Category: សុខភាព

  • បុគ្គលិកម្នាក់​របស់ Apple បាន​ក្លាយ​ជា​អ្នក​មាន​ផ្ទុក​​ COVID-19 ​ដំបូងគេ​បង្អស់នៅ​​​ក្នុង​ក្រុម​ហ៊ុន​

    បុគ្គលិកម្នាក់​របស់ Apple បាន​ក្លាយ​ជា​អ្នក​មាន​ផ្ទុក​​ COVID-19 ​ដំបូងគេ​បង្អស់នៅ​​​ក្នុង​ក្រុម​ហ៊ុន​

    បុគ្គលិក​ម្នាក់​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ “ខ្នាតយក្ស” Apple នៅ​ឯទីក្រុង Cork ក្នុង​ប្រទេស​អៀរ​ឡង់ ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស​ COVID-19 ហើយ​បាន​ក្លាយ​ជា​អ្នក​ឆ្លង​មេរោគ​កូរ៉ូណាដំបូង​គេ​ក្នុង​ក្រុម​ហ៊ុន​នេះ​។

    “ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​របស់​យើង​ ដែល​ធ្វើ​ការ​នៅ​ក្នុង​ទីក្រុង Cork ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​​ COVID-19។ យើង​កំពុង​សហការ​ជាមួយ​ក្រុម​មន្ត្រី​សុខាភិបាល​មូល​ដ្ឋាន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។ ចំណែក​អ្នក​ជំងឺ​វិញ កំពុង​បង្ខាំង​ខ្លួន​ឯង​នៅ​ឯផ្ទះ​របស់​គាត់​” នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​នៃ​ក្រុមហ៊ុន Apple ដែល​ចុះ​ផ្សាយ​ដោយ​សារ​ព័ត៌មាន CNBC។

    Apple យល់​ថា ​ការ​ឆ្លង​រោគ​ពី​អ្នក​ជំងឺ​នេះ​ គឺមាន​ហានិភ័យ​ទាប​។ យ៉ាង​ណា​ក៏ដោយ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល ក្រុម​ហ៊ុន​នេះ​ក៏បាន​ស្នើ​ឱ្យ​សមាជិក​មួយ​ចំនួន​ក្នុង​ក្រុមដែល​មាន​ជាប់​ទាក់​ទិន​នឹង​អ្នក​ជំងឺ​ខាង​លើ​ ធ្វើ​ការនៅ​ឯផ្ទះ​ ហើយ​ក្រុម​ហ៊ុន Apple ក៏កំពុង​តែ​ធ្វើ​ការ​ជាមួយរដ្ឋបាល​សុវត្ថិ​ភាព ​និង​សុខ​ភាព​ដើម្បី​វាយ​តម្លៃ​ស្ថាន​ភាពនៃ​ករណី​នេះ។

    តំណាង​ក្រុម​ហ៊ុន Apple បាន​អះអាង​ថា “យើង​កំពុង​អនុវត្ត​វិធាន​ការ​ទប់ស្កាត់​ចាំបាច់​នានា​ ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​”។

    មុន​នេះ​ Apple ក៏បាន​ណែនាំ​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ ធ្វើ​ការ​នៅ​ឯផ្ទះ “បើ​សិន​មាន​លក្ខខណ្ឌ​អំណោយ​ផល” ទន្ទឹម​នឹង​នេះ​ ក្រុម​ហ៊ុន​ក៏​កំពុង​តែ​ “កាត់​បន្ថយ​ចំនួន​មនុស្សនៅ​ក្នុង​ការិយា​ល័យ​” និង​ “ធានាចំពោះ​​​បុគ្គលិក​ដែល​មក​ធ្វើ​ការ​ក្នុង​ការិយា​ល័យ ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​សុវត្ថិ​ភាព​ និង​ស្ងប់​ចិត្តក្នុង​ពេ​ល​ធ្វើ​ការ​” ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស COVID-19។

    យោង​តាម​ស្ថិតិ​​នា​ថ្ងៃទី​11មីនា វីរុស​កូរ៉ូណា COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​119 នៅទូទាំង​ពិភព​លោក បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​ 119,027​នាក់ បាន​ឆ្លង​ជំងឺ​នេះ ក្នុង​នោះ​មាន​ 4.284នាក់​បាន​បាត់​បង់​ជីវិត។ ដោយ​ឡែក​នៅ​អៀរឡង់ មាន​អ្នក​ជំងឺ​កូរ៉ូណា​ចំនួន 34នាក់ ប៉ុន្តែ មិន​ទាន់​មាន​ករណី​​ស្លាប់​ដោយ​សារ​វីរុស​នេះ​នៅ​ឡើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ស៊ី ជីនភីង អាឡោះអាល័យអ្នកស្លាប់ និងបុគ្គលិកជួរមុខ ដែលពលីជីវិតតស៊ូនឹងវីរុសCOVID-19

    ស៊ី ជីនភីង អាឡោះអាល័យអ្នកស្លាប់ និងបុគ្គលិកជួរមុខ ដែលពលីជីវិតតស៊ូនឹងវីរុសCOVID-19

    លោក ស៊ី ជីនភីង ប្រធានាធិបតីនៃប្រទេសចិន បានសម្ដែងក្ដីអាឡោះអាល័យចំពោះជនជាតិចិន និងបុគ្គលិកពេទ្យដែលបានស្លាប់បាត់បង់ជីវិតពីហេតុការណ៍ឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19។

    កាលពីថ្ងៃអង្គារ ទី10 ម្សិលមិញ លោក ស៊ី ជីនភីង បានសម្ដែងការសោកស្ដាយចំពោះមុខជនជាតិចិនដែលបានស្លាប់ដោយសារតែហេតុការណ៍ឆ្លងរាតត្បាតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី និងបានសម្ដែងការសោកស្ដាយចំពោះការបាត់បង់ធនធានមនុស្សសំខាន់ៗក្នុងខ្សែត្រៀមមុខ ដែលបានពលីជីវិតក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងគ្រានេះ។

    លោក ស៊ី ជីនភីង បានធ្វើដំណើរទៅកាន់ទីក្រុងវូហានកាលពីថ្ងៃអង្គារ ទី10 មីនា(ម្សិលមិញ) ដើម្បីចុះទៅដល់ទីតាំងត្រួតពិនិត្យការដំណើរការការពារ និងគ្រប់គ្រងជំងឺឆ្លងមេរោគ COVID-19។

    ទាំងអស់នេះ លោកប្រធានាធិបតី ស៊ី នៅបានសម្ដែងការគោរពរាប់អានចំពោះបុគ្គលិកពេទ្យ កងយោធា អាជ្ញាធរទីប្រជុំជន ប៉ូលិស បុគ្គលិកស្ម័គ្រចិត្ត និងប្រជាជនគ្រប់ទិសទី ដែលបានចូលរួមតស៊ូប្រឆាំងនឹងមេរោគ COVID-19 នៅក្នុងសមរភូមិជួរមុខ។

    ក្រៅពីនេះ លោកប្រធានាធិបតីចិន នៅបានសម្ដែងនូវការយល់ចិត្ត និងអាណិតអាសូរអ្នកជំងឺដែលកំពុងតស៊ូជាមួយជំងឺរាតត្បាត និងសាច់ញាតិរបស់ពួកគេ រួមទាំងសម្ដែងការយល់ចិត្ត អាណិតអាសូរ និងចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់អ្នកស្លាប់ដោយសារជំងឺរាតត្បាត និងអ្នកដែលស្លាប់ក្នុងខណៈប្រតិបត្តិតួនាទីទៀតផង។

    តាមចំនួននៅក្នុងរបាយការណ៍នៅថ្ងៃនេះ(ពុធទី11មីនា) នៅក្នុងប្រទេសចិនដីគោក មានអ្នកជំងឺដែលបានអះអាងលទ្ធផលថា មានផ្ទុកមេរោគទាំងអស់ 80,955នាក់(ម្សិលមិញ 80,932នាក់) និងមានអ្នកស្លាប់ 3,162នាក់(ម្សិលមិញ 3,140)៕

    ប្រភព៖ សារព័ត៌មានបរទេស

  • មនុស្ស​ជិត​ 119,000​នាក់​បាន​ឆ្លង​​ COVID-19 នៅ​ទូទាំង​ពិភពលោក ខណៈអនុរដ្ឋ​មន្ត្រី​សុខាភិបាល​អង់គ្លេស ក៏បាន​ឆ្លង​វីរុសនេះ​ដែរ​

    មនុស្ស​ជិត​ 119,000​នាក់​បាន​ឆ្លង​​ COVID-19 នៅ​ទូទាំង​ពិភពលោក ខណៈអនុរដ្ឋ​មន្ត្រី​សុខាភិបាល​អង់គ្លេស ក៏បាន​ឆ្លង​វីរុសនេះ​ដែរ​

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន 119​ នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជិត 119,000​នាក់​ បាន​ឆ្លង​វីរុស​នេះ និង​ជាង​ 4,200នាក់​ បាន​បាត់​បង់​ជីវិត​ ក្នុង​នោះ​ចំនួន​អ្នក​ស្លាប់​នៅ​អ៊ីតាលី បន្ត​កើន​ឡើង​ខ្ពស់​។

    តួលេខ​នៃ​ករណី​ឆ្លង និង​ស្លាប់​បន្ថែម​ ដោយ​សារ​​វីរុស​កូរ៉ូណា នៅ​ប្រទេស​អ៊ីតាលី​ នៅ​តែ​បន្ត​កើន​ឡើង​ ដោយ​ប្រទេស​នេះ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ចំនួន​ 977ករណី​​បន្ថែម​ទៀត ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​សរុបឡើង​ដល់​ 10.149នាក់ ខ្ពស់​ជាង​គេ​លំដាប់​ទី​2ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន​។

    ប្រទេស​អ៊ីតាលី ថ្ងៃ​នេះបាន​ប្រកាស​ថា ចំនួន​អ្នក​ស្លាប់​បន្ថែម​ដោយ​សារ​កូរ៉ូណា គឺ​មាន​ចំនួន​168នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់ 631នាក់​​ ឈរ​លេខ​2 បន្ទាប់​ពី​ប្រទេស​ចិន​។

    ចំនួន​អ្នក​បាន​ឆ្លង​កូរ៉ូណា​នៅ​ប្រទេស​អ៊ីរ៉ង់​ គឺ 8,042នាក់ កើន​ 881ករណី។ ជាមួយ​នឹង​ចំនួន​អ្នក​ស្លាប់​បន្ថែម​​54​ករណី អ្នក​ស្លាប់​សរុប​នៅ​អ៊ីរ៉ង់​កើន​ដល់ 291នាក់​។

    ប្រទេស​កូរ៉េខាង​ត្បូង ចំនួនអ្នក​ឆ្លង​កូរ៉ូណា​ថ្មីបន្ថែម 35នាក់ អ្នក​បាន​ឆ្លង​សរុប 7,513នាក់ ក្នុង​នោះ​មាន​ 58​នាក់​បាន​បាត់​បង់​ជីវិត (ប្រទេស​នេះ តែង​ប្រកាស​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​អ្នក​ជំងឺ​ ​2លើក​ក្នុង1ថ្ងៃ​ គឺពេល​ព្រឹក​ និង​ពេល​រសៀល)។

    ប្រទេស​ចិន ចំនួនអ្នក​ឆ្លង​កូរ៉ូណា​ថ្មីបន្ថែម 24នាក់ អ្នក​បាន​ឆ្លង​សរុប 80,778នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​បន្ថែម​22នាក់ ចំណែក​អ្នក​ស្លាប់​ សរុបគឺ 3,158​​នាក់។

    ប្រទេស​ជប៉ុន ចំនួនអ្នក​ឆ្លង​កូរ៉ូណា​ថ្មីបន្ថែម 57នាក់ អ្នក​បាន​ឆ្លង​សរុប 587នាក់ ក្នុង​នោះ​​អ្នក​ស្លាប់​​សរុប មាន​ចំនួន10​​នាក់។

    ប្រទេស​បារាំង និង​អេស្ប៉ាញក៏​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ ក្នុង​នោះ​បារាំង​រក​ឃើញ​បន្ថែម​ 372ករណី និង​អេស្ប៉ាញ 464ករណី។ ចំនួន​អ្នក​ឆ្លង​មេរោគ​នៅ​ប្រទេស​បារាំង សរុប 1,784ករណី ចំណែក​អេស្ប៉ាញ​គឺ 1,695ករណី​ រីឯចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​​បារាំង​ និង​អេស្ប៉ាញ គឺ 33 និង​35ករណី​។

    ប្រទេសអាល្លឺម៉ង់ បាន​រកឃើញ​អ្នក​ជំងឺ​កូរ៉ូណាសរុប 1,565នាក់ កើន​ 341ករណី​ បើធៀប​នឹង​ម្សិល​មិញ​ ចំណែក​ចំនួន​អ្នក​ស្លាប់​គឺ​នៅ​ដដែល​ (​2ករណី)។​

    ប្រទេស​អង់គ្លេស​ បានរកឃើញ​អ្នក​ឆ្លង​ថ្មី​បន្ថែម​ 62​ករណី ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​ ឡើង​ដល់​383នាក់​ ក្នុង​នោះ​មាន​6នាក់​បាន​បាត់​បង់ជីវិត​។ អនុរដ្ឋ​មន្ត្រីក្រសួង​​សុខាភិបាល​អង់គ្លេស Nadine Dorries ក៏បាន​ឆ្លង​វីរុស​ COVID-19 នេះ​ដែរ​។

    សហរដ្ឋ​អាមេរិក មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុប 975​នាក់ កើន​271នាក់​ បើ​ធៀប​នឹង​ម្សិល​មិញ ចំណែក​អ្នក​ស្លាប់​មាន​ចំនួន​30នាក់ កើន​4ករណី​។

    ប្រទេស​ទួរគី ចាម៉ៃកា ប៉ាណាម៉ា ម៉ុងហ្គោលី និង​បូលីវី គឺជា​បណ្ដា​ប្រទេស​ដែល​បាន​រក​ឃើញ​ករណី​ឆ្លង​ COVID-19 ដំបូង​​ កាល​ពី​ម្សិល​មិញ និង​ព្រឹក​នេះ​។

    ពិភពលោក​ បច្ចុប្បន្ន មាន​អ្នក​ឆ្លង​មេរោគសរុបចំនួន​ 118,934​នាក់​ ក្នុង​នោះមាន 4,293​នាក់ស្លាប់ និង​ 66,576​នាក់​បាន​ជា​សះស្បើយ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • មនុស្ស​27នាក់​បាន​ស្លាប់​ ដោយ​សារ​ “ផឹក​ស្រា​​កម្ចាត់​វីរុស​ COVID-19”

    មនុស្ស​27នាក់​បាន​ស្លាប់​ ដោយ​សារ​ “ផឹក​ស្រា​​កម្ចាត់​វីរុស​ COVID-19”

    យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​27នាក់​បាន​បាត់​បង់​ជីវិត​ ដោយ​សារ​ពុល​ស្រា​នៅ​ប្រទេស​អ៊ីរ៉ង់ ព្រោះ​តែ​យល់​ថា ការ​ផឹក​ស្រា​គឺជា​វិធី​មួយ​ដែល​អាច​កម្ចាត់​រោគ​រាត​ត្បាត COVID-19បាន។

    “ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នង​តំបន់ Ahwaz បាន​ឮគេនិយាយ​តៗ​គ្នា​ថា ផឹក​ស្រា​អាច​ជួយ​សម្លាប់​មេរោគ​កូរ៉ូណា​បាន ទើប​ពួកគេ​ផឹក​ស្រា ដើម្បី​ទប់​ស្កាត់​មេរោគ​នេះ​”។​ នេះ​បើ​តាម​សារ​ព័ត៌មាន Mehr (Mehr News Agency) ដែល​បាន​ដក​ស្រង់​សម្ដី​របស់​លោក Ali Ehsanpour អ្នក​នាំ​ពាក្យ​របស់​សកលវិទ្យា​ល័យ​វេជ្ជសាស្ត្រ​ Ahwaz ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​9មីនា​កន្លង​ទៅ​។

    ក្នុង​ពេល​ដែល​រោគ​រាត​ត្បាត​ COVD-19 បាន​កើត​ឡើង​នៅ​ប្រទេស​អ៊ីរ៉ង់ នៅ​លើ​បណ្ដាញ​សង្គមក៏​មាន​ព័ត៌មាន និង​ដំណឹង​ចចាម​អារ៉ាម​ជា​ច្រើន​លេចឡើង​ព្រោង​ព្រាត ស្ដីអំពី​វិធី​ព្យា​បាល​ចម្លែក​ៗ ដើម្បី​ទប់​ស្កាត់​ ឬ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​នេះ​ ក្នុង​នោះ​ក៏មាន​វិធី​ផឹក​ស្រា​ដើម្បី​សម្លាប់​មេរោគ​ផងដែរ។

    ប៉ុន្តែ ដោយ​សារ​តែ​អ៊ីរ៉ង់​គឺជា​ប្រទេស​ដែល​ហាម​មិន​ឱ្យ​ផឹក​ស្រា យ៉ាង​នេះ​ហើយ មនុស្ស​មួយ​ចំនួន​ក៏បាន​ផឹក​ស្រា​ដែល​គេ​ផលិត​សម្រាប់​តែ​ការ​ងារ​​អនាម័យ​ ដូច្នេះ​ពួកគេ​ក៏បាន​ពុល​ស្រា​នោះ​។ លទ្ធ​ផល គឺ​មាន​មនុស្ស​យ៉ាង​ហោច​27នាក់នៅ​ក្នុង​ខេត្ត Khuzestan និង Alborz បាន​បាត់​បង់​ជីវិត ព្រោះ​តែ​ផឹក​ស្រា​ការ​ពារ​ COVID-19។

    សារ​ព័ត៌មាន​ ABC បាន​ចុះ​ផ្សាយ​ថា ខេត្ត Khuzestan បច្ចុប្បន្ន មាន​អ្នក​ផ្ទុក​មេរោគ​ COVID-19 ត្រឹម​តែ​73នាក់​ប៉ុណ្ណោះ ប៉ុន្តែ ចំនួន​អ្នក​ពុល​ស្រា​ដែល​ត្រូវ​បញ្ជូន​ចូល​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់វិញ​ បាន​កើន​ឡើង​ដល់​ 218​ករណី​។ ចំណែក​ខេត្ត Alborz ចំនួន​ករណី​ស្លាប់​ដោយ​សារ​ពុល​ស្រា មាន​ចំនួន​7នាក់​។

    អ៊ីរ៉ង់​គឺជា​ប្រទេស​ដែល​កំពុង​រង​គ្រោះខ្លាំង​បំផុត​នៅ​មជ្ឈិមបូពា៌ ដោយ​សារ​​រោគ​រាត​ត្បាត​ COVID-19។ មក​ដល់​ពេលនេះ ប្រទេស​នេះ មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា យ៉ាង​តិច​291នាក់ និង​8,042​នាក់​ បាន​ឆ្លង​មេរោគ​នេះ​។

    នៅទូទាំង​ពិភពលោក បច្ចុប្បន្ន មាន​មនុស្សចំនួន​ 115,965​នាក់ បាន​ឆ្លង​វីរុស​កូរ៉ូណា ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​ 4,087​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19៖ កម្ពុជា​រកឃើញអ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​1ករណីទៀតហើយ លើខ្លួនស្រ្តីជនជាតិអង់គ្លេសម្នាក់

    COVID-19៖ កម្ពុជា​រកឃើញអ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​1ករណីទៀតហើយ លើខ្លួនស្រ្តីជនជាតិអង់គ្លេសម្នាក់

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានប្រកាសថា ក្រសួងសុខាភិបាល បានរកឃើញនូវករណីវីរុសកូវីដ19 មួយករណីទៀត លើខ្លួនស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ 65ឆ្នាំ ដែលបានចូលមកខេត្តកំពង់ចាម ប្រទេសកម្ពុជា តាមទូកទេស​ចរណ៍ ដែលចេញពីកំពង់ផែហូជីមីង ប្រទេសវៀតណាម។

    ការប្រកាសរបស់លោករដ្ឋមន្រ្តីសុខាភិបាល បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រលប់ថ្ងៃទី10 ខែមីនា ឆ្នាំ2020 នេះ នៅទីស្តីការក្រសួងសុខាភិបាល។ នេះគឺជាករណីទី3 នៅកម្ពុជា បន្ទាប់ពីរកឃើញករណីទី1 នៅលើខ្លួនជនជាតិចិនដែលត្រូវបានព្យាបាលជាសះស្បើយ ហើយត្រឡប់ទៅប្រទេសចិនវិញ និងករណីទី2 នៅលើខ្លួនជនជាតិខ្មែរអាយុ 38ឆ្នាំ នៅខេត្តសៀមរាប។

    តាមរយៈទំព័រ Facebook នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC ស្ត្រីជនជាតិអង់គ្លេសដែលផ្ទុកមេរោគ Covid-19 កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីគួរឱ្យកត់សំគាលទេ​។ ចំណែកអ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគ​ ដាក់ឱ្យនៅដោយឡែក​ និងតាមដានសុខភាពចំនួន 14ថ្ងៃ​។ នេះជាករណីនាំចូលពីប្រទេសពីប្រទេសក្រៅ​។
    ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ​៕

  • លទ្ធផលរកឃើញថ្មីៈ ក្នុងលក្ខខណ្ឌខ្លះ មេរោគCOVID-19 អាចសាយភាយបាន 4.5ម៉ែត្រ រស់នៅក្នុងអាកាសបាន 30នាទី

    លទ្ធផលរកឃើញថ្មីៈ ក្នុងលក្ខខណ្ឌខ្លះ មេរោគCOVID-19 អាចសាយភាយបាន 4.5ម៉ែត្រ រស់នៅក្នុងអាកាសបាន 30នាទី

    អ្នកជំនាញខាងជំងឺរាតត្បាតរបស់ចិន បានបង្ហើបឱ្យដឹងពីរបាយការណ៍ថ្មីចុងក្រោយបំផុត ដែលសង្កត់ធ្ងន់ពីលើភាពសំខាន់នៃការពាក់ម៉ាស់អនាម័យការពារនៅក្នុងរថយន្តធ្វើដំណើរផ្លូវឆ្ងាយ និងបិទបង្អួចជិត។

    លទ្ធផលសិក្សាស្រាវជ្រាវដោយក្រុមអ្នកជំនាញការខាងរោគរាតត្បាតរបស់រដ្ឋបាលចិន បានរកឃើញថា មេរោគវីរុស COVID-19 អាចស្ថិតក្នុងអាកាសធាតុបានយ៉ាងតិច 30នាទី និងធ្វើដំណើរបានឆ្ងាយដល់ទៅ 4.5ម៉ែត្រ ច្រើនជាងចម្ងាយសុវត្ថិភាពដែលអាជ្ញាធរសុខាភិបាលទូទាំងពិភពលោក បានណែនាំឱ្យនៅឆ្ងាយពីអ្នកផ្ទុកមេរោគ 1-2ម៉ែត្រ ទៅទៀត។

    ក្រៅពីនេះ អ្នកស្រាវជ្រាវបានរកឃើញទៀតថា មេរោគវីរុស COVID-19 អាចមានជីវិតបានយូរច្រើនថ្ងៃនៅលើវត្ថុដែលមានកម្ទេចលម្អងពីប្រព័ន្ធផ្លូវដង្ហើមដែលធ្លាក់ចុះមកលើស្រទាប់លើ ដែលបង្កើនភាពប្រថុយប្រថានក្នុងការចម្លងមេរោគថែមទៀត បើសិនជាមានអ្នកណាយកដៃមកប៉ះកម្ទេចលម្អងនៅលើវត្ថុនោះ ហើយយកទៅប៉ះផ្ទៃមុខ តែរយៈពេលដែលមេរោគស្ថិតនៅលើវត្ថុអ្វីមួយនោះ វាស្ថិតនៅលើបច្ច័យជាច្រើន ដូចជាសីតុណ្ហភាព និងប្រភេទនៃវត្ថុ ដូចជាបើស្ថិតក្នុងសីតុណ្ហភាព 37អង្សាC មេរោគអាចមានជីវិតនៅបានយូរដល់ទៅ2-3ថ្ងៃ នៅលើកែវ ក្រណាត់ លោហៈ ប្លាស្ទិក ឬក្រដាស ជាដើម។

    សម្រាប់ប្រទេសចិន ដោយសាររដ្ឋបាលចិនបានកំណត់ឱ្យរថយន្តដឹកអ្នកដំណើរផ្លូវឆ្ងាយទាំងអស់ ត្រូវបំពាក់កេមេរ៉ាសុវត្ថិភាព ទើបឃ្លីបដែលបានមក មានប្រយោជន៍ជាខ្លាំងសម្រាប់អ្នកស្រាវជ្រាវ ក្នុងការសិក្សាពីវិធីការចម្លងមេរោគនៅក្នុងរថយន្តBus ដែលបិទបង្អួចជិតទាំងអស់ ទើបគេអាចអះអាងបានថា ស្ថិតនៅក្នុងសភាពបរិស្ថានបែបបិទជិត មានម៉ាស៊ីនត្រជាក់ មេរោគវីរុសកូរ៉ូណាប្រភេទថ្មី នឹងអាចចម្លងបានឆ្ងាយជាងរយៈសុវត្ថិភាពដែលយើងបានដឹងទៅទៀត ក្រៅពីនេះ នៅមានភាពប្រថុយប្រថានក្នុងការដែលមេរោគវីរុសអាចនៅតែមាន បន្ទាប់ពីអ្នកដំណើរដែលមានជាប់មេរោគបានចុះពីរថយន្តBus ទៅហើយទៀតផង ដូច្នេះហើយទើប ដំបូន្មានរបស់យើងគឺ “ត្រូវពាក់ម៉ាស់អនាម័យការពារគ្រប់ពេលវេលា ពេលស្ថិតនៅក្នុងរថយន្តធ្វើដំណើរ”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ទ្វីប​តែ​1​គត់​នៅ​លើ​ពិភព​លោក​ ដែល​មិន​ទាន់​មាន​អ្នក​ឆ្លង​វីរុស COVID-19

    ទ្វីប​តែ​1​គត់​នៅ​លើ​ពិភព​លោក​ ដែល​មិន​ទាន់​មាន​អ្នក​ឆ្លង​វីរុស COVID-19

    អង់តាកទិក (Antarctica) ដែល​​ស្ថិត​នៅ​ប៉ូល​ខាង​ត្បូង​នៃ​ភព​ផែន​ដី គឺជា​ទ្វីប​តែ​1គត់​ ដែល​មិន​ទាន់​មាន​ករណី​ឆ្លង ឬ​ស្លាប់​ដោយ​សារ​រោគ​រាត​ត្បាត​ COVID-19 ដោយ​សារ​ទ្វីប​នេះ​ បាន​អនុវត្ត​វិធាន​ការ​យ៉ាង​តឹង​រុឹង​ដើម្បី​ធានា​មិន​ឱ្យ​មាន​ការ​ឆ្លង​វីរុសនេះ​។

    អ្នក​វិទ្យា​សាស្ត្រ​ជនជាតិ​អង់គ្លេស​ លោក Michael Brian ដែល​ជា​ប្រធាន​ Rothera (Rothera Research Station) ដែល​ជា​ស្ថានីយ​​ស្រាវ​ជ្រាវ​មួយ​របស់​ប្រទេស​អង់គ្លេស​នៅ​ប៉ូល​ខាង​ត្បូង បាន​ឱ្យ​ដឹង​ថា ស្ថានីយ​ស្រាវ​ជ្រាវ​នេះ​ បាន​អនុវត្ត​វិធាន​ការ​យ៉ាង​តឹង​រុឹងដើម្បី​ការ​ពារ​សុខ​ភាព​ និង​សុវត្ថិ​ភាព​នៃ​សមាជិក​ទាំង​140នាក់​របស់​ខ្លួន​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នឹង​មាន​ហនិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស បើ​សិន​ COVID-19 បង្ហាញ​វត្តមាន​នៅ​លើ​ទ្វីប​នេះ ព្រោះ​ថា ពួកគេ​ទាំង​អស់​ប្រើ​ប្រាស់​បន្ទប់​ហូប​បាយ​រូម និង​រស់​នៅ​ក្បែរ​គ្នា​​ ក្នុង​ស្ថានីយ​ស្រាវ​ជ្រាវ​នេះ ហើយ​សីតុណ្ហ​ភាព​នៅ​ខាង​ក្រៅ​​ ត្រជាក់​រហូត​ដល់​ -20អង្សា​សេ​។

    “យើង​ទទួល​បាន​ការ​ការ​ពារ​យ៉ាង​ល្អ​នៅ​ទី​នេះ​ និង​អនុវត្ត​វិធាន​ការ​ច្រើន​ដើម្បី​ថែ​រក្សា​សុខ​ភាព​។ បើ​សិន​រោគ​រាត​ត្បាត​ COVID-19 នៅតែ​បន្ត​ឆ្លង​រាល​ដាល ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រភព​ផ្គត់​ផ្គង់​ស្បៀង​អាហារ និង​ថាម​ពល​សម្រាប់់​អង់តាកទិក មន្ទីរ​ស្រាវ​ជ្រាវ​នេះ ក៏​មាន​ផែន​ការ​ដើម្បី​ទប់​ទល់​” នេះ​បើ​តាម​លោក ​Michael Brian។

    លោក​ ​Michael Brian បន្ត​ថា បុគ្គលិក​ដែល​ត្រឡប់​មក​ពី​ទ្វីប​ផ្សេង​ នឹង​ត្រូវ​បាន​ធ្វើ​តេស្ត​។ បុគ្គលិក​ណា​ដែល​មាន​រោគ​សញ្ញា​ នឹង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ភ្លាម​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​បន្ត​។

    Steven Marshall ប្រធាន​គ្រប់គ្រង​ហានិភ័យ​របស់មន្ទីរ​ស្រាវ​ជ្រាវ​​នៅ​ឯទ្វីប​អង់តាក​ទិក​របស់​អង់គ្លេស​ ហៅ​កាត់​ថា​ BAS (British Antarctic Survey) បាន​ឱ្យ​ដឹង​ថា “បើ​សមាជិក​ណា​ម្នាក់​ក្នុង​ក្រុម ​ដែល​ត្រៀម​នឹង​ត្រឡប់​មក​ទ្វីប​អង់តាកទិក ដែលជា​អ្នក​ត្រូវ​សង្ស័យ​ថា មាន​ផ្ទុក​មេរោគ​ ពួកគេ​នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​2សប្ដាហ៍​ មុន​ពេល​ឡើង​នាវា​មក​កាន់​ទ្វីប​ (អង់តាកទិក)។ នាវា​នេះ​នឹង​ចំណាយ​ពេល​ធ្វើ​ដំណើរ​4សប្ដាហ៍​ ទើប​ទៅ​ដល់​ស្ថានីយ​ Rothera។ រយៈ​ពេល​ (4សប្ដាហ៍) នេះ គឺគ្រប់​គ្រាន់​សម្រាប់បញ្ចេញ​រោគ​សញ្ញា​ បើ​សិន​ពួកគេ​មាន​ផ្ទុក​មេរោគ​”។

    យន្ត​ហោះ BAS Dash 7

    ទំនាក់​ទំនង​រវាង​ស្ថានីយ​ស្រាវ​ជ្រាវ​ និង​ពិភពលោក​គឺតាម​រយៈយន្ត​ហោះ BAS Dash 7 និង​នាវា​ ដើម្បី​ដឹក​ទំនិញ​សំខាន់​ៗ​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​នៅ​លើ​ទ្វីប​អង់តាកទិក​។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Express។

    ក្រៅ​ពីនេះ​ នៅ​លើ​ទ្វីប​អង់តាកទិក​ ក៏មាន​ជើង​ហោះ​ហើរ​ផ្ទៃ​ក្នុង​រវាង​ស្ថានីយ​ស្រាវជ្រាវ​នានា​ ដែលគ្រប់គ្រង​ដោយ​ប្រទេស​ផ្សេង​ៗ ដូច​ជា​ប្រទេស​អ៊ីតាលី អាហ្សង់ទីន អ៊ុយ​ក្រែន អាល្លឺម៉ង់ រុស្ស៊ី និង​ឥណ្ឌា​។ បន្ទាប់​ពី​រោគ​រាត​ត្បាត​ COVID-19 ចាប់​ផ្ដើម​ឆ្លង​រាល​ដាល ចិនគឺជា​ប្រទេស​តែ​1​គាត់​ ដែល​បាន​ដក​បុគ្គលិក​របស់​ខ្លួន​ចេញ​ពី​ស្ថានីយ​ស្រាវ​ជ្រាវ​នៅ​លើ​ទ្វីប​អង់តាកទិក៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • អ្នកស្រាវជ្រាវ រកឃើញថា វីរុស COVID-19 អាចលុកលុយបំផ្លាញប្រព័ន្ធសរសៃប្រសាទអ្នកជំងឺ

    អ្នកស្រាវជ្រាវ រកឃើញថា វីរុស COVID-19 អាចលុកលុយបំផ្លាញប្រព័ន្ធសរសៃប្រសាទអ្នកជំងឺ

    កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យប៉េកាំង Ditan បានធ្វើការផ្ទាល់ជាមួយនឹងសាកលវិទ្យាល័យវេជ្ជសាស្ត្រ Capital ជាស្ថាប័នដែលចាត់តាំងឡើងដើម្បីព្យាបាលជំងឺឆ្លងថ្មី COVID-19 បានប្រកាសថា ពួកគេបានព្យាបាលអ្នកជំងឺម្នាក់​ដែលមានសារធាតុរាវ Cerebrospinal មានផ្ទុកវីរុសនេះ។

    ករណី​រក​ឃើញ​នេះ គឺ​ជាលើក​ដំបូង​ហើយ​ដែលគ្រូ​ពេទ្យ​ចិនបាន​ធ្វើ​ការ​បញ្ជាក់​ថា ​មេរោគ​កូរ៉ូណា​​អាច​បណ្ដាល​ឱ្យ​ខូច​ខាត​​ប្រព័ន្ធប្រសាទ​របស់​អ្នក​ជំងឺ។ បុគ្គលិកពេទ្យនៅ​ទីនោះ បានធ្វើ​តេស្ដ​លើ​គំរូនៃសារធាតុរាវ Cerebrospinal របស់អ្នកជំងឺ និងបានបញ្ជាក់ថា ពិត​ជាមានវត្តមាននៃ Coronavirus ដែល​ធ្វើ​ឱ្យ​អ្នក​ជំងឺរលាកខួរក្បាលពិតមែន។

    ការសិក្សាពីពេលមុនបានបង្ហាញថា Covid-19 អាចវាយប្រហារសរីរាង្គជាច្រើន រួមទាំងក្រលៀន ថ្លើម និងបេះដូង ប៉ុន្តែមិនមានកំណត់ត្រាអំពីការខូចខាតប្រព័ន្ធសរសៃប្រសាទកណ្តាលទេ។

    យោងតាមលោក Liu Jingyuan  ​​ប្រធានផ្នែក ICU នៃ​មន្ទីរ​ពេទ្យ​ខាង​លើ​បានឱ្យ​ដឹង​ថា ​នៅពេលដែលអ្នកជំងឺ COVID-19 ត្រូវបានគេរកឃើញថា មានការសន្លប់ បុគ្គលិកពេទ្យគួរតែពិចារណាពីលទ្ធភាពនៃការឆ្លង​មេរោគ​ចូល​ដល់​ប្រព័ន្ធសរសៃប្រសាទ ហើយ​ធ្វើការពិនិត្យសារធាតុរាវ Cerebrospinal ក្នុងខួរក្បាល​ឱ្យ​បាន​ទាន់​ពេលវេលាដើម្បីចៀសវាងការធ្វើរោគវិនិច្ឆ័យយឺត និងកាត់បន្ថយអត្រាស្លាប់របស់អ្នកជំងឺធ្ងន់ធ្ងរ។

    គិតមកត្រឹមថ្ងៃអាទិត្យ មន្ទីរពេទ្យ​ខាង​លើបានផ្តល់ការព្យាបាលវេជ្ជសាស្រ្តដល់អ្នកជំងឺឆ្លងមេរោគ Covid-19 បានចំនួន 150នាក់ហើយ និងបានរកឃើញករណីរលាកខួរក្បាល​លើ​អ្នក​ជំងឺ​ម្នាក់។

    សូមជម្រាបជូនថា អ្នកស្រាវជ្រាវក៏បានរកឃើញដែរថា វីរុស SARS និងវីរុស MERS ក៏អាចលុកលុយប្រព័ន្ធសរសៃប្រសាទរបស់អ្នកជំងឺបានដែរ៕

  • ចំនួនសូន្យ! លែងរកឃើញជនជាតិចិនដីគោកនៅក្រៅហ៊ូពេយ ឆ្លង “COVID-19” ទៀតហើយ ពេញ1ចុងសប្ដាហ៍កន្លងទៅ

    ចំនួនសូន្យ! លែងរកឃើញជនជាតិចិនដីគោកនៅក្រៅហ៊ូពេយ ឆ្លង “COVID-19” ទៀតហើយ ពេញ1ចុងសប្ដាហ៍កន្លងទៅ

    អង្គភាពសាធារណសុខាភិបាលរបស់ប្រទេសចិន បានបង្ហើបឱ្យដឹងថា នៅតំបន់ចិនដីគោក មិនរួមមណ្ឌលហ៊ូពេយ លែងមានរបាយការណ៍អ្នកជំងឺក្នុងតំបន់ដែលឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះទៀតហើយ ពេញមួយចុងសប្ដាហ៍កន្លងទៅនេះ។

    កាលពីថ្ងៃទី9 មីនា ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានរាយការណ៍ថា លោក មី ភឹង មន្ត្រីនៃគណៈកម្មការសុខភាពនៃប្រទេសចិន(NHC)បានប្រាប់ឱ្យដឹងតាមរយៈការថ្លែងព័ត៌មានថា ចំនួនតួលេខប្រចាំថ្ងៃរបស់អ្នកជំងឺថ្មីៗ ដែលជាមនុស្សក្នុងតំបន់នៅក្នុងប្រទេសចិនដីគោក មិនរួមមណ្ឌលហ៊ូពេយ ដែលជាប្រភពកណ្ដាលនៃការឆ្លងរាលដាលរបស់ជំងឺ នោះ ស្ថិតនៅនឹងមួយកន្លែងលើតួលេខតែ 1តួគត់តាំងពីចុងខែកុម្ភៈមក។

    លោក មី បានបញ្ជាក់ថា ស្ថានការណ៍នៃការការពារ និងគ្រប់គ្រងជំងឺនៅក្នុងប្រទេសចិន ល្អប្រសើរឡើងជាបន្តបន្ទាប់ ដោយសារតែគ្រប់ទីក្រុងនៅក្នុងប្រទេសចិន លើកលែងតែទីក្រុងវូហានចេញ គ្មានរបាយការណ៍អ្នកជំងឺថ្មី ជាប់ៗគ្នា 4ថ្ងៃហើយ។

    ចំណែកទីក្រុងវូហាន វិញ ទោះជាមានរបាយការណ៍ពីចំនួនអ្នកជំងឺថ្មីក៏ដោយ តែតួលេខនេះបានថយចុះ នៅ សល់់ទាបជាង 50នាក់ រយៈពេល 2ថ្ងៃហើយ។

    លោក មី បានបញ្ចប់សេចក្ដីថា ចិនបានផ្ដល់ភាពសំខាន់ទៅលើការការពារ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត រួមទាំងការព្យាបាលដែលតម្រង់ឆ្ពោះទៅរកការបង្កើតវិធីការពារ មិនឱ្យការឆ្លងរាលដាលវិលត្រឡប់មកជាថ្មី៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ទូទាំង​ប្រទេស​ចិន ថ្ងៃ​នេះ​មាន​អ្នក​ឆ្លង​វីរុស​ COVID-19ថ្មី ​ត្រឹម​តែ​19នាក់​​ប៉ុណ្ណោះ​ ចំណែក​អ្នក​ស្លាប់​មាន​ចំនួន​…

    ទូទាំង​ប្រទេស​ចិន ថ្ងៃ​នេះ​មាន​អ្នក​ឆ្លង​វីរុស​ COVID-19ថ្មី ​ត្រឹម​តែ​19នាក់​​ប៉ុណ្ណោះ​ ចំណែក​អ្នក​ស្លាប់​មាន​ចំនួន​…

    ប្រទេស​ចិន​បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ COVID-19 បន្ថែម​ត្រឹម​តែ​19នាក់​ប៉ុណ្ណោះ ដែល​នេះ​ជា​តួលេខ​ទាប​បំផុត​ចាប់​ពី​រោគ​រាត​ត្បាត​នេះ​បាន​ផ្ទុះ​ឆ្លង​រាលដាល ខណៈ​ដែល​អ្នក​ស្លាប់​បន្ថែម​មាន​ចំនួន​17នាក់ ពោល​គឺ​តិច​ជាង​ម្សិល​មិញ​5ករណី​។

    គណៈ​កម្មការ​សុខាភិបាល​ចិន ព្រឹក​នេះ​បាន​រាយ​ការណ៍​ថា បាន​រក​ឃើញ​​អ្នក​ផ្ទុក​វីរុស​ COVID-19 ចំនួន​19ករណី​បន្ថែម​ទៀត​ គឺ​ថយ​ចុះ​ខ្លាំង​បើ​ធៀប​នឹង​40ករណី​កាល​ពី​ថ្ងៃ​មុន​។ នេះ​ក៏​ជា​កំណើន​ទាប​បំផុត​នៅ​ប្រទេស​ចិន​ រាប់​ចាប់​តាំង​ពី​ប្រទេស​នេះ​ចាប់​ផ្ដើម​ប្រកាស​អំពី​តួលេខ​ស្ដី​អំពី​ COVID-19 ចាប់​ពី​ថ្ងៃទី​20មករា​ រហូត​មក​ដល់​ពេល​នេះ​។

    17នាក់​ ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​មេរោគ​ទាំង​19នាក់​ខាង​លើ គឺ​សុទ្ធ​តែ​ជា​អ្នក​រស់​​នៅ​ក្នុង​ទីក្រុង Wuhan ដែល​ជា​សម្បុក​មេរោគ​ COVID-19 ធំ​បំផុត​នៅ​ប្រទេស​ចិន។ ក្រៅ​ពី​នេះ គឺ​មាន​ម្នាក់​នៅ​ទីក្រុង​ប៉េកាំង និង​ម្នាក់​ទៀត​នៅ​ខេត្ត​ក្វាង​តុង​ ពួកគេ​គឺ​ជា​អ្នក​ទេសចរ​មក​ពីប្រទេស​​អង់គ្លេស និង​ប្រទេស​អេស្ប៉ាញ។

    ប្រទេស​ចិន​ក៏បាន​ប្រកាស​ឱ្យ​ដឹង​ដែរ​ថា មាន​អ្នក​ស្លាប់​ដោយ​សារ​រោគ​រាត​ត្បាត​ COVID-19 ចំនួន​17នាក់​កាល​ពី​ម្សិល​មិញ ដែល​ទាំង​អស់សុទ្ធ​តែ​នៅ​ក្នុង​ខេត្ត​ Hubei ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​ចិន​ ឡើង​ដល់​ 3,136​នាក់​។

    មក​ដល់​បច្ចុប្បន្ន ប្រទេស​ចិន​ មានអ្នក​ឆ្លង​វីរុស​ COVID-19 សរុបចំនួន​ 80,754​នាក់។ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ម្សិល​មិញ អង្គ​ការ​សុខ​ភាព​ពិភពលោក (WHO) បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​មេរោគ​ទាំង​អស់ គឺ​មាន​ “ជាង​70% បាន​ជា​សះស្បើយ​ពី​ជំងឺ និង​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​”៕

    ប្រភព៖ សារព័ត៌មាន​បរទេស​