Category: សុខភាព

  • មន្ទីរពេទ្យកុមារអង្គរបន្ថែមការយល់ដឹងដល់អាណាព្យាបាល ពីរបៀបថែទាំកូន និងបង្ការជំងឺបុត្រធីតា តាមរយៈវេទិកាថ្មីមួយ

    មន្ទីរពេទ្យកុមារអង្គរបន្ថែមការយល់ដឹងដល់អាណាព្យាបាល ពីរបៀបថែទាំកូន និងបង្ការជំងឺបុត្រធីតា តាមរយៈវេទិកាថ្មីមួយ

    មន្ទីរពេទ្យ​កុមារ​អង្គរបានបង្ហាញគម្រោងមួយដែលមានឈ្មោះថា​ វេទិកា​តុ​កាហ្វេ​វិទ្យាសាស្ដ្រ ឬ Science Café ជាវេទិកា​​ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​ឪពុកម្ដាយ ឬអាណាព្យាបាល​ដែល​មានកូន​មកសម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បីបន្ថែម​ការការពារ និង​ថែទាំ​បុត្រធីតា​មិនឱ្យ​មានជំងឺ និង​ចេះ​ថែទាំ​នៅពេល​ពួកគេ​ឈឺ​ថ្កាត់ផងដែរ។​
    ការពិតទៅ វេទិកា​តុ​កាហ្វេ​វិទ្យាសាស្ដ្រនេះ បាន​បង្កើតឡើងអស់​រយៈពេល​ 3​ឆ្នាំ​មកហើយ គឺ​តាំងពី​ឆ្នាំ​2016 ​មកម៉្លេះ ដោយមាន​កម្មវិធី​បង្រៀន​ជាប្រចាំ សម្រាប់​ចែករំលែក​ចំណេះដឹង​សុខភាព ដល់​មាតាបិតា​ដែល​នាំ​កូន​មក​ព្យាបាល​ជំងឺ ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​។ វេទិកា​នេះ ដូចជា​ថ្នាក់រៀន​មួយ​ដូច្នោះ​ដែរ​ដែល​បង្រៀន​មេរៀន​ពី​ជំងឺ​ផ្សេងៗ​ដែល​ងាយ​កើត​លើ​កុមារ​តូចៗ និង​របៀប​ថែទាំពួកគេ​។​

    កញ្ញា ប៉ុល ស្រីមុំ អ្នកស្រាវជ្រាវ​ការិយាល័យ​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ Oxford ប្រចាំ​ប្រទេស​កម្ពុជា នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​បានឱ្យដឹងថា គោលបំណង​នៃ​វេទិកា​នេះ ​គឺ​ផ្តល់​ភាពជិតស្និទ្ធ​រវាង​គ្រូពេទ្យ​និង​អាណាព្យាបាល​កុមារ បង្កើន​ការយល់ដឹង​បន្ថែម​ពី​សុខភាព​កុមារ​ក៏ដូចជា​ជំងឺ​ផ្សេងៗ​ដែល​កំពុង​កើតមាន​។ កញ្ញា ស្រីមុំ បានឱ្យដឹងថា រយៈពេល​ 3​ឆ្នាំ​មកនេះ វេទិកា​នេះ​បាន​អញ្ជើញ​គ្រូពេទ្យ​តាម​ឯកទេស​ជាច្រើន​សម្រាប់​ការធ្វើ​បទ​បង្ហាញ និង​ផ្តល់​ចំណេះដឹង​ផ្នែក​ថែទាំ​កុមារ​ដល់ឪពុកម្ដាយ និង​អាណាព្យាបាលកុមារ ហើយ​មេរៀន​មួយចំនួន​គឺ​បាន​ពី​ការសម្ភាស​អាណាព្យាបាល​ដែល​ពួកគេ​មាន​ចម្ងល់ និង​ចង់ដឹង​បន្ថែម​ពី​អាកា​រជំងឺ និង​របៀប​ថែទាំ​ឱ្យបាន​ល្អប្រសើរ​។ ការបង្រៀន​នេះ​ទៀតសោត បាន​ផ្តោតលើ​ជំងឺ​តាម​រដូវ​កាល ដែល​ឧស្សាហ៍​កើត​លើ​កុមារ ​ដូចជា​ជំងឺ​ផ្ដាសាយ គ្រុន​ឈាម និង​កង្វះ​អាហារូបត្ថម្ភ​ជាដើម​។​

    អ្នកស្រី ចាន់ លី​ណា ដែល​បាន​ចូលរួម​ក្នុង​វេទិកា​កាហ្វេ​វិទ្យាសាស្ដ្រ​បាន​និយាយថា កម្មវិធី​នេះ​ពិតជា​ល្អ និង​មាន​សារៈសំខាន់ណាស់ និង​ធ្វើឱ្យ​អ្នកស្រី​ទទួលបាន​ចំណេះដឹង​ថ្មី​បន្ថែម​ទាក់ទង​នឹង​អនាម័យ​ថែទាំ​កូន​។ ​

    លោក​វេជ្ជបណ្ឌិត មី​លី​យ៉ា ធី ដែល​ធ្វើជា​គ្រូឧទ្ទេស​ក្នុង​វេទិកា​តុ​កាហ្វេ​វិទ្យាសាស្ដ្រ​កាលពីពេល​ទៅ​ថ្មីៗ​នេះ បាន​និយាយថា លោក​បាន​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​ជំងឺ​ដែល​កើតឡើង​តាម​រដូវ​កាល​ទាំង​រដូវប្រាំង ​និង​វស្សា​។ លោក​វេជ្ជបណ្ឌិតបាន​ពន្យល់​ថា រដូវ​កាល​ទាំង2 ​នេះ​តែង​នាំមកនូវ​ជំងឺ​ផ្សេងៗ​គ្នា​ដែល​អាណាព្យាបាល​គួរស្វែងយល់ ពិសេស​ជំងឺ​ផ្ដាសាយ និង​ជំងឺគ្រុនឈាម​ដែល​តែង​កើត​លើ​កុមារភាគច្រើន ប្រសិនបើ​មិនមាន​ការថែទាំ​ត្រឹមត្រូវពីអាណាព្យាបាល​។​

    សម្រាប់​លោក​វេជ្ជបណ្ឌិត មី​លី​យ៉ា ការយល់ដឹង​ពី​ជំងឺ​ជាមុន ​ពិតជា​សំខាន់​ណាស់​សម្រាប់​ឪពុកម្ដាយ ព្រោះ​ដើម្បីឱ្យ​កូនៗរបស់ពួកគាត់មាន​អនាម័យ និង​ចេះ​ថែទាំ​កុមារ​កុំឱ្យ​ឈឺ​។ លោក​ថា ការការពារ​ប្រសើរ​ជាង​ការព្យាបាល ហើយ​លោក​ជឿថា អាណាព្យាបាល​ទាំងអស់​នឹង​យកចំណេះ​ដឹង​ដែល​បាន​រៀន​ពី​គ្រូពេទ្យ​ទៅ​អនុវត្ត​ប្រសិន​ពួកគេ​ស្រឡាញ់​សុខភាព​កូន​។​

    កញ្ញា ប៉ុល ស្រីមុំ យល់ថា វេទិកា​នេះ​មាន​សារៈសំខាន់ និង​ជា​ឱកាស​ដែល​ឱ្យ​វាគ្មិន​ជា​គ្រូពេទ្យ​មាន​ពេល​ផ្តល់ព័ត៌មាន​កាន់តែ​លម្អិត​ទាក់ទង​នឹង​ជំងឺ រីឯអាណាព្យាបាល​អ្នកជំងឺវិញ ក៏ពួកគាត់​មានឱកាស​ជជែក​វែកញែក​ទាក់ទង​នឹង​អាកា​រ​ជំងឺរបស់​កូន និង​មាន​សំណួរ​ទាក់ទង​នឹង​ជំងឺ​របស់​កូនពួកគាត់ដែរ​៕

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ បាន​កើន​លើស​ពី​អាសន្ន​រោគ SARS ទៅ​ហើយ

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ បាន​កើន​លើស​ពី​អាសន្ន​រោគ SARS ទៅ​ហើយ

    អ្នក​ស្លាប់​បន្ថែម​ 97នាក់ ដោយ​សារ​តែ​មេរោគ​កូរ៉ូណា គឺ​កើន​11,9% បើ​ធៀប​នឹង​ម្សិល​មិញ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់ 910នាក់ ច្រើន​ជាង​ជិត​100នាក់ បើ​ធៀប​នឹង​អាសន្ន​រោគ​ SARS។

    គណៈកម្ម​ការ​សុខា​ភិបាល​ខេត្ត Hebei នៃប្រទេស​ចិន ព្រឹក​នេះ​បាន​បញ្ជាក់​ថា មាន​អ្នក​ស្លាប់​បន្ថែម​ចំនួន 91នាក់ ដោយ​សារ​បាន​ឆ្លង​មេរោគ​ដ៏​កំណាច​នេះ​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៃ​ខេត្ត​ Hubei ឡើង​ដល់ 871 នាក់។ នេះ​បើ​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​ CNN។

    ខេត្ត​ Hubei ក៏​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មីចំនួន 2,618នាក់​ ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​ការ​បាន​ឆ្លង​មេរោគ​នេះនៅ​ខេត្ត Hubei កើន​ឡើង​ដល់​ 29,631នាក់​។

    គណៈកម្មការ​សុខា​ភិបាល​ជាតិ​របស់​ចិន ក៏​បាន​ប្រកាស​ដែរ​ថា ចំនួន​អ្នក​ស្លាប់​ថ្មី​នៅ​ទូទាំង​ប្រទេស​​ចិន​ គឺមាន​​ 97​នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៃ​ប្រទេស​នេះ​ កើន​ដល់ 908នាក់។

    ដូច្នេះ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​​ទូទាំង​ពិភព​លោក សរុបមាន 910នាក់ ក្នុង​នោះ មាន​2នាក់​ ស្លាប់​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ដី​គោក ពោល​គឺ​1ករណី​នៅ​ហុង​កុង និង​1ករណី​ទៀត​នៅ​ហ្វីលីពីន។ ចំនួន​ខាង​លើ​នេះ បាន​លើស​ពី​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​ SARS ដែល​បាន​កើត​ឡើង​ពី​ឆ្នាំ 2002-2003 នេះ​បើ​តាម​អង្គការ​សុខ​ភាព​ពិភព​លោក​។

    គណៈកម្មការ​សុខាភិបាល​ចិន ក៏​បាន​ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​ បច្ចុប្បន្ន មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​បន្ថែម​ចំនួន 3,062នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ នៅ​ប្រទេស​ចិន​ដី​គោក សរុប​ឡើង​ដល់​ 40,171នាក់៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • សហ​រដ្ឋ​អាមេរិកចាប់​ផ្ដើមនាំ​គ្នា​ “រត់ប្រណាំង​” ជា “ផ្លូវ​ការ” ជាមួយ​ពេល​វេលា​ ក្នុង​ការ​ទប់ស្កាត់​វីរុស​កូរ៉ូណា​ថ្មី បន្ទាប់​ពី…

    សហ​រដ្ឋ​អាមេរិកចាប់​ផ្ដើមនាំ​គ្នា​ “រត់ប្រណាំង​” ជា “ផ្លូវ​ការ” ជាមួយ​ពេល​វេលា​ ក្នុង​ការ​ទប់ស្កាត់​វីរុស​កូរ៉ូណា​ថ្មី បន្ទាប់​ពី…

    ការ​ “រត់ប្រណាំង” យក​ “ជ័យ​ជ” ​រវាងសហរដ្ឋ​អាមេរិក និង​មេរោគ​កូរ៉ូណា កំពុង​ចាប់​ផ្ដើម​ជា​បណ្ដើរ​ៗ​ហើយ​ បន្ទាប់​ពី​អ្នក​ជំងឺ​ម្នាក់​ អាយុ​35ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​នៅ​ក្នុង​តំបន់ Snohomish និង​បាន​រកឃើញ​ថា មាន​ផ្ទុក​មេរោគ​រលាក​សួត​កូរ៉ូណា រួមនិង​ករណី​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្ងៃ​​នេះ (8កុម្ភៈ) នៅ​ឯ​ក្រុង​ Wuhan ដោយ​សារ​មេរោគ​កូរ៉ូណា​។

    បុគ្គលិកពេទ្យ​ពិភាក្សាគ្នា​អំពីវិធីកំចាត់មេរោគកូរ៉ូណានៅឯមន្ទីរសុខាភិបាលខណ្ឌ Snohomish រដ្ឋវ៉ាស៊ីនតោន។

    អ្នក​ឯកទេស និង​ជា​អ្នក​គ្រប់​គ្រងផ្នែក​រោគ​ឆ្លង​នៅមជ្ឈមណ្ឌល​សុខា​ភិបាល​ខណ្ឌ Snohomish ​ក្រុង​វ៉ាស៊ីន​តោន​ សហ​រដ្ឋ​អាមេរិក ចាប់​ផ្ដើមធ្វើ​សកម្មភាព​ភ្លាម​ៗ ដោយ​មិន​រង់​ចាំ​ក្រុម​សុខា​ភិបាល​នៃ​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់​ស្កាត់​រោគ​ឆ្លង​អាមេរិក (CDC) មក​ពី​ Atlanta នោះ​ទេ នៅ​ពេល​ទទួល​បាន​របាយ​ការណ៍​ថា មាន​ករណី​ផ្ទុក​មេរោគ​កូរ៉ូណា​ដំបូង​​ក្នុង​តំបន់​ដែល​គាត់​គ្រប់​គ្រង​។ Hollianne​ Bruce បាន​សម្រេច​ចិត្ត​ទាក់ទង​ទៅ​កាន់​បុរស​ជា​អ្នក​ជំងឺដែល​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដោយ​ឡែកក្នុង​មន្ទីរពេទ្យ​មួយ​ ក្នុង​តំបន់។

    កន្លែងធ្វើតេស្តរកមេរោគ Corona នៅទីក្រុង Lynnwood រដ្ឋវ៉ាសនតោន

    នៅ​សហ​រដ្ឋ​អាមេរិក ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃមេរោគ​ឆ្លង គឺ​ជា​តួនាទី​របស់​មូល​ដ្ឋាន​និមួយ​ៗ។ ក្រោយ​ពី​បាន​រក​ឃើញ​អ្នក​​ឆ្លង​មេរោគ​ដំបូង ក្រុម​មន្ត្រី​សុខា​ភិបាល​ខណ្ឌ និង​ក្រុង ចាប់​ផ្ដើម​រត់​ប្រណាំង​ជាមួយ​ពេល​វេលា​ដើម្បី​នាំ​អ្នក​ជំងឺ​ទៅ​ដាក់​ឱ្យ​នៅ​ដោយ​ឡែក និង​ស្វែង​យល់​អំពី​កន្លែង​ដែល​អ្នក​ជំងឺ​រស់នៅ​ និង​តាម​ដាន​អ្នក​ដែល​ធ្លាប់​បាន​ជួប​អ្នក​ជំងឺ​នេះ​។ ក្រុម​​បុគ្គលិក​សុខាភិបាល​ក៏​ព្យាយាម​បំបាត់​ព័ត៌មាន​ចចាមអារ៉ាម​គ្មាន​មូលដ្ឋាន ដើម្បី​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច​​ក្នុង​សហគមន៍​ ក៏​ដូចជា​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ដោះ​ស្រាយ​ករណី​ឆ្លង​មេរោគថ្មី​បន្ទាប់​។

    នៅ​មជ្ឈ​មណ្ឌល​សុខាភិបាល​ខណ្ឌ Snohomish បុគ្គលិក​ 113នាក់ បាន​ចំណាយ​ពេល​សរុប​ 1,000ម៉ោង​ក្នុង​ការ​ព្យាយាម​គ្រប់​គ្រង​មេរោគ ចាប់​តាំង​ពី​​បាន​ផ្ញើគំរូមេរោគ​របស់​អ្នកជំងឺ​វ័យ 35ឆ្នាំខាង​លើ ទៅ​កាន់​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​រោគ​ឆ្លង CDC (Centers for Disease Control and Prevention)។ បុគ្គលិក​ត្រួត​ពិនិត្យ​អាហារ អ្នក​គ្រប់​គ្រង​ធនធាន​មនុស្ស​ និង​អ្នក​ជំនាញ​នៃ​ផ្នែក​ផ្សេងៗ ក៏​បាន​ចូល​រួមក្នុង​​ការ​រត់​ប្រណាំង​ជាមួយ​ពេល​វេលានេះដែរ។

    សកម្មភាព​ទប់​ទប់​នឹង​មេរោគ​​កូរ៉ូណា​ ក្នុង​រយៈពេល2សប្ដាហ៍​កន្លងទៅ​ នៅឯ​មជ្ឈមណ្ឌល​សុខា​ភិបាល​ខណ្ឌ​ Snohomish ដែល​ជា​កន្លែង​មាន​ការិយា​ល័យ​ពោរ​ពេញ​ដោយពាក្យ​ស្លោក និង​​សារ​ក្រើន​​រំឭក​ជា​ច្រើន​ ដូច​ជា “ភាព​ស៊ាំ៖ ប្រព័ន្ធ​ការ​ពារ​ល្អ​បំផុត​របស់​អ្នក!” ឬ​ផ្ដល់​ឈាម​សង្គ្រោះ​មនុស្ស” ជាដើម បង្ហាញ​ឱ្យ​ឃើញ​នូវ​អ្វី​ដែល​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​មជ្ឈ​មណ្ឌល​សុខាភិបាល​ចំនួន 3,000​កន្លែង​ នៅ​មូល​ដ្ឋាន​ក្នុង​សហ​រដ្ឋ​អាមេរិក នា​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ ពិសេសគឺ​​ បន្ទាប់​​​ពី​​មាន​ពល​រដ្ឋ​អាមេរិក​ម្នាក់​បាន​ស្លាប់​ដោយ​សារ​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មីនៅ​ប្រទេស​ចិន​។

    ក្រុម​គ្រូពេទ្យ​កំពុង​ពិនិត្យ​អ្នក​ជំងឺ​នៅ​ឯប្រទេស​ចិន

    សូម​បញ្ជាក់់​ថា នៅ​ក្នុង​ថ្ងៃ​នេះ​ (8កុម្ភៈ) ដែរ ​​ស្ថានទូត​អាមេរិក​ប្រចាំនៅ​​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន បាន​ប្រកាស​ថា ពលរដ្ឋ​អាមេរិកាំង​ម្នាក់ បាន​បាត់បង់​ជីវិត​ដោយសារ​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​ថ្មី​​​។ ស្ថានទូតសហរដ្ឋ​​អាមេរិក​លើកឡើងថា ពលរដ្ឋ​ខ្លួន​ម្នា​ក់​​​នោះ​ មាន​វ័យ​៦០​ឆ្នាំ និង​បានស្លាប់​ក្នុង​មន្ទីរពេទ្យ​ទីក្រុង​ Wuhan នៃខេត្ត​ Hubei។ នេះ​បើ​តាម​​ទីភ្នាក់ងារ​សារ​ព័ត៌មាន AFP៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ពលរដ្ឋ​ចិន​នាំ​គ្នា​​រក​ទិញ​ថ្នាំ​អេដស៍ ដើម្បី​ទុក​ទប់​ទល់​​វីរុស​កូរ៉ូណា! ​អ្នក​ឆ្លៀត​ឱកាស​រក​លុយ​​ និង​សប្បុរសជនក៏បង្ហាញ​ខ្លួន

    ពលរដ្ឋ​ចិន​នាំ​គ្នា​​រក​ទិញ​ថ្នាំ​អេដស៍ ដើម្បី​ទុក​ទប់​ទល់​​វីរុស​កូរ៉ូណា! ​អ្នក​ឆ្លៀត​ឱកាស​រក​លុយ​​ និង​សប្បុរសជនក៏បង្ហាញ​ខ្លួន

    ដោយ​សារ​តែ​មិន​ទាន់​មាន​វិធី​សាស្ត្រ ឬ​ថ្នាំ​ព្យា​បាល​ពិសេស​ ពលរដ្ឋ​ជា​ច្រើន​នៅ​ប្រទេស​ចិន​ បាន​នាំ​គ្នា​ស្វែង​រក​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​មក​ជំនួស​បណ្ដោះ​អាសន្ន​ ដោយ​សង្ឃឹម​ថា​ពួក​គេ​អាច​ឆ្លង​ផុត​គ្រា​លំបាក និង​នៅ​មាន​ជីវិត​​ក្រោយ​ការ​រាត​ត្បាត​នៃ​អាសន្ន​រោគ​កូរ៉ូណា​នេះ។

    បច្ចុប្បន្ន ក្នុង​ពិភព​លោក មិន​ទាន់​មាន​ថ្នាំ​ពិសេស​ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​សម្រាប់​ព្យា​បាល​អ្នកជំងឺ​កូរ៉ូណា​នៅ​ឡើយ​ បណ្ដាល​ឱ្យ​វីរុស​នេះ សម្លាប់​មនុស្ស​​ដល់​ទៅ ​724នាក់ គិត​មក​ត្រឹម​ថ្ងៃ​ទី8កុម្ភៈ ឆ្នាំ2020។ បើទោះ​បី​ជា​មិន​ទាន់​មាន​ភ័ស្ដុតាង​បង្ហាញ​ពី​លទ្ធ​ផល​នៃ​ការ​ពិសោធន៍​ស៊ី​ជម្រៅ​ក៏​ដោយ ប៉ុន្តែ គណៈ​កម្មការ​សុខា​ភិបាល​កណ្ដាល​របស់​ចិន​ បាន​ឱ្យ​ដឹង​ថា​ ថ្នាំ lopinavir/ritonavir ដែល​គេ​ប្រើ​សម្រាប់​ព្យា​បាល​​ជំងឺ​អេដស៍ ក៏​អាច​ប្រើ​ប្រាស់​ដើម្បី​ព្យា​បាល​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ផងដែរ ថ្វី​បើ​មិន​ទាន់​បាន​បក​ស្រាយ​អំពី​​យន្ត​ការ​ព្យា​បាល​នៃ​ថ្នាំ​នេះ។

    គ្រូពេទ្យ​ចិនប្រើថ្នាំព្យាបាលអេដស៍ ដើម្បី​ព្យាបាលជំងឺរលាកសួតថ្មីកូរ៉ូណា

    អ្នក​វិទ្យា​សាស្ត្រ​ក៏កំពុង​ដុត​ដៃ​ដុត​ជើងក្នុងការ​រកវិធី​បង្កើត​ថ្នាំ​ប្រឆាំង​មេរោគ​កូរ៉ូណា​នេះ​ដែរ

    ប្រការ​ខាង​លើ​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ ពិសេស​គឺ​ចំពោះ​ថ្នាំ Kaletra ឬហៅ​ថា Aluvia។ នេះ​គឺជា​ថ្នាំ​ lopinavir/ritonavir ដែល​ត្រូវ​បាន​ដាក់់លក់​ក្រោម​ឈ្មោះ​ Kaletra និង​ជា​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​តែ​មួយ​ប្រភេទ​គត់​ដែល​ត្រូវ​បាន​ដាក់​លក់​នៅ​ប្រទេស​ចិន​។​

    Devy អាយុ​38ឆ្នាំ មក​ពី​ខេត្ត Shandong បាន​ឱ្យ​ដឹង​ថា គាត់​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​រាប់​រយ​នាក់​ដែល​បាន​ព្យា​យាម​ស្វែង​រក​ជួប​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ ដើម្បី​សុំ​ថ្នាំ​នេះ​។

    បើ​ទោះ​បី​ជា​ថ្មី​ៗ​នេះ Devy មិន​ធ្លាប់​បាន​ទៅ​កាន់​ខេត្ត Hubei ឬ​ ក្រុង Wuhan ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណាក៏​ដោយ ប៉ុន្តែ​គាត់​នៅ​តែ​ព្រួយ​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​នេះ ព្រោះ​ថា​ គាត់​មាន​អាការ​ក្ដៅ​ខ្លួន និង​រក​កល​ក្អួត​។ ក្នុង​ពេល​មាន​អារម្មណ៍​អស់​សង្ឃឹម​ គាត់​ក៏​បាន​ស្គាល់​បុរស​ម្នាក់​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍។ បុរស​ម្នាក់​នេះ មាន​រហ័ស​នាម​ថា Brother Squirrel ហើយ​គាត់​កំពុង​ផ្ដត់​ថ្នាំ​ Kaletra ដោយ​មិន​គិត​ថ្លៃ​ចំពោះ​អ្នក​ណា​ដែល​កំពុង​​សង្ស័យ​ថា ខ្លួន​ឯងមា​នផ្ទុក​មេរោគ​កូរ៉ូណា។ Devy បាន​ទៅ​ជួប​ Brother Squirrel ហើយ​ទទួល​បាន​ថ្នាំ​នេះ​ចំនួន 30គ្រាប់​។

    ថ្នាំវ៉ាក់សាំងទប់ស្កាត់មេរោគកូរ៉ូណា nCoV នឹងត្រូវបានពិសោធនៅដើមសប្ដាហ៍ក្រោយ

    ឱសថ​បុរាណ​ចិន​ក៏​ត្រូវ​បាន​គេ​យក​មក​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​កូរ៉ូណា

    សូម្បី​តែ​ក្រោយ​ពេល​គាត់​ត្រូវ​គ្រូពេទ្យ​​ពិនិត្យ​ឃើញ​ថា មិន​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ប្រភេទ nCoV ក៏ដោយ ប៉ុន្តែ Devy នៅ​តែ​ជឿ​ថា ការ​ស្វែង​រក​ថ្នាំ​អេដស៍​​ គឺជា​ជម្រើស​ត្រឹម​ត្រូវ​។

    “អ្នក​មាន​រក្សា​ខ្សត់”

    នៅ​លើ​ទំព័រ​សារ​ព័ត៌មាន​ Reuters លោក​ Brother Squirrel (ឈ្មោះ​ពិត Andy Li) បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ឮថា មន្ត្រី​សុខា​ភិបាល​ចិន​​​ ណែនាំ​ឱ្យ​ប្រើ​ថ្នាំ​សម្រាប់​អ្នក​​ជំងឺ​អេដស៍​ ដើម្បី​ព្យា​បាល​ជំងឺ​កូរ៉ូណា លោក​ និង​អ្នក​ជំងឺ​អេដស៍​ជា​ច្រើន​នាក់​ ក៏​បាន​​នាំ​គ្នា​ចែក​រំលែក​ និង​ប្រមូល​​បាន​ថ្នាំអេដស៍​ Kaletra ប្រហែល​ 5,400​គ្រាប់​​ ក្នុង​រយៈ​ពេល​មិន​ដល់​1សប្ដាហ៍។ ក្រោយ​មក​ ពួកគេ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ Weibo ដើម្បី​ស្វែង​រក​អ្នក​ត្រូវ​ការ​ថ្នាំ​នេះ។

    Andy យល់​ថា ក្រុម​របស់​គាត់​ដូច​ជា “កំពុង​អនុវត្ត​ភារ​កិច្ច​យោធា” ដូច្នោះ​ដែរ​។ ក្នុង​រយៈ​ពេល​3ថ្ងៃ​ដំបូង​បន្ទាប់​ពី​បង្ហោះ​សារ លោក Andy បាន​ទទួល​សារ​រាប់​រយ​ ធ្វើ​ឱ្យ​គាត់​រវល់​រក​តែ​ពេល​ហូប​បាយ​មិន​ចង់​បាន ព្រោះ​មមាញឹក​នឹង​ការ​រៀប​ចំ​​ថ្នាំ​ធ្វើ​ទៅ​ឱ្យ​អ្នក​ដែល​កំពុង​ត្រូវ​ការ​។

    Andy បន្ថែម​ថា ៖ “មាន​មនុស្ស​ច្រើន​ណាស់​ដែល​កំពុង​ត្រូវ​ការ​ថ្នាំនេះ ហើយ​ខ្ញុំ​ក៏មិន​ចង់​ខ្ជះខ្ជាយ​ពេល​វេលា​ ព្រោះ​ពេលវេលា​នៅ​ពេល​នេះ គឺ​ជា​អាយុ​ជីវិត”។

    ឱកាស​ចំណេញពី​ថ្នាំ​អេដស៍

    ទន្ទឺម​និង​សប្បុរ​ជន​ដូច​ Andy ក៏​មាន​​មនុស្ស​ជា​ច្រើន​កំពុង​រក​បាន​ផល​ចំណេញ​ពី​តម្រូវ​ការ​ថ្នាំ​អេដស៍​នេះ​។

    មនុស្ស​ជាង​ 34,893​នាក់ ត្រូវ​បាន​គេ​បញ្ជាក់​ថា បាន​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​ប្រទេស​ចិន ដែល​ភាគ​ច្រើន​គឺជា​អ្នក​ស្រុក​ Wuhan នៅ​ខេត្ត Hubei។ ក៏​ប៉ុន្តែ​ កង្វះខាត​ឧបករណ៍​ពិសោធន៍ បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើនសង្ស័យ​ថា ជាក់​ស្ដែង​មាន​មនុស្ស​ច្រើន​ជាង​នេះ​កំពុង​ផ្ទុក​មេរោគ ​តែ​មិន​ទាន់​បាន​ពិនិត្យ។

    វ៉ាក់​សាំង​ការ​ពារ​មេរោគ​រលាក​សួត​ Wuhan នឹង​មាន​ក្នុង​អំឡុង​3ខែ​ទៀត

    Gatsby Fang ដែល​ជា​អ្នក​នាំ​ទំនិញ​ឆ្លងដែន​នៅ​ប្រទេស​ចិន បាន​ប្រាប់​ថា គាត់​បាន​បញ្ជា​ទិញថ្នាំ​អេដស៍ Kaletra ពី​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃទី 23មករា បន្ទាប់​ពី​​មាន​ដំណឹង​ថា ប្រភេទ​ថ្នាំ​នេះ​អាច​ជួយ​ទប់​ទល់​មេរោគ​កូរ៉ូណា​បាន​។

    Gatsby បង្ហើប​ឱ្យ​ដឹង​ថា ថ្នាំ​មួយ​ដប​ដែល​មាន​60គ្រាប់​ គាត់​លក់​ក្នុង​តម្លៃ​600យន់ (ប្រហែល85ដុល្លារ​អាមេរិក) គឺ​គាត់​ចំណេញ​ចាប់​ពី 200-300យន់ (28-42ដុល្លារ) ក្នុង​មួយ​ដប។ ជា​ធម្មតា​ តម្លៃ​របស់​ថ្នាំ​នេះ ត្រឹម​តែ​100យន់ (14ដុល្លារ​​) ប៉ុណ្ណោះ តែ​ពេល​នេះ វា​បាន​ឡើង​ដល់ 300-400យន់ (42-57ដុល្លារ​) ក្នុង​មួយ​ដប។ ក្រោយ​ការ​នាំ​ចូល​ទំនិញបាន​2ថ្ងៃ Gatsby បាន​លក់​ដាច់​គ្មាន​សល់។ មាន​អតិថិជន​ខ្លះ បាន​បញ្ជា​ទិញ​ដល់​ទៅ 600ដប​ក្នុង​ពេល​តែ​មួយ​។

    តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ជំនួញឆ្លង​ដែន​ខាង​លើ​ អតិថិ​ជន​របស់​គាត់​មាន​ច្រើន​ប្រភេទ ចាប់​ពី​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា គ្រូពេទ្យ​ជួរ​មុខ​នៅ​ខេត្ត Hubei រហូត​ដល់​អ្នកដែល​មិន​មាន​ផ្ទុក​មេរោគ​នេះសោះ​ ក៏​ទិញ​ទុក​ការ​ពារ​ផងដែរ។ ក្រៅ​ពី​នេះ ក៏​មាន​អ្នក​ខ្លះ​ក្លែង​ធ្វើ​ជា​អ្នក​ជំងឺ​មក​ទិញថ្នាំ​អេដស៍​ដើម្បី​យក​ទៅ​លក់​បន្ត​ រក​ចំណេញ។

    យ៉ាង​ណា​ក៏​ដោយ លោក Gatsby បាន​ឱ្យ​ដឹង​ថា អតិថិជន​ភាគ​ច្រើន​របស់​គាត់​ គឺជា​អ្នក​ដែល​មិន​ទាន់​ទទួល​បាន​ការ​ព្យា​បាល ឬ​មិន​ទាន់​ដឹង​ច្បាស់​ថា​ខ្លួន​មាន​ផ្ទុក​មេរោគ​ដ៏​សាហាវ​នេះ​ដែរ​ឬ​អត់។

    សូម​បញ្ជាក់​ថា ថ្វី​បើ​មាន​ការ​ប្រើ​ប្រាស់​ថ្នាំ​អេដស៍​ដើម្បី​ព្យា​បាល​អ្នក​ជំងឺ​កូរ៉ូណានៅប្រទេស​​ចិន ប៉ុន្តែ អង្គ​ការ​សុខ​ភាព​ពិភព​លោក WHO បាន​ប្រកាស​ថា បច្ចុប្បន្ន គេ​មិន​ទាន់​រកឃើញ​ថ្នាំ ឬ​វិធី​ព្យា​បាល​ពិសេស​ណា​មួយ​សម្រាប់​​មេរោគ​នេះ​នៅ​ឡើយ៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • អាជ្ញាធរចិន មិនបានសុំទោសចំពោះ​សពលោកវេជ្ជបណ្ឌិត Li Wenliang ដែលត្រូវមហា​ជន​ចាត់ទុកជា “វីរបុរសប្រឆាំងកូរ៉ូណា”

    អាជ្ញាធរចិន មិនបានសុំទោសចំពោះ​សពលោកវេជ្ជបណ្ឌិត Li Wenliang ដែលត្រូវមហា​ជន​ចាត់ទុកជា “វីរបុរសប្រឆាំងកូរ៉ូណា”

    មន្ត្រីចិនមិនបាន​ឆ្លើយតប​ទៅ​នឹងសំណួរ​ដែលសួរថា “តើអាជ្ញាធរនឹងសុំទោសចំពោះ​ការស្លាប់របស់លោកគ្រូពេទ្យ Li Wenliang ដែរ ឬអត់?” នោះ​ទេ ផ្ទុយ​ទៅ​វិញ គ្រាន់តែអានសេចក្ដីប្រកាសចូលរួមរំលែកទុក្ខ​ប៉ុណ្ណោះ។

    ក្នុងសន្និសីទសារព័ត៌មាននៅហុងកុងកាលពីម្សិលមិញ តំណាងក្រសួងការបរទេសចិនប្រចាំ​ក្រុង​ហុងកុង លោក Xie Feng បានអានសេចក្ដីប្រកាសដ៏ខ្លីមួយដែលផ្ញើមកពីអាជ្ញាធរក្រុង Wuhan សម្ដែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសពលោកវេជ្ជបណ្ឌិត Li Wenliang ដែលបានបាត់បង់ជីវិតកាលពីព្រឹកម្សិលមិញ (7កុម្ភៈ ឆ្នាំ2020) ដោយសារជំងឺរលាកសួតដែលបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី nCoV។

    តំណាងក្រសួងការបរទេសចិនប្រចាំ​ក្រុង​ហុងកុង លោក Xie Feng

    តំណាងក្រសួងការបរទេសចិន បានបន្តថា មេរោគកូរ៉ូាណា nCoV នេះ អាចត្រូវបានទប់ស្កាត់ និងព្យាបាលជាសះស្បើយ ហើយថា ការជឿជាក់នេះកើតចេញពីកម្លាំងនៃប្រព័ន្ធសុខាភិបាលប្រទេសចិន។ លោកក៏បាន​កោតសរសើរ​ចំពោះល្បឿននៃប្រតិកម្មរបស់ក្រុងប៉េកាំងចំពោះអាសន្នរោគនេះ​ ខណៈដែលរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ត្រូវបានប្រមូលផ្ដុំ និង​សាមគ្គី​គ្នាជា​ធ្លុង​មួយ។

    សូម​រំឭក​ថា អ្នកប្រើបណ្ដាញសង្គមនៅប្រទេសចិន បាននាំគ្នាសម្ដែងការស្ដាយស្រណោះចំពោះការចាកចេញដោយ​គ្មាន​ថ្ងៃ​ត្រឡប់​របស់វេជ្ជបណ្ឌិត Li Wenliang ហើយថា អាជ្ញាធរនៅជំពាក់ពាក្យសុំទោសចំពោះគាត់។

    Li Wenliang ត្រូវបានគេចាត់ទុកថា ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេដែលបានចែករំលែកព័ត៌មាន និងព្រមានអំពីអាសន្នរោគរលាកសួតដែលបង្កឡើងដោយមេរោគកូរ៉ូណា (nCoV) នៅប្រទេសចិន។ ក្នុងថ្ងៃទី30 ខែធ្នូ ឆ្នាំ2019 Li Wenliang បានផ្ញើសារចូលក្នុងក្រុម WeChat របស់គាត់ដែលមានមិត្តភក្ដិរបស់គាត់ 150នាក់ ដែលជាមិត្តចាស់។ គាត់បានព្រមានអំពីអ្នកជំងឺ 7នាក់ដែលបានឆ្លងមេរោគមួយប្រភេទដែលគាត់យល់ថា ដូចទៅនឹងមេរោគផ្លូវដង្ហើម SARS (Severe Acute Respiratory Syndrome) ដែលធ្លាប់បានកើតឡើងនៅប្រទេសចិនកាលពីឆ្នាំ2002 និងបានសម្លាប់មនុស្សប្រមាណជា800នាក់ នៅទូទាំងពិភពលោក។

    បន្ទាប់ពីបែកធ្លាយសារខាងលើ ក្រុមមន្ត្រីសុខាភិបាលនៃក្រុង Wuhan បានកោះហៅលោកគ្រូ Li ដោយស្នើឱ្យគាត់និយាយអំពីមូលហេតុដែលគាត់បានចែករំលែកព័ត៌៌មាននេះ។ ថ្ងៃទី3មករា ក្រុមនគរបាលក៏បានហៅគាត់ទៅសួរនាំ ហើយបង្ខំឱ្យគាត់សន្យាថា “បានចែករំលែកព័ត៌មានមិនពិត ធ្វើឱ្យច្របូកច្របល់ក្នុងសង្គមជាតិ”។

    បើទោះជាមានការខឹងសម្បាខ្លាំងពីមជ្ឈដ្ឋានទូទៅ មន្ត្រីតំណាងក្រសួងការបរទេសចិនលោក Xie Feng ក៏នៅតែមិនឆ្លើយតប​នឹងសំណួរដែលសួរថា “តើអាជ្ញាធរនឹងសុំទោសចំពោះ​ការស្លាប់របស់លោកគ្រូពេទ្យ Li Wenliang ដែរ ឬអត់?” ផ្ទុយ​ទៅ​វិញ លោក Xie Feng គ្រាន់តែអានសេចក្ដីប្រកាសចូលរួមរំលែកទុក្ខ​តែ​ប៉ុណ្ណោះ។

    លោកគ្រូពេទ្យ Li Wenliang ដែល​ត្រូវ​មហា​ជន​ចិន​ ចាត់​ទុក​ជា​វីរបុរស​ប្រឆាំងអាសន្ន​រោគ​កូរ៉ូណា

    លោក Xie Feng បានប្រកាសថា ពលរដ្ឋចិនមានសេរីភាពក្នុងការបញ្ចេញមតិ និងទទួលព័ត៌មានបានពេញ​លេញ​ទៅ​តាមច្បាប់។ លោកថា ៖ “បើសិនប្រើអ៊ីនធើណិត អ្នកនឹងបានឃើញថា អ្នករាល់គ្នាអាចបញ្ចេញមតិអំពីបញ្ហាអាសន្នរោគដោយសេរី និងសកម្មបែបណា”។

    សូមបញ្ជាក់ថា អាសន្នរោគកូរ៉ូណា បានចាប់ផ្ដើមឆ្លងរាលដាលតាំងពីចុងឆ្នាំ 2019 នៅក្រុង Wuhan ប្រទេស​ចិន ហើយមកទល់នឹងពេលនេះ អាសន្នរោគនេះ បានសម្លាប់មនុស្ស 724នាក់ និង​​អ្នក​ជំងឺ​ 6,106​នាក់​ផ្សេង​​​ទៀត​ ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​៕

    ប្រភព៖ សារព័ត៌មានបរទេស

  • បបោសអង្អែលបែបណា ទើបធ្វើឱ្យដៃគូរបស់អ្នកឈ្លក់វង្វេង?

    បបោសអង្អែលបែបណា ទើបធ្វើឱ្យដៃគូរបស់អ្នកឈ្លក់វង្វេង?

    សម្រាប់ការបើកសង្រ្គាមប្រយុទ្ធដោយយកគ្រែ ពូក ខ្នល់ខ្នើយ ធ្វើជាសមរភូមិក្ដៅគេជឿថា គ្មានភាគីណាមួយដែលមិនប្រាថ្នាភាពជោគជ័យ និងអាចឈានដល់ចំណុចកំពូល ក៏ដូចជាបំណងប្រាថ្នានាំការទទួលបាននូវភាពស្រណុកសុខស្រួលនោះឡើយ។ ចង់ដឹងទេថា តើមានក្បួនយុទ្ធសាស្រ្តណាខ្លះ ដែលអាចធ្វើឱ្យអ្នក និងដៃគូទទួលបានសេចក្ដីសុខសាន្តបាន? សូមតាមដាន និងសាកល្បងអនុវត្តនូវវិធីសាស្រ្តទាំង 5ដូចខាងក្រោមនេះ៖

    ១-បបោសអង្អែល តាមរយៈសកម្មភាពមាត់
    ការបបោសអង្អែល ដោយការបឺតមាត់គ្នា គឺជាការដាស់អារម្មណ៍ឱ្យគ្នាទៅវិញទៅមកមួយប្រកបដោយភាពស្រៀវស្រើប។ បបូរមាត់ដ៏ស្រទន់ របស់ភាគីស្រីនឹងញ័រចំប្រប់ដោយសារបានប៉ះផ្អឹបនឹងបបូរមាត់ប្រកបដោយសិល្បៈរបស់បុរសជាគូស្នេហ៍។ ក្នុងពេលដែលខ្យល់ដង្ហើមក្តៅឧណ្ហៗ បាញ់ចេញពី ច្រមុះភាគីខាងប្រុសទៅលើផែនថ្ពាល់ដ៏រលើបរលោងរបស់ភាគីខាងស្រី វានឹងធ្វើឱ្យទទួលអារម្មណ៍ថា ការខាំលិឍបបូរមាត់ជាមួយបុរសគូស្នេហ៍ ជាការស្រេកឈ្លាន ត្រេកត្រអាលមួយ ហើយអារម្មណ៍ខាងស្រីក៏នឹងចាប់ផ្តើមឡើងកម្តៅដោយសកម្មភាពដ៏មមាញឹកនៃបបូរមាត់របស់បុរសជាគូស្នេហ៍។

    ២-បបោសអង្អែល ដោយការប្រើអណ្តាត
    ការបបោសអង្អែលដោយការស៊កអណ្តាតទៅកាន់ទីតាំងស្រៀវស្រើបឱ្យគ្នាទៅវិញទៅមក វាបានធ្វើឱ្យភ្លើងកាមគុណកាន់តែពុះកញ្ជ្រោល រោលរាលខ្លាំងឡើង មិនថាចំពោះការថ្នាក់ថ្នមបបោសអង្អែលនោះកើតឡើងរវាងអណ្តាត និងអណ្តាត ឬអណ្តាត និង ក ឬការបបោសអង្អែល ដ៏ស្រៀវស្រើបបំផុតរវាងអណា្តតជាមួយនឹងទីតាំងអាថ៌កំបាំងរបស់គូស្នេហ៍ទាំងពីរនោះទេ ដោយសារតែអណ្តាតអាចគ្រប់គ្រងបាន ទោះចង់គ្រលាស់ដាស់អារម្មណ៍ ត្រង់ផ្នែកណា ឬចង់បាញ់ឆ្ពោះទៅកាន់ផ្នែកទទួលអារម្មណ៍ស្រើបស្រាលណាមួយរបស់ដៃគូក៏បាន។ ដូច្នេះហើយទើបអណ្តាតបានក្លាយទៅជាផ្នែកដ៏សំខាន់បំផុតមួយក្នុងការដាស់អារម្មណ៍ឱ្យគ្នាទៅវិញទៅមក ព្រោះថា ប្រសិនបើខ្វះការបបោសអង្អែល ដោយការប្រើអណ្តាត នោះសេចក្តីសុខស្រួលដែលបានពីសិចនឹងមិនបានសមដូចអារម្មណ៍នោះឡើយ។

    ៣-បបោសអង្អែលដោយប្រើច្រមុះថើបឈ្មុល
    ការបបោសអង្អែលឱ្យគ្នាទៅវិញទៅមកដោយការប្រើច្រមុះថើបស្រង់ក្លិនឈ្មុសឈ្មុល ចាត់ទុកថាជាសកម្មភាពលើគ្រែ ពិសេសមួយ ដែលគូស្នេហ៍គ្រប់រូបគប្បីគួរបំពេញឱ្យគ្នា។ សិចដែលខ្វះការបបោសអង្អែលដោយច្រមុះទៅលើទីតាំងស្រៀវស្រើបផ្សេងៗ គឺជាសិចដែលមិនបាន សម្តែងចេញនូវក្តីស្រលាញ់ឱ្យដល់ទីបំផុតឡើយ លើកលែងតែការចូលដល់ទីតាំងនោះមានក្លិនមិនល្អ។ អារម្មណ៍ដែលគូស្នេហ៍ច្រើន តែបំពេញឱ្យគ្នាទៅវិញទៅមកនោះ គឺត្រង់បរិវេណ ក ជាពិសេសខាងស្រី ពេលត្រូវឈ្មុសឈ្មុលដោយច្រមុះកោងស្រួចរបស់បុរសជាគូស្នេហ៍ តែងតែបិតភ្នែកប្រិមៗ ផ្អឹបមាត់ប្រកបដោយសេចក្តីសុខស្រួលរាល់លើក។

    ៤-បបោសអង្អែលដោយបង្អូសម្រាមដៃ
    ការប្រើម្រាមដៃជំនួសក្នុងការមានសិចនោះ វាជាអាវុធរំញោច និងដាស់អារម្មណ៍ឱ្យពុះកញ្ជ្រោលបានខ្លាំង។ ម្រាមដៃដ៏ស្រលូន ដែលដាក់បង្អូសទៅលើចំណុចសំខាន់ៗនៅលើរាង្កកាយអាចធ្វើឱ្យអារម្មណ៍គូស្នេហ៍ទាំងពីរអ្នកពុះកញ្ច្រោល។ ម្រាមដៃដែលធ្វើការវាយលុកបានគ្រប់កន្លុកកន្លៀត កៀនកោះទាំងអស់លើរាង្គកាយ ជាពិសេសទីកំបាំង ឬទីតាំងហប់ខ្យល់។ កតា្តសំខាន់គូស្នេហ៍ច្រើន ប្រើម្រាមដៃដើម្បីដាស់អារម្មណ៍ឱ្យពុះកញ្រ្ចោល ឬ អាចនិយាយម្យ៉ាងទៀតថា ដើម្បីកម្តៅសាច់ដុំរាង្គកាយមុននឹងឈានដល់ដំណាក់កាលដោយការដាក់ចូលដកចេញ។ ប៉ុន្តែយ៉ាងណាក៏ដោយ ត្រូវមានការប្រុងប្រយ័ត្នចំពោះក្រចកដៃ ពីព្រោះកាលដែល អ្នកទុកក្រចកដៃវែងពេក នោះមុខក្រចកអាចនឹងបង្កជារបួសស្នាមដល់គ្នា។

    ៥-បបោសអង្អែលដោយខ្លួនប៉ះខ្លួន
    គូស្នេហ៍ជាច្រើនអាចនឹងមើលរំលងនូវការបបោស អង្អែលចំណុចមួយនេះ ប៉ុន្តែយើងសូមបញ្ជាក់ប្រាប់ថា ការដែលខ្លួនត្រូវផ្អោប និងត្រូវឱបរឹតយ៉ាង ណែននោះ វាអាចផ្តល់នូវសេចក្តីសុខ និងភាពកក់ក្តៅដល់គូស្នេហ៍ទាំងសងខាងបានយ៉ាងល្អប្រសើររហូតនឹកស្មានមិនដល់។ ដូច្នេះ ចូរកុំបោះប ង់ការបបោសអង្អែលដោយខ្លួនប៉ះខ្លួននេះឱ្យសោះណា៕

  • អ្នក​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា កើន​ដល់​724នាក់ ខណៈ​អ្នក​ផ្ទុក​មេរោគ​ដែល​​ស្ថិត​ក្នុង​ស្ថាន​ភាព​អាសន្ន​ កើន​ដល់ 6,106នាក់​

    អ្នក​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា កើន​ដល់​724នាក់ ខណៈ​អ្នក​ផ្ទុក​មេរោគ​ដែល​​ស្ថិត​ក្នុង​ស្ថាន​ភាព​អាសន្ន​ កើន​ដល់ 6,106នាក់​

    មនុស្ស​ចំនួន 86នាក់​បន្ថែម​ទៀត​ហើយ​បាន​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា។ ចំនួន​នេះ​កើន​ឡើង​ 13,4% បើ​ធៀប​នឹង​ចំនួន​អ្នក​ស្លាប់​កាល​ពី​ម្សិល​មិញ។ ករណី​ស្លាប់​បន្ថែម​នេះ បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​​ដល់ 724នាក់​។

    គណៈកម្មការ​សុខាភិបាល​ខេត្ត Hubei ព្រឹក​នេះ​បាន​បញ្ជាក់​ថា មាន​អ្នក​ស្លាប់​បន្ថែម​ 81នាក់ គឺ​ច្រើន​ជាង​12នាក់​ បើ​ធៀប​នឹង​ម្សិល​មិញ។ ប្រការ​នេះ​ បាន​បង្កើន​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ថ្មី​នៅ​ក្នុង​ខេត្ត​នេះ​ ឡើង​ដល់ 699​នាក់​។

    ខេត្ត Hubei ក៏​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី​នេះ​បន្ថែម​ 2,841ករណី នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ខេត្ត​នេះ ឡើង​ដល់ 24,953នាក់។

    គណៈកម្ម​ការ​សុខា​ភិបាល​ចិនឯណោះ​វិញ ក៏​បាន​ប្រកាស​ថា ចំនួន​អ្នក​ស្លាប់​បន្ថែម​នៅ​ទូទាំង​ប្រទេស​ចិន​ដីគោក គឺ​ 86នាក់។ ចំនួន​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ស្លាប់​សរុប​នៅ​ទូទាំង​ពិភព​លោក​ កើន​ដល់ 722នាក់។ ចំណែក​អ្នក​ឆ្លង​ថ្មី​​ មាន​ចំនួន 3,385នាក់ ធ្វើ​ឱ្យ​អ្នក​ឆ្លង​សរុប​នៅ​ចិន​ដីគោក ឡើង​ដល់ 34,546នាក់។

    ដូច្នេះ គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំងពិភព​លោក មាន​អ្នក​ស្លាប់​សរុប​ 724នាក់ រួ​មទាំង​អ្នកស្លាប់​ម្នាក់​នៅ​ហ្វីលីពីន​ និង​ម្នាក់​នៅ​ហុង​កុង។ ចំណែក​អ្នក​ឆ្លង​សរុប​ទូទាំង​ពិភព​លោក​ក៏​កើន​ឡើង​ដល់​ 34,879នាក់ ក្នុង​នោះ​មាន 6,106​នាក់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​អាសន្ន​បំផុត៕

    ប្រភព​៖ សារ​ព័ត៌​មាន​បរទេស

  • ប្រជា​ជន​ចិនកំពុងអាណិត​ ​ស្រណោះ​ “អ្នក​ក្លាហានដំបូង​គេ​ ដែល​បានព្រមានអំពី​​អាសន្នរោគ​កូរ៉ូណា”

    ប្រជា​ជន​ចិនកំពុងអាណិត​ ​ស្រណោះ​ “អ្នក​ក្លាហានដំបូង​គេ​ ដែល​បានព្រមានអំពី​​អាសន្នរោគ​កូរ៉ូណា”

    អ្នក​ប្រើ​បណ្ដាញ​សង្គម​នៅ​ប្រទេស​ចិន បាន​នាំ​គ្នា​សម្ដែង​​ការ​ស្ដាយស្រណោះ​​ចំពោះ​ការ​ចាក​ចេញ​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​​របស់​វេជ្ជ​បណ្ឌិត Li Wenliang ហើយ​ថា អាជ្ញា​ធ​រនៅ​ជំពាក់ពាក្យ​​សុំ​ទោស​ចំពោះ​គាត់​។

    មន្ទីរ​ពេទ្យធំ​របស់​ក្រុង​ Wuhan កាល​ពី​ព្រឹក​មិញ​ បាន​បញ្ជាក់​នៅ​លើ​ទំព័រ Weibo​ របស់​ខ្លួន​ថា វេជ្ជ​បណ្ឌិត​ Li Wenliang អាយុ34ឆ្នាំ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​បាន​បញ្ចេញ​សារ​ព្រមាន​អំពី​អាសន្នរោគ​រលាក​សួត​ថ្មី ពិត​ជា​បាន​បាត់​បង់​ជីវិត​នៅ​វេលា​ម៉ោង​2និង58នាទី (ប្រហែល​ម៉ោង​2 នៅ​ភ្នំពេញ​) ក្រោយ​ពី​បាន​ប្រយុទ្ធ​នឹង​ជំងឺ​រលាក​សួត​ nCoV អស់​មួយ​រយៈ​ពេលមកនេះ​។

    ព័ត៌មាន​ស្ដី​អំពី​ការ​ស្លាប់​របស់​គ្រូពេទ្យ​ខាង​លើ​នេះ​ត្រូវ​បាន​សារ​ព័ត៌មាន Global Times ដែល​គ្រប់​គ្រង​ដោយ​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន People’s Daily (អ្នក​នាំ​ពាក្យ​ផ្លូវ​ការ​របស់​បក្ស​កុម្មុយ​នីស​ចិន) បាន​បង្ហោះ​សារ​ដំបូង​នៅ​លើ​បណ្ដាញ​សង្គម​ Twetter កាល​ពី​វេលា​ម៉ោង​ប្រហែល​20និង​40នាទីនៃ​ថ្ងៃ​ទី​6កុម្ភៈ​កន្លង​ទៅ​។ មិត្ត​ភក្ដិ​ និង​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ Wuhan ប្រាប់​ថា ការ​ស្លាប់​របស់់​គ្រូពេទ្យ​ Li Wenliang គឺ​បណ្ដាល​មក​ពី​ជំងឺ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា nCoV នេះ​បើ​តាម​សារ​ព័ត៌មាន​ Global Times។

    បន្ទាប់​ពី​​ការ​បាន​បង្ហោះ​សារ​ដំបូង​នៅ​លើ​បណ្ដាញ​សង្គម​ Twetter ត្រឹម​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ អ្នក​លេង​បណ្ដាញ​​សង្គម​រាប់​ពាន់​នាក់​បាន​បញ្ចេញ​មតិ​សោក​ស្ដាយ​ និង​អាណិត​អាសូរ​ចំពោះ​​ការ​ស្លាប់​របស់​វេជ្ជ​បណ្ឌិត​រូបនេះ​។

    អ្នក​​លេង​បណ្ដាញ​សង្គម​ម្នាក់​បញ្ចេញ​មតិ​នៅ​ខាងក្រោម​សេចក្ដី​ប្រកាស​របស់​មន្ទីរពេទ្យ​ក្រុង​ Wuhan ថា ៖ “យើង​ខ្ញុំនឹង​ចង​ចាំ​មិនភ្លេច​ចំពោះ​លោក​គ្រូពេទ្យ​ដែល​បាន​បញ្ចេញ​ព័ត៌មានដំបូង​គេ​​ទាក់​ទិន​នឹង​អាសន្ន​រោគ​នេះ ហើយ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ព័ត៌មានមិន​ពិត​។ តើ​យើង​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ខ្លះ? ប្រការ​ដែល​យើង​ខ្ញុំ​អាច​ធ្វើ​បាន​នោះ​គឺ​មិន​ភ្លេច​គាត់​”។

    Hashtag “គ្រូ​ពេទ្យ​ Li បាត់​បង់ជីវិត” ភ្លាម​នោះ​ ទទួល​បាន​ការ​ចូល​មើល​ និង​ការ​បញ្ចេញ​មតិ​រាប់​លាន​ដង​ នៅ​លើ​បណ្ដាញ​សង្គម Weibo។ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក អត្ថបទ​ដែល​បាន​បង្ហោះ​នៅ​លើគណនី​ Twitter របស់​ Global Times ក៏ត្រូវ​បាន​គេ​លុប​ចោល​។ ទំព័រ​សារ​ព័ត៌មាន​ផ្សេង​ៗ​របស់​រដ្ឋ​ចិន ក៏​បាន​លុប​ចោល​ព័ត៌​មាន​ដែល​ទាក់​ទិន​នឹង​ការ​ស្លាប់​របស់​​វេជ្ជ​បណ្ឌិត​វ័យ​ក្មេង​ ដោយ​មិនមាន​ការ​បក​ស្រាយ​អ្វី​ទាំង​អស់​។

    អង្គ​ការ​សុខ​ភាព​ពិភព​លោក WHO ដំបូង​ក៏​បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​វេជ្ជ​បណ្ឌិត​ Li Wenliang នៅ​លើ​ទំិព័រ Twetter ៖ “យើង​ខ្ញុំ​ពិត​ជា​ក្ដុក​ក្ដួល​​ចំពោះ​មរណភាព​របស់​វេជ្ជ​បណ្ឌិត​ Li Wenliang។ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​លើក​តម្កើង​កិត្តិយស​នៃ​កិច្ច​ការ​ដែល​គាត់​បាន​ធ្វើ​ ទាក់​ទិន​នឹង​ #nCoV2019″។ ប៉ុន្តែ ក្រោយ​មក មិន​ដឹង​មាន​មូល​ហេតុ​អ្វី WHO ក៏បាន​កែ​ប្រែ​អត្ថ​បទ​របស់​ខ្លួន ដោយ​សរសេរ​ថា ពួកគេ​ពុំ​មាន​ព័ត៌មាន​អ្វី​ស្ដីអំពី​ស្ថាន​ភាព​របស់​លោក​ Li Wenliang នោះ​ឡើយ​។

    មនុស្ស​ជា​ច្រើន​កំពុង​តែ​សង្ឃឹមទៅ​លើ​អព្ភូត​ហេតុ​ដ៏​អស្ចារ្យ​មួយកើត​ឡើង​ ​ខណៈ​ដែល​មន្ទីរពេទ្យ​ធំ​របស់​ក្រុង​ Wuhan កាល​ពី​វេលា​ម៉ោង 00និង45នាទី​ ថ្ងៃ​ទី​7កុម្ភៈ​ ប្រកាស​ថា​ គ្រូពេទ្យ​ Li “កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​” ប៉ុន្តែ មិន​ទាន់​បាត់​បង់​ជីវិត​ដូច​ការ​រាយការណ៍​របស់​សារ​ព័ត៌មាននោះ​ទេ​។

    “យប់​នេះ ពួក​យើង​​មិន​ដេក​នោះ​ទេ ពួក​យើង​គឺ​នៅ​រង់​ចាំ​អព្ភូត​ហេតុ​។ យប់​នេះ​យើង​ខ្ញុំមិន​បាច់​ដេក​ទេ ប៉ុន្តែ Li Wenliang ត្រូវ​តែ​រស់​”។

    មនុស្ស​ជា​ច្រើន​​បាន​បញ្ចេញ​មតិ​នៅ​លើគណនី​​បណ្ដាញ​សង្គម Weibo របស់​លោក​គ្រូ Li ដោយ​បួង​សួង​ឱ្យ​គាត់​អាច​បន្ត​បង្ហោះ​សារ​នៅ​លើ​ទំព័រ​របស់​គាត់ត​ទៅ​ទៀត​​។ ប្រហែល​ 2ម៉ោង​ក្រោយ​ការ​ប្រកាស​លើក​ទី​មួយ​របស់​មន្ទីរពេទ្យ​ធំ​នៅ​ក្រុង​ Wuhan មន្ទីរ​ពេទ្យ​នេះ​បាន​ចេញសេចក្ដី​​ប្រកាស​ជា​លើក​ទីពីរ។ អព្ភូត​ហេតុ​ដែល​មនុស្ស​គ្រប់​គ្នា​កំពុង​រង់​ចាំ ពេល​នេះមិន​បាន​កើត​​សោះ​ឡើយ។ មន្ទីរពេទ្យ​ធំនៃ​ក្រុង​ Wuhan បាន​បញ្ជាក់​ថា លោក​គ្រូពេទ្យ​ Li បាន​បាត់​បង់​ជីវិត​ក្រោយ​ការ​ប្រកាស​ព័ត៌មាន​លើក​ទីមួយ​។

    “អ្នក​ដែល​រក្សា​អណ្ដាត​ភ្លើង​ឱ្យ​ហ្វូង​មនុស្ស នឹង​ក្លាយ​ជា​មនុស្ស​ដែល​ស្លាប់​កក​ប្រាណ ព្រោះ​តែ​ខ្យល់​ និង​ព្រឹល” អ្នក​លេង​បណ្ដាញ​សង្គម​ នាំ​គ្នា​ចែក​រំលែក​តៗ​គ្នា​នូវ​ពាក្យ​មួយ​ឃ្លា​នេះ​ ដើម្បី​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​លា​ចាក​លោក​របស់​លោក​គ្រូពេទ្យ​ Li Wenliang។

    ប្រធាន​បទ​ ” អាជ្ញា​ធរ​ក្រុង Wuhan នៅជំពាក់​ពាក្យ​សុំ​ទោស​លោក​គ្រូ Li Wenliang” ដែល​គេ​យកមក​ជជែក​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ចិន​ Weibo បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើ​ប្រាស់​អ៊ីនធើណិត​​រាប់​ម៉ឺន​នាក់ចូល​មក​បញ្ចេញ​មតិ មុន​ពេល​ប្រធាន​បទ​នេះ​ត្រូវ​បាន​លុប​ចេញ​។

    “មនុស្ស​ពេញ​វ័យ​ជា​ច្រើន​នឹង​ដឹង​ខ្លួន​បន្ទាប់​ពី​យប់​នេះ ៖ ពិភព​លោក​មិន​ស្រស់​ស្អាត​ដូច​អ្វី​ដែល​យើង​បាន​ស្រមៃ​នោះ​ទេ​។​ អ្នក​ទាំង​អស់​មាន​ការ​ខឹង​សម្បា​ខ្លាំង​ដែរ​ទេ បើសិន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង មាន​សំណាង​គ្រប់​គ្រាន់​​ក្នុង​ការ​​បញ្ចេញ​មតិ​​ដើម្បី​​អនាគត​សង្គម? សូម​មេត្តា​ធានា​ឱ្យ​បាន​ប្រាកដ​ថា​ អ្នក​ទាំង​អស់​គ្នានឹង​ចង​ចាំ​ការ​ខឹង​សម្បា​នា​យប់​នេះ” នេះ​គឺជា​មតិ​មួយ​ដែល​ត្រូវ​គេ​យក​ចិត្ត​ទុក​ដាក់​ច្រើន​បំផុត​ ក្នុង​ចំណោម​មតិ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​ខាង​ក្រោម​សេចក្ដី​ប្រកាស​របស់​មន្ទីរ​ពេទ្យ​ធំ Wuhan។

    Li Wenliang ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដំបូង​គេ​ដែល​បាន​ចែករំលែក​ព័ត៌​មាន​ និង​ព្រមាន​អំពីអាសន្ន​រោគ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា (nCoV) នៅ​ប្រទេស​ចិន​។ ក្នុង​ថ្ងៃ​ទី​30 ខែ​ធ្នូ ឆ្នាំ​2019 Li Wenliang បាន​ផ្ញើ​សារ​ចូល​ក្នុង​ក្រុម​ WeChat របស់​គាត់​ដែល​មាន​មិត្ត​ភក្ដិ​របស់​គាត់​ 150នាក់​ ដែល​ជា​មិត្ត​ចាស់។ គាត់​បាន​ព្រមាន​អំពី​អ្នក​ជំងឺ​ 7នាក់​ដែលបាន​ឆ្លង​មេរោគ​មួយ​ប្រភេទ​ដែល​គាត់​យល់​ថា ដូច​ទៅ​នឹង​មេរោគ​​ផ្លូវ​ដង្ហើម​ SARS (Severe Acute Respiratory Syndrome) ដែល​ធ្លាប់​បាន​កើត​ឡើង​នៅ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ2002 និង​បាន​សម្លាប់​មនុស្ស​ប្រមាណជា​800នាក់ នៅ​ទូទាំង​ពិភព​លោក។

    សារ​របស់​លោក​គ្រូ Li បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ក្រុម​មន្ត្រីអាជ្ញាធរ​ក្រុង​​ បន្ទាប់​ពី​មនុស្ស​ម្នាក់​ក្នុង​ក្រុម​របស់​គាត់​ បាន​បង្ហោះ​រូប​ភាព​នៃ​ការ​ជជែក​របស់​ពួកគេ​នៅ​លើ​បណ្ដាញ​សង្គម​។ ក្រោយ​មក​ទៀត គ្រូពេទ្យ​7នាក់​ដែល​ស្ថិត​ក្នុងក្រុម​​ជជែក​របស់​លោក​គ្រូ Li ក៏បាន​ចែក​រំលែក​ព័ត៌មាន​នេះ​ទៅ​កាន់​ក្រុម​ជជែក​ចំនួន​3ផ្សេង​ទៀត។

    នៅ​ក្នុង​យប់​ដដែល​នោះ ក្រុម​មន្ត្រី​សុខា​ភិបាល​នៃ​ក្រុង​ Wuhan បាន​កោះ​ហៅ​លោក​គ្រូ Li ដោយ​ស្នើ​ឱ្យ​គាត់​និយាយ​អំពី​មូល​ហេតុ​ដែល​គាត់​បាន​ចែក​រំលែក​ព័ត៌៌​មាន​នេះ។ ថ្ងៃ​ទី3មករា ក្រុម​នគរ​បាលបាន​​ហៅ​គាត់​ទៅ​សួរ​នាំ ហើយ​បង្ខំ​ឱ្យ​គាត់​សន្យា​ថា “បាន​ចែក​រំលែក​ព័ត៌មានមិនពិត ធ្វើ​ឱ្យ​ច្របូក​ច្របល់​ក្នុង​សង្គមជាតិ”។

    ថ្ងៃ​ទី​8មករា លោក​គ្រូ Li បាន​ពិនិត្យ​សុខ​ភាព​អ្នក​ជំងឺ​កូរ៉ូណាម្នាក់​។ ពីរ​ថ្ងៃ​ក្រោយ​មក លោក​គ្រូ Li ចាប់​ផ្ដើម​មាន​អាការ​ក្អក និង​ពិបាក​ដក​ដង្ហើម ប៉ុន្តែ ការ​ពិនិត្យ​ជា​ច្រើន​លើក​បង្ហាញ​ថា គាត់​មិន​មាន​ផ្ទុក​មេរោគ​កូរ៉ូណា nCoV នោះ​ទេ​។ យ៉ាង​នេះ​ក្ដី គាត់​នៅ​តែ​នៅ​ឆ្ងាយ​ពី​ប្រពន្ធ​ដែល​កំពុង​មាន​ផ្ទៃ​ពោះ និង​កូន​តូច​របស់​គាត់​។ ឪពុក​ម្ដាយ​របស់​គាត់​ក៏​កំពុង​សម្រាក​ព្យា​បាល​​ដោយ​សារ​ជំងឺ​គ្រុនក្ដៅ​ ប៉ុន្តែ ពេល​នេះ​មិនដឹង​ថា ពួកគេ​បាន​ឆ្លង​មេរោគ​នេះ​ដែរ​ឬ​យ៉ាង​ណា? សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ ចេញ​ផ្សាយ​ថា ប្រពន្ធ​របស់​គាត់​ក៏​បាន​ឆ្លង​មេរោគ​នេះ​ដែរ។

    ថ្ងៃ​ទី12មករា គ្រូពេទ្យ​ Li បាន​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ហើយ​ថ្ងៃ​ទី1កុម្ភៈ គាត់​ត្រូវ​គេ​បញ្ជាក់​ថា មាន​ផ្ទុក​មេរោគ​​កូរ៉ូណា។ នៅ​ក្នុង​សំណេរ​ចុង​ក្រោយ​នៅ​លើ​គណនី​ Weibo លោក​គ្រូ Li រៀប​រាប់​អំពី​ស្ថាន​ភាព​ជំងឺ​របស់​គាត់ ហើយ​ទទួល​បាន​មតិ​រាប់​ម៉ឺន​ដែល​បង្ហាញ​ការ​អាណិត​អាសូរ​ចំពោះ​គាត់​។

    ក្នុង​ចំណោម​មតិ​ទាំង​នោះ គេ​ឃើញ​មាន​មតិ​មួយ​ដែល​ទទួល​បាន​ការ​ចុច​ចូល​ចិត្ត​ជាង​ 100,000លើក ដោយ​បាន​សរសេរ​ថា ៖ “លោក​គ្រូ Li លោក​ជា​គ្រូពេទ្យ​ដែល​ល្អ និង​មាន​បេះ​ដូង”។

    មនុស្ស​ម្នាក់​ទៀត​ បាន​ហៅ​លោក​គ្រូ Li ថា​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ “ព្យាការី” ទាំង​8រូប​ ៖ “ប្រជា​ជន​ទូទាំង​ប្រទេស រួម​គ្នា​សាមគ្គី​ជាមួយ​លោក”។

    តុលាការ​កំពូល​ចិន កាល​ពី​ថ្ងៃ​ទី28មករា​ បាន​​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ រិះ​គន់​ទៅ​លើ​ចំណាត់ការ​របស់​មន្ត្រី​នៅ​ Wuhan ដែល​បាន​ចោទ​ប្រកាន់​លោក​គ្រូ Li និង​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​ទៀត​ថាបាន​ចែក​រំលែក​ព័ត៌មាន​ចចាម​អារ៉ាម។ មាន​ឃ្លា​មួយ​​សរសេរ​ថា “បើ​សិន​សាធារណជនស្ដាប់​ “ពាក្យ​ចចាមអារ៉ាម​” នោះ ហើយ​អនុវត្ត​វិធានការ​ទប់​ស្កាត់ ដូច​ជា​ពាក់​ម៉ាស​ការ​ពារ ឬ​សម្អាតមេរោគ​ និង​ជៀស​វាងការ​ទៅកាន់​ផ្សារ​លក់​សត្វ​រស់​ជា​ដើម ប្រាកដជា​អាច​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​នេះ​បាន​”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • បន្លែ​ ផ្លែឈើ​ គួរ​ញ៉ាំ​ឱ្យ​បាន​គ្រប់​ពណ៌​ដើម្បី​សុខភាព​ល្អ​

    បន្លែ​ ផ្លែឈើ​ គួរ​ញ៉ាំ​ឱ្យ​បាន​គ្រប់​ពណ៌​ដើម្បី​សុខភាព​ល្អ​

    បន្លែ​ និង​ផ្លែឈើ​ដែល​មាន​ពណ៌​ផ្សេង​ៗពីគ្នា​នី​មួយ​ៗ សុទ្ធ​តែ​មានគុណ​ប្រយោជន៍​ខាង​សារធាតុ​អាហារ​ខុសប្លែក​ពីគ្នា​ ​ដូច្នេះ​បើ​ចង់​ទទួលទាន​អាហារ​ឱ្យ​ក្លាយជា​ថ្នាំ​ ត្រឹមតែ​ 5ប្រភេទ​ក្រុម​ មិន​គ្រប់គ្រាន់​ទេ​ ត្រូវ​ឱ្យ​គ្រប់​ទាំង​ 5ពណ៌​ទៀតផង​។

    ទី1​. បន្លែ​ និង​ផ្លែឈើ​ពណ៌ក្រហម​* មុខម្ហូប​សុខភាព​៖ ទឹកជ្រលក់​ប៉េងប៉ោះ​ដុត​ និង​ឆា​ប៉េងប៉ោះ​។
    * មាន​អ្វី​ល្អ​ខ្លះ​?៖ ឡៃ​ខូ​ពីន​ ​ឃែ​រ៉ូ​ធី​ណយដ៍​ ដែល​ឱ្យ​ពណ៌ក្រហម​ដល់​ផ្លែ​ប៉េងប៉ោះ​ទុំ​ និង​ផ្លែ​ឪឡឹក​ គឺជា​សារធាតុ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​មួយ​ដ៏​ល្អ​បំផុត​ កាត់បន្ថយ​ការ​ត្រូវ​បាន​បំផ្លាញ​របស់​ប្រូ​តេ​អុីន​ កាត់បន្ថយ​ភាព​ប្រថុយ​នឹង​ការ​កើតជំងឺ​បេះដូង​ និង​ការពារ​មហារីក​ បាន​យ៉ាង​ល្អ​ទៀតផង​។
    Tip​៖ ឡៃ​ខូ​ពីន​ នឹង​បញ្ចេញ​ឥទ្ធិពល​បាន​ពេញទំហឹង​ នៅពេល​ឆ្លងកាត់​ការ​ចម្អិន​ដោយ​ប្រើ​កម្ដៅ​។

    ទី2​. បន្លែ​ និង​ផ្លែឈើ​ពណ៌ស្វាយ​* មុខម្ហូប​សុខភាព​៖ ត្រប់វែង​ពណ៌ស្វាយ​ជ្រលក់​ពងមាន់ចៀន​ និង​ស្ងោរ​ស៊ុប​ស្ពៃ​ក្តោប​ពណ៌ស្វាយ​។
    * មាន​អ្វី​ល្អ​ខ្លះ​?៖ ពណ៌ស្វាយ​ដែល​យើង​ឃើញ​នោះ​ កើតឡើង​ពី​ការ​រួមគ្នា​របស់​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ ក្រុម​អ៊ែន​ថូ​សា​យ៉ា​នីន​ មាន​ឥទ្ធិពល​ក្នុង​ការ​ពន្យារ​ការ​កើតរោគ​ជាតិ​ខ្លាញ់​ញ៉ុក​ណែន​ក្នុង​សរសៃឈាម​ និង​រោគ​សរសៃឈាម​បេះដូង​ឡើង​រឹង​ និង​ថែមទាំង​ជួយ​បង្កើន​លំហូរ​វិល​នៅក្នុង​សរសៃ​ឈាម​តូច​ៗ និង​ជួយ​ពន្យារ​ការ​ចុះ​ខ្សោយ​របស់​កែវភ្នែក​។ បន្លែ​ ផ្លែឈើ​ក្នុង​ក្រុម​ពណ៌ស្វាយ​នេះ​ មាន​ដូចជា​ ផ្លែ​ស្រកានាគ​សាច់​ពណ៌ស្វាយ​ ស្ពៃ​ក្តោប​ពណ៌ស្វាយ​ ដំឡូង​ពណ៌ស្វាយ​ ផ្លែ​ទំពាំងបាយជូរ​ បា​យតំ​ណើប​ខ្មៅ​ និង​ផ្លែ​ពោត​ពណ៌ស្វាយ​ជាដើម​។
    Note​៖ ក្លិន​ និង​ពណ៌​ អាច​ខុសពី​ផ្លែ​ត្រប់វែង​ ឬស្ពៃ​ក្តោប​ធម្មតា​ តែ​រស​ជា​តិ​ឆ្ងាញ់​ម

    ទី3​. បន្លែ​ និង​ផ្លែឈើ​ពណ៌ស​* មុខម្ហូប​សុខភាព​៖ ញាំ​ផ្សេង​ៗ(មាន​មើម​ខ្ទឹម​-សស្រស់​)ដែល​មាន​ដាក់​ខ្ទឹមបារាំង​។
    * មាន​អ្វី​ល្អ​ខ្លះ​?៖ សារធាតុ​សំខាន់​នៅក្នុង​បន្លែ​ ផ្លែឈើ​ពណ៌ស​ គឺ​អាល់​លិ​ស៊ីន​ ដែល​ជួយ​គ្រប់គ្រង​បរិមាណ​ជាតិ​ខ្លាញ់​នៅក្នុង​ឈាម​ ​កាត់បន្ថយ​កូ​លេ​ស្តេ​រ៉ូល​ និង​អឹល​ឌី​អឹល​(ជាតិ​ខ្លាញ់​អាក្រក់​)។ មាននៅ​ក្នុង​មើម​ខ្ទឹម​ស និង​មើម​ខ្ទឹមបារាំង​ ក្រៅពី​នេះ​នៅ​មាន​ពណ៌​របស់​ផេ​កធីន​ ដែល​ជា​ជាតិកា​កសរសៃ​រលាយ​ក្នុងទឹក​ (ឃើញ​មាននៅ​ក្នុង​សាច់​ផ្លែ​ប៉ោម​ ផ្លែ​ត្របែក​ និង​ផ្លែ​ស្រកានាគ​សាច់​ពណ៌ស​)ដែល​ជួយ​ធ្វើ​ឱ្យ​បរិមាណ​ជាតិ​ស្ករ​នៅក្នុង​ឈាម​នៅនឹង​ស្មើ​ កាត់បន្ថយ​ភាព​ឃ្លាន​អាហារ​ ល្អ​សម្រាប់​អ្នក​ដែល​កំពុង​គ្រប់គ្រង​ទម្ងន់​ខ្លួន​។

    ទី4​. បន្លែ​ និង​ផ្លែឈើ​ពណ៌បៃតង​* មុខម្ហូប​សុខភាព​៖ ឆា​ត្រកួន​ប្រេងខ្យង​ ឆា​បន្លែ​ប្រូ​ខូ​លី​ជាមួយ​បង្គា​ ស្ងោរ​ស្លឹក​បាស់​សាច់​ជ្រូក​ចិញ្ច្រាំ​។
    * មាន​អ្វី​ល្អ​ខ្លះ​?៖ បន្លែ​ពណ៌បៃតង​ សម្បូរទៅដោយ​ លូ​ធីន​ និង​ស៊ី​ស៊ែ​នធីន​ ដែល​ជួយ​បញ្ចុះ​អត្រា​ការ​ចុះ​ខ្សោយ​របស់​ផ្ទាំង​អេក្រង់​សរសៃប្រសាទ​ភ្នែក​ ដែល​ជា​មូលហេតុ​សំខាន់​អាច​ធ្វើ​ឱ្យ​ភ្នែក​ខ្វាក់​នៅពេល​អាយុ​ច្រើនឡើង​។
    Tip​៖ បើ​ធ្វើម្ហូប​អាហារ​បរិភោគ​ខ្លួនឯង​ គួរ​ប្រើ​ពេលវេលា​កុំឱ្យ​លើស​ 5នាទី​ក្នុង​ការ​ចម្អិន​បន្លែ​ពណ៌បៃតង​មិន​ដូច្នោះ​ទេ​ សារធាតុ​អា​ហា​រល្អៗ​ នឹង​បាត់បង់​អស់​ដោយសារ​កម្ដៅ​ ដែល​អាច​សង្កេតឃើញ​បាន​តាម​រយ:បន្លែ​ដែល​ចាប់ផ្តើម​ប្តូរ​ទៅជា​ពណ៌លឿង​ លែង​បៃតង​ស្រស់​ដូចមុន​។

    ទី5​ .បន្លែ​ និង​ផ្លែឈើ​ពណ៌លឿង​/ទឹកក្រូច​* មុខម្ហូប​សុខភាព​៖ ល្ពៅ​ឆា​សាច់​ជ្រូក​ចិញ្ច្រាំ​ ​ញាំ​ការ៉ុត​។
    * មាន​អ្វី​ល្អ​ខ្លះ​? បន្លែ​ផ្លែឈើ​ដែល​មាន​ពណ៌លឿង​ និង​ពណ៌លឿងទុំ​ ដូចជា​ ផ្លែ​ល្ពៅ​ មើម​ការ៉ុត​ ផ្លែ​ត្រសក់ស្រូវ​ និង​ល្ហុង​ទុំ​ ដែល​សម្បូរទៅដោយ​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ ជាពិសេស​បំផុត​ អាល់ហ្វា​ និង​បេ​តា​ឃែ​រ៉ូ​ធីន​ ដែល​ជួយ​បំប៉ន​ខ្សែភ្នែក​ ឆ្អឹង​ និង​ប្រព័ន្ធ​ការពារ​ជំងឺ​រឹងមាំ​ និង​ជួយ​ជំរុញ​ការ​កម្ចាត់​កោសិកា​មហារីក​របស់​រាងកាយ​បាន​ទៀតផង​៕

  • បញ្ហាសំខាន់ទាំង3 ប្រឈមនឹងសុខភាពផ្លូវភេទរបស់បុរស

    បញ្ហាសំខាន់ទាំង3 ប្រឈមនឹងសុខភាពផ្លូវភេទរបស់បុរស

    បើនិយាយចំពោះបុរសៗវិញ អ្នកណាៗក៏សុទ្ធតែប្រាថ្នានូវភាពអស្ចារ្យ និងកម្លាំងមាំមួននៃសមត្ថភាពផ្លូវភេទដែរ ប៉ុន្តែក្ដីប្រាថ្នាមួយនជមិនមែនសុទ្ធតែ អាចទទួលបានគ្រប់គ្នានោះឡើយ លើសពីនេះទៅទៀត​ មានអ្នកខ្លះបានបាត់បង់ភាពជាម្ចាស់ការរបស់ខ្លួននៅលើសមរភូមិក្ដៅសាច់មុនពេលកំណត់ក៏មាន។ តើចំណុចនេះបណ្តាលមកពីវ័យឱ្យប្រាកដ? ចម្លើយពិត លោកអ្នកអាចស្វែងយល់ជាមួយសំណេរខាងក្រោមនេះ ៖

    1). មានការគិតថាអាការលិង្គមិនងើប មិនឡើងមិនអាចដំណើរការរួមសង្វាសបានតែងតែកើតមានចំពោះបុរសវ័យចំណាស់ដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ តើការយល់ឃើញខាងលើនេះពិតដែរ ឬទេ? ចម្លើយឆ្លើយថា ការលើកយកមកនិយាយយ៉ាងដូច្នេះ គឺនៅមិនទាន់ត្រឹមត្រូវ100%នៅឡើយ​នោះទេ។ បញ្ហាអសមត្ថភាពនៃលិង្គនេះ តែងតែកើតមានឡើង មិនថាអសមត្ថភាពនៃលិង្គ ឬលិង្គលែងដំណើរការនៅពេលចង់រួមរ័ក ពោលគឺនិយាយរួមថា លិង្គ មិនងើបរឹងតម្រូវទៅតាមការចង់បានក្នុងជីវិតភេទសម្ពន្ធនោះ វាមិនមែនបណ្តាលមកពីតែកក្តាអាយុកើនឡើងច្តើននោះទេ។ អាការមិនដំណើរការ នៃលិង្គក៏​អាស្រ័យ​ដោយសារតែមានបញ្ហាពាក់ព័ន្ធជាមួយនឹងជំងឺខ្លះ ដែលប៉ះពាល់ដល់ជីវិតភេទសម្ពន្ធ ដូចជាលិង្គវៀចក្រងេវនៅពេលងើបរឹងឡើង ដែលប្រភេទនេះ ភាសាបច្ចេកទេសហៅថា ជំងឺ Payronie (ជំងឺលិង្គ) ដែលអូសបន្លាយពេលដ៏យូរមិនចង់រួមរ័ក ឬពេលរួមរ័កឆាប់ចេញទឹកកាមពេក។2). ពេលដែលកម្រិតអ័រម៉ូន តេស្តូស្តេរ៉ូន (Testosterone) ធ្លាក់ចុះទាប តើអាចមានឥទ្ធិពលដល់សុខភាពផ្លូវភេទដែរ ឬទេ? ហើយការធ្លាក់ចុះនៃ​ចំណង់​តណ្ហាលិង្គ មិនអាចងើបរឹងបានដូចកាលពីមុន និងបណ្តាល​ឱ្យបុរសលែងរវីរវល់នឹងការរួមសង្វាសតទៅទៀត ឬយ៉ាងណា ? ការពិតគឺយ៉ាងដូច្នេះមែន។  អាការ​ដូចដែល​បាន​​លើក​យកមកធ្វើជាអំណះអំណាងនេះ ក៏អាស្រ័យដោយសារការស្រកថយចុះនូវអ័រម៉ូន តេស្តូស្តេរ៉ូន (Testosterone) នៅពេលអាយុ​ឈាន​ចូល​​​ដល់ល្បាក់​៤០ឆ្នាំ រូបកាយរបស់បុរសក៏ចាប់ផ្តើមធ្លាក់ថយចុះក្នុងការផលិតចេញនូវអ័រម៉ូន តេស្តូស្តេរ៉ូន (Testosterone) នេះ ។ Testosterone ជាអ័រម៉ូន​ដ៏ពិសិដ្ឋ​ក្នុងការបង្កើនកំលាំងសាច់ដុំ ក្នុងការជួយកំចាត់ជាតិខ្លាញ់ពីក្នុងរូបរាងកាយ ដើម្បីជួយផលិតទឹកកាមចេញមក។

    បុរសភេទទាំងអស់សុទ្ធតែមានបញ្ហាដូចគ្នា ដោយសារតែកម្រិតអ័រម៉ូន Testosterone ត្រូវធ្លាក់ចុះទៅតាមធម្មជាតិ ប៉ុន្តែមិនមែនមានន័យថា អ័រម៉ូននេះ អស់​រលីង​នោះទេ ពោលគឺវាអាចរក្សាទុកបានមួយភាគណានោះក្នុងរូបកាយរបស់បុរសអស់មួយជីវិត ដោយមិនបានបណ្តាល​ឱ្យកើតមានបញ្ហាអ្វីដែល ធ្ងន់ធ្ងរ​នោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏មានបុរសប្រមាណ ១/៥ (ក្នុងចំណោម៥នាក់អាចមានម្នាក់) ដែលអាយុលើសពី៦០ឆ្នាំ ទៅមានកំរិតអ័រ ម៉ូន Testosterone ក្រោមកម្រិតមធ្យម ឬធម្មតា ដែលគេហៅថា អាការរងការបាត់បង់អ័រម៉ូនធ្ងន់ធ្ងរ ស្ថិតនៅក្នុងករណីយ៉ាង។ ដូច្នេះការព្យាបាល ដោយឱសថ​ប្រភេទ​អ័រម៉ូន គឺអាចជាជម្រើសមួយដ៏ល្អដែលទទួលយកបាន ។

    3). តើការបរិភោគអាហារសម្បូរទៅដោយជាតិខ្លាញ់ អាចបង្កផលប៉ះពាល់ដល់សមត្ថភាពផ្លូវភេទរបស់បុរសដែរ ឬទេ? វាជាការពិតណាស់ទៅហើយ  ដែលរបបអាហារបរិភោគគ្មានតុល្យភាពត្រឹមត្រូវប្រចាំថ្ងៃ អាចជះឥទ្ធិពលយ៉ាងច្រើនដល់គុណភាព និងបរិមាណនៃជីវិតផ្លូវភេទរបស់បុរស។ ផ្អែកតាមការ​សិក្សា​ស្រាវជ្រាវជាច្រើនសុទ្ធតែបានបង្ហាញ​ឱ្យឃើញច្បាស់ថា បុរសដែលចូលចិត្តបរិភោគខ្លាញ់ ឬកូឡេស្តេរ៉ូល ដូចជាឆាចៀនខ…៘  សុទ្ធតែងាយទទួលរង​ផល​ប៉ះពាល់ដល់សមត្ថភាពនៃលិង្គ ដោយមិនអាចទទួលបានក្តីពេញចិត្តក្នុងជីវិតភេទសម្ពន្ធនោះឡើយ ជាពិសេសខណៈដែលមិនបានបរិភោគអាហារ​មាន​តុល្យភាព​រវាងត្រីសាច់បន្លែផ្លែឈើ ដែលជាសារជាតិបំប៉នយ៉ាងសំខាន់ ចំពោះសុខភាពផ្លូវភេទ។ ការកាត់បន្ថយ សុរា និងគ្រឿងស្រវឹងផ្សេងៗ (សារធាតុ​អាល់កុល) បារី ថ្នាំជក់ ក៏ទទួលបានលទ្ធផលដ៏ល្អ ព្រោះតែគ្រឿងទាំងអស់នេះអាចធ្វើ​ឱ្យមានការធ្លាក់ថយចុះនូវចំណង់ផ្លូវភេទ ថែមទាំងធ្វើ​ឱ្យបាត់បង់សារជាតិ​បំប៉ន​សំខាន់ ដែលមានប្រយោជន៍សម្រាប់សុខភាពផ្លូវភេទបុរស។

    បន្ទាប់ពីបានស្វែងយល់តាមរយៈទំព័រសុខភាពផ្លូវភេទខាងលើនេះ លោកអ្នកពិតជាអាចមានវិធីសាស្រ្តក្នុងការបង្ការ និងបញ្ចៀសភាពអសមត្ថភាពនៃ​សម្ពន្ធមេត្រីដ៏ផ្អែមល្ហែមរបស់លោកអ្នកបានខ្លះហើយមែនទេ ? សូមធ្វើការពិចារណា ដើម្បីភាពយូរអង្វែងនៃសមត្ថភាពផ្លូវភេទរបស់អ្នកទាំងអស់គ្នា៕