Category: សុខភាព

  • អ្នកជាពី Covid-19 នៅកម្ពុជាមានចំនួន 95.90% ហើយ តែប្រជាជនគួររក្សាភាពប្រុងប្រយ័ត្ន

    អ្នកជាពី Covid-19 នៅកម្ពុជាមានចំនួន 95.90% ហើយ តែប្រជាជនគួររក្សាភាពប្រុងប្រយ័ត្ន

    នៅត្រឹមថ្ងៃទី25 ខែមេសា ឆ្នាំ2020នេះ កម្ពុជាមានអ្នកជាពីជំងឺ Covid-19 រហូតដល់ទៅ 95.90% ហើយបើធៀបនឹងអ្នកមានវីរុស covid-19 សរុបនៅទូទាំងប្រទេស។

    បើតាមការបញ្ជាក់របស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃនេះមានអ្នកជាសះស្បើយថ្មីបន្ថែមចំនួន 7នាក់ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយ​កើនឡើងដល់ 117នាក់។ ហេតុនេះអ្នកដែលកំពុងសម្រាកព្យាបាល​សរុបគឺត្រូវថយចុះមកត្រឹមតែ 5នាក់ប៉ុណ្ណោះ ក្នុងនោះមានអ្នកជំងឺស្រីចំនួន 2នាក់ និងប្រុស 3នាក់។

    អ្នកដែលមានជាសះស្បើយពីជំងឺចំនួន 7នាក់ថ្មីនេះ គឺបុរសជនជាតិម៉ាឡេស៊ី អាយុ 66ឆ្នាំ បុរសជាតិខ្មែរអាយុ 37ឆ្នាំ នៅក្រុងសៀមរាប ស្ត្រីជនជាតិខ្មែរអាយុ 20ឆ្នាំនៅភ្នំពេញ ស្ត្រីជនជាតិវៀតណាម​អាយុ 27ឆ្នាំ នៅកោះពេជ្រ ស្ត្រីជនជាតិវៀតណាម​អាយុ 24ឆ្នាំ នៅម្តុំបឹងកេងកង1 ស្ត្រីជនជាតិចិនអាយុ 30ឆ្នាំ នៅ Olympia និងស្ត្រីជនជាតិចិន​អាយុ 31ឆ្នាំនៅសង្កាត់បឹងកេងកង1។

    ទោះជាយ៉ាងនេះក្តី មន្ត្រីសុខាភិបាលនៅតែក្រើនរំលឹកឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប​រក្សាភាពប្រុងប្រយ័ត្ន​ដោយយកចិត្តទុកដាក់ការពារខ្លួន និងអនុវត្តតាមការណែនាំរបស់ក្រសួង​សុខាភិបាល ព្រោះកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពផុយស្រួលនៅឡើយចំពោះមុខមេរោគ Covid-19៕

  • កម្ពុជា​នៅ​សល់​អ្នក​ជំងឺ​COVID-19 ចំនួន​​5​នាក់​ទៀត​​ប៉ុណ្ណោះ​ ខណៈ​117​នាក់​បាន​ជាសះស្បើយ

    កម្ពុជា​នៅ​សល់​អ្នក​ជំងឺ​COVID-19 ចំនួន​​5​នាក់​ទៀត​​ប៉ុណ្ណោះ​ ខណៈ​117​នាក់​បាន​ជាសះស្បើយ

    ក្រសួង​សុខាភិបាល​កម្ពុជា​ ព្រឹក​នេះ​បាន​ប្រកាស​ថា អ្នក​ជំងឺ​COVID-19 ចំនួន​7​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​ដែល​រួច​ផុត​ពី​គ្រោះ​ថ្នាក់ដោយ​សារ​វីរុស​កូរ៉ូណា​​ កើន​ដល់​117​នាក់​។

    ក្រសួង​បាន​ឱ្យ​ដឹង​ថា អ្នកដែល​បាន​ជា​សះស្បើយ​ទាំង​7​នាក់​នេះ មាន​បុរស​ជនជាតិ​ម៉ាឡេស៊ី1​នាក់​​នៅ​ខេត្ត​កែប​ បុរស​ជនជាតិខ្មែរ1​នាក់នៅ​ខេត្តសៀមរាប​ ស្ត្រីជន​ជាតិ​ខ្មែរ​នៅ​​​ភ្នំពេញ​1នាក់ ស្ត្រី​ជនជាតិ​វៀតណាម​​នៅ​​ភ្នំពេញ2នាក់​នៅ​ភ្នំ​ពេញ និង​ស្ត្រីជន​ជាតិចិន​2នាក់​នៅ​​​ភ្នំពេញ​។

    ដូច្នេះ​ គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​មាន​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​ពី​ COVID-19 សរុប​ឡើ​ងដល់​117​នាក់​ និង​នៅ​សល់​តែ​5​នាក់​ទៀត​ប៉ុណ្ណោះ​ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។

    អ្នក​ជំងឺ​ដែលជា​សះស្បើយ​ពី​ COVID-19 ទាំង​117​នាក់​​ រួម​មាន​ជនជាតិខ្មែរ​ចំនួន48​នាក់​ បារាំង​38​នាក់​ ម៉ាឡេស៊ី​13​នាក់​ អង់គ្លេស​5នាក់​ អាមេរិកាំង2នាក់​ កាណាដា​2​នាក់ ឥណ្ឌូនេស៊ី​2នាក់​ ជនជាតិ​ចិន​2​នាក់​ បែ​ល​ហ្សិ​ក​1​នាក់​​និង​ជនជាតិ​វៀតណាម​3​នាក់​។

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ជិត​197,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​ជាង​​2,8​លាន​នាក់​ ដែល​ភាគ​ច្រើន​កើត​ឡើង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​អាមេរិក៕

  • មនុស្ស​ជិត​197,000​នាក់​បាន​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​សកល​លោក

    មនុស្ស​ជិត​197,000​នាក់​បាន​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​សកល​លោក

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ស្លាប់​ជិត​197,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​ជាង​​2,8​លាន​នាក់​ ដែល​ភាគ​ច្រើន​កើត​ឡើង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​អាមេរិក។

    យោង​តាម​សាកល​វិទ្យា​ល័យ​ Johns Hopkins ​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ ក្នុង​ពិភពលោក បាន​រក​ឃើញ​អ្នក​ជំងឺ​COVID-19 ចំនួន​2,826,847​នាក់​ ក្នុង​នោះ​ក៏​មាន​អ្នក​ស្លាប់​ប្រមាណជា​197,082​​នាក់​ផងដែរ​ ដោយ​មាន​អ្នកជំងឺ​ថ្មី​82,396​​នាក់ និង​អ្នក​ស្លាប់​ថ្មី​5,617​នាក់​។ ចំណែក​អ្នកជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​779,774​នាក់​។

    សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​ក្នុង​ពិភពលោក​ ជាមួយ​នឹង​អ្នកជំងឺ​សរុប​923,612​នាក់ និង​ស្លាប់​សរុប​51,017​នាក់​។ អ្នក​ជំងឺ​ថ្មី​ កើន​37,170​នាក់​ និង​អ្នក​ស្លាប់​កើន​ 1,858​នាក់។

    អេស្ប៉ាញ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក និង​ជា​ “វាល​ពិឃាត” របស់​ COVID-19 ធំជាង​គេ​លំដាប់​ទី​3​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​អ៊ីតាលី​។ អេស្ប៉ាញ​មាន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​ជាង​22,500​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​ជិត​220,00​0​នាក់​។ អ្នកជំងឺ​ថ្មី​ មាន​6,740​នាក់​ និង​អ្នក​ស្លាប់​ថ្មី​​ មាន​367​នាក់​។

    អ៊ីតាលី​៖ អ្នក​ជំងឺ​ថ្មី​3,021​នាក់ អ្នក​ស្លាប់​ថ្មី​​420​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​192,994​នាក់ និង​អ្នក​ស្លាប់​សរុប​25,969​នាក់​។

    បារាំង​៖ មាន​អ្នកជំងឺ​ថ្មី​1,645​នាក់ អ្នក​ស្លាប់ថ្មី​389​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​159,828​នាក់​ និង​អ្នក​ស្លាប់​សរុប​22,245​នាក់​។

    អាល្លឺម៉ង់​​ត្រូវ​បាន​វាយ​តម្លៃ​ថា​ បាន​ប្រតិកម្ម​ឆាប់​រហ័ស​ទៅ​នឹង​ COVID-19 ហើយ​អាច​គ្រប់​គ្រប​វីរុស​បាន​យ៉ាង​ល្អ​នៅ​ដំណាក់​កាល​ដំបូង​។ ប៉ុន្តែ អធិការបតី​ Angela Merkel បាន​ព្រមាន​ថា នេះ​គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្ដើម​ដំបូង​នៃ​រោគ​រាត​ត្បាត​តែ​ប៉ុណ្ណោះ។ អាល្លឺម៉ង់​ បច្ចុប្បន្ន​មាន​អ្នកជំងឺ​សរុប​143,464​នាក់ និង​អ្នក​ស្លាប់​សរុប​5,760​នាក់​ ក្នុង​នោះ​អ្នក​ជំងឺ​ថ្មី​មាន​1,870​នាក់​ និង​អ្នក​ស្លាប់ថ្មី​185​នាក់​។

    អង់គ្លេស​ទើបបាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​ 5,386​នាក់​ និង​អ្នក​ស្លាប់​ថ្មី​684​នាក់​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​ឡើង​ដល់​143,464​នាក់​ និង​អ្នក​ស្លាប់​សរុប​​19,506​នាក់។

    អ៊ីរ៉ង់​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​នៅ​ក្នុង​ទ្វីប​អាស៊ី ដោយ​មាន​អ្នក​ជំងឺ​សរុប​88,194​នាក់។ ប្រទេស​នេះ​ទើប​​មាន​អ្នកស្លាប់​ថ្មី​93​នាក់​ ​នេះ​ជា​ថ្ងៃ​ទី​11​ហើយ​ដែល​​តួលេខ​អ្នក​ស្លាប់​ថ្មី​ក្រោម​100​នាក់​។ អ៊ីរ៉ង់​មាន​អ្នក​ស្លាប់​សរុប​5,574​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • សហរដ្ឋ​អាមេរិកមាន​អ្នក​ស្លាប់​ជិត​52,000​នាក់​ដោយ​សារ​COVID-19 លោក​ Trump ថ្លែង​ថា “អាមេរិក​ធ្វើ​បានល្អ​”

    សហរដ្ឋ​អាមេរិកមាន​អ្នក​ស្លាប់​ជិត​52,000​នាក់​ដោយ​សារ​COVID-19 លោក​ Trump ថ្លែង​ថា “អាមេរិក​ធ្វើ​បានល្អ​”

    ប្រធានាធិបតី​សហរដ្ឋអាមរិក​ លោក Donald Trump បាន​ថ្លែង​ថា រដ្ឋាភិបាល​អាមេរិកាំង​ទប់ទល់នឹង​រោគ​រាត​ត្បាត​COVID-19 បាន​យ៉ាង​ល្អ និង​បាន​សង្ឃឹម​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នេះ​នឹង​ទាប​ជាងច្រើន​ ធៀប​នឹង​ការ​ព្យាករ​100,000​នាក់​ពី​សំណាក់​​ក្រុម​អ្នក​ជំនាញ​ការ​។

    គិត​ត្រឹម​បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​COVID-19 សរុប​ឡើង​ដល់​ 52,092​នាក់ កើន​ជាង​1,800​នាក់​ បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ អ្នក​ជំងឺ​ថ្មី​ក្នុង​ប្រទេស​នេះមានជាង​3,700នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​កើន​ដល់​923,612​នាក់​។

    ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ ស្ដី​អំពី​ការ​ទទួល​ខុស​ត្រូវ​ក្នុងការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​ ខណៈ​ដែល​មាន​អ្នក​ស្លាប់​ជាង​50,000​នាក់​ដោយ​សារ​COVID-19 លោក​ Trump បាន​ឆ្លើយ​ថា “ខ្ញុំ​គិត​ថា យើង​ធ្វើ​បាន​យ៉ាង​ល្អ​ហើយ”។ លោក​ក៏​បាន​លើក​ឡើង​អំពី​ការ​ព្យាករ​​កន្លង​មក​របស់​ក្រុម​អ្នក​ជំនាញ​ដែល​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ អាច​មាន​​យ៉ាង​តិច​100,000​នាក់​។ លោក​ Trump ថ្លែង​ថា “យើង​សង្ឃឹម​ថា តួលេខ​ជាក់​ស្ដែង​នឹង​ទាប​ជាង​នេះ​”។

    លោក​ Trump បាន​ប្រកាស​ថា “ការ​រឹត​បន្តឹង​ការ​ដើរ​ហើរ” អាច​អូស​បន្លាយ​ដល់​ក្រោយ​ថ្ងៃទី​1​ឧសភា​។ សភាជាន់​ទាប​អាមេរិកាំង​ កាល​ពី​ម្សិល​មិញ​ក៏​បាន​អនុម័ត​យល់​ព្រម​ទម្លាក់​កញ្ចប់​ថវិកា​ជំនួយសេដ្ឋ​កិច្ច​ ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ 480​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​អាជីវ​កម្ម​ខ្នាត​តូច​ មន្ទីរ​ពេទ្យ​ និង​ការ​ធ្វើ​តេស្ត​រកមេរោគ​ COVID-19៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ក្ដីសង្ឃឹម រលាយអស់!! លទ្ធផល​នៃ​ការ​សាកល្បងថ្នាំ “Remdesivir” ព្យាបាលកូវីដ-19 បរាជ័យក្នុងការជួយអ្នកជំងឺធ្ងន់ធ្ងរនៅចិន

    ក្ដីសង្ឃឹម រលាយអស់!! លទ្ធផល​នៃ​ការ​សាកល្បងថ្នាំ “Remdesivir” ព្យាបាលកូវីដ-19 បរាជ័យក្នុងការជួយអ្នកជំងឺធ្ងន់ធ្ងរនៅចិន

    ថ្នាំសាកល្បងប្រឆាំងវីរុសឈ្មោះ“Remdesivir” របស់ក្រុមហ៊ុន Gilead Sciences Inc បានបរាជ័យក្នុងការជួយសង្គ្រោះអ្នកជំងឺកូវីដ-19 ដែលមានអាការធ្ងន់ធ្ងរ ក្នុងអំឡុងពេលសាកល្បងខាងគ្លីនិក(ព្យាបាល)នៅក្នុងប្រទេសចិន តែយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតថ្នាំពេទ្យមួយនេះ បានប្រាប់ថា លទ្ធផលនៃការសិក្សាស្រាវជ្រាវទាំងនោះ មិនទាន់ជាបទសរុបទេ ដោយសារតែវា ចប់មុនកំណត់។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

    ភាគហ៊ុនរបស់ Gilead បានធ្លាក់ចុះច្រើនជាង4% តាមក្រោយព័ត៌មានដែលលេចធ្លាយចេញមកដោយចៃដន្យ ដែលធ្វើឡើងដោយសារព័ត៌មាន Financial Times ដែលបានរាយការណ៍មុនគេ ខណៈដែលរបាយការណ៍នេះធ្វើឡើងមិនប៉ុន្មានថ្ងៃ ក្រោយពេលមានលេចឮដំណឹងថា អ្នកជំងឺដែលឆ្លងមេរោគកូវីដ-19 ដែលបានទទួលថ្នាំ“Remdesivir” ក្នុងការសាកល្បងខាងការព្យាបាលរបស់មន្ទីរពេទ្យ នៃមហាវិទ្យាល័យឈិកាហ្គោ សហរដ្ឋអាមេរិក បានជាសះស្បើយយ៉ាងឆាប់រហ័ស។

    ចំណែកឯទីភ្នាក់ងារព័ត៌មានSTAT បានរាយការណ៍ កាលពីសប្ដាហ៍មុន ដោយបានដកស្រង់សម្ដីអ្នកដឹកនាំការសាកល្បងដែលបានបញ្ជាក់ថា អ្នកជំងឺដែលបានចូលរួមក្នុងការសាកល្បងខាងគ្លិនិកថ្នាំមួយនេះ សុទ្ធតែមានអាការគ្រុនក្ដៅខ្លួនខ្លាំង និងមានអាការខាងប្រព័ន្ធដង្ហើមធ្ងន់ធ្ងរ អាចចាកចេញពីមន្ទីរពេទ្យបានក្នុងរយៈពេលមិនដល់1សប្ដាហ៍ផង។

    យ៉ាងណាក៏ដោយ ខាងមហាវិទ្យាល័យ បានដាស់តឿនថា វាហាក់ដូចជាលឿនពេកក្នុងប្រញាប់សរុបរឿងនេះ ដោយសារតែការសាកល្បងនោះ មិនបានរួមជាមួយការ “សាកល្បងបែបជាក្រុមដែលមានការគ្រប់គ្រង” នៅឡើយ ដូច្នេះទើបវាជារឿងពិបាកក្នុងការចង្អុលបង្ហាញច្បាស់ៗថា ការពិតទៅថ្នាំនេះ នឹងជួយឱ្យអ្នកជំងឺឆាប់ធូរស្រាលបានល្អឡើង ឬអត់នោះទេ?។ ទាំងអស់នេះ ក្នុងការសាកល្បងបែបគ្រប់គ្រង អ្នកជំងឺខ្លះ នឹងមិនបានទទួលថ្នាំដើម្បីបើកផ្លូវឱ្យក្រុមគណៈគ្រូពេទ្យរកបទសរុបថា ការពិតទៅ តើថ្នាំនេះហុចផលប៉ះពាល់ដល់អាការឈឺថ្កាត់របស់អ្នកជំងឺដែរឬទេ?

    ថ្នាំ “Remdesivir” របស់ Gilead បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែបច្ចុប្បន្នមិនទាន់មានថ្នាំ ឬវិធីការព្យាបាលណាមួយដែលបានទទួលការអនុម័តនៅឡើយ ដូចគ្នានឹងវ៉ាក់សាំងការពារមេរោគកូវីដ-19ដែរ ខណៈដែលបណ្ដាក្រុមគណៈគ្រូពេទ្យទូទាំងពិភពលោក កំពុងរិះរកគ្រប់បែបយ៉ាង តាមដែលអាចធ្វើបាន ដើម្បីបង្វែរដំណើរផ្លូវរបស់ជំងឺឆ្លងដ៏ធ្ងន់ធ្ងរនេះដែលអាចធ្វើទុក្ខសួតរបស់អ្នកឆ្លងមេរោគ។

    សេចក្ដីព្រាងឯកសារ ដែលអង្គការសុខភាពពិភពលោកធ្វើឱ្យបែកធ្លាយចេញមកដោយចៃដន្យ បានបញ្ជាក់ថា ក្នុងការសាកល្បងនៅប្រទេសចិន ដែលជាការប្រើថ្នាំចាក់ចូលទៅតាមសរសៃឈាម មិនទទួលបានជោគជ័យក្នុងការជួយអ្នកជំងឺឱ្យមានអាការល្អប្រសើរឡើង ឬបន្ថយមេរោគក្នុងក្រសែឈាមនោះទេ តែយ៉ាងណាក៏ដោយ សេចក្ដីលម្អិតផ្សេងៗមិនទាន់មានច្រើននៅឡើយ និងបានបង្ហាញថា ចំណុចមិនសមប្រកបផ្សេងៗក្នុងការវាយតម្លៃព័ត៌មាន មិនទាន់ល្អពេញលេញនៅឡើយ។

    ក្នុងសេចក្ដីព្រាងឯកសារនោះបានបញ្ជាក់ថា ការសាកល្បងខាងគ្លីនិក(ព្យាបាល)ពាក់ព័ន្ធនឹងអ្នកជំងឺ 237នាក់ ក្នុងនោះមាន 158នាក់បានទទួលថ្នាំ “Remdesivir” ចំណែក 79នាក់ទៀតបានទទួលថ្នាំបញ្ឆោត ដែលធ្វើឱ្យរកឃើញថា អត្រាការស្លាប់ក្នុងអ្នកជំងឺដែលបានទទួលថ្នាំ “Remdesivir” ស្ថិតក្នុងអត្រា 13.9% ប្រហាក់ប្រហែលនឹងអត្រាការស្លាប់ក្នុងក្រុមគ្រប់គ្រង(អ្នកទទួលថ្នាំបញ្ឆោត) ដែលស្ថិតក្នុងអត្រា 12.8%។

    Gilead បានថ្លែងថា “លទ្ធផលការសិក្សាស្រាវជ្រាវ នៅមិនទាន់ទទួលបានចំណុចសរុបដែលច្បាស់ពិតប្រាកដនៅឡើយទេ ទោះជាសញ្ញានៅក្នុងព័ត៌មានបានបង្ហាញពីសក្ដានុពលដែលជាប្រយោជន៍របស់ “Remdesivir” ជាពិសេសជាមួយអ្នកជំងឺដែលបានទទួលការព្យាបាលតាំងពីដំបូងៗក្ដី”

    យ៉ាងណាក៏ដោយ ពួកអ្នកវិភាគដទៃទៀត ទទួលបានចំណុចសរុបមួយចំនួន ពីការសាកល្បងទាំងនោះហើយ។ លោក ស្ទីហ្វេន ស៊ីដហៅស៍ អ្នកវិភាគពីស្ថាប័ន ចាដរេយ៍ម៉ន់ដ៍ ចេមស៍ និយាយថា “ឈុតព័ត៌មានដែលគ្រប់គ្រងដោយចិន នឹងបង្កឱ្យកើតមានទស្សនៈនៃការពិត ដែលមានចំពោះ “Remdesivir” នោះគឺ វាមើលទៅហាក់ដូចជាប្រើមិនបានលទ្ធផលល្អទេ ជាមួយអ្នកជំងឺដែលមានអាការធ្ងន់ធ្ងរ”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • Trump ផ្ដល់​អនុសាសន៍​​៖ ​ចាក់​ពន្លឺ​ ឬ​ថ្នាំ​សម្អាត​មេរោគ​ទៅ​ក្នុង​រាង​កាយ​ ដើម្បី​ព្យាបាល​COVID-19

    Trump ផ្ដល់​អនុសាសន៍​​៖ ​ចាក់​ពន្លឺ​ ឬ​ថ្នាំ​សម្អាត​មេរោគ​ទៅ​ក្នុង​រាង​កាយ​ ដើម្បី​ព្យាបាល​COVID-19

    ការ​ចាក់ថ្នាំ​សម្អាត​​មេរោគ​ទៅ​ក្នុង​រាងកាយ​អ្នក​ជំងឺ​ អាច​សម្លាប់​COVID-19បាន ប៉ុន្តែ​ក្រុមអ្នក​ជំនាញ​ផ្នែក​សុខាភិបាល​​យល់​ថា គំនិត​នេះ​ “គ្រោះ​ថ្នាក់​​ណាស់​”។

    “ខ្ញុំ​ឃើញ​ថា សារធាតុ​​រម្ងាប់​​មេរោគ អាច​សម្លាប់​វីរុស​ដោយ​ប្រើ​ពេល​ត្រឹម​តែ​1នាទី​ គឺ​1​នាទី​តែ​ប៉ុណ្ណោះ​។ ហើយ​ថា​ តើ​មាន​វិធី​ណា​ដែល​យើង​អាច​ធ្វើ​បែប​នេះ​បាន​ ដោយ​ការ​ចាក់​បញ្ចូល​វា​ទៅ​ក្នុង​រាង​កាយ​ ឬ​ក៏​មាន​វិធីណា​មួយ​ដែល​អាច​សម្លាប់​វា​បាន​ដែរ​ទេ?” ប្រធានាធិបតី​ Donald Trump ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​នៅ​សេត​វិមាន​កាលពី​ថ្ងៃទី​23​មេសា​។ ប៉ុន្តែ លោក Trump មិន​បាន​លើក​ឡើង​អំពី​ឈ្មោះ​ថ្នាំ​ណាមួយ​នោះ​ទេ​។

    លោក Trump យល់​ថា COVID-19 វាយ​លុក​ចូលទៅ​ក្នុង​សួត​ដោយ​ចំនួន​ដ៏ច្រើន​ ដូច្នេះ​លោក​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គំនិត​មួយ​ នោះ​គឺ​ ការ​ប្រើ​ប្រាស់​សារ​ធាតុ​សម្អាត​មេរោគ​។ លោក Trump ថ្លែង​ថា “យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ពឹង​លើ​ក្រុម​គ្រូពេទ្យ​ ប៉ុន្តែ​ប្រការ​នេះ​ចំពោះ​ខ្ញុំ​ គឺ​ពិត​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​”។

    មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់​ម្នាក់​បាន​ឱ្យ​ដឹង​បន្ទាប់​ពី​ប្រសាសន៍​របស់​លោក​ Trump ថា បន្ទប់​ពិសោធន៍​​នានា​របស់​សហរដ្ឋ​អាមេរិក កំពុង​តែ​ពិនិត្យ​ និង​អភិវឌ្ឍ​វិធី​សាស្ត្រ​ព្យាបាល​ COVID-19 ដោយ​ប្រើ​សារ​ធាតុ​សម្អាត​​មេរោគ​នេះ​។

    យោបល់​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នេះ ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី Bill Bryan ដែល​ជា​មន្ត្រី​ក្រសួង​សន្តិ​សុខ​ផ្ទៃ​ក្នុង​ បាន​រាយ​ការណ៍​អំពី​ការ​ពិសោធ​ដែល​ក្រុម​នេះ​បាន​ធ្វើ​ឡើង​ ដែល​លទ្ធ​ផល​បង្ហាញ​ថា COVID-19 មិន​អាច​រស់​បាន​យូរ​នៅក្នង​បរិយាកាស​ក្ដៅនិង​​សើមនោះ​ឡើយ។ ការ​ដែល​លោក Bryan ​ថ្លែង​ថា “មេរោគ​នេះ​ងាប់​យ៉ាង​លឿន​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​” ធ្វើ​ឱ្យ​លោក​ Trump សួរ​ខ្លួន​​ឯង​ថា តើ​គេ​អាច​នាំ​យក​ពន្លឺ​​​ “ចាក់​បញ្ចូល​​​ទៅក្នុង​រាង​កាយ​” ដើម្បី​សម្លាប់​វីរុស​នេះ​ដែរ​​ ឬ​អត់​?

    ឆ្លើយ​តប​បន្ថែម​ទៅ​នឹង​សំណួរ​របស់​អ្នកយក​ព័ត៌មាន លោក Bryan និយាយ​ថា បើ​មាន​តែ​កម្ដៅ និង​សំណើម​ នោះ​នឹង​មិន​អាច​សម្លាប់​ COVID-19 បាន​ទេ បើ​សិនជា​​អ្នក​រាល់​គ្នា​មិន​បន្ត​គោរព​វិធាន​ការ​បម្រាម​គោចរ​ និង​វិធាន​ការ​ផ្សេង​ៗ​។

    ក្រុម​អ្នកជំនាញ​ខាង​សុខាភិបាល​នៅ​សហរដ្ឋ​អាមេរិក​ ក្នុង​នោះ​មាន​ Vin Gupta ដែលជា​វេជ្ជ​បណ្ឌិត​ឯក​ទេស​ខាងជំងឺ​​សួត​ អ្នក​ជំនាញ​ផ្នែកខាង​​គោល​នយោបាយ​សុខាភិបាល​សកល បាន​ច្រាន​ចោល​ “អនុសាសន៍​មិន​សម​ស្រប​” របស់​ប្រធានាធិបតី​អាមេរិកាំង​។ Gupta បាន​ថ្លែង​ថា “គំនិត​ស្ដី​អំពី​ការ​ចាក់​បញ្ចូល​ ឬ​លេប​ផលិត​ផល​អ្វី​មួយ​ទៅ​ក្នុង​រាងកាយ​ដើម្បី​សម្អាត​មេរោគ​ គឺជារឿង​ដែល​មិន​អាច​ទៅ​រួច​ និងប្រកប​ដោយ​គ្រោះ​ថ្នាក់​។ នោះ​គឺជា​វិធី​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ច្រើន​ នៅ​ពេល​ពួក​គេ​ចង់សម្លាប់​ខ្លួន​”។

    លោក​ Trump កន្លង​មក​ធ្លាប់​បាន​សរសើរ​ចំពោះ​វិធី​ព្យាបាល​អ្នក​ជំងឺ​COVID-19 ដែល​មិន​ទាន់​ត្រូវ​បាន​ត្រួត​ពិនិត្យ​ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មានស្ដី​អំពី​ COVID-19។ លោក​ធ្លាប់​គាំទ្រ​ឱ្យ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ hydroxychloroquine ដើម្បី​ព្យាបាល​ COVID-19 ហើយ​លោក​ Trump ថែម​ទាំង​បាន​សរសើរ​ថា​ នេះ​អាចជា​ “​អំណោយ​របស់​ព្រះ​” ទៀត​ផង​។ ក៏ប៉ុន្តែ ក្រុម​មន្ត្រី​សុខាភិបាល​បាន​ព្រមាន​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​នេះ​​សម្រាប់​​ព្យាបាល​​COVID-19។

    បុរស​ម្នាក់​រស់នៅ​ក្នុង​រដ្ឋ Arizona នៃ​សហរដ្ឋ​អាមេរិក​ កាល​ពី​ខែ​មីនា​បាន​បាត់​បង់ជីវិត​ បន្ទាប់​​ពី​លេប​ថ្នាំ​ chloroquine phosphate ព្រោះ​តែ​ជឿ​ថា វា​ជួយឱ្យ​គាត់ទប់​ស្កាត់​ COVID-19។ ប្រពន្ធ​របស់​បុរស​ដែល​បាន​ស្លាប់​ខាង​លើ​នេះ​ បាន​ប្រាប់​ NBC News ថា អ្នក​ស្រី​ធ្លាប់​បាន​មើល​កម្មវិធី​ទូរទស្សន៍​មួយ​ ក្នុង​នោះ​មាន​ប្រធានាធិបតី​ Donald Trump បាន​និយាយ​អំពី​អត្ថ​ប្រយោជន៍​​នានា​របស់​ថ្នាំ chloroquine​នេះ​។

    ពិភពលោក​ទាំង​មូល បច្ចុប្បន្ន​មាន​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ហើយ​ ដែល​មាន​វត្តមាន​របស់​COVID-19។ វីរុស​នេះ​ បាន​បណ្ដាល​ឱ្យ​មនុស្ស ​2,725,920​នាក់​កើត​រោគ​ ក្នុង​នោះ​មាន​191,061​នាក់​បាន​ស្លាប់​។ ចំណែក​នៅ​សហរដ្ឋ​អាមេរិកវិញ មាន​អ្នកជំងឺ​សរុប​​ 886,709​នាក់ ក្នុងនោះ​មាន​អ្នក​ស្លាប់​ 50,243​នាក់​ ខណៈ​អ្នក​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​ 85,922​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • នាវិក​90​នាក់​បាន​ឆ្លង​COVID-19 នៅ​លើ​នាវា​ទេសចរណ៍​Costa Atlantica របស់​​អ៊ីតាលី​ ដែល​សំចត​​នៅ​ជប៉ុន

    នាវិក​90​នាក់​បាន​ឆ្លង​COVID-19 នៅ​លើ​នាវា​ទេសចរណ៍​Costa Atlantica របស់​​អ៊ីតាលី​ ដែល​សំចត​​នៅ​ជប៉ុន

    សមាជិក​ក្រុម​នាវិក​ចំនួន​40​នាក់​នៅ​លើ​នាវា​ទេស​ចរណ៍​ Costa Atlantica របស់​ប្រទេស​អ៊ីតាលី ដែល​កំពុង​សំចត​​នៅ​កំពង់ផែ​ Nagasaki ប្រទេស​ជប៉ុន​ វិជ្ជមាន​ជាមួយ​នឹង​វីរុស​COVID-19 ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​នៅ​លើ​នាវា​នេះ​កើន​ដល់​90​នាក់​។

    ស្ថានីយ​ទូរទស្សន៍​ NHK របស់​ជប៉ុន ថ្ងៃ​នេះ​បាន​ប្រកាស​ថា តួលេខ​សរុប​នៃ​​អ្នក​ជំងឺ​កូរ៉ូណា​នៅ​លើ​នាវា​ Costa Atlantica ដែល​កំពុង​សំចត​​នៅ​ក្នុង​កំពង់​ផែន​ Nagasaki បាន​កើន​ដល់​90​នាក់ហើយ​ បន្ទាប់​ពី​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​40​នាក់​បន្ថែម​ទៀត​។ នាវា​ទេសចរណ៍​ Costa Atlantica របស់​ប្រទេស​អ៊ីតាលី​នេះ មិន​មាន​ដឹក​ភ្ញៀវ​នោះ​ទេ​ ដោយ​វា​ត្រូវ​បាន​នាំ​ទៅ​កាន់​រោង​ចក្រ​ជួសជុល​នាវា​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ Nagasaki នៅ​​ភាគ​និរតី​ប្រទេស​ជប៉ុន ដើម្បី​ជួស​ជុល​ ក៏ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​​ដោយ​សារ​តែ​ COVID-19។

    ក្រុម​មន្ត្រី​សុខាភិបាល​នៅ​ Nagasaki បាន​ឱ្យ​ដឹង​ថា​ ពួកគេ​នឹង​បញ្ចប់​ការ​ធ្វើ​តេស្ត​រក​មេរោគ​នៅ​លើ​នាវិក​ទាំង​623​នាក់​របស់​នាវា​Costa Atlantica​នេះ​ ប៉ុន្តែ​ក៏មាន​ការ​ព្រួយ​បារម្ភ​ខ្លាំងផងដែរ​​ ចំពោះ​ហានិភ័យ​ឆ្លង​រាល​ដាល​ទៅ​ដល់​ប្រជា​ជន​នៅ​ក្នុង​ទីក្រុង​​ បន្ទាប់​ពី​មាន​លេច​ឮ​ព័ត៌មាន​ថា មាន​នាវិក​ម្នាក់​​របស់​ Costa Atlantica បាន​ចាក​ចេញ​ពី​តំបន់​ជួសជុល​នាវា​នេះ​។

    ព័ត៌មាន​ស្ដីអំពី​សម្បុក​មេរោគ​នៅ​លើ​នាវា​ទេស​ចរណ៍​ Costa Atlantica បាន​ធ្វើ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ច្រើន​នៅ​លើ​ Twitter នៅ​ពេល​ដែល​មាន​គេ​ប្រៀប​ធៀប​​វា​ទៅ​នឹង​នាវា​ទេសចរណ៍​ Diamond Princess ដែល​ធ្លាប់​មាន​មនុស្ស​​ជាង​700​នាក់​បាន​ឆ្លង​វីរុស​COVID-19 ក្នុង​នោះ​មាន​13​នាក់​បាន​បាត់​បង់​ជីវិត​។ នាវា​ Diamond Princess ធ្លាប់​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​នៅ​ឯ​លម្ហ​សមុទ្រ​ Yokohama ប្រទេស​ជប៉ុន កាលពី​ខែ​កុម្ភៈ​នៅ​មុន​ពេល​អ្នក​ទេសចរ​ និង​ក្រុម​នាវិក​ត្រូវ​បាន​ជម្លៀស​ចេញពី​នាវា។

    អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​សរសេរ​ថា “មាន​បញ្ហា​អ្វី​ទៀត​ហើយ តើ​មិន​បាន​ដក​បទ​ពិសោធន៍​ពី​ Diamond Princess ទេអី? វា​បាន​ចូល​ចត​នៅ​កំពង់​ផែ​ដើម្បី​ជួស​ជុល ប៉ុន្តែ​សួរ​ថា​ តើ​ស្ថាន​ភាពនោះ​​​ចាំបាច់​​ដល់​កម្រិត​នេះ​ហើយ​ឬ​នៅ​? ហេតុ​អ្វី​បាន​ជា​អនុញ្ញាត​ឱ្យ​វា​ចូល​ចត​បែប​នេះ​?”។

    បច្ចុប្បន្ន ប្រទេស​ជប៉ុន​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 ជាង​12,000​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ជិត​300​នាក់​បាន​ស្លាប់​ ដោយ​មិន​ទាន់​បូក​រួម​ស្ថិតិ​នៅ​លើ​នាវា​ទេស​ចរណ៍​ Diamond Princess នៅ​ឡើយ​។ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក​ Shizon Abe បាន​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស​ ទន្ទឹម​នឹង​ការ​ស្នើ​ឱ្យ​ប្រជា​ជន​ទាំង​អស់​នៅក្នុង​ផ្ទះ​ លើក​លែង​តែ​មាន​កិច្ច​ការ​ចាំបាច់​ ដើម្បី​កាត់​បន្ថយ​ទំនាក់​ទំនង​ផ្ទាល់​ក្នុង​សង្គម​ឱ្យ​បាន​80​%​ បំណង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​COVID-19។

    គិត​មក​ដល់​បច្ចុប្បន្ន​ មាន​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ហើយ​ដែល​មាន​វត្តមាន​របស់​វីរុស​COVID-19។ វីរុស​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​191,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​ជាង​2.7​លាន​នាក់​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • COVID-19! ទ្វីប​​អាស៊ី​មាន​អ្នក​ជំងឺ​សរុបជាង​​435,000​នាក់ ខណៈ​ពិភព​លោក​​មាន​អ្នក​ស្លាប់​ជាង​190,000​​នាក់​

    COVID-19! ទ្វីប​​អាស៊ី​មាន​អ្នក​ជំងឺ​សរុបជាង​​435,000​នាក់ ខណៈ​ពិភព​លោក​​មាន​អ្នក​ស្លាប់​ជាង​190,000​​នាក់​

    ពិភពលោក​ទាំង​មូល​ មាន​អ្នក​ស្លាប់​ជាង​190,000​នាក់​ ក្នុង​ចំណោម​អ្នកជំងឺ​COVID-19 ជាង​2.7​លាន​នាក់​ ដែល​ភាគ​ច្រើន​នៅ​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​។

    ស្ថិតិ​របស់​សាកល​វិទ្យាល័យ Johns Hopkins ឱ្យ​ដឹង​ថា វីរុសCOVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ នៅក្នុង​ពិភពលោក​ ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច​ 2,708,590​នាក់​បាន​ឆ្លង​មេរោគ​ ក្នុង​នោះ​មាន​​អ្នក​ជំងឺ​190,303​នាក់​​បាន​ស្លាប់​។ អ្នក​ជំងឺ​ថ្មី​កើន​ 88,011​នាក់​ និង​អ្នក​ស្លាប់​ថ្មី​​កើន​7,400​នាក់​ បើ​ធៀប​នឹង​ម្សិល​មិញ។ ចំនួន​ករណី​ដែល​បាន​ជា​សះ​ស្បើយ​ មាន​ចំនួន​744,866​នាក់​។

    សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក។​ ប្រទេស​នេះ​មាន​អ្នក​ស្លាប់​សរុប​49,751​នាក់​ និង​​អ្នក​ស្លាប់​ថ្មី​ជិត​2,100​នាក់​ ដោយ​សារ​​ឆ្លង​វីរុស​COVID-19 ​។ នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ សហរដ្ឋ​អាមេរិក​ក៏មាន​អ្នក​ជំងឺ​ថ្មី​ជាង​ 30,000​នាក់​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​កើន​ដល់​ជិត​879,000​នាក់​។

    អេស្ប៉ាញ​ដែល​ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី​2​ក្នុង​ពិភពលោក​ បាន​រាយ​ការណ៍​ថា មាន​អ្នក​ជំងឺ​ថ្មី​4,635​នាក់ អ្នក​ស្លាប់​ថ្មី​440​នាក់​។ អ្នក​ជំងឺ​សរុប​213,023​នាក់ ខណៈ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​22,157​នាក់​។

    អ៊ីតាលី​៖ អ្នក​ជំងឺ​ថ្មី​​2,646​នាក់ អ្នក​ស្លាប់​ថ្មី​464​នាក់ ចំណែក​អ្នក​ជំងឺសរុប​មាន​189,973​នាក់ និង​អ្នក​ស្លាប់​សរុប​ 25,549​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​3​ក្នុងពិភពលោក​ ប៉ុន្តែ​ជា​ “វាល​ពិឃាត​” ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​។

    បារាំង៖ អ្នកជំងឺ​ថ្មី​2,323​នាក់ អ្នក​ស្លាប់​ថ្មី​516​នាក់ ខណៈ​ដែល​អ្នក​ជំងឺ​សរុប​មាន​158,183​នាក់ និង​អ្នក​ស្លាប់​សរុប​មាន​21,856​នាក់​។

    អាល្លឺម៉ង់៖ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​1,136​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​126​នាក់ នាំ​ឱ្យ​អ្នក​ជំងឺ​សរុប​កើន​ដល់​151,784​នាក់ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​5,404​នាក់​។

    នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​​1,193,276​នាក់ អាមេរិក​ខាង​ជើង​មាន​​948,983​នាក់​ ទ្វីប​អាស៊ី​មាន​435,282​នាក់ អាមេរិក​ខាង​ត្បូង​មាន​103,336​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​28,104​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • លោក​ Trump ប្ដូរ​គំនិត​លើ​ការ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ ខណៈ​ពល​រដ្ឋ​​អាមេរិកាំង​ជិត​​50,000​នាក់​ ស្លាប់​ដោយ​សារ​ COVID-19!

    លោក​ Trump ប្ដូរ​គំនិត​លើ​ការ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ ខណៈ​ពល​រដ្ឋ​​អាមេរិកាំង​ជិត​​50,000​នាក់​ ស្លាប់​ដោយ​សារ​ COVID-19!

    ប្រធានាធិបតី​​ Donald Drump បាន​ឱ្យ​ដឹង​ថា លោក​អាច​ពន្យារ​សុពល​ភាព​នៃ​ការ​ដាក់​សង្គម​ឱ្យ​ឃ្លាត់​ពី​គ្នា​រហូត​​ដល់​ប្រទេស​នេះ​មាន​សុវត្ថិ​ភាព​​នៅ​ចំពោះ​មុខ​ COVID-19 ដែល​ជា​វីរុស​ដ៏​សាហាវ​ សម្លាប់​មនុស្ស​ជិត​50,000​នាក់​នៅ​សហរដ្ឋ​អាមេរិក​។

    យោង​តាម​ស្ថិតិ​នៅ​លើ​ទំព័រ​ Worldometers គិត​មក​ដល់​ថ្ងៃទី​23​មេសា​​(ម៉ោង​ក្នុង​ស្រុក) សហរដ្ឋ​អាមេរិក​​មាន​អ្នក​ស្លាប់​សរុប​49,751​នាក់​ និង​​អ្នក​ស្លាប់​ថ្មី​ជិត​2,100​នាក់​ ដោយ​សារ​​ឆ្លង​វីរុស​COVID-19 ​។ នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ សហរដ្ឋ​អាមេរិក​ក៏មាន​អ្នក​ជំងឺ​ថ្មី​ជាង​ 30,000​នាក់​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​កើន​ដល់​ជិត​879,000​នាក់​។

    រដ្ឋ​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​លើ​ការ​ដើរ​ហើរ​ ដើម្បី​ត្រៀម​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ ដែល​នេះ​ជា​សកម្ម​ភាព​ត្រូវ​បាន​លោក​ Trump គាំទ្រ។ ក៏ប៉ុន្តែ​ មួយ​រយៈ​ពេល​ខ្លី​ចុង​ក្រោយ​នេះ លោក​ Trump ហាក់​បាន​ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​អំពី​ការ​បើក​ដំណើរការ​សេដ្ឋី​កិច្ច​ឡើង​វិញ​នេះ​។ ជាក់​ស្ដែង​ លោក​បាន​បដិសេធ​​គម្រោង​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​​ឡើង​វិញ​របស់​រដ្ឋ​ Georgia។ លោក​ Trump ថ្លែង​​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​កាល​ពីថ្ងៃទី​22​មេសា​ថា “ខ្ញុំ​គិត​​ថា វា​ដូច​ជា​ឆាប់​ពេក​ហើយ​”។

    កាល​ពី​ម្សិល​មិញ លោក​ក៏​បាន​លើក​បញ្ហា​ខាង​លើ​នេះ​មក​និយាយ​ម្ដងទៀត​៖ ខ្ញុំ​ចង់​ឱ្យ​រដ្ឋ​នានា​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​បាន​ឆាប់ គឺ​ឆាប់​ជាង​គាត់​ (អភិបាល​រដ្ឋ​ Georgia លោក Brian Kemp) ទៅ​ទៀត​។ ប៉ុន្តែ ខ្ញុំ​មិន​ចង់​ឃើញ​​កន្លែង​ស្ប៉ា​បើក​ទ្វារ​​នៅ​ដំណាក់​កាល​ដំបូង​នេះ​ ហើយ​ក្រុម​គ្រូ​ពេទ្យ​ក៏ដូច​គ្នា​”។ លោក​ Trump បាន​និយាយ​ដល់​គម្រោង​របស់​អាជ្ញាធរ​រដ្ឋ Georgia ដែល​សម្រេច​​អនុញ្ញាត​ឱ្យ​អាជីវកម្ម​មួយ​ចំនួន​ដំណើរ​ការ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​បន្ទប់​ហាត់​ប្រាណ ហាង​ធ្វើ​ក្រចកនិង​សក់​ និង​ហាង​ម៉ាស្សា​ជា​ដើម បើក​ទ្វារ​ចាប់​ពី​ថ្ងៃទី​24​មេសា​។

    នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​ការ​ពី​ថ្ងៃទី​23​មេសា​ លោក​ Trump ឱ្យ​ដឹង​ថា លោក​អាច​សម្រេច​ពន្យារ​សុពល​ភាព​នៃ​ការ​ដាក់​សង្គម​ឱ្យ​នៅ​ឃ្លាត​ពី​គ្នា​រហូត​ដល់​ក្រោយ​ថ្ងៃទី​1​ឧសភា​ បើ​សិន​ជា​លោក​យល់​ថា សហរដ្ឋ​អាមេរិក​មិន​ទាន់​មាន​សុវត្ថិ​ភាព​នៅ​ចំពោះ​មុខ​រោគ​រាត​ត្បាត​ COVID-19។ “យើង​អាច​អូស​បន្លាយ​ពេល​យូរ​ជាង​នេះ​…។ យើង​នឹង​ពន្យារ​សុពល​ភាព​ (បម្រាម​គោចរ​) រហូត​ដល់​ពេល​ដែល​យើង​មាន​សុវត្ថិ​ភាព​” លោក​ Trump សង្កត់​ធ្ងន់​បែប​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • COVID-19! នាវា​ទេសចរណ៍​នៅ​ជប៉ុន​មួយ​គ្រឿង​ទៀត​ហើយ ដែល​ក្លាយជា​សម្បុក​មេរោគរលាក​សួត​ថ្មី

    COVID-19! នាវា​ទេសចរណ៍​នៅ​ជប៉ុន​មួយ​គ្រឿង​ទៀត​ហើយ ដែល​ក្លាយជា​សម្បុក​មេរោគរលាក​សួត​ថ្មី

    នាវា​ទេស​ចរណ៍​របស់​ប្រទេស​អ៊ីតាលី​មួយ​គ្រឿង​ដែល​កំពុង​ចត​នៅ​កំពង់​ផែ​ប្រទេស​ជប៉ុនដើម្បី​ជួស​ជុល​ បាន​ក្លាយ​ជា​សម្បុក​មេរោគ​ COVID-19 ខណៈ​មក​ដល់​ពេល​នេះ​ វា​មាន​អ្នក​ជំងឺ​កូរ៉ូណា​​ប្រភេទ​ថ្មី​ យ៉ាង​តិច​48​នាក់​។

    នៅ​ថ្ងៃ​នេះ​ (23មេសា) មន្ត្រី​នៅ​ Nagasaki ប្រទេស​ជប៉ុន​បាន​ឱ្យ​ដឹង​ថា នាវា​ទេស​ចរណ៍​អ៊ីតាលី Costa Atlantica មាន​អ្នកជំងឺ​ COVID-19 យ៉ាង​តិច​ចំនួន​48​នាក់​។ នាវា​ Costa Atlantica បាន​ក្លាយ​ជា​សម្បុក​មេរោគលើ​ផ្ទៃ​ទឹក​ទី​2​នៅ​ជប៉ុន​​ បន្ទាប់​​នាវា​ Diamond Princess ដែល​មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​700​នាក់​។ ក៏ប៉ុន្តែ នាវា​ Costa Atlantica វិញ​ មាន​តែ​ក្រុម​នាវិក​ប៉ុណ្ណោះ​ដែល​​កំពុង​នៅ​លើ​នាវា​​ ព្រោះ​ថា វា​កំពុង​ចត​នៅ​កំពង់​ផែ​ Nagasaki ដើម្បី​ជួស​ជុល​។

    នាវា​ខាងលើនេះ បាន​ទៅ​កាន់​​រោង​ចក្រ​សាង​សង់​នាវា​មួយ​នៅ​តំបន់ Nagagaki កាល​ពី​ចុង​ខែ​កុម្ភៈ​ ក្រោយ​ពី​ COVID-19 បាន​ធ្វើ​ឱ្យ​គម្រោង​ជួស​ជុល​របស់​ពួកគេ​នៅ​ប្រទេស​ចិន​មុន​នោះ​ត្រូវ​បាន​លុប​ចោល​។

    អ្នក​ជំងឺ​កូរ៉ូណា​ថ្មី​ចំនួន​14​នាក់​ដែល​​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​នាវា​ Costa Atlantica បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា វា​អាច​នាំ​ឱ្យ​ឆ្លង​ដល់​​ប្រជា​ជន​ក្នុង​តំបន់​ Nagasaki។ មុន​នេះ មាន​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​បាន​ឱ្យ​ដឹង​ថា នាវិក​មួយ​ចំនួន​បាន​ចាក​ចេញ​ពី​​តំបន់​ដែល​គេ​បាន​កំណត់​ បើ​ទោះ​ជា​ក្រុម​ហ៊ុន Costa Cruises (Italia) ដែល​ជា​អ្នក​​គ្រប់​គ្រង​នាវា Costa Atlantica បាន​សន្យា​ថា ក្រុម​នាវិក​របស់​ខ្លួន​​នឹង​នៅ​តែ​ក្នុង​តំបន់​រោង​ចក្រ​សាង​ស​ង់​នាវា​ដែល​ពួកគេកំពុង​ស្ថិត​នៅ​ក៏ដោយ​។

    នាវា​ទេសចរណ៍​របស់​អ៊ីតាលីនេះ មាន​នាវិក​ និង​អ្នក​បម្រើ​ចំនួន​623​នាក់ និង​មិន​មាន​ភ្ញៀវ​ទេស​ចរណ៍​នោះ​ទេ​។ សមាជិក​ក្រុម​នាវិក​ម្នាក់​ ដែល​បាន​ឆ្លង​វីរុស​ COVID-19 កំពុង​ទទួល​ការ​ព្យាបាល​នៅ​ឯមន្ទីរពេទ្យ​។ អ្នកជំងឺ​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់ដល់​ជីវិត និង​ត្រូវ​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​។

    ចំណែក​អ្នកជំងឺ​47​នាក់​ផ្សេង​ទៀត កំពុង​បង្ខាំង​ខ្លួន​នៅ​ក្នុង​បន្ទប់​ដោយ​ឡែក​។ ពួកគេ​មិន​ទាន់​មាន​អាការ​រោគ​ធ្ងន់​ធ្ងរ​នៅ​ឡើយ​។

    សារ​ព័ត៌មាន​ AP បាន​ឱ្យ​ដឹង​ថា​ មន្ត្រី​ជប៉ុន​កំពុង​តែ​ស្រាវជ្រាវ​រក​ប្រភព​ចម្លង​របស់​សម្បុក​មេរោគ​នេះ​ ខណៈ​ដែល​តំបន់ Nagasaki មាន​អ្នកជំងឺ​​តែ​17​នាក់​ប៉ុណ្ណោះ​។ ក្រុម​មន្ត្រី​ជប៉ុន​បាន​សង្ស័យ​ថា មេរោគ​ប្រហែល​ជា​បាន​ឆ្លង​នៅ​ពេល​ដែល​បុគ្គលិកនៃ​ក្រុម​​នាវិក​បាន​ចេញ​ទៅ​ក្រៅ​ ឬ​បាន​ឆ្លង​នៅ​ពេល​នាវា​នេះ​បាន​ប្ដូរ​នាវិក​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​។

    បច្ចុប្បន្ន ជប៉ុន​មាន​អ្នកជំងឺ​កូរ៉ូណា​សរុបប្រមាណជា​​ជិត​12,000​នាក់ និង​ជិត​300​នាក់​បាន​បាត់​បង់​ជីវិត​។ តួលេខ​នេះ មិន​បាន​រាប់​បញ្ចូល​ទាំង​អ្នកជំងឺ​នៅ​លើ​នាវា​ Diamond Princess នោះ​ទេ​៕

    ប្រភព៖ Channel News Asia