Category: សុខភាព

  • ជំងឺ​ ដែល​មកជា​មួយ​ គ្រោះទឹកជំនន់

    ជំងឺ​ ដែល​មកជា​មួយ​ គ្រោះទឹកជំនន់

    នៅពេល​ទឹកជំនន់​កើតឡើង​ រឿង​ដែល​យើង​គួរ​ធ្វើ​បំផុត​នោះ​គឺ​ ការ​តាំង​សតិអារម្មណ៍​ តាមដាន​ព័ត៌មាន​ ហើយ​ត្រូវ​ជម្លៀស​ទៅ​កន្លែង​ខ្ពស់​ឱ្យ​បាន​ឆាប់​បំផុត​។ ក្នុងករណី​មាន​ស្ថានភាព​ទឹកជំនន់​ខ្ពស់​ ឬហាក់ដូចជា​មិន​មាន​សភាព​ប្រសើរ​ឡើង​ អ្នក​គួរតែ​ធ្វើតាម​ដំបូន្មាន​របស់​មន្ត្រី​គ្រប់គ្រង​គ្រោះ​មហ​ន្ដ​រាយ​យ៉ាង​ម៉ឺងម៉ាត់​ និង​ត្រូវ​ឱ្យ​ប្រាកដ​ដែរ​ថា​ អ្វី​ដែល​កើតឡើង​មក​ជាមួយ​ទឹកជំនន់​ មិន​ត្រឹមតែ​បង្ក​ការខូចខាត​ ឬឈឺចាប់​ដល់​អ្នកភូមិ​អ្នកស្រុក​ប៉ុណ្ណោះទេ​ ប៉ុន្តែ​នៅក្នុង​ស្ថានភាព​ទឹកជំនន់​នៅ​បាន​នាំមក​នូវ​ពពួកសត្វ​ល្មូន​ សត្វល្អិត​ចង្រៃ​ រួម​ទាំង​ជំងឺ​មួយចំនួន​ផង​ដែរ​។ ហេតុដូច្នេះ​ហើយ​ថ្ងៃនេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន សូមជម្រាប​ជូន​នូវ​ប្រភេទ​ជំងឺ​មួយចំនួន​ដែល​នឹង​នាំមក​នូវ​គ្រោះអាក្រក់​ដែល​បណ្តាល​មក​ពី​មហន្តរាយ​ទឹកជំនន់​ និង​វិធីការ​ពារ​សុខភាព​ឱ្យ​គ្នា​ទៅវិញទៅមក​។

    1. ជំងឺ​ផ្លូវដង្ហើម​ : ជំងឺ​ផ្តាសាយ​ ជំងឺ​ផ្តាសាយ​ធំ​ ជំងឺ​រលាក​សួត​
    រោគសញ្ញា​សំ​ខាន់​ៗ
    – មាន​គ្រុនក្តៅ​ (ក្តៅ​) ឈឺបំពង់ក​ ហៀរសំបោរ​ និង​ក្អក​។
    – សម្រាប់​ជំងឺ​ផ្តាសាយ​ ជា​ញឹកញាប់​មានការ​ឈឺចាប់​រាងកាយ​ច្រើន​ ហើយ​កើត​អាការ​ធុញ​អាហារ​ផង​ដែរ​។
    – ចំពោះ​ជំងឺ​រលាក​សួត​ ជា​ញឹកញាប់​គឺ​មាន​ក្អក​ស្លេ​សលឿង​ ឬបៃតង​ ឈឺទ្រូង​ និង​ដកដង្ហើម​ពិបាក​។

    វិធីការ​ពារ
    ​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នក​កក់ក្តៅ​ ចៀសវាង​ការ​ហែលទឹក​ ឬត្រាំទឹក​ក្នុងរយៈពេល​យូរ​។ កុំ​ស្លៀក​សម្លៀកបំពាក់​សើម​ ជូត​ខ្លួន​អ្នក​ឱ្យ​ស្ងួត​ និង​ស្លៀក​សម្លៀកបំពាក់​ដែល​ក្រាស់​ល្មម​។ ប្រសិន​បើ​អាកាសធាតុ​ត្រជាក់​ ចៀសវាង​ការ​នៅ​ជិត​អ្នកជំងឺ​ផ្តាសាយ​។ គ្រប​មាត់​ និង​ច្រមុះ​ដោយ​ក្រណាត់​ ឬម៉ាស​ ប្រសិនបើ​ចាំបាច់​ត្រូវ​ទៅ​ជិត​ ឬដើរ​ឆ្លងកាត់​អ្នកជំងឺ​ផ្ដា​យសាយ​។ កុំ​ចែករំលែក​របស់របរ​ផ្ទាល់ខ្លួន​ទៅកាន់​អ្នកជំងឺ​ ក្នុងអំឡុងពេល​មាន​ជំងឺ​ផ្តាសាយ​កើតឡើង​។ គួរ​លាងដៃ​ឱ្យ​បាន​ញឹកញាប់​ ជាមួយ​សាប៊ូ​ និង​ទឹក​ ឬប្រើ​ជែល​អាល់កុល​ ដើម្បី​សម្លាប់​មេរោគ​លើ​បាតដៃ​។ សម្រាប់​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ ដូចជា​ អាយុ​លើស​ពី65ឆ្នាំ​ឡើង​ ប្រសិន​លោកអ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ ជំងឺបេះដូង​ ជំងឺហឺត​ ជំងឺ​ស្ទះ​សួត​ ជំងឺថ្លើម​រ៉ាំរ៉ៃ​ ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​ អេដស៍​ ស្ត្រី​មានផ្ទៃពោះ​ អ្នក​ជក់បារី​ ឬធាត់​ គួរ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​។

    2. ជំងឺ​ដែល​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយអាហារ​ :
    រាករូស​ ពុល​ចំណី​ អាសន្នរោគ​ គ្រុន​ពោះវៀន​ ពុល​អាហារ​មាន​សត្វល្អិត​។
    រោគសញ្ញា​សំ​ខាន់​ៗ
    – បន្ទោបង់​រាវ​ ឬជា​ទឹក​ ឬមាន​រាក​មួល​លាយ​ឈាម​ ឈឺពោះ​ ចង្អោរ​ក្អួត​ និង​អាច​ក្តៅ​ខ្លួន​ផង​ដែរ​។
    – ចំពោះ​ជំងឺ​គ្រុនពោះវៀន​ ជា​រឿយ​ៗមាន​គ្រុនក្តៅ​ខ្លាំង​គ្រប់ពេល​ សម្រាប់​មួយ​សប្តាហ៍​ឡើង​ មាន​អាការ​ឈឺក្បាល​ និង​បាត់បង់​ចំណង់​អាហារ​ជាដើម​។

    វិធីការ​ពារ​
    មិន​ត្រូវ​បរិភោគ​អាហារ​ដែល​មិនបាន​ចម្អិន​និង​មិនបាន​លាង​សម្អាត​ឡើយ​ ក៏​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​មាន​រុយរោម​ ឬទុកចោល​មួយ​យប់​ឬអាហារ​មាន​ក្លិនស្អុយ​។ ត្រូវ​ទទួលទានទឹក​ស្អាត​ដូចជា​ ទឹក​ដប​ ឬទឹក​ដាំ​ពុះ​។ លាងដៃ​របស់​អ្នក​គ្រប់ពេលវេលា​ជាមួយ​សាប៊ូ​ និង​ទឹក​ស្អាត​ ហើយ​ខណៈ​ពេល​ចម្អិន​ និង​រៀបចំ​ម្ហូប​ មុន​ពេល​ញ៉ាំ​ ក៏​ត្រូវ​ធ្វើការ​សម្អាត​ដៃ​ដែរ​។ កុំ​បន្ទោបង់​ដោយ​ផ្ទាល់​ទៅ​ក្នុងទឹក​ អ្នក​គួរតែ​បន្ទោបង់​នៅ​ក្នុង​បង្គន់​អនាម័យ​។ ករណី​មាន​អាការ​រាក​មួល​ខ្លាំង​ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ព្យាបាល​ជាបន្ទាន់​។

    3. ជំងឺឆ្លង​ពី​សត្វ​មូស​ : ជំងឺគ្រុនឈាម​
    រោគសញ្ញា​សំ​ខាន់​ៗ
    – ទ្បើង​កម្តៅ​ខ្លួន​ខ្លាំង​ភ្លាម​ៗ និង​មាន​អាការ​ញាក់​។
    – ឈឺចាប់​ពេញ​ខ្លួនប្រាណ​ មាន​អារម្មណ៍​ពិបាក​ទ្រាំ​ និង​អស់កម្លាំង​។
    – ឈឺក្បាល​ និង​ឈឺបំពង់ក​។
    – ប៉ុន្មាន​ថ្ងៃក្រោយ​មក​ ឬជិត​មួយ​សប្ដាហ៍​ មាន​ចេញ​កន្ទួល​ក្រហម​ដូចជា​ ស្នាម​មូស​ខាំ​នៅត្រង់​ប្រអប់ដៃ​ និង​ប្រអប់ជើង​ រួច​រាលដាល​ដល់​ពេញ​រាងកាយ​ទាំងមូល​ តែ​ជាទូទៅ​កន្ទួល​ក្រហម​នេះ​មិនកើត​នៅ​លើ​ផ្ទៃមុខ​ឡើយ​។
    – ចំពោះ​កុមារ​វិញ​ អាច​មាន​រោគ​សញ្ញា​ក្អូ​តចង្អោរ​ ឬមាន​ច្រាល​ឈាម​ជាដើម​។
    – រោគសញ្ញា​ធ្ងន់ធ្ងរ​នៃ​ជំងឺគ្រុនឈាម​ គឺ​អាច​បណ្តាល​ឱ្យ​មានការ​ហូរឈាម​តាម​ស្បែក​ មាន​ចំណុច​ខ្មៅ​ជាំ​តូច​ៗ ឬឃើញ​មាន​សញ្ញា​ហូរឈាម​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​រាងកាយ​។

    វិធី​បង្ការ
    ​ដោយហេតុថា​ បច្ចុប្បន្ន​នេះ​ថ្នាំចាក់​វ៉ាក់សាំង​ការពារ​ជំងឺគ្រុនឈាម​ពុំ​ទាន់​ត្រូវ​បាន​អ្នក​វេជ្ជ​សាស្ត្រ​រក​ឃើញ​នោះ​ទេ​ ដូច្នេះ​វិធី​ល្អ​បំផុត​ ដើម្បី​បង្ការ​ខ្លួន​ពី​ជំងឺគ្រុនឈាម​ គឺ​ការពារ​ខ្លួន​កុំឱ្យ​មូស​ខ្លាខាំ​។
    ខាងក្រោម​នេះ​ជា​ដំ​បូ​ន្មាន​ខ្លះ​ៗ ដើម្បី​បង្ការ​ជំងឺគ្រុនឈាម​៖
    – ប្រើប្រាស់​គ្រប់​មធ្យោបាយ​ ដើម្បី​កម្ចាត់​ជម្រក​មូស​។
    – គេង​ក្នុង​បន្ទប់​មាន​ម៉ាស៊ីន​ត្រជាក់​ ឬគេង​ក្នុង​មុង​ឱ្យ​បាន​ត្រឹមត្រូវ​។
    – ចៀស​ឱ្យ​បាន​នៅ​ទីកន្លែង​មាន​មូស​ខាំ​ ជាពិសេស​រដូវភ្លៀង​។
    – ពាក់​ខោ​អាវ​វែង​ៗ។
    – ប្រើប្រាស់​ថ្នាំ​បណ្ដេញ​មូស​ពី​ក្នុង​ផ្ទះ​ និង​បន្ទប់គេង​។

    ការ​ព្យាបាល​
    ជាទូទៅ​ ការ​ព្យាបាល​ជំងឺគ្រុនឈាម​ ក្រៅពី​ប្រើប្រាស់​វិធី​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​ហើយ​ គ្រូពេទ្យ​តែង​ណែនាំ​ឱ្យ​អ្នកជំងឺ​ផឹកទឹក​ឱ្យ​បាន​ច្រើន​ជានិច្ច​។
    ចំពោះ​ការ​ព្យាបាល​អ្នកជំងឺ​គ្រុនឈាម​កម្រិត​ធ្ងន់​ គ្រូពេទ្យ​តម្រូវ​ឱ្យ​៖
    – អ្នកជំងឺ​ត្រូវ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ
    ​- បញ្ចូល​ជាតិទឹក​តាម​សរសៃ​ និង​ជំនួស​អេ​ឡិច​ត្រូលី​ត្រ​ដែល​បាត់បង់​។
    – តាមដាន​សម្ពាធ​ឈាម​។
    – បញ្ចូល​ឈាម​ ដើម្បី​ជំនួស​ការបាត់បង់​ឈាម​។

    4. ជំងឺឆ្លង​តាម​ទឹក​ : កត្តា​ចម្បង​ដែល​ជំរុញ​ឱ្យ​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​ទាំងឡាយ​ដែល​ទាក់ទង​ទៅ​នឹង​ទឹកជំនន់​គឺ​ការ​បរិភាគ​ទឹក​មិន​ស្អាត​។
    ជំងឺ​ទាំងនោះ​អាច​ជា​ ជំងឺ​គ្រុនពោះវៀន​ អា​សន្ន​រោគ​ រលាក​ថ្លើម​ប្រភេទA​ និង​ Lepto​spirosis​ ជាដើម​។ Leptospirosis​ ជា​ជំងឺឆ្លង​ដែល​បង្ក​ដោយ​មេរោគ​ពពួក​ Leptospira​ ដែល​ឆ្លង​មក​ពី​សត្វពាហនៈ​ បក្សី​ ពពួកសត្វ​កង្កែប​ និង​ពពួកសត្វ​កកេរ​ ពិសេស​គឺ​កណ្តុរ​ដែល​មាន​ផ្ទុកមេរោគ​នេះ​។ វា​ឆ្លង​មក​មនុស្ស​តាមរយៈ​ការ​ប៉ះពាល់​ឈាម​ សំបោរ​ ទឹកនោម​ ឬទឹក​ និង​ដីសើម​ ឬរុក្ខជាតិ​ជាដើម​ ដែល​ប្រឡាក់​ទឹកនោម​របស់​សត្វ​ទាំងនោះ​។ ក្នុង​ជំងឺ​ Leptospirosis​ នេះ​អ្នកជំងឺ​អាច​ស្តែង​ចេញ​ជា​អាការ​គ្រុនក្តៅ​ខ្លាំង​ (38ទៅ40អង្សា​រ) ឈឺក្បាល​ខ្លាំង​ ក្អួត​ចង្អោរ​ មិន​ឃ្លាន​អាហារ​ ឈឺ​សាច់ដុំ​ និង​ក្អក​។ក្នុងករណី​ធ្ងន់ធ្ងរ​វា​អាច​ទៅជា​រលាក​ស្រោមខួរ​ក្បាល​ ខូច​ថ្លើម​ និង​ស្លាប់​នៅទីបំផុត​។ ជំងឺ​នេះ​អាច​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ប្រភេទ​ Doxycy​cline​។ ទឹកដែល​មាន​លាយ​លាមក​ជ្រូក​ច្រើន​អាច​ចម្លងជំងឺ​ Balantidiasis​ ដែល​បង្ក​ឱ្យ​មាន​អាការ​រា​ករុស​ ឬទល់លាមក​។

    ការ​ប៉ះពាល់​ទឹក​កខ្វក់​អាច​ឈាន​ទៅ​រក​ជំងឺ​មួយចំនួន​ដូចជា​ ដំបៅក្លាយ​ រលាក​សើស្បែក​ ឈឺ​ភែ្ន​ក ឆ្លង​រោគ​ក្នុង​ត្រចៀក​ ច្រមុះ​ និង​បំពង់ក​។ មាន​សេចក្តី​រាយការណ៍​ជាច្រើន​បាន​បង្ហាញថា​ មាន​ជំងឺភ្នែកក្រហម​ ដែល​ប្រជាជនទូទៅ​ស្គាល់​ថា​ជា​ជំ​ងឺ​ឈឺ​ភែ្ន​ក។ ករណី​ទាំងនេះ​ច្រើន​ជា​ជំងឺ​រលាក​ ដែល​បង្ក​ដោយ​វីរុស​ ឬបាក់តេរី​ដែល​វា​ឆ្លង​ពី​មនុស្សម្នាក់​ទៅ​ម្នាក់ទៀត​តាម​ការប្រើ​ប្រាស់​របស់របរ​រួមគ្នា​ជាមួយ​អ្នកជំងឺ​។

    វិធីការ​ពារ​
    – ការ​លាងដៃ​នឹង​សាប៊ូ​ ប្រើ​ទឹក​ស្អាត​ ឬទឹក​ឆ្អិន​មក​លាងមុខ​អាច​ជួយ​កាត់បន្ថយ​ការ​ចម្លង​នៃ​ជំងឺ​នេះ​។
    – អាការ​រកាំភ្នែក​ អាចម៍ភ្នែក​ច្រើន​អាច​មាន​សភាព​ធ្ងន់ធ្ងរ​អស់​រយៈពេល3ទៅ5ថ្ងៃ​ដំបូង​ មុន​និង​បាន​ធូរស្រាល​ ហើយ​អាច​បន្ត​រហូត​ទៅដល់​2ទៅ3សប្តាហ៍​ ទើប​អ្នកជំងឺ​អាច​ធូរស្បើយ​បាន​។
    – ការ​ស្អំ​ភ្នែក​ដោយ​ទឹក​ត្រជាក់​ ឬទឹក​ក្តៅ​ឧណ្ហ​ៗអាច​ជួយ​បន្ថយ​អាការ​ក្រហាយ​ រកាំ​ និង​ហៀរ​ខ្ទុះ​(អាចម៍ភ្នែក​)បាន​។

    5. ជំងឺឆ្លង​ដោយ​សត្វល្អិត​ : នៅពេល​ដែល​ទឹកស្រក​ទៅ​ អ្នក​គួរ​បង្ហូរ​ទឹកដក់​ទាំងឡាយ​ចោល​ ហើយ​បំផ្លាញ​ចោល​របស់របរ​ ឬវត្ថុ​ទាំងឡាយ​ដែល​អាច​ដក់​ទឹកបាន​។អ្នក​គួរ​ប្រើ​ថ្នាំ​ DEET​ ដើម្បី​ដេញ​សត្វល្អិត​កុំឱ្យ​មក​ជិត​ខ្លួន​។ ស្លៀកពាក់​ខោអាវ​ជិ​តៗ​ អាវដៃវែង​ខោជើងវែង​ និង​ស្រោមជើង​ពេល​ចេញក្រៅ​ផ្ទះ​ជាពិសេស​ពេល​ព្រលឹម​ និង​ពេល​ព្រលប់​ជា​ពេល​ដែល​មាន​មូស​ច្រើន​។ ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​មួយចំនួន​ដូចជា​ មេរោគ​របេង​ រលាក​ថ្លើម​ប្រភេទ​ A B និង​ C, Rotavirus​ ដែល​ធ្វើ​ឱ្យ​មាន​ជំងឺរាក​ គ្រុនពោះវៀន​ និង​ជំងឺអាសន្នរោគ​។

    វិធីការ​ពារ​
    – ដាំទឹក​ឱ្យ​ពុះ​ឱ្យ​បាន1នាទី​ ឬ3នាទី​ចំពោះ​អ្នក​ដែល​នៅ​តំបន់​ភ្នំ​ ឬខ្ពង់រាប​ (រយៈកម្ពស់2,000​ម៉ែត្រ​ពី​ទឹកសមុទ្រ​)។
    – ប្រើ​ថ្នាំ​សម្លាប់​មេរោគ​ដាក់​ក្នុងទឹក​
    – ប្រើ​ Tincture​ of​ iodine​ 2% 5តំណក់​ក្នុងទឹក​ថ្លា1លីត្រ​ 10តំណក់​ក្នុងទឹក​ល្អក់​។
    – ថ្នាំ​គ្រាប់​មាន​ជា​តិ​អុី​យ៉ូ​ដដទៃទៀត​មាន​Potable​ Aqua​, Globaline​ tablets​, Coghlan’s​ tablets​។- ថ្នាំ​គ្រាប់​ក្ល​រី​នមួយចំនួន​មាន​ដូចជា​ Hala​zone​, Aquamira​, Potable​ Aqua​ Chlorine​ PSI​ និង​ PUR​។
    – និង​ប្រើ​ឧបករណ៍​ច្រោះ​ទឹកជា​ដើម​៕

  • “ហូរឈាម​ច្រមុះ​” មិនមែន​ជា​រឿង​ធម្មតា​ទេ​ បើ​កូន​មាន​អាការ​បែបនេះ​!

    “ហូរឈាម​ច្រមុះ​” មិនមែន​ជា​រឿង​ធម្មតា​ទេ​ បើ​កូន​មាន​អាការ​បែបនេះ​!

    ចំពោះ​កូនក្មេង​ ច្រើនតែ​មាន​បញ្ហា​រឿង​ហូរឈាម​ចេញ​តាម​ច្រមុះ​ជា​ញឹកញាប់​ ក្មេង​ខ្លះ​កើត​អាការ​នេះ​ធ្ងន់ធ្ងរ​ តែ​ក្មេង​ខ្លះ​ក៏​មិនជា​ធ្ងន់ធ្ងរ​អ្វី​ដែរ​ តែ​អាការ​បែបនេះ​មួយចំនួន​គួរតែ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​ ឬបើ​ក្មេង​ខ្លះ​ដែល​មាន​អាការ​នេះ​ដែរ​ តែ​មិនសូវ​ជា​ធ្ងន់ធ្ងរ​ អាច​ធ្វើ​បឋម​ព្យាបាល​រយៈ​ដំបូង​ឱ្យ​សិន​ក៏បាន​ តែបើ​ធ្វើ​បឋម​ព្យាបាល​មិន​ត្រូវ​វិធី​ ក៏អាច​នឹង​ធ្វើ​ឱ្យ​ក្មេង​រឹតតែ​មាន​អាការ​ធ្ងន់ធ្ងរ​ឡើង​បាន​ដែរ​… ដូច្នេះ​ ឥឡូវ​យើង​នាំគ្នា​មក​មើល​ពី​មូលហេតុ​ និង​ការ​ធ្វើ​បឋម​ព្យាបាល​ដែល​ត្រឹមត្រូវ​វិញ​ប្រសើរ​ជាង​។

    តើ​ការ​ហូរឈាម​ច្រមុះ​បណ្ដាលមកពី​អ្វី​? អ្នកម្ដាយ​ទាំងឡាយ​ត្រូវតែ​ដឹង​….
    . បើ​ដាច់​សរសៃឈាម​ច្រមុះ​ផ្នែក​ខាងមុខ​ ឈាម​នឹង​ហូរចេញ​មក​ពី​រន្ធច្រមុះ​។
    . បើ​ដាច់​សរសៃឈាម​ផ្នែក​ខាងក្រោយ​(ឬខាងក្នុង​) នឹង​ធ្វើ​ឱ្យ​ឈាម​ហូរ​ចូល​ទៅ​ក្នុង​បំពង់ក​ អ្នក​កើត​អាការ​នេះ​នឹង​មាន​អារម្មណ៍​ថា​ ល្វីង​ខាប់​ក្នុង​បំពង់ក​ ឬបើ​លេប​ចូលក្នុង​ពោះ​ អាច​មាន​អាការ​ក្អួត​មាន​ឈាម​ចេញ​មក​ជាមួយ​។

    មូលហេតុ​អាច​បណ្ដាលមកពី​
    . ខ្វេះ​ កេះ​ ឬអេះ​ក្នុង​ច្រមុះ​ ជា​មូលហេតុ​ដែល​ជួបប្រទះ​ញឹកញាប់​បំផុត​នៅ​លើ​ក្មេង​។
    . កណ្ដាស់​ញឹកញាប់​ ឬញើសសំបោរ​ខ្លាំង​ហួសហេតុ​ពេក​។
    . ច្រមុះ​ទទួលរង​ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​។
    . ធាតុអាកាស​ត្រជាក់​ខ្លាំង​ និង​ស្ងួត​ ធ្វើ​ឱ្យ​បែក​សរសៃឈាម​។
    . ការប្រើ​ថ្នាំ​ប្រភេទ​ខ្លះ​ ធ្វើ​ឱ្យ​ងាយ​ចេញឈាម​ ដូចជា​ ថ្នាំ​អាស្ពីរីន​ និង​ថ្នាំ​បំបាត់​ការ​រលាក​ក្លាយ​។ល។
    . មាន​វត្ថុ​ប្លែក​ចម្លែក​នៅក្នុង​ច្រមុះ​។ គ្រូពេទ្យ​ធ្លាប់​ជួបប្រទះ​ករណី​ ក្មេង​មួយចំនួន​ញាត់​ស្ករគ្រាប់​ចូលក្នុង​រន្ធច្រមុះ​ដោយ​ឪពុកម្ដាយ​មិនបាន​ដឹង​ តែ​នាំមក​ជួប​គ្រូពេទ្យ​ដោយមាន​ឈាម​ហូរចេញ​មក​តាម​រន្ធច្រមុះ​ម្ខាង​នោះ​។ ពេល​ឆ្លុះមើល​ទៅ​ ទើប​ឃើញ​មាន​ដុំ​ស្ករគ្រាប់​ជាប់​នៅ​ខាងក្នុង​រយៈពេល​យូរ​ រហូត​រលាក​រន្ធច្រមុះ​ ធ្វើ​ឱ្យ​មាន​ឈាម​ហូរចេញ​មក​។
    . ឈាម​បង្កក​ខ្លួន​ខុសប្រក្រតី​ ដូចជា​ ក្នុង​ជំងឺ​បណ្ដាលមកពី​ឈាម​ប្រភេទ​ខ្លះ​ ក្មេង​ច្រើន​តែ​មាន​ឈាម​ហូរចេញ​មក​ខុសប្រក្រតី​នៅកន្លែង​ផ្សេងទៀត​លើ​រាងកាយ​ផង​ដែរ​ ដូចជា​ មានស្នាម​ជាំ​ខ្មៅ​តាម​រាងកាយ​ ក្អួត​មាន​ឈាម​មក​ជាមួយ​ បន្ទោបង់​មក​មាន​ឈាម​ ឈាម​ចេញ​នៅ​តាម​សន្លាក់​ និង​តាម​សាច់ដុំ​។ល។
    . ការ​ឆ្លង​មេរោគ​នៅក្នុង​ប្រហោងច្រមុះ​។
    . ដុះ​សាច់​នៅក្នុង​ប្រហោងច្រមុះ​។

    ហូរឈាម​ច្រមុះ​បែប​ណា​ ទើបត្រូវ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​?
    1. ហូរឈាម​ចេញ​មក​យូរ​ជាង​ 15នាទី​។
    2. ហូរឈាម​ចេញ​មក​ច្រើនជាង​ 1ដង​ក្នុង​ 1សប្ដាហ៍​។
    3. មាន​អាការ​ងងឹតមុខ​ វិលមុខ​ មុខ​ឡើង​ស្លាំង​ ត្រជាក់​ចុងដៃ​ ចុងជើង​។
    4. មាន​អាការ​ចេញឈាម​ខុសប្រក្រតី​ផ្សេងទៀត​រួម​ជាមួយ​ ដូចជា​ ក្អួត​ចេញឈាម​ ជុះ​ចេញឈាម​ មាន​ចេញឈាម​តាម​សន្លាក់​ ឬសាច់ដុំ​។
    5. ក្ដៅខ្លួន​ខ្លាំង​។

    បើ​គ្មាន​សញ្ញា​គ្រោះថ្នាក់​ណាមួយ​ទេ​ អាច​ធ្វើការ​បឋម​ព្យាបាល​រយៈ​ដំបូង​បាន​ដូចតទៅ​

    ហូរឈាម​ច្រមុះ​ តើ​ត្រូវ​ឃាត់ឈាម​យ៉ាងណា​?
    . អង្គុយ​ស្ងៀម​នៅ​មួយ​កន្លែង​ បង្អោនខ្លួន​មក​ខាងមុខ​បន្តិច​ យក​ម្រាម​មេដៃ​ និង​ម្រាម​ចង្អុលដៃ​ច្របាច់​ខ្ទប់​រន្ធច្រមុះ​ ហើយ​ដកដង្ហើម​តាម​មាត់​ប្រមាណ10នាទី​។ លុះ​កន្លង​ផុត​ទៅ10នាទី​ហើយ​ ចូរ​ឈប់​ច្របាច់​ច្រមុះ​ តែបើ​សិន​ជា​ឈាម​នៅតែ​មិនព្រម​ឈប់​ហូរ​ ចូរ​ធ្វើតាម​ដំណាក់កាល​ដំបូង​ម្ដងទៀត​។
    . បើ​មាន​ឈាម​ហូរ​ចូល​ទៅ​ក្នុង​មាត់​ ឬបំពង់ក​ ចូរ​ខ្ជាក់​ឈាម​នោះ​ចេញ​ កុំ​លេប​ចូល​ទៅ​ក្នុង​ពោះ​ រួម​ទាំង​មិន​ត្រូវ​គេង​រាប​នឹង​ដី​ និង​មិន​ងើយ​មុខ​ឡើង​ខណៈ​ដែល​ហូរឈាម​ច្រមុះ​ឡើយ​ ព្រោះ​ឈាម​អាច​នឹង​ហូរ​ចូល​ទៅ​បិទ​បំពង់ខ្យល់​(បំពង់​ដង្ហើម​) ឬបើ​លេប​ចូល​ទៅ​ នឹង​ធ្វើ​ឱ្យ​ក្អួត​ចេញឈាម​នោះ​មកវិញ​។
    . អាចយ​កក្រណាត់​ជ្រលក់​ទឹក​ត្រជាក់​ ឬក្រណាត់​ខ្ចប់​ទឹកកក​មក​ដាក់​ស្អំ​នៅ​លើ​ក្ដោងច្រមុះ​បាន​។
    . កុំ​បញ្ចេញ​ខ្យល់​តាម​ច្រមុះ​ ញើសសំបោរ​ ឬលូក​ខ្វេះ​ច្រមុះ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​អាការ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។

    ហូរឈាម​ច្រមុះ​ និង​ការ​មើលថែ​ទាំ​ខ្លួនឯង​ ក្រោយ​ឈាម​ឈប់​ហូរ
    ​. ព្យាយាម​កុំ​បញ្ចេញ​ខ្យល់​ខ្លាំង​ៗតាម​ច្រមុះ​ ឬញើសសំបោរ​ ឬកណ្ដាស់​ 24ម៉ោង​ក្រោយ​បាត់​ហូរ​ឈាម​ច្រមុះ​។
    . ចៀសវាង​ពី​ការ​ស្ថិតនៅ​ក្នុង​ទីកន្លែង​ដែល​មាន​ធាតុអាកាស​ស្ងួត​ និង​ត្រជាក់​ខ្លាំង​។

    យ៉ាងណាក៏ដោយ​ បើ​ធ្វើ​បឋម​ព្យាបាល​រយៈ​ដំបូង​ហើយ​ អាការ​នៅតែ​មិនល្អ​ប្រសើរ​ឡើង​ ឬនៅ​តែ​មាន​ឈាម​ហូរចេញ​មក​ញឹកញាប់​ដដែល​នោះ​ គួរ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ពិនិត្យមើល​អាការ​យ៉ាង​ដិតដល់​៕

  • រលាក​កូនកណ្ដុរ​ជំងឺ​ដែល​កើត​បាន​គ្រប់​វ័យ​ គ្រប់​ភេទ​

    រលាក​កូនកណ្ដុរ​ជំងឺ​ដែល​កើត​បាន​គ្រប់​វ័យ​ គ្រប់​ភេទ​

    គ្រូពេទ្យ​ជំនាញ​បាន​អះអាង​ថា​ អាការ​ហើម​កូនកណ្តុរ​កើតមានឡើង​ដោយសារ​មានការ​ឆ្លង​មេរោគ​ប្រភេទ​បាក់តេរី​ ឬវីរុស​។ ជាទូទៅ​ កូនកណ្តុរ​នៅក្នុង​ខ្លួន​របស់​អ្នក​ មានមុខ​ងារ​របស់​វា​ ដែល​វា​មាន​សមត្ថភាព​វាយប្រហារ​វីរុស​ បាក់តេរី​ និង​មូលហេតុ​ដទៃទៀត​នៃ​ជំងឺ​។

    កូនកណ្តុរ​គឺ​មាន​ទំហំ​តូច​ រាង​មូល​ និង​រាង​ដូច​គ្រាប់​សណ្តែក​នៃ​កោសិកា​ ត្រូវ​បាន​គ្រប​ដោយ​ស្រោម​នៃជា​លិកា​តភ្ជាប់​គ្នា​។ កោសិកា​នេះ​ គឺជា​ការ​បូក​បញ្ចូល​គ្នា​នៃ​ឡាំផូស៊ីត​ដែល​ផលិត​ជា​គ្រាប់​ប្រូ​តេ​អុីន​ ដែល​ចាប់​អ្នក​ដែល​ឈ្លានពាន​ដូចជា​ វីរុស​ និង​ម៉ា​ក្រូ​ហ្វា​ស ហើយ​កម្ទេច​សារធាតុ​ដែល​ចាប់បាន​នោះ​ចោល​។ ឡាំផូស៊ីត​ និង​ម៉ាក្រូ​ហ្វា​សត្រូវ​បាន​ច្រោះ​ជា​ទឹ​ករ​ង៉ៃ​របស់​អ្នក​នៅពេល​ដែល​វា​ធ្វើដំណើរ​នៅក្នុង​ខ្លួន​របស់​អ្នក​ និង​ការពារ​អ្នក​ដោយ​ការបំផ្លាញ​ពី​ពពួក​វីរុស​។

    កូនកណ្តុរ​ស្ថិតនៅ​ម្តុំ​ និង​ក្រុម​នី​មួយ​ៗចាត់​ទៅតាម​ទីតាំង​ជាក់លាក់​នៅក្នុង​ខ្លួន​របស់​អ្នក​។ អ្នក​អាច​មាន​អារម្មណ៍​ថា​ ហើម​នៅក្នុង​តំបន់​មួយចំនួន​ដូចជា​ កូនកណ្តុរ​នៅនឹង​ក ក្រោម​ចង្ការ​ ក្លៀក​ និង​ក្រ​លាន​ជាដើម​។ ទីតាំង​នៃ​ការ​ហើម​អាច​ជួយ​កំនត់​ពី​មូលហេតុ​បាន​។

    អាការ​ហើម​កូនកណ្តុរ​អាច​ក្លាយទៅជា​រលាក​បើ​រលាក​ខ្លាំង​អាច​ឈាន​ដល់​ការ​ប្រឈម​នឹង​ជំងឺមហារីក​។ ការ​ព្យាបាល​ចំពោះ​ការ​រលាក​កូន​កណ្តុរ​នេះ​វា​អាស្រ័យ​ទៅលើ​មូលហេតុ​របស់​វា​។ ក្នុងករណី​ខ្លះ​ ការ​ចំណាយពេល​ និង​ថ្នាំ​បំបាត់​ការឈឺចាប់​ និង​ការ​ស្អំ​ក្រណាត់​ក្តៅ​ឧណ្ហ​ៗអាច​ជា​តម្រូវការ​ក្នុង​ការ​ព្យាបាល​ការ​ហើម​កូនកណ្តុរ​នេះ​។ ចំពោះ​ករណី​ធ្ងន់ធ្ងរ​វិញ​ ការ​ព្យាបាល​នៃ​ការ​ហើម​កូនកណ្តុរ​ទាក់ទង​ទៅ​នឹង​ការ​ព្យាបាល​ទៅលើ​មូលហេតុ​ផ្ទាល់​របស់​វា​។

    មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ហើម​រលាក​កូន​កណ្តុរ​ គឺ​ការ​ឆ្លង​មេរោគ​ ជាពិសេស​ការ​ឆ្លង​មេរោគ​ពី​ពពួក​វីរុស​ ដូចជា​ការ​ផ្តាសាយ​ជាដើម​។ ទោះជា​យ៉ាងណាក៏ដោយ​ មាន​ប្រភេទ​ផ្សេងទៀត​នៃ​ការ​ឆ្លង​មេរោគ​នេះ​រួមមាន​ ពពួក​ផ្សិត​ និង​បាក់តេរី​ និង​មូលហេតុ​ផ្សេងទៀត​ ដែល​អាច​កើតមាន​ការ​ហើម​កូនកណ្តុរ​នេះ​ឡើង​។

    មូលហេតុ​នៃ​ការ​ឆ្លង​មេរោគ​ទូទៅ
    ​- ឈឺក​ ដោយសារ​មេ​រោ​គស្ត្រិប​តូ​កុក​
    – មេ​រោ​គកញ្ច្រឹល​
    – ឆ្លង​មេរោគ​តាម​ត្រចៀក​
    – ខ្ទុះ​នៅនឹង​អញ្ចាញធ្មេញ​
    – ឆ្លង​មេរោគ​នៅនឹង​ស្បែក​
    – មេរោគ​អេដស៍​ជាដើម​។

    ការ​ឆ្លង​មេរោគ​ដែល​កម្រ​
    – ជំងឺរបេង​
    – ជំងឺឆ្លង​តាម​ការ​រួមភេទ​ ដូចជា​ ជំងឺស្វាយ​
    – ជំងឺ​សត្វល្អិត​ ជា​ការ​ឆ្លង​មេរោគ​ ដែល​ជា​លទ្ធផល​ពី​ការ​ប៉ះពាល់​នឹង​លាមក​របស់​សត្វ​ឆ្មា​ ដែល​មាន​មេរោគ​ ឬទទួលទាន​សាច់​ដែល​មិន​ឆ្អិន​ល្អ​
    – គ្រុនក្តៅ​ ដោយសារ​ឆ្មា​ខាំ​។

    ជំងឺ​ទៅលើ​ប្រព័ន្ធ​ភាព​សុំា​
    – ជំងឺរើម​ ជា​ជំងឺ​រលាក​រ៉ាំរ៉ៃ​ ដែល​អាច​មានផល​ប៉ះពាល់​ទៅដល់​សន្លាក់​, ស្បែក​, តម្រងនោម​, កោសិកា​ឈាម​, បេះដូង​ និង​សួត​
    – ជំងឺ​រលាក​សន្លាក់ឆ្អឹង​ ជា​ជំងឺ​រលាក​រ៉ាំរ៉ៃ​ ដែល​មានផល​ប៉ះពាល់​ទៅដល់​ជាលិកា​ដែល​ទ្រាប់​នឹង​សន្លាក់​ (ទឹក​សន្លាក់​)
    – មហារីក​លើ​ប្រព័ន្ធ​ទឹ​ករ​ង៉ៃ​
    – មហារីក​ឈាម​
    – មហារីក​ដទៃទៀត​ ដែល​បាន​រាលដាល​ទៅកាន់​កូនកណ្តុរ​។

    រោគសញ្ញា​សំ​ខាន់​ៗនៃ​ជំងឺ​រលាក​កូនកណ្ដុរ
    ​គ្រូពេទ្យ​ជំនាញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ រោគសញ្ញា​នៃ​ជំងឺ​រលាក​កូនកណ្ដុរ​ គឺ​អាស្រ័យ​លើ​មូលហេតុ​រោគ​ និង​តំបន់​ដែល​មាន​រោគសញ្ញា​សំខាន់​។
    – កូនកណ្តុរ​ហើម​រីក​ធំ​ ពេល​សង្កត់​ មាន​អារម្មណ៍​ឈឺចាប់​
    – កើត​អាការ​រឹងខ្លួន​ ឬស្បែក​ខ្លួន​ចាប់ផ្ដើម​ប្រែប្រួល​ខុសប្រក្រតី​ ស្បែក​ឡើង​រមាស់​ រលាក​ ក្រហម​ ឬហើម​
    – មាន​រោគ​ប្រមេះ​កូនកណ្តុរ​
    – វា​អាច​មាន​រោគសញ្ញា​ផ្សេងទៀត​ដូចជា​ គ្រុនក្តៅ​ ហៀរសំបោរ​ ឈឺបំពង់ក​ ហើម​ដៃ​ ឬហើមជើង​
    – បែកញើស​ពេល​កំពុង​គេង​
    – កើតមុន​ ឬដំបៅ​រលាក​នៅ​លើ​បរិវេណ​ស្បែក​មុខ​
    – ធ្មេញ​ពុក​ ឬរលាក​អញ្ចាញធ្មេញ​។

    វិធីការ​ពារ​មិន​ឱ្យ​កើតជំងឺ​រលាក​កូនកណ្ដុរ​
    – បរិភោគ​ក្រុម​អាហារ​ទាំង5ប្រភេទ​ក្រុម​
    – ធ្វើលំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​
    – យកចិត្ត​ទុកដាក់​ធ្វើ​អនាម័យ​ ស្បែក​ ក្រចក​ និង​ប្រអប់មាត់​
    – ប្រុងប្រយ័ត្ន​កុំឱ្យ​ឆ្លង​មេរោគ​ ឬដាច់​របួស​
    – គ្រប់គ្រង​ទម្ងន់​ខ្លួន​ទៅតាម​លក្ខណៈ​វិនិច្ឆ័យ​ត្រឹមត្រូវ​
    – ឱសថ​រុក្ខជាតិ​ ដូចជា​ ខ្ទឹមស​ មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​ និង​បាក់តេរី​ ដែល​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ ហើយ​វា​ថែមទាំង​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ទៀតផង​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​វា​អាច​ជួយ​កាត់​បន្ថយ​ការ​ហើម​ និង​ការ​រលាក​បាន​។
    – ចៀសវាង​ការប្រើ​ថ្នាំ​ដែល​មិន​ចាំបាច់​ ឬមិន​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជាមុន​។

    វិធី​ល្អ​បំផុត​ គឺ​អ្នក​ត្រូវ​ពិគ្រោះ​ជាមួយនឹង​វេជ្ជ​បណ្ឌិត​ ប៉ុន្តែ​អ្នក​អាច​សាកល្បង​ឱថសបុ​រា​ណមួយចំនួន​បាន​៕

  • គន្លឹះ 9យ៉ាង​ ដើម្បី​សុខភាព​ល្អ​

    គន្លឹះ 9យ៉ាង​ ដើម្បី​សុខភាព​ល្អ​

    បញ្ហា​សុខភាព​គឺជា​រឿង​មួយ​ដែល​មនុស្សយើង​គិតគូរ​ខ្លាំង​ណាស់​នា​ពេល​បច្ចុប្បន្ន​នេះ​ យើង​អាច​សង្កេតឃើញ​បាន​តាម​រយ:ពេល​ធ្វើបុណ្យ​ទាន​សុំ​ពរ​ ឬជូនពរ​គ្នា​ទៅវិញទៅមក​ជាដើម​ ពាក្យ​ថា​ “សូម​ឱ្យ​មាន​សុខភាព​ល្អ​” តែងតែបាន​ឮជាប់​ជានិច្ច​។ ថ្មី​ៗនេះ​ ទស្សនាវដ្តី​សុខភាព​ដ៏​ល្បីល្បាញ​នៅក្នុង​សហរដ្ឋអាមេរិក​ បាន​សរសេរ​អត្ថបទ​សុខភាព​មួយ​ដែល​មាន​ចំណងជើង​ថា​ “គន្លឹះ9យ៉ាង​ ដើម្បី​សុខភាព​ល្អ​” ដែល​ ឡា​រ៉ែ​ន សូម​នាំ​យក​មក​ជម្រាប​ប្រី​យមិ​ត្ត​អ្នកអាន​ជា​បន្ត​ដើម្បី​បាន​សាកល្បង​អនុវត្ត​តាម​ ព្រោះ​មិនមែន​ជា​រឿង​ពិបាក​ឡើយ​។

    1. ផ្លែ​ប៉ោម​ 1ថ្ងៃ​ 1ផ្លែ
    ​ពាក្យស្លោក​ដែល​ថា​ An​ apple​ a day​,keep​ doctor​ away​ គឺជា​រឿង​ត្រឹមត្រូវ​ជានិច្ច​។ តាម​រយ:ការសិក្សា​ស្រាវជ្រាវ​របស់​មហា​-វិទ្យាល័យ​ ឡុ​នដុន​ បាន​រក​ឃើញថា​ ការ​ទទួលទាន​ផ្លែ​ប៉ោម​ 1ថ្ងៃ​ 1ផ្លែ​ នឹង​ធ្វើ​ឱ្យ​ការ​ធ្វើការងារ​របស់​សួត​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ដោយសារ​សារធាតុ​អ៊ែន​ទី​អុក​ស៊ី​ឌែន​ត៍​ និង​សារធាតុ​មួយ​នៅក្នុង​ផ្លែ​ប៉ោម​ដែល​ហៅថា​ Quercetin​ នឹង​ជួយ​ធ្វើ​ឱ្យ​សួត​រឹងប៉ឹង​ និង​ធ្វើការ​បាន​យ៉ាង​ត្រឹមត្រូវ​។

    2. ដក​ដង្ហើម​វែង​ៗ
    យើង​គួរ​ដកដង្ហើម​ឱ្យ​បា​នវែងៗ​ ដើម្បី​ពង្រីក​ការ​ធ្វើការងារ​របស់​សួត​ និង​ធ្វើ​ឱ្យ​រាងកាយ​បាន​ទទួល​អុក​ស៊ី​ហ្សែ៊​នយ៉ាង​គ្រប់គ្រាន់​ផង​ តែ​រៀងរាល់ថ្ងៃ​នេះ​យើង​ច្រើនតែ​ដក​ដង្ហើម​ខ្លី​ៗ ដោយសារតែ​យើង​ធ្វើការ​នៅក្នុង​កន្លែង​ដែល​តូច​ហប់​ ឬដោយសារតែ​មិនបាន​ដឹង​ក៏អាច​ថា​បាន​ដែរ​។ ដូច្នេះ​ក្នុង​ 1ថ្ងៃ​ៗ ចូរ​សាកល្បង​ដក​ដង្ហើម​វែង​ៗឱ្យ​បាន​យ៉ាងតិច​ណាស់​ក្នុង​ 1ថ្ងៃ​ 10​ដង​ ដោយ​ត្រូវ​ដកដង្ហើម​ចូល​ឱ្យ​ពោះ​ឡើង​ប៉ោង​ និង​ដកដង្ហើម​ចេញ​វិញ​ឱ្យ​ពោះ​ឡើង​ផត​ ទើប​ត្រឹមត្រូវ​តាមវិធី​។

    3. ចៀសវាង​ការ​យក​បន្លែ​ចូល​ទៅ​ដាក់​ចម្អិន​ក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ​
    តាម​រយ:ការស្រាវជ្រាវ​វិភាគ​របស់​ប្រទេស​អេស្ប៉ាញ​បាន​រក​ឃើញថា​ ការ​ចម្អិន​បន្លែ​ឱ្យ​ឆ្អិន​នៅក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ​ នឹង​ធ្វើ​ឱ្យ​សារជាតិ​អាហារ​បាត់បង់​អស់​ដល់ទៅ​ 97​% ដូច្នេះហើយ​គួរ​ជ្រើសរើស​ទទួលទាន​បន្លែ​ស្រស់​ៗលាង​ស្អាត​វិញ​ ទើប​ប្រសើរ​ជាង​។

    4. កម្រើកខ្លួន​ជានិច្ច​
    អ្នក​ដែល​កម្រើកខ្លួន​ ឬធ្វើ​ចលនា​ជាប់​ជានិច្ច​ នឹង​មាន​ប្រព័ន្ធ​រំលាយអាហារ​ល្អ​ជាង​អ្នក​ដែល​គិតតែ​អង្គុយតែ​មួយ​កន្លែង​។ វិធី​នេះ​ជួយការ​ពារ​មិន​ឱ្យ​កើតមាន​អាការ​ចុក​ឆ្អល់ពោះ​ រួម​ទាំង​រោគ​ពុក​ឆ្អឹង​ទៀតផង​។

    5. ប្រយោជន៍​របស់​ទឹកដូង​ខ្ចី
    ​ទឹកដូង​ខ្ចី​ គឺជា​ទឹក​ផ្លែឈើ​ដែល​ល្អ​បំផុត​មួយ​ប្រភេទ​ វា​មាន​សារធាតុ​រ៉ែ​ដែល​រាងកាយ​ត្រូវការ​គ្រប់​ទាំងអស់​ ដូចជា​ ប៉ូតាស្យូម​ ជាតិ​ដែក​ សូដ្យូម​ កាល់ស្យូម​ ផូស្វ័រ​ អាស៊ីត​អ:មី​ណូ​ និង​វីតាមីនB​ ហើយ​ថែមទាំង​មាន​ជាតិ​ស្ករ​គ្លុយកូស​ដែល​រាងកាយ​អាច​បឺត​យក​ទៅ​ប្រើជា​ថាមពល​បាន​ភ្លាម​តែម្តង​ទៀតផង​។ ក្រៅពីនោះ​ទឹកដូង​នៅ​មាន​សារធាតុ​ខ្លាញ់​ដែល​មានប្រយោជន៍​ដល់​រាងកាយ​ និង​មានប្រយោជន៍​ក្នុង​ការ​បណ្តេញ​សារធាតុពុល​ចេញពី​រាងកាយ​ទៀតផង​។

    6. ពេល​គ្រុនក្តៅ​ខ្លួន​ មិន​គួរ​ញ៉ាំ​ផ្លែ​ត្របែក​ទេ​
    នៅក្នុង​ផ្លែ​ត្របែក​មាន​សារធាតុ​រ៉ែ​ប៉ូតាស្យូម​ខ្ពស់​។ នៅពេល​គ្រុន​ រាងកាយ​មនុស្សយើង​នឹង​មាន​សីតុណ្ហភាព​ឡើង​ខ្ពស់​ ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់​ អាច​នឹង​ហុច​ផល​ឱ្យ​កើត​អាការ​ប្រកាច់​បាន​។

    7. ញ៉ាំ​ក្រូច​ជួយ​បំបាត់​អាការ​តានតឹង​ធុញទ្រាន់​នឿយណាយ​ក្នុង​អារម្មណ៍​បាន​
    ការ​ញ៉ាំ​ផ្លែក្រូច​ដោយ​បក​សម្បកខ្លួន​ឯង​ យើង​នឹង​បាន​ធុំក្លិន​ចំហាយ​ផ្លែក្រូច​ ដែល​វា​នឹង​ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​ធូរស្រាល​ ហើយ​វីតាមីនC​ ដែល​រាងកាយ​បាន​ទទួល​ពី​ផ្លែក្រូច​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់​នោះ​ នឹង​ជួយ​ជំរុញ​ឱ្យ​ខួរក្បាល​បញ្ចេញ​អ័រម៉ូន​ដែល​ធ្វើ​ឱ្យ​បាត់​ភាព​ធុញថប់​តឹងតែង​ក្នុងចិត្ត​បាន​យ៉ាង​ល្អ​ទៀតផង​។

    8. ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ជួយការ​ពារ​រោគ​ភ្លេចភ្លាំង​
    អាហារ​ពេលព្រឹក​ជួយ​ប្រឆាំង​ការ​បង្កក​ខ្លួន​របស់​ឈាម​ ព្រោះ​ឈាម​នៅពេល​ព្រឹក​នឹង​ងាយ​បង្កក​ខ្លួន​ខ្លាំង​ជាង​ពេល​ប្រក្រតី​ ដូច្នេះ​យើង​គួរ​ទទួលទាន​អាហារ​ពេលព្រឹក​ឱ្យ​បាន​ទៀងទាត់​ ដើម្បី​ឱ្យ​ខួរក្បាល​ត្រូវ​បាន​ឈាម​ហូរ​ទៅ​ចិញ្ចឹម​យ៉ាង​គ្រប់គ្រាន់​ ធ្វើ​ឱ្យ​ខួរក្បាល​មាន​ភាព​ស្រស់​ភ្លឺ​ថ្លា​។

    9. ស្ករ​សូកូឡា​ខ្មៅ​ ប្រឆាំង​រ៉ាឌីកាល់​សេរី
    ​តើ​មិត្ត​អ្នកអាន​ដឹង​ទេ​ថា​ ស្ករ​សូកូឡា​ប្រភេទ​ផ្សេង​ៗនោះ​ ស្ទើរតែ​គ្មាន​ចំណែក​ផ្សំ​របស់​ជាតិ​កូ​កូ​ឡើយ​ មានតែ​ស្ករ​សូកូឡា​ខ្មៅ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ស្ករ​សូកូឡា​សុទ្ធ​ពិត​ និង​ថែមទាំង​មានប្រយោជន៍​ដល់​រាងកាយ​ទៀតផង​ ព្រោះ​វា​មាន​សារធាតុ​ Flavonoid​ ដែល​ជួយ​បង្កើន​ប្រព័ន្ធ​ឈាម​រត់​ឱ្យ​ល្អ​ឡើង​ ដូច្នេះ​យើង​គួរ​ញ៉ាំ​ស្ករ​សូកូឡា​ខ្មៅ​ក្នុង​ 1ថ្ងៃ​ 1ដុំ​តូច​៕

  • រូបមន្ត​ម៉ាស​មុខ​កម្ចាត់​មុន​ ដោយ​បន្លែ​ផ្លែឈើ​ពណ៌ក្រហម​

    រូបមន្ត​ម៉ាស​មុខ​កម្ចាត់​មុន​ ដោយ​បន្លែ​ផ្លែឈើ​ពណ៌ក្រហម​

    រូបមន្ត​ធ្វើ​ម៉ាស​មុខ​ដែល​បាន​ពី​ធម្មជាតិ​កំពុងតែ​ក្លាយជា​ទី​ពេញនិយម​របស់​កំលោះក្រមុំ​យ៉ាង​ខ្លាំង​ ព្រោះ​ក្រៅពី​មិន​មាន​អា​កា​រប្រ​ត្តិ​កម្ម​ចាញ់​លើ​ផ្ទៃមុខ​ហើយ​នោះ​ រូបមន្ត​បំពោក​ផ្ទៃមុខ​ដោយ​ធម្មជាតិ​នេះ​នៅ​ជួយ​សន្សំប្រាក់​របស់​លោកអ្នក​បាន​ទៀតផង​។ រូបមន្ត​ធ្វើ​ម៉ាស​មុខ​ដោយ​ផលិតផល​ធម្មជាតិ​នេះ​ ភាគច្រើន​នឹង​ជួយ​ឱ្យ​អ្នកមាន​ផ្ទៃមុខ​ស្អាត​ស្រស់ថ្លា​ និង​គ្មាន​ស្លាកស្នាម​ ហើយ​ថ្ងៃនេះ​ ឡា​រ៉ែ​ន មាន​រូបមន្ត​ធ្វើ​ម៉ាស​មុខ​ពី​ធម្មជាតិ​មួយទៀត​ ដែល​ជួយ​ប្រឆាំង​នឹង​ការ​កើតមុន​នៅ​លើ​ផ្ទៃមុខ​មក​ជម្រាប​ជូន​ នោះ​គឺ​រូបមន្ត​ធ្វើ​ម៉ាស​មុខ​ដោយ​បន្លែ​ផ្លែឈើ​ពណ៌ក្រហម​ ព្រោះ​បន្លែ​ និង​ផ្លែឈើ​ពណ៌ក្រហម​មានគុណ​សម្បត្តិ​ជួយ​កាត់បន្ថយ​ភាព​ឡើង​ខ្លាញ់​ កម្ចាត់​កោសិកា​ស្បែក​ដែល​ងាប់​ចេញ​មិន​ឱ្យ​នៅ​ញ៉ុក​ណែន​បង្ក​ជាមុន​ កាត់បន្ថយ​ស្លាកស្នាម​ឱ្យ​រលុប​បាត់​អស់​ដូច​ធម្មជាតិ​ ព្រមទាំង​ថែបំប៉ន​ស្បែក​មុខ​ឱ្យ​មាន​សំណើម​ស្រស់បស់​ទៀតផង​។

    – រូបមន្ត​ផ្លែ​ប៉ោម​ទឹកឃ្មុំ​ ការពារ​មុន​ លុប​ស្នាម​អុច​ខ្មៅ​
    វិធី​ធ្វើ​ : កិន​ផ្លែ​ប៉ោម​ 1 ផ្លែ​ឱ្យ​ម៉​ដ្ឌ​លាយ​ជាមួយ​ទឹកឃ្មុំ​ 2 ស្លាបព្រា​កាហ្វេ​ រួចហើយ​យក​មក​លាប​បំពោក​នៅ​លើ​កន្លែង​ដែល​កើតមុន​ ទុកចោល​ប្រមាណ​ជា​ 15នាទី​ រួច​សឹម​លាង​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហ​ៗ ហើយ​លាង​សម្អាត​ម្ដងទៀត​ដោយ​ទឹក​ធម្មតា​ និង​ជូត​មុខ​ឱ្យ​ស្ងួត​។
    – រូបមន្ត​ផ្លែ​ប៉េងប៉ោះ​ កាត់បន្ថយ​ខ្លាញ់​ កម្ចាត់​កោ​សិកា​ខូច​ៗចេញ​

    វិធី​ធ្វើ​ : ចិញ្ច្រាំ​ប៉េងប៉ោះ​ 1 ផ្លែ​ឱ្យ​ល្អិត​ យក​មក​លាប​បំពោក​ឱ្យ​សព្វ​ពេញ​ផ្ទៃមុខ​ យក​ម្រាមដៃ​លុញ​ម៉ាស្សា​ជា​រាង​រង្វង់​ថ្នម​ៗ រួច​ទុកចោល​ឱ្យ​រាង​ស្ងួត​បន្តិច​ ឬមាន​អារម្មណ៍​ថា​ស្បែក​មុខ​រាង​តឹង​ សឹម​លាង​ចេញ​ដោយ​ទឹក​ស្អាត​ រួច​ជូត​មុខ​ឱ្យ​ស្ងួត​ជាការស្រេច​។
    – រូបមន្ត​ផ្លែ​ឪឡឹក​ បង្កើន​សំណើម​ និង​ភាព​ស្រស់បស់​ដល់​ស្បែក​មុខ​

    វិធី​ធ្វើ​ : កិន​សាច់​ឪឡឹក​ 2ដុំ​ធំៗ​ល្មម​ឱ្យ​ល្អិត​រួច​យក​មក​លាប​បំពោក​ឱ្យ​សព្វ​លើ​ផ្ទៃមុខ​ ទុក​ចោល​ប្រមាណ​ 10នាទី​ ឬរហូត​មាន​អារម្មណ៍​ថា​ តឹង​ស្បែក​ សឹម​លាង​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហ​ៗ រួច​តាមដោយ​ទឹក​ធម្មតា​ និង​បញ្ចប់​ដោយ​ការ​ជូត​មុខ​ឱ្យ​ស្អាត​។លាប​បំពោក​ថែទាំ​ស្បែក​មុខ​ឆ្លាស់គ្នា​ដោយ​រូបមន្ត​ផ្លែឈើ​ដែល​បាន​ណែនាំ​នេះ​ក្នុង​មួយ​សប្តាហ៍​ 1ដង​ ស្បែក​មុខនឹង​ស្អាត​ភ្លឺ​ថ្លា​ជាក់ជា​មិនខាន​៕

  • គ្រោះថ្នាក់​សាហាវ​នៃ​ជំងឺ​ធាត់​ជ្រុល​ប្រឈម​នឹង​ជំងឺ​កាច​សាហាវ​អ្វីខ្លះ​?

    គ្រោះថ្នាក់​សាហាវ​នៃ​ជំងឺ​ធាត់​ជ្រុល​ប្រឈម​នឹង​ជំងឺ​កាច​សាហាវ​អ្វីខ្លះ​?

    ធាត់​ជ្រុល​ ធាត់​ឡើង​ចុក​ខ្លាញ់​ជា​ជំងឺ​មួយ​ប្រភេទ​ ដែល​ចំនួន​មនុស្ស​កើតជំងឺ​នេះ​ បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​គួរ​ឱ្យ​ព្រួយបារម្ភ​ ជាពិសេស​កុមារ​ នា​សម័យ​ទំនើប​ចុងក្រោយ​នេះ​។ ដូច្នេះ​ការ​ការពារ​ការ​កើតជំងឺ​ធាត់​ជ្រុល​ តាំងពី​នៅ​វ័យ​កុមារភាព​ ជា​កត្តាចាំបាច់​បំផុត​ក្នុង​ការ​បញ្ចៀស​ កុំឱ្យ​មាន​ជំងឺ​ធាត់​ចុក​ខ្លាញ់​ និង​ជំ​ងឺ​ផ្សេង​ៗទៀត​។ ជាទូទៅ​ អ្នកជំងឺ​ធាត់​ជ្រុល​ ច្រើនតែ​ជួបប្រទះ​នូវ​បញ្ហា​មួយចំនួន​ដូចជា​ គេង​ស្រមុក​ បែកញើស​ខ្លាំង​ ពិបាក​ដកដង្ហើម​ រាងកាយ​ពិបាកធ្វើ​ចលនា​ ឆាប់​ឈឺចង្កេះ​ ឈឺខ្នង​ ប្រឈម​នឹង​ជំងឺផ្លូវចិត្ត​ ឆាប់​អស់កម្លាំង​ និង​មាន​អារម្មណ៍​មិនសូវ​ស្រណុក​ក្នុង​ខ្លួន​។ មិន​ត្រឹមតែ​បញ្ហា​ខាងលើ​នោះ​ទេ​ អ្នក​ធាត់​ជ្រុល​ ក៏​ប្រឈម​នឹង​ជំងឺ​កាច​សាហាវ​មួយចំនួន​ថែមទៀត​ផង​។ ថ្ងៃនេះ​ ឡា​រ៉ែ​ន សូមជម្រាប​អំពី​អាការ​ជំងឺ​ធាត់​ជ្រុល​ ប្រឈមមុខនឹង​ជំងឺ​កាច​សាហាវ​អ្វីខ្លះ​?

    1. សម្ពាធ​ឈាម​ឡើង​ខ្ពស់​
    មនុស្ស​ធាត់​ បើសិនជា​អ្នក​ធាត់​ជ្រុល​ ឬមាន​ទម្ងន់​ លើស​ពី​ធម្មតា​នោះ​ អ្នក​គប្បី​រក​វិធី​បញ្ចុះទម្ងន់​ ពីព្រោះ​ការ​លើស​ទម្ងន់​ ឬធាត់​ជ្រុល​ គឺជា​កត្ដា​ហានិភ័យ​មួយ​ដែល​អ្នក​អាច​នឹង​កើតមាន​ជំងឺលើសឈាម​បាន​យ៉ាង​ងាយ​។ នៅ​ពេល​ដែល​ខ្លួន​ថា​កាន់តែ​ធាត់​ សម្ពាធ​ឈាម​នឹង​កើនឡើង​ដូចគ្នា​ដែរ​។ ជាទូទៅ​ការ​ធាត់​ជ្រុល​ គឺ​គេ​វាស់​ដឹង​នៅពេល​ដែល​សន្ទស្សន៍​ម៉ាស​ខ្លួនមនុស្ស​ (BMI​) ធំជាង30​។ ចំណែក​សន្ទស្សន៍​ម៉ាស​ខ្លួន​ចន្លោះ​ពី25ទៅ30​ គឺ​ចាត់ទុកថា​លើស​ទម្ងន់​ហើយ​។

    2. ជំងឺលើសឈាម​
    មនុស្ស​ធាត់​ជ្រុល​ងាយ​ប្រឈម​នឹង​ជំងឺលើសឈាម​ ដែល​ខណៈ​សម្ពាធ​ឈាម​មាន​សកម្មភាព​ប្រឆាំង​នឹង​សរសៃឈាម​នៅពេល​ដែល​បេះដូង​ច្របាច់​។ សម្ពាធ​ឈាម​នេះ​កើនឡើង​នៅពេល​ដែល​បេះដូង​កន្ត្រាក់​ និង​រុញ​ឈាម​ទៅកាន់​សរសៃឈាម​ និង​បន្ថយ​នៅពេល​ដែល​បេះដូង​រលាម​កវិញ​ ប៉ុន្តែ​វា​តែងតែមាន​បរិមាណ​មួយចំនួន​នៃ​សម្ពាធ​ឈាម​កើតមាន​លំ​ហូវិ​លមិ​នប្រ​ក្រ​តី​នៅក្នុង​សរសៃឈាម​។ ជំងឺលើសឈាម​ត្រូវ​បាន​បង្ក​ពី​បេះដូង​នៅពេល​ដែល​វា​ច្របាច់​ឈាម​ទៅ​ក្នុង​សរសៃឈាម​ និង​ចូល​ទៅ​ក្នុង​ចរន្តឈាម​ទាំងមូល​ និង​មួយផ្សេងទៀត​បាន​ពី​សរសៃឈាម​អារ​ទែ​ នៅពេល​ដែល​វា​ត្បៀត​លំហូរ​ឈាម​។ សម្ពាធ​ឈាម​ប្រែប្រួល​ពី​មួយ​នាទី​ទៅ​មួយ​នាទី​ ដោយ​រង​ឥទ្ធិពល​ពី​សកម្មភាព​, ការសម្រាក​, សីតុណ្ហភាព​រាងកាយ​, ចំណីអាហារ​, អារម្មណ៍​, ទីតាំង​ និង​ថ្នាំ​ដែល​អ្នកប្រើ​ជាដើម​។

    3. ជំងឺហឺត​
    អ្នកស្រាវជ្រាវ​បាន​ពិនិត្យមើល​កត្តា​វិវត្ត​ប្រែប្រួល​ធ្ងន់ធ្ងរ​របស់​ជំងឺ​ផ្តាសាយ​ដូចជា​ រលាក​សួត​ និង​រក​ឃើញថា​ អាការ​ធាត់​ជា​កត្តា​ហានិភ័យ​សំខាន់​មួយ​ចំពោះ​លទ្ធភាព​បាត់បង់ជីវិត​ ដោយសារ​មហន្តរាយ​នៃ​ជំងឺ​ផ្តាសាយ​ ឬផ្តាសាយ​តាម​រដូវ​។ ក្រៅពី​ នេះ​អ្នក​កើតជំងឺ​សរសៃឈាម​បេះដូង​ ឬសាច់ដុំ​សរសៃប្រសាទ​ក៏​មានការ​ប្រឈម​នៃ​វិវត្ត​ប្រែប្រួល​ពី​ជំងឺ​ផ្តាសាយ​ខ្ពស់​ជាង​ផង​ដែរ​ ដែល​បណ្តាល​ឱ្យ​ពួកគេ​ត្រូវ​ស្ថិត​ក្នុងចំណោម​ក្រុម​អាទិភាព​ដែល​ត្រូវការ​ចាក់​វ៉ាក់សាំង​ និង​ព្យាបាល​ប្រឆាំង​វីរុស​ផ្តាសាយ​នេះ​ជាចាំបាច់​។ ធាត់​លើស​ទម្ងន់​នឹង​មាន​ឥទ្ធិពល​ដល់​សួត​ និង​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ងាយ​ឆ្លង​ជំ​ងឺ​ផ្សេង​ៗ វីរុស​ឆ្លងតាម​ផ្លូវដង្ហើម​ ក្នុង​នោះ​ក៏​មាន​វីរុស​ផ្តាសាយ​ផង​ដែរ​។ ជាង​នេះ​ទៀត​សម្ពាធ​កើនឡើង​របស់​ប្រអប់ទ្រូង​ និង​ពោះ​ផ្នែក​ខាងក្នុង​ ប្រសិនបើ​អ្នក​ធាត់​ខ្លាំង​ អាច​រារាំង​សកម្មភាព​ដំណក​ដង្ហើម​ និង​បំប្លែង​ខ្យល់​របស់​សួត​មិនបាន​ល្អ​ថែមទៀត​ផង​។4. ជំងឺ​ទឹកនោមផ្អែម​
    អ្នក​ដែល​មាន​ជំងឺ​ធាត់​ជ្រុល​ ទំហំ​ចង្កេះ​របស់​ពួកគេ​ចាប់ពី90សង់ទីម៉ែត្រ​ចំពោះ​បុរស​ ហើយ​ចំពោះ​ស្ត្រី​ គឺ80សង់ទីម៉ែត្រ​ឡើង​ទៅ​ ហាក់ដូចជា​វិវត្ត​ទៅ​រក​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី2​។ នៅ​ពេល​ដែល​រាងកាយ​របស់​មនុស្សយើង​ត្រូវការ​ជាតិ​ខ្លាញ់​ច្រើន​ កម្រិត​អាំង​ស៊ុយ​លី​ននៅ​ក្នុង​ខ្លួន​ និង​ប្រព័ន្ធ​អង់​ដូ​គ្រី​ម ត្រូវ​បាន​បំផ្លាញ​ គឺ​ងាយ​កើតជំងឺ​ទឹកនោមផ្អែម​បំផុត​។

    5. ជំងឺ​ក្រពះ​ពោះវៀន​
    អ្នក​វិទ្យាសាស្ត្រ​បាន​អះអាង​ថា​ ក្រុម​មនុស្ស​ដែល​មាន​ជំងឺ​ធាត់​ជ្រុល​ងាយ​ជួបប្រទះ​បញ្ហា​សុខភាព​ក្រពះ​ពោះវៀន​ខ្លាំង​ណាស់​។ ហេតុនេះ​ហើយ​ បញ្ហា​ស្ត្រេស​ ការ​គិត​ច្រើនពេក​ និង​ធុញថប់​ក្នុង​អារម្មណ៍​ ក៏អាច​ធ្វើ​ឱ្យ​មនុស្ស​ធាត់​ដុះ​ក្បាលពោះ​ជួបប្រទះ​នឹង​បញ្ហា​រលាក​ក្រពះ​ពោះវៀន​ខ្លាំង​ណាស់​ដែរ​ ដូចជា​ ជំងឺ​ដំបៅ​ក្រពះ​ ឈឺក្រពះ​ និង​រោគសញ្ញា​ទាក់ទង​នឹង​ផ្លូវ​ពោះវៀន​មួយចំនួន​ទៀត​។ នេះ​ហើយដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​មនុស្ស​ធាត់​ជ្រុល​មាន​អាការ​ឈឺចុក​ចាប់​ក្នុង​ពោះ​ ហើយ​ពេលខ្លះ​អាច​មាន​បញ្ហា​ក្អួតចង្អោរ​ក៏មានដែរ​។

    6. ប្រឈម​នឹង​ការ​មិន​មានកូន​
    ការស្រាវជ្រាវ​របស់​គ្រូពេទ្យ​កន្លងមក​បាន​បញ្ជាក់​ថា​ ធ្លាប់​មានការ​ព្យាបាល​ជាច្រើន​ករណី​ចំពោះ​ស្ត្រី​ដែល​មាន​ទម្ងន់​ខ្លួន​លើស​គឺ​ប្រឈម​នឹង​បញ្ហា​មិន​មានកូន​ច្រើនជាង​ស្ត្រី​ទូទៅ​ ក៏ប៉ុន្តែ​ក៏​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ព្យាបាល​ជាង​បុ​រសៗ​ផង​ដែរ​។ ដើម្បី​បង្ការ​ចំពោះ​បញ្ហា​នេះ​ គ្រូពេទ្យ​បាន​ណែនាំ​ថា​ គូ​ស្វាមីភរិយា​ដែល​លំបាក​ក្នុង​ការ​មានកូន​ ត្រូវ​បញ្ឈប់​ការ​ជក់បារី​ និង​កុំ​ទទួល​ទាន​ស្រា​ច្រើនពេក​ ត្រូវ​បញ្ចុះទម្ងន់​ខ្លួន​កុំឱ្យ​ធាត់​ពេក​ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការផលិត​មេ​ជីវិត​របស់​ស្ត្រី​។

    7. ជំងឺ​រលាក​សន្លាក់ឆ្អឹង​
    ភាពធាត់​ជ្រុល​លើស​ទម្ងន់​ (Obesity​) បាន​ដាក់​សម្ពាធ​ និង​សង្កត់​យ៉ាង​ធ្ងន់ទៅលើ​សន្លាក់​ដែល​បង្កើន​ការ​ដាច់​រហែក​ និង​ប្រឈមមុខ​ទៅ​នឹង​ជំងឺ​រលាក​សន្លាក់​។

    8. ជំងឺថ្លើម​
    តាមលំដាប់​កត្តា​ហានិភ័យ​នៃ​ការ​កើតជំងឺ​រលាក​ថ្លើម​គ្រប់​ប្រភេទ​ចំពោះ​ប្រទេស​នៅ​អាស៊ី​ ករណី​ដែល​ជួប​ច្រើន​គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​ B និង​ C ការ​ទទួលទាន​គ្រឿងស្រវឹង​ មាន​ខ្លាញ់កក​ក្នុង​ថ្លើម​ រួម​ទាំង​ការ​រលាក​ថ្លើម​ជាដើម​។ ជំងឺ​ទាំងនេះ​មិនបាន​បង្ហាញ​រោគសញ្ញា​ឱ្យ​អ្នកជំងឺ​ដឹងខ្លួន​ជាមុន​ទេ​ថា​ ពួកគេ​កំពុង​ប្រឈមមុខនឹង​ការ​កើតជំងឺ​មហារីក​ថ្លើម​ បើសិនជា​គេ​មិនបាន​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​យ៉ាង​ទៀងទាត់​។ តែ​ការដែល​សំខាន់​ អ្នកជំងឺ​ធាត់​ គឺ​មិន​មាន​រោគសញ្ញា​ច្បាស់លាស់​នោះ​ទេ​ ដែល​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ការវិនិច្ឆ័យ​ជា​ខ្លាំង​។ អាការ​មនុស្ស​ធាត់​ គឺ​ឈឺពោះ​ត្រង់​ចុង​ដង្ហើម​បែប​ឈឺ​បា​ត់ៗ​ ហើយ​នៅពេល​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​អាច​មាន​អាការ​ខ្លួន​លឿង​ ភ្នែក​លឿង​ និង​ឈឺពោះ​ខ្លាំង​។ ចំពោះ​មនុស្ស​ធាត់​ដែល​អាច​ប្រឈមមុខនឹង​ការ​កើតជំងឺ​មហារីក​ថ្លើម​ត្រូវ​ប្រញាប់​មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់​។ តែ​ក្នុង​ដំណាក់កាល​នេះ​ការ​ព្យាបាល​ឱ្យ​ជា​ដាច់​ក៏​លំបាក​ដូចគ្នា​ដែរ​។

    9. ជំងឺ​តម្រងនោម​
    មនុស្ស​ធាត់​ជ្រុល​ភាគច្រើន​តែង​មាន​ជំងឺ​ខ្សោយ​តម្រងនោម ដែល​ជំងឺ​នេះ​កំពុងតែ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ដោយសារតែ​ជំងឺ​នេះ​មិន​មាន​រោគសញ្ញា​ណាមួយ​ស្ដែង​ចេញ​ឡើង​ជាក់ច្បាស់​នោះ​ទេ​ ហើយ​នៅពេល​ដែល​មាន​រោគ​សញ្ញា​លេចចេញ​ឡើង​មក​គឺ​ វា​អាច​ស្ថិតនៅ​ដំណាក់កាល​ធ្ងន់​ធ្ងរ​ ឬដំណាក់កាល​ចុងក្រោយ​បាត់​ទៅ​ហើយ​។ ដំណាក់កាល​នេះ​គឺជា​ដំណាក់កាល​ដ៏​គ្រោះថ្នាក់​ អាច​ប៉ះពាល់​ដល់អាយុ​ជីវិត​ ដែល​លោកអ្នក​ត្រូវ​ចាំបាច់​ធ្វើការ​លាង​ឈាម​ ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​ និង​ជំ​ហ៊ាន​បន្ទាប់​គឺ​ឈាន​ដល់​ការ​ត្រៀម​ប្តូរ​តំ​រង​នោម​ដើម្បី​បន្ត​នូវ​គុណភាព​ជីវិត​មួយ​ដ៏​ប្រសើរ​។ ដើម្បី​ដឹង​នៅមុខ​ងារ​តម្រងនោម​ គឺ​យើង​ត្រូវ​មើល​ឈាម​ពី​ Créatinine​។ Créa​tinine​ គឺជា​ការផលិត​ចុងក្រោយ​នៃ​កាតាបូលីស​របស់​សាច់ដុំ​ វា​បញ្ចេញចោល​តាម​តម្រងនោម​ ប្រសិនបើ​តម្រងនោម​ខ្សោយ​ វា​នឹង​កើនឡើង​។ ដូច្នេះ​អ្នក​មិន​គួរ​បណ្ដោយ​ខ្លួន​ឱ្យ​ធាត់​ជ្រុល​នោះ​ទេ​ ហើយ​គួរតែ​រក​វិធី​សាស្រ្ត​ទប់ស្កាត់​កុំឱ្យ​ឡើង​ទម្ងន់​ខ្លាំង​ និង​ស្រក​ទម្ងន់​ខ្លាំង​។ បើ​អ្នក​ឡើង​ទម្ងន់​ខុសពី​ធម្មតា​ គួរ​ប្រញាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ធ្វើការ​ប្រឹក្សា​យោបល់​ឱ្យ​បាន​ទាន់ពេល​វេលា​ ព្រោះថា​ការ​ឡើង​ទម្ងន់​ខ្លាំង​ខុសពី​ធម្មតា​ ច្រើនតែ​ទាក់ទង​នឹង​ការ​កើតជំងឺ​ទឹកនោមផ្អែម​៕

  • រឿង​តូចតាច​ តែ​ល្អ​ចំពោះ​សុខភាព​រាងកាយ​ 8យ៉ាង​ ដែល​គ្រូពេទ្យ​ចិន​បុរាណ​ប្រាប់​ឱ្យធ្វើ​ញឹកញាប់​

    រឿង​តូចតាច​ តែ​ល្អ​ចំពោះ​សុខភាព​រាងកាយ​ 8យ៉ាង​ ដែល​គ្រូពេទ្យ​ចិន​បុរាណ​ប្រាប់​ឱ្យធ្វើ​ញឹកញាប់​

    នៅក្នុង​ក្បួនតម្រា​ពេទ្យ​របស់​ចិន​បាន​បង្រៀន​ថា​ មាន​កាយវិការ​ 8យ៉ាងដែល​មនុស្សយើង​គួរ​ធ្វើ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​ឱ្យ​បាន​ញឹកញាប់​ ដើម្បី​ឱ្យ​មាន​សុខភាព​រាងកាយ​ល្អ​ ហើយ​កាយវិការ​ទាំងអស់​នោះ​គឺ​ ៖

    1. ធ្វើ​ចលនា​កែវភ្នែក​ : ការ​ផ្ចង់​ខ្សែភ្នែក​សម្លឹង​ទៅ​រក​ចំណុច​ណាមួយ​ក្នុងរយៈពេល​យូរ​ គឺជា​ការធ្វើបាប​កែវភ្នែក​ខ្លួនឯង​ដោយ​ផ្ទាល់​ដោយ​មិនដឹង​ខ្លួន​ ដូច្នេះ​យ៉ាង​ហោច​ណាស់​នៅ​រៀងរាល់​ 1ម៉ោង​ម្តង​ មនុស្ស​ម្នា​ក់ៗ​គួរ​ធ្វើលំ​ហាត់ប្រាណ​ខ្សែភ្នែក​ដោយ​ការ​បើកភ្នែក​សម្លឹង​មើលទៅ​លើ​ពិតាន​ រួចហើយ​បង្វិល​កែវ​ភ្នែក​សន្សឹម​ៗទៅ​ខាងឆ្វេង​ រួច​ចុះទៅ​ក្រោម​ ហើយ​រេ​ទៅ​ខាងស្តាំ​ មុននឹង​វិល​ទៅ​សម្លឹង​មើល​ខាង​លើ​វិញ​។ ចូរ​ធ្វើបែប​ហ្នឹង​ឱ្យ​បាន​ច្រើនដង​ សាច់ដុំ​ភ្នែក​នឹង​បាន​រឹងមាំ​ល្អ​។

    2. លេបទឹកមាត់​ : ការ​លេបទឹកមាត់​ញឹកញាប់​ គឺជា​ការ​ធ្វើលំ​ហាត់ប្រាណ​សាច់ដុំ​បំពង់ក​ ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយអាហារ​ឱ្យធ្វើ​ការបាន​តាម​ប្រក្រតី​។

    3. សិតសក់​ : ទោះជា​ការ​សិតសក់​ញឹកញាប់​មិនបាន​ជួយ​ឱ្យ​សក់​របស់​យើង​ស្អាត​ឡើង​មែន​ តែ​វា​ជា​ការ​ជួយ​ម៉ាស្សា​សរសៃប្រសាទ​លើ​នៅ​លើ​ស្បែក​ក្បាល​ ជួយ​ធ្វើ​ឱ្យ​ភ្នែកភ្លឺ​ច្បាស់​ ឫស​សរសៃសក់​រឹងមាំ​ឡើង​ ព្រោះ​មាន​លោហិត​ហូរ​ទៅ​ចិញ្ចឹម​ស្បែក​ក្បាល​គ្រប់ពេល​ដែល​យើង​បាន​សិតសក់​ជានិច្ច​។

    4. ម៉ាស្សា​ត្រចៀក​ : តាម​ក្បួនតម្រា​របស់​គ្រូពេទ្យ​ចិន​បុរាណ​បានឱ្យ​ដឹង​ថា​ នៅ​នឹង​ត្រចៀក​របស់​យើង​មាន​សរសៃប្រសាទ​ដែល​តភ្ជាប់​ជាមួយ​ក្រលៀន​ ដូច្នេះ​ការ​ទាញ​ ផ្ទាត់​ ច្របាច់​ ឬត្រដុស​ស្លឹកត្រចៀក​ញឹកញាប់​ នឹង​ជួយ​ជំរុញ​ការ​ធ្វើការងារ​របស់ក្រ​លៀន​ដោយ​ផ្ទាល់​ ជួយការ​ពារ​អាការ​វិលមុខ​ និង​ការបាន​ឮអ្វី​ផ្តេស​ផ្តាស់​។

    5. កម្រើក​អណ្តាត​ពេល​អង្គុយ​ទំ​នេរ​ៗ : បើ​បាន​យក​អណ្តាត​រុញ​ក្រអូមមាត់​ខាង​លើ​ផង​នោះ​ វា​នឹង​ជួយ​ជំរុញ​ការ​បញ្ចេញ​ទឹកមាត់​ ធ្វើ​ឱ្យ​ប្រអប់មាត់​ស្អាត​ និង​បំបាត់​ក្លិន​មាត់​បាន​ទៀតផង​។

    6. ខ្ជឹប​រន្ធ​គូទ​ : ជា​វិធី​បំបាត់​អាការ​ឆ្អល់ពោះ​ដ៏​ងាយ​ និង​មានប្រសិទ្ធភាព​បំផុត​។ ចូរ​ខ្ជឹប​រន្ធ​គូទ​ក្នុង​ 1ថ្ងៃ​ឱ្យ​បាន​ 3ឈុត​ 1ឈុត​ឱ្យ​បាន​ពី​ 50​ -100ដង​ ព្រោះ​រាល់ពេល​ដែល​យើង​ខ្ជឹប​រន្ធ​គូទ​ ពោះវៀន​នឹង​ពង្រឹង​ខ្លួន​កម្ចាត់​កាកសំណល់​មិនល្អ​ដែល​នៅ​សេសសល់​ក្នុង​ពោះវៀន​មិន​ឱ្យ​រាតត្បាត​បំផ្លាញ​រាងកាយ​របស់​យើង​។

    7. ខាំធ្មេញ​ : ការ​ខាំ​ធ្មេញ​ស្រាល​ៗញឹកញាប់​ នឹង​ជួយ​ធ្វើ​ឱ្យ​ធ្មេញ​រឹងមាំ​ និង​ជួយ​ជំរុញ​ការផលិត​ទឹក​រំលាយអាហារ​ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​រឿង​ពោះវៀន​ចូរ​កុំ​ខកខាន​ឱ្យ​សោះ​។

    8. យកដៃ​ត្រដុស​ថ្ពាល់​ និង​ផ្ទៃមុខ​ : ថ្ពាល់​ និង​ផ្ទៃមុខ​ គឺជា​កន្លែង​ដែល​ខ្វះ​ការហាត់ប្រាណ​ច្រើន​បំផុត​លើ​រាងកាយ​ នេះ​ជា​វិធី​មួយ​ដ៏​សែន​ងាយ​បំផុត​ គ្រាន់តែ​ត្រដុស​បាត​ដៃ​ទាំងសងខាង​ រួចហើយ​យក​បាតដៃ​មក​ដុស​មុ​ខស្រាល​ៗ វា​នឹង​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ឈាម​រត់​ ធ្វើ​ឱ្យ​ឈាម​ហូរ​មក​ចិញ្ចឹម​ផែន​ថ្ពាល់​ទាំង​សងខាង​បាន​កាន់តែ​ច្រើនឡើង​ ធ្វើ​ឱ្យ​ផ្ទៃមុខ​ស្អាត​ស្រស់ថ្លា​៕

  • នាំគ្នា​ទៅ​ពិនិត្យ​សុខភាព​ ដើម្បី​ឱ្យ​មាន​អាយុវែង​វិញ​ ប្រសើរ​ជាង​…

    នាំគ្នា​ទៅ​ពិនិត្យ​សុខភាព​ ដើម្បី​ឱ្យ​មាន​អាយុវែង​វិញ​ ប្រសើរ​ជាង​…

    សុខភាព​រាងកាយ​របស់​យើង​ គឺជា​ទ្រព្យសម្បត្តិ​ដែល​មានតម្លៃ​ដ៏​មហាសាល​លើស​ពី​អ្វី​ៗទាំង​អស់​។ តើ​ថ្ងៃនេះ​ លោកអ្នក​មាន​យកចិត្ត​ទុកដាក់​មើលថែ​ទាំ​សុខភាព​ខ្លួនឯង​ហើយ​ឬនៅ​?

    ការ​ធ្វើការងារ​របស់​អវយវៈ​ និង​ប្រព័ន្ធ​ផ្សេង​ៗនៅក្នុង​រាងកាយ​មនុស្សយើង​ ប្រៀប​ដូចជា​ការ​ធ្វើការ​របស់​គ្រឿងចក្រ​ ឬម៉ាស៊ីនរថយន្ត​ដែល​ត្រូវ​តែ​ទទួល​បាន​នូវ​ការ​ត្រួតពិនិត្យ​មើល​សភាព​ការ​ប្រើការ​យ៉ាង​ជាប់​ជានិច្ច​ថា​ តើមាន​ចំណែក​ណា​មួយ​សឹក​រេចរឹល​ ខូចខាត​ដែរ​ឬក៏​អត់​ ដើម្បី​ធ្វើការ​ព្យាបាល​បំប៉ន​រក្សា​ឱ្យ​ស្ថិតនៅ​ក្នុង​សភាព​ដែល​ល្អ​បំផុត​ និង​មាន​អាយុ​ប្រើការ​បាន​យូរ​បំផុត​។

    ការ​មានជីវិត​រស់នៅ​នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ខាង​សារធាតុ​ពុល​ផ្សេង​ៗជាច្រើន​ រាងកាយ​បាន​ទទួល​សារធាតុពុល​ និង​កើត​មានការ​ប្រមូល​សន្សំ​នៅ​ខាងក្នុង​រាងកាយ​ដោយ​យើង​មិនបាន​ដឹងខ្លួន​ឡើយ​។ វា​អាច​បង្ក​ឱ្យ​កើត​ជា​ជំងឺ​មួយចំនួន​ដែល​នៅ​មិនទាន់​បញ្ចេញ​អាការ​មក​ក្រៅ​ឱ្យ​យើង​ឃើញ​ និង​ដឹង​នៅឡើយ​ ហើយ​សម្រាប់​រោគ​ខ្លះ​ ទម្រាំតែ​យើង​បានដឹង​ វា​អាច​នឹង​ហួសពេល​កែកុន​ទៅ​ហើយក៏​មាន​ដែរ​។

    ក្នុងរយៈពេល​ 1ឆ្នាំ​ៗ អ្នក​គួរតែ​រៀបចំ​ពេលវេលា​ឱ្យ​ខ្លួនឯង​ក្នុង​ការ​ទៅ​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​ ដើម្បី​ពិនិត្យមើល​ការ​ធ្វើការងារ​របស់​អវយវៈ​ និង​ប្រព័ន្ធ​ផ្សេង​ៗរបស់​រាងកាយ​យ៉ាង​លម្អិត​ ព្រោះ​ការពិនិត្យ​សុខភាព​នឹង​ជួយ​កាត់បន្ថយ​អត្រា​ការ​បាត់បង់ជីវិត​ពី​ជំងឺ​មួយចំនួន​បាន​ ដូចជា​ ជំងឺបេះដូង​ ជំងឺមហារីក​ និង​ជំងឺ​ទឹកនោមផ្អែម​ ជាដើម​ ហើយ​វា​ថែមទាំង​បាន​ប្រាប់​ឱ្យ​យើង​ដឹងពី​សញ្ញា​របស់​ជំងឺ​ ឬរោ​គផ្សេង​ៗ មុននឹង​វារី​ករាលដាល​ធ្ងន់ធ្ងរ​រហូត​ពិបាក​នឹង​ព្យាបាល​ ឬខាតបង់​ប្រាក់កាស​ច្រើន​ក្នុង​ការ​ព្យាបាល​ទៀតផង​។

    ព័ត៌មាន​ដែល​មានប្រយោជន៍​តាមរយៈ​ការ​ពិនិត្យ​សុខភាព​
    1. វាស់​សម្ពាធ​ឈាម​ ជីពចរ​ និង​ពិនិត្យ​រាងកាយ​ដោយ​គ្រូពេទ្យ​ (PE​)
    ដើម្បី​ពិនិត្យមើល​កម្រិត​សម្ពាធ​ឈាម​ថា​ តើ​ស្ថិត​នៅក្នុង​កម្រិត​ប្រក្រតី​ឬទេ​? ហើយ​លោកគ្រូពេទ្យ​នឹង​ពិនិត្យមើល​រាងកាយ​ជាទូទៅ​ថា​ តើ​លក្ខណៈ​ និង​អវយ​វៈ​ផ្សេង​ៗ ដូចជា​ ត្រចៀក​ ក ច្រមុះ​ សួត​ និង​ការ​ធ្វើការ​របស់​បេះដូង​នៅ​ប្រក្រតី​ឬទេ​?

    2. ភាព​ខុសប្រក្រតី​របស់​គ្រាប់​ឈាម​ និង​កំហាប់​របស់​ឈាម​ (CBC​)
    ដើម្បី​ឱ្យ​បានដឹង​ថា​ តើមាន​កើតរោគ​លោហិត​ស្លេក​ឬទេ​? បរិមាណ​ និង​ប្រភេទ​របស់​គ្រាប់​ឈាម​សដែល​ខុសប្រក្រតី​ អាច​នាំទៅរក​ការ​ងាយ​ឆ្លង​មេរោគ​ និង​ដើម្បី​ពិនិត្យ​រកមើល​មេរោគ​មហារីក​នៅក្នុង​គ្រាប់​ឈាម​ផង​ដែរ​។

    3. កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ (FBS​)
    ដើម្បី​ពិនិត្យ​រកមើល​ភាព​ប្រថុយប្រថាន​នឹង​ការ​កើតជំងឺ​ទឹកនោមផ្អែម​ ជាពិសេស​អ្នក​ដែល​មាន​ទម្ងន់​ខ្លួន​ច្រើន​(ធាត់​) ឬគ្រួសារ​ដែល​មាន​ប្រវត្តិ​កើតរោគ​ទឹកនោមផ្អែម​។

    4. ការ​ធ្វើការ​របស់ក្រ​លៀន​ (BUN​)
    ជា​ការ​វាស់​កម្រិត​សារធាតុគីមី​នៅក្នុង​ឈាម​ ដើម្បី​មើល​ពី​សមត្ថភាព​របស់ក្រ​លៀន​ក្នុង​ការ​បញ្ចេញ​វត្ថុ​កខ្វក់​ និង​ពិនិត្យ​រក​សភាវ​ក្រលៀន​ចុះ​ខ្សោយ​ ឬឈប់​ធ្វើការ​។

    5. ការ​ធ្វើការ​របស់​ថ្លើម​ (SGOT​ &​ SGPT​)
    ដើម្បី​ពិនិត្យមើល​បរិមា​ណអង់​ហ្ស៊ី​មក្នុង​ថ្លើម​ថា​ តើ​ខុសប្រក្រតី​ឬទេ​? បើសិនជា​មានកម្រិត​ខ្ពស់​ជាង​ប្រក្រតី​នោះ​ បញ្ជាក់​ថា​ អាច​នឹង​មាន​អាការ​រលាក​ថ្លើម​។

    6. ពិនិត្យមើល​ការ​ធ្វើការ​របស់​ថ្លើម​យ៉ាង​លម្អិត​ (Alkaline​ Phosphatase​ &​ Bilirubin​)
    ដើម្បី​ពិនិត្យ​រកមើល​ភាព​ខុសប្រក្រតី​របស់​ថ្លើម​ ដូចជា​ ខាន់លឿង​ ឬបំពង់​ទឹកប្រមាត់​ណែន​ស្ទះ​ ជាដើម​។

    7. ខ្លាញ់​ កូ​លេ​ស្តេ​រ៉ូល​ (Cholesterol​)
    ដើម្បី​ពិនិត្យមើល​កម្រិត​ជាតិ​ខ្លាញ់​ កូ​លេ​ស្តេ​រ៉ូ​លក្នុង​ឈាម​ថា​ តើមាន​បរិមាណ​ខ្ពស់​ជ្រុល​ពេក​ឬទេ​? បើ​កម្រិត​ជាតិ​ខ្លាញ់​ឡើង​ខ្ពស់​ វា​នឹង​ធ្វើ​ឱ្យ​សរសៃឈាម​ណែន​តាន់​ ដែល​ជាដើម​ហេតុ​របស់​ជំងឺបេះដូង​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ស្ពឹក​ពិការ​មួយ​កំណាត់​ ឬមួយ​ចំហៀង​ខ្លួន​ជាដើម​។
    (នៅមានត)

  • សុខភាព​ស្រស់ថ្លា​… ដោយសារ​ផ្កា​ស្រស់​

    សុខភាព​ស្រស់ថ្លា​… ដោយសារ​ផ្កា​ស្រស់​

    បុប្ផា​ស្រស់​ៗជា​វត្ថុជា​ទីស្រឡាញ់​របស់​មនុស្សជា​ច្រើន​ ក្រៅពី​ភាព​ស្រស់​ស្អាត​ហើយ​ ផ្កា​ស្រស់​នៅ​អាច​ជួយ​ធ្វើ​ឱ្យ​សុខភាព​អ្នក​កាន់តែ​ល្អ​ប្រសើរ​ឡើង​បាន​ទៀតផង​… តើមាន​ផ្កា​អ្វីខ្លះ​ និង​ពណ៌​អ្វីខ្លះ​ដែល​ជួយ​ដល់​សុខភាព​ទាំង​កាយ​ និង​ចិត្ត​របស់​មនុស្ស​ខ្លះ​? សូម​ប្រិយមិត្ត​អ្នកអាន​តាមដាន​ជាមួយនឹង​អត្ត​បទ​ខាងក្រោម​នេះ​ទាំងអស់គ្នា​ដូចតទៅ​ ៖

    ផ្កា​ពណ៌ក្រហម​ ស ផ្កាឈូក​… ផ្កា​កុលាប​
    ទោះជា​មាន​បន្លា​មុត​ស្រួច​មែន​ តែ​កុលាប​ក៏​មាន​ពណ៌​ស្រស់​ស្អាត​ជាច្រើន​ដែរ​ ទាំង​ពណ៌ក្រហម​ ស ផ្កាឈូក​ និង​ពណ៍​លឿង​ទៀតផង​ ដែល​ផ្កា​កុលាប​ពណ៌​នី​មួយ​ៗសុទ្ធតែ​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​មិន​ចេះ​ធុញទ្រាន់​ទាំងអស់​ ក្រៅពី​នេះ​ ក្លិន​របស់​កុលាប​នៅ​អាច​ជួយ​គ្រប់គ្រង​កម្រិត​អ័រម៉ូន​ភេទ​ស្រី​បាន​ទៀតផង​ ព្រោះ​ក្លិន​របស់​ផ្កា​កុលាប​មាន​ចំណែក​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បន្ត​ពូជ​របស់​មនុស្ស​ស្រី​ រួម​ទាំង​ជា​ចំណែក​ផ្សំ​មួយ​នៅក្នុង​គ្រឿងសម្អាង​ ដែល​ច្រើន​ឃើញ​មាននៅ​ក្នុង​គ្រី​មថែបំប៉ន​ស្បែក​ លុបបំបាត់​ស្លាកស្នាម​ ជួយ​ឱ្យ​ស្បែក​ឡើង​តឹង​ និង​ធ្វើ​ឱ្យ​សរសៃឈាម​រឹងមាំ​ទៀតផង​។

    ផ្កា​ពណ៌ស​… ផ្កាម្លិះ​
    ផ្កា​ពណ៌ស​បរិសុទ្ធ​ ផ្តល់​នូវ​អារម្មណ៍​ស្ងប់ស្ងាត់​ សប្បាយចិត្ត​ ក្លិនក្រអូប​ត្រជាក់​ ជួយ​ប្រឆាំង​អាការ​សោកសៅ​ ធ្វើ​ឱ្យ​ផ្លូវចិត្ត​រីករាយ​ស្រស់ស្រាយ​។ ក្រៅ​ពីនេះ​ ផ្កាម្លិះ​នៅ​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ការផលិត​ជា​ទឹកអប់​ដែល​ប្រកបដោយ​ក្លិនក្រអូប​រំ​-ជួល​ចិត្ត​ និង​ត្រូវ​បាន​គេ​និយម​ប្រើប្រាស់​ក្នុង​រូប​ភាពជា​ផលិតផល​បង្កើន​សម្រស់​សម្រាប់​មនុស្ស​ស្បែក​ស្ងួត​ទៀតផង​។

    ផ្កា​ពណ៌ក្រហម​ ផ្កាឈូក​… ផ្កា​ជើ​រ៉ា​នៀម​ (Geranium​)
    ពណ៌ក្រហម​ ពណ៌​ផ្កាឈូក​ ជួយ​បង្កើន​បរិយាកាស​ឱ្យ​ស្រស់ថ្លា​ និង​គួរ​ឱ្យ​ថ្នាក់ថ្នម​។ ទឹក​ប្រេង​ក្រអូប​ហើរ​តាម​ខ្យល់​ ដែល​ចម្រាញ់​ចេញពី​ក្លិន​ផ្កា​ ជើ​រ៉ា​នៀ​មនេះ​ មានគុណ​សម្បត្តិ​ជួយ​ធ្វើ​ឱ្យ​មនុស្ស​យើង​មាន​អារម្មណ៍​នឹងនរ​ ត្រជាក់​ និង​ជា​ចំណែក​ផ្សំ​សំខាន់​មួយ​ដែលគេ​តែងឃើញ​នៅក្នុង​សាប៊ូ​ ឡេ​ គ្រី​ម និង​ទឹកអប់​ទៀតផង​។ ផលិតផល​របស់​ផ្កា​ជើ​រ៉ា​នៀ​មនេះ​ ត្រូវ​នឹង​ស្បែក​មនុស្ស​ស្រី​គ្រប់​ប្រភេទ​។

    ផ្កា​ពណ៌ស្វាយ​… ផ្កា​ឡា​វេន​ឌើរ៍​ (Lavender​)
    គឺជា​ពណ៌ស្វាយ​មួយ​ដែល​មើលទៅ​មិន​សៅហ្មង​ តែ​បែរជា​ផ្តល់​នូវ​អា​រម្ម​ណ៍​សប្បាយ​ៗ និ​ងរ៉ូ​មែន​ទិ​កបន្តិច​ៗទៀតផង​។ ក្លិនក្រអូប​របស់​ផ្កា​ ឡា​វេន​ឌើរ៍​ ជួយ​ធ្វើ​ឱ្យ​ផ្លូវចិត្ត​នឹងនរ​ ស្ងប់​ត្រជាក់​ មានគុណ​សម្បត្តិ​ជួយ​កាត់បន្ថយ​ភាព​ធុញថប់​តានតឹង​ក្នុង​អារម្មណ៍​ និង​បន្ធូរ​អាការ​ឈឺក្បាល​ ជួយ​ឱ្យ​គេងលក់​ស្រួល​ និង​ត្រូវ​បាន​គេ​និយម​យក​ទៅ​ប្រើ​នៅក្នុង​ផលិតផល​រក្សា​សម្ផស្ស​ ជួយ​ឱ្យ​ស្បែក​នៅក្មេង​សខ្ចី​ និង​ថែមទាំង​ប្រើ​ក្នុង​ការ​ព្យាបាល​ជំងឺ​រលាក​ស្បែក​ និង​ជា​ថ្នាំ​ព្យាបាល​មុន​បាន​ទៀតផង​។

    ផ្កា​ពណ៌លឿង​ទឹកមាស​… ផ្កាស្បៃរឿង​
    ពណ៌លឿង​ច្រាល​ សម្លឹងឃើញ​ហើយ​ធ្វើ​ឱ្យ​ភាព​ធុញថប់​តានតឹង​ក្នុង​អារម្មណ៍​ថយ​ចុះ​ភ្លាម​តែម្ដង​។ សារធាតុ​ដែល​ចម្រាញ់​បាន​ពី​ផ្កាស្បៃរឿង​ (សារធាតុ​ ខា​លេន​ឌូ​ឡា​ Calendula​) ជួយ​កែ​បញ្ហា​ស្បែក​ ដូចជា​ ជំងឺ​រលាក​ស្បែក​ ស្លាកស្នាម​ និង​ស្បែក​ស្ងួត​ប្រេះ​ ជាដើម​។ ស្រទាប់ផ្កា​ស្បៃរឿង​អាច​ប្រើប្រាស់​ធ្វើជា​ថ្នាំ​លាង​ភ្នែក​ ហើយ​ក្លិន​ក្រអូប​ឈួល​របស់​វា​ធ្វើ​ឱ្យ​បរិយាកាស​ក្នុង​ផ្ទះ​ស្រស់ថ្លា​ ប្រឆាំង​នឹង​ថាមពល​ដែល​ចេញពី​កុំព្យូទ័រ​ ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ និង​រាងកាយ​បាន​ទៀតផង​ ។

    ផ្កា​ពណ៌លឿង​ស្រាល​… ផ្កា​ក្តាំងងា​
    ស្រទាប់ផ្កា​មើលទៅ​ទន់​ម៉ដ្ឋខៃ​ គួរ​ឱ្យ​ស្រឡាញ់​ មាន​ពណ៌លឿង​ស្រាល​គួរ​ឱ្យ​គយគន់​។ ក្លិន​របស់​វា​ជួយ​ធ្វើ​ឱ្យ​រាងកាយ​ផលិត​សារធាតុ​ សេ​រ៉ូ​ថូ​និន​ (Serotonin​) ដែល​ជា​សារធាតុគីមី​ក្នុង​ខួរក្បាល​ដ៏​សំខាន់​បំផុត​ ធ្វើ​ឱ្យ​មាន​សេចក្តី​សុខ​ អារម្មណ៍​ស្ងប់ស្ងាត់​ មិន​វិលវល់​ បន្ធូរ​ភាព​នឿយ​ល្វើយ​ ជួយ​ឱ្យ​ខួរក្បាល​ធ្វើការ​បាន​ល្អ​ ការពារ​រោគ​ម៉ៃ​ក្រេ​ន និង​រោគ​ធុញថប់​បាន​។គ្រាន់តែ​ចេះ​ជ្រើសរើស​ប្រើ​ពណ៌​ស្អា​តៗ​ និង​ក្លិន​ក្រ​អូបៗ​របស់​ផ្កា​ស្រស់​ ក៏អាច​ជួយ​ឱ្យ​អ្នកនាង​កញ្ញា​ទាំងឡាយ​បាន​ធូរស្រាល​អារម្មណ៍​ និង​មាន​សុខភាព​ល្អ​ទាំង​កាយ​ និង​ចិត្តបាន​ដែរ​។

    …ទាំង​ស្អាត​ ទាំង​ល្អ​បែបនេះ​ តើ​ឱ្យ​ទប់ចិត្ត​មិន​លង់​ស្នេហ៍​បុប្ផា​ទាំងនោះ​ម្ដេច​នឹង​បាន​ទៅ​…មែនទេ​មិត្ត​អ្នកអាន​?

  • 8វិធី​កម្ចាត់​ក្លិន​មាត់​បាន​យ៉ាង​ល្អ​ដែល​ជនជាតិ​ជប៉ុន​ណែនាំ​

    8វិធី​កម្ចាត់​ក្លិន​មាត់​បាន​យ៉ាង​ល្អ​ដែល​ជនជាតិ​ជប៉ុន​ណែនាំ​

    ក្លិន​មាត់​បាន​សាង​នូវ​ភាព​លែង​ជឿជាក់​លើ​ខ្លួនឯង​ចំពោះ​សាមីខ្លួន​យ៉ាង​ខ្លាំង​ ទោះជា​ខំ​ថែរក្សា​ព្យាបាល​ប្រអប់មាត់​ និង​ធ្មេញ​ល្អល្អះ​ប៉ុនណា​ក្ដី​ តែ​ជួនកាល​ក៏​នៅតែ​មាន​ក្លិន​មាត់​សាយភាយ​ចេញ​មក​បែប​មិនដឹង​ខ្លួន​ដែរ​ ដូច្នេះ​ពេលនេះ​ យើង​នាំគ្នា​មក​ដឹងពី​មូលហេតុ​ជាច្រើន​ប្រការ​ដែល​ធ្វើ​ឱ្យ​កើត​ក្លិន​មាត់​ និង​វិធី​កម្ចាត់​ក្លិន​មាត់​ឱ្យ​បាន​លទ្ធផល​ល្អ​ដែល​ជនជាតិ​ជប៉ុន​ណែនាំ​មក​ដូច​ខាងក្រោម​នេះ​…។

    មូលហេតុ​របស់​ការ​កើតមាន​ក្លិន​មាត់​
    ក្លិន​មាត់​ មាន​មូលហេតុ​មក​ពី​ច្រើន​រឿង​ណាស់​ តាំងពី​ការ​ញ៉ាំ​កាហ្វេ​ និង​ស្រា​ ការ​ទទួលទាន​អាហារ​ដែល​ប្រកបដោយ​ខ្ទឹមបារាំង​ ខ្ទឹមក្រហម​ ខ្ទឹមស​ និង​គ្រឿងទេស​ជាដើម​ តែ​មូលហេតុ​ចម្បង​វិញ​ បណ្ដាលមកពី​ការ​ដុស​សម្អាត​ធ្មេញ​មិនបាន​ស្អាត​ ធ្វើ​ឱ្យ​មេរោគ​បាក់តេរី​ក្នុង​ប្រអប់មាត់​ទៅ​រំលាយ​កម្ទេចកម្ទី​អាហារ​ដែល​នៅ​ជាប់​សេសសល់​ក្នុង​ប្រអប់មាត់​ និង​បំពង់ក​ ដែល​ក្រៅពី​នឹង​ធ្វើ​ឱ្យ​កើត​ក្លិនស្អុយ​ហើយ​ នៅ​បង្ក​ឱ្យ​មាន​បញ្ហា​ក្នុង​ប្រអប់មាត់​ទៀតផង​ ដូចជា​មាន​បន្ទះ​ផ្សិត​ពណ៌ស​ៗនៅ​លើ​អណ្ដាត​ និង​គល់​អណ្ដាត​ផ្នែក​ខាងក្នុង​ ពុក​ធ្មេញ​ ជំងឺ​រលាក​អញ្ចាញ​ដោយសារ​កំណក​អតិសុខុម​ប្រាណ​ និង​កំណកកំបោរ​ប្រមូល​សន្សំ​នៅ​តាម​មុខតំណ​របស់​អញ្ចាញ​ និង​ធ្មេញ​។ បើ​មិនបាន​ទទួលការ​ព្យាបាល​ទេ​ ជំងឺ​រលាក​អញ្ចាញធ្មេញ​នឹង​រីក​រាលដាល​ខ្លាំង​ឡើង​ ក្លាយជា​ជំងឺ​រលាក​ជុំវិញ​ធ្មេញ​ដែល​នឹង​បង្ក​ឱ្យ​មាន​ក្លិន​កាន់តែ​ស្អុយ​ខ្លាំង​ឡើង​។

    មូលហេតុ​សំខាន់​ 1ប្រការ​ទៀត​របស់​ការ​កើតមាន​ក្លិន​មាត់​គឺ​ សភាវ​មាត់​ស្ងួត​ មាន​ទឹកមាត់​តិច​ ដែល​កើត​ពី​ការ​ញ៉ាំទឹក​មិនបាន​គ្រប់គ្រាន់​។ នៅពេល​មាន​ទឹកមាត់​តិច​ មេ​រោ​គផ្សេង​ៗជាច្រើន​នឹង​នៅ​សេសសល់​ក្នុង​ប្រអប់មាត់​ ធ្វើ​ឱ្យ​កើតមាន​ក្លិន​មិន​ប៉ងប្រាថ្នា​កាន់តែ​ច្រើនឡើង​។ ក្រៅពី​នេះ​ ក៏​មាន​មូលហេតុ​មក​ពី​ប្រព័ន្ធ​រំលាយអាហារ​ដែល​មាន​មេរោគ​បាក់តេរី​ប្រភេទ​មិនល្អ​ក្នុង​ក្រពះ​ និង​ពោះវៀនតូច​ដែល​បង្ក​ឱ្យ​កើត​អាការ​ឆ្អល់​ណែន​ក្នុង​ពោះ​ និង​ភើ​មាន​ក្លិនស្អុយ​ចេញ​មក​ រួម​ទាំង​អាការ​ទល់លាមក​ច្រើន​ៗថ្ងៃ​ ក៏​ធ្វើ​ឱ្យ​កើតមាន​ក្លិន​មាត់​មិនល្អ​បាន​ដែរ​។

    វិធី​កម្ចាត់​ក្លិន​ក្នុង​ប្រអប់មាត់
    ​អាច​ប្រើ​វិធី​ណាមួយ​ ឬប្រើ​រួម​ទាំងអស់​ក៏បាន​…

    1. ប្រើ​ម្សៅ​បេ​កឃីង​សូ​ដា​
    វិធី​នេះ​នឹង​ជួយ​សម្លាប់​មេរោគ​បាក់តេរី​ខាងក្នុង​មាត់​ អាច​ធ្វើ​បាន​ដោយ​ការ​លាយ​ម្សៅ​បេ​កឃីង​សូ​ដា​(អាច​រក​ទិញ​បាន​នៅក្នុង​ផ្សារ​ទំនើប​) កន្លះ​ស្លាបព្រា​កាហ្វេ​ក្នុងទឹក​ 1កែវ​ ហើយ​ខ្ពុរ​ក្នុង​មាត់​រយៈពេល30វិនាទី​ រួច​ខ្ជាក់​ចេញ​។

    2. ប្រើ​ប្រទាល​កន្ទុយក្រពើ
    ​ប្រទាល​កន្ទុយក្រពើ​ ក្រៅពី​មានគុណ​សម្បត្តិ​ក្នុង​ការ​ព្យាបាល​មុខ​របួស​រលាកភ្លើង​ ឬទឹក​ក្ដៅ​ហើយ​ វា​ក៏​មានគុណ​សម្បត្តិ​ក្នុង​ការ​បំបាត់​ក្លិន​មាត់​បាន​ដោយ​ការកាត់បន្ថយ​បរិមាណ​មេរោគ​បាក់តេរី​ក្នុង​ប្រអប់មាត់​ និង​ជួយ​បង្កើន​បរិមាណ​ទឹកមាត់​។ វិ​ធី​ងាយ​ៗ គឺ​គ្រាន់តែ​ខ្ពុរមាត់​ដោយ​ទឹក​ប្រទាល​កន្ទុយក្រពើ​ 1ថ្ងៃ​ 2ដង​ ព្រឹក​ និង​ល្ងាច​។

    3. ញ៉ាំទឹក​ឱ្យ​បាន​គ្រប់គ្រាន់
    ​ការ​ញ៉ាំទឹក​តិច​ នឹង​ធ្វើ​ឱ្យ​លំហូរ​វិល​របស់​ទឹកមាត់​មាន​តិច​ និង​នាំ​ឆ្ពោះទៅ​រក​ការ​មាន​ក្លិន​មាត់​មិនល្អ​។ ក្នុង​ 1ថ្ងៃ​ គួរ​ញ៉ាំទឹក​ឱ្យ​បាន​ញឹកញាប់​ ដើម្បី​បង្កើន​លំហូរ​វិល​របស់​ទឹកមាត់​នៅក្នុង​ប្រអប់មាត់​។

    4. ញ៉ាំ​ស្រា​ទំ​ពាំ​បាយជូរ​ក្រហម​ 1ថ្ងៃ​ 1កែវ​
    តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញថា​ ការ​ញ៉ាំ​ស្រា​ទំពាំងបាយជូរ​ក្រហម​ 1ថ្ងៃ​ 1កែវ​ នឹង​ជួយ​កាត់បន្ថយ​ការ​រីកចម្រើន​របស់​មេរោគ​បាក់តេរី​ក្នុង​ប្រអប់មាត់​ តែ​ទាំងអស់​នេះ​ ដើម្បី​ការពារ​ពណ៌​របស់​ស្រាក្រហម​ប្រឡាក់​ជាប់​ធ្មេញ​ គួរ​ដុស​សម្អាត​ធ្មេញ​ ឬខ្ពុរមាត់​ក្រោយពេល​ញ៉ាំ​ស្រា​នេះ​រួច​។

    5. ទទួលទាន​បន្លែ​ និង​ផ្លែឈើ​ដែល​សម្បូរ​ដោយ​ជាតិកា​កសរសៃ​
    ការ​ទំពា​បន្លែ​ ឬផ្លែឈើ​ដែល​សម្បូរទៅដោយ​កាក​សរសៃ​អាហារ​ ដូចជា​ ស្ពៃក្ដោប​ សាលាដ​ ការ៉ុត​ ឃឹន​ឆាយ​ ផ្លែ​ប៉ោម​ និង​ផ្លែ​ត្របែក​ ក្រៅ​-ពី​បាន​សាង​នូវ​ភាព​ស្រស់ថ្លា​ដល់ពេល​ហូប​អាហារ​ហើយ​ ការ​ទំពា​បន្លែ​ និង​ផ្លែឈើ​ទាំងនោះ​ នឹង​ជួយ​លាង​ជម្រះ​វត្ថុ​កខ្វក់​នៅក្នុង​មាត់​ និង​បន្ថែម​ការ​បញ្ចេញ​ទឹកមាត់​ទៀតផង​។

    6. ទទួលទាន​ក្រូចឆ្មារ​ និង​ផ្លែ​បួយ​ត្រាំ
    ​ផ្លែក្រូច​ឆ្មារ​ និង​ផ្លែ​បួយ​ត្រាំ​មាន​អាស៊ីត​អតិសុខុម​ប្រាណ​ដែល​ជួយ​បង្កើន​ការ​បញ្ចេញ​ទឹកមាត់​ និង​បង្កើន​ការ​រំលាយ​របស់​ប្រូ​តេ​អុី​នដែល​ជា​ប្រភព​ធ្វើ​ឱ្យ​កើត​ក្លិនអាក្រក់​ក្នុង​មាត់​ និង​ថែមទាំង​ជួយការ​ពារ​មិន​ឱ្យ​កម្ទេច​អាហារ​ដែល​ជាប់​នៅក្នុង​កន្លៀត​ធ្មេញ​រលួយ​ស្អុយ​ក្នុងករណី​ដែល​មិនបាន​ដុស​សម្អាត​ធ្មេញ​ក្រោយពេល​បាយ​បា​នភ្លាមៗ​។

    7. ញ៉ាំទឹក​តែ​
    ទឹកតែ​ភាគច្រើន​ប្រកបដោយ​សារធាតុ​ ហ្វ្លា​វ៉ូ​ណយដ៍​ ដែល​មាន​ឫទ្ធិ​ក្នុង​ការកាត់បន្ថយ​ក្លិន​មាត់​ និង​ជួយ​កម្ចាត់​មេរោគ​បាក់តេរី​ក្នុង​ប្រអប់មាត់​។ វិធីការ​ដែល​មានប្រសិទ្ធភាព​ក្នុង​ការ​ជួយ​កាត់បន្ថយ​ក្លិន​មាត់​បាន​ល្អ​បំផុត​ គឺ​ការ​ញ៉ាំទឹក​តែ​ក្រោយពេល​បាយ​រួច​។

    8. ទទួលទាន​យ៉ា​អួ​(ទឹកដោះគោ​ជូរ​)ជាប្រចាំ​
    មួយ​ក្នុងចំណោម​មូលហេតុ​សំខាន់​របស់​ក្លិន​មាត់​ គឺ​ការ​មាន​មេរោគ​បាក់តេរី​ច្រើនលើស​នៅក្នុង​ក្រពះ​ និង​ពោះវៀនតូច​ ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយអាហារ​ធ្វើការ​ខុសប្រក្រតី​។ ការ​ទទួលទាន​យ៉ា​អួ​ជាប្រចាំ​ នឹង​ជួយ​កែសម្រួល​ប្រព័ន្ធ​ទូទៅ​ក្នុង​ពោះវៀន​ឱ្យ​ល្អ​ឡើង​ ហើយ​មានការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញថា​ ការ​ទទួលទាន​យ៉ា​អួ​ជាប្រចាំ​រៀងរាល់ថ្ងៃ​ 1ថ្ងៃ​ 1ពែង​ នឹង​ជួយ​បន្ថយ​បរិមាណ​សារធាតុ​ដែល​ធ្វើ​ឱ្យ​កើត​ក្លិនស្អុយ​ក្នុង​មាត់​ ដូចជា​ ហៃ​ដ្រូ​ចេ​នសាល់​ហ្វៃ​ដ៍​ បាន​ទៀតផង​។

    បើសិនជា​បាន​ដុស​សម្អាត​ធ្មេញ​ និង​មើលថែ​ទាំ​សុខភាព​ប្រអប់មាត់​បាន​ល្អ​ហើយ​ តែ​ក៏​នៅតែ​មាន​អារម្មណ៍​ថា​ នៅតែ​មាន​ក្លិន​មាត់​មិនល្អ​ទៀត​នោះ​ ចូរ​សាកល្បង​ប្រើ​វិធី​ណាមួយ​ដូច​ខាងលើ​-លមើល​ក៏បាន​៕