Category: សុខភាព

  • កូរ៉េខាងត្បូងបង្ខាំងទាហានជិត8,000នាក់ឱ្យនៅដាច់ដោយឡែក ខណៈសមាជិកអង្គការ​សាសនា​ជាង​9,000​នាក់ ត្រូវបានស្នើឱ្យនៅតែក្នុងផ្ទះ

    កូរ៉េខាងត្បូងបង្ខាំងទាហានជិត8,000នាក់ឱ្យនៅដាច់ដោយឡែក ខណៈសមាជិកអង្គការ​សាសនា​ជាង​9,000​នាក់ ត្រូវបានស្នើឱ្យនៅតែក្នុងផ្ទះ

    ក្រសួងការពារជាតិកូរ៉េខាងត្បូង កំពុងបង្ខាំងទាហាន7,700នាក់ ក្នុងបន្ទាយ ក្រោយពីបានរកឃើញទាហាន​11នាក់មានផ្ទុកមេរោគកូរ៉ូណា COVID-19។

    ក្រសួងការពារជាតិកូរ៉េខាងត្បូងព្រឹកនេះ បានបញ្ជាក់ថា ខ្លួនបានរកឃើញទាហាន11នាក់ បានឆ្លងមេរោគកូរ៉ូណា ក្នុងនោះ មាន8នាក់នៅក្នុងជួរកងទ័ពជើងគោក និង3នាក់ទៀតនៅក្នុងជួរកងទ័ពប្រភេទផ្សេង។ តួលេខនេះបានកើន​ឡើង​បន្ថែម​4​ករណី ​បើ​ធៀបនឹងថ្ងៃមុនៗ។

    ទាហានទាំង4រូបដែលជាអ្នកជំងឺថ្មីនេះ ត្រូវបានគេសង្ស័យថា បានឆ្លងវីរុសដោយសារនៅក្បែរអ្នកជំងឺកូរ៉ូណាក្នុងមន្ទាយ។ កូរ៉េខាងត្បូង បានប្រកាសឱ្យដឹងអំពីទាហានដែលបានឆ្លងមេរោគនេះដំបូងគេកាលពីថ្ងៃ​ទី​21កុម្ភៈ។

    នៅមុនពេលរកឃើញមានករណីឆ្លងជាបន្តបន្ទាប់ដែលទាក់ទិននឹងក្រុមអ្នកកាន់សាសនាមួយនៅទីក្រុង Daegu និងនៅតាមមន្ទីរពេទ្យនានាក្នុងតំបន់ Cheongdo ដែលនៅក្បែរនោះ ក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង បាននិងកំពុងស្រាវជ្រាវស្វែងរកទាហានទាំងឡាយណាដែលធ្លាប់បានទៅកាន់តំបន់មួយចំនួនខាងលើ ឬធ្លាប់បាននៅក្បែរអ្នកជំងឺកូរ៉ូណា។ កងទ័ពកូរ៉េខាងត្បូង បច្ចុប្បន្ន កំពុងបង្ខាំងទាហានប្រមាណជា7,700នាក់ ឱ្យនៅដាច់ដោយឡែកនៅក្នុងបន្ទាយនានារបស់ពួកគេ។

    មកដល់ព្រឹកនេះ(24កុម្ភៈ) កូរ៉េខាងត្បូង មានអ្នកផ្ទុកមេរោគកូរ៉ូណា COVID-19 ចំនួន608នាក់ ក្នុងនោះមាន6នាក់បានបាត់បង់ជីវិត។ ក្រុមអ្នកកាន់សាសនានៅវិហារ Shincheonji ក្នុងតំបន់ Daegu ដែលជាទីក្រុងធំបំផុតលំដាប់ទី4របស់កូរ៉េខាងត្បូង បានក្លាយជាទីចាប់អារម្មណ៍ជាងគេក្នុងការរាលដាលនៃជំងឺរលាក សួតប្រភេទថ្មី COVID-19 បន្ទាប់ពីស្ត្រីវ័យ61ឆ្នាំដែលជាសមាជិកនៃវិហារ Shincheonji បានចម្លងមេរោគទៅឱ្យសមាជិករាប់សិបនាក់ផ្សេងទៀត។ សមាជិកប្រមាណជា9,300នាក់នៃក្រុមសាសនាខាងលើនេះ ត្រូវបានអាជ្ញាធរស្នើឱ្យនៅដាច់ដោយឡែកពីគេឯង ឬក៏មិនត្រូវចេញក្រៅផ្ទះ។

    ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in កាលពីម្សិលមិញ បានប្រកាសអាសន្នកម្រិតខ្ពស់បំផុតចំពោះអាសន្នរោគកូរ៉ូណា COVID-19 ដោយយោងទៅតាមយោបល់របស់ក្រុមអ្នកជំនាញ។ លោកក៏បានស្នើឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ប្រើប្រាស់វិធានការខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគដ៏កាចសាហាវនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កូរ៉េខាង​ត្បូង​ប្រកាស​អាសន្ន​ឡើង​កម្រិត​ខ្ពស់​បំផុត ខណៈ​អ្នក​ឆ្លង​រោគ​ឡើង​ដល់602នាក់

    កូរ៉េខាង​ត្បូង​ប្រកាស​អាសន្ន​ឡើង​កម្រិត​ខ្ពស់​បំផុត ខណៈ​អ្នក​ឆ្លង​រោគ​ឡើង​ដល់602នាក់

    ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in បាន​ប្រកាស​អាសន្ន​ “កម្រិត​ខ្ពស់​បំផុត​” ចំពោះ​អាសន្ន​រោគ​កូរ៉ូណា​ ខណៈ​ដែល​ប្រទេស​នេះ​ កំពុង​មាន​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ COVID-19 យ៉ាង​ឆាប់​រហ័ស។

    “អាសន្នរោគ​ COVID-19 កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​គ្រោះ​ថ្នាក់។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នឹងក្លាយ​​ជា​ដំណាក់​កាល​ដ៏សំខាន់។ រដ្ឋា​ភិបាល​​ប្រកាស​អាសន្ន​ឡើង​កម្រិត​ខ្ពស់​បំផុត​គឺ “កម្រិត​ធ្ងន់​ធ្ងរ” ដោយ​យោង​ទៅ​តាម​យោបល់​របស់​ក្រុម​អ្នក​ជំនាញ ហើយ​ទន្ទឹម​នឹង​នេះ យើង​នឹង​កែ​លម្អស៊ីជម្រៅ​ទៅ​លើ​ប្រព័ន្ធ​ប្រតិកម្ម​របស់​យើង​”។ នេះ​គឺជា​ប្រសាសន៍​របស់​ប្រធានាធិបតី​កូរ៉េខាង​ត្បូង Moon Jae-in នាកិច្ច​ប្រជុំ​មួយ​របស់​រដ្ឋា​ភិបាល​។

    លោក​ Moon Jae-in ក៏​បាន​ជំរុញ​ឱ្យ​មន្ត្រី​របស់​ខ្លួន​ប្រើប្រាស់​វិធាន​ការ​ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​គ្រប់គ្រង​ស្ថាន​ការណ៍​នៃ​អាសន្ន​រោគ​នេះ​។

    ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​នេះ ​គឺជាការ​ប្រកាស​​លើក​ដំបូង​ហើយ​ ក្នុង​អំឡុង​11ឆ្នាំ​មកនេះ ចាប់​តាំង​ពី​អាសន្នរោគ​ផ្ដាសាយ A H1N1 ដែល​បាន​កើ​តឡើង​កាល​ពី​ឆ្នាំ​2009។

    គិត​មក​ដល់​ម៉ោង​5ល្ងាច​នេះ កូរ៉េខាង​ត្បូង មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 ថ្មី​​ចំនួន​169នាក់បន្ថែម​ទៀត ដែល​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​ក្នុង​ប្រទេស​នេះ ឡើង​ដល់​602នាក់​ ក្នុង​នោះ​មាន​5នាក់​បាន​បាត់​បង់​ជីវិត៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ពលរដ្ឋ​កូរ៉េខាង​ត្បូង​ជាង​556នាក់​បាន​ឆ្លង​មេរោគ​កូរ៉ូណា COVID-19 គិត​មក​ដល់​ល្ងាច​នេះ

    ពលរដ្ឋ​កូរ៉េខាង​ត្បូង​ជាង​556នាក់​បាន​ឆ្លង​មេរោគ​កូរ៉ូណា COVID-19 គិត​មក​ដល់​ល្ងាច​នេះ

    កូរ៉េខាង​ត្បូងថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 បន្ថែម​123នាក់ ធ្វើ​ឱ្យ​អ្នក​មាន​ផ្ទុក​មេរោគ​សរុប​ឡើង​ដល់​556នាក់ ក្នុង​នោះ​មាន​4នាក់​បាន​បាត់​បង់ជីវិត។

    ចំនួន​អ្នក​ឆ្លង​វីរុស​បាន​កើន​ឡើង​ជាង​ទ្វេ​ដង​ គិត​ត្រឹម​តែ​ក្នុង​ថ្ងៃ​ទី​22កុម្ភៈ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ប៉ុន្មាន​ថ្ងៃ​មុន។​ អ្នក​បាន​ឆ្លង​មេរោគ​នេះ ​ស្ទើរ​តែ​ទាំង​អស់ មាន​ជាប់​ទាក់​ទិន​នឹង​វិហារ​សាសនា​មួយ​ដែល​មាន​ឈ្មោះថា Shincheonji មាន​ទី​តាំង​នៅ​ក្នុងតំបន់​ Daegu ដែល​ជា​ទី​ក្រុងទំបំផុត​លំដាប់​ទី​4​នៅ​កូរ៉េខាង​ត្បូង។

    កាល​ពី​ថ្ងៃទី​21កុម្ភៈ រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​បាន​ប្រកាស​ថា ទីក្រុង​ Daegu និង​ស្រុក​ Cheongdo គឺជា​ “តំបន់​ដែល​ត្រូវ​តាម​ដាន​ជា​ពិសេស”។

    បច្ចុប្បន្ន អាសន្ន​រោគ​កូរ៉ូណា COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​33 នៅ​ក្នុង​ពិភព​លោក បន្ទាប់​ពី​បាន​ផ្ទុះ​ឆ្លង​រាលដាល​ចេញ​ពី​ទីក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន​កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019។ មក​ដល់​ល្ងាច​​ថ្ងៃទី​23កុម្ភៈ​នេះ មេរោគ​កូរ៉ូណា បាន​សម្លាប់​មនុស្ស​សរុបជាង 2,459នាក់ និង​បាន​ឆ្លង​ទៅ​មនុស្ស​ជាង​ 78.000​នាក់នៅ​ទូទាំង​ពិភព​លោក។ ចំនួន​អ្នក​ស្លាប់​​នៅ​ខាង​ក្រៅ​ប្រទេស​ចិន(ចិនដីគោក) សរុប​​ចំនួន​​20នាក់ រួម​មាន​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង បារាំង ហ្វីលីពីន តៃវ៉ាន់ ហុង​កុង អ៊ីរ៉ង់ និង​អ៊ីតាលី៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​ COVID-19 នៅ​ខេត្ត​ Hubei កើន​ឡើង​ដល់​2,346នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំង​ពិភព​លោក កើន​ដល់​…

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​ COVID-19 នៅ​ខេត្ត​ Hubei កើន​ឡើង​ដល់​2,346នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំង​ពិភព​លោក កើន​ដល់​…

    មក​ដល់​ពេល​នេះ ខេត្ត​ Hubei មាន​អ្នក​ស្លាប់​បន្ថែម​ចំនួន​96នាក់​ដោយ​សារ​មេរោគ​កូរ៉ូណា គឺ​កើន4,2% បើធៀប​នឹង​ម្សិល​មិញ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំង​ពិភពលោក ឡើង​ដល់​2,459នាក់​។

    គណៈកម្ម​ការ​សុខាភិបាល​ខេត្ត Hubei ប្រទេស​ចិន ព្រឹក​នេះ​បាន​ឱ្យ​ដឹង​ថា ខេត្ត​នេះមាន​អ្នក​ស្លាប់​បន្ថែម​ចំនួន​96នាក់ នាំ​ឱ្យ​អ្នក​ស្លាប់​សរុប​ក្នុង​ខេត្ត​នេះ កើន​ដល់ 2,346នាក់។ ខេត្ត Hubei ក៏​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​បន្ថែម630នាក់ទៀត ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​សរុប​ក្នុងខេត្ត​នេះ ឡើងដល់​64,084នាក់​។

    នៅ​ទូទាំង​ពិភពលោក មក​ដល់​ព្រឹក​នេះ មាន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​2,459នាក់ និង​អ្នក​ផ្ទុក​មេរោគ​មាន​ចំនួន​78,633នាក់ រីឯ​អ្នក​បាន​ជាសះស្បើយ​មាន​ចំនួន​22,939នាក់។

  • ជួយត្រេកអរ! វ៉ាក់សាំង​ COVID-19 ដែល​បាន​ពិសោធលើក​សត្វ​ដំបូង​គេ​បង្អស់ បាន​កកើត​ អង់ទីគ័រហើយ

    ជួយត្រេកអរ! វ៉ាក់សាំង​ COVID-19 ដែល​បាន​ពិសោធលើក​សត្វ​ដំបូង​គេ​បង្អស់ បាន​កកើត​ អង់ទីគ័រហើយ

    ប្រទេស​ចិន​៖ ការ​ចាក់​វ៉ាក់សាំង​កូរ៉ូណា COVID-19 ពិសោធ​នៅ​លើ​សត្វ​កណ្ដុរ​ អាច​​ទប់​ស្កាត់​មេរោគ​បាន​យ៉ាង​ល្អ​ ដោយ​វា​បាន​កកើត​អង្គ​បដិប្រាណ (អង់ទីគ័រ/antibody) ដែល​នេះ​ត្រូវបាន​អ្នក​វិទ្យា​សាស្ត្រ​សង្ឃឹម​ថា នឹង​ទទួល​បាន​ជោគ​ជ័យក្នុងការ​បង្កើត​វ៉ាក់​សាំង​សម្រាប់​ទប់ស្កាត់​វីរុសកូរ៉ូណា​។

    កាល​ពី​ល្ងាច​ម្សិល​មិញ (22កុម្ភៈ) មន្ទីរ​វិទ្យា​សាស្ត្រ និងបច្ចេក​វិទ្យា​ខេត្ត Zhejiang បាន​ធ្វើ​សន្និ​សីទ​សារ​ព័ត៌មាន​​មួយ​ ប្រកាស​ឱ្យ​ដឹង​អំពី​ស្ថាន​ភាព​គ្រប់​គ្រង​អាសន្ន​រោគ​រលាក​សួត​​ COVID-19។ តំណាង​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ឱ្យ​ដឹង​ថា វ៉ាក់​សាំង​ក្រុម​ទីមួយនៃ​ខេត្ត​នេះ បាន​កកើត​អង្គ​បដិប្រាណហើយ។ បច្ចុប្បន្ន វ៉ាក់សាំង​នេះ​ត្រូវ​បាន​ពិសោធ​នៅ​លើ​សត្វ​។

    យោង​តាម​ក្រុម​អ្នក​ជំនាញ ជា​ធម្មតា​ នៅ​ក្នុង​វ៉ាក់​សាំង​​មួយ​តែង​​មា​នផ្ទុក​អង់ទីហ្សែន (Antigen) ក្នុង​កម្រិត​ណា​មួយដែល​វា​អាច​បង្កើត​ជា​ជំងឺ ហើយ​នៅ​ពេល​ចាក់បញ្ចូល​​វា​ទៅ​ក្នុង​សត្វ​ បើសិន​រាង​កាយ​សត្វនោះ​ឆ្លើយ​តប​ទៅ​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​ល្អ នោះ​វា​នឹង​បង្កើត​អង់ទីគ័រ សម្រាប់​​ប្រឆាំង​ទៅ​នឹង​អង់ទីហ្សែន​នោះ​ដើម្បី​ការ​ពារ​រាង​កាយ​។ លទ្ធ​ផល​បែប​នេះ​នឹង​អនុញ្ញាត​ឱ្យអ្នក​វិទ្យា​សាស្ត្រ​ បង្កើត​បាន​វ៉ាក់​សាំង​ល្អ​មួយបាន​។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Sina។

    លោក​ Song Zhiheng អនុប្រធាន​មន្ទីរ​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា​ខេត្ត Zhejiang បាន​ឱ្យ​ដឹង​ថា គិត​ចាប់​ពី​អាសន្ន​រោគ​បាន​ផ្ទុះ​ឆ្លង ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​ក៏បាន​​ចាប់​ផ្ដើម​ប្រឹង​ប្រែង​ដើម្បី​ស្វែង​យល់ និង​ស្វែង​រក​ប្រភព​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ និង​រក​ថ្នាំ​ព្យា​បាល អភិវឌ្ឍវ៉ាក់​សាំង​ទប់​ស្កាត់ ព្រម​ទាំង​​បាន​អនុវត្ត​គម្រោង​ស្រាវ​ជ្រាវ​ចំនួន​6អំពី​មេរោគ​កូរ៉ូណា​ COVID-19 និង​មាន​មូល​និធិ​វិទ្យា​សាស្ត្រ​ចំនួន​3 បាន​គាំទ្រ​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​។

    លទ្ធ​ផល​ដ៏ល្អ​នៃ​វ៉ាក់​សាំង​ក្រុម​ដំបូង​នេះ នឹង​ជួយ​បង្កើន​ភាព​ជឿ​ជាក់​ទៅ​លើ​សមត្ថ​ភាព​យក​ជ័យ​ជំនះទៅ​លើ​អាសន្ន​រោគ​កូរ៉ូណា​ COVID-19 ដែល​កំពុង​មាន​វត្ត​មាន​នៅ​លើ​ប្រទេស​ និង​តំបន់​ចំនួន​30ក្នុង​ពិភពលោក​ ហើយ​វា​​បាន​សម្លាប់​មនុស្ស​ជិត 2,500នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ល្ងាច​នេះកូរ៉េខាងត្បូងរក​ឃើញ​អ្នក​ផ្ទុក​មេរោគ​​កូរ៉ូណា​ថ្មី​87នាក់ទៀត​ហើយ

    ល្ងាច​នេះកូរ៉េខាងត្បូងរក​ឃើញ​អ្នក​ផ្ទុក​មេរោគ​​កូរ៉ូណា​ថ្មី​87នាក់ទៀត​ហើយ

    កូរ៉េខាង​ត្បូង បាន​រក​ឃើញ​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​ចំនួន87នាក់​ទៀតនៅ​ល្ងាច​នេះ នាំ​ឱ្យចំនួន​អ្នក​​ផ្ទុក​មេរោគ​រលាក​សួត​ថ្មី​នេះ​ឡើង​ដល់​433នាក់​។

    មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់​ស្កាត់​អាសន្ន​រោគ​នៃ​ប្រទេសកូរ៉េខាងត្បូង​ (KCDC) បាន​ប្រកាស​កាល​ពី​ព្រឹក​នេះ​ថា ប្រទេស​នេះ មាន​អ្នក​ឆ្លង​មេរោគកូរ៉ូណា COVID-19 ចំនួន​142នាក់។ ​ការ​រក​ឃើញ​អ្នក​មាន​ផ្ទុក​មេរោគ​ថ្មី​ចំនួន​87នាក់នៅ​​ល្ងាច​នេះ​ បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​ថ្មី​សរុប​ក្នុង​ថ្ងៃនេះ ឡើង​ដល់​229នាក់​។

    នៅ​ក្នុង​ចំណោម​ករណីឆ្លង​ថ្មី​ចំនួន​229នាក់​ក្នុង​ថ្ងៃនេះ មាន​95ករណី​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មន្ទីរពេទ្យ​ Daenam នៅ​ក្នុង​តំបន់ Cheongdo ខេត្ត Gyeongsang ខាង​ជើង ដែល​ជា​កន្លែង​មាន​ករណី​ស្លាប់​ដំបូង​គេបង្អស់ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​កូរ៉េខាង​ត្បូង​។ កាល​ពី​ម្សិល​មិញ អ្នក​ជំងឺ​ម្នាក់​ក៏បាន​បាត់​បង់ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​តំបន់​ Busan ក្រោយ​ពី​បាន​បញ្ជូន​មកពី​មន្ទីរពេទ្យ​ Daenam។

    ក្នុង​ចំណោម​ករណី​ឆ្លង​មេរោគ​ថ្មី​ មាន​អ្នក​ជំងឺ​ចំនួន​62នាក់ មាន​ជាប់​ទាក់​ទិន​នឹង​វិហារ​ Shincheonji។ ស្ត្រី​អាយុ​61​ឆ្នាំ​ម្នាក់​​ជា​សមាជិក​នៃ​វិហារ​នេះ ត្រូ​វ​បាន​គេ​ជឿ​ថា បាន​ចម្លង​មេរោគ​កូរ៉ូណា​ទៅ​អ្នក​ឯទៀត​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បួង​សួង​​មួយ​នៅក្នុង​វិហារ​មួយ​នៅ​ឯ Daegu។

    នៅ​ឯមន្ទីរពេទ្យ​ Daenam មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​ចំនួន​111នាក់ ដោយ​រួម​មាន​ទាំង​បុគ្គលិក​សុខា​ភិបាល​ចំនួន​9នាក់ផង​ដែរ ក្រៅ​ពី​នេះ​គឺជា​អ្នក​ជំងឺ​។ មន្ទីរពេទ្យ​នេះ ត្រូវ​បាន​បិទ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​បន្ត​។ ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ទាំង​231នាក់ សុទ្ធ​តែ​ជាប់​ទាក់​ទិន​នឹង​ពិធី​បួង​សួង​នៅ​វិហារ​ Shincheonji ក្នុង​តំបន់ Daegu។ KCDC បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​ស្នើ​ឱ្យ​សមាជិក​ចំនួន​9,336នាក់​នៃ​វិហារ​ Shincheonji នេះ ត្រូវ​តែ​បង្ខាំង​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​។ ក្នុង​ចំណោម​នោះ មាន​544នាក់​ត្រូវ​បាន​គេ​សង្ស័យ​ថាមាន​ផ្ទុក​មេរោគកូរ៉ូណា និង​កំពុង​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​។

    ក្រុម​មន្ត្រី​សុខា​ភិបាល​កូរ៉េខាង​ត្បូង កំពុង​ស្រាវ​ជ្រាវ​ទៅ​លើ​ទំនាក់​ទំនង​រវាង​មន្ទីរពេទ្យ​ Daenam និង​វិហារ​សាសនា Shincheonji ។ កាល​ពី​ដើម​ខែ​នេះ ពិធីបុណ្យ​សព​បង​ប្រុស​របស់​អ្នក​បង្កើន​វិហារ​ Shincheonji ​ត្រូវ​បាន​ប្រារព្ធ​ឡើ​ងនៅ​ឯមន្ទីរពេទ្យ Daenam​។

    កូរ៉េ​ខាង​ត្បូង​ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​ផ្សេង​ៗ ដូចជា​ខេត្ត Jeju ខេត្ត Chungcheong ខេត្ត​ Jeolla ខាងជើង និង​ខេត្ត Gyeonggi។ អ្នក​ផ្ទុក​មេរោគ​4នាក់ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់ Busan ជា​ទី​ក្រុង​ធំទី2នៅ​កូរ៉េ​ខាង​ត្បូង​ ដែល​មាន​ប្រជាជន​3,4លាន​នាក់កំពុង​រស់​នៅ​។ ក្នុង​ថ្ងៃ​នេះ ក្រុម​ហ៊ុន Samsung Electronics ​បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​រក​ឃើញបុគ្គលិក​ម្នាក់​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នៅ​ក្នុង​រោង​ចក្រ​ផលិត​ឧបករណ៍​អេឡិច​ត្រូនិក​នៅ​ក្នុង​ទី​ក្រុង Gumi ភាគអាគ្នេយ៍​កូរ៉េខាង​ត្បូង។ Samsung គ្រោង​នឹង​ផ្អាក​ដំណើរ​ការ​រោង​ចក្រ​របស់​ខ្លួន​រហូត​ដល់​ព្រឹក​ថ្ងៃទី​24កុម្ភៈ​។

    អ្នក​ជំងឺ​កូរ៉ូណា COVID-19 នៅ​កូរ៉េខាង​ត្បូង​ស្ទើរ​តែ​ទាំង​អស់ នៅមាន​សុខ​ភាព​ល្អ​នៅ​ឡើយ ប៉ុន្តែ អ្នក​ជំងឺ​ប្រហែល​9នាក់ ហាក់​មាន​សភាព​ធ្ងន់​ធ្ងរ​គួរ​ឱ្យ​ព្រួយ​បារម្ភ។ ចំណែក​អ្នក​ជំងឺ​ 18នាក់ បានជា​សះស្បើយ​ពី​ជំងឺ​។

    គិត​មក​ដល់​ម៉ោង​10យប់​នេះ នៅទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា ឡើង​ដល់ 2,361​នាក់ និង​អ្នក​មាន​ផ្ទុក​មេរោគ​នេះ ឡើង​ដល់ 77,918​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • សហរដ្ឋ​អាមេរិក៖ ស្ដ្រីអ្នក​ទេសចរ​វ័យ83ឆ្នាំ មក​ពី​នាវា​ Westerdam អាចមាន​ជំងឺ​ផ្លូវ​ដង្ហើម​ តែ​មិន​មែន​កូរ៉ូណានោះ​ទេ

    សហរដ្ឋ​អាមេរិក៖ ស្ដ្រីអ្នក​ទេសចរ​វ័យ83ឆ្នាំ មក​ពី​នាវា​ Westerdam អាចមាន​ជំងឺ​ផ្លូវ​ដង្ហើម​ តែ​មិន​មែន​កូរ៉ូណានោះ​ទេ

    “អ្នក​ទេសចរ​ទាំង​អស់​នៅ​​មក​ពី​នាវា​ Westerdam ដែល​បាន​ចូល​ចត​នៅ​ឯកំពង់​ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​ថ្មីៗនេះ​ មិន​មាន​អ្នក​ណា​ម្នាក់​មាន​ផ្ទុក​មេរោគ​កូរ៉ូណានោះ​ទេ”​ នេះ​បើ​តាម​បញ្ជាក់​របស់​អ្នកនាំពាក្យ​នៃមជ្ឈមណ្ឌល​​ទប់​ស្កាត់​ និងការ​ពារ​​ជំងឺឆ្លង​​សហរដ្ឋអាមេរិក (CDC)។

    អ្នក​ទេស​ចរ​វ័យ​83ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍ Westerdam ដែល​ត្រូវ​បាន​ម៉ាឡេស៊ី​ពិនិត្យ​ និង​រក​ឃើញ​​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19​ រួម​នឹង​អ្នក​ដំណើរ​ផ្សេង​ទៀត ត្រូវ​បាន​អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​​ទប់​ស្កាត់​ និងការ​ពារ​ជំងឺឆ្លង​សហរដ្ឋអាមេរិក (CDC) លោក​ Richard Quartarone បញ្ជាក់​ថា អ្នក​ទេស​ចរ​ទាំង​នោះ មិនមាន​ផ្ទុក​មេរោគ​កូរ៉ូណា​តាំង​ពី​ដើម​មក​ម៉្លេះ​។ អ្នក​នាំ​ពាក្យ​រូប​នេះ​និយាយ​ថា អាមេរិកបាន​ទទួល​លទ្ធ​ផល​នៃការ​ធ្វើ​តេស្តទៅ​លើ​អ្នក​ដំណើរ​ខាង​លើ​ កាល​ពី​ថ្ងៃទី​20កុម្ភៈកន្លង​ទៅ​។

    លោក​ Rechard បាន​ឱ្យ​ដឹង​ថា ស្ត្រីជនជាតិ​អាមេរិកាំង​វ័យ83ឆ្នាំ ដែល​ត្រូវ​បាន​ម៉ាឡេស៊ីបញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នោះ អាច​មាន​ជំងឺ​ផ្លូវ​ដង្ហើម​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​មែនជា​វីរុស​កូរ៉ូណា​នោះទេ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារ​ព័ត៌មាននៃ​សហរដ្ឋ​អាមេរិក។

    គួរ​រំឭកថា ស្ត្រីជនជាតិ​អាមេរិកាំង​វ័យ83ឆ្នាំ រួមនឹង​ភ្ញៀវ​ចំនួន 145នាក់​ផ្សេង​ទៀត មក​ពី​នាវា​ទេស​ចរណ៍​ MS Westerdam បាន​ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា​តាម​ជើង​យន្ត​ហោះ​ពិសេស​មួយ​ ទៅ​កាន់ទី​​ក្រុង​ Kuala Lumpur បន្ទាប់​ពី​បាន​ឡើង​គោក។ ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​អស់​នៅ​លើ​យន្ត​ហោះ​នោះ គឺ​មាន​ស្ត្រី​វ័យ83ឆ្នាំ​ខាង​លើ ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ីអះអាងថា មាន​ផ្ទុកមេរោគ​កូរ៉ូណា​។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​ការសង្ស័យ និង​បាន​តវ៉ះទៅកាន់​ទីក្រុង Kuala Lumpur ដោយ​ស្នើ​ឱ្យ​ប្រទេស​នេះ ធ្វើ​តេស្ត​ឡើង​វិញ។ បន្ទាប់​ទីក្រុង Kuala Lumpur ក៏បាន​ធ្វើ​តាម​សំណូមពរ ហើយ​ប្រទេស​ម៉ាឡេស៊ីនៅ​តែ​អះអាង​ថា ស្ត្រីខាង​លើ មាន​ផ្ទុក​មេរោគ​ពិត​មែន។ ក៏ប៉ុន្តែ កាល​ពី​ម្សិល​មិញ​នេះ ទីក្រុង Kuala Lumpur បាន​ប្រកាស​ថា ស្ត្រី​រូប​នេះ បាន​ជាសះស្បើយ​វិញ​ហើយ។ ប្រការ​ក៏នាំ​ឱ្យ​កម្ពុជា​កាន់​តែ​មិន​ជឿ​ថា ស្រ្តី​វ័យ83ឆ្នាំ​ខាងលើ​នេះ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នោះឡើយ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • មេរោគ​កូរ៉ូណា​អាច​សម្ងំ​ក្នុង​ខ្លួន​អ្នក​ជំងឺ​ ដល់​ទៅ​27ថ្ងៃ​ ដោយ​គ្មាន​រោគ​សញ្ញា

    មេរោគ​កូរ៉ូណា​អាច​សម្ងំ​ក្នុង​ខ្លួន​អ្នក​ជំងឺ​ ដល់​ទៅ​27ថ្ងៃ​ ដោយ​គ្មាន​រោគ​សញ្ញា

    មន្ត្រី​សុខា​ភិបាល​​នៅ​ខេត្ត​ Hubei ប្រទេស​ចិន ដែល​ជា​តំបន់​មាន​ “សម្បុក​” មេរោគ​កូរ៉ូណា COVID-19 បានឱ្យដឹង​ថា បុរស​វ័យ​70ឆ្នាំ​ម្នាក់​នៅ​ក្នុង​ខេត្ត​នេះ បាន​ឆ្លង​មេរោគ​កូរ៉ូណា​រយៈ​ពេល​ដល់ទៅ​​27ថ្ងៃ​ ដោយ​មិន​មាន​រោគ​សញ្ញា​អ្វី​សោះ។

    គេហទំព័រ​របស់​អាជ្ញា​ធរ​ខេត្ត Hubei បាន​ចុះ​ផ្សាយ​ថា កាល​ពី​ថ្ងៃទី24មករា​ បុរស​ដែល​មាន​ត្រកូល​ Jiang ខាង​លើ​នេះ បានបើក​បរ​រថយន្ត​ពី​សង្កាត់​ Yanzhou ទៅ​កាន់សង្កាត់ Shennongjia ក្នុង​ខេត្ត Hubei និង​បាន​នៅ​ក្បែរ​ប្អូន​ស្រី​របស់​ខ្លួន ដែលជាអ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា។

    បុរស​ខាង​លើ​នេះ មាន​ជំងឺ​ក្ដៅ​ខ្លួន​នៅ​ថ្ងៃទី 20កុម្ភៈ ហើយ​មួយ​ថ្ងៃ​ក្រោយ​មក គាត់​ត្រូវ​បានគេ​​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​។ ប្រការ​នេះ​បាន​បង្ហាញ​ថា ក្នុង​ករណី​របស់​លោក Jiang មេរោគ​កូរ៉ូណា​បាន​សម្ងំ​ក្នុង​ខ្លួន​គាត់​អស់​រយៈ​ពេល​27ថ្ងៃ មិន​មែន​ពី​2-14ថ្ងៃ​ តាម​ការ​យល់​ឃើញ​មុន​នេះ​នោះ​ទេ។

    លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី សមាគម​វេជ្ជ​សាស្ត្រ​អាមេរិកាំង (​American Medical Association) កាល​ពី​ម្សិល​មិញ ក៏បាន​ឱ្យ​ដឹង​ដែរថា នារី​វ័យ​20ម្នាក់ មក​ពី​ទី​ក្រុង​ Wuhan បាន​ចម្លង​មេរោគ​កូរ៉ូណា​ទៅ​ឱ្យ​មនុស្ស​5នាក់​នៅ​ឯតំបន់ Anyang ខេត្ត​ Henan ប្រទេស​ចិន បើ​ទោះ​ជា​នាង​មិន​មាន​រោគ​សញ្ញា​បន្ទាប់​ពី​បាន​ឆ្លង​មេរោគ​នេះ​អស់​រយៈ​ពេល​ជាង​1ខែ​។

    រយៈ​ពេល​នៃការ​​សម្ងំ​លាក់ខ្លួន​បាន​យូរជាង​មុន ​ដោយ​មិន​បញ្ចេញ​រោគ​សញ្ញា​អ្វី​សោះ​បែប​នេះ ​ធ្វើ​ឱ្យ​ស្ថាន​ភាព​អាសន្ន​រោគកូរ៉ូណា​ កាន់​តែ​មាន​ភាព​ស្មុគ​ស្មាញ​ខ្លាំង​ឡើង​ៗ។ គិត​មក​ដល់​ពេល​នេះ​ មេរោគ​រលាក​សួត​ថ្មី COVID-19 បាន​បង្ហាញ​​​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​តំបន់​ចំនួន​ដល់​ទៅ​30ទៅ​ហើយ ​តាំង​ពី​មេរោគ​នេះ​បាន​ចាប់​ផ្ដើម​ឆ្លង​នៅ​ក្នុង​ទី​ក្រុង​ Wuhan ខេត្ត Hubei កាល​ពី​ខែធ្នូ ឆ្នាំ​2019។ ​មក​ដល់​រសៀល​ថ្ងៃទី22កុម្ភៈ​នេះ វា​បាន​សម្លាប់​មនុស្ស​​យ៉ាង​តិច​2,360​​នាក់ និង​បាន​ឆ្លង​ទៅ​មនុស្ស​យ៉ាង​ហោច​77,662​នាក់​ នៅ​ទូទាំង​ពិភពលោក៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • WHO ថា “ឱកាស​ទប់ស្កាត់​ COVID-19 កំពុង​មាន​តិច​ទៅ​ៗ” ពេល​ដែល​ករណី​ឆ្លង​នៅ​ក្រៅ​ប្រទេស​ចិន កាន់​តែ​មាន​ច្រើន​ឡើង​ៗ

    WHO ថា “ឱកាស​ទប់ស្កាត់​ COVID-19 កំពុង​មាន​តិច​ទៅ​ៗ” ពេល​ដែល​ករណី​ឆ្លង​នៅ​ក្រៅ​ប្រទេស​ចិន កាន់​តែ​មាន​ច្រើន​ឡើង​ៗ

    អង្គ​ការ​សុខ​ភាព​ពិភព​លោក WHO បាន​ព្រមាន​ថា ឱកាស​នៃ​ការ​គ្រប់​គ្រង​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា កំពុង​តែ​មាន​តិច​ទៅ​ៗ ដោយ​សារ​តែ​ករណី​ឆ្លង​មេរោគ​នេះនៅ​ខាង​ក្រៅ​ប្រទេស​ចិន កាន់​តែ​កើន​ឡើងច្រើន​​។

    សេច​ក្ដី​ប្រកាស​ខាង​លើ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី​21កុម្ភៈ។ មុន​នោះ ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក Tedros Adhanom Gherbreyesus ធ្លាប់​បាន​និយាយ​ថា តួលេខ​នៃ​ការ​ឆ្លង​ជំងឺ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន ​នៅ​មាន​តិច ដែល​នេះ​គឺជា​ “ឱកាស​មិន​ងាយ​មាន” សម្រាប់​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ទូទាំង​ពិភពលោក​។

    ក៏ប៉ុន្តែ 1សប្ដាហ៍​បាន​កន្លង​ផុត​ទៅ ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​បាន​កើន​ឡើង​នៅ​ពាស​ពេញ​មជ្ឈិម​បូព៌ា និង​កូរ៉េ​ខាង​ត្បូង។ លោក​ Tedros ព្រមាន​ថា៖ យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អាច​ទប់​ស្កាត់​អាសន្ន​រោគ​នេះបាន ប៉ុន្តែ ឱកាស​កាន់​តែ​ខើច​ទៅ​ៗ”។

    ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោកក៏​បាន​យល់​ថា បើ​សិន​ជា​បណ្ដា​ប្រទេស​ក្នុង​ពិភព​លោក​មិន​ប្រើ​ប្រាស់​រាល់​ធនធាន​ដែល​មាន​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​របស់​វីរុស នោះ​ “ការ​ផ្ទុះ​ឆ្លង​អាច​កើត​ឡើង​ទៅ​គ្រប់​ទិសទី​”។

    អាសន្ន​រោគ​ COVID-19​ បាន​កើត​ឡើង​ដំបូង​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​2019 បើគិត​មក​ដល់​ថ្ងៃ​នេះ វា​បាន​សម្លាប់​មនុស្ស​ជាង​2,360​នាក់ និង​ឆ្លង​ទៅ​មនុស្ស​ជាង​77,662​នាក់​ នៅ​ទូទាំង​ពិភព​លោក​។

    កាល​ពី​ថ្ងៃទី 21មករា ប្រទេស​ជា​ច្រើន​នៅ​មជ្ឈិម​បូព៌ា ក្នុង​នោះ​មាន​អ៊ីស្រាអែល និង​លីបង់ ចាប់​ផ្ដើម​រក​ឃើញ​​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ដំបូង ខណៈ​ដែល​អ៊ីរ៉ង់​បាន​ប្រកាស​ថាប្រទេស​ខ្លួន​ ​មាន​អ្នក​ស្លាប់​4នាក់ និង​18នាក់​មាន​ផ្ទុក​មេរោគ​កូរ៉ូណា។

    ទន្ទឹម​គ្នា​នេះ​ដែរ តួលេខ​នៃ​អ្នក​ជំងឺ​ថ្មី នៅ​ប្រទេស​កូរ៉េខាង​ត្បូង បាន​កើន​ឡើង​ស្ទើរ​តែ​មិន​គួរ​ឱ្យ​ជឿក្នុង​រយៈ​ពេល​មិន​ដល់​1សប្ដាហ៍ ធ្វើ​ឱ្យ​កូរ៉េខាង​ត្បុង ក្លាយ​ជា​ប្រទេស​ដែល​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់​បំផុត​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន​។ មក​ដល់​ព្រឹក​នេះ(22កុម្ភៈ) កូរ៉េខាង​ត្បូងមាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណាដល់​ទៅ​346នាក់ និង​2នាក់​បាន​បាត់​បង់​ជីវិត​។

    នៅ​ក្នុង​ទី​រួម​ស្រុក​មួយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី អាជ្ញាធរ​បាន​ចេញ​បញ្ជា​ឱ្យ​បិទ​ហាង​នានា និង​សាលា​រៀន​ជា​ដើម ក្នុង​រយៈ​ពេល​5ថ្ងៃ បន្ទាប់​ពី​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន​6នាក់។

    លោក Tedros ប្រធាន​អង្គការ​សុខ​ភាព​ពិភព​លោក បាន​សង្កត់​ធ្ងន់​ថា បើ​ទោះ​ជា​តួលេខ​នៃ​អ្នក​ជំងឺ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន នៅ​មាន​ “តិច​តួច” នៅ​ឡើយ ក៏ប៉ុន្តែ “ករណី​ឆ្លង​ថ្មី​ជា​ច្រើន​ មិន​មាន​ទំនាក់​ទំនង​ច្បាស់​លាស់​ជាមួយ​នឹង​អាសន្ន​រោគ​ ដូចជា​ឆ្លង​តាម​រយៈ​ដំណើរ​ទេស​ចរណ៍ ឬ​នៅ​ក្បែរ​អ្នក​ជំងឺ​”​ ធ្វើ​ឱ្យ​ការ​គ្រប់​គ្រង​អាសន្នរោគ​នេះ កាន់​តែ​ពិបាក​ទៅ​ៗ។

    WHO បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន និង​អនុវត្ត​ “យ៉ាង​ម៉ឺង​ម៉ាត់” ចំពោះ​បេសក​កម្ម​បំបាត់​អាសន្នរោគ​។

    លោក Tedros ថ្លែង​ថា “យើង​មិន​ត្រូវ​បណ្ដោយ​រហូត​ដល់​ត្រូវ​ស្ដាយ​ក្រោយ​ ព្រោះ​តែ​មិន​បាន​ប្រើ​ប្រាស់​ឱកាស​ដែល​មាន​ស្រាប់នោះ​ទេ​​”។

    នៅ​ពេល​ដែល​តួលេខ​អ្នក​ជំងឺ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ខ្លាំង ចំនួន​អ្នក​ឆ្លង​រោគ​នៅ​ប្រទេស​ចិន មាន​ការ​ថយ​ចុះ​ក្នុង​អំឡុង​1សប្ដាហ៍​កន្លង​មក​នេះ​។ នេះ​គឺជា​ភ័ស្តុ​តាង​បង្ហាញ​ថា វិធាន​ការ​ក្ដៅ​របស់​រដ្ឋា​ភិបាល​ទីក្រុង​ប៉េកាំង​ កំពុង​តែ​បង្ហាញ​ប្រសិទ្ធ​ភាព​។ ក៏ប៉ុន្តែ​ ប្រទេស​ចិន ទើប​តែ​បាន​រក​ឃើញ​ករណី​ផ្ទុក​មេរោគ​ជា​ច្រើន​នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ចំនួន​2 នៅ​ទីក្រុង​ប៉េកាំង និងអ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន​​​500នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ពន្ធ​នាគារ​មួយ​ចំនួន។

    នៅក្នុង​កិច្ច​ប្រជុំ​មួយ​របស់​ក្រសួង​កិច្ច​ការ​នយោបាយ​ ដែល​មាន​លោក​ ស៊ី ជិនពីង​ ជា​អធិបតី ក្រុម​មន្ត្រី​បាន​ឱ្យ​ដឹង​ថា អាសន្ន​រោគ​កូរ៉ូណា​ COVID-19 មិន​ទាន់លោត​​ដល់​កម្រិត​កំពូល​នោះ​ទេ​។

    នៅ​ថ្ងៃ​នេះ(22កុម្ភៈ) ក្រុម​អ្នក​ជំនាញ​អន្តរ​ជាតិ​មក​ពី​អង្គ​ការ​សុខ​ភាព​ពិភព​លោក នឹង​មក​ដល់​សម្បុក​មេរោគកូរ៉ូណា​នៅ​​អ៊ូហាន។ មក​ដល់​ពេល​នេះ ក្រុម​អ្នក​ជំនាញ បាន​មក​បំពេញ​ការ​ងារ​នៅ​ឯទីក្រុងប៉េកាំង ស៊ីឈួន និងក្វាងទុង។

    គណៈ​ប្រតិភូខាង​លើ​នេះ ​មាន​អ្នក​ជំនាញ​កំពូល​ៗ​ចំនួន​12នាក់ មក​ពី​សហរដ្ឋអាមារិក អាល្លឺម៉ង់ ជប៉ុន រុស្ស៊ី សិង្ហបុរី​ កូរ៉េខាង​ត្បូងជា​ដើម បាន​សហការ​ជាមួយ​ក្រុម​អ្នក​ជំនាញ​របស់​ចិន ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​មេរោគ​កូរ៉ូណា មាន​ដូច​ជា​ ល្បឿន​នៃ​ការ​ឆ្លងរាល​ដាល និង​វិធី​ព្យាបាល​ដែល​មាន​ប្រសិទ្ធ​ភាព​បំផុត។ល។

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ កើនឡើង​ដល់​2,360នាក់ ខណៈ​អ្នក​ផ្ទុក​មេរោគ​នេះ​មាន​ចំនួន…

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ កើនឡើង​ដល់​2,360នាក់ ខណៈ​អ្នក​ផ្ទុក​មេរោគ​នេះ​មាន​ចំនួន…

    នៅ​ក្នុង​ខេត្ត​ Hubei ករណី​​ស្លាប់​បន្ថែម​ដោយ​សារមេរោគ​កូរ៉ូណា​ COVID-19 មាន​ចំនួន​106នាក់ កើន​4,9% បើ​ធៀប​នឹង​ម្សិល​មិញ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ទូទាំង​ពិភពលោក ឡើង​ដល់ 2,360នាក់​។

    នៅ​ទូទាំង​ប្រទេស​ចិន​ (ចិន​ដីគោក) មាន​អ្នក​ស្លាប់​បន្ថែម​ចំនួន​109នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នេះ ឡើង​ដល់​2,345នាក់។ ចិន​ក៏​បាន​រក​ឃើញ​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​បន្ថែម​397នាក់ នាំ​ឱ្យ​អ្នក​ផ្ទុក​មេរោគ​នេះ​ សរុប​ឡើង​ដល់​76,288នាក់ ក្នុង​នោះ​មាន​11,477នាក់ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​។

    ដូច្នេះ នៅ​ទូទាំង​ពិភពលោក ចំនួន​អ្នក​ស្លាប់​ដោយ​សារ​អាសន្នរោគ​នេះកើន​ឡើង​ដល់​2,360នាក់ និង​អ្នក​ផ្ទុក​មេរោគ ចំនួន​77,672នាក់។ អ្នក​ជំងឺ​12,071នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់ និង​20,895នាក់ បាន​ជាសះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស