Category: សុខភាព

  • ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 នៅ​ទីក្រុង​ប៉េកាំង​ កើន​ឡើង​យ៉ាង​ឆាប់​រហ័ស

    ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 នៅ​ទីក្រុង​ប៉េកាំង​ កើន​ឡើង​យ៉ាង​ឆាប់​រហ័ស

    ករណី​ឆ្លង​វីរុស​កូរ៉ូណា COVID-19 បាន​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ឯមន្ទីរពេទ្យ​ចំនួន​2ក្នុង​ទីក្រុង​ប៉េកាំង ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​ហានិភ័យ​នៃ​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​ក្នុង​រដ្ឋធានី​មួយ​នេះ​។

    បើ​ធៀប​នឹង​បណ្ដា​ទី​ក្រុង​ផ្សេង​ៗ រដ្ឋធានី​ប៉េកាំងរបស់​ចិន បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 មិន​ច្រើន​នោះ​ទេ​ ខណៈ​ដែល​កាល​ពី​ថ្ងៃទី21កន្លង​ទៅ ទីក្រុង​ប៉េកាំង មាន​អ្នក​ផ្ទុក​មេរោគ​នេះ​ត្រឹម​តែ​396នាក់​ និង​អ្នក​ស្លាប់​ដោយ​សារមេរោគ​នេះ​មាន​ចំនួន4នាក់​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ បច្ចុប្បន្ន មន្ទីរពេទ្យ​ Fuxing មាន​អ្នក​ជំងឺ​កូរ៉ូណា​យ៉ាង​តិច​36នាក់ គឺ​កើន​ឡើង​ច្រើន​រាប់​ចាប់​តាំង​ពី​ថ្ងៃទី​3កុម្ភៈ ស្រប​ពេល​ដែល​បុគ្គលិក​សុខាភិបាល​5នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ Fuxing បាន​ឆ្លង​វីរុស​។

    មន្ទីរពេទ្យ​សកល​​វិទ្យា​ល័យ​ប៉េកាំង​ (Peking University People’s Hospital) ក៏​បាន​ប្រកាស​ថា មាន​អ្នក​ជំងឺ​កូរ៉ូណា​ថ្មី​ចំនួន​3ករណី​ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ រួម​នឹង​កូន​ស្រី និង​កូន​ប្រសា​ ដែល​អ្នក​ទាំង​នេះ ធ្លាប់​បានទៅ​សួរ​សុខ​ទុក្ខ​លោក​យាយ​របស់​ពួកគេ​​ បន្ទាប់​ពី​ត្រឡប់​មក​ពី​តំបន់ទេស​ចរណ៍​ស៊ីនជាំង(Xinjiang)។

    អាជ្ញា​ធរ​ទីក្រុង​ប៉េកាំង បាន​ចេញ​សេចក្ដី​ប្រកាស​ថា ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​មក​កាន់​ទី​ក្រុង​ប៉េកាំង ត្រូវ​តែ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​រយៈ​ពេល​14ថ្ងៃ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​។ បទ​បញ្ជា​នេះ ​តម្រូវ​ឱ្យអ្នក​ត្រឡប់​មក​កាន់​ទីក្រុង​ប៉េកាំង ត្រូវ​តែ​ជូន​ដំណឹង​ជា​មុន​ទៅ​អាជ្ញាធរ​ដែន​ដី ដែល​ជា​កន្លែង​ពួកគេ​រស់​នៅ​។

    គិត​មក​ដល់​ពេល​នេះ ជំងឺ​រលាកសួត​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា​ COVID-19 បាន​សម្លាប់​មនុស្ស​2,252​នាក់ និង​អ្នក​មាន​ផ្ទុក​មេរោគ​នេះ មាន​ចំនួន77,277នាក់ នៅ​ទូទាំង​ពិភពលោក៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • រដ្ឋមន្ត្រី​អ៊ុយ​ក្រែន ស្ម័គ្រ​ចិត្ត​ចូល​រស់​នៅ​ជា​មួយ​ជនភៀស​ខ្លួន​​​មក​ពី​អ៊ូហាន ខណៈមាន​ការ​តវ៉ា​ពី​ពលរដ្ឋ​ក្នុង​តំបន់

    រដ្ឋមន្ត្រី​អ៊ុយ​ក្រែន ស្ម័គ្រ​ចិត្ត​ចូល​រស់​នៅ​ជា​មួយ​ជនភៀស​ខ្លួន​​​មក​ពី​អ៊ូហាន ខណៈមាន​ការ​តវ៉ា​ពី​ពលរដ្ឋ​ក្នុង​តំបន់

    រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អ៊ុយ​ក្រែន Zoryana Skaletska បាន​ប្រកាស​ថា លោក​ស្រី​នឹង​ចំណាយ​ពេល​2សប្ដាហ៍ ចូល​ទៅ​រស់​នៅ​ក្នុង​តំបន់​ដាក់ឱ្យ​នៅ​ដាច់​ដោយ​ឡែក ជាមួយ​នឹង​អ្នក​ដែលបាន​ជម្លៀស​មក​ពី​ “សម្បុក​មេរោគ​កូរ៉ូណា​” អ៊ូហាន​ នៃខេត្ត​ហ៊ូប៉ី ប្រទេស​ចិន។

    ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​ AFP បាន​រាយ​ការណ៍​ថា លោក​ស្រី Zoryana Skaletska បាន​ចេញ​សេចក្ដី​ប្រកាសខាង​លើ​ បន្ទាប់​​ពី​បាតុករ​អ៊ុយ​ក្រែន​បាន​ប៉ះទង្គិច​​ជាមួយ​ក្រុម​នគរ​បាល​ ដោយ​ក្រុម​បាតុករ​បាន​​គប់​ដុំ​ថ្មទៅ​លើ​រថយន្ត​ដឹកពល​រដ្ឋ​​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីក្រុង​អ៊ូហាន​ ត្រឡប់​មក​ប្រទេស​វិញ។

    ប្រទេស​អ៊ុយ​ក្រែន កាល​ពី​ថ្ងៃទី 20កុម្ភៈ​កន្លង​ទៅ បាន​នាំ​ពលរដ្ឋ​​ចំនួន​45នាក់នៃ​ប្រទេស​នេះ និង​ជន​បរទេស​​37​នាក់​ ដែល​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​អាមេរិកខាង​ត្បូង ​មក​ពី​ទីក្រុង​អ៊ូហាន ទៅស្រុក Novi Sanzhary ក្នុង​តំបន់​ Poltava ដើម្បី​ធ្វើ​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​រយៈ​ពេល​14ថ្ងៃ​។ ក៏ប៉ុន្តែ ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​នេះ មិន​យល់​ស្រប​ជាមួយ​នឹងវិធាន​ការ​របស់​រដ្ឋា​ភិបាល​ ហើយ​ពួកគេ​ក៏​បាន​ស្កាត់ផ្លូវ​ និង​គប់​ដុំ​ថ្ម​ទៅ​លើ​រថយន្ត​ដឹក​ជន​ភៀស​ខ្លួន​ទាំង​នោះ​។ ក្នុង​ហេតុ​ការណ៍​នោះ យ៉ាង​ហោច​ណាស់​មាន​រថយន្ត​3គ្រឿង​ត្រូវ​​រង​ការ​ខួច​ខាត ដោយ​សារ​តែ​បាតុ​ករ​។

    នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​បាន​ផ្ញើ​ទៅ​កាន់​ពល​រដ្ឋ​ លោក​ស្រី​ Skaletska បាន​និយាយ​ថា “ខ្ញុំ​នឹង​ចំណាយ​ពេល​14ថ្ងៃ​ ដើម្បី​ទៅ​រស់​នៅ​ជាមួយ​ពួកគេ​ នៅ​ក្នុង​តំបន់​តែ​មួយ​ និងក្នុង​​ស្ថាន​ភាព​តែ​មួយ​”។

    លោក​ស្រី​សរសេរ​នៅ​លើ​ Facebook ថា “ពួកគេ​ទាំង​នោះគឺជា​អ្នក​ស្រុក​របស់​យើង​។ យើង​រស់​នៅ​ក្នុងប្រទេស​តែ​មួយ​ និង​ត្រូវ​តែ​ថែ​រក្សា​សុខ​ភាព​ និង​សុវត្ថិ​ភាព​របស់​ពួកគេ​”។

    ក្រុម​មន្ត្រី​៊អ៊ុយ​ក្រែន​ រួម​ទាំង​ប្រធានា​ធិបតី​ Volodymyr Zelensky បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង ប៉ុន្តែ អ្នក​ស្រុក​បាន​និយាយ​ថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​។

    រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អ៊ុយ​ក្រែន​ Arsen Avakov ក៏បាន​ទៅ​កាន់​កន្លែង​កើត​ហេតុ។ ចំណែក​នាយក​រដ្ឋ​មន្ត្រី Oleksiy Goncharuk កាល​ពី​ថ្ងៃ​ទី​20 ក៏​បាន​ទៅ​កាន់​តំបន់ Novi Sanzhary ផង​ដែរ​។

    លោកប្រធានាធិបតី​អ៊ុយ​ក្រែន Zelensky បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​បង្ហាញ​អំពី​សាមគ្គី​ភាព​ និង​ត្រូវ​ចង​ចាំ​ថា “យើង​គឺ​សុទ្ធ​តែ​ជា​មនុស្ស​”។

    អាជ្ញា​ធរ​អ៊ុយ​ក្រែន បាន​បង្កើន​ការ​ការពារ​សន្តិ​សុខ​នៅ​ក្នុង​តំបន់​ដែល​មាន​ពល​រដ្ឋ​10,000នាក់​កំពុង​រស់​នៅ​នេះ ដោយ​ការ​ដាក់​ពង្រាយ​​រថយន្ត​ពាស​​ដែក​ជា​ច្រើន​គ្រឿង​ រួមនឹង​​កង​កម្លាំង​ប្រដាប់​អាវុធ​រាប់​រយ​នាក់។

    បច្ចុប្បន្ន ប្រទេស​អ៊ុយ​ក្រែន មិន​ទាន់​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ COVID-19 ណាមួយ​នៅ​ឡើយ។ អាសន្នរោគ​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច2,252 និង​អ្នក​បាន​ឆ្លង​មេរោគ​នេះកើន​ឡើង​ដល់ 76,844​នាក់ នៅ​ទូទាំង​ពិភពលោក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • វ៉ាក់សាំង​​កូរ៉ូណា​ COVID-19 ​នឹង​​ពិសោធ​លើក​ដំបូង​ក្នុង​​ខែ​មេសា​ខាង​មុខ

    វ៉ាក់សាំង​​កូរ៉ូណា​ COVID-19 ​នឹង​​ពិសោធ​លើក​ដំបូង​ក្នុង​​ខែ​មេសា​ខាង​មុខ

    ប្រទេស​ចិន៖ អនុរដ្ឋមន្រ្តី​ក្រសួង​វិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យា បាន​ឱ្យ​ដឹង​ថា វ៉ាក់​សាំង​ដំបូង​សម្រាប់​ជំងឺរលាក​សួត​ប្រភេទ​ថ្មីកូរ៉ូណា​ COVID-19 នឹង​ត្រូវ​បាន​ពិសោធ​នៅ​ក្នុង​មន្ទីរពេទ្យ​ នៅ​ចុង​ខែ​មេសា​ឆ្នាំ​2020​នេះ​។

    លោក Xu Nanping អនុរដ្ឋមន្រ្តី​ក្រសួង​វិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យានៃ​ប្រទេសចិន បាន​ប្រកាស​ដូចខាង​លើ​នេះ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ កាល​ពី​ថ្ងៃទី21​កុម្ភៈ​កន្លង​ទៅ​។ វ៉ាក់​សាំង​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា “បេក្ខ​ភាព” ដ៏​លេច​ធ្លោ​បំផុត​ក្នុង​ការ​រត់​ប្រណាំង​ដើម្បី​ស្វែង​រក​វ៉ាក់​សាំង​ទប់​ស្កាត់​ជំងឺ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា COVID-19 ដែល​មេរោគ​នេះ​កំពុង​សម្លាប់​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

    លោក Xu Nanping បាន​ឱ្យ​ដឹង​ដែរ​ថា​ ប្រទេស​ចិន​បាន​ប្រើ​ប្រាស់​វិធី​សាស្ត្រ​បច្ចេក​វិទ្យា​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​ ដើម្បី​បង្កើន​ល្បឿនក្នុង​ការ​ស្វែង​រក​វ៉ាក់​សាំង​សម​ស្រប​សម្រាប់​ទប់ស្កាត់​មេរោគ​កូរ៉ូណាប្រភេទ​ថ្មី​នេះ​។ មន្ត្រី​រូប​នេះ​បាន​អះអាង​ថា “ដំណើរ​ការ​នេះ​ កំពុង​មាន​ល្បឿន​ប្រហាក់​ប្រហែល​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​ពិភព​លោក”។

    ជាមួយ​នឹង​មូល​ដ្ឋាន​នៃ​ប្រព័ន្ធ​​ធ្វើ​តេស្ត​អាស៊ីតនូក្លេក (nucleic acid) ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ពេល​អាសន្ន​រោគ​កូរ៉ូណា​ទើប​កើត​ឡើង ប្រទេស​ចិន​បាន​បង្កើន​ការ​អភិវឌ្ឍ​ផលិត​ផល​ថ្មី​ ដែល​អាច​ជួយ​ស្វែង​រក​មេរោគ​បាន​រហ័ស​ និង​ងាយ​ស្រួល​ជាង​​មុន​។

    ក្រៅ​ពី​នេះ លោក Xu Nanping ក៏បានបញ្ជាក់​​ថា វេជ្ជ​សាស្ត្រ​បុរាណ​របស់​ចិន​ ត្រូវ​បាន​គេ​បញ្ជាក់​ថា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​កាត់​បន្ថយ​ការឆ្លង​រោគ​ផងដែរ។ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក្រុម​មន្ត្រី​សុខា​ភិបាល​ចិន បាន​បន្ថែម​វេជ្ជ​សាស្ត្រ​បុរាណ​ចូល​ទៅ​ក្នុង​ដំណាក់​កាល​​ទី3​នៃ​គម្រោង​ព្យាបាល​ និង​ពិនិត្យ​ជំងឺ​កូរ៉ូណា​ COVID-19។

    តាម​ធម្មតា​ ដើម្បី​អាច​បង្កើត​បាន​វ៉ាក់​សាំង​ថ្មី​មួយ គេ​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ ជាមួយ​នឹង​ការ​ពិសោធ​នៅ​លើ​សត្វ ការ​ពិសោធ​នៅ​លើ​មនុស្ស និង​រង់​ចាំ​ការ​អនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ។ ប៉ុន្តែ នៅ​ចំពោះ​មុខ​ការ​ឆ្លង​រាល​ដាល​លឿន​រហ័ស​របស់​មេរោគ​កូរ៉ូណា ក្រុម​អ្នក​ជំនាញ​នឹង​ប្រើ​ប្រាស់​រយៈ​ពេល​ខ្លី​ដើម្បី​បាន​វ៉ាក់​សាំង​ ដោយ​សារ​មាន​ក្រុមចម្រុះអន្ដរជាតិ​ដែល​មាន​គោល​ដៅ​ដូច​គ្នា​ ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ថ្មី។

    សូម​រំឭក​ថា កាល​ពី​ថ្ងៃ​ទី11កុម្ភៈកន្លង​ទៅ ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក (WOH) លោក Tedros Adhanom Ghebreyesus បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​មាន​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​​ជាង​400នាក់ មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ បាន​ឱ្យ​ដឹង​ថា វ៉ាក់​សាំង​ដំបូង​សម្រាប់​មេរោគ​កូរ៉ូណា នឹង​អាច​ប្រើ​ប្រាស់​បាន​ក្នុង​រយៈ​ពេល​18ខែ​ទៀត។ WHO ក៏កំពុង​តែ​ប្រញាប់​ប្រញាល់​ក្នុង​ការ​ស្វែង​រក​វិធី​ដើម្បី​ទប់​ស្កាត់​ស្ថាន​ការណ៍​ស្មុគ​ស្មាញ​របស់​អាសន្ន​រោគ​ ហើយ​ទន្ទឹម​នឹង​នេះ ក៏​កំពុង​តែ​រៀប​ចំគម្រោង​ដើម្បី​ទប់​ស្កាត់​រយៈ​ពេល​វែង​ផងដែរ។

    WHO យល់​ថា ទន្ទឹម​នឹង​ការ​ប្រឹង​ប្រែង​​ស្វែង​រក​វិធី​បង្កើត​វ៉ាក់​សាំង​ថ្មី ពិភពលោក ត្រូវ​តែ​ប្រើ​ប្រាស់​អាវុធ​ដែល​មាន​ស្រាប់​ដើម្បី​ទប់​ស្កាត់​អាសន្ន​រោគ​នេះ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • មិនបាច់​ប្រើ​ថ្នាំ​ជំនួយ​ផ្លូវភេទ​ទេ​ ងាក​មក​ទទួលទាន​អាហារ​ជំនួយ​វិញ​

    មិនបាច់​ប្រើ​ថ្នាំ​ជំនួយ​ផ្លូវភេទ​ទេ​ ងាក​មក​ទទួលទាន​អាហារ​ជំនួយ​វិញ​

    ផ្លូវភេទ​ គឺជា​ចំណែក​មួយ​ដ៏​សំខាន់​នៅក្នុង​ជីវិត​របស់​គូស្នេហ៍​ទាំងឡាយ​ ព្រោះ​វា​អាច​ជួយ​ឱ្យ​ពួកគេ​មាន​ភាព​ស្និត​ស្នាល​ និង​ស្គាល់ចិត្ត​គ្នា​កាន់តែ​ស៊ីជម្រៅ​។ ទោះជាយ៉ាងណា​ បច្ចុ​ប្ប​នេះ​មាន​គូស្នេហ៍​ជាច្រើន​ណាស់​ដែល​មិន​សប្បាយចិត្ត​ជាមួយនឹង​បញ្ហា​ខ្សោយ​ផ្លូវភេទ​ រហូតដល់​មាន​អ្នកខ្លះ​ទិញថ្នាំ​ជំនួយ​មក​ប្រើប្រាស់​ថែមទៀត​ផង​។ ដូច្នេះ​ តើមាន​វិធី​សាស្រ្ត​អ្វី​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ទៅ​?ចំពោះ​សុខភាព​ផ្លូវភេទ​មិនថា​បុរស​ ឬស្រ្តី​មួយចំនួន​ធំ​ មិន​ប្រាកដជា​បានដឹង​ច្បាស់​អំពី​អត្ថ​ប្រយោជនៃ​ផ្លែឈើ​ធម្មជាតិ​ និង​អាហារ​សមុទ្រ​ជា​ប្រភេទ​អាហារ​ ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​សម្រាប់​សុខភាព​របស់​ពួកគេ​។ ជាពិសេស​ វា​មាន​តួនាទី​ថែរក្សា​សុខភាព​ប្រដាប់​ភេទ​របស់​បុ​រសៗ​ ឱ្យ​មាន​សុខភាព​ល្អ​ រឹងមាំ​ និង​ខ្លាំងក្លា​ នៅពេល​ប្រយុទ្ធ​ជាមួយនឹង​ដៃគូ​។ មិន​តែប៉ុណ្ណោះ​ប្រសិនបើ​ អ្នក​គិតថា​ អា​ប្អូន​តូច​របស់​អ្នក​ចុះ​ខ្សោយ​ ឬចង់​ឱ្យ​វា​មាន​សុខភាព​ល្អ​ ខ្លាំងក្លា​ អ្នក​គួរតែ​ទទួលទាន​ប្រភេទ​អាហារ​ ផ្លែឈើ​ និង​អាហារ​សមុទ្រ​ ដូច​ខាងក្រោម​៖

    ដំឡូងជ្វា​
    នៅក្នុង​ប្រទេស​អាហ្វ្រិក​ ដំឡូងជ្វា​ ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវភេទ​ បង្កើន​សមត្ថភាព​ក្នុង​ការ​មានកូន​ ព្រោះ​វា​អាច​បន្ថែម​អ័រម៉ូន​ estrogen​ ចំពោះ​ស្ត្រី​ ដើម្បី​បង្កើន​សកម្មភាព​ផ្លូវភេទ​។ សារធាតុ​ប៉ូតាស្យូម​ នៅក្នុង​ដំឡូងជ្វា​ អាច​ជួយការ​ពារ​ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ និង​ព្យាបាល​ជំងឺ​ងាប់​លិង្គ​។ បើ​យោង​តាម​ការសិក្សា​មួយ​បាន​បង្ហាញថា​ ដំឡូងជ្វា​មាន​សារធាតុ​ប៉ូតាស្យូម​ 28​% ព្រមទាំង​សារធាតុ​រ៉ែ​សំ​ខាន់​ៗជាច្រើន​សម្រាប់​រាងកាយ​។ ក្រៅពី​ឥទ្ធិពល​ទៅលើ​ផ្លូវភេទ​ ដំឡូងជ្វា​ក៏​ជា​ប្រភេទ​នៃ​អាហារ​ដែល​អាច​ជួយ​បញ្ចុះទម្ងន់​ កាត់បន្ថយ​សម្ពាធ​ឈាម​ និង​បង្ការ​បញ្ហា​ទល់លាមក​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព​។
    អយ​ស្ទើរ
    ​គឺជា​អាហារ​សមុទ្រ​ម្យ៉ាង​ ដែល​សម្បូរ​ដោយសារ​ធាតុ​ចិញ្ចឹម​ និង​វីតាមីន​ជាច្រើន​ ដូចជា​ សារធាតុ​រ៉ែ​ ស័ង្កសី​ វីតាមីន​ B6​ ដែល​មាន​តួនាទី​ទ្រទ្រង់​ជីវិត​អ័រម៉ូន​ប្រដាប់​ភេទ​ឱ្យ​មាន​កម្លាំង​ខ្លាំងក្លា​ និង​ឆាប់ឡើង​រឹង​។
    ត្រី​សា​ម៉ុន​
    ជា​ត្រី​សមុទ្រ​ ដែល​មាន​ផ្ទុក​ដោយសារ​ធាតុ​អាស៊ីត​ខ្លាញ់​ អូមេហ្គា3​ និង​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​ ដែល​ជួយ​ឱ្យ​លំហូរ​ឈាម​រត់​បាន​ស្រួល​ និង​ជួយ​សម្រួល​ដល់​ការ​រួមភេទ​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទៀតផង​។
    គ្រាប់ល្ពៅ​
    សារធាតុ​ស័ង្កសី​ នៅក្នុង​គ្រាប់ល្ពៅ​ អាច​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​ទាំង​បុរស​ និង​ស្ត្រី​។ តាម​រយ:ការស្រាវជ្រាវ​បាន​បង្ហាញថា​ គ្រាប់ល្ពៅ​អាច​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​ testosterone​ ចំពោះ​បុរស​ដែល​បង្កើន​តម្រូវការ​ផ្លូវភេទ​។ មិន​តែប៉ុណ្ណោះ​ គ្រាប់ល្ពៅ​ ក៏​សម្បូរទៅដោយ​អាស៊ីត​ខ្លាញ់​អូមេហ្គា3​ ដែល​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព​ផ្លូវភេទ​ផង​ដែរ​។ ក្រៅពី​នេះ​សារធាតុ​ បេតា​កា​រ៉ូ​ទីន​ នៅក្នុង​គ្រាប់ល្ពៅ​ មានប្រសិទ្ធភាព​ប្រឆាំង​នឹង​ការ​រលាក​ ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីតកម្ម​ កាត់បន្ថយ​ជំងឺ​ក្រពេញ​ប្រូ​ស្តាត​។
    ផ្លែ​ចេក​ជា​ប្រភេទ​ផ្លែឈើ​ ដែល​មាន​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ប៉ូតាស្យូម​ និង​វីតាមីនB​ ដែល​អាច​ជួយ​ផលិត​អ័រម៉ូន​ភេទ​។ លើស​ពីនេះ​ ទៅទៀត​វា​អាច​ជួយ​បន្ថែម​ឱ្យ​មាន​អារម្មណ៍​ស្រើបស្រាល​ផង​ដែរ​។
    ផ្លែ​ទំពាំងបាយជូរ​
    ជា​ផ្លែឈើ​ម្យ៉ាង​សម្បូរទៅដោយ​សារធាតុ​ប៉ូតាស្យូម​ វីតាមីនA​ និង​ វីតាមីនE​ ដែល​ជួយ​បង្កើន​ឱ្យ​មាន​កាមតណ្ហា​ខ្លាំងក្លា​ និង​ជួយ​ផលិត​មេជី​វិត​ឈ្មោល​។
    ផ្លែ​ប៊័រ​
    ជា​ផ្លែឈើ​មួយ​ ដែល​មាន​រាងដូចជា​ ពងស្វាស​ ដែល​មាន​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ជាច្រើន​ ដូចជា​ វីតាមីនD​ និង​វីតាមីនE​ ដែល​អាច​ជួយ​រាងកាយ​ឱ្យ​មាន​ថាមពល​ខ្លាំងក្លា​ រឹងមាំ​ និង​បាន​យូរ​ នៅពេល​រួមភេទ​។
    ផ្លែ​ស្ត្រប៊ឺ​រី
    ​ស្ត្រប៊ឺ​រី​ ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​មាន​ផ្ទុក​នូវ​វីតាមីនB​ និង​អាស៊ី​តហ្វូ​លិក​ ដែល​អាច​ជួយការ​ពារ​ភាព​មិន​ប្រក្រតី​ពី​កំណើត​។ ជាពិសេស​វីតាមីនC​ របស់​វា​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​ផង​ដែរ​។ ផ្លែ​ស្ត្រប៊ឺ​រី​ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​ផ្លូវភេទ​ ព្រោះ​ជា​អាច​ជួយ​សម្រួល​ដល់​លំហូរ​ឈាម​ទៅកាន់​តំបន់​ឯកជន​ ដូច្នេះ​វា​ត្រូវ​បាន​គេ​ចាត់ទុកជា​ ថ្នាំ​ជំនួយ​ផ្លូវភេទ​បែប​ធម្មជាតិ​។ លើស​ពីនេះ​ទៅទៀត​ ស្ត្រប៊ឺ​រី​ មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ជាង​ប៉េងប៉ោះ​ដល់ទៅ​ 10ដង​ ហើយ​មាន​ផ្ទុក​សារ​ធា​តុ​ហ្វូ​លិក​ខ្ពស់​ជាង​ផ្លែឈើ​ដទៃទៀត​។ សារ​ធា​តុ​ហ្វូ​លិក​នេះ​ ល្អ​សម្រាប់​ស្ត្រី​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​មានផ្ទៃពោះ​ ពីព្រោះ​វា​ជួយ​ជំរុញ​ដល់​ការ​វិវត្ត​នៃ​ខួរក្បាល​ ឆ្អឹងខ្នង​ និង​បង្ការ​ភាព​មិន​ប្រក្រតី​។ ដូចនេះ​ក្នុងចំណោម​អាហារ​ទាំង6ខាងលើ​ប្រាកដជា​មាន1​, 2 ឬលើស​ពីនេះ​ដែល​អាច​ឱ្យ​សុភាពបុរស​ទទួលទាន​ជាប្រចាំ​នៅមុន​ពេល​ដែល​ធ្វើការ​រួមភេទ​ជាមួយ​ដៃគូ​ ដើម្បី​ឱ្យ​កាន់តែ​ពុះ​កញ្ជ្រៀល​ឡើង​៕

    អាហារ​ដែល​ត្រូវ​ចៀសវាង​
    • កាហ្វេ​, សូកូឡា​ និង​ទឹកក្រូច​កូកាកូឡា​ សុទ្ធតែ​សម្បូរ​ជាតិកា​ហ្វេ​អុីន​ ដែល​អាច​ឱ្យ​ងាប់​លិង្គ​ និង​បន្ថយ​លទ្ធភាព​នៃ​ការ​មានកូន​ទៀតផង​។
    • ជាតិ​ស្រា​តែមួយមុខ​អាច​ បន្ថយ​លទ្ធភាព​នៃ​ការ​មានកូន​បាន​ហើយ​ ព្រោះ​វា​មាន​ឥទ្ធិពល​ទៅលើ​ជាតិ​ស័ង្កសី​ បន្ថយ​ចំនួន​មេជី​វិត​ឈ្មោល​ ខូច​រូបរាង​មេជី​វិត​ឈ្មោល​ និង​ធ្វើ​ចលនា​មិនបាន​ល្អ​។ ចំណែក​ឯស្ត្រី​វិញ​ ពេល​មេជី​វិត​ទាំងពីរ​រលាយ​ចូលគ្នា​ហើយ​មិន​អាច​កាច់​សម្បុក​បាន​។ កាលណា​បន្ថែម​ជាតិកា​ហ្វេ​អុីន​ទៀត​ រឹតតែ​ឱ្យ​អាការ​កាន់តែ​ធ្ងន់ធ្ងរ​។
    • ចូរ​ចៀសវាង​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ Saturated​ Fat​, ជាតិ​ស្ករ​ និង​ប្រៃ​ ព្រោះ​វា​ទៅកាត់​បន្ថយ​ជីវជាតិ​ដែល​រាងកាយ​ត្រូវការ​សម្រាប់​ការ​បង្ក​កំណើត​។
    • ចូរ​ចៀសវាង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ ព្រោះ​វា​នឹង​មិន​អាច​ស្រូប​បាន​នូវ​ជីវជាតិ​សំ​ខាន់​ៗបានទេ​។
    • ថ្មី​ៗនេះ​ការស្រាវជ្រាវ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ សណ្តែកសៀង​ប្រហែល​ជា​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​លទ្ធភាព​នៃ​ការ​មានកូន​បាន​ ដូច្នេះ​គួរតែ​ចៀសវាង​អាហារ​បែបនេះ​។
    • ចៀសវាង​អាហារ​ញៀន​ និង​មាន​ជាតិ​ស្ករ​សិប្ប​និមិត្ត​។
    • សម្រាប់​ស្ត្រី​ នៅពេល​ជាលិកា​សម្បូរ​ជាតិ​អាល់កាឡាំង​ វា​នឹង​ជំនួយ​ដល់​ការ​បង្ក​កំណើត​៕

  • អ្នក​ទេស​ចរ​អាមេរិកាំងម្នាក់​​ដែល​ចាក​​ចេញ​ពី​នាវា​ Westerdam ពេល​នេះ​បាន​ជា​សះស្បើយ​វិញ​ហើយ​

    អ្នក​ទេស​ចរ​អាមេរិកាំងម្នាក់​​ដែល​ចាក​​ចេញ​ពី​នាវា​ Westerdam ពេល​នេះ​បាន​ជា​សះស្បើយ​វិញ​ហើយ​

    អ្នក​ទេសចរ​ជន​ជាតិ​អាមេរិកាំងម្នាក់​ ដែល​ម៉ាឡេស៊ី​ប្រកាស​ថា មាន​ផ្ទុក​មេរោគ​កូរូណា បន្ទាប់​ពី​ចាក​ចេញ​ពី​នាវា​ Westerdam ដែលកំពុង​​ចត​នៅ​ឯកំពង់​ផែ​ក្រុង​ព្រះសីហនុ ពេល​នេះ បាន​ជា​សះ​ស្បើយ​វិញ​ហើយ។ នេះ​បើ​តាម​សារ​ព័ត៌​មាន​ The Star ។

    ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ឱ្យ​ដឹង​ថា ស្ត្រីជន​ជាតិ​អាមេរិកាំង​វ័យ​83ឆ្នាំម្នាក់​ ដែលជា​អ្នក​ទេស​ចរ​នៃ​នាវា​ Westerdam ពេល​នេះ​បាន​ជា​សះស្បើយ​ហើយ​ បន្ទាប់​ពី​ការ​សម្រាក​ព្យា​បាល​អស់​មួយ​រយៈ​ពេល​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

    ការ​ធ្វើ​តេស្ត​រក​មេរោគ​ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ជា​ញឹក​ញាប់​ ហើយ​​លទ្ធ​ផល​ចុង​ក្រោយ​ជា​ច្រើន​ដង​ បាន​បង្ហាញ​ថា អ្នក​ជំងឺ​នេះ លែង​មាន​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ខ្លួន​ទៀត​ហើយ។ ប៉ុន្តែ អ្នក​ជំងឺ​នេះ នៅ​តែ​ត្រូវ​បាន​គេ​តាម​ដាន​​បន្ត​ទៀត​ ដោយ​សារ​សុខ​ភាព​មិន​ទាន់​ល្អ​ដូច​ដើម​ និង​នៅ​មាន​រោគ​សញ្ញានៃ​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី។

    “នៅ​ពេល​គាត់​លែង​មាន​អាការ​រោគ​ គាត់​នឹងត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​ពេទ្យ” នេះ​ជា​សម្ដី​របស់​វេជ្ជ​បណ្ឌិត Wan Azizah ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    គួរ​រំឭក​ថា ស្ត្រី​អ្នក​ជំងឺ​ខាង​លើ​នេះ គឺជា​អ្នក​ទេសចរ​ម្នាក់​របស់​នាវា MS Westerdam ដែល​ធ្វើ​ដំណើរ​ជា​មួយ​ស្វាមី​​របស់​គាត់ បាន​មក​ដល់​​កំពង់​ផែ​ខេត្ត​ព្រះសីហនុ​ កាល​ពី​សប្ដាហ៍​មុន​។

    អ្នក​ជំងឺ​ខាង​លើ​ រួម​នឹង​ស្វាមី និង​ភ្ញៀវ​ចំនួន 145នាក់​ផ្សេង​ទៀត មក​ពី​នាវា​ MS Westerdam បាន​ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា​តាម​ជើង​យន្ត​ហោះ​ពិសេស​មួយ​ ទៅ​កាន់​ក្រុង​ Kuala Lumpur បន្ទាប់​ពី​បាន​ឡើង​គោក។ ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​អស់​នៅ​លើ​យន្ត​ហោះ​នោះ មាន​តែ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​គត់​ដែល​មាន​រោគ​សញ្ញា​នៃ​ជំងឺ​កូរ៉ូណា​។

    ការ​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​ទៅ​លើ​ស្រ្តី​វ័យ​83ឆ្នាំ​ខាង​លើចំនួន​2លើកដំបូង បាន​បង្ហាញ​ថា គាត់​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19។ ​ភ្លាម​នោះ គាត់​ត្រូវ​បាន​បញ្ជូន​ចូលកាន់​​មន្ទីរពេទ្យ​ Sungai Buloh។ នេះ​បើ​តាម​ទីភ្នាក់​ងារ​សារ​ព័ត៌មាន The Star។

    ស្វាមី​របស់​អ្នក​ជំងឺ​នេះ ត្រូវ​បាន​គេ​ធ្វើ​តេស្ត​ឃើញ​ថា មិន​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នោះ​ទេ ប៉ុន្តែ គាត់​ស្ម័គ្រ​ចិត្ត​នៅ​ជាមួយ​ប្រពន្ធ​ក្នុង​មន្ទីរ​ពេទ្យ​ម៉ាឡេស៊ី៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • រក​ឃើញ “សម្បុក​មេរោគ”​ កូរ៉ូណាទី2 នៅ​ឯ​មន្ទីរពេទ្យ​មួយ​ ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង

    រក​ឃើញ “សម្បុក​មេរោគ”​ កូរ៉ូណាទី2 នៅ​ឯ​មន្ទីរពេទ្យ​មួយ​ ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង

    មន្ទីរ​ពេទ្យ​មួយ​នៅ​ក្នុង​តំបន់ Cheongdo នៃ​ប្រទេស​កូរ៉េខាង​ត្បូង អាច​ជា​សម្បុក​មេរោគ​កូរ៉ូណាទី2​ នៅ​កូរ៉េខាង​ត្បូង ក្រោយ​ពី​បាន​រក​ឃើញ​អ្នក​ជំងឺ​សរុប​15នាក់ មាន​ផ្ទុក​មេរោគ​បង្ក​រលាក​សួត​ប្រភេទ​ថ្មី COVID-19 នៅ​ទី​នេះ​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ម្នាក់​បាន​បាត់​បង់​ជីវិត​។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ AFP បាន​រាយ​ការណ៍​ថា អ្នក​ជំងឺ​ដែល​បាន​ស្លាប់​នោះ មាន​អាយុ​ប្រហែល​60​ឆ្នាំ ធ្លាប់​បាន​ទទួល​ការ​ព្យា​បាល​នៅ​ឯមន្ទីរ​ពេទ្យ​ Cheongdo Daenam ខេត្ត​ Gyeongsang ខាង​ជើង អស់​រយៈ​ពេល​យ៉ាង​យូរ។ អ្នក​ជំងឺ​នេះ ទើប​តែ​បាន​ស្លាប់​កាល​ពី​ថ្ងៃទី​19កុម្ភៈកន្លង​ទៅ​។

    “យើង​ស្នើ​ឱ្យ​អ្នក​ជំងឺ​ដែល​ធ្លាប់​បាន​មក​ព្យា​បាល​នៅ​ឯមន្ទីរពេទ្យ (Cheongdo Daenam)នេះ នា​ពេល​​​ថ្មី​ៗ​នេះ ត្រូវ​តែ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ឯង” នេះ​ជា​ការ​ណែនាំ​របស់​ Jung Eun-kyeong ដែល​ជា​ប្រធាន​មជ្ឈ​មណ្ឌល​ទប់​ស្កាត់​ និង​គ្រប់​គ្រង​អាសន្ន​រោគរបស់​​កូរ៉េខាង​ត្បូង (KCDC)។

    ក្នុង​ថ្ងៃ​ទី​20កុម្ភៈ ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 នៅ​កូរ៉េខាង​ត្បូង​​ បាន​កើន​​53ករណី ដែល​តួលេខ​នេះ​កើន​ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុប​នៅ​ប្រទេស​នេះឡើង​ដល់​104នាក់​​ ក្នុង​នោះ​ នៅ​ឯមន្ទីរពេទ្យ​ Cheongdo មាន​អ្នក​ឆ្លង​មេរោគ​13នាក់​បន្ថែម​ទៀត​ បន្ទាប់​ពី​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​2នាក់​​មុន​នោះ​មួយ​ថ្ងៃ​។

    អ្នក​ជំងឺ​ដំបូង​2នាក់​ដែល​មាន​ផ្ទុក​វីរុស​កូរ៉ូណានៅ​ឯមន្ទីរពេទ្យ​ Cheongdo Daenam ដំបូង​ឡើយ​ត្រូវ​បាន​ឱ្យ​សម្រាក​ព្យា​បាល​នៅ​ឯមន្ទីរ​ឯក​ទេស​ផ្នែក​សរសៃ​ប្រសាទរយៈ​ពេល​1ខែ​ពេញ​។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​​ថា អ្នក​ជំងឺ​នេះ​ប្រហែល​ជា​បាន​ចម្លង​មេរោគ​ទៅកាន់​អ្នក​ជំងឺ​ដទៃ​​ជា​ច្រើន​នាក់​ទៀត​ នៅ​ក្នុង​មន្ទីរពេទ្យ​ខាង​លើ​នេះ​ដែរ​​។

    ក្រុម​មន្ត្រី​សុខាភិបាល​កូរ៉េខាង​ត្បូង​ កំពុង​ស្វែង​យល់​អំពី​ទំនាក់​ទំនង​រវាង​អ្នក​ដែល​បាន​ឆ្លង​មេរោគ​នៅ​ឯមន្ទីរពេទ្យ​ Cheongdo Daenam ជាមួយ​នឹង​ករណី​ឆ្លង​វីរុស​នៅ​ឯទី​ក្រុង Daegu ។

    នៅ​ក្នុង​ទី​ក្រុង​ Daegu ស្ត្រី​មាន​អាយុ​61ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ចម្លង​មេរោគ COVID-19 ទៅ​ឱ្យ​មនុស្ស​យ៉ាង​តិច​37នាក់ នៅក្នុង​ពិធី​បួង​សួង​មួយ​ក្នុង​វិហារ​ Shincheonji។ ស្ត្រី​រូប​នេះ​ ទៅ​កាន់​មន្ទីរពេទ្យ​ Cheongdo Daenam កាល​ពី​ដើម​ខែ​នេះ​។ ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​ បាន​ឱ្យ​ដឹង​ថា ក្រុម​មនុស្ស​ដែល​​បាន​ចូល​រួម​ក្នុង​ពិធី​បួង​សួង​ខាង​លើ ក៏ធ្លាប់​បាន​ទៅ​កាន់​មន្ទីរពេទ្យ​ Cheongdo Daenam ជា​ញឹក​ញាប់ផង​​ដែរ​​ដើម្បី​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​សម្រាប់​កិច្ច​ការ​មនុស្ស​ធម៌​មួយ​ចំនួន​។

    តួលេខ​នៃ​ករណី​ឆ្លង​មេរោគ​កូរ៉ូណា COVID-19 នៅ​កូរ៉េខាង​ត្បូង បាន​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្នុង​នោះ​ភាគ​ច្រើន​គឺ​នៅ​ក្នុង​ទី​ក្រុង​ Daegu។ បច្ចុប្បន្ន កូរ៉េខាង​ត្បូង បាន​ក្លាយ​ជា​ប្រទេស​​ដែល​មាន​អ្នក​ជំងឺ​កូរ៉ូណា​ COVID-19 ច្រើន​ជាង​គេ​បង្អស់​លំដាប់​ទី​3​នៅ​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន និង​ប្រទេស​ជប៉ុន​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អ្នកទេសចរ​ចុង​ក្រោយ​នៃ​​នាវា​ Westerdam ​បាន​មក​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ និង​ត្រៀម​ខ្លួន​​វិល​ត្រឡប់​ទៅ​ស្រុក

    អ្នកទេសចរ​ចុង​ក្រោយ​នៃ​​នាវា​ Westerdam ​បាន​មក​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ និង​ត្រៀម​ខ្លួន​​វិល​ត្រឡប់​ទៅ​ស្រុក

    អ្នក​ទេសចរ​ចុង​ក្រោយ​ចំនួន​233នាក់មក​ពី​​នាវា​ Westerdam បាន​មក​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​​ភ្នំ​ពេញ​​កាល​ពី​ល្ងាច​ថ្ងៃទី​19កុម្ភៈ និង​ត្រៀម​ខ្លួន​ឡើង​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​រៀង​ៗខ្លួន​ បន្ទាប់​ពី​បាន​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​។

    អ្នក​ទេសចរ​ខាង​លើ​នេះ បាន​ចាក​ចេញពី​នាវា​ Westerdam ដែល​កំពុង​ចត​នៅ​ឯកំពង់​ផែ​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការ​ជូន​ដំណើរ​ និង​ទទួល​ស្វាគមន៍​ ពី​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនកម្ពុជា​ ឯក​ឧត្តម ស៊ុន ចាន់​ថុ​ល និង​ អ្នក​គ្រប់​គ្រង​នាវា Westerdam លោក Orlando Ashford រួម​នឹង​ថ្នាក់​ដឹក​នាំ​ក្រសួង​សុខា​ភិបាល​ ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ​។ល។

    ក្រុម​អ្នក​ទេសចរ​ 233នាក់មក​ពី​​នាវា​ Westerdam នេះ បាន​ស្នាក់​នៅ​ក្នុង​សណ្ឋា​គារ សុខា​ភ្នំ​ពេញ និង​បាន​សប្បាយ​រីក​រាយ​ជា​មួយ​នឹង​ទស្សនីយភាព​សិល្បៈបុរាណ​ខ្មែរ​នៅ​ទី​នោះ​ផងដែរ​ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក​ ឯក​ឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍។

    នៅ​ឯខេត្ត​ព្រះ​សីហនុវិញ នាវា​ទេសចរណ៍ Westerdam ក៏​នឹង​ត្រូវ​ចាក​ចេញ​ពី​កំពង់​ផែ​ ដោយ​នាំ​យក​បុគ្គលិក​នាវា​ចំនួន 747នាក់ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន។

    នាវា​ទេសចរណ៍​របស់​​អា​មេ​រិ​ក​ Westerdam នេះ បាន​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​​ថ្ងៃ​ទី​13​កុម្ភៈ ឆ្នាំ​2020 បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​ពីកម្ពុជា​ ក្រោយពីធ្វើ​ដំណើរ​គ្មាន​ទីដៅ​​រយៈ​ពេល​2សប្ដាហ៍នៅ​លើ​សមុទ្រ​ ដោយ​សារ​តែ​ប្រទេស​មួយ​ចំនួន​ មិន​អនុញ្ញាត​ឱ្យ​ចូល​ចត ព្រោះ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា និងដោយ​សារ​​តែ​​នាវា​នេះ​ធ្លាប់​ស្ថិត​នៅ​ក្នុងកំពង់​ផែ​ទីក្រុង​ហុង​កុង​ដែល​ជា​តំបន់​អាច​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19៕

  • ពលរដ្ឋ​​2,5លាន​នាក់​នៅ​កូរ៉េខាង​ត្បូង​ បង្ខំ​ចិត្ត​បង្ខាំង​ខ្លួន​ក្នុង​ផ្ទះ​ ព្រោះ​មេរោគ​កូរ៉ូណា

    ពលរដ្ឋ​​2,5លាន​នាក់​នៅ​កូរ៉េខាង​ត្បូង​ បង្ខំ​ចិត្ត​បង្ខាំង​ខ្លួន​ក្នុង​ផ្ទះ​ ព្រោះ​មេរោគ​កូរ៉ូណា

    ចំនួន​អ្នក​បាន​ឆ្លង​វីរុស​កូរ៉ូណា COVID-19 បាន​កើន​ឡើង​ខ្លាំង​ ធ្វើ​ឱ្យ​ប្រជាជន​នៅ​ក្នុង​ទី​ក្រុង​ Daegu របស់​ប្រទេស​កូរ៉េខាង​ត្បូង​មាន​ការ​ភ័យ​ខ្លាចចំពោះ​ការ​ចាប់​ផ្ដើម​រាត​ត្បាត​នៃ​អាសន្ន​រោគ​នេះ​។ ពល​រដ្ឋ​ប្រមាណជា​2,5លាន​នាក់​នៅ​ក្នុង​ទី​ក្រុង​នេះ ត្រូ​វ​បាន​ស្នើ​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ​។

    ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ តួលេខ​នៃ​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ នៅ​កូរ៉េខាងត្បូង​ បាន​ចាប់​ផ្ដើម​កើន​ឡើង​យ៉ាង​លឿន​ ក្នុង​នោះ​កាល​ពី​ម្សិល​មិញ(20កុម្ភៈ) វា​បាន​កើន​ឡើង​ទ្វេ​ដង​ បើ​ធៀប​នឹង​ប៉ុន្មាន​ថ្ងៃ​មុន​ ដោយ​ពេល​នេះ​​អ្នក​​ផ្ទុក​មេរោគ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ មាន​ចំនួន​104ករណី​ ក្នុង​នោះ​ភាគ​ច្រើន​គឺ​នៅ​ក្នុង​ទី​ក្រុង​ Daegu ដែល​ជា​ទី​ក្រុង​ធំបំផុត​ទី​4​របស់​កូរ៉េខាង​ត្បូង ដោយ​មាន​ប្រជា​ជន​សរុប​2,5លាន​នាក់​។ កាល​ពី​ម្សិល​មិញ​នេះ​ដែរ ប្រទេស​នេះ​ក៏​មាន​អ្នក​ស្លាប់​ដំបូង​ដោយ​សារ​វីរុស​កូរ៉ូណា​។ ករណី​នេះ​កាន់តែ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ក្នុង​ស្រទាប់​ប្រជា​ជន​ ខណៈ​ដែល​នៅ​ទូទាំង​ពិភពលោក ​​អាសន្ន​រោគ​កូរ៉ូណា COVID-19 បាន​សម្លាប់​មនុស្ស​ 2,247នាក់់់់់ និង​បាន​ឆ្លង​ទៅ​មនុស្ស​76,295​នាក់​។

    អភិបាល​ក្រុង Daegu លោក Kwon Young-jin បាន​ស្នើ​ពល​រដ្ឋ​ទាំង​អស់​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ បន្ទាប់​ពី​អ្នក​ដែល​ធ្លាប់​បាន​ចូល​រួម​ក្នុង​ពិធីបុណ្យ​នៅ​ឯវិហារ​ Shincheonji មាន​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សួត​ថ្មី COVID-19 ខណៈ​​មនុស្ស​​រាប់​សិប​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា មា​ន​ផ្ទុក​មេរោគ​នេះ​។

    ប៉ុន្មាន​ថ្ងៃ​មុននេះ ស្ត្រី​អាយុ​61​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ធ្លាប់​បាន​ចូល​រួម​ក្នុង​ពិធីបុណ្យ​នៅ​ឯវិហារ​ Shincheonji នោះ​ដែរ ហើយ​ត្រូវ​គេ​អះអាង​ថា បាន​ចម្លង​ទៅ​មនុស្ស​យ៉ាង​តិច​37​នាក់​។

    “យើង​កំពុង​ប្រឈម​នឹង​វិបត្តិ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​។ យើង​មាន​គម្រោង​នឹង​ធ្វើ​តេស្ត​រក​មេរោគ​ចំពោះ​អ្នក​ទាំង​ឡាយណា​​ដែល​បាន​ចូល​រួម​ក្នុង​ពិធីបួង​សួងនៅ​ឯវិហារ Shincheonji។ យើង​បាន​ស្នើ​ឱ្យ​ពួកគេ​នៅ​ក្នុង​ផ្ទះ និង​មិន​ត្រូវ​នៅ​ក្បែរ​សមាជិក​ផ្សេង​ៗ​ក្នុង​គ្រួ​សារ​” នេះ​ជា​សម្ដី​របស់​អភិបាល​ក្រុង​ Daegu លោក​​ Kwon Young-jin។

    ទីក្រុង​ “ស្ងាត់​ជ្រងំ”

    ដង​ផ្លូវនានា​ក្នុង​ទី​ក្រុង​​ Daegu ស្ទើរ​តែ​​ក្លាយ​ទៅ​ជា​ទី​ក្រុង​ខ្មោច ព្រោះ​​មិន​មាន​មនុស្ស​ធ្វើ​ដំណើរ​ដូច​មុន​ បន្ទាប់​​ពី​មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​ទី​ក្រុង​នេះ បាន​ឆ្លង​មេរោគ​កូរ៉ូណា​។ មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម រោង​ភាព​យន្ត ភោជនីយដ្ឋាន​ជា​ដើម ក៏​ស្រាប់​តែ​លែង​មាន​មនុស្ស​ដូចសព្វ​មួយ​ដង​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ Reuters។

    បុរស​វ័យ​28ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Kim Geun-woo បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ Reuters ថា៖ “មាន​អារម្មណ៍​ថា ដូច​ជា​មាន​អ្នក​ណា​ម្នាក់​ទម្លាក់​គ្រាប់​បែប​ចំកណ្ដាល​ទី​ក្រុង​។ ស្ថាន​ភាព​ដូច​ជា​កំពុង​ស្ថិត​នៅ​ក្នុង​ថ្ងៃ​ភ្លើង​ឆេះ​កាល្បដូច្នោះ​ដែរ​”។

    អាជ្ញា​ធរ​ទី​ក្រុង Daegu បាន​ស្នើ​ឱ្យ​បិទ​ទ្វារមជ្ឈ​មណ្ឌល​ថែ​រក្សា​កុមារ​ទាំង​អស់ ខណៈ​ដែល​សាលា​រៀន​ ត្រូវ​លើក​ពេល​ចូល​រៀន​ទៅ​អាទិត្យ​ក្រោយ​ ដែល​នេះ​ជា​ប្រការ​មិនធ្លាប់​មាន​ពីមុន​មក​។ ក្រសួង​ការពារ​ជាតិ​កូរ៉េខាង​ត្បូង​ក៏​បាន​ហាម​មិន​ឱ្យ​ទាហាន​នៅ​ក្នុង​តំបន់​ Daegu ចាក​ចេញពី​បន្ទាយ​ ឬ​ទទួល​ភ្ញៀវ ក្រោយ​​ពីមាន​ទាហាន​ម្នាក់ ថ្មី​ៗ​នេះ បាន​ទៅ​លេង​ផ្ទះ​នៅ​​ឯទី​ក្រុង Daegu ហើយបាន​ឆ្លង​មេរោគ​កូរ៉ូណា​។ មូល​ដ្ឋាន​ទ័ព​សហ​រដ្ឋ​អាមេរិក​នៅ​​ក្នុង​តំបន់​នេះ​ក៏បាន​អនុវត្ត​វិធាន​ការ​ដូច​គ្នា​នេះ​ដែរ​។

    អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​កូរ៉េខាង​ត្បូង Kim Kang-lip ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ម្សិល​មិញ​បាន​និយាយ​ថា ស្ថាន​ការណ៍អាសន្ន​រោគនៅ​ប្រទេស​នេះ “ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភមែន​”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ចង់​មាន​សុខភាព​ល្អ​ ត្រូវតែ​អាន​ “រឿង​ 6 យ៉ាងដែល​គួរ​ដឹង​ ពាក់ព័ន្ធ​នឹង​សុខភាព​”

    ចង់​មាន​សុខភាព​ល្អ​ ត្រូវតែ​អាន​ “រឿង​ 6 យ៉ាងដែល​គួរ​ដឹង​ ពាក់ព័ន្ធ​នឹង​សុខភាព​”

    បច្ចុប្បន្ន​នេះ​រោគា​ទាំងឡាយ​ក្លាយជា​រឿង​ក្បែរ​ៗខ្លួន​ ដែល​ចាំតែ​សួររក​មុខ​យើង​ជានិច្ច​ ដូច្នេះហើយ​ទើប​យើង​ត្រូវតែ​មើលថែ​ទាំ​សុខភាព​ឱ្យ​បាន​ល្អជា​ពិសេស​ ​អ្នកខ្លះ​អាច​នឹង​ស្វែងរក​អាហារ​បន្ថែម​ ឬអាហារ​បំប៉ន​ផ្សេង​ៗដើម្បី​បំប៉ន​រាងកាយ​ឱ្យ​មាន​សុខភាព​ល្អ​ ទាំង​ការពិត​ទៅ​ ការ​មាន​សុខភាព​ល្អ​អាច​ជា​រឿង​ងាយ​ជាង​លោកអ្នក​គិតទៅ​ទៀត​ ដូចដែល​ថ្ងៃនេះ​ជាដើម​ ឡា​រ៉ែ​ន សូម​នាំ​យក​រឿង​ដែល​គួរ​ឱ្យ​យល់ដឹង​ពាក់ព័ន្ធ​នឹង​សុខភាព​ដ៏​ល្អ​ មក​ជម្រាប​មិត្ត​អ្នកអាន​ដូច​ខាងក្រោម​ “ចង់​មាន​សុខភាព​ល្អ​ ត្រូវតែ​អាន​”។

    1. ចេកទុំ​ ជួយ​កាត់បន្ថយ​អាការ​ឆ្អល់ពោះ​បាន​មុននឹង​ទៅ​មើល​ថា​ តើ​យ៉ាងម៉េច​បាន​ផ្លែ​ចេក​ជួយ​កាត់បន្ថយ​អាការ​ឆ្អល់ពោះ​បាន​នោះ​ ​យើង​មក​ស្គាល់​ពី​អាការ​ឆ្អល់ពោះ​ជាមុន​សិន​…ឆ្អល់ពោះ​ គឺជា​អាការ​ដែល​កើ​តមាន​ហ្កាស​ច្រើន​នៅក្នុង​ក្រពះ​ ជួនកាល​កើត​ឡើង​ដោយសារ​ការ​ទទួលទាន​ជាតិ​សូដ្យូម​ច្រើនជ្រុល​ពេក​ ហើយ​ផ្លែ​ចេក​នេះឯង​ដែល​នឹង​ជួយ​ធ្វើ​ឱ្យ​អាការ​ឆ្អល់ពោះ​ធូរស្រាល​បាន​ ព្រោះ​ចេក​មាន​បរិមាណ​ប៉ូតាស្យូម​ខ្ពស់​ ដែល​នឹង​ទៅ​ចាត់ការ​ផល​ប៉ះពាល់​ដែល​កើតឡើង​ដោយសារ​សូដ្យូម​ដែល​លើស​នោះ​ ធ្វើ​ឱ្យ​អាការ​ឆ្អល់ពោះ​ថយ​ចុះ​បាន​។

    2. ទឹក​នៅក្នុង​រាងកាយ​នឹង​ធ្វើ​ឱ្យ​ទម្ងន់​ខ្លួន​របស់​អ្នក​ឡើង​-ចុះ​យ៉ាងតិច​ ក្នុង​ 1ថ្ងៃ​ 1-2គីឡូក្រាម​តើ​លោកអ្នក​ធ្លាប់​នឹក​ឆ្ងល់​ខ្លះ​ទេ​ថា​ ហេតុ​អី​បាន​យើង​ថ្លឹង​ទម្ងន់​នៅពេល​ព្រឹក​ និង​នៅពេល​ល្ងាច​ ទម្ងន់​ចេញ​មក​ខុសគ្នា​ ទាំង​យើង​មិនទាន់​បាន​ញ៉ាំ​អី​ច្រើន​ផង​នោះ​? នេះ​គឺ​ដោយសារតែ​ទម្ងន់​របស់​ទឹក​នៅក្នុង​រាងកាយ​ដែល​ចេញ​មក​ពី​អាហារ​ដែល​មាន​រសជាតិ​ប្រៃ​ ឬសភាវ​មាន​វដ្ត​រដូវ​ប្រចាំខែ​របស់​អ្នក​ដែល​ធ្វើ​ឱ្យ​ទម្ងន់​ខ្លួន​ឡើង​ ឬចុះ​គ្រប់ពេលវេលា​។ បើ​អ្នក​ចង់​ចាត់ការ​រឿង​ទឹកដែល​នៅក្នុង​រាងកាយ​នេះ​ អ្នក​គួរតែ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​ប្រើ​ថ្នាំបញ្ចុះ​ទឹកនោម​ក៏បាន​។

    3. ការ​អង្គុយ​នៅ​មួយ​កន្លែង​ក្នុង​ 1ថ្ងៃ​ៗ យូរ​ជាង11ម៉ោង​ នឹង​ធ្វើ​ឱ្យ​អាយុ​ខ្លី​ការ​អង្គុយ​ធ្វើការ​នៅនឹង​តុ​រហូត​ ដោយ​មិន​ក្រោក​ទៅណា​ពេញមួយថ្ងៃ​ អាច​នឹង​ធ្វើ​ឱ្យ​អ្នក​អាយុ​ខ្លី​ដោយ​មិនដឹង​ខ្លួន​ ​នោះ​គឺ​ដោយសារតែ​ នៅពេល​ដែល​រាងកាយ​របស់​យើង​មិនបាន​កម្រើក​ ឬធ្វើ​ចលនា​ទៅណា​ វា​អាច​បង្ក​ឱ្យ​កើតមាន​បញ្ហា​សុខភាព​បាន​ មិនថា​តែ​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ដុត​បំផ្លាញ​ក្នុង​រាងកាយ​ ប្រព័ន្ធ​រំលាយអាហារ​ ប្រព័ន្ធ​បន្ទោបង់​ ឬសូម្បីតែ​ប្រព័ន្ធ​ឈាម​រត់​ក៏ដោយ​ ​ដូច្នេះ​បើ​ចង់​មាន​អាយុវែង​ គួរ​ឧស្សាហ៍​ក្រោក​ចេញពី​តុ​ធ្វើការ​ខ្លះ​ផង​ គ្រាន់តែ​ក្រោក​ទៅ​ចូលបន្ទប់​ទឹក​ក៏​ជួយ​បាន​ច្រើន​ដែរ​។

    4. តែ​បៃតង​ជួយ​បង្កើន​ការ​ធ្វើការ​របស់​ខួរក្បាល​បាន​យើង​ដឹង​ច្បាស់​ហើយ​ថា​ តែ​បៃតង​មានប្រយោជន៍​ច្រើនណាស់​ ​ជាពិសេស​តែ​បៃតង​នេះ​ មាន​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ខ្ពស់​ ទើប​វា​ជួយការ​ពារ​ការ​កើតជំងឺ​មហារីក​បាន​ តែ​ប្រយោជន៍​មួយទៀត​ដែល​សំខាន់​នោះ​គឺ​ តែ​បៃតង​ជួយ​បង្កើន​ការ​ធ្វើការងារ​របស់​ខួរក្បាល​បាន​ទៀតផង​ ដោយមាន​ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញថា​ អ្នក​ដែល​ញ៉ាំ​តែ​បៃតង​ជាប់​ជាប្រចាំ​ នឹង​ធ្វើ​ឱ្យ​មានការ​ចងចាំ​ល្អ​ជាង​អ្នក​ដែល​មិនធ្លាប់​ញ៉ាំ​សោះ​។

    5. ស្ករ​ ធ្វើ​ឱ្យ​អាការ​ក្នុងអំឡុងពេល​មាន​វដ្ត​រដូវ​កាន់តែ​អាក្រក់​ស្ត្រីជា​ច្រើន​ ច្រើនតែ​គិតថា​ ការ​ទទួលទាន​បង្អែម​នៅក្នុង​អំឡុង​ពេល​មាន​រដូវ​ប្រចាំខែ​ នឹង​ជួយ​ឱ្យ​អា​ការ​ផ្សេង​ៗដែល​កើតឡើង​ក្នុងអំឡុងពេល​នោះ​ថយ​ចុះ​ ​តែ​ការពិត​វិញ​ ជាតិ​ស្ករ​ហ្នឹងឯង​ដែល​ជា​បច្ច័យ​អាក្រក់​ធ្វើ​ឱ្យ​អាការ​ទាំងនោះ​កាន់តែ​អាក្រក់​ឡើង​ ​ព្រោះ​ការ​ទទួលទាន​ស្ករ​(ជាតិ​ផ្អែម​)ច្រើនពេក​នឹង​ធ្វើ​ឱ្យ​ជាតិ​ម៉ាញេស្យូម​ក្នុង​រាងកាយ​ថយ​ចុះ​ ធ្វើ​ឱ្យ​ឆ្អល់ពោះ​ ដែល​អាការ​ឆ្អល់ពោះ​នេះ​ គឺជា​អាការ​មួយ​ដែល​ស្ត្រី​មិន​ចង់ឱ្យ​កើតមាន​ក្នុង​អំឡុង​ពេល​មាន​រដូវ​ឡើយ​ ដូច្នេះ​បើ​ពេល​មាន​រដូវ​ប្រចាំខែ​ គួរ​ប្តូរ​ពី​បង្អែម​មក​ទទួលទាន​ផ្លែឈើ​វិញ​ប្រសើរ​ជាង​បាយ​អង្ករ​ស្រូវសាលី​ជួយ​ឱ្យ​អារម្មណ៍​ល្អ​ជឿ​ថា​ អ្ន​កណាៗ​ក៏​ចង់​មាន​ពេលព្រឹក​ និង​ថ្ងៃធ្វើការ​ដ៏​ស្រស់ថ្លា​ដែរ​ ​ដូច្នេះ​ ឡា​រ៉ែ​ន ចង់​ប្រាប់​ថា​ បាយ​អង្ករ​ស្រូវសាលី​អាច​ជួយ​បាន​ ព្រោះ​អង្ករ​ស្រូវសាលី​នឹង​ទៅ​ជួយ​បង្កើន​កម្រិត​របស់​អ័រម៉ូន​សេ​រ៉ូ​ថូ​និន​(Serotonin​)នៅក្នុង​ខួ​ក្បាល​ ​ដោយសារ​ធាតុ​មួយ​នេះ​គឺជា​សារធាតុ​ដែល​ជួយ​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍ល្អ​។ ដូច្នេះ​ពេលព្រឹក​ថ្ងៃស្អែក​នេះ​ សាកល្បង​រក​បាយ​អង្ករ​ស្រូវសាលី​មក​ញ៉ាំ​ធ្វើជា​អាហារ​ពេលព្រឹក​ម្តង​មើល៍​…។

    6. ការហាត់ប្រាណ​ គួរ​ប្តូរ​ពី​បង្អែម​មក​ទទួលទាន​ផ្លែឈើ​វិញ​ប្រសើរ​ជាង​ពេល​ខ្លួន​ចាស់​ទៅ​ការ​ចាប់ផ្តើម​ហាត់ប្រាណ​តាំងពី​វ័យ​កំលោះក្រមុំ​ ក្រៅពី​នឹង​ធ្វើ​ឱ្យ​សុខភាព​រឹងមាំ​ល្អជា​បន្ត​រហូត​ទៅដល់​អនាគត​ហើយ​នោះ​ នៅ​មានផល​វិជ្ជមាន​ដល់​ខួរក្បាល​ទៀត​ ព្រោះ​មានការ​សិក្សា​ស្រាវជ្រាវ​មួយ​បានការ​ហាត់ប្រាណ​ជាប្រចាំ​ក្នុង​អំឡុង​អា​យុង​អំឡុង​អាយុ​ 20ឆ្នាំ​រហូត​មក​ នឹង​ជួយ​ឱ្យ​មានការ​ចងចាំ​ល្អ​ ទោះជា​វ័យ​ហួស​ទៅដល់​ 40​ ឬ 50ឆ្នាំ​ហើយក៏​ដោយ​សុខភាព​រាង​កា​យង​កាយ​របស់​យគឺជា​រឿង​សំខាន់​ បើ​យើង​ចេះ​មើល​ថែទាំ​វា​ឱ្យ​បាន​ល្អ​ នឹង​ជួយ​ឱ្យ​សុខភាព​ផ្លូវចិត្ត​របស់​យើង​ល្អ​ទៅតាម​នោះ​ដែរ​ ​តែបើ​អ្នក​ព្រងើយកន្តើយ​ វា​អាច​នឹង​ធ្វើ​ឱ្យ​ទាំង​រាងកាយ​ និង​ផ្លូវចិត្ត​របស់​អ្នក​កាន់តែ​យ៉ាប់យ៉ឺន​ទៅ​ បន្ទាប់ពី​នោះ​រោ​គា​ផ្សេង​ៗនឹង​តាម​មក​ ដូច្នេះ​គួរ​នាំគ្នា​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​៕

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា COVID-19 ឡើង​ដល់​2,247នាក់

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា COVID-19 ឡើង​ដល់​2,247នាក់

    ខេត្ត Hubei មាន​អ្នក​ស្លាប់​បន្ថែម​​115នាក់ កើន​5,6% បើ​ធៀប​នឹង​តួលេខ​កាល​ពី​ម្សិល​មិញ និង​ធ្វើ​ឱ្យ​ខេត្ត​នេះ​ មា​ន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​ COVID-19 ឡើង​ដល់​2,144នាក់។

    គណៈកម្មការ​សុខាភិបាល​ខេត្ត Hubei ព្រឹក​នេះ​បាន​ប្រកាស​ថា ចំនួន​អ្នក​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 ក្នុង​ខេត្ត​នេះ មាន​ 62,442នាក់ កើន​411ករណី​ បើ​ធៀប​នឹង​ម្សិល​មិញ។ ខេត្ត​នេះ​ក៏​មាន​អ្នក​ស្លាប់​បន្ថែម​115នាក់ កើន​5,6% ធៀប​នឹង​ថ្ងៃ​មុន​ ដូច្នេះ​​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ក្នុង​ខេត្ត Hubei ឡើង​ដល់​2,144នាក់។

    តួលេខ​ខាង​លើ​នេះ បាន​បញ្ចប់​ការ​ថយ​ចុះ​នៃ​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី និង​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ខេត្ត​ Hubei ប៉ុន្តែ​វា​នៅ​តែ​ទាប​ជាង​ច្រើន​ បើ​ធៀប​នឹង​ដំណាក់​មុនៗនោះ​។ ទីក្រុង​ Wuhan ដែល​ជា​តំបន់​ក្ដៅ​នៃអាសន្ន​រោគ​រលាក​សួត​កូរ៉ូណា បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​ចំនួន 319នាក់​ ដែល​នេះ​ជា​តួលេខ​ទាប​បំផុត​គិត​ចាប់​ពី​ថ្ងៃទី 28មករា។ ទីក្រុង​នេះ​ក៏មាន​អ្នក​ស្លាប់​បន្ថែម​ចំនួន​99នាក់។

    គណៈកម្ម​ការ​សុខាភិបាល​ចិន​ (NHC) មិន​ទាន់​បាន​ប្រកាស​អំពី​តួលេខ​ថ្មី​នៅ​ឡើយ​សម្រាប់​ព្រឹក​​នេះ​។

    អាសន្នរោគ​រលាក​សួត​ថ្មី COVID-19 បាន​ឆ្លង​រាល​ដាល​ដល់​28ប្រទេស​ និង​តំបន់​នៅ​លើ​ពិភពលោក បណ្ដាល​ឱ្យ​មាន​អ្នក​ឆ្លង​​76,214នាក់ និង​អ្នក​ស្លាប់​2,247នាក់។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​18,404​នាក់ និង​12,064នាក់​ កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​។

    កូរ៉េខាង​ត្បូង​ កាល​ពីម្សិល​មិញ​បានបញ្ជាក់​ថា ប្រទេស​នេះ​មាន​អ្នក​ស្លាប់​​ដំបូង​គេ​​ហើយ​ទាក់​ទិន​នឹង​ជំងឺ​កូរ៉ូណា​នេះ​។

    ជា​សរុប ចំនួន​អ្នក​ស្លាប់​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ (ចិនដី​គោក) រួម​មាន​ប្រទេស​ជប៉ុន កូរ៉េខាង​ត្បូង បារាំង ហ្វីលីពីន តៃ​វ៉ាន់ ហុង​កុង និង​ប្រទេស​អ៊ីរ៉ង់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស