Category: សុខភាព

  • ភ្នាក់ងារវីង(Wing) បន្តវប្បធម៌ចែករំលែក ខណៈពេលដែលវីរុសCOVID-19 កំពុងរាតត្បាតនៅ​កម្ពុជា

    ភ្នាក់ងារវីង(Wing) បន្តវប្បធម៌ចែករំលែក ខណៈពេលដែលវីរុសCOVID-19 កំពុងរាតត្បាតនៅ​កម្ពុជា

    ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនកំពុងចួប​ទុក្ខលំបាក ភ្នាក់ងារ វីង(Wing) នៅតាម​បណ្តាខេត្ត និងនៅទីក្រុងភ្នំពេញ បានស្ម័គ្រចិត្តធ្វើយុទ្ធនាការចែកអង្ករ ទឹកអាល់កុលលាងដៃ ប្រេងកូឡានិងថវិកាផ្ទាល់ខ្លួនមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត ដើម្បីទប់ស្កាត់ការរាត​ត្បាត​​នៃវីរុសកូវីដ១៩ ។

    អ្នកស្រី អេង ប៊ុនថា ដែលជាម្ចាស់ភ្នាក់ងារវីង ប៊្លូ អាយ ដែលស្ថិតនៅផ្លូវ430 នៅជិតសណ្ឋាគាររ៉េស៊ីដង់នា​ទី​ក្រុងភ្នំពេញបានឱ្យដឹងថា ដោយមើលឃើញអត្រានៃការឆ្លងវីរុសកូវីដ១៩ ចេះតែបន្តជារៀងរាល់ថ្ងៃ អ្នកស្រីបានបរិច្ចាគអង្ករចំនួន300គីឡូក្រាម អាលកុលលាងដៃ និងប្រេងកូឡាចែកជូនដល់បងប្អូនដែលកំពុងតែខ្វះខាត។

    អ្នកស្រីបានឱ្យ​ដឹងថា៖ «បងប្អូនអ្នកប្រកបរបររើសអេតចាយ និងអ្នករត់ម៉ូតូឌុបមួយចំនួន មិនអាចទិញម៉ាស់ អាល់កុលដើម្បីការពារខ្លួនពីការឆ្លងវីរុសកូវីដ១៩ បានឡើយ ព្រោះ​ថា​ ក្នុងអំឡុងពេលដ៏លំបាកនេះ ពួកគាត់ក៏​មិនអាចរកប្រាក់កម្រៃបានសមរម្យដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគាត់​នោះ​ដែរ​។ ហេតុដូច្នេះហើយគ្រួសាររបស់ខ្ញុំបានឧបត្ថម្ភអង្ករ300គីឡូក្រាមដើម្បីចែកជូនដល់ពួគាត់»។

    ដោយមើលឃើញសន្តានចិត្តដ៏ប្រពៃរបស់អ្នកស្រី អ្នកជិតខាងរបស់អ្នកស្រីក៏បានចូលរួមឧបត្ថម្ភ ប្រេងកូឡា ទឹកអាល់កុលលាងដៃដើម្បីចែកជូនដល់បងប្អូនដែលកំពុងខ្វះខាតផងដែរ។ គិតត្រឹមថ្ងៃទី28 ខែមីនានេះ មានបងប្អូនជាង100​នាក់ហើយដែលបានទទួលអំណោយសប្បុរសធម៌ពីក្រុមគ្រួសារ និងអ្នកជិតខាងរបស់អ្នកស្រី។

    លោកស្រី គង់ មុនីភក្តី ដែលជាម្ចាស់វីង ឈ្មោះ រតនៈ រង្សី នៅផ្សារឈូកមាស រាជធានីភ្នំពេញ បានរៀប​ចំ​ចែក​ជូន​ជែលលាងដៃដល់អ្នកធ្វើដំណើរ និងអតិថិជនគាត់ជាប្រចាំ។ លោកស្រីបានឱ្យដឹងថា៖ « ខ្ញុំចែកជែលពួកគាត់នៅតាមហាងវីងរបស់ខ្ញុំទាំង4សាខាតែម្តង មួយថ្ងៃនៅតាមហាងនីមួយខ្ញុំចែកជូនអស់ប្រហែល100ដប។ ក្រៅពីនេះខ្ញុំបរិច្ចាគថវិកាទៅសមាគមផ្សេងៗដើម្បីជួយអ្នកទីទាល់ក្រផងដែរ»។

    ដោយឡែកនៅសង្កាត់ទួលស្វាយព្រៃ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ វិញ ភ្នាក់ងារវីង ដែលមានស្លាកយីហោ ងួន សីថា បានចែករំលែកទឹកអាល់កុលលាងដៃ និង ម៉ាស់ជាច្រើនដោយឥតគិតថ្លៃដល់អតិថិជន និងអ្នកធ្វើដំណើរផងដែរ។

    មិនត្រឹម​តែ​ភ្នាក់ងារវីងនៅរាជធានីភ្នំពេញនោះ​ទេ​ សូម្បីតែបងប្អូនភ្នាក់ងារវីងនៅតាម​បណ្តាខេត្ត ក៏ចូលរួមទប់ស្កាត់មេរោគវីដ១៩​នេះ​ដែរ។ តួយ៉ាង លោក ឃិន លីហាក់ ម្ចាស់ភ្នាក់ងារវីងមួយ​កន្លែង និងក្រុមគ្រួសាររបស់លោកក៏បានរួមចំណែកជា​ទឹកប្រាក់ចំនួន បួនលានរៀល សម្រាប់ជួយបងប្អូនកំពុងតែខ្វះខាត ដែល​ស្ថិតក្នុងភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ តាមរយៈលោកមេភូមិ ដោយមួយគ្រួសារៗអាចស្នើថវិកានេះបាន10​ម៉ឺន​រៀល។

    លោក ឃិន លីហាក់ បានមានប្រសាសន៏ថា៖ «នៅពេលដែលសង្គមរបស់យើងកំពុងទទួលរងការវាយប្រហារពីមេរោគកូវីដ១៩នេះ យើងមិនអាចឈរឱប​ដៃមើលបានឡើយ។ នៅពេលដែលយើងមានស៊ីគ្រប់គ្រាន់ហើយ យើងត្រូវតែចេះចែករំលែក ជាពិសេសក្នុងគ្រាដ៏លំបាកនេះ»។

    ក្រៅពីនេះ ក៏នៅមានភ្នាក់ងារវីងនៅតាមកន្លែងផ្សេងដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដែលបានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីរួមចំណែកឧបត្ថម្ភដល់ប្រជាជនកម្ពុជាដែលមាន​ជីវ​ភាព​ខ្វះខាតផងដែរ។

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី29 ខែមីនា ឆ្នាំ2020នេះ បានឱ្យ​ដឹងថា កម្ពុជាបានរកឃើញអ្នក​ផ្ទុក​មេរោគ​​កូវីដ១៩ ចំនួន01​នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកម្ពុជាកើនដល់ទៅ 103ករណី៕

  • COVID-19! តួលេខ​ចុង​ក្រោយ​៖ មនុស្ស​ជា​ង30,000​នាក់បាន​​ស្លាប់​ដោយ​សារ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មីនៅ​ទូទាំង​ពិភពលោក

    COVID-19! តួលេខ​ចុង​ក្រោយ​៖ មនុស្ស​ជា​ង30,000​នាក់បាន​​ស្លាប់​ដោយ​សារ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មីនៅ​ទូទាំង​ពិភពលោក

    តួលេខ​នៃ​ការ​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ពិសេស​គឺនៅ​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ នាំ​ឱ្យ​ករណី​ស្លាប់​សរុប​កើន​ដល់​30,851​នាក់​ ក្នុង​ចំណោម​អ្នក​ផ្ទុក​វីរុស​662,967​នាក់​។

    ​​ករណី​ស្លាប់ដោយ​សារ​វីរុស​COVID-199 ​នៅ​ទូទាំង​ពិភលោកមាន​30,671​ករណី ក្នុង​នោះ អឺរ៉ុប​មាន​2/3។ ចំណែក​អ៊ីតាលី​វិញ​មាន​1/3​ ក្នុង​ចំណោម​ករណី​ស្លាប់​នៅ​ទូទាំង​ពិភពលោក​ ដោយ​ប្រទេស​នេះ​មាន​អ្នក​ស្លាប់​10,023​ករណី​។

    សហរដ្ឋ​អាមេរិក​បន្ត​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​ក្នុង​លោក​ ដោយ​មាន​អ្នក​ផ្ទុក​មេរោគ​ចំនួន​123,313​ករណី​ អ្នក​ស្លាប់​2,211ករណី និង​ជាសះស្បើយ​3,231​ករណី។ ករណី​ស្លាប់​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​ទ្វេដង​ក្នុង​រយៈ​ពេល​3​ថ្ងៃ​មក​នេះ​។

    អ៊ីតាលីជា​សម្បុក​មេរោគ​ធំ​លំដាប់​ទី2​ក្នុង​ពិភពលោក៖ ករណី​ឆ្លង​មេរោគ​ថ្មី5,974​នាក់ អ្នក​ឆ្លង​មេរោគ​សរុប​92,472​នាក់ អ្នក​ស្លាប់​ថ្មី​889​នាក់ អ្នក​ស្លាប់​សរុប​10,023​នាក់​។

    អេស្ប៉ាញ​ជា​សម្បុក​មេរោគ​ធំ​លំដាប់​ទី2​ នៅ​អឺរ៉ុប៖ ករណី​ឆ្លង​មេរោគ​ថ្មី7,516នាក់ អ្នក​ឆ្លង​មេរោគ​សរុប​73,235 ​នាក់ អ្នក​ស្លាប់​ថ្មី​844​នាក់ អ្នក​ស្លាប់​សរុប​5,982​នាក់​។

    អាល្លឺម៉ង់​ជា​សម្បុក​មេរោគ​ធំ​ទី​5​ក្នុង​ពិភពលោក៖ ​អ្នក​ឆ្លង​មេរោគ​ថ្មី​6,824​ករណី អ្នក​ស្លាប់​ថ្មី​82​នាក់ អ្នក​ឆ្លង​មេរោគ​សរុប​57,695​ករណី​ និង​អ្នក​ស្លាប់​សរុប​433​ករណី​។

    COVID-19! តួលេខ​ចុង​ក្រោយ​៖ មនុស្ស​ជា​ង30,000​នាក់បាន​​ស្លាប់​ដោយ​សារ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មីនៅ​ទូទាំង​ពិភពលោក

    បារាំង​៖ មាន​អ្នក​ឆ្លង​មេរោគ​ថ្មី​4,611​ករណី​ អ្នក​ឆ្លង​មេរោគ​សរុប​37,573​នាក់​ អ្នក​ស្លាប់​ថ្មី​319​ករណី និង​អ្នក​ស្លាប់​​សរុប​2,314​ករណី​។

    អង់គ្លេស​មាន​អ្នក​ឆ្លង​មេរោគ​ថ្មី​2,546​ករណី អ្នក​ស្លាប់​ថ្មី​260​ករណី អ្នក​ឆ្លង​សរុប​17,089ករណី​ និង​អ្នក​ស្លាប់​សរុប​1,019​ករណី​។

    អ៊ីរ៉ង់​គឺជា​សម្បុក​មេរោគ​ធំ​ទី​2​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ឆ្លង​មេរោគ​ថ្មី​3,076​ករណី​ អ្នក​​ស្លាប់​ថ្មី139​ករណី អ្នក​ឆ្លង​មេរោគ​សរុប​35,408​ករណី អ្នក​ស្លាប់​សរុប​2,517​ករណី​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • Dyson ផលិត​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើមទំនើប​បំផុត​​ អាច​ជួយ​ព្យាបាលអ្នកជំងឺ​ COVID-19

    Dyson ផលិត​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើមទំនើប​បំផុត​​ អាច​ជួយ​ព្យាបាលអ្នកជំងឺ​ COVID-19

    ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ដ៏ល្បី​ឈ្មោះ​ខាង​ផលិត​ម៉ាស៊ីន​បូម​ធូលី កង្ហារ​ និង​ម៉ាស៊ីន​ផ្លុំ​សក់ កំពុង​តែ​ត្រៀម​ផលិត​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម​ប្រភេទ​ថ្មី ហើ​យ​ទទួល​បាន​ការ​បញ្ជា​ទិញ​ពី​អតិថិ​ជន​ដល់​ទៅ​10,000​​នាក់​។

    ម៉ាស៊ីន​ជំនួយ​ការ​ដកដង្ហើម​នេះ​មាន​ឈ្មោះ​ថា CoVent ត្រូវ​បាន​ Dyson អភិវឌ្ឍ​ឡើង​ដោយ​ប្រើ​ពេល​ត្រឹម​តែ​10​ថ្ងៃ​ប៉ុណ្ណោះ​ ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ដែល​ខ្លួន​មាន​ស្រាប់​។ បើ​ទោះ​ជា​កំពុង​រង់ចាំ​ការ​ត្រួត​ពិនិត្យ​ និង​អនុញ្ញាត​ពី​អាជ្ញា​ធរ​អង់គ្លេស ប៉ុន្តែ​ Dyson ក៏​នៅ​តែ​ទទួល​បាន​ការ​បញ្ជា​ទិញ​ពី​អតិថិ​ជន​ប្រមាណជា​10,000​នាក់ ពី​រដ្ឋា​ភិបាល​ប្រទេស​នានា​ក្នុង​ពិភពលោក​។

    ក្រៅ​ពី​ការ​ប្រើ​ប្រាស់​ដូចទៅ​នឹង​ម៉ាស៊ីន​ធម្មតា Covent ក៏អាច​យក​ទៅ​តាម​ខ្លួន​ និង​អាច​ប្រើ​ជា​មួយ​ថ្ម​ពិល​ផងដែរ​។ James Dysin ដែល​ជា​ស្ថាបនិក​ក្រុម​ហ៊ុន​បាន​ឱ្យ​ដឹង​ថា CoVent ត្រូវ​បាន​រចនា​ឡើង​សម្រាប់​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​​COVID-19។ ស្ថាបនិក​រូប​នេះ​ក៏បាន​សន្យា​ថា នឹង​​បរិច្ចាគ​ម៉ាស៊ីន​នេះ​ចំនួន​5,000​គ្រឿង ក្នុង​នោះ​1,000​គ្រឿង​សម្រាប់​ប្រទេស​អង់គ្លេស​។

    ម៉ាស៊ីន​ជំនួយ​ការ​ដកដង្ហើម​របស់​ក្រុម​ហ៊ុន​ Dyson

    CoVent កំពុងត្រូវ​បាន​ត្រៀម​លក្ខណៈដើម្បី​ផលិត​ និង​អាច​ចេញ​លក់​នៅ​ដើម​ខែ​មេសា​ខាង​មុខ​។ ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើមនេះ គឺជា​ឧបករណ៍​ដ៏សំខាន់​​ក្នុង​ការ​ជួយ​ព្យាបាលអ្នក​​ជំងឺ​កូរ៉ូណា​ដែល​មាន​សភាព​ធ្ងន់​ធ្ងរ និង​មិន​អាច​ដក​ដង្ហើម​ដោយ​ខ្លួន​ឯង​បាន​។ ក្រៅ​ពី​ Dyson នៅ​មានក្រុម​ហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​ដូចជា​ Ford Tesla និង​ General Motors ជា​ដើម ក៏បាន​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ និង​ផលិត​ឧបករណ៍​សុខាភិបាល​សំនាន់​ៗ ក្នុង​នោះ​ក៏មាន​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម​ផងដែរ​ ខណៈ​ដែល​ពិភពលោក​កំពុង​ខ្វះ និង​ត្រូវ​ការ​វា​ជា​ចាំ​បាច់​បំផុត​៕

    ប្រភព​៖ សារ​ព័ត៌មាន

  • COVID-19! មនុស្ស​ជាង​800នាក់បាន​​ស្លាប់​ក្នុង​រយៈ​ពេល​​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ នៅប្រទេស​អេស្ប៉ាញ

    COVID-19! មនុស្ស​ជាង​800នាក់បាន​​ស្លាប់​ក្នុង​រយៈ​ពេល​​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ នៅប្រទេស​អេស្ប៉ាញ

    ប្រទេស​អេស្ប៉ាញ​នៅ​ថ្ងៃ​នេះបាន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​នេះ​ ប្រទេស​នេះ​មាន​អ្នក​ស្លាប់​រហូត​ដល់​ទៅ​​832​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺកូរ៉ូណា​សរុប ​​72,248​នាក់​។

    តួលេខ​ខាង​លើនេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​គ្រា​ដែល​ប្រទេស​អេស្ប៉ាញ​កំពុង​តែ​បង្កើន​ការ​ធ្វើ​តេស្ត​រក​មេរោគ​COVID-19។ អត្រា​នៃ​ការ​ឆ្លង​វីរុស​ហាក់​បី​ដូច​ជា​ថយ​ចុះ​បន្តិច បើ​ទោះជា​ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​​នេះ​ ប្រទេស​​អេស្ប៉ាញ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​ដល់​ទៅ​8,189​នាក់​បន្ថែម​ទៀត​ក៏ដោយ​។ ក្រុម​មន្ត្រី​សុខាភិបាល​ក៏បាន​ឱ្យ​ដឹង​ថា វិបត្តិ​សុខ​ភាព​នេះ​ជិត​ឡើង​ដល់​ចំណុច​កំពូល​ដែរ​ហើយ​។

    ទីក្រុង​ Madrid នៅ​តែ​ជា​តំបន់​ដែល​រង​គ្រោះ​ធ្ងន់​ធ្ងរ​បំផុត​ ដោយ​មាន​អ្នក​ស្លាប់​សរុប​2,757​នាក់ និង​អ្នក​ឆ្លង​មេរោគ​បាន​ឡើង​ដល់​21,520​នាក់​ បណ្ដាល​ឱ្យ​មន្ទីរ​ពេទ្យ​នានា​ រួម​នឹង​សាល​ដាក់​សាក​សព​ត្រូវ​លើស​ចំណុះ។ អាជ្ញា​ធរ​មូលដ្ឋាន​កំពុង​មាន​គម្រោង​កែ​ប្រែ​អាគារ​ធំ​មួយ​នៅ​ក្បែរ​ព្រលាន​យន្ត​ហោះ​ ឱ្យទៅ​ជា​សាល​ដាក់​សាក​សព​បណ្ដោះ​អាសន្ន​ទី​2​ក្នុង​ទីក្រុង​នេះ​។ ក្រុម​យោធា​ក៏បាន​ចូល​រួម​ក្នុង​ការ​ដឹក​ជញ្ជូន​សាក​សព​ផងដែរ​។

    ប្រទេស​អេស្ប៉ាញ បច្ចុប្បន្ន​គឺជា​សម្បុក​មេរោគ​កូរ៉ូណា​ធំ​ជាង​គេ​ទី​4​ក្នុង​ពិភពលោក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក អ៊ីតាលី និង​ប្រទេស​ចិន​។ នៅ​ទូទាំង​ពិភពលោក​ គិត​ដល់​ពេល​នេះ​មាន​អ្នក​ឆ្លង​មេរោគ​COVID-19 សរុប​​617,129​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​​28,377​​នាក់ និង​​137,336​​នាក់​បាន​ជា​សះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • កោដ្ឋ​ដាក់​អដ្ឋិធាតុ​របស់​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 រាប់​ពាន់​ ត្រូវ​បាន​តម្រួត​​​លើ​គ្នានៅ​​ខាង​ក្រៅ​ផ្ទះ​បុណ្យ​សព​នៅ​ ទីក្រុង​អ៊ូហាន

    កោដ្ឋ​ដាក់​អដ្ឋិធាតុ​របស់​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 រាប់​ពាន់​ ត្រូវ​បាន​តម្រួត​​​លើ​គ្នានៅ​​ខាង​ក្រៅ​ផ្ទះ​បុណ្យ​សព​នៅ​ ទីក្រុង​អ៊ូហាន

    ក្រឡ(​កោដ្ឋ​​)ដាក់​អធិធាតុ​​រាប់​ពាន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ផ្ទះ​បុណ្យសព​​នានា​ក្នុង​ទី​ក្រុង​អ៊ូហាន ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ទៅលើ​តួលេខ​ជាក់​ស្ដែង​នៃ​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ប្រទេស​ចិន​។

    បណ្ដា​រូប​ថត​បង្ហាញ​អំពី​មនុស្ស​ម្នា​ឈរ​តម្រៀប​ជួរ​គ្នា​យ៉ាង​វែង​នៅ​ខាង​ក្រៅ​ផ្ទះ​បុណ្យ​សព​នានា​នៅ​ក្នុង​ទី​ក្រុង​អ៊ូហាន​ ខេត្ត​ Hubei ប្រទេស​ចិន​ ដើម្បី​រង់​ចាំ​ទទួល​អដ្ឋិ​ធាតុ​ញាតិ​របស់​ពួកគេ​​ ដែល​​ត្រូវ​បាន​គេ​ចែក​រំលែក​តៗគ្នា​នៅ​លើ​បណ្ដាញ​សង្គម​ចិននា​ពេល​ថ្មី​ៗ​នេះ បាន​បង្ក​ឱ្យ​មាន​សម្ពាធ​កាន់​តែ​ធ្ងន់​ទៅលើ​អាជ្ញាធរ​ទីក្រុង​ ក្នុង​ការ​ប្រកាស​អំពី​តួលេខ​នៃ​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19។

    កោដ្ឋ​អដ្ឋិធាតុ​របស់​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 រាប់​ពាន់​ ត្រូវ​បាន​តម្រួត​​​លើ​គ្នានៅ​​ខាង​ក្រៅ​ផ្ទះ​បុណ្យ​សព​នៅ​ ទីក្រុង​អ៊ូហានទិន្ន​ន័យ​ផ្លូវការ​របស់​រដ្ឋាភិបាល​ចិន បាន​ឱ្យ​ដឹង​ថា អ្នកជំងឺ​ចំនួន​2,535​នាក់ បាន​បាត់​បង់ជីវិត​នៅ​ក្នុង​ទីក្រុង​អ៊ូហាន​។ ក៏ប៉ុន្តែ បណ្ដា​រូប​ថត​ដែល​ត្រូវ​បាន​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ និង​ពាណិជ្ជ​កម្ម​ Caixin (ដែល​មាន​ទីស្នាក់​ការ​ធំ​នៅ​ទី​ក្រុង​ប៉េកាំង​) ​ចុះផ្សាយ​នាពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា តួលេខ​ខាង​លើ​នេះ ពិត​ជា​គួរ​ឱ្យ​សង្ស័យ​។

    នៅក្នុង​​រូប​ថត​ទាំង​នោះ​ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ Caixin គេ​ឃើញ​មាន​ក្បួន​រថយន្ត​ដឹក​ទំនិញមួយ​​ ដឹក​កោដ្ឋ​ដាក់​អដ្ឋិ​ធាតុ​​ប្រមាណ​ជា​2,500​ ឆ្ពោះ​ទៅកាន់​ផ្ទះ​បុណ្យ​សព​មួយ​នៅ​ក្នុង​ទីក្រុង​អ៊ូហាន​កាល​ពី​ថ្ងៃទី25​ និង​26​ខែមីនា​កន្លង​ទៅ​។ ឯរូប​ភាព​មួយ​សន្លឹក​ទៀត​ ក៏បាន​បង្ហាញ​អំពី​កោដ្ឋ​ដាក់​អដ្ឋិធាតុ​ប្រមាណជា​3,500​ ត្រូវ​បាន​តម្រៀប​លើ​គ្នា ក្នុង​ផ្ទះ​បុណ្យ​សព​មួយ​កន្លែង​ផងដែរ។

    កោដ្ឋ​អដ្ឋិធាតុ​របស់​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 រាប់​ពាន់​ ត្រូវ​បាន​តម្រួត​​​លើ​គ្នានៅ​​ខាង​ក្រៅ​ផ្ទះ​បុណ្យ​សព​នៅ​ ទីក្រុង​អ៊ូហានផ្ទះ​បុណ្យ​សព​នានា​នៅ​ក្នុង​ទីក្រុង​អ៊ូហាន​ បាន​បដិសេធ​ការ​ផ្ដល់​ព័ត៌មាន​អំពី​ចំនួន​សាក​សព​ដែល​ត្រូវ​បាន​បូជា​នោះ​ទេ ប៉ុន្តែ​ មាន​គ្រួ​សារ​មួយ​នោះ​បាន​រៀប​រាប់​ថា គេ​ត្រូវ​ចំណាយ​ពេល​រង់ចាំ​រាប់​ម៉ោង​ ទើប​អាច​​ទទួល​បាន​អដ្ឋិធាតុ​​របស់​ញាតិ​ពួក​គេ​។ ទស្សនាវដ្ដី Caixin បាន​សរសេរថា អ្នក​ដែល​បាន​ទៅ​ទទួល​អដ្ឋិ​ធាតុ ត្រូវ​ឈរ​តម្រៀប​ជួរ​ប្រវែង​ប្រហែល​200​ម៉ែត្រ​​នៅ​ខាង​ក្រៅ​ផ្ទះ​បុណ្យ​។

    គណៈកម្ម​ការ​សុខាភិបាល​ចិន បាន​ឱ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ​ ប្រទេស​ចិន​មាន​អ្នក​ស្លាប់ជា​​​ 3,200​នាក់ ខណៈ​ដែល​អ្នក​បាន​ឆ្លង​វីរុស​មាន​ចំនួនជាង​ 81,000​នាក់​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស

  • មូលនិធិJack Ma តាម​រយៈ​រដ្ឋទូតចិន បាន​​ផ្ដល់​ឧបករណ៍​​ធ្វើតេស្ត​រក​ជំងឺ​COVID-19 ដល់​កម្ពុជា​

    មូលនិធិJack Ma តាម​រយៈ​រដ្ឋទូតចិន បាន​​ផ្ដល់​ឧបករណ៍​​ធ្វើតេស្ត​រក​ជំងឺ​COVID-19 ដល់​កម្ពុជា​

    នាថ្ងៃទី28 ខែមីនា ឯកឧត្តម​ Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រគល់ប្រអប់សារធាតុតេស្តរកជម្ងឺវីរុសCOVID-19(Detection Reagent)ចំនួន20,000សម្រាប់ ដែលផ្តល់ដោយមូលនិធិJack Ma និងមូលនិធិAlibaba ជូនដល់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា។

    ឯកឧត្តម ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ចិននិងកម្ពុជាជាសហគមន៍ជោគវាសនារួមដែលរួមសុខរួមទុក្ខជាមួយគ្នា ក៏ជាបងប្អូនល្អដែលប្រៀបដូចដៃ​និងជើង ហើយភាគីចិនបច្ចុប្បន្ននេះក៏មានអារម្មណ៍ដូចភាគីកម្ពុជាដែរ។ ដើម្បីជួយបង្កើនសមត្ថភាពពិនិត្យរកជម្ងឺវីរុសCOVID-19 ស្ថានទូតចិនប្រចាំកម្ពុជាបានសម្របសម្រួលជាមួយមូលនិធិ Jack Ma និងមូលនិធិ Alibaba ជាបន្ទាន់ដើម្បីធ្វើការផ្តល់នូវសារធាតុតេស្តរកជម្ងឺវីរុសមួយចំនួនជូនដល់ភាគីកម្ពុជា សង្ឃឹមថាវាអាចជួយជាកម្លាំងគាំទ្រជូនដល់ភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសប្រភេទថ្មីមួយនេះ។ ភាគីចិននឹងបន្តផ្តល់រាល់ជំនួយទៅតាមលទ្ធភាពជូនដល់ភាគីកម្ពុជា ជួយជាកម្លាំងទាំងស្រុងដល់ភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងយកជម្នះជាមួយនឹងជម្ងឺវីរុសប្រភេទថ្មីនេះ។

    ឯកឧត្តមសាស្រ្តចារ្យវេជ្ជបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន និងស្ថានទូតចិនប្រចាំកម្ពុជា ដែលបានសម្របសម្រួលក្នុងជំនួយសារធាតុតេស្តរកជម្ងឺវីរុសលើកនេះ លោកមានប្រសាសន៍ថា ក្រោយពីកម្ពុជាមានការផ្ទុះឡើងនូវជម្ងឺវីរុសCOVID-19 ភាគីចិនបានជំនួយសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសជាច្រើន និងបានចាត់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន នេះបានជួយបង្កើនជំនឿចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសជូនដល់កម្ពុជា។ ភាគីកម្ពុជានឹងចងចាំរាល់ការជួយរបស់ភាគីចិនក្នុងក្រអៅបេះដូង នឹងសហការទំនាក់ទំនងជាមួយភាគីចិនយ៉ាងស្អិតរមួត ដើម្បីយកជម្នះលើកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសក្នុងពេលឆាប់ៗនេះ។

    ប្រភពពី៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

  • ជន​បរទេស​ដែល​មានបំណង​ចូល​មក​កម្ពុជា​ត្រូវ​មានលិខិត​បញ្ជាក់​​គ្មាន​ Covid-19 និង​លិខិត​បញ្ជាក់​ធានា​រ៉ាប់រង​សុខភាព​យ៉ាង​តិច​5​ ម៉ឺន​ដុល្លារ​អាមេរិក

    ជន​បរទេស​ដែល​មានបំណង​ចូល​មក​កម្ពុជា​ត្រូវ​មានលិខិត​បញ្ជាក់​​គ្មាន​ Covid-19 និង​លិខិត​បញ្ជាក់​ធានា​រ៉ាប់រង​សុខភាព​យ៉ាង​តិច​5​ ម៉ឺន​ដុល្លារ​អាមេរិក

    ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការចម្លងនៃវីរុសកូរ៉ូណា ( កូវីដ19 ) និងស្របតាមវិធានការនានា
    របស់បណ្តាប្រទេសអាស៊ាន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់វិធានការរឺតបន្តឹងជាបណ្តោះអាសន្ន
    ការចូលក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើវិធានការរបស់ក្រសួងសុខភិបាលកម្ពុជា ដោយចាប់ផ្តើម
    អនុវត្តពីថ្ងៃទី30 ខែមីនា ឆ្នាំ2020 វេលាម៉ោង 23:59 ដូចខាងក្រោម៖

  • COVID-19! ប្រធាន​មន្ទីរពេទ្យនៅហៃ​ទី​ ​​ត្រូវ​គេ​ចាប់​ជំរិត​ ខណៈ​អ្នក​ជំងឺ​កំពុង​រង់​ចាំ​ព្យាបាល

    COVID-19! ប្រធាន​មន្ទីរពេទ្យនៅហៃ​ទី​ ​​ត្រូវ​គេ​ចាប់​ជំរិត​ ខណៈ​អ្នក​ជំងឺ​កំពុង​រង់​ចាំ​ព្យាបាល

    ប្រទេស​ហៃទី៖ ប្រធាន​មន្ទីរពេទ្យ​មួយ​ក្នុង​ចំណោម​មន្ទីរពេទ្យ​ធំ​ៗនៅ​ប្រទេស​ហៃ​ទី​ ​ត្រូវ​បាន​គេ​ចាប់​ជំរិត​ នាំ​ឱ្យ​ក្រុម​វេជ្ជ​បណ្ឌិត ផ្អាក​​ទទួល​ព្យាបាល​អ្នក​ជំងឺ​ថ្មី​ ខណៈ​ដែល​មេរោគ​COVID-19 កំពុង​ឆ្លង​រាល​ដាល​ខ្លាំង​។

    លោក​ Jerry Bitar ដែល​ជា​វេជ្ជ​បណ្ឌិត​ផ្នែក​វះកាត់ ត្រូវ​បាន​គេ​ចាប់​ជំរិត​កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​លោក​បាន​ចាក​ចេញ​ពី​ផ្ទះ​នៅ​ក្នុង​តំបន់​ប្រជុំ​ជន ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ធ្វើ​ការ​នៅ​ឯមន្ទីរ​ពេទ្យ​ Bernard Mevs ក្នុង​រដ្ឋ​ធានី Port-au-Prince។

    មនុស្ស​ជា​ច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​ Bernard Mevs ដើម្បី​សម្ដែង​សាមគ្គី​ភាព​ជាមួយ​នឹង​លោក​វេជ្ជ​បណ្ឌិត​ Bitar ដែល​ជា​អ្នក​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​នេះ​ជាមួយ​នឹង​បងប្អូន​ភ្លោះ​របស់​លោក​។ បុគ្គលិក​ទាំង​អស់​របស់​លោក Bitar បាន​នាំ​គ្នា​អង្វរ​ករ សូមឱ្យ​ដោះ​លែង​អ្នក​ដឹក​នាំ​របស់​ពួកគេ​។ សារ​ព័ត៌មាន​ក្នុង​ស្រុក​ក៏បាន​ចេញ​ផ្សាយ​ ដោយ​ការ​អង្វរ​ ទទូច​ឱ្យ​ដោះ​លែង​លោក​វេជ្ជ​បណ្ឌិត​រូប​នេះ​ផងដែរ​។

    “នៅ​ក្នុង​ស្ថាន​ភាព​នៃ​វិបត្តិ​សុខ​ភាព​នេះ ការ​ចាប់​ជំរិត​វេជ្ជ​បណ្ឌិត​របស់​មន្ទីរ​ពេទ្យ​​ គឺ​ជា​រឿង​ធ្ងន់​ធ្ងរ​ណាស់​។ ខ្ញុំ​ស្នើ​ឱ្យ​ដោះ​លែង​គាត់​ដោយ​មិន​មាន​លក្ខខណ្ឌ​”។ នេះ​ជា​សម្ដី​របស់​ពលរដ្ឋ​ម្នាក់​ឈ្មោះ Jean Wilguens Charles ដែល​មាន​មិត្ត​ម្នាក់​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ Bernard Mevsនេះ​។

    ផែន​ទីនៃ​ទី​តាំង​​ប្រទេស​ហៃទី(Hiti)

    ជំនួយ​ការ​ Claude Devil បាន​ឱ្យ​ដឹង​ថា​ មន្ទីរពេទ្យ​នេះ​ ទទួល​ព្យាបាល​អ្នក​ជំងឺ​ទាំង​អស់ មិន​ថា​ជា​អ្នក​មាន​ ឬអ្នក​ក្រ​គ្មាន​ប្រាក់​នោះ​ទេ​។ ក៏ប៉ុន្តែ ពេល​នេះ​ពួក​គេ​មិន​អាច​ទទួលព្យាបាល​​អ្នក​ជំងឺ​បន្ថែម​ទៀត​នោះ​ឡើយ​​ ខណៈ​ដែល​ក្រុម​គ្រូពេទ្យ​នៅ​តែ​បន្ត​ជួយ​សង្គ្រោះ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ទី​នេះ​។ មា​អ្នក​ជំងឺ​មួយ​ចំនួន​ ត្រូវ​ការ​វះកាត់​ ប៉ុន្តែ​ក្រុម​វេជ្ជ​បណ្ឌិត​មិន​ហ៊ាន​សម្រេច​ចិត្ត​។

    អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រសួង​សុខាភិបាល​ប្រទេស​ហៃ​ទី(Hiti)បាន​ឱ្យ​ដឹង​ថា សមត្ថ​កិច្ច​ប្រទេស​នេះ​កំពុង​ដុត​ដៃ​ដុត​ជើង​ ស្រាវជ្រាវ​តាម​ចាប់​អ្នកដែល​នៅ​ពី​ក្រោយ​ការ​ចាប់​ជំរិត​លោក​វេជ្ជ​បណ្ឌិត​ Jerry Bitar។

    ករណី​ចាប់​ជំរិតទារ​ប្រាក់​នៅ​ប្រទេស​ហៃ​ទី​ ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​ច្រើន ក្នុង​ពេល​​ដែល​ប្រទេស​នេះ​កំពុង​ជួប​វិបត្តិ​​សេដ្ឋ​កិច្ចផង និង​នយោបាយ​​ផង។ យោង​តាម​ធនាគារ​ពិភពលោក ហៃ​ទី​ជា​ប្រទេស​ក្រី​ក្រ​បំផុត​នៅ​ទ្វីប​អាមេរិក​។ សមត្ថកិច្ច​ហៃទី​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ខែមករា​ឆ្នាំ​នេះ មាន​ករណី​ចាប់​ជំរិត​ដល់​ទៅ​15​ករណី​។ ក្រុម​ជន​ពាល​ទាំង​នេះ ធ្វើ​សកម្ម​ភាព​​មិន​រើស​មុខនោះ​ទេ​ ដោយ​ពួកគេ​ចាប់​ជំរិត​ទាំង​​អ្នកជំនួញ បុគ្គលិក​ក្រុម​មនុស្ស​ធម៌បរទេស និង​តំណាង​រាស្ត្រ​ ហើយ​សូម្បី​តែ​សិស្ស​សាលា​ក៏​ពួក​វា​មិន​លើក​លែង​ដែរ​។

    ពលរដ្ឋ​នាំ​គ្នា​អង្វរករ​ សុំ​ឱ្យ​ដោះ​លែង​លោក​វេជ្ជ​បណ្ឌិត​

    គិត​មក​ដល់​បច្ចុប្បន្ន ប្រទេស​ហៃ​ទី​ បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ត្រឹម​តែ​8​ករណី​ប៉ុណ្ណោះ​។ ប្រធានាធិបតី​ Jovenel Moise កាលពីសប្ដាហ៍​មុន​បាន​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស​ និង​ស្នើ​ឱ្យ​បិទ​សាលា​រៀន រោង​ចក្រ រួម​នឹង​កន្លែង​គោរព​បូជា​សាសនា​ផងដែរ​ ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​របស់​វីរុស៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • Trump ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ជំនួយ​ ទំហំ​2.2​លាន​លាន​ដុល្លារ​អាមេរិក

    Trump ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ជំនួយ​ ទំហំ​2.2​លាន​លាន​ដុល្លារ​អាមេរិក

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បាន​ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋកិច្ច​ទំហំ​2.2​លាន​លាន​ដុល្លារ​ ដើម្បី​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ និង​កម្មករ​អាមេរិកាំង​ដែ​ល​ជួប​ការ​លំបាក​ដោយ​សារ​វីរុស​COVID-19។

    “ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណ​រដ្ឋ ដែល​បាន​សាមគ្គី​គ្នា​ និង​យក​ប្រទេស​ជាតិ​ជា​ធំ​” ប្រធានាធីបតី​សហរដ្ឋ​អាមេរិក​ Donald Trump មាន​ប្រសាសន៍​កាល​ពី​ថ្ងៃទី​27​មីនាកន្លង​ទៅ​ បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ជំនួយ​ខាង​លើ​។ លោក​បន្ថែម​ថា “យើង​ត្រូវ​បាន​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ដោយ​សត្រូវ​លាក់​មុខ​។ ក៏ប៉ុន្តែ ខ្ញុំ​គិត​ថា យើង​នឹង​ងើប​ឡើង​វិញ​បានយ៉ាង​ឆាប់​រហ័ស​”។

    នៅ​មុន​ពេល​ចុះ​ហត្ថលេខា លោក Trump បាន​លើក​តម្កើង​អំពី​ទំហំ​នៃ​​កញ្ចប់​ជំនួយ​ដែល​មាន​ទឹក​ប្រាក់​ជាង​2លាន​លាន​ដុល្លារ​នេះ​។ “កន្លង​មក ខ្ញុំ​មិនដែល​បាន​ចុះ​ហត្ថលេខា​លើ​អ្វី​មួយ​ដែល​មាន​អក្សរ​លានលាន​ដូច្នេះ​នោះ​ទេ​”។

    មុន​នេះ កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋ​កិច្ច​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ធំ​ជាង​គេបង្អស់់ក្នុង​ប្រវត្តិ​សាស្ត្រ​សហរដ្ឋ​អាមេរិក​នា​សម័យ​នេះ ក៏ត្រូវ​បាន​អនុម័ត​យល់​ព្រម​ដោយ​សភា​ជាន់​ខ្ពស់​អាមេរិកាំង​រួច​ហើយ។ កញ្ចប់​ថវិកា​នេះ​នឹង​ផ្ដល់​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​ ទៅ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ដែល​កំពុង​ជួប​ការ​លំបាក​ និង​ជួយ​កាត់​បន្ថយ​អត្រា​បាត់​បង់​ការ​ងារ​ ព្រម​ទាំង​ផ្ដល់​ជំនួយ​ជា​សាច់​ប្រាក់​សុទ្ធ​ដល់​ពលរដ្ឋ​ដែល​ត្រូវ​រង​គ្រោះ​ព្រោះ​វីរុស​COVID-19។

    អ្វី​ដែល​ពល​រដ្ឋ​អាមេរិកាំង​មាន​ការ​សប្បាយ​ចិត្ត​ជាង​គេ​នោះ​គឺ​ ​​គម្រោង​ជំនួយ​ផ្ទាល់​ដល់​ប្រជា​ជន​។ ក្នុង​គម្រោង​ជំនួយ​នេះ ពលរដ្ឋ​ណា​ដែល​មាន​ចំណូល​ទាប​ជាង​75,000​ដុល្លារ​ក្នុង​1ឆ្នាំ​ នឹង​ទទួល​បាន​ប្រាក់​សុទ្ធ​ 1,200​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​។

    មន្ទីរ​ពេទ្យ​នានា​នឹង​ទទួល​បាន​ជំនួយសរុប​ ​100​​ពាន់​លាន​ដុល្លារ​ពី​កញ្ចប់​ជំនួយខាង​លើ។​ ចំណែក​ក្រុម​ហ៊ុន​តូចៗ​នឹង​ទទួល​បាន​ទឹក​ប្រាក់​សរុប​ 350​ពាន់​លាន​ដុល្លារ​។ ក្រុម​ហ៊ុន​ធំ​ៗដែល​រួម​ទាំង​​ក្រុម​ហ៊ុន​អាកាស​ចរណ៍ និង​ក្រុម​ហ៊ុន​នាវា​ទេសចរណ៍​ នឹង​ទទួល​បាន​ជំនួយ​សរុប​ 500​ពាន់​លាន​ដុល្លារ។ ចំណែក​150​ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត​ទុក​សម្រាប់​ជួយ​ជំរុញ​សេដ្ឋ​កិច្ច​របស់​រដ្ឋ​នីមួយ​ៗ រួម​នឹង​​តំបន់​​មូលដ្ឋាន​ផងដែរ។

    យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ​ Johns Hopskins ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី​27មីនាបាន​កើន​16,961​ករណី​បន្ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​ឡើង​ដល់​ 102,936​​ករណី​ ក្នុង​នោះ​អ្នក​ស្លាប់​សរុប​បាន​កើន​ដល់​ 1,607​ករណី ពោល​គឺ​កើន​312​ករណី​ បើធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​ បាន​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19​​ ធំជាង​គេ​បង្អស់​នៅ​ទូទាំង​ពិភពលោក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​4នាក់​បន្ថែមទៀត​ ខណៈ​អ្នក​បាន​ជា​សះ​ស្បើយ​កើន​ឡើង​ដល់​13​នាក់់

    COVID-19! កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​4នាក់​បន្ថែមទៀត​ ខណៈ​អ្នក​បាន​ជា​សះ​ស្បើយ​កើន​ឡើង​ដល់​13​នាក់់

    ក្រសួងសុខាភិបាលកម្ពុជា​ នាព្រឹកថ្ងៃទី28មីនានេះ បាន​ប្រកាសថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុសCOVID-19 ចំនួន​4​ករណីបន្ថែម​ទៀតហើយ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុបឡើង​ដល់​ 102​នាក់។

    អ្នក​ជំងឺ​ដែល​ទើប​ត្រូវ​បាន​រកឃើញ​នេះ គឺ​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំ​ពេញ។ ពួក​គេគឺ​​​ជាគ្រួសារខ្មែរមួយដែលទើបមកពីប្រទេសបារាំង។

    ក្នុង​ចំណោម​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ទាំង​4នាក់​ដែល​ទើប​តែ​បាន​រកឃើញ​នេះ រួម​ប្ដីប្រពន្ធ​មួយ​គូ និង​កូនៗ​2នាក់​។ អ្នក​ជំងឺ​ថ្មី​ទាំង​4នាក់​នេះ បាន​ត្រឡប់​មក​ពី​ប្រទេស​បារាំង​កាល​ពី​ថ្ងៃទី​15​មីនា មុន​នឹង​ត្រូវ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​COVID-19។ បច្ចុប្បន្ន ពួកគេត្រូវ​បាន​ដាក់​ឱ្យ​នៅ​ព្យាបាល​នៅ​មណ្ឌល​សុខ​ភាព​មួយ​កន្លែង​ នៅ​ចក្រ​អម្រែង​ក្រោម​ ក្នុង​រាជធានី​ភ្នំ​ពេញ​។

    គិត​មកដល់ពេលនេះ កម្ពុជាមានករណីឆ្លង COVID-19 សរុប​ចំនួន​102នាក់ ក្នុង​នោះ​មាន​13​នាក់​បាន​ជាសះស្បើយ និង​89​នាក់​កំពុង​ព្យាបាល​។ កម្ពុជា​នៅ​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19នេះ​នៅឡើយ​៕