភាគច្រើន​មាន​ម៉ាស​សាច់ដុំ​ថយ​ចុះ​នៅពេល​ដែល​មាន​អាយុ​កាន់តែ​ច្រើន​។ ការ​ឈាន​ចូល​វ័យ40ឆ្នាំ​ឡើង​ទៅ​ មនុស្សយើង​បាន​បាត់បង់3​% ទៅ5​%នៃ​ម៉ាស​សាច់ដុំ​ក្នុងរយៈពេល10ឆ្នាំ​ម្តង​ ហើយ​ការ​ថយ​ចុះ​នោះ​បាន​កើនឡើង​ពី1​%ទៅ​ 2%ក្នុង​មួយ​ឆ្នាំ​ៗក្រោយពី​អាយុ50ឆ្នាំ​។

    សាច់ដុំ​ជួយ​ឱ្យ​យើង​មាន​ភាពរឹងមាំ​ វា​មាន​តួនាទី​ជួយ​ដុត​កាឡូរី​ និង​ជួយ​ឱ្យ​យើង​អាច​រក្សា​ទម្ងន់​ ហើយ​វា​ក៏​ជា​កត្តា​លី​ករ​ដ៏​សំខាន់​ ដើម្បី​ជួយ​ទប់​លំនឹង​របស់​យើង​ និង​ផ្តល់​នូវ​ភាពរឹងមាំ​ដល់​រាងកាយ​ផង​ដែរ​។ មិន​មាន​ម៉ាស​សាច់ដុំ​ យើង​អាច​បាត់បង់​ភាព​ឯករាជ្យ​ និង​ចលនា​របស់​យើង​។ ម៉ាស​សាច់ដុំ​អាច​កើនឡើង​គ្រប់​វ័យ​ ដោយ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើលំ​ហាត់ប្រាណ​។ នៅក្នុង​ការ​ស្រាវជ្រាវ​នៃ​ការ​លើក​ដុំដែក​ មនុស្ស100នាក់​ដែល​មាន​អាយុ​ពី72ឆ្នាំ​ ទៅ98ឆ្នាំ​ ដែល​ជាមធ្យម​មាន​អាយុ87ឆ្នាំ​ បាន​ធ្វើការ​លើក​ដុំដែក3ដង​ក្នុង​មួយ​សប្តាហ៍​ ក្នុងរយៈពេល10សប្តាហ៍​។ នៅ​ពេល​បញ្ចប់​នៃ​ការស្រាវជ្រាវ​ គេ​ទទួល​បានការ​កើនឡើង​ម៉ាស​ភ្លៅ​ 2.7​% ល្បឿន​នៃ​ការ​ដើរ​កើនឡើង12​% និង​ភាពរឹងមាំ​នៃ​ជើង​បាន​កើន​ឡើង13​%។ នៅក្នុង​ការស្រាវជ្រាវ​ស្រដៀងគ្នា​ដែល​ទៅលើ​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​ពី​65ឆ្នាំ​ ទៅ79ឆ្នាំ​ អ្នក​ដែល​លើក​ដុំដែក3ដង​ក្នុង​មួយ​សប្តាហ៍​ក្នុងរយៈពេល3ខែ​ បាន​កើនឡើង​ការ​ដើរ​ដល់ទៅ38​% ដោយ​មិន​មានការ​កើនឡើង​នៃ​ម៉ាស​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​។
    សមាគមន៍​អ្នកជំងឺ​បេះដូង​ បាន​អះអាង​ទៀត​ថា​ ដូចនេះ​ មនុស្សចាស់​ដែល​មាន​អាយុ​ជាមធ្យម​87ឆ្នាំ​ ដែល​លើក​ដុំ​ទម្ងន់​ រក​ឃើញថា​ ពួកគាត់​មានសាច់​ដុំ​រឹងមាំ​ ដោយ​អាច​ឡើង​កាំជណ្តើរ​បាន​ច្រើន​កាំ​ ខណៈ​ដែល​ការសិក្សា​លើ​ស្រ្តី​វ័យ​ចំណាស់​ ដែល​មាន​ជំងឺបេះដូង​ រយៈពេល10សប្តាហ៍​ក៏​បង្ហាញថា​ កម្លាំង​សាច់ដុំ​បាន​កើត​ឡើង43​% ហើយ​អាច​ដើរ​បាន​ចម្ងាយ​កើនឡើង​46​% ក្នុងអំឡុងពេល​ដើរ6នាទី​។ អ្នកជំងឺ​បេះដូង​អាច​លើ​ដុំ​ទម្ងន់​ចាប់ពី0.5គីឡូក្រាម​ ទៅ​2គីឡូក្រាម​បាន​។ យ៉ាងណាមិញ​អ្នកឯកទេស​វេជ្ជសាស្ត្រ​ថែទាំ​ជំងឺ​មនុស្សចាស់​ បាន​ផ្តល់​នូវ​គនឹ្លះ​ខ្លះ​ៗដល់​មនុស្សចាស់​ ដែល​ចង់​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​ថា​ សេចក្តី​ផ្តើម​នៃ​ការហាត់ប្រាណ​គឺ​ ដើម្បី​ស្ថាបនា​ឆ្អឹង​ និង​សាច់ដុំ​ កាត់បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​និង​កាត់បន្ថយ​ឧបទ្ទវហេតុ​នៃ​ជំងឺ​បេះដូង​ ទឹកនោមផ្អែម​ ព្រមទាំង​មហារីក​ពោះវៀនធំ​ និង​ធ្វើ​ឱ្យ​ធូរស្រាល​ការឈឺចាប់​ដែល​បណ្តាល​មក​ពី​ជំងឺ​រលាក​សន្លាក់​ផង​ដែរ​។ ការ​ហាត់ប្រាណ​ធ្វើ​ឱ្យ​ប្រសើរ​ដល់​ដំណេក​ និង​អារម្មណ៍​ផង​ដែរ​។ ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​ ការហាត់ប្រាណ​នាំទៅ​ដល់អាយុ​វែង​។ ដូច​នេះ​តើ​អ្នក​រង់ចាំ​អ្វី​ទៀត​? ការហាត់ប្រាណ​ក្នុង​របៀបរស់នៅ​ ការស្វែងរក​ឱកាស​ដើម្បី​ឱ្យ​នៅ​តែ​សកម្ម​រាងកាយ​ក្នុង​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក​អាច​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ ដើម្បី​ទទួល​បានការ​ជំរុញ​នូវ​អ្វី​ដែល​អ្នក​កំពុង​ស្វែងរក​។ អ្នកជំនាញ​សុខភាព​ជាច្រើន​បាន​យល់ស្រប​គ្នា​ថា​ អ្នក​ដែល​អង្គុយតែ​មួយ​កន្លែង​ (អ្នកធ្វើការ​ការិយាល័យ​ជាដើម​) ដែល​មានបំណង​ចង់ឱ្យ​មាន​ភាព​សកម្ម​រាងកាយ​នោះ​ ត្រូវការ​ពេលវេលា​តែ30នាទី​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​ ដើម្បី​ផលប្រយោជន៍​ចំពោះ​សុខភាព​។ នោះ​មានន័យថា​ អ្នក​អាច​ដើរទៅ​ចំណតរថយន្ត​ក្រុង10នាទី​ បន្ទាប់មក​ពេលថ្ងៃ​អ្នក​អាច​ដើរ20នាទី​ទៀត​ ឬដើរ​ធ្វើការងារ​ផ្ទះ​ដូចជា​ ប្រើ​ម៉ា​ស៊ី​នប៊ូ​មធូ​លី​នៅ​លើ​កម្រាលឥដ្ឋ​20នាទី​ទៀត​ នោះ​អ្នក​នឹងអាច​ក្លាយជា​មនុស្ស​ដែល​មាន​ភាព​សកម្ម​រាងកាយ​ហើយ​។ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ អ្នក​ត្រូវ​ធ្វើបែប​នេះ​ជាប្រចាំ​រៀងរាល់ថ្ងៃ​។

    ការ​ហ្វឹកហាត់​ខ្លាំងក្លា​ក្នុង​ការហាត់ប្រាណ​ច្រើនបែប​នោះ​គឺ​ អ្នក​បង្កើន​ថាមពល​សាច់ដុំ​របស់​អ្នក​រយៈពេល​យូរ​ជាបន្តបន្ទាប់​។ ជាឧទាហរណ៍​អ្នក​អាច​ហាត់ប្រាណ​លើក​ដុំដែក​ និង​បង្កើន​ទម្ងន់​ដុំដែក​ជាបន្តបន្ទាប់​បន្តិច​ម្តង​ៗ។ ការ​ហ្វឹកហាត់​ខ្លាំងក្លា​បែបនេះ​ វា​ជួយ​កាត់បន្ថយ​ការ​ស្វិត​សាច់ដុំ​ និង​ការបាត់បង់​ឆ្អឹង​ (Bone​ Loss​) ដែល​កើតមាន​នៅពេល​មនុស្ស​មាន​វ័យ​កាន់តែ​ចាស់​។ ការកាត់បន្ថយ​ភាព​ខ្លាំងក្លា​នៃ​ការហាត់​បែបនេះ​ ក៏​ជា​ការចាំបាច់​ជាពិសេស​ផង​ដែរ​ នៅពេល​វា​បាន​បង្កើត​កម្លាំង​តុល្យភាព​ និង​ម៉ាស​ឆ្អឹង​ (Bone​ mass​) គ្រប់គ្រាន់​ល្មម​។ ការ​ធ្វើបែប​នេះ​ ដើម្បី​ជា​ការ​ការពារ​ការ​បាក់ឆ្អឹង​ ពិសេស​ឆ្អឹងត្រគាក​ដែល​ជា​មូលហេតុ​ចម្បង​បំផុត​នៃ​ពិការភាព​រាងកាយ​លើ​មនុស្សចាស់​។ ការ​ហាត់ប្រាណ​ អា​អេ​រ៉ូប៊ិ​ក (Aerobic​ exercise​) ជា​ប្រភេទ​នៃ​សកម្មភាព​ហាត់ប្រាណ​ដែល​យើង​តែង​គិតដល់​ នៅពេល​យើង​គិត​ពី​ការហាត់ប្រាណ​។ វា​ផ្តល់​លទ្ធផល​ដោយ​បង្កើន​ចង្វាក់​បេះដូង​។ ការហាត់ប្រាណ​បែបនេះ​ រួមមាន​ការ​រត់​ត្រឹក​ៗ ការ​ហែលទឹក​ លោត​ខ្សែ​ ហើយ​សូម្បី​ការ​ដើរ​ ការ​ជិះកង់​ និង​រាំ​ក៏អាច​ត្រូវ​បាន​ចាត់ទុក​ក្នុង​ប្រភេទ​ហាត់ប្រាណ​នេះ​ដែរ​៕

  • ស្វែងយល់​ពី​អាការ​ប្រតិកម្ម​ចាញ់​ញើស​ខ្លួនឯង

    ស្វែងយល់​ពី​អាការ​ប្រតិកម្ម​ចាញ់​ញើស​ខ្លួនឯង

    អាការ​ជំងឺ​ចាញ់​ញើស​ខ្លួនឯង​ គឺជា​ជំងឺ​ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ជំងឺ​ចាញ់​មួយ​ប្រភេទ​ ដែល​តែង​កើតឡើង​ចំពោះ​ក្រុម​មនុស្ស​ងាយ​នឹង​កើតមាន​អាការ​អា​លែ​កហ្ស៊ី​ខ្លាំង​ ជាពិសេស​គឺ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​សើរ​ស្បែក​ ដោយ​វា​កើតឡើង​នៅ​លើ​ស្បែក​ ហើយ​មាន​អាការ​ដូចជា​ ឡើង​កន្ទួល​ក្រហម​ រោល​ដូច​ច្រែង​ថ្ងៃ​ និង​អុច​ៗក្រហម​នៅ​លើ​ស្បែក​ ហើយ​រមាស់​ជាដើម​។

    កំណត់សម្គាល់​អាការ​ជំងឺ​ចាញ់​ញើស​ខ្លួនឯង​ដូចម្ដេច​ខ្លះ​?
    ភាគច្រើន​គេ​ប្រទះឃើញ​នៅ​ជុំ​បរិវេណ​-ក ដើម​ទ្រូង​ មុខ​ ស្បែក​ខ្នង​ ស្បែក​ដៃ​ និង​ជើង​ ។ វា​មាន​អាការ​រមាស់​ ឡើង​កន្ទួល​ក្រ​ហម​ភ្លាម​ៗ បន្ទាប់ពី​អ្នក​បែក​ញើស​ខ្លាំង​។ បន្ទះ​កន្ទួល​ក្រ​ហមៗ​ អាច​មាន​សណ្ឋាន​ដូចជា​ គ្រាប់​កាំ​ភ្លើង​អុច​ៗ បន្ទះ​កន្ទួល​ៗ និង​ជា​រង្វង់​ ហើយ​មាន​អាការ​រមាស់​ និង​ក្រហល់ក្រហាយ​លើ​ស្បែក​។

    មូលហេតុ​អ្វី​បណ្ដាល​ឱ្យ​កើតមាន​អាការ​ចាញ់​ញើស​
    វា​កើតឡើង​ពី​កម្ដៅ​ ដែល​មាន​ដូចជា​ ការ​ធ្វើ​ការ​ងារ​រក្រោ​មក​ម្ដៅ​ថ្ងៃ​ រាងកាយ​ឡើង​ក្ដៅ​ ងូតទឹក​ក្ដៅ​ ឬនៅ​ក្នុង​បន្ទប់​ស្ទីម​សូ​ណា​ជាដើម​ ឬការ​ស្លៀកពាក់​ខោអាវ​តឹងណែន​ ដែល​បណ្ដាល​ឱ្យ​ស្អុះស្អាប់​ ការ​ទទួលទាន​អាហារ​ដែល​មាន​រសជាតិ​ហឹរ​ខ្លាំង​ ការហាត់ប្រាណ​ខ្លាំងពេក​ទាំង​មិន​សម្អាតខ្លួន​ឱ្យ​បាន​ស្អាត​ ដែល​ទង្វើ​ទាំងអស់​នេះ​ហើយដែល​បណ្ដាល​ឱ្យ​រាងកាយ​របស់​អ្នក​បញ្ចេញ​ញើស​មក​ខាងក្រៅ​ ហើយ​ស្បែក​របស់​អ្នក​ក៏​ចាប់ផ្ដើម​ប្រតិកម្ម​ចាញ់​ជាមួយ​ញើស​ ដោយសារ​កង្វះ​អនាម័យ​ខ្លួនប្រាណ​ ទើប​ធ្វើ​ឱ្យ​អ្នកមាន​អាការ​រមាស់​ភ្លាម​ៗនិង​រោល​ពេញ​ខ្លួន​។

    តើ​គួរ​ព្យាបាល​ដោយ​វិធី​ណា​?
    1. ការ​ការពារ​ទុកជាមុន​ : ចៀសវាង​ទង្វើ​ដែល​ធ្វើ​ឱ្យ​អ្នក​បែកញើស​ខ្លាំង​ ឬបើ​បែកញើស​ហើយ​ ត្រូវ​ប្រញាប់​សម្អាតខ្លួន​ឱ្យ​បាន​ស្អា​តភ្លាម​ៗជាមួយ​នឹង​សាប៊ូ​ដុស​ខ្លួន​។2 . ចៀសវាង​កន្លែង​ហាត់ប្រាណ​ដែល​មិន​មាន​ខ្យល់​បរិសុទ្ធ​ចេញចូល​បាន​ល្អ​ :ប្រសិនបើ​អ្នកដឹងខ្លួន​ថា​ ស្បែក​របស់​អ្នក​ងាយ​កើត​ប្រតិកម្ម​ចាញ់​ញើស​នោះ​ អ្នក​គួរ​ចៀសវាង​កន្លែង​ហាត់ប្រាណ​ណា​ដែល​ហប់​ៗ បិទ​ជិត​ មិន​មាន​ខ្យល់​ចេញចូល​ល្អ​។ជាពិសេស​ពេល​ហាត់ប្រាណ​រួច​ ចៀសវាង​ការ​ងូត​ទឹក​ក្ដៅ​ ឬចូល​ស្ទីម​សូ​ណា​ជាដើម​។ បើ​មិន​ដូច្នោះ​ទេ​ ស្បែក​របស់​អ្នក​ក៏​កាន់តែ​ធ្វើ​ឱ្យ​អ្នកក្ដី​វិតក្ក​កង្វល់​លើស​ដើម​ ហើយ​ចំណាយ​ប្រាក់​កាន់តែ​ច្រើន​ក្នុង​ការ​ព្យាបាល​។
    3. ទទួលទាន​អាហារ​ដែល​ត្រឹមត្រូវ​ : អ្នក​គួរ​ចៀសវាង​អាហារ​ដែល​មាន​រសជាតិ​ហឹរ​ខ្លាំង​ ប្រៃ​ខ្លាំង​ ឬក៏​អ្នក​អាច​បន្ថយ​បរិមាណ​នៃ​ការ​ទទួលទាន​ក៏បាន​។ ចៀសវាង​ទទួលទាន​ភេ​សជ្ជៈ​ក្ដៅ​ៗ កាត់បន្ថយ​ការ​ទទួលទាន​គ្រឿងស្រវឹង​ និង​ទទួលទាន​បន្លែ​ផ្លែឈើ​ឱ្យ​បាន​ច្រើន​៕

  • មូល​ហេតុដែល​ធ្វើឱ្យ​អ្នក​ក្លាយជា​អ្នកជំងឺ​មហារីក​ស្បូន

    មូល​ហេតុដែល​ធ្វើឱ្យ​អ្នក​ក្លាយជា​អ្នកជំងឺ​មហារីក​ស្បូន

    ស្បូន​ជាផ្នែក​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​មនុស្ស​ស្រី​យើង​ វា​ជាទី​តាំង​បង្ក​កំណើត​ដែល​អាច​ឱ្យ​ស្ត្រី​យើង​រក្សា​ទារក​ក្នុង​ផ្ទៃ​ឱ្យ​លូតលាស់​ធំធាត់​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ប៉ុន្តែ​ប្រសិនបើ​ស្បូន​មាន​បញ្ហា​នោះ​ ឱកាស​នៃ​ការ​ធ្វើជា​អ្នកម្តាយ​ ដែល​ស្ត្រី​ភាគច្រើន​តែង​ប្រាថ្នា​ចង់បាន​នោះ​ ក៏​នឹង​ត្រូវ​រលាយ​បាត់​ទៅវិញ​ដែរ​។ ហេតុដូច្នេះ​ហើយ​ទើប​ការ​មើលថែ​ទាំ​ស្បូន​ឱ្យ​គេច​ផុត​ពី​ជំងឺមហារីក​គឺជា​រឿង​ចាំបាច់​បំផុត​ដែល​ស្ត្រី​គ្រប់រូប​មិន​គួរ​មើល​រំលង​។ ជំងឺមហារីក​ស្បូន​មាន​ច្រើន​ប្រភេទ​ច្រើនយ៉ាង​ ហើយ​អ្នក​ក៏​មិន​អាច​ដឹង​ដោយខ្លួនឯង​បាន​ដែរ​ថា​ តើ​អ្នក​កំពុង​ប្រឈម​នឹង​ជំងឺ​ប្រភេទ​នេះ​ដែរ​ ឬអត់​។ មហារីក​ស្បូន​មិនមែន​ចេះតែ​កើតមាន​ចំពោះ​ស្ត្រី​គ្រប់គ្នា​នោះ​ទេ​ គឺ​វា​អាច​កើតឡើង​តាមរយៈ​លក្ខ​ខណ្ឌ​ផ្សេង​ៗគ្នា​ ហើយ​ខាងក្រោម​នេះ​គឺជា​មូលហេតុ​តូច​ៗដែល​អាច​រួមផ្សំ​ចូលគ្នា​ ហើយ​បង្ក​ឱ្យ​ក្លាយជា​ជំងឺមហារីក​ដែល​ស្ត្រី​គ្រប់រូប​គួរ​ប្រុងប្រយ័ត្ន​ ៖1. ធាត់​ខ្លាំង​ មាន​ជាតិ​ខ្លាញ់​លើស​កំណត់​
    2. ជំងឺ​ទឹកនោមផ្អែម​
    3. លើសឈាម​
    4. ស្ត្រី​ដែល​មាន​រដូវ​មិន​ទៀងទាត់​(ម្តង​មាន​ម្តង​រាំង​)
    5. ឆាប់​មាន​រដូវ​ពេក​ ហើយក៏​ឆាប់​បាត់​រដូវ​ពេក​
    6. ស្ត្រី​អារ​(ស្ត្រី​ដែល​មិន​អាច​មានកូន​)
    7. ស្ថានភាព​អូ​វ៉ែ​អ្នកជំងឺ​មាន​ពក​ច្រើន​
    8. អ្នកមាន​ជំងឺមហារីក​អូ​វ៉ែ​
    9. ស្ត្រី​ដែល​ប្រើប្រាស់​ Estrogen​

    អ្នកជំនាញ​តែង​ណែនាំ​ឱ្យ​អ្នក​ទៅ​ពិនិត្យ​តាមដាន​រក​ជំងឺ​នេះ​រាល់12ខែ​ម្តង​។ ដូច្នេះ​បើ​ទោះជា​អ្នក​ធ្លាប់​បាន​ពិនិត្យ​ម្តង​ ឬពីរ​ដង​រួច​ទៅ​ហើយ​ក្តី​និង​ទទួល​បាន​នូវ​លទ្ធផល​ល្អជា​ធម្មតា​ក៏​មិនមែន​មានន័យថា​ អ្នក​អាច​គេច​ផុត​ពី​ជំងឺ​នេះ​មួយ​ជីវិត​ដែរ​។ ដូច្នេះ​ការ​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​រកមើល​ជំងឺមហារីក​ស្បូន​រៀងរាល់12ខែ​ម្តង​ គឺ​គួរតែ​អនុវត្ត​ឱ្យ​បាន​ទៀងទាត់​ ហើយ​បើ​អ្នក​ក៏​ជា​មនុស្សម្នាក់​ដែល​មាន​ផ្ទុក​នូវ​ចំណុច​មួយចំនួន​ដូច​រៀបរាប់​ខាងលើ​ទៀត​នោះ​គឺ​រឹតតែ​ត្រូវ​ប្រុងប្រយ័ត្ន​ទៅទៀត​៕

  • ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

    ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

    នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​ ក្នុង​រៀងរាល់​អាការ​ឈឺពោះ​ ច្បាស់ជា​មាន​ដើមហេតុ​របស់​វា​ទាំងអស់​។ នៅ​ពេលនេះ​ យើង​នាំគ្នា​មក​យល់ដឹង​អំពី​សញ្ញា​អាក្រក់​ដែល​កើតឡើង​នៅពេល​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ ដែល​បើសិនជា​វា​កើត​អាការ​ឈឺ​ញឹកញាប់​ជាបន្តបន្ទាប់​ក្នុង​លក្ខ​ណៈ​ផ្សេង​ៗនោះ​ មានន័យថា​រាងកាយ​របស់​យើង​កំពុង​បញ្ជូន​សញ្ញា​ប្រាប់​អំពី​ជំងឺ​អាក្រក់​ណាមួយ​ហើយ​…។

    អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​លើ​(ម្ដុំ​ៗក្រោម​ឆ្អឹងជំនី​ខាងស្ដាំ​)នៅពេល​លោកអ្នក​កើតមាន​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​លើ​ ហើយ​អាការ​ឈឺ​នោះ​ច្រើនតែ​កើតឡើង​ក្រោយពេល​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ នោះ​អាច​មានន័យថា​ លោកអ្នក​កំពុង​មាន​ភាព​ប្រថុយប្រថាន​ក្នុង​ការ​កើត​ជំងឺ​ក្រួស​ក្នុង​ថង់​ទឹកប្រមាត់​ រួម​ទាំង​ជំងឺថ្លើម​ផង​ដែរ​។ ចំណុច​សង្កេត​សំខាន់​ដែល​នឹង​ជួយ​បញ្ជាក់​បាន​ថា​ អាច​ជា​ជំងឺ​ទាំង​នោះ​គឺ​ ពេល​យកដៃ​ទៅ​ចុច​សង្កត់​លើ​បរិវេណ​ដែល​មាន​អាការ​ឈឺ​នោះ​ អាច​នឹង​ប៉ះ​នឹង​ដុំ​សាច់​រឹង​ៗ ចំណែក​អាការ​ដែល​តាម​មក​នោះ​គឺ​ មាន​អាការ​ខ្លួនប្រាណ​ឡើង​លឿង​ និង​ភ្នែក​លឿង​។

    អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ក្រោម​ពេល​កើតមាន​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ក្រោម​ ចាប់ផ្ដើម​តាំងពី​ម្ដុំ​ជុំវិញ​រន្ធ​ផ្ចិត​រហូត​ទៅដល់​ក្រោម​ពោះ​ផ្នែក​ខាង​ក្រោម​ស្ដាំ​។ ពេល​យកដៃ​ទៅ​ស្ទាប​លើ​បរិវេណ​ដែល​មាន​អាការ​ឈឺ​នោះ​ នឹង​មាន​ប៉ះ​នឹង​ដុំ​សាច់​ សង្កត់ពីលើ​ ហើយ​មាន​អាការ​ឈឺ​ ប្រកប​នឹង​ការ​ឈឺចុក​សៀត​គ្រប់ពេលវេលា​ បើ​មាន​សភាព​បែបនេះ​ ចូរ​សន្និដ្ឋាន​ទុកជា​បឋម​ថា​ អាច​ជា​រោគសញ្ញា​រលាក​ខ្នែងពោះវៀន​ហើយ​ តែបើ​មាន​អាការ​ឈឺ​ស្រដៀង​មាន​ខ្យល់​នៅក្នុង​ពោះ​ មាន​អា​ការ​រមូរ​ៗពោះ​រួម​ជាមួយ​ផង​នោះ​ អាច​បណ្ដាលមកពី​ការ​ធ្វើការងារ​ខុសប្រក្រតី​របស់​ពោះវៀនធំ​។

    អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ក្រោម​បំផុត​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ក្រោម​បំផុត​នេះ​ នឹង​មាន​អាការ​ឈឺ​ឡើង​រឹង​កើតឡើង​ជា​ដំ​ណា​ក់ៗ​ មាន​អាការ​ឈឺ​ផ្នែក​ខាងក្រោម​ពោះ​បំផុត​ផ្នែក​ខាងស្ដាំ​រាលដាល​ទៅដល់​ដើមភ្លៅ​ ដែល​បង្ហាញ​ឱ្យ​ដឹង​ថា​ អាច​មាន​បញ្ហា​សុខភាព​កើតឡើង​នៅ​ម្ដុំ​តម្រងនោម​ តែបើ​សិន​មាន​អាការ​គ្រុនក្ដៅ​ខ្លាំង​ មាន​អារម្មណ៍​រងាញាក់​ ហើយ​ថែមទាំង​មាន​ធ្លាក់ស​(ចំពោះ​ស្រ្តី​) រួម​ជាមួយ​ផង​នោះ​ អាការ​ក្នុង​លក្ខណៈ​បែបនេះ​ គឺជា​សញ្ញា​របស់​ជំងឺ​រលាក​ដៃស្បូន​ ដែល​បើសិនជា​យើង​យកដៃ​ស្ទាប​ត្រង់កន្លែង​ដែល​ឈឺ​ នឹង​ប៉ះ​ដុំ​សាច់​ទៀតផង​។

    អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ក្រោម​ឆ្អឹងជំនី​ ពេល​មាន​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ ឈឺ​បែប​ក្រ​ហាយ​ៗនៅ​ក្រោម​ឆ្អឹងជំនី​ ដោយចំពោះ​អ្នកខ្លះ​អាច​មាន​អាការ​ឈឺ​ចុកសៀត​ និង​ចុកពោះ​រួម​ជាមួយ​ផង​ នោះ​មានន័យថា​ អាច​ជា​ការ​ធ្វើការ​ខុសប្រក្រតី​របស់​ពោះវៀនតូច​។ មាន​មូលហេតុ​មក​ពី​ការ​កើត​ប្រតិកម្ម​ចាញ់​ប្រូ​តេ​អុីន​គ្លុ​យតេន​ ហុច​ផល​ប៉ះពាល់​ធ្វើ​ឱ្យ​ពោះវៀន​មិន​អាច​បឺត​ជ្រាប​អាហារ​បាន​ល្អ​ដូច​ប្រក្រតី​ ធ្វើ​ឱ្យ​កើត​អាការ​ឈឺពោះ​។ បើសិន​បណ្ដោយ​ទុក​មិន​ធ្វើការ​ព្យាបាល​រយៈពេល​យូរ​ អាការ​ទាំងនេះ​នឹង​ប្រមូល​សន្សំ​រហូត​កើតជា​សភាវ​រាករូស​រ៉ាំរ៉ៃ​ ហើមពោះ​ ហើយ​ថែមទាំង​អាច​វិវឌ្ឍ​ទៅជា​ជំងឺ​រលាក​ពោះវៀនតូច​បាន​ទៀតផង​។

    អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​កណ្ដាល​(ចង្កេះ​ខាងស្ដាំ​)បើសិន​មាន​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​កណ្ដាល​ រួម​ទាំង​បន្ទោបង់​មក​មាន​ឈាម​ ឬប្រព័ន្ធ​បន្ទោបង់​មាន​ភាព​ខុស​ប្រក្រតី​នោះ​ អាច​ជា​សញ្ញា​ដាស់តឿន​ថា​ អ្នក​កំពុង​ជិត​កើត​ជំងឺ​រលាក​ពោះវៀនធំ​ហើយ​ ដែល​បើសិនជា​ពិនិត្យ​ទៅ​ឃើញ​មាន​ដុំ​សាច់​ផង​នោះ​ ក៏អាច​ជា​ការ​បង្ហាញ​ឱ្យ​ឃើញថា​ អ្នក​អាច​នឹង​កើតរោគ​ដុះ​សាច់​ក្នុង​ពោះវៀនធំ​។ តែបើ​សិន​ជា​មាន​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ ចាប់ផ្ដើម​ពី​ចង្កេះ​រាលដាល​ទៅដល់​គល់​ភ្លៅ​វិញ​នោះ​ អាច​នឹង​មាន​ភាព​ប្រថុយប្រថាន​ក្នុង​ការ​កើត​ដុំ​ក្រួស​នៅក្នុង​ក្រលៀន​ ឬបើ​មាន​អាការ​ឈឺចង្កេះ​ខាងស្ដាំ​ ព្រមទាំង​មាន​គ្រុនក្ដៅ​រងា​ រួម​ទាំង​មាន​ទឹកមូត្រ​ពណ៌​កករ​ល្អក់​ផង​ ក៏អាច​ជា​សញ្ញា​មួយ​ប្រាប់​ថា​ អ្នក​អាច​នឹង​កើតជំងឺ​រលាក​បំពង់​តម្រងនោម​។

    អាការ​ឈឺពោះ​ខាងស្ដាំ​ពេល​មានគភ៌​​​ត្រូវតែ​សុំ​ប្រាប់​ស្រ្តី​ដែល​កំពុង​មានគភ៌​នៅពេល​នេះ​ថា​ អាការ​ឈឺពោះ​ខាងស្ដាំ​ដែល​កើតឡើង​ក្នុង​ខណៈ​ដែល​យើង​កំពុង​ជិត​មានកូន​តូច​នោះ​ មិនមែន​ជា​រឿង​ដែល​ត្រូវ​កង្វល់​នោះ​ទេ​ ព្រោះ​បើ​មាន​អាការ​ឈឺពោះ​ មិនថា​តែ​ខាងស្ដាំ​ ឬខាងឆ្វេង​នោះ​ទេ​ បើសិនជា​ការ​ឈឺ​នោះ​ជា​ការ​ឈឺ​បែប​ស្រាល​ៗ នោះ​គឺ​ដោយសារតែ​តួ​ជីវិត​ចាប់ផ្ដើម​បង្កប់ខ្លួន​ទៅ​ក្នុង​ស្បូន​។ អាការ​បន្ត​ដែល​ស្រ្តី​មានផ្ទៃពោះ​នឹង​ត្រូវ​ជួប​ គឺ​អាការ​ឈឺ​ក្នុង​ស្បូន​ ព្រោះ​ស្បូន​នឹង​ចាប់ផ្ដើម​រីកធំឡើង​ជា​បណ្ដើរ​ ដែល​ពេលនោះ​ស្រ្តី​មានគភ៌​នឹង​មាន​អារម្មណ៍​ឈឺ​នៅក្នុង​ពោះ​ផ្នែក​ខាងក្រោម​(ថ្ងាសក្រោម​)ជាពិសេស​។
    ក្រៅពីនោះ​ បើសិន​ស្រ្តី​មានគភ៌​មាន​ភេទ​សម្ព័ន្ធ​ញឹកញាប់​ ដើរ​ច្រើន​ ឡើងចុះ​ជណ្ដើរ​ញឹកញាប់​ ឬហាត់ប្រាណ​ប្រចាំ​ ក៏​អាច​ធ្វើ​ឱ្យ​កើតមាន​អាការ​ឈឺពោះ​ម្ដុំ​ផ្នែក​ខាងក្រោម​ដែរ​ ដោយសារតែ​ការប្រើ​សាច់ដុំ​នៅត្រង់​ផ្នែក​នោះ​។ បើសិនជា​មាន​អារម្មណ៍​ថា​ឈឺពោះ​ផ្នែក​ខាង​ស្ដាំ​ខ្លាំង​ៗរហូត​មាន​អារម្មណ៍​ថា​ទ្រាំ​លែង​បាន​ យើង​សូម​ណែនាំ​ឱ្យ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​ ដើម្បី​បាន​ប្រញាប់​ពិនិត្យ​វិនិច្ឆ័យ​យ៉ាង​លម្អិត​ និង​ចាប់ផ្ដើម​ព្យាបាល​តាម​អាការ​រហូត​ទាល់តែ​ជា​ គឺជា​រឿង​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ខ្លាំង​បំផុត​៕

  • មូលហេតុធម្មតាៗដែលធ្វើឱ្យក្រពះពិបាករំលាយអាហារ

    មូលហេតុធម្មតាៗដែលធ្វើឱ្យក្រពះពិបាករំលាយអាហារ

    តើ​អ្នក​ធ្លាប់​មាន​បទ​ពិសោធ​ហាក់ដូចជា​មាន​អាការ​ឆ្អល់​ តឹងណែន​ មិន​ស្រួល​ពោះ​ បន្ទាប់ពី​ទទួលទាន​អាហារ​រួច​ដែរ​ឬទេ​? ទាំងនេះ​គឺ​អាច​បណ្តាល​មក​ពី​ការរំលាយអាហារ​ដោយ​ពិបាក​ ដែល​ជាទូទៅ​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​ការ​មិន​រំលាយអាហារ​នេះឯង​។ ការ​មិន​រំលាយអាហារ​ស្ទើរតែ​បាន​ក្លាយជា​បញ្ហា​ទូទៅ​មួយ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​វ័យ​។ ការយល់​ដឹង​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​កើតមាន​អាការ​មិន​រំលាយ​អាហារ​ អាច​ជួយ​អ្នក​ក្នុង​ការ​ការពារ​ខ្លួន​ពី​សភាព​បែបនេះ​បាន​។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​សាមញ្ញ​មួយចំនួន​ដែល​បណ្តាល​ឱ្យ​មានការ​ពិបាក​ក្នុង​ការរំលាយអាហារ​ ៖

    ទម្លាប់​មិនល្អ​ក្នុង​ការ​ទទួលទាន​អាហារ​មានទម្លាប់​មិនល្អ​ក្នុង​ការ​ទទួលទាន​អាហារ​មួយចំនួន​ដែល​បណ្តាល​ឱ្យ​ការរំលាយអាហារ​មាន​បញ្ហា​ ទម្លាប់​មិនល្អ​ទាំងនោះ​មាន​ដូចជា​ ទទួលទាន​លឿន​ពេក​ ដោយ​មិនបាន​ទំពា​អាហារ​ឱ្យ​បាន​ម៉ដ្ឋ​ល្អ​, ទទួលទាន​អាហារ​ច្រើនពេក​, ទទួលទាន​អាហារ​ខ្លាញ់​ ឬហឹរ​ច្រើនពេក​។ ដូច្នេះ​បើ​ចង់ឱ្យ​ក្រពះ​អ្នក​អាច​ធ្វើការងារ​បាន​ល្អ​នោះ​ សូម​ចៀសចេញ​ទម្លាប់​មិនល្អ​ខាងលើ​នេះ​។

    ទទួលទាន​ជាតិ​អាល់កុល​ជាតិ​អាល់កុល​ធ្វើ​ឱ្យ​កោសិកា​បាត់បង់​ជាតិទឹក​ ស្ងួត​ និង​ទទួលរង​នូវ​ការបំផ្លាញ​។ នេះ​ជា​កត្តា​មួយផ្សេងទៀត​ដែល​នាំ​ទៅ​រក​ការពិបាក​ក្នុង​ការរំលាយអាហារ​ ដូច្នេះ​ប្រសិន​អ្នកជា​មនុស្សម្នាក់​ដែល​តែងតែ​ទទួលទាន​ស្រា​ជា​ញឹកញាប់​នោះ​ អ្នក​គួរតែ​កំណត់​ឱ្យ​ស្ថិត​ក្នុង​ចំណុះ​តិច​បំផុត​ ដើម្បី​កុំឱ្យ​ក្រពះ​ពិបាក​ក្នុង​ការរំលាយអាហារ​។

    បារី​បារី​នឹង​ធ្វើ​ឱ្យ​ចំណង់​អាហារ​ធ្លាក់ចុះ​ ដោយ​ការ​ចូល​ទៅ​បំផ្លាញ​អង់​ហ្សី​មនៃ​ការរំលាយអាហារ​របស់​អ្នក​ ហើយ​វា​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយអាហារ​ទទួលរង​នូវ​ការបំផ្លាញ​ ជា​មូលហេតុ​បណ្តាល​ឱ្យ​ប្រឈម​នឹង​បញ្ហា​មិន​រំលាយអាហារ​។

    កា​ហ្វេ​អុីន​តែ​ កាហ្វេ​ សូកូឡា​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ និង​អាហារ​មួយចំនួន​ទៀត​ដែល​មាន​ផ្ទុក​នូវ​ជាតិកា​ហ្វេ​អុីន​ ក៏អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ក្នុង​ការរំលាយអាហារ​ ដោយ​ការ​ធ្វើ​ឱ្យ​ជាតិ​អាស៊ីត​កើន​ឡើង​។ ដូច្នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ការរំលាយអាហារ​ អ្នក​គួរ​កំណត់​ជាតិកា​ហ្វេ​អីុន​ឱ្យមក​នៅ​ត្រឹមតែ1​ ឬ2ពែង​ក្នុង​មួយថ្ងៃ​បាន​ហើយ​។

    ហាត់​ប្រា​ណភ្លាម​ៗបន្ទាប់ពី​ទទួលទាន​អាហារ​រួច​វា​ជា​រឿង​សំខាន់​ដែល​ថាត្រូវ​ទទួលទាន​អ្វី​បន្តិច​សិន​មុន​ធ្វើការ​ហាត់ប្រាណ​បញ្ចេញ​ថាមពល​រាងកាយ​ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ការ​ពេលវេលា​ខ្លះ​ដើម្បី​សម្រាក​ឱ្យ​ស្រក​ពោះ​សិន​ដែរ​ ដូច្នេះ​ចន្លោះ​នៃ​ការហាត់ប្រាណ​ បន្ទាប់ពី​ទទួលទាន​អាហារ​រួច​ អ្នក​គួរ​សម្រាក​រយៈពេល30ទៅ60នាទី​ជាមុន​សិន​ចាំ​ចាប់ផ្តើម​ហាត់ប្រាណ​។ បន្ទាប់ពី​ទទួលទាន​អាហារ​ ឈាម​ធ្វើ​ចលនា​នៅ​ជុំវិញ​ប្រព័ន្ធ​រំលាយអាហារ​ តែ​ប្រសិនបើ​អ្នកធ្វើការ​ហាត់​ប្រា​ណភ្លាម​ៗ នោះ​ ចលនា​នៃ​ការហាត់ប្រាណ​នឹង​ទាញ​យក​ឈាម​ទាំងនោះ​ចេញ​ដែល​ជា​ការ​រំខាន​ដល់​ការរំលាយអាហារ​។
    ដឹង​ហើយ​មែនទេ​ថា​រឿង​សាមញ្ញ​ៗ ដែល​អ្នក​បាន​ធ្វើ​រាល់ថ្ងៃ​នេះ​គឺជា​មូលហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការរំលាយអាហារ​ ដូច្នេះ​សង្ឃឹមថា​ ចាប់ពី​ពេលនេះ​ទៅ​អ្នក​នឹង​មិន​ធ្វើអ្វី​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការរំលាយអាហារ​ទៀត​នោះ​ទេ​៕

  • វិធីសម្អាតធ្មេញសម្រាប់អ្នកពត់ធ្មេញ

    វិធីសម្អាតធ្មេញសម្រាប់អ្នកពត់ធ្មេញ

    ធ្មេញ​ស្អាត​ជា​បំណងប្រាថ្នា​របស់​មនុស្ស​គ្រប់​គ្នា​ ហេតុនេះ​ហើយ​បាន​ជា​មនុស្ស​មួយចំនួន​ដែល​មាន​ធ្មេញ​មិន​ត្រង់​ស្អាត​បាន​ចំណាយពេល​ និង​ប្រាក់កាស​ ដើម្បី​ធ្វើការ​ព្យាបាល​ធ្មេញ​ឱ្យមក​ត្រង់​ស្អាត​វិញ​ តាមរយៈ​ការ​ពត់​ធ្មេញ​។ បន្ទាប់ពី​បាន​ធ្វើការ​ពត់​ធ្មេញ​ លោកអ្នក​ប្រាកដជា​មាន​អារម្មណ៍​ថា​ ធ្មេញ​របស់​អ្នកមាន​ភាពល្អ​ប្រសើរ​ជាង​មុន​ ប៉ុន្តែ​នៅក្នុង​អំឡុង​ពេល​នៃ​ការ​ពុត​ធ្មេញ​ យើង​ក៏​ជឿ​ដែរ​ថា​ មាន​ប្រិយមិត្ត​មិន​តិច​ទេ​ដែល​រអ៊ូរទាំ​រឿង​ការពិបាក​ក្នុង​ការ​សម្អាត​ធ្មេញ​។ បាន​ហើយ​! ឈប់​បារម្ភ​ទៀត​ទៅ​ ហើយ​ងាក​មក​សាកល្បង​ធ្វើការ​សម្អាត​ធ្មេញ​តាមរយៈ​ការណែនាំ​មួយចំនួន​ដូចតទៅ​នេះ​ ៖

    – ដំបូង​ត្រូវ​ប្រាកដ​ក្នុងចិត្ត​ថា​ អ្នក​ពិតជា​បាន​ដុស​សម្អាត​ធ្មេញ​រាល់ពេល​បន្ទាប់ពី​ទទួលទាន​អាហារ​រួច​។
    – មុន​ពេល​ចាប់ផ្តើម​ដុសធ្មេញ​ ត្រូវ​ខ្ពុរមាត់​ជាមួយ​ទឹក​ខ្ពុរមាត់​ឱ្យ​បាន​សព្វ​ ដើម្បី​ជួយ​បន្ធូរ​កម្ទេច​អាហារ​ដែល​មាននៅ​ក្នុង​មាត់​កុំឱ្យ​តោង​ជាប់​ខ្លាំងពេក​។

    ពេល​ដុសធ្មេញ​ : ការ​ដុសធ្មេញ​សម្រាប់​អ្នក​ដែល​កំពុង​ពត់​ធ្មេញ​ត្រូវ​អនុវត្ត​តាម​ការណែនាំ​ដូចតទៅ​ ៖
    1. ធ្មេញមុខ​ : ចាប់ផ្តើម​ដុស​ផ្នែក​ខាងមុខ​នៃ​ធ្មេញ​ពីលើ​ចុះ​មក​ក្រោម​ រួច​ក៏​បន្ត​ទៅ​ដុស​ផ្នែក​ខាងក្នុង​វិញ​ម្តង​។
    2. ធ្មេញ​ក្រោម​ : ត្រូវ​ដុស​ក្នុង​ទិសដៅ​ពី​ក្រោម​ឡើង​ទៅលើ​ រួច​ក៏​សំដៅ​ទៅ​ដល់​ផ្នែក​ខាងក្នុង​ដូចមុន​ដែរ​។

    – បន្ត​ទៅ​កន្លែង​ផ្សេង​ៗទៀត​នៃ​ធ្មេញ​របស់​អ្នក​ដូចជា​ ធ្មេញ​ថ្គាម​ ទាំង​ផ្នែក​ខាងលើ​ ខាងក្រៅ​ និង​ខាងក្នុង​ ប៉ុន្តែ​សូម​ចងចាំ​ថា​ រាល់ពេល​ដុស​ធ្មេញ​ ជាពិសេស​ធ្មេញមុខ​ទាំង​លើ​ទាំង​ក្រោម​ អ្នក​ត្រូវ​ប្រយ័ត្ន​កុំឱ្យ​ប៉ះ​ខ្សែ​ពត់​ធ្មេញ​ញឹកញាប់​ពេក​ ហើយ​អ្នក​គួរតែ​ប្រើ​ជំនួយ​ពី​អណ្តាត​ ដើម្បី​ទប់​ថ្នាំ​ដុសធ្មេញ​ឱ្យ​ជាប់នឹង​ធ្មេញ​ ហើយក៏​ដើម្បី​ការពារ​ការ​ជ្រុះ​ធ្លាក់​នៃ​ខ្សែ​ពត់​ធ្មេញ​ដែល​នៅ​លើ​ធ្មេញ​របស់​អ្នកផង​ដែរ​។
    – ខ្ពុរ​សម្អាត​មាត់​ធ្មេញ​របស់​អ្នក​ម្តង​ទៀត​ជាមួយ​ទឹក​ខ្ពុរមាត់​ឱ្យ​បាន​ត្រឹមត្រូវ​ បន្ទាប់ពី​ដុសធ្មេញ​រួច​។
    – បើ​ទោះជា​ក្នុង​ពេល​ពត់​ធ្មេញ​ក៏ដោយ​ ក៏​ការ​ទាក់​សម្អាត​ធ្មេញ​ដោយ​ខ្សែ​សម្អាត​ធ្មេញ​នៅ​តែ​មាន​ភាព​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​ធ្មេញ​ស្អាត​បាន​យ៉ាង​ល្អ​ដែរ​ ដូច្នេះ​សូម​បន្ត​ធ្វើ​វា​ទៀត​ចុះ​។អ្នកជំនាញ​បាន​ធ្វើការ​ណែនាំ​ឱ្យ​សម្អាត​ធ្មេញ​រយៈពេល​យ៉ាងតិច2នាទី​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​កំពុង​ពត់​ធ្មេញ​ គួរតែ​ចំណាយពេល​ឱ្យ​ច្រើនជាង​នេះ​បន្តិច​ក្នុង​ការ​ដុសធ្មេញ​ ដើម្បី​ទទួល​បាន​លទ្ធផល​ដែល​ប្រសើរ​ជាង​មុន​៕

  • ម្ទេស​ក្រៅពី​ហឹរ​ហើយ នៅមាន20ចំណុច​ដែល​ល្អ​សម្រាប់​សុខភាពដែល​អ្នក​គួរ​ដឹង

    ម្ទេស​ក្រៅពី​ហឹរ​ហើយ នៅមាន20ចំណុច​ដែល​ល្អ​សម្រាប់​សុខភាពដែល​អ្នក​គួរ​ដឹង

    អាហារ​ដែល​មាន​រសជាតិ​ហឹរ​ គឺជា​ទី​ពេញនិយម​សម្រាប់​មនុស្ស​នា​បច្ចុប្បន្ន​នេះ​ ពោល​គឺ​ កាន់តែ​ហឹរ​ នោះ​កាន់តែ​មាន​រសជាតិ​ឆ្ងាញ់​ រហូតដល់​មនុស្ស​មួយចំនួន​ បើ​ទទួលទាន​អាហារ​មិន​មាន​ម្ទេស​គឺ​មិនបានទេ​។ ប្រិយមិត្ត​អ្នកអាន​មួយចំនួន​បាន​ជ្រាប​មក​ហើយ​ថា​ ម្ទេស​ ក្រៅពី​មាន​រសជាតិ​ហឹរ​ហើយ​ វា​ក៏​មានគុណ​ប្រយោជន៍​សម្រាប់​សុខភាព​ផង​ដែរ​។ ជាក់ស្ដែង​ ថ្ងៃនេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន សូមជម្រាប​ជូន​នូវ​គុណប្រយោជន៍​របស់​ផ្លែ​ម្ទេស​សម្រាប់​សុខភាព​អ្នក​។

    តើ​ម្ទេស​មាន​ប្រភព​មក​ពីណា​?
    ម្ទេស​ ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​សហរដ្ឋអាមេរិក​ភាគ​កណ្ដាល​ និង​ខាងត្បូង​ តាំងពី7000​ឆ្នាំមុន​ ដោយ​លោក​ Christopher​ Columbus​។ បន្ទាប់មក​ គេ​ក៏បាន​នាំ​យក​ពូជ​ម្ទេស​មក​ដាំ​ និង​បណ្ដុះ​នៅ​តាម​តំបន់​អ៊ឺ​រ៉ុប​ រហូតដល់​ដុះ​ពាស​-ពេញ​ពិភពលោក​តែម្ដង​។ ពូជ​របស់​ផ្លែ​ម្ទេស​មាន​ប្រមាណ​ជាជាង831ប្រភេទ​ខុស​ៗគ្នា​ ដែលគេ​អាច​បែងចែក​ជា3ក្រុម​ធំៗ​គឺ​ ម្ទេសដៃនាង​ ម្ទេស​អាចម៍​ចាប​ និង​ម្ទេសផ្លោក​។
    ម្ទេស​ដូចជា​ ម្ទេសប្លោក​ ម្ទេសខ្មាំង​ ម្ទេស​ចង្អុល​មេឃ​ មាន​សារធាតុ​ Capsaicin​។ ភាព​ហឹរ​នៃ​ម្ទេស​នេះ​ហើយដែល​មាន​ថាមពល​នៃ​ Vegamine​ យ៉ាង​ពេញលេញ​ មាន​សារធាតុ​ការ៉ូ​ទី​ណយ​ជិត40ប្រភេទ​ និង​សារធាតុ​ Polyphenol​ ដែល​ជួយការ​ពារ​កោ​សិកា​ផ្សេង​ៗ ហើយ​ក៏​នៅ​មាន​វីតាមីនC​ ប៉ូតាស្យូម​ និង​កាល់ស្យូម​យ៉ាងច្រើន​ផង​ដែរ​។ គុណសម្បត្តិ​របស់​ម្ទេស​ គឺ​ការពារ​អាការ​ឈឺ​សាច់ដុំ​ ប្រគ្រីវកាច់​ ឈឺធ្មេញ​ ជួយ​សម្លាប់​បាក់តេរី​ និង​មេរោគ​ផ្សិត​ រំញោច​ដល់​ការ​ទទួលទាន​អាហារ​ និង​ជួយ​រំលាយអាហារ​ និង​មាន​សារធាតុ​អង់​ទី​អុក​ស៊ី​ដង់​យ៉ាងច្រើន​។ ភាព​ហឹរ​នៃ​ម្ទេស​មិន​មាន​គ្រោះថ្នាក់​ទៅដល់​ក្រពះ​អាហារ​នោះ​ទេ​ ប៉ុន្តែ​វា​ជួយ​ឱ្យ​ភ្នាស​ក្រពះ​មាន​កម្លាំង​ទប់ទល់​នឹង​ជំងឺ​បាន​។
    ការ​វាស់​ជាតិ​ហឹរ​របស់​ម្ទេស​ ត្រូវ​បាន​គិតជា​ខ្នាត​ Scoville​ ដែល​ម្ទេស​នៅក្នុង​តំបន់​អាស៊ី​យើង​ មានកម្រិត​ជាតិ​ហឹរ​មួយ​ផ្លែ​ចាប់ពី50,000​-100,000​ Scoville​ ច្រើនជាង​ម្ទេស​នៅ​តំបន់​អ៊ឺ​រ៉ុប​ និង​ត្រូវ​បាន​កត់ត្រា​ចូលក្នុង​បញ្ជី​ឯកត្តកម្ម​ពិភពលោក​ផង​ដែរ​។
    ខាងក្រោម​នេះ​ គឺជា​គុណប្រយោជន៍​ទាំង​ 8ចំណុច​របស់​ផ្លែ​ម្ទេស​ និង​ស្លឹក​ដែល​ជា​ជំនួយ​ដល់​សុខភាព​របស់​អ្នក​៖
    1. ព្យាបាល​ជំងឺ​រលា​កឆ្លឹង​ និង​រលាក​សន្លាក់​: ជំងឺ​រលាក​សន្លាក់​ និង​ឆ្អឹង​ ភាគច្រើន​កើត​នៅ​លើ​មនុស្ស​វ័យ​ចំណាស់​ ហើយ​មាន​អាការ​ដូចជា​ហើម​ ឬរឹង​នៅក្នុង​សន្លាក់​ ដែល​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​ជាដើម​។ ប៉ុន្តែ​ប្រសិនជា​អ្នកទទួល​ទាន​ស្លឹក​ម្ទេស​ឱ្យ​បាន​ទៀង​ទាត់​នោះ​ អាការ​រលាក​សន្លាក់ឆ្អឹង​របស់​អ្នក​ ប្រា​កដ​ជា​បាន​ធូរស្រាល​ជាមិនខាន​ ដោយសារតែ​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ដែល​មាននៅ​ក្នុង​ស្លឹក​ម្ទេស​ ឬផ្លែ​ម្ទេស​នេះឯង​។

    2. ព្យាបាល​ជំងឺរើម​ : យើង​បានដឹង​រួចមក​ហើយ​ថា​ ជំងឺរើម​ ជា​ជំងឺ​សើស្បែក​ ដែល​បណ្តាល​មក​ពិ​វីរុស​បាក់តេរី​មួយចំនួន​។ ការប្រើ​ប្រាស់​ផ្លែ​ម្ទេស​ក្នុង​របប​អាហារ​អាច​ជួយ​កាត់បន្ថយ​ និង​ព្យាបាល​ជំងឺ​មួយ​នេះ​បាន​ផង​ដែរ​។

    3. បណ្តេញ​ និង​សម្អាត​ជាតិពុល​ចេញពី​ក្នុង​រាងកាយ​ : ម្ទេស​មាន​សមត្ថភាព​អាច​ជួយ​បណ្តេញ​ និង​សម្អាត​ជាតិពុល​ចេញពី​រាងកាយ​បាន​យ៉ាង​ល្អ​ មិនថា​ជា​ជាតិ​ពុល​នៅក្នុង​ម្ហូបអាហារ​ដែល​មិន​ស្អាត​ ឬអាការ​ពុល​ចំណី​អា​ហារ​ផ្សេង​ៗនោះ​ទេ​ សូម្បីតែ​រោគ​សើស្បែក​ដូចជា​ ជំងឺផ្សិត​ ស្រែង​ និង​របួស​ផ្សេង​ៗលើ​ស្បែក​ ក៏​ស្លឹក​ម្ទេស​អាច​ជួយ​ធ្វើ​ឱ្យ​អ្នក​ឆាប់​ជាសះស្បើយ​បាន​ដែរ​។

    4. ជួយ​ដល់​ការ​សម្រក​ទម្ងន់​ : ផ្លែ​ម្ទេស​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ជាតិ​ខ្លាញ់​ និង​កាឡូ​រី​ទាប​ ដែល​ស័ក្តិសម​មាន​ឈ្មោះ​ជា​ប្រ​ភេទ​អាហារ​សុខភាព​បំផុត​។ អ្នក​អាច​ប្រើប្រាស់​ផ្លែ​ម្ទេស​ជារបប​អាហារ​សម្រាប់​សម្រក​ទម្ងន់​បាន​ ដោយ​ការ​ទទួលទាន​វា​ជា​ទៀងទាត់​។ វិធី​ម្យ៉ាងទៀត​សម្រាប់​ធ្វើការ​សម្រក​ទម្ងន់​នោះ​ គឺ​ គ្រាន់តែ​អ្នក​យក​ស្លឹក​ម្ទេស​ទៅ​ហាលថ្ងៃ​ឱ្យ​ស្ងួត​ បន្ទាប់មក​យក​ទៅ​ដាំ​ជាមួយ​ទឹក​ឱ្យ​ពុះ​ជាការស្រេច​។ បន្ទាប់មក​អ្នក​អាច​ទទួលទានទឹក​តែ​ស្លឹក​ម្ទេស​នេះ​រាល់ពេល​ព្រឹកព្រលឹម​ ពេល​មិន​ទាន់​ទទួលទាន​អ្វី​សោះ​(ពោះទទេ​) ដោយ​អ្នក​អាច​បន្ថែម​ទឹកក្រូច​ឆ្មារ​ ឬក្រូចឆ្មារ​សម្បក​លឿង​បន្ថែម​ក៏បាន​ ដើម្បី​បង្កើន​រសជាតិ​អាហារ​។

    5. ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ល​ : កូ​ឡេ​ស្តេ​រ៉​លមិន​ល្អ​ ឬកូ​ឡេ​ស្តេ​រ៉​លជាតិ​ខ្លាញ់​ឡើង​ខ្ពស់​ អាច​ធ្វើ​ឱ្យ​អ្នកប្រឈម​មុខនឹង​ការ​កើតជំងឺ​គាំងបេះដូង​។ ជា​សំណាងល្អ​ ​ស្លឹក​ម្ទេស​មាន​ជាតិ​ខ្លាញ់​ កាឡូរី​ទាប​ ​និង​សារធាតុ​សំ​ខាន់​ៗជាច្រើន​មុខ​ ដែល​អាច​ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉​លមិន​ល្អ​នៅក្នុង​រាងកាយ​បាន​។

    6. ជួយ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​ : សារធាតុ​ ​Phytochemcials​ និង​អាស៊ីត​ Phenolic​(Phenolic​ acids​) នៅក្នុង​ផ្លែ​ម្ទេស​ អាច​ជួយ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​នៅក្នុង​រាងកាយ​កាន់តែ​រឹងមាំ​ មានលទ្ធភាព​ការពារ​អ្នក​ពី​ជំងឺ​ផ្សេង​ៗ និង​ជំងឺឆ្លង​ ដូចជា​ ជំងឺ​ផ្តាសាយ​ជាដើម​។

    7. មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ : ផ្លែ​ម្ទេស​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ធ្វើការ​សម្លាប់​ និង​រារាំង​រ៉ាឌីកាល់​សេរី​ ដែល​បង្ក​មេរោគ​ និង​ជំ​ងឺ​ផ្សេង​ៗជាច្រើន​នៅក្នុង​រាងកាយ​។ ការ​ទទួល​ទាន​ផ្លែ​ម្ទេស​ជាប្រចាំ​អាច​មានលទ្ធភាព​ទប់ស្កាត់​រាងកាយ​អ្នក​ពី​ជំងឺមហារីក​ ជំងឺភ្នែកឡើងបាយ​ ជំងឺ​គាំង​បេះ​ដួង​ ជំងឺ​ដាច់​សសៃ​ឈាម​បេះដូង​ និង​ជំងឺ​កាច​សាហាវ​ជាច្រើន​មុខ​ទៀត​។

    8. ជួយ​ផលិត​អាំង​ស៊ុយ​លី​នសម្រាប់​អ្នក​កើតជំងឺ​ទឹកនោមផ្អែម​ : ផ្លែ​ម្ទេស​ មាន​សារធាតុ​សំ​ខាន់​ៗជាច្រើន​ ដែល​អាច​ជួយ​បង្កើន​ការផលិត​អាំង​ស៊ុយ​លី​ននៅ​ក្នុង​រាង​កាយ​។ ដោយ​អ័រម៉ូន​អាំង​ស៊ុយ​លី​នមួយ​នេះ​ ពិតជា​មានប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​អ្នក​ដែល​កើតមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី1​។ ដូច្នេះ​អ្នក​គួរតែ​ទទួលទាន​ផ្លែ​ម្ទេស​ជារបប​អាហារ​ប្រចាំ​ថ្ងៃ​ ដើម្បី​ជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ ហើយ​ថែមទាំង​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉​លក្នុ​ងរាង​កាយ​ថែមទៀត​ផង​។

    9. ជំនួយ​ និង​ព្យាបាល​ប្រព័ន្ធ​រំលាយអាហារ​ : អ្នក​ដែល​មាន​ប្រព័ន្ធ​រំលាយអាហារ​ខ្សោយ​ ឬក្រពះ​ពិបាក​នឹង​ធ្វើការ​រំលាយអាហារ​ អ្នក​គ្រាន់​តែ​ឧស្សាហ៍​ទទួលទាន​ស្លឹក​ម្ទេស​ជាប្រចាំ​ ឬអ្នក​ក៏​អាចយ​កស្លឹក​ម្ទេស​ស្រស់​ៗទៅ​ដាំ​នៅក្នុង​ទឹក​ឱ្យ​ពុះ​ រួច​ទទួលទាន​វា​ បន្ទាប់ពី​ទទួលទាន​អាហារ​រួច​ក៏បាន​។

    10​. ព្យាបាល​ជំងឺ​គ្រុនក្តៅ​ : អ្នក​អាច​ព្យាបាល​ជំងឺ​គ្រុនក្តៅ​ ដោយ​ការ​ទទួលទាន​ស្លឹក​ម្ទេស​ ឬធ្វើតាម​វិធី​បែប​បុរាណ​ ដោយ​ការ​បុក​ស្លឹក​ម្ទេស​ លាយ​ជាមួយ​ប្រេង​សាឡាត់​ ហើយ​បិត​នៅ​លើ​ក្បាល​ជាការស្រេច​។

    11​. ព្យាបាល​មុខរបួស​ : សម្រាប់​អ្នក​ដែល​មានមុខ​របួស​ ស្នាម​មុ​តតូច​ៗ ឬមានការ​ឈឺចាប់​ត្រង់​ស្នាមរបួស​ណាមួយ​នោះ​ អ្នក​ក៏អាច​យក​ស្លឹក​ម្ទេស​មក​បុក​ រួច​បិទ​ពីលើ​ស្នាមរបួស​នោះ​ផង​ដែរ​ ដើម្បី​ឱ្យ​មុខរបួស​ឆាប់​ជាសះស្បើយ​។

    12​. សម្បូរ​ដោយ​អាហារូបត្ថម្ភ​ : ស្លឹក​ម្ទេស​សម្បូរទៅដោយ​សារធាតុ​រ៉ែ​ និង​ជា​ប្រភព​នៃ​វីតាមីន​សំ​ខាន់​ៗដូចជា​ វីតាមីន​ A វីតាមីន​ Cវីតាមីន​ B1​ B12​ ជាតិ​ដែក​ កាល់​ស្យូ៉ម​ និង​ប៉ូតាស្យូម​ដែល​អាច​ជំនួយ​សុខភាព​រាងកាយ​របស់​អ្នក​បាន​យ៉ាង​ប្រសើរ​។

    13​. ព្យាបាល​បញ្ហា​មុខមុន​ : ស្លឹក​ម្ទេស​អាច​ជួយ​កម្ចាត់​បញ្ហា​មុខមុន​ដែល​កើត​ឡើង​ដោយសារតែ​មេរោគ​ និង​បាក់​តេ​រី​ផ្សេង​ៗ។ ដូច្នេះ​អ្នក​អាច​ព្យាបាល​មុខមុន​របស់​អ្នក​បាន​ ដោយ​គ្រាន់តែ​បុក​ស្លឹក​ម្ទេស​ ហើយ​យក​មក​បិត​នៅត្រង់​ផ្ទៃមុខ​ដែល​មាន​បញ្ហា​មុន​តែប៉ុណ្ណោះ​ រួច​លាងមុខ​ដោយ​ទឹក​ស្អាត​ជាការស្រេច​។

    14​. ជាស្ក្រាប់​ដុស​សម្អាត​រាងកាយ​ : អ្នក​គ្រាន់តែ​យក​ស្លឹក​ម្ទេស​ស្រស់​ៗ មក​បុក​ឬកិន​ឱ្យ​ម៉ដ្ឋ​ ហើយ​យក​មក​លាប​ ឬត្រដុស​នៅ​លើ​ដៃ​ ជើង​ និង​រាងកាយ​របស់​អ្នក​តែប៉ុណ្ណោះ​ជា​ការ​ស្រេច​។ ការ​ធ្វើបែប​នេះ​អាច​ចិញ្ចឹម​ និង​ថែរក្សា​ស្បែក​របស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​ សាច់ឈាម​ភ្លឺ​ថ្លា​ និង​បំបាត់​ជាតិក​ខ្វក់​បាន​ទៀតផង​។

    15​. ម៉ាស​សម្រាប់​ផ្ទៃមុខ​ : អ្នក​អាចយ​ក ស្លឹក​ម្ទេស​មក​ធ្វើជា​ម៉ាស​ថែរក្សា​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​ស្រស់​ស្អាត​ ភ្លឺរលោង​ ម៉ដ្ឋខៃ​បាន​ផង​ដែរ​ ដោយ​វិ​ធី​ងាយ​ៗ គឺ​គ្រាន់តែ​បុក​ស្លឹក​ម្ទេស​ឱ្យ​ម៉ដ្ឋ​ រួច​លាយ​ជាមួយ​ទឹក​អង្ករ​ឱ្យ​ក្លាយជា​ល្បាយ​ល្មម​ មិន​គោក​ពេក​ មិន​រាវ​ពេក​ ហើយ​សឹម​យក​មក​បំព​កនៅ​លើ​ផ្ទៃមុខ​របស់​អ្នក​ ទុកចោល​ប្រមាណ​ជា15នាទី​ ចាំ​លាង​ទឹក​ចេញ​ជាការស្រេច​។

    16​. ប្រើជា​ទឹក​ខ្ពុរមាត់​បំបាត់​ក្លិន​មាត់​ : អ្នក​អាច​បំបាត់​បញ្ហា​ក្លិន​មាត់​ និង​ធ្វើ​ឱ្យ​មាត់​ធ្មេញ​មាន​សុខភាព​ រួម​ជាមួយ​ក្លិនប្រហើរ​ស្រស់ថ្លា​ដោយ​វិ​ធី​ងាយ​ៗបាន​ ដោយ​គ្រាន់តែ​អ្នក​យក​ស្លឹក​ម្ទេស​ស្រស់​ៗទៅ​ដាំ​នៅក្នុង​ទឹក​ឱ្យ​ពុះ​ រួច​ទុក​វា​ឱ្យ​រាង​ត្រជាក់​បន្តិច​ ហើយ​យក​ទឹក​នោះ​មក​ធ្វើការ​ខ្ពុរ​មាត់​របស់​អ្នកជា​ប្រចាំ​។

    17​. ព្យាបាល​ស្នាម​កន្ទួល​ផ្សេង​ៗនៅ​លើ​ ស្បែក​ : សម្រាប់​អ្នក​ដែល​មានស្នាម​ក្រហម​ រមាស់​ ឬបញ្ហា​ស្បែក​ជាច្រើន​ មិនថា​ជា​ សត្វ​មូស​ ឬសត្វ​ផ្សេង​ៗទិច​ និង​ខាំ​នោះ​ទេ​ ស្លឹក​ម្ទេស​អាច​ជួយ​អ្នក​បាន​។ អ្នក​គ្រាន់តែ​យក​ស្លឹក​ម្ទេស​មក​បុក​ឱ្យ​ម៉ដ្ឋ​ រួច​លាប​វា​លើ​ស្នាមរបួស​ក្រ​ហមៗ​ ឬស្នាម​សត្វ​ទិច​ ឬខាំ​នោះ​ជា​កា​រស្រច​។ គុណប្រយោជន៍​របស់​ស្លឹក​ម្ទេស​មាន​ជាច្រើន​ទៀត​ រាប់​មិន​អស់នោះ​ទេ​។ អ្នក​អាច​ប្រើប្រាស់​ស្លឹក​ម្ទេស​បាន​តាមចិត្ត​ត្រូវការ​របស់​អ្នក​សម្រាប់​បញ្ហា​ស្បែក​ផ្សេង​ៗ ជាពិសេស​គឺ​ការ​ទទួលទាន​វា​ជាមុ​ខម្ហូប​ប្រចាំថ្ងៃ​ក៏បាន​។

    18​. បង្ការ​ជំងឺ​ដង្កាត់​ : ការសិក្សា​ថ្មី​មួយ​ដែល​បាន​ធ្វើឡើង​ដោយ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន​ វេជ្ជសាស្ត្រ​បាន​បង្ហាញថា​ អ្នក​ដែល​បាន​ទទួលទាន​អាហារ​ដែល​មាន​រសជាតិ​ហឹរ​ជា​រៀងរាល់ថ្ងៃ​ មានការ​ថយ​ចុះ​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​បាន14​% ច្រើនជាង​អ្នក​ដែល​បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ហឹរ​ម្តង​ក្នុង​មួយ​សប្តាហ៍​។

    19​. កាត់បន្ថយ​បញ្ហា​ឃ្លាន​អាហារ​ : សារធាតុ​ហឹរ​ដែល​មាននៅ​ក្នុង​អាហារ​ជួយ​អ្នក​ឱ្យ​ទទួលទាន​ឆាប់​ឆ្អែត​ និង​មិនឆាប់​ឃ្លាន​អាហារ​ទៀត​ ល្អ​សម្រាប់​អ្នក​ដែល​មានបំណង​សម្រក​ទម្ងន់​។

    20​. ការពារ​ជំងឺ​គ្រុនផ្ដាសាយ​ : ម្ទេស​គឺជា​គ្រឿង​ហឹរ​ ដែល​ជួយ​សម្រួល​ផ្លូវដង្ហើម​ ដោយ​ការ​បន្ថយ​អាការ​តឹងច្រមុះ​ តែ​វា​ក៏​ត្រូវ​បាន​ហាម​មិន​ឱ្យ​ទទួល​ក្នុងករណី​អ្នកជំងឺ​ក្អក​ផង​ដែរ​។ វា​មានគុណ​ប្រយោជន៍​សម្រាប់​ព្យាបាល​ជំងឺ​ខាង​ផ្លូវ​ដង្ហើម​ និង​ជំងឺ​គ្រុនផ្ដាសាយ​ ដោយ​អ្នក​អាច​ទទួលទាន​ម្ទេស​ជាមួយ​នឹង​សម្ល​រ រួច​ហុត​ក្ដៅ​ៗតែម្តង​៕