Category: សុខភាព

  • សម្តេចណែនាំឱ្យស្វាគមន៍ដោយការសំពះ និង​ប្រើក្រមាដើម្បី​ការពារខ្លួន​ពីមេរោគ​ covid-19

    សម្តេចណែនាំឱ្យស្វាគមន៍ដោយការសំពះ និង​ប្រើក្រមាដើម្បី​ការពារខ្លួន​ពីមេរោគ​ covid-19

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាលលើកទី41 នៅពេលថ្មីៗនេះថា ការស្វាគមន៍​ដោយការសំពះជាវិធីល្អមួយជំនួសឱ្យការចាប់ដៃ​ដើម្បីចៀសវាងពីការឆ្លងមេរោគ Covid-19។

    សម្តេចមានប្រសាសន៍ថា ថ្មីៗនេះមានសាស្ត្រាចារ្យមួយរូប​បាន​សរសេរថា ​ការចាប់ដៃគ្នាអាចបណ្តាលឱ្យឆ្លងមេរោគ Covid-19 ហេតុនេះយើងអាចស្វាគមន៍ដោយការប្រើប្រាស់វិធីផ្សេង ដូចជាការក្តាប់ដៃទល់ដៃគ្នា ឬសញ្ញាផ្សេងៗទៀតជំនួសឱ្យការចាប់ដៃ។ សម្រាប់ខ្មែរយើង ការសំពះជាវិធីស្វាគមន៍ដ៏ល្អបំផុតដោយមិនចាំបាច់ប៉ះដៃគ្នា ហើយក៏ជាវិធីយ៉ាងល្អក្នុងការការពារ​ពីការ​ឆ្លងមេរោគ Covid-19 នេះដែរ។ ហេតុនេះនៅពេលជួបគ្នាយើងអាចសំពះបាន ហើយកុំមានអារម្មណ៍ថា គេមិនសូវរាក់ទាក់ ឬស្និទ្ធស្នាលនៅពេលគេមិនចាប់ដៃ ហើយសំពះ ព្រោះការសំពះនេះជាវិធីស្វាគមន៍ និងរាក់ទាក់របស់ខ្មែរយើង។

    ចំពោះបញ្ហាម៉ាស់វិញ សម្តេចបានលើកឡើងថា ប្រទេសណាក៏ខ្វះម៉ាស់ដែរ ព្រោះអាយុរបស់ម៉ាស់នេះ​អាចប្រើប្រាស់បានតែ 1ថ្ងៃប៉ុណ្ណោះ បើប្រើលើសពីនេះ ជំងឺនឹងឆ្លងពីម៉ាស់នោះវិញតែម្តង។ ចំពោះខ្មែរ ការប្រើក្រមាអាចជាវិធីល្អមួយផងដែរ ក្នុងការការពារខ្លួនពីបញ្ហានេះ ព្រោះក្រមាអាចការពារបាន និង​អាចប្រើប្រាស់បានច្រើនដង។ សម្តេចមានប្រសាសន៍ថា ម៉ាស់មិន​អាចបោកទឹកប្រើប្រាស់ឡើងវិញបានទេ តែក្រមាអាចប្រើប្រាស់ផ្លាស់ប្តូរគ្នា ដោយបោក1 យកថ្មី 1ទៀតមកប្រើ ហើយហាលស្ងួតយកមកប្រើវិញបានទៀត។ ចំណុចនេះអាចនឹងធ្វើឱ្យក្រមាខ្មែរយើង ឡើងថ្លៃថែមទៀតផង។ ចំណុចនេះអាចជាមធ្យោបាយមួយដែរ​ ក្នុងការដោះស្រាយបញ្ហាប្រសិនបើប៉ះម៉ាស់៕

     

     

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ Covid-19 នៅ​អ៊ីតាលី កើន​លើស​100នាក់ ខណៈ​នៅ​ទូទាំង​ពិភពលោក​ មាន​អ្នក​ស្លាប់​សរុប​ជាង​3,000នាក់​

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ Covid-19 នៅ​អ៊ីតាលី កើន​លើស​100នាក់ ខណៈ​នៅ​ទូទាំង​ពិភពលោក​ មាន​អ្នក​ស្លាប់​សរុប​ជាង​3,000នាក់​

    អ៊ីតាលី​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា Covid-19 បន្ថែម​ចំនួន​ 28នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​កូរ៉ូណា​នៅ​ប្រទេស​នេះ កើនឡើង​ដល់​ 107នាក់ ខណៈ​ដែល​​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណាសរុប​ 3,089នាក់។

    Angelo Borrelli ដែលជា​ប្រធាន​មជ្ឈមណ្ឌល​ការ​ពារ​ជន​ស៊ីវិល​របស់​អ៊ីតាលី បាន​ឱ្យ​ដឹងនៅ​ក្នុង​ទី​ក្រុង​ Rom កាល​ពី​ថ្ងៃទី​4មីនា​ថា ប្រទេស​នេះ បាន​រកឃើញ​អ្នក​ជំងឺកូរ៉ូណា​បន្ថែម​ 587នាក់​ ធ្វើឱ្យ​ចំនួន​អ្នក​ផ្ទុកមេរោគ​នេះ​កើន​ដល់​ 3,089​នាក់​។ ចំនួន​អ្នក​ជំងឺ​ថ្មី​បាន​កើន​ឡើង​ច្រើន​បើ​ធៀប​នឹង​ចំនួន​466​កាល​ពី​មួយ​ថ្ងៃ​មុន​។ អត្រា​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​នៅ​អ៊ីតាលី គឺ​ 3,5%​។

    គិត​មក​ដល់​ពេលនេះ នៅ​ទូទាំង​ពិភពលោក​មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​ចំនួន​ 95,264នាក់ និង​អ្នក​ស្លាប់​3,285​នាក់​ ក្នុង​នោះ​មាន​ 4ប្រទេស​​មាន​អ្នក​ផ្ទុក​មេរោគកូរ៉ូណា​លើស​ពី​1,000នាក់ រួម​មាន​ប្រទេស​ចិន កូរ៉េខាង​ត្បូង អ៊ីតាលី និង​អ៊ីរ៉ង​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ហេតុ​អ្វី​អូស្ត្រាលី ត្រូវ​ “រំជើបរំជួល” ជាមួយ​នឹង​ក្រដាស់​អនាម័យ​ ក្នុង​គ្រា​ Covid-19 កំពុង​រាត​ត្បាត​ពិភពលោក?

    ហេតុ​អ្វី​អូស្ត្រាលី ត្រូវ​ “រំជើបរំជួល” ជាមួយ​នឹង​ក្រដាស់​អនាម័យ​ ក្នុង​គ្រា​ Covid-19 កំពុង​រាត​ត្បាត​ពិភពលោក?

    បន្ទាប់​ពី​ ហុង​កុង សិង្ហបុរី​ និង​ជប៉ុន ពេល​នេះ​ដល់​វេន​អូស្ត្រាលី​វិញ​ម្ដង​ ដែល​បាន​ឃើញ​ទិដ្ឋ​ភាព​ក្រដាស​អនាម័យ​ក្នុង​ផ្សារ​ទំនើប​ ត្រូវ​បាន​គេ​ដណ្ដើម​គ្នា​ទិញ​អស់​ពី​ផ្សារ​ និង​ឃ្លាំង​ ហើយ​ថែម​ទាំង​មាន​ការ​ដាក់​លក់​ក្នុង​តម្លៃ​ថ្លៃ​កប់​ពពក​នៅ​លើ​ផ្សារ​អនឡាញ។

    ជំនួស​ឱ្យ​ល្បៀង​អាហារ​ ប្រជាជន​អូស្ត្រា​លី​បែរ​ជា​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ក្រដាស​អនាម័យ​ទៅ​វិញ​។ អ្នក​លេង​បណ្ដាញ​សង្គម​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ដោយ​សារ​រូប​ភាព​បង្ហាញ​អំពី​ការ​ប្រមូល​ទិញ​ក្រដាស​អនាម័យ​ និង​តម្លៃ​របស់​វា​លោត​ឡើង​ខ្ពស់​មិន​គួរ​ឱ្យ​ជឿ។

    Patrick Wright ដែល​ជា​អ្នក​យក​ព័ត៌មាន​របស់ ABC Life បាន​ថ្លែង​នៅ​ពេល​បាន​ឃើញ​ទិដ្ឋ​ភាព​នេះ​ថា “នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​ ហើយ​សូម្បី​តែ​ខ្ញុំ​គិត​ថា ខ្លួន​ឯង​ជា​មនុស្ស​មាន​ហេតុ​ផល​ ក៏​វា​នៅ​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​”។

    អ្នក​ជំនួញ​លើ​ផ្សារ​អនឡាញ​មួយ​ចំនួន​ បាន​ព្យាយាម​ឆក់​យក​ឱកាស​នេះ​ដើម្បី​ស្វែង​រក​ចំណេញ​។ ទំព័រ News របស់​អូស្ត្រាលី​ បាន​ចេញផ្សាយ​ថា មាន​ករណី​ខ្លះ​បាន​ដាក់​លក់​ក្រដាស់​អនាម័យ​​ក្នុង​តម្លៃ​ខ្ពស់ ដូចជា​ 24ដុល្លារ​អូស្តាលី​សម្រាប់​1ប្រអប់​ដែលមាន​ក្រដាស​3ជាន់ចំនួន​24ដុំ​។ ជាង​នេះ នៅ​លើ​ Facebook គេ​ក៏បាន​ឃើញ​មាន​គេ​ដាក់​លក់​ក្រដាស​1ដុំ​ដែល​មាន​តម្លៃ​1,000​ដុល្លារ​អូស្ត្រាលី​ទៀត​ផង។

    នៅ​ពេល​បញ្ហា​ខាងលើ​បាន​កើត​ឡើង មនុស្ស​ជា​ច្រើន​បាន​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​ត្រូវ​សម្រុក​ទិញ​ក្រដាស​អនាម័យ​​ខណៈ​ដែល​អាហារ​វា​សំខាន់​ជាង​ ក្នុង​រដូវ​ Covid-19?

    Gary Mortimer ដែលជា​អ្នក​ជំនាញ​ខាង​លក់​រាយ​ និង​ជា​សាស្ត្រាចារ្យ​នៅ​មហា​វិទ្យា​ល័យ​បច្ចេកវិទ្យា​ Queensland (QUT) បាន​ឱ្យ​ដឹង​ថា “មូលហេតុ​ដែល​នាំ​ឱ្យ​ផ្សារ​នានា​ “លក់​ដាច់អស់​” ក្រដាស់​អនាម័យ​ គឺ​ដោយ​សារ​ផលិត​ផល​នេះ​មិន​សូវ​មាន​ច្រើនក្នុង​ឃ្លាំង​របស់​ផ្សារ​ទាំង​នោះ។

    មូលហេតុ​ដែល​ផ្សារ​នានា​មិន​ស្តុក​ទុក​ក្រដាស​អនាម័យ​ច្រើន​ ព្រោះ​តែ​វា​ស្រាល​ និង​មាន​សំពីង​សំពោងពេក ពិបាក​រក​កន្លែង​ដាក់​។ នេះ​មាន​ន័យ​ថា ពួកគេ​អាច​ដាក់​បាន​ត្រឹម​តែ​ពី​​100-250​ដុំ​ប៉ុណ្ណោះ នៅ​លើ​ធ្នើ​រទំនិញ​។ ពួក​គេ​ស្តុក​ទំនិញ​នេះ​តិច​តួច​ប៉ុណ្ណោះនៅ​ក្នុង​ឃ្លាំង​ ព្រោះ​ដើម្បី​មាន​កន្លែង​ច្រើន​សម្រាប់​ដាក់​ទំនិញ​ផ្សេង​។

    បណ្ឌិត Mortimer ថ្លែង​ថា “ជា​ធម្មតាមាន​អ្នក​ទិញ​តិច​តួច​ ហើយ​ស្រាប់​តែ​មាន​អ្នក​ទិញ​ច្រើន​ក្នុង​ពេល​ដ៏ខ្លី​បែប​នេះ គឺគេ​ពិបាក​នឹង​ធ្វើ​ឱ្យ​ធ្នើរ​ដាក់​ក្រដាស​អនាម័យ​នៅ​ពេញ​ជា​និច្ច​ខ្លាំង​ណាស់”។

    សាស្ត្រាចារ្យ Jana Bowden មក​ពី​មហាវិទ្យា​ល័យ Macquarie​ បាន​ថ្លែង​ថា​ “អារម្មណ៍​ភ័យខ្លាច​នៅ​ពេល​បាន​ស្ដាប់​ព័ត៌មាន​ដែល​និយាយ​អំពី​ការ​ខ្វះខាតទំនិញ​ក្រដាស់​អនាម័យ​នៅ​សិង្ហបុរី ហុងកុង និង​ជប៉ុន ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ៗនាំ​គ្នា​ទៅ​រក​ទិញ​ទំនិញ​នេះ​”។

    11 ក្នុង​ចំណោម​យីហោ​ក្រដាស​អនាម័យ​ធំបំផុត​ទាំង​ 14​ របស់​អូស្ត្រាលី គឺ​ត្រូវ​បាន​ផលិត​ក្នុង​ស្រុក​។ វត្ថុធាតុ​ដើម ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ផ្សេង​ៗ​ ដូចជា​ប្រេស៊ីល​ជា​ដើម​។

    សាស្ត្រាចារ្យ Bowden បន្ថែម​ថា “ក្រដាស​អនាម័យ​ស្ទើរ​តែទាំង​អស់​របស់​អូស្ត្រាលី សុទ្ធ​តែ​ត្រូវ​បាន​ផលិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ ហើយបើ​សិន​មិន​មែន​ទិញ​ដើម្បី​ស្តុក​ទុក​ក្នុង​ឃ្លាំង​នោះ​ទេ យើង​នឹង​មិន​មាន​បញ្ហា​អ្វី​នោះ​ឡើយ​ ទាក់​ទិន​នឹង​ការ​ផលិត​ក្រដាសអនាម័យនេះ​”​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អ្នក​ជំងឺ Covid-19 ជាង​ 1,600នាក់​ ​គ្មាន​ឱកាស​ចូល​ព្យាបាល​ក្នុង​​ពេទ្យ​ បណ្ដាល​ឱ្យ​ស្លាប់​​4នាក់​នៅ​ឯផ្ទះ​របស់​ពួកគេ

    អ្នក​ជំងឺ Covid-19 ជាង​ 1,600នាក់​ ​គ្មាន​ឱកាស​ចូល​ព្យាបាល​ក្នុង​​ពេទ្យ​ បណ្ដាល​ឱ្យ​ស្លាប់​​4នាក់​នៅ​ឯផ្ទះ​របស់​ពួកគេ

    អ្នក​ជំងឺ​ Covid-19 ចំនួន​4នាក់​ហើយ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​ នៅ​ពេល​ដែល​ត្រូវ​បាន​ស្នើ​ឱ្យ​​រង់​​ចាំ​​ ព្រោះ​ខាង​មន្ទីរពេទ្យ​​កំពុង​​រៀប​ចំ​ដាក់​គ្រែ​បន្ថែម​សម្រាប់​សម្រាក​ព្យាបាល​។ ចំណែក​ខាង​​បុគ្គលិក​មន្ទីរ​ពេទ្យ​វិញ ក៏កាន់​តែ​ “ទន់​ដៃ”។

    អ្នក​ជំងឺ​ទាំង​4នាក់​ដែល​បាន​ស្លាប់​នៅ​ឯផ្ទះ​របស់​ពួកគេ​ ក៏ព្រោះ​តែ​មិន​អាច​ស៊ូទ្រាំ​បាន​នឹង​ជំងឺ Covid-19 នេះ​​តទៅ​ទៀត​ ទើប​បាន​ជា​ត្រូវ​បាត់​បង់​ជីវិត។

    ទីក្រុង Daegu ដែលជា​សម្បុក​មេរោគ​កូរ៉ូណា មាន​អ្នក​ជំងឺ​ជាង​ 1,600នាក់ ដែល​ត្រូវ​បង្ខាំង​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ក្នុង​ផ្ទះរបស់​ពួកគេ​​រៀង​ៗ​ខ្លួន​ ព្រោះ​តែ​មន្ទីរ​ពេទ្យ​កំពុង​ខ្វះ​គ្រែ​សម្រាប់​អ្នក​ជំងឺ​។ ក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​​ដោយ​សារ​មិន​បាន​ចូល​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ ក៏​មាន​លោក​យាយ​ម្នាក់​អាយុ​86ឆ្នាំ​ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​កាល​ពី​ថ្ងៃ​ទី​28កុម្ភៈ​ រួម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​ឈាមផងនោះ មិន​បាន​ចូល​ព្យា​បាល​នៅ​ឯមន្ទីរពេទ្យនោះ​ទេ​​ ហើយ​​2ថ្ងៃ​ក្រោយ​មក​ គាត់​ក៏បាន​បាត់​បង់ជីវិត​។

    ស្ថាន​ភាព​កាន់​តែ​ដុន​ដាប់​ឡើង​ៗពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​​បុគ្គលិកសុខា​ភិបាល​ក៏​កំពុង​តែ​អស់​កម្លាំង​ទៅ​ៗ។ គិត​មក​ដល់​ពេល​នេះ កូរ៉េខាង​ត្បូងមាន​អ្នក​ផ្ទុក​មេរោគកូរ៉ូណា​​ជាង​ 5,328នាក់ គឺ​ច្រើន​ជាង​​​500ករណី​ បើ​ធៀប​នឹង​ថ្ងៃ​ទី​3មីនា​កន្លង​ទៅ​។ វេជ្ជ​បណ្ឌិត​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរពេទ្យ​ Keimyung នៃ​ទី​ក្រុង Daegu កាល​ពី​ដើម​សប្ដាហ៍​នេះ​ បាន​ដួល​សន្លប់ ព្រោះ​តែ​ធ្វើ​ការ​ហួស​កម្លាំង​។ បន្ទាប់​ពី​បាន​ដឹង​ខ្លួន​ លោក​គ្រូពេទ្យ​នេះ​ ក៏​មក​បំពេញ​ភារ​កិច្ច​បន្ត​ទៀត​។ ទីក្រុង Daegu កំពុង​ត្រូវ​ការ​បុគ្គលិក​ពេទ្យ​ជា​ច្រើន​នាក់​ និង​ជា​បន្ទាន់​។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Telegraph។

    16 ក្នុង​ចំណោមបុគ្គលិក​​គិលានុបដ្ឋាក​ទាំង​100នាក់​នៃ​មន្ទីរពេទ្យ​ Pohang ខេត្ត Gyeongsang ខាង​ជើង បាន​ឈប់​ពី​ការ​ងារ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ដោយ​លើក​មូល​ហេតុ​ថា​ ធ្វើ​ការ​ហួស​កម្លាំង​ និង​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ថែ​ទាំ​គ្រួ​សារ​។ មន្ទីរ​ពេទ្យ​នេះ ត្រូវ​បាន​រដ្ឋា​ភិបាល​កំណត់​ថា​ជា​កន្លែង​សម្រាប់​ព្យា​បាល​អ្នក​ជំងឺ​ Covid-19។ បុគ្គលិក​ពេទ្យ​ជា​ច្រើន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ផ្សេង​ៗ​ក្នុង​ទីក្រុង​ Daegu ក៏​មាន​បំណង​ឈប់​ពី​ការ​ងារ​ដែរ​។ បុគ្គលិក​ជា​ច្រើន​នាក់​បាន​គំរាម​ថា​នឹង​ឈប់​ធ្វើ​ការ​ភ្លាម​ៗ បើ​ស្ថាន​ភាព​ការ​ងារ​មិន​ត្រូវ​បាន​កែលម្អ​ ព្រោះ​ថា​ពួកគេ​ “បាន​ទ្រាំណាស់​ទៅ​ហើយ”។

    អាជ្ញា​ធរ​ខេត្ត Gyeongsang បាន​បញ្ជូន​បុគ្គលិក​ពេទ្យ​ថ្នាក់​ទាប​ចំនួន​15នាក់​ចូល​ទៅ​ជំនួស​។ ទីក្រុង Daegu ក៏​បាន​សន្យា​ថា​នឹង​បន្ថែម​បុគ្គលិក​ចំនួន​16នាក់​ទៀត​ ចូល​ទៅ​ជួយ​សម្រួល​ការ​ងារ​ ក្នុង​នោះ​ក៏​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ផងដែរ​។

    រដ្ឋ​អំណាច​មូល​ដ្ឋាន​​នៃ​ខេត្ត Gyeongsang បាន​ប្រកាស​ថា នឹង​ដំឡើង​ប្រាក់ខែ​ឱ្យ​បុគ្គលិក​សុខាភិបាល​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ “វិបត្តិ​សុខ​ភាព​សាធារណៈ” នេះ ត្រូវ​បាន​បញ្ចប់​។ ក្រុម​វេជ្ជ​បណ្ឌិត​នឹង​ទទួល​បាន​​ប្រាក់​បន្ថែម​ចំនួន​463​ដុល្លារ​ក្នុង​1ថ្ងៃ​​។ ចំណែកគិលានុបដ្ឋាក​វិញ ទទួល​បានប្រាក់​បន្ថែម ​​252​ដុល្លារ​អាមេរិក​​ក្នុង​1ថ្ងៃៗ​។

    ចំណែក​ក្រសួង​ការ​ពារ​ជាតិ​កូរ៉េខាង​ត្បូង​ បាន​ប្រកាស​ថានឹង​បញ្ជូន​បុគ្គលិក​ពេទ្យ​យោធា​ចំនួន​ 750នាក់​បន្ថែម​ទៀត​ ឱ្យចូល​ទៅ​ជួយ​មន្ទីរ​ពេទ្យ​នានា​ក្នុង​តំបន់​ដែល​មាន​សម្បុក​មេរោគ​កូរ៉ូណា​។ គិត​មក​ដល់​ថ្ងៃនេះ បុគ្គលិក​ពេទ្យ​យោធា​ជាង​ 1,400នាក់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មួយ​ចំនួន​​ដែល​កំពុង​ទទួល​ព្យា​បាល​អ្នក​ជំងឺ​កូរ៉ូណា​ Covid-19៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • បើកប្រវត្តិប្រុសស្អាត អភិបាលខេត្តហុកកៃដូ ប្រទេសជប៉ុន បុរសក្លាហាន ពុះពារស្ដារវិបត្តិ COVID-19

    បើកប្រវត្តិប្រុសស្អាត អភិបាលខេត្តហុកកៃដូ ប្រទេសជប៉ុន បុរសក្លាហាន ពុះពារស្ដារវិបត្តិ COVID-19

    ខេត្តហុកកៃដូ ប្រទេសជប៉ុន កំពុងត្រូវវីរុសកូរ៉ូណាប្រភេទថ្មីរុករានរាតត្បាតយ៉ាងធ្ងន់ធ្ងរ រហូតដល់ត្រូវប្រកាស​សភាវអាសន្ន សុំឱ្យប្រជាជនស្ថិតនៅតែក្នុងផ្ទះរយៈពេល 2សប្ដាហ៍…តែគ្រាន់តែមានសេចក្ដីប្រកាសនេះភ្លាម បណ្ដានារីៗទាំងនៅក្នុងប្រទេសជប៉ុន និងក្នុងប្រទេសជាច្រើនទៀត បែរជាផ្ដល់ចំណាប់អារម្មណ៍ទៅលើលោកអភិបាលខេត្តរូបសង្ហា ដែលមានឈ្មោះថា “ណាអូមិជិ ស៊ូស៊ិគិ” នេះទៅវិញ។

    ណាអូមិជិ ស៊ូស៊ិគិ 鈴木 直道 អាយុ 38ឆ្នាំ ជាអភិបាលខេត្តដែលមានអាយុតិចបំផុតនៅក្នុងប្រទេសជប៉ុន ទើបនឹងទទួលតំណែងថ្មីៗ កាលពីខែមេសា ឆ្នាំទៅ។ ក្រៅពីត្រូវបានដាក់រហស្សនាមឱ្យថា ជា “អភិបាលខេត្តរូបសង្ហា” ហើយ រូបគេថែមទាំងជាបុរសម្នាក់ដែលពូកែទាំងខាងទន់ភ្លន់ និងមាំមួនម៉ឺងម៉ាត់ផងដែរ គឺទាំងជាអ្នកជំនាញការខាងផ្នែកគ្រប់គ្រងកិច្ចការរាជការ និងជាកីឡាករដែលធ្លាប់បានចូលរួមប្រកួតក្នុងកម្រិតប្រទេសទៀតផង។

    ណាអូមិជិ ស៊ូស៊ិគិ ជាអ្នកខេត្ត សៃតាម៉ៈ ជីវិតក្នុងវ័យកុមារហាក់ដូចជាក្រខ្សត់ និងអត្តខាត់ ព្រោះត្រូវរស់នៅជាមួយម្ដាយដែលលែងលះគ្នាជាមួយឪពុក។ គេរៀនរហូតដល់កម្រិតមធ្យមសិក្សា ក៏លែងអាចរៀនបន្តក្នុងកម្រិតមហាវិទ្យាល័យទៀតបាន ព្រោះមានបញ្ហារឿងហិរញ្ញវត្ថុរបស់គ្រួសារ ហើយត្រូវចេញមកធ្វើការចិញ្ចឹមខ្លួន​ឯង។ ពេលអាយុបាន 18ឆ្នាំ គេប្រឡងជាប់ក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការរបស់សាលាក្រុងតូក្យូ និងបន្ទាប់ពីធ្វើការបាន 1ឆ្នាំ រូបគេក៏មានឱកាសបានសិក្សាបន្តនៅមហាវិទ្យាល័យ ហូហ្សេ និងបញ្ចប់ការសិក្សាផ្នែកនីតិសាស្ត្រ។

    ក្នុងអំឡុងពេលកំពុងរៀននៅមហាវិទ្យាល័យ គេបានធ្វើជាប្រធានជំរំអ្នកប្រដាល់ និងធ្លាប់បានចូលរួមប្រកួតកីឡាប្រដាល់កម្រិតជាតិ នៅឆ្នាំ2002 ទៀតផង។ ការងារនៅសាលាក្រុងតូក្យូ គេស្ថិតនៅក្នុងស្ថាប័ន​សាធារណៈ​សុខាភិបាល មើលការងារផ្នែកសុខភាព និងសុវត្ថិភាពរបស់ប្រជាជន និងត្រឹមតែជាមន្ត្រីរាជការធម្មតាៗម្នាក់ប៉ុណ្ណោះ។

    ចំណុចផ្លាស់ប្ដូរនៅក្នុងជីវិតរបស់ ស៊ូស៊ិគិ បានកើតឡើងនៅពេលដែលគេត្រូវបានបញ្ជូនឱ្យទៅធ្វើការនៅទីក្រុង​​យូបារិ ​ខេត្ត​ហុក​កៃដូ​ នៅឆ្នាំ2008។ ក្រុងយូបារិ នៅខណៈពេលនោះ កំពុងស្ថិតក្នុងសភាវដួលរលំ ប្រជា​ជន​ក្នុងតំបន់មានបំណុលវ័ណ្ឌក ត្រូវសុំថវិកាពីរដ្ឋបាលកណ្ដាល ត្រូវកាត់បន្ថយមន្ត្រីរាជការពាក់កណ្ដាល និងត្រូវបញ្ជូនមន្ត្រីពីទីក្រុងតូក្យូទៅជួយការងារនៅទីនោះ។

    ស្ថានការណ៍នៅយូបារិធ្ងន់ធ្ងរខ្លាំងជាងអ្វីដែលមន្ត្រីរាជការម្នាក់នឹងអាចដំណើរការទៅបាន តែ ស៊ូស៊ិគិ បែរជាក្លាយជាមនុស្សជាទីស្រឡាញ់របស់ប្រជាជននៅទីនោះយ៉ាងខ្លាំងទៅវិញ។ នៅថ្ងៃដែលរូបគេ ត្រូវត្រឡប់ទៅទីក្រុងតូក្យូវិញ ប្រជាជនហុកកៃដូចំនួនដ៏ច្រើនបានមករង់ចាំជូនដំណើររូបគេដោយក្ដីអាឡោះអាល័យ។ សម្ព័ន្ធភាពដ៏ល្អដែលមានជាមួយហុកកៃដូ បានធ្វើឱ្យគេសម្រេចចិត្តក្នុងគ្រាសំខាន់មួយ ដោយការសុំឈប់ពីការងាររាជការនៅសាលាក្រុងតូក្យូ ទៅចុះឈ្មោះធ្វើជាបេក្ខភាពក្នុងការបោះឆ្នោតជ្រើសរើសអភិបាលក្រុងយូបារិ ដោយ​ធ្វើជាបេក្ខជនឥស្សរៈ(មិនចំណុះគណបក្សណាមួយ) តែបានទទួលការគាំទ្រពីគណបក្សរួមក្នុងរដ្ឋាភិបាល​។​ ស៊ូស៊ិគិបានទទួលការជ្រើសតាំងដោយអាយុត្រឹមតែ 30ឆ្នាំ ជាអភិបាលក្រុងដែលមានអាយុតិចបំផុតក្នុងប្រទេសជប៉ុន។

    ស្ដារវិបត្តិទីក្រុងដួលរលំ ពង្រឹងសេដ្ឋកិច្ចដោយផ្លែឪឡឹក

    ការបានធ្វើជាអភិបាលក្រុងនៅក្នុងតំបន់ដែលកំពុងដួលរលំ មិនមែនជាការងារដែលគួរឱ្យបេតីប៉ុន្មានឡើយ…យូបារិ ធ្លាប់ជាតំបន់ដែលផលិតធ្យូងថ្ម ធ្លាប់មានប្រជាជនច្រើនដល់ទៅ 120,000នាក់ តែនៅពេលរ៉ែធ្យូងថ្មបញ្ឈប់ការផលិត ធ្វើឱ្យទាំងប្រាក់ចំណូល និងចំនួនប្រជាជនរបស់ក្រុងមួយនេះ ថយចុះយ៉ាងច្រើនមហាសាល នៅសល់តែមនុស្សចាស់ជរា។ មានការវាយតម្លៃថា ត្រូវប្រើពេលវេលាយូរដល់ទៅ 18ឆ្នាំ ទើបអាចជម្រះបំណុលរបស់រដ្ឋបាលទីក្រុងនេះបានអស់។

    ស៊ូស៊ិគិ ធ្វើការយ៉ាងធ្ងន់ធ្ងរ ដើម្បីកាត់បន្ថយការចំណាយ និងរៀបផែនការស្ដារទីក្រុងឡើងវិញ ដោយប្រើប្រយោជន៍ពីសាលារៀន និងបន្ទប់ស្នាក់នៅរបស់បុគ្គលិកក្រុមហ៊ុនធ្យូងថ្មដែលបានបោះបង់ចោល និងប្ដូរពីការពឹងអាស្រ័យតែលើធ្យូងថ្ម មកជាការអភិវឌ្ឍថាមពលវិលជុំវិញ។

    គេថែមទាំងបានគិតក្នុងការប្រើ “ឪឡឹកយូបារិ” ដែលមានរសជាតិផ្អែមឆ្ងាញ់ និងមានក្លិនក្រអូបឈ្ងុយ ធ្វើជានិមិត្តសញ្ញាដើម្បីស្ដារសេដ្ឋកិច្ច ដោយបានធ្វើការប្រូម៉ូតផ្លែឪឡឹកយូបារិ រហូតក្លាយជាផ្លែឈើដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុន។ ស៊ូស៊ិគិ ថែមទាំងបានប្រូម៉ូតនៅក្រៅប្រទេសទៀតផងដោយបាននាំយកផ្លែឪឡឹកយូបារិចំនួន 50ផ្លែ ទៅថ្វាយសមាជិករាជវង្ស និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតារ រហូតប្រទេសកាតារបញ្ជាឱ្យនាំ​ចូល​លែ​ឪ​ឡឹកយូបារិនៅឆ្នាំបន្ទាប់មកទៀតផង។ តែការធ្វើដំណើរទៅប្រទេសកាតារក្នុងគ្រានោះ គេត្រូវចំណាយប្រាក់ដោយខ្លួនឯងទាំងអស់ ទាំងសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅខ្ពស់រហូតដល់ 300,000យេន ទាំងប្រាក់ខែរបស់អភិបាលទីក្រុងយូបារិ មានត្រឹមតែ 260,000យេនប៉ុណ្ណោះ។ ជាអភិបាលក្រុងដែលមានប្រាក់ខែតិចបំផុតនៅប្រទេសជប៉ុន តិចជាងបុគ្គលិករបស់ក្រុមហ៊ុនមួយចំនួនទៀតផង។

    ក្នុងអំឡុងពេលដែលរូបគេធ្វើជាអភិបាលក្រុង 10ឆ្នាំ បន្ទាប់ពីក្រុងយូបារិដួលរលំ រដ្ឋបាលទីក្រុងមួយនេះ អាច​ជម្រះបំណុលបានច្រើនជាង 1ភាគ3។ ស៊ូស៊ិគិ បានទទួលនូវការជឿទុកចិត្តពីប្រជាជនក្នុងតំបន់ បោះ​ឆ្នោតឱ្យធ្វើជាអភិបាលក្រុង 2សម័យកាលជាប់ៗគ្នា។ គេបានចែករំលែកបទពិសោធនៃការស្ដារទីក្រុងមួយនេះឡើងវិញនៅក្នុងសៀវភៅ 1ក្បាលដែលមានឈ្មោះថា “មិនធ្វើអ្វីសោះ ស្មើនឹងសូន្យ”។

    ខែមករា ឆ្នាំ2019 ណាអូមិជី ស៊ូស៊ិគិ បានសម្រេចចិត្តក្នុងគ្រាសំខាន់ម្ដងទៀត ដោយការប្រកាសចុះឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោតជ្រើសរើសអភិបាលខេត្តហុកកៃដូ ក្នុងនាមជាបេក្ខជនឥស្សរៈ តែបានទទួលការគាំទ្រពីបក្សរួមរដ្ឋាភិបាលដូចកាលពិមុនដែរ។ គេទទួលបានជោគជ័យ បានទទួលការជ្រើសតាំងឱ្យក្លាយជាអភិបាលខេត្ត ដែលមានអាយុតិចបំផុតនៅក្នុងប្រទេស និងថែមទាំងជាលើកដំបូងទៀតផង ដែលបេក្ខជនមកពីខាងរដ្ឋាភិបាលបានយកឈ្នះនៅក្នុងខេត្តហុកកៃដូ មណ្ឌលបោះឆ្នោតដែលបក្សប្រឆាំងគ្រប់គ្រងមករហូត។

    ឯរឿងជីវិតផ្ទាល់ខ្លួនវិញ(នារីៗទាំងឡាយ អាចនឹងខកចិត្ត) ណាអូមិជិ ស៊ូស៊ិគិ អភិបាលខេត្តរូបសង្ហា រៀបអាពាហ៍ពិពាហ៍រួចហើយ ជាមួយ ម៉ាណាមិ ថាម៉ាគិ កាលពីខែឧសភា 2011។ ទាំង 2នាក់សេពគប់គ្នាយូរដល់ទៅ 6ឆ្នាំ និងរស់នៅជាមួយគ្នាយូរដល់ទៅ 9ឆ្នាំ ពុះពារឆ្លងកាត់ក្ដីលំបាកលំបិន ទាំងរឿងក្នុងគ្រួសារ និងកិច្ចការរដ្ឋ…។ សូមកុំភ្លេចតាមដានរឿងរ៉ាវស្នេហារបស់ពួកគេទាំង2 នៅក្នុងវគ្គបន្ត…។

    ប្រភព៖ សារព័ត៌មានបរទេស

  • តើជំងឺបណ្ដាលមកពីវីរុស COVID-19 និងជំងឺគ្រុនផ្ដាសាយធម្មតា ខុសគ្នាយ៉ាងម៉េច?

    តើជំងឺបណ្ដាលមកពីវីរុស COVID-19 និងជំងឺគ្រុនផ្ដាសាយធម្មតា ខុសគ្នាយ៉ាងម៉េច?

    មេរោគវីរុសកូរ៉ូណាប្រភេទថ្មី2019 ឬ COVID-19 ជាមេរោគវីរុសដែលទើបរកឃើញ មានអាការឈឺថ្កាត់ហាក់ដូចជាស្រដៀងនឹងជំងឺគ្រុនផ្ដាសាយធម្មតា ឬគ្រុនផ្ដាសាយទូទៅដែរ។ មនុស្សជាច្រើនដែលមានអាការឈឺថ្កាត់ ដូចជាមានគ្រុនក្ដៅខ្លួន ក្អក និងឈឺ-ក ក្នុងអំឡុងពេលនេះ តែងតែមានក្ដីបារម្ភកង្វល់ ច្រឡំវិលវល់ និងមិនដឹងថា តើគ្រុនផ្ដាសាយធម្មតា និងវីរុស COVID-19 ខុសគ្នាយ៉ាងម៉េច?

    ភាពខុសប្លែករបស់គ្រុនផ្ដាសាយធម្មតា និងវីរុស COVID-19 (វីរុសកូរ៉ូណា)

    គ្រុនផ្ដាសាយធម្មតា និងកូរ៉ូណាវីរុសប្រភេទថ្មី2019(COVID-19) កើតចេញពីមេរោគវីរុសកូរ៉ូណាដូចគ្នា ដោយគ្រុនផ្ដាសាយទូទៅ ច្រើនតែបណ្ដាលមកពី រ៉ៃណូវីរុស(Rhinovirus) ដល់ 30-80% បន្ទាប់ចុះមកគឺ វីរុសកូវីដ-19(កូរ៉ូណាវីរុស)10-15% និងកម្រិតភាពធ្ងន់ធ្ងររបស់ជំងឺ ខុសប្លែកគ្នា ដោយកូរ៉ូណាវីរុស នឹងមានកម្រិតភាពធ្ងន់ធ្ងរខ្លាំងជាងគ្រុនផ្ដាសាយធម្មតាច្រើន។

    គ្រុនផ្ដាសាយធម្មតា៖ ច្រើនកើតពីមេរោគ រ៉ៃណូវីរុស(Rhinovirus) 30-80% ជាវីរុសដែលធ្វើឱ្យកើតជំងឺជាមួយច្រមុះ គឺផ្ដាសាយធម្មតា ប្រទះឃើញញឹកញាប់នៅលើកុមារ និងវីរុស 1ប្រភេទទៀតដែលជាមូលហេតុរបស់រោគគ្រុនផ្ដាសាយដែរនោះគឺ កូរ៉ូណាវីរុស មាន10-15% ជាវីរុសកូរ៉ូណាដែលបានរកឃើញ និងមានមកយូរហើយ និងមានការរកឃើញមេរោគវីរុសមួយនេះឆ្លងមកមនុស្សរួចហើយ 6ប្រភេទ។

    វីរុសកូរ៉ូណាប្រភេទថ្មី2019 ឬ COVID-19 ធ្វើឱ្យមានអាការរលាកសួតធ្ងន់ធ្ងរ ជាមេរោគវីរុសដែលទើបរកឃើញ​ថ្មី ជាប្រភេទទី7 របស់មេរោគវីរុសកូរ៉ូណាដែលឆ្លងនៅលើមនុស្ស ដែលបានប្រកាសជាផ្លូវការកាលពីថ្ងៃទី3 មករា ឆ្នាំ2020 ថា ជាជំងឺរលាកសួតដែលឆ្លងរាលដាលនៅទីក្រុងវូហាន ប្រទេសចិន។

    អាការរបស់រោគគ្រុនផ្ដាសាយធម្មតា៖ មានក្ដៅខ្លួនតិចៗ ហៀរសម្បោរ ក្អក កណ្ដាស់ ឈឺ-ក។

    អាការរបស់វីរុស COVID-19 ៖ មានគ្រុនក្ដៅខ្លួន ហៀរសម្បោរ ឈឺក ក្អក មានស្លេស្ម៍ (ស្លេស្ម៍អាចមានឈាមជាប់មកជាមួយ) ដកដង្ហើមហត់ដង្ហក់ ពិបាកដកដង្ហើម ឈឺចុករួយតាមរាងកាយ អ្នកខ្លះអាចមានក្អួតចង្អោរ និងរាក៕

    ប្រភព៖ សារព័ត៌មានបរទេស

  • តើ​អ្នក​ប្រាកដ​ចិត្ត​ទេ​ថា​អ័រម៉ូន​ក្នុង​រាងកាយ​អ្នកមាន​គ្រប់​ធម្មតា​?

    តើ​អ្នក​ប្រាកដ​ចិត្ត​ទេ​ថា​អ័រម៉ូន​ក្នុង​រាងកាយ​អ្នកមាន​គ្រប់​ធម្មតា​?

    អ័រម៉ូន​ គឺជា​សារធាតុគីមី​ដែល​ផលិត​ចេញពី​ក្រពេញ​នានា​នៅក្នុង​រាងកាយ​ វា​ធ្វើ​តួនាទី​ជា​អ្នកនាំ​ដំ​ណឹង​ផ្សេង​ៗទៅ​ប្រាប់​កោសិកា​ ឬអវៈ​យា​វៈ​ផ្សេង​ ដែល​កំពុងធ្វើការ​។ ដូច្នេះហើយ​ បរិមាណ​អ័រម៉ូន​ក្នុង​ប្រភេទ​នី​មួយ​ៗ នឹង​ត្រូវ​បែង​ចែ​កខុស​ៗគ្នា​ ហើយ​ផ្លាស់ប្ដូរ​បាន​ដោយ​ងាយ​ដូចគ្នា​៖
    • សភាវ​រាងកាយ​ដូចជា​ ការ​មករ​ដូវ​ប្រចាំខែ​ ឬការផ្លាស់ប្ដូរ​រាងកាយ​ ចូល​វ័យ​ជំទង់​។
    • ឱសថ​ ឬអាហារ​បំប៉ន​ផ្សេង​ៗ។
    • រោគ​ជំ​ងឺ​ផ្សេង​ៗ ដែល​មាន​ចំណែក​នៃ​ការផ្លាស់ប្ដូរ​អ័រម៉ូន​ ធ្វើ​ឱ្យ​កើតឡើង​នូវ​ជំងឺ​ និង​ផ្ដល់​ឱកាស​ឱ្យ​ជំងឺ​ខ្លះ​កាន់តែ​រីក​ធំ​ ឬរ៉ាំរ៉ៃ​ឡើង​។

    1. រដូវ​មក​មិន​ទៀងទាត់​
    វដ្ត​រដូវ​ជាទូទៅ​គឺ​ចាប់ពី​ 21​ ទៅ​ 35ថ្ងៃ​ដោយ​អាស្រ័យ​លើ​លក្ខណៈ​រាងកាយ​របស់​ស្រ្តី​ម្នា​ក់ៗ​។ ក៏ប៉ុន្តែ​ប្រសិនបើ​មាន​ខែ​ខ្លះ​ អ័រម៉ូន​មិន​គ្រប់​ ធ្វើ​ឱ្យ​រដូវ​មក​មិន​ទៀងទាត់​ នោះ​វដ្ត​រដូវ​ក៏​បាត់​ពី1​-2ខែ​ដូចគ្នា​។ វា​អាច​បណ្តាល​មក​ពី​អ័រម៉ូន​ភេទ​ស្រី​ (អេ​ស្ត្រូ​សែន​ និង​ប្រូ​សេ​ស្តេ​រ៉ូន​) ស្ថិតនៅ​ក្នុង​កម្រិត​មិនធម្មតា​ ឬនៅ​ក្នុងរយៈពេល​មុន​ពេល​អស់​រដូវ​ (អាយុ​ចាប់ពី​ 40ឆ្នាំ​ឡើង​ទៅ​) ក៏ប៉ុន្តែ​ប្រសិនបើ​ការ​មករ​ដូវ​មិន​ត្រូវ​ ឬមិន​ទៀងទាត់​ច្រើន​ខែ​ជាប់​ៗគ្នា​ វា​អាចម​កពី​រោគសញ្ញា​នៃ​ជំងឺ​ ឬអាច​ឈាន​ដល់​ការ​អស់​រដូវ​ឆាប់​ពេក​។
    2. បញ្ហា​ដំណេក​
    មនុស្សជា​ច្រើន​ប្រហែលជា​មិនបាន​ដឹង​ទេ​ថា​ អ័រម៉ូន​ភេទ​ក៏​ទាក់ទង​នឹង​ដំណេក​ដែរ​។ អាថ៌កំបាំង​នៃ​ប្រូ​សេ​ស្តេ​រ៉ូ​នដែល​ទាប​ពេក​នឹង​ធ្វើ​ឱ្យ​ពិបាក​គេង​។ កម្រិត​អ័រម៉ូន​អុី​ស្ត្រូ​សែន​ទាប​អាច​បណ្តាល​ឱ្យ​ក្តៅ​ត្រជាក់​ ឬបែកញើស​ពេល​យប់​។ ដូច្នេះ​វា​ត្រូវ​បាន​គេ​សម្គាល់​ឃើញថា​ នៅក្នុង​វ័យ​ស្ត្រី​អស់​រដូវ​ (អ័រម៉ូន​ភេទ​ទាប​) នឹង​មាន​បញ្ហា​ដំណេក​។
    3. បញ្ហា​មុន​រ៉ាំរ៉ៃ​
    អំពី​មេរោគ​មុន​កើតឡើង​ក្នុង​កំឡុង​ពេលមុន​ ឬខណៈ​មាន​រដូវ​ ហើយ​បាត់​ទៅវិញ​ ដែល​នេះ​ជា​រឿង​ពេញវ័យ​ធម្មតា​សម្រាប់​ស្ត្រីជា​ច្រើន​។ ជា​លទ្ធផល​នៃ​កម្រិត​អ័រម៉ូន​ភេទ​ខ្ពស់​ក្នុង​អំឡុង​ពេល​មាន​រដូវ​ ធ្វើ​ឱ្យ​កើតមុន​ ក៏ប៉ុន្ដែ​គ្រាប់​មុន​ខ្លះ​ក៏​មិន​បាត់​ទៅវិញ​ដែរ​។ សូម្បីតែ​បន្ទាប់ពី​អំឡុង​ពេល​មករ​ដូវ​ អ័រម៉ូន​អង់​ដ្រូហ្សែន​ ក៏​ទៅ​រំញោច​ក្រពេញ​ខ្លាញ់​នៅ​លើ​ស្បែក​ និង​ឫស​សក់​ ធ្វើ​ឱ្យ​មានការ​ផលិត​អ័រម៉ូន​ហួស​កម្រិត​ ក៏អាច​បណ្តាល​ឱ្យ​កើតមុន​នៅ​លើ​ស្បែក​ និង​ស្បែក​ក្បាល​បាន​ផង​ដែរ​។
    4. បញ្ហា​នៃ​ការ​ចងចាំ
    ​ទោះបីជា​បញ្ហា​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ដោយ​អ្នកជំនាញ​សុខភាព​ ប៉ុន្តែ​មាន​ទ្រឹ​ស្តី​មួយ​ដែល​ថា​ មុន​ពេល​អស់​រដូវ​ ហើយ​ពេល​អស់​រដូវ​ កម្រិត​អ័រម៉ូន​ភេទ​ស្រី​ដែល​ធ្លាក់ចុះ​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ដល់​ការ​ចងចាំ​។ ទាំង​ការ​ចងចាំ​អនុស្សាវរីយ៍​ជាដើម​ក៏​កំពុង​រលុប​ចេញពី​ខួរ​ក្បាល​ដែរ​។ ការ​ចង​ចាំ​ថ្មី​ៗក៏​ពិបាក​ចាំ​ផង​ដែរ​ គឺ​ដោយសារតែ​អ័រម៉ូន​ភេទ​ ដែល​ជះឥទ្ធិពល​ដល់​បដិបត្តិ​ការណ៍​របស់​សារធាតុគីមី​នៅក្នុង​ខួរក្បាល​។ នៅពេល​អ័រម៉ូន​ភេទ​ថយ​ចុះ​ សារធាតុ​គីមី​ទាំងនោះ​ក៏​នឹង​កាត់បន្ថយ​បាន​ដែរ​ ហើយ​ក្រៅពី​អ័រម៉ូន​ភេទ​ ក៏​មាន​អ័រម៉ូន​ផ្សេងទៀត​ដូចជា​ អ័រម៉ូន​ទី​រ៉ូ​អុី​ត ផង​ដែរ​។
    5. បញ្ហា​រំលាយអាហារ​
    ខណៈ​ពេល​ដែល​អ័រម៉ូន​ផ្លាស់​ប្តូរ​ (មុន​ពេល​ អំឡុង​ពេល​ និង​ក្រោយពេល​មករ​ដូវ​) អាច​បណ្តាល​ឱ្យ​រាគ​ ហើមពោះ​ ឈឺពោះ​ ឬចង្អោរ​ និង​ក្អួត​។ ដូច្នេះ​ក្នុងករណី​វ័យ​ចំណាស់​ ប្រព័ន្ធ​រំលាយអាហារ​របស់​អ្នក​ក៏​ចាប់ផ្តើម​ដំណើរ​ការ​មិន​ប្រក្រតី​ទៅៗ​ នោះ​នឹង​ធ្វើ​ឱ្យ​អស់កម្លាំង​ និង​ឆាប់​កើតមុន​ផង​ដែរ​ ហើយ​វា​អាច​ទៅរួច​ដែល​ថា​ អ័រម៉ូន​ភេទ​លែង​មានត​ទៅទៀត​។
    6. ហត់នឿយ​ងាយ​អស់កម្លាំង​
    ប្រសិនបើ​អ្នក​អស់កម្លាំង​ហត់នឿយ​ជា​ញឹកញាប់​ វា​អាច​ទៅរួច​ដែល​វា​ពាក់ព័ន្ធ​ជាមួយ​កម្រិត​អ័រម៉ូន​ថយ​មិនធម្មតា​។ ដូចជា​មាន​ប្រូ​សេ​ស្តេ​រ៉ូន​ច្រើនពេក​ ឬអ័រម៉ូន​ទី​រ៉ូ​អុី​តតិចតួច​ពេក​។ ដោយសារតែ​អ័រម៉ូន​ទី​រ៉ូ​អុី​តទទួលខុសត្រូវ​ក្នុង​ការ​បង្កើត​ថាមពល​ កង្វះ​អ័រម៉ូន​នេះ​នឹង​បណ្តាល​ឱ្យ​រាងកាយ​ចុះ​ខ្សោយ​មាន​ថាមពល​តិចតួច​។ បច្ចុប្បន្ន​នេះ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការពិនិត្យ​មើល​អ័រម៉ូន​ទី​រ៉ូ​អុី​ត និង​មាន​គោលការណ៍​ណែនាំ​ច្បាស់លាស់​ក្នុង​ការ​ព្យាបាល​។
    7. ការ​ផ្លាស់​ប្តូរ​អារម្មណ៍​ និង​ការ​ធ្លាក់ទឹក​ចិត្ត
    ​អ្នកស្រាវជ្រាវ​បាន​អះអាង​ថា​ ការ​ថយ​ចុះ​កម្រិត​អ័រម៉ូន​អុី​ស្ត្រូ​សែន​ ឬការ​ផ្លាស់​ប្តូរ​អ័រម៉ូន​យ៉ាង​ឆាប់រហ័ស​ អាច​បណ្តាល​ឱ្យ​ប្រព័ន្ធ​បញ្ជូន​សរសៃប្រសាទ​ទទួលខុសត្រូវ​ចំពោះ​ការ​ផ្លាស់​ប្តូរ​អារម្មណ៍​។ ដូច្នេះ​ធ្វើ​ឱ្យ​អារម្មណ៍​ប្រែប្រួល​ មាន​សភាព​ផ្លាស់ប្ដូរ​អា​រម្ម​ណ៍​លឿន​ៗ ឆាប់​ខឹង​ ឆាប់​ឆេវឆាវ​ ឆាប់​សប្បាយចិត្ត​ និង​ឆាប់​អន់ចិត្ត​ផង​ដែរ​។
    8. តម​អាហារ​ និង​ឡើង​ទម្ងន់​ញឹកញាប់​
    ស្ត្រីជា​ច្រើន​តែងតែ​ឃ្លាន​ ហើយ​និយាយ​ថា​ ខ្លួន​មិន​ចង់​ញ៉ាំ​ប៉ុន្មាន​ទេ​។ ស្ត្រី​ខ្លះ​តម​អាហារ​ តែ​ជាក់ស្ដែង​ទម្ងន់​ឡើង​រហូត​ ជាពិសេស​ក្នុង​អំឡុង​ពេល​មាន​រដូវ​។ មូលហេតុ​ដែល​អាច​កើតមាន​ គឺ​ការ​ថយ​ចុះ​កម្រិត​អ័រម៉ូន​អុី​ស្ត្រូ​សែន​នៅក្នុង​ខ្លួន​។ ការដែល​ស្ត្រី​មាន​អារម្មណ៍​ឃ្លាន​ តែ​ហាក់បីដូចជា​ឆ្អែត​ និង​ចំណង់​អាហារ​ខុស​ធម្មតា​ នោះ​ក៏​បណ្ដាលមកពី​អា​ត្រា​អ័រម៉ូន​ក្នុង​ខ្លួន​ថយ​ចុះ​ដូចគ្នា​។
    9. ឈឺក្បាល​
    ឈឺក្បាល​ក៏​ជា​រោគសញ្ញា​មួយ​ក្នុងចំណោម​រោគសញ្ញា​ដែល​ពាក់ព័ន្ធ​ជាមួយ​ការ​មករ​ដូវ​មិន​ទៀង​របស់​ស្ត្រី​ផង​ដែរ​។ ដោយសារតែ​កម្រិត​អ័រម៉ូន​អុី​ស្ត្រូ​សែន​ទាប​ អាការ​ឈឺក្បាល​អាច​មាន​មួយដង​ ឬច្រើនដង​ក្នុង​មួយ​វដ្ត​រដូវ​។
    10​. ទ្វារមាស​ស្ងួត​
    ដោយសារតែ​អ័រម៉ូន​អុី​ស្ត្រូ​សែន​ទៅ​រំញោច​កោសិកា​ក្នុង​ទ្វារមាស​ឱ្យ​ផលិត​សារធាតុ​គីមី​ ដែល​ផ្តល់​សំណើម​ដល់​ទ្វារមាស​គ្រប់ពេល​។ ក្នុងករណី​ដែល​កម្រិត​អ័រម៉ូន​ថយ​ចុះ​ មានកម្រិត​ទាប​ វា​នឹង​ធ្វើ​ឱ្យ​ទ្វារមាស​ស្ងួត​ បណ្តាល​ឱ្យ​រមាស់​ ឬឈឺចុក​ចាប់​ជាដើម​។
    11​. ការ​ថយ​ចុះ​ផ្លូវភេទ​
    អ័រម៉ូន​ដែល​ទទួលខុសត្រូវ​ចំពោះ​អារម្មណ៍​ផ្លូវភេទ​គឺ​ តេ​ស្តូ​ស្តេ​រ៉ូន​ ដែល​ច្រើនតែ​មាននៅ​ក្នុង​រាងកាយ​បុរស​ប៉ុណ្ណោះ​។ ប៉ុន្តែ​តាមពិត​អ័រម៉ូន​ទាំងនេះ​ក៏​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ខ្លួន​ស្ត្រី​ដែរ​ ក៏ប៉ុន្តែ​ក្នុង​បរិមាណ​តិច​ជាង​។ ក្នុង​នោះ​វ័យ​អាយុ​កើនឡើង​ កម្រិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូន​ចំពោះ​ស្ត្រី​ក៏​កាន់ការ​ថយ​ចុះ​ រហូតដល់​បាត់បង់​ចំណាប់​អារម្មណ៍​ក្នុង​ការ​រួមភេទ​តែម្ដង​៕

  • អ៊ីរ៉ង់កំពុងដុនដាបហើយ…មន្ត្រីលំដាប់ខ្ពស់នាំគ្នាឈឺដោយសារ COVID-19 បន្តបន្ទាប់គ្នា ឯស្ថិតិ 1ថ្ងៃស្លាប់ 11នាក់ ឆ្លងមេរោគ 835នាក់

    អ៊ីរ៉ង់កំពុងដុនដាបហើយ…មន្ត្រីលំដាប់ខ្ពស់នាំគ្នាឈឺដោយសារ COVID-19 បន្តបន្ទាប់គ្នា ឯស្ថិតិ 1ថ្ងៃស្លាប់ 11នាក់ ឆ្លងមេរោគ 835នាក់

    វីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 បានប្រហារជីវិតបន្ថែមទៀត 77នាក់នៅក្នុងប្រទេសអ៊ីរ៉ង់។ អាជ្ញាធរបានបង្ហើបឱ្យដឹងនៅថ្ងៃអង្គារ(ទី3មីនា) ខណៈដែលអគ្គនាយកមជ្ឈមណ្ឌលគ្រាអាសន្ននៃប្រទេសអ៊ីរ៉ង់ បានក្លាយជាមន្ត្រីលំដាប់ខ្ពស់ក្រោយគេបំផុតដែលឆ្លងមេរោគមរណៈមួយនេះ។ នេះបើតាមរបាយការណ៍ព័ត៌មានរបស់AFP។

    អ៊ីរ៉ង់កំពុងប្រវេប្រវាក្នុងការទប់ស្កាត់ការឆ្លងរាលដាលរបស់វីរុស COVID-19 ដែលកំពុងឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស ដោយបានកំណត់វិធានការផ្សេងៗជាច្រើន ទាំងបិទសាលារៀន និងមហាវិទ្យាល័យ រួមទាំងផ្អាករាល់កិច្ចការងារខាងផ្នែកវប្បធម៌ និងកីឡាសំខាន់ៗ ព្រមទាំងកែសម្រួលម៉ោងពេលធ្វើការទៀតផង។

    នៅថ្ងៃអង្គារ(ទី3មីនា) អ៊ីរ៉ង់បានថ្លែងអំពីការរកឃើញអ្នកស្លាប់បន្ថែមទៀត 11នាក់ និងរកឃើញអ្នកឆ្លងមេរោគថ្មីទៀត 835នាក់ ដែលអាចរាប់បានថា ជាថ្ងៃដែលកើនឡើងច្រើនបំផុត រាប់ចាប់ពីមេរោគចាប់ផ្ដើមឆ្លងរាលដាលចូលមកក្នុងប្រទេសមួយនេះកាលពីជិត 2សប្ដាហ៍មុន។

    “តាមរយៈព័ត៌មានចុងក្រោយបំផុត មានអ្នកជំងឺថ្មីកើនឡើង 835នាក់” លោក អាលីរេហ្សា រ៉ៃហ្ស៊ី រដ្ឋមន្ត្រីស្ដីទីក្រសួងសុខាភិបាលនៃប្រទេសអ៊ីរ៉ង់ថ្លែង “ជាគ្រោះដ៏សែនអាក្រក់ យើងមានអ្នកស្លាប់កើនឡើង 11នាក់ និងដោយចំនួននេះ ធ្វើឱ្យតួលេខអ្នកឆ្លងមេរោគរបស់យើងកើនឡើងដល់ 2,336នាក់ និងស្លាប់សរុប 77នាក់”។

    អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រាអាសន្ននៃប្រទេសអ៊ីរ៉ង់ បានបង្ហើបឱ្យដឹងថា លោក ភីហស់ហ្សេន ខូលីវ៉ាន់ អគ្គនាយកមជ្ឈមណ្ឌលគ្រាអាសន្ននៃប្រទេសអ៊ីរ៉ង់ ដែលជាមន្ត្រីលំដាប់ខ្ពស់ គឺជាអ្នកឆ្លងមេរោគ COVID-19 ថ្មីបំផុតនៅក្នុងប្រទេស។

    ការអះអាងនេះ បានកើតឡើង 1ថ្ងៃក្រោយពីទីភ្នាក់ងារព័ត៌មាន ថាស្នីម នីវស៍ បានរាយការណ៍ថា វីរុសបានប្រហារជីវិតលោក ម៉ូហាម៉ាដ មីម៉ូហាំម៉ាឌី សមាជិកសភាអ្នកសម្រេចកិច្ចការ ដែលជាទីប្រឹក្សារបស់មេដឹកនាំខ្ពស់បំផុតរបស់អ៊ីរ៉ង់។

    មូលហេតុនៃការស្លាប់នេះ មិនទាន់កើតមានឡើងទេ បន្ទាប់ពីលោក ម៉ាហ្ស៊ូមេ អេបតេការ អនុប្រធានាធិបតីផ្នែកកិច្ចការស្ត្រី និងគ្រួសារ និងលោក អ៊ិរ៉ាច ហារីឈី អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវបានរកឃើញថា ឆ្លងមេរោគ COVID-19។

    អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់ថា វិធានការបិទសាលារៀនទូទាំងប្រទេសអ៊ីរ៉ង់ ដែលបានប្រកាសកាលពីថ្ងៃសៅរ៍(ទី29កុម្ភៈ) ដោយសារតែការឆ្លងរាលដាលរបស់វីរុស នឹងត្រូវពង្រីកពេលវេលាចេញទៅរហូតដល់ចុងសប្ដាហ៍នេះ បន្ទាប់ពីអ៊ីរ៉ង់ក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនបំផុតនៅក្រៅប្រទេសចិនដែលជាចំណុចចាប់ផ្ដើមនែការឆ្លងរាតត្បាត៕

    ប្រភព ៖ សារព័ត៌មានបរទេស

  • ​32នាក់បាន​ស្លាប់​ និង ​5,328នាក់​បាន​ឆ្លង​រោគ​រាត​ត្បាត​ Covid-19 នៅ​កូរ៉េខាង​ត្បូង

    ​32នាក់បាន​ស្លាប់​ និង ​5,328នាក់​បាន​ឆ្លង​រោគ​រាត​ត្បាត​ Covid-19 នៅ​កូរ៉េខាង​ត្បូង

    កូរ៉េខាង​ត្បូង​បាន​ប្រកាស​ថា គិត​មក​ដល់​ថ្ងៃ​ទី​4មិនា​នេះ ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​ Covid-19 នៅ​ក្នុង​ប្រទេស​នេះ បាន​ឡើង​ដល់​ 5,328នាក់​។

    ទីភ្នាក់​ងារ​សារ​ព័ត៌មានកូរ៉េខាង​ត្បូង Yonhap ដក​ស្រង់​ទិន្ន​ន័យ​ពី​មជ្ឈ​មណ្ឌល​ទប់​ស្កាត់​ និង​គ្រប់​គ្រង​រោគ​កូរ៉េខាង​ត្បូង បាន​ឱ្យ​ដឹង​នា​ព្រឹក​នេះ​ថា ប្រទេស​នេះ បាន​រក​ឃើញ​អ្នក​ជំងឺ​កូរ៉ូណា​ថ្មីបន្ថែម​ 516នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​ក្នុង​ប្រទេស​នេះ​ កើន​ដល់​​5,328នាក់​។

    ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី គឺ​មាន​ 405នាក់​​ជា​ពល​រដ្ឋ​ក្នុង​តំបន់ Daegu និង​ 89នាក់​ផ្សេង​ទៀត នៅ​ក្នុង​ខេត្ត Geyongsang ខាង​ជើង ដែល​នៅ​ក្បែរ​តំបន់ Daegu។ ក្រៅ​ពី​តំបន់​ខាង​លើនេះ ក៏​មាន​ខេត្ត​ ក្រុង​ផ្សេង​ៗមួយ​ចំនួន​ទៀត បាន​រក​ឃើញ​​អ្នក​ជំងឺ​កូរ៉ូណា​បន្ថែម​ផងដែរ​។

    កូរ៉េខាង​ត្បូង​ នាព្រឹក​នេះ​ ក៏​បាន​ប្រកាស​ថា មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​បន្ថែម​4នាក់​​ ក្នុង​នោះ​ភា​គ​ច្រើន​គឺជា​មនុស្ស​ចាស់ និង​អ្នក​ដែល​ធ្លាប់​មាន​បញ្ហា​សុខ​ភាព​កន្លង​មក​។

    ប្រមាណជា​ 60% នៃ​អ្នក​ជំងឺ​ Covid-19 នៅ​កូរ៉េខាង​ត្បូង គឺ​មាន​ជាប់​ទាក់​ទិន​នឹង​សាខា​វិហារ​សាសនា​ Shincheonji នៅទីក្រុង​ Daegu ដែល​ជា​ទី​ក្រុង​ធំទី​4 នៅ​កូរ៉េខាង​ត្បូង​ ដោយ​មាន​ប្រជា​ជន​សរុប​ 2,5លាន​នាក់។

    ក្រសួង​ហិរញ្ញវត្ថុ​កូរ៉េខាង​ត្បូង​ ថ្ងៃ​នេះក៏​បាន​ស្នើ​ឱ្យ​ទម្លាក់​ថវិកា​ជាតិ​ចំនួន 11,7​ពាន់​លាន​វ៉ុន (ប្រមាណជា 9,82​ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​ជួយ​ទប់​ទល់​នឹង​រោគ​រាត​ត្បាត​កូរ៉ូណា និង​ជួយ​កាត់​បន្ថយ​ឥទ្ធិ​ពល​របស់​អាសន្ន​រោគ​នេះទៅ​លើ​សេដ្ឋ​កិច្ច​ជាតិ។ សំណើ​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សភា​កូរ៉េខាង​ត្បូង​អនុម័ត​នៅ​ថ្ងៃទី​5មីនា​ខាង​មុខ​។

    រោគ​រាត​ត្បាត Covid-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​កូរ៉េខាង​ត្បូង ចាប់​ពី​ចុង​ខែ​មករា នៅ​ពេល​ដែល​​បាន​រក​ឃើញអ្នក​ជំងឺ​ដំបូង​ដែល​ជា​ស្ត្រី​ម្នាក់​មក​ពី​តំបន់​ Wuhan កាល​ពី​ថ្ងៃទី​ 20មករា​។ Covid-19 បាន​​ឆ្លង​រាល​ដាល​ខ្លាំង​ក្នុង​អំឡុង​2សប្ដាហ៍​កន្លង​ទៅ​នេះ​ បណ្ដាល​ឱ្យ​កូរ៉េខាង​ត្បូង ក្លាយ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំ​បំផុត​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជាង​10,000នាក់​បាន​ឆ្លង​វីរុស​ Covid-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន

    ជាង​10,000នាក់​បាន​ឆ្លង​វីរុស​ Covid-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន

    យោង​តាម​ស្ថិតិ​របស់​អង្គ​ការ​សុខភាព​ពិភពលោក (WHO) ឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​ខាង​ក្រៅ​ប្រទេស​ចិន បាន​កើន​លើស​ពី​ 10,000នាក់​ទៅ​ហើយ គិត​ត្រឹម​ថ្ងៃទី​3មីនា​។

    របាយ​ការណ៍​របស់​អង្គ​ការ​សុខ​ភាព​ពិភពលោក បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃទី​3មីនា ​មានអ្នក​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19 យ៉ាង​ហោច​ណាស់ 10.566 នាក់​ នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​72 នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ ក្នុង​នោះ​​យ៉ាង​តិច​ 1,792​នាក់គឺជា​អ្នក​ជំងឺ​​ថ្មី​ ដែល​បាន​ឆ្លង​ត្រឹម​​រយៈ​ពេល​24ម៉ោង​ចុងក្រោយ​នេះ​។

    នៅ​ក្នុង​​អំឡុង​ពេល​ WHO ស្រង់​ស្ថិតិ​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ Covid-19 នៅ​ខាង​ក្រៅ​ប្រទេស​ចិន បាន​កើន​​ដល់​​166​ករណី​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​យ៉ាង​តិច​ 37ករណី​ក្នុង​រយៈ​ពេល​ត្រឹម​តែ​24ម៉ោង​ចុង​ក្រោយ​នេះ​។

    របាយ​ការណ៍​របស់​ WHO បាន​ឱ្យ​ដឹង​ថា “8ប្រទេស​ថ្មីទៀត ដូច​ជា អង់ដូរ៉ា ហ្ស៊កដានី ឡាតវី ម៉ារ៉ុក ព័រទុយ​ហ្កាល់ អារ៉ាប់ប៊ីសាអ៊ូឌីត សេណេហ្គាល់ និង​ ទុយនីស៊ី បាន​ប្រកាស​ថា មាន​ករណី​ឆ្លង​ថ្មី​​ក្នុង​អំឡុង​24ម៉ោង​កន្លង​ទៅ​នេះ​ផងដែរ”។

    គិត​មក​ដល់​បច្ចុប្បន្ន​ នៅ​ប្រទេស​ចិន(ចិនដីគោក) ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា បាន​កើន​ឡើង​ដល់​ជាង 80,304​នាក់​ ខណៈ​ចំនួន​អ្នក​ស្លាប់​គឺ​​ 2,946​នាក់​។ ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​នេះ​នៅ​ទូទាំង​ពិភព​លោក បាន​កើន​ដល់ជាង 92,861នាក់ គិត​មក​ដល់​ពេលនេះ​​។

    ក្រៅ​ពី​ប្រទេស​ចិន ប្រទេស​ចំនួន​3ផ្សេង​ទៀត​ រួម​មាន​កូរ៉េខាង​ត្បូង អ៊ីតាលី និង​អ៊ីរ៉ង់ ក៏បាន​ក្លាយ​ជាសម្បុក​មេរោគ​ Covid-19 ធំ​ជាង​គេ​ក្នុង​ពិភពលោក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស