Category: សុខភាព

  • រក​ឃើញ​មេរោគកូរ៉ូណាជាង​ 500ប្រភេទ​​ នៅ​លើ​សត្វ​ប្រចៀវ ក្នុង​ប្រទេស​ចិន

    រក​ឃើញ​មេរោគកូរ៉ូណាជាង​ 500ប្រភេទ​​ នៅ​លើ​សត្វ​ប្រចៀវ ក្នុង​ប្រទេស​ចិន

    នៅ​ពេល​ពិនិត្យ​លម្អិត​​ទៅ​លើសត្វ​​ប្រចៀវ​មួយ​ប្រភេទដែល​គេ​ហៅ​ថាប្រចៀវ Rhinolophus ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​វីរុស​កូរ៉ូណា​ដល់​ទៅ 500ប្រភេទ​ ដែល​នេះ​ភ័ស្តុតាង​មួយ​បន្ថែម​ទៀត​បញ្ជាក់​ថា មេរោគកូរ៉ូណា​គឺ​បាន​ឆ្លង​ពី​ប្រចៀវ​មក​មនុស្ស​។

    របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ (WHO) ថ្ងៃ​ទី​ 11កុម្ភៈ បាន​ឱ្យ​ដឹង​ថា​ ការ​សិក្សា​ស្រាវ​ជ្រាវ​តាម​បែប​វិទ្យា​សាស្ត្រ​នានា បាន​បង្ហាញ​​ភ័ស្តុ​តាង​កាន់​តែ​ច្រើន​ឡើង​ៗថា ​អាសន្ន​រោគ​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា (Covid-19) ​មាន​ជាប់​ទាក់​ទិន​នឹង​វីរុស​កូរ៉ូណា​នៅ​លើ​សត្វ​ប្រចៀវ​ Rhinolophus។

    ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ខាង​លើនេះ បាន​រក​ឃើញ​វីរុសកូរ៉ូណា​ចំនួនជាង​ 500ប្រភេទនៅ​លើ​សត្វ​ប្រចៀវ ​Rhinolophus នេះ នៅ​ក្នុង​ប្រទេស​ចិន។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់ជាង​នេះ គឺ​ថា ការ​ធ្វើ​តេស្ត​ឈាម​នៅ​លើ​មនុស្ស​មួយ​ចំនួន​ដែល​រស់​នៅ​ក្បែរ​តំបន់​មាន​សត្វ​​ប្រចៀវ​រស់នៅ បង្ហាញ​ថា អត្រា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា គឺ 2,9%។ ភាគ​រយ​នេះ ក៏​បង្ហាញ​ថា ហានិភ័យ​នៃ​ការ​ឆ្លង​ដោយ​សារ​មនុស្ស​ប៉ះពាល់​សត្វ​ប្រចៀវ​នេះ គឺ​មាន​ខ្ពស់​ពិត​មែន។

    យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​ឱ្យ​ដឹង​ថា របៀប​​ឆ្លងរបស់​​មេរោគ Covid-19 ចាប់តាំង​ពី​ការ​ផ្ទុះ​ឆ្លង​ដំបូង នៅ​តែ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​។ សម្មតិកម្ម​នា​បច្ចុប្បន្ន យល់​ថា ប្រភេទ​សត្វ​ផ្សេង​មួយ​ទៀត​ មាន​តួនាទី​ចម្លង​មេរោគកូរ៉ូណា​ ដែល​ដូចទៅ​នឹង​មេរោគ​ SARS កាល​ពី​ឆ្នាំ 2003។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារ​ព័ត៌មាន​ China News។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ចិន និង​អន្តរ​ជាតិ​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ធ្វើ​ការ​កំណត់​ឱ្យ​បាន​ច្បាស់​នូវ​ប្រភព​សត្វ​ដែល​បាន​ចម្លង​មេរោគ​កូរ៉ូណា​ Covid-19 ដើម្បី​ធានា​ឱ្យ​បាន​ថា បញ្ហា​ដដែល​នេះ​នឹង​មិន​អាច​កើត​ឡើង​នៅ​ពេល​អនាគត។ ការ​សិក្សា​ស្រាវ​ជ្រាវ​ក៏​នឹង​ជួយបង្កើន​​ការ​យល់​ដឹង​ច្រើនអំពី​របៀប និង​ផ្លូវ​ដែល​វីរុស​នានា ឆ្លង​ពី​សត្វ​មក​មនុស្ស។

    អាសន្ន​រោគ​ Covid-19 បាន​ផ្ទុះ​ឆ្លងកាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ2019 ដែល​វា​មាន​ប្រភព​ចេញ​មក​ពី​ផ្សារ​ Huanan នៅ​ក្នុង​ទីក្រុង​ Wuhan ដែល​មាន​លក់​សត្វ​ព្រៃ​រស់៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ដំណឹង​ល្អ​មួយ​ទៀត! ក្រុម​ហ៊ុន​ចិន​ផលិត​ថ្នាំ​រំងាប់​មេរោគ សម្រាប់​ព្យា​បាល​ជំងឺកូរ៉ូណា​ Covid-19

    ដំណឹង​ល្អ​មួយ​ទៀត! ក្រុម​ហ៊ុន​ចិន​ផលិត​ថ្នាំ​រំងាប់​មេរោគ សម្រាប់​ព្យា​បាល​ជំងឺកូរ៉ូណា​ Covid-19

    ប្រទេស​ចិន៖ ក្រុម​ហ៊ុន​ផលិត​ឱសថ​មួយ​របស់​ចិន បាន​ចាប់​ផ្ដើម​ផលិត​ថ្នាំ Remdesivir ទៅ​តាម​បច្ចេក​វិទ្យា​របស់សហ​រដ្ឋអាមេរិក ហើយ​គេ​រំពឹង​ថា​ នឹង​មាន​ប្រសិទ្ធ​ភាព​អាច​ទប់​ស្កាត់​មេរោគកូរ៉ូណា​ Covid-19។

    នៅ​ក្នុង​របាយ​ការណ៍​មួយ​ផ្ញើ​ទៅ​កាន់​ផ្សារ​ហ៊ុន​សៀង​ហៃ កាល​ពី​យប់​ថ្ងៃទី 11កុម្ភៈ ក្រុម​ហ៊ុន​បច្ចេក​វិទ្យាជីវ​វេជ្ជ​សាស្ត្រ​ BrightGene មាន​ទី​តាំង​នៅ​ក្នុងទី​ក្រុង​ Suzhou នៃ​ខេត្ត Jiangsu ប្រទេស​ចិន បាន​ឱ្យដឹង​ថា ខ្លួនបាន​អភិវឌ្ឍបច្ចេក​​វិទ្យា​សំយោគ​សារ​ធាតុ​ថ្នាំ​របស់ Remdesivir។ នេះ​គឺជាថ្នាំ​រំងាប់​មេរោគ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុម​ហ៊ុន Gilead នៃ​សហរដ្ឋ​អាមេរិក​។

    ព័ត៌មាន​របស់​ក្រុម​ហ៊ុន BrightGene ត្រូវ​បាន​គេ​បញ្ចេញ​ឱ្យ​ដឹង​ អំឡុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ ក្រោយ​ពី​​អាជ្ញាធរ​ចិន បាន​យល់​ព្រម​សាក​ល្បង​ប្រើ​ថ្នាំ Remdesivir ។

    ថ្នាំ​ Remdesivir ត្រូវ​បាន​គេ​ចាត់​ទុក​ថាជា “បេក្ខភាព​” លំដាប់​កំពូល​ ក្នុង​យុទ្ធ​នា​ការ​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា Covid-19។ បច្ចុប្បន្ន Remdesivir មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ផលិត​ ឬដាក់​លក់​នៅ​ទី​ផ្សារ​ណា​មួយ​ក្នុង​ពិភពលោក​នៅ​ឡើយ។ ក្រុម​ហ៊ុន BrightGene បាន​ឱ្យ​ដឹង​ថា ពួកគេ​មាន​គម្រោង​សុំ​ច្បាប់​ពីក្រុម​ហ៊ុន Gilead ប៉ុន្តែ បាន​សម្រេច​ចិត្ត​​ងាក​ទៅ​ផលិត​ Remdesivir ដោយ​សារ​តែ​ការ​សិក្សា​ស្រាវ​ជ្រាវ​ផលិត​ថ្នាំ​ថ្មី ទើប​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​។

    មេធាវី Wang Yanyu មក​ពី​ការិយាល័យ​មេធាវី AllBright ដែល​មាន​ទី​ស្នាក់​ការ​នៅ​ទី​ក្រុង ប៉េកាំង បាន​និយាយ​ថា ៖ “និយាយ​រួម ការ​ផលិត​នេះគឺ​រំលោភ​ទៅ​លើច្បាប់​កម្មសិទ្ធិ​បញ្ញា​​ ប៉ុន្តែ វា​នឹង​ជា​ករណី​លើក​លែង​ បើសិន​ជា​ការ​ផលិត​នោះ មិន​មែន​ដើម្បី​ដាក់​លក់​ក្នុង​ទី​ផ្សារ​”។​

    ផលិត​ផល​នេះ​របស់ក្រុម​ហ៊ុន Gilead ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សក្ដានុពល ព្រោះ​វា​បាន​នាំ​មក​នូវ​លទ្ធ​ផល​ល្អ នៅ​ពេលប្រើ​ប្រាស់​វា​ក្នុង​ការ​​ព្យា​បាល​អ្នក​ជំងឺ​កូរ៉ូណា​ នៅ​សហ​រដ្ឋ​អាមេរិក។ ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ចិន​ កំពុង​សាក​ល្បង​ថ្នាំ​នេះ នៅ​លើ​អ្នក​ជំងឺ 761 នៅ​ទី​ក្រុង​ Wuhan។

    លោក Wang Chen (ស្ដាំបង្អស់)​ ជា​អនុប្រធានបណ្ឌិតសភាវិស្វកម្មចិន និងជាប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន ថ្លែងនៅក្នុងសន្និសីទមួយនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន កាលពីថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2020។

    ក្រុម​ហ៊ុន BrightGene បាន​ឱ្យ​ដឹង​ថា​ ពួកគេ​ត្រូវ​សុំ​ច្បាប់​ពីក្រុមហ៊ុន Gilead ក្រោយ​មកទើប​ធ្វើ​ការ​ពិសោធ​ និង​ត្រូវ​មាន​ការ​អនុញ្ញាត មុន​ពេល​ដាក់​លក់​ថ្នាំ​នេះ​ក្នុង​ទី​ផ្សារ​។ ថ្នាំ Remdesivir ដែល​ចិន​កំពុង​ផលិត​ នឹង​មិនមាន​ប្រយោជន៍​ បើ​សិន​មិន​មាន​លទ្ធ​ផល​ល្អ​ក្នុង​ការ​ពិសោធ​ដែល​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ ឬ​ក៏ថ្នាំ​នេះ​ផលិត​ឡើង​ក្រោយ​​អាសន្ន​រោគ​​ត្រូវ​បាន​គ្រប់​គ្រង​។ នេះ​បើ​យោង​តាម​សារ​ព័ត៌មាន​ Bloomberg។

    ភាគី​ខាង​ក្រុម​ហ៊ុន Gilead មិន​ទាន់​បានបញ្ចេញ​មតិ​អ្វី​ទាក់​ទិន​នឹង​ការ​ប្រកាស​របស់ក្រុម​ហ៊ុន BrightGene ប៉ុន្តែ ពួកគេ​បាន​ឱ្យ​ដឹង​ថា​ កំពុងតែ​ផ្ដោត​ទៅលើ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ថ្នាំ​នេះ​។ ក្រុម​ហ៊ុន Gilead កំពុង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ចិន អាមេរិក និង​អង្គ​ការ​សុខ​ភាព​ពិភពលោក ដើម្បីឱ្យ​ប្រាកដ​ថា ថ្នាំ​នេះ អាច​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ក្នុង​ការ​ព្យា​បាល​ជំងឺកូរ៉ូណា Covid-19 ដែរ​ ឬ​អត់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ភ័យខ្លាចមេរោគរាលដាល!! “ហុងកុង” ប្រកាសបិទសាលារៀនរហូតដល់ពាក់កណ្ដាលខែមីនា

    ភ័យខ្លាចមេរោគរាលដាល!! “ហុងកុង” ប្រកាសបិទសាលារៀនរហូតដល់ពាក់កណ្ដាលខែមីនា

    រដ្ឋបាលក្រុងហុងកុង បានប្រកាសបិទសាលារៀនជាបន្តបន្ទាប់យ៉ាងហោចណាស់រហូតដល់ថ្ងៃទី16 ខែមីនា ដើម្បីគ្រប់គ្រងការឆ្លងរាលដាលរបស់វីរុស COVID-19 ព្រមទាំងសំណូមពរឱ្យនិស្សិតបរទេស មិនចាំបាច់ប្រញាប់ធ្វើដំណើរត្រឡប់មកហុងកុងវិញទេ ក្នុងអំឡុងពេលនេះ។

    គណៈគ្រប់គ្រងទីក្រុងហុងកុងថែមទាំងបានអនុញ្ញាតឱ្យបុគ្គលិករបស់រដ្ឋអាចធ្វើការពីផ្ទះមកបាន រហូតដល់ថ្ងៃទី23 កុម្ភៈ ដើម្បីកាត់បន្ថយការប្រថុយប្រថានក្នុងការចម្លងសាយភាយមេរោគ។

    ខេវីន យ៉ាង អគ្គលេខាធិការនៃគណៈកម្មាធិការការសិក្សាអប់រំក្រុងហុងកុង បានបញ្ជាក់ថា សាលាបឋមសិក្សា និងមធ្យមសិក្សាក្នុងក្រុងហុងកុង នឹងផ្អាកការបង្រៀន និងរៀនរហូតដល់ពាក់កណ្ដាលខែមីនា ដែលកាលពីពេលមុនបានពន្យារពេលបវេសនកាលក្រោយបុណ្យចូលឆ្នាំត្រឹមតែថ្ងៃទី2 ខែមីនាប៉ុណ្ណោះ។

    សេចក្ដីប្រកាសពីរដ្ឋបាលក្រុងហុងកុងនេះ បានធ្វើឡើងក្នុងខណៈដែលមន្ត្រីមណ្ឌលហ៊ូពេយរបស់ចិន បានរកឃើញអ្នកឆ្លងមេរោគ COVID-19 ថ្មីៗកើនឡើងខ្ពស់ជាប្រវត្តិសាស្ត្រ និងមានការប្រកាសព្រមានពីអ្នកជំនាញការផ្នែកសាធារណៈសុខាភិបាលទូទាំងពិភពលោកថា ស្ថានការណ៍ឆ្លងរាលដាលរបស់មេរោគវីរុស អាចនឹងកាន់តែអាក្រក់ខ្លាំងជាងនេះ មុននឹងអាចគ្រប់គ្រងបាន។

    “ការស្ថិតនៅឆ្ងាយខាងសង្គម និងចៀសវាងពីទីកន្លែងដែលមានមនុស្សច្រើន គឺជាយុទ្ធសាស្ត្រចម្បងក្នុងការ ជួយការពារ និងគ្រប់គ្រងការឆ្លងរាលដាល” លោកយ៉ាង ថ្លែងប្រាប់អ្នកសារព័ត៌មាន​បន្ត​ថា “ហើយ​សម្រាប់​សិស្ស​និស្សិត​ដែលនៅក្នុងប្រទេសចិន ឬនៅក្រៅប្រទេស ក៏មិនចាំបាច់​ប្រញាប់ធ្វើ​ដំណើរ​វិលត្រឡប់​មក​ហុងកុងវិញដែរ”

    ទីក្រុងកោះដែលជាមជ្ឈមណ្ឌលកណ្ដាលនៃវិស័យហិរញ្ញវត្ថុមួយនេះ បានរកឃើញអ្នកឆ្លងមេរោគវីរុស COVID-19 ដែលបានអះអាងហើយចំនួន 50នាក់ និងមានអ្នកស្លាប់ 1នាក់។

    សាលារៀនជាច្រើនកន្លែងក្នុងទីក្រុងហុងកុង ចាប់ផ្ដើមឱ្យគ្រូៗ បង្រៀនសិស្សតាមអនឡាញ ឬតាមប្រព័ន្ធវីដេអូខន់ហ្វើរេនស៍ ដោយមានការដាក់កិច្ចការផ្ទះឱ្យកូនសិស្សធ្វើរៀងរាល់ថ្ងៃ ឬ 1សប្ដាហ៍ម្ដង។

    ការឆ្លងរាលដាលរបស់មេរោគវីរុសដែលមានដើមកំណើតមកពីទីក្រុងវូហាន ថែមទាំងបានបង្កឱ្យមានទំនាស់រវាងប្រជាជនហុងកុង ជាមួយគណៈគ្រប់គ្រងក្នុងតំបន់ទៀតផង ដោយអ្នកក្រុងហុងកុងជាច្រើនបានទាម ទារឱ្យមានការបិទព្រំដែនជាមួយប្រទេសចិនដីគោក ដើម្បីទប់ស្កាត់មេរោគ ខណៈដែលលោកស្រី ឃែរី ឡាម អភិបាលក្រុងហុងកុង យល់ព្រមបិទចំណុចឆ្លងព្រំដែនតែមួយចំនួនប៉ុណ្ណោះ និងបានអះអាងថា ការកាត់ផ្ដាច់ជាមួយចិនដីគោកទាំងស្រុង មិនមែនជារឿងសមរម្យ និងមិនអាចធ្វើបានឡើយ ព្រោះអាចរាប់បានថាជាការរើសអើង៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ចិនដក “លេខាបក្ស” ប្រចាំតំបន់ហ៊ូពេយ បន្ទាប់ពីមានការរិះគន់ថា អសមត្ថភាពក្នុងការទប់ទល់“វីរុសកូរ៉ូណា”

    ចិនដក “លេខាបក្ស” ប្រចាំតំបន់ហ៊ូពេយ បន្ទាប់ពីមានការរិះគន់ថា អសមត្ថភាពក្នុងការទប់ទល់“វីរុសកូរ៉ូណា”

    ចិនបានដកមេដឹកនាំខាងនយោបាយលំដាប់ខ្ពស់របស់មណ្ឌលហ៊ូពេយ ដែលជាចំណុចកណ្ដាលនៃការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណា ដែលធ្វើឱ្យមានមនុស្សស្លាប់មកដល់ពេលនេះចំនួន 1,355នាក់។ នេះបើតាមប្រភពព័ត៌មានផ្លូវការដែលបានរាយកាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

    ចៀង សៅលៀង លេខាបក្សប្រចាំតំបន់ហ៊ូពេយ នឹងត្រូវជំនួសដោយ យីង យង់ អភិបាលក្រុងស៊ាងហៃ។ នេះបើយោងតាមការអះអាងពីទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់រដ្ឋចិន ដែលមិនបានរាយការណ៍អ្វីបន្ថែមឡើយ។

    ការដកសមមិត្ត ចៀង ចេញនេះ កើតឡើងបន្ទាប់ពីមន្ត្រីជើងចាស់ផ្នែកសាធារណៈសុខាភិបាល 2រូបរបស់ហ៊ូពេយ ត្រូវបានដកចេញកាលពីថ្ងៃចន្ទ ក្រោមសំឡេងរិះគន់ដ៏ច្រើនអំពីវិធានការប្រយុទ្ធប្រឆាំងមេរោគដែលក្រុមមន្ត្រីក្នុងតំបន់បានដាក់ចេញក្នុងស្ថានការណ៍វិបត្តិ។

    មណ្ឌលនេះបានរាយការណ៍ថា រកឃើញអ្នកឆ្លងមេរោគកើនឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងមេរោគទូទាំងប្រទេសកើនឡើងដល់ជិត 60,000នាក់ ក្រោយពីរដ្ឋបាលហ៊ូពេយប្ដូរវិធីថ្មីក្នុងការរាប់ចំនួនអ្នកឆ្លងមេរោគ។

    មេរោគវីរុសនេះ ត្រូវបានគេជឿថា ចាប់កំណើតឡើងកាលពីចុងឆ្នាំកន្លងទៅ នៅក្នុងផ្សារលក់អាហារសមុទ្រមួយកន្លែងក្នុងទីក្រុងវូហាន ក្នុងតំបន់ហ៊ូពេយ។

    ការរិះគន់ទៅលើក្រុមមន្ត្រីក្នុងតំបន់ អំពីរឿងមិនបានត្រៀមខ្លួន និងបណ្ដែតបណ្ដោយក្នុងការទប់ទល់មេរោគ បានកើនឡើងយ៉ាងច្រើន បន្ទាប់ពីមានការស្លាប់កាលពីសប្ដាហ៍មុនរបស់លោកគ្រូពេទ្យចិនម្នាក់ដែលធ្លាប់ត្រូវអាជ្ញាធរទីក្រុងវូហានដាក់ទោសពីបទប្រកាសដំណឹងពាក់ព័ន្ធនឹងមេរោគវីរុសប្រភេទថ្មីនេះ។

    រដ្ឋបាលទីក្រុងវូហាន ថែមទាំងត្រូវប្រឈមនឹងការរិះគន់យ៉ាងចាស់ដៃកាលពីខែមករា ចំពោះការរឹងរូសក្នុងការរៀបចំពិធីជប់លៀងសាធារណៈប្រចាំឆ្នាំដល់ក្រុមគ្រួសារចំនួន 40,000គ្រួសារ ត្រឹមតែប៉ុន្មានថ្ងៃមុនពេលដែលទីក្រុងនេះត្រូវបានបិទជាផ្លូវការទាំងស្រុងទៀតផង។

    ការប្រែប្រួលផ្សេងៗកំពុងតែកើតឡើងនៅក្នុងមណ្ឌលនេះ រួមទាំងការដកមន្ត្រីកាកបាទក្រហមលំដាប់ខ្ពស់ម្នាក់ក្នុងទីក្រុងវូហាន ពីបទព្រងើយកន្តើយចំពោះតួនាទី ក្នុងខណៈដែលមន្ត្រីជើងចាស់ក្នុងទីក្រុងប៉េកាំង ឈឹន អ៊ីស៊ីន ត្រូវបានបញ្ជូនទៅទីក្រុងវូហាន ដើម្បីកាន់កាប់គ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគ៕

    ប្រភព៖ សាព័ត៌មានបរទេស

  • ទេសចរលើនាវា​ Westerdam 20នាក់ ​ត្រូវបាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ព្រោះ​មាន​បញ្ហា​សុខ​ភាព

    ទេសចរលើនាវា​ Westerdam 20នាក់ ​ត្រូវបាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ព្រោះ​មាន​បញ្ហា​សុខ​ភាព

    អាជ្ញាធរក្រុង​ព្រះសីហនុ បាន​អះអាងថា អ្នកទេសចរលើនាវា Westerdam ចំនួន20នាក់មានបញ្ហាសុខភាព​បន្ដិច​បន្ដួច ដូចជាជំងឺក្រពះពោះវៀន និងរាករូសជាដើម ប៉ុន្តែ មិន​បាន​បញ្ជាក់​ថា មាន​រោគសញ្ញានៃ​វីរុសកូរ៉ូណានោះទេ។

    ក្រុម​មន្ដ្រីសុខាភិបាល និងមន្ដ្រីអង្គការសុខភាពពិភពលោក (WHO) បាន​នាំ​យក​កំហាករបស់ពួកគេ ធ្វើ​ដំណើរ​​តាម​ឧត្ថម្ភាគចក្រមក​កាន់វិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូរ៉ូណា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ Fresh News។

    ក្រុម​មន្ត្រី​សុខាភិបាល​ បាន​ឱ្យ​ដឹងថា ភ្ញៀវទេសចរទាំង20នាក់នេះ ​ត្រូវបាន​​ដាក់ឲ្យស្ថិតនៅក្នុងបន្ទប់ដាច់ដោយ​ឡែកនៅលើកប៉ាល់ Westerdam៕

  • នាវា Westerdam បាន​ចូល​ចត​នៅ​កំពង់ផែខេត្ត​ព្រះសីហនុ៖ ភាគី​ពាក់​ព័ន្ធ​ ​អរគុណ​កម្ពុជា

    នាវា Westerdam បាន​ចូល​ចត​នៅ​កំពង់ផែខេត្ត​ព្រះសីហនុ៖ ភាគី​ពាក់​ព័ន្ធ​ ​អរគុណ​កម្ពុជា

    ក្រោយ​ពី​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ​ បណ្ដែត​ខ្លួន​នៅ​លើ​សមុទ្រ ព្រោះ​គ្មាន​ប្រទេស​ណា​អនុញ្ញាត​ឱ្យ​ចូល​ចត​ ដោយ​សារ​តែ​ភ័យ​ខ្លាច​មាន​មេរោគ​កូរ៉ូណា ពេល​នេះ​នាវា​ទេសចរណ៍ Westerdam ក៏បាន​មក​ដល់​ក្រុង​ព្រះសីហនុ តាម​ការ​អនុញ្ញាត​ពី​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​។

    នៅ​ព្រឹក​ថ្ងៃទី​ 13កុម្ភៈ​នេះ នាវា​ដឹក​អ្នក​ទេសចរ Westerdam ដែល​ដោត​ទង់​ជាតិហូឡង់ និង​មាន​ផ្ទុក​អ្នក​ដំណើរ​ 1455នាក់ និង​នាវិក 800នាក់​ បាន​មក​ដល់​ក្រុង​ព្រះសីហនុ។

    អ្នក​ដំណើរ​ទាំង​អស់​ដែល​នៅលើ​​កប៉ាល់​នេះ បាន​ត្រូវ​អនុញ្ញាត​ឱ្យ​ឡើង​គោក ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ភ្នំ​ពេញ ហើយ​ឡើង​យន្ត​ហោះ​ ឆ្ពោះ​ទៅ​កាន់ប្រទេស​រៀង​ៗ​ខ្លួន​។

    ក្រុម​ហ៊ុន Holland America Line និង​​អ្នក​ទេសចរ​ទាំង​អស់ មាន​ការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង និង​បាន​អរគុណ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​អនុញ្ញាត​នេះ។ ក្រុម​ហ៊ុន Holland America Line ដែល​ជា​ម្ចាស់​នាវា​នេះ ក៏​នឹង​ចេញ​សោហ៊ុយ​ធ្វើ​ដំណើរដល់​អតិថិ​ជន​របស់​ខ្លួន​ រហូត​ដល់​ពួកគេ​ទៅ​ដល់​ផ្ទះ​​។

    ទាក់​ទិន​នឹង​បញ្ហា​នេះដែរ ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភព​លោក WHO លោក Tedros Adhanom Ghebreyesus ក៏​បានអរគុណ​ចំពោះ​សម្តេច ហ៊ុន សែន ដែល​បាន​អនុញ្ញាតឱ្យ​នាវា Westerdam ចូល​ចត​ក្នុង​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ។

    ឯក​អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយសូមអរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតជួយឱ្យកប៉ាល់ខ្នាតយក្ស Westerdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលកំពុងវិលវល់នោះចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ2020នេះ។

    មុន​នេះ​ ប្រទេស​ថៃ​ និង​បណ្ដា​ប្រទេស​ និង​កោះ​មួយ​ចំនួន បាន​បដិសេធ​មិន​ឱ្យ​នាវា​ Westerdam ចូល​ចត​ក្នុង​កំពង់​ផែ​របស់​ពួកគេ​ ដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភ ខ្លាច​មាន​វត្តមាន​មេរោគ​កូរ៉ូណា​នៅ​លើ​កប៉ាល់​នេះ បើ​ទោះ​ថ្នាក់​ដឹក​នាំ​កប៉ាល់​បាន​អះអាង​ថា មិន​មាន​អ្នក​ណា​មាន​​ផ្ទុក​មេរោគ​នេះ​ក៏ដោយ។

    គួរ​រំឭកថា កប៉ាល់ Diamond Princess ដែល​បច្ចុប្បន្ន ស្ថិត​នៅ​ក្នុង​កំពង់​ផែ​មួយ​របស់​ជប៉ុន​ ត្រូវ​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ព្រោះ​តែ​មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​នៅ​លើ​នាវា​នោះ ហើយ​គេ​ក៏​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ កាន់​តែ​ច្រើន​ឡើង​ៗ​។ ប្រការ​នេះ​ហើយ​ ធ្វើ​ឱ្យ​នាវា Westerdam របស់​ក្រុម​ហ៊ុន Holland America Line ទទួល​រង​ឧបសគ្គ​​ដោយ​សារ​បញ្ហា​នៅលើ​នាវា​ កប៉ាល់ Diamond Princess៕

  • ចំនួន​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​កើន​ដល់​ជិត​ 15,000នាក់ និង​ចំនួន​អ្នក​ស្លាប់កើន​ដល់​…

    ចំនួន​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​កើន​ដល់​ជិត​ 15,000នាក់ និង​ចំនួន​អ្នក​ស្លាប់កើន​ដល់​…

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា Covid-19 នៅ​ក្នុង​ខេត្ត Hubei កើន​ 242នាក់ ច្រើន​ជាង​ពីរ​ដង​ធៀប​នឹង​ម្សិល​មិញ​ ហើយ​ចំនួន​អ្នក​ឆ្លង​កើន​ដល់​ 14,840នាក់ គឺ​ច្រើន​ជាង​ជិត​10ដង ធៀប​នឹង​ម្សិល​មិញផងដែរ​ បន្ទាប់​ពី​ខេត្ត​នេះ បាន​ប្ដូរ​វិធី​ស្រង់​ស្ថិតិ​។

    គណៈកម្ម​ការ​សុខាភិបាល​ខេត្ត Hebei ថ្ងៃ​នេះ ​បាន​រាយ​ការណ៍​ថា អ្នក​ស្លាប់​ថ្មីដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា​ មាន​ចំនួន 242នាក់ ច្រើន​ជាង​ទ្វេ​ដង​ធៀប​នឹង​ម្សិល​មិញ ធ្វើឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ខេត្ត​នេះ​ឡើង​ដល់ 1,310នាក់។

    ខេត្ត​ Hubei បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​ប្ដូរ​វិធី​ស្រស់ស្ថិតិទៅ​លើ​​អ្នក​ឆ្លង​មេរោគ​ ចាប់​ពី​ថ្ងៃ​ទី​ 13កុម្ភៈ។ ខេត្ត​នេះ​ក៏​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​បន្ថែម​ចំនួន 14,840នាក់​ផងដែរ​ ធ្វើ​ឱ្យ​ចំនួន​អ្នក​មាន​ផ្ទុក​​មេរោគ​សរុប​ក្នុង​ខេត្ត​នេះ​ឡើង​ដល់ 48,206​នាក់​។

    នៅ​ទូទាំង​ប្រទេស​ចិន (ដីគោក) មាន​អ្នក​ស្លាប់​ថ្មី​ចំនួន 250នាក់ និង​អ្នក​ឆ្លង​ថ្មី​ចំនួន 14,985នាក់។​ ដូច្នេះ អ្នក​ស្លាប់​សរុប​នៅ​ប្រទេស​ចិន​ (ដីគោក) មាន​ចំនួន​ដល់​ទៅ​ 1,363​នាក់ អ្នក​ឆ្លង​សរុប 5,694នាក់។

    ចំណែក​នៅ​ទូទាំង​ពិភព​លោក​វិញ មាន​អ្នក​ស្លាប់​សរុប 1,367នាក់។ 60,161នាក់ មាន​ផ្ទុក​មេរោគ​នេះ ក្នុង​នោះ មាន​ 8,243នាក់ ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីជិត​ និង​ 5,756នាក់ បាន​ជា​សះស្បើយ​ពី​ជំងឺ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • កម្ពុជា អនុញ្ញាតឱ្យនាវាផ្ទុកអ្នកទេសចរដែលជិតអស់ស្បៀង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

    កម្ពុជា អនុញ្ញាតឱ្យនាវាផ្ទុកអ្នកទេសចរដែលជិតអស់ស្បៀង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

    ក្រុមហ៊ុន Holland America Line ដែលជាម្ចាស់នាវាទេសចរណ៍ខ្នាតយក្ស MS Westerdam នៅថ្ងៃទី12 កុម្ភៈនេះ បានប្រកាសឱ្យដឹងថា កម្ពុជាបានយល់ព្រមឱ្យនាវាដឹកអ្នកដំណើរទេសចរណ៍របស់ខ្លួន ចូលចតនៅកំពង់ផែរបស់កម្ពុជាហើយ។

    កប៉ាល់ដឹកអ្នកដំណើរទេសចរណ៍ដែលមានឈ្មោះថា MS Westerdam នេះ ធ្លាប់ត្រូវបានប្រទេសជាច្រើនមិនអនុញ្ញាតឱ្យចូលចតនៅឯកំពង់ផែរបស់ពួកគេ។ ប្រទេស និងកោះដែលបានបដិសេធនាវានេះ រួមមានប្រទេស ជប៉ុន តៃវ៉ាន់ ថៃ ហ្វីលីពីន និងកោះហ្គ័ម (Guam)។ មូលហេតុនៃការបដិសេធខាងលើនេះ គឺដោយសារប្រទេសទាំងនោះ មានការភ័យខ្លាច និងសង្ស័យថា អ្នកទេសចរ និងក្រុមបុគ្គលិកនៅលើកប៉ាល់នេះ អាចមានផ្ទុកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី Covid-19។

    កាលពីសប្ដាហ៍មុន អ្នកនាំពាក្យនៃនាវាទេសចរណ៍ខាងលើ បានឱ្យដឹងថា ពួកគេមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះថា ស្បៀងអាហារនៅលើកប៉ាល់នេះ ជិតអស់ទៅហើយ តែនៅទីបំផុត ទីភ្នាក់ងារសារព័ត៌មាន The guardian របស់ប្រទេសអង់គ្លេស បានរាយការណ៍ថា អាជ្ញាធរកម្ពុជាបានអនុញ្ញាតឱ្យនាវានេះចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃស្អែក (13កុម្ភៈ)ហើយ។

    គួរបញ្ជាក់ដែរថា នាវាទេសចរណ៍ MS Westerdam ដែលមានផ្ទុកអ្នកដំណើរទេសចរណ៍ចំនួន 1,455នាក់ និងក្រុមនាវិក 802នាក់នេះ បាននិងកំពុងស្ថិតក្នុងការត្រួតពិនិត្យសុខភាពជាប្រចាំ។ ក្រុមអ្នកគ្រប់គ្រងនាវានេះ បានឱ្យដឹងថា អ្នកទេសចរ និងក្រុមនាវិកនៅលើនាវានេះ ពុំមាននរណាម្នាក់ មានផ្ទុកមេរោគកូរ៉ូណា Covid-19 នោះទេ។

    បើយោងតាមអង្គភាពព័ត៌មាន Fresh News របស់កម្ពុជា ក៏បានរាយការណ៍ដូចគ្នាដែរថា នាវាទេសចរណ៍ដ៏ធំ ឈ្មោះ MS Westerdam ត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោង 7ព្រឹក នៃថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2020 ស្អែកនេះហើយ ក្រោយពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News។

    ការអនុញ្ញាតឱ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាយ៉ាងច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់នៅលើកប៉ាល់មួយនេះ មិនមាននរណាម្នាក់ ផ្ទុកមេរោគវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ៕

  • ចង់មានសុខភាពល្អ ត្រូវតែអាន “រឿង 6 យ៉ាងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាព”

    ចង់មានសុខភាពល្អ ត្រូវតែអាន “រឿង 6 យ៉ាងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាព”

    បច្ចុប្បន្ន​នេះ​រោគា​ទាំងឡាយ​ក្លាយជា​រឿង​ក្បែរ​ៗខ្លួន​ ដែល​ចាំតែ​សួររក​មុខ​យើង​ជានិច្ច​ ដូច្នេះហើយ​ទើប​យើង​ត្រូវតែ​មើលថែ​ទាំ​សុខភាព​ឱ្យ​បាន​ល្អជា​ពិសេស​ ​អ្នកខ្លះ​អាច​នឹង​ស្វែងរក​អាហារ​បន្ថែម​ ឬអាហារ​បំប៉ន​ផ្សេង​ៗដើម្បី​បំប៉ន​រាងកាយ​ឱ្យ​មាន​សុខភាព​ល្អ​ ទាំង​ការពិត​ទៅ​ ការ​មាន​សុខភាព​ល្អ​អាច​ជា​រឿង​ងាយ​ជាង​លោកអ្នក​គិតទៅ​ទៀត​ ដូចដែល​ថ្ងៃនេះ​ជាដើម​ ឡា​រ៉ែ​ន សូម​នាំ​យក​រឿង​ដែល​គួរ​ឱ្យ​យល់ដឹង​ពាក់ព័ន្ធ​នឹង​សុខភាព​ដ៏​ល្អ​ មក​ជម្រាប​មិត្ត​អ្នកអាន​ដូច​ខាងក្រោម​ “ចង់​មាន​សុខភាព​ល្អ​ ត្រូវតែ​អាន​”។

    1. ចេកទុំ​ ជួយ​កាត់បន្ថយ​អាការ​ឆ្អល់ពោះ​បាន​មុននឹង​ទៅ​មើល​ថា​ តើ​យ៉ាងម៉េច​បាន​ផ្លែ​ចេក​ជួយ​កាត់បន្ថយ​អាការ​ឆ្អល់ពោះ​បាន​នោះ​ ​យើង​មក​ស្គាល់​ពី​អាការ​ឆ្អល់ពោះ​ជាមុន​សិន​…ឆ្អល់ពោះ​ គឺជា​អាការ​ដែល​កើ​តមាន​ហ្កាស​ច្រើន​នៅក្នុង​ក្រពះ​ ជួនកាល​កើត​-ឡើង​ដោយសារ​ការ​ទទួលទាន​ជាតិ​សូដ្យូម​ច្រើនជ្រុល​ពេក​ ហើយ​ផ្លែ​ចេក​នេះឯង​ដែល​នឹង​ជួយ​ធ្វើ​ឱ្យ​អាការ​ឆ្អល់ពោះ​ធូរស្រាល​បាន​ ព្រោះ​ចេក​មាន​បរិមាណ​ប៉ូតាស្យូម​ខ្ពស់​ ដែល​នឹង​ទៅ​ចាត់ការ​ផល​ប៉ះពាល់​ដែល​កើតឡើង​ដោយសារ​សូដ្យូម​ដែល​លើស​នោះ​ ធ្វើ​ឱ្យ​អាការ​ឆ្អល់ពោះ​ថយ​ចុះ​បាន​។

    2. ទឹក​នៅក្នុង​រាងកាយ​នឹង​ធ្វើ​ឱ្យ​ទម្ងន់​ខ្លួន​របស់​អ្នក​ឡើង​-ចុះ​យ៉ាងតិច​ ក្នុង​ 1ថ្ងៃ​ 1-2គីឡូក្រាម​
    តើ​លោកអ្នក​ធ្លាប់​នឹក​ឆ្ងល់​ខ្លះ​ទេ​ថា​ ហេតុ​អី​បាន​យើង​ថ្លឹង​ទម្ងន់​នៅពេល​ព្រឹក​ និង​នៅពេល​ល្ងាច​ ទម្ងន់​ចេញ​មក​ខុសគ្នា​ ទាំង​យើង​មិនទាន់​បាន​ញ៉ាំ​អី​ច្រើន​ផង​នោះ​? នេះ​គឺ​ដោយសារតែ​ទម្ងន់​របស់​ទឹក​នៅក្នុង​រាងកាយ​ដែល​ចេញ​មក​ពី​អាហារ​ដែល​មាន​រសជាតិ​ប្រៃ​ ឬសភាវ​មាន​វដ្ត​រដូវ​ប្រចាំខែ​របស់​អ្នក​ដែល​ធ្វើ​ឱ្យ​ទម្ងន់​ខ្លួន​ឡើង​ ឬចុះ​គ្រប់ពេលវេលា​។ បើ​អ្នក​ចង់​ចាត់ការ​រឿង​ទឹកដែល​នៅក្នុង​រាងកាយ​នេះ​ អ្នក​គួរតែ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ប្រើ​ថ្នាំបញ្ចុះ​ទឹកនោម​ក៏បាន​។

    3. ការ​អង្គុយ​នៅ​មួយ​កន្លែង​ក្នុង​ 1ថ្ងៃ​ៗ យូរ​ជាង11ម៉ោង​ នឹង​ធ្វើ​ឱ្យ​អាយុ​ខ្លី
    ​ការ​អង្គុយ​ធ្វើការ​នៅនឹង​តុ​រហូត​ ដោយ​មិន​ក្រោក​ទៅណា​ពេញមួយថ្ងៃ​ អាច​នឹង​ធ្វើ​ឱ្យ​អ្នក​អាយុ​ខ្លី​ដោយ​មិនដឹង​ខ្លួន​ ​នោះ​គឺ​ដោយសារតែ​ នៅពេល​ដែល​រាងកាយ​របស់​យើង​មិនបាន​កម្រើក​ ឬធ្វើ​ចលនា​ទៅណា​ វា​អាច​បង្ក​ឱ្យ​កើតមាន​បញ្ហា​សុខភាព​បាន​ មិនថា​តែ​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ដុត​បំផ្លាញ​ក្នុង​រាងកាយ​ ប្រព័ន្ធ​រំលាយអាហារ​ ប្រព័ន្ធ​បន្ទោបង់​ ឬសូម្បីតែ​ប្រព័ន្ធ​ឈាម​រត់​ក៏ដោយ​ ​ដូច្នេះ​បើ​ចង់​មាន​អាយុវែង​ គួរ​ឧស្សាហ៍​ក្រោក​ចេញពី​តុ​ធ្វើការ​ខ្លះ​ផង​ គ្រាន់តែ​ក្រោក​ទៅ​ចូលបន្ទប់​ទឹក​ក៏​ជួយ​បាន​ច្រើន​ដែរ​។

    4. តែ​បៃតង​ជួយ​បង្កើន​ការ​ធ្វើការ​របស់​ខួរក្បាល​បាន​
    យើង​ដឹង​ច្បាស់​ហើយ​ថា​ តែ​បៃតង​មានប្រយោជន៍​ច្រើនណាស់​ ​ជាពិសេស​តែ​បៃតង​នេះ​ មាន​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ខ្ពស់​ ទើប​វា​ជួយការ​ពារ​ការ​កើតជំងឺ​មហារីក​បាន​ តែ​ប្រយោជន៍​មួយទៀត​ដែល​សំខាន់​នោះ​គឺ​ តែ​បៃតង​ជួយ​បង្កើន​ការ​ធ្វើការងារ​របស់​ខួរក្បាល​បាន​ទៀតផង​ ដោយមាន​ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញថា​ អ្នក​ដែល​ញ៉ាំ​តែ​បៃតង​ជាប់​ជាប្រចាំ​ នឹង​ធ្វើ​ឱ្យ​មានការ​ចងចាំ​ល្អ​ជាង​អ្នក​ដែល​មិនធ្លាប់​ញ៉ាំ​សោះ​។

    5. ស្ករ​ ធ្វើ​ឱ្យ​អាការ​ក្នុងអំឡុងពេល​មាន​វដ្ត​រដូវ​កាន់តែ​អាក្រក់​
    ស្ត្រីជា​ច្រើន​ ច្រើនតែ​គិតថា​ ការ​ទទួលទាន​បង្អែម​នៅក្នុង​អំឡុង​ពេល​មាន​រដូវ​ប្រចាំខែ​ នឹង​ជួយ​ឱ្យ​អា​ការ​ផ្សេង​ៗដែល​កើតឡើង​ក្នុងអំឡុងពេល​នោះ​ថយ​ចុះ​ ​តែ​ការពិត​វិញ​ ជាតិ​ស្ករ​ហ្នឹងឯង​ដែល​ជា​បច្ច័យ​អាក្រក់​ធ្វើ​ឱ្យ​អាការ​ទាំងនោះ​កាន់តែ​អាក្រក់​ឡើង​ ​ព្រោះ​ការ​ទទួលទាន​ស្ករ​(ជាតិ​ផ្អែម​)ច្រើនពេក​នឹង​ធ្វើ​ឱ្យ​ជាតិ​ម៉ាញេស្យូម​ក្នុង​រាងកាយ​ថយ​ចុះ​ ធ្វើ​ឱ្យ​ឆ្អល់ពោះ​ ដែល​អាការ​ឆ្អល់ពោះ​នេះ​ គឺជា​អាការ​មួយ​ដែល​ស្ត្រី​មិន​ចង់ឱ្យ​កើតមាន​ក្នុង​អំឡុង​ពេល​មាន​រដូវ​ឡើយ​ ដូច្នេះ​បើ​ពេល​មាន​រដូវ​ប្រចាំខែ​ គួរ​ប្តូរ​ពី​បង្អែម​មក​ទទួលទាន​ផ្លែឈើ​វិញ​ប្រសើរ​ជាង​បាយ​អង្ករ​ស្រូវសាលី​ជួយ​ឱ្យ​អារម្មណ៍​ល្អ​ជឿ​ថា​ អ្ន​កណាៗ​ក៏​ចង់​មាន​ពេលព្រឹក​ និង​ថ្ងៃធ្វើការ​ដ៏​ស្រស់ថ្លា​ដែរ​ ​ដូច្នេះ​ ឡា​រ៉ែ​ន ចង់​ប្រាប់​ថា​ បាយ​អង្ករ​ស្រូវសាលី​អាច​ជួយ​បាន​ ព្រោះ​អង្ករ​ស្រូវសាលី​នឹង​ទៅ​ជួយ​បង្កើន​កម្រិត​របស់​អ័រម៉ូន​សេ​រ៉ូ​ថូ​និន​(Serotonin​)នៅក្នុង​ខួ​ក្បាល​ ​ដោយសារ​ធាតុ​មួយ​នេះ​គឺជា​សារធាតុ​ដែល​ជួយ​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍ល្អ​។ ដូច្នេះ​ពេលព្រឹក​ថ្ងៃស្អែក​នេះ​ សាកល្បង​រក​បាយ​អង្ករ​ស្រូវសាលី​មក​ញ៉ាំ​ធ្វើជា​អាហារ​ពេលព្រឹក​ម្តង​មើល៍​…។

    6. ការហាត់ប្រាណ​ គួរ​ប្តូរ​ពី​បង្អែម​មក​ទទួលទាន​ផ្លែឈើ​វិញ​ប្រសើរ​ជាង​ពេល​ខ្លួន​ចាស់​ទៅ​
    ការ​ចាប់ផ្តើម​ហាត់ប្រាណ​តាំងពី​វ័យ​កំលោះក្រមុំ​ ក្រៅពី​នឹង​ធ្វើ​ឱ្យ​សុខភាព​រឹងមាំ​ល្អជា​បន្ត​រហូត​ទៅដល់​អនាគត​ហើយ​នោះ​ នៅ​មានផល​វិជ្ជមាន​ដល់​ខួរក្បាល​ទៀត​ ព្រោះ​មានការ​សិក្សា​ស្រាវជ្រាវ​មួយ​បានការ​ហាត់ប្រាណ​ជាប្រចាំ​ក្នុង​អំឡុង​អា​យុង​អំឡុង​អាយុ​ 20ឆ្នាំ​រហូត​មក​ នឹង​ជួយ​ឱ្យ​មានការ​ចងចាំ​ល្អ​ ទោះជា​វ័យ​ហួស​ទៅដល់​ 40​ ឬ 50ឆ្នាំ​ហើយក៏​ដោយ​សុខភាព​រាង​កា​យង​កាយ​របស់​យគឺជា​រឿង​សំខាន់​ បើ​យើង​ចេះ​មើល​ថែទាំ​វា​ឱ្យ​បាន​ល្អ​ នឹង​ជួយ​ឱ្យ​សុខភាព​ផ្លូវចិត្ត​របស់​យើង​ល្អ​ទៅតាម​នោះ​ដែរ​ ​តែបើ​អ្នក​ព្រងើយកន្តើយ​ វា​អាច​នឹង​ធ្វើ​ឱ្យ​ទាំង​រាងកាយ​ និង​ផ្លូវចិត្ត​របស់​អ្នក​កាន់តែ​យ៉ាប់យ៉ឺន​ទៅ​ បន្ទាប់ពី​នោះ​រោ​គា​ផ្សេង​ៗនឹង​តាម​មក​ ដូច្នេះ​គួរ​នាំគ្នា​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​៕

  • មិន​មែន Corona ឬ Ebola តែ​ជា​​ជំងឺ​ចម្លែក​! សម្លាប់​មនុស្ស​ 15នាក់ក្នុង​ពេល​មិន​ដល់​ 1​សប្ដាហ៍​ នៅ​នីហ្សេរី​យ៉ា

    មិន​មែន Corona ឬ Ebola តែ​ជា​​ជំងឺ​ចម្លែក​! សម្លាប់​មនុស្ស​ 15នាក់ក្នុង​ពេល​មិន​ដល់​ 1​សប្ដាហ៍​ នៅ​នីហ្សេរី​យ៉ា

    ក្រុម​មន្ត្រី​សុខា​ភិបាល​ បាន​ព្រមាន​អំពី​​ជំងឺ​ចម្លែក​ម្យ៉ាង​ដែល​បាន​សម្លាប់​មនុស្ស​ 15នាក់​​ និង​រាប់​សិប​នាក់​ទៀត​កំពុង​ផ្ទុក​មេរោគ​នេះ​ ក្នុង​រយៈ​ពេល​មិន​ដល់​1សប្ដាហ៍​។

    អ្នក​ជំងឺ​ទាំង​អស់ សុទ្ធ​តែ​មាន​អាការ​ក្អួត​ចង្អោរ ហើមខ្លួន​ និង​រាក។ ករណី​ដំបូង​ដែល​ត្រូវ​បាន​គេ​កត់​​ត្រា គឺ​នៅ​ចុង​ខែ​មករា នៅ​ក្នុង​រដ្ឋ​ Benue ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី Abuja ប្រទេស​ នីហ្សេរីយ៉ា។ គិត​មក​ដល់​ថ្ងៃ​ទី 3កុម្ភៈ ជំងឺ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខ​ភាព​របស់​មនុស្ស​ចំនួន 104នាក់។ នេះ​បើ​តាមអ្នក​តំណាង​រាស្ត្រ​ម្នាក់​​ គឺ​លោក Abba Moro។

    លោក​ Moro បា​ន​ឱ្យ​ដឹង​ថា​ អ្នក​ជំងឺ​ជា​ច្រើន​បាន​ស្លាប់​ បន្ទាប់​ពី​ឆ្លង​មេរោគ​​រយៈ​ពេល​48ម៉ោង​។ ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​ប្រទេស​នេះ បាន​ស្នើ​ឱ្យ​ក្រសួង​សុខាភិបាល​ បញ្ជូន​អ្នក​ជំនាញ​ទៅ​កាន់​តំបន់​អាសន្ន​រោគ​ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ជំងឺ​នេះ​។ ស្ថាប័ន​គ្រប់​គ្រង់ និង​ទប់ស្កាត់​ជំងឺ​ឆ្លង​នៃ​ប្រទេស​នីហ្សេរីយ៉ា (NCDC) ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​តាម​ដាន​ឱ្យ​បាន​ម៉ត់​ចត់ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ចម្លែក​នេះ។

    រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាលនីហ្សេរីយ៉ា​ លោក Osagie Ehanire កាល​ពី​ថ្ងៃ​ទី​ 8កុម្ភៈ បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​ជំងឺថ្មី មិន​មែន​ជំងឺ​ Ebola ឬ Lassa (អាសន្ន​រោគ​ទាំង​ពីរ​នេះ​ ធ្លាប់​រាត​ត្បាត​តំបន់​អាហ្វ្រិក​ខាង​លិច) នោះ​ទេ​។ ជំងឺ​នេះ​ ក៏មិន​មាន​​ទំនាក់​ទំនង​អ្វី​ជាមួយ​នឹង​អាសន្ន​រោគ​កូរ៉ូណា ដែល​កំពុង​ឆ្លង​រាល​ដាល​នៅ​ប្រទេស​ចិន​នោះដែរ​។

    NCDC បាន​បង្កើត​ខ្សែ​ទូរ​ស័ព្ទ​ពិសេស​មួយ ជួយ​ឱ្យ​ប្រជា​ជន​រាយការណ៍​ពី​ករណី​ថ្មី​ទាក់​ទិន​នឹង​ជំងឺ​ចម្លែកនេះ ដើម្បី​កាត់​ផ្ដាច់់​ការ​ឆ្លង​រាល​ដាល​របស់​មេរោគ​នេះ​ តាំង​ពី​ដើម​ទី​។ នេះ​ បើ​តាម​​សារ​ព័ត៌មាន Telegraph។

    នីហ្សេរីយ៉ា គឺ​ជា​ប្រទេស​មួយ​ដែល​ប្រព័ន្ធ​សុខាភិបាល​នៅ​មាន​កម្រិត​នៅ​ឡើយ​។ Ebola ធ្លាប់បានឆ្លង​រាលដាល​កាល​ពី​ឆ្នាំ 2014 បណ្ដាល​ឱ្យ​ប្រជាជន​នីហ្សេរីយ៉ា​ចំនួន 20នាក់​បាន​ឆ្លង​មេរោគ​នេះ ក្នុង​នោះ​មាន 8នាក់​ បាន​បាត់​បង់​ជីវិត។​ នៅ​ក្នុង​រដូវ​អាសន្ន​រោគគ្រុន​​ឈាម Lassa កាល​ពី​ដើម​ឆ្នាំ 2018 ប្រទេស​នេះ​ក៏​មាន​អ្នក​ស្លាប់​ដល់​ទៅ​ 90នាក់ និង​មនុស្ស 1,447​នាក់ បាន​ឆ្លង​ជំងឺ​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស