Category: សុខភាព

  • ជំងឺសួតធ្លុះ កើតចេញពីអ្វី?

    ជំងឺសួតធ្លុះ កើតចេញពីអ្វី?

    សួតធ្លុះ មានន័យថា ជាសភាវដែលមានលេចខ្យល់ចេញពីថង់ខ្យល់( alveoli ) ចូលទៅដក់នៅក្នុងប្រឡោះរុំសួត( pleuralcavity ) ខ្យល់ដែលលេចនោះនឹងកើនច្រើនឡើងជារឿយៗ និងរុញឱ្យសាច់សួតសំប៉ែតចុះ ធ្វើឱ្យមានអាការពិបាកដកដង្ហើម និងអាចកើតសភាវគាំងដល់ស្លាប់បាន តែជាសភាវដែលកម្រជួបប្រទះណាស់។

    មូលហេតុរបស់ ជំងឺសួតធ្លុះ

    អាចបណ្តាលមកពីការរងរបួសហៅថា ធ្លុះសួតដោយសាររបួស ដូចជា ត្រូវគ្រាប់កាំភ្លើង ត្រូវចាក់ដោយកាំបិត រថយន្តបុក ឬនៅសុខៗក៏អាចកើតឡើងដោយឯកឯងបានដែរ ហៅថា សួតធ្លុះដែលកើតឡើងឯង( spontaneous pneumothorax ) កើតឡើងដោយសារតែមានការបែករបស់ថង់ខ្យល់ដែលខុសប្រក្រតី ច្រើនជួបប្រទះនៅលើអ្នកដែលកើតជំងឺថង់ខ្យល់រីក ក្រៅពីនេះនៅអាចជួបប្រទះលើអ្នកដែលកើតជំងឺ ហឺត រលាកសួត របេងសួត ផងដែរ អ្នកខ្លះអាចកើតដោយមិនដឹងពីមូលហេតុក៏មាន ច្រើនជួបនៅលើមនុស្សដែលជក់បារី។ បើរន្ធលេចមិនច្រើន អាចគ្មានអាការធ្ងន់ធ្ងរទេ និងបាត់ទៅវិញបានដោយឯកឯងក្នុងរយៈពេលតែមិនប៉ុន្មានថ្ងៃប៉ុណ្ណោះ តែបើលេចខ្យល់ចេញមកច្រើន ច្រើនតែធ្វើឱ្យកើតអាការដង្ហក់ធ្ងន់ធ្ងរ បើជួយសង្រ្គោះមិនទាន់អាចបណ្តាលឱ្យស្លាប់បាន។

    អាការរបស់ សួតធ្លុះ

    មានអាការដែលបង្ហាញឱ្យឃើញបានច្រើនយ៉ាង អាស្រ័យលើខ្នាតរបស់រន្ធដែលលេច និងសភាពរបស់អ្នកជំងឺ អ្នកខ្លះអាចមានអារម្មណ៍ឈឺដើមទ្រូងអួលឡើងភ្លាមៗ និងអាចឈឺរាលទៅរកស្មា ឬដៃ ហើយតមកមានអារម្មណ៍ដកដង្ហើមដង្ហក់ អ្នកខ្លះអាចមានអាការក្អកស្ងួតរួមជាមួយផង។ អ្នកខ្លះទៀតអាចគ្រាន់តែមានអារម្មណ៍ថាណែនថប់ក្នុងដើមទ្រូង ឬឈឺដើមទ្រូងម្តងម្កាលស្រដៀងនឹងអាការរលាកស្រទាប់រុំសួត នៅពេលបណ្តោយទុកចោលយូរថ្ងៃ បើខ្យល់នៅតែលេចចេញមករឿយរហូតធ្វើឱ្យសួតម្ខាងសំប៉ែតនោះ នឹងធ្វើឱ្យអ្នកជំងឺមានអាការដង្ហក់ខ្លាំង ជីពចរលោតញាប់ និងសម្ពាធឈាមធ្លាក់ចុះ។

    អ្វីដែលពិនិត្យឃើញ

    ដើមទ្រូងខាងដែលឈឺគោះទៅឮរាងស្រឡះជាងម្ខាងទៀត ប្រើប្រដាប់ស្តាប់នៅលើសួតនឹងមិនបានឮសូរសំឡេងដកដង្ហើមឡើយ ឬបានឮ តែតិចបំផុត បំពង់ខ្យល់ធំអាចវៀចទៅផ្នែកម្ខាងទៀត។

    អាការជ្រៀតជ្រែក

    បើកើតធ្ងន់ធ្ងរ អាចធ្វើឱ្យកើតសភាវគាំងបេះដូងទាន់ហន់( acute pulmonary failure ) ឬកើតសភាវគាំងសន្លប់បាន។

    ការព្យាបាលអាការសួតធ្លុះ

    1- បើសិនមានការសង្ស័យ ចូរប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ លោកគ្រូពេទ្យអាចនឹងត្រូវឆ្លុះអេក្សរេយ៍មើលដើម្បីឱ្យប្រាកដក្នុងចិត្ត ឬប្រើម្ជុលតភ្ជាប់ជាមួយបំពង់សេរ៉ាំងចាក់ថ្នាំចោះនៅកន្លែងចន្លោះឆ្អឹងជំនីទី 2 (ដោយចាក់ថ្នាំស្ពឹក​ជាមុន) បើសិនមានខ្យល់បាញ់ចូលមកក្នុងបំពង់សេរ៉ាំងចាក់​ថ្នាំនោះ សម្តែងថា ពិតជាមានខ្យល់នៅក្នុងចន្លោះរុំសួតមែន ក៏នឹងធ្វើការចោះទម្លាយឱ្យខ្យល់ចេញ។ បើរកឃើញមូលហេតុច្បាស់លាស់ លោកគ្រូពេទ្យក៏នឹងធ្វើការព្យាបាលជំងឺដែលជាដើមហេតុនោះផងដែរ។

    2- លើអ្នកជំងឺដែលមានអាការដង្ហក់ខ្លាំង និងរកឃើញថាបំពង់ខ្យល់ធំត្រូវបានរុញទៅផ្នែកផ្សេង តែមិនអាចបញ្ជូនទៅមន្ទីរពេទ្យបាន ចូរធ្វើការជួយសង្រ្គោះបថម ដោយប្រើម្ជុលតចូលជាមួយខ្សែសេរ៉ូមឱ្យណែន ព្រលែងចុងខ្សែសេរ៉ូមម្ខាងទៀតចូលទៅក្នុងដបទឹក ឬអាងដាក់ទឹកដែលមានកំពស់ទឹក 15 – 20 សង្ទីម៉ែត្រ ហើយចាក់ម្ជុលចូលទៅចន្លោះឆ្អឹងជំនីទី 2 ឱ្យធ្លុះស្រទាប់សាច់ទ្រូង នឹងឃើញមានពពុះខ្យល់ចេញមកឱ្យឃើញ រួចហើយប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ និងត្រូវប្រយ័ត្នកុំឱ្យចុងខ្សែសេរ៉ូមចេញផុតពីទឹកជាដាច់ខាត។ នៅពេលឃើញថាពពុះខ្យល់ចេញមកតិចហើយ និងអាការរបស់អ្នកជំងឺធូរស្រាលហើយនោះ អាចដកម្ជុលចេញបាន។

    ចំណុចណែនាំ

    អ្នកជំងឺដែលមានសភាវ សួតធ្លុះ កើតឡើងឯងដោយមិនដឹងពីមូលហេតុ នៅពេលព្យាបាលជាហើយ ប្រមាណជា 50% អាចមានអាការកម្រើកឡើងវិញ និងបើមានប្រវត្តិធ្លាប់ជក់បារីផងនោះ គួរតែតមជក់បារីដើម្បីកុំឱ្យមានការកម្រើកឡើងវិញ៕

  • WHO ដាស់តឿនពិភពលោក៖ កុំប្រហែស! ព្រោះ កូវីដ-19 នៅជាមួយយើងយូរតទៅទៀត…

    WHO ដាស់តឿនពិភពលោក៖ កុំប្រហែស! ព្រោះ កូវីដ-19 នៅជាមួយយើងយូរតទៅទៀត…

    ខណៈដែលប្រទេសជាច្រើនកំពុងស្ថិតក្នុងអំឡុងពេលបន្ធូរបន្ថយវិធានការបិទប្រទេស ដើម្បីកាត់បន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ច ដែលបណ្ដាលមកពីការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នោះ លោក ថេដ្រូស អាត់ហាណូម គីប្រ៊ីយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក ឬ WHO បានចេញមកដាស់តឿនប្រទេសនានាថា ចូរកុំធ្វើអ្វីខុសឆ្គងឱ្យសោះ ព្រោះនៅមានដំណើរផ្លូវវែងឆ្ងាយតទៅទៀត ដែលត្រូវដើរ ហើយវីរុសកូវីដ-19 នឹងនៅជាមួយយើងយូរតទៅទៀត។

    លោក គីប្រ៊ីយេស៊ុស ថ្លែងថា “ប្រទេសភាគច្រើន នៅតែកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការឆ្លងរាលដាលប៉ុណ្ណោះ ខណៈដែលប្រទេស ដែលមានការឆ្លងរាលដាលតាំងពីដំបូងៗនោះ ខណៈនេះ ក៏កំពុងរកឃើញការឆ្លងរាលដាលថ្មីៗកើតឡើងដូចគ្នា..”

    លោកប្រធានអង្គការ WHO បានសម្ដែងក្ដីកង្វល់ពាក់ព័ន្ធនឹងសញ្ញានៃការកើនឡើងក្នុងការឆ្លងរាលដាលដ៏ធំមួយនៅក្នុងផ្លែកខ្លះរបស់ទ្វីបអាហ្វ្រិក ខណៈដែលការឆ្លងរាលដាលនៅក្នុងអឺរ៉ុបខាងលិច មើលទៅហាក់ដូចជាកំពុងស្ថិតក្នុងសភាវស្មើ និងថយចុះជាបណ្ដើរៗហើយ។

    លោក គីប្រ៊ីយេស៊ុស បានដាស់តឿនថា នៅតែមានចន្លោះប្រហោងជាច្រើនទៀត ក្នុងការដាក់វិធានការដើម្បីការពារការឆ្លងរាលដាលរបស់មេរោគវីរុសកូវីដ-19 ទូទាំងពិភពលោក និងគ្មានប្រទេសណាមួយក្នុងពិភពលោក មានភាពត្រៀមខ្លួនរួចជាស្រេចគ្រប់យ៉ាងឡើយ។ ប្រទេសនានាចាំបាច់ត្រូវចំណាយប្រាក់ពាក់ព័ន្ធនឹងការត្រៀមខ្លួនឱ្យរួចជាស្រេច ព្រោះក្នុងខណៈពេលនេះ មានត្រឹមតែ 76% ប៉ុណ្ណោះ ដែលមានប្រព័ន្ធតាមដានដែលអាចត្រួតពិនិត្យរកអ្នកឆ្លងមេរោគបាន។

    ស្ថិតក្រោមពាក្យរិះគន់ថា WHO ឆ្លើយតបនឹងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 មិនបានល្អគ្រប់គ្រាន់នោះ លោកគីប្រ៊ីយេស៊ុស នៅតែអះអាងថា ការប្រកាសសភាវអាសន្នកម្រិតពិភពលោក ដែលជាការប្រកាសកម្រិតខ្ពស់បំផុតរបស់អង្គការមួយនេះកាលពីថ្ងៃទី30 មករាកន្លងទៅ គឺជាពេលវេលាដែលសមរម្យហើយ និងស្ថិតក្នុងអំឡុងពេលដែលពិភពលោកមានពេលវេលាល្មមគ្រប់គ្រាន់ សម្រាប់ទប់ទល់នឹងស្ថានការណ៍ទាំងនោះ ដោយខណៈនោះ មានអ្នកឆ្លងមេរោគកូវីដ-19 នៅក្រៅប្រទេសចិន មានត្រឹមតែ 82នាក់ប៉ុណ្ណោះ។

    ចំណែកលោក ម៉ៃក៏ រ៉ៃអាន់ អ្នកជំនាញការរបស់អង្គការ WHO បានដាស់តឿនថា ការបើកដំណើរការទេសចរណ៍លឿនជ្រុលពេក ត្រូវមានការគ្រប់គ្រងចាត់ការភាពប្រថុយប្រថានយ៉ាងប្រុងប្រយ័ត្ន ព្រោះខណៈពេលនេះ ក្នុងតំបន់ខ្លះរបស់ទ្វីបអាហ្វ្រិក ដូចជា សូម៉ាលី ជាដើម បានរកឃើញការកើនឡើងនៃអ្នកឆ្លងមេរោគដល់ទៅជិត 300% ក្នុងអំឡុងសប្ដាហ៍កន្លងទៅ ដែលការណ៍នេះបានបង្ហាញឱ្យឃើញថា ស្ថានការណ៍ការឆ្លងរាលដាលធំនៅក្នុងទ្វីបអាហ្វ្រិក ទើបតែចាប់ផ្ដើមប៉ុណ្ណោះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កូរ៉េខាង​ត្បូង​អះអាង​ថា​ អ្នក​វិជ្ជ​មាន​ឡើង​វិញ​ជាមួយ​COVID-19 នឹង​មិន​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន​ឡើយ

    កូរ៉េខាង​ត្បូង​អះអាង​ថា​ អ្នក​វិជ្ជ​មាន​ឡើង​វិញ​ជាមួយ​COVID-19 នឹង​មិន​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន​ឡើយ

    ក្រុម​អ្នកជំនាញ​ផ្នែក​សុខាភិបាល​កូរ៉េខាង​ត្បូង​បាន​បញ្ជាក់ថា​ អ្នក​ជំងឺ​កូរ៉ូណា​មួយ​ចំនួន​នៅ​កូរ៉េខាង​ត្បូង​ ​វិជ្ជ​មាន​ជាមួយ​វីរុស​COVID-19នេះ​ឡើង​វិញ ប៉ុន្តែ​មិន​មាន​លទ្ធ​ភាព​ចម្លង​ទៅ​​អ្នក​ដទៃ​នោះ​ទេ។

    ប្រធាន​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់ស្កាត់​ជំងឺ​​ឆ្លង​របស់​កូរ៉េខាង​ត្បូង​ KCDC (Korea Centers for Disease Control and Prevention) បណ្ឌិត​ Jung Eun-kyeong បានថ្លែង​​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពីថ្ងៃទី​22​មេសា​ ​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​COVID-19មួយ​ចំនួនដែល​បាន​ជា​សះ​ស្បើយ​​របស់​ប្រទេស​នេះ បាន​កើត​ជំងឺ​នេះ​ជា​ថ្មី​ ប៉ុន្តែ មិន​មាន​លទ្ធ​ភាព​ក្នុងការ​ចម្លង​មេរោគ​ទៅ​អ្នក​ដទៃ​នោះ​ឡើយ​។

    KCDC បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​អ្នក​ជំងឺ​25​នាក់​ដែល​បាន​ជាពី​ជំងឺ​ដើម្បី​ស្វែង​យល់​ថា​តើ​ពួក​គេ​នៅ​មានផ្ទុក​​វីរុស​COVID-19នេះ​ដែរ​ ឬ​អត់​។ អ្នក​ទាំង​នេះ សុទ្ធ​តែ​មាន​អង្គ​បដិប្រាណ​​ទប់​ទល់​នឹង​ COVID-19 ក៏ប៉ុន្តែ 12​នាក់​ក្នុង​ចំណោម​25​នាក់​ខាង​លើ បាន​បង្ហាញ​លទ្ធ​ផល​វិជ្ជមាន​ជាមួយ​នឹង​វីរុស​នេះ​ម្ដង​ទៀត​។

    “បញ្ហា​នេះ​អាស្រ័យ​ទៅ​លើ​អ្នក​ជំងឺ​ម្នាក់​ៗ ដែល​អាច​ធ្វើ​ឱ្យ​វីរុស​នេះ​​ស្ថិត​នៅ​ក្នុង​រាងកាយ​បាន​យូរ​ដោយ​មិន​អាច​បណ្ដេញ​ពី​រាង​កាយ​ឱ្យ​អស់​ សូម្បី​តែ​នៅ​ពេល​រាង​កាយ​បាន​​បង្កើត​​អង្គ​បដិប្រាណរួច​ហើយ​។ ការ​សិក្សា​ស្រាវ​ជ្រាវ​​បន្ថែម​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​”។ នេះ​បើ​តាម​សម្ដី​របស់​លោក​Jung Eun-kyeong​។

    កូរ៉េខាង​ត្បូង​ ព្រឹក​នេះ​បាន​រាយការណ៍​ថា មាន​អ្នកជំងឺ​ថ្មី​8​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​នៅ​ប្រទេស​នេះ​កើន​ដល់​10,702​នាក់​។ ក្នុងចំណោម​អ្នកជំងឺ​ថ្មី ក៏មាន​4​នាក់​ជា​អ្នក​ជំងឺ​នាំ​ចូល​ ដែល​មក​ទល់​នឹង​ពេល​នេះ​ កូរ៉េខាង​ត្បូង​មាន​អ្នកជំងឺ​នាំ​ចូល​សរុប​1,021​នាក់​។ ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ចំនួន​240​នាក់​ ខណៈ​អ្នក​ជំងឺ​បាន​ជាសះ​ស្បើយ​មាន​ចំនួន​8,411​នាក់​ ក្នុង​នោះ​មាន​134​នាក់​ទើប​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​។

    គិត​មក​ដល់​បច្ចុប្បន្ន ពិភពលោក​ទាំង​មូល​មាន​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ហើយ​ ដែល​មាន​វត្តមាន​របស់​វីរុស​COVID-19 បណ្ដាល​ឱ្យ​មនុស្ស​ជាង​2.6​លាន​នាក់​បាន​ឆ្លង​មេរោគ និង​ជាង​184,000​នាក់​បាន​បាត់​បង់​ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • គន្លឹះ 4 យ៉ាង ដើម្បីសុខភាពល្អ

    គន្លឹះ 4 យ៉ាង ដើម្បីសុខភាពល្អ

    មនុស្សជាច្រើនអាចនឹងរៀបផែនការឱ្យឆ្នាំថ្មីខាងមុខនេះ ក្លាយជាឆ្នាំនៃការចាប់ផ្តើមនូវរឿងថ្មីៗចំពោះខ្លួនឯង ឬតាំងគោលបំណងដើម្បីធ្វើរឿងល្អៗចំពោះខ្លួនឯង បើលោកអ្នកគិតចង់ក្រោកឡើងមកផ្លាស់ប្តូរខ្លួនឯងជាថ្មីដើម្បីចាប់ផ្តើមឆ្នាំថ្មីបែបមានភាពរស់រវើកនោះ ក្រៅពីសាងភាពសប្បាយរីករាយឱ្យខ្លួនឯងហើយ នៅបានធ្វើឱ្យអ្នកនៅជុំវិញខ្លួនយើងសប្បាយរីករាយជាមួយដែរទៀតផង។ ខាងក្រោមនេះជាគន្លឹះល្អៗក្នុងការធ្វើឱ្យមានសុខភាពល្អ ដែលយើងអាចធ្វើបានដោយខ្លួនឯងដើម្បីជីវិតកាន់តែប្រសើរឡើង។

    1 – ដកដង្ហើមវែងៗដើម្បីសុខភាពល្អ

    សាកល្បងសង្កេតមើលខ្លួនឯងថា តើលក្ខណៈការដកដង្ហើមរបស់លោកអ្នកយ៉ាងម៉េចដែរ ដកដង្ហើមខ្លីៗញាប់ៗ ដកដង្ហើមវែងៗ ឬយឺតៗ? ការហ្វឹកហាត់ខ្យល់ដង្ហើមឱ្យវែងៗចូលចេញយ៉ាងយឺតៗ មិនត្រឹមតែនឹងជួយឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយស្វាហាប់ ព្រោះរាងកាយបានទទួលអុកស៊ីហ្ស៊ែនយ៉ាងពេញទំហឹងប៉ុណ្ណោះទេ ថែមទាំងជួយកំចាត់ជាតិពុលចេញពីរាងកាយបានទៀតផង ហើយនៅជួយកាត់បន្ថយអាការមួម៉ៅ ឆាប់ខឹងបានទៀតផង។ សាកល្បងហ្វឹកហាត់ខ្យល់ដង្ហើម 5 – 10 នាទីក្នុងមួយថ្ងៃសឹនក៏បាន ធ្វើក្នុងមួយថ្ងៃម្តង ធានាថាលោកអ្នកនឹងមានអារម្មណ៍សប្បាយទាំងកាយ និងចិត្តច្រើនឡើងមិនខាន។

    2 – ចាប់ផ្តើមថាមពលជីវិតដោយ បន្លែផ្លែឈើ អ័រហ្កានិក

    ការជ្រើសរើសញ៉ាំបន្លែផ្លែឈើអ័រហ្កានិក ឬគ្មានសារធាតុពុលឱ្យបានយ៉ាងតិច 5 ពេលក្នុង 1 សប្តាហ៍ លោកអ្នកនឹងប្រាកដក្នុងចិត្តបានតែម្តងថា រាងកាយបានទទួលសារជាតិអាហារដែលបរិសុទ្ធកាន់តែច្រើនឡើង រាងកាយក៏នឹងបានទទួលវីតាមីន និងសារធាតុរ៉ែច្រើនឡើង ភាពប្រថុយប្រថានក្នុងការកើតរោគក៏ថយចុះទៅតាមនោះដែរ។

    3 – បែងពេលវេលាឱ្យខ្លួនឯង

    នារីៗទាំងឡាយគួរបែងចែកពេលវេលាដើម្បីសាងសេចក្តីសុខដល់ខ្លួនឯងខ្លះផង ដែលវិធីការអង្គុយតាំងសមាធិ ឬនៅស្ងៀមៗប្រមាណជា 15 – 20 នាទីគឺជាវិធីមួយទៀតដែលអាចសាកអាគុយថាមពលជីវិត និងសាងភាពស្ងប់ស្ងាត់ទាំងខាងកាយ ឬផ្លូវចិត្តបាន។ ទាំងអស់នេះ ក្នុងអំឡុងពេលដែលលោកអ្នកកំពុងសាងភាពស្ងប់ស្ងាត់ដល់ខ្លួនឯងនោះ សូមសាកល្បងអុជទៀនក្រអូបក្លិនស្រាលៗ ដើម្បីជួយសាងបរិយាកាសឱ្យធូរស្រាល និងបិទភ្នែកចុះយ៉ាងសប្បាយបានកាន់តែខ្លាំងឡើង ធ្វើឱ្យរាងកាយបានចូលដល់ការសម្រាកបានយ៉ាងពេញទំហឹង។

     

    4 – ធ្វើខ្លួនឱ្យសប្បាយ

    សាកល្បងរកវិធីកែសម្រួលខ្លួន កែសម្រួលការតុបតែងខ្លួនឱ្យមានអារម្មណ៍ថាសប្បាយឡើង ដើម្បីស្វាគមន៍ការងារថ្មីៗក្នុងឆ្នាំថ្មីខាងមុខនេះ ដោយការរកមើលសម្លៀកបំពាក់ឈុតក្រណាត់កប្បាស់ ឬអាវយឺតសាច់កូតុងមកពាក់ទៅធ្វើការ នឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍សប្បាយ ទាន់សម័យ និងរហ័សរហួនបានកាន់តែខ្លាំងឡើង ឬបើលោកអ្នកមានផែនការនឹងទៅជប់លៀងកំសាន្តជាមួយមិត្តភ័ក្តិនៅពេលល្ងាចរបស់ថ្ងៃធ្វើការ ការស្លៀកសម្លៀកបំពាក់ការងារ ឬសម្លៀកបំពាក់ផ្លូវការទៅនោះ ប្រហែលជាមិនសូវជាល្អមើលប៉ុន្មានទេ ដូច្នេះគួររកមើលអាវសាច់ក្រណាត់កូតុងពាក់បែបសប្បាយៗ ពណ៌ស្អាតៗ ពាក់ជាមួយខោខូវប៊យឡូយៗចេញពីផ្ទះទៅល្អជាង។

    តែចុងក្រោយនេះ បន្ទាប់ពីត្រឡប់ពីការងារមកដល់ផ្ទះហើយ រឿងដំបូងដែលគួរធ្វើនោះគឺ ការផ្លាស់សម្លៀកបំពាក់ដែលស្លៀកពេញមួយថ្ងៃនោះចេញ ហើយស្លៀកឈុតសប្បាយៗជំនួសវិញ ដើម្បីឱ្យរាងកាយបានសម្រាក និងធូរស្រាលអារម្មណ៍៕

  • COVID-19! សហរដ្ឋ​អាមេរិក​ស្នើ​ចិន​អនុញ្ញាត​ឱ្យ​អ្នក​ត្រួត​ពិនិត្យ​អន្តរ​ជាតិ​ ចូល​មើល​បន្ទប់​ពិសោធន៍​

    COVID-19! សហរដ្ឋ​អាមេរិក​ស្នើ​ចិន​អនុញ្ញាត​ឱ្យ​អ្នក​ត្រួត​ពិនិត្យ​អន្តរ​ជាតិ​ ចូល​មើល​បន្ទប់​ពិសោធន៍​

    រដ្ឋ​មន្ត្រី​ការ​​បរទេស​អាមេរិកាំង​ លោក Pompeo កាល​ពីថ្ងៃទី​22​មេសា​ បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន​ អនុញ្ញាត​ឱ្យ​​ក្រុម​អ្នក​ត្រួត​ពិនិត្យ​ចូល​ទៅ​កាន់​បន្ទប់​ពិសោធន៍​សម្ងាត់​​របស់​ប្រទេស​នេះ​ ដោយ​លោក​បាន​សម្ដែង​​ការ​ព្រួយ​បារម្ភ​អំពី​កម្រិត​សុវត្ថិ​ភាព​របស់​បន្ទប់​ពិសោធន៍​ទាំង​នោះ​ នៅ​​ក្នុង​ករណី​ COVID-19។

    “​បណ្ដា​បន្ទប់​ពិសោធន៍​បែប​នេះ នៅ​តែ​បន្ត​បើក​ដំណើរ​ការ​នៅ​ប្រទេស​ចិន​ ហើយ​ពួក​វា​អាច​មាន​មេរោគ​ដ៏ស្មុគ​ស្មាញ​កំពុង​ត្រូវ​បាន​ពិសោធ។ មិន​មែន​មាន​តែ​វិទ្យា​ស្ថាន​វីរុស​សាស្ត្រ​មួយ​នៅ​អ៊ូហាន​នោះ​ទេ​។ ប្រការ​ដែល​សំខាន់​គឺ​ថា សម្ភារ​ទាំង​នោះ​​ត្រូវ​តែ​មាន​សុវត្ថិ​ភាព​ និង​ធានា​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​កុំឱ្យ​កើត​មាន​បញ្ហា​សាយ​ភាយ​មេរោគ​ដោយ​សារ​គ្រោះ​ថ្នាក់​ផ្សេង​ៗ​” នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ការបរទេស​ Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាលពី​ថ្ងៃទី​22​មេសា​ នៅក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​។

    លោក​ Pompeo បាន​លើក​ឧទាហរណ៍​អំពី​សកម្ម​ភាព​ត្រួត​ពិនិត្យ​​ទៅលើ​មជ្ឈ​មណ្ឌល​នុយក្លេអែរ​នានា​នៅ​លើ​ពិភពលោក​ ដើម្បី​ធានា​សុវត្ថិភាព​។​ រដ្ឋ​មន្ត្រី​រូប​នេះ​ក៏បាន​ថ្លែង​ថា មិន​រំលង​ចោល​លទ្ធ​ភាព​ដែលថា​​ COVID-19 រួច​​ចេញ​​ពី​បន្ទប់​ពិសោធន៍​នៅ​ទីក្រុង​អ៊ូហាន​ ជា​សម្មតិ​កម្ម​មួយ​ដែល​ធ្លាប់​ត្រូវ​បាន​ប្រទេស​ចិន​បដិសេធ​រួច​ហើយ​។

    លោក​ Pompeo និយាយ​ថា “យើង​នៅ​តែ​មិន​ទាន់​ទទួល​បាន​សំណាក​វីរុស​ ហើយ​ពិភពលោក​ក៏​មិន​មាន​សិទ្ធិ​ចូល​ទៅ​កាន់​មជ្ឈ​មណ្ឌល​ ឬ​បន្ទប់​ពិសោធន៍​​ផ្សេង​ៗ​ ​ជា​កន្លែង​ដែល​​វីរុសអាច​​រួច​ចេញ​នៅ​ទីក្រុង​អ៊ូហាន​”។

    អ្នក​ជំនាញ​មួយ​ចំនួន​របស់​ប្រទេស​ចិន​បាន​និយាយ​ថា COVID-19 ​អាច​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​ចេញ​ពី​ផ្សារ​លក់​សត្វ​រស់​មួយ​កន្លែង​នៅ​ទីក្រុង​អ៊ូហាន​កាល​ពីខែ​ធ្នូ ឆ្នាំ​2019។ ប៉ុន្តែ បន្ទប់​ពិសោធន៍ដ៏សម្ងាត់​មួយ​​ស្ថិត​នៅ​ក្បែរ​តំបន់​ផ្សារ​ខាង​លើ​ បាន​ធ្វើ​ឱ្យ​មាន​សំណួរ​ជា​ច្រើន​ទាក់​ទិន​នឹង​ប្រភព​របស់​វីរុស​នេះ​។ ទន្ទឹម​នឹង​នេះ ក្រុម​មន្ត្រីជាន់​ខ្ពស់​របស់​​សហ​រដ្ឋ​អាមេរិក​​ជា​ច្រើន​ ​បាន​លើក​ឡើង​អំពី​សម្មតិ​កម្ម​មួយ​ដែល​​ថា​វីរុស​នេះ​អាច​រួច​ចេញ​ពី​បន្ទប់​ពិសោធន៍​មួយ​នេះ​។

    ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ មាន​មតិ​​រិះគន់​ជា​ច្រើន​សំដៅ​លើ​ប្រធានាធិបតី​ Donald Trump ដោយ​ចោទ​ថា​ លោក​កំពុង​តែ​បង្វែរ​ការ​ទម្លាក់​កំហុស​ទៅ​លើ​វិធី​ដែល​លោក​យក​មកដោះ​ស្រាយ​បញ្ហា​ COVID-19 ដែល​មក​ដល់​បច្ចុប្បន្ន វីរុស​នេះ​បាន​សម្លាប់​មនុស្ស​ជាង​46,000​នាក់​នៅ​សហរដ្ឋ​អាមេរិក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • មនុស្ស​ជិត​183,000​នាក់​ស្លាប់​ដោយសារ​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក៖ 4ប្រទេស​មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​

    មនុស្ស​ជិត​183,000​នាក់​ស្លាប់​ដោយសារ​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក៖ 4ប្រទេស​មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ស្លាប់ជិត​​183,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​COVID-19 ជាង​2.6​លាន​នាក់​ ដែល​ភាគ​ច្រើន​នៅ​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក។

    ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​បណ្ដា​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​COVID-19 ចំនួន​ 2,620,579​នាក់ ក្នុង​នោះ​មាន​ 182,903​នាក់​បាន​បាត់បង់​ជីវិត​។ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​60,075​នាក់​ និង​អ្នក​ស្លាប់​ថ្មី​មាន​5,977​នាក់ ខណៈ​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​709,541​នាក់​។

    សហរដ្ឋ​អាមេរិក​៖ អ្នក​ជំងឺ​ថ្មីមាន​23,725​នាក់ អ្នក​ស្លាប់​ថ្មី​មាន​1,804​នាក់។ ​អ្នក​ជំងឺ​សរុប​មាន​846,982​នាក់ អ្នក​ស្លាប់​សរុប​មាន​46,609​នាក់​។ ប្រទេស​នេះ​គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។

    អេស្ប៉ាញ​៖ អ្នក​ជំងឺ​ថ្មី​មាន​4,211​នាក់ អ្នក​ស្លាប់​ថ្មី​មាន​435​នាក់​។ អ្នក​ជំងឺ​សរុប​208,389​នាក់​ អ្នក​ស្លាប់​សរុប​21,717​នាក់​។

    អ៊ីតាលី​៖ អ្នកជំងឺ​ថ្មី​3,370​នាក់ អ្នក​ស្លាប់​ថ្មី​មាន437​នាក់​។ អ្នក​ជំងឺ​សរុប​មាន​187,327​នាក់ អ្នក​ស្លាប់​សរុប​មាន​25,085​នាក់​។

    បារាំង​៖ អ្នក​ជំងឺ​ថ្មី​​មាន​1,827​នាក់ អ្នកស្លាប់​ថ្មី​មាន​544​នាក់។ អ្នក​ជំងឺ​សរុប​មាន​159,877​នាក់​ អ្នក​ស្លាប់​សរុប​មាន​21,340​នាក់។ ប្រទេស​នេះ​បាន​ក្លាយ​​ជា​ “វាល​ពិឃាត”​ របស់​ COVID-19 ធំជាង​គេ​លំដាប់ទី​4​ក្នុង​ពិភពលោក​ដែល​មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • គ្រូពេទ្យចិន 2នាក់ ស្បែកដូរពណ៌ ដោយសារផលប៉ះពាល់ពីថ្នាំព្យាបាលកូវីដ-19

    គ្រូពេទ្យចិន 2នាក់ ស្បែកដូរពណ៌ ដោយសារផលប៉ះពាល់ពីថ្នាំព្យាបាលកូវីដ-19

    CCTV និងក្រុមទីភ្នាក់ងារព័ត៌មាន បានរាយការណ៍កាលពីថ្ងៃទី21 មេសា ថា គ្រូពេទ្យក្នុងទីក្រុងវូហាន 2នាក់ ដែលធ្លាក់ខ្លួនឈឺធ្ងន់ដោយសារការឆ្លងមេរោគ និងតស៊ូជាមួយវីរុស រហូតរួចផុតពីសេចក្ដីស្លាប់ ប៉ុន្តែស្បែកបានប្ដូរពណ៌ទៅជាពណ៌ខ្មៅស្រគាំ ដោយសារតែការប្រើថ្នាំព្យាបាល គួបផ្សំនឹងសភាពការធ្វើការរបស់ថ្លើម ដែលនៅមិនទាន់ស្ដារស្ថានភាពឡើងវិញបាន 100ភាគរយ។

    របាយការណ៍នោះបានឱ្យដឹងថា លោកវេជ្ជបណ្ឌិត អ៊ី ហ្វាន និងលោកវេជ្ជបណ្ឌិត វើយ ហ្វឹង ទាំង 2នាក់បានទទួលការវិនិច្ឆ័យកាលពីថ្ងៃទី18 មករាថា ឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី តាមរយៈការព្យាបាលយ៉ាងជិតដិតនឹងអ្នកជំងឺនៅក្នុងមន្ទីរពេទ្យកណ្ដាល ក្រុងវូហាន កាលពីខែមករា និងត្រូវបាននាំខ្លួនចូលទៅព្យាបាលនៅឯមន្ទីរពេទ្យរោគសួត វូហាន ហើយត្រូវបានផ្លាស់ប្ដូរកន្លែងព្យាបាលដល់ទៅ 2ដងទៀតផង។

    លោកវេជ្ជបណ្ឌិត លី ស៊ូស៊ឹង អ្នកមើលការថែទាំ និងរក្សាព្យាបាលលោកវេជ្ជបណ្ឌិតទាំង 2នាក់ខាងលើ បានថ្លែងថា ទាំង 2នាក់បានទទួលការជួយសង្គ្រោះយ៉ាងពេញទំហឹង ដើម្បីសង្គ្រោះជីវិត តែជាផលប៉ះពាល់ពីការព្យាបាលក្នុងអំឡុងពេលដំបូងៗនៃការឆ្លងមេរោគ បានធ្វើឱ្យស្បែករបស់លោកវេជ្ជបណ្ឌិតទាំង2 ប្ដូរទៅជាពណ៌ខ្មៅស្រគាំ ដែលគេសន្និដ្ឋានថា បណ្ដាលមកពីការប្រែប្រួលកម្រិតដែលមិនមានតុល្យភាពរបស់អ័រម៉ូន ដែលកើតឡើងដោយសារថ្លើម ដែលបានទទួលរងការខូចខាតដោយសារមេរោគវីរុស និងនៅមិនទាន់ស្ដារស្ថានភាពឱ្យប្រក្រតីឡើងវិញបាន។

    របាយការណ៍អំពីទីភ្នាក់ងារសារព័ត៌មានចិនបានឱ្យដឹងថា លោកវេជ្ជបណ្ឌិត អ៊ី និងលោកវេជ្ជបណ្ឌិត វើយ បានធ្វើការរួមគ្នាជាមួយលោកវេជ្ជបណ្ឌិត លី វឹនលៀង អ្នកដែលនៅពេលដំបូងៗនៃការឆ្លងរាលដាលរបស់មេរោគ ត្រូវបានប៉ូលិសទីក្រុងវូហានស៊ើបសួរ និងចោទថា បានផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម និងក្រោយមកបានស្លាប់ដោយសារមេរោគកំណាចនោះកាលពីថ្ងៃទី7 កុម្ភៈ និងក្រោយមកទៀត បានទទួលនូវការលើកតម្កើងជាវីរបុរសរបស់ប្រទេសជាតិមាតុភូមិ។

    វេជ្ជបណ្ឌិត អ៊ី ជាអ្នកឯកទេសខាងជំងឺបេះដូង បានទទួលការព្យាបាលជំងឺកូវីដ-19 ដោយប្រើម៉ាស៊ីនជួយគាំទ្រការធ្វើការរបស់បេះដូង និងសួត ដែលស្ថិតក្នុងសភាវធ្ងន់ធ្ងរ ដែលគេហៅថា ECMO ដែលចូលទៅធ្វើការជំនួសបេះដូង និងសួត ដោយការស្រូបបាញ់អុកស៊ីហ្ស៊ែនចូលទៅក្នុងឈាមខាងក្នុងរាងកាយ ដើម្បីប្រគងជីវិតឱ្យរស់នៅបានយូរ រហូតដល់រាងកាយអាចវិលត្រឡប់មកដូចដើមវិញបានក្នុងរយៈពេល 39ថ្ងៃក្រោយមក។

    ខណៈដែលលោកវេជ្ជបណ្ឌិត លី ស៊ូស៊ឹង ដែលជាអ្នកព្យាបាលសុខភាពលោកវេជ្ជបណ្ឌិតទាំង 2 បានថ្លែងថា ពណ៌ស្បែករបស់លោកវេជ្ជបណ្ឌិតទាំង 2នាក់ បានផ្លាស់ប្ដូរខុសពីមុន ដោយសារតែកាលពីដំបូងៗនៃការព្យាបាល ពួកគាត់ទាំង2 បានទទួលថ្នាំ 1ប្រភេទ ដែលផលប៉ះពាល់របស់វា គឺធ្វើឱ្យស្បែកឡើងពណ៌ខ្មៅ។

    លោកវេជ្ជបណ្ឌិត លី ថ្លែងថា “ពណ៌ស្បែករបស់លោកវេជ្ជបណ្ឌិតទាំង 2នាក់នោះ សន្និដ្ឋានថា អាចនឹងត្រឡប់ទៅជាប្រក្រតីឡើងវិញ នៅពេលដែលថ្លើមចាប់ផ្ដើមធ្វើការបានយ៉ាងពេញលេញឡើងវិញ” ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • រដ្ឋមន្ត្រី​​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​តែ​គេច​ពី​បម្រាម​គោចរ​ លួច​ទៅ​ទិញ​ស្រា​ផឹក

    រដ្ឋមន្ត្រី​​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​តែ​គេច​ពី​បម្រាម​គោចរ​ លួច​ទៅ​ទិញ​ស្រា​ផឹក

    រដ្ឋមន្រ្តីក្រសួងប៉ូលីស​ និងសន្តិសុខសាធារណៈ​នៃ​ប្រទេស​ឡេ​សូថូ (Lesotho) ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​សារ​តែ​មិនព្រម​ចូល​តុលាការ​​ ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​លើ​បម្រាម​គោចរ​ដែល​កំពុង​អនុវត្ត​នៅ​​ក្នុង​ “សង្គ្រាម​” ប្រឆាំង​នឹងវីរុសCOVID-19 ដោយ​បាន​លួច​​ទៅ​ទិញ​ស្រា​ផឹក​ទៅ​វិញ​។

    Lehlohonolo Moramotse ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​​ប៉ូលីស និង​សន្តិសុខ​សាធារណៈ​នៃ​ប្រទេសឡេសូថូ ត្រូវ​បាន​ប្រទះឃើញ​កំពុង​ទិញ​ស្រា​ នៅ​ក្នុង​ពេល​ដែល​ប្រទេស​នេះ​កំពុង​អនុវត្ត​បម្រាម​គោចរ​ទូទាំង​ប្រទេស​ក្នុង​រយៈ​ពេល​24​ថ្ងៃ​។ រដ្ឋមន្ត្រី​រូប​នេះ ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​តុលាការ​កាលពី​ថ្ងៃ​ទី​20​មេសា​ ប៉ុន្តែ​លោក​មិន​បាន​ចូល​ខ្លួន​នោះ​ទេ​ ទើប​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ការិយាល័យ​របស់​លោក ​នៅក្នុង​រាជ​​ធានី​ Maseru ក្នុងថ្ងៃ​ដដែល​នោះ​។

    លោក Mpiti Mopeli អ្នក​នាំ​ពាក្យ​របស់​នគរបាល​នៃ​ប្រទេស​នេះ​បាន​ឱ្យ​ដឹង​ថា “គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​1យប់​នៅ​ឯ​អធិការដ្ឋាន​នគរ​បាល​ក្នុង​ទីក្រុង​ Maseru។ គាត់​កំពុង​ប្រឈម​នឹង​បទ​ចោទ​​ថា​បាន​រំលោភ​លើ​បម្រាម​គោចរ​ និង​តភ្ជាប់​បំពង់​ទឹក​ចូល​ទៅ​ផ្ទះ​របស់​គាត់​ដោយ​ខុស​ច្បាប់​”។

    រដ្ឋមន្ត្រី​​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​តែ​គេច​ពី​បម្រាម​គោចរ​ លួច​ទៅ​ទិញ​ស្រា​ផឹក
    រាជាណាចក្រឡេសូថូ ដែលជា​ប្រទេស​​ឯករាជ្យ​មួយ ​ដែល​ព័ន្ធ​ជុំ​វិញ​ដោយ​ទឹកដី​នៃ​ប្រទេស​អាហ្វ្រិកខាងត្បូង​

    រាជាណាចក្រឡេសូថូ ដែលជា​ប្រទេស​​ឯករាជ្យ​មួយ ​ដែល​ព័ន្ធ​ជុំ​វិញ​ដោយ​ទឹកដី​នៃ​ប្រទេស​អាហ្វ្រិកខាងត្បូង​ គិត​មក​ដល់​បច្ចុប្បន្ន មិន​ទាន់​មាន​ករណី​ឆ្លង​វីរុស​COVID-19 ​នៅឡើយ​។ នាយក​រដ្ឋ​មន្ត្រី​ Thomas Thabane បាន​ចេញ​បម្រាម​គោចរ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​29​មិនា ដោយសារ​មាន​ការ​ព្រួយ​បារម្ភ​ថា វីរុស​COVID-19 អាច​នឹង​ឆ្លង​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ដែល​មាន​អ្នក​ជំងឺ​កូរ៉ូណា​ជាង​3,300​នាក់ និង​អ្នក​ស្លាប់​​យ៉ាង​តិច​ 60​នាក់​។

    គិត​មក​ដល់​ពេល​នេះ COVID-19 បាន​សម្លាប់​មនុស្ស​យ៉ាង​តិច 177,674​នាក់ ក្នុង​ចំណោម​អ្នកជំងឺ​សរុប​​​2,557,837​នាក់ នៅ​ទូទាំង​ពិភពលោក៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស

  • តើវីតាមីនសំខាន់ចំពោះអ្នកប៉ុនណា?

    តើវីតាមីនសំខាន់ចំពោះអ្នកប៉ុនណា?

    តារាស្រីហូលីវុដ ហ៊ីឡារី ស្វ៊ែងក៏ ញ៉ាំវីតាមីនបន្ថែមក្នុងមួយថ្ងៃ 45 គ្រាប់ ដោយសារតែមកពីការសម្រកទម្ងន់ ( Diet ) ទើបមានសំណួរមួយថា តើការញ៉ាំវីតាមីនបន្ថែមនោះសំខាន់ប៉ុនណា? គួរញ៉ាំយ៉ាងណា? មនុស្សបែបណាខ្លះដែលគួរញ៉ាំ? និងវីតាមីនជួយអ្វីដល់យើងខ្លះ? ចំពោះរឿងនេះ លោកវេជ្ជបណ្ឌិតជំនាញមានចម្លើយសម្រាប់មិត្តអ្នកអានទាំងអស់។

    តើវីតាមីន មានភាពចាំបាច់ចំពោះសុខភាពយ៉ាងណា? អាហារ 5 ប្រភេទក្រុមដែលរាងកាយត្រូវការនោះគឺ ខាបូហាយដ្រេត ប្រូតេអ៊ីន វីតាមីន ជាតិខ្លាញ់ និងសារធាតុរ៉ែ ប្រៀបដូចជាថាមពលបញ្ឆេះឱ្យរាងកាយ និងអង់ហ្ស៊ីមផ្សេងៗធ្វើការបានតាមប្រក្រតី។

    វីតាមីនបន្ថែមមានភាពចាំបាច់សម្រាប់អ្នកណាខ្លះ? បើស្ថិតក្នុងស្ថានភាពដែលញ៉ាំបន្លែ និងផ្លែឈើ រួមទាំងញ៉ាំអាហារផ្សេងៗក្នុងចំណែកដែលត្រឹមត្រូវបាននោះ ក៏គ្មានភាពចាំបាច់អ្វីត្រូវបន្ថែមវីតាមីនទេ លើកលែងតែករណីដែលមិនអាចញ៉ាំអាហារបានតាមចំណែកដែលត្រូវការ និងស្ថិតក្នុងសភាវដែលរាងកាយត្រូវការវីតាមីនជាពិសេស ដូចជា ឈឺថ្កាត់ និងត្រូវការឱ្យរាងកាយស្វាហាប់ឡើងវិញប៉ុណ្ណោះ តែសម្រាប់មនុស្សទូទៅដែលញ៉ាំអាហារបានតាមប្រក្រតី អាចប្រើតិចនិកផ្សេងទៀតដែលធ្វើឱ្យយើងញ៉ាំបន្លែ និងផ្លែឈើ មិនច្រើនជាពិសេសពេក ដូចជាកាត់បន្ថយអាហារលាងជាតិពុលមួយសប្តាហ៍មួយដង ឬពីរសប្តាហ៍ម្តងដោយការញ៉ាំផ្លែឈើពេញមួយថ្ងៃ ដើម្បីរាងកាយនឹងបានទទួលវីតាមីនពីផ្លែឈើ តែត្រូវមានលក្ខ័ណមួយថា ត្រូវតែជាផ្លែឈើដែលគ្មានជាតិម្សៅ និងរសជាតិដែលមិនផ្អែមខ្លាំងពេក។

    អាការខ្វះវីតាមីនរ៉ាំរ៉ៃ ជាសភាវម្យ៉ាងដែលមិនត្រូវបានរាប់ចូលក្នុងក្រុមជំងឺឈឺថ្កាត់ទេ ដូចជា ការខ្វះវីតាមីន C នឹងធ្វើឱ្យចេញឈាមតាមជើងធ្មេញ ឬការខ្វះវីតាមីន B1 នឹងធ្វើឱ្យកើតអាការស្ពឹកស្រពន់ជាដើម។ អាចមិនដល់ថ្នាក់ខ្វះវីតាមីនរហូតកើ់តជំងឺនោះទេ គ្រាន់តែអាចមានអារម្មណ៍ថាមិនសូវស្រស់ស្រាយដោយមិនដឹងមូលហេតុ ឬអស់កម្លាំងល្វើយតែប៉ុណ្ណោះ។

    យ៉ាងម៉េចទើបហៅថា ការញ៉ាំវីតាមីនដែលត្រឹមត្រូវ? ការញ៉ាំវីតាមីនតាមប្រភេទនីមួយៗក៏ខុសប្លែកគ្នាដែរ ដូចជា បេតាឃែរ៉ូធីន គួរជ្រើសរើសយកប្រភេទដែលចម្រាញ់ពីធម្មជាតិទើបប្រសើរជាង ចំណែកវីតាមីនច្នៃប្រឌិតក៏មានចំណុចគួរប្រយ័ត្នដែរ ព្រោះនឹងមានភាពប្រថុយប្រថានក្នុងការកើតជំងឺមហារីកសួតច្រើន ចំណែកឯវីតាមីន E ជាវីតាមីនរលាយក្នុងខ្លាញ់ដូចគ្នានឹងវីតាមីន K . A និង D ដែរ តែមានចំណុចកំណត់ថា ថ្នាំ ឬវីតាមីនដែលរលាយក្នុងខ្លាញ់ងាយនឹងប្រមូលសន្សំច្រើនណាស់ ដូច្នេះទើបត្រូវកំណត់បរិមាណ។

    វីតាមីនជួយអ្វីដល់លោកអ្នកខ្លះ?

    – វីតាមីន A ជួយដល់ការមើលឃើញនៅពេលយប់ និងជួយការពារការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបន្ទោបង់ ទឹកមូត្រ និងប្រព័ន្ធដង្ហើម។

    – វីតាមីន B1 សំខាន់ចំពោះសាច់ដុំ ប្រព័ន្ធប្រសាទ និងការធ្វើការរបស់បេះដូង។

    – វីតាមីន B12 ចាំបាច់ចំពោះការចម្រើនធំធាត់ ជួយសាងគ្រាប់ឈាមក្រហម និងជំរុញប្រព័ន្ធប្រសាទ។

    – វីីតាមីន C មានសារធាតុអ៊ែនទីអុកស៊ីឌែនត៍ ការពារការឆ្លងមេរោគ មុខរបួស ឬតំបៅឆាប់ជា និងជួយបឺតជ្រាបសារធាតុដែក តែអ្វីដែលសំខាន់នោះគឺ ជួយផលិតខូឡាជេន ដែលជួយឱ្យស្បែកតឹងណែនមិនឆាប់ចាស់។

    – វីតាមីន E ជួយបំប៉នគ្រាប់ឈាមក្រហម ការពារសួត និងសាច់ភ្នាសផ្សេងៗ៕

  • បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​​ដោយ​សារ​​វីរុស​ COVID-19 ចាប់​ពី​​10,000​​នាក់​ឡើង​ទៅ​ ខណៈ​ពិភព​លោក​ទាំង​មូល​មាន​អ្នក​ជំងឺ​សរុប​ជិត​2.6​លាន​នាក់​

    បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​​ដោយ​សារ​​វីរុស​ COVID-19 ចាប់​ពី​​10,000​​នាក់​ឡើង​ទៅ​ ខណៈ​ពិភព​លោក​ទាំង​មូល​មាន​អ្នក​ជំងឺ​សរុប​ជិត​2.6​លាន​នាក់​

    ពិភពលោក​ទាំង​មូល​ មាន​អ្នក​ជំងឺ​សរុប​ជិត​2.6​លាន​នាក់​ ក្នុង​នោះ​មាន​ជិត​177,000​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​ COVID-19។ មេរោគ​រាត​ត្បាតនេះ ហាក់​បាន​ថម​ថយ​ខ្លះ​ ​នៅ​ប្រទេស​មួយ​ចំនួន ប៉ុន្តែ​ក្នុង​នោះ​មាន​​ប្រទេស​ជា​ច្រើន​ ​អ្នក​ស្លាប់​សរុប​ដោយ​សារ​វីរុស​នេះ​ បាន​កើន​លើស​ពី​10,000​នាក់​។

    ស្ថិតិ​របស់​​សាកល​វិទ្យា​ល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា ប្រទេស​ និង​ដែន​ដី​ចំនួន​210 បាន​រក​ឃើញ​​អ្នកជំងឺ​COVID-19 សរុប​ 2,560,504​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​176,926​នាក់។ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​90,094​នាក់ និង​អ្នក​ស្លាប់ថ្មី​​កើន​7,331​នាក់​ បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។

    សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក​ ជាមួយ​នឹង​អ្នក​ជំងឺ​សរុប​823,257​នាក់ និង​អ្នក​ស្លាប់សរុប​​44,805​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​41,098​នាក់ និង​អ្នក​ស្លាប់​ថ្មី​4,344​នាក់​។ លោក​ Trump ថ្លែង​ថា មនុស្ស​ប្រមាណ​ពី​50,000-60,000​នាក់​ អាច​នឹង​ស្លាប់​ក្នុង​មហា​អាសន្ន​រោគ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក។

    អាស្ប៉ាញ​គឺជា​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​ក្នុង​ពិភពលោក​។ បច្ចុប្បន្ន ប្រទេស​នេះ​មាន​អ្នកជំងឺ​សរុប​204,178​នាក់​ អ្នក​ស្លាប់​សរុប​21,282​នាក់​។ អ្នក​ជំងឺ​ថ្មី​មាន​3,986​នាក់​ និង​អ្នក​ស្លាប់​ថ្មី​មាន​430​នាក់​។ ករណី​បុគ្គលិក​សុខាភិបាល​ឆ្លង​វីរុស​នៅ​ប្រទេស​នេះ គឺពិត​ជា​គួរ​ឱ្យ​ព្រួយបារម្ភ ដោយ​បច្ចុប្បន្ន មាន​បុគ្គលិក​ពេទ្យ​31,788​នាក់​ហើយ​ដែល​បាន​ឆ្លង​វីរុស​នេះ​។

    អ៊ីតាលីមាន​អ្នក​ជំងឺ​ថ្មី​ 2,729​នាក់ អ្នក​ស្លាប់ថ្មី​534​នាក់​ នាំ​ឱ្យ​តួលេខ​អ្នកជំងឺសរុប​ឡើង​ដល់​183,957​នាក់​ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​24,648​នាក់​

    បារាំង​៖ អ្នក​ជំងឺ​ថ្មី​2,667​នាក់ និង​អ្នក​ស្លាប់ថ្មី​531​នាក់។ អ្នក​ជំងឺ​សរុប​158,050​នាក់ និង​អ្នក​ស្លាប់​សរុប​20,796​នាក់​។

    អង់គ្លេស​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ទី​5​នៅ​អឺរ៉ុប ដោយ​មាន​អ្នកជំងឺ​សរុប​129,044​នាក់ និង​អ្នក​ស្លាប់​សរុប​17,337​នាក់​។ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​ 4,301​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​ 828​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស