Category: សុខភាព

  • ជំងឺ​រលាក​ស្បែក​ដែល​ជួបប្រទះ​ញឹកញាប់​បំផុត​នារ​ដូវ​រងា​

    ជំងឺ​រលាក​ស្បែក​ដែល​ជួបប្រទះ​ញឹកញាប់​បំផុត​នារ​ដូវ​រងា​

    នៅក្នុង​អំឡុង​ខែ​រដូវរងា​ ប្រសិនបើ​ស្បែក​របស់​អ្នក​រមាស់​ ដែល​កើត​មាន​កន្ទួល​ផ្ទាំង​ៗ ឡើង​កន្ទួល​ក្រហម​ដូចមុន​ ថែមទាំង​រមាស់​ក្នុងរយៈ​វេលា​យូរ​ទៀត​នោះ​ ទាំងនេះ​អាច​បញ្ជាក់​បាន​អំពី​សញ្ញា​នៃ​អាការ​ជំងឺ​រលាក​ស្បែក​ហើយ​។ ដោយសារ​អាកាសធាតុ​រងា​ ទើប​ស្បែក​ស្ងួត​ហើយ​មាន​អាការ​រមាស់​តិច​ៗ ហើយ​បើ​បន្ត​យូរ​ទៅ​ និង​ហាក់ដូចជា​មិន​មាន​ការ​ប្រែជា​ល្អ​វិញ​នោះ​ អ្នក​គួរតែ​ប្រញាប់​ស្វែងរក​ពី​មូលហេតុ​របស់​វា​។ ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ស្បែក​ គ្រូពេទ្យ​តែង​ប្រាប់​ថា​ ជំងឺ​រលាក​ស្បែក​នា​អំឡុង​ខែរងា​នេះ​ គឺ​ភាគច្រើន​កើតឡើង​ចំពោះ​កុមារ​ច្រើនជាង​មនុស្សចាស់​។ តើ​ជំងឺ​រលាក​ស្បែក​ប្រភេទ​នេះ​គឺជា​អ្វី​?

    ជំងឺ​រលាក​ស្បែក​ជា​អ្វី​?
    ជំងឺ​រលាក​ស្បែក​ ឬអាច​ហៅ​ម្យ៉ាងទៀត​ថា​ ជំងឺ​ស្បែក​ប្រតិកម្ម​ចាញ់​អាកាសធាតុ​ ដែល​ជា​ប្រភេទ​ជំងឺ​សើរ​ស្បែក​ជួប​ញឹកញាប់​បំផុត​។ អ្នកជំងឺ​ដែល​កើតរោគ​នេះ​ អាច​មាន​អាការ​ចាញ់​អាកាសធាតុ​ ឬមាន​អាការ​ជំងឺហឺត​ រួម​ទាំង​ជំងឺ​រមាស់​ស្បែក​ក្រហម​ជាដើម​។ ជំងឺ​រលាក​ស្បែក​នេះ​ អាច​មាន​រោគសញ្ញា​ទូទៅ​ដូចជា​ រមាស់​ក្រហាយ​ពេញ​ដងខ្លួន​ ឡើង​កន្ទួល​ក្រ​ហម​ផ្ទាំង​ៗ និង​រមាស់​ក្រ​ហម​អុច​ៗក្នុងរយៈពេល​យូរ​មិន​ងាយ​ជាសះស្បើយ​។
    នៅពេល​ស្បែក​មាន​សុខភាព​ខ្សោយ​ ហើយ​ងាយ​ប្រតិកម្ម​ចាញ់​ជាមួយ​អាកាសធាតុ​ គ្រូពេទ្យ​តែងតែ​ប្រាប់​អំពី​ការ​ព្យាបាល​ដោយ​ការ​បំបាត់​អាការ​រមាស់​ ការពារ​មិន​ឱ្យ​រោគសញ្ញា​កំរើប​ឡើងវិញ​ និង​ការ​មើលថែ​សុខភាព​រាងកាយ​ឱ្យ​ប្រសើរ​ឡើង​ទៅតាម​របប​ជីវិត​។

    រោគសញ្ញា​អាការ​ជំងឺ​រលាក​ស្បែក​
    អាការ​នៃ​ជំងឺ​រលាក​ស្បែក​ត្រូវ​បានឃើញ​ខុសប្លែក​ផ្សេង​ៗគ្នា​ទៅតាម​សភាព​នៃ​អ្នកជំងឺ​ ដោយ​អ្នកខ្លះ​មាន​អាការ​ដូចជា​ ៖
    1. ស្បែក​ស្ងួត​
    2. រមាស់​ និង​រមាស់​ធ្ងន់ធ្ងរ​នា​ពេលយប់​
    3. ស្បែក​ឡើងក្រហម​ ឬមានស្នាម​ពណ៌ក្រហម​ព្រឿង​ពេញ​បរិវេណ​បាតដៃ​ ជើង​ ជង្គង់​ កជើង​ កដៃ​ កញ្ចឹងក​ ទ្រូង​ ត្របកភ្នែក​។ ហើយ​ចំពោះ​ទារក​អាច​មាន​រោគសញ្ញា​នៅ​លើ​មុខ​ និង​ស្បែក​ក្បាល​។
    4. ស្បែក​កាន់តែ​ក្រាស់​ ប្រេះ​ស្ងួត​ និង​រលោង​។
    5. ស្បែក​ងាយ​ប្រតិកម្ម​ក្រហម​ និង​ហើម​ដោយសារ​អេះ​។អ្នកជំងឺ​ត្រូវ​បាន​កំណត់​ការ​កើតរោគ​សញ្ញា​ចាប់ពី​មុន​អាយុ5ឆ្នាំ​ វ័យ​ជំទង់​ និង​មនុស្សចាស់​ ដែល​ភាគច្រើន​គឺ​ឡើង​រោគសញ្ញា​រមាស់​ផ្ទាំង​ក្រ​ហមៗ​មួយ​រយៈ​ ហើយក៏​បាត់​វិញ​ និង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ទើប​កើតឡើងវិញ​មាន​លក្ខណៈ​រលាក​ធ្ងន់ធ្ងរ​។

    ជំងឺ​រលាក​ស្បែក​ដែល​បង្ក​ដោយ​បញ្ហា​សុខភាព​
    អាការៈរលាក​ និង​រមាស់​នៅ​ស្បែក​នារ​ដូវ​រងា​ ក៏អាច​កើត​ពី​កត្ដា​បញ្ហា​សុខភាព​ផង​ដែរ​ ដែល​មាន​ហុច​ផល​អាក្រក់​ដល់​ស្បែក​ដូចជា​ ៖
    1. ជំងឺ​ផ្ដាសាយ​ និង​ផ្ដាសាយធំ​
    2. ការ​ឆ្លង​បាក់តេរី​
    3. អាការ​ចាញ់​ ដូចជា​ អា​ឡែ​កហ្ស៊ី​លម្អង​កេសរ​ រោមសត្វ​ និង​ធូលី​ជាដើម​។
    ខ្លះទៀត​ក៏​មាន​ជា​កន្ទួល​រមាស់​ដែល​មាន​លក្ខណៈ​ជា​ផ្ទាំង​ធំៗ​ពណ៌ក្រហម​ ហើយ​វា​អាច​កើតឡើង​ដោយសារ​តែ​បញ្ហា​ស្ត្រេស​ សត្វ​តិច​ ប្រតិកម្ម​ថ្នាំ​ ឬអាហារ​ និង​បាក់​តេ​រី​ផ្សេង​ៗ។ បើ​មាន​បញ្ហា​នេះ​សូម​ទៅ​រក​វេជ្ជបណ្ឌិត​ជាបន្ទាន់​។

    ទង្វើ​ប្រតិកម្ម​នៃ​ជំងឺ​រលាក​ស្បែក​នឹង​បរិស្ថាន​ជុំវិញ​ខ្លួន​
    សកម្ម​ភាព​ខ្លះ​ៗ និង​បរិស្ថាន​ អាច​បណ្តាល​ឱ្យ​ស្បែក​ស្ងួត​ និង​ងាយ​រលាក​ ឬបណ្តាល​ឱ្យ​ស្បែក​កើត​ជំ​ងឺ​ផ្សេង​ៗទៀត​ ដែល​មាន​រោគសញ្ញា​កន្ទួល​ក្រហម​។ នេះ​ក៏​មក​ពី​ ៖
    1. អាកាសធាតុ​ក្តៅ​ពេក​ ហើយ​ប្រែជា​ចុះ​ត្រជាក់​វិញ​។
    2. ការ​ត្រាំទឹក​រយៈពេល​យូរ​
    3. ការ​បែកញើស​ ហើយ​ផ្អាប់​ជាមួយ​សម្លៀកបំពាក់​
    4. ងូតទឹក​ក្តៅ​នៅ​សីតុណ្ហភាព​ខ្ពស់​ពេក​
    5. កម្ទេចកម្ទី​នៅក្នុង​ខ្យល់​
    6. កន្លែង​ស្នាក់នៅ​ស្ថិត​ក្នុង​តំបន់​ផ្សែង​ពុល​

    ជំងឺ​ស្បែក​អា​លែ​កហ្ស៊ី​ស្រដៀងគ្នា​នឹង​ជំងឺ​ប្រតិកម្ម​ចាញ់​អាកាសធាតុ​ បណ្ដាល​ឱ្យ​រលាក​ស្បែក​ និង​ជំងឺ​រលាក​ស្បែក​ (Irritant​ Contact​ Dermatitis​)
    1. រោគសញ្ញា​ : ក្រហម​ ក្រហាយ​ ហើម​ របកស្បែក​ រមាស់​ ពងបែក​ ដំបៅ​ ប្រេះ​ និង​ស្បែក​ឡើង​ក្រាស់​។
    2. មូលហេតុ​ : ការ​ឆ្លើយតប​របស់​ស្បែក​ ដែល​បញ្ចេញ​សារធាតុ​បណ្តាល​ឱ្យ​រលាក​ចំពោះ​ការខូចខាត​ស្បែក​ដោយសារ​ធាតុគីមី​។ ដៃ​ជា​កន្លែង​កើត​ញឹកញាប់​។ មូលហេតុ​មាន​ សាប៊ូ​ ទឹក​សម្អាត​ ការ​ប៉ះទង្គិច​ ការ​កោស​ ការ​រាំង​ខ្ទប់​ស្បែក​ ខ្យល់​ស្ងួត​ ការប្រែប្រួល​សីតុណ្ហភាព​ ប្រេងរំអិល​ ស្រោមដៃ​។ល។
    3. ផលវិបាក​ : ព្យាបាល​មិនបាន​ត្រឹមត្រូវ​ វិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរ​ និង​រលាក​រ៉ាំរ៉ៃ​មានការ​ក្លាយ​រោគ​ ងាយ​ឆ្លង​រោគ​ ដែល​រំខាន​ដល់​ការងារ​ប្រចាំថ្ងៃ​យ៉ាង​ខ្លាំង​ ឡើង​ជាំ​ខ្មៅ​ ស្នាម​សន្លា​ក បាត់បង់​ក្រ​យ៉ៅ​ដៃ​ ងាយ​ប្រ​ត្តិ​កម្ម​ជាមួយ​ថ្នាំលាប​ ពិបាកចិត្ត​។
    ខែត្រជាក់​ស្បែក​ងាយ​នឹង​ឡើង​ស្ងួត​ ដូច្នេះហើយ​អ្នក​គួរតែ​យល់ដឹង​ពី​វិធី​ក្នុង​ថែរក្សា​ស្បែក​ឱ្យ​មាន​សំណើម​ និង​ការពារ​ការ​ឆ្លង​បាក់តេរី​។ ការ​ជ្រើស​សាប៊ូ​សម្អាត​ស្បែក​ក៏​ជា​រឿង​សំខាន់​ ដែល​អ្នក​គួរតែ​ជ្រើសរើស​ប្រើ​ផលិតផល​សាប៊ូ​ដុស​ខ្លួន​ និង​សាប៊ូលាងមុខ​ ដែល​មាន​ជាតិ​ផ្ដល់​សំណើម​ច្រើន​ដល់​ស្បែក​ ទើប​អាច​ទប់ទល់​នឹង​ការ​បំផ្លាញ​ដោយសារតែ​អាកាសធាតុ​ត្រជាក់​។ អុ្ន​កគួរ​បញ្ឈប់​ការប្រើ​ប្រាស់​សាប៊ូ​ដុស​ខ្លួន​ និង​សាប៊ូលាងមុខ​ណា​ដែល​បំផ្លាញ​សំណើម​របស់​ស្បែក​ និង​ធ្វើ​ឱ្យ​ស្បែក​ស្ងួត​។ ប្រសិនបើ​អ្នក​ចង់​ដឹង​ថា​ សាប៊ូ​ណា​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ស្ងួត​ អ្នក​អាច​កត់សម្គាល់​បាន​ ក្រោយពេល​ងូតទឹក​រួចហើយ​ ស្បែក​របស់​អ្នក​នឹង​ប្រែ​ទៅជា​ក្រហម​ ស្ងួត​ គ្មាន​សំណើម​ ក្រហម​ និង​ជួនកាល​អាច​រមាស់​តិច​ៗក៏​មាន​។ ប្រសិនបើ​មាន​បញ្ហា​ស្បែក​អា​លែ​កហ្ស៊ី​ ឬបណ្ដាល​ឱ្យ​រលាក​ខ្លាំង​នោះ​ អ្នក​គប្បី​ទៅ​ពិគ្រោះ​ជំងឺ​ស្បែក​ ជាមួយ​គ្រូពេទ្យ​ជំនាញ​៕

  • ប្រយ័ត្ន​ កើតជំងឺ​អាក្រក់​ទាំង​ 6 បើ​អ្នកទទួល​ទាន​ទឹក​តិច​ក្នុង​មួយ​ថ្ងៃ​ៗ

    ប្រយ័ត្ន​ កើតជំងឺ​អាក្រក់​ទាំង​ 6 បើ​អ្នកទទួល​ទាន​ទឹក​តិច​ក្នុង​មួយ​ថ្ងៃ​ៗ

    ប្រសិនបើ​អ្នក​ គឺជា​មនុស្សម្នាក់​ដែល​មានការ​ងារ​រវល់​ខ្លាំង​ពេញមួយថ្ងៃ​ រហូត​ស្ទើរតែ​រក​ពេលទំនេរ​មិនបាន​នោះ​ សូមកុំ​បណ្តោយ​ខ្លួន​ឱ្យ​ខូចសុខភាព​ឱ្យ​សោះ​ អ្នក​គួរតែ​យកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព​របស់​អ្នក​មុនគេ​។ ដោយ​ជា​ញឹកញាប់​ត្រូវ​ទទួលទានទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ជាប្រចាំ​ ទើប​អ្នក​មិន​មាន​ជំងឺ​ “កង្វះ​ជាតិទឹក​” ព្រោះថា​ អ្នកដឹង​ទេ​បើ​អ្នកទទួល​ទាន​ទឹក​តិច​ពេក​នៅ​ក្នុង​មួយ​ថ្ងៃ​ៗ នោះ​វា​ហុច​ផល​ដល់​សុខភាព​របស់​អ្នក​ និង​បង្ក​បញ្ហា​អវិជ្ជមាន​ធ្ងន់ធ្ងរ​ ដោយ​មិនដឹង​ខ្លួន​។

    1. ជំងឺ​ភ្លេចភ្លាំង​នៅពេល​ដែល​រាងកាយ​របស់​អ្នក​ខ្វះ​ជាតិទឹក​ វា​នឹង​បណ្តាល​ឱ្យ​ការដឹកនាំ​សារធាតុ​ចិញ្ចឹម​នានា​ទៅកាន់​ខួរក្បាល​គឺ​មិន​ពេញលេញ​ ឯបេះដូង​ក៏​មិន​អាច​ច្របាច់​ឈាម​គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​ខួរក្បាល​ដែរ​។ មូលហេតុ​នេះ​ធ្វើ​ឱ្យ​អ្នកមាន​ជំងឺ​បាត់បង់​ការ​ចងចាំ​បន្តិច​ម្តង​ៗ ឬមានការ​គិត​យឺត​ ខួរក្បាល​ស្ពឹក​ និង​ឧស្សាហ៍ឈឺ​ក្បាល​ជាដើម​។

    2. ជំងឺ​ឫសដូងបាត​ជា​ការពិត​ណាស់​ ប្រសិនបើ​រាងកាយ​មិន​អាច​ទទួល​បាន​ទឹក​គ្រប់គ្រាន់​ទេ​ ការរំលាយអាហារ​នៅក្នុង​ក្រពះ​ នឹង​មានការ​លំបាក​បន្ថែម​ទៀត​ ព្រោះ​ពោះវៀន​ឡើង​ស្ងួត​ មិន​អាច​បណ្ដេញ​លាមក​បាន​ល្អ​ ហើយ​លាមក​អាច​នឹង​ស្ងួត​ពេក​ ពេល​កាកសំណល់​សល់​ច្រើន​នៅក្នុង​ពោះវៀនធំ​។ ពេលនោះ​វា​ត្រូវ​បាន​ស្រូប​ត្រឡប់មកវិញ​ពីពោះ​វៀន​ធំ​ចូល​ទៅ​ក្នុង​រាងកាយ​ដែល​បង្ក​ឱ្យ​កើតមាន​អាការ​ទល់លាមក​ ហើយ​នៅទីបំផុត​ក៏​កើតឡើង​នូវ​ជំងឺ​ឫសដូងបាត​នេះ​ឡើង​។

    3. ឈឺសន្លាក់ដឹង​ទេ​ថា​ឆ្អឹងខ្ចី​នៃ​ផ្នែក​ខាងក្នុង​រាងកាយ​ គឺ​សំខាន់​ខ្លាំង​ណាស់​ ហើយ​វា​ងាយ​នឹង​មាន​គ្រោះថ្នាក់​ជាទីបំផុត​។ ជាទូទៅ​វា​ត្រូវការ​ជាតិទឹក80​% ដូច្នេះ​ប្រសិនបើ​នៅ​សន្លាក់​ ឬឆ្អឹងខ្ចី​ត្រង់​ផ្នែក​ណាមួយ​ខ្វះ​ជាតិទឹក​ ឬមិន​មាន​សំណើម​គ្រប់គ្រាន់​វា​ងាយ​នឹង​ឈឺចាប់​ ឬឆាប់​រង​របួស​ ឬរលាក​ នៅពេល​ដែល​អ្នក​ហាត់ប្រាណ​ លើក​របស់​មាន​ទម្ងន់​ធ្ងន់​ៗ ឬធ្វើការងារ​ផ្សេង​ៗជាដើម​។

    4. ជំងឺ​រលាក​ប្លោកនោម​ប្រសិនបើ​អ្នក​ឈឺ​បន្ទោបង់​ទឹកនោម​ តែ​បន្ទោបង់​មិន​ចេញ​ ឬចេញ​មក​ដែរ​តែ​តិច​ពេក​ បញ្ជាក់​ថា​ អ្នក​អាច​មាន​ អាការ​រលាក​ប្លោកនោម​ហើយ​ ដោយសារតែ​ការ​ទទួលទានទឹក​មិនបាន​គ្រប់គ្រាន់​។

    5. ជំងឺ​ធាត់​លើស​ទម្ងន់មិន​ជឿ​ក៏​ត្រូវតែ​ជឿ​ដែរ​ថា​ បើ​អ្នកទទួល​ទាន​ទឹក​តិច​ពេក​ វា​ក៏​ជា​មូលហេតុ​មួយ​ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ធាត់​បាន​ដែរ​ ជាពិសេស​បើ​អ្នកទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​នៅពេល​ព្រឹក​។ ប៉ុន្តែ​បើ​អ្នកទទួល​ទាន​ទឹក1កែវ​មុន​ពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់​ ឬអាហារ​ពេលល្ងាច​វិញ​ នឹង​ជួយ​ឱ្យ​អ្នក​ស្គម​វិញ​ ព្រោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ ឆ្អែត​តាំងពី​ដំបូង​មុន​ពេល​បរិភោគ​អាហារ​។ ដូច្នេះ​គ្រាន់តែ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​នោះ​ អ្នក​ក៏អាច​សម្រក​ទម្ងន់​បាន​យ៉ាង​ល្អ​។

    6. រដូវ​មក​មិន​ទៀងទាត់​ស្ថានភាព​នៃ​ការ​មករ​ដូវ​របស់​ស្ត្រី​ គឺជា​ការ​ចង្អុលបង្ហាញ​អំពី​បញ្ហា​សុខភាព​មួយចំនួន​ដែរ​។ ប្រសិនបើ​អ្នករកឃើញ​ថា​ អ្នក​មករ​ដូវ​មិន​ទៀងទាត់​ មានការ​ឈឺចាប់​ ឬកើត​អាការ​ខុសប្រក្រតី​នានា​ សូម​គិតថា​ នេះ​អាច​ជា​មូលហេតុ​ដែល​អ្នក​មិនបាន​យក​ចិត្ដ​ទុកដាក់​ក្នុង​ការ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​ ដែល​រាងកាយ​ត្រូវការ​ជាចាំបាច់​។ កត្តា​នេះ​ធ្វើ​ឱ្យ​ឈាម​រត់​មិនបាន​សព្វ​ល្អ​ ទើបបាន​ជា​អ្នកមាន​អាការ​នេះ​កើតឡើង​។

    ខាងក្រោម​នេះ​គឺជា​សញ្ញា​ ដែល​ប្រាប់​ថា​ អ្នក​គឺជា​មនុស្ស​ដែល​ខ្វះ​ជាតិទឹក​៖
    – មិន​បន្ទោបង់​ទឹកនោម​ចោល​ពី4​-7ដង​ក្នុង​មួយថ្ងៃ​
    – ទឹកនោម​មាន​ពណ៌លឿង​ និង​ខាប់​ស្ទើរតែ​រៀងរាល់​ពេល​ដែល​បន្ទោបង់​ចេញ​មក​ក្រៅ​
    – ទឹកនោម​មាន​ក្លិន​។ល។ ដូច្នេះ​គ្រាន់តែ​ការ​មិន​ទទួលទានទឹក​ក៏​ជះឥទ្ធិពល​អវិជ្ជមាន​ទៅលើ​រាងកាយ​យ៉ាងច្រើន​ដែរ​ នេះ​មិនរាប់​បញ្ចូល​ដល់​ការខូចខាត​ស្បែក​ ស្បែក​មាន​សភាព​សឹករិចរិល​ ភ្នែក​ស្ងួត​ ស្បែក​ស្ងួត​ និង​មើលទៅ​ចាស់​ជាង​អាយុ​របស់​អ្នក​ទៀតផង​។ សរុប​មក​អ្នក​គួរ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ប្រមាណ​ជា1500​-2000មីលីលីត្រ​ក្នុង​មួយថ្ងៃ​ ឬ6​-8ពែង​ក្នុង1ថ្ងៃ​ ឬប្រសិនបើ​ខ្ជិល​ក្រោក​ទៅ​យក​ទឹក​មក​ទទួលទាន​ អ្នក​ត្រូវ​ដាក់​ដប​ទឹក​មួយ​លីត្រ​នៅ​លើ​តុ​ ហើយ​ទទួលទាន​ឱ្យ​បាន​ញឹកញាប់​។ ធ្វើ​ដូច្នេះ​រាងកាយ​របស់​អ្នក​នឹង​មិន​ខ្វះ​ជាតិទឹក​ទៀត​នោះ​ទេ​។

    ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​មិនបាន6​-8កែវ​ក្នុង​មួយថ្ងៃ​ ប៉ុន្តែ​អ្នក​មិន​មាន​អាការ​ខ្វះ​ជាតិទឹក​ទេ​ គឺ​អាច​បណ្តាល​មក​ពី​អ្នកទទួល​ទាន​ភេសជ្ជៈ​ផ្សេង​ៗ ឬបរិភោគ​អាហារ​ ដែល​មាន​ជាតិទឹក​ច្រើន​រួចមក​ហើយ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ ទឹក​សុទ្ធ​នៅតែ​មានប្រយោជន៍​យ៉ាង​សំខាន់​ចំពោះ​រាងកាយ​។ សូមកុំ​ភ្លេច​ទទួលទានទឹក​មួយថ្ងៃ​ឱ្យ​បាន​ពី6​-8កែវ​ ដើម្បី​ថែរក្សា​សុខភាព​ទាំងអស់គ្នា​៕

  • ជំងឺថ្លើម​ និង​អាការ​រមាស់​ ទាក់ទង​អ្វី​នឹងគ្នា​?

    ជំងឺថ្លើម​ និង​អាការ​រមាស់​ ទាក់ទង​អ្វី​នឹងគ្នា​?

    ស្បែក​របស់​យើង​ដើរតួ​នាទី​ដូចជា​បង្អួច​ឆ្លុះ​បញ្ចាំង​ពី​សុខភាព​ទូទៅ​ថា​មាន​ជំងឺ​ប្រចាំ​កាយ​ ឬក៏​មាន​សុខភាព​ល្អ​ ហើយ​វា​បង្ហាញ​តាមរយៈ​ការ​ផ្លាស់​ប្តូរ​នៅ​លើ​ស្បែក​។ អាកា​រមាស់​ស្បែក​ គឺជា​ការ​បង្ហាញ​ពី​ជំងឺ​ខាងក្នុង​ដូចជា​ ជំងឺថ្លើម​ជាដើម​។ ជា​ការពិត​ជំងឺថ្លើម​ និង​អាការ​រមាស់​ គឺជា​សញ្ញា​ដំបូង​នៃ​ជំងឺ​មួយ​នេះ​ដែល​កើតឡើង​ចំពោះ​អ្នកជំងឺ​។

    ជំងឺថ្លើម​ និង​អាការ​រមាស់​
    កាយវិភាគ​វេជ្ជសាស្ត្រ​នៃ​ថ្លើម​ និង​បំពង់​ហូរ​ទឹក​ប្រមាត់​ កើតមក​ពី​ប្រព័ន្ធ​ទឹកប្រមាត់​ល្អ​ និង​ថ្លើម​។ អាការ​រមាស់​គឺជា​រោគសញ្ញា​ទូទៅ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​ និង​បាន​សាង​នូវ​ភាព​រំខាន​ខ្លាំង​បំផុត​នៃ​ជំងឺ​រលាក​ថ្លើម​ និង​ជំងឺ​រលាក​បំពង់​ហូរ​ទឹក​ប្រមាត់​។ រោគសញ្ញា​អាច​កើតឡើង​តែមួយ​ឆាវ​ និង​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​ ហើយ​ឈាន​ទៅកាន់​សភាព​រ៉ាំរ៉ៃ​។ មូលហេតុ​នៃ​អាការ​រមាស់​ទូទៅ​ ខុស​ដាច់​ពី​ជំងឺថ្លើម​ដែល​មិនដឹង​ច្បាស់លាស់​ ហើយ​ក្រៅពី​ភាព​ទាក់ទង​ជាមួយ​រោគសញ្ញា​ថ្លើម​ដំបូង​ និង​ការ​ស្ទះ​លំហូរ​ទឹកប្រមាត់​ ដែល​ស្ដែង​ឱ្យ​ឃើញ​តាម​រយៈ​អាការ​រមាស់​នៅ​លើ​ស្បែក​ខុសប្រក្រតី​ ឬអាការ​កើតមុន​នៅ​លើ​ស្បែក​។

    ការ​រមាស់​ពី​ជំងឺថ្លើម​ គឺ​បណ្តាល​មក​ពី​ការ​កក​ស្ទះ​ទឹកប្រមាត់​ ដែល​ក្នុង​នោះ​កម្រិត​នៃ​ការ​បញ្ចេញ​ទឹកប្រមាត់​កើនឡើង​នៅក្នុង​ចរន្តឈាម​។ ដោយសារ​ការ​ស្ទះ​នៃ​បំពង់​ហូរ​ទឹកប្រមាត់​ កោសិកា​ថ្លើម​ត្រូវ​បាន​ទទួលខុសត្រូវ​នូវ​ការផលិត​ទឹកប្រមាត់​ចេញ​មក​ខាងក្រៅ​។ ហើយ​ទឹកប្រមាត់​ដែល​ហូរ​តាម​បំពង់​ទឹកប្រមាត់​ ឆ្លងកាត់​លំពែង​ និង​ចូលក្នុង​ពោះវៀនតូច​ទាំងមូល​ទៅវិញ​។ ទឹកប្រមាត់​ ពិតជា​បាន​ជួយ​ថ្លើម​ក្នុង​ការ​កម្ចាត់​កាកសំណល់​ ជាតិ​ពុល​ចេញពី​រាងកាយ​ និង​ជួយ​ឱ្យ​ពោះវៀនធំ​ស្រូប​យក​ខ្លាញ់​បាន​ល្អ​។ តែ​ប្រតិបត្តិ​ការ​ខុសប្រក្រតី​ ទើប​បណ្ដាល​ឱ្យ​ថ្លើម​ចាប់ផ្ដើម​ខូច​ និង​កើតជា​ជំងឺ​រលាក​។

    យ៉ាងណាមិញ​ ថ្លើម​ មាន​តួនាទី​បន្សាប​ជាតិពុល​ និង​ច្រោះ​អំបិល​ក្នុងទឹក​ប្រមាត់​។ ប្រសិនបើ​ទង្វើ​នេះ​កើតឡើង​ មានន័យថា​ ការ​ប្រមូល​ផ្តុំ​អំបិល​ក្នុងទឹក​ប្រមាត់​ កើតជា​អាស៊ីដ​ទឹកប្រមាត់​ និង​ប៊ី​លី​រុយ​ប៊ី​ន ដែល​ជា​ការ​ប្រមូល​ផ្តុំ​នូវ​សារធាតុពុល​ទាំងនេះ​បណ្តាល​ឱ្យ​រលាក​ ហើយ​ហុច​ផល​អាក្រក់​មក​លើ​ស្បែក​ ជា​ការ​កើតមាន​អាការ​រមាស់​នៅ​លើ​ស្បែក​។ ការស្រាវជ្រាវ​វេជ្ជសាស្ត្រ​ ក៏បាន​បង្ហាញ​ពី​ការយល់​ដឹង​បន្ថែម​ទៀត​ថា​ សារធាតុគីមី​មួយចំនួន​ដែល​មនុស្ស​បាន​ប្រើប្រាស់​លើ​ចំណីអាហារ​ និង​ថ្នាំ​ថែរក្សា​សម្រស់​ក៏​បណ្តាល​ឱ្យ​កើត​ជំងឺថ្លើម​ និង​រមាស់​ដូចគ្នា​ដែរ​។ នៅទីបំផុត​ក៏​កើត​មាន​វិធី​សាស្រ្ត​ថ្មី​នៃ​ការ​ព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​លំដាប់​ពិភពលោក​។

    លក្ខណៈ​នៃ​ការ​កើត​អាការ​រមាស់​លើ​ស្បែក​ដោយសារ​ជំងឺថ្លើម​ អាការ​រមាស់​ទូទៅ​ដែល​កើត​ឡើង​នៅ​ទូទាំង​ខ្លួន​ដែល​បណ្តាល​មក​ពី​ជំងឺថ្លើម​ អាច​កើតមាន​មុន​ពេល​មាន​រោគសញ្ញា​ដំបូង​ ឬរោគសញ្ញា​នៃ​ការ​កកស្ទះ​ទឹកប្រមាត់​នៅក្នុង​ថ្លើម​។ អាការ​រមាស់​នៃ​ជំងឺ​មាន​ជាច្រើន​សណ្ឋាន​ណាស់​ រោគសញ្ញា​ភាគច្រើន​គឺ​ធ្ងន់ធ្ងរ​នៅ​លើ​ដងខ្លួន​ ជាពិសេស​នៅ​បាតដៃ​ និង​បាតជើង​។ រោគសញ្ញា​នេះ​ធ្ងន់ធ្ងរ​បំផុត​ គឺ​ពេលល្ងាច​ និង​ពេលយប់​ ទើប​វា​ហុច​ផល​ប៉ះពាល់​ដល់​ការ​គេង​នា​ពេលយប់​។ មួយ​វិញទៀត​ នៅពេល​រោគសញ្ញា​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង​ គឺ​នៅក្នុង​អំឡុង​ពេល​មាន​រដូវ​ចំពោះ​ស្ត្រី​ ឬការ​ព្យាបាល​ជំនួស​ដោយ​អ័រម៉ូន​ ពេល​មាន​ផ្ទៃពោះ​ដំបូង​ ការ​ប៉ះពាល់​ជាមួយ​រោមសត្វ​ និង​ចំហាយក្ដៅ​ ដូចជា​ការ​ងូតទឹក​ក្តៅ​ជាដើម​។

    រោគសញ្ញា​ដែល​មិន​ច្បាស់​ រាង​ស្រពិចស្រពិល​គឺ​ ការ​អេះ​ស្បែក​ ហើយក៏​មិនកើត​ឱ្យ​ឃើញ​ស្លាកស្នាម​រោគសញ្ញា​នៅ​លើ​ស្បែក​។ ពេលខ្លះ​ដំបៅ​ដូចជា​ កន្ទួល​ ឬពងបែក​ អាច​កើតឡើង​នៅ​លើ​ស្បែក​ជា​រឿយ​ៗ ហើយ​ត្រូវ​បាន​គេ​ច្រឡំ​ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺ​សើរ​ស្បែក​ដំណាក់កាល​ដំបូង​។

    កំណត់សញ្ញា​នៃ​អាការ​ជំងឺថ្លើម​ក្រៅពី​រមាស់​ស្បែក​ និង​ភ្នែក​មាន​ពណ៌លឿង​ នៅពេល​ដែល​កើត​អាការ​នេះ​ពេញ​ដងខ្លួន​ នោះ​ស្បែក​នៃ​រាងកាយ​របស់​អ្នក​ទាំងមូល​នឹង​ប្ដូរ​ពណ៌​ប្រែជា​ពណ៌​លឿង​ វា​ជា​សញ្ញា​មួយ​បង្ហាញថា​ មុខងារ​នៃ​ថ្លើម​របស់​អ្នកកំ​ពុង​តែ​ចុះ​ខ្សោយ​។ ស្បែក​ពណ៌លឿង​នេះ​ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ជា​ជំងឺខាន់លឿង​ អាច​កើតមានឡើង​នៅពេល​ដែល​ថ្លើម​ត្រូវ​បាន​បំផ្លាញ​។ មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ខូច​ថ្លើម​ រួមមាន​ ជំងឺ​រលាក​ថ្លើម​ ការ​ទទួលទាន​គ្រឿងស្រវឹង​ ការ​ប្រើ​គ្រឿងញៀន​ ការ​ប៉ះពាល់​សារធាតុគីមី​ និង​ការ​ឆ្លង​មេ​រោ​គផ្សេង​ៗ។

    រោគសញ្ញា​មួយទៀត​នៅក្នុងចំណោម​រោគសញ្ញា​ទូទៅ​បំផុត​នៃ​បញ្ហា​ថ្លើម​ គឺ​រមាស់​ស្បែក​មុខ​ និង​ស្បែក​ក្បាល​។ បញ្ហា​កន្ទួល​ក្រហម​ ហើយ​មាន​លក្ខណ:រមាស់​ចង់តែ​អេះ​ ហើយ​វា​មិន​ត្រឹមតែ​លេចឡើង​នៅ​លើ​ផ្ទៃមុខ​នោះ​ទេ​ សូម្បីតែ​ស្បែក​ក្បាល​ ដងខ្លួន​ទាំងមូល​ក៏មានដែរ​។ជំងឺ​រមាស់​ស្បែក​នេះ​ ឈប់​កើតមានឡើង​ លុះត្រាតែ​អ្នកព្យាបាល​ជំងឺថ្លើម​ឱ្យ​ជាសះស្បើយ​។ ទន្ទឹម​នឹង​នេះ​ផង​ដែរ​ រោគសញ្ញា​រមាស់​ ដែល​កើតឡើង​ដោយសារ​តែ​ជំងឺថ្លើម​ បាន​ហុច​ផល​អាក្រក់​ចំពោះ​ក្រុម​អ្នក​ញៀន​ជាតិ​ស្រវឹង​ ដែល​មិនព្រម​ទទួលការ​ព្យាបាល​ថែមទៀត​ផង​៕

  • គុណប្រយោជន៍​របស់​អាហារ​មាន​ជាតិ​ល្វីង​ ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ការពារ​ជំងឺ​ទឹកនោមផ្អែម​

    គុណប្រយោជន៍​របស់​អាហារ​មាន​ជាតិ​ល្វីង​ ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ការពារ​ជំងឺ​ទឹកនោមផ្អែម​

    អាហារ​ដែល​មាន​រសជាតិ​ល្វីងជូរចត់​មួយចំនួន​ វា​ពិតជា​ពិបាក​ក្នុង​ការ​ទទួលទាន​ ដែល​ធ្វើ​ឱ្យ​មនុស្ស​គ្រប់គ្នា​មិន​ចង់​ទទួលទាន​អាហារ​ដែល​មាន​រសជាតិ​ល្វីង​ជា​ប្រចាំថ្ងៃ​នោះ​ទេ​ តែ​ទោះជាយ៉ាងណា​ក៏ដោយ​ អាហារ​ដែល​មាន​រសជាតិ​ល្វីង​ គឺ​មាន​សារធាតុ​ចិញ្ចឹម​មិនធម្មតា​ ដែល​អ្នក​មិន​គួរ​មើល​រំលង​ ហើយ​វា​មាន​សារធាតុ​ឱសថ​ដែល​មាន​អត្ថ​ប្រយោជន៍​ខាង​សុខភាព​ជាច្រើន​ថែមទៀត​ផង​។

    អាហារ​ដែល​មាន​រសជាតិ​ល្វីង​សម្បូរ​ទៅ​ដោយសារ​ធាតុ​បំប៉ន​ និង​សារធាតុ​សំ​ខាន់​ៗដូចជា​ triterpenoids​, polyphenol​ និង​ flavonoids​ ត្រូវ​បាន​គេ​រក​ឃើញថា​ អាច​ពន្យឺតការ​លូតលាស់​របស់​កោសិកា​មហារីក​ជាច្រើន​ប្រភេទ​។ មិន​តែប៉ុណ្ណោះ​សារធាតុ​ល្វីង​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​នៅក្នុង​ឱសថ​សម្រាប់​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​ផង​ដែរ​។

    ជាតិ​ល្វីង​ជួយ​បង្កើត​ថាមពល​ក្នុង​រាងកាយ​ ព្រោះ​រុក្ខជាតិ​ល្វីង​ សម្បូរ​ដោយ​វីតាមីន​អេ​ វីតាមីន​ស៊ី​ វីតាមីន​ខេ​ និង​សារធាតុ​រ៉ែ​ កាល់​ស្បូម​ ប៉ូតាស្យូម​ និង​ម៉ាញេស្យូម​។ អាហារ​ទាំងនោះ​ ក៏​ពោរពេញ​ទៅ​ដោយ​ជាតិ​អាស៊ីត​ ហ្វ​រឡេន​ អា​ស៊ី​ហ្វី​ប៊ឺ​ ដែល​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ ដែល​បង្កើត​ថាមពល​ក្នុង​រាងកាយ​។ រុក្ខជាតិ​ល្វីង​ក៏​ជួយ​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ ដោយសារ​ធាតុ​ទាំងនោះ​ ចូល​ទៅ​ជួយ​សម្រួល​ប្រព័ន្ធ​សរសៃប្រសាទ​ឱ្យ​រឹងមាំ​ សម្រួល​សរសៃឈាម​មិន​ឱ្យ​កក​ (វីតាមីន​ខេ​) និង​មាន​សារធាតុ​ phytonutrients​ ដែល​ជួយ​ដល់​សុខភាព​ភ្នែក​។

    សារធាតុ​ល្វីង​ នឹង​ជួយ​ទៅ​ជំរុញ​ការផលិត​អង់ស៊ីម​ និង​លំហូរ​ទឹកប្រមាត់​ឱ្យ​ប្រសើរ​ឡើង​ ដែល​មានប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការរំលាយអាហារ​។ រឿង​នេះ​អាច​ធ្វើ​ឱ្យ​អ្នក​សប្បាយចិត្ត​ក្នុង​ការ​បរិភោគ​អាហារ​គ្រប់​ប្រភេទ​ ដោយ​មិនសូវ​មាន​ការ​ព្រួយបារម្ភ​។ សារធាតុ​ fiber​ ខ្ពស់​ ក្នុង​រុក្ខជាតិ​បៃតង​នេះ​ នឹង​ជួយ​ជម្រុះ​កាកសំណល់​អាហារ​ទាំងឡាយ​ដែល​តោង​ជាប់​បំពង់អាហារ​។ ជាពិសេស​ សារធាតុ​ល្វីង​ក្នុង​រុក្ខជាតិ​ និង​ជួយ​បន្សាប​ជាតិពុល​ទាំងឡាយ​ក្នុង​រាងកាយ​ តាមរយៈ​ការ​សម្រួល​ដល់​ការ​ធ្វើ​ប្រតិកម្ម​នៃជា​តិ​កូ​ឡេ​ស្តេ​រ៉ុល​ ការ​រក្សា​តុល្យភាព​អ័រម៉ូន​ សម្រួល​ឈាម​ និង​មេតា​ប៉ូលី​ខ្លាញ់​។ ចំពោះ​អ្នកមាន​ជំងឺ​ធាត់​ គួរ​បរិភោគ​អាហារ​មាន​រសជាតិ​ល្វីង​នេះ​ឱ្យ​បាន​ច្រើន​ ព្រោះ​វា​នឹង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយអាហារ​ និង​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​បាន​ល្អ​។

    ដោយសារ​មនុស្ស​ភាគច្រើន​ មិន​មាន​ចំណង់​ចំណូលចិត្ត​ចំពោះ​អាហារ​ល្វីង​ ធ្វើ​ឱ្យ​រាងកាយ​សម្បូរ​ដោយ​អាហារ​ដែល​មាន​រសជាតិ​ផ្អែម​ ប្រៃ​ និង​ជូរ​ច្រើន​។ ដូច្នេះ​ការ​បរិភោគ​អាហារ​ល្វីង​នឹង​ជួយ​បង្ក្រប់​តម្រូវការ​របស់​សរីរាង្គកាយ​។ អ្នក​គួរ​ចងចាំ​ថា​ ការ​បរិភោគ​រុក្ខជាតិ​ល្វីង​ មិន​មាន​ជាតិគីមី​ នឹង​មានផល​ប្រយោជន៍​ច្រើន​ ជាពិសេស​ វា​នឹង​ធ្វើ​ឱ្យ​អ្នក​មិនសូវ​ឃ្លាន​អាហារ​ផ្តេសផ្តាស​ ព្រមទាំង​មាន​រូបរាង​ស្អាត​ និង​មាន​សភាព​រស់រវើក​ថែម​មួយ​កម្រិត​ទៀត​។ ជាតិ​ល្វីង​ក៏អាច​បង្ការ​ និង​ទប់​ស្តា​ត់​ជំងឺ​ទឹកនោមផ្អែម​បាន​ដែរ​។ បើ​យោង​តាម​គេហទំព័រ​បរទេស​មួយ​បាន​បង្ហាញថា​ ផ្លែ​ម្រះ​ក៏​សម្បូរ​ដោយសារ​ធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​ជួយការ​ពារ​ការខូចខាត​កោសិកា​ដែល​បណ្ដាលមកពី​ពពួក​រ៉ាឌីកាល់​សេរី​ ថែមទាំង​អាច​កាត់បន្ថយ​ហានិភ័យ​ពី​ជំងឺបេះដូង​ និង​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ​។ ផ្លែ​ម្រេះ​ដែល​មាន​រសជាតិ​ល្វីង​កាន់តែ​ខ្លាំង​ គឺជា​ថ្នាំ​ដ៏​ពូកែ​បំផុត​ក្នុង​ការ​ការពារ​ជំងឺ​ទឹកនោមផ្អែម​ ព្រោះ​វា​មាន​សមត្ថភាព​អាច​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ហើយ​ និង​ផ្លូវ​ទឹ​កម៉ូត្រ ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ យកល្អ​អ្នក​ត្រូវ​យក​ផ្លែ​ម្រេះ​ទៅ​កិន​ ហើយ​ច្រោះ​យក​ទឹក​ឱ្យ​បាន​មួយ​កូន​ពែង​ សម្រាប់​ទទួលទាន​ជា​រៀងរាល់​ព្រឹក​៕

  • វិធី​សង្គ្រោះ​បន្ទាន់​ ជួយ​អ្នករងគ្រោះ​ដោយសារ​ “គ្រាប់បែក​ កាំជ្រួច​ ឬផាវ​”

    វិធី​សង្គ្រោះ​បន្ទាន់​ ជួយ​អ្នករងគ្រោះ​ដោយសារ​ “គ្រាប់បែក​ កាំជ្រួច​ ឬផាវ​”

    មិនថា​ជា​ឧប្ប​តិ​ហេតុ​នៅក្នុង​ទីតាំង​គ្រោះថ្នាក់​ ហេតុការណ៍​អសន្តិសុខ​ក្នុង​ទីក្រុង​ ដែល​មានការ​ប្រើប្រាស់​គ្រាប់បែក​ដៃ​ផ្សេង​ៗ ឬនៅ​ក្នុង​ពិធីបុណ្យ​អបអរ​សា​ទរ​ផ្សេង​ៗដែល​មានការ​ដុត​កាំជ្រួច​ ឬអុច​ផាវ​នោះ​ឡើយ​ ហេតុការណ៍​ទាំងអស់​នេះ​អាច​បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់​ រហូត​មានរបួស​ស្នាម​ដោយសារ​វត្ថុ​អស់ទាំង​នោះ​ ដែល​ជនរងគ្រោះ​ត្រូវតែ​បាន​ទទួលការ​ជួយ​សង្គ្រោះ​ភ្លាម​ៗទាន់ពេល​វេលា​ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ និង​ងាយស្រួល​ក្នុង​ការ​ព្យាបាល​ជា​បន្ត​។

    វិធី​សង្គ្រោះ​បន្ទាន់​លើ​ស្នាមរបួស​របស់​ជនរងគ្រោះ​ដោយសារ​ “គ្រាប់បែក​ កាំជ្រួច​ ឬផាវ​”

    1. ឃាត់ឈាម​នៅ​លើ​អវយវៈ​ដែល​រង​របួស​(ដូចជា​ ដាច់​ រយះ​)នោះ​ ដោយ​យក​ក្រណាត់​ស្អាត​បិទ​ពីលើ​ស្នាមរបួស​ហើយរុំ​ឱ្យ​ណែន​ការពារ​កុំឱ្យ​ឈាម​ហូរ​។ គួរតែ​ប្រើ​ក្រណាត់​បន្ទះ​ធំៗ​ ដូចជា​ក្រណាត់​រា​ងយឺ​តៗ​ មិន​គួរ​ប្រើ​ខ្សែ​ ឬកៅស៊ូ​ចង​រឹត​អវយវៈ​ដែល​រង​របួស​នោះ​ឡើយ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​រឹត​ណែន​ខ្លាំង​ ខូច​សរសៃប្រសាទ​ និង​សរសៃឈាម​។

    2. សង្កេតមើល​អាការ​ជនរងគ្រោះ​ បើ​ហូរ​ឈាម​ច្រើន​ ចូរ​ដាក់​ឱ្យ​គេង​សម្រាក​ និង​ប្រញាប់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗកុំ​បង្អង់​យូរ​។ គួរ​តម​ឱ្យ​អាហារ​តាម​មាត់​ ឱ្យ​ក្រេប​ទឹក​បន្តិចបន្តួច​ ព្រោះ​អាច​នឹង​ត្រូវ​ទទួលការ​វះកាត់​បន្ទាន់​។ កុំ​ភ្លេច​រក្សាទុក​ចំណែក​អវយវៈ​ដែល​ដាច់​ជា​ពីរ​នោះ​ផង​។

    3. យក​វត្ថុ​កខ្វក់​ចេញពី​ចំណែក​អវយវៈ​ដែល​ដាច់​ជា​ពីរ​នោះ​ លាង​ទឹក​ឱ្យ​ស្អាត​ ដាក់​ក្នុង​ថង់​ផ្លា​ស្ទិ​ក បិទមាត់​ថង់​ឱ្យ​ជិត​ណែន​ ទុក​ក្នុង​ធុងទឹក​កក​ ឬក្នុង​ថង់​ដែល​មាន​ទឹកកក​(សីតុណ្ហភាព​ប្រមាណ​ 4អង្សាC​)។

    4. ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​ឱ្យ​បាន​លឿន​បំផុត​។ អវយវៈ​ដែល​មានសាច់​ដុំ​ច្រើន​ៗដូចជា​ដៃ​ ឬជើង​ ត្រូវតែ​បាន​ទទួលការ​វះកាត់​តសរសៃឈាម​ឱ្យ​លឿន​បំផុត​ក្នុងរយៈ​ពេល​ 6ម៉ោង​ ព្រោះ​សាច់ដុំ​នឹង​ស្លាប់​បើសិន​ទុក​ចោល​យូរ​ពេក​។ ចំណែក​អវយវៈ​ដែល​គ្មាន​សាច់ដុំ​ដូចជា​ម្រាមដៃ​ អាច​រក្សាទុក​បាន​ពី​ 12​-18ម៉ោង​ ក៏​នៅ​អាច​តភ្ជាប់​វិញ​បាន​ដែរ​។

    5. បើ​នាំទៅ​មន្ទីរពេទ្យ​បាន​ក្នុងរយៈពេល​ 2-3ម៉ោង​ អាច​នាំទៅ​បានតែ​ម្ដង​ ខាង​មន្ទីរពេទ្យ​អាច​នឹង​ត្រៀម​រក្សាទុក​ចំ​-ណែ​កអវយវៈ​ដែល​ដាច់​ចេញ​នោះ​ ដើម្បី​ធ្វើការ​តឡើងវិញ​។

    កំណត់សម្គាល់៖​ អវយវៈ​ដែល​ដាច់​ចេញពី​គ្នា​ ត្រូវតែ​នៅ​មាន​សរសៃឈាម​ និង​សាច់​ភ្នាស​ដែល​មិន​ខ្ទេច​គ្រាំគ្រា​ខ្លាំង​ ដូចជា​ ដាច់​ចេញ​ដោយសារ​ត្រូវ​កាំបិត​កាប់​ ដាច់​ដោយសារ​គ្រឿង​ម៉ាស៊ីន​-ល- ហើយ​ការ​រក្សាទុក​ចំណែក​អវយវៈ​ដែល​ដាច់​ បើជា​ម្រាមដៃ​ ចូរ​រក្សាទុក​ក្នុង​សីតុណ្ហភាព​ 4អង្សាC​ អាច​រក្សាទុក​បាន​មិន​លើស​ពី​ 12​-18ម៉ោង​។ ចំណែក​របស់​ដៃ​ ជើង​ អាច​រក្សាទុក​បាន​មិន​លើស​ 6ម៉ោង​ ចំណែក​របស់​បាតដៃ​អាច​រក្សាទុក​បាន​មិន​លើស​ 12ម៉ោង​។ បើ​មិន​បាន​រក្សាទុក​ត្រឹមត្រូវ​ទេ​ ត្រូវ​ប្រញាប់​នាំ​យក​ទៅ​មន្ទីរពេទ្យ​ក្នុងរយៈពេល​ 2-3ម៉ោង​៕

  • នៅពេល​រាងកាយ​ខ្វះ​ “វីតាមីន​” នឹង​ហុច​ផល​អាក្រក់​ដល់​សុខភាព​របស់​យើង​

    នៅពេល​រាងកាយ​ខ្វះ​ “វីតាមីន​” នឹង​ហុច​ផល​អាក្រក់​ដល់​សុខភាព​របស់​យើង​

    វីតាមីន​ និង​សារធាតុ​រ៉ែ​ ជា​សារធាតុ​អាហារ​ដែល​ចាំបាច់​ខ្លាំង​ណាស់​ចំពោះ​ការ​ធ្វើការងារ​របស់​ប្រព័ន្ធ​ផ្សេង​ៗក្នុង​រាងកាយ​មនុស្សយើង​ ហើយ​បើ​ទោះជា​រាងកាយ​នឹង​ត្រូវការ​វីតាមីន​ និង​សារធាតុ​រ៉ែ​ត្រឹមតែ​បន្តិចបន្តួច​ក៏ដោយ​ ក៏​នៅតែ​មិន​អាច​ខ្វះ​បាន​ជាដាច់ខាត​ ព្រោះ​បើសិន​រាងកាយ​របស់​អ្នក​មិន​បាន​ទទួល​វីតាមីន​ និង​សារធាតុ​រ៉ែ​គ្រប់គ្រាន់​នោះ​ វា​អាច​ធ្វើ​ឱ្យ​រូប​អ្នក​ឈឺថ្កាត់​បា​នភ្លាមៗ​តែម្ដង​ ហើយ​ខាងក្រោម​នេះ​ គឺ​អាការ​ដែល​បង្ហាញថា​ រាងកាយ​របស់​អ្នក​ខ្វះ​វីតាមីន​ហើយ​…។

    1. ស្បែក​ស្ងួត​ រឹង​គ្រើម​ស្បែក​ស្ងួត​ រឹង​គ្រើម​ អាច​បញ្ជាក់​បាន​ថា​ រាងកាយ​ខ្វះ​វីតាមីន​ និង​សារធាតុ​រ៉ែ​ច្រើន​ប្រភេទ​ ដូចជា​ វីតាមីនA​ វីតាមីនC​ វីតាមីនE​ និង​អាស៊ីដ​ហ្វូ​លិក​ ដោយ​វីតាមីនA​ នឹង​មាន​តួនាទី​សំខាន់​សម្រាប់​ការ​ពង្រឹង​ភាពរឹងមាំ​របស់​កោសិកា​ស្បែក​ ជួយ​ព្យាបាល​សភាព​សាច់​ភ្នាស​ស្បែក​ដែល​ជួយ​ការពារ​អាការ​ស្បែក​ស្ងួត​ រឹង​ គ្រើម​បាន​។ ចំណែក​វីតាមីន​ C និង​ E ក៏​មាន​ចំណែក​ជួយ​ក្នុង​ការ​សាង​ខល​ឡា​ជេន​ ថែបំប៉ន​សាច់​ស្បែក​ និង​ជួយ​ព្យាបាល​មុខរបួស​នៅ​លើ​សាច់​ទៀតផង​។

    2. គេង​មិន​លក់​បើ​លោកអ្នក​ត្រូវការ​គេង​សម្រាក​ តែ​មិន​អាច​លង់លក់​បាន​ ឬលក់​បែប​មិន​ស្និទ្ធ​នោះ​ វា​នឹង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ថា​ទន់​ល្វើយ​អស់កម្លាំង​ ឆាប់​ខឹងមួម៉ៅ​ ឈឺក្បាល​ គ្មាន​សមាធិ​(អារម្មណ៍​មិន​នឹងនរ​)។ ទាំងអស់​នេះ​ គឺ​បណ្ដាលមកពី​ការ​ដែល​រាងកាយ​មានកម្រិត​ម៉ាញេស្យូម​ទាប​ ព្រោះ​ម៉ាញេស្យូម​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​បន្ធូរ​ភាព​ធុញថប់​តានតឹង​ ជួយ​ឱ្យ​សាច់ដុំ​បាន​ធូរស្រាល​ ដែល​នឹង​ធ្វើ​ឱ្យ​លោកអ្នក​អាច​គេងលក់​បាន​កាន់តែ​ងាយស្រួល​ឡើង​។

    3. នឿយ​ល្វើយ​ សាច់ដុំ​គ្មានកម្លាំង​ និង​ឈឺ​តាម​សន្លាក់​អាការ​នឿយ​ល្វើយ​ សាច់ដុំ​គ្មានកម្លាំង​ និង​ឈឺ​តាម​សន្លាក់​ គឺជា​សញ្ញា​បង្ហាញថា​ រាងកាយ​ខ្វះ​វីតាមីនC​។ ដោយសារតែ​វីតាមីនC​ មាន​ភាព​ពាក់ព័ន្ធ​នឹង​ការ​កសាង​សារធាតុ​ខូ​ឡា​ជេន​ ដែល​ជា​ចំណែក​ប្រកប​របស់​សាច់​ភ្នាស​ភ្ជាប់​នៅ​ក្នុង​រាងកាយ​បរិវេណ​ឆ្អឹងខ្ចី​ សាច់ដុំ​ សរសៃឈាម​ និង​ស្បែក​ ដែល​ការពិត​ទៅ​ អាការ​ទាំងអស់​នេះ​គឺជា​អាការ​សម្គាល់​របស់​សភាវ​រោគ​ដែល​បណ្ដាលមកពី​ការ​ខ្វះ​វីតាមីនC​ ដោយ​នៅ​លើ​អ្នក​ដែល​មាន​អាការ​ធ្ងន់ធ្ងរ​ នឹង​មាន​ចេញឈាម​មក​តាម​ជើងធ្មេញ​ មាន​ស្នាម​អុច​ៗពណ៌​ឈាម​នៅ​តាម​ស្បែក​ សឹក​សាច់​អញ្ចាញ​ និង​ជ្រុះ​ធ្មេញ​រួម​ជាមួយ​ទៀតផង​។

    4. សាច់ដុំ​រួញ​តឹង​ ញាក់​ជើង​ និង​រមួលក្រពើ​ញឹកញាប់​រាងកាយ​ត្រូវការ​ប៉ូតាស្យូម​ដើម្បី​សាង​សាច់ដុំ​ និង​ប្រូ​តេ​អុីន​ ការដែល​មាន​ប៉ូតាស្យូម​ទាប​ អាច​ធ្វើ​ឱ្យ​កើត​រមួលក្រពើ​បាន​ជាពិសេស​នៅ​ម្ដុំ​កំភួនជើង​ និង​ថែមទាំង​អាច​បញ្ជាក់​ប្រាប់​អំពី​សភាវ​ដែល​រាងកាយ​មានកម្រិត​ជាតិ​កាល់ស្យូម​ដែល​ថយ​ចុះ​ទាប​ទៀតផង​។ ដោយសារតែ​កាល់ស្យូម​មាន​តួនាទី​ក្នុង​ការ​ព្យាបាល​ ការ​តបស្នង​របស់​កោសិកា​ប្រសាទ​ និង​សាច់ដុំ​ នៅពេល​កាល់ស្យូម​ថយ​ចុះ​ នឹង​ធ្វើ​ឱ្យ​កោសិកា​ទាំងនោះ​ត្រូវ​បាន​ជំរុញ​យ៉ាង​ងាយ​ ធ្វើ​ឱ្យ​កើតការ​បង្រួញ​ខ្លួន​ ឡើង​រឹង​ និង​កើត​រមួលក្រពើ​។

    5. ងាយ​នឹង​ឈាម​ច្រមុះ​ និង​ឈាម​មិន​ងាយ​ឈប់​ហូរ​ដោយសារតែ​វីតាមីនK​ មាន​ចំណែក​សំខាន់​ក្នុង​កម្មវិធី​ការ​បង្កក​ខ្លួន​របស់​ឈាម​ក្នុង​រាងកាយ​ ដូច្នេះហើយ​ការដែល​រាងកាយ​ខ្វះ​វីតាមីនK​ នឹង​ធ្វើ​ឱ្យ​ឈាម​មិន​ងាយ​ឈប់​ហូរ​ រួម​ទាំង​អាច​នឹង​មាន​អាការ​ចេញឈាម​ខុសប្រក្រតី​ ដូចជា​មាន​ចេញឈាម​តាម​ច្រមុះ​ មាន​ចេញឈាម​នៅ​ក្នុង​ប្រព័ន្ធ​រំលាយអាហារ​ និង​មាន​ស្នាម​អុច​ៗក្រ​ហមៗ​ដូច​ឈាម​នៅ​លើ​ស្បែក​ទៀតផង​។

    6. កើតមុន​មុន​ គឺជា​ជំងឺ​ស្បែក​ម្យ៉ាង​ដែល​សាង​ក្ដី​រំខាន​ចិត្ត​ដល់​មនុស្សជា​ច្រើន​ ជាពិសេស​នា​រីៗ​ ដោយ​មនុស្ស​ភាគច្រើន​យល់ថា​ មុន​ កើតឡើង​ដោយ​សារ​ការ​មិន​ចេះ​សម្អាត​ស្បែក​មុខ​ ញ៉ាំ​អាហារ​ចៀន​បំពង​ច្រើន​ រួម​ទាំង​សភាវ​កខ្វក់​ក្នុង​ខ្យល់អាកាស​ តែ​ការពិត​វិញ​ ការ​ខ្វះ​វីតាមីន​ A ឬវីតាមីន​ D ក៏អាច​បណ្ដាល​ឱ្យ​កើត​ពង​បែ​កតូច​ៗស្រដៀងនឹង​មុន​បាន​ដូចគ្នា​ដែរ​ ព្រោះ​ការ​ខ្វះ​វីតាមីន​ A មាន​ចំណែក​ជួយ​ក្នុង​ការ​ការពារ​ការ​កើតមុន​ លុបបំបាត់​ស្នាម​អុច​ខ្មៅ​លើ​ស្បែក​មុខ​ និង​កាត់បន្ថយ​ការ​រលាក​ក្លាយ​របស់​មុន​បាន​ ដូច្នេះ​នៅពេល​រាងកាយ​មានកម្រិត​វីតាមីន​ A ធ្លាក់ចុះ​ទាប​ នឹង​ធ្វើ​ឱ្យ​មាន​ពាក់ព័ន្ធ​នឹង​ការ​កើត​មុន​។

    7. ជ្រុះសក់​សភាវ​ការ​ខ្វះ​សារធាតុ​ដែក​ស័ង្កសី​ អាច​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​កើត​អាការ​ជ្រុះសក់​ សក់ស្ដើង​ ដោយសារតែ​ស័ង្កសី​ ជា​សារធាតុ​រ៉ែ​ដែល​មាន​ភាព​សំខាន់​ដល់​ការ​ចម្រើន​ធំធាត់​ ការ​សាង​សាច់​ភ្នាស​ រួម​ទាំង​ការ​បំបែក​ខ្លួន​របស់​កោសិកា​ឫស​សក់​ទៀតផង​។

    (នៅ​មានត​)

  • នាំគ្នា​ទៅ​ពិនិត្យ​សុខភាព​ ដើម្បី​ឱ្យ​មាន​អាយុវែង​វិញ​ប្រសើរ​ជាង​… (តចប់​)

    នាំគ្នា​ទៅ​ពិនិត្យ​សុខភាព​ ដើម្បី​ឱ្យ​មាន​អាយុវែង​វិញ​ប្រសើរ​ជាង​… (តចប់​)

    សុខភាព​រាងកាយ​របស់​យើង​ គឺជា​ទ្រព្យសម្បត្តិ​ដែល​មានតម្លៃ​ដ៏​មហាសាល​លើស​ពី​អ្វី​ៗទាំងអស់​។ តើ​ថ្ងៃនេះ​ លោកអ្នក​មាន​យកចិត្ត​ទុកដាក់​មើលថែ​ទាំ​សុខភាព​ខ្លួនឯង​ហើយ​ឬនៅ​? កាលពី​លេខ​មុន​ យើង​បានដឹង​ខ្លះ​រួចហើយ​អំពី​ការ​ទៅ​ពិនិត្យ​សុខភាព​ដើម្បី​ឱ្យ​មាន​អាយុ​វែង​ ដូច្នេះ​លេខ​នេះ​ ឡា​រ៉ែ​ន សូម​រៀបរាប់​ជា​បន្ត​ទៀត​ដូចតទៅ​…។

    8. ជាតិ​ខ្លាញ់​ ត្រៃ​គ្លី​ស៊ើ​រ៉ា​យដ៍(Triglyceride​) ដើម្បី​ពិនិត្យ​រកមើល​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​ដែល​អាច​ជា​មូលហេតុ​របស់​ជំងឺបេះដូង​ត្បៀត​ និង​សរសៃឈាម​ខួរក្បាល​រួម​តូច​។
    9. អាស៊ីត​ យូ​រិក​ក្នុង​ឈាម(Uric​ Acid​) ដើម្បី​ពិនិត្យមើល​រោគ​ឈឺ​តាម​ឆ្អឹងសន្លាក់​ដៃជើង​ បើក​ម្រឹត​ជាតិ​អាស៊ីត​ យូ​រិក​ ឡើង​ខ្ពស់​ជាង​ប្រក្រតី​ អាច​នឹង​បង្ក​ឱ្យ​កើត​ក្រួស​នៅក្នុង​ប្រព័ន្ធ​បង្ហូរទឹក​នោម​។10​. ទឹកនោម​ (Urine​) ដើម្បី​ពិនិត្យ​រកមើល​ភាព​ខុសប្រក្រតី​របស់​ប្រព័ន្ធ​បញ្ចេញ​ទឹកនោម​ ដែល​អាច​ធ្វើ​ឱ្យ​កើត​ជំងឺ​រលាក​ប្លោកនោម​ ឬជំងឺ​ក្រលៀន​ រហូតដល់​ការ​សេសសល់​នៃ​សារជាតិ​គ្រឿង​ញៀន​ផ្សេង​ៗទៀតផង​។
    11​. លាមក​ (Stool​ Examination​) ដើម្បី​ពិនិត្យ​រក​សត្វល្អិត​ ឬព្រូន​ផ្សេង​ៗ និង​ប្រព័ន្ធ​បន្ទោបង់​ថា​ តើ​ខុសប្រក្រតី​ឬទេ​ ដោយ​អាច​សង្កេត​បាន​តាមរយៈ​លាមក​ដែល​មាន​ប្រឡាក់ឈាម​ ដែល​អាច​បណ្តាល​មក​ពី​ភាព​ខុស​ប្រក្រតី​របស់​ពោះវៀនធំ​ ឬមាន​ជំងឺ​ឬដូង​បាត​។
    12​. ឆ្លុះ​អិចស៍​រេយ៍​សួត​ និង​បេះដូង(Chest​ X-ray​)ដើម្បី​ពិនិត្យមើល​ស្ថានភាព​សួត​ សាច់​ភ្នាស​ស្រោប​សួត​ បេះដូង​ និង​ឆ្អឹង​ប្រអប់ទ្រូង​ ជាពិសេស​អ្នក​ដែល​ជក់បារី​ ឬអ្នក​ដែល​ទទួលរង​សារជាតិ​ពុល​ដែល​មាន​មេរោគ​ អាច​ធ្វើ​ឱ្យ​សួត​ខុសប្រក្រតី​ដែល​ជា​មូលហេតុ​នៃ​ជំងឺរបេង​ ជំងឺ​ថង់​ខ្យល់​ហើម​។
    13​. ដំណើរ​បេះដូង(EKG​) ដើម្បី​ពិនិត្យមើល​ការ​លោត​របស់​បេះដូង​ថា​ តើមាន​ភាព​ខុសប្រក្រតី​ដែរ​ឬទេ​ ដើម្បី​រក​មូលហេតុ​នៃ​ការ​កើតជំងឺ​បេះដូង​ប្រភេទ​ផ្សេង​ៗ ដូចជា​ សាច់ដុំ​បេះដូង​ខ្វះឈាម​មក​ចិញ្ចឹម​ជាដើម​។14​. អាល់​ត្រា​សោ​នដ៍​ក្នុង​ពោះ​ផ្នែក​ខាងលើ​ (Ultrasound​ Upper​ Abdomen​) ដើម្បី​ពិនិត្យមើល​អវយវៈ​ខាងក្នុង​ពោះ​ផ្នែក​ខាងលើ​ថា​ តើមាន​ភាព​ខុសប្រក្រតី​ឬទេ​ ដែល​មាន​ដូចជា​ ថ្លើម​ លំពែង​ ថង់​ទឹកប្រមាត់​ ក្រលៀន​ និង​សរសៃឈាម​ខ្នាត​ធំ​ដោយ​ប្រើ​គោលការណ៍​ស្តាប់​សំឡេង​ខ្ទរ​មកវិញ​របស់​រលក​សំឡេង​។
    15​. អិចស៍​រេយ៍​ប្រព័ន្ធ​រំលាយអាហារ​ផ្នែក​ដំបូង​ (Upper​ GI​) គឺជា​កា​រអិច​ស៍​រេយ៍​ដើម្បី​ពិនិត្យ​រកមើល​ភាព​ខុសប្រក្រតី​របស់​បំពង់អាហារ​ ក្រពះ​ និង​ពោះវៀនតូច​ផ្នែក​ដំបូង​ថា​ តើមាន​សាច់​ដុះ​ រលាក​ ឬមាន​លក្ខណៈ​ខុសប្រក្រតី​ណាមួយ​ឬក៏​អត់​៕

  • ព្រិល​ភ្នែក​ ស្រវាំង​ភ្នែក​អ្នក​កំពុង​កើតជំងឺ​ភ្នែក​ហើយ​!

    ព្រិល​ភ្នែក​ ស្រវាំង​ភ្នែក​អ្នក​កំពុង​កើតជំងឺ​ភ្នែក​ហើយ​!

    ជំងឺ​ព្រិល​ភ្នែក​ ឬភ្នែក​មើល​មិន​ច្បាស់​ គឺជា​ចំណុច​រំខាន​មួយ​ក្នុង​ជីវិត​របស់​អ្នក​ មិន​មាន​អ្នក​ណា​ម្នាក់​ចង់​កើតមាន​អាការ​ព្រិល​ភ្នែក​នេះនោះ​ទេ​។ ប៉ុន្តែ​មនុស្ស​មួយចំនួន​មិន​អាច​ទប់ស្កាត់​វា​បាន​ឡើយ​ ដោយសារតែ​ការ​ធ្វេសប្រហែស​ មិនបាន​ថែរក្សា​ភ្នែក​បាន​ល្អ​ ឬមិន​បាន​ចាប់អារម្មណ៍​លើ​បញ្ហា​ទាំងនេះ​។ ដូច្នេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន សូមជម្រាប​មិត្ត​អ្នកអាន​ថា​ អ្នក​ត្រូវ​ចេះ​ការពារ​ភ្នែក​របស់​ខ្លួនឯង​ឱ្យ​បាន​ ចៀសវាង​ការ​ស្តាយក្រោយ​នៅពេល​ដែល​មី​ញ៉ូប​ភ្នែក​បាត់​ទៅ​ហើយ​ ឬភ្នែក​មើល​លែង​ច្បាស់ជា​ដើម​។ ពេលខ្លះ​ការដែល​ខូចភ្នែក​បាត់​ទៅ​ហើយ​នេះ​ អ្នកខ្លះ​រហូតដល់​ត្រូវ​វះកាត់​ ឬការ​ព្យាបាល​យ៉ាងធ្ងន់ធ្ងរ​ពី​មន្ទីរពេទ្យ​ទៀតផង​ ដូច្នេះ​វា​មិន​មែន​ជា​រឿង​លេងសើច​នោះ​ទេ​ ដែល​ត្រូវ​បណ្តោយ​ឱ្យ​ភ្នែក​របស់​អ្នក​ទៅជា​ព្រិល​។ ជា​បទ​ពិ​សោ​ធខ្លះ​ៗ ក៏ដូចជា​ដំបូន្មាន​មួយចំនួន​ យើង​ចង់ឱ្យ​អ្នក​ទាំងអស់​គ្នា​ចេះ​រក្សាសុខ​ភាព​ភ្នែក​ឱ្យ​បាន​ល្អជា​ប្រចាំ​។ អ្នក​ត្រូវ​ផ្ដល់​ឱ្យ​កែវភ្នែក​របស់​អ្នក​នូវ​សារធាតុ​បំប៉ន​គ្រប់គ្រាន់​ ដោយ​ការ​ទទួលទាន​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ ភ្នែក​ព្រិល​ដោយសារ​អ្នក​ខ្វះ​ជីវជាតិ​ វីតាមីន​ A, E, C និង​ជាតិ​ស័ង្កសី​ជាដើម​។ ដូច្នេះ​ចំពោះ​របប​អាហារ​ដែល​អ្នក​ត្រូវ​ផ្ដោត​សំខាន់​ និង​ជ្រើស​យក​តែ​អាហារ​ណា​ដែល​មាន​ជីវជាតិ​ជំនួយ​ដល់​ភ្នែក​ ដូចជា​ ទទួលទាន​មើម​ការ៉ុត​ ម្ទេសប្លោក​ បន្លែ​បៃតង​ ដូចជា​ កូន​ស្ពៃ​ជាដើម​។ ជីវជាតិ​ផ្សេងទៀត​ក៏បាន​ពី​ការ​ទទួលទាន​ត្រី​ផង​ដែរ​ ដូច្នេះ​សូម​ព្យាយាម​ទទួលទាន​ត្រី​ឱ្យ​បាន​ច្រើនជាង​សាច់​ដទៃទៀត​។

    ខាងក្រោម​នេះ​គឺជា​ជំងឺ​ព្រិល​ភ្នែក​ ដែល​ប្រឈម​ចំពោះ​សុខភាព​របស់​អ្នក​ ហើយដែល​អ្នក​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ដូច​ខាងក្រោម​នេះ​ ៖
    1. ជំងឺភ្នែកឡើងបាយ​
    អ្នក​កំពុង​មានការ​វិវឌ្ឍ​នៃ​ជំងឺ​ភ្នែក​ឡើង​បាយ​ ដែល​កើតមានឡើង​តាម​វ័យ​ ដោយសារ​កញ្ចក់​នៅ​ខាងមុខ​ភ្នែក​ក្លាយជា​ព្រិល​ និង​រារាំង​ពន្លឺ​ចូល​ទៅ​រ៉េ​ទីន​ ហើយ​តែង​ធ្វើ​ឱ្យ​អ្នកមើល​មិន​សូវ​ច្បាស់​។ ជំងឺភ្នែកឡើងបាយ​មនុស្សចាស់​ ចាប់ពី​អាយុ45ឆ្នាំ​ឡើង​ទៅ​។ ការវះកាត់​ភ្នែក​ឡើងបាយ​អាច​ធ្វើឡើង​យ៉ាង​សាមញ្ញ​ បន្ទាប់ពី​បាន​ពិនិត្យ​ដោយ​ឧបករណ៍​ចក្ខុ​សាស្ត្រ​នានា​នៅ​តាម​មន្ទីរពេទ្យ​ភ្នែក​ ដោយ​គ្រូពេទ្យ​ឯកទេស​។ក្រោយពី​វះកាត់​បក​បាយ​ភ្នែក​ចេញ​ហើយ​ គេដាក់​បញ្ចូល​កែវភ្នែក​សិប្បនិម្មិត​ជំនួស​កែវភ្នែក​ធម្មជាតិ​ ដើម្បី​ឱ្យ​អ្នកជំងឺ​អាច​មើលឃើញ​ឡើង​វិញ​។ ការវះកាត់​ពុំ​មានការ​ឈឺចាប់​នោះ​ទេ​ និង​ចំណាយពេល​តែ15ទៅ20នាទី​តែប៉ុណ្ណោះ​។

    2. ជំងឺ​ទឹកដក់​ក្នុង​ភ្នែក​
    ទឹកដក់​ក្នុង​ភ្នែក​មិនមែន​មានន័យថា​ ទឹក​មក​ដក់ជាប់​នៅក្នុង​ភ្នែក​នោះ​ទេ​ គ្រាន់តែ​វា​ជា​ឈ្មោះ​ជំងឺ​មួយ​ប្រភេទ​ តែ​រង​នូវ​ការ​ប៉ះពាល់​ឈាន​ទៅ​ដល់​ដំណាក់កាល​ពិការ​ភ្នែក​បាន​ ប្រសិនបើ​ព្យាបាល​មិនទាន់ពេល​វេលា​។ ជំងឺ​ប្រភេទ​នេះ​បាន​បំផ្លាញ​សរសៃប្រសាទ​ភ្នែក​ដែល​បង្កឡើង​ដោយ​មូលហេតុ​ជាច្រើន​ធ្វើ​ឱ្យ​សម្ពាធ​ទឹក​ក្នុង​ភ្នែក​កើន​ឡើង​ខ្ពស់​ ម្យ៉ាងទៀត​ធ្វើ​ឱ្យ​ធ្លា​ខ្សែភ្នែក​ខូច​ ឬរួម​តូច​បន្តិចម្ដង​។ ករណីនេះ​ភាគច្រើន​កើតមាន​ចំពោះ​អ្នក​ដែល​មាន​អាយុ​ពី40ឆ្នាំ​ឡើង​ទៅ​ តែ​កត្ដា​ខ្លះ​ក៏អាច​កើតមាន​លើ​អ្នក​ដែល​មាន​អាយុ​ទាប​ជាង​នេះ​ផង​ដែរ​។

    3. បញ្ហា​ភ្នែក​មី​ញ៉ូប​
    សម្រាប់​ក្មេង​ ឬមនុស្ស​វ័យ​ជំទង់​តែង​មាន​អាការ​ព្រិល​ ឬស្រវាំង​ភ្នែក​ ពេល​មើលឆ្ងាយ​ ដែល​ផ្ទុយពី​មនុស្សចាស់​ ដែល​តែង​ពិបាក​មើល​ជិ​តៗ​វិញ​។ ភ្នែក​មី​ញ៉ូ​បមិន​អាច​មើលឆ្ងាយ​បាន​ច្បាស់​ តែបើ​មើល​ជិត​គឺ​ឃើញច្បាស់​ ដោយសារ​រូបភាព​មក​ផ្ដុំ​គ្នា​នៅមុខ​សរសៃ​បាត​ភ្នែក​(រ៉េ​ទីន​)។ ការ​ចាំង​ពន្លឺ​ក៏​ជា​មូលហេតុ​មួយ​ធ្វើ​ឱ្យ​ភ្នែក​មិន​អាច​ចាប់​ពន្លឺ​បាន​ច្បាស់​ និង​នាំ​ឱ្យ​ភ្នែក​ចុក​រោយ​ក្ដៅ​ងំ​ហៀរ​ទឹកភ្នែក​ ពព្រៀក​ ឧស្សាហ៍​ព្រិច​ភ្នែក​ និង​ឈឺក្បាល​នៅ​ម្ដុំ​ថ្ងាស​ជាដើម​។ អាការ​ទាំងនេះ​កាន់តែ​ខ្លាំង​នៅពេល​អ្នក​សម្លឹង​មើល​ច្រើន​ ដូចជា​អាន​សៀវភៅ​ កែ​អត្ថបទ​ ឬប្រើ​កុំព្យូទ័រ​។ល។

    4. ជំងឺភ្នែកក្រហម​
    ជំងឺភ្នែកក្រហម​ កើតមាន​រៀងរាល់​ឆ្នាំ​នៅក្នុង​អំឡុង​រដូវភ្លៀង​ ហើយ​វា​ឆ្លង​រាតត្បាត​ខ្លាំង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នាក់​ទៀត​។ ជំងឺ​នេះ​បណ្តាល​មក​ពី​មេ​រោ​គអេ​ដេ​ណូ​ ដែល​ធ្វើ​ឱ្យ​រលាក​ និង​ធ្វើ​ឱ្យ​ភ្នែក​ឡើងក្រហម​។ ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចជា​ ក្រហមភ្នែក​ រកាំភ្នែក​ ហៀរ​ទឹកភ្នែក​ ហើម​ភ្នែក​ និង​ឈឺភ្នែក​ខ្លាំង​ តែ​វា​អាច​បាត់​ទៅវិញ​ក្នុង​រយៈពេល​ ពី7ទៅ14ថ្ងៃ​។ ជំងឺ​នេះ​ ឆ្លង​ខ្លាំង​តាមរយៈ​ការប្រើ​ប្រាស់​នូវ​សម្ភារ​រួមគ្នា​ដូចជា​ ក្រមា​ ឬខ្នើយ​ជាដើម​ ដែល​ប៉ះ​ទឹកភ្នែក​អ្នកជំងឺ​។ ប្រសិនបើ​អ្នកណា​ប៉ះ​ទឹកភ្នែក​អ្នកជំងឺ​ នោះ​នឹង​ឆ្លង​ជំងឺ​នេះ​ភ្លាម​ៗតែម្តង​។

    5. ជំងឺ​ទឹកនោមផ្អែម​
    ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ ហើយ​មិនបាន​គ្រប់គ្រង​ ឬប្រើប្រាស់​ថ្នាំ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ​ វា​បង្ក​ឱ្យ​មានការ​ហូរឈាម​នៅ​ខាងក្រោយ​ភ្នែក​ និង​ធ្វើ​ឱ្យ​ការ​មើលឃើញ​របស់​អ្នកប្រែ​ទៅ​ជា​ព្រិល​ស្រអាប់​។

    6. ដាច់​សរសៃឈាម​ខួរក្បាល​
    អ្នក​អាច​មាន​សញ្ញា​ព្រិល​ភ្នែក​ ឬគំហើញ​បែក​ជា2​ នៅពេល​អ្នករងគ្រោះ​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ខណៈ​ដែល​អាការ​ដាច់​សរសៃឈាម​កើតឡើង​ ដង្ហើម​នឹង​ពិបាក​ដក​ រី​ឯបញ្ហា​ញ័រ​ដើមទ្រូង​ក៏​កើតឡើង​ បណ្តោល​មក​ពី​ចង្វាក់​បេះដូង​លោត​ញាប់​ពេក​ ព្រោះ​តម្រូវការ​អុក​ស៊ី​ហែ្ស៊ន​មិន​គ្រប់គ្រាន់​។

    7. ដុំ​សាច់​ក្នុង​ខួរក្បាល​
    ដុំ​សាច់​នៅ​ផ្នែក​ណាមួយ​នៃ​ខួរក្បាល​អាច​ផ្តល់​នូវ​សម្ពាធ​ សង្កត់​ទៅលើ​ឆ្អឹង​លលាដ៏​ក្បាល​ និង​បង្ក​ឱ្យ​មាន​នូវ​សញ្ញា​ជាច្រើន​ រួម​ទាំង​ការ​ព្រិល​ឬស្រវាំង​ភ្នែក​ផង​ដែរ​៕

  • ទង្វើ​អាក្រក់​ទាំង​ 8 កំពុង​បំផ្លាញ​ខួរក្បាល​របស់​អ្នក​ដោយ​មិនដឹង​ខ្លួន​

    ទង្វើ​អាក្រក់​ទាំង​ 8 កំពុង​បំផ្លាញ​ខួរក្បាល​របស់​អ្នក​ដោយ​មិនដឹង​ខ្លួន​

    ខួរក្បាល​ ជា​អវយវៈ​មួយ​ផ្នែក​ដែល​សំខាន់​ចំពោះ​រាងកាយ​ខ្លាំង​ណាស់​ ព្រោះថា​ក្រៅពី​ខួរក្បាល​ពេញ​ទៅ​ដោយ​ខ្សែ​សរសៃប្រសាទ​ដែល​មាន​ភាព​ស្មុគស្មាញ​រាប់​លាន​សរសៃ​ហើយ​ បើ​ខួរក្បាល​ធ្វើការ​ខុសប្រក្រតី​ នឹង​ហុច​ផល​ប៉ះពាល់​ទៅដល់​អវយវៈ​ផ្នែក​ផ្សេង​ៗក្នុង​រាងកាយ​ និង​មិន​អាច​រក​ខួរក្បាល​ថ្មី​មក​ផ្លាស់ប្ដូរ​បាន​ឡើយ​។

    ខួរក្បាល​ អាច​រាប់​បាន​ថា​ជា​អវយវៈ​ដ៏​សំខាន់​របស់​រាងកាយ​ ដោយមាន​តួនាទី​ជា​មជ្ឈមណ្ឌល​កណ្ដាល​គ្រប់គ្រង​កម្ម​វិ​ធី​ផ្សេង​ៗដែល​កើតឡើង​ក្នុង​រាងកាយ​មនុស្ស​ មិនថា​តែ​ការ​លោត​របស់​បេះដូង​ ការ​ធ្វើ​ចល​នា​ផ្សេង​ៗ ឬការដកដង្ហើម​ជាដើម​ ដោយ​ខួរក្បាល​នឹង​គ្រប់គ្រង​ និង​បញ្ជា​រាងកាយ​ឱ្យធ្វើ​ការ​តាម​ការ​គិត​ ដើម្បី​ឱ្យ​មនុស្ស​អាច​បំពេញការងារ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​បាន​យ៉ាង​ប្រក្រតី​។ ខួរក្បាល​ធ្វើការងារ​គ្រប់ពេលវេលា​ ដូច្នេះ​ហើយ​ទើប​ការ​យកចិត្ត​ទុកដាក់​លើ​ទង្វើ​ដែល​គួរ​ប្រតិបត្តិ​ ដើម្បី​ឱ្យ​ខួរក្បាល​ធ្វើការ​បាន​ល្អ​ គឺជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​គួរ​ផ្ដល់​ភាព​សំខាន់​ ដើម្បី​សុខភាព​ដ៏​ល្អ​របស់​ខួរក្បាល​ និង​ចៀសវាង​ពី​ទង្វើ​អា​ក្រ​ក់ៗ​ដែល​អាច​បំផ្លាញ​ដល់​ខួរក្បាល​បាន​ដូចជា​៖

    1. មិន​បរិភោគ​អាហារ​ពេលព្រឹក​
    ការ​មិន​បរិភោគ​អាហារ​ពេលព្រឹក​ គឺជា​ទង្វើ​ដ៏​គ្រោះថ្នាក់​មួយ​ចំពោះ​ខួរក្បាល​។ ការ​ផ្ដល់​ផល​អាក្រក់​របស់​វា​ ធំ​បំផុត​ គឺ​ធ្វើ​ឱ្យ​កម្រិត​ឈាម​ក្នុង​ខួរក្បាល​ថយ​ចុះ​ ហើយ​ជាមួយគ្នា​នេះ​ដែរ​ វា​ក៏​ជំរុញ​ឱ្យ​សារជាតិ​អាហារ​មិន​អាច​ទៅ​ចិញ្ចឹម​ខួរក្បាល​បាន​គ្រប់គ្រាន់​ទៀតផង​។ ទង្វើ​នេះ​ បើ​មាន​ញឹកញាប់​ និង​មាន​រយៈពេល​យូរ​ វា​នឹង​បង្ក​ឱ្យ​ខួរក្បាល​ចុះ​ខ្សោយ​តែម្ដង​។ អ្នក​ដែល​មិនសូវ​បរិភោគ​អាហារ​ពេលព្រឹក​ អ្នក​អាច​ប្រឈម​ជាមួយ​បញ្ហា​ជាតិ​ស្ករ​ថយ​ចុះ​បាន​។

    2. ជក់បារី​
    ថ្នាំជក់​មិនគ្រាន់​តែ​បង្ក​ឱ្យ​មាន​ជំងឺមហារីក​នោះ​ទេ​ តែ​វា​ក៏​ធ្វើ​ឱ្យ​ខូច​បេះដូង​ និង​ខួរក្បាល​ផង​ដែរ​។ ការ​ជក់បារី​ គឺជា​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ដូចជា​ កាបូន​ម៉ូណូ​ស៊ី​ត ដែល​ជំនួស​អុក​ស៊ី​ហ្សែ៊​ននៅ​ក្នុង​ឈាម​ ដោយហេតុនេះ​នឹង​កាត់បន្ថយ​អុក​ស៊ី​ហ្សែ៊ន​សម្រាប់​សាច់ដុំ​បេះដូង​។ ផ្សែង​បារី​ដែល​ចេញ​មក​ខាងក្រៅ​ គឺ​មាន​ផ្ទុក​នូវ​សារធាតុគីមី​ជាច្រើន​ប្រភេទ​រួមមាន​ ជាតិ​ជ័រ​ និង​សារ​ធា​តុ​ផ្សេង​ៗទៀត​ ដែល​ធ្វើ​ឱ្យ​ស្វិត​សរសៃ​ឈាម​ធំ​ និង​បំផ្លាញ​សរសៃឈាម​ ហើយ​សារធាតុ​នីកូទីន​ ដែល​ត្រូវ​បាន​ផ្សា​ភ្ជាប់​ជាមួយនឹង​ការ​កើនឡើង​ខ្លាំង​នៃ​ចង្វាក់​បេះដូង​ និង​សម្ពាធ​ឈាម​ដែល​រត់​ទៅ​ចញ្ចឹម​ខួរក្បាល​។ វា​បង្ក​ឱ្យ​មានការ​ស្វិត​ស្រពោន​នៃ​កោសិកា​ខួរក្បាល​ និង​នាំទៅ​ដល់​ជំងឺ​ម្យ៉ាង​ហៅថា​ Alazheimer​ Disease​។

    3. ការ​បរិភោគ​អាហារ​ច្រើនជ្រុល​
    ការ​បរិភោគ​អាហារ​ហួស​ចំណុះ​ និង​ច្រើន​ជ្រុល​ វា​នឹង​បង្ក​ឱ្យ​សរសៃឈាមក្រហម​ក្នុង​ខួរក្បាល​ឡើង​រឹង​ ដែល​ជា​អាការ​សំខាន់​បង្ក​ឱ្យ​ខួរក្បាល​ចុះ​ខ្សោយ​យ៉ាង​ឆាប់រហ័ស​។

    4. ធ្វើការ​ច្រើន​ម៉ោង​នៅក្នុង​រយៈពេល​តែមួយ​
    ការ​ធ្វើការងារ​ច្រើន​ម៉ោង​ពេក​ ជា​មូលហេតុ​ធ្វើ​ឱ្យ​អ្នកប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​ខ្សោយបេះដូង​ គាំងបេះដូង​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ យោង​តាម​របាយការណ៍​សិក្សា​នៃ​សាកល​វិទ្យាល័យ​ឡុងដ៍​ដុន​ ក៏បាន​ឱ្យ​ដឹង​ថា​ ការ​ធ្វើការងារ​ច្រើន​ជាង11ម៉ោង​ក្នុង​មួយថ្ងៃ​ បង្កើន​ហានិភ័យ​នៃ​ជំងឺបេះដូង​ដល់ទៅ67​% បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​ធ្វើការ7​-8ម៉ោង​ក្នុង​មួយថ្ងៃ​។

    5. ទទួលទានទឹក​មិន​គ្រប់គ្រាន់​
    រាងកាយ​របស់​យើង​មិន​អាច​រស់នៅ​ដោយ​គ្មាន​ទឹកបាន​នោះ​ទេ​ ប៉ុន្តែ​ប្រសិន​បើ​អ្នកទទួល​ទាន​ច្រើនហួស​ហេតុ​ពេក​ ឬតិច​ពេក​ក៏​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដែរ​។ ការ​ទទួលទាន​ទឹក​តិច​ហួស​ បាន​ធ្វើ​ឱ្យ​តម្រងនោម​បញ្ចេញ​សារធាតុ​សូដ្យូម​នៅក្នុង​ឈាម​អតុល្យភាព​ ដែល​អាច​បណ្តោល​ឱ្យ​ខូច​ខួរក្បាល​ និង​រាងកាយ​។ ប្រសិនបើ​កោសិកា​ខួរក្បាល​បន្ត​រីក​ធំ​ ហើយ​សម្ពាធ​នៅក្នុង​ខួរក្បាល​នៅតែ​បន្ត​កើនឡើង​ វា​អា​ចប​ណ្តោល​ឱ្យ​ខូច​ខួរក្បាល​ សន្លប់​ ឬស្លាប់​បាន​។ ខ្សោះ​ជាតិ​ទឹក​បន្ត​លើស​ខ្លាំងពេក​ក្នុងរយៈពេល10ម៉ោង​ អាច​បណ្តោល​ឱ្យ​អ្នក​ស្លាប់​បាន​។

    6. គេង​មិន​គ្រប់គ្រាន់​
    បើ​គេ​មិន​គ្រប់​ ហើយ​ចាំ​គេង​បង្គ្រប់​វិញ​នោះ​ គឺ​មិន​អាច​ប៉ះប៉ូវ​ការបំផ្លាញ​ខួរក្បាល​បាន​នោះ​ទេ​។ នៅពេល​ដែល​ខួរក្បាល​មិនបាន​ទទួលការ​គេង​គ្រប់គ្រាន់​ បើ​មានដំណើរ​ការ​មួយ​បាន​ចាប់ផ្ដើម​នៅក្នុង​ខួរក្បាល​នោះ​ បានន័យ​ថា​វា​បាន​ធ្វើការ​ហួសពី​សមត្ថភាព​របស់​អ្នក​ហើយ​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រក​ឃើញថា​ ការ​គេង​មិន​បាន​គ្រប់គ្រាន់​មានន័យថា​ ខួរក្បាល​បោសសម្អាត​នូវ​ស៊ី​ណាប់​ និង​តំណ​ភ្ជាប់​នៃ​ណឺរ៉ូន​មួយចំនួន​ធំ​ ហើយ​ការ​គេង​បង្គ្រប់​វិញ​មិន​អាច​ប៉ះប៉ូវ​ការខូចខាត​នេះ​បាន​ឡើយ​។

    7. ក្រោក​មក​ធ្វើការ​ទាំង​រាងកាយ​នៅ​ទន់​ខ្សោយ​
    អាការ​នេះ​ពិតជា​គ្រោះថ្នាក់​បំផុត​ ហើយ​ក៏​កំពុងតែ​លាក់មុខ​នៅក្នុង​មនុស្ស​ស្ថិត​ក្នុង​វ័យ​កំពុងធ្វើការ​ វា​ធ្វើ​ឱ្យ​សុខភាព​របស់​អ្នក​ចុះ​ខ្សោយ​ ហើយ​មាន​អារម្មណ៍​ថា​ ល្ហិតល្ហៃ​អស់កម្លាំង​ ចេះតែ​ងងុយគេង​ ក៏ប៉ុន្តែ​ពិបាក​គេង​ទៅវិញ​។ ប្រសិនបើ​អំឡុង​ពេលនេះ​ អ្នកមាន​អារម្មណ៍​នឿយហត់​ មិន​សូវ​មាន​កម្លាំង​ មិន​ចង់​ភ្ញាក់​ពី​គេង​នៅពេល​ព្រឹក​ ព្រមទាំង​ធ្វើទុក្ខ​កើត​អាការ​ងងុយគេង​រាល់ពេល​ថ្ងៃត្រង់​ តែ​បែរមក​គេង​មិន​លក់​នៅពេល​រាត្រី​វិញ​នោះ​ ទាំងនេះ​អាច​ឱ្យ​អ្នក​កើតការ​សង្ស័យ​នៃ​ការ​កើតជំងឺ​តម្រងនោម​ ហើយ​វា​ក៏​កំពុង​បំផ្លាញ​ប្រព័ន្ធ​ខួរក្បាល​របស់​អ្នកផង​ដែរ​។ សំខាន់​បំផុត​ត្រូវ​ព្យាយាម​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ ប្រសើរ​ជាង​គេង​មិន​គ្រប់​ ហើយ​ក្រោក​មក​ធ្វើការងារ​ទាំង​មមីមមើ​។

    8. ទម្លាប់​យល់ដឹង​តាម​ Google​
    នៅក្នុង​យុគសម័យ​ទំនើប​មួយ​នេះ​ មនុស្ស​គ្រប់គ្នា​តែងតែ​ចង់​ដឹង​តាមរយៈ​ការ​ស្វែងយល់​នៅ​លើ​បណ្តាញ​ហ្គូហ្គោល​ ដែល​ក្លាយជា​ទម្លាប់​អាក្រក់​កំពុង​វាយប្រហារ​ខួរក្បាល​ដោយ​មិនដឹង​ខ្លួន​។ ព្រោះ​នៅ​អតីតកាល​នៃ​ភាព​ចងចាំ​របស់​មនុស្សយើង​ ត្រូវ​បាន​សាង​ឡើង​ដោយ​ប្រព័ន្ធ​ខួរក្បាល​ ដែល​បាន​សរសេរ​ ឬអាន​នូវ​សារ​ទាំង​នោះ​ជា​ញឹកញយ​ និង​ធ្វើ​ឱ្យ​ទិ​ន្ន័​យអាច​រក្សា​បាន​នូវ​ការ​ចងចាំ​បាន​យូរ​។ រហូតដល់​បច្ចេកវិទ្យា​នៃ​ពិភពលោក​បាន​ផ្លាស់ប្ដូរ​ទៅ​រក​យុគសម័យ​ឌីជីថល​ សមត្ថភាព​នៃ​ការ​ចងចាំ​របស់​ខួរក្បាល​មនុស្ស​ក៏​ត្រូវ​កាត់បន្ថយ​ទៅវិញ​ ដោយ​សម្អាង​តែ​លើ​ទិន្នន័យ​នៅ​លើ​ហ្កូហ្គោល​ ជាហេតុ​ធ្វើ​ឱ្យ​ការ​ដុសខាត់​សមត្ថភាព​ខួរក្បាល​លែង​មាន​ដូច​ពីមុន​ទៀត​៕

  • ធ្លាប់​ដឹង​តែ​ជំងឺលើសឈាម ឬ​សម្ពាធ​ឈាម​ខ្ពស់ តើ​សម្ពាធ​ឈាម​ទាប​គឺជា​អ្វី?

    ធ្លាប់​ដឹង​តែ​ជំងឺលើសឈាម ឬ​សម្ពាធ​ឈាម​ខ្ពស់ តើ​សម្ពាធ​ឈាម​ទាប​គឺជា​អ្វី?

    ជាទូទៅ​អ្នកជំងឺ​ច្រើន​នាក់​បាន​ជ្រាប​ច្បាស់​ពី​អាការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាច្រើន​ដល់​សុខភាព​របស់​អ្នក​ដូចជា​ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ ជំងឺ​គាំងបេះដូង​ និង​ជំងឺ​ខ្សោយ​តម្រងនោម​ជាដើម​ ហើយ​ករណី​ធ្ងន់ធ្ងរ​អាច​មាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​ទៀតផង​។ តែ​មាន​មនុស្ស​មិន​ច្រើន​នាក់​ដែល​បានដឹង​អំពី​អាការ​សម្ពាធ​ឈាម​ទាប​ ហើយ​វា​ក៏អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​សុខភាព​រាងកាយ​បាន​ដូចគ្នា​ ដោយ​វា​នឹង​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នកទទួល​បាន​អុក​ស៊ី​ហ្សែ៊ន​មិន​គ្រប់គ្រាន់​ក្នុង​ការ​ទៅ​បំពេញមុខ​ងារ​ផ្សេង​។ ខណៈ​ដែល​សម្ពាធ​ឈាម​ទាប​ អ្នកជំងឺ​អាច​ប្រឈម​នឹង​ជំងឺបេះដូង​ និង​ជំងឺ​ខួរក្បាល​ដូចគ្នា​ ហើយ​វា​អាច​ធ្វើ​ឱ្យ​ពិបាក​ដកដង្ហើម​ជាដើម​។ អ្នកជំងឺ​មាន​សម្ពាធ​ឈាម​ទាប​ ភាគច្រើន​គឺ​មាន​អាការ​ក្ដៅ​សាច់​ និង​កម្ដៅ​ក្នុង​ខ្លួន​ឡើងជា​ប្រចាំ​។

    នៅពេល​ដែល​សម្ពាធ​ឈាម​ទាប​ បណ្តាល​ឱ្យ​ចរ​ន្ដ​ឈាម​ហូរ​ទៅកាន់​ខួរ​ក្បាល​យឺត​ៗ និង​ខ្សោយ​។ ហើយ​វា​ថែមទាំង​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​អុក​ស៊ី​ហ្សែ៊ន​ទៅកាន់​ខួរក្បាល​ ដែល​វា​បណ្តាល​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ វិលមុខ​ និង​ឈឺក្បាល​។ អាការ​នេះ​ជា​ញឹកញាប់​អាច​កើតឡើង​ជា​ធម្មតា​ នៅ​ពេល​ដែល​អ្នកធ្វើការ​ផ្លាស់​ប្តូរ​ចលនា​ និង​ទីតាំង​ភ្លាម​ៗពេក​ ដូចជា​ ការ​ងើប​ក្រោកឈរ​ឡើង​លឿន​ពេក​ពេល​ភ្ញាក់​ពីព្រលឹម​ជាដើម​។ ចរ​ន្ដ​ឈាម​ហូរ​ ដើរតួ​នាទី​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការផលិត​ថាមពល​ ដោយ​វា​ជា​អ្នក​ផ្តល់​អុក​ស៊ី​ហ្សែ៊ន​ និង​សារធាតុ​ចិញ្ចឹម​ចាំបាច់​ជាច្រើន​ទៅកាន់​រាងកាយ​ទាំងមូល​។ ហើយ​នៅពេល​ដែល​លំហូរ​នៃ​សម្ពាធ​ឈាមធ្លាក់​ចុះ​ វា​នឹង​បង្អាក់ដំណើរ​ការបង្កើត​ថាមពល​ដែល​បណ្តាល​ឱ្យ​អស់កម្លាំង​ និង​ល្ហិតល្ហៃ​។ ក៏​ប៉ុន្តែ​អាការ​នេះ​ក៏អាច​បណ្តាល​មក​ពី​ការ​មិនបាន​សម្រាក​គ្រប់គ្រាន់​ ឬខ្វះ​ជាតិ​ស្ករ​ផង​ដែរ​។

    សម្ពាធ​ឈាម​ទាប​ អាច​បណ្តាល​ឱ្យ​មាន​រោគ​សញ្ញា​ផ្សេង​ៗមួយចំនួន​ ដូចជា​ អាការ​ក្អួត​ ចង្អោរ​ ការ​ធ្លាក់ទឹក​ចិត្ត​ ការបាត់បង់​ស្មារតី​ ឈឺក្បាល​ ឈឺក​ ក្អក​រ៉ាំរ៉ៃ​ ឈឺខ្នង​ និង​ប្រព័ន្ធ​រំលាយអាហារ​ធ្វើការ​មិនបាន​ល្អជា​ដើម​។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​ និង​រោគ​សញ្ញា​ ដែល​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ខ្សោយ​៖

    1. អាការ​ខ្វះ​ជាតិទឹក​
    សភាព​នេះ​ គឺ​បណ្ដាលមកពី​កង្វះ​អំបិល​រ៉ែ​ បណ្តាល​ឱ្យ​មាន​លំហូរ​ឈាម​ខ្សោយ​។ ចរ​ន្ដ​ឈាម​ហូរ​យឺត​ និង​ត្រឡប់ទៅ​បេះដូង​វិញ​ ដែល​ធ្វើ​ឱ្យ​បេះដូង​ច្របាច់​ខ្លួន​ខ្សោយ​ទៅៗ​ ជាហេតុ​មាន​សម្ពាធ​ឈាម​ទាប​។
    2. អាការ​ខ្សោយ​គ្រាប់​ឈាម​
    ឈាម​ដែល​រត់​ទៅកាន់​បេះដូង​វិញ​មិនទាន់​ ធ្វើ​ឱ្យ​បេះដូង​ច្របាច់​ខ្លួន​ខ្សោយ​ កម្លាំង​របត់ឈាម​ខ្សោយ​ ជា​ការ​ហុច​ផល​នៃ​ការ​គ្រប់គ្រង់​គ្រាប់​ឈាម​។
    3. អាការ​ស្លេកស្លាំង​
    កំហាប់​ឈាម​ថយ​ចុះ​ដោយសារ​បរិមាណ​កោសិកា​ឈាមក្រហម​មានការ​ថយ​ចុះ​។ ក៏​ជា​ការ​ហុច​ផល​នៃ​បរិមាណ​ឈាម​មិនធម្មតា​ក្នុង​រាងកាយ​ ទើប​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​។4. អាការ​ឆ្អែត​អាហារ​ពេក​
    ការ​ទទួលទាន​អាហារ​ច្រើនជ្រុល​ ធ្វើ​ឱ្យ​ឈាម​ហូរ​ទៅ​ចិញ្ចឹម​ក្រពះ​ ពោះវៀន​ កាន់តែ​ច្រើន​ដូចគ្នា​នឹង​កាន់តែ​ធ្វើ​ឱ្យ​បរិមាណ​ឈាម​សរុប​ចុះ​ខ្សោយ​។ចរ​ន្ដ​ឈាម​ដែល​រត់​ទៅកាន់​បេះដូង​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ទៅតាម​ហ្នឹង​ផង​ដែរ​។
    5. ប្រតិកម្ម​ថ្នាំ
    ​អាការ​ចាញ់​ និង​ប្រតិកម្ម​ថ្នាំ​ បាន​ហុច​ផល​ឱ្យ​គ្រាប់​ឈាម​ជាច្រើន​ផ្លាស់​ខ្លួន​យ៉ាង​រហ័ស​ទៅ​គ្រប់​ទៅ​កន្លែង​ ហើយ​ធ្វើ​ឱ្យ​កំហាប់​ឈាមរាវ​ ទឹក​នៅក្នុង​ឈាម​រត់ចេញ​មក​ក្រៅ​សរសៃឈាម​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាត់បង់​គ្រាប់​ឈាម​ក្នុង​សរសៃ​វ៉ែន​។6. អាការ​ភ័យខ្លាច​
    ភាព​ភ័យខ្លាច​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ និង​ភាព​ស្លន់ស្លោ​ ក៏​ជាហេតុ​អាច​បង្ក​ឱ្យ​មានការ​រំញោច​សរសៃឈាម​ និង​បេះដូង​ថយ​ចុះ​ នោះ​សម្ពាធ​ឈាម​ក៏​នឹង​ធ្លាក់ចុះ​ដូចគ្នា​ដែរ​។
    7. ការ​តាំង​គភ៌​
    ការ​តាំង​គភ៌​ធ្វើ​ឱ្យ​រាងកាយ​ត្រូវតែ​បង្កើន​ការ​ផ្គត់ផ្គង់​ឈាម​ដល់​ទារក​។ លទ្ធផល​នៃ​ចរ​ន្ដ​ឈាម​ហូរ​ និង​បរិមាណ​ឈាមស​រុ​បមិន​មាន​ភាព​សមតុល្យ​ វា​ក៏​បណ្ដាល​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​បាន​ដែរ​។

    សម្ពាធ​ឈាម​ទាប​អាច​បង្ក​គ្រោះថ្នាក់​
    ជាមួយនឹង​ករណី​លើកលែង​តិចតួច​ណាស់​ដែល​សម្ពាធ​ឈាម​រ៉ាំរ៉ៃ​ក្រោម​ 120​/80​ គឺ​មិន​មាន​គ្រោះថ្នាក់​នោះ​ទេ​។ សម្ពាធ​ឈាម​ទាប​ត្រូវ​បាន​គេ​ចាត់ទុកថា​ មាន​គ្រោះថ្នាក់​ តែ​នៅពេល​ដែល​វា​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​ ឬលទ្ធផល​នៃ​សម្ពាធ​ឈាម​ភ្លាម​ៗថយ​ចុះ​។ ក្នុងករណី​ដែល​សម្ពាធ​ឈាម​របស់​អ្នក​ធ្លាក់​ចុះ​ភ្លាម​ៗវា​មិនមែន​ជា​សម្ពាធ​ឈាម​ទាប​ ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ​ ប៉ុន្តែ​វា​ជា​ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗពី​កម្រិតឈាម​ខ្ពស់​មក​ទាប​។ ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗនៃ​សម្ពាធ​ឈាម​អាច​បណ្តាល​ឱ្យ​មានការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ឈាម​ដល់​បេះដូង​ តម្រងនោម​ និង​ខួរក្បាល​របស់​អ្នក​ ហើយនឹង​ត្រូវ​បាន​អម​ដោយ​រោគ​សញ្ញា​ផ្សេង​ៗទៀត​។ ជា​ធម្មតា​ បញ្ហា​នៃ​សម្ពាធ​ឈាម​ទាប​ គឺជា​សញ្ញា​មួយ​បង្ហាញថា​ មាន​អ្វី​ផ្សេងទៀត​អាច​ខុស​ពី​ធម្មតា​ ហើយ​គួរតែ​ប្រញាប់​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់​។ការ​ព្យាបាល​បញ្ហា​សម្ពាធ​ឈាម​ទាប​
    ប្រភេទ​នៃ​ការ​ព្យាបាល​សម្រាប់​បញ្ហា​សម្ពាធ​ឈាម​ទាប​ គឺ​អាស្រ័យ​ទៅលើ​អាការ​ និង​រោគសញ្ញា​ ដែល​កើតឡើង​។ ប្រសិនបើ​អ្នក​មិន​មាន​រោគសញ្ញា​អ្វី​ទេ​ វា​មិនទំនង​ទេ​ ដែល​អ្នក​ត្រូវការ​ការ​ព្យាបាល​។ ទោះជាយ៉ាងណា​ក៏ដោយ​ប្រសិនបើ​អ្នក​មិន​មាន​រោគសញ្ញា​ ហើយ​គ្រូពេទ្យ​មិន​អាច​រក​ឃើញ​បញ្ហា​សុខភាព​ ដែល​ពន្យល់​ពី​សម្ពាធ​ឈាម​ទាប​ នោះ​អ្នក​នឹង​បដិបត្តិ​ជាមួយ​ការ​ការពារ​ដូចជា​ បង្កើន​ការ​ទទួលទាន​អំបិល​ ពាក់​ស្រោមជើង​ ញ៉ាំទឹក​ឱ្យ​បាន​ច្រើន​ និង​ការប្រើ​ថ្នាំ​ដែល​គ្រូពេទ្យ​បាន​ផ្ដល់​ឱ្យ​ឱ្យ​បាន​ត្រឹមត្រូវ​៕