Category: សុខភាព

  • វេជ្ជបណ្ឌិតរុស្ស៊ី3រូប ធ្លាក់ពីលើអគារមន្ទីរពេទ្យ ខណៈប្រទេសកំពុង​ទប់​ទល់​នឹង​COVID-19

    វេជ្ជបណ្ឌិតរុស្ស៊ី3រូប ធ្លាក់ពីលើអគារមន្ទីរពេទ្យ ខណៈប្រទេសកំពុង​ទប់​ទល់​នឹង​COVID-19

    វេជ្ជបណ្ឌិតនៅជួរមុខរបស់រុស្ស៊ីចំនួន3រូបហើយដែលបានធ្លាក់ពីលើអគារនៃមន្ទីរប្រកបដោយអាថ៌កំបាំង នៅក្នុងអំឡុង​2​សប្ដាហ៍​កន្លងមកនេះ ធ្វើឱ្យមានការព្រួយបារម្ភអំពីស្ថានភាពការងាររបស់ក្រុមវេជ្ជបណ្ឌិតនៅទីនេះ ខណៈដែលវីរុសCOVID-19 កាន់តែបង្ហាញអំណាចនៅរុស្ស៊ី។

    សារព័ត៌មាន CNN និង Moscow Times កាលពីម្សិលមិញបានរាយការណ៍ថា Alexader Shulepov អាយុ37ឆ្នាំ ជាវេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ Novousmanskaya ក្នុងទីក្រុង Voronezh នៃប្រទេសរុស្ស៊ី កំពុងស្ថិតក្នុងស្ថានភាពអាសន្ន បន្ទាប់ពីបានធ្លាក់ពីលើអគារ។ សមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា វេជ្ជបណ្ឌិត Shulepov បានធ្លាក់ពីបង្អួចនៃអគារកម្ពស់2ជាន់របស់មន្ទីរពេទ្យកាលពីថ្ងៃទី2ឧសភា។

    វេជ្ជបណ្ឌិត Shulepov ត្រូវចូលសម្រាក និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ដោយសារគាត់បានឆ្លងវីរុសCOVID-19 កាលពីថ្ងៃទី22មេសា ប៉ុន្តែ ថ្ងៃដដែលនេះ Shulepov និងមិត្តរួមការងាររបស់គាត់គឺ Alexander Kosyakin បានបង្ហោះវីដេអូមួយដែលនិយាយថា គាត់ត្រូវបានបង្ខំឱ្យធ្វើការបន្ត បើទោះជាបានឆ្លងវីរុសកូរ៉ូណានេះក៏ដោយ។ កន្លងមក Kosyakin បានរិះគន់ខាងមន្ទីរពេទ្យដោយសារតែមិនមានសម្ភារ និងឈុតការពារឆ្លងមេរោគគ្រប់គ្រាន់សម្រាប់បុគ្គលិកសុខាភិបាល។ វេជ្ជបណ្ឌិត Kosyakin ក៏ធ្លាប់ត្រូវបាននគរបាលហៅទៅសួរនាំ ដោយមានការចោទប្រកាន់ថា បានបញ្ចេញព័ត៌មានមិនពិត។ 3ថ្ងៃក្រោយមក Shulepov ក៏បានដកវីដេអូដែលគាត់ធ្លាប់បានរិះគន់ខាងមន្ទីរពេទ្យ ហើយបញ្ជាក់ថាក្នុងវីដេអូនោះ គាត់ត្រូវបាន “អារម្មណ៍ដឹកមុខ”។

    ភាគីខាងមន្ទីរពេទ្យ Novousmanskaya បានអះអាងថា វេជ្ជបណ្ឌិត Shulepov ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកបន្ទាប់ពីបានឆ្លងវីរុសកូរ៉ូណា និងត្រូវបានបញ្ជូនទៅព្យាបាលក្នុងអាគារឯកទេសជំងឺឆ្លងរបស់មន្ទីរពេទ្យនេះ។

    Shulepov គឺជាវេជ្ជបណ្ឌិតទីបីហើយដែលបានធ្លាក់ពីលើអគារមន្ទីរពេទ្យយ៉ាងអាថ៌កំបាំងនៅប្រទេសរុស្ស៊ី។ វេជ្ជបណ្ឌិត2រូបដែលបានធ្លាក់ពីអាគារមុនករណីខាងលើ បានបាត់បង់ជីវិត។ ក្រុមមន្ត្រីមានសមត្ថកិច្ចកំពុងស៊ើបអង្កេតរកមូលហេតុដែលនាំឱ្យមានហេតុការណ៍ធ្លាក់ពីលើអគារទាំង3ករណីនេះ ក្នុងពេលដែលរុស្ស៊ីកំពុងប្រមូលកម្លាំងដើម្បីទប់ទល់នឹងវីរុសCOVID-19។

    កាលពីថ្ងៃទី1ឧសភា Elena Nepomnyashchaya ដែលជាវេជ្ជបណ្ឌិតម្នាក់ធ្វើការនៅមន្ទីរពេទ្យ Krasnoyarsk ក្នុងតំបន់ Siberia បានបាត់បង់ជីវិត ក្រោយទទួលការព្យាបាលអស់រយៈពេល1សប្ដាហ៍។ សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា វេជ្ជបណ្ឌិតរូបនេះ បានធ្លាក់ពីលើអគាររបស់មន្ទីរពេទ្យ។

    ថ្ងៃទី24មេសា Natalya Lebedeva ប្រធានក្រុមសង្គ្រោះបន្ទាន់នៃវិទ្យាស្ថានអនាម័យនិងមេរោគលេខ2 ក្នុងតំបន់ Star City ក៏បានបាត់បង់ជីវិតក្នុងមន្ទីរពេទ្យ បន្ទាប់ពីបានធ្លាក់ពីលើអគារខ្ពស់របស់មន្ទីរពេទ្យ។

    ហេតុការណ៍ខាងលើនេះ បានកើតឡើងក្នុងគ្រាដែលប្រទេសរុស្ស៊ីកំពុងប្រឈមនឹងការរាតត្បាតយ៉ាងខ្លាំងក្លាពីវីរុសCOVID-19។ មជ្ឈមណ្ឌលទប់ទល់នឹងវិបត្តិវីរុសកូរ៉ូណារបស់រុស្ស៊ី កាលពីថ្ងៃទី4ឧសភា បានឱ្យដឹងថា ចំនួនអ្នកជំងឺកូរ៉ូណាសរុបក្នុងប្រទេសនេះបានឡើងដល់ជាង145,000នាក់ ក្នុងនោះមានជិត1,400នាក់បានស្លាប់។ បច្ចុប្បន្ន រុស្ស៊ីឈរលំដាប់លេខ7 នៅក្នុងចំណោមបណ្ដាប្រទេសដែលមានអ្នកជំងឺកូរ៉ូណាច្រើនជាងគេក្នុងពិភពលោក៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ជិត​252,000​នាក់​បាន​ស្លាប់​ដោយ​សារ​COVID-19នៅ​ទូទាំង​ពិភពលោក ខណៈ​​ប្រទេស​ចំនួន​4​ មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​

    ជិត​252,000​នាក់​បាន​ស្លាប់​ដោយ​សារ​COVID-19នៅ​ទូទាំង​ពិភពលោក ខណៈ​​ប្រទេស​ចំនួន​4​ មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​

    គិត​មក​ដល់​បច្ចុប្បន្ន វីរុស​COVID-19 បាន​សម្លាប់​មនុស្ស​​ជិត​252,000​នាក់​​​ក្នុង​ចំណោម​អ្នក​ជំងឺ​កូរ៉ូណា​សុរប​ជាង​3.6​លាន​នាក់​នៅ​ក្នុង​ពិភពលោក​ទាំង​មូល​ ខណៈ​ដែល​ប្រទេស​ជា​ច្រើន​បាន​បន្ធូរ​បន្ថយ​បម្រាម​គោចរ​។

    នៅក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​212​ ក្នុង​ពិភពលោក គិត​ត្រឹម​ព្រឹក​នេះ មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​ 3,639,616​នាក់​ និង​អ្នក​ស្លាប់​ក៏​បាន​ឡើង​ដល់​251,721​នាក់​។ អ្នក​ជំងឺ​ថ្មី​ថ្ងៃ​នេះ មាន​74,729​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​3,637​នាក់​។ អ្នក​ដែល​បាន​ជា​សះស្បើយ​សុរប​ 1,192,842​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​ Worldometer។

    ទ្វីប​អឺរ៉ុប​មាន​អ្នកជំងឺ​សរុប​​1,469,891​នាក់​ ខណៈ​អាមេរិក​ខាង​ជើង​មាន​​1,318,547​នាក់ អាស៊ី​មាន​​572,839​នាក់ អាមេរិក​ខាង​ត្បូង​មាន​​223,852​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​​47,804​នាក់​។

    ជិត​252,000​នាក់​បាន​ស្លាប់​ដោយ​សារ​COVID-19នៅ​ទូទាំង​ពិភពលោក ខណៈ​​ប្រទេស​ចំនួន​4​ មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​ 1,210,356​នាក់ កើន​23,321​នាក់​បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ អ្នក​ស្លាប់​ថ្មី​នៅ​ប្រទេស​នេះ​មាន​935​នាក់​ ធ្វើ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ដល់​64,494​នាក់​។

    ក្រៅ​ពី​សហរដ្ឋ​អាមេរិក​ក៏​មាន​ប្រទេស​ចំនួន​4​ផ្សេង​ទៀត​ដែល​មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​ រួម​មាន​៖

    • អេស្ប៉ាញ​៖ អ្នក​ជំងឺ​សរុប​248,301​នាក់ និង​អ្នកស្លាប់​សរុប​25,428​នាក់​។
    • អ៊ីតាលី​៖ អ្នកជំងឺ​សរុប​211,938​នាក់ និង​អ្នក​ស្លាប់​សរុប​29,079​នាក់​។
    • អង់គ្លេស​៖ អ្នកជំងឺ​សរុប​190,584​នាក់ និង​អ្នក​ស្លាប់​សរុប​28,734​នាក់​។
    • បារាំង​៖ អ្នក​ជំងឺ​សរុប​169,462នាក់ និង​អ្នកស្លាប់​សរុប​​25,201​នាក់​។

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • អ្នកស្លាប់​ដោយ​សារវីរុស​​COVID-19​នៅ​សហរដ្ឋ​អាមេរិក​នឹង​កើន​ដល់​134,000​នាក់​នៅ​ចុង​ខែ​សីហា ខណៈ​បច្ចុប្បន្ន​បាន​កើន​ដល់​ជិត​70,000​នាក់​​ហើយ

    អ្នកស្លាប់​ដោយ​សារវីរុស​​COVID-19​នៅ​សហរដ្ឋ​អាមេរិក​នឹង​កើន​ដល់​134,000​នាក់​នៅ​ចុង​ខែ​សីហា ខណៈ​បច្ចុប្បន្ន​បាន​កើន​ដល់​ជិត​70,000​នាក់​​ហើយ

    New York Times ដក​ស្រង់​ឯកសារ​សម្ងាត់​មួយ​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ព្យាករ​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ប្រទេស​នេះ​អាច​កើន​ឡើង​មក​វិញ​នៅ​ក្នុង​ខែ​ឧសភា​នេះ​។

    យោង​តាម​ទិន្ន​ន័យ​ពី​ទំព័រ Worldomerter គិត​ត្រឹម​រសៀល​​ថ្ងៃទី​4​ឧសភា(ម៉ោង​នៅ​អាមេរិក) ចំនួន​អ្នក​ស្លាប់​ដោយ​សារ​កូរ៉ូណា​នៅ​សហរដ្ឋ​អាមេរិក​​ គឺ​មាន​69,589​នាក់​ កើន​992​នាក់​បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ សហរដ្ឋ​អាមេរិក​ក៏​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​ជាង​23,000​នាក់ ដែល​នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​សរុប​បាន​កើន​លើស​ពី​1.2​លាន​នាក់​។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ New York Times កាល​ពី​ថ្ងៃទី​4​ឧសភា បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​សម្ងាត់​​មួយ​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​ Trump ​បាន​ព្យាករ​ថា តួលេខ​នៃអ្នក​ជំងឺ​ និង​អ្នក​ស្លាប់​​នៅក្នុង​ប្រទេស​នេះ​នឹង​កើន​ខ្លាំង​ឡើង​វិញ​នៅ​ក្នុង​ខែ​ឧសភា​នេះ​។ ឯកសារ​​សម្ងាត់​សរសេរ​ថា នៅ​ចុង​ខែ​ឧសភា COVID-19 នឹង​សម្លាប់​មនុស្ស​ប្រហែល​ជា​3,000​នាក់​នៅ​1ថ្ងៃ​ៗ​នៅ​សហរដ្ឋ​អាមេរិក​ ដែល​នេះ​ជា​តួលេខ​ខ្ពស់​បំផុត​បើធៀប​នឹង​ចំនួន​អ្នក​ស្លាប់​ជា​មធ្យម​ជិត​1,800​នាក់​ក្នុង​1ថ្ងៃ​ នា​បច្ចុប្បន្ន​។

    យោង​តាម​ការ​ព្យាករ​ខាង​លើ​ ជា​រៀង​រាល់​ថ្ងៃ សហរដ្ឋ​អាមេរិក​អាច​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​ក្នុង​1​ថ្ងៃ​ប្រហែល​200,000​នាក់ ខណៈ​តួលេខ​មធ្យម​នា​បច្ចុប្បន្ន​គឺ​ 25,000​នាក់​/ថ្ងៃ​។

    ការ​ព្យាករ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា បាន​ធ្វើ​ឡើង​ដោយ​យោង​ទៅ​លើ​ការ​វិភាគ​របស់​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់​ស្កាត់​ជំងឺ​​នៃ​សហរដ្ឋ​អាមេរិក​ CDC (Centers for Disease Control and Prevention)។ ទាក់​ទិន​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​របស់​សេតវិមាន​ លោក Judd Deere បាន​ថ្លែង​ថា “នេះ​មិន​មែន​ជា​ឯកសារ​ដែល​ប្រកាស​នៅ​ក្នុង​សេត​វិមាន​ទេ​ ហើយ​ក៏​មិន​បាន​ដាក់​ជូន​គណកម្មធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19 ព្រម​ទាំង​មិន​ទាន់​មាន​ការ​ត្រួត​ពិនិត្យ​​​ដោយ​អន្តរ​ក្រសួង​នោះ​ដែរ​”។

    កាល​ពី​ចុង​សប្ដាហ៍​មុន​ ប្រធានាធិបតី​ Donald Trump បាន​ព្យាករ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ អាច​ឡើង​ដល់​100,000​នាក់ ខ្ពស់​ជាង​ការ​ព្យាករ​ដែល​លោក​បាន​លើក​ឡើង​កន្លង​មក​​ដែល​ថា អ្នក​ស្លាប់​នឹង​មាន​ចំនួន​ពី​60,000​ទៅ​70,000​នាក់​។ លោក​ Trump ថ្លែង​ប្រាប់​សារ​ព័ត៌មាន Fox News កាល​ពីថ្ងៃទី​3ឧសភា​ថា “យើង​នឹង​បាត់​បង់​មនុស្ស​ប្រមាណ​ពី​80,000​-100,000​នាក់​។ នោះ​គឺជា​រឿង​ដ៏​អាក្រក់​ខ្លាំង​ណាស់”។

    ចំណែក​ CNN វិញ ក៏​បាន​ដកស្រង់​ប្រភព​ព័ត៌មាន​ពី​វិទ្យា​ស្ថាន​វាស់​វែង​ និង​វាយ​តម្លៃ​សុខ​ភាព​ IHME (Institute for Health Metrics and Evaluation) នៃ​សាកល​វិទ្យា​ល័យ​ Washington បាន​ព្យាករ​ថា តួលេខ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​​នៅ​សហរដ្ឋ​អាមេរិក​ អាច​ឡើង​ដល់​134,000​នាក់​ គិត​ត្រឹម​ដើម​ខែ​សីហា​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង…តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?(ត…)

    ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង…តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?(ត…)

    ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ នៅតែបន្តបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្សម្នានៅក្នុងប្រទេសទីទ័លក្រ។

    ការសិក្សាស្រាវជ្រាវនៅឆ្នាំ2020 នេះ ដែលដឹកនាំក្រុមដោយលោក រ៉ូបឺត បាររ៉ូ អ្នកវិទ្យាសាស្ត្រនៃមហាវិទ្យាល័យ ហាវ៉ាដ បានវាយតម្លៃថា ក្នុងខណៈដែលប្រជាជនប្រមាណ 0.5% (ប្រមាណជា 550,000នាក់) នៅក្នុងសហរដ្ឋអាមេរិកនៅខណៈពេលនោះ បានស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ តែជំងឺដ៏សាហាវនេះ បានសម្លាប់ជីវិតមនុស្សប្រមាណ 5.2% នៃប្រជាជនក្នុងប្រទេសឥណ្ឌា ឬជិត 17លាននាក់។

    ជំងឺរាតត្បាតដែលកើតឡើង ថែមទាំងបានធ្វើឱ្យមានការខាតបង់យ៉ាងធំធេងខាងសេដ្ឋកិច្ច ដោយលោកបាររ៉ូ និងក្រុមការងារ បានវាយតម្លៃថា ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ បានធ្វើឱ្យ GDP របស់ប្រទេសផ្សេងៗ ថយចុះ 6% ជាមធ្យម។

    អ្នកស្រី ឃែតធើរីន អារ៍ណូល អ្នកនិពន្ធសៀវភៅរឿង Pandemic 1918 បានបញ្ជាក់ថា ការស្លាប់របស់មនុស្សក្នុងសង្គ្រាមលោកលើកទី1 បូកជាមួយការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ បានធ្វើឱ្យកើតគ្រោះហាយនៈធំធេងខាងសេដ្ឋកិច្ចបន្ទាប់ពីនោះមក។

    ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង...តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?(ត...)បុព្វបុរសរបស់អ្នកស្រីអារ៍ណូលខ្លួនឯង ក៏ជាជនរងគ្រោះរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញដែលឆ្លងរាតត្បាតក្នុងប្រទេស​សហរាជាណាចក្រ​(UK)​ ដែរ។ អ្នកស្រីបាននិយាយថា “នៅក្នុងប្រទេសជាច្រើន ស្ទើរលែងមានបុរសវ័យកំលោះ​នៅ​សេស​សល់​ឱ្យ​បន្ត​ដំណើរ​ការ​មុខជំនួញរបស់គ្រួសារ ធ្វើស្រែចម្ការ ហ្វឹកហាត់វិជ្ជាជីវៈ ធ្វើពាណិជ្ជកម្ម រៀបការ និងមានកូនមកស្នងត្រកូល ជំនួសប្រជាជនដែលបានដួលស្លាប់អស់ជាច្រើនលាននាក់នៅក្នុងអំឡុងពេលនោះទៀតផង”។ អ្នកស្រីបន្តថា “ការខ្វះខាតមនុស្សប្រុសដែលមានគុណសម្បត្តិស័ក្តិសម បាននាំឆ្ពោះទៅរកបញ្ហាដែលគេហៅថា “ក្រមុំសៅកែ” ដែលធ្វើឱ្យមនុស្សស្រីជាច្រើនលាននាក់ មិនអាចស្វែងរកគូគ្រងដែលស័ក្តិសមល្មមនឹងខ្លួនបាន”។

    ស្ត្រីនៅក្នុងកន្លែងធ្វើការ

    បញ្ហាខ្វះខាតកម្លាំងពលកម្ម ដែលបណ្ដាលមកពីការឆ្លងរាតត្បាតរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ និងសង្គ្រាមលោកលើកទី1 បានបើកផ្លូវឱ្យស្ត្រីបានចូលទៅក្នុងប្រព័ន្ធការងារកាន់តែច្រើនឡើង
    បញ្ហាខ្វះខាតកម្លាំងពលកម្ម ដែលបណ្ដាលមកពីការឆ្លងរាតត្បាតរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ និងសង្គ្រាមលោកលើកទី1 បានបើកផ្លូវឱ្យស្ត្រីបានចូលទៅក្នុងប្រព័ន្ធការងារកាន់តែច្រើនឡើង

    ទោះជាការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ មិនបានសាងនូវភាពផ្លាស់ប្ដូរខាងសង្គមបានស្មើនឹងហេតុការណ៍ “រោគពិសមរណៈ” ឬ Black Death ដែលជាការឆ្លងរាតត្បាតដ៏ធំរបស់ជំងឺ “កាឡរោគ” ក្នុងសម័យសតវត្សរ៍ទី14 ដែលធ្វើឱ្យមានអ្នកស្លាប់ប្រមាណ 75-100លាននាក់ និងនាំឆ្ពោះទៅរកភាពធ្លាក់ចុះអាប់ឱនរបស់ការគ្រប់គ្រងបែបប្រព័ន្ធសក្ដិភូមិក៏ពិតមែន តែជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ បានសាងនូវភាពរង្គោះរង្គើដល់ភាពស្មើភាគគ្នា រវាងបុរស-ស្ត្រី នៅក្នុងប្រទេសជាច្រើន។

    អ្នកស្រី គ្រីស្ទីន ប្ល៊ែកប៊ើន អ្នកស្រាវជ្រាវពីមហាវិទ្យាល័យ Texas A and M បានរកឃើញថា បញ្ហាខ្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេសសហរដ្ឋអាមេរិក ដែលបណ្ដាលមកពីការឆ្លងរាតត្បាតរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ និងសង្គ្រាមលោកលើកទី1 បានបើកផ្លូវឱ្យស្ត្រីបានចូលទៅក្នុងប្រព័ន្ធការងារកាន់តែច្រើនឡើង។ អ្នកស្រីថ្លែងថា “ក្នុងអំឡុងឆ្នាំ1920 មានស្ត្រីប្រមាណជា 21% នៃកម្លាំងពលកម្មទាំងអស់ក្នុងប្រទេស”។

    ក្នុងឆ្នាំដដែល សភាកុងហ្ក្រេស បានផ្ដល់សត្យាប័នបទប្បញ្ញត្តិកែសម្រួលបន្ថែមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក មាត្រា19 ឱ្យពលរដ្ឋដែលជាស្ត្រីជនជាតិអាមេរិក មានសិទ្ធិបោះឆ្នោតជ្រើសតាំង(Women’s Suffrage)លំដាប់ថ្នាក់ជាតិបានជាលើកដំបូង ដែលផ្ដល់សិទ្ធិក្នុងការបញ្ចេញសំឡេងជ្រើសតាំងទៅដល់ស្ត្រីជនជាតិអាមេរិកគ្រប់រូប។

    ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង...តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?(ត...)អ្នកស្រី ប្ល៊ែកប៊ើន បានបន្ថែមទៀតថា “មានភ័ស្តុតាងដែលបង្ហាញឱ្យឃើញថា ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីឆ្នាំ1918 បានផ្ដល់ផលដល់សិទ្ធិស្ត្រីនៅក្នុងប្រទេសជាច្រើន”

    ក្រៅពីនេះ និយោជិត នៅបានទទួលផលប្រយោជន៍ពីតម្លៃពលកម្មដែលកើនឡើងខ្ពស់ ដោយសារតែបញ្ហាខ្វះខាតកម្លាំងពលកម្មទៀតផង។

    ព័ត៌មានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចង្អុលបង្ហាញថា តម្លៃពលកម្មក្នុងផ្នែកការផលិតបានហក់ឡើងពី 1ម៉ោង 21សេន ក្នុងឆ្នាំ1915 ទៅជា 1ម៉ោង 56សេន ក្នុងឆ្នាំ1920។

    ទុព្វលភាព ដែលបន្សល់ទុកឱ្យទារកជំនាន់ក្រោយ

    អ្នកវិទ្យាសាស្ត្រ បានសិក្សាពីទារកដែលកើតក្នុងអំឡុងពេលដែលជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញឆ្លងរាតត្បាត បានរកឃើញថា កុមារក្រុមនេះ មានសញ្ញាថា នឹងកើតមកព្រមជាមួយភាពខុសប្រក្រតីផ្សេងៗ ដូចជា មានជំងឺបេះដូងច្រើនជាងក្មេងដែលកើតមុន និងក្រោយការឆ្លងរាតត្បាត។

    ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង...តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?(ត...)លទ្ធផលការវិភាគក្នុងប្រទេសសហរាជាណាចក្រ(UK) និងប្រទេសប្រេស៊ីល បានរកឃើញថា ទារកដែលកើតក្នុងឆ្នាំ1918-1919 នៅមានសញ្ញាតិចតួចណាស់ក្នុងការបានទទួលការជួលឱ្យធ្វើការជាផ្លូវការ ឬបានទទួលការសិក្សារៀនសូត្រដល់កម្រិតឧត្ដមសិក្សា។

    ទ្រឹស្ដីខ្លះ បានដាក់ចំណុចសន្និដ្ឋានថា ភាពធុញថប់តានតឹងខាងអារម្មណ៍របស់ស្ត្រីជាម្ដាយ ដែលកើតមានក្នុងអំឡុងរោគរាតត្បាត អាចហុចផលប៉ះពាល់ទៅដល់វិវឌ្ឍនាការរបស់ទារកក្នុងគភ៌។

    ក្រៅពីនេះ លទ្ធផលនៃការវិភាគព័ត៌មានការទទួលយកទាហាន ចូលទៅក្នុងជួរកងទ័ពសហរដ្ឋអាមេរិករបស់មនុស្សប្រុសដែលកើតក្នុងអំឡុងឆ្នាំ1915-1922 នៅបានរកឃើញទៀតថា អ្នកដែលកើតក្នុងឆ្នាំ1919 មានកម្ពស់ទាបជាងមនុស្សភាគច្រើន 1មីល្លីម៉ែត្រ។

    សូមរង់ចាំអានបន្តនៅថ្ងៃស្អែក

    ប្រភព៖ សារព័ត៌មានបរទេស

  • ពិនិត្យមើលបរិមាណកាហ្វេអុីនក្នុងរាងកាយ តើយើងញ៉ាំកាហ្វេច្រើនពេកទេដឹង?

    ពិនិត្យមើលបរិមាណកាហ្វេអុីនក្នុងរាងកាយ តើយើងញ៉ាំកាហ្វេច្រើនពេកទេដឹង?

    អ្នកណាថា អាហារដែលមានជាតិកាហ្វេអុីន មានតែកាហ្វេមួយមុខនោះ? សាកល្បងនាំគ្នាមកគណនាពីបរិមាណកាហ្វេអុីនក្នុងអាហារប្រភេទផ្សេងទៀតបន្តិចមើល៍ ព្រោះជួនកាល ក្នុង 1 ថ្ងៃយើងអាចបានទទួលកាហ្វេអុីនច្រើនជ្រុលពេកក៏អាចថាបានដែរ។

    អ្នកជំនាញខាងភោជនាហារបានណែនាំថា បរិមាណកាហ្វអ៊ីនដែលស័ក្តិសមល្អចំពោះរាងកាយមនុស្សនោះគឺ ត្រឹមតែ 300 មីល្លីក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ តែបើអ្នកនិយមញ៉ាំកាហ្វេទាំងឡាយដូចជារាងមិនសូវប្រាកដក្នុងចិត្តថា បរិមាណ 300 មីល្លីក្រាមគឺប៉ុនណា ហើយកាហ្វេ ឬទឹកតែដែលញ៉ាំចូលទៅរៀងរាល់ថ្ងៃ មួយថ្ងៃៗច្រើនកែវនោះ បើរួមៗចូលគ្នាទៅ តើវាលើសកម្រឹតកំណត់ដែរឬទេ?

    ដូច្នេះថ្ងៃនេះ ឡារ៉ែន សូមនាំអ្នកនិយមញ៉ាំតែ ឬកាហ្វេទាំងឡាយទៅពិនិត្យមើលបរិមាណជាតិកាហ្វេអុីននៅក្នុងអាហារទាំងនោះដើម្បីឱ្យយើងបានគណនាមើលទាំងអស់គ្នា។

    – ស្ករសូកូឡា 1 បន្ទះ (បរិមាណ 50 ក្រាម) មានជាតិកាហ្វេអ៊ីន 50 មីល្លីក្រាម។

    – ទឹកភេសជ្ជៈពណ៌ខ្មៅ 1 កំប៉ុង មានកាហ្វេអ៊ីន 32 មីល្លីក្រាម។

    – តែបៃតង 1 កែវ មានកាហ្វេអ៊ីន 45 មីល្លីក្រាម។

    – កាហ្វេខ្មៅ 1 ពែង មានកាហ្វេអ៊ីន 100 មីល្លីក្រាម។

    – តែទឹកដោះគោ 1 ពែងមានជាតិកាហ្វេអ៊ីន 75 មីល្លីក្រាម។

    – កាហ្វេអេសផ្រេសសូ 1 ពែង មានកាហ្វេអ៊ីន 75 មីល្លីក្រាម។

    ឃើញតួលេខហើយ អ្នកណាដែលចូលចិត្តញ៉ាំទឹកតែ ឬកាហ្វេក្នុងមួយថ្ងៃច្រើនៗកែវ និងថែមទាំងញ៉ាំទឹកភេសជ្ជៈកំប៉ុង ញ៉ាំស្ករសូកូឡាយ៉ាងសប្បាយរីករាយផងនោះ ប្រហែលជាត្រូវបន្ថយៗខ្លះហើយ។

    Drinking Tips

    ការញ៉ាំជាតិកាហ្វេអ៊ីនចូលទៅច្រើន អាចមានផលធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ និងបង្កើនកម្រឹតការលោតរបស់បេះដូងទៀតផង ហើយស​ម្រាប់អ្នកដែលមានភាពទន់ខ្សោយចំពោះកាហ្វេ បើញ៉ាំក្រោយម៉ោង 4 ល្ងាចផងនោះ អាចធ្វើឱ្យគេងមិនលក់បាន តែចំណុចល្អនោះគឺ វាជួយបង្កើនភាពស្វាហាប់ ដូច្នេះការញ៉ាំកាហ្វេ 15 នាទីមុនហាត់ប្រាណ ឬមុនពេលប្រជុំ ក៏ជួយឱ្យខួរក្បាលភ្លឺស្រឡះបានដែរ។

    Did You Know ?

    រឹតតែត្រាំថង់កាកតែនៅក្នុងកែវទឹកក្តៅៗយូរប៉ុនណា ក៏រឹតតែបង្កើនភាពខាប់របស់កាហ្វេអ៊ីនច្រើនឡើងប៉ុននោះដែរ ដូចជា បើយើងត្រាំទុកចោល 1 នាទី ស្មើនឹងបង្កើនបរិមាណជាតិកាហ្វេអ៊ីន 19 មីល្លីក្រាម តែបើត្រាំទុកចោល 5 នាទី នឹងមានបរិមាណជាតិ​កាហ្វេអ៊ីនកើនឡើងដល់ទៅ 31 មីល្លីក្រាមឯណោះ៕

  • លោក​ Trump “ជឿជាក់” ថា​ ចុង​ឆ្នាំ​នឹង​មាន​វ៉ាក់​សាំង ​COVID-19

    លោក​ Trump “ជឿជាក់” ថា​ ចុង​ឆ្នាំ​នឹង​មាន​វ៉ាក់​សាំង ​COVID-19

    ប្រធានាធិបតី​អាមេរិកាំង​ លោក​ Donald Trump កាល​ពីថ្ងៃទី​3​ឧសភា បាន​ឱ្យ​ដឹង​ថា លោក​ “ជឿ​ជាក់​” ថា សហរដ្ឋ​អាមេរិក​នឹង​មាន​វ៉ាក់​សាំង​ទប់​ស្កាត់​វីរុស​COVID-19 នៅមុន​ដំណាច់​ឆ្នាំ​នេះ​។

    លោក​ Trump សង្កត់​ធ្ងន់​ថា ក្រុម​ហ៊ុន​ជា​ច្រើន​កំពុង​ប្រឹង​ប្រែង​ស្រាវ​ជ្រាវ​ និង​ពិសោធ​វ៉ាក់សាំង​ ហើយ​ពួក​គេ​ជិត​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់​សាំង​នេះ​ហើយ។ “ខ្ញុំ​គិត​ថា យើង​នឹង​មាន​វ៉ាក់​សាំង​ក្នុង​ពេល​ឆាប់​ៗ​នេះ​” ប្រធានាធិបតី​អាមេរិកាំង​មាន​ប្រសាសន៍​បែប​នេះ​ជាមួយ​អ្នក​យក​​​ព័ត៌មាន​របស់​ Fox News។

    សហរដ្ឋ​អាមរិក​ និង​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​ កំពុង​តែ​ប្រជែង​គ្នា​ដើម្បី​ក្លាយ​ជា​អ្នក​ដំបូង​គេ​​ដែល​មាន​វ៉ាក់​សាំង​ប្រឆាំង​វីរុស​COVID-19។ ម្ចាស់​សេត​វិមាន​បាន​ប្រកាស​ថា លោក​នៅ​តែ​ត្រេក​អរ​ជា​ទី​បំផុត​​បើ​សិន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាមេរិកាំង​ ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​បរាជ័យ​​ក្នុង​ការ​ប្រជែង​លើ​ការ​អភិវឌ្ឍ​ថ្នាំ​សម្រាប់​វីរុស​COVID-19។

    លោក​ Trump ឱ្យ​ដឹង​ថា “បើ​សិន​ប្រទេស​ណា​មួយ​ទទួល​បាន​ជោគ​ជ័យ​មុន​គេ​ ខ្ញុំ​នឹង​ដោះ​មួក​គោរព​កោត​សរសើរ​។ ខ្ញុំ​មិន​ខ្វល់​អ្វី​ទាំង​អស់ ខ្ញុំ​គ្រាន់​តែ​ចង់​បាន​វ៉ាក់​សាំង​មួយ​ដែល​មាន​ប្រសិទ្ធ​ភាព​”។

    នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ហានិភ័យ​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់​សាំង​តាម​បែប​ប្រញាប់​ប្រញាល់​ខុស​ធម្មតា​ដូច​បច្ចុប្បន្ន លោក​ Trump អះអាង​ថា អ្នក​ដែល​បាន​ចូល​រួម​ក្នុង​ការ​ពិសោធ​ គឺ​សុទ្ធ​តែ​ជា​អ្នក​​ស្ម័គ្រ​ចិត្ត។ លោក​ថា “​ពួកគេ​ដឹង​នូវ​អ្វី​ដែល​ពួកគេ​កំពុងតែ​ធ្វើ​”។

    សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភព​លោក​ ដោយ​មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​ជិត​1.2​លាន​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជិត​69,000​នាក់​បាន​បាត់​បង់​ជីវិត​ ខណៈ​រដ្ឋ​ប្រហែល​ពាក់​កណ្ដាល​​នៃ​ប្រទេស​នេះ បាន​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​។ ប៉ុន្តែ រដ្ឋ​មួយ​ចំនួន​ក៏​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​វីរុស​នេះ​នៅ​ឡើយ​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​2019​ ហើយ​មក​ដល់​បច្ចុប្បន្ន វា​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​​ជាង​200​ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មាន​មនុស្ស​ជិត​3.6​លាន​នាក់​ត្រូវ​ឆ្លង​មេរោគ ក្នុង​នោះ​មាន​​ជិត​250,000​នាក់​បាន​បាត់​បង់​ជីវិត​ និង​ជាង​1.1​លាន​នាក់​បាន​រួច​ផុត​ពី​ការ​ស្លាប់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • Mike Pompeo៖ មាន​ភ័ស្ដុតាង​បង្ហាញ​ថា COVID-19 មាន​ប្រភព​ពី​មន្ទីរ​ពិសោធន៍​​នៅ​ Wuhan

    Mike Pompeo៖ មាន​ភ័ស្ដុតាង​បង្ហាញ​ថា COVID-19 មាន​ប្រភព​ពី​មន្ទីរ​ពិសោធន៍​​នៅ​ Wuhan

    រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិកាំង​ លោក​ Mike Pompeo កាល​ពី​ល្ងាច​ម្សិល​មិញ​បាន​ប្រកាស​ថា “មាន​ភ័ស្ដុតាង​ធំ​” បង្ហាញ​ថា​ វីរុស​COVID-19 មាន​ប្រភព​ពី​មន្ទីរ​ពិសោធន៍​មួយ​នៅ​ក្នុង​ទី​​ក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន​។

    “មាន​ភ័ស្ដុ​តាង​យ៉ាង​ធំ​​បញ្ជាក់ថា នោះ​គឺជា​កន្លែង​ដែល​វីរុស​បង្ហាញ​ខ្លួន​” លោក Pompeo ថ្លែង​នៅ​ក្នុង​កម្ម​វិធី “This Week”​ របស់​ទូរទស្សន៍​ ABC បែប​នេះ​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកាំង​រូប​នេះ​បន្ត​ថា “ខ្ញុំ​គិត​ថា ពេល​នេះ​ពិភព​លោក​អាច​មើល​ឃើញហើយ​ថា ប្រទេស​ចិន​មាន​ប្រវត្តិ​ចម្លង​មេរោគ​ដល់​ពិភពលោក​ ហើយ​ពួក​គេ​គ្រប់​គ្រង​បន្ទប់​ពិសោធន៍​​ដោយ​មិន​មាន​ស្តង់​ដា​”។

    បើ​ទោះជា​បាន​ និង​កំពុង​រិះ​គន់​យ៉ាង​ចាស់ដៃ​ទៅលើ​​វិធី​ដែល​ប្រទេស​ចិន​ប្រើ​ប្រាស់​ក្នុង​ការ​ទប់​ស្កាត់​វីរុស​COVID-19 ប៉ុន្តែ​ រដ្ឋ​មន្ត្រី​ Pompeo បានបដិសេធ​មិន​បញ្ចេញ​មតិ​អំពី​លទ្ធ​ភាព​ដែល​​ថា​ប្រទេស​ចិន​បាន​បញ្ចេញ​វីរុស​នេះ​ដោយ​ចេត​នា​នោះ​ដែរ​។ លោក​បាន​សង្កត់​ធ្ងន់​ថា ការ​ដែល​ប្រទេស​ចិន​រក​វិធី​លាក់​បាំង​​​ភាព​ធ្ងន់​ធ្ងរ​របស់​រោគ​រាត​ត្បាត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ បាន​ធ្វើ​ឱ្យ​មាន​ “ហានិភ័យ​ធំធេង​” ដល់​ពិភពលោក​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកាំង​​បាន​ប្រកាស​ថា “ប្រធានា​ធិបតី​ Trump មាន​ប្រសាសន៍​យ៉ាង​ច្បាស់​ថា យើង​នឹង​ធ្វើ​ឱ្យ​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ ត្រូវ​តែ​ចេញ​មក​ទទួល​កំហុស​​”។

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump តែង​តែ​រិះ​គន់​ទៅ​លើ​តួនាទី​របស់​ប្រទេស​ចិន​នៅក្នុង​​បញ្ហា​វិបត្តិ​សុខ​ភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​COVID-19។ លោក​អះអាង​ថា ទីក្រុង​ប៉េកាំង​បាន​​លាក់​​បាំង​ដោយ​មិន​មាន​ការ​ពិចារណា​នូវ​ព័ត៌មាន​សំខាន់​អំពី​ COVID-19។ ទន្ទឹម​នឹង​នេះ លោក​ Trump ក៏បាន​ទាម​ទារ​ឱ្យ​ប្រទេស​ចិន​ “ត្រូវ​តែ​ទទួល​ខុស​ត្រូវ​” ចំពោះ​ទង្វើ​នេះ​។

    យោង​តាម​ប្រភព​ព័ត៌មាន​មួយចំនួន​បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិកាំង​ បាន​ប្រគល់​ភារកិច្ច​ក្នុង​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​ប្រភព​នៃ​វីរុស​កូរ៉ូណា​ថ្មី​នេះ​ទៅ​ឱ្យ​ក្រុម​ចារ​បុរស​អាមេរិកាំង​ ដែល​វីរុស​នេះ​ ដំបូង​ឡើយ​ត្រូវ​បាន​គេ​ជឿ​ថា បាន​ចាប់​ផ្ដើម​ឆ្លង​ចេញ​ពី​ផ្សារ​លក់​សត្វព្រៃ​រស់​នៅ​ក្នុង​ទីក្រុង​ Wuhan ប្រទេស​ចិន​ ក៏ប៉ុន្តែ​បច្ចុប្បន្ន វីរុស​នេះ​ត្រូវ​បាន​សង្ស័យ​ថា​ ជា​ផលិត​ផល​ដែល​ចេញ​ពី​មន្ទីរ​ពិសោធន៍​។

    វិទ្យា​ស្ថាន​វីរុស​សាស្ត្រ​ Wuhan ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Wuhan ​ជា​ទីកន្លែង​បង្ហាញ​ខ្លួន​ដំបូង​របស់​វីរុស​COVID-19 បាន​បដិសេធ​ចំពោះ​ការសង្ស័យ​ដែល​ថា វីរុស​នេះ​បាន​ឆ្លង​ចេញ​ពី​មន្ទីរ​ពិសោធន៍​របស់​ខ្លួន​។ អ្នក​ជំនាញ​ភាគ​ច្រើន​យល់​ថា​ វីរុស​នេះ មាន​ប្រភព​ពី​សត្វ​ព្រៃ ហើយ​សត្វ​​ប្រចៀវ​ និង​ពង្រូល​ត្រូវ​គេ​គិត​ថា​ជា​សត្វ​ចម្លង​រោគ​។

    វីរុស​COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាលដាល​នៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ2019 ដែល​មក​ដល់​បច្ចុប្បន្ន វា​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​245,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​​ជាង​1.1​លាន​នាក់​ នៅ​ទូទាំង​សកល​លោក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជិត​3.6​លាន​នាក់​ឆ្លង​វីរុស​COVID-19​ នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​មាន​9​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​លើស​ពី​100,000​នាក់​

    ជិត​3.6​លាន​នាក់​ឆ្លង​វីរុស​COVID-19​ នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​មាន​9​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​លើស​ពី​100,000​នាក់​

    វីរុស​COVID-19 បាន​បង្ក​ឱ្យ​មនុស្ស​​​ស្លាប់​​យ៉ាង​តិច​​248,000​នាក់​​ ក្នុង​ចំណោម​អ្នក​ជំងឺ​ជិត​3.6​លាន​នាក់​នៅក្នុងសកល​​លោកទាំង​មូល​​។

    ប្រទេស​ និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ គិត​មក​ដល់​ថ្ងៃ​នេះ​​ មាន​មនុស្ស​​យ៉ាង​តិច​3,561,887​នាក់​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី ក្នុង​នោះ​មាន​អ្នកជំងឺ​248,084​នាក់​បាន​ស្លាប់​។ ​ពិភពលោក​​ថ្ងៃ​នេះ​ក៏​បាន​រក​ឃើញ​​អ្នក​ជំងឺ​ថ្មី​83,735​នាក់ និង​អ្នក​ស្លាប់​ថ្មី​​​ចំនួន​3,623​នាក់​។ ចំនួន​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​ បាន​ឡើង​ដល់​1,152,993​នាក់​។ នេះ​បើ​តាម​ទំព័រ WorldoMeters។

    ទ្វី​បអាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ក្នុង​នោះ​អាមេរិកខាង​ជើង​មាន​អ្នកជំងឺ​សរុប​1,290,469​នាក់ អាមេរិក​ខាង​ត្បូង​មាន​211,800​នាក់​ ទ្វីប​អឺរ៉ុប​មាន​1,447,503​នាក់ ទ្វីប​អាស៊ី​មាន​558,496​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​45,380​នាក់​។

    សហរដ្ឋ​អាមេរិក​ក៏នៅ​តែជា​សម្បុក​មេរោគ​កូរ៉ូណា​ថ្មី ធំបំផុត​ក្នុង​សកល​លោក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​1,187,035​នាក់ កើន​26,261​នាក់​ធៀប​នឹង​ម្សិល​មិញ​។ ប្រទេស​នេះ​ក៏​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​1,115​នាក់ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ស្លាប់​សរុប​ដោយ​សារ​ COVID-19 កើន​ដល់​68,559​នាក់​។

    ចំណែក​អេស្ប៉ាញវិញ​ មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​247,122​នាក់​ ខណៈ​ប្រទេស​អ៊ីតាលី​មាន​210,717​នាក់ អង់គ្លេស​មាន​186,599​នាក់​ បារាំង​មាន​168,693​នាក់ អាល្លឺម៉ង់​មាន​165,664​នាក់ ទួរគី​មាន​126,045​នាក់​ រុស្ស៊ី​មាន​134,687​នាក់ និង​ប្រេស៊ីល​មាន​101,147​នាក់​។ ក្រៅ​ពី​នេះ​ គឺ​ជា​បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​COVID-19 ក្រោម​100,000​នាក់​៕

    ប្រភព​៖ សារ​ព័ត៌​មាន​បរទេស​

  • ជិត​3.5​លាន​នាក់​ឆ្លង​COVID-19 នៅ​ទូទាំង​ពិភព​លោក​ ក្នុង​នោះ​​មាន​12​ប្រទេស​ដែល​មាន​អ្នកជំងឺ​លើស​ពី​5ម៉ឺន​នាក់​

    ជិត​3.5​លាន​នាក់​ឆ្លង​COVID-19 នៅ​ទូទាំង​ពិភព​លោក​ ក្នុង​នោះ​​មាន​12​ប្រទេស​ដែល​មាន​អ្នកជំងឺ​លើស​ពី​5ម៉ឺន​នាក់​

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ជំងឺ​កូរ៉ូណា​ចំនួន​ជាង​244,000​នាក់​បាន​ស្លាប់​ ក្នុង​ពេល​ដែល​អ្នក​ជំងឺ​កូរ៉ូណា​សរុប​បាន​កើន​ដល់​​​ជិត​3.5​លាន​នាក់​។

    ប្រទេស​ និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សុប​ឡើង​ដល់​ 3,478,152​នាក់ និង​អ្នក​ស្លាប់​សរុប​244,461​នាក់​។ ក្នុង​នោះ​អ្នក​ជំងឺ​ថ្មី​កើន​134,850​​នាក់ និង​អ្នក​ស្លាប់​ថ្មី​កើន​5,955​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​ មាន​អ្នក​ជំងឺ​ជាង​1.1លាន​នាក់​បាន​ជា​សះស្បើយ​។ នេះ​បើ​តាម​ស្ថិតិ​របស់​ WorldoMeters។

    ទ្វីប​អឺរ៉ុប​កំពុង​រង​គ្រោះ​ធ្ងន់​ជាង​​គេ​ ដោយ​មាន​អ្នក​ជំងឺ​សរុប​​1,424,364​នាក់់ ខណៈ​អាមេរិក​ខាង​ជើង​មាន​1,258,413​នាក់ ទ្វីប​អាស៊ី​មាន​​545,544​នាក់ អាមេរិក​ខាង​ត្បូង​មាន​​199,750​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​អ្នក​ជំងឺ​សរុប​​43,734​នាក់​។

    បណ្ដា​​ប្រទេស​ដែល​មាន​អ្នកជំងឺCOVID-19 លើស​ពី​ 50,000​នាក់​​ រួម​មាន​​ សហរដ្ឋ​អាមេរិក​ អេស្ប៉ាញ​ អ៊ីតាលី អង់គ្លេស​ បារាំង​ អាល្លឺម៉ង់ ទួរគី រុស្ស៊ី អ៊ីរ៉ង់ ប្រេស៊ីល ​ចិន​ និង​កាដាណា៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • សហរដ្ឋ​អាមេរិក​៖ អ្នក​ឆ្លង​COVID-19 កើន​ដល់​ជិត​1,159,000​នាក់​ ខណៈ​រដ្ឋ​ខ្លះ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ស្ទើរ​តែ​100%

    សហរដ្ឋ​អាមេរិក​៖ អ្នក​ឆ្លង​COVID-19 កើន​ដល់​ជិត​1,159,000​នាក់​ ខណៈ​រដ្ឋ​ខ្លះ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ស្ទើរ​តែ​100%

    សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នកជំងឺ​សរុប​ 1,158,881​នាក់​ កើន​27,851​ធៀប​នឹង​ម្សិល​មិញ។ អ្នក​ជំងឺ​ដែល​បាន​បាត់​បង់​ជីវិត​នៅក្នុង​ប្រទេស​នេះ បាន​កើន​ឡើង​ដល់​ 67,293​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ថ្មី​1,540​នាក់​បន្ថែម​ទៀត​។ អ្នក​ជំងឺ​ដែល​បាន​ជាសះស្បើយ​ មាន​ចំនួន​160,705​នាក់​។

    New York គឺជា​រដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ច្រើន​បំផុត​ពី​COVID-19នៅ​សហរដ្ឋ​អាមេរិក​។ រដ្ឋ​នេះ​ មាន​អ្នក​ជំងឺ​សរុប​319,213​នាក់​ កើន​3,991​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​(2ឧសភា) ចំណែកអ្នក​ស្លាប់​ថ្មី​ដោយ​សារ​វីរុស​កូរ៉ូណា​​នៅ​ New York មាន​ចំនួន​299​នាក់​ នាំ​ឱ្យ​អ្នក​ស្លាប់​សរុប​ក្នុង​រដ្ឋ​នេះ​កើន​ដល់​24,368​នាក់​។

    រដ្ឋ​នៅ​សហរដ្ឋ​អាមេរិក​ប្រមាណ​ជា​ពាក់កណ្ដាល​ បាន​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើក​ការ​ដើរ​ហើរ​​ចាប់​ពី​ថ្ងៃទី​1​ឧសភា​ ខណៈ​ដែល​តួលេខ​នៃ​ករណី​ឆ្លង​វីរុស​បាន​ថយ​ចុះ​ ឬ​នៅ​ថេរ​។ រដ្ឋ​ Texas បាន​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​ អាជីវកម្ម​នានា​ដំណើរ​ការ​ឡើង​វិញ​ទៅ​តាម​ផ្នែក​ដែល​អាច​ធ្វើ​បាន​ ក្នុង​ពេល​ដែល​ហាង​លក់​រាយ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​បាន​បើក​ឡើង​វិញ​ក្នុង​ទំហំ​25%​នៃ​លទ្ធ​ភាព​។ នៅ​ឯរដ្ឋ Georgia ក្រុម​ហ៊ុន អាជីវ​កម្ម​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​បើក​ដំណើរ​ការ​ឡើងវិញ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​