Category: សុខភាព

  • COVID-19! ជាង​3​លាន​នាក់​បាន​ឆ្លង​មេរោគ​នៅ​ទូទាំង​ពិភពលោក​ ក្នុង​នោះ​អាស៊ីអាគ្នេយ៍​មាន​​ជាង​40,700នាក់

    COVID-19! ជាង​3​លាន​នាក់​បាន​ឆ្លង​មេរោគ​នៅ​ទូទាំង​ពិភពលោក​ ក្នុង​នោះ​អាស៊ីអាគ្នេយ៍​មាន​​ជាង​40,700នាក់

    ពិភពលោក​ទាំង​មូល មាន​អ្នក​ឆ្លង​វីរុស​ COVID-19 ដល់​ទៅ​ជាង​3​លាន​នាក់​ ក្នុង​នោះ​មាន​ជាង​210,000​នាក់​បាន​បាត់បង់​ជីវិត។

    យោង​តាម​ស្ថិតិ​ពី​សាកល​វិទ្យា​ល័យ​ Johns Hopkins មនុស្ស​​3,040,709​នាក់បាន​ឆ្លង​ជំងឺ​​ និង​211,099​នាក់​បានស្លាប់​ដោយ​សារ​ COVID-19 នៅក្នុង​ប្រទេស​ និង​ដែន​ដី​210​ក្នុង​ពិភពលោក​។ អ្នក​ស្លាប់ថ្មី​មាន​ចំនួន​4,286​នាក់ និង​អ្នក​ជំងឺ​ថ្មីមាន​ចំនួន​69,814​នាក់​។ ចំណែក​អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​891,804​នាក់​។

    សហរដ្ឋ​អាមេរិក​ បច្ចុប្បន្ន​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 សរុប​985,443​នាក់ កើន​22,064​នាក់​ធៀប​នឹង​ម្សិល​មិញ​។ ចំនួន​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​នេះក៏​បាន​កើន​ដល់​55,952​នាក់​ ក្នុង​នោះ​មាន​ករណី​ស្លាប់​ថ្មីចំនួន​1,142​នាក់​។

    អេស្ប៉ាញ​៖ អ្នកជំងឺ​ថ្មី​1,831នាក់ និង​អ្នក​ស្លាប់​ថ្មី​331​នាក់។ អ្នកជំងឺ​សរុប​209,465​នាក់ និង​អ្នក​ស្លាប់​សរុប​23,521​​នាក់​។

    អ៊ីតាលី​៖ អ្នក​ជំងឺ​ថ្មី​1,739​នាក់​ និង​អ្នក​ស្លាប់​ថ្មី​333​នាក់​។ អ្នក​ជំងឺ​សរុប​199,414​នាក់ និង​អ្នក​ស្លាប់​សរុប​26,977​នាក់​។

    បារាំង​៖ អ្នក​ជំងឺ​ថ្មី​3,742​នាក់ និង​អ្នក​ស្លាប់​ថ្មី​437​នាក់​។ អ្នក​ជំងឺសរុប​165,842​នាក់ និង​អ្នក​ស្លាប់​សរុប​23,393​នាក់​។

    អាល្លឺម៉ង់​៖ អ្នក​ជំងឺ​ថ្មី​664​នាក់ និង​អ្នក​ស្លាប់​ថ្មី​85​​នាក់​។ អ្នក​ជំងឺសរុប​158,434​​នាក់ និង​អ្នក​ស្លាប់​សរុប​6,061​​នាក់​។

    អង់គ្លេស​៖ អ្នក​ជំងឺ​ថ្មី​4,309​​នាក់ និង​អ្នក​ស្លាប់​ថ្មី​360​នាក់​។ អ្នក​ជំងឺសរុប​157,144​នាក់ និង​អ្នក​ស្លាប់​សរុប​21,092​​​​នាក់​។

    រុស្ស៊ី៖ អ្នក​ជំងឺ​ថ្មី​6,198​​​នាក់ និង​អ្នក​ស្លាប់​ថ្មី​47​នាក់​។ អ្នក​ជំងឺសរុប​87,147​នាក់​(អ្នក​ជំងឺសរុប​នៅ​ចិន​ 82,836​នាក់​) និង​អ្នក​ស្លាប់​សរុប​794​នាក់​។

    អ៊ីរ៉ង់​៖ ​អ្នក​ស្លាប់​ថ្មី​96​​នាក់​ និងង​អ្នក​ស្លាប់​សរុប​5,806​​​​​នាក់​ ខណៈ​អ្នក​ជំងឺ​សរុប​91,472នាក់។

    អាស៊ីអាគ្នេយ៍​៖ អ្នក​ជំងឺ​សរុប​40,766​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​1,445​នាក់​។ សិង្ហបុរី​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​​ដោយ​មាន​អ្នក​ជំងឺ​សរុប​14,423​នាក់​ និង​អ្នក​ស្លាប់​12​នាក់​។ ឥណ្ឌូនេស៊ី​​ជាប់​លេខ​2 ជាមួយ​នឹង​អ្នក​ជំងឺ​សរុប​9,096​នាក់​ និង​អ្នកស្លាប់​765​នាក់​ ខណៈ​ហ្វីលីពីន​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ទី​3​ក្នុង​តំបន់​នេះ​។

    ទីម័រ​ខាង​កើត​ និង​ឡាវ​ បន្ត​ជា​ទឹក​ដី​ដែល​ទទួល​រង​ផល​ប៉ះពាល់​តិច​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​។ កម្ពុជា​ វៀតណាម ទីម័រ​ខាង​កើត និង​ឡាវ​​ មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ឡើយ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • មនុស្ស​ជាង​1​លាន​នាក់​ ដាក់​ញត្តិ​ស្នើ​ឱ្យ​មេដឹក​នាំ​ WHO លាលែង​ពី​តំណែង​

    មនុស្ស​ជាង​1​លាន​នាក់​ ដាក់​ញត្តិ​ស្នើ​ឱ្យ​មេដឹក​នាំ​ WHO លាលែង​ពី​តំណែង​

    ញត្តិ​​ស្នើ​ឱ្យ​ប្រធាន​អង្គ​ការ​សុខភាពពិភពលោក​(WHO) លាលែង​ពី​តំណែង​ ទទួល​បាន​ការ​ចុះ​ហត្ថ​លេខា​ពី​មនុស្ស​ជាង​1​លាន​នាក់ហើយ​ គិត​មក​ដល់​បច្ចុប្បន្ន​។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន Korea Times បាន​ឱ្យ​ដឹង​ថា ញត្តិ​ប្រភេទ​​អនឡាញ​មួយ​ដែល​​ត្រូវ​បាន​បង្ហោះ​នៅ​លើ​​គេហទំព័រ Chang.org ដោយ​គណនី​ឈ្មោះ “Osuka Yip” ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​31​មករា បាន​ទាក់​ទាញ​អ្នក​គាំទ្រ​ចូល​មក​ចុះ​ហត្ថលេខា​ជាង​1លាន​នាក់​ទៅ​ហើយ​ គិត​មក​ដល់​ពេល​នេះ​។ ខ្លឹម​សារ​នៃ​ញត្តិ​នេះ​យល់​ថា តួនាទី​ដឹក​នាំ​គ្មាន​ប្រសិទ្ធ​ភាព​របស់​ប្រធាន​អង្គ​ការ​ WHO លោក Tedros Adhanom Ghebreyesus បាន​នាំ​ឱ្យ​ COVID-19 ឆ្លង​រាល​ដាល​ខ្លាំង​។ ញត្តិ​នេះ​ ត្រូវ​បាន​គេ​បក​ប្រែ​ជា​ច្រើន​ភាសា​ រួម​មាន​ អង់គ្លេស បារាំង អេស្ប៉ាញ អាល្លឺម៉ង​ និង​អារ៉ាប់​។

    ​ស្ថិតិ​ពី​សាកលវិទ្យា​ល័យ​ Johns Hopkins នៅ​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ថា គិត​ដល់​ថ្ងៃ​នេះ​ ពិភព​លោក​​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 សរុប​ជាង​985,000​នាក់ ហើយ​ចំនួន​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​នេះក៏​បាន​កើន​ដល់ជាង​​55,000​នាក់​។

    ញត្តិ​ខាងលើ​សរសេរ​ថា លោក​ Tedros “មិន​ស័ក្ដិ​សម​” ជាមួយ​នឹង​តំណែង​ដឹកនាំ​ WHO នោះ​ទេ និង​បាន​ស្នើឱ្យ​លោក​លាលែង​ពី​តំណែង​ជា​បន្ទាន់​។ ញត្តិ​នេះ​ក៏បាន​រិះ​គន់​ថា លោក​ Tedros មាន​ប្រតិ​កម្ម​យ៉ាង​យឺត​យ៉ាវ​ នៅ​ពេល​ដែល​ COVID-19 ផ្ទុះ​ឆ្លង​រាល​ដាល​។

    “យើង​ខ្ញុំ​ពិត​ជា​អស់​សង្ឃឹម​។ យើង​ខ្ញុំ​ជឿ​ថា WHO គួរ​តែ​ផ្ដោត​ទៅ​លើ​នយោបាយ​។ លោក Tedros ជឿ​ទៅ​លើ​តួលេខ​នៃ​អ្នក​ស្លាប់​ និង​អ្នក​ឆ្លង​វីរុស​ ដែល​ប្រទេស​ចិន​បាន​រាយការណ៍​ ដោយ​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​” ខ្លឹម​សារ​នៃ​ញត្តិ​បាន​សរសេរ​ច្បាស់​បែប​នេះ​។

    ប្រទេស​មួយ​ចំនួន​ក៏មិន​យល់​ស្រប​ជាមួយ​នឹង​វិធី​ដោះស្រាយ​វិបត្តិ​ COVID-19 របស់​ប្រធាន​អង្គ​ការ​ WHO ផងដែរ​។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump យល់​ថា WHO មិន​បាន​បំពេញ​ភារ​កិច្ច​ជាមូល​ដ្ឋាន​របស់​ខ្លួន ហើយ​លោក​ក៏បាន​ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ​ដល់​អង្គ​ការ​នេះ​ផងដែរ។

    កាលពី​ដើម​ខែ​នេះ លោក Trump ក៏​រិះ​គន់​ WHO ថា “យក​ចិន​ជា​ធំ” និង “កាន់​ជើង​ចិន​” ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ជា​អ្នក​ឧបត្ថម្ភ​ច្រើន​ជាង​គេ​ទៅ​ឱ្យ​​ WHO។ ប្រធានាធិបតី​អាមេរិកាំង​ ថែមទាំង​យល់​ថា តួលេខ​នៃ​អ្នក​ស្លាប់ដោយ​សារ​ COVID-19 អាច​នឹង​មានតិច​ជាង​​អ្វី​ដែល​បាន​កើត​ឡើង​ បើ​សិនជា​ WHO ចាប់​ផ្ដើម​ធ្វើ​សកម្ម​ភាព​បាន​ឆាប់​រហ័ស​ និង​លើក​ឡើង​នូវ​ការ​ “វិភាគ​ត្រឹម​ត្រូ​”។

    ក្រៅ​ពី​សហរដ្ឋ​អាមេរិក ប្រទេស​អូស្ត្រាលី កោះតៃវ៉ាន់ ឬ​កូរ៉េខាង​ត្បូង​ក៏បាន​រិះ​គន់​ WHO ស្រដៀង​ទៅ​នឹង​អាមេរិកាំង​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ជិត​1លាន​នាក់​បាន​ឆ្លង​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ ខណៈ​អាជីវ​កម្ម​មួយ​ចំនួន​បាន​បើក​ដំណើរ​ការ​ឡើង​វិញ

    ជិត​1លាន​នាក់​បាន​ឆ្លង​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ ខណៈ​អាជីវ​កម្ម​មួយ​ចំនួន​បាន​បើក​ដំណើរ​ការ​ឡើង​វិញ

    សហរដ្ឋ​អាមរិកបាន​រក​ឃើញ​អ្នកផ្ទុក​វីរុស​COVID-19 ជាង​985,000​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជិត​56,000​នាក់​បាន​ស្លាប់​​ ក្នុង​ពេល​ដែល​រដ្ឋ​ជា​ច្រើន​នៃ​ប្រទេស​នេះ កំពុង​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​។

    យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ​ Johns Hopkins សហរដ្ឋ​អាមេរិក​ បច្ចុប្បន្ន​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 សរុប​985,443​នាក់ កើន​22,064​នាក់​ធៀប​នឹង​ម្សិល​មិញ​។ ចំនួន​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​នេះក៏​បាន​កើន​ដល់​55,952​នាក់​ ក្នុង​នោះ​មាន​ករណី​ស្លាប់​ថ្មីចំនួន​1,142​នាក់​។

    ករណី​ឆ្លង​​ និង​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​សហរដ្ឋ​អាមេរិក បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ បើ​ធៀប​នឹង​តួលេខ​អ្នក​ជំងឺ​ថ្មី​43,409​នាក់ និង​អ្នក​ស្លាប់​ថ្មី​2,374​នាក់​កាល​ពី​មួយ​ថ្ងៃ​មុន​នេះ​។ ប្រទេស​នេះ​ នៅ​តែ​បន្ត​ជា​សម្បុក​មេរោគ​ និង​ជា​ “វាល​ពិឃាត”​ របស់​កូរ៉ូណា​ ធំជាង​គេ​បង្អស់​​នៅ​ទូទាំង​ពិភពលោក​។

    ប្រធានាធិបតី​ Donald Trump កាលពីម្សិល​មិញ​បានឱ្យ​ដឹង​ថា​ លោក​សង្ឃឹម​ថា សាលា​រៀន​ជា​ច្រើន​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​នាពេល​ដ៏ខ្លី​ខាងមុខ​។

    New York ដែល​ជា​រដ្ឋ​ទទួល​រង​គ្រោះ​ធ្ងន់់ជាង​គេ​បំផុត​​ បាន​បង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​ ខណៈ​ដែល​តួលេខ​នៃ​អ្នក​ជំងឺ​ដែល​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ នៅ​មាន​កម្រិត​ខ្ពស់នៅឡើយ​។ អភិបាល​រដ្ឋ លោក Andrew Cuomo កំពុង​ត្រៀម​ប្រកាស​ពន្យារ​សុពល​ភាព​នៃ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​នៅ​ក្នុង​តំបន់​ដែល​ទទួល​ឥទ្ធិពល​ធ្ងន់​ពី​ COVID-19។ ក្រោយ​ថ្ងៃទី​15​ឧសភា សក្ម​ភាព​ផលិត​ និង​សាង​សង់​ តាម​គម្រោង​នឹង​ចាប់​ដំណើរ​ការ​ឡើង​វិញ នៅ​ក្នុង​តំបន់​ខ្លះ​ដែល​រង​ផល​ប៉ះពាល់​តិច​តួច​។

    New Jersey ដែល​ជា​រដ្ឋ​ទទួល​រង​គ្រោះ​ធ្ងន់​លំដាប់​ទី​2 រួម​នឹង​ California និង Washington DC បាន​សន្យារ​ថា បន្ត​រក្សាវិធាន​ការ​​ដែល​បាន​ដាក់​ចេញ ដើម្បី​ទប់​ទល់​នឹង​ COVID-19។ ក៏ប៉ុន្តែ មនុស្ស​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ទៅ​លម្ហែ​កាយ​នៅ​មាត់​សមុទ្រ​ California កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ដោយ​មិន​អើពើ​ដល់​វិធាន​ការ​របស់​រដ្ឋាភិបាល​​។

    Alaska, Georgia, Oklahoma និង​រដ្ឋ​មួយ​ចំនួន​ទៀត​ ចាប់​ផ្ដើម​បើក​ដំណើរ​ការ​ហាង​លក់​រាយ​ ឆ្នេរ​សមុទ្រ​ និងឧទ្យាន​ មួយ​ចំនួន​​​ឡើង​វិញចាប់​ពី​ថ្ងៃទី​24​មេសា​។ រដ្ឋ Georgia និង​ Tennessee នឹង​បើក​ភោជនីយដ្ឋាន​ឡើង​វិញ​ផងដែរ​ចាប់​ពី​ថ្ងៃទី​27​មេសា​ បើ​ទោះ​ជា​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​យល់​ថា គួរ​តែ​បន្ត​រក្សា​បម្រាម​គោចរ​ដើម្បី​ទប់​ស្កាត់​ COVID-19។

    អភិបាល​រដ្ឋ Texas លោក Greg Abbott ប្រកាស​ថា ហាង​លក់​រាយ ភោជនីយដ្ឋាន រោង​កុន មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម សារ​មន្ទីរ​ និង​បណ្ណាល័យ​ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ឡើង​វិញ​ចាប់​ពី​ថ្ងៃទី​1​ឧសភា​​ក្នុង​ទំហំ​25​%។ Minnesota, Mississippi, Colorado និង South Carolina ក៏​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរ​ការ​អាជីវ​កម្ម​មួយ​ចំនួន​ហើយ​ដែរ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! ប្រទេសថៃ​ពន្យារ​សុពល​ភាព​នៃ​ការប្រកាស​អាសន្នទូទាំង​ប្រទេស​ ដើម្បី​បន្ត​ទប់​ស្កាត់​វីរុស​កូរ៉ូណា

    COVID-19! ប្រទេសថៃ​ពន្យារ​សុពល​ភាព​នៃ​ការប្រកាស​អាសន្នទូទាំង​ប្រទេស​ ដើម្បី​បន្ត​ទប់​ស្កាត់​វីរុស​កូរ៉ូណា

    រាជាណាចក្រថៃ​ នឹង​អូសបន្លាយ​​សុពល​ភាព​នៃបទ​បញ្ជា​​ដាក់​ប្រទេស​ឱ្យ​ស្ថិត​ក្នុង​​ស្ថាន​ភាព​ប្រកាស​អាសន្ន​​​ដើម្បី​ទប់​ទល់​នឹង​វីរុស​COVID-19 រហូត​ដល់​ចុង​ខែឧសភា​ បើ​ទោះ​ជា​ស្ថាន​ភាព​នៃ​រោគ​រាតត្បាត​នេះ​បង្ហាញ​ភាព​វិជ្ជ​មាន​យ៉ាង​ណា​ក៏ដោយ​។

    អ្នកនាំពាក្យ​របស់​រាជ​រដ្ឋាភិបាល​ថៃ ថ្ងៃ​នេះ​ប្រកាស​ថា ការ​ប្រកាស​អំពីស្ថាន​ភាព​អាសន្ន​ដើម្បី​ប្រឆាំង​នឹង​ COVID-19 ដែលត្រូវ​បាន​ដាក់​ចេញ​ចាប់​ពីថ្ងៃទី​26​មីនានោះ នឹង​ត្រូវ​បាន​ពន្យារ​សុពល​ភាព​ដល់​ចុង​ខែ​ឧសភា​។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា នឹង​មាន​ការ​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​ខ្លះ​ចំពោះ​អាជីវ​កម្ម​ និង​សកម្ម​ភាព​សាធារណៈ​មួយ​ចំនួន​ ខណៈ​ដែល​ករណី​ឆ្លង​វីរុស​ថ្មី​មានសញ្ញា​ថយចុះ​ច្រើន​។

    ប្រទេស​ថៃ ក្នុងថ្ងៃ​នេះ​ក៏​បាន​រាយការណ៍​ថា មានករណី​ឆ្លង​វីរុស​ COVID-19ថ្មីចំនួន​9​នាក់​បន្ថែម​ទៀត​។ បច្ចុប្បន្ន ចំនួន​អ្នកជំងឺ​សរុប​នៅ​ក្នុង​ប្រទេស​នេះ​គឺ​2,931​នាក់ ក្នុងនោះ​មាន​52​នាក់​បាន​ស្លាប់ និង​2,609​នាក់​បាន​ជា​សះស្បើយ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ឥណ្ឌា​ថា ​​វ៉ាក់​សាំង​ទប់​ទល់​ COVID-19 នឹង​បង្ហាញ​វត្តមាន​នៅ​ខែ​ឧសភា​ខាងមុខ

    ឥណ្ឌា​ថា ​​វ៉ាក់​សាំង​ទប់​ទល់​ COVID-19 នឹង​បង្ហាញ​វត្តមាន​នៅ​ខែ​ឧសភា​ខាងមុខ

    ឥណ្ឌា​ទើប​តែ​បាន​ប្រកាស​អំពី​គម្រោង​ផលិត​វ៉ាក់សាំង​ទប់​ស្កាត់​ COVID-19 ដែលនឹង​ត្រូវ​ចាប់​ផ្ដើម​ផលិត​ក្នុង​ខែ​ឧសភា​ខាងមុខ​ ជាមួយ​នឹង​តម្លៃ​​ប្រមាណជា​1,000​រូពីក្នុង​1អំពូល។

    វិទ្យា​ស្ថាន​ Serum ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ឱសថ​ឥណ្ឌា​មួយ​ មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ Pune រដ្ឋ Maharashtra ទើប​តែ​បាន​ប្រកាស​អំពី​គម្រោង​ផលិត​វ៉ាក់​សាំង​សម្រាប់​ទប់​ទល់​នឹង​ COVID-19។ ​ពួក​គេ​បាន​សន្យា​ថា​ វ៉ាក់​សាំង​នេះ​នឹង​មាន​វត្តមាន​​នៅក្នុង​ខែ​ឧសភា​។ ​វ៉ាក់​សាំង​នេះ ត្រូវ​បាន​គេ​ឱ្យ​ដឹ​ងថា នឹង​មាន​តម្លៃ​​ 1,000​រូពី (ប្រហែល​13​ដុល្លារ​អាមេរិក) ក្នុង​1​អំពូល(Ampoule)។ ការ​ផលិត​វ៉ាក់​សាំង​របស់ក្រុម​ហ៊ុន Serum​ នេះ​ នឹង​យោង​ទៅ​លើ​រូបមន្ត​ និង​លទ្ធ​ផល​នៃការ​សាកល្បង​ថ្នាំ​ព្យាបាល COVID-19 នៅលើ​មនុស្ស​ ដែល​សាកល​វិទ្យា​ល័យ​ Oxford (អង់គ្លេស) បាន​ធ្វើ​ឡើង​កាលពីថ្ងៃទី​23​មេសា​កន្លង​ទៅ​។

    នាយក​ប្រតិបត្តិ​របស់​វិទ្យា​ស្ថាន Serum លោក Adar Poonawalla ថ្លែង​ថា “យើង​សង្ឃឹម​ថា នឹង​អាច​សាកល្បង​វ៉ាក់​សាំង​នេះ​នៅ​ឥណ្ឌា​ក្នុង​ខែ​ឧសភា​ នៅ​លើ​មនុស្ស​ប្រហែល​100​នាក់​។ ក្រោយ​មក​នឹង​ត្រូវ​ផលិត​ជា​ផ្លូវ​ការ​​ចាប់​ពី​ខែ​កញ្ញា​ ឬ​ខែ​តុលា បើ​សិន​ការ​ពិសោធ​ទទួល​បាន​ជោគ​ជ័យ​។

    ក្រុម​ហ៊ុន​ឥណ្ឌា​បាន​ឱ្យ​ដឹង​ថា នឹង​មិន​រង់ចាំដល់​ខែកញ្ញា​ ជា​ពេល​ដែល​អង់គ្លេស​ប្រកាស​លទ្ធ​ផល​នៃ​ការ​សាក​ល្បង​វ៉ាក់​សាំង​នេះ​ជា​ផ្លូវ​ការ​នោះ​ទេ តែ​ឥណ្ឌា​នឹង​រៀប​គម្រោង​ជាមុន​ដើម្បី​​អាច​ផលិត​ថ្នាំ​នេះ​បាន​ឆាប់​ និង​ក្នុង​បរិមាណ​ច្រើន​។ ក្នុង​ខែ​ដំបូង​នៃ​ការ​ផលិត វិទ្យា​ស្ថាន​ Serum គ្រោង​នឹង​ផលិត​បាន​10​លាន​អំពូល​ក្នុង1ខែ​ ហើយ​បន្ទាប់​មក​នឹង​បង្កើន​បរិមាណ​ពី​20-40​អំពូល​នៅ​ខែ​តុលា​។ Serum គឺជា​ក្រុម​ហ៊ុន​ធំ​មួយ​នៅ​ឥណ្ឌា​ ដែល​មាន​ជំនាញ​ខាង​អភិវឌ្ឍន៍ និង​ផលិត​វ៉ាក់​សាំង​​នៅ​ឥណ្ឌា​៕

    ប្រភព៖​ សារ​ព័ត៌មានបរទេស​

  • អាណាព្យាបាលគួរចែករំលែកក្តីស្រឡាញ់ និងក្តីមេត្តាដល់កូនដើម្បីសម្រួលភាពតានតឹងដែលគ្រប់គ្នាត្រូវទប់ស្កាត់ Covid-19

    អាណាព្យាបាលគួរចែករំលែកក្តីស្រឡាញ់ និងក្តីមេត្តាដល់កូនដើម្បីសម្រួលភាពតានតឹងដែលគ្រប់គ្នាត្រូវទប់ស្កាត់ Covid-19

    ក្នុងដំណាក់កាលដែលកម្ពុជា​ត្រូវ​ទប់ស្កាត់ការរីករាលដាលនៃមេរោគ Covid-19 នេះ សាលាទាំងអស់នៅទូទាំងប្រទេសត្រូវដាក់ឱ្យវិសមកាលមុនកាលកំណត់ ដែលធ្វើឱ្យសិស្សានុសិស្សត្រូវសិក្សាពីចម្ងាយនៅក្នុងផ្ទះ និងមានពេលទំនេរច្រើន។ ក្នុងពេលនេះ​ក៏ជាពេលវេលាមួយដែល​ធ្វើឱ្យកុមារមានភាពតានតឹង និង​ត្រូវការការយកចិត្តទុកដាក់កាន់តែខ្លាំង។

    ពាក់ព័ន្ធនឹងបញ្ហានេះ គណៈកម្មការជាតិគាំពារ អភិវឌ្ឍកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹងដៃគូអភិវឌ្ឍនានាដូចជា USAID និង UNICEF ជាដើមបង្កើតផ្ទាំងអប់រំមួយសម្រាប់អាណាព្យាបាលដោយជំរុញឱ្យគ្រប់ឪពុកម្តាយ ចែករំលែកក្តីស្រឡាញ់​ និងក្តីមេត្តាដល់កូនៗមិនមែនបង្កើនភាពភ័យខ្លាចនោះទេ។

    នៅក្នុងផ្ទាំងផ្សព្វផ្សាយនោះ ស្ថាប័នខាងលើបានបញ្ជាក់ថា ដើម្បីសម្រួលភាពតានតឹង​ដល់កូនៗក្នុងដំណាក់កាលនៃការរាតត្បាត​នៃជំងឺ Covid-19 នេះ អាណាព្យាបាលគួរតាមដានអារម្មណ៍ និងសួរសុខទុក្ខកូន ព្រមទាំងនិយាយពាក្យល្អៗឱ្យកូនស្តាប់ដោយយកចិត្តទុកដាក់។ បន្ថែមពីលើនេះ​អាណាព្យាបាលចាំបាច់ត្រូវតាមដានឱ្យបានដិតដល់ក្រែងកូនមានអារម្មណ៍ថាភ័យខ្លាច ឬត្រូវគេរើសអើងជាដើម។

    លើសពីនេះទៅទៀត អាណាព្យាបាលគួរជួយ​កុមារឱ្យរៀនសូត្រ និងធានាថា​ពួកគេមាន​កន្លែងសម្រាប់រៀនសូត្រនៅផ្ទះ និងជួយរក្សាទម្លាប់ពួកគេក្នុងការលេង រៀន ញ៉ាំ និងសម្រាក​ប្រចាំថ្ងៃ ទោះជាសាលាត្រូវបិទក៏ដោយ។ អាណាព្យាបាលក៏​គួរតែស្មោះត្រង់ជាមួយកូន និងពន្យល់ពួកគេពី​អ្វីៗដែលកំពុងកើតឡើង​ដោយប្រើប្រាស់ភាសាសមរម្យ និងបង្រៀនពួកគេឱ្យ​ចេះការពារខ្លួនពីការឆ្លងជំងឺ Covid-19។

    ចំណុចសំខាន់ចុងក្រោយគឺអាណាព្យាបាល គួរលេង ច្រៀង អានសៀវភៅ និង​គូរគំនូរជាមួយពួកគេ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កុមារ​ក្នុងការបន្តលេង កម្សាន្ត និង​រីករាយក្នុងវ័យកុមារ​ភាពទោះស្ថិតក្នុងស្ថានភាពលំបាក​ក៏ដោយ។ អាណាព្យាបាល​ត្រូវធ្វើឱ្យកុមារ​មានអារម្មណ៍សុវត្ថិភាព និងគ្មានអារម្មណ៍ភ័យខ្លាច៕

  • ទាហាន​រុស្ស៊ី ជិត​900​នាក់​ បាន​ឆ្លង​វីរុស​COVID-19

    ទាហាន​រុស្ស៊ី ជិត​900​នាក់​ បាន​ឆ្លង​វីរុស​COVID-19

    របាយការណ៍​ដំបូង​ពី​ទីក្រុង​ម៉ូស្គូ ស្ដី​អំពី​ស្ថាន​ភាព COVID-19 ​ក្នុង​ជួរ​កង​ទ័ព​រុស្ស៊ី​ បាន​ឱ្យ​ដឹង​ថា ទាហាន​ចំនួន​874​នាក់​នៃ​ប្រទេស​នេះ បាន​ឆ្លង​វីរុសបង្ក​ជំងឺ​​រលាក​សួត​ប្រភេទ​ ក្នុង​នោះ​មាន​ទាហាន​4​នាក់​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​។

    “ការ​ធ្វើ​តេស្ត​រក​មេរោគ​ក្នុង​ជួរ​កង​ទ័ព​រស្ស៊ី រាប់​ចាប់ពី​ខែ​មីនា ដល់​ថ្ងៃទី​26​មេសា​ បាន​បង្ហាញ​ថា​ ទាហាន​ចំនួន​874​នាក់ មាន​លទ្ធផល​​វិជ្ជ​មាន​ជាមួយ​នឹង​ COVID-19។ ក្នុង​ចំណោម​នេះ មាន​314​នាក់​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុងមន្ទីរ​ពេទ្យរបស់​​ក្រសួង​ការ​ពារ​ជាតិ​ 175​នាក់​ទទួល​​ការ​ព្យាបាល​នៅ​ក្នុង​បន្ទាយ​ 6​នាក់​ព្យាបាល​នៅ​មន្ត្រី​ពេទ្យ​សាធារណៈ និង​379នាក់​ទៀត​កំពុងបង្ខាំង​ខ្លួន​ក្នុងផ្ទះ​” នេះ​បើ​តាម​ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ ​ប្រកាស​កាល​ពី​ម្សិលមិញ​។

    កង​ទ័ព​រុស្ស៊ី​បាន​ឱ្យ​ដឹង​បន្ថែម​ថា ទាហាន​4នាក់​មាន​អាការ​ធ្ងន់​ធ្ងរ​បន្ទាប់​ពី​បាន​ឆ្លង​វីរុស​COVID-19 ក្នុង​នោះ​មាន​អ្នក​ជំងឺ​ម្នាក់​ត្រូវ​បំពាក់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​។ 15​នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​មធ្យម ​ក្រៅ​ពី​នេះ​គឺ​ពុំ​ទាន់​មាន​រោគ​សញ្ញា​​នៅ​ឡើយ។ ជាង​នេះ កង​ទ័ព​រុស្ស៊ី​ក៏បាន​រក​ឃើញ​បុគ្គលិក​ផ្នែក​ស៊ីវិល​របស់​ខ្លួន​ចំនួន​245​នាក់​ និង​សិក្ខាកាម​​779​នាក់​នៅ​តាម​បណ្ដា​សាលា​យោធា​ ក៏​មាន​ផ្ទុក​វីរុស​នេះ​ ប៉ុន្តែ​ភាគ​ច្រើន​ពុំ​ទាន់​មាន​រោគ​សញ្ញា។

    របាយ​ការណ៍​បាន​សរសេរ​ថា “ទាហាន​ទាំង​អស់​ត្រូវ​បាន​ពិនិត្យ​សុខភាព​រៀង​រាល់​ថ្ងៃ​។ យាន​យន្ត​ទាំង​អស់​របស់​កង​ទ័ព​ ក៏ត្រូវ​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​យ៉ាង​ទៀត​ទាត់​ផងដែរ​”។

    កង​ទ័ព​រុស្ស៊ី កាលពី​សប្ដាហ៍​មុន​បាន​ប្រកាស​ថា ទាហាន​របស់​ខ្លួន​រាប់​ពាន់​នាក់ ដែល​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់​សម្រាប់​ពិធី​ព្យុហយាត្រា​​រំឭក​ពី​ជ័យ​ជម្នះ​​នៅ​ទីក្រុង​ម៉ូស្គូ ត្រូវ​បង្ខំ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​2សប្ដាហ៍​ បន្ទាប់​ពី​ត្រឡប់​មក​កាន់​អង្គ​ភាព ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​COVID-19។​ ប៉ុន្តែ កង​ទ័ព​រុស្ស៊ី​មិន​បាន​បញ្ជាក់​ថា នេះ​ជា​វិធាន​ការ​ដើម្បី​ទប់​ស្កាត់​​ជា​មុន​ ឬ​មួយ​មាន​ករណី​ឆ្លង​មេរោគ​រួច​ហើយ​នោះ​ទេ​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និងដែន​ដី​ចំនួន​210​ ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជិត​3​លាន​នាក់​បាន​ឆ្លង​មេរោគ និង​ជាង​206,000​នាក់​បាន​បាត់​បង់ជីវិត​។ កាលពី​ម្សិល​មិញ រុស្ស៊ី​បាន​រាយការណ៍​ថា​ ប្រទេស​នេះ​ មាន​អ្នក​ជំងឺ​80,949​នាក់​បាន​ឆ្លង​វីរុស​ ក្នុង​នោះ​មាន​747​នាក់​បាន​ស្លាប់ និង​6,767​នាក់​បាន​ជា​សះស្បើយ​។ រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ធ្វើ​តេស្ត​រក​មេរោគ​COVID-19 សរុប​ជាង​2.8​លាន​នាក់​នៅ​ទូទាំង​ប្រទេស​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ក្រសួង​សុខាភិបាល​ថា កម្ពុជា​នៅ​សល់​អ្នកជំងឺ​ COVID-19 តែ​3​នាក់​ទៀត​ប៉ុណ្ណោះ

    ក្រសួង​សុខាភិបាល​ថា កម្ពុជា​នៅ​សល់​អ្នកជំងឺ​ COVID-19 តែ​3​នាក់​ទៀត​ប៉ុណ្ណោះ

    រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ព្រឹក​នេះ​បានប្រកាស​ថា អ្នកជំងឺ​COVID-19 ​បាន​ជាសះស្បើយ2នាក់បន្ថែមទៀត ដូច្នេះ​ កម្ពុជា​នៅ​សល់​អ្នក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ តែ​3​នាក់​ទៀត​តែប៉ុណ្ណោះ។

    អ្នក​ជំងឺ​2​នាក់​ដែល​បាន​ជា​សះស្បើយ​​នេះ គឺ​ជា​ប្តីប្រពន្ធជន​ជាតិ​បារាំង ស្នាក់​នៅក្នុង​សង្កាត់​ទួលទំពូង រាជធានី​ភ្នំពេញ​។ គិត​មក​ដល់​ថ្ងៃ​នេះ ចំនួន​អ្នក​ដែលបាន​ជា​សះ​ស្បើយ​ពី​ជំងឺ​​ COVID-19 សរុបឡើង​ដល់119​នាក់ ដូច្នេះ​ បច្ចុប្បន្ន​កម្ពុជា​នៅ​សល់​អ្នក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ 3​នាក់​ទៀត​ ដែល​កំពុងទទួល​ការ​​ព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះស្ត្រី1នាក់ និងបុរស2នាក់។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោកវេជ្ជ​បណ្ឌិត​ ម៉ម ប៊ុនហេង។

    រាប់​ចាប់​ពី​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ បង្ហាញ​ខ្លួន​នៅ​កម្ពុជា​ មក​ទល់​នឹង​ថ្ងៃទី​27​មេសា​នេះ កម្ពុជា​បាន​ធ្វើ​តេស្ត​រក​ឃើញ​អ្នក​ផ្ទុក​ COVID-19 សរុប​ 122​នាក់ ប៉ុន្តែ បើ​តាម​ក្រសួង​សុខាភិបាល កម្ពុជា​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​នេះ​នៅ​ឡើយ​។ កម្ពុជា​ក៏​មិន​បាន​រកឃើញ​អ្នក​ជំងឺ​ COVID-19 ថ្មី​បន្ថែម​ទៀត​នោះ​ទេ ក្នុង​អំឡុង​​កន្លះខែ​មក​នេះ​៕

  • COVID-19! ​5ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ជាង​​20,000​នាក់​ ខណៈ​ពិភពលោក​ទាំង​មូល​មាន​អ្នកជំងឺ​ជិត​3លាន​នាក់​

    COVID-19! ​5ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ជាង​​20,000​នាក់​ ខណៈ​ពិភពលោក​ទាំង​មូល​មាន​អ្នកជំងឺ​ជិត​3លាន​នាក់​

    ពិភពលោក​ទាំង​មូល​ មាន​អ្នក​ជំងឺ​សរុប​ជិត​3លាន​នាក់ ក្នុង​នោះ​មាន​ជាង​206,000​នាក់​បាន​បាត់បង់​ជីវិត​ ខណៈ​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​ 878,700​នាក់​។

    យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ​ Johns Hopkins បណ្ដា​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ ក្នុង​ពិភពលោក​ មាន​អ្នក​ស្លាប់​ចំនួន​ 206,265​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​​ COVID-19 សរុប​2,965,363​នាក់។ អ្នក​ជំងឺ​បាន​ជាសះស្បើយ​មាន​ចំនួន​ 863,464​នាក់​។ ថ្ងៃនេះ​ ពិភពលោក​ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​ 77,469​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​3,897​នាក់​។

    សហរដ្ឋ​អាមេរិក​បន្ត​ជា​សម្បុក​មេរោគ​ និង​ជា​ “វាល​ពិឃាត” ធំជាង​គេ​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​ 963,379​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ 54,810​នាក់​។ អ្នក​ជំងឺ​កើនមាន​ចំនួន​ 29,446​នាក់ និង​អ្នក​ស្លាប់​ថ្មី​កើន​1,361​នាក់​។

    អេស្ប៉ាញ មាន​អ្នក​ជំងឹ​ថ្មី​2,870​នាក់ អ្នក​ស្លាប់​ថ្មី​មាន​288​នាក់។ អ្នកជំងឺសរុប​មាន226,629​នាក់ និង​អ្នក​ស្លាប់​សរុប​23,190​នាក់​។ ប្រទេស​នេះ​គឺជា​ “វាល​ពិឃាត” របស់ COVID-19 (អ្នក​ស្លាប់ដោយ​សារ​ COVID-19) ធំជាង​គេ​ទី​2​ក្នុង​ពិភពលោក​។

    អ៊ីតាលី៖ អ្នក​ជំងឺ​ថ្មី​2,324​នាក់ អ្នកស្លាប់​ថ្មី​260​នាក់។ អ្នក​ជំងឺ​សរុប​197,675​នាក់ និង​អ្នក​ស្លាប់សរុប​26,644​នាក់​។

    បារាំង​៖​ អ្នក​ជំងឺ​ថ្មី​612នាក់ អ្នក​ស្លាប់​ថ្មី​242​នាក់។ អ្នក​ជំងឺ​សរុប​162,100​នាក់ និង​អ្នក​ស្លាប់​សរុប​មាន​22,856​នាក់​។

    អង់គ្លេស​៖ អ្នក​ជំងឺ​ថ្មី​4,463​នាក់ អ្នក​ស្លាប់​ថ្មី​413​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​152,840​នាក់​ និង​អ្នក​ស្លាប់​សរុប​20,732​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជាង​2,887,000​នាក់​​ឆ្លង​វីរុស​​COVID-19 នៅ​ទូទាំង​ពិភពលោក៖ 7ប្រទេស​ដែល​មាន​អ្នកជំងឺ​ច្រើន​ជាង​100,000​នាក់​

    ជាង​2,887,000​នាក់​​ឆ្លង​វីរុស​​COVID-19 នៅ​ទូទាំង​ពិភពលោក៖ 7ប្រទេស​ដែល​មាន​អ្នកជំងឺ​ច្រើន​ជាង​100,000​នាក់​

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ស្លាប់​ជាង​200,000​នាក់​ ដោយ​សារ​ឆ្លង​វីរុស​COVID-19 នៅ​ក្នុងចំណោម​អ្នកជំងឺ​ជិត​2.9​លាន​នាក់​ ដែល​ភាគ​ច្រើន​កើត​ឡើង​នៅ​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​។

    ទិន្នន័យ​ពី​សាកលវិទ្យា​ល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​បណ្ដា​ប្រទេស​ និង​ដែន​ដី​ចំនួន​210 បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ចំនួន​2,887,894​នាក់​ ក្នុង​នោះ​មាន​202,368​នាក់​បាន​បាត់បង់​ជីវិត​។ អ្នក​ជំងឺ​ថ្មី​​កើន​បន្ថែម​​ 96,908​នាក់ និង​អ្នក​ស្លាប់​ថ្មី​កើន​​ 6,448​នាក់​ បើ​ធៀប​នឹង​ម្សិល​មិញ ខណៈ​អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​ 814,025​នាក់​។

    សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​សរុប​ 933,933​នាក់ និង​អ្នក​ស្លាប់​53,449​នាក់​។ អ្នក​ជំងឺ​ថ្មី​កើន​43,409​នាក់ ខណៈ​អ្នកស្លាប់ថ្មី​កើន​2,432​នាក់ ធៀប​នឹង​មួយ​ថ្ងៃ​មុន​នេះ​។

    អេស្ប៉ាញ៖ អ្នក​ជំងឺ​ថ្មី​3,995​នាក់ អ្នក​ស្លាប់ថ្មី​378​នាក់​។ អ្នក​ជំងឺ​សរុបជិត​​224,000​នាក់​ និង​អ្នក​ស្លាប់​សរុប​ជិត​23,000​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2ក្នុង​ពិភពលោក​ និង​ជា​ “វាលពិឃាត”​ របស់​កូរ៉ូណា​ ធំជាង​គេ​ទី3​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​អ៊ីតាលី។

    អ៊ីតាលី​៖ អ្នក​ជំងឺ​ថ្មី​2,357​នាក់ និង​អ្នក​ស្លាប់ថ្មី​415​នាក់​។ អ្នកជំងឺ​សរុប​195,351​នាក់ និង​អ្នកស្លាប់​សរុប​26,284​នាក់​។ ​តួលេខ​​នៃ​ការ​ស្លាប់​បាន​ថយ​ចុះ​ទាប​បំផុត​ រាប់​ចាប់​ពី​ថ្ងៃទី​19​មីនា​។

    បារាំង​៖ អ្នកជំងឺ​ថ្មី​1,660​នាក់ និង​អ្នកស្លាប់​ថ្មី​369​នាក់​។ អ្នក​ជំងឺ​សរុប​161,488​នាក់ និង​អ្នក​ស្លាប់​សរុប​22,614​នាក់​។ ប្រទេស​នេះ នឹងអនុញ្ញាត​ឱ្យ​បើក​សាលា​រៀន​ឡើងវិញ​ ក្រោយ​ថ្ងៃទី​11ឧសភា។

    អាល្លឺម៉ង់​៖​ អ្នក​ជំងឺ​ថ្មី​1,419​នាក់ អ្នក​ស្លាប់​ថ្មី​133​នាក់។ អ្នក​ជំងឺ​សរុប​156,418​នាក់ និង​អ្នក​ស្លាប់​សរុប​5,873​នាក់​។

    អង់គ្លេស​៖ អ្នកជំងឺ​ថ្មី​4,913​នាក់ ខណៈអ្នក​ស្លាប់​ថ្មី​មាន​8113​នាក់​។ អ្នកជំងឺ​សរុប​148,377​នាក់ និង​អ្នក​ស្លាប់​សរុប​20,319​នាក់​។ អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ក្នុង​ប្រទេស​នេះ មិន​បាន​រាប់​បញ្ចូល​អ្នក​ស្លាប់​នៅ​ក្រៅ​មន្ទីរ​ពេទ្យ​នោះ​ទេ​។

    ប្រទេស​ទួរគី៖ អ្នកជំងឺ​សរុប​មាន​107,773​នាក់​ អ្នក​ស្លាប់​សរុប​មាន​​2,706​នាក់ និង​អ្នក​ដែល​បាន​ជា​សះស្បើយ​មាន​ចមនួន​​25,582​នាក់​៕

    ប្រភព​៖ សារព័ត៌មានបរទេស