Category: សុខភាព

  • គន្លឹះ​ងាយ​ៗក្នុង​ការប្រើ​ប្រាស់​កែវភ្នែក​ឱ្យ​បាន​ត្រឹមត្រូវ​

    គន្លឹះ​ងាយ​ៗក្នុង​ការប្រើ​ប្រាស់​កែវភ្នែក​ឱ្យ​បាន​ត្រឹមត្រូវ​

    កែវភ្នែក​ គឺជា​មាត់​បង្អួច​របស់​បេះដូង​ កែវភ្នែក​ជា​អវយវៈ​ដែល​ជួយ​ក្នុង​ការ​មើលឃើញ​ និង​ទទួលដឹង​ព័ត៌មាន​ផ្សេង​ៗ ដូច្នេះ​យើង​គួរតែ​ថែរក្សា​ និង​ថ្នាក់ថ្នម​កែវភ្នែក​ ដើម្បី​ឱ្យ​ប្រើការ​បាន​យូរ​។ លេខ​នេះ​ ទំព័រ​សុខភាព​នៃ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន មាន​គន្លឹះ​ល្អ​ៗ ងាយ​ៗក្នុង​ការប្រើ​ប្រាស់​កែវភ្នែក​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ដើម្បី​សុខភាព​កែវភ្នែក​ដ៏​ល្អ​មក​ជម្រាប​ជូន​មិត្ត​អ្នកអាន​ដូចតទៅ​៖

    . គួរ​សម្រាក​ខ្សែភ្នែក​ ដោយ​ការ​សម្លឹង​មើល​វត្ថុ​ដែល​នៅ​ឆ្ងាយ​ៗ រៀងរាល់​ 40​ – 50នាទី​ម្តង​ ក្រោយពី​អាន​សៀវភៅ​ មើល​វី​ឌី​អូ​ ឬទូរ​ទស្សន៍​យូរ​ៗរួចមក​។
    . គួរ​ជ្រើសរើស​អាន​សៀវភៅ​ណា​ដែល​ធ្វើ​ពី​ក្រដាស​ដែល​ចាំង​ពន្លឺ​តិច​បំផុត​ ឬអាន​សៀវភៅ​ណា​ដែល​ក្រដាស​មើល​ហើយ​ស្រួល​ភ្នែក​។. មិន​គួរ​សម្លឹង​ ឬសម្លក់​ពន្លឺ​ព្រះ​អា​ទិ​ត្យ​ចំៗ​ក្នុងរយៈពេល​យូរ​ឡើយ​។
    . ខណៈ​ពេល​ចេញទៅ​នៅ​ក្រោម​ពន្លឺថ្ងៃ​ ឬខណៈ​ពេល​បើកបរ​ម៉ូតូ​ គួរ​ពាក់​វ៉ែនតា​ខ្មៅ​ដើម្បី​ការពារ​កែវភ្នែក​។
    . មិន​គួរ​ចុច​ សង្កត់​ ឬញី​កែវភ្នែក​ ដើម្បី​ឱ្យ​បាត់ឈឺ​ដោយ​មិន​ចាំបាច់​ឡើយ​។
    . ការ​មើល​ទូរទស្សន៍​ គួរ​អង្គុយ​ឱ្យ​ឆ្ងាយ​ពី​អេក្រង់​ទូរទស្សន៍​ប្រមាណ​ជា​ 4 – 5ដង​នៃ​ទំហំ​ទទឹង​របស់​អេក្រង់​ទូរទស្សន៍​ និង​គួរ​ចៀសវាង​ពី​អេក្រង់​ ទូរទស្សន៍​ណា​ដែល​តូច​ជ្រុល​ពេក​ ដែល​ធ្វើ​ឱ្យ​យើង​ត្រូវ​ទៅ​អង្គុយ​មើល​ជិត​ និង​ខំប្រឹង​សម្លឹង​មើល​រហូត​អាច​ធ្វើ​ឱ្យ​ខូចភ្នែក​បាន​។
    . មិន​គួរ​លេង​កីឡា​ ឬហាត់ប្រាណ​ក្នុង​ឥរិយាបថ​ណា​ដែល​ត្រូវ​គ្រវីក្បាល​ ឬឱនក្បាល​ទាប​ញឹកញាប់​ឡើយ​ ព្រោះ​អាច​ធ្វើ​ឱ្យ​កែវភ្នែក​ទទួលរង​នូវ​ការ​ប៉ះពាល់​បាន​។. ក្នុង​ខណៈ​ចុះ​លេង​ទឹក​ ឬហែលទឹក​ គួរ​ពាក់​វ៉ែនតាការពារ​ទឹក​គ្រប់ពេល​ ដើម្បី​កុំឱ្យ​សារ​ធា​តុ​ក្ល​រីន​ ឬកម្ទេច​ដី​ដែល​នៅក្នុង​ទឹក​ចូលក្នុង​ភ្នែក​បាន​។
    . មិន​គួរ​ទុកសក់វែង​បាំងមុខ​ឡើយ​ ព្រោះ​សក់​នឹង​មក​បាំង​ភ្នែក​ដែល​ នឹង​ធ្វើ​ឱ្យ​យើង​កាន់តែ​ខំប្រឹង​សម្លឹង​មើល​ឡើង​។
    . គេង​សម្រាក​បិទ​ភ្នែក​ និង​គេងលក់​ឱ្យ​បាន​គ្រប់គ្រាន់​។
    . មិន​គួរ​អាន​សៀវភៅ​ពេល​ជិះ​នៅក្នុង​រថយន្ត​ឡើយ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​ កែវភ្នែក​ខំ​រេ​តាម​តួអក្សរ​ជានិច្ច​។
    . គួរ​អាន​សៀវភៅ​នៅក្នុង​កន្លែង​ដែល​មាន​ពន្លឺ​គ្រប់គ្រាន់​ មិន​ងងឹត​ពេក​ និង​ក៏​មិន​ភ្លឺ​ជ្រុល​ពេក​ដែរ​។
    . ពិនិត្យ​សុខភាព​កែវភ្នែក​ និង​វាស់​ខ្សែភ្នែក​ យ៉ាងតិច​បំផុត​ 1ឆ្នាំ​ឱ្យ​បាន​ 1ដង​។
    . គួរ​ទទួលទាន​អាហារ​ឱ្យ​បាន​គ្រប់​ 5ប្រភេទ​ក្រុម​ ជាពិសេស​សារជាតិ​ អាហារ​ និង​វីតាមីន​ដែល​ចាំបាច់​ចំពោះ​កែវភ្នែក​។

    អាហារ​បំប៉ន​កែវភ្នែក​
    អាហារ​ដែល​បំប៉ន​កែវភ្នែក​ គឺ​អាហារ​ដែល​មាន​វីតាមីន​ A ដូចជា​ ផលិតផល​ធ្វើ​ពី​សាច់សត្វ​ ថ្លើម​សត្វ​ ទឹកដោះ​ ខ្លាញ់​ដែល​ចម្រាញ់​ចេញពី​ ថ្លើម​ត្រី​ ឬធញ្ញជាតិ​ដែល​មាន​សារធាតុ​ពណ៌បៃតង​ខ្លាំង​ ពណ៌លឿងទុំ​ ដូចជា​ ត្រកួន​ ស្លឹកបាស​ ប្រូ​ខូ​លី​ ល្ហុង​ទុំ​ ល្ពៅ​ មើម​ការ៉ុត​ និង​បន្លែ​ផ្សេងទៀត​ជាច្រើន​។

    តម្រូវការ​សារជាតិ​អាហារ​បំប៉ន​កែវភ្នែក​ក្នុង​ 1ថ្ងៃ​
    មិនថា​តែ​កុមារ​ ឬមនុស្ស​ធំ​ឡើយ​ សុទ្ធតែ​ត្រូវការ​វីតាមីន​ A ដែល​នឹង​ ទទួល​បាន​ពី​អា​ហារ​ផ្សេង​ៗដូច​ខាងក្រោម​នេះ​ ៖
    កុមារ​ : ត្រូវការ​អាហារ​ដែល​ជួយ​បំប៉ន​ភ្នែក​ ដូចជា​ ថ្លើម​មាន់​ ថ្លើម​ជ្រូក​ មើម​ការ៉ុត​ ល្ពៅ​ ស៊ុត​ក្រហម​ ស្លឹកបាស​ ផ្ទី​ ក្តាម​សមុទ្រ​ ខាត់ណា​ និង​ប៊័រ​។
    មនុស្ស​ធំ​ : តម្រូវការ​អាហារ​ដែល​ជួយ​ថែបំប៉ន​កែវភ្នែក​មនុស្ស​ធំ​មាន​ ដូចជា​ ស្លឹក​ញ ថ្លើម​មាន់​ ថ្លើម​គោ​ ស្លឹក​ជី​នាងវង​ ស្លឹកត្រចៀក​ក្រាញ់​ ស្លឹក​ស្អំ​ ត្រកួន​ ស្វាយទុំ​ ល្ហុង​ និង​គួរ​ទទួលទាន​អាហារ​ឱ្យ​គ្រប់​ទាំង​ 5ប្រភេទ​ក្រុម​ ៕

  • អា​ការឈឺ​ខ្នង 5យ៉ាងអាច​ប្រាប់​យើង​ពី​ជំងឺ​គ្រោះ​ថ្នា​ក់​ផ្សេង​ៗបាន​

    អា​ការឈឺ​ខ្នង 5យ៉ាងអាច​ប្រាប់​យើង​ពី​ជំងឺ​គ្រោះ​ថ្នា​ក់​ផ្សេង​ៗបាន​

    មនុស្ស​វ័យ​កំលោះ​ ក្រមុំ​ជាច្រើន​នាក់​មាន​អាការ​ឈឺខ្នង​ ដែល​អ្នកខ្លះ​គិតថា​ អាច​បណ្ដាលមកពី​មូលហេតុ​ដែល​អង្គុយ​យូរ​ជ្រុល​ពេក​ ឬក៏​ទៅ​ធ្វើអ្វី​មួយ​ខុស​ឥរិយាបថ​ជាដើម​ តែ​ទាំងអស់គ្នា​មិនបាន​ដឹង​ឡើយ​ថា​ អាការ​ឈឺខ្នង​មិនមែន​មានន័យ​ត្រឹមតែ​អាការ​ខុសប្រក្រតី​របស់​ឆ្អឹង​ប៉ុណ្ណោះទេ​។អាការ​ឈឺខ្នង​ ជាទូទៅ​អាច​ជា​អាការ​ឈឺខ្នង​ដែល​បណ្តាល​មក​ពី​ការ​អង្គុយ​ច្រើនពេក​ លើក​របស់របរ​ធ្ងន់​ពេក​ ឬហាត់ប្រាណ​ខ្លាំង​ជ្រុល​ពេក​ ដោយ​អាការ​ដែល​យើង​អាច​ដឹង​បាន​នោះ​គឺ​ ការ​ឈឺចុក​រួយ​ ឬសាច់ដុំ​ឡើង​តឹង​ជាដើម​-ល- តែ​ជួនកាល​អាការ​ឈឺ​ដែល​យើង​គិតថា​ ឈឺខ្នង​នោះ​ វា​អាច​មិនមែន​បណ្តាល​មក​ពី​សាច់ដុំ​ ឬឆ្អឹង​រហូត​នោះ​ទេ​។ មាន​លក្ខណៈ​របស់​អាការ​ឈឺខ្នង​ខ្លះ​ជា​សញ្ញា​ប្រកាស​អាសន្ន​ពី​ជំងឺ​ដែល​កើត​នៅ​លើ​អវយវៈ​ខាងក្នុង​ និង​ចាំបាច់​ត្រូវតែ​ប្រញាប់​ទៅ​ទទួលការ​ព្យាបាល​ពី​គ្រូពេទ្យ​ជាបន្ទាន់​ទៀតផង​។

    1. អាការ​ឈឺខ្នង​ រួម​ជាមួយ​អាការ​ដៃជើង​ ស្ពឹក​គ្មានកម្លាំង​
    ទ្រាំទប់​បត់ជើងតូច​ និង​ទ្រាំទប់​លាមក​មិន​បាន​… លក្ខណៈ​របស់​អាការ​ទាំងនោះ​អាច​បណ្តាល​មក​ពី​ខួរឆ្អឹងខ្នង​ទទួលរង​របួស​។ វិធី​ដែល​ល្អ​បំផុត​ គឺ​ត្រូវ​ប្រញាប់​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់​ ដើម្បី​ធ្វើការ​ថត​អេ​កស៍​រេយ៍​(X-RAY​)ពិនិត្យមើល​ឆ្អឹងកង​ខ្នង​ និង​រកមើល​ចំណុច​ដែល​រង​របួស​។ អ្នកខ្លះ​ត្រឹមតែ​គេង​សម្រាក​ព្យាបាល​ខ្លួន​ក៏អាច​ជាសះស្បើយ​ពី​អាការ​នេះ​ដែរ​ តែ​សម្រាប់​អ្នកខ្លះ​ទៀត​អាច​ចាំបាច់​ត្រូវតែ​ចូល​ទទួលការ​វះកាត់​។

    2. ឈឺខ្នង​ត្រង់​ម្តុំ​ចង្កេះ​ និង​មាន​គ្រុនក្តៅ​រងា
    ​មូលហេតុ​របស់​អាការ​នេះ​អាច​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​រលាក​នៅក្នុង​ក្រលៀន​ ឬអាច​ជា​ជំងឺរលាកតម្រងនោម​ ដោយ​មូលហេតុ​ទាំង​នេះ​កើតឡើង​បាន​ដោយសារតែ​ការ​ទទួលទាន​ទឹក​ក្នុង1ថ្ងៃ​ៗតិច​ពេក​ និង​ការ​ទ្រាំទប់​នោម​។ ការ​ព្យាបាល​ គ្រូពេទ្យ​នឹង​ប្រើ​ថ្នាំ​សម្លាប់​មេរោគ​ និង​ថ្នាំ​ផ្សេង​ៗទៀត​អាស្រ័យ​លើ​ការវិនិច្ឆ័យ​រោគ​ រួម​ទាំង​ណែនាំ​ឱ្យ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ ផ្លាស់​ប្តូរ​ទង្វើ​ទ្រាំទប់​នោម​ ហើយ​នៅពេល​ព្យាបាល​ក្រ​លៀន​ជាប្រក្រតី​ឡើងវិញ​ហើយ​ អាការ​ឈឺខ្នង​ក៏​បាត់​ទៅវិញ​ដែរ​។

    3. ឈឺខ្នង​ផ្នែក​ខាងលើ​ចង្កេះ​ទាំងសងខាង​
    បើសិនជា​មាន​អាការ​ឈឺខ្នង​ផ្នែក​ខាងលើ​ចង្កេះ​ទាំងសងខាង​ រួច​នៅពេល​ទៅ​ជួប​គ្រូពេទ្យ​ គ្រូពេទ្យ​អាច​នឹង​ស្ទាប​ប៉ះ​ដុំ​សាច់​នៅ​លើ​ខ្នង​ត្រង់​កន្លែង​ម្តុំ​ៗក្រលៀន​ រួម​ទាំង​មាន​ឈាម​លាយឡំ​នៅក្នុង​ទឹកមូត្រ​ មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ និង​មាន​សភាវ​លោហិត​ស្លេក​រួម​ជាមួយ​ផង​នោះ​ ក្នុង​ករណីនេះ​ គឺជា​សញ្ញា​បញ្ជាក់​ពី​រោគ​កើត​ថង់​ទឹក​នៅក្នុង​ក្រលៀន​ ជា​ជំងឺ​ដែល​អាច​ចម្លង​តំណពូជ​បាន​។ នៅពេល​មាន​ថង់​ទឹក​នៅក្នុង​ក្រលៀន​ នឹង​ធ្វើ​ឱ្យ​ក្រលៀន​ធ្វើការ​បាន​តិច​ នៅពេល​ក្រលៀន​ធ្វើការ​ថយ​ចុះ​ ហុច​ផល​អាក្រក់​ដល់​រាងកាយ​។ កើតជំងឺ​ឡើងឈាម​ ក្រលៀន​អាច​នឹង​ងាយ​ឆ្លង​មេរោគ​ និង​លែង​ធ្វើការ​រ៉ាំរ៉ៃ​ រហូតដល់​គាំង​លែង​ធ្វើការ​តែម្តង​ និង​ក្រៅពី​បញ្ហា​នៅ​លើ​ក្រលៀន​ហើយ​ នៅ​អាច​ធ្វើ​ឱ្យ​កើត​ថង់​ទឹក​នៅក្នុង​អវយវៈ​ផ្សេងទៀត​បាន​ ដូចជា​ថ្លើម​ ដៃស្បូន​ ពងស្វាស​ និង​កើត​សរសៃឈាម​ ជំងឺ​រីក​ប៉ោង​ទៀតផង​។

    4. អាការ​ឈឺខ្នង​ដែល​កើត​នៅ​លើ​ស្ត្រី​មានគភ៌​
    អាច​ជា​ផល​ប៉ះពាល់​ដែល​បណ្ដាលមកពី​បច្ច័យ​ច្រើនយ៉ាង​ ដូចជា​អ័រម៉ូន​ក្នុង​រាងកាយ​កើត​ការប្រែប្រួល​ធ្វើ​ឱ្យ​សរសៃពួរ​ និង​សាច់ដុំ​ដែល​យឹត​តោង​ឆ្អឹង​យារ​ធូរ​។ សម្រាប់​ស្ត្រី​មានគភ៌​មាន​ការ​ទ្រ​ទម្ងន់​ដែល​ចេះតែ​កើនឡើង​របស់​ទារក​ ឬស្បូន​ដែល​រីកធំឡើង​ទៅ​សង្កត់ពីលើ​សរ​សៃ​ប្រ​សា​ទធ្វើ​ឱ្យ​ឈឺខ្នង​រហូត​ឈឺ​រាល​ចុះទៅ​រក​ជើង​បាន​។

    5. ឈឺខ្នង​រ៉ាំរ៉ៃ​យូរ​រាប់​ខែ​ និង​កាន់តែ​ឈឺខ្លាំង​ឡើង​ជា​រឿយ​ៗ
    បើសិន​កើត​នៅ​លើ​មនុស្ស​ធាត់​ ឬមនុស្ស​ដែល​មាន​អាយុ​ច្រើនជាង​ 45ឆ្នាំ​នោះ​ អាច​កើត​ឡើង​ដោយសារ​រោគ​រលាក​ខួរ​សន្លាក់​ ឬឆ្អឹងកង​ខ្នង​សឹក​រេចរឹល​។ ការ​ព្យាបាល​ក្នុងករណី​នេះ​ គ្រូពេទ្យ​នឹង​ឱ្យ​ថ្នាំ​បំបាត់​ការឈឺចាប់​មក​ញ៉ាំ​ និង​ធ្វើការ​ព្យាបាល​ដោយ​ការ​ធ្វើ​ចលនា​ ហើយ​គ្រូ​ពេទ្យ​នឹង​ណែនាំ​ឱ្យ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​។ បើ​កើត​នៅ​លើ​មនុស្ស​ដែល​ធាត់​ខ្លាំង​ ត្រូវ​ឱ្យធ្វើ​ការ​បញ្ចុះទម្ងន់​។បើ​អ្នកណា​ដែល​កំពុង​មាន​អាការ​ឈឺខ្នង​ ចូរ​ប្រញាប់​ពិនិត្យមើល​ខ្លួនឯង​ជាបន្ទាន់​ ឬបើ​មិន​ប្រាកដ​ក្នុងចិត្ត​ ចូរ​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​វិនិច្ឆ័យ​រោគ​ ព្រោះ​ជួនកាល​បើ​បណ្តោយ​ឱ្យ​ឈឺរ៉ាំរ៉ៃ​យូរ​ទៅ​ អាច​នឹង​ហុច​ផល​អាក្រក់​ដល់​រាងកាយ​ ធ្វើ​ឱ្យ​សុខភាព​ចុះ​ទ្រុឌទ្រោម​ក៏អាច​ថា​បាន​ដែរ​៕

  • មក​ដឹងពី​អាហារ​មួយចំនួន​ ដែល​មិន​គួរ​ទទួលទាន​ជាមួយ​គ្រឿងស្រវឹង​

    មក​ដឹងពី​អាហារ​មួយចំនួន​ ដែល​មិន​គួរ​ទទួលទាន​ជាមួយ​គ្រឿងស្រវឹង​

    តាមពិត​យើង​មិន​ចង់​ណែនាំ​ឱ្យ​លោកអ្នក​ទទួលទាន​ជាតិ​គ្រឿងស្រវឹង​ច្រើនពេក​នោះ​ទេ​ ព្រោះ​គ្រឿងស្រវឹង​ងាយ​នឹង​ធ្វើ​ឱ្យ​ខូចសុខភាព​ និង​ប្រព័ន្ធ​ការ​ចងចាំ​ខ្លាំង​ណាស់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​យកចិត្ត​ទុកដាក់​ពី​ការថែទាំ​សុខភាព​ ហើយ​ត្រូវ​ទទួលទាន​គ្រឿងស្រវឹង​ខណៈ​មាន​ពិធីជប់លៀង​ ពិធី​មង្គលការ​នានា​នោះ​ អ្នក​គួរតែ​ដឹងពី​អាហារ​ និង​បរិមាណ​ជាតិ​ស្រវឹង​ដែល​ត្រូវ​ទទួលទាន​ ដែល​មិន​បំផ្លាញ​ដល់​សុខភាព​។ មាន​អាហារ​មួយចំនួន​ដែល​ត្រូវ​បាន​អ្នកជំនាញ​សុខភាព​អះអាង​ថា​ ទទួលទាន​លាយ​ជាមួយ​គ្រឿងស្រវឹង​ នឹង​បណ្ដាល​ឱ្យ​អ្នក​ខូច​ថ្លើម​ ហើយ​ចុះ​ខ្សោយ​អង់​ទី​ករ​ការពារ​ជំងឺ​។ នៅក្នុង​ថ្ងៃនេះ​ ទស្សនាវដ្តី​ ឡា​រ៉ែ​ន សូមជម្រាប​ជូន​ប្រិយមិត្ត​អ្នកអាន​អំពី​អាហារ​គួរ​ចៀសវាង​ខណៈ​ពេល​ទទួលទាន​គ្រឿងស្រវឹង​។

    1. អាហារ​មាន​រសជាតិ​ប្រៃ​
    អាហារ​មាន​រសជាតិ​ប្រៃ​ដូចជា​ គ្រឿងក្លែម​ ​;ប្រភេទ​បុក​ គឺ​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នកទទួល​នូវ​សូដ្យូម​ច្រើន​។ ធាតុ​សូដ្យូម​ធ្វើ​ឱ្យ​អ្នក​ស្រេកទឹក​ ​;នោះ​វា​អាច​ធ្វើ​ឱ្យ​អ្នកទទួល​ទាន​គ្រឿងស្រវឹង​ក្នុង​បរិមាណ​ច្រើនឡើង​ដោយ​អចេតនា​។ ដើម្បី​កែ​ប្រែ​បញ្ហា​នេះ​ អ្នក​គួរតែ​កុំ​ប្រើ​អំបិល​ជាមួយ​គ្រឿង​ក្លែម​ ហើយ​គួរតែ​ប្រើ​បន្លែ​លាយ​ជាមួយ​ឱ្យ​បាន​ច្រើនជាង​សាច់​ទើប​ល្អ​។

    2. អាហារ​មាន​រសជាតិ​ជូរ​
    គ្រឿងក្លែម​ដែល​ប្រើ​ផ្លែក្រូច​ដូចជា​ ភ្លា​ ទឹកត្រី​បុក​ និង​ជ្រក់​ជាដើម​នោះ​ បើ​ទទួលទាន​ជាមួយ​គ្រឿងស្រវឹង​ ឬជាតិ​អាកុល​ អាច​បណ្ដាល​ឱ្យ​កើត​ជំ​ងឺ​សន្លាក់​ហ្កោ​ត។ ជំងឺ​នេះ​មិន​ត្រឹមតែ​វាយ​ប្រហារ​ចំពោះ​សន្លាក់​នោះ​ទេ​ វា​ក៏​ធ្វើ​ឱ្យ​ឆ្អឹង​របស់​មនុស្សយើង​ងាយ​ពុក​ថែមទៀត​ផង​។ ប្រសិនបើ​អ្នកមាន​ជំងឺ​ប្រចាំ​កាយ​ អ្នក​គួរតែ​ចៀសវាង​ពី​ការ​ទទួលទាន​បែបនេះ​ ព្រោះថា​ មាន​ហានិភ័យ​ខ្ពស់​ចំពោះ​សុខភាព​ខ្លាំង​ណាស់​។

    3. នំប៉័ង​
    ក្នុងករណី​ដែល​ទទួលទាន​ស្រា​បៀរ​ជាមួយ​នំប៉័ង​ នោះ​អ្នក​ត្រូវ​ដឹង​ថា​ នំបុ័ង​ និង​ស្រា​បៀរ​ត្រូវ​បាន​ផលិត​ចេញពី​ដំបែ​ទាំងពីរ​។ អាហារ​ដែល​ធ្វើ​អំពី​ដំបែ​អាច​បណ្តាល​ឱ្យ​ហើមពោះ​ ឬរំលាយ​អា​ហារ​មិនបាន​ល្អ​។ អ្នក​អាច​នឹង​កើត​អាការ​ ចុក​ឆ្អល់​ រាក​មួល​ តឹងណែន​ក្នុង​ពោះ​ និង​មាន​ខ្យល់​ក្នុង​ពោះវៀនធំ​ជាដើម​។

    4. ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​
    ភេសជ្ជៈ​គ្មាន​រូបមន្ត​ជាតិ​ស្ករ​ដែល​មនុស្សជា​ច្រើន​ប្រើជា​គ្រឿង​លាយ​ជាមួយ​ស្រា​ក្រឡុក​ ក៏​មាន​គ្រោះថ្នាក់​ដែល​ ខណៈ​ដែល​អ្នកទទួល​ទាន​ស្រា​លើសកម្រិត​កំណត់​។ គ្រឿង​ទាំងពីរ​នេះ​ផ្សំ​ចូលគ្នា​បង្កើត​បាន​ជា​ កាបូន​នៅក្នុង​ឈាម​ ដែល​ធ្វើ​ឱ្យ​សរសៃឈាម​រួម​ត្បៀត​ ហើយ​ប្រព័ន្ធ​លំ​ហូរឈាម​ទៅកាន់​បេះដូង​ក៏​កាន់តែ​យឺត​ផង​ដែរ​។ ហានិភ័យ​នោះ​គឺ​ អ្នក​នឹង​ប្រឈមមុខ​ជា​មួយ​ជំងឺលើសឈាម​ និង​ជំងឺបេះដូង​ជាដើម​។

    5. អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​
    ជា​ការពិត​ណាស់​ ប្រសិនបើ​អ្នកទទួល​ទាន​ស្រា​ក្លែម​ជាមួយ​អាហារ​បំពង​ស្រួយ​ៗ ឬអាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ វា​អាច​បណ្ដាល​ឱ្យ​រាងកាយ​របស់​អ្នក​ផលិត​អង់ស៊ីម​ដែល​លើកកម្ពស់​ដល់​ការ​ស្រូប​យកជាតិ​ខ្លាញ់​។ ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​គ្រឿងស្រវឹង​ យកល្អ​កុំ​ទទួល​អាហារ​មួយ​ប្រភេទ​នេះ​ឱ្យ​សោះ​ វា​នឹងអាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ ហើយ​ធ្វើ​ឱ្យ​ខូច​ថ្លើម​ថែមទៀត​។

    6. ការ៉ុត​
    មាន​មនុស្សជា​ច្រើន​ជឿជាក់​ថា​ ការ​ទទួល​ទាន​ទឹក​ការ៉ុត​ធ្វើ​ឱ្យ​ត្រជាក់​ដល់​ថ្លើម​ សួត​ និង​ល្អ​សម្រាប់​ក្រពះ​។ តែ​ទោះជាយ៉ាងណា​តាម​ការ​សិក្សា​ជាច្រើន​បង្ហាញថា​ ជាតិ​ Carotene​ នៅ​ក្នុង​ការ៉ុត​ពេល​ដែល​បញ្ចូលជាមួយ​នឹង​គ្រឿង​ស្រវឹង​នឹង​ផលិត​ទៅជា​ជាតិពុល​ ដែល​បង្ក​គ្រោះ​ថ្នាក់​ ហើយ​ជាតិពុល​នឹង​កើនឡើង​ទ្វេដង​ប្រសិន​បើ​វាទ​ទួល​រង​នូវ​សម្ពាធ​គ្រឿងស្រវឹង​ច្រើន​។

    7. ប៉េងប៉ោះ​
    ប៉េងប៉ោះ​មាន​ផ្ទុក​អាស៊ីត​ Tannic​ អាចប​ង្កើត​នៅក្នុង​ក្រ​ពះ​បណ្តោល​ឱ្យ​ស្ទះ​ពោះវៀន​ ពិបាក​រំ​លាយ​នៅ​អំឡុង​ពេល​ទទួលទាន​ស្រា​បៀរ​ និង​ស្រា​ចូល​ទៅជាមួយ​គ្នា​។ ហេតុនេះ​ហើយ​ពេល​ដែល​អ្នកទទួល​ទាន​គ្រឿងស្រវឹង​ អ្នក​គួរតែ​ទទួល​ទាន​អាហារ​នេះ​ឱ្យ​មាន​ដែន​កំណត់​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រព័ន្ធ​រំលាយអាហារ​។

    8. សាច់គោ​
    សាច់គោ​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម​កម្រិតខ្ពស់​សម្រាប់​រាងកាយ​ ខណៈ​ដែល​ស្រា​មាន​សារធាតុ​ក្តៅ​ នៅពេល​ដែល​របស់​ទាំងពីរ​មុខ​នេះ​ បញ្ចូល​គ្នា​នាំ​ឱ្យ​មាន​បញ្ហា​ទល់លាមក​ ភ្នែក​ក្រហម​… ព្រមទាំង​មានផល​ប៉ះពាល់​មួយចំនួន​ទៀត​ដល់​សុខភាព​ផង​ដែរ​។

    9. បារី​
    បុរស​ជាច្រើន​ បាន​ចូលចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង​បណ្តើរ​ ជក់បារី​បណ្តើរ​ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា​ ការ​សេព​គ្រឿងស្រវឹង​រួមផ្សំ​ជា​មួយ​នឹង​ការ​ជក់បារី​ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ថ្លើម​ប៉ុណ្ណោះទេ​ ថែមទាំង​ធ្វើ​ឱ្យ​កើតជំងឺ​មហារីក​បំពង់​កថែមទៀត​។ អាស្រ័យហេតុ​នេះ​ដើម្បី​កុំឱ្យ​មាន​បញ្ហា​ដល់​សុខភាព​កាន់តែ​ធ្ងន់ធ្ងរ​ អ្នក​គួរតែ​ចៀស​វាង​ឱ្យ​បាន​៕

  • ទទួលទាន​លឿន​ និង​ទទួលទាន​យឺត​ មួយ​ណា​ឆាប់​ធាត់​ជាង​?មាន​គ្រោះ​ថា្នក់​ដល់​សុខភាព​ឬទេ​?

    ទទួលទាន​លឿន​ និង​ទទួលទាន​យឺត​ មួយ​ណា​ឆាប់​ធាត់​ជាង​?មាន​គ្រោះ​ថា្នក់​ដល់​សុខភាព​ឬទេ​?

    អ្នកតែង​តែ​មាន​បច្ចេកទេស​ និង​តិច​និ​កផ្សេង​ៗគ្នា​ ដើម្បី​សម្រក​ទម្ងន់​ និង​មាន​សុខភាព​ល្អ​។ ក្រៅពី​ការគ្រប់គ្រង​អាហារ​យ៉ាង​ហ្មត់ចត់​ហើយ​នោះ​ នៅ​មាន​តិច​និក​ជាច្រើន​ទៀត​សម្រាប់​ការ​ទទួលទាន​អាហារ​ជាច្រើន​ថែមទៀត​ ដែល​យើង​តាមដាន​មិនទាន់​។ ប៉ុន្តែ​មាន​វិ​ធី​ងាយ​ៗ ដែល​យើង​អាច​ចាប់ផ្តើម​ពី​ថ្ងៃនេះ​គឺ​ “ល្បឿន​ក្នុង​ការ​ទទួលទាន​អាហារ​”។

    ទទួលទាន​យឺត​ និង​ទទួលទាន​លឿន​
    យោង​តាម​ការសិក្សា​ស្រា​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​ជប៉ុន​ ដែល​បាន​ប្រមូល​ទិន្នន័យ​ពី​អ្នក​កើតជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី2​ ចំនួន59,717​នាក់​បាន​រក​ឃើញថា​ អ្នក​ដែល​មានទម្លាប់​ទទួល​ទា​នយឺ​តៗ​ គឺ​មាន​ហានិភ័យ​ទាប​នៃ​ជំងឺ​ធាត់​ខ្លាំង​ជាង​អ្នក​ដែល​មានទម្លាប់​ទទួលទាន​លឿន​។ អ្នក​ឆ្លើយតប​ចំពោះខ្លួន​ឯង​ថា​ ជា​មនុស្សម្នាក់​ដែល​ទទួលទាន​ក្នុងរយៈពេល​ “ជាមធ្យម​” ក៏​មាន​ហា​និ​ភ័យ​នៃ​ជំងឺ​ធាត់​ជាង​អ្នក​ដែល​ទទួលទាន​យឺត​ ក៏ប៉ុន្តែ​នៅតែ​តិច​ជាង​អ្នក​ដែល​ទទួលទាន​លឿន​។មួយវិញទៀត​ អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា​ អ្នក​ដែល​មានទម្លាប់​ទទួលទាន​លឿន​ គឺ​មាន​ហា​និ​ភ័យ​ខ្ពស់​ក្នុង​ការ​ឡើង​ទម្ងន់​ជាង​អ្នក​ដែល​ទទួល​ទា​នយឺ​តៗ​ ឬធម្មតា​។ ព្រោះ​ពេល​យើង​ទំ​ពា​អាហារ​ គឺ​សញ្ញា​ស្រេកឃ្លាន​របស់​យើង​ វា​ត្រូវ​បាន​ផ្លាស់​ប្តូរ​ចរ​ន្ដ​ពី​ក្រពះ​ទៅកាន់​ខួរក្បាល​ជំនួស​វិញ​ ហើយ​ខួរក្បាល​នឹង​ចំណាយពេល​ប្រហែល​20នាទី​ ដើម្បី​បញ្ចូន​សារ​មក​ឱ្យ​រាងកាយ​ឱ្យ​ឈប់​ទទួលទាន​។ ដូច្នេះ​បើ​យើង​ទទួល​ទាន​លឿន​ៗ មុន​ពេល​ខួរក្បាល​បញ្ជា​ឱ្យ​រាងកាយ​ឈប់​នោះ​ យើង​ក៏​មាន​អារម្មណ៍​ថា​ ឆ្អែត​ ហើយនឹង​ឈប់​ទទួលទាន​ភ្លាម​ៗតែម្ដង​។ បើ​យើង​ទទួលទានបាយ​ច្រើនជាង​ម្ហូប​ ដូច្នេះ​អ្នក​ដែល​ទទួលទាន​នឹង​មាន​អារម្មណ៍​ថា​ឆ្អែត​ពេក​រហូតដល់​តឹងណែន​ពោះ​មិន​ស្រួល​ទៅវិញ​ ព្រោះ​នៅពេល​ដែល​យើង​ដឹងខ្លួន​ថា​ឆ្អែត​ហើយ​ តែ​យើង​នៅតែ​បន្ដ​ទទួលទាន​ច្រើន​ ហើយ​លឿន​ៗទៀត​។ប្រសិនបើ​អ្នក​ទម្លាប់​ទទួលទាន​លឿន​បែប​នេះ​រាល់ថ្ងៃ​ អា​ចប​ណ្តោល​ឱ្យ​ឈឺក្រពះ​ ពិបាក​ក្នុង​ការ​លេប​ឆ្លងកាត់​បំពង់​រំលាយអាហារ​ និង​មិន​បាន​ស្រូប​យក​អាហារ​បំប៉ន​ដែល​ចាំបាច់​សម្រាប់​រាងកាយ​ ហើយ​នៅ​បង្កើន​បញ្ហា​ហើមពោះ​ក្រោយ​ពេល​ទទួលទាន​ថែមទៀត​។ ការ​ទទួលទាន​លឿន​ពេក​ អា​ចប​ណ្តោល​ឱ្យ​រាងកាយ​មិន​អាច​ទប់ស្កាត់​ភាព​អសកម្ម​នៃជា​តិ​ខ្លាញ់​ និង​ជាតិ​ស្ករ​ ដូច្នេះ​វា​ប៉ះពាល់​ដល់​ការគ្រប់គ្រង​នៃ​អាំង​ស៊ុយ​លីន​ ហើយ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។ ដូច្នេះ​ ដើម្បី​រក្សា​ប្រព័ន្ធ​រំលាយអាហារ​ឱ្យ​មាន​សុខភាព​ល្អ​ អ្នកចាំ​បាច់​ត្រូវ​ទទួល​ទា​នយឺ​តៗ​ ដើម្បី​ទំពា​អាហារ​ឱ្យ​ម៉ដ្ឋ​មុននឹង​លេប​ចូល​ទៅ​ក្នុង​ក្រពះ​។ ការ​ធ្វើបែប​នេះ​អាច​ជួយ​ឱ្យ​រាងកាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ល្អ​ ហើយ​ក្រពះ​មិនសូវ​ធ្វើការ​ធ្ងន់​ផង​ដែរ​។ គន្លឹះ​ក្នុង​ការ​ទទួល​ទាន​អាហារ​ឱ្យ​ឆ្អែត​លឿន​ មិនមែន​ទទួលទាន​អា​ហារ​ឱ្យ​លឿន​ឡើង​នោះ​ទេ​ ព្រោះ​ការ​ទទួលទាន​លឿន​ រូបរាង​របស់​អ្នក​ក៏​ឡើង​ធាត់​លឿន​ដែរ​។ អ្នក​គួរតែ​សាកល្បង​គន្លឹះ​ដូច​ខាងក្រោម​នេះ​ ដើម្បី​មាន​រាង​ស្អាត​ និង​មាន​សុខភាព​ល្អ​៖
    1. ទំពា​អាហារ​ឱ្យ​បាន​ច្រើនដង​នៅក្នុង​មួយ​ដុំ​ៗ ដោយសា​កល្បង​រាប់​លមើល​ថា1ដុំ​ ត្រូវ​ទំពា​ឱ្យ​បាន​លឿន​បំផុត15ទៅ30ដង​។
    2. ប្រើ​រយៈពេល​ក្នុង​ការ​ទទួលទាន​អាហារ​ឱ្យ​បាន​ពី​ 20​-30នាទី​ក្នុង​មួយ​ពេល​អាហារ​។
    3. ក្រេប​ទឹ​កខ្លះ​ៗខណៈ​ពេល​កំពុង​ទំពា​អា​ហារ​ (មិន​លើស​ពី1​-2កែវ​) ជួយ​ឱ្យ​ឆ្អែត​លឿន​ជាង​មុន​។
    4. ដាក់​ស្លាបព្រា​នៅ​លើ​ចាន​ខណៈ​ពេល​ទំពា​អាហារ​ ព្រោះ​បើ​កាន់​ស្លាបព្រា​ខណៈ​ពេល​កំពុង​ទំពា​អាហារ​អាច​ធ្វើ​ឱ្យ​អ្នកចេះ​តែ​ចង់​ដួស​អាហារ​បន្ទាប់​ ហើយ​អាច​ទទួលទាន​លឿន​ឡើង​។ប្រសិនបើ​អ្នក​ព្យាយាម​កែសម្រួល​ល្បឿន​ និង​ពេលវេលា​នៃ​អាហារ​បន្តិច​ម្តង​ៗ វា​នឹងអាច​ជួយ​ឱ្យ​អ្នកទទួល​ទាន​អាហារ​យ៉ាង​ងាយស្រួល​ជាង​មុន​ និង​មិន​ភ័យខ្លាច​រឿង​ជំងឺ​ធាត់​។ សូម​ព្យា​យាម​សាកល្បង​គន្លឹះ​ខាងលើ​ ដើម្បី​ថែរក្សា​សុខ​ភាព​អ្នក​ឱ្យ​កាន់តែ​ប្រសើរ​ ហើយ​វា​ក៏​ជា​វិធីសាស្ត្រ​ក្នុង​ការ​រក្សា​ទម្ងន់​ឱ្យ​នៅ​ថេរ​ មិន​ងាយ​ឡើង​ទៅ​តាមចំណង់​នៃ​ការ​ទទួលទាន​ផង​ដែរ​៕

  • អាការៈ​របស់​អ្នក​ដែល​ឆ្លង​មេរោគ​ “ឆ្កែឆ្កួត​”

    អាការៈ​របស់​អ្នក​ដែល​ឆ្លង​មេរោគ​ “ឆ្កែឆ្កួត​”

    រហូតមកដល់​ពេល​បច្ចុប្បន្ន​ នៅពេល​អ្នកជំងឺ​ឆ្លង​មេរោគ​ឆ្កែឆ្កួត​ និង​ចាប់ផ្ដើម​បង្ហាញ​អាការ​ខាង​ប្រព័ន្ធ​ប្រសាទ​ នឹង​មាន​អត្រា​ការ​ស្លាប់​ដោយសារ​ជំងឺ​នេះ​ដល់ទៅ​ 100​%ហើយ​គឺ​ មិនទាន់​ឃើញ​មានការ​ព្យាបាល​ជំងឺឆ្កែឆ្កួត​បាន​ឡើយ​ តែ​សំណាងល្អ​ដែល​ផ្នែក​វេជ្ជសាស្ត្រ​អាច​រក​ឃើញ​វ៉ាក់សាំង​ដែល​ជួយការ​ពារ​មេរោគ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ប្រសាទ​ក្នុង​រាងកាយ​មនុស្ស​បាន​ តែ​ត្រូវ​ប្រញាប់​ចាក់​ឱ្យ​អ្នក​ដែល​ត្រូវ​សត្វ​ឆ្កែខាំ​ ឬត្រូវ​សត្វ​ឆ្កែ​លិទ្ធ​កន្លែង​ដែល​មាន​ដំបៅ​ ឬស្នាមរបួស​ មុន​ពេល​ដែល​រាងកាយ​អ្នកជំងឺ​ឆ្លង​មេរោគ​ចូល​រហូត​បង្ហាញ​អាការ​ចេញ​មក​។នៅពេល​ដែល​មនុស្សជា​ច្រើន​បានដឹង​រឿង​នេះ​ហើយ​ ទើប​បច្ចុប្បន្ន​ចាប់ផ្ដើម​មាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​ឆ្កែឆ្កួត​ថយ​ចុះ​ រហូត​អាច​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​លែង​បានដឹង​ថា​ អាការ​របស់​អ្នក​ដែល​ឆ្លង​មេរោគ​ឆ្កែឆ្កួត​មែនទែន​នោះ​យ៉ាងណា​ខ្លះ​ និង​អាច​កើតការ​យល់​ច្រឡំ​តាមរយៈ​ព័ត៌មាន​នៅ​ក្នុង​អុីន​ធើ​ណិ​តដែល​បាន​ចែក​រំ​លែ​កតៗ​គ្នា​នោះ​បាន​ទៀតផង​ ដូច្នេះ​ពេលនេះ​យើង​នាំគ្នា​មក​ដឹងពី​អាការ​របស់​អ្នក​ឆ្លង​មេរោគ​ឆ្កែឆ្កួត​ដែល​ការពិត​ទៅ​មាន​សភាព​យ៉ាងណា​ខ្លះ​ដូចតទៅ​…។

    អាការៈ​របស់​អ្នក​ដែល​ឆ្លង​មេរោគ​ឆ្កែឆ្កួត​
    រយៈ​ដំបូង​ អ្នកជំងឺ​អាច​មាន​គ្រុន​ក្ដៅ​តិច​ៗ ឈឺក​ មិន​ឃ្លាន​អាហារ​ បន្ទាប់ពី​នោះ​អាច​មាន​អារម្មណ៍​ឈឺផ្សា​ក្ដៅ​នៅត្រង់​កន្លែង​ដែល​ត្រូវ​ឆ្កែ​ខាំ​ ទោះជា​ស្នាមរបួស​ជា​សះ​ហើយក៏​ដោយ​។ តមក​នឹង​ចាប់ផ្ដើម​ពិបាក​ក្នុង​ការ​លេបទឹក​ និង​អា​ហារ​ ដោយសារ​មាន​អាការ​ឈឺ​ដែល​បណ្ដាល​មក​ពី​ការ​ពង្រឹង​ខ្លួន​របស់​សាច់ដុំ​ដែល​ធ្វើការ​លើ​ការ​លេប​។ ចាប់ផ្ដើម​មាន​អាការ​ខ្លាច​ទឹក​ ឡេះ​ឡះ​ឆ្លេឆ្លា​ មិន​ចូលចិត្ត​កន្លែង​ភ្លឺ​ៗ ខ្យល់​ និង​សំ​ឡេង​ឮខ្លាំង​ អាច​មាន​ទឹក​មា​ត់​ស្អិត​ៗ ខាប់​ៗហៀរ​ចេញ​មក​តាម​មាត់​ រហូត​ចុងក្រោយ​លែង​មាន​សតិ​ស្មារតី​ ប្រកាច់​ ស្ពឹក​មួយ​កំណាត់​ខ្លួន​ និង​ស្លាប់​បាត់បង់ជីវិត​នៅទីបំផុត​។

    តើ​ត្រូវ​ធ្វើ​យ៉ាងណា​ពេល​ត្រូវ​ឆ្កែខាំ​ ឬលិទ្ធ​ចំ​កន្លែង​ដំបៅ​ ឬស្នាមរបួស​?
    1. ប្រញាប់​លាង​ស្នាមរបួស​ឱ្យ​បាន​លឿន​បំ​ផុត​ លាង​ដោយ​ទឹក​ស្អាត​ ជាមួយ​សាប៊ូ​ ឬថ្នាំ​សម្លាប់​មេរោគ​ ដូចជា​ថ្នាំ​បេ​តា​ឌីន​ ឬទឹ​កអាល់​កុល70​% និង​ព្យាយាម​លាង​ចូល​ឱ្យ​ជ្រៅ​ទៅដល់​បាត​ស្នាមរបួស​។ ទាំងអស់​នេះ​ បើ​ទំហំ​របស់​ស្នាមរបួស​ និង​ទីតាំង​របស់​ស្នាមរបួស​រឹតតែ​នៅ​ជិត​ខួរក្បាល​ប៉ុនណា​ ក៏​រឹតតែ​ប្រថុយប្រថាន​នឹង​រយៈពេល​សម្ងំ​ពង្រីក​ខ្លួន​របស់​មេរោគ​ដែល​នឹង​ចូល​ទៅដល់​ខួរក្បាល​បាន​លឿន​ប៉ុន​នោះ​ដែរ​។2. ទទួល​សារធាតុ​ប្រឆាំង​ការពារ​ ដើម្បី​ឱ្យ​ចូល​ ទៅ​បំផ្លាញ​មេរោគ​មិន​ឱ្យ​ចូល​ទៅដល់​សរ​សៃ​ប្រសាទ​ ដោយ​នឹង​ផ្ដល់​សារធាតុ​តតាំង​ដំ​ណា​លគ្នា​ការ​ចាក់ថ្នាំ​វ៉ាក់សាំង​ការពារ​។ ចាក់​ជុំ​វិញ​ស្នាមរបួស​ដែល​ត្រូវ​សត្វ​ខាំ​ តែបើ​គ្មាន​ស្នាម​របួស​ ដូចជា​ត្រូវ​សត្វ​លិទ្ធ​មាត់​ ឬទឹកមាត់​សត្វ​ខ្ទាត​ចូល​ភ្នែក​អាច​ចាក់ថ្នាំ​តាម​សាច់ដុំ​បាន​។
    3. ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ចាក់​វ៉ាក់សាំង​ ការពារ​ជំងឺឆ្កែឆ្កួត​ ដើម្បី​ឱ្យ​រាងកាយ​មាន​ប្រព័ន្ធ​ប្រឆាំង​ឡើង​មក​បំផ្លាញ​មេរោគ​ដោយ​ខ្លួនឯង​៕

  • អាការ​ងងុយគេង​ពេលថ្ងៃ​ បញ្ជាក់​ពី​ការ​ហុច​ផល​មិនល្អ​ចំពោះ​សុខភាព​តើ​គួរ​ដោះស្រាយ​បែប​ណា​?

    អាការ​ងងុយគេង​ពេលថ្ងៃ​ បញ្ជាក់​ពី​ការ​ហុច​ផល​មិនល្អ​ចំពោះ​សុខភាព​តើ​គួរ​ដោះស្រាយ​បែប​ណា​?

    អាការ​ងងុយគេង​នៅពេល​ថ្ងៃ​ អាច​បញ្ជាក់​ប្រាប់​យើង​ឱ្យ​ដឹងពី​ការ​គេង​មិនបាន​គ្រប់គ្រាន់​នៅពេល​យប់​ និង​ការ​បូក​ផ្សំ​ជាមួយ​ភាព​នឿយហត់​អស់កម្លាំង​ក្នុង​រាងកាយ​។ ជាក់ស្ដែង​ អាការ​ងងុយគេង​ខ្លាំង​នៅពេល​ថ្ងៃ​ ក៏​ជា​សញ្ញា​មួយ​នៃ​វិ​បត្ដិ​ដំណេក​ដែល​នាំ​ឱ្យ​ងាយ​កើត​ជំ​ងឺ​ផ្សេង​ៗ ជាពិសេស​ ប្រឈមមុខនឹង​ការ​ចុះ​ជាតិ​ស្ករ​នៅក្នុង​រាងកាយ​។ យ៉ាងណាមិញ​ វា​ក៏​មានការ​ហុច​ផល​អាក្រក់​ចំពោះ​អារម្មណ៍​រួមមាន​ដូចជា​ អាការ​ធ្លាក់ទឹក​ចិត្ដ​ អាការ​ថប់បារម្ភ​ ស្ដ្រេស​ សភាព​ធុញទ្រាន់​ក៏អាច​បណ្ដាល​ឱ្យ​កើត​ចេញ​នូវ​វិ​បត្ដិ​ដំណេក​នេះ​ផង​ដែរ​។

    អាការ​អត់ងងុយ​ អាច​ជះឥទ្ធិពល​ទៅលើ​ផលិតភាព​ការងារ​របស់​អ្នក​ និង​បង្កក្ដី​រំខាន​ដល់​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​ ដោយសារ​ប្រព័ន្ធ​ខួរ​ក្បាល​ធ្វើការ​ខុសប្រក្រតី​។ ការផ្លាស់ប្ដូរ​របៀប​រស់នៅ​ ការ​ទទួលទាន​អាហារ​ល្អ​ចំពោះ​សុខភាព​ និង​ការរៀបចំ​កាលវិភាគ​គេង​ឱ្យ​បាន​សមស្រប​ អ្នក​អាច​ប្រឆាំង​នឹង​អាការ​អត់ងងុយ​បាន​យ៉ាង​ងាយស្រួល​។ ប៉ុន្ដេ​ទោះជាយ៉ាងណា​ សូមអ្នក​ធ្វើការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​សុខ​ភាព​ ប្រសិន​អ្នកចាប់​ផ្ដើម​ប្រើ​ថ្នាំង​ងុយ​គេ​ប្រភេទ​ណាមួយ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​ ដោយ​ចៀសវាង​លេបថ្នាំ​ច្រើនលើស​កំណត់​ ដែល​នាំ​រង​របួស​ដល់​ផ្នែក​ខួរក្បាល​។

    អាការ​គេង​មិនបាន​គ្រប់គ្រាន់​នេះ​ និង​អាការ​គេង​មាន​សំឡេង​រំខាន​ គឺជា​ហេតុផល​ពីរ​ដ៏​ចម្បង​នៅ​ពីក្រោយ​ការ​ងងុយគេង​ពេលថ្ងៃ​។ ដូច្នេះ​ ការ​កំណត់កាល​វិភាគ​គេង​ឱ្យ​បាន​សមស្រប​ គឺជា​វិធីសាស្ដ្រ​មួយ​ដ៏​ប្រសើរ​ ដើម្បី​បង្ការ​ភាព​ងងុយ​គេង​ពេលថ្ងៃ​។ ការ​គេង​បាន​ប្រក្រតី​ នឹង​ជួយ​អ្នកការពារ​ប្រឆាំង​នឹង​ការ​ធ្លាក់ចុះ​ថាមពល​រាង​កាយ​ ការ​ស្រុត​ចុះ​កម្លាំង​ ការ​ធ្លាក់ទឹក​ចិត្ដ​ និង​ស្ដ្រេស​។ មនុស្ស​ផ្សេង​ពីគ្នា​ តែង​ត្រូវការ​នូវ​កម្រិត​នៃ​ពេលវេលា​គេង​ខុស​ៗគ្នា​ ដើម្បី​ជួយ​ឱ្យ​រាង​កាយ​បំពេញមុខ​ងារ​បាន​ប្រក្រតី​ ប៉ុន្ដែ​ទោះជាយ៉ាងណា​ ពេលវេលា​នៃ​ការ​គេង​ពី7ទៅ8ម៉ោង​ក្នុង​មួយ​យប់​គឺ​គ្រប់គ្រាន់​ ដើម្បី​ជួយ​ឱ្យ​រាងកាយ​របស់​អ្នក​បំពេញមុខ​ងារ​បាន​ប្រក្រតី​។

    ការ​គេងលក់​ស្រួល​ដោយ​គ្មាន​ការ​រំខាន​នា​ពេលយប់​ ឱ្យ​បាន​ពី7ទៅ8ម៉ោង​ក្នុង​មួយ​យប់​ គឺ​ពិតជា​ល្អប្រពៃ​ណាស់​។ អ្នក​ត្រូវ​ចងចាំ​នូវ​ពាក្យ​មួយ​ឃ្លា​ថា​ “ឆាប់​ចូលគេង​ និង​ឆាប់​ភ្ញាក់​ពី​ដំណេក​”។ ពិត​ណាស់​ការ​គេង​ច្រើនពេក​ ក៏​នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​ ឬការសិក្សា​បន្ថែម​នៅផ្ទះ​របស់​អ្នកផង​ដែរ​ ប៉ុន្ដែ​បើ​អ្នក​អាច​ធ្វើ​វា​បាន​ នោះ​គ្មាន​ផ្លូវ​ដែល​អ្នក​ត្រូវ​អង្គុយ​ងោក​នៅ​ក្នុង​ថ្នាក់រៀន​ ឬនៅ​ការិយាល័យ​នោះ​ទេ​។ អ្នក​គួរ​តែ​ផ្អាក​ការ​គេង​នៅពេល​ថ្ងៃត្រង់​ ក៏​ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ការ​គេង​នា​ពេលយប់​ផង​ដែរ​។

    អ្នក​អាច​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នកជា​មួយ​នឹង​ពន្លឺ​ព្រះអាទិត្យ​ ដោយ​ឱ្យ​រាងកាយ​ប៉ះ​នឹង​ពន្លឺ​ព្រះអាទិត្យ​ឱ្យ​បាន​រាល់ថ្ងៃ​។ ជាក់ស្ដែង​ពន្លឺ​ព្រះ​អាទិត្យ​អាច​ជួយ​គ្រប់គ្រង​វដ្ដ​នៃ​ការ​គេង​ និង​ការ​ភ្ញាក់​ពី​គេង​របស់​អ្នក​ ពីព្រោះ​វា​ជួយ​ឱ្យ​ខួរក្បាល​ចងចាំ​ថា​ ពេលណា​ត្រូវ​ភ្ញាក់​ពី​គេង​។ ម្យ៉ាងទៀត​ ពន្លឺ​ព្រះអាទិត្យ​ជួយ​ឱ្យ​រាងកាយ​ផលិត​ចេញ​នូវ​វីតាមីនD​។ ការសិក្សា​ស្រាវជ្រាវ​មួយ​ កាលពី​ឆ្នាំ​2013​ ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី​ឱសថ​ជំនួយ​ការ​គេង​បាន​ណែនាំ​ថា​ ភាព​កង្វះ​វីតាមីនD​ អាច​មាន​ទំនាក់ទំនង​ទៅ​នឹង​បញ្ហា​គេង​ ជាពិសេស​ភាព​ងងុយគេង​ពេលថ្ងៃ​។

    មួយវិញទៀត​ អ្នក​អាច​ប្រោស​ទឹក​ត្រជាក់​លើ​មុខ​របស់​អ្នក​ឱ្យ​ត្រជាក់​ស្បែក​មុខ​ នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ងងុយគេង​ អ្នក​អាច​លុប​មុខនឹង​ទឹក​ត្រជាក់​។ ការផ្លាស់ប្ដូរ​សីតុណ្ហភាព​ភ្លាម​ៗជួយ​បំបាត់​អារម្មណ៍​ងងុយគេង​ និង​លើក​កម្ពស់​កម្រិត​ថាមពល​ ព្រមទាំង​ជួយ​ឱ្យ​ផ្ដោត​អារម្មណ៍​បាន​ល្អ​ផង​ដែរ​។ ក្រោយពេល​ប្រោស​ទឹក​ត្រជាក់​នៅ​លើ​មុខ​របស់​អ្នក​ ដោយ​ឈរ​បែរ​មុខ​ទៅ​ម៉ាស៊ីន​ត្រជាក់​ ដើម្បី​ធ្វើ​ឱ្យ​ការ​ដាស់​អា​រម្ម​ណ៍​ដោយ​ទឹក​នេះ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​។ ណាមួយ​បើ​អាច​ អ្នក​ក៏អាច​ងូតទឹក​ត្រជាក់​នៅពេល​ព្រឹក​ ដើម្បី​បំបាត់ចោល​នូវ​ភាព​ងងុយ​គេង​ និង​លើក​កម្ពស់​ចរ​ន្ដ​ឈាម​រត់​ផង​ដែរ​។

    ខាងក្រោម​នេះ​គឺជា​វិធី​ជួយ​ឱ្យ​អ្នក​គេងលក់​ស្រួល​នា​ពេលយប់​៖
    1. រក្សា​កាលវិភាគ​គេង​ ដែល​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ពេលវេលា​គេង​ និង​ពេល​ក្រោក​ពី​គេង​។
    2. រក្សា​បន្ទប់គេង​របស់​អ្នក​កុំឱ្យ​មាន​ពន្លឺ​ ដើម្បី​លើកកម្ពស់​ការ​គេង​យ៉ាង​ស្កប់ស្កល់​។ ប្រសិន​បើ​ចាំបាច់​ សូម​ប្រើ​ក្រណាត់​ ឬវាំងនន​ ដើម្បី​បិទ​កុំឱ្យ​ពន្លឺ​ជះ​ពី​ខាងក្រៅ​ចូល​ទៅ​រំខាន​។
    3. ប្រើ​ពូក​ ដែល​មានគុណ​ភាពល្អ​ កម្រាល​ស្អា​តៗ​ និង​ខ្នើយ​ទន់​ៗ ដើម្បី​លើកកម្ពស់​គុណ​ភាព​ដំណេក​របស់​អ្នក​។
    4. អាន​សៀវភៅ​ ឬធ្វើ​យូ​ហ្កា​ឱ្យ​បាន20នាទី​ មុន​ពេល​ចូលគេង​។
    5. កំណត់​ការ​សំឡឹង​មើល​អេក្រង់​កុំព្យូទ័រ​ ទូរទស្សន៍​ ឬទូរស័ព្ទ​ដៃ​ឱ្យ​បាន​សមស្រប​មុន​ពេល​ចូលគេង​៕

  • ទម្លាប់​ និង​និស្ស័យ​ល្អ​ៗ 6​យ៉ាងដែល​ធ្វើ​ឱ្យ​មនុស្ស​អាយុវែង​…តើ​អ្នកមាន​គ្រប់​ចំណុច​ដែរ​ឬទេ​?

    ទម្លាប់​ និង​និស្ស័យ​ល្អ​ៗ 6​យ៉ាងដែល​ធ្វើ​ឱ្យ​មនុស្ស​អាយុវែង​…តើ​អ្នកមាន​គ្រប់​ចំណុច​ដែរ​ឬទេ​?

    ពេលណា​បានឮ​ថា​ មាន​លោកតា​ លោកយាយ​ណា​ម្នាក់​មាន​អាយុវែង​ជាង​ 100ឆ្នាំ​ ​; សារព័ត៌មាន​នានា​បាន​នាំគ្នា​ទៅ​សម្ភាស​ និង​សួរនាំ​អំពី​វិធីការ​មើលថែ​ទាំ​ខ្លួន​របស់​គាត់​ នេះ​គឺ​ដោយសារតែ​មនុស្សយើង​គ្រប់គ្នា​សុទ្ធតែ​ចង់​មានជីវិត​រស់នៅ​លើ​ពិភពលោក​នេះ​ឱ្យ​បាន​យូរ​បំផុត​តាមដែល​អាច​យូរ​បាន​ហ្នឹងឯង​ តែ​ក្រៅពី​ការ​មើលថែ​ទាំ​សុខភាព​រាងកាយ​របស់​ខ្លួនឯង​ឱ្យ​នៅ​ល្អ​ហើយ​នោះ​ លទ្ធផល​នៃ​ការស្រាវជ្រាវ​វិភាគ​មួយ​បាន​បញ្ជាក់​ប្រាប់​ថា​ ​; ទម្លាប់​ និង​ទង្វើ​របស់​ខ្លួន​យើង​ផ្ទាល់​ក៏​មាន​ចំណែក​ធ្វើ​ឱ្យ​យើង​មាន​អាយុវែង​បាន​ដែរ​ និង​ថែមទាំង​ជួយ​ឱ្យ​យើង​មានជីវិត​រស់នៅ​សុខសប្បាយ​នៅពេល​ចាស់​ទៀតផង​។

    ចំណែក​ឯសំណួរ​ដែល​ថា​ តើ​ទម្លាប់​ ទង្វើ​ និង​លក្ខណៈ​និស្ស័យ​ដែល​ធ្វើ​ឱ្យ​មនុស្សយើង​មាន​អាយុវែង​នោះ​ មាន​អ្វីខ្លះ​? សូម​តាមដាន​ដូចតទៅ​៖

    1.  មានសតិ​ស្មារតី​ ភាព​ម៉ឺងម៉ាត់​ហ្មត់ចត់​ និង​ភាព​ប្រយ័ត្ន​ប្រយែង​
    នៅ​ឆ្នាំ2012​ សៀវភៅ​ The​ Longevity​ Project​ បាន​ធ្វើការ​ស្រាវជ្រាវ​ពិនិត្យ​នៅ​លើ​មនុស្ស​ដែល​មាន​អាយុ​លើស​ 80ឆ្នាំ​ ហើយ​បាន​រក​ឃើញថា​ អ្នក​ដែល​មាន​លក្ខណៈ​និស្ស័យ​ម៉ឺងម៉ាត់​ហ្មត់ចត់​ល្អិតល្អន់​ រស់នៅ​ប្រកបដោយ​សតិបញ្ញា​នឹង​មាន​អាយុ​កាន់តែ​វែង​ឡើង​។ អ្នកស្រាវជ្រាវ​បាន​ចង្អុល​បង្ហាញ​តទៀត​ថា​ បុគ្គលភាព​ និង​លក្ខណៈ​និស្ស័យ​កាលពី​វ័យ​កុមារ​អាច​ប្រាប់​ពី​អំឡុង​ពេល​នៃ​ជីវិត​របស់​មនុស្សយើង​បាន​។ មនុស្ស​ដែល​ស្ថិតនៅ​ក្នុង​វ័យ​កំលោះ​ ក្រមុំ​ម្នាក់​ណា​ដែល​រស់នៅ​យ៉ាង​មានសតិ​ស្មារតី​ មាន​ភាព​ម៉ឺងម៉ាត់​ហ្មត់ចត់​ និង​មាន​ភាព​ទទួលខុសត្រូវ​លើ​ខ្លួនឯង​ ច្រើនតែ​មាន​អាយុវែង​ជាងគេ​បំផុត​ នេះ​គឺ​ដោយសារតែ​មនុស្ស​ដែល​មាន​ចរិតលក្ខណៈ​និស្ស័យ​បែបនេះ​ចេះ​មើលថែ​ទាំ​ជីវិត​ខ្លួនឯង​បាន​យ៉ាង​ល្អ​ និង​ចេះ​ចៀស​គេច​ពី​ភាព​ប្រថុយប្រថាន​ក្នុង​ជីវិត​ទៀតផង​។

    2. អារម្មណ៍ល្អ​ និង​ងាយ​សើច​សប្បាយ
    អ្នកស្រាវជ្រាវ​ពី​មហាវិទ្យាល័យ​ យេ​ស៊ី​វ៉ា​ បាន​ធ្វើការ​ពិសោធ​លើ​រឿង​ការ​មាន​អាយុវែង​នេះ​ ដោយ​បាន​តាមដាន​សង្កេតមើល​ទង្វើ​ និង​ទម្លាប់​របស់​ក្រុម​មនុស្ស​ចាស់​ៗ ហើយ​បាន​រក​ឃើញថា​ មនុស្ស​វ័យ​ចំណាស់​ភាគច្រើន​ ច្រើនតែ​មាន​អារម្មណ៍ល្អ​ និង​ជា​មនុស្ស​ដែល​ងាយ​អស់សំណើច​ ហើយ​អ្នក​ដែល​មាន​អាយុ​លើស100ឆ្នាំ​ ជាង230នាក់​ក៏​មាននិស្ស័យ​ឆាប់​អស់សំណើច​បែបនេះ​ដូចគ្នា​ដែរ​ ដែល​រឿង​នេះ​ធ្វើ​ឱ្យ​គេ​ល្មម​អាច​វាយតម្លៃ​បាន​ថា​ អាការ​ងាយ​ញញឹម​ និង​ងាយ​សើច​នេះ​ គឺជា​គុណសម្បត្តិ​លេចធ្លោ​មួយ​ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ទស្សន​គតិ​ដ៏​ល្អ​របស់​បុគ្គល​ម្នាក់​នោះ​ ហើយ​ការរស់នៅ​ប្រកបដោយ​ទស្សន​គតិ​ដែល​ល្អ​នេះ​ នឹង​ធ្វើ​ឱ្យ​អារម្មណ៍​និង​ផ្លូវចិត្ត​ភ្លឺ​ថ្លា​ស្រឡះ​ ដែល​វា​នឹង​ទៅ​ពាក់ព័ន្ធ​ជាមួយនឹង​សុខភាព​ក្នុង​ចំ​ណុ​ចល្អៗ​ជាច្រើន​ទៀតផង​។

    3. មាន​ទំនាក់ទំនង​ និង​អំណោយទាន​ល្អ​
    លទ្ធផល​នៃ​ការវិភាគ​ស្រាវជ្រាវ​ដែល​បាន​បោះពុម្ព​ផ្សាយ​នៅក្នុង​ទស្សនាវដ្តី​ PloS​ Medicine​ កាលពី​ឆ្នាំ2010​ បាន​បង្ហាញ​ឱ្យ​ឃើញថា​ ក្រុម​មនុស្ស​ដែល​មាន​ទំនាក់ទំនង​ល្អ​ និង​មាន​អំណោយទាន​ល្អ​ អាច​មាន​អាយុវែង​ឡើង​រហូតដល់​ 50​% ដោយ​អត្ថបទ​នោះ​បាន​អធិប្បាយ​ទៀត​ថា​ ការ​ចង​សម្ពន្ធភាព​រវាង​បុគ្គល​ មិនមែន​មានផល​ប្រយោជន៍​តែ​ខាង​ផ្នែក​ផ្លូវចិត្ត​របស់​យើង​ប៉ុណ្ណោះទេ​ តែ​នៅ​មានផល​ប្រយោជន៍​ល្អ​ៗខាង​ផ្នែក​សុខភាព​រាងកាយ​ទៀតផង​ ព្រោះ​ការបាន​ចេញទៅ​នៅក្នុង​សង្គម​ដែល​សម្បូរ​បែប​ នឹង​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ទស្សនៈ​ថ្មី​ៗ បានដឹង​ពី​ព័ត៌មាន​ និង​សារៈ​សំ​ខាន់​ផ្សេង​ៗ និង​ថែមទាំង​បាន​រួម​ផ្លាស់​ប្តូរ​អារម្មណ៍​រវាង​គ្នា​ទៅវិញទៅមក​ទៀតផង​។

    4. សម្លឹង​មើល​អ្វី​ៗជុំវិញ​ខ្លួន​ក្នុង​ន័យ​វិជ្ជមាន​
    មនុស្ស​ដែល​មាន​លក្ខណៈ​និស្ស័យ​សម្លឹង​អ្វី​ៗជុំវិញ​ខ្លួន​ក្នុង​ន័យ​ល្អ​ ក៏​មាន​សញ្ញា​ថា​នឹង​មាន​អាយុវែង​ដូចគ្នា​ដែរ​ ដោយ​អ្នកវិភាគ​ទាំងនោះ​បាន​ធ្វើការ​អធិប្បាយ​គាំទ្រ​លទ្ធផល​នៃ​ការវិភាគ​របស់​ខ្លួន​ថា​ បុគ្គលភាព​ និង​លក្ខណៈ​និស្ស័យ​សម្លឹង​អ្វី​ៗជុំវិញ​ខ្លួន​ក្នុង​ន័យ​ល្អ​នេះ​ នឹង​ធ្វើ​ឱ្យ​យើង​មាន​ទស្សន​គតិ​បែប​វិជ្ជមាន​ ហុច​ផល​ឱ្យ​ផ្លូវចិត្ត​ និង​សុខភាព​រាងកាយ​បាន​ទទួល​ប្រយោជន៍​ល្អ​ផង​ដែរ​។

    5. មាន​សេចក្តី​សុខ​ជាប់​ជានិច្ច
    ​គេ​និយាយ​ថា​ មនុស្ស​ដែល​មាន​សេចក្តី​សុខ​ជាប់​ជានិច្ច​ ផ្លូវចិត្ត​ក៏​នឹង​ភ្លឺ​ថ្លា​ដែរ​ នោះ​គឺជា​រឿង​ពិត​… មនុស្ស​អាយុ​ច្រើន​ដែល​មាន​សេចក្តី​សុខ​ជាប់​ជានិច្ច​ មាន​អត្រា​នៃ​ការ​ស្លាប់​ថយ​ចុះ​ 35​% ឬមាន​អាយុវែង​ថែម​ឡើង​ទៀត5ឆ្នាំ​។ អ្នកវិភាគ​ស្រាវជ្រាវ​បាន​វាយតម្លៃ​លើ​មនុស្ស​អាយុ​ច្រើន​ជាង3,000នាក់​ ដោយ​បាន​ធ្វើការ​សង្កេត​អត្រា​សេចក្តី​សុខ​របស់​ពួកគេ​រហូត​ពេញ1ថ្ងៃ​ និង​ទន្ទឹងរង់ចាំ​ និង​សង្កេតមើល​លទ្ធផល​នៃ​ការវិភាគ​ 5ឆ្នាំ​តមកទៀត​ ទីបំផុត​លទ្ធផល​នៃ​ការវិភាគ​នោះ​បាន​ធ្វើ​ឱ្យ​ពួកគេ​នឹក​ស្ងើច​ក្នុងចិត្ត​យ៉ាង​ខ្លាំង​ ដោយសារតែ​សេចក្តី​សុខ​អាច​ធ្វើ​ឱ្យ​មនុស្សចាស់​កាន់តែ​មាន​អាយុវែង​ឡើង​បាន​ពិតប្រាកដ​មែន​ សូម្បីតែ​អ្នក​ដែល​កំពុង​មាន​ជំងឺរ៉ាំរ៉ៃ​ ក៏​នៅ​អាច​ប្រគង​ជីវិត​ខ្លួន​ឱ្យ​រស់​បាន5ឆ្នាំ​ទៀត​ដែរ​។

    6. ចូលចិត្ត​ចូលរួម​ក្នុង​សង្គម​
    នៅ​ឆ្នាំ2009​ លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅក្នុង​ទស្សនាវដ្តី​មនុស្សចាស់​របស់​សហរដ្ឋអាមេរិក​ ដែល​បាន​រាយការណ៍​ថា​ អ្នក​ដែល​មាន​អាយុវែង​លើស100ឆ្នាំ​ ដែល​ភាគច្រើន​ ច្រើនតែ​មាន​ទង្វើ​ចូលចិត្ត​ចូលរួម​ក្នុង​សង្គម​ មាន​អត្រា​ប្រថុយ​នឹង​ការ​កើតរោគ​សរសៃ​ប្រសាទ​តិច​បំផុត​ និង​មាន​ភាព​ស្ថិតស្ថេរ​រឹងមាំ​ខាង​អារម្មណ៍​ខ្ពស់​ ធ្វើ​ឱ្យ​ចេះ​ចាត់ការ​នឹង​សភាវ​ធុញថប់​តានតឹង​បាន​ល្អ​ជាង​អ្នក​ដែល​ចូលចិត្ត​តែ​សម្ងំ​ខ្លួន​មិន​ចូលចិត្ត​ចេញទៅ​ក្រៅ​៕

  • មនុស្ស​ចំណាស់​ត្រូវ​យកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព​ផ្លូវចិត្ត​បែប​ណា​?

    មនុស្ស​ចំណាស់​ត្រូវ​យកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព​ផ្លូវចិត្ត​បែប​ណា​?

    មនុស្សចាស់​នៅពេល​ដែល​កើតមាន​ជំងឺ​វិបត្តិ​ផ្លូវចិត្ត​ គឺ​ធ្វើ​ឱ្យ​ពួកគាត់​ប្រឈមមុខនឹង​បញ្ហា​មួយចំនួន​ដូចជា​ អា​រម្ម​ណ៍​រវើយ​រវាយ​ ឆាប់​ឆេវឆាវ​ ​;ឆាប់​ខឹង​ ឆាប់​មួម៉ៅ​ នៅ​មិនសុខ​ស្រណុក​មិន​ស្រួល​ និង​អាច​បង្ក​ជា​ទំនាស់​ជាមួយ​អ្នកដទៃ​ទៀតផង​។ ក្រៅពី​នេះ​ ក៏បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​ពួកគាត់​មានការ​អន់ថយ​ ជាហេតុ​បណ្ដាល​ឱ្យ​ងាយ​នឹង​កើតជំងឺ​ និង​រស់នៅ​មិនបាន​យូរ​ផង​ដែរ​ ហើយ​អ្វី​ដែល​ធ្ងន់ធ្ងរ​បំផុត​នោះ​ គឺ​ ក្នុងករណី​ខ្លះ​អាច​ធ្វើ​ឱ្យ​ពួកគាត់​ ក្លាយជា​មនុស្ស​មានសតិ​មិន​គ្រប់​ថែមទៀត​ផង​។ បើ​រក​ឃើញថា​ ខ្លួនឯង​មាន​អារម្មណ៍​មិនល្អ​យូរថ្ងៃ​ ឬឈាន​ទៅ​រក​វិបត្តិ​ផ្លូវចិត្ត​ សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​អ្នកឯកទេស​វិបត្តិ​ផ្លូវចិត្ត​ ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​បាន​ទាន់ពេល​ កុំឱ្យ​កើតមាន​ជំងឺ​វិបត្តិ​ផ្លូវចិត្ត​ទាន់​។ ដើម្បី​ទប់ស្កាត់​ និង​ព្យាបាល​មនុស្សចាស់​ ដែល​កើតជំងឺ​វិបត្តិ​ផ្លូវចិត្ត​ លោកអ្នក​អាច​អនុវត្ត​តាម​វិធី​ខាងក្រោម​ ៖

    1. ការ​លើកទឹកចិត្ត
    តការថែទាំ​មនុស្សចាស់​ឱ្យ​មាន​សុខភាព​ល្អ​ ទាំង​ផ្លូវចិត្ត​ និង​ផ្លូវកាយ​ អ្នក​អាច​ចាប់ផ្តើម​បាន​ដោយ​ការ​និយាយ​ស្តី​ ដែល​ពួកគាត់​អាច​ទទួលយក​បាន​ និង​សម្រប​ខ្លួន​ដោយខ្លួនឯង​។ ការ​និយាយ​ស្តី​លើក​ទឹកចិត្ត​ ទោះបី​ពិបាក​ យូរ​ៗទៅ​ពួកគាត់​នឹង​យល់​ខ្លួនឯង​ថា​ ត្រូវ​ប្រតិបត្តិ​យ៉ាងណា​។ ជាពិសេស​ការសម្រប​ខ្លួន​ទាំង​ផ្នែក​ទទួលទាន​អាហារ​ ការរស់នៅ​ ការហាត់​ប្រាណ​ ដែល​ស័ក្តិសម​សម្រាប់​វ័យ​ខ្លួនឯង​ ទោះបី​ចិត្ត​គាត់​មានះ​យ៉ាងណា​ក្តី​ បើ​ព្យាយាម​ធ្វើ​ឱ្យ​ពួកគាត់​យល់​ និង​ផ្តល់​កម្លាំងចិត្ត​ដល់​ពួកគាត់​ គឺជា​វិធី​ដ៏​ល្អ​បំផុត​ ដែល​ធ្វើ​ឱ្យ​កើតឡើង​បាន​។

    2. កិច្ច​ហត្ថកម្ម​
    ដូចជា​ការ​ដាំ​ដើមឈើ​ ធ្វើ​ផ្កា​សិប្បនិម្មិត​ ចិញ្ចឹមសត្វ​ លេង​តន្ត្រី​ ស្តាប់ភ្លេង​ សូត្រធម៌​ អាន​សៀវភៅ​ ឬធ្វើ​កិច្ចការ​ផ្ទះ​តិចតួច​។ មនុស្សចាស់​គឺ​មាន​ភាពរឹងមាំ​គ្រប់គ្រាន់​ អាច​ក្រោក​មក​ធ្វើ​នំ​ ឬអាហារ​ មើលថែ​មនុស្ស​នៅក្នុង​ផ្ទះ​ ដោយ​ភាព​សប្បាយ​រីករាយ​ មាន​សេចក្តី​សុខ​ ផ្នែក​ផ្លូវចិត្ត​ ក៏​គួរ​បណ្តោយ​ឱ្យធ្វើ​ខ្លះ​ក៏​ល្អ​ដែរ​ ប្រសិនបើ​ការងារ​នោះ​មិន​ហត់​នឿយ​ខ្លាំង​។

    3. កុំ​ទុក​ឱ្យ​ពួកគាត់​ឯកា​
    មនុស្សចាស់​មិន​ត្រូវ​ទុក​ពួកគាត់​ចោល​ម្នាក់​ឯង​ឡើយ​ ត្រូវ​ចាំ​ថា​ ការកម្សាន្ត​អារម្មណ៍​ និង​និយាយ​កំប្លែង​លេង​ជា​មួ​យេ​ពួកគាត់​ គឺជា​តិចនិក​សំ​ខាន់​ធ្វើ​ឱ្យ​មនុស្ស​ក្នុង​ផ្ទះ​អាយុវែង​ ជាពិសេស​ មនុស្ស​ចាស់ជរា​ ពេល​បាន​សើចញញឹម​ញញែម​ ជួយ​ឱ្យ​ពួកគាត់​មាន​សេចក្តី​សុខ​ និង​រឹងមាំ​ ជាង​អ្នក​ដែល​ស្ថិត​នៅក្នុង​ភាព​តានតឹង​។ ដូច្នេះ​ គួរ​អាន​រឿង​កំប្លែង​ឱ្យ​ពួកគាត់​ស្តាប់​ ឬពិភាក្សា​គ្នា​លេង​នៅកន្លែង​ដែល​មាន​បរិយាកាស​សប្បាយ​ៗ។

    កត្តា​អ្វី​ដែល​ធ្វើ​ឱ្យ​មនុស្ស​វ័យ​ចំណាស់​ងាយ​បាក់ទឹកចិត្ត​?
    – កត្តា​សង្គម​ : មនុស្ស​ដែល​ពួកគាត់​ទុកចិត្ត​បែរជា​ក្បត់ពាក្យសន្យា​ បណ្ដាល​ឱ្យ​ប៉ះពាល់​អារម្មណ៍​ ឬខាតបង់​នូវ​ប្រយោជន៍​ធំ​ណាមួយ​ មាន​គេ​ឈ្នានីស​ រង​សម្ពាធ​ផ្លូវចិត្ត​ពី​នរណា​ម្នាក់​ និង​សង្គម​។
    – កត្តា​គ្រួសារ​ : គ្រួសារ​ក្រីក្រ​ រកមុខ​ខ្វះ​ក្រោយ​ កូន​មិន​ដើរតាមគន្លង​ធម៌​ ក្រោម​ដំបូង​ផ្ទះ​មាន​តែ​ភាព​រកាំរកូស​ ឈ្លោះ​ទាស់ទែងគ្នា​ និង​ជា​ពិ​សេស​ប្ដី​ប្រពន្ធ​មិន​ចុះសម្រុង​គ្នា​ជាដើម​។
    – កត្តា​ផ្ទាល់ខ្លួន​ : មាន​ជំងឺរ៉ាំរ៉ៃ​ប្រចាំ​កាយ​ ឬអស់សង្ឃឹម​នឹង​រឿង​អ្វីមួយ​ ដែល​ខ្លួន​ធ្វើ​មិនបាន​សម្រេច​។
    – ការ​សេព​ថ្នាំញៀន​ និង​សុរា​ : បូក​ផ្សំ​ទាំង​កត្ដា​ចិត្ដ​សា​ស្ដ្ររបស់​សាមីខ្លួន​ទន់ជ្រាយ​ ធ្វើ​ឱ្យ​គាត់​ងាយ​នឹង​កើតជំងឺ​ផ្លូវចិត្ត​។

    ក្នុងករណី​មនុស្សចាស់​មាន​ជំងឺ​វិបត្តិ​ផ្លូវចិត្ត​ ជាដំបូង​ត្រូវ​រក​ឱ្យ​ឃើញ​ដើមហេតុ​នៃ​វិបត្តិ​នោះ​ ហើយ​ព្យាយាម​កែប្រែ​ដើមហេតុ​នោះ​ឱ្យ​ល្អ​ឡើង​វិញ​។ ឧទាហរណ៍​ ម្ដាយ​មាន​វិបត្តិ​ផ្លូវចិត្ត​ ដោយ​សារ​កូន​ និង​កូ​នប្រ​សារ​រស់នៅ​មិន​ចុះសម្រុង​គ្នា​។ ដូច្នេះ​កូន​ និង​កូ​នប្រ​សារ​ ត្រូវតែ​កាត់បន្ថយ​ភាព​រកាំរកូស​ចំពោះមុខ​ម្ដាយ​ ហើយ​និយាយ​លួងលោម​គាត់​ ដូចជា​ សន្យា​ថា​ឈប់​ឈ្លោះ​គ្នា​ចំពោះមុខ​គាត់​ និង​បង្ហាញ​ភាព​ផ្អែមល្ហែម​ចំពោះ​គ្នា​ ឱ្យ​គាត់​ឃើញ​ជា​ញឹម​ញាប់​ជាដើម​៕

  • កូ​លេ​ស្តេ​រ៉ូល​គឺជា​អ្វី​? តើមាន​គ្រោះថ្នាក់​យ៉ាងណា​ខ្លះ​?

    កូ​លេ​ស្តេ​រ៉ូល​គឺជា​អ្វី​? តើមាន​គ្រោះថ្នាក់​យ៉ាងណា​ខ្លះ​?

    គ្រូពេទ្យ​ប្រាប់​ថា​ អាហារ​ដែល​មាន​កូ​លេ​ស្តេ​រ៉ូល​ខ្ពស់​ ប្រថុយ​នឹង​ការ​កើតជំងឺ​បេះដូង​ និង​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល​ គួរ​ចៀសវាង​សាច់សត្វ​ជាប់​ខ្លាញ់​ អាហារ​ដែល​មាន​ខ្លាញ់​ និង​អាហារ​ចៀន​បំពង​។ សង្កត់ធ្ងន់​លើ​អាហារ​ដែល​ធ្វើអំពី​បន្លែ​ ឬសាច់សត្វ​ដែល​មាន​ជាតិ​ខ្លាញ់​តិច​ ដូចជា​ ត្រី​ និង​ចម្អិន​អាហារ​បែប​ស្ងោរ​ ចំហុយ​ ឬញ៉ាំ​ជំនួស​ឱ្យ​ការប្រើ​ខ្លាញ់​ច្រើន​ ដើម្បី​សុខភាព​ដែល​ល្អ​ និង​ឃ្លាតឆ្ងាយ​ពី​ជំងឺ​ចង្រៃ​។

    កូ​លេ​ស្តេ​រ៉ូល​ គឺ​អ្វី​?
    លោក​វេជ្ជបណ្ឌិត​ជំនាញ​ខាង​អាហារ​ និង​សុខ​ភាព​បាន​រៀបរាប់​ថា​ កូ​លេ​ស្តេ​រ៉ូល​ គឺ​ខ្លាញ់​មួយ​ប្រ​ភេទ​ដែល​ចាំបាច់​ចំពោះ​រាងកាយ​ ដើម្បី​នាំទៅ​ប្រើ​ប្រាស់​ក្នុង​កម្ម​វី​ធី​ផលិត​កោ​សិកា​ផ្សេង​ៗ តែបើ​សិន​មានកម្រិត​កូ​លេ​ស្តេ​រ៉ូល​ច្រើនជ្រុល​ពេក​ នឹង​មាន​ភាព​ប្រថុយប្រថាន​ ធ្វើ​ឱ្យ​កើតជំងឺ​ ព្រោះ​កូ​លេ​ស្តេ​រ៉ូ​លនឹង​ទៅ​តោង​ជាប់​នៅ​តាម​បរិវេណ​ជញ្ជាំង​សរ​សៃ​ឈាម​ ធ្វើ​ឱ្យ​ឈាម​ហូរ​មិនបាន​ស្រួល​ ហុច​ផល​ឱ្យ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​មិន​គ្រប់គ្រាន់​ ប្រថុយ​នឹង​ការ​កើតជំងឺ​បេះដូង​ និង​ជំងឺ​សរសៃឈាម​ខួរក្បាល​។

    អាហារ​ដែល​មាន​កូ​លេ​ស្តេ​រ៉ូល​ខ្ពស់
    ​សម្រាប់​អាហារ​ដែល​មាន​កូ​លេ​ស្តេ​រ៉ូល​ខ្ពស់​ នឹង​ប្រទះឃើញ​នៅក្នុង​សាច់សត្វ​ជាប់​ខ្លាញ់​ របស់​ចៀន​បំពង​ បង្អែម​ដែល​មាន​ចំណែក​ផ្សំ​ពី​ម្សៅ​គ្រី​ម ប៊័រ​ និង​ឈីស​ ជាដើម​ ដូច្នេះ​ទើប​គួរ​ចៀសវាង​ទទួល​ទាន​អាហារ​ដែល​មាន​កូ​លេ​ស្តេ​រ៉ូល​ទាំងនេះ​ ដោយ​សង្កត់​លើ​ការ​ទទួលទាន​អាហារ​ដែល​ធ្វើ​ពី​បន្លែ​ ឬសាច់សត្វ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ ដូចជា​ ត្រី​ និង​ញ៉ាំ​អាហារ​ប្រភេទ​ស្ងោរ​ ចំហុយ​ ញាំ​ ជំនួស​ឱ្យ​ការ​ប្រើ​ខ្លាញ់​ច្រើន​(ចៀន​បំពង​)ដើម្បី​សុខភាព​ដែល​ល្អ​ចៀសឆ្ងាយ​ពី​រោគ​ចង្រៃ​។

    គ្រោះថ្នាក់​បណ្ដាល​ពី​កូ​លេ​ស្តេ​រ៉ូ​លក្នុង​ឈាម​
    ខ្ពស់​វេជ្ជបណ្ឌិត​ជំនាញ​ខាងលើ​បាន​បន្ថែម​ថា​ ការ​ទទួលទាន​អាហារ​ដេល​មាន​កូ​លេ​ស្តេ​រ៉ូល​ខ្ពស់​ ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​ជាង​មនុស្សយើង​គិតទៅ​ទៀត​។ សភាវ​កូ​លេ​ស្តេ​រ៉ូ​លក្នុង​ឈាម​ខ្ពស់​ អាច​មាន​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​បេះដូង​ និង​សរសៃ​ឈាម​ ដូចជា​ ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល​ ជំងឺ​បេះដូង​ខ្វះឈាម​ និង​ជំងឺ​រឹង​សរសៃឈាមក្រហម​ ​ដែល​ជាប្រក្រតី​ មិន​គួរ​ទទួលទាន​អាហារ​ដែល​មាន​កូ​លេ​ស្តេ​រ៉ូល​ច្រើនជាង​ 300មីល្លី​ក្រាម​ឡើយ​ក្នុង1ថ្ងៃ​។

    វិធី​បញ្ចុះ​កូ​លេ​ស្តេ​រ៉ូ​លក្នុ​ងរាង​កាយ​
    1.បន្ថយ​ការ​ទទួលទាន​សាច់​ជាប់​ខ្លាញ់​ អា​ហារ​អាំង​ អាហារ​សមុទ្រ​ អាហារ​ចៀន​បំពង​ នំបេ​ឃើ​រី​ បង្អែម​ មិន​គួរ​ទទួលទាន​ច្រើនលើស​ភាព​ចាំ​បាច់​ឡើយ​។
    2.គួរ​ហាត់ប្រាណ​ ដូចជា​ រត់​ ហែលទឹក​ ធាក់​កង់​ យ៉ាងតិច30នាទី​ក្នុង1ថ្ងៃ​។3.មិន​គួរ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជា​តិ​អាល់​កុល​ច្រើនជ្រុល​ពេក​ ដែល​ក្រៅ​ពី​បំផ្លាញ់​ថ្លើម​ហើយ​ នៅ​ហុច​ផល​ដល់កម្រិត​កូ​លេ​ស្តេ​រ៉ូ​លបាន​ទៀត​ផង​។
    4.តម​ជក់បារី​ ព្រោះ​សារធាតុគីមី​ពី​បារី​ជា​កត្តា​សំខាន់​ដែល​ចូល​ទៅ​រាំងស្ទះ​ការ​ធ្វើការ​របស់​កូ​លេ​ស្តេ​រ៉ូ​លប្រ​ភេទ​ល្អ​ ធ្វើ​ឱ្យ​ចំណែក​កូ​លេ​ស្តេ​រ៉ូល​ដែល​លើស​មិន​អាច​ដឹកជញ្ជូន​ឆ្ពោះទៅ​រក​ថ្លើម​បាន​ ជា​មូលហេតុ​ធ្វើ​ឱ្យ​សរសៃឈាម​ត្បៀត​តូច​ដោយសារតែ​ការ​ប្រមូល​សន្សំ​របស់​កូ​លេ​ស្តេ​រ៉ូ​លនៅ​លើ​ជញ្ជាំង​សរសៃឈាម​ និង​ក្លាយជា​ជំងឺ​រឹង​សរសៃឈាមក្រហម​នៅទីបំផុត​៕

  • ទង្វើ​មិនល្អ​ 5យ៉ាង​ ប៉ះពាល់​ដល់​សុខភាព​ ដែល​បុរស​ជាច្រើន​អាច​មិនទាន់​ដឹង​…

    ទង្វើ​មិនល្អ​ 5យ៉ាង​ ប៉ះពាល់​ដល់​សុខភាព​ ដែល​បុរស​ជាច្រើន​អាច​មិនទាន់​ដឹង​…

    មនុស្សជា​ច្រើន​ដែល​ស្រឡាញ់​សុខភាព​ និង​មើលថែ​ទាំ​ខ្លួនឯង​ជាប់​ជានិច្ច​នោះ​ អាច​គិតថា​ បើ​បាន​ហាត់ប្រាណ​ជាប្រចាំ​រៀងរាល់ថ្ងៃ​ និង​ជ្រើសរើស​ទទួលទាន​តែ​អាហារ​ដែល​មានប្រយោជន៍​ ប្រហែលជា​មាន​សុខភាព​ល្អ​មិនខាន​។ មេ​រោ​គផ្សេង​ៗដែល​ជា​មូលហេតុ​ធំ​របស់​ជំងឺ​ទាំងឡាយ​ ច្បាស់ជា​គ្មាន​ផ្លូវ​អាច​ធ្វើអ្វី​រូបគេ​បាន​ឡើយ​។តែ​ការពិត​ទៅ​ ទង្វើ​មួយចំនួន​ដែល​យើង​នាំគ្នា​ធ្វើជា​ប្រក្រតី​រៀង​រាល់​ថ្ងៃនេះ​ឯង​ ដែល​ជា​តួឯក​សំខាន់​អាច​ធ្វើ​ឱ្យ​សុខភាព​របស់​យើង​រង​ការ​ប៉ះពាល់​ និង​ធ្លាក់ចុះ​ដុនដាប​យ៉ាប់យ៉ឺន​នោះ​។ ថ្ងៃនេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន បាន​ទៅ​ស្រាវជ្រាវ​រករឿង​រ៉ាវ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ទង្វើ​ប្រចាំថ្ងៃ​ មក​ជម្រាប​ជូន​មិត្ត​អ្នកអាន​ដែល​ជា​សុភាពបុរស​ឱ្យ​បាន​ជ្រាប​ដូច​ខាងក្រោម​…។

    1. ប្រើ​សា​ប៊ូ​ជេ​លលា​ងសម្អាត​ដៃ​ញឹក​ញាប់​ជ្រុល​ពេក​
    បើ​អ្នក​ គឺជា​មនុស្សម្នាក់​ដែល​ស្ថិត​ក្នុង​ប្រភេទ​ដែល​ត្រូវតែ​លាងដៃ​ ឬប្រើ​ក្រដាសអនាម័យ​ជូត​សម្អាត​ដៃ​យ៉ាង​ហ្មត់ចត់​រៀងរាល់​ក្រោយពេល​ចាប់​ឃីបត​កុំព្យូទ័រ​ ចាប់​បង្កាន់ដៃ​ជណ្តើរ​ ចាប់ដៃ​ទ្វារ​បន្ទប់​បង្គន់​ហើយ​ ប្រភេទ​មិន​ទុក​ឱកាស​ឱ្យ​មេរោគ​កខ្វក់​ណាម​កតោង​ជាប់ដៃ​បាន​យូរ​នោះ​ វា​គឺជា​រឿង​ល្អ​មួយ​ហើយដែល​អ្នក​ស្រឡាញ់​ភាព​ស្អាតបាត​មាន​អនាម័យ​បែប​នោះ​ តែ​ការពិត​វិញ​ សា​ប៊ូ​ជេល​ និង​ក្រដាសជូតដៃ​ប្រភេទ​សើម​នេះ​ហើយដែល​ជា​មេ​ក្លោង​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ទៅជា​ស្ងួត​ខ្លាំង​នោះ​ ព្រោះ​ឧបករណ៍​លាង​សម្អាត​ដៃ​ទាំងអស់​នោះ​ មាន​ចំណែក​ផ្សំ​របស់​ត្រៃ​ខ្លូ​សាន​ (Triclosan​)ជា​សារធាតុ​មួយ​មានគុណ​សម្បត្តិ​ក្នុង​ការ​ទប់​ស្កាត់​មេរោគ​បាក់តេរី​រួម​ជាមួយ​ដែរ​ ដោយ​ស្បែក​នឹង​បឺត​យក​សារធាតុ​នេះ​ចូល​ទៅ​បាន​យ៉ាង​ងាយស្រួល​ ហើយ​លទ្ធផល​ដែលតា​មមក​ គឺ​ស្បែក​នឹង​ឡើង​ស្ងួត​ក្រៀម​ហ្នឹងឯង​។ វិធី​ដែល​ល្អ​បំផុត​ គឺ​ចូលបន្ទប់​ទឹក​លាង​សម្អាត​ដៃ​ជាមួយនឹង​សាប៊ូ​ និង​ទឹក​ស្អាត​ធម្មតា​ប្រសើរ​ជាង​។

    2. ញ៉ាំទឹក​បរិសុទ្ធ​ពី​ក្នុង​ដប​ (មិនដែល​ចាក់​ចូល​កែវ​ញ៉ាំ​)
    យើង​ជឿ​ថា​ បុរស​ភាគច្រើន​សុទ្ធតែ​ជ្រើសរើស​ញ៉ាំទឹក​ដោយ​វិធី​នេះ​ទាំងអស់​ ព្រោះ​វា​ងាយស្រួល​ រហ័ស​ ហើយ​ថែម​ទាំង​មិនបាច់​ខាតពេល​លាង​សម្អាត​កែវ​ទៀត​ផង​ តែ​អ្នកដឹង​ទេ​ថា​ កម្មវិធី​ផលិត​ទឹក​ពិសា​នៅក្នុង​ដប​ប្លាស្ទិក​ផ្សេង​ៗនេះ​ធ្វើ​ឱ្យ​សារធាតុ​រ៉ែ​សំ​ខាន់​ៗនៅក្នុង​ទឹក​បាត់បង់​អស់​ ហើយ​វា​នឹង​ចូល​ទៅ​រាំងស្ទះ​ប្រព័ន្ធ​ការ​ធ្វើការងារ​ក្នុង​ផ្នែក​សាង​កម្លាំងថាមពល​ និង​ប្រព័ន្ធ​ការ​ជួសជុល​សាច់ដុំ​ឱ្យធ្វើ​ការ​មិនបាន​ពេញសមត្ថភាព​ទៀតផង​។

    3. ឈប់​ហាត់ប្រាណ​បែ​បការ៍​ឌី​យោ​ ហើយ​បែរ​ទៅ​ហាត់ប្រាណ​លើក​ទម្ងន់​វិញ​
    អ្នកណា​ដែល​ប្រាប់​ថា​ វិធី​ហាត់​ប្រាណ​បែ​បការ៍​ឌី​យោ​ មិនបាន​ជួយ​បញ្ចុះទម្ងន់​ស្មើនឹង​ការ​បញ្ចេញ​កម្លាំង​លើក​ទម្ងន់​(ដុំដែក​)នោះ​ ប្រហែលជា​ត្រូវ​គិត​ឡើងវិញ​ជាថ្មី​ហើយ​ ព្រោះ​ទោះជា​ការ​លើក​ទម្ងន់​វា​ជួយ​ផ្លាស់​ប្តូរ​ដុំ​ខ្លាញ់​ជ្រាយ​ៗឱ្យ​ក្លាយទៅជា​សាច់ដុំ​បាន​មែន​ តែបើ​មិន​ធ្វើលំ​ហាត់ប្រាណ​បែ​បការ៍​ឌី​យោ​រួម​ជាមួយ​ផង​ទេ​នោះ​ លទ្ធផល​ដែល​ទទួល​បាន​ ប្រហែលជា​មិនសូវ​មើលឃើញ​ច្បាស់លាស់​ប៉ុន្មាន​ទេ​។ ដូច្នេះ​ចូរ​សាកល្បង​បែងចែក​ពេលវេលា​មក​រត់​ មក​ហែលទឹក​ ឬក៏​ធាក់កង់​រួម​ជាមួយ​ផង​ ធានា​ថា​ ទម្ងន់​ខ្លួន​ដែល​លើស​នោះ​ នឹង​រលាយ​បាត់​ជា​សន្សឹម​ៗនៅទីបំផុត​។

    4. ដុស​សម្អាត​ធ្មេញ​ភ្លាម​ៗក្រោយពេល​បាយ​រួច
    ​មនុស្ស​ភាគច្រើន​ ច្រើនតែ​ធ្វើតាម​ការណែនាំ​ក្នុង​រឿង​ការ​សម្អាត​ធ្មេញ​ថា​ ត្រូវតែ​ដុស​សម្អាត​ធ្មេញ​ 2ដង​ គឺ​ពេលព្រឹក​ និង​មុន​ចូលគេង​រៀងរាល់ថ្ងៃ​ ក្នុង​ខណ:ដែល​អ្នកខ្លះ​ខ្លាច​ធុំក្លិន​មាត់​ ឬខ្លាច​មាន​កម្ទេច​អាហារ​នៅ​ជាប់​តាម​ជើងធ្មេញ​នោះ​ ក៏​សម្រេចចិត្ត​ដុស​សម្អាត​ធ្មេញ​ និង​មា​ត់​ភ្លាម​ៗតែម្តង​ក្រោយពេល​ញ៉ាំ​បាយ​ហើយ​រួចរាល់​។ តែ​អ្នកដឹង​ទេ​ថា​ ទង្វើ​នេះ​វា​ហុច​នូវ​ផល​អាក្រក់​ដល់​សុខភាព​ធ្មេញ​របស់​អ្នក​លើស​មុន​ទៅទៀត​ ដោយសារតែ​អាស៊ីត​ខ្លាញ់​ដែល​នៅ​សេសសល់​ជាប់​នៅ​លើ​ធ្មេញ​ និង​ក្នុង​ប្រអប់មាត់​ វា​នឹង​ទៅ​បំផ្លាញ​ស្រទាប់​ស្រោប​ខាងក្រៅ​របស់​ធ្មេញ​ ហើយ​បើសិនជា​ធ្វើបែប​នោះ​ញឹកញាប់​ទៅ​ ស្រទាប់​ក្រៅ​របស់​ធ្មេញ​នឹង​ត្រូវ​បំផ្លាញ​ជានិរន្តរ៍​បាន​យ៉ាង​ងាយ​ ក្រៅពី​នេះ​នៅ​មាន​អាការ​ស្រៀវធ្មេញ​តាម​មក​ទៀតផង​។ តែបើ​សិន​ជា​ទ្រាំមិនបាន​ ចង់តែ​ដុស​សម្អាត​ធ្មេញ​មែន​នោះ​ ឡា​រ៉ែ​ន សុំ​ណែនាំ​ឱ្យ​រង់ចាំ​យ៉ាងតិច​ណាស់​ 1ម៉ោង​ក្រោយ​ សឹម​ធ្វើការ​ដុស​សម្អាត​ធ្មេញ​ចុះ​។

    5. ពាក់​ស្បែកជើងផ្ទាត់​ដើរ​ពេញ​ 1ថ្ងៃ​
    សូម​ទទួលស្គាល់​ថា​ ស្បែកជើង​ផ្ទាត់​ គឺជា​ស្បែកជើង​ដែល​ពាក់​ស្រួល​និង​សប្បាយ​ស្រួល​ជើង​ជាទីបំផុត​តែ​មាន​នរណា​ដឹង​ខ្លះ​ទេ​ថា​ ការ​ពាក់​ស្បែកជើង​ផ្ទាត់​ចេញពីផ្ទះ​ ដើរទៅ​នេះ​ ដើរទៅ​នោះ​ពេញ​ 1ថ្ងៃ​នោះ​ បែរជា​ហុច​ផល​អាក្រក់​ដល់​សុខភាព​ជើង​យ៉ាង​ខ្លាំង​ទៅវិញ​(ជាពិសេស​បរិវេណ​បាត​ជើង​) ដូច្នេះ​បើសិនជា​អាច​ទៅរួច​ ឡា​រ៉ែ​ន ចង់​ណែនាំ​ឱ្យ​ងាក​ទៅ​ពាក់​ស្បែកជើង​បែប​ផ្សេង​ខ្លះ​ ដូចជា​ស្បែកជើងបាតា​ជាដើម​ ទោះជា​វា​មិនសូវ​សប្បាយ​ជើង​ដូច​ស្បែកជើងផ្ទាត់​មែន​ តែ​យ៉ាងហោចណាស់​ក៏​វា​មិន​បំផ្លាញ​សុខភាព​ជើងខ្លាំង​ពេក​ដែរ​៕