Category: សុខភាព

  • មគ្គុទេសទេសចរខ្មែរ​2នាក់ បាន​ឆ្លងវីរុស COVID-19 ខណៈភ្ញៀវ​29​នាក់​របស់​ពួកគេ​ក៏​មានផ្ទុក​​មេរោគ​នេះ​

    មគ្គុទេសទេសចរខ្មែរ​2នាក់ បាន​ឆ្លងវីរុស COVID-19 ខណៈភ្ញៀវ​29​នាក់​របស់​ពួកគេ​ក៏​មានផ្ទុក​​មេរោគ​នេះ​

    ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកឆ្លងវីរុស COVID-19 ថ្មីចំនួន31នាក់​បន្ថែមទៀតហើយ នៅថ្ងៃទីយប់​នេះ (22 ខែមីនា) ដែលនេះ​ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា កើនដល់84។

    ករណីថ្មីនេះ ភាគច្រើន ត្រូវបានរកឃើញនៅសណ្ឋាគារមួយកន្លែង ជាទី​ដែលជនជាតិបារាំង2​នាក់ឆ្លងដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ស្នាក់នៅ។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​កម្ពុជា​។

    ក្នុងចំណោមអ្នកឆ្លងមេរោគ​នេះ មានជនជាតិបារាំង29នាក់ និងជនជាតិខ្មែរ2នាក់។ ជនជាតិបារាំងទាំងនោះ​ បាន​ទៅស្នាក់នៅខេត្តព្រះសីហនុ រីឯជនជាតិខ្មែរ2នាក់ដែលឆ្លងនោះ គឺជាមគ្គុទេសទេសចរ ឱ្យក្រុមជនជាតិ​បារាំងទាំង​នោះ។ អ្នក​ជំងឺ​ថ្មី​ទាំង​នេះ កំពុង​សម្រាក​ព្យាបាល​ក្នុង​សណ្ឋាគារ​មួយ​ ហើយ​ព័ត៌មាន​លម្អិត​ មិន​ទាន់​ត្រូ​វ​បាន​គេ​ឱ្យ​ដឹង​ទាំង​ស្រុង​នៅ​ឡើយ​។

  • ​ខ្លាច​​​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្នឆ្លង​រោគ​ COVID-19 អង់គ្លេស​ក៏​តែង​តាំង​អ្នក​ជំនួស​ឱ្យ​ហើយ

    ​ខ្លាច​​​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្នឆ្លង​រោគ​ COVID-19 អង់គ្លេស​ក៏​តែង​តាំង​អ្នក​ជំនួស​ឱ្យ​ហើយ

    រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស Dominic Raab ត្រូវ​បាន​តែង​តាំង​ឱ្យ​បំពេញ​ភារ​កិច្ច​ជំនួស​នាយករដ្ឋមន្ត្រី​​បច្ចុប្បន្ន ក្នុង​ករណី​​លោក Boris Johnson មិន​អាច​ដឹក​នាំ​ប្រទេស​បាន​ ដោយ​សារ​ឆ្លង​រោគ COVID-19។

    ការិយាល័យនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ថ្ងៃ​នេះបាន​ប្រកាស​ថា រដ្ឋ​មន្ត្រី​ការ​បរទេសអង់គ្លេស​​ Raab ដែល​ជា​អ្នក​ធ្លាប់​ធ្វើ​តេស្ត​2លើក​ ប៉ុន្តែ​អវិជ្ជ​មាន​ជាមួយ​នឹង​ COVID-19 ត្រូវ​បាន​ជ្រើស​តាំង​​ជា “នាយក​រដ្ឋ​មន្ត្រី​បម្រុង​” នៃ​ប្រទេស​នេះ​។ លោក Raab នឹង​ធ្វើ​កិច្ច​ការ​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស ក្នុង​ករណី​ដែល​លោក Johnson និង​ក្រុម​មន្ត្រី​កំពូល​ៗ​នៅ​ក្នុង​គណរដ្ឋមន្ត្រី​របស់​លោក​ ឆ្លង​វីរុស​ COVID-19។

    នាយក​រដ្ឋមន្ត្រី​អង់គ្លេស Johnson មក​ដល់​ពេល​នេះមិន​ទាន់​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​នៅ​ឡើយ​ ប៉ុន្តែ​ការ​តែង​តាំង​នេះ​ បាន​ធ្វើ​ឱ្យ​មាន​រឿង​ចម្រូង​ចម្រាស​នៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​អង់គ្លេស​។

    រដ្ឋមន្ត្រីម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឱ្យ​ដឹង​ថា “ប្រសិន​លោក Boris Johnson មិន​អាច​បំពេញ​កិច្ច​ការ​ មាន​មនុស្ស​ជា​ច្រើន​យល់​ថា រដ្ឋមន្ត្រីនៃ​ខុទ្ទកាល័យគណរដ្ឋមន្ត្រី (ដែល​ជា​អ្នក​គ្រប់​គ្រង​រាល់​គោលនយោបាយ​នៃ​ខុទ្ទកាល័យទាំង​មូល​) លោក Michael Gove គួរ​តែ​ជា​អ្នក​ត្រូវ​ទទួល​តួនាទី​នេះ​ មិន​មែន​លោក Raab នោះ​ទេ​។

    យោង​តាម​ផែន​ការ​ថ្មីនេះដែរ ក្នុង​ករណី​ជំនួយ​ការ​របស់​លោក Johnson ដែល​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ គឺលោក Dominic Cummings និង​នាយក​ផ្នែក​សារ​ព័ត៌មាន​ Lee Cain បាន​ឆ្លង​រោគ COVID-19 ពួក​គេ​នឹង​ត្រូវ​បាន​ជំនួស​ដោយ​ Isaac Levido ដែលជា​នាយក​ផ្នែក​យុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​​របស់​គណបក្ស​អភិរក្ស​និយម​ Conservative Party នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ ឬ​ Paul Stephenson ដែលជា​នាយក​ផ្នែក​សារ​ព័ត៌មាន​សម្រាប់​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ Brexit (ការ​បោះ​ឆ្នោត​មួយ​ដែល​ទាញ​ប្រទេស​អង់គ្លេស​ចេញ​ពី​សហ​ភាព​អឺរ៉ុប)។

    COVID-19 បាន​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​188​ក្នុង​ពិភពលោក បន្ទាប់​ពី​បាន​ឆ្លង​រាល​ដាល​នៅ​ក្នុង​តំបន់​ Wuhan ខេត្ត Hubei នៃ​ប្រទេស​ចិនកាល​ពី​ខែធ្នូ​ ឆ្នាំ2019 បណ្ដាល​ឱ្យ​មនុស្ស​ជាង​300,000​នាក់កើត​រោគ និង​ជាង​​13,000​​នាក់​បាន​ស្លាប់​ (នៅ​ទូទាំង​ពិភពលោក)។

    បច្ចុប្បន្ន អង់គ្លេស​មាន​អ្នក​ឆ្លង​រោគ COVID-19 ជាង​5,000​នាក់ ក្នុង​នោះ​មាន​240​នាក់​បាន​បាត់​បង់​ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • COVID-19! ស្ថាន​ភាព​ចុង​ក្រោយ​នៃ​រោគ​រាត​ត្បាត​នៅ​ប្រទេស​ថៃ និង​វៀត​ណាម

    COVID-19! ស្ថាន​ភាព​ចុង​ក្រោយ​នៃ​រោគ​រាត​ត្បាត​នៅ​ប្រទេស​ថៃ និង​វៀត​ណាម

    ប្រទេស​ថៃ ទើប​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 ចំនួន​188​ករណី​បន្ថែម​ទៀត​ ខណៈ​វៀត​ណាម​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​ចំនួន​12ករណី​​បន្ថែម​ទៀត​ដែរ​​នៅ​ក្នុង​ថ្ងៃនេះ​។

    ប្រទេស​ថៃ

    អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ថៃ​ Taweesin Wisanuyothin បាន​ឱ្យ​ដឹង​ថា “ករណី​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ ភាគ​ច្រើន​នៅ​ក្នុង​រាជ​ធានី​បាង​កក”។

    Wisanuyothin បន្ថែម​ថា ក្នុង​ចំណោម​អ្នក​មាន​ផ្ទុក​មេរោគ​ COVID-19 ទាំង​អស់​ ​មាន​7នាក់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភា​ព​ធ្ងន់​ធ្ងរ 44​នាក់​​បាន​ជា​សះ​ស្បើយ និង​ម្នាក់​បាន​បាត់​បង់​ជីវិត​។

    ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ខ្លាំង ប្រទេស​ថៃ បាន​ប្រកាស​បិទ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ទាំង​អស់​នៅ​ក្នុង​ទីក្រុង​បាង​កក ចាប់​ពី​ថ្ងៃទី​22មីនាដល់​12មេសា​។ល។ នៅ​ថ្ងៃនេះ​ដែរ កម្ពុជានិង​ភាគី​ថៃ ​ក៏​បាន​សម្រេចបិទច្រកទ្វារព្រំដែននៃប្រទេសទាំងពីរគ្រប់កម្រិត​ជាបណ្តោះអាស​ន្ន រយៈពេល14ថ្ងៃ ចាប់ពីថ្ងៃទី23 ខែមីនា ដល់ថ្ងៃទី5 ខែមេសា ឆ្នាំ2020​ ផងដែរ​។

    ក្រៅ​ពី​នេះ ប្រទេស​ថៃ​ក៏​បាន​បន្ត​បិទ​សាលា​រៀន​ និង​ក្លិប​រាត្រី​បន្ថែម​22​ថ្ងៃទៀត ហើយ​អ្នក​ណា​ដែល​បាន​រំលោភ​លើ​បទ​បញ្ជា​នេះនឹង​ត្រូវ​ជាប់​ព័ន្ធ​នាគារ​1​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​100,000​បាត (ប្រហែល​4,000​ដុល្លារ​អាមេរិក)។​ ចំណែក​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថៃ​ជា​ច្រើន​ក៏បាន​ផ្អាក​សេវា​កម្ម​ផង​ដែរ​។

    ប្រទេសវៀតណាម

    នៅ​ក្នុង​ថ្ងៃនេះ ប្រទេស​វៀតណាម បាន​រក​ឃើញអ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន​12នាក់​បន្ថែម​ទៀត​ ក្នុង​នោះ​មាន​ជនជាតិ​វៀត​ណាម​10នាក់ និង​ជនជាតិ​អង់គ្លេស​2​នាក់។ អ្នក​ជំងឺ​ដែល​ទើបតែ​​ត្រូវ​បាន​រក​ឃើញ​​នេះ ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ទីក្រុង​ហូជីមិញ។

    ប្រទេស​វៀត​ណាមបាន​ធ្វើ​តេស្ត​រក​វីរុស​ COVID-19​ បាន​ជាង 17,148​ករណី​ និង​កំពុង​បង្ខាំង​ដើម្បី​តាម​ដាន​សុខភាព​ចំនួន​ជាង​53,000​ករណី ក្នុង​នោះមាន​30.295​ករណី​ កំពុង​បង្ខាំង​និង​តាម​ដាន​សុខភាព​នៅ​ឯផ្ទះ ឬ​កន្លែង​ស្នាក់​នៅ​​របស់​ពួក​គេ។

    គិត​ត្រឹម​ព្រលប់​​ថ្ងៃ​ទី22​មីនា​នេះ​ ប្រទេស​វៀត​ណាម​មាន​អ្នក​ឆ្លង​រោគ​កូរ៉ូណា​សរុប 106ករណី ក្នុង​នោះ​មាន​17​ករណី​​បាន​ជា​សះស្បើយ ជាង​90​​ករណី​​កំពុង​ទទួល​ការ​ព្យាបាល ​ក្នុង​ចំណោម​​នេះ មាន​5ករណី​ កំពុង​ប្រឈម​នឹង​ការ​ស្លាប់​។

    នៅ​ទូទាំង​ពិភពលោក គិត​មក​ដល់​ម៉ោង​នេះ មាន​អ្នក​ឆ្លង​រោគ​ COVID-18 ចំនួន318.254នាក់ ក្នុង​នោះ​មាន​96.010នាក់​បាន​ជា​សះស្បើយ និង​13.671​នាក់​បាន​បាត់​បង់ជីវិត​៕

    ប្រភព​​៖​សារ​ព័ត៌មានបរទេស

  • កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​វីរុស​ COVID-19 ច្រើន​ជាង​គេ​លំដាប់​ទី8 នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

    កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​វីរុស​ COVID-19 ច្រើន​ជាង​គេ​លំដាប់​ទី8 នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

    នៅយប់ថ្ងៃទី21 ខែមីនាកន្លង​ទៅ ក្រសួងសុខាភិបាលកម្ពុជា​ បានប្រកាសឱ្យដឹងថា បានរកឃើញអ្នក​ផ្ទុក​វីរុស ​COVID-19 ថ្មីចំនួន 2នាក់បន្ថែមទៀត ដូច្នេះ កម្ពុជា​មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុប 53​នាក់​។

    អ្នក​ឆ្លង​វីរុស COVID-19 2នាក់ ​ដែ​ល​ទើប​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃទី​21​មីនា​នេះ គឺជា​ជនជាតិបារាំងទាំង​2រូប​ និង​ត្រូវ​បាន​រក​ឃើញនៅខេត្តព្រះសីហនុ ហើយ​បច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ កម្ពុជា​ បច្ចុប្បន្ន​ជា​ប្រទេស​ដែល​មាន​ករណី​​ឆ្លង​រោគ COVID-19 ច្រើន​ជាង​គេ​លំដាប់​ទី​8 បើ​ធៀប​នឹង​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

    ខាងក្រោម​នេះ​គឺជា​តួលេខ​នៃចំនួន​​ករណី​​ឆ្លង និង​ស្លាប់ ដោយ​សារ​​រោគរលាក​សួត​ប្រភេទ​ថ្មី ដែល​បង្ក​ឡើង​ដោយ​វីរុស​ COVID-19 ៖

    ទី1.ម៉ាឡេស៊ី មាន​ករណី​ឆ្លង​ 1.183នាក់ និង​ស្លាប់​ 8នាក់។
    ទី2.ឥណ្ឌូនេស៊ី មាន​ករណី​ឆ្លង 450នាក់ និង​ស្លាប់ 38នាក់់។
    ទី3.សិង្ហបុរី ឆ្លង​432​នាក់ និង​ស្លាប់2នាក់​។
    ទី4.ថៃ ឆ្លង​​411នាក់ និង​ស្លាប់1នាក់។
    ទី5.ហ្វីលីពីន ឆ្លង​380នាក់ និង​ស្លាប់25នាក់។
    ទី6.វៀតណាម ឆ្លង​94នាក់ និង​ស្លាប់0នាក់។
    ទី7.ប៊្រុយ​ណេ ឆ្លង83​នាក់ និង​0នាក់។
    ទី8.កម្ពុជា ឆ្លង​53នាក់ និង​ស្លាប់0នាក់។
    ទី9.ទីម័រខាងកើត (Timor Leste) ឆ្លង​1នាក់​ និង​ស្លាប់​0នាក់។
    ទី10.ឡាវ មិន​ទាន់​មាន​ករណីឆ្លង​ ឬ​ស្លាប់​នៅ​ឡើយ។
    ទី11.មីយ៉ានម៉ា មិន​ទាន់​មាន​ករណីឆ្លង​ ឬ​ស្លាប់​នៅ​ឡើយ។

  • កូនស្រី​របស់​លោក​ Trump ទទួល​បាន​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​រក​មេរោគ​រួច​ហើយ ប៉ុន្តែ​ត្រូវ​ត្រួត​ពិនិត្យ​សុខ​ភាព​ជា​ប្រចាំ

    កូនស្រី​របស់​លោក​ Trump ទទួល​បាន​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​រក​មេរោគ​រួច​ហើយ ប៉ុន្តែ​ត្រូវ​ត្រួត​ពិនិត្យ​សុខ​ភាព​ជា​ប្រចាំ

    Ivanka ដែល​ជា​កូនស្រី​ និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក បាន​ត្រឡប់​ចូល​មក​ធ្វើ​ការ​នៅ​សេត​វិមាន​វិញនៅ​ថ្ងៃទី​20មីនា បន្ទាប់​ពី​ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​ជាមួយ​នឹង​វីរុស COVID-19។

    លោក​ស្រី Ivanka ​បានបង្ខាំង​ខ្លួន​ ក៏​ដូច​ជា​​ធ្វើ​ការ​នៅ​ឯ​ផ្ទះ​ ​ចាប់​ពី​ថ្ងៃទី13​មីនា ក្រោយ​ពី​មន្ត្រី​អូស្ត្រាលី​ម្នាក់​លោក​ស្រី​​​ធ្លាប់​បាន​ជួបផ្ទាល់ បាន​ឆ្លង​មេរោគ​កូរ៉ូណា COVID-19។ Ivanka មិន​មាន​រោគ​សញ្ញា​អ្វី​នោះ​ទេ ប៉ុន្តែ​​បាន​ធ្វើ​តេស្ត​រក​មេរោគ​កាល​ពី​សប្ដាហ៍​មុន​។

    “មួយ​សប្ដាហ៍​កន្លង​ទៅ ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ Ivanka Trump បាន​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​ចំពោះ​វិធានការ​​ចត្តាឡីស័ក (បង្ខាំង​ខ្លួន​ និងព្យាបាល​នៅ​ដាច់​ដោយ​ឡែកពីគេ​ឯង) នៅ​ឯផ្ទះ​របស់​លោក​ស្រី” នេះ​ជា​ប្រសាសន៍​របស់​មន្ត្រី​ជាន់​ខ្ពស់​អាមេរិកាំង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ប្រាប់​សារ​ព័ត៌មាន​ the Hill កាល​ពី​ថ្ងៃទី20​ ខែ​មីនា​កន្លង​ទៅ​។

    មន្ត្រី​ខាង​លើ​បាន​បន្ត​ថា​ “យោង​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ លោក​ស្រី (Ivanka) នឹង​បន្ត​ធ្វើ​ការ​នៅ​ឯសេត​វិមាន​ ចាប់​ពី​ថ្ងៃ​នេះ ដោយ​សារ​តែ​មិន​មាន​រោគ​សញ្ញា ហើយ​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ជា​ច្រើន​លើក​ ក៏សុទ្ធ​តែ​បង្ហាញ​ថាមិន​មាន​រោគ​អ្វី​នោះ​ដែរ​”។

    Ivanka ដែល​ជា​កូនស្រី​ និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិកមន្ត្រី​រូប​នោះ​បញ្ជាក់​ថា “ដូចទៅ​នឹង​បុគ្គលិក​គ្រប់​រូប​នៅ​សេត​វិមាន លោក​ស្រី​នឹង​ត្រូវ​ពិនិត្យ​កម្ដៅ​ខ្លួន និង​សុខ​ភាព​​ជា​បន្ត​ទៀត​ ដើម្បី​ធានា​សុវត្ថិ​ភាព​សុខ​ភាព​ផ្ទាល់​ខ្លួន គ្រួ​សារ និង​អ្នក​​នៅ​ក្នុង​សេត​វិមាន​”។

    លោក​ស្រី Ivanka គឺជា​កូនស្រី​ និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក Donald Trump
    លោក​ស្រី Ivanka គឺជា​កូនស្រី​ និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក Donald Trump

    បុគ្គលិក​ម្នាក់​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​របស់​អនុប្រធានាធិតី​ Mike Pence ដែល​ជា​អ្នក​ដឹក​នាំ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​រោគ​ COVID-19 បាន​ឆ្លង​មេរោគ​នេះ​។ ប៉ុន្តែ លេខា​ផ្នែក​សារ​ព័ត៌​មាន​របស់​អនុប្រធានាធិបតី​​សហ​រដ្ឋ​អាមេរិក​ឱ្យ​ដឹង​ថា លោក Trump និង​លោក​ Pence សុទ្ធ​តែ​មិន​បាន​នៅ​ក្បែរ​អ្នក​បាន​ឆ្លង​ COVID-19 ខាង​លើ​នោះ​ទេ​។

    COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​185​​ នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ 278.557​នាក់​បាន​កើត​រោគ ក្នុង​នោះមាន​7.918 ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ និង​11.554​នាក់​បាន​ស្លាប់ ខណៈ​ជិត​93.000​​នាក់​បាន​ជា​សះ​ស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ទាហាន​​​អាមេរិកាំង ​2,600​នាក់​នៅ​អឺរ៉ុប ត្រូវ​បាន​បង្ខាំង​​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ខណៈ​មាន​ករណី​​ឆ្លង​ COVID-19 ជា​ច្រើន​សិប​នាក់

    ទាហាន​​​អាមេរិកាំង ​2,600​នាក់​នៅ​អឺរ៉ុប ត្រូវ​បាន​បង្ខាំង​​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ខណៈ​មាន​ករណី​​ឆ្លង​ COVID-19 ជា​ច្រើន​សិប​នាក់

    កង​ទ័ព​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ទ្វីប​អឺរ៉ុប បាន​ស្នើ​ឱ្យ​ទាហាន​ និង​បុគ្គលិក​ស៊ីវិល​​របស់​ខ្លួន​ចំនួន 2,600​នាក់​ ធ្វើ​ការ​បង្ខាំង​ខ្លួន​ឯង​ ព្រោះ​សង្ស័យ​ថា បាន​ឆ្លង​ COVID-19 ក្នុង​ចំណោម​នោះ ​មាន​35​នាក់ បាន​ឆ្លង​មេរោគ​នេះ​រួច​ហើយ​។

    បញ្ជាការដ្ឋាន​កង​ទ័ព​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​អឺរ៉ុប(EUCOM) កាល​ពីម្សិល​មិញ​បាន​ប្រកាស​ឱ្យ​ដឹង​ថា អ្នក​ទាំង​នេះ​ ដែល​កំពុង​ធ្វើចត្តាឡីស័ក​(ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​) គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ COVID-19។ EUCOM ក៏បាន​ទទួល​ស្គាល់​ថា ទាហាន​ចំនួន​35​នាក់ ក្នុង​ចំណោម​ 2,600​នាក់ បាន​ឆ្លង​វីរុស​កូរ៉ូណា​។​

    មេបញ្ជា​ការ​ EUCOM លោក Tod Wolters បាន​ថ្លែង​ថា ទាហាន​ចំនួន​72​នាក់​របស់​កង​កម្លាំង​ EUCOM កំពុងអនុវត្ត​យ៉ាង​ម៉ឺង​​ម៉ាត់​នូវ​វិធាននានា ដើម្បី​​ទប់​ស្កាត់​​ការ​រីក​រាល​ដាល​នៃ​មេរោគ​នេះ​។

    លោក Tod Wolters មេបញ្ជា​ការ​កង​ទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​អឺរ៉ុប (EUCOM)

    យោង​តាម​សេត​វិមាន គិត​មក​ដល់​ទី​20មីនា យ៉ាង​ហោច​មាន​ទាហាន និង​បុគ្គលិក​ស៊ីវិល​ចំនួន ​67​នាក់ បាន​ឆ្លង​វីរុស COVID-19 កើន​ឡើង​ជា​3ដង ធៀប​នឹងចំនួន​អ្នក​ឆ្លង​រោគ​កាល​ពី​​ដើម​សប្ដាហ៍​។ មនុស្ស​2​នាក់់​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរ​បញ្ចកោណ(Pentagon) ក៏ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស​កូរ៉ូណា​នេះ​ដែរ​។ សរុប​មក នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​រោគ​ COVID-19 ចំនួន19.774​នាក់ ក្នុង​នោះ​មាន 275​នាក់​បាន​បាត់​បង់ជីវិត។

    នៅ​ទូទាំង​ពិភពលោក វីរុស​ COVID-19 បាន​សម្លាប់​មនុស្ស​ចំនួន 11.419​នាក់ ចំណែក​អ្នក​បាន​ឆ្លង​រោគ​នេះ មាន​ចំនួន​ 276.698​នាក់​ ក្នុង​នោះ​មាន​7.914នាក់ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​។ រី​ឯ​​អ្នក​ដែល​បាន​ជា​ពី​ជំងឺ​ មាន​ចំនួន 91.954​នាក់​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • COVID-19! បុគ្គលិក​សុខាភិបាល​អង់គ្លេស ត្រូវយក​​ថង់ផ្លាស្ទិក​ដាក់​សំរាម​ មក​ប្រើ​ជំនួស​សម្ភារ​​ការ​ពារ​រោគ​

    COVID-19! បុគ្គលិក​សុខាភិបាល​អង់គ្លេស ត្រូវយក​​ថង់ផ្លាស្ទិក​ដាក់​សំរាម​ មក​ប្រើ​ជំនួស​សម្ភារ​​ការ​ពារ​រោគ​

    ក្រុម​បុគ្គលិក​ពេទ្យដែល​​ជា​គិលានុបដ្ឋាយិកា​នៃ​មន្ទីរពេទ្យ​ Northwick Park បាន​បង្ហើប​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​តែ​ធ្វើ​ការ​ដោយ​​ហួស​កម្លាំង ព្រោះតែ​មាន​អ្នក​ជំងឺ​ច្រើន​ពេក​ ហើយ​ពួកគេ​ក៏​ត្រូវ​ប្រើ​ថង់​ផ្លាស្ទិក​មក​ប្រើ​ជំនួស​សម្ភារ​វេជ្ជ​សាស្ត្រ​ ដើម្បី​ការ​ពារ​ខ្លួន​។

    នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​ផ្ញើ​ទៅ​កាន់​បុគ្គលិករបស់​ខ្លួន​កាល​ពី​ថ្ងៃទី​20មីនា មន្ទីរពេទ្យ​ Northwick Park ដែល​មាន​ទី​តាំង​នៅ​ក្នុង​ទី​ក្រុង​ឡុងដ៍ បាន​ឱ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​នេះ​អស់​គ្រែ​ពិសេស​រលីង​ហើយ​ ក្រោយ​ពី​ចំនួន​អ្នក​ជំងឺ​ដែល​ឆ្លង​វីរុស​ COVID-19 បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។ អ្នកជំងឺ​6នាក់ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​កំពុង​ត្រូវ​ដក​ដង្ហើម​ដោយ​ពឹង​លើ​ម៉ាស៊ីន​ជំនួយ។

    បុគ្គលិក​ពេទ្យ​ដែល​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​បញ្ហា​ប្រឈម​ក្នុង​មន្ទីរ​ពេទ្យ​ Northwick Park ​ខាង​លើ បាន​ស្នើ​សុំ​ម៉ាស់ វ៉ែនតា​ និង​ស្រោម​ដៃ​ ដោយ​សារ​បុគ្គលិកនៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​ ត្រូវ​បង្ខំចិត្ត​យក​ថង់​ដាក់​សំរាម​ មក​គ្រប​ក្បាល​ និង​ជើង​ ព្រោះ​ខ្វះ​សម្ភារ​ការ​ពារ​ខ្លួន​។

    northwick park hospitalបច្ចុប្បន្ន ប្រទេស​អង់គ្លេស​មាន​អ្នក​ផ្ទុក​មេរោគ​ COVID-19 ជិត​4,000​នាក់ ក្នុង​នោះ​មាន​177​នាក់​បាន​ស្លាប់​។ ក្រុម​អ្នក​តាម​ដាន​យល់​ថា តួលេខ​ខាង​លើ​នេះ អាច​មិន​ទាន់​បង្ហាញ​អំពី​តួលេខ​ពិត​នៅ​ឡើយ ព្រោះ​ថា មាន​តែ​អ្នក​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ស្រង់​ស្ថិតិ​។ មន្ត្រី​ប្រទេស​អង់គ្លេស​មាន​ការ​ព្រួយ​បារម្ភ​ថា មនុស្ស​ប្រមាណជា​180,000​នាក់ ប្រហែល​ជា​បាន​ឆ្លង​មេរោគ​ COVID-19 ខណៈ​ដែល​ក្រុម​អ្នក​ជំនាញ​ បានសន្និដ្ឋាន​ថា អ្នក​ស្លាប់​អាច​មាន​ដល់​ទៅ​​1,000​នាក់​។

    កាល​ពី​ថ្ងៃទី20មីនា ប្រទេស​អង់គ្លេស​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ បិទ​ហាង​កាហ្វេ ហាង​ស្រា ក្លិប KTV ភោជនីយដ្ឋាន កន្លែង​ប្រគំតន្ត្រី​ និង​មជ្ឈមណ្ឌល​កម្សាន្ត​ផងដែរ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​កាន់​តែ​ខ្លាំង​នៃ​វីរុស COVID-19នេះ៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • វេជ្ជ​បណ្ឌិត​អ៊ីតាលី ឆ្លងវីរុស COVID-19 ហើយ​ស្លាប់​ម្នាក់​ឯង ខណៈ​បុគ្គលិក​សុខាភិបាល​រាប់​ពាន់​នាក់​​ផ្សេង​ទៀត​បាន​ឆ្លង​មេរោគ​នេះដែរ

    វេជ្ជ​បណ្ឌិត​អ៊ីតាលី ឆ្លងវីរុស COVID-19 ហើយ​ស្លាប់​ម្នាក់​ឯង ខណៈ​បុគ្គលិក​សុខាភិបាល​រាប់​ពាន់​នាក់​​ផ្សេង​ទៀត​បាន​ឆ្លង​មេរោគ​នេះដែរ

    Natali ដែលជា​វេជ្ជ​បណ្ឌិតអ៊ីតាលី​1រូប​ ​ធ្លាប់​​ព្យាបាល​អ្នក​ជំងឺ​កូរ៉ូណា​រាប់​សិប​នាក់ ក៏បាន​បាត់បង់ជីវិត​ ដោយ​សារ​វីរុស COVID-19 ខណៈ​គាត់​កំពុង​ធ្វើ​ចត្តាឡីស័ក(បង្ខាំង​ខ្លួន​ឱ្យ​នៅ​ដាច់​ដោយ​ឡែក) នៅ​ក្នុង​បន្ទប់​ព្យាបាល​។

    សហ​ព័ន្ធ​វេជ្ជ​បណ្ឌិត និង​ក្រុម​វេជ្ជ​បណ្ឌិត​ពហុ​ឯកទេស​ជាតិ​អ៊ីតាលី កាល​ពី​ម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា វេជ្ជ​បណ្ឌិត Marcello Natali អាយុ​57​ឆ្នាំ បាន​បាត់បង់ជីវិត​នៅ​​ថ្ងៃទី​18​មីនា បន្ទាប់​ពី​បាន​ឆ្លង​មេរោគ​កូរ៉ូណា COVID-19។

    វេជ្ជ​បណ្ឌិត​រូប​នេះ​ ធ្វើ​ការ​នៅ​ក្នុង​មន្ទីរពេទ្យ​ទីក្រុង Codogno ខេត្ត Lodi ក្នុង​តំបន់ Lombardy ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី​ ជា​កន្លែង​ដែល​រោគ​កូរ៉ូណា​រាត​ត្បាត​ខ្លាំងជាង​គេ​នៃ​ប្រទេស​នេះ​។ វេជ្ជ​បណ្ឌិត​​ដែល​មាន​កូន​2នាក់​រូប​នេះ​ ក៏ធ្លាប់​ធ្វើ​ជា​លេខា​ធិការ​នៃ​សហ​ព័ន្ធ​វេជ្ជ​បណ្ឌិត​ពហុឯក​ទេស​ នៅ​ក្នុង​ទីក្រុង Lodo និង​ជាទីប្រឹក្សា​របស់​ក្រុម​គ្រូពេទ្យ​ដទៃ ព្រម​ទាំង​បាន​ព្យាបាល​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​វីរុស COVID-19 រាប់​សិប​នាក់​នៅ​ក្នុង​តំបន់ Lodi ផងដែរ​។

    យោង​តាម​សារ​ព័ត៌មាន​អឺរ៉ុប វេជ្ជ​បណ្ឌិត​ Natali បាន​ស្លាប់​ម្នាក់​ឯង​ ដោយ​មិន​មាន​អ្នក​នៅ​ក្បែរ​ ខណៈ​ពេល​កំពុង​បង្ខាំង​​ និង​ព្យាបាល​ដាច់​​ដោយ​ឡែក​​ក្នុង​មន្ទីរ​ពេទ្យ​។ “ខ្ញុំអស់​ទឹក​ភ្នែក​ដើម្បី​យំ​ទៀត​ហើយ​។ គាត់​មិន​គួរ​ទទួល​លទ្ធ​ផល​បែប​នេះ​សោះ” មេដឹក​នាំ​សហព័ន្ធ​វេជ្ជ​បណ្ឌិត​​ លោក​ Silvestro Scotti បាន​បង្ហោះ​សារ​ដូច្នេះ នៅ​លើ​បណ្ដាញ​សង្គម Facebook​ ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​​មិត្ត​របស់​ខ្លួន​។

    នៅ​មុន​ពេល​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ COVID-19 លោកវេជ្ជ​បណ្ឌិត​ Natali ធ្លាប់​បាន​បង្ហាញ​ខ្លួន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជា​លើក​ចុង​ក្រោយ​ ដោយ​លោក​បាន​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន​សម្រាប់​ក្រុម​គ្រូពេទ្យ​ដែល​នៅ​ជួរ​មុខ​។ លោក​ថ្លែង​ថា “អស់​ស្រោម​ដៃ​ការ​ពារ​វត្ថិភាព​ហើយ​។ ប្រាកដ​ណាស់​ថា យើង​មិន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ទប់​ទល់​នឹង​ស្ថាន​ភាព​នេះ​”។

    គិត​ត្រឹម​ថ្ងៃទី​19​មីនា លោក Natali គឺជា​​គ្រូពេទ្យ​ម្នាក់ ក្នុង​ចំណោម​វេជ្ជ​បណ្ឌិត​ចំនួន​13​រូប​នៅ​ “សមរភូមិ” ជួរ​មុខ ក្នុង​ប្រទេស​អ៊ីតាលី បាន​ស្លាប់​ក្នុង​ពេល​កំពុង​ព្យាបាល​អ្នក​ជំងឺ​កូរ៉ូណា COVID-19។ ប្រទេស​អ៊ីតាលី គឺជា​សម្បុក​មេរោគ​ធំ​ជាង​គេ​បង្អស់​នៅ​អឺរ៉ុប និង​ធំ​ជាង​គេ​លំដាប់​ទី​2 ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ឆ្លង​រោគ​ជាង 47,000​នាក់ និង​ជាង​ 4,000​នាក់​បាន​បាត់​បង់ជីវិត​។ អ៊ីតាលី​ក៏​មាន​បុគ្គលិក​សុខាភិបាល​ជាង​2,600​នាក់​ បាន​ឆ្លង​មេរោគ​ COVID-19នេះ​ដែរ​។

    មេរោគ​បង្ក​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​185 នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ 276,104​នាក់​បាន​ឆ្លង​រោគ និង​11.402នាក់​បាត់​បង់​ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • តើអ្នកដឹងទេថា វីតាមីនសំខាន់ចំពោះមនុស្សខ្លាំងប៉ុនណា?

    តើអ្នកដឹងទេថា វីតាមីនសំខាន់ចំពោះមនុស្សខ្លាំងប៉ុនណា?

    តារាស្រីហូលីវូដ ហ៊ីឡារី ស្វ៊ែងក៍ ញ៉ាំវីតាមីនបន្ថែមក្នុង1ថ្ងៃ 45គ្រាប់ ដោយសារតែមកពីការចង់សម្រកទម្ងន់ (Diet) ដូច្នេះទើបកើតមានជាសំណួរមួយឡើងថា តើការញ៉ាំវីតាមីនបន្ថែមនោះសំខាន់ប៉ុនណា? គួរញ៉ាំយ៉ាងណា? តើមនុស្សបែបណាខ្លះដែលគួរញ៉ាំ? និងវីតាមីនជួយអ្វីដល់យើងខ្លះ? ចំពោះរឿងនេះ លោកវេជ្ជបណ្ឌិតជំនាញមានចម្លើយសម្រាប់មិត្តអ្នកអានទាំងអស់។

    តើវីតាមីន មានភាពចាំបាច់ចំពោះសុខភាពយ៉ាងណា? អាហារ 5ប្រភេទក្រុមដែលរាងកាយត្រូវការនោះគឺ ខាបូហាយដ្រេត ប្រូតេអុីន វីតាមីន ជាតិខ្លាញ់ និងសារធាតុរ៉ែ ប្រៀបដូចជាថាមពលបញ្ឆេះឱ្យរាងកាយ និងអង់ហ្ស៊ីមផ្សេងៗធ្វើការបានតាមប្រក្រតីដូច្នោះដែរ។

    តើវីតាមីនបន្ថែម មានភាពចាំបាច់សម្រាប់អ្នកណាខ្លះ? បើស្ថិតក្នុងស្ថានភាពដែលអាចញ៉ាំបន្លែ និងផ្លែឈើ រួមទាំងញ៉ាំអាហារផ្សេងៗក្នុងចំណែកដែលត្រឹមត្រូវបាននៅឡើយនោះ ក៏មិនមានភាពចាំបាច់អ្វីត្រូវបន្ថែមវីតាមីនទេ លើកលែងតែក្នុងករណីដែលមិនអាចញ៉ាំអាហារបានគ្រប់តាមតម្រូវការដែលរាងកាយត្រូវការ និងស្ថិតក្នុងសភាវដែលរាងកាយត្រូវការវីតាមីនជាពិសេស ដូចជា ពេលឈឺថ្កាត់ និងត្រូវការឱ្យរាងកាយស្វាហាប់ឡើងវិញប៉ុណ្ណោះ។  តែសម្រាប់មនុស្សទូទៅដែលញ៉ាំអាហារបានតាមប្រក្រតី អាចប្រើតិចនិកផ្សេងទៀតដែលនឹងធ្វើឱ្យយើងញ៉ាំបន្លែ និងផ្លែឈើមិនច្រើនជ្រុលពេក ដូចជា កាត់បន្ថយអាហារលាងជាតិពុល ក្នុង 1សប្តាហ៍ 1ដង ឬ 2សប្តាហ៍ម្តងដោយការញ៉ាំផ្លែឈើពេញ 1ថ្ងៃ ដើម្បីឱ្យរាងកាយបានទទួលវីតាមីនពីផ្លែឈើ តែត្រូវមានលក្ខខណ្ឌមួយថា ត្រូវតែជាផ្លែឈើដែលគ្មានជាតិម្សៅ និងរសជាតិដែលមិនផ្អែមខ្លាំងពេក។
    អាការខ្វះវីតាមីនរ៉ាំរ៉ៃ ជាសភាវម្យ៉ាងដែលមិនត្រូវបានរាប់ចូលក្នុងក្រុមជំងឺឈឺថ្កាត់ទេ ដូចជាការខ្វះវីតាមីន C នឹងធ្វើឱ្យចេញឈាមតាមជើងធ្មេញ ឬការខ្វះវីតាមីន B1 នឹងធ្វើឱ្យកើតអាការស្ពឹកស្រពន់ជាដើម  តែមិនមែនដល់ថ្នាក់ខ្វះវីតាមីន រហូតដល់កើ់តជំងឺនោះទេ គ្រាន់តែអាចមានអារម្មណ៍ថា មិនសូវស្រស់ស្រាយដោយមិនដឹងមូលហេតុ ឬអស់កម្លាំងល្វើយតែប៉ុណ្ណោះ។

    យ៉ាងម៉េចទើបហៅថា ការញ៉ាំវីតាមីនដែលត្រឹមត្រូវ?  ការញ៉ាំវីតាមីនតាមប្រភេទនីមួយៗក៏ខុសប្លែកពីគ្នាដែរ ដូចជា បេតាឃែរ៉ូធីន គួរជ្រើសរើសយកប្រភេទដែលចម្រាញ់ពីធម្មជាតិទើបប្រសើរជាង។ ចំណែកវីតាមីនច្នៃប្រឌិត ក៏មានចំណុចគួរប្រយ័ត្នដែរ ព្រោះនឹងមានភាពប្រថុយប្រថានក្នុងការកើតជំងឺមហារីកសួតច្រើន។  ចំណែកឯវីតាមីនE ជាវីតាមីនរលាយក្នុងខ្លាញ់ដូចគ្នានឹងវីតាមីន K. A និងD ដែរ តែមានចំណុចកំណត់ថា ថ្នាំ ឬវីតាមីនដែលរលាយក្នុងខ្លាញ់ ងាយនឹងប្រមូលពូនផ្ដុំច្រើនណាស់ ដូច្នេះទើបត្រូវកំណត់បរិមាណក្នុងការទទួលទាន។

    តើវីតាមីនជួយអ្វីដល់រាងកាយមនុស្សខ្លះ?
    -វីតាមីន A ជួយដល់ការមើលឃើញនៅពេលយប់ និងជួយការពារការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបន្ទោបង់ទឹកមូត្រ និងប្រព័ន្ធដង្ហើម។
    -វីតាមីន B1 សំខាន់ចំពោះសាច់ដុំ ប្រព័ន្ធប្រសាទ និងការធ្វើការរបស់បេះដូង។
    -វីតាមីន B12 ចាំបាច់ចំពោះការចម្រើនធំធាត់ ជួយសាងគ្រាប់ឈាមក្រហម និងជំរុញប្រព័ន្ធប្រសាទ។
    -វីតាមីន C មានសារធាតុ អ៊ែនទីអុកស៊ីឌែនត៍ ការពារការឆ្លងមេរោគ ធ្វើឱ្យមុខរបួស ឬដំបៅឆាប់ជាសះ និងជួយបឺតជ្រាបសារធាតុដែក តែអ្វីដែលសំខាន់នោះគឺ ជួយផលិតខូឡាជេន ដែលនឹងជួយឱ្យស្បែកតឹងណែនមិនឆាប់ចាស់។
    -វីតាមីន E ជួយបំប៉នគ្រាប់ឈាមក្រហម ការពារសួត និងសាច់ភ្នាសផ្សេងៗ៕

  • មនុស្ស​ជាង​ 11,000​នាក់​ បាន​បាត់​បង់​ជីវិត​ដោយ​សារ COVID-19 នៅ​ទូទាំង​ពិភពលោក

    មនុស្ស​ជាង​ 11,000​នាក់​ បាន​បាត់​បង់​ជីវិត​ដោយ​សារ COVID-19 នៅ​ទូទាំង​ពិភពលោក

    តួលេខ​ស្ដី​អំពី​អ្នក​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស COVID-19 បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​​នៅ​អឺរ៉ុប ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំង​ពិភពលោក​ កើន​ដល់​ 11,357​នាក់​ នៅ​ក្នុង​ចំណោម​អ្នក​ជំងឺ​កូរ៉ូណាសរុប 274,413​នាក់​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​185 នៅ​ទូទាំង​សកល​លោក។ អេស្ប៉ាញ និង​អាល្លឺម៉ង់ បាន​លោ​ត​រំលង​ផុត​ប្រទេស​អ៊ីរ៉ង់ ហើយ​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំបំផុត​​ទី​3 និង​ទី​4​ ក្នុង​ពិភពលោក​ បន្ទាប់​ពី​ប្រទេស​ចិន​ និង​អ៊ីតាលី​។ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​កូរ៉ូណា​នៅ​អឺរ៉ុប កើន​លើស​ពី​ 5,000​ករណី​។

    អ៊ីតាលី​ ដែល​ជា​សម្បុក​មេរោគ​ធំ​បំផុត​នៅ​អឺរ៉ុប និង​ធំ​លំដាប់​ទី​2​នៅ​លើ​លោក បាន​រក​ឃើញ​អ្នក​ជំងឺ​ COVID-19 ​សរុប 47,021​នាក់​ ក្នុង​នោះ​​ 4,032​នាក់​បាន​ស្លាប់​។ អត្រា​នៃ​ការ​ស្លាប់​គឺ​ 8.5% ខ្ពស់​ជាង​ទ្វេ​ដង ធៀង​នឹង​អត្រា​មធ្យម​ 4.1%​ នៅ​ទូទាំង​ពិភពលោក។ កត្តា​ចម្បង​ដែល​នាំ​ឱ្យ​មាន​អ្នក​ស្លាប់ច្រើន​​បែប​នេះ គឺ​ដោយ​សារ​ប្រទេស​នេះមាន​មនុស្ស​ចាស់​ច្រើន​ជាង​គេ​នៅ​អឺរ៉ុប​ ហើយ​99%​នៃ​អ្នក​ស្លាប់ សុទ្ធ​តែ​មាន​រោគ​ប្រចាំ​កាយ​ស្រាប់។

    អេស្ប៉ាញ​គឺ​ជា​សម្បុក​មេរោគ​ COVID-19 ធំ​ទី2​ក្នុង​លោក។ បច្ចុប្បន្ន ប្រទេស​នេះ មាន​អ្នក​ឆ្លង​រោគសរុប​21,510​ករណី និង​ស្លាប់​1,093​ករណី​ ដោយ​មាន​អ្នក​ឆ្លង​រោគ​ថ្មីចំនួន​ ​3,433​ករណី និង​អ្នក​ស្លាប់​ថ្មី​ 262​ករណី។

    អាល្លឺម៉ង់ រកឃើញ​អ្នក​ឆ្លងរោគ​​ថ្មី4,528ករណី និង​អ្នក​ស្លាប់​24ករណី​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​សរុប​កើន​ដល់​19,848​នាក់ និង​ស្លាប់​68​នាក់​។ បើ​ទោះ​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំ​បំផុត​លំដាប់​ទី​3​ក្នុង​ពិភពលោក ប៉ុន្តែ អត្រា​នៃ​ការ​ស្លាប់​នៅ​ប្រទេស​នេះ​ មាន​ត្រឹមតែ​ 0.3​%​ ប៉ុណ្ណោះ​។

    អ៊ីរ៉ង់​គឺជា​សម្បុក​មេរោគ​ធំ​បំផុត​លំដាប់​ទី​2​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ (ចិនដីគោក) ដោយ​មាន​អ្នក​ឆ្លង​រោគ​សរុប​19,644​ករណី និង​អ្នក​ស្លាប់​សរុប​1,433​ករណី​។

    ប្រទេស​ចិន បាន​ប្រកាស​ថា មិន​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ក្នុង​ស្រុក​នោះ​ទេ ប៉ុន្តែ បាន​រក​ឃើញ​41​ករណី​ ដែល​ជា​អ្នក​ជំងឺ​ “នាំ​ចូល​” ពី​បរទេស​។ ចំណែក​កូរ៉េខាង​ត្បូង​ មិន​ទាន់​បាន​បញ្ចេញ​របាយ​ការណ៍​ថ្មី​នៅ​ឡើយ​។

    សហរដ្ឋ​អាមេរិក​បាន​រកឃើញ​ករណី​ឆ្លង​រោគ​ថ្មី​ចំនួន 5,087​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​ចំនួន​អ្នក​បាន​ឆ្លង​ COVID-19 សុរប​ឡើង​ដល់​ 18,876​ករណី​ ក្នុង​នោះ​មាន​ 237​នាក់បាន​បាត់ប​ង់ជីវិត​។ បុគ្គលិកម្នាក់​ធ្វើ​ការ​ក្នុង​ការិយាល័យ​អនុប្រធានា​ធិបតី​ Mike Pence ដែលជា​អ្នក​​ចាត់​ចែង​យុទ្ធ​នា​ការ​ប្រឆាំង​ COVID-19 ក៏បាន​ឆ្លង​វីរុស​នេះ​ដែរ។

    នៅ​តំបន់​អេស៊ីអាគ្នេយ៍វិញ ប្រទេស​ម៉ាឡេស៊ី នៅ​តែ​បន្ត​ជា​សម្បុក​មេរោគ​ធំ​ជាង​គេ​ ដោយ​មាន​អ្នក​ជំងឺ​ 1,030​នាក់ ក្នុង​នោះ​មាន​3នាក់​បាន​បាត់​បង់​ជីវិត​។ ចំណែក​​ឥណ្ឌូនេស៊ីវិញ គឺជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ច្រើន​ជាង​គេ​ក្នុង​តំបន់ ដោយ​មាន​អ្នក​ស្លាប់​ចំនួន​32​ករណី ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប369​នាក់​។

    សរុប​មក ពិភពលោក​ទាំង​មូល មាន​ករណីស្លាប់​ថ្មី​ចំនួន​ 1,326​នាក់ ដែល​ភាគ​ច្រើន​កើត​ឡើង​នៅ​អឺរ៉ុប ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​​សរុប​កើន​ដល់ 11,357​នាក់។ អ្នកជំងឺ​ចំនួន​ 90,942​នាក់​ (ស្មើ​នឹង33.1​% ធៀប​នឹង​អ្នក​ជំងឺ​សរុប) បាន​ជា​សះ​ស្បើយ​ពីជំងឺ​។ ប្រទេស​ Papua New Guinea និង​ប្រទេស​ Cabo Verde រួម​នឹង​ Angola គឺជា​ប្រទេស​ដែល​ទើប​តែ​បាន​រកឃើញ​ករណី​ឆ្លង​ COVID-19 ដំបូង​បង្អស់របស់​​ខ្លួន​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស