គិលានុដ្ឋាយិកាម្នាក់នៅក្នុងរដ្ឋ Washington បានយកទូរស័ព្ទរបស់ខ្លួនភ្ជាប់ទៅកាន់កូនរបស់អ្នកជំងឺ COVID-19 ដើម្បីឱ្យពួកគេបានជួបមុខគ្នាជាលើកចុងក្រោយបង្អស់។
អ៊ំស្រី Carolann Gann អាយុ75ឆ្នាំ ធ្លាប់ធ្វើជាគិលានុបដ្ឋាកជាង30ឆ្នាំ បានធ្លាក់ខ្លួនឈឺនៅឯមជ្ឈមណ្ឌលចាស់ជរាមួយនៅ Issaquah ជាយក្រុង Seattle កាលពីសប្ដាហ៍មុន។ អ៊ំស្រីរូបនេះ បានទូរស័ព្ទទៅកូនស្រី ឈ្មោះ Michelle Bennett ដែលជានគរបាលជាន់ខ្ពស់ម្នាក់ ដើម្បីប្រាប់ថា បុគ្គលិកពេទ្យកំពុងធ្វើតេស្តរកមេរោគឱ្យគាត់។
បន្ទាប់មក គាត់ក៏ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ប៉ុន្តែសុខភាពរបស់គាត់ កាន់តែដុនដាបទៅៗ។ អ៊ំស្រី Gann បានបាត់បង់ជីវិតកាលពីថ្ងៃទី27មីនា ដោយពុំមានកូនចៅណាម្នាក់នៅក្បែរទាល់តែសោះ ព្រោះតែពួកគេមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងមន្ទីរពេទ្យ ដោយសារ COVID-19។
Bennett និយាយថា “ពិតជាមិនគួរឱ្យជឿសោះថា កាលពីសប្ដាហ៍មុន ម្ដាយរបស់ខ្ញុំនៅឯមជ្ឈមណ្ឌលថែទាំចាស់ជរា ហើយ7ថ្ងៃក្រោយ គាត់បែរជាទៅចោលខ្ញុំដូច្នេះសោះ។ ហេតុអីក៏រឿងនេះអាចកើតឡើងបាន?។ ម្ដាយខ្ញុំ បានទូរស័ព្ទប្រាប់ថា គាត់បានឆ្លង COVID-19។ ពេលនោះ ពិភពលោកហាក់ត្រូវបាក់រលំមកលើរូបខ្ញុំដូច្នោះដែរ”។
Bennett ដែលជាស្ត្រីភេទទី3ម្នាក់ ហើយប្រពន្ធរបស់នាងឈ្មោះ Brand Gordon Bennet បាននិយាយថា បុគ្គលិកពេទ្យបានធ្វើរឿងគ្រប់យ៉ាងដើម្បីឱ្យម្ដាយពួកគេបានស្ងប់ចិត្ត។
“ពួកយើងទាំងអស់គ្នា បាននិយាយគ្នាតាមទូរស័ព្ទដើម្បីលាគ្នាជាលើកចុងក្រោយ។ ពិតជាគួរឱ្យស្លុតចិត្តខ្លាំងណាស់។ ចៅៗរបស់គាត់ យំបណ្ដើរ និយាយលាគាត់បណ្ដើរ។ គាត់អាចស្ដាប់ និងនិយាយជាមួយពួកគេបាន។ គាត់និយាយជាមួយក្មេងៗថា គាត់ពិតជាមានមោទនភាពចំពោះពួកគេខ្លាំងណាស់” Bennett និយាយបណ្ដើរស្រក់ទឹកភ្នែកបណ្ដើរ។
នៅពេលដែលស្ថានភាពជំងឺរបស់អ៊ំស្រី Gann កាន់តែអាក្រក់ទៅៗ បុគ្គលិកពេទ្យម្នាក់បានយកទូរស័ព្ទរបស់ខ្លួន ភ្ជាប់ទៅកាន់កូនរបស់អ្នកជំងឺនេះ ដោយឱ្យពួកគេបានជួបគ្នាជាលើកទី2 ដែលជាលើកចុងក្រោយបង្អស់។
Bennett និយាយថា “បុគ្គលិកពេទ្យម្នាក់នោះ បានលើកទូរស័ព្ទនៅចំពោះមុខម្ដាយខ្ញុំ ហើយខ្ញុំអាចមើលឃើញ និងដឹងអំពីដង្ហើមរបស់គាត់។ ពេលនោះ ខ្ញុំអាចនិយាយពាក្យថា “លា” ទៅកាន់ម្ដាយខ្ញុំ ហើយថា ខ្ញុំស្រឡាញ់ និងអាណិតម្ដាយខ្លាំងណាស់”។
បន្ទាប់ពីអ៊ំស្រី Gann បានលាចាកលោកនេះទៅ គិលានុបដ្ឋាកម្នាក់ក៏បានទូរស័ព្ទមកកាន់គ្រួសារ Bennett។ បុគ្គលិកពេទ្យម្នាក់នេះបានប្រាប់ថា នាងបានចាប់ដៃ និងយកដៃច្បូតសក់ជូនគាត់ នៅពេលគាត់កំពុងបញ្ចប់ដង្ហើមចុងក្រោយ។
COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន199 នៅក្នុងពិភពលោក បណ្ដាលឱ្យមនុស្សចំនួន 737,929នាក់បានបាត់បង់ជីវិត និងអ្នកជំងឺប្រមាណជា28,400នាក់កំពុងប្រឈមនឹងការស្លាប់ ខណៈដែលអ្នកជំងឺ156,507នាក់ទៀតបានជាសះស្បើយ។ ចំណែកសហរដ្ឋអាមេរិក បច្ចុប្បន្ន ជាសម្បុកមេរោគកូរ៉ូណាធំបំផុតក្នុងពិភពលោក ដោយមានអ្នកឆ្លងមេរោគនេះសរុបឡើងដល់143,055នាក់ ក្នុងនោះមាន2,513នាក់បានបាត់បង់ជីវិត និង4,865នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស




– មេរោគកូវីដ-19 ជាមេរោគវីរុសក្នុងត្រកូលកូរ៉ូណាវីរុស មានទំហំតូចខ្លាំងណាស់ មិនអាចមើលឃើញដោយភ្នែកទទេ ឬដោយមីក្រូទស្សន៍ទូទៅបានទេ។
– មេរោគកូវីដ-19 អាចចម្លងសាយភាយតាមរយៈវត្ថុរបស់របរដែលប្រឡាក់មេរោគបាន វាស្ថិតនៅលើនោះបានច្រើនថ្ងៃ បើសិនគ្មានការសម្អាត។ បើមានការប្រើដៃប៉ះវត្ថុរបស់របរទាំងនោះ ហើយយកមកប៉ះលើបរិវេណផ្ទៃមុខ ឬកាន់ចំណីអាហារដាក់ចូលមាត់ នឹងអាចឆ្លងមេរោគបាន ដូចគ្នានឹងការប៉ះពាល់មេរោគពីអ្នកជំងឺដោយផ្ទាល់ដែរ។ ដូច្នេះទើប ត្រូវតែប្រយ័ត្នប្រយែង លាងសម្អាត ឬបាញ់ថ្នាំសម្លាប់មេរោគនៅលើវត្ថុរបស់របរផ្សេងៗ និងលាងសម្អាតដៃឱ្យបានញឹកញាប់។
បច្ចុប្បន្ន មិនទាន់មានរបាយការណ៍អំពីការឆ្លងមេរោគនេះតាមរយៈការហែលទឹកក្នុងអាងហែលទឹក ឬប្រភពទឹកផ្សេងទៀតនៅឡើយ តែគួរចៀសវាងពីអាងហែលទឹកដែលមានមនុស្សម្នាច្រើន។
– ចំណុចសំខាន់របស់ការសម្អាតរថយន្តផ្ទាល់ខ្លួន ឬរថយន្តសាធារណៈ គឺការសម្អាតនៅត្រង់កន្លែងដែលដៃរបស់អ្នកដំណើរមានឱកាសប៉ះច្រើនបំផុត។ ក្រៅពីការជូតសម្អាតដោយអាល់កុល 70%ហើយ អង្គការសុខភាពពិភពលោក បានណែនាំថា អាចប្រើទឹកថ្នាំ លាយជាមួយម្សៅសាប៊ូ ជូតសម្អាតបាន។ ក្រៅពីការជូតលើកន្លែងប៉ះពាល់ផ្សេងៗហើយ ការនាំរថយន្តទៅដាក់ហាលថ្ងៃ ក៏អាចនឹងកាត់បន្ថយការស្ថិតនៅរបស់មេរោគដោយសារសីតុណ្ហភាពដែលក្ដៅបានដែរ។
– អាការទូទៅ គឺមានអាការខាងប្រព័ន្ធដកដង្ហើម មានគ្រុនក្ដៅខ្លួន ក្អក ដកដង្ហើមញាប់ ពិបាកដកដង្ហើម។ ក្នុងករណីដែលអាការធ្ងន់ធ្ងរខ្លាំង អាចធ្វើឱ្យកើតមានសភាវជ្រៀតជ្រែក ដូចជា ហើមសួត រលាកសួត គាំងក្រលៀន និងអាចដល់ថ្នាក់ស្លាប់បាន។
– ចៀសវាងពីការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺ រក្សាគម្លាតចម្ងាយយ៉ាងតិចបំផុត 1ម៉ែត្រ ចៀសវាងពីការប៉ះពាល់ភ្នែក ច្រមុះ និងមាត់ ដោយមិនបានលាងសម្អាតដៃ។ គួរលាងសម្អាតដៃឱ្យបានញឹកញាប់ដោយទឹក និងសាប៊ូ ឬអាល់កុលសម្រាប់លាងដៃ 70%។ បើមានគ្រុនក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ និងរាយការណ៍លម្អិតអំពីខ្លួនឯងប្រាប់គ្រូពេទ្យ។
– គួរធ្វើការសម្អាតទីកន្លែង ឧបករណ៍ វត្ថុប្រើប្រាស់ដែលមានអ្នកប៉ះពាល់ច្រើន ដូចជាដៃទ្វារ បង្កាន់ដៃ តុបាយ ភួយ កម្រាលពូក ឧបករណ៍ផ្ទះបាយ ចាន ស្លាបព្រា សម កែវទឹក ដោយត្រូវសម្អាតដោយការជូតនឹងអាល់កុល 70% យ៉ាងតិចឱ្យបាន 2ដង ក្នុង 1ថ្ងៃ៕
-ព្រះអង្គម្ចាស់ ឆារ៍លស៍ នៃរាជវង្សអង់គ្លេស ទ្រង់មានលទ្ធផល “វិជ្ជមាន” ពីការពិនិត្យរកមេរោគកូវីដ-19 ដោយនៅក្នុងសេចក្ដីថ្លែងការណ៍ពីព្រះរាជដំណាក់ ឃ្លែរេនស៍ បានបញ្ជាក់កាលពីថ្ងៃទី25 ថា ព្រះអង្គ ទ្រង់នៅតែមានព្រះរាជសុខភាពល្អដូចមុនជាធម្មតា និងព្រះអង្គទ្រង់បានបង្ខាំងព្រះកាយនៅក្នុងប្រទេសស្កុតលែនដ៍
-អ្នកជំនាញការនៃកងទ័ពរុស្ស៊ី កំពុងឈរនៅខាងក្រៅកន្លែងសម្រាកថែទាំ នើសស៊ីង ហូម(Honneger) ដែលមានអ្នកស្លាប់ដោយសារមេរោគកូវីដ-19 មិនតិចជាង 35នាក់ឡើយ នៅក្នុងតំបន់ Albino អ៊ីតាលី(រូបភាពកាលពីថ្ងៃសៅរ៍ ទី28មីនា របស់ AFP)
-ស្លាកសញ្ញាណែនាំពីការរក្សាគម្លាតឆ្ងាយពីគ្នា នៅក្នុងប្រទេសសហរដ្ឋអាមេរិក(AP)
-លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងពិធីចុះហត្ថលេខាលើបទបញ្ជាប្រកាសឱ្យប្រើច្បាប់ The CARES act ដែលជាច្បាប់ប្រើប្រាស់ថវិកាគ្រាអាសន្ន ដើម្បីជួយដល់ផ្នែកសេដ្ឋកិច្ចរបស់ពលរដ្ឋអាមេរិកាំង ក្នុងស្ថានការណ៍វិបត្តិកូវីដ-19 ចំនួន 2លានលានដុល្លារ នៅក្នុងបន្ទប់ធ្វើការរាងពងក្រពើ ប្រចាំសេតវិមាន កាលពីថ្ងៃសុក្រ ទី27 មីនា(AFP)
-អាជ្ញាធរ និងមន្ត្រីយោធា នេសឹននែល ហ្គាដ ក្នុងទីក្រុងនីវយ៉ក ដើរនៅពីមុខតង់កៅស៊ូ ដែលសាងឡើង សម្រាប់ធ្វើជាកន្លែងតម្កល់សាកសពបណ្ដោះអាសន្ន នៅបរិវេណខាងក្រៅមន្ទីរពេទ្យ Bellevue ក្នុងទីក្រុងនីវយ៉ក កាលពីថ្ងៃពុធ ទី25 មីនា(AFP)
-រូបភាពបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកទីក្រុងវូហាន…បុគ្គលិកអ្នកបញ្ជូនម្ហូបអាហារម្នាក់ កំពុងឈររង់ចាំហុចកញ្ចប់ចំណីអាហារពីលើរបារបាំងឃាំងផ្លូវចូលតំបន់ស្នាក់អាស្រ័យមួយក្នុងទីក្រុង។ រូបភាពកាលពីថ្ងៃអាទិត្យ ទី29 មីនា(រ៉យទ័រ)
-ពលករចំណាកស្រុកជនជាតិមីយ៉ាន់ម៉ា កំពុងប្រជ្រៀតគ្នាដើរឆ្លងស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា ដើម្បីត្រឡប់ចូលទៅក្នុងខេត្ត មៀវ៉ាឌី ប្រទេសកំណើតរបស់ពួកគេវិញ ក្រោយវីរុសកូវីដ-19 រាតត្បាតនៅក្នុងប្រទេសថៃ ហើយរដ្ឋបាលថៃបានប្រកាសប្រើច្បាប់ស្ថានការណ៍អាសន្ននៅក្នុងសប្ដាហ៍នេះ។ រូបភាពកាលពីថ្ងៃពុធ ទី25 មីនា(រ៉យទ័រ)
-សម្ដេចសង្ឃ សាន់តាប៉ាប៉ា ហ្វ្រានស៊ីស ប្រារព្ធពិធីជូនពរ Urbi et Orbi ជាភាសាឡាទីន ឬប្រែថា “ជូនចំពោះទីក្រុងនេះ និងពិភពលោកទាំងមូល” នៅផ្នែកខាងលើបំផុតនៃជណ្ដើររបស់ព្រះមហាវិហារអ្នកឆ្លងបុណ្យ ប៉េត្រូ តែព្រះអង្គឯង។ រូបភាពកាលពីថ្ងៃសុក្រ ទី27 មីនា(AFP)
-លោកនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស បូរីស ចនសុន កំពុងអ្គុយនៅក្នុងបន្ទប់ធ្វើការ ក្នុងផ្ទះលេខ10 ផ្លូវ ដាវនីង ក្នុងអំឡុងពេលចូលរួមក្នុង វីដេអូ ខន់ហ្វ៊ើរេនស៍ ជាមួយមេដឹកនាំក្រុមប្រទេសG-20 ដទៃទៀត។ កាលពីពេលមុនហ្នឹង លោក ចនសុន បានចេញសេចក្ដីថ្លែងការណ៍ តាមរយៈប្រព័ន្ធធ្វីតធើរថា លោកបានកើតជំងឺដោយសារមេរោគវីរុសកូរ៉ូណាប្រភេទថ្មីហើយ។ រូបភាពកាលពីថ្ងៃព្រហស្បតិ៍ ទី27 មីនា(រ៉យទ័រ)
-បុគ្គលិកពេទ្យផ្នែកសង្គ្រោះបន្ទាន់បារាំង កំពុងនាំខ្លួនអ្នកជំងឺកូវីដ-19 ឡើងជិះរថភ្លើងល្បឿនលឿន TGV ក្នុងតំបន់ Mullhouse ភាគខាងកើត ដើម្បីធ្វើការជម្លៀសទៅកាន់មន្ទីរពេទ្យក្នុងភូមិភាគផ្សេងទៀតនៃប្រទេស។ រូបភាពកាលពីថ្ងៃអាទិត្យ ទី29 មីនា(AFP)






