Category: សុខភាព

  • Imperial College ព្យាករ៖ ទោះជាមានវិធានការតឹងរ៉ឹងប៉ុនណា ក៏ចំនួនអ្នកស្លាប់ដោយសារវីរុស Covid-19 អាចនឹងឡើងដល់ 1.8លាននាក់

    Imperial College ព្យាករ៖ ទោះជាមានវិធានការតឹងរ៉ឹងប៉ុនណា ក៏ចំនួនអ្នកស្លាប់ដោយសារវីរុស Covid-19 អាចនឹងឡើងដល់ 1.8លាននាក់

    Imperial College London ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នវិភាគ ដែលបានទទួលការជឿជាក់លំដាប់ពិភពលោក បានចេញផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវ ដែលបានបង្ហាញនូវព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា ចំនួនអ្នកស្លាប់ដែលបណ្ដាលមកពីការឆ្លងរាតត្បាតរបស់មេរោគកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ទូទាំងពិភពលោក អាចនឹងកើនឡើងខ្ពស់ដល់ 1.8លាននាក់ក្នុងឆ្នាំនេះ បើទោះជារដ្ឋបាលនៃប្រទេសផ្សេងៗមានវិធានការយ៉ាងតឹងរ៉ឹង ដើម្បីបញ្ឈប់ការបាត់បង់ដែលកំពុងកើតឡើងនេះយ៉ាងណាក៏ដោយ។

    ការងារវិភាគមួយនេះ បានយោងទៅលើព័ត៌មានមូលដ្ឋាននាពេលបច្ចុប្បន្ន ពាក់ព័ន្ធនឹងកម្រិតភាពធ្ងន់ធ្ងររបស់វីរុស ដោយបាននាំយកតួលេខរបស់ការឆ្លងមេរោគ និងការប៉ាន់ស្មានចំនួនអ្នកស្លាប់ មកប្រកបក្នុងការពិចារណា រួមជាមួយបច្ច័យខាងផ្នែកស្ថិតិ និងខាងសង្គមផងដែរ។

    លទ្ធផលនៃការវិភាគ បានសិក្សាពីលទ្ធផលដែលនឹងកើតឡើងក្នុងករណីដែលមានការតបស្នងក្នុងកម្រិតដែលខុសប្លែកពីគ្នា ដោយក្នុងករណីដែលមិនបានមានការត្រួតពិនិត្យគ្រប់គ្រងអ្វីទាំងអស់ មនុស្សស្ទើរតែទាំងអស់នៅលើពិភពលោកនេះ ប្រហែលជានឹងបានឆ្លងមេរោគកូវីដ-19ទាំងអស់ និងធ្វើឱ្យមានអ្នកស្លាប់ប្រមាណជា 40លាននាក់(ក្នុងករណីដែលគ្មានចាត់វិធានការអ្វីទាំងអស់)។

    ចំណែកក្នុងករណីដែលមានការដំណើរការ កំណត់វិធានការដើម្បីគ្រប់គ្រងការឆ្លងរាលដាលដែលតឹងរ៉ឹងម៉ឺងម៉ាត់តាំងពីដំបូងៗ នឹងធ្វើឱ្យអត្រាការស្លាប់របស់មនុស្ស ស្ថិតក្នុងចំនួន 0.2នាក់(ចំនួននេះ 5ដង បានស្មើនឹងមនុស្សម្នាក់) ក្នុងចំនួនមនុស្ស 100,000នាក់ ក្នុង 1សប្ដាហ៍ ដែលក្រោមការគណនានេះ នឹងធ្វើឱ្យមានអ្នកស្លាប់ទាំងអស់ចំនួន 1.86លាននាក់ និងឆ្លងមេរោគជិត 470លាននាក់ក្នុងឆ្នាំនេះ។

    ខណៈដែល បើមានការដំណើរការវិធានការគ្រប់គ្រងតឹងរ៉ឹងម៉ឺងម៉ាត់ដូចគ្នា តែយឺតយ៉ាវ នឹងធ្វើឱ្យចំនួនអ្នកស្លាប់ កើនទៅជា 1.6នាក់(ជិត 2នាក់)ក្នុងចំនួនមនុស្ស 100,000នាក់ ក្នុង 1សប្ដាហ៍។ នោះមានន័យថា ចំនួនការបាត់បង់រួម នឹងហក់ឡើងខ្ពស់ទៅជាមានអ្នកស្លាប់ 10.45លាននាក់ និងមានអ្នកឆ្លងមេរោគទូទាំងពិភពលោក 2.4ពាន់លាននាក់ក្នុងឆ្នាំនេះ។

    អ្នកវិភាគ បានបញ្ជាក់ថា យើងនឹងអាចរក្សាជីវិតរបស់មនុស្សរាប់សិបលាននាក់បាន បើសិនជារដ្ឋបាលនៃប្រទេសទាំងអស់ចាប់ផ្ដើមយ៉ាងឆាប់រហ័សក្នុងការបញ្ជាឱ្យប្រើវិធានការខាងផ្នែកសាធារណសុខាភិបាល ដែលរួមទាំងការត្រួតពិនិត្យ ដើម្បីស្វែងរកអ្នកឆ្លងមេរោគ បង្ខាំងបរិវេណ(មិនឱ្យដើរហើរ) និងការដំណើរការវិធានការរក្សាគម្លាតឆ្ងាយពីគ្នា យ៉ាងទូលំទូលាយនោះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ខ្លាំងមែនពេទ្យខ្មែរ ៖ អ្នកជំងឺកូវីដ19 ចំនួន 11នាក់បានជាសះស្បើយ គិតត្រឹមថ្ងៃទី27 ខែមីនា ឆ្នាំ2020 នេះ

    ខ្លាំងមែនពេទ្យខ្មែរ ៖ អ្នកជំងឺកូវីដ19 ចំនួន 11នាក់បានជាសះស្បើយ គិតត្រឹមថ្ងៃទី27 ខែមីនា ឆ្នាំ2020 នេះ

    ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថាមានអ្នកជាសះស្បើយពីជំងឺកូវីដ19 មានចំនួន11 នាក់ហើយគិតមកដល់ថ្ងៃទី27​ ខែមីនា ឆ្នាំ2020នេះ។ គួររំលឹកផងដែរថាកាលពីយប់ម្សិលមិញថ្ងៃទី26 ខែមីនា មានអ្នកជំងឺកូវីដ19 1នាក់បានជាសះស្បើយ។

    អ្នកជាសះស្បើយពីកូវីដ19 ទាំង11នាក់រួមមាន៖
    – នៅរាជធានីភ្នំពេញ 3នាក់
    -​ នៅក្នងខេត្តព្រះសីហនុ 1នាក់
    – នៅក្នុងខេត្តកំពង់ចាម 1នាក់
    -​ នៅក្នុងបាត់ដំបង 2នាក់
    – នៅក្នុងខេត្តត្បូងឃ្មុំ 3នាក់
    – និងនៅក្នុងខេត្តកោះកុង 1នាក់ ៕

  • មនុស្ស​ជាង​កន្លះ​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​​ទូទាំង​​ពិភព​​លោក

    មនុស្ស​ជាង​កន្លះ​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​​ទូទាំង​​ពិភព​​លោក

    ចំនួន​អ្នក​ឆ្លង​មេរោគ​COVID-19 បន្ត​កើន​ឡើង​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក អ៊ីតាលី​ និង​អេស្ប៉ាញ ដែល​នេះ​នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុប​នៅ​ទូទាំង​ពិភពលោក​ ឡើង​ដល់​ជាង​529,000​នាក់។

    COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ជិត​200​នៅ​ទូទាំង​ពិភពលោក​ ហើយសហរដ្ឋ​​អាមេរិក​បាន​លោត​រំលោង​ប្រទេស​ចិន និង​អ៊ីតាលី​ និង​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភព​លោក​។

    សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ចំនួន​14,933នាក់​បន្ថែម​ទៀត​ ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​ ធ្វើ​ឱ្យ​តួលេខ​នៃ​ករណី​ឆ្លង​មេរោគ​នៅ​ទូទាំង​ប្រទេស​នេះកើន​ដល់​83,144​នាក់​។ ប្រទេស​នេះ​ក៏​មាន​អ្ន​ក​ស្លាប់​ថ្មី​ចំនួន​174​នាក់បន្ថែម​ទៀត​ផងដែរ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​1,201​នាក់។

    ប្រទេស​អ៊ីតាលី ​​ជា​សម្បុក​មេរោគCOVID-19 ​ធំ​បំផុត​លំដាប់​ទី3 នៅ​ក្នុង​ពិភពលោក និង​ទី​1​នៅ​​ឯទ្វីប​អឺរ៉ុប ដោយ​មាន​អ្នក​ស្លាប់​ថ្មី​712​នាក់​ថែម​ទៀត​។ ជា​សរុប ប្រទេស​អ៊ីតាលី​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​មាន​អ្នក​ឆ្លង COVID-19 ចំនួន​80,589​នាក់ និង​​បាត់​បង់​ជីវិត​ចំនួន​​8,215​នាក់។ អត្រា​នៃ​ការ​ស្លាប់​គឺ​10% ពោល​គឺ​ខ្ពស់​ជាង​2ដង​ បើ​ធៀប​នឹង​មធ្យម​ភាគ​(4,6%) នៅ​ទូទាំង​ពិភព​លោក​។

    ប្រទេស​អេស្ប៉ាញ នៅតែជា​សម្បុក​មេរោគ​កូរ៉ូណា​ធំទី​2​នៅ​អឺរ៉ុប​ ដោយ​មាន​អ្នក​ឆ្លង​វីរុស 57,786​នាក់(កើន​​8,271​នាក់​បន្ថែម​ទៀត​) និង​4,365​នាក់​បាន​ស្លាប់​(កើន​​718​នាក់​)។

    អាល្លឺម៉ង់​ បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មីចំនួន​6,615​នាក់​ និង​ស្លាប់​ 61​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​43,938​នាក់ និង​ស្លាប់​សរុប​267​នាក់​។

    ប្រទេស​អ៊ីរ៉ង់​គឺជា​សម្បុក​មេរោគ​ធំទី​2​ប្រចាំ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ (ចិនដីគោក) ដោយ​មាន​អ្នក​ឆ្លង​មេរោគ​29,406​នាក់​ និង​អ្នក​​បាន​ស្លាប់​ មាន​ចំនួន​2,234​នាក់​។

    ប្រទេស​ចិន និង​កូរ៉េខាង​ត្បូង​មិន​ទាន់​ឱ្យ​ដឹង​អំពី​តួលេខ​ថ្មី​នៅ​ឡើយ​។

    នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​ម៉ាឡេស៊ី គឺជា​សម្បុក​មេរោគ​ធំ​បំផុត​ ដោយ​មាន​អ្នក​ជំងឺ​កូរ៉ូណា 2,031​នាក់ និង​ស្លាប់​23​នាក់​។

    ឥណ្ឌូនេស៊ី គឺជា​ “វាល​ពិឃាត” ធំជាង​គេ​បង្អស់​របស់​វីរុស​COVID-19 នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដោយ​មាន​អ្នក​ស្លាប់​78​នាក់​ក្នុង​ចំណោម​អ្នក​ជំងឺ​893​នាក់​។ អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​វីរុស​នេះ គឺ​8,7​% ដែលស្ថិត​ក្នុង​លំដាប់​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​។

    ជា​សរុប ពិភពលោក​ទាំង​មូល បច្ចុប្បន្នមាន​អ្នក​ឆ្លង​វីរុសCOVID-19 ចំនួន​529,148​នាក់ ក្នុង​នោះ​មាន​23,968​នាក់​បាន​ស្លាប់​។ អ្នក​ជំងឺ​ចំនួន123,380​នាក់​(ស្មើ​នឹង​23%នៃ​អ្នក​ឆ្លង​មេរោគ​សរុប) បាន​ជា​សះស្បើយ​៕

    ប្រភព៖ AFP, Worldometer

  • COVID-19! សហរដ្ឋ​អាមេរិក ​បាន​ក្លាយ​ជា​ “សម្បុក​មេរោគ” COVID-19 ​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោកហើយ!

    COVID-19! សហរដ្ឋ​អាមេរិក ​បាន​ក្លាយ​ជា​ “សម្បុក​មេរោគ” COVID-19 ​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោកហើយ!

    គិត​មក​ដល់​ពេល​នេះ​ សហរដ្ឋ​អាមេរិក​ មាន​អ្នក​ឆ្លង​មេរោគកូរ៉ូណា​COVID-19 ជាង​82,000​ករណី ខ្ពស់​ជាង​ប្រទេស​ចិន និង​អ៊ីតាលី​ ហើយ​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំ​បំផុត​នៅ​លើ​ពិភពលោក​។

    សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន​14,933​ករណី​បន្ថែម​ទៀត​ ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​នេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​​បាន​ឆ្លង​មេរោគ​ករូ៉ណា​សរុប​ឡើង​ដល់​83,144​នាក់។ សហរដ្ឋ​អាមេរិក​ក៏​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​174​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​នៃ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នេះ​​ កើន​ដល់​​1,201​ករណី។ នេះ​បើ​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ Johns Hopkins។

    យោង​តាម​តួលេខ​ថ្មី​ដែល​ទើប​ត្រូវ​បាន​ប្រកាស​ សហ​រដ្ឋ​អាមេរិក បាន​លោត​រំលង​ផុត​ប្រទេស​ចិន និង​ប្រទេស​អ៊ីតាលី ហើយ​បាន​ក្លាយ​ជា​សម្បុក​មេរោគCOVID-19 ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក​។ ប្រទេស​ចិន​បច្ចុប្បន្ន មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ជាង​81,000​នាក់​​ ក្នុង​នោះ​មាន​ជាង​3,200​នាក់​បាន​ស្លាប់​ ខណៈ​ប្រទេស​អ៊ីតាលី​មាន​អ្នក​ឆ្លង​មេរោគ​ជាង​80,000​នាក់ ក្នុង​នោះ​មាន​ជាង​8,000​នាក់​បាន​បាត់​បង់ជីវិត​។

    New York, Washington និង California គឺជា​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​គេ​បំផុត​ ក្នុង​ពេល​ដែល​តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​COVID-19 នៅ​ក្នុង​បណ្ដា​រដ្ឋ​ និង​ទីក្រុង​ផ្សេង​ៗ​ទៀត​ក៏​បាន​ និង​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។ Craig Smith នាយក​ផ្នែក​វះកាត់​ក្នុង​មជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ​ Irving នៃ​សាកល​វិទ្យា​ល័យ Columbia ក្នុង​ទីក្រុង​ New York បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ប្រើ​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើមក្នុង​មន្ទីរពេទ្យ​នេះ​ បាន​កើន​ឡើង​ជាង​ទ្វេ​ដង​ ក្នុង​រយៈ​ពេល​3​ថ្ងៃ​កន្លេង​មក​នេះ​។

    នេះ​គឺជា​ស្ថាន​ភាព​ដែល​ត្រូវ​បាន​ព្យាករ​មុន​រួច​ហើយ​នៅ​សហរដ្ឋ​អាមេរិក​។ Jeremy Konyndyk ជា​សមាជិក​ជាន់​ខ្ពស់​ម្នាក់​មក​ពី​មជ្ឈ​មណ្ឌល​អភិវឌ្ឍ​សកល​លោក​ បានបង្ហោះ​សារ​នៅ​លើ​ Twitter ថា ករណី​ឆ្លង​ទាំង​ឡាយ​ដែល​នៅ​ពាស​ពេញ​សហរដ្ឋ​អាមេរិក ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ ផ្ទុយ​ពី​ប្រទេស​ចិន​។

    លោក Jeremy Konyndyk សរសេរ​ថា “ប្រទេស​ចិន មាន​ភ្លើង​ឆេះ​នៅ​ខេត្ត Hubei ប៉ុន្តែ​បាន​ពន្លត់​ផ្កា​ភ្លើង​​នៅ​គ្រប់​កន្លែង​ផ្សេង​ៗ​ទៀត​។ ពេល​នេះ​ យើង​កើត​អគ្គិភ័យ​នៅ​ទីក្រុង​ New York រួម​ទាំង​ដុំភ្លើង​នៅ​ស្ទើរ​គ្រប់​កន្លែង​ ហើយ​ទាំង​នេះ​កំពុង​បញ្ចេញ​ផ្កា​ភ្លើង​”។

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump មុន​នេះ​បាន​ឱ្យ​ដឹង​ថា​ លោក​នឹង​ពិភាក្សា​ជាមួយ​​ប្រធានា​ធិបតី​ចិន​ លោក​ Xi Jinping អំពី​ COVID-19 ប៉ុន្តែ លោកអះអាង​ថា រដ្ឋាភិបាល​របស់​លោក មិន​ជឿ​ទាំងស្រុង​ទៅ​លើ​ទិន្ន​ន័យ​ទាំង​អស់​របស់​ប្រទេស​ចិន​នោះ​ទេ​។

    ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​សាកល​វិទ្យា​ល័យ​ Washington កាល​ពី​ថ្ងៃទី​26មីនា បាន​ព្រមាន​ថា មនុស្ស​ប្រមាណ​ពី​ 38,000-162,000​នាក់នៅ​សហរដ្ឋ​អាមេរិក អាច​នឹង​បាត់​បង់ជីវិត​​ក្នុង​អំឡុង​4ខែ​ខាង​មុខ​ ដោយ​សារ​តែ​បាន​ឆ្លង​មេរោគ​COVID-19៕

    ប្រភព៖ ABC, Hill

  • COVID-19! ក្រសួង​សុខាភិបាល​កម្ពុជា​ យប់នេះ​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគកូរ៉ូណា​2ករណី​បន្ថែម​ទៀត​ហើយ​

    COVID-19! ក្រសួង​សុខាភិបាល​កម្ពុជា​ យប់នេះ​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគកូរ៉ូណា​2ករណី​បន្ថែម​ទៀត​ហើយ​

    ក្រសួង​សុខាភិបាល​កម្ពុជា​ នៅ​មុន​នេះ​បាន​ប្រកាស​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​2ករណី​បន្ថែម​​ទៀត​ ដែល​នេះ​ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 ក្នុង​ប្រទេស​ កើន​ឡើង​ដល់​98​នាក់​។

    គិត​មក​ដល់​យប់នេះ(26មីនា) កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​COVID-19 សរុប​ 98​ករណី​ ក្នុង​នោះ​មាន​10​ករណី​បាន​ជាសះស្បើយ និង88ករណី​​ទៀត​​កំពុង​ទទួល​ការ​ព្យាបាល។

  • COVID-19! មនុស្ស​​4,089​នាក់បាន​​ស្លាប់​នៅ​អេស្ប៉ាញ ដោយសារ​វីរុស​បង្ក​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី

    COVID-19! មនុស្ស​​4,089​នាក់បាន​​ស្លាប់​នៅ​អេស្ប៉ាញ ដោយសារ​វីរុស​បង្ក​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី

    តួលេខ​នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​COVID-19 នៅ​ប្រទេស​អេស្ប៉ាញ បាន​កើន​ឡើង​ដល់​4089​ករណី បន្ទាប់​ពី​ប្រទេស​នេះ​បាន​កត់​ត្រា​ចំនួន​អ្នក​ស្លាប់​​​ថ្មី 655​ករណី​បន្ថែម​ទៀត​​ ក្នុង​អំឡុង​24​ម៉ោង​កន្លង​មក​នេះ​។

    ក្រសួង​សុខាភិបាល​ប្រទេស​អេស្ប៉ាញ ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​ថ្មី​ចំនួន​6,673​ករណី​បន្ថែម​ទៀត​ នាំ​ឱ្យ​អ្នក​ឆ្លង​មេរោគ​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​56,188​នាក់​។ ចំនួន​អ្នក​ស្លាប់​សរុប​ក៏កើន​ឡើង​ដល់​4,089​ករណី ដោយ​សារ​មាន​ករណី​​ស្លាប់​​ថ្មី​ចំនួន​655​នាក់បន្ថែម​ទៀត​ គឺ​​កើន​19​% បើធៀប​នឹង​ម្សិល​មិញ​។

    ទីក្រុង​ Madrid ទទួល​រង​ឥទ្ធិពល​ធ្ងន់​ធ្ងរ​ជាងគេ​ ដោយ​មាន​អ្នក​ឆ្លង​មេរោគ​ដល់​ទៅ​ 17,166​ករណី​ ជិត​ស្មើ​នឹង​1/3​នៃ​ចំនួន​សរុប​ទូទាំង​ប្រទេស​។ ចំណែក​អ្នក​ស្លាប់​សរុប​ក្នុង​ទីក្រុង​ Madrid ក៏​ច្រើនជាង​គេ​ផងដែរ ពោល​គឺ​មាន​ចំនួន 2,090​ករណី​ ប្រហាក់​ប្រហែល​នឹង​51​% នៃ​ករណី​ស្លាប់​សរុប​នៅ​ទូទាំង​ប្រទេ​ស។

    បើ​ទោះ​ជា​ប្រទេស​អេស្ប៉ាញ​បាន​អនុវត្ត​បទ​បញ្ជា​បិទ​ការ​ធ្វើ​ដំណើរ​​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃទី​14​មីនា ហើយ​ត្រូវ​សភា​​អនុម័ត​ឱ្យ​ពន្យារ​ពេល​បន្ត​សុពល​ភាព​រហូត​ដល់​ថ្ងៃទី11​មេសា​ក៏ដោយ ក៏​តួលេខ​នៃ​ករណី​ឆ្លងមេរោគ និង​ស្លាប់​ដោយ​សារ​ COVID-19 ក្នុង​​ប្រទេស​នេះ ក៏នៅ​តែ​កើន​ឡើង​មិន​ឈប់​ឈរ។ អេស្ប៉ាញ បច្ចុប្បន្នគឺជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​លំដាប់​ទី​4​ក្នុង​ពិភពលោក​ ប៉ុន្តែ​ប្រទេស​នេះបាន​ក្លាយ​ជា​ “វាល​ពិឃាត​” របស់​វីរុស​COVID-19 ធំទី2ក្នុង​ពិភព​លោក បន្ទាប់​ពី​ប្រទេស​អ៊ីតាលី​។

    នាយក​រដ្ឋមន្ត្រី​ Pedro Sanchez ដែល​ភរិយា​របស់​លោក​បាន​ឆ្លង​វីរុស​COVID-19 បាន​ថ្លែង​ថា នេះ​គឺជា​ដំណាក់​កាល​លំបាក​បំផុត​របស់​ប្រទេស​ជាតិ រាប់​ចាប់​តាំងពី​សង្គ្រាម​​ស៊ីវិល​ ឆ្នាំ​1936-1939៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! មហាក្សត្រប្រទេស​ម៉ាឡេស៊ី និង​មហេសី​ ត្រូវ​បង្ខាំង​ព្រះកាយ​ បន្ទាប់​ពី​​បុគ្គលិក7នាក់​របស់​​រាជវាំង​បាន​ឆ្លង​មេរោគ

    COVID-19! មហាក្សត្រប្រទេស​ម៉ាឡេស៊ី និង​មហេសី​ ត្រូវ​បង្ខាំង​ព្រះកាយ​ បន្ទាប់​ពី​​បុគ្គលិក7នាក់​របស់​​រាជវាំង​បាន​ឆ្លង​មេរោគ

    បន្ទាប់​ពី​អ្នក​បម្រើ7នាក់​​ក្នុង​រាជវាំង​ បាន​ឆ្លង​មេរោគ​COVID-19 មហាក្សត្រនៃ​ប្រទេស​ម៉ាឡេស៊ី រួម​នឹង​​មហេសី​ របស់​ទ្រង់ក៏​បាន​ចាប់​ផ្ដើម​បង្ខាំង​ព្រះកាយ​រយៈ​ពេល​2​សប្ដាហ៍​ផងដែរ​។

    ព្រះបរម​រាជ​វាំង​ Istana Negara ថ្ងៃ​នេះ ​បាន​ប្រកាស​ឱ្យ​ដឹង​ថា បុគ្គលិក​7​នាក់​ក្នុង​រាជ​វាំង​នេះ បាន​ឆ្លង​មេរោគ​COVID-19 ពី​ប្រភព​ដែល​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​។ បុគ្គលិក​រាជ​វាំង​ទាំង​7នាក់​នេះ កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ Kuala Lumpur ក្នុង​ស្ថាន​ភាព​សុខ​ភាព​ធម្មតា​។ ក្រសួង​សុខាភិបាល​ម៉ាឡេស៊ីកំពុង​តែ​ស្រាវជ្រាវ​រក​ប្រភព​ចម្លង​របស់​បុគ្គលិក​ទាំង​នេះ​។

    ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា បុគ្គលិក​រាជវាំង​បាន​ឆ្លង​វីរុសCOVID-19 មហាក្សត្រ Abdullah Sultan Ahmad Shah​ និង​មហេសី​របស់​ទ្រង់​ គឺ​ព្រះ​នាង​ Tunku Azizah Aminah Maimunah Iskandaria ក៏បាន​ធ្វើតេស្ត​រក​មេរោគ​ និង​ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​ជាមួយ​នឹង​មេរោគ​នេះ​។ “មហាក្សត្រ និង​មហេសី​ កំពុង​តែ​បង្ខាំង​ព្រះកាយ​ដោយ​ព្រះអង្គ​ឯង​រយៈ​ពេល​14ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​25​មីនា​”។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះបរម​រាជវាំង​។

    អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​បុគ្គលិក​7​នាក់​ខាង​លើ ត្រូវ​បាន​នាំ​ទៅ​ធ្វើ​តេស្ត​រួច​ហើយ​ និង​កំពុង​បង្ខាំង​ខ្លួន​នៅ​ដោយ​ឡែក​រយៈ​ពេល​14​ថ្ងៃ​។

    កាលពី​ថ្ងៃ​ទី​24​មីនា​កន្លងទៅ នៅ​លើ​ទំព័រ​ Instagram មហា​ក្សត្រី​ Tunku Azizah បាន​បង្ហោះ​រូបភាព​នៃ​អាហារ​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​បុគ្គលិក​សុខាភិបាល​ដែល​កំពុង​ប្រឆាំង​នឹង​ COVID-19។ កាយវិការ​លើក​ទឹក​ចិត្ត​នេះ​ ត្រូវ​បាន​ប្រជា​ជន​ម៉ាឡេស៊ីគាំទ្រ​ និង​កោត​សរសើរ​ទ្រង់​ជា​ខ្លាំង​។

    ប្រទេស​ម៉ាឡេស៊ី បច្ចុប្បន្ន មាន​អ្នក​ឆ្លង​វីរុស​COVID-19​ ចំនួន​2,031​នាក់ ក្នុង​នោះ​មាន​23​នាក់​បាន​បាត់បង់ជីវិត​ និង​199​នាក់​បាន​ជាសះស្បើយ ខណៈ​ដែល​នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 សរុប​​ 487,648​នាក់​ ក្នុង​នោះ​មាន​22,030​នាក់បាន​ស្លាប់​ និង​117,749​បាន​ជា​សះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស​

  • គន្លឹះ​ល្អ​ថែទាំ​សុខភាព​សម្រាប់​ស្ដ្រី​ឈានចូល​វ័យ​ចំណាស់

    គន្លឹះ​ល្អ​ថែទាំ​សុខភាព​សម្រាប់​ស្ដ្រី​ឈានចូល​វ័យ​ចំណាស់

    នៅពេលដែល​អាយុ​កាន់តែ​ឡើង​តួរ​លេខ ឬ​ទើប​ចាប់ផ្ដើម​ចូល​វ័យ​សក់ស​ទៅហើយនោះ សុខភាព​របស់​ស្ដ្រី​យើង​ក៏​ចាប់ផ្ដើម​ចុះ​អន់​ខ្សោយ។ ជំងឺ​រោគាផ្សេងៗ ក៏​ចាប់ផ្ដើម​មក​ប្រកៀក​ប្រកិត​ជាមួយ​រាងកាយ​របស់​អ្នក​ដែរ។ ដូច្នេះហើយ ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​អ្នក​គួរតែ​ងាក​មក​ស្វែងយល់​ពី​ការថែរក្សា​សុខភាព​រប​ស់​អ្នក មិនត្រូវ​មើលរំលង​ទៀតឡើយ។ មិនថាតែ​រឿង​របប​អាហារ​ក្នុងការ​ទទួលទាន ឬ​ចលនា​នៃ​រាងកាយ និង​ការ​មើលថែ​សុខភាព​ផ្នែកផ្សេងៗក៏ដោយ ក៏​អ្នក​ត្រូវ​យល់ដឹង​អំពី​គន្លឹះល្អៗក្នុងការ​ថែរក្សា​សុខភាព​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ។ តោះ! មក​យល់ដឹង​ពី​គន្លឹះ​ថែរក្សា​សុខភាព​ដូចខាងក្រោម​នេះ ៖

    1. បង្កើត​សកម្មភាព​ជំនួយ​ខួរក្បាល​ឱ្យបាន​ញឹកញាប់ស្ត្រី​ទាំងឡាយ​ត្រូវ​ដឹងថា ទង្វើ​បង្កើត​សកម្មភាព​ជំនួយ​ដល់​ខួរក្បាល មិន​ត្រឹមតែ​ជំរុញឱ្យមាន​ក្នុងការ​បណ្ដុះបណ្ដាល​កុមារ​នោះទេ ប៉ុន្តែ​សម្រាប់​វ័យ​ចំណាស់​ដូច​អ្នកនាង ឬ​លោកស្រី ក៏​គួរ​រក​ពេលទំនេរ ដើម្បី​ធ្វើ​សកម្មភាព​បណ្តុះបណ្តាល​ខួរក្បាល​មានការ​ចងចាំ​បានល្អ​ប្រសើរ​ផងដែរ ជាពិសេស​គឺ​ពង្រឹងសមត្ថភាព​ខួរក្បាល។ ទង្វើ​នេះ​ត្រូវអនុវត្ត​ជាប្រចាំ​ថ្ងៃ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​វង្វេងស្មារតី និង​អាការ​ពូកែ​ភ្លេច។ដើម្បី​បំប៉ន​ខួរក្បាល​ឱ្យ​កាន់​តែមាន​សមត្ថភាព​ចងចាំ​បានល្អ​ប្រសើរ ក្នុង​វ័យ​ចំណាស់​ហើយ អ្នក​ក៏​គួរតែ​ទទួលទាន​ត្រី​ជាពិសេស ព្រោះ​វា​មាន​ផ្ទុក​នូវ​សារធាតុ​អូ​មេ​ហ្គា3ច្រើន ដែល​ជួយ​បំប៉ន​ដល់​ខួរក្បាល​របស់​អ្នក។

    2. យកចិត្ត​ទុកដាក់​ចំពោះ​ការទទួល​អាហាររឿង​វ័យ​នេះ​មួយ មិនមែន​ចេះតែ​ទទួលទាន​អាហារ​បាន​ផ្ដេសផ្ដាស់​តាមចិត្ត​ចង់បាន​គ្រប់​ទាំងអស់​នោះទេ។ ដោយសារតែ​ប្រព័ន្ធផ្សេងៗនៃ​រាងកាយ​ដូចជា ប្រព័ន្ធ​រំលាយ​អាហារ មិនអាច​ធ្វើការ​គ្រប់គ្រង​បានល្អ​គ្រប់​វ័យ​នោះទេ។ ការបរិភោគ​អាហារ​មួយចំនួនធំ​ត្រូវមាន​ការយកចិត្តទុកដាក់​ខ្ពស់ និង​មិនគួរ​ព្រងើយក​ន្ទើ​យ​ឡើយ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក។ អាហារ​ដែល​ស្ត្រី​ក្នុង​វ័យ​ចំណាស់​គួរ​បរិភោគ គឺជា​អាហារ​ដែល​ងាយ​រំលាយ​បាន មាន​រសជាតិ​ស្រាល មិន​ប្រៃ​ពេក មិន​ផ្អែម​ពេក ឬ​មិនមាន​រសជាតិ​ហិ​រ​ខ្លាំងពេក ហើយ​ដែល​សំខាន់​វា​មាន​ផ្ទុក​សារធាតុ​ជាតិ​ខ្លាញ់ និង​ស្ករ​ទាប​បំផុត​ផងដែរ។ ទោះជា​យ៉ាងណា អ្នកគួរតែ​ទទួលទាន​ជាប្រចាំ នូវ​ក្រុម​អាហារ​ទាំង5ក្រុម​ជា​រៀងរាល់ថ្ងៃ។

    3. ផ្អាក​ការទទួល​ទាន​កាហ្វេ តែ និង​គ្រឿង​ស្រវឹងមិនមែន​បានន័យថា​ឱ្យ​ឈប់​ទទួលទាន​ភេសជ្ជៈ​ទាំង​នោះទេ គ្រាន់តែ​ចង់ឱ្យ​កាត់បន្ថយ​ដូចជា កាហ្វេ តែ និង​គ្រឿង​ស្រវឹង ព្រោះ​វា​ជា​បុព្វហេតុ​នៃ​ជំងឺផ្សេងៗ ដែល​តែងតែ​កើតមាន​ចំពោះ​ស្ត្រី​ក្នុង​វ័យ​ចំណាស់។ ជាពិសេស​ជំងឺ​បេះដូង ជំងឺមហារីក និង​ជំងឺលើសឈាម​ជាដើម។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ចង់​ជួបប្រទះ​នឹង​ជំងឺ​អាក្រក់​ទាំងនេះ​ទេ អ្នក​គួរ​កាត់បន្ថយ​ការ​ទទួលទាន​ភេសជ្ជៈ​ទាំងនេះ​ជាបន្ទាន់ ដើម្បី​ថែរក្សា​សុខភាព​របស់​អ្នក​ឱ្យ​បានល្អ។

    4. ងាក​មក​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់វ័យ​កាន់តែ​ចាស់​ហាត់ប្រាណ​កាន់តែច្រើន គឺ​ដើម្បី​ពង្រឹង​សាច់ដុំ និង​ឆ្អឹង ព្រមទាំង​បង្កើន​ភាពស៊ាំ​ដល់​រាងកាយ​ដើម្បី​ទប់ទល់​នឹង​ជំងឺផ្សេងៗផងដែរ។ ប៉ុន្តែ​វ័យ​រៀង​ជ្រេ​បន្ដិច​ហើយ អ្នក​គួរតែ​ជ្រើសរើស​ការធ្វើ​លំ​ហាត់ប្រាណស្រាលៗ ដូចជា ការ​រាំ​តាម​ចង្វាក់ យោ​គៈការដើរ​យូ​ហ្គា ការដើរ ឬ​ការរត់​ត្រឹក​ជាដើម ហើយអ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ អ្នក​គួរតែ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​យ៉ាងហោចណាស់3-4ដង​ក្នុង​មួយ​សប្តាហ៍ គឺ​ល្អ​បំផុត។

    5. សម្រាក​ឱ្យបាន​គ្រប់គ្រាន់សម្រាប់​សុខភាព​ដ៏​ល្អ​របស់​ស្ត្រី​វ័យ​ចំណាស់ គឺ​ការ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​ជា​រឿង​សំខាន់បំផុត។ ដែល​មិន​ត្រឹមតែ​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្វាហាប់ រាងកាយ​ម៉ាំ​មួន​មាន​សុខ​ភាពល្អ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឱ្យ​ស្បែក​មើលទៅ​ភ្លឺ​ថ្លា និង​ក្មេង​ជាង​វ័យ​ផងដែរ។ ការ​គេង គឺ​សមស្រប​សម្រាប់​វ័យ​របស់​អ្នក គឺ​គេង​ឱ្យបាន​រយៈ​ពេលពី6-8ម៉ោង​ក្នុង​មួយថ្ងៃ។

    មិន​ចង់​ក្លាយជា​ស្ត្រី​វ័យ​ចំណាស់​ដែលមានភាពទន់ខ្សោយ​ទាំង​សុខភាព និង​រាងកាយ ហើយ​មាន​ជំងឺ​ប្រចាំកាយ​នោះ ចូរ​កុំ​ធ្វេសប្រហែស​ក្នុងការ​ថែរក្សា​សុខភាព​របស់​អ្នក។ ការណែនាំ​អំពី​ការថែទាំ​សុខភាព​ខាងលើនេះ​ពិតជា​អាចជួយ​អ្នក​ឱ្យទទួល​បាន​លិទ្ធ​ផល​ដ៏​ល្អ ហើយក៏​ធ្វើឱ្យ​ស្បែ​កបស់​អ្នក​ភ្លឺ​ថ្លា​មិន​ជ្រីវជ្រួញ​ទៅតាម​វ័យ​ថែម​ទៀតផង ចំណែក​សុខភាព​ក៏​រឹងមាំ​ជាង​មុនផងដែរ។ សូម​ព្យាយាម​ថែរក្សា​សុខភាព​ឱ្យបាន​ល្អជា​រៀងរាល់ថ្ងៃ៕

  • COVID-19! សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក បាន​អនុម័ត​លើ​កញ្ចប់​ថវិកាជំនួយ​ 2លាន​លាន​ដុល្លារ​ សម្រាប់​ដោះ​ស្រាយ​បញ្ហា​ទាក់​ទង​នឹង​វីរុស​កូរ៉ូណា​

    COVID-19! សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក បាន​អនុម័ត​លើ​កញ្ចប់​ថវិកាជំនួយ​ 2លាន​លាន​ដុល្លារ​ សម្រាប់​ដោះ​ស្រាយ​បញ្ហា​ទាក់​ទង​នឹង​វីរុស​កូរ៉ូណា​

    សភា​ជាន់​ខ្ពស់​អាមេរិកាំង​ ទើប​តែ​បាន​បោះ​ឆ្នោត​អនុម័ត​​​យល់​ព្រម​​ទៅ​លើ​សេចក្ដី​ព្រាង​​ច្បាប់​ដ៏​ធំ​មួយ​ ដើម្បី​ជួយ​ដល់​​ពលករ​ និង​វិស័យ​ឧស្សហ​កម្ម​ទាំង​ឡាយ​ដែល​រង​ផល​ប៉ះពាល់ខ្លាំង​​ពី​វិបត្តិ​សុខ​ភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​​COVID-19។

    ក្រោយ​ពី​ការ​ជជែក​គ្នា​យ៉ាង​តឹង​សរសៃ​ក រៀង​ៗ​ខ្លួន សភាជាន់​ខ្ពស់​សហរដ្ឋអាមេរិក ក៏​បាន​បោះ​ឆ្នោត​អនុម័ត​លើសេចក្ដី​ព្រាង​​ច្បាប់​ស្ដី​អំពី​កញ្ចប់​ថវិកា​ជំនួយ​​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​រហូតដល់​ 2លានលាន​ដុល្លារ​អាមេរិក(សារ​ព័ត៌មាន Globalnews ថា 2.2​លាន​លាន​ដុល្លារ​) ដោយ​មាន​96​សំឡេង​យល់​ព្រម​ និង​​0សំឡេង​ជំទាស់។ សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សភាជាន់​ទាប​អាមេរិកាំង​ ដើម្បី​ពិនិត្យ​ និង​អនុម័ត​នៅ​ថ្ងៃស្អែក​(27​មីនា)។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ Donald Trump ថ្ងៃ​នេះ​បាន​អះអាង​ថា នឹង​ចុះ​ហត្ថលេខា​ភ្លាម បន្ទាប់ពី​សេច​ក្ដី​ព្រាង​ច្បាប់​នេះ​ បាន​ឆ្លង​កាត់​សភា​ជាន់​ទាប​ និង​បាន​មក​ដល់​សេត​វិមាន។

    កញ្ចប់​ថវិកា​ជំនួយ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ 2លាន​លាន​ដុល្លារ​នេះ​ នឺង​ក្លាយ​ជា​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋ​កិច្ច​ជាតិ​ដំបូង​គេ​បង្អស់​នៅ​សភា​សហរដ្ឋ​អាមេរិក​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ធំ​ជាង​គេ​មិន​ធ្លាប់​មាន​ពីមុន​មក​។ ក្នុង​នោះ រួម​មាន​500​ពាន់​លាន​ដុល្លារសម្រាប់​វិស័យ​ឧស្សហកម្ម​ដែល​ទទួល​រង​ផលប៉ះពាល់​ខ្លាំង​វិបត្តិ​សុខ​ភាព​​COVID-19 និង​250​ពាន់​លាន​ដុល្លារ​សម្រាប់​បែង​ចែក​ជូន​ពលរដ្ឋ​​ផ្ទាល់​ ដោយ​ក្នុង​1គ្រួសារ​នឹ​ង​ទទួល​បាន​ប្រាក់​3,000​ដុល្លារ ចំណែក​350​ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​ផ្ដល់​ជា​ប្រាក់​កម្ចី​ដល់​អាជីវ​កម្ម​ខ្នាត​តូច និង​250​ពាន់​លាន​ដុល្លារ​​សម្រាប់​ជួយ​ដល់​អ្នក​អត់​ការ​ងារ​ធ្វើ​ និង130​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​បណ្ដា​មន្ទីរពេទ្យ​ និង​150​ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​ជួយ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ដើម្បី​ពង្រឹង​យុទ្ធ​នាការ​ប្រឆាំង​នឹង​ COVID-19។

    កាល​ពី​ម្សិលមិញ ក្រោយ​រយៈ​ពេល​5ថ្ងៃ​ដែល​បាន​ជជែក​គ្នា​ ក្រុម​មន្ត្រី​កំពូល​ៗ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​តំណាង​រាស្ត្រ​ទាំង​2​បក្ស​ បាន​​ព្រម​ព្រៀង​គ្នា​ទៅលើ​ការ​បញ្ចេញ​​កញ្ចប់​ថវិកា​ជំនួយ​ដ៏ធំ​មួយ​ខាង​លើ​នេះ​។ ប្រធាន​សភាជាន់​ទាប​អាមេរិកាំង Nancy Pelosi បាន​ឱ្យ​ដឹង​ថា លោក​ស្រី​សង្ឃឹម​ថា ការ​ព្រម​ព្រៀង​គ្នា​នេះ​នឹង​ត្រូវ​បាន​អនុម័ត​យល់​ព្រម​នៅ​ថ្ងៃស្អែក​(27មីនា)​នេះ​។ នេះ​គឺជា​កិច្ច​ការ​ចាំបាច់​ដើម្បី​កាត់​បន្ថយ​ទម្ងន់​នៃ​វិបត្តិ​នា​បច្ចុប្បន្ន​។

    មុន​នេះ​ សហរដ្ឋ​អាមេរិក​ក៏​បាន​អនុម័ត​យល់​ព្រម​​ទៅ​លើ​ការ​បញ្ចេញ​កញ្ចប់​​​ថវិកា​ចំនួន​2រួច​មកហើយ​នៅ​ក្នុង​ខែ​នេះ​។ ទំហំ​សរុប​នៃ​កញ្ចប់​ថវិកា​ទាំង​3​នេះ ជិត​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ការ​ចំណាយសរុប​​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ នេះ​បើតាម​សារ​ព័ត៌មាន​ Reuters។

    កញ្ចប់​ថវិកា​ទី3នេះនឹង​បញ្ចូល​ទឹក​ប្រាក់​ទំហំ​ “​ខ្នាត​យក្ស​” ចូល​ទៅ​ក្នុង​សេដ្ឋ​កិច្ច​​ជាតិ​ ក្នុង​អំឡូង​ប្រទេស​នេះ មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​COVID-19 ចំនួន​68,489នាក់ ដែល​ក្នុង​នោះ​មាន​1,032​នាក់​បាន​បាត់​បង់ជីវិត​៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • កម្ពុជា សម្របសម្រួលឲ្យមិត្តម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកកម្ពុជា ដើម្បីទទួលយកពលរដ្ឋខ្លួន

    កម្ពុជា សម្របសម្រួលឲ្យមិត្តម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកកម្ពុជា ដើម្បីទទួលយកពលរដ្ឋខ្លួន

    ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានសម្របសម្រួលឲ្យមិត្តម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលជនជាតិគាត់ដែលជាប់នៅកម្ពុជា ចំនួន 111 នាក់ ដោយសារតែការលុបគ្រប់ជើងហោះហើរទាំងអស់តាមបទបញ្ជារគ្រប់គ្រងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី ។

    ជាមួយនេះ ក្រសួងក៏បានសម្របសម្រួលឲ្យពលរដ្ឋយើងចំនួន 6នាក់ដែលជាប់នៅម៉ាឡេស៊ីបានធ្វើដំណើរតាមយន្តហោះពិសេសនេះត្រឡប់មកកម្ពុជាវិញដែរ។

    ដើម្បីធានាសុវត្ថិភាពពលរដ្ឋទាំង6នាក់នោះ បានទៅធ្វើតេស្តនៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាម។
    រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ក៏បានទូរស័ព្ទមក ឯកឧត្តមប្រាក់ សុខុន ដើម្បីអរគុណចំពោះការសម្រួលមាតុភូមិនិវត្តន៍របស់ពលរដ្ឋគាត់ផង ហើយម៉្យាងក៏ឆ្លៀតឱកាសពិភាក្សាគ្នាអំពីការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុងក្របខណ្ឌអាស៊ានផង។

    ឯកឧត្តមប្រាក់ សុខុនក៏បានជូនពរសារជាថ្មីជូនលោក Hussein ដែលបានឡើងកាន់តំណែងថ្មីនេះកាលពីថ្ងៃទី 9 ខែមីនា កន្លងទៅ អរគុណគាត់ចំពោះការអនុញ្ញាតឲ្យពលករខ្មែរបានដោយសារយន្តហោះពិសេសរបស់គាត់ ហើយបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនិងពហុភាគី។
    ប្រភពពី៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK